អេសាយ
៣៩ គ្រានោះ បេរ៉ូដាកបាឡាដាន់ជាស្ដេចស្រុកបាប៊ីឡូន ដែលត្រូវជាកូនរបស់បាឡាដាន បានចាត់អ្នកនាំសារឲ្យយកសំបុត្រនិងអំណោយទៅជូនហេសេគា+ ព្រោះគាត់បានឮថាហេសេគាឈឺ ហើយបានជាឡើងវិញ។+ ២ ហេសេគាបានទទួលស្វាគមន៍ពួកគេ រួចបានបង្ហាញពួកគេនូវទ្រព្យទាំងអស់របស់គាត់ គឺមាសប្រាក់ ប្រេងក្រអូប* និងប្រេងមានតម្លៃ គ្រឿងសាស្ត្រាវុធ និងអ្វីគ្រប់យ៉ាងដែលមានក្នុងឃ្លាំង។+ ហេសេគាក៏បានឲ្យពួកគេមើលសព្វគ្រប់ក្នុងវិមានគាត់ និងរបស់សព្វសារពើក្នុងរាជាណាចក្រទាំងមូល។
៣ ក្រោយមក អេសាយជាអ្នកប្រកាសទំនាយបានចូលទៅជួបស្ដេចហេសេគា ហើយសួរថា៖ «តើបុរសទាំងនេះបាននិយាយអ្វីខ្លះ ហើយពួកគេមកពីណា?»។ ដូច្នេះ ហេសេគាក៏ឆ្លើយថា៖ «ពួកគេមកពីស្រុកឆ្ងាយ គឺពីស្រុកបាប៊ីឡូន»។+ ៤ រួចអេសាយសួរថា៖ «តើពួកគេបានឃើញអ្វីខ្លះក្នុងវិមានរបស់អ្នក?»។ ហេសេគាឆ្លើយថា៖ «ពួកគេបានឃើញអ្វីៗទាំងអស់ក្នុងវិមានខ្ញុំ ហើយក៏ឃើញអ្វីគ្រប់យ៉ាងក្នុងឃ្លាំងទ្រព្យរបស់ខ្ញុំដែរ»។
៥ ខណៈនោះ អេសាយក៏និយាយទៅកាន់ហេសេគាថា៖ «សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលរបស់ទ្រព្យទាំងអស់ក្នុងវិមានអ្នក និងរបស់របរដែលបុព្វបុរសរបស់អ្នកបានសន្សំទុករហូតមកដល់សព្វថ្ងៃ នឹងត្រូវដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូនទាំងអស់ គ្មាននៅសេសសល់អ្វីឡើយ›។+ ៧ លោកក៏មានប្រសាសន៍ទៀតថា៖ ‹កូនចៅខ្លះរបស់អ្នកដែលនឹងកើតមក ពួកគេនឹងត្រូវនាំយកទៅស្រុកបាប៊ីឡូន ហើយនឹងក្លាយទៅជាមន្ត្រីជាន់ខ្ពស់ក្នុងវិមានស្ដេចស្រុកនោះ›»។+
៨ ឮដូច្នេះ ហេសេគានិយាយទៅកាន់អេសាយថា៖ «ប្រសាសន៍របស់ព្រះយេហូវ៉ា គឺយុត្តិធម៌ណាស់»។ គាត់ក៏បន្ថែមថា៖ «ព្រោះគ្រាដែលខ្ញុំគ្រប់គ្រងមានសន្តិភាពនិងសេចក្តីសុខសាន្តត្រាណ»។+