អេសាយ
៥៩ មើល! ដៃរបស់ព្រះយេហូវ៉ាមិនមែនខ្លីពេកដែលមិនអាចសង្គ្រោះបាននោះឡើយ+
ហើយត្រចៀករបស់លោកក៏មិនមែនធ្ងន់ ដែលស្ដាប់មិនឮនោះដែរ។+
២ ការពិត កំហុសឆ្គងរបស់អ្នកបានធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះនៃអ្នក។+
អំពើខុសឆ្គងរបស់អ្នក ធ្វើឲ្យលោកគេចមុខពីអ្នក
ហើយលោកមិនព្រមស្ដាប់អ្នកឡើយ។+
៣ ព្រោះបាតដៃអ្នកប្រឡាក់សុទ្ធតែឈាម+
ហើយម្រាមដៃអ្នកពេញដោយអំពើរំលង។
បបូរមាត់អ្នកពោលពាក្យកុហក+ ហើយអណ្ដាតអ្នកចេញវាចាតែសេចក្ដីទុច្ចរិតវិញ។
៤ គ្មានអ្នកណាម្នាក់ហៅរកសេចក្ដីសុចរិតទេ+
ហើយក៏គ្មាននរណានិយាយសេចក្ដីពិតក្នុងតុលាការដែរ។
ពួកគេទុកចិត្តតែអ្វីដែលឥតបានការ+ ហើយនិយាយតែអ្វីដែលឥតប្រយោជន៍។
ពួកគេមានគភ៌ជាបញ្ហា ហើយសម្រាលចេញអ្វីដែលនាំឲ្យឈឺចាប់វិញ។+
៥ ពួកគេភ្ញាស់ពងរបស់ពស់មានពិស ហើយរវៃសំណាញ់ពីងពាង។+
អ្នកណាដែលបរិភោគពងទាំងនោះនឹងស្លាប់
ហើយពងដែលត្រូវបំបែកនោះ នឹងចេញជាពស់វែក។
៦ សំណាញ់ពីងពាងរបស់ពួកគេមិនអាចធ្វើជាសម្លៀកបំពាក់បានទេ
ហើយអ្វីដែលពួកគេធ្វើ ក៏មិនអាចគ្របដណ្ដប់ខ្លួនបានដែរ។+
កិច្ចការរបស់ពួកគេសុទ្ធតែនាំឲ្យមានទុក្ខវេទនា
ហើយដៃពួកគេពេញដោយអំពើឃោរឃៅ។+
៧ ជើងពួកគេរត់ទៅប្រព្រឹត្តអំពើអាក្រក់
ហើយពួកគេរហ័សកម្ចាយឈាមជនស្លូតត្រង់។+
គំនិតពួកគេសុទ្ធតែអាក្រក់
ហើយផ្លូវរបស់ពួកគេក៏ពេញទៅដោយទុក្ខវេទនានិងការវិនាសអន្តរាយ។+
៨ ពួកគេមិនស្គាល់មាគ៌ានៃសេចក្ដីសុខសាន្តទេ
ហើយក៏គ្មានយុត្តិធម៌លើវិថីរបស់ពួកគេដែរ។+
ពួកគេធ្វើឲ្យផ្លូវខ្លួនវៀចវេរ
ហើយអស់អ្នកដែលដើរលើផ្លូវទាំងនោះ នឹងគ្មានសេចក្ដីសុខសាន្តឡើយ។+
៩ ហេតុនេះហើយបានជាយុត្តិធម៌ចេញឆ្ងាយពីយើង
ហើយសេចក្ដីសុចរិតក៏មិនរត់មករកយើងដែរ។
យើងតែងសង្ឃឹមថាមានពន្លឺ តែមើល! មានសុទ្ធតែភាពងងឹត។
យើងសង្ឃឹមចង់បានរស្មី តែបែរជានៅតែដើរក្នុងភាពសូន្យសុងទៅវិញ។+
១០ យើងដើររាវតាមកំពែង ដូចជាមនុស្សខ្វាក់
យើងចេះតែដើរស្ទាបៗ ដូចជាអ្នកដែលគ្មានភ្នែក។+
ទោះជាកណ្ដាលថ្ងៃត្រង់ក្ដី ក៏យើងជំពប់ដួលដូចជានៅពេលយប់ងងឹត
ហើយនៅក្នុងចំណោមអ្នកខ្លាំង យើងប្រៀបដូចជាមនុស្សស្លាប់។
១១ យើងទាំងអស់គ្នាចេះតែគ្រហឹមដូចជាខ្លាឃ្មុំ
ហើយចេះតែយំថ្ងូរដូចសត្វព្រាប។
យើងសង្ឃឹមចង់បានយុត្តិធម៌ តែគ្មានយុត្តិធម៌ទេ
យើងសង្ឃឹមចង់ទទួលសេចក្ដីសង្គ្រោះ តែសេចក្ដីសង្គ្រោះនៅឆ្ងាយពីយើង។
១២ ព្រោះយើងបះបោរនឹងលោកច្រើនលើកច្រើនសា+
ហើយរាល់កំហុសឆ្គងរបស់យើង ធ្វើជាសាក្សីបញ្ជាក់ទាស់នឹងយើងហើយ។+
យើងទទួលស្គាល់ថាខ្លួនតែងតែបះបោរប្រឆាំងនឹងលោក
ហើយយើងក៏ស្គាល់ច្បាស់នូវទោសកំហុសរបស់ខ្លួនដែរ។+
១៣ យើងបានប្រព្រឹត្តរំលង ហើយបានបដិសេធមិនទទួលស្គាល់ព្រះយេហូវ៉ា
គឺយើងបានបែរចេញពីព្រះនៃយើង។
យើងបាននិយាយអំពីការជិះជាន់និងការបះបោរប្រឆាំង+
ក្នុងចិត្តយើងមានសេចក្ដីមិនពិត ហើយយើងនិយាយតែពាក្យភូតភរ។+
១៤ យុត្តិធម៌បានថយចេញ+ ហើយសេចក្ដីសុចរិតឈរពីចម្ងាយ+
ឯសេចក្ដីពិតបានជំពប់ដួលនៅទីធ្លាសាធារណៈ
ហើយសេចក្ដីទៀងត្រង់មិនអាចចូលបានទេ។
១៥ សេចក្ដីពិតបានវិនាសអស់ទៅ+
ហើយអ្នកដែលបែរចេញពីសេចក្ដីអាក្រក់ ត្រូវគេប្លន់ទ្រព្យសម្បត្តិទៅវិញ។
ព្រះយេហូវ៉ាបានឃើញការនេះ ហើយលោកមិនពេញចិត្តឡើយ
ព្រោះគ្មានយុត្តិធម៌ទាល់តែសោះ។+
១៦ លោកបានឃើញថាគ្មានអ្នកណាជួយទេ
ហើយលោកភ្ញាក់ផ្អើល ព្រោះគ្មានអ្នកណាធ្វើអន្តរាគមន៍ឡើយ។
ដូច្នេះ លោកផ្ទាល់នឹងលូកដៃទៅសង្គ្រោះ
ហើយសេចក្ដីសុចរិតរបស់លោក នឹងជួយគាំទ្រលោក។
១៧ រួចលោកយកសេចក្ដីសុចរិតមកធ្វើជាអាវក្រោះ
ហើយយកសេចក្ដីសង្គ្រោះមកធ្វើជាមួកការពារ។+
១៨ លោកនឹងសងពួកគេនូវអ្វីដែលពួកគេបានធ្វើ+
គឺលោកនឹងបញ្ចេញកំហឹងទៅលើពួកអ្នកប្រឆាំង ហើយសងសឹកនឹងពួកសត្រូវរបស់លោក។+
លោកនឹងឲ្យបណ្ដាកោះទទួលផលរបស់ពួកគេវិញ។
១៩ នៅទិសថ្ងៃរះ ពួកគេនឹងមានសេចក្ដីកោតខ្លាចចំពោះសិរីរុងរឿងរបស់លោក
ហើយនៅទិសថ្ងៃលិច ពួកគេនឹងមានសេចក្ដីកោតខ្លាចចំពោះនាមព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ានឹងមក ដូចជាទន្លេហូរបុកមកយ៉ាងលឿន
ដោយមានឫទ្ធានុភាពរបស់លោករុញច្រាន។
២០ ព្រះយេហូវ៉ាប្រកាសថា៖ «អ្នកលោះ+នឹងមកឯស៊ីយ៉ូន+
គឺមកឯពូជពង្សយ៉ាកុបដែលបានបែរចេញពីអំពើរំលង»។+
២១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នករាល់គ្នា+ គឺឫទ្ធានុភាពដែលខ្ញុំដាក់លើអ្នក និងពាក្យសម្ដីរបស់ខ្ញុំដែលបានដាក់នៅក្នុងមាត់អ្នក នឹងមិនត្រូវដកចេញពីមាត់អ្នកទេ ហើយក៏មិនត្រូវដកចេញពីមាត់របស់កូនចៅអ្នកដែរ គឺចាប់ពីឥឡូវនេះនិងរហូតតទៅ»។ នេះហើយជាប្រសាសន៍របស់ព្រះយេហូវ៉ា។