កាឡាទី
៥ គ្រិស្តបានរំដោះយើង ដើម្បីឲ្យមានសេរីភាពបែបនោះ។ ម្ល៉ោះហើយ ចូរកាន់ជំហរមាំមួន កុំឲ្យអ្នកណាដាក់នឹមលើអ្នករាល់គ្នាឲ្យធ្វើជាខ្ញុំបម្រើទៀតឡើយ។
២ មើល! ខ្ញុំ ប៉ូល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* នោះអ្វីៗដែលគ្រិស្តបានធ្វើនឹងគ្មានប្រយោជន៍ចំពោះអ្នករាល់គ្នាទេ។ ៣ ម្យ៉ាងទៀត ខ្ញុំសូមបញ្ជាក់ប្រាប់បុរសទាំងអស់ដែលទទួលការកាត់ចុងស្បែកថា អ្នករាល់គ្នាក៏មានកាតព្វកិច្ចបំពេញតាមច្បាប់* ទាំងមូលផងដែរ។ ៤ អ្នកណាដែលខំឲ្យព្រះប្រកាសថាជាមនុស្សសុចរិត ដោយកាន់តាមច្បាប់ អ្នកនោះបានឃ្លាតចេញពីគ្រិស្ត និងគុណដ៏វិសេសលើសលប់របស់លោក។ ៥ ចំណែកយើងវិញ ដោយសកម្មពល* របស់ព្រះ យើងកំពុងទន្ទឹងចាំដោយចិត្តរំភើប ឲ្យបានភាពសុចរិតដែលយើងបានសង្ឃឹមទទួលដោយសារជំនឿ។ ៦ ព្រោះក្នុងគ្រិស្តយេស៊ូ ការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺជំនឿដែលផុសចេញពីសេចក្ដីស្រឡាញ់។
៧ កន្លងមកអ្នករាល់គ្នាបានប្រព្រឹត្តយ៉ាងល្អ។* តើអ្នកណាបានរារាំងអ្នករាល់គ្នាមិនឲ្យបន្តស្ដាប់តាមសេចក្ដីពិត? ៨ ការវែកញែកបែបនេះមិនមែនមកពីលោកដែលកំពុងហៅអ្នករាល់គ្នាមកទេ។ ៩ ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង។ ១០ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាដែលជាអ្នកកាន់តាមលោកម្ចាស់នឹងមិនមានគំនិតផ្សេងទេ ប៉ុន្តែអ្នកណាដែលកំពុងធ្វើឲ្យអ្នករាល់គ្នាពិបាក អ្នកនោះនឹងទទួលការផ្ដន្ទាទោស ទោះបីអ្នកនោះជាអ្នកណាក៏ដោយ។ ១១ ចំណែកខ្ញុំវិញ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យទទួលការកាត់ចុងស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? បើដូច្នោះ សេចក្ដីបង្រៀនអំពីបង្គោលទារុណកម្ម* មិនមែនជាឧបសគ្គដែលនាំឲ្យជំពប់ដួល* ទៀតទេ។ ១២ បើបុរសទាំងនោះដែលកំពុងខំប្រឹងបង្វិលខួរអ្នករាល់គ្នា ប្រគល់ខ្លួនទៅឲ្យគេគ្រៀវនោះ ខ្ញុំអរណាស់។
១៣ ពិតមែនតែបងប្អូនបានត្រូវហៅមកដើម្បីឲ្យមានសេរីភាព ប៉ុន្តែកុំប្រើសេរីភាពនេះជាឱកាសដើម្បីបំពេញតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ១៤ ព្រោះច្បាប់ទាំងមូលបានត្រូវសម្រេចដោយបញ្ញត្ដិតែមួយ ពោលគឺ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ ១៥ ក៏ប៉ុន្តែប្រសិនបើអ្នករាល់គ្នាចេះតែប្រខាំនិងត្របាក់គ្នាទៅវិញទៅមក នោះចូរប្រយ័ត្ន ក្រែងលោត្រូវវិនាសដោយសារតែគ្នាឯង។
១៦ ប៉ុន្តែខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមិនបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់រូបកាយឡើយ។ ១៧ ព្រោះសេចក្ដីប៉ងប្រាថ្នារបស់រូបកាយប្រឆាំងសកម្មពលរបស់ព្រះ ហើយសកម្មពលរបស់ព្រះប្រឆាំងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ពីព្រោះទាំងពីរនេះគឺប្រទាំងគ្នា។ ហេតុនេះ អ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ អ្នកបែរជាមិនធ្វើទៅវិញ។ ១៨ ម្យ៉ាងទៀត ប្រសិនបើសកម្មពលរបស់ព្រះកំពុងដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមច្បាប់ឡើយ។
១៩ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺជាក់ស្តែងហើយ ពោលគឺ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង* ២០ ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ២១ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ អំពីការទាំងនេះ ខ្ញុំកំពុងព្រមានអ្នករាល់គ្នាទុកជាមុន ដូចខ្ញុំបានព្រមានអ្នករាល់គ្នាហើយថា អស់អ្នកដែលប្រព្រឹត្ត* ការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។
២២ ក៏ប៉ុន្តែផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺ សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត* ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ២៣ ចិត្តស្លូតបូត ការចេះទប់ចិត្ត។ គ្មានច្បាប់ណាប្រឆាំងអ្វីៗបែបនេះឡើយ។ ២៤ ម្យ៉ាងទៀត អ្នកដែលជារបស់គ្រិស្តយេស៊ូបានព្យួរ* រូបកាយព្រមទាំងសេចក្ដីប៉ងប្រាថ្នានិងតណ្ហារបស់រូបកាយហើយ។
២៥ ប្រសិនបើយើងកំពុងរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះ ចូរយើងបន្តប្រព្រឹត្តតាមការដឹកនាំនៃសកម្មពលនោះ។ ២៦ កុំឲ្យយើងក្លាយទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា ដោយឈ្នានីសគ្នាទៅវិញទៅមក។