ច្បាប់លេវី
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេបន្ថែមទៀតថា៖ ២ «ចូរទៅប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាម្នាក់ធ្វើអំពើខុសឆ្គងដោយអចេតនា+ គឺធ្វើអ្វីដែលព្រះយេហូវ៉ាបានហាមឃាត់ អ្នកនោះត្រូវធ្វើដូចតទៅ៖
៣ «‹បើសង្ឃដែលបានត្រូវជ្រើសរើស*+ ធ្វើអំពើខុសឆ្គង+ ហើយនាំឲ្យបណ្ដាជនមានទោស នោះគាត់ត្រូវយកគោស្ទាវដែលល្អឥតខ្ចោះទៅជូនព្រះយេហូវ៉ា ជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងដែលគាត់បានធ្វើ។+ ៤ គាត់ត្រូវនាំគោនោះទៅខាងមុខត្រសាលជំនុំ+នៅចំពោះព្រះយេហូវ៉ា ហើយដាក់ដៃលើក្បាលវា រួចសម្លាប់វានៅចំពោះព្រះយេហូវ៉ា។+ ៥ បន្ទាប់មក សង្ឃដែលបានត្រូវជ្រើសរើស*នោះ+ ត្រូវយកឈាមខ្លះរបស់គោនោះ ចូលទៅក្នុងត្រសាលជំនុំ ៦ រួចត្រូវជ្រលក់ចុងម្រាមដៃក្នុងឈាមនោះ+ ហើយប្រោះឈាមនោះអស់៧ដង+ នៅចំពោះព្រះយេហូវ៉ាខាងមុខវាំងនននៃទីបរិសុទ្ធ។ ៧ បន្ថែមទៅទៀត គាត់ត្រូវយកឈាមខ្លះទៅលាបលើស្នែងទីបូជាសម្រាប់ដុតគ្រឿងក្រអូប+ដែលនៅចំពោះព្រះយេហូវ៉ាក្នុងត្រសាលជំនុំ។ ឯឈាមដែលនៅសល់ គាត់ត្រូវយកទៅចាក់នៅជើងនៃទីបូជាសម្រាប់គ្រឿងបូជាដុត+ដែលនៅខាងមុខច្រកចូលត្រសាលជំនុំ។
៨ «‹បន្ទាប់មក គាត់ត្រូវចៀរខ្លាញ់ទាំងអស់របស់សត្វគោដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង គឺស្បៃខ្លាញ់ស្រោបពោះវៀន និងខ្លាញ់ដែលនៅជាប់នឹងពោះវៀន ៩ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+ ១០ គាត់ត្រូវចៀរខ្លាញ់ចេញពីគោនោះ ដូចគោដែលត្រូវជូនជាគ្រឿងបូជានៃមេត្រីភាពដែរ។+ បន្ទាប់មក សង្ឃត្រូវយកចំណែកទាំងនោះទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។
១១ «‹ឯស្បែក និងសាច់គោនោះ ព្រមទាំងក្បាល ជើង ពោះវៀន និងលាមកវា+ ១២ ពោលគឺផ្នែកដែលនៅសល់ គាត់ត្រូវយកទៅខាងក្រៅជំរំ រួចដុតវានៅលើគំនរអុស+ ត្រង់កន្លែងស្អាតបរិសុទ្ធដែលទុកសម្រាប់ចាក់ផេះ។
១៣ «‹ប្រសិនបើពួកជំនុំអ៊ីស្រាអែលទាំងមូលមានទោស ព្រោះធ្វើខុសដោយអចេតនា+ ហើយពួកគេ*មិនបានដឹងថាបណ្ដាជនបានធ្វើអ្វីដែលព្រះយេហូវ៉ាបានហាមឃាត់ទេ+ ១៤ តែក្រោយមក បើគេបានដឹងពីអំពើខុសឆ្គងនោះ ពួកជំនុំ*ត្រូវយកគោស្ទាវទៅខាងមុខត្រសាលជំនុំ ដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ១៥ ពួកបុរសចាស់ទុំក្នុងពួកជំនុំនឹងដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់វានៅចំពោះព្រះយេហូវ៉ា។
១៦ «‹បន្ទាប់មក សង្ឃដែលបានត្រូវជ្រើសរើសនោះ នឹងយកឈាមខ្លះរបស់គោនោះ ចូលទៅក្នុងត្រសាលជំនុំ ១៧ រួចត្រូវជ្រលក់ចុងម្រាមដៃក្នុងឈាមនោះ ហើយប្រោះឈាមនោះអស់៧ដង នៅចំពោះព្រះយេហូវ៉ាខាងមុខវាំងនន។+ ១៨ បន្ទាប់ពីនោះ គាត់ត្រូវយកឈាមខ្លះទៅលាបលើស្នែងទីបូជា+ដែលនៅខាងមុខព្រះយេហូវ៉ាក្នុងត្រសាលជំនុំ ហើយគាត់យកឈាមដែលនៅសល់ ទៅចាក់នៅជើងនៃទីបូជាសម្រាប់គ្រឿងបូជាដុតដែលនៅខាងមុខច្រកចូលត្រសាលជំនុំ។+ ១៩ គាត់ត្រូវចៀរខ្លាញ់ទាំងអស់ចេញពីគោនោះ ហើយដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។+ ២០ គាត់ត្រូវធ្វើដូច្នោះចំពោះគោនោះ ដូចគោដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងដែរ។ យ៉ាងនេះ សង្ឃនឹងជម្រះភាពខុសឆ្គងរបស់បណ្ដាជន+ ហើយព្រះនឹងអភ័យទោសឲ្យពួកគេ។ ២១ សង្ឃត្រូវយកគោនោះទៅខាងក្រៅជំរំ រួចដុតវាដូចគោទី១ដែរ។+ នោះហើយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់ពួកជំនុំ។+
២២ «‹បើមេដឹកនាំម្នាក់+មានទោសព្រោះធ្វើខុសដោយអចេតនា គឺធ្វើអ្វីមួយដែលព្រះយេហូវ៉ាជាព្រះរបស់គាត់បានហាមឃាត់ ២៣ ឬប្រសិនបើក្រោយមកគាត់ដឹងថាខ្លួនធ្វើអំពើខុសឆ្គងណាមួយដែលបំពានលើបញ្ញត្តិរបស់លោក នោះគាត់ត្រូវយកពពែស្ទាវមួយដ៏ល្អឥតខ្ចោះទៅជូនជាគ្រឿងបូជា។ ២៤ គាត់ត្រូវដាក់ដៃលើក្បាលពពែនោះ រួចសម្លាប់វានៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុតនៅចំពោះព្រះយេហូវ៉ា។+ នោះហើយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ២៥ សង្ឃត្រូវយកចុងម្រាមដៃជ្រលក់ក្នុងឈាមនៃគ្រឿងបូជានោះ ហើយលាបលើស្នែង+ទីបូជាសម្រាប់គ្រឿងបូជាដុត។ រួចគាត់យកឈាមដែលនៅសល់ ទៅចាក់នៅជើងទីបូជានោះ។+ ២៦ គាត់ត្រូវដុតខ្លាញ់ទាំងអស់នៅលើទីបូជាឲ្យផ្សែងហុយឡើង ដូចគាត់ដុតខ្លាញ់នៃគ្រឿងបូជានៃមេត្រីភាពដែរ។+ យ៉ាងនេះ សង្ឃនឹងជម្រះភាពខុសឆ្គងរបស់បុគ្គលនោះ ហើយព្រះនឹងអភ័យទោសឲ្យគាត់។
២៧ «‹បើបណ្ដាជនធម្មតាណាម្នាក់ធ្វើអំពើខុសឆ្គងដោយអចេតនា ហើយមានទោសដោយសារធ្វើអ្វីដែលព្រះយេហូវ៉ាបានហាមឃាត់+ ២៨ ឬប្រសិនបើក្រោយមកគាត់ដឹងថាខ្លួនធ្វើអំពើខុសឆ្គងណាមួយ នោះគាត់ត្រូវយកពពែញីមួយដ៏ល្អឥតខ្ចោះទៅជូនជាគ្រឿងបូជាសម្រាប់កំហុសឆ្គងដែលគាត់បានធ្វើនោះ។ ២៩ គាត់នឹងដាក់ដៃលើក្បាលសត្វនៃគ្រឿងបូជានោះ រួចសម្លាប់វានៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។+ ៣០ សង្ឃត្រូវជ្រលក់ចុងម្រាមដៃក្នុងឈាមនៃគ្រឿងបូជានោះ ហើយលាបលើស្នែងនៃទីបូជាសម្រាប់គ្រឿងបូជាដុត។ រួចគាត់យកឈាមដែលនៅសល់ ទៅចាក់នៅជើងទីបូជា។+ ៣១ គាត់ត្រូវចៀរខ្លាញ់ទាំងអស់ពីសត្វនោះ+ ដូចគាត់ចៀរខ្លាញ់នៃគ្រឿងបូជានៃមេត្រីភាពដែរ។+ រួចមក គាត់ត្រូវដុតខ្លាញ់ទាំងនោះនៅលើទីបូជាឲ្យផ្សែងហុយឡើង ដើម្បីជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា។* យ៉ាងនេះ សង្ឃនឹងជម្រះភាពខុសឆ្គងរបស់បុគ្គលនោះ ហើយព្រះនឹងអភ័យទោសឲ្យគាត់។
៣២ «‹ប៉ុន្តែ បើគាត់ជូនកូនចៀមជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង គាត់ត្រូវជូនកូនចៀមញីដែលល្អឥតខ្ចោះ។ ៣៣ គាត់ត្រូវដាក់ដៃលើក្បាលសត្វជាគ្រឿងបូជានោះ រួចសម្លាប់វានៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។+ ៣៤ សង្ឃត្រូវជ្រលក់ចុងម្រាមដៃក្នុងឈាមនៃគ្រឿងបូជានោះ ហើយលាបលើស្នែងទីបូជាសម្រាប់គ្រឿងបូជាដុត+ រួចយកឈាមដែលនៅសល់ ទៅចាក់នៅជើងទីបូជា។ ៣៥ គាត់ត្រូវចៀរខ្លាញ់ទាំងអស់ពីសត្វនោះ ដូចចៀរខ្លាញ់ចៀមស្ទាវជាគ្រឿងបូជានៃមេត្រីភាពដែរ។ រួចមក គាត់ដុតខ្លាញ់ទាំងនោះនៅលើទីបូជាឲ្យផ្សែងហុយឡើង គឺនៅលើគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។+ យ៉ាងនេះ សង្ឃនឹងជម្រះភាពខុសឆ្គងរបស់បុគ្គលនោះ ហើយព្រះនឹងអភ័យទោសឲ្យគាត់។+