យេរេមា
៤២ បន្ទាប់មក មេទ័ពទាំងអស់ និងយ៉ូហាណាន+ជាកូនការៀ និងយេសានៀជាកូនហូសាយ៉ា ព្រមទាំងបណ្ដាជនចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត បានចូលមកជួប ២ យេរេមាជាអ្នកប្រកាសទំនាយ ហើយពួកគេនិយាយថា៖ «សូមស្ដាប់សំណូមពររបស់យើងផង ហើយមេត្តាជួយអធិដ្ឋានអង្វរព្រះយេហូវ៉ាជាព្រះនៃអ្នក ជំនួសយើងនិងពួកអ្នកដែលនៅសេសសល់ផង។+ ព្រោះយើងខ្ញុំមានគ្នាតិចណាស់ ដូចអ្នកឃើញស្រាប់ហើយ។ ៣ សូមព្រះយេហូវ៉ាជាព្រះនៃអ្នក ប្រាប់យើងនូវផ្លូវដែលយើងគួរដើរ និងអ្វីដែលយើងគួរធ្វើផង»។
៤ ដូច្នេះ យេរេមាជាអ្នកប្រកាសទំនាយបានតបទៅពួកគេថា៖ «ខ្ញុំឮសំណូមពររបស់អ្នករាល់គ្នាហើយ ខ្ញុំនឹងអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតាមសំណូមពរនេះ។ ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងនោះ។ ខ្ញុំនឹងមិនលាក់ទុកពាក្យណាមួយឡើយ»។
៥ ពួកគេប្រាប់យេរេមាថា៖ «បើពួកខ្ញុំមិនធ្វើតាមអ្វីដែលព្រះយេហូវ៉ាជាព្រះនៃអ្នកបានបង្គាប់យើងតាមរយៈអ្នកទេ នោះសូមឲ្យព្រះយេហូវ៉ាទាស់នឹងយើងចុះ ក្នុងនាមលោកជាសាក្សីដ៏ពិតនិងស្មោះត្រង់។ ៦ ទោះជាយើងពេញចិត្តឬមិនពេញចិត្តក្ដី យើងសុខចិត្តធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា ជាព្រះនៃយើងដែលយើងបានសុំអ្នកឲ្យសួរលោក។ ព្រោះបើយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃយើង យើងនឹងបានសេចក្ដីសុខសាន្ត»។
៧ លុះ១០ថ្ងៃក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមា។ ៨ ដូច្នេះ យេរេមាក៏ហៅយ៉ូហាណានជាកូនការៀ និងមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងបណ្ដាជនចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ឲ្យមកជួប។+ ៩ យេរេមាបានប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលដែលអ្នករាល់គ្នាបានសុំខ្ញុំឲ្យអធិដ្ឋានអង្វរលោក លោកមានប្រសាសន៍ថា៖ ១០ ‹ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះតទៅទៀត ខ្ញុំនឹងតាំងអ្នកឡើង ហើយមិនរំលំអ្នកទេ ក៏នឹងដាំអ្នក ហើយមិនដករំលើងអ្នកឡើយ ព្រោះខ្ញុំនឹងស្ដាយដែលខ្ញុំបានធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នា។+ ១១ ចូរកុំភ័យតក់ស្លុតនឹងស្ដេចស្រុកបាប៊ីឡូន›។+
«ព្រះយេហូវ៉ាប្រកាសថា៖ ‹កុំខ្លាចគាត់ឡើយ ព្រោះខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃគាត់។ ១២ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា+ ស្ដេចនោះក៏នឹងមានចិត្តមេត្តាចំពោះអ្នករាល់គ្នាដែរ ហើយគាត់នឹងឲ្យអ្នករាល់គ្នាត្រឡប់មកស្រុកអ្នករាល់គ្នាវិញ។
១៣ «‹ប៉ុន្តែ បើអ្នករាល់គ្នាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយនិយាយថា៖ «ទេ! យើងមិនរស់នៅក្នុងស្រុកនេះតទៅទៀតឡើយ» ១៤ ថែមទាំងប្រាប់ថា៖ «យើងនឹងទៅរស់នៅក្នុងស្រុកអេហ្ស៊ីប+ ជាកន្លែងដែលយើងនឹងមិនឃើញសង្គ្រាម ឬឮសូរសំឡេងផ្លុំស្នែង ឬខ្វះអាហារទេ។ នៅទីនោះហើយដែលយើងនឹងរស់នៅ» ១៥ នោះឱពួកយូដាដែលនៅសេសសល់អើយ! ចូរស្ដាប់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នានៅតែតាំងចិត្តទៅស្រុកអេហ្ស៊ីប ហើយទៅរស់នៅក្នុងស្រុកនោះមែន ១៦ នោះសត្រូវដែលអ្នករាល់គ្នាខ្លាច នឹងតាមវាយប្រហារអ្នករាល់គ្នាដោយដាវនៅស្រុកអេហ្ស៊ីប។ រីឯការអត់ឃ្លានដែលអ្នកមិនចង់ជួប ក៏នឹងតាមអ្នកដែរ ហើយអ្នករាល់គ្នានឹងស្លាប់ក្នុងស្រុកនោះ។+ ១៧ ពួកអ្នកដែលតាំងចិត្តទៅរស់នៅស្រុកអេហ្ស៊ីប នឹងស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។ គ្មានអ្នកណាម្នាក់នឹងរួចជីវិតពីទុក្ខវេទនាដែលខ្ញុំនឹងនាំមកលើពួកគេឡើយ»›។
១៨ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ខ្ញុំធ្លាប់បញ្ចេញកំហឹងទៅលើអ្នកក្រុងយេរូសាឡិមយ៉ាងណា+ ខ្ញុំក៏បញ្ចេញកំហឹងទៅលើអ្នករាល់គ្នាដែលទៅរស់នៅស្រុកអេហ្ស៊ីបយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវគេជេរប្រមាថ មាក់ងាយ និងរងការអាម៉ាស់ជាខ្លាំង ហើយគេនឹងភ័យតក់ស្លុតពេលឮអំពីអ្នករាល់គ្នា។+ អ្នករាល់គ្នានឹងមិនឃើញស្រុកនេះទៀតឡើយ›។
១៩ «ឱពួកយូដាដែលនៅសេសសល់អើយ! ព្រះយេហូវ៉ាបានមានប្រសាសន៍ទាស់នឹងអ្នករាល់គ្នាហើយ។ កុំទៅស្រុកអេហ្ស៊ីបឲ្យសោះ។ អ្នករាល់គ្នាគួរដឹងច្បាស់ថាខ្ញុំបានព្រមានអ្នករាល់គ្នានៅថ្ងៃនេះហើយថា ២០ ទោសកំហុសរបស់អ្នករាល់គ្នានឹងនាំឲ្យអ្នករាល់គ្នាបាត់បង់ជីវិតជាមិនខាន។ ព្រោះអ្នករាល់គ្នាបានសុំខ្ញុំឲ្យសួរព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយនិយាយថា៖ ‹សូមអធិដ្ឋានអង្វរព្រះយេហូវ៉ាជាព្រះនៃយើង ជំនួសយើងខ្ញុំផង។ សូមប្រាប់យើងខ្ញុំនូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា ហើយយើងខ្ញុំនឹងធ្វើតាម›។+ ២១ ថ្ងៃនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នានឹងមិនស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទេ ហើយក៏មិនធ្វើតាមបង្គាប់របស់លោកតាមរយៈខ្ញុំដែរ។+ ២២ ហេតុនេះ ចូរដឹងជាក់ថាអ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត នៅក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅនោះ»។+