នេហេមា
១៣ នៅថ្ងៃនោះ គេបានអានសៀវភៅម៉ូសេឲ្យបណ្ដាជនស្ដាប់+ ហើយគេបានរកឃើញសេចក្ដីដែលកត់ទុកថា ជនជាតិអាំម៉ូនឬជនជាតិម៉ូអាប់+ មិនគួរចូលក្នុងក្រុមជំនុំនៃអ្នកគោរពប្រណិប័តន៍ព្រះពិតទេ+ ២ ព្រោះអ្នកទាំងនោះមិនបានឲ្យអាហារ*និងទឹកដល់ជនជាតិអ៊ីស្រាអែល តែបែរជាជួលបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែលទៅវិញ។+ ទោះជាដូច្នោះក៏ដោយ ព្រះបានធ្វើឲ្យបណ្ដាសានោះត្រឡប់ទៅជាពរដល់ជនជាតិអ៊ីស្រាអែល។+ ៣ ក្រោយពីស្ដាប់ការអានច្បាប់ទាំងនោះរួច បណ្ដាជនចាប់ផ្ដើមញែកជនជាតិដទៃ និងពួកអ្នកដែលជាប់សាច់ឈាមជនជាតិដទៃ ចេញពីចំណោមជនជាតិអ៊ីស្រាអែល។+
៤ មុនពេលនោះ អេឡាយអាស៊ីប+ជាសង្ឃ មានភារកិច្ចមើលការខុសត្រូវបន្ទប់ឃ្លាំងនៅវិហាររបស់ព្រះនៃយើង។+ គាត់មានសាច់ញាតិម្នាក់ឈ្មោះថូបៀ។+ ៥ គាត់បានរៀបចំបន្ទប់ឃ្លាំងធំមួយឲ្យថូបៀ។ បន្ទប់នោះគេធ្លាប់ប្រើសម្រាប់ដាក់គ្រឿងបូជាពីស្រូវ គ្រឿងក្រអូប និងប្រដាប់ប្រដាផ្សេងៗ និងវិភាគទាន១ភាគ១០ គឺស្រូវ ស្រាថ្មី និងប្រេង។+ អ្វីៗទាំងនោះជាចំណែករបស់ពួកលេវី+ ពួកអ្នកចម្រៀង និងពួកអ្នកយាមទ្វារ។ នៅក្នុងនោះគេក៏ដាក់វិភាគទានសម្រាប់ពួកសង្ឃដែរ។+
៦ នៅគ្រានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ព្រោះខ្ញុំបានត្រឡប់ទៅជួបស្ដេចអើថាស៊ើកសេស+ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទី៣២+នៃរាជ្យគាត់។ អស់មួយរយៈក្រោយមក ខ្ញុំបានសុំច្បាប់ស្ដេច ៧ ហើយធ្វើដំណើរមកក្រុងយេរូសាឡិម។ លុះមកដល់ហើយ ខ្ញុំបានឃើញទង្វើដ៏អាក្រក់របស់អេឡាយអាស៊ីប+ គឺគាត់បានរៀបចំបន្ទប់ឃ្លាំងមួយនៅទីធ្លាវិហារព្រះពិតសម្រាប់ថូបៀ។+ ៨ ការប្រព្រឹត្តនេះនាំឲ្យខ្ញុំទាស់ចិត្តជាខ្លាំង ដូច្នេះខ្ញុំបានប្រមូលប្រដាប់ប្រដារបស់ថូបៀបោះទៅខាងក្រៅ។ ៩ រួចមក ខ្ញុំបានបង្គាប់គេឲ្យសម្អាតបន្ទប់ឃ្លាំងនោះ ហើយខ្ញុំយកប្រដាប់ប្រដាប្រើប្រាស់ក្នុងវិហាររបស់ព្រះពិត+ ព្រមទាំងគ្រឿងបូជាពីស្រូវ និងគ្រឿងក្រអូប+ទៅទុកក្នុងបន្ទប់នោះវិញ។
១០ បន្ថែមទៅទៀត ខ្ញុំបានដឹងថាបណ្ដាជនមិនបានឲ្យ+វិភាគទានសម្រាប់ពួកលេវី+ និងពួកអ្នកចម្រៀងទេ។ ដូច្នេះហើយបានជាពួកគេទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។+ ១១ ហេតុនេះ ខ្ញុំបានស្ដីបន្ទោសពួកអ្នកគ្រប់គ្រងបន្ទាប់+ថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាបោះបង់ចោលវិហាររបស់ព្រះដូច្នេះ?»។+ បន្ទាប់មក ខ្ញុំបានហៅពួកលេវីនិងពួកអ្នកចម្រៀងឲ្យមកបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។ ១២ ក្រោយមក បណ្ដាជនយូដាទាំងអស់បានជូនភោគផល១ភាគ១០+នៃស្រូវ ស្រាថ្មី និងប្រេង សម្រាប់ដាក់ក្នុងឃ្លាំងវិហារ។+ ១៣ រួចមក ខ្ញុំបានតែងតាំងបុរសបីនាក់ ឲ្យមើលការខុសត្រូវលើឃ្លាំងវិហារ គឺសេលេមៀជាសង្ឃ សេដុកជាអ្នកចម្លងឯកសារ និងភេដាយ៉ាជាលេវី។ ខ្ញុំក៏បានតែងតាំងហាណានជាកូនសាកឺ ត្រូវជាចៅម៉ាថានៀ ឲ្យធ្វើជាជំនួយការរបស់ពួកគេដែរ។ បុរសទាំងនេះគឺជាមនុស្សគួរឲ្យទុកចិត្ត ហើយពួកគេមានភារកិច្ចចែកចាយវិភាគទានដល់បងប្អូនរបស់ពួកគេ។
១៤ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំការប្រព្រឹត្តទាំងនេះរបស់ខ្ញុំផង+ ហើយសូមកុំភ្លេចទង្វើដែលផុសចេញពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ដែលខ្ញុំបានធ្វើចំពោះវិហារលោកនិងកិច្ចបម្រើនៅទីនោះដែរ»។+
១៥ នៅគ្រានោះ ខ្ញុំបានឃើញបណ្ដាជនក្នុងស្រុកយូដាជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា នៅថ្ងៃឈប់សម្រាក។+ ខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវលើខ្នងលា ហើយយកស្រា ផ្លែទំពាំងបាយជូរ ផ្លែល្វាតូច* និងទំនិញគ្រប់ប្រភេទ ចូលក្នុងក្រុងយេរូសាឡិមនៅថ្ងៃឈប់សម្រាក។+ ដូច្នេះ ខ្ញុំបានហាមពួកគេមិនឲ្យលក់ដូរនៅថ្ងៃឈប់សម្រាកឡើយ។ ១៦ រីឯពួកទីរ៉ុសដែលរស់នៅក្នុងក្រុងយេរូសាឡិម ពួកគេបានយកត្រីនិងទំនិញគ្រប់ប្រភេទមកលក់ឲ្យបណ្ដាជនយូដាក្នុងក្រុងនោះ នៅថ្ងៃឈប់សម្រាក។+ ១៧ ដូច្នេះ ខ្ញុំបានស្ដីបន្ទោសឲ្យពួកអ្នកដឹកនាំក្នុងស្រុកយូដាថា៖ «ហេតុដូចម្ដេចអ្នករាល់គ្នាប្រព្រឹត្តអាក្រក់បែបនេះ ហើយបំពានច្បាប់ថ្ងៃឈប់សម្រាកដូច្នេះ? ១៨ បុព្វបុរសអ្នករាល់គ្នាក៏បានធ្វើអាក្រក់ដូចនេះដែរ។ ហេតុនេះហើយបានជាព្រះបណ្ដាលឲ្យមានទុក្ខវេទនាមកលើយើង និងក្រុងនេះ។ ឥឡូវអ្នករាល់គ្នាធ្វើឲ្យព្រះខឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំង ព្រោះតែការបំពានច្បាប់ថ្ងៃឈប់សម្រាក»។+
១៩ ខ្ញុំបានបង្គាប់ឲ្យគេបិទទ្វារក្រុងយេរូសាឡិមមុនថ្ងៃលិច គឺមុនថ្ងៃឈប់សម្រាកចាប់ផ្ដើម។ ខ្ញុំបានដាក់ពួកអ្នកបម្រើខ្លះរបស់ខ្ញុំ ឲ្យយាមទ្វារក្រុង ដើម្បីកុំឲ្យពួកឈ្មួញយកទំនិញចូលក្រុងនៅថ្ងៃឈប់សម្រាក ហើយខ្ញុំក៏បង្គាប់គេមិនឲ្យបើកទ្វារក្រុងឡើយ ទាល់តែផុតថ្ងៃនោះ ទើបខ្ញុំឲ្យគេបើកវិញ។ ២០ ដូច្នេះ មានម្ដងជាពីរដង ពួកឈ្មួញនិងអ្នកលក់ទំនិញគ្រប់ប្រភេទ បានដេកនៅក្រៅក្រុងយេរូសាឡិម។ ២១ បន្ទាប់មក ខ្ញុំបានព្រមានពួកគេដោយនិយាយថា៖ «ម្ដេចអ្នករាល់គ្នាដេកនៅក្រៅកំពែងក្រុងដូច្នេះ? បើអ្នករាល់គ្នាធ្វើដូច្នេះម្ដងទៀត ខ្ញុំនឹងបណ្ដេញអ្នករាល់គ្នាដោយកម្លាំងហើយ»។ តាំងពីពេលនោះមក ពួកគេលែងហ៊ានមកនៅថ្ងៃឈប់សម្រាកទៀត។
២២ ក្រោយមក ខ្ញុំបានប្រាប់ពួកលេវីឲ្យជម្រះខ្លួនឲ្យស្អាតបរិសុទ្ធជាទៀងទាត់ ហើយឲ្យពួកគេទៅយាមទ្វារក្រុងដើម្បីរក្សាថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធ។+ រួចខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំការប្រព្រឹត្តរបស់ខ្ញុំ ហើយសូមលោកអាណិតមេត្តាចំពោះខ្ញុំផង ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ»។+
២៣ នៅគ្រានោះ ខ្ញុំឃើញថាពួកយូដាខ្លះបានរៀបការជាមួយនឹងស្ត្រី+មកពីក្រុងអាសូត+ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់។+ ២៤ កូនចៅពួកគេចំនួនពាក់កណ្ដាលចេះនិយាយភាសាអាសូត និងពាក់កណ្ដាលទៀតចេះនិយាយភាសារបស់ជនជាតិដទៃ តែមិនចេះនិយាយភាសារបស់ជនជាតិយូដាទេ។ ២៥ ដូច្នេះ ខ្ញុំបានស្ដីបន្ទោសពួកគេ ថែមទាំងដាក់បណ្ដាសាទៀតផង។ ខ្ញុំបានវាយពួកបុរសខ្លះ+ ទាំងបោចសក់ពួកគេ ហើយឲ្យពួកគេស្បថនៅចំពោះព្រះ រួចខ្ញុំនិយាយថា៖ «អ្នករាល់គ្នាមិនត្រូវឲ្យកូនប្រុសកូនស្រីរបស់អ្នករាល់គ្នារៀបការជាមួយនឹងកូនប្រុសកូនស្រីរបស់ពួកគេទេ ហើយអ្នករាល់គ្នាក៏មិនត្រូវរៀបការជាមួយនឹងកូនស្រីរបស់ពួកគេដែរ។+ ២៦ គឺដោយសារស្ត្រីដូចនេះហើយ ដែលស្ដេចសាឡូម៉ូនបានធ្វើអំពើខុសឆ្គង មែនទេ? ព្រះរបស់គាត់បានស្រឡាញ់គាត់+ ហើយតាំងគាត់ឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលទាំងមូល។ ក្នុងចំណោមប្រជាជាតិនានាគ្មានស្ដេចណាដូចគាត់ទេ។+ ទោះជាយ៉ាងនោះក្ដី ប្រពន្ធទាំងឡាយរបស់គាត់ដែលជាជនជាតិដទៃ នៅតែអាចនាំគាត់ឲ្យប្រព្រឹត្តអំពើខុសឆ្គងបានដែរ។+ ២៧ មិនគួរឲ្យជឿសោះ ថាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះ ដោយហ៊ានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ!»។+
២៨ រីឯយ៉ូយ៉ាដា+ជាកូនអេឡាយអាស៊ីប+ជាសម្ដេចសង្ឃ គាត់មានកូនប្រុសម្នាក់រៀបការជាមួយនឹងកូនស្រីរបស់សានបាឡាត+ជាអ្នកក្រុងបេតហូរ៉ុន។ ដូច្នេះ ខ្ញុំបានបណ្ដេញកូនប្រុសនោះចេញពីមុខខ្ញុំទៅ។
២៩ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំពីទង្វើរបស់ពួកគេផង ព្រោះពួកគេបានបង្អាប់បង្អោនកិច្ចបម្រើជាសង្ឃ ហើយមើលងាយកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកសង្ឃ+និងពួកលេវី»។+
៣០ ខ្ញុំបានធ្វើឲ្យពួកគេស្អាតបរិសុទ្ធពីឥទ្ធិពលសព្វបែបយ៉ាងដែលមកពីជនជាតិដទៃ។ បន្ថែមទៅទៀត ខ្ញុំបានរៀបចំឲ្យពួកសង្ឃនិងពួកលេវីបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។+ ៣១ ខ្ញុំក៏បានរៀបចំឲ្យមានការជូនភោគផលដំបូង និងការផ្ដល់អុស+តាមពេលកំណត់ដែរ។
ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមឲ្យពរខ្ញុំ ហើយសូមចាំអំពីអ្វីៗដែលខ្ញុំបានធ្វើផង»។+