បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ការបើកបង្ហាញ ១:១-២២:២១
  • ការបើកបង្ហាញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបើកបង្ហាញ
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ការបើកបង្ហាញ

ការ​បើក​បង្ហាញ​ចំពោះ​យ៉ូហាន

១ ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត* ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក​បាន​ចាត់​ទេវតា​របស់​លោក ហើយ​តាម​រយៈ​ទេវតា​នោះ លោក​ប្រើ​និមិត្តរូប​ដើម្បី​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​ខ្ញុំ​បម្រើ​របស់​លោក គឺ​យ៉ូហាន ២ ដែល​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​បណ្ដាំ​របស់​ព្រះ និង​អំពី​សក្ខីភាព​របស់​លោក​យេស៊ូ​គ្រិស្ត គឺ​គាត់​បាន​បញ្ជាក់​អំពី​អ្វីៗ​ទាំង​អស់​ដែល​គាត់​ឃើញ។ ៣ អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ និង​អ្នក​ដែល​ឮ​ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ ពីព្រោះពេល​កំណត់​គឺ​ជិត​ដល់​ហើយ។

៤ ពី​ខ្ញុំ យ៉ូហាន ជូន​ចំពោះ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នៅ​តំបន់​អាស៊ី៖*

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខសាន្ត​ពី​«លោក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​ដែល​នឹង​មក​ដល់» ព្រម​ទាំង​ពី​សកម្មពល* ទាំង​ប្រាំពីរ​ដែល​នៅ​មុខ​បល្ល័ង្ក​របស់​លោក ៥ ហើយ​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​«សាក្សី​ដ៏​ស្មោះ​ត្រង់» ជា​«បុត្រ​ច្បង​និង​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ» និង​ជា​«អ្នក​គ្រប់​គ្រង​លើ​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី»។

លោក​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ពី​ការ​ខុស​ឆ្គង* របស់​យើង​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់ ៦ រួច​លោក​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ស្តេច​និង​ជា​សង្ឃ​របស់​ព្រះ​ដែល​ជា​បិតា​របស់​លោក។ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សិរី​រុងរឿង​និង​កម្លាំង​ខ្លាំងក្លា​ជា​រៀង​រហូត។ អាមេន។

៧ មើល! លោក​នឹង​មក​ជា​មួយ​នឹង​ពពក ហើយ​ភ្នែក​មនុស្ស​ទាំង​អស់​នឹង​ឃើញ​លោក រួម​ទាំង​ពួក​អ្នក​ដែល​បាន​ចាក់​លោក។ ហើយ​ដោយ​សារ​លោក កុលសម្ព័ន្ធ​ទាំង​អស់​នៅ​ផែនដី​នឹង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ។ មែន​ហើយ អាមេន។

៨ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​អាល​ផា​និង​អូមេហ្គា* ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ និង​ដែល​នឹង​មក​ដល់ ហើយ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត»។

៩ ខ្ញុំ យ៉ូហាន ដែល​ជា​បង​ប្រុស​របស់​អ្នក​រាល់​គ្នា​និង​ជា​អ្នក​រួម​ចំណែក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ក្នុង​សេចក្ដី​វេទនា ក្នុង​រាជាណាចក្រ និង​ក្នុង​ការ​ស៊ូ​ទ្រាំ​ក្នុង​នាម​ជា​អ្នកកាន់​តាម​លោក​យេស៊ូ​បាន​នៅ​កោះ​ហៅ​ថា​ប៉ាត់ម៉ុស ដោយ​សារ​ខ្ញុំ​និយាយ​អំពី​ព្រះ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ។ ១០ ដោយ​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ ខ្ញុំ​បាន​នៅ​ថ្ងៃ​របស់​លោក​ម្ចាស់ ហើយ​នៅ​ខាង​ក្រោយ​ខ្ញុំ ខ្ញុំ​ឮ​សំឡេង​មួយ​លាន់​ឮ​យ៉ាង​ខ្លាំង ដូច​សំឡេង​ត្រែ។ ១១ សំឡេង​នោះ​បន្លឺ​ឡើង​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​រមូរ​មួយ ហើយ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ គឺ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មៀរណា ក្រុង​ពើកាម៉ុម ក្រុង​ធាទេរ៉ា ក្រុង​សាដេស ក្រុង​ភីឡាដិលភា និង​ក្រុង​ឡៅឌីសេ»។

១២ រួច​ខ្ញុំ​បែរ​ទៅ​រក​សំឡេង​ដែល​កំពុង​បន្លឺ​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ ១៣ នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ខ្ញុំ​ឃើញ​មនុស្ស​ម្នាក់​ដូច​កូន​មនុស្ស ដែល​មាន​សម្លៀក​បំពាក់​វែង​ដល់​ជើង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ក្រវាត់​នៅ​ដើម​ទ្រូង។ ១៤ ម្យ៉ាង​ទៀត សក់​ក្បាល​របស់​លោក​ស​ស្គុស​ដូច​រោម​ចៀម ឯ​ភ្នែក​របស់​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង ១៥ ជើង​របស់​លោក​ដូច​ស្ពាន់​សុទ្ធ​ដែល​កំពុង​ភ្លឺ​ក្នុងឡ ហើយ​សំឡេង​លោក​ដូច​សន្ធឹក​ទឹក​ហូរ។ ១៦ លោក​មាន​ផ្កាយ​ប្រាំពីរ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មួយ​វែង​យ៉ាង​មុត​ដែល​មាន​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ឯ​មុខ​របស់​លោក​ភ្លឺ​ដូច​ថ្ងៃ​ពេល​ដែល​កំពុង​ពេញ​កម្ដៅ។ ១៧ ពេល​ដែល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​នៅ​ក្បែរ​ជើង​របស់​លោក ដូច​មនុស្ស​ស្លាប់។

រួច​លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា៖ «កុំ​ខ្លាច​ឡើយ។ ខ្ញុំ​ជា​អ្នក​មុន​បង្អស់ និង​ជា​អ្នក​ក្រោយ​បង្អស់ ១៨ ហើយ​ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ ខ្ញុំ​បាន​ស្លាប់ តែ​មើល! ខ្ញុំ​រស់​ជា​រៀង​រហូត ហើយ​ខ្ញុំ​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​និង​កូន​សោ​នៃ​ផ្នូរ។* ១៩ ដូច្នេះ ចូរ​សរសេរ​អ្វីៗ​ដែល​អ្នក​បាន​ឃើញ អ្វីៗ​ដែល​កំពុង​កើត​ឡើង និង​អ្វីៗ​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​នេះ។ ២០ ចំណែក​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​ផ្កាយ​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ខ្ញុំ និង​អំពី​ជើង​ចង្កៀង​មាស​ប្រាំពីរ៖ ផ្កាយ​ទាំង​ប្រាំពីរ​តំណាង​ពួក​ទេវតា​នៃ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ តំណាង​ក្រុម​ជំនុំ​ប្រាំពីរ។

២ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា៖ លោក​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ក្នុង​ដៃ​ស្ដាំ ហើយ​ដែល​ដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ២ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​របស់​អ្នក ក៏​ដឹង​ថា​អ្នក​ធ្វើ​ការ​នឿយ​ហត់ ហើយ​ខ្ញុំ​ស្គាល់​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ។ ខ្ញុំ​ដឹង​ថា​អ្នក​សាក​ល្បង​ពួក​អ្នក​ដែល​អះអាង​ថា​ពួក​គេ​ជា​សាវ័ក* តែ​តាម​ពិត​ពួក​គេ​មិន​មែន​ជា​សាវ័ក​ទេ ហើយ​អ្នក​ឃើញ​ថា​ពួក​គេ​ជា​អ្នក​ភូតភរ។ ៣ អ្នក​កំពុង​ស៊ូ​ទ្រាំ​ដែរ ក៏​បាន​ទ្រាំ​ការ​លំបាក​ជា​ច្រើន​ដើម្បី​ឈ្មោះ​របស់​ខ្ញុំ ហើយ​មិន​បាន​អស់​កម្លាំង​ចិត្ត​ឡើយ។ ៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ប្រកាន់​ទោស​អ្នក​អំពី​រឿង​មួយ គឺ​អ្នក​បាន​បាត់បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។

៥ «‹ដូច្នេះ ចូរ​នឹក​ឃើញ​នូវ​អ្វី​ដែល​អ្នក​បាន​បាត់បង់ ហើយ​ចូរ​ប្រែ​ចិត្ត រួច​ប្រព្រឹត្ត​ដូច​ដើម​វិញ។ ពុំ​នោះ​សោត ខ្ញុំ​នឹង​មក​ឯ​អ្នក ហើយ​ដក​ជើង​ចង្កៀង​របស់​អ្នក​ចេញ បើ​អ្នក​មិន​ប្រែ​ចិត្ត។ ៦ ប៉ុន្តែ​អ្នក​នៅ​មាន​លក្ខណៈ​ល្អ​មួយ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ត​របស់​និកាយ​នី​កុឡា​ស ដូច​ខ្ញុំ​ក៏​ស្អប់​ដែរ។ ៧ ចូរ​ឲ្យ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល* ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ៖ ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ណា​ដែល​ឈ្នះ បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ដែល​នៅ​ក្នុង​សួន​ឧទ្យាន​របស់​ព្រះ›។

៨ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មៀរណា​ថា៖ លោក​ដែល​‹ជា​អ្នក​មុន​បង្អស់​និង​ជា​អ្នក​ក្រោយ​បង្អស់› ដែល​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ៩ ‹ខ្ញុំ​ស្គាល់​សេចក្ដី​វេទនា​និង​ភាព​ក្រី​ក្រ​របស់​អ្នក តែ​អ្នក​ជា​អ្នក​មាន ខ្ញុំ​ក៏​ដឹង​ពី​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​អះអាង​ថា​ពួក​គេ​ជា​ជន​ជាតិ​យូដា តែ​តាម​ពិត​ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ គឺជា​បក្សពួក​របស់​សាថាន* វិញ។ ១០ កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​នឹង​រង​ឡើយ។ មើល! មេកំណាច* នឹង​បោះ​អ្នក​រាល់​គ្នា​ខ្លះ​ទៅ​ក្នុង​គុក​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​ល្បង​ល​យ៉ាង​ពេញ​លេញ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ ហើយ​ខ្ញុំ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត។ ១១ ចូរ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ៖ អ្នក​ណា​ដែល​ឈ្នះ​នឹង​មិន​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ទី​ពីរ​សោះ​ឡើយ›។

១២ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុម​ថា៖ លោក​ដែល​មាន​ដាវ​មួយ​វែង​យ៉ាង​មុត​ដែល​មាន​មុខ​ពីរ​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ១៣ ‹ខ្ញុំ​ដឹង​ថា​អ្នក​អាស្រ័យ​នៅ​កន្លែង​ណា គឺ​នៅ​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​សាថាន ហើយ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​នៅ​តែ​កាន់​ខ្ជាប់​តាម​ឈ្មោះ​របស់​ខ្ញុំ ក៏​មិន​បាន​បដិសេធ​ថា​មិន​ជឿ​លើ​ខ្ញុំ សូម្បី​តែ​នៅ​សម័យ​អាន់ទីប៉ាស ដែល​ជា​សាក្សី​របស់​ខ្ញុំ និង​ជា​អ្នក​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្បែរ​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​សាថាន​អាស្រ័យ​នៅ។

១៤ «‹ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ប្រកាន់​ទោស​អ្នក​អំពី​រឿង​មួយ​ចំនួន គឺ​នៅ​ទី​នោះ អ្នក​មាន​មនុស្ស​ខ្លះ​កាន់​ខ្ជាប់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ដែល​ជា​អ្នក​បង្រៀន​បាឡាក់​ឲ្យ​ទាក់​ទាញ​ពួក​កូន​អ៊ីស្រាអែល​ឲ្យ​ធ្វើ​អំពើ​ខុស​ឆ្គង គឺ​ឲ្យ​បរិភោគ​អ្វី​ដែល​បាន​ត្រូវ​បូជា​ដល់​រូប​ព្រះ ហើយ​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។* ១៥ នៅ​ទី​នោះ អ្នក​ក៏​មាន​មនុស្ស​ដែល​កាន់​ខ្ជាប់​តាម​សេចក្ដី​បង្រៀន​របស់​និកាយ​នីកុឡាស​ដែរ។ ១៦ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ។ ពុំ​នោះ​សោត ខ្ញុំ​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់ រួច​ច្បាំង​នឹង​អ្នក​ទាំង​នោះ​ដោយ​ដាវ​វែង​ដែល​ចេញ​ពី​មាត់​របស់​ខ្ញុំ។

១៧ «‹ចូរ​ឲ្យ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ៖ ខ្ញុំ​នឹង​ឲ្យ​នំ​ម៉ាណា​ខ្លះ​ដែល​លាក់​កំបាំង ដល់​អ្នក​ណា​ដែល​ឈ្នះ ក៏​នឹង​ឲ្យ​ក្រួស​ពណ៌​ស​មួយ ហើយ​លើ​ក្រួស​នោះ​ឈ្មោះ​ថ្មី​មួយ​បាន​ត្រូវ​សរសេរ ជា​ឈ្មោះ​ដែល​គ្មាន​អ្នក​ណា​ស្គាល់​ទេ​ក្រៅ​ពី​អ្នក​ដែល​ទទួល​ក្រួស​នោះ›។

១៨ «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា៖ បុត្រ​ព្រះ ដែល​មាន​ភ្នែក​ដូច​អណ្ដាត​ភ្លើង ហើយ​ជើង​ដូច​ស្ពាន់​សុទ្ធ​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ១៩ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ កិច្ច​បម្រើ និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាល​ពី​មុន។

២០ «‹ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ប្រកាន់​ទោស​អ្នក​អំពី​រឿង​មួយ គឺ​អ្នក​ប្រណី​ដល់​យេសិបិល ជា​ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ដែល​បង្រៀន​និង​បំភាន់​ពួក​ខ្ញុំ​បម្រើ​របស់​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​បរិភោគ​អ្វី​ដែល​បាន​ត្រូវ​បូជា​ដល់​រូប​ព្រះ។ ២១ ហើយ​ខ្ញុំ​បាន​ទុក​ពេល​ឲ្យ​នាង​ប្រែ​ចិត្ត តែ​នាង​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ទេ។ ២២ មើល! ខ្ញុំ​ហៀបនឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ងើប​មិន​រួច ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ផិត​ក្បត់​ជា​មួយ​នឹង​នាង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង បើ​ពួក​គេ​មិន​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​ដែល​ដូច​ការ​ប្រព្រឹត្ត​របស់​នាង។ ២៣ ហើយ​ខ្ញុំ​នឹង​ប្រហារ​ជីវិត​កូន​របស់​នាង​ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​ស្លាប់ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ទាំង​ឡាយ​ដឹង​ថា ខ្ញុំ​ជា​អ្នក​ដែល​ស្ទង់​មើល​ចិត្ត​និង​ថ្លើម* ក៏​សង​ដល់​អ្នក​រាល់​គ្នា តាម​ការ​ប្រព្រឹត្ត​រៀងៗ​ខ្លួន។

២៤ «‹ក៏​ប៉ុន្តែ​ចំណែក​ពួក​អ្នក​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​យេសិបិល គឺ​ពួក​អ្នក​ដែល​មិន​ដឹង​សោះ​អំពី​អ្វី​ដែល​គេ​ហៅ​ថា​«សេចក្ដី​ជ្រាល​ជ្រៅ​របស់​សាថាន» ខ្ញុំ​ប្រាប់​ថា៖ ខ្ញុំ​មិន​បន្ថែម​បន្ទុក​លើ​អ្នក​រាល់​គ្នា​ឡើយ។ ២៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន រហូត​ដល់​ខ្ញុំ​មក។ ២៦ ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​រហូត​ដល់​ទី​បញ្ចប់ ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ប្រជាជាតិ​ទាំង​ឡាយ ២៧ ហើយ​អ្នក​នោះ​នឹង​ឃ្វាល​បណ្ដា​ជន​ដោយ​ដំបង​ដែក ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ចាយ​ដូច​ភាជនៈ​ដី ដូច​អំណាច​ដែល​ខ្ញុំ​បាន​ទទួល​ពី​បិតា​របស់​ខ្ញុំ ២៨ ហើយ​ខ្ញុំ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។ ២៩ ចូរ​ឲ្យ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ›។

៣ «ហើយ​ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​សាដេស​ថា៖ លោក​ដែល​មាន​សកម្មពល* ទាំង​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ទាំង​ប្រាំពីរ​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​របស់​អ្នក ហើយ​ដឹង​ថា​អ្នក​មាន​ឈ្មោះ​ថា​ជា​អ្នក​រស់​រាន​មាន​ជីវិត តែ​អ្នក​បាន​ស្លាប់​ហើយ។ ២ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ពង្រឹង​កម្លាំង​ដល់​អ្វីៗ​ដែល​ជិត​ស្លាប់ ព្រោះ​ខ្ញុំ​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក គឺ​មិន​ពេញ​លក្ខណៈ​នៅ​ចំពោះ​មុខ​ព្រះ​របស់​ខ្ញុំ​ទេ។ ៣ ដូច្នេះ ចូរ​ចាំ​ជាប់​នូវ​អ្វី​ដែល​អ្នក​បាន​ទទួល​និង​អ្វី​ដែល​អ្នក​បាន​ឮ ហើយ​ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​នោះ ព្រម​ទាំង​ប្រែ​ចិត្ត។ ប្រសិនបើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ ខ្ញុំ​ប្រាកដជា​នឹង​មក​ដូច​ចោរ ហើយ​អ្នក​នឹង​មិន​ដឹង​ថា​ខ្ញុំ​មក​នៅ​ពេល​ណា​ឡើយ។

៤ «‹ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​ខ្លះ​នៅ​ក្រុង​សាដេស ដែល​មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​សៅហ្មង​ឡើយ ហើយ​អ្នក​ទាំង​នោះ​នឹង​ដើរ​ជា​មួយ​នឹង​ខ្ញុំ​ដោយ​មាន​សម្លៀក​បំពាក់​ស ពីព្រោះ​ពួក​គេ​សម​នឹង​ធ្វើ​ដូច្នេះ។ ៥ អ្នក​ណា​ដែល​ឈ្នះ អ្នក​នោះ​នឹង​បាន​សម្លៀក​បំពាក់​ស ហើយ​ខ្ញុំ​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នក​នោះ​ចេញ​ពី​សៀវភៅ​ជីវិត​ឡើយ តែ​ខ្ញុំ​នឹង​ទទួល​ស្គាល់​ឈ្មោះ​របស់​អ្នក​នោះ​នៅ​មុខ​បិតា​របស់​ខ្ញុំ ហើយ​នៅ​មុខ​បណ្ដា​ទេវតា​របស់​លោក។ ៦ ចូរ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ›។

៧ «ហើយ​ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា៖ លោក​ដែល​បរិសុទ្ធ ដែល​ពិត​ប្រាកដ ដែល​មាន​កូន​សោ​របស់​ដាវីឌ និង​ជា​លោក​ដែល​បើក​ហើយ​គ្មាន​អ្នក​ណា​អាច​បិទ​បាន ក៏​បិទ​ហើយ​គ្មាន​អ្នក​ណា​អាច​បើក​បាន មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ៨ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​របស់​អ្នក (មើល! ខ្ញុំ​បាន​បើក​ទ្វារ​មួយ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​បិទ​បាន​ឡើយ) ខ្ញុំ​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្ដិច​បន្តួច ក៏​បាន​កាន់​តាម​ពាក្យ​របស់​ខ្ញុំ ហើយ​មិន​បាន​ក្បត់​ឈ្មោះ​ខ្ញុំ​ទេ។ ៩ មើល! ចំណែក​ពួក​អ្នក​ពី​បក្សពួក* របស់​សាថាន* ដែល​និយាយ​ថា​ពួក​គេ​ជា​ជន​ជាតិ​យូដា ប៉ុន្តែ​តាម​ពិត​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ តែ​ពួក​គេ​កំពុង​ភូតភរ​វិញ ខ្ញុំ​នឹង​ប្រគល់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មក​សម្ដែង​ការ​គោរព​នៅ​ជិត​ជើង​របស់​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក។ ១០ ដោយ​សារ​អ្នក​បាន​កាន់​តាម​អ្វី​ដែល​អ្នក​បាន​ឮ​ស្តី​អំពី​ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​រក្សា​ការពារ​អ្នក​នៅ​គ្រា​ល្បង​ល ដែល​នឹង​កើត​ឡើង​ពេញ​ផែនដី​ទាំង​មូល ដើម្បី​ល្បង​ល​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី។ ១១ ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់។ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​អ្នក។

១២ «‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ឈ្នះ​ទៅ​ជា​សសរ​មួយ​ក្នុង​វិហារ​របស់​ព្រះ​នៃខ្ញុំ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ទៅ​វិញ​ឡើយ។ នៅ​លើ​អ្នក​នោះ​ខ្ញុំ​នឹង​សរសេរ​នាម​របស់​ព្រះ​នៃ​ខ្ញុំ និង​ឈ្មោះ​នៃ​ក្រុង​របស់​ព្រះ​នៃ​ខ្ញុំ ពោល​គឺ​ក្រុង​យេរូសាឡិម​ថ្មី ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌​ពី​ព្រះ​នៃ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​ខ្ញុំ​នៅ​លើ​អ្នក​នោះ​ដែរ។ ១៣ ចូរ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ›។

១៤ «ហើយ​ចូរ​សរសេរ​ទៅ​កាន់​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា៖ លោក​ដែល​ជា​អាមេន ជា​សាក្សី​ស្មោះ​ត្រង់​និង​ពិត​ត្រង់ និង​ជា​អ្នក​ដំបូង​បង្អស់​ដែល​ព្រះ​បាន​បង្កើត​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​ថា៖ ១៥ ‹ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត​របស់​អ្នក អ្នកគឺ​មិន​ត្រជាក់​ហើយ​ក៏​មិន​ក្ដៅ​ដែរ ខ្ញុំ​ចង់​ឲ្យ​អ្នក​ត្រជាក់ ឬ​ក៏​ក្ដៅ។ ១៦ ដូច្នេះ ដោយ​សារ​អ្នក​ក្ដៅ​ឧណ្ហៗ មិន​ត្រជាក់​ហើយ​មិន​ក្ដៅ នោះ​ខ្ញុំ​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់ខ្ញុំ។ ១៧ ពីព្រោះ​អ្នក​និយាយ​ថា៖ «ខ្ញុំ​ជា​អ្នក​មាន ក៏​មាន​ទ្រព្យ​សម្បត្ដិ​បរិបូរ ហើយ​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​សោះ» តែ​អ្នក​មិន​ដឹង​ថា​អ្នក​មាន​ទុក្ខវេទនា ក៏​គួរ​ឲ្យ​អាណិត ក្រីក្រ ងងឹត​ភ្នែក និង​អាក្រាត​ទេ ១៨ ខ្ញុំ​ទូន្មាន​អ្នក​ឲ្យ​ទិញ​មាស​ពី​ខ្ញុំ ជា​មាស​ដែល​បាន​ត្រូវ​សម្រាំង​ដោយ​ភ្លើង​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស មក​ស្លៀក​ពាក់ ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​អ្នក​នៅ​អាក្រាត រួច​អ្នក​ត្រូវ​ខ្មាស​គេ។ ចូរ​ទិញ​ថ្នាំ​លាប​ភ្នែក​ដែរ ដើម្បី​អ្នក​អាច​មើល​ឃើញ។

១៩ «‹ខ្ញុំ​កែ​តម្រង់ ហើយ​ប្រដៅ​អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ខ្នះខ្នែង ហើយ​ប្រែ​ចិត្ត​ចុះ។ ២០ មើល! ខ្ញុំ​កំពុង​ឈរ​គោះ​ទ្វារ។ ប្រសិនបើ​អ្នក​ណា​ឮ​សំឡេង​ខ្ញុំ​ហើយ​បើក​ទ្វារ ខ្ញុំ​នឹង​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​នោះ ហើយ​បរិភោគ​អាហារ​ល្ងាច​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ។ ២១ ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ណា​ដែល​ឈ្នះ អង្គុយ​ជា​មួយ​នឹង​ខ្ញុំ​លើ​បល្ល័ង្ក​របស់​ខ្ញុំ ដូច​ខ្ញុំ​បាន​ឈ្នះ ហើយ​អង្គុយ​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ​លើ​បល្ល័ង្ក​របស់​លោក។ ២២ ចូរ​ឲ្យ​អ្នក​ដែល​មាន​ត្រចៀក ស្ដាប់​អ្វី​ដែល​សកម្មពល​ប្រាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ›»។

៤ បន្ទាប់​ពី​ការ​ទាំង​នោះ មើល! ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​សួគ៌ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ដំបូង គឺ​សំឡេង​ដូច​ត្រែ បាន​បន្លឺ​មក​កាន់ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ទី​នេះ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នូវ​អ្វីៗ​ដែល​ត្រូវកើត​ឡើង»។ ២ បន្ទាប់​ពី​ការ​នោះ សកម្មពល* បរិសុទ្ធ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើខ្ញុំ​ភ្លាម៖ មើល! មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​មាន​អ្នក​អង្គុយ​លើ​បល្ល័ង្ក​នោះ។ ៣ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ​មាន​លក្ខណៈ​ដូច​ត្បូង​យ៉ាស្បា* និង​ត្បូង​វិសេស​ពណ៌​ក្រហម ហើយ​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ​មាន​ឥន្ទធនូ​ដែល​មាន​លក្ខណៈ​ដូច​ត្បូង​មរកត។

៤ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ ហើយ​មាន​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ។ អ្នក​ចាស់​ទុំ​ទាំង​នោះ​មាន​សម្លៀក​បំពាក់​ក្រៅ​ពណ៌ស ហើយ​ពាក់​មកុដ​មាស​លើ​ក្បាល។ ៥ មាន​ផ្លេកបន្ទោរ សំឡេង​និយាយ និង​ផ្គរ​លាន់​កំពុង​ចេញ​ពី​បល្ល័ង្ក​មក ហើយ​មាន​ចង្កៀង​ភ្លើង​ប្រាំពីរ​ដែល​កំពុង​ឆេះ​នៅ​មុខ​បល្ល័ង្ក ហើយ​ចង្កៀង​ទាំង​នោះ​តំណាង​សកម្មពល​ទាំង​ប្រាំពីរ​របស់​ព្រះ។ ៦ នៅ​មុខ​បល្ល័ង្ក​មាន​អ្វី​ដែល​មើល​ទៅ​ដូច​ជា​សមុទ្រ​ដែល​ដូច​កញ្ចក់ ដូច​កែវ​ចរណៃ។

ហើយ​នៅ​កណ្ដាល​បល្ល័ង្ក​និង​នៅ​ជុំ​វិញ​បល្ល័ង្ក មាន​ចេរូប៊ីន​បួន​រូប​ពេញ​ទៅ​ដោយ​ភ្នែក​ទាំង​មុខ​ទាំង​ក្រោយ។ ៧ ចេរូប៊ីន​ទី​មួយ​គឺ​ដូច​សត្វ​តោ ហើយ​ចេរូប៊ីន​ទី​ពីរ​គឺ​ដូច​គោ​ឈ្មោល​ស្ទាវ ឯ​ចេរូប៊ីន​ទី​បី​មាន​មុខ​ដូច​មនុស្ស ហើយ​ចេរូប៊ីន​ទី​បួន​គឺ​ដូច​ឥន្ទ្រី​ដែល​ហោះហើរ។ ៨ ចំណែក​ចេរូប៊ីន​ទាំង​បួន​នោះ ពួក​គេ​ម្នាក់ៗ​មាន​ស្លាប​ប្រាំមួយ ហើយ​នៅ​ជុំ​វិញ​និង​នៅ​ខាង​ក្រោម​ស្លាប​ទាំង​នោះ​មាន​ពេញ​ទៅ​ដោយ​ភ្នែក។ ចេរូប៊ីន​ទាំង​នោះ​និយាយ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​នឹង​មក​ដល់»។

៩ ហើយ​ពេល​ណា​ចេរូប៊ីន​ទាំង​នោះ​ផ្ដល់​សិរី​រុងរឿង កិត្ដិយស និង​ថ្លែង​អំណរ​គុណ​ដល់​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក គឺ​លោក​ដែល​រស់​ជា​រៀង​រហូត ១០ នោះ​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​លំឱន​កាយ​នៅ​មុខ​បល្ល័ង្ក ហើយ​គោរព​ប្រណិប័តន៍​លោក​ដែលរស់​ជា​រៀង​រហូត ក៏​បោះ​មកុដ​ខ្លួន​នៅ​មុខ​បល្ល័ង្ក​ហើយ​ជម្រាប​ថា៖ ១១ «ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយសារ​សិរី​រុងរឿង កិត្ដិយស និង​ឫទ្ធានុភាព ពីព្រោះ​លោក​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក»។

៥ ហើយ​ខ្ញុំ​ឃើញ​រមូរ​មួយ​នៅ​ក្នុង​ដៃ​របស់​លោក​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក។ រមូរ​នោះ​មាន​អក្សរ​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ហើយ​បាន​ត្រូវ​បិទ​ដោយ​ត្រា​ប្រាំពីរ។ ២ រួច​ខ្ញុំ​ឃើញ​ទេវតា​ខ្លាំងក្លា​មួយ​រូប​ប្រកាស​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «តើ​អ្នក​ណា​សម​នឹង​បក​ត្រា​ទាំង​នេះ​ហើយ​បើក​រមូរ?»។ ៣ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី​អាច​បើក​មើល​រមូរ​នោះ​ទេ។ ៤ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​យំ​យ៉ាង​ខ្លាំង ពីព្រោះ​គ្មាន​អ្នក​ណា​សម​នឹង​បើក​មើល​រមូរ​នោះ​ទេ។ ៥ ប៉ុន្តែ​អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ខ្ញុំ​ថា៖ «ឈប់​យំ​ទៅ។ មើល! លោក​ដែល​ជា​តោ​ពី​កុល​សម្ព័ន្ធ​យូដា និង​ជា​ឫស​នៃ​ដាវីឌ​បាន​ឈ្នះ ដូច្នេះ លោក​សម​នឹង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ហើយ​បើ​ករ​មូរ»។

៦ ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ដែល​មើល​ទៅ​ដូច​ជា​បាន​ត្រូវ​គេ​សម្លាប់​កំពុង​ឈរ​នៅ​ជិត​បល្ល័ង្ក​និង​នៅ​កណ្ដាល​ចេរូប៊ីន​ទាំង​បួន​និង​ពួក​អ្នក​ចាស់​ទុំ។ កូន​ចៀម​នោះ​មាន​ស្នែង​ប្រាំពីរ​និង​ភ្នែក​ប្រាំពីរ ហើយ​ភ្នែក​ទាំង​នោះ​តំណាង​សកម្មពល* ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ពេញ​ផែនដី​ទាំង​មូល។ ៧ រួច​មក កូន​ចៀម​បាន​ទៅ​យក​រមូរ​នោះ​ភ្លាម​ពី​ដៃ​របស់​លោក​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក។ ៨ ពេល​ដែល​កូន​ចៀម​យក​រមូរ​នោះ ចេរូប៊ីន​បួន​រូប​និង​ពួក​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​បាន​លំឱន​កាយ​នៅ​មុខ​កូន​ចៀម ដោយ​មាន​ពិណ​និង​ចាន​គោម​មាស​ម្នាក់​មួយ ហើយ​ចាន​គោម​នោះ​គឺ​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប។ ឯ​គ្រឿង​ក្រអូប​នោះ​តំណាង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​បរិសុទ្ធ។ ៩ ហើយ​ពួក​គាត់​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖ «លោក​សម​នឹង​យក​រមូរ​និង​បក​ត្រា​ទាំង​នោះ ពីព្រោះ​លោក​បាន​ត្រូវ​សម្លាប់ ហើយ​បាន​ទិញ​មនុស្ស​សម្រាប់​ព្រះ ជា​មនុស្ស​ពី​គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជាជាតិ ដោយ​ឈាម​របស់​លោក ១០ រួច​លោក​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជាណាចក្រ​មួយ​និង​ជា​សង្ឃ​របស់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី»។

១១ ខ្ញុំ​ឃើញ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ចេរូប៊ីន​បួន​រូប និង​ពួក​អ្នក​ចាស់​ទុំ ឯ​ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​គុណ​នឹង​រាប់​ម៉ឺន និង​រាប់​ពាន់​គុណ​នឹង​រាប់​ពាន់ ១២ ហើយ​ពួក​គេ​និយាយ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «កូន​ចៀម​ដែល​បាន​ត្រូវ​សម្លាប់​គឺ​សម​នឹង​ទទួល​ឫទ្ធានុភាព ទ្រព្យ​សម្បត្ដិ ប្រាជ្ញា កម្លាំង​ខ្លាំងក្លា កិត្ដិយស សិរី​រុងរឿង និង​ពរ»។

១៣ ខ្ញុំ​ឮ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ​ថា៖ «សូម​ឲ្យ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​និង​កូន​ចៀម​ប្រកប​ដោយ​ពរ កិត្ដិយស សិរី​រុងរឿង និង​កម្លាំង​ខ្លាំងក្លា​ជា​រៀង​រហូត»។ ១៤ រួច​មក ចេរូប៊ីន​ទាំង​បួន​បាន​និយាយ​ថា៖ «អាមេន!» រួច​ពួក​អ្នក​ចាស់​ទុំ​បាន​លំឱន​កាយ​គោរព​ប្រណិប័តន៍​ព្រះ។

៦ ហើយ​ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​មួយ​ពី​ចំណោម​ត្រា​ទាំង​ប្រាំពីរ រួច​ខ្ញុំ​ឮ​ចេរូប៊ីន​មួយ​ពី​ចំណោម​ចេរូប៊ីន​ទាំង​បួន​នោះ​និយាយ​ដោយ​សំឡេង​ដូច​ផ្គរ​លាន់ថា៖ «មក!» ២ បន្ទាប់​មក មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ស ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ធ្នូ ក៏​ទទួល​មកុដ រួច​អ្នក​នោះ​ចេញ​ទៅ​យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក។

៣ ពេល​ដែល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​ចេរូប៊ីន​ទី​ពីរ​និយាយ​ថា៖ «មក!» ៤ បន្ទាប់​មក មាន​សេះ​មួយ​ទៀត​មក ជា​សេះ​សម្បុរ​ក្រហម​ដូច​ភ្លើង ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ដក​យក​សន្ដិភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ដោយ​ឥត​មេត្ដា ហើយ​អ្នក​នោះ​ក៏​ទទួល​ដាវ​ធំ​មួយ។

៥ ពេល​ដែល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​ចេរូប៊ីន​ទី​បី​និយាយ​ថា៖ «មក!» បន្ទាប់​មក មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ខ្មៅ ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ជញ្ជីង​នៅ​ដៃ។ ៦ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​ហាក់​ដូច​ជា​ចេញ​ពី​ចំណោម​ចេរូប៊ីន​ទាំង​បួន​ថា៖ «ស្រូវ​សាលី​មួយ​លី​ត្រ​តម្លៃ​មួយ​ឌីណារី* ហើយ​ស្រូវ* បី​លី​ត្រ​តម្លៃ​មួយ​ឌីណារី ហើយ​កុំ​ប៉ះពាល់​ប្រេង​អូលីវ​ឬ​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ»។

៧ ពេល​ដែល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​ចេរូប៊ីន​ទី​បួន​និយាយ​ថា៖ «មក!» ៨ បន្ទាប់​មក មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា​សេចក្ដី​ស្លាប់។ ហើយ​ផ្នូរ* កំពុង​តាម​អ្នក​នោះ​យ៉ាង​ប្រកិត។ ពួក​គេ​បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែនដី ដើម្បី​សម្លាប់​ដោយ​ដាវ​វែង ដោយ​ការ​ខ្វះ​ស្បៀងអាហារ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​ស្លាប់ និង​ដោយ​សត្វ​សាហាវ​នៅ​ផែនដី។

៩ ពេល​ដែល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ ខ្ញុំ​ឃើញ​ថា​នៅ​ខាង​ក្រោម​ទី​បូជា​មាន​ឈាម* របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​សម្លាប់​ដោយ​សារ​បណ្ដាំ​របស់​ព្រះ និង​ដោយ​សារ​កិច្ច​ការ​ជា​សាក្សី​ដែល​ពួក​គេ​ធ្លាប់​ធ្វើ។ ១០ ហើយ​ពួក​គេ​បាន​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ម្ចាស់​ដ៏​ឧត្តម​បំផុត បរិសុទ្ធ និង​ពិត​ប្រាកដ​អើយ តើ​ពេល​ណា​ទើប​លោក​នឹង​វិនិច្ឆ័យ​ទោស ហើយ​សង​សឹក​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​យើង​នៅ​ផែនដី?»។ ១១ រួច​មក ពួក​គេ​ម្នាក់ៗ​បាន​ទទួល​អាវ​វែង​ពណ៌​ស​មួយ ហើយ​បាន​ត្រូវ​ប្រាប់​ឲ្យ​ចាំ​បន្ដិច រហូត​ដល់​បង្គ្រប់​ចំនួន​បង​ប្អូន​របស់​ពួក​គេ និង​ខ្ញុំ​បម្រើ​ឯ​ទៀត​ដែល​រួម​ការងារ​ជា​មួយ​នឹង​ពួក​គេ ដែល​ហៀបនឹង​ត្រូវ​សម្លាប់​ដូច​ពួក​គេ​ដែរ។

១២ ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​ប្រាំមួយ រួច​មក ដី​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង ហើយ​ថ្ងៃ​ក៏​ក្លាយ​ទៅ​ជា​ងងឹត​ដូច​បាវ* ពណ៌​ខ្មៅ ខែ​ទាំង​មូល​បាន​ក្លាយ​ទៅ​ជា​ពណ៌​ក្រហម​ដូច​ឈាម ១៣ ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​ដល់​ផែនដី ដូច​ពេល​ដែល​ខ្យល់​បក់​ខ្លាំង​អង្រួន​ដើម​ល្វា​ឲ្យ​ជ្រុះ​ផ្លែ​ខ្ចី។ ១៤ ហើយ​មេឃ​ក៏​បាត់​ទៅ​ដូច​រមូរ​ដែល​ត្រូវ​គេ​មូរ ហើយ​ភ្នំ​និង​កោះ​ទាំង​អស់​ក៏​ត្រូវ​ដក​ចេញ។ ១៥ ឯ​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី ពួក​មន្ត្រី​ជាន់​ខ្ពស់ ពួក​មេ​បញ្ជាការ​កង​ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ គ្រប់​ទាំង​ខ្ញុំ​បម្រើ​និង​អស់​អ្នក​ដែល​មាន​សេរីភាព សុទ្ធតែ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ​និង​តាម​ផ្ទាំង​ថ្ម​នានា។ ១៦ ហើយ​ពួក​គេ​និយាយ​ទៅ​កាន់​ភ្នំ​និង​ផ្ទាំង​ថ្ម​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «រលំ​លើ​យើង​មក ហើយ​លាក់​បាំង​យើង​ពី​មុខ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក និង​ពី​កំហឹង​របស់​កូន​ចៀម ១៧ ពីព្រោះ​ថ្ងៃ​ដ៏​ធំ​នៃ​កំហឹង​របស់​លោក​ទាំង​ពីរ​បាន​មក​ដល់ ហើយ​តើ​អ្នក​ណា​អាច​ឈរ​បាន?»។

៧ បន្ទាប់​ពី​ការ​នោះ ខ្ញុំ​ឃើញ​ទេវតា​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ដោយ​ទប់​ខ្យល់​ទាំង​បួន​នៃ​ផែនដី មិន​ឲ្យ​បក់​មក​លើ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ។ ២ រួច​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ ដោយ​មាន​ត្រា​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​ទេវតា​ទាំង​បួន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បង្ខូច​ផែនដី​និង​សមុទ្រ ៣ ថា៖ «កុំ​បង្ខូច​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ឡើយ ទាល់​តែ​យើង​បាន​បោះត្រា​លើ​ថ្ងាស​ពួក​ខ្ញុំ​បម្រើ​នៃ​ព្រះ​របស់​យើង​ហើយ»។

៤ ខ្ញុំ​បាន​ឮ​ពី​ចំនួន​ពួក​អ្នក​ដែល​បាន​ត្រូវ​បោះត្រា​នោះ គឺ​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ពី​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ពួក​កូន​អ៊ីស្រាអែល បាន​ត្រូវ​បោះត្រា៖

៥ ពី​កុលសម្ព័ន្ធ​យូដា មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​ត្រូវ​បោះត្រា

ពី​កុលសម្ព័ន្ធ​រូបេន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​កាដ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

៦ ពី​កុលសម្ព័ន្ធ​អេស៊ើរ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​ណែបថាលី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

៧ ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​លេវី​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

៨ ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​យ៉ូសែប​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ដែល​បាន​ត្រូវ​បោះត្រា។

៩ បន្ទាប់​ពី​ការ​ទាំង​នោះ មើល! ខ្ញុំ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម ដោយ​ពាក់​អាវ​វែង​ពណ៌​ស ព្រម​ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ។ ១០ ហើយ​ពួក​គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ឥត​ឈប់​ថា៖ «សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង ដែល​អង្គុយ​លើ​បល្ល័ង្ក និង​ពី​កូន​ចៀម»។

១១ ឯ​ទេវតា​ទាំង​ឡាយ​កំពុង​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក និង​ពួក​អ្នក​ចាស់​ទុំ និង​ចេរូប៊ីន​ទាំង​បួន រួច​ពួក​គេ​ក្រាប​ក្បាល​នៅ​មុខ​បល្ល័ង្ក​គោរព​ប្រណិប័តន៍​ព្រះ ១២ ហើយ​និយាយ​ថា៖ «អាមេន! ពរ សិរី​រុងរឿង ប្រាជ្ញា អំណរ​គុណ កិត្ដិយស ឫទ្ធានុភាព និង​កម្លាំង​ជា​របស់​ព្រះ​នៃ​យើង​ជា​រៀង​រហូត។ អាមេន»។

១៣ បន្ទាប់​មក អ្នក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​ពាក់​អាវ​វែង​ពណ៌​ស​ជា​អ្នក​ណា? ហើយ​តើ​ពួក​គេ​មក​ពី​ណា?»។ ១៤ ម្ល៉ោះ​ហើយ ខ្ញុំ​និយាយ​ទៅ​គាត់​ភ្លាម​ថា៖ «ម្ចាស់​ខ្ញុំ​អើយ អ្នក​ដឹង​ហើយ»។ គាត់​និយាយ​មក​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​គឺជា​អ្នក​ដែល​ចេញ​ផុត​ពី​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង ហើយ​ពួក​គេ​បាន​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម។ ១៥ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​ពួក​គេ​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​វិហារ​របស់​លោក ឯ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នឹង​រៀប​ចំ​ត្រ​សាល​មួយ​ដើម្បី​ការពារ​ពួក​គេ។ ១៦ ពួក​គេ​នឹង​មិន​ស្រេក​ឬ​ឃ្លាន​ទៀត​ឡើយ ហើយ​ថ្ងៃ​នឹង​មិន​ជះ​កម្ដៅ​ខ្លាំង​ពេក​មក​លើ​ពួក​គេ​ទៀត​ដែរ ១៧ ពីព្រោះ​កូន​ចៀម​ដែល​នៅ​ក្បែរ​បល្ល័ង្ក​នឹង​ឃ្វាល​ពួក​គេ ហើយ​នាំ​ទៅ​ឯ​រន្ធ​ទឹក​ដែល​ផ្ដល់​ជីវិត។ ឯ​ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ»។

៨ ពេល​ដែល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ ស្ថាន​សួគ៌​បាន​ទៅ​ជា​ស្ងាត់​ច្រៀប​អស់​កន្លះ​ម៉ោង។ ២ ខ្ញុំ​ក៏​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​មុខ​ព្រះ ហើយ​ពួក​គេ​បាន​ទទួល​ត្រែ​ប្រាំពីរ។

៣ រួច​មក ទេវតា​មួយ​ទៀត​បាន​មក​ដល់ ហើយ​ឈរ​នៅ​ក្បែរ​ទី​បូជា ដោយ​កាន់​ភាជនៈ​មាស​សម្រាប់​ដាក់​គ្រឿង​ក្រអូប។ បន្ទាប់​មក ទេវតា​នោះ​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​ដើម្បី​បូជា​លើ​ទី​បូជា​ដែល​នៅ​មុខ​បល្ល័ង្ក កាល​ដែល​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​គ្នា​អធិដ្ឋាន។ ៤ ហើយ​ផ្សែង​ពី​គ្រឿង​ក្រអូប​បាន​ហុយ​ឡើង​ពី​ដៃ​របស់​ទេវតា​នោះ​នៅ​មុខ​ព្រះ ជា​មួយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​បរិសុទ្ធ។ ៥ ប៉ុន្តែ​ទេវតា​នោះ​យក​ភ្លើង​ពី​ទី​បូជា​ភ្លាម ហើយ​ដាក់​ពេញ​ភាជនៈ​សម្រាប់​ដាក់​គ្រឿង​ក្រអូប រួច​បោះ​ទៅ​ផែនដី។ បន្ទាប់​មក មាន​ផ្លេកបន្ទោរ ផ្គរ​លាន់ សំឡេង​និយាយ និង​ការ​រញ្ជួយ​ផែនដី។ ៦ ហើយ​ទេវតា​ប្រាំពីរ​ដែល​មាន​ត្រែ​ប្រាំពីរ​ត្រៀម​ផ្លុំ​ត្រែ។

៧ ពេល​ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​គាត់ ដុំ​ព្រិល​និង​ភ្លើង​លាយ​ជា​មួយ​នឹង​ឈាម​បាន​ត្រូវ​បោះ​ទៅ​ផែនដី ហើយ​មួយ​ភាគ​បី​នៃ​ផែនដី​បាន​ឆេះ​សុស មួយ​ភាគ​បី​នៃ​ដើម​ឈើ​ទាំង​ឡាយ​បាន​ឆេះ​សុស និង​តិណជាតិ​ទាំង​អស់​បាន​ឆេះ​សុស។

៨ ពេល​ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​របស់​គាត់ អ្វី​ដែល​មើល​ទៅ​ដូច​ជា​ភ្នំ​ដ៏​ធំ​មួយ​ដែល​មាន​ភ្លើង​ឆេះ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​សមុទ្រ ហើយ​មួយ​ភាគ​បី​នៃ​សមុទ្រ​បាន​ក្លាយ​ទៅ​ជា​ឈាម ៩ ហើយ​មួយ​ភាគ​បី​នៃ​អ្វី​ដែល​មាន​ជីវិត* ក្នុង​សមុទ្រ​បាន​ស្លាប់ ហើយ​មួយ​ភាគ​បី​នៃ​សំពៅ​ទាំង​ឡាយ​បាន​ខូច​អស់​ទៅ។

១០ ពេល​ទេវតា​ទី​បី​ផ្លុំ​ត្រែ​របស់​គាត់ ផ្កាយ​ដ៏​ធំ​មួយ​ដែល​កំពុង​ឆេះ​ដូច​ចង្កៀង​បាន​ធ្លាក់​ពី​លើ​មេឃ​ទៅ​លើ​មួយ​ភាគ​បី​នៃ​ទន្លេ​និង​រន្ធ​ទឹក។ ១១ ផ្កាយ​នោះ​ឈ្មោះ​ដើម​ល្វីង។ ហើយ​មួយ​ភាគ​បី​នៃ​ទឹក​បាន​ក្លាយ​ទៅ​ជា​ល្វីង រួច​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​ទឹក​នោះ​បាន​ក្លាយ​ទៅ​ជា​ល្វីង។

១២ ពេល​ទេវតា​ទី​បួន​ផ្លុំ​ត្រែ​របស់​គាត់ មួយ​ភាគ​បី​នៃ​ថ្ងៃ មួយ​ភាគ​បី​នៃ​ខែ និង​មួយ​ភាគ​បី​នៃ​ផ្កាយ​បាន​ត្រូវ​វាយ ដើម្បី​ធ្វើ​ឲ្យ​មួយ​ភាគ​បី​នៃ​របស់​ទាំង​នោះ​ក្លាយ​ទៅ​ជា​ងងឹត ហើយ​ដើម្បី​នៅ​ពេល​ថ្ងៃ​មិន​ឲ្យ​មាន​ពន្លឺ​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​ដូច្នេះ​ដែរ។

១៣ ហើយ​ខ្ញុំ​ឃើញ​និង​ឮ​ឥន្ទ្រី​មួយ​ហោះ​នៅ​កណ្ដាល​មេឃ​និយាយ​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «វេទនា វេទនា វេទនា​ដល់​អស់​អ្នក​ដែល​រស់​នៅ​ផែនដី ដោយ​សារ​សំឡេង​ត្រែ​ទាំង​ប៉ុន្មាន​ទៀត​របស់​ទេវតា​បី​រូប​ដែល​ហៀបនឹង​ផ្លុំ​ត្រែ​របស់​ពួក​គេ!»។

៩ ពេល​ដែល​ទេវតា​ទី​ប្រាំ​ផ្លុំ​ត្រែ​របស់​គាត់ ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ដែល​បាន​ធ្លាក់​ដល់​ផែនដី។ ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត។ ២ ពេល​ដែល​ផ្កាយ​នោះ​បើក​ទី​ជ្រៅ​បំផុត មាន​ផ្សែង​ចេញ​មក​ពី​រណ្ដៅ​នោះ ដូច​ផ្សែង​ពី​ឡ​ដ៏​ធំ​មួយ ហើយ​ថ្ងៃ​និង​មេឃ​បាន​ទៅ​ជា​ងងឹត​ដោយ​សារ​ផ្សែង​ពី​រណ្ដៅ​នោះ។ ៣ មាន​កណ្ដូប​ចេញ​ពី​ផ្សែង​នោះ​មក​លើ​ផែនដី។ កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យា​ដំរី​នៅ​ផែនដី។ ៤ ហើយ​ពួក​គេ​បាន​ត្រូវ​ប្រាប់​មិន​ឲ្យ​បង្ខូច​តិណជាតិ​ណា​នៅ​ផែនដី ឬ​រុក្ខជាតិ ឬ​ដើម​ឈើ​ឡើយ គ្រាន់តែ​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ដែល​មិន​មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ពួក​គេ​ប៉ុណ្ណោះ។

៥ ហើយ​កណ្ដូប​បាន​ទទួល​ការ​អនុញ្ញាត មិន​មែន​ឲ្យ​សម្លាប់​មនុស្ស​ទាំង​នោះ​ទេ តែ​ដើម្បី​ធ្វើ​ទារុណកម្ម​ដល់​ពួក​គេ​អស់​ប្រាំ​ខែ ហើយ​ទារុណកម្ម​ដែល​ពួក​គេ​ទទួល​គឺ​ដូច​ពេល​ដែល​ខ្យា​ដំរី​ទិច​មនុស្ស។ ៦ នៅ​គ្រា​នោះ មនុស្ស​នឹង​រក​វិធី​ស្លាប់ តែ​រក​មិន​ឃើញ ហើយ​ពួក​គេ​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​ពួក​គេ។

៧ ឯ​លក្ខណៈ​របស់​កណ្ដូប​ទាំង​នោះ​គឺ​ស្រ​ដៀង​នឹង​សេះ​ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​ចម្បាំង ហើយ​លើ​ក្បាល​កណ្ដូប​ទាំង​នោះ​មាន​អ្វី​ដែល​មើល​ទៅ​ដូច​មកុដ​មាស ឯ​មុខ​គឺ​ដូច​មុខ​មនុស្ស ៨ តែ​សក់​របស់​កណ្ដូប​ទាំង​នោះ​គឺ​ដូច​សក់​ស្ត្រី ហើយ​ធ្មេញគឺ​ដូច​ធ្មេញ​តោ ៩ កណ្ដូប​ទាំង​នោះ​មាន​អាវ​ការពារ​ដើម​ទ្រូង​ដូច​អាវ​ការពារ​ធ្វើ​ពី​ដែក ឯ​សន្ធឹក​ស្លាប​គឺ​ដូច​សន្ធឹក​រទេះ​សេះ​ជា​ច្រើន​កំពុង​ស្រូត​ទៅ​ច្បាំង។ ១០ ម្យ៉ាង​ទៀត កន្ទុយ​និង​ទ្រនិច​របស់​កណ្ដូប​ទាំង​នោះ​គឺ​ដូច​កន្ទុយ​និង​ទ្រនិច​របស់​ខ្យា​ដំរី ហើយ​ក្នុង​កន្ទុយ​មាន​អំណាច​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ទាំង​នោះ​អស់​ប្រាំ​ខែ។ ១១ កណ្ដូប​ទាំង​នោះ​មាន​ស្តេច ពោល​គឺ​ទេវតា​នៃ​ទី​ជ្រៅ​បំផុត។ ទេវតា​នោះ​មាន​ឈ្មោះ​ថា​អា​បា​ដូន* ជា​ភាសា​ហេប្រឺ តែ​ជា​ភាសា​ក្រិច​លោក​មាន​ឈ្មោះ​ថា​អាប៉ូលីយ៉ូន។*

១២ សេចក្ដី​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ​ហើយ។ មើល! សេចក្ដី​វេទនា​ពីរ​ទៀត​នឹង​មក​បន្ទាប់​ពី​ការ​ទាំង​នេះ។

១៣ ពេល​ដែល​ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​គាត់ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ចេញ​មក​ពី​ជ្រុង* ទាំង​ប៉ុន្មាន​របស់​ទី​បូជា​ធ្វើ​ពី​មាស ដែល​នៅ​មុខ​ព្រះ។ ១៤ សំឡេង​នោះ​បន្លឺ​ទៅ​កាន់​ទេវតា​ទី​ប្រាំមួយ​ដែល​មាន​ត្រែ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​ជាប់​ចំណង​នៅ​ទន្លេ​អឺប្រាត ជា​ទន្លេ​ដ៏​ធំ»។ ១៥ រួច​គាត់​ស្រាយ​ទេវតា​ទាំង​បួន​នោះ ដែល​បាន​ត្រូវ​រៀប​ចំ​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​សម្លាប់​មួយ​ភាគ​បី​នៃ​មនុស្ស​ទាំង​នោះ។

១៦ ឯ​ចំនួន​ទាហាន​សេះ​គឺ​ពីរ​ម៉ឺន​គុណ​នឹង​មួយ​ម៉ឺន ខ្ញុំ​បាន​ឮ​អំពី​ចំនួន​ពួក​គេ។ ១៧ ក្នុង​អ្វី​ដែល​បាន​ត្រូវ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត ខ្ញុំ​ឃើញ​ថា​សេះ​និង​ពួក​អ្នក​ដែល​ជិះ​សេះ​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ត​ទៅ​នេះ៖ អាវ​ការពារ​ដើម​ទ្រូង​របស់​ពួក​គេ មាន​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​ខៀវ​ចាស់ និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ ឯ​ក្បាល​សេះ​ទាំង​នោះ​គឺ​ដូច​ក្បាល​តោ ហើយ​មាន​ភ្លើង ផ្សែង​និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ ១៨ មួយ​ភាគ​បី​នៃ​មនុស្ស​ទាំង​នោះ​បាន​ត្រូវ​សម្លាប់​ដោយ​សេចក្ដី​វេទនា​ទាំង​បី​នេះ គឺ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ ១៩ ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ​គឺ​នៅ​ក្នុង​មាត់​និង​កន្ទុយ​របស់​ពួក​វា ព្រោះ​កន្ទុយ​របស់​ពួក​វា​ដូច​ពស់ ក៏​មាន​ក្បាល ហើយ​ពួក​វា​ធ្វើ​ទុក្ខ​ដោយ​អ្វីៗ​ទាំង​នោះ។

២០ ប៉ុន្តែ​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត​ដែល​មិន​បាន​ត្រូវ​សម្លាប់​ដោយ​សេចក្ដី​វេទនា​ទាំង​នោះ មិន​បាន​ប្រែ​ចិត្ត​ពី​ស្នា​ដៃ​របស់​ពួក​គេ​ដោយ​ឈប់​គោរព​បូជា​ពួក​វិញ្ញាណ​កំណាច* និង​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ មាស ស្ពាន់ ថ្ម និង​ឈើ ជា​រូប​ដែល​មើល​មិន​ឃើញ ស្ដាប់​មិន​ឮ ហើយ​ដើរ​មិន​បាន​នោះ​ទេ។ ២១ ពួក​គេ​ក៏​មិន​បាន​ប្រែ​ចិត្ត​ពី​ឃាតកម្ម ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* និង​ពី​ចោរ​កម្ម​របស់​ពួក​គេ​ដែរ។

១០ ហើយ​ខ្ញុំ​ឃើញ​ទេវតា​ខ្លាំង​ពូកែ​មួយ​ទៀត​ចុះ​ពី​ស្ថាន​សួគ៌* មក ដោយ​ដណ្ដប់​ពពក ហើយ​មាន​ឥន្ទធនូ​នៅ​លើ​ក្បាល។ មុខ​របស់​ទេវតា​នោះ​ភ្លឺ​ដូចថ្ងៃ ហើយ​ជើង​របស់​លោក​គឺ​ដូច​សសរ​ភ្លើង។ ២ ទេវតា​នោះ​មាន​រមូរ​តូច​មួយដែល​បើក​ស្រាប់​នៅ​ដៃ។ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ តែ​ដាក់​ជើង​ឆ្វេង​លើ​ផែនដី ៣ ហើយ​លោក​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដូច​តោ​គ្រហឹម។ ពេល​ដែល​លោក​បន្លឺ​ឡើង ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​បន្លឺ​ឡើង​ដែរ។

៤ នៅ​ពេល​ដែល​ផ្គរ​លាន់​ទាំង​ប្រាំពីរ​និយាយ ខ្ញុំ​ហៀបនឹង​សរសេរ ប៉ុន្តែ​ខ្ញុំ​ឮ​សំឡេង​បន្លឺ​ចេញ​ពី​មេឃ* ថា៖ «ចូរ​បំបិទ​អ្វីៗ​ដែល​ផ្គរ​លាន់​ទាំង​ប្រាំពីរ​បាន​និយាយ ដូច​បិទ​ដោយ​ត្រា កុំ​សរសេរ​ការ​ទាំង​នោះ​ឡើយ»។ ៥ ហើយ​ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​សមុទ្រ​និង​ផែនដី​បាន​លើក​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​មេឃ ៦ រួច​មក លោក​ស្បថ​ដោយ​អាង​លោក​ដែល​រស់​ជា​រៀង​រហូត គឺ​លោក​ដែល​បាន​បង្កើត​មេឃ​និង​អ្វីៗ​លើ​មេឃ ផែនដី​និង​អ្វីៗ​នៅ​ផែនដី ហើយ​សមុទ្រ​និង​អ្វីៗ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ស្បថ​ថា៖ «គ្រា​រង់​ចាំ​បាន​ផុត​ហើយ ៧ ប៉ុន្តែ​នៅ​គ្រា​ដែល​ទេវតា​ទី​ប្រាំពីរ​បន្លឺ​ឡើង ពេល​ដែល​គាត់​ហៀបនឹង​ផ្លុំ​ត្រែ​របស់​គាត់ អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​នឹង​ត្រូវ​សម្រេច។ នោះ​ជា​ដំណឹង​ល្អ​ដែល​លោក​បាន​ប្រកាស​ប្រាប់​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​ខ្ញុំ​បម្រើ​របស់​លោក»។

៨ សំឡេង​ដែល​ខ្ញុំ​បាន​ឮ​បន្លឺ​ចេញ​ពី​ស្ថាន​សួគ៌​ក៏​បន្លឺ​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «ចូរ​ទៅ​យក​រមូរ​ដែល​បើក​ស្រាប់​ពី​ក្នុង​ដៃ​ទេវតា​ដែល​កំពុង​ឈរ​លើ​សមុទ្រ​និង​លើ​ផែនដី»។ ៩ ខ្ញុំ​ក៏​ចេញ​ទៅ​ឯ​ទេវតា​ហើយ​សុំ​លោក​ឲ្យ​រមូរ​តូច​នោះ​មក​ខ្ញុំ។ ទេវតា​នោះ​ប្រាប់ខ្ញុំ​ថា៖ «ចូរ​យក​ទៅ ហើយ​បរិភោគ​ចុះ។ រមូរ​នេះ​នឹង​ធ្វើ​ឲ្យ​ល្វីង​ក្នុង​ពោះ​របស់​អ្នក ប៉ុន្តែ​ក្នុង​មាត់​របស់​អ្នក រមូរ​នោះ​នឹង​ផ្អែម​ដូច​ទឹក​ឃ្មុំ»។ ១០ បន្ទាប់​មក ខ្ញុំ​យក​រមូរ​តូច​នោះ​ពី​ដៃ​របស់​ទេវតា រួច​ក៏​បរិភោគ​ទៅ ហើយ​ក្នុង​មាត់​ខ្ញុំ រមូរ​នោះ​គឺ​ផ្អែម​ដូច​ទឹក​ឃ្មុំ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​បាន​បរិភោគ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ពោះ​ខ្ញុំ​ល្វីង។ ១១ រួច​ខ្ញុំ​ឮ​សំឡេង​បន្លឺ​ឡើង​ថា៖ «អ្នក​ត្រូវ​ប្រកាស​ទំនាយ​ម្ដង​ទៀត ស្តី​អំពី​ជាតិ​សាសន៍ ប្រជា​ជាតិ ភាសា និង​ស្តេច​ជា​ច្រើន»។

១១ បន្ទាប់​មក ខ្ញុំ​ទទួល​ដើម​ត្រែង​មួយ​ដែល​វែង​ដូច​ដំបង ហើយ​ខ្ញុំ​បាន​ត្រូវ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​វាស់​បន្ទប់​បរិសុទ្ធ​នៅ​វិហារ​របស់​ព្រះ ហើយ​វាស់​ទី​បូជា និង​ពួក​អ្នក​ដែល​កំពុង​គោរព​បូជា​នៅ​ទី​នោះ។ ២ ប៉ុន្តែ​ចំណែក​ទី​ធ្លា​នៅ​ខាង​ក្រៅ​បន្ទប់​បរិសុទ្ធ​នៅ​វិហារ អ្នក​មិន​ត្រូវ​វាស់​ទេ* ពីព្រោះ​ទី​នោះ​បាន​ត្រូវ​ប្រគល់​ដល់​ប្រជាជាតិ​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​បរិសុទ្ធ​អស់​សែសិប​ពីរ​ខែ។ ៣ ខ្ញុំ​ក៏​នឹង​ចាត់​សាក្សី​ទាំង​ពីរ​នាក់​របស់​ខ្ញុំ​ឲ្យ​ទៅ​ប្រកាស​ទំនាយ​អស់​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ​ដោយ​ស្លៀក​បាវ»។ ៤ អ្នក​ទាំង​នោះ​ត្រូវ​តំណាង​ដោយ​ដើម​អូលីវ​ពីរ​ដើម និង​ជើង​ចង្កៀង​ពីរ​ដែល​ឈរ​នៅ​មុខ​ម្ចាស់​នៃ​ផែនដី។

៥ ប្រសិនបើ​អ្នក​ណា​ចង់​ធ្វើ​បាប​សាក្សី​ទាំង​នោះ ភ្លើង​នឹង​ចេញ​ពី​មាត់​ពួក​គេ​ទៅ​បញ្ឆេះ​ពួក​សត្រូវ​ទាំង​នោះ។ ប្រសិនបើ​អ្នក​ណា​ចង់​ធ្វើ​បាប​ពួក​គេ អ្នក​នោះ​ត្រូវ​ស្លាប់​តាម​របៀប​នេះ។ ៦ សាក្សី​ទាំង​នោះ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​ពួក​គេ​ប្រកាស​ទំនាយ ហើយ​ពួក​គេ​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ហើយ​មាន​អំណាច​ប្រើ​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​ដើម្បី​វាយ​ដំ​ផែនដី​តាម​តែ​ពួក​គេ​ចង់។

៧ នៅ​ពេល​ដែល​ពួក​គេ​បាន​បញ្ចប់​កិច្ចការ​ជា​សាក្សី​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ទី​ជ្រៅ​បំផុត​នឹង​ច្បាំង​ជា​មួយ​នឹង​ពួក​គេ ហើយ​ឈ្នះ រួច​ក៏​សម្លាប់​ពួក​គេ។ ៨ ឯ​សព​របស់​ពួក​គេ​នឹង​នៅ​លើ​ផ្លូវ​ធំ​នៃ​ក្រុង​ដ៏​ខ្លាំងក្លា​ដែល​ត្រូវ​ហៅ​ថា​សូដុម​និង​អេស៊ីប​ក្នុង​ន័យ​ធៀប ជា​កន្លែង​ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ត្រូវ​សម្លាប់​ដែរ។ ៩ បណ្ដា​ជន​ពី​ជាតិ​សាសន៍​នានា កុលសម្ព័ន្ធ​នានា ភាសា​ផ្សេងៗ និង​ប្រជាជាតិ​ផ្សេងៗ​នឹង​មើល​សព​របស់​ពួក​គេ​អស់​បី​ថ្ងៃ​កន្លះ ហើយ​មិន​ឲ្យ​គេ​បញ្ចុះ​សព​ពួក​គេ​ក្នុង​ផ្នូរ​ឡើយ។ ១០ ឯ​មនុស្ស​ដែល​រស់​នៅ​ផែនដី​នឹង​រីករាយ​ហើយ​អរ​សប្បាយ​ដោយ​សារ​សាក្សី​ទាំង​នោះ​បាន​ស្លាប់ ក៏​នឹង​ឲ្យ​អំណោយ​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​អ្នក​ប្រកាស​ទំនាយ​ពីរ​រូប​នោះ​ធ្លាប់​ធ្វើ​ទារុណកម្ម​ដល់​មនុស្ស​នៅ​ផែនដី។

១១ បន្ទាប់​ពី​បី​ថ្ងៃ​កន្លះ កម្លាំង​ជីវិត* ពី​ព្រះ​បាន​ចូល​ក្នុង​ពួក​គេ ហើយ​ពួក​គេ​ក៏​ក្រោក​ឈរ​ឡើង រួច​អស់​អ្នក​ដែល​ឃើញ​ពួក​គេ​តាំង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ១២ រួច​ពួក​គេ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​លើ​មេឃ​ថា៖ «ចូរ​ឡើង​មក​ទី​នេះ»។ ពួក​គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក ហើយ​ពួក​សត្រូវ​របស់​ពួក​គេ​ក៏​បាន​ឃើញ។ ១៣ នៅ​ម៉ោង​នោះ​ឯង ផែនដី​បាន​រញ្ជួយ​យ៉ាង​ខ្លាំង មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​រលំ ហើយ​មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​ការ​រញ្ជួយ​នោះ ឯ​អ្នក​ទាំង​ប៉ុន្មាន​ទៀត​តាំង​ភ័យ​ខ្លាច ក៏​បាន​សរសើរ​តម្កើង​ព្រះ។

១៤ សេចក្ដី​វេទនា​ទី​ពីរ​បាន​កន្លង​ផុត​ទៅ​ហើយ។ មើល! សេចក្ដី​វេទនា​ទី​បី​កំពុង​មក​ដល់​យ៉ាង​លឿន។

១៥ ពេល​ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​គាត់ មាន​សំឡេង​មួយ​ចំនួន​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ* ថា៖ «រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​និង​គ្រិស្ត​របស់​លោក ហើយ​លោក​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​រៀង​រហូត»។

១៦ ហើយ​ពួក​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក​នៅ​មុខ​ព្រះ បាន​ក្រាប​ក្បាល​គោរព​ប្រណិប័តន៍​ព្រះ ១៧ ដោយ​ជម្រាប​ថា៖ «ព្រះ​យេហូវ៉ា​ជា​ព្រះ ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត និង​ជា​លោក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ​អើយ យើង​សូម​អរគុណ​លោក ពីព្រោះ​លោក​បាន​យក​ឫទ្ធានុភាព​មហិមា​របស់​លោក ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច។ ១៨ ប៉ុន្តែ​ប្រជា​ជាតិ​នានា​បាន​ខឹង លោក​ក៏​បាន​សម្ដែង​កំហឹង​របស់​លោក​ដែរ ហើយ​ពេល​កំណត់​បាន​មក​ដល់​សម្រាប់​វិនិច្ឆ័យ​មនុស្ស​ស្លាប់​និង​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​ជា​ខ្ញុំ​បម្រើ​របស់​លោក និង​ពួក​អ្នក​បរិសុទ្ធ ព្រម​ទាំង​ពួក​អ្នក​ដែល​កោត​ខ្លាច​នាម​របស់​លោក រួម​ទាំង​អ្នក​ធំ​និង​អ្នក​តូច ហើយ​សម្រាប់​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី»។

១៩ រួច​មក បន្ទប់​បរិសុទ្ធ​នៅ​វិហារ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​បើក​ឡើង ហើយ​ហឹប​នៃ​កិច្ច​ព្រមព្រៀង​របស់​លោក​បាន​ត្រូវ​ឃើញ​ក្នុង​បន្ទប់​បរិសុទ្ធ​នៅ​វិហារ​របស់​លោក។ ហើយ​មាន​ផ្លេកបន្ទោរ សំឡេង​និយាយ ផ្គរ​លាន់ ការ​រញ្ជួយ​ផែនដី ហើយ​ដុំ​ព្រិល​ធ្លាក់​មក​យ៉ាង​ខ្លាំង។

១២ និមិត្តរូប​ដ៏​សំខាន់​មួយ​បាន​លេច​មក​នៅ​ស្ថាន​សួគ៌ គឺ​ស្ត្រី​មួយ​រូប​ដណ្ដប់​ថ្ងៃ ហើយ​ខែ​នៅ​ខាង​ក្រោម​ជើង​របស់​នាង ឯ​ក្បាល​នាង​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​ដប់​ពីរ ២ នាង​មាន​ផ្ទៃ​ពោះ ហើយ​ក៏​ស្រែក​ឡើង​ដោយ​ឈឺ​ចាប់​និង​ដោយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ពេល​ដែល​សម្រាល​កូន។

៣ មាន​និមិត្តរូប​មួយ​ទៀត​លេច​មក​នៅ​ស្ថាន​សួគ៌ ហើយ​មើល! នាគ​ដ៏​ធំ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង ហើយ​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់ ហើយ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ ៤ កន្ទុយ​របស់​វា​ទាញ​មួយ​ភាគ​បី​នៃ​ផ្កាយ​លើ​មេឃ ហើយ​បោះ​ទៅ​ផែនដី។ នាគ​នោះ​បាន​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន ដើម្បី​វា​អាច​លេប​ត្របាក់​កូន​របស់​នាង កាល​ណា​នាង​សម្រាល​កូន​ហើយ។

៥ បន្ទាប់​មក នាង​សម្រាល​កូន​ប្រុស​មួយ ដែល​ជា​បុរស​ដែល​ត្រូវ​ឃ្វាល​ប្រជាជាតិ​ទាំង​ឡាយ​ដោយ​ដំបង​ដែក។ ឯ​កូន​របស់​នាង​បាន​ត្រូវ​យក​យ៉ាង​លឿន​ទៅ​ឯ​ព្រះ​និង​បល្ល័ង្ក​របស់​លោក។ ៦ រួច​ស្ត្រី​នោះ​បាន​រត់​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ នៅ​ទី​នោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​សម្រាប់​នាង ដើម្បី​នាង​អាច​ទទួល​អាហារ​បរិភោគ​នៅ​ទី​នោះ អស់​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។

៧ សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌៖ មីកែល​និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ​និង​បណ្ដា​ទេវតា​របស់​វា ៨ ប៉ុន្តែ​វា​មិន​បាន​ឈ្នះ​ទេ ហើយ​មិន​មាន​កន្លែង​សម្រាប់​ពួក​វា​នៅ​ស្ថាន​សួគ៌​ទៀត​ឡើយ។ ៩ ដូច្នេះ នាគ​ដ៏​ធំ​បាន​ត្រូវ​បោះ​ទម្លាក់ គឺ​ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេកំណាច​និង​សាថាន* និង​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី ហើយ​បណ្ដា​ទេវតា​របស់​វា​ក៏​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ជា​មួយ​នឹង​វា​ដែរ។ ១០ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ពី​លើ​មេឃ* ថា៖

«មើល! ព្រះ​បាន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ! ឫទ្ធានុភាព​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ! រាជាណាចក្រ​របស់​លោក​បាន​ត្រូវ​ស្ថាបនា​ឡើង! គ្រិស្ត​របស់​លោក​ចាប់​ផ្ដើម​កាន់​អំណាច​ហើយ! ពីព្រោះ​អ្នក​ដែល​ចោទ​ប្រកាន់​បង​ប្អូន​របស់​យើង​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ គឺជា​អ្នក​ដែល​ចោទ​ប្រកាន់​ពួក​គេ​ទាំង​យប់​ទាំង​ថ្ងៃ! ១១ ហើយ​ពួក​គេ​បាន​ឈ្នះ​អ្នក​នោះ ដោយ​សារ​ឈាម​របស់​កូន​ចៀម និង​អ្វី​ដែល​ពួក​គេ​ប្រកាស* ហើយ​ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ក៏​ដោយ ក៏​ពួក​គេ​មិន​បាន​ស្រឡាញ់​ជីវិត* ខ្លួន​ឡើយ។ ១២ ហេតុ​នេះ ស្ថាន​សួគ៌​និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ស្ថាន​សួគ៌​អើយ ចូរ​រីករាយ​ចុះ តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ ពីព្រោះ​មេកំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច»។

១៣ ពេល​ដែល​នាគ​ឃើញ​ថា​វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី នោះ​វា​បៀតបៀន​ស្ត្រី​នោះ​ដែល​បាន​សម្រាល​កូន​ប្រុស។ ១៤ ប៉ុន្តែ​ស្ត្រី​នោះ​បាន​ទទួល​ស្លាប​ដ៏​ធំ​ពីរ ពី​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​ហោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​នៅ​ទី​នោះ​នាង​នឹង​ទទួល​អាហារ​បរិភោគ​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា នៅ​ឆ្ងាយ​ពី​មុខ​របស់​ពស់។

១៥ ពស់​នោះ​បញ្ចេញ​ទឹក​ច្រើន​ដូច​ទន្លេ​ចេញ​ពី​មាត់​វា​ឲ្យ​ហូរ​តាម​ស្ត្រី​នោះ ដើម្បី​ធ្វើ​ឲ្យ​នាង​លង់​ទឹក​ទន្លេ​នោះ។ ១៦ ប៉ុន្តែ​ផែនដី​មក​ជួយ​នាង ហើយ​ផែនដី​ហា​មាត់​លេប​ទឹក​ទន្លេ​ដែល​នាគ​នោះ​បាន​បញ្ចេញ​ពី​មាត់​វា។ ១៧ រួច​នាគ​នោះ​ចាប់​ផ្ដើម​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ដែល​នៅ​សល់​ពី​ពូជ​របស់​នាង ជា​អ្នក​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ និង​ជា​អ្នក​ដែល​មាន​កិច្ចការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ។

១៣ បន្ទាប់​មក​វា​ទៅ​ឈរ​លើ​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

រួច​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​មក​ពី​សមុទ្រ។ សត្វ​នោះ​មាន​ស្នែង​ដប់ ក្បាល​ប្រាំពីរ ហើយ​ស្នែង​របស់​វា​មាន​មកុដ​ដប់ ប៉ុន្តែ​នៅ​លើ​ក្បាល​វា​មាន​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​ព្រះ។ ២ ឯ​សត្វ​សាហាវ​ដែល​ខ្ញុំ​ឃើញ​គឺ​ដូច​ខ្លារខិន តែ​ជើង​របស់​វា​ដូច​ខ្លា​ឃ្មុំ ហើយ​មាត់​របស់​វា​គឺ​ដូច​មាត់​តោ។ រួច​នាគ​ឲ្យ​កម្លាំង​ខ្លាំងក្លា បល្ល័ង្ក និង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។

៣ ខ្ញុំ​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ មើល​ទៅ​ដូច​ជា​បាន​ត្រូវ​កាប់​ឲ្យ​របួស​ដល់​ស្លាប់ ប៉ុន្តែ​របួស​របស់​វា​បាន​ជា​សះ​ស្បើយ ហើយ​ផែនដី​ទាំង​មូល​បាន​ទៅ​តាម​សត្វ​សាហាវ​ដោយ​ស្ងើចសរសើរ។ ៤ ពួក​គេ​ក៏​គោរព​ប្រណិប័តន៍​នាគ​នោះ ពីព្រោះ​វា​ជា​អ្នក​ឲ្យ​អំណាច​ដល់​សត្វ​សាហាវ​នោះ ហើយ​ពួក​គេ​បាន​គោរព​ប្រណិប័តន៍​សត្វ​សាហាវ​នោះ​ដោយ​ពាក្យ​ថា៖ «តើ​អ្នក​ណា​ដូច​សត្វ​សាហាវ​នោះ ហើយ​តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នោះ​បាន?»។ ៥ វា​បាន​ទទួល​មាត់​មួយ​ដែល​និយាយ​អួត​និង​និយាយ​ប្រមាថ​ព្រះ ហើយ​វា​ក៏​បាន​ទទួល​អំណាច​ធ្វើ​សកម្មភាព​អស់​សែសិប​ពីរ​ខែ។ ៦ វា​ហា​មាត់​ប្រមាថ​ព្រះ និង​ប្រមាថ​នាម ព្រម​ទាំង​លំនៅ​របស់​លោក ពោល​គឺ​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ស្ថាន​សួគ៌។ ៧ វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ច្បាំង​ឈ្នះ​ពួក​អ្នក​បរិសុទ្ធ ក៏​បាន​ទទួល​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា និង​គ្រប់​ប្រជាជាតិ។ ៨ អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​នឹង​គោរព​ប្រណិប័តន៍​វា។ តាំង​ពី​កំណើត​ពិភព​លោក​មក ឈ្មោះ​របស់​អ្នក​ទាំង​នោះ​មិន​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​បាន​ត្រូវ​សម្លាប់​ទេ។

៩ ចូរ​ឲ្យ​អ្នក​ណា​ដែល​មាន​ត្រចៀក​ស្ដាប់​ចុះ។ ១០ ប្រសិនបើ​អ្នក​ណា​ត្រូវ​ក្លាយ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ។ ប្រសិនបើ​អ្នក​ណា​នឹង​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ដោយ​ដាវ។ នេះ​តម្រូវ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ចេះ​ស៊ូ​ទ្រាំ​និង​មាន​ជំនឿ។

១១ ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ឡើង​មក​ពី​ផែនដី ហើយ​វា​មាន​ស្នែង​ពីរ​ដូច​ស្នែង​ចៀម ប៉ុន្តែ​វា​ចាប់​ផ្ដើម​និយាយ​ដូច​នាគ។ ១២ វា​ប្រើ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទី​មួយ ក្រោម​ក្រសែ​ភ្នែក​សត្វ​នោះ។ វា​ធ្វើ​ឲ្យ​ផែនដី​និង​អស់​អ្នក​ដែល​រស់​នៅ​ផែនដី​គោរព​ប្រណិប័តន៍​សត្វ​សាហាវ​ទី​មួយ​ដែល​បាន​ត្រូវ​របួស​ដល់​ស្លាប់​តែ​បាន​ជា​សះ​ស្បើយ។ ១៣ ហើយ​វា​ធ្វើ​សញ្ញា​សម្គាល់​អស្ចារ្យ​ជា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែនដី ក្រោម​ក្រសែ​ភ្នែក​របស់​មនុស្ស​ទាំង​ឡាយ។

១៤ វា​បំភាន់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី ដោយ​សារ​សញ្ញា​សម្គាល់​ដែល​វា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ក្រោម​ក្រសែ​ភ្នែក​សត្វ​សាហាវ​នោះ កាល​ដែល​វា​ប្រាប់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​ឲ្យ​ធ្វើ​រូប​សត្វ​សាហាវ​នោះ​ដែល​បាន​ត្រូវ​របួស​ដោយ​ដាវ​តែ​បាន​ជា​ឡើង​វិញ។ ១៥ ហើយ​វា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​រូប​សត្វ​សាហាវ​នោះ ដើម្បី​ឲ្យ​រូប​នោះ​និយាយ​និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​រូប​សត្វ​សាហាវ​នោះ​ទទួល​ការ​ប្រហារ​ជីវិត។

១៦ វា​បង្ខំ​មនុស្ស​ទាំង​អស់ អ្នក​តូច​និង​អ្នក​ធំ អ្នក​មាន​និង​អ្នក​ក្រ អ្នក​មាន​សេរីភាព​និង​ពួក​ខ្ញុំ​បម្រើ ដើម្បី​ឲ្យ​ទទួល​សញ្ញា​មួយ​នៅ​លើ​ដៃ​ស្ដាំ​ឬ​នៅ​លើ​ថ្ងាស ១៧ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​អាច​ទិញ​ឬ​លក់ ក្រៅ​ពី​អ្នក​ដែល​មាន​សញ្ញា​នោះ មាន​ឈ្មោះ​របស់​សត្វ​សាហាវ ឬ​មាន​លេខ​នៃ​ឈ្មោះ​របស់​វា។ ១៨ ចំណុច​នេះ​តម្រូវ​ឲ្យ​មាន​ប្រាជ្ញា៖ ចូរ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​រិះ​គិត គណនា​លេខ​នៃ​សត្វ​សាហាវ​នោះ ព្រោះ​លេខ​នោះ​ជា​លេខ​របស់​មនុស្ស។ លេខ​របស់​វា​គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។

១៤ ហើយ​មើល! ខ្ញុំ​ឃើញ​កូន​ចៀម​កំពុង​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ឈរ​ជា​មួយ​នឹង​លោក​ដែរ ហើយ​នាម​របស់​លោក​និង​នាម​របស់​បិតា​លោក​បាន​ត្រូវ​សរសេរ​នៅ​លើ​ថ្ងាស​ពួក​គេ។ ២ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ចេញ​ពី​លើ​មេឃ* ដូច​សន្ធឹក​ទឹក​ហូរ និង​ដូច​សំឡេង​ផ្គរ​លាន់​យ៉ាង​ខ្លាំង ឯ​សំឡេង​ដែល​ខ្ញុំ​ឮ គឺ​ដូច​សំឡេង​អ្នក​ចម្រៀង​ដែល​កំពុង​ច្រៀង​ផង​ដេញ​ពិណ​បន្ទរ​តាម​ផង។ ៣ ពួក​គេ​កំពុង​ច្រៀង​ចម្រៀង​ដែល​ហាក់​ដូច​ជា​ចម្រៀង​ថ្មី នៅ​មុខ​បល្ល័ង្ក នៅ​មុខ​ចេរូប៊ីន​ទាំង​បួន និង​នៅ​មុខ​ពួក​អ្នក​ចាស់​ទុំ ហើយ​គ្មាន​អ្នក​ណា​អាច​ច្រៀង​ចម្រៀង​នោះ​បាន​ស្ទាត់​ឡើយ ក្រៅ​ពី​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​បាន​ត្រូវ​ទិញ​ពី​ផែនដី។ ៤ អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​រក្សា​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​មិន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ឡើយ តាម​ពិត ពួក​គេ​គឺ​ដូច​ក្រមុំ​បរិសុទ្ធ។ ពួក​គេ​ដើរ​តាម​កូន​ចៀម​ជាប់ ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ។ ពួក​គេ​បាន​ត្រូវ​ទិញ​ពី​ចំណោម​មនុស្ស​ជាតិ ទុក​ជា​ផល​ដំបូង​ជូន​ព្រះ​និង​កូន​ចៀម ៥ គ្មាន​ពាក្យ​ភូតភរ​ណា​ក្នុង​មាត់​ពួក​គេ​ឡើយ ពួក​គេ​ឥត​ខ្ចោះ។

៦ រួច​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ដែល​កំពុង​ហោះ​នៅ​កណ្ដាល​មេឃ ហើយ​គាត់​មាន​ដំណឹង​ល្អ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍ ជា​ដំណឹង​ដែល​នាំ​ឲ្យ​រីករាយ​សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី និង​ដល់​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍ ៧ គាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក ពីព្រោះ​គ្រា​ដែល​លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​បាន​មក​ដល់​ហើយ ដូច្នេះ ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ឡាយ»។

៨ ទេវតា​មួយ​ទៀត​បាន​មក​តាម​ក្រោយ គឺ​ទេវតា​ទី​ពីរ ហើយ​ប្រាប់​ថា៖ «ក្រុង​នោះ​បាន​រលំ​ហើយ! បាប៊ីឡូន​ដ៏​ខ្លាំងក្លា​បាន​រលំ​ហើយ! គឺ​ក្រុង​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​អស់​ផឹក​ស្រា​នៃ​កំហឹង នៃ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​របស់​ក្រុង​នោះ!»។

៩ ហើយ​មាន​ទេវតា​មួយ​ទៀត​មក​តាម​ក្រោយ គឺ​ទេវតា​ទី​បី។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ប្រសិនបើ​អ្នក​ណា​គោរព​ប្រណិប័តន៍​សត្វ​សាហាវ​និង​រូប​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​នៅ​លើ​ថ្ងាស​ឬ​នៅ​លើ​ដៃ ១០ អ្នក​នោះ​នឹង​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះ​ដែល​នឹង​ត្រូវ​ចាក់​ដោយ​ឥត​លាយ​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​លោក ហើយ​អ្នក​នោះ​នឹង​ទទួល​ទារុណកម្ម​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ ក្រោម​ក្រសែ​ភ្នែក​របស់​បណ្ដា​ទេវតា​បរិសុទ្ធ​និង​កូន​ចៀម។ ១១ ឯ​ផ្សែង​ដែល​ចេញ​ពី​ទារុណកម្ម​របស់​អ្នក​ទាំង​នោះ​ហុយ​ឡើង​ជា​និរន្តរ៍ ហើយ​ពួក​គេ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ស្រាក​ស្រាន្ត គឺ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​សត្វ​សាហាវ​និង​រូប​របស់​វា និង​អ្នក​ណា​ដែល​ទទួល​សញ្ញា​សម្គាល់​ពី​ឈ្មោះ​របស់​វា។ ១២ ការ​នោះ​តម្រូវ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ចេះ​ស៊ូ​ទ្រាំ គឺ​អ្នក​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ និង​កាន់​ខ្ជាប់​តាម​ជំនឿ​លោក​យេស៊ូ»។

១៣ បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ចេញ​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ​នេះ​ថា៖ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ណា​ដែល​ស្លាប់​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក​ម្ចាស់ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ សកម្មពល* ប្រាប់​ថា ចូរ​ឲ្យ​ពួក​គេ​សម្រាក​ពី​ការ​នឿយ​ហត់​របស់​ពួក​គេ ពីព្រោះ​អ្វីៗ​ដែល​ពួក​គេ​បាន​ធ្វើ​ក៏​ទៅ​ជា​មួយ​នឹង​ពួក​គេ​ដែរ»។

១៤ ហើយ​មើល! ខ្ញុំ​ឃើញ​ពពក​ស​មួយ ហើយ​នៅ​លើ​ពពក​នោះ​មាន​អ្នក​អង្គុយ​ដែល​មើល​ទៅ​ដូច​ជា​កូន​មនុស្ស ហើយ​លោក​មាន​មកុដ​មាស​លើ​ក្បាល​និង​កាន់​កណ្ដៀវ​មុត​មួយ​នៅ​ដៃ។

១៥ រួច​មក ទេវតា​មួយ​ទៀត​បាន​ចេញ​ពី​បន្ទប់​បរិសុទ្ធ​នៅ​វិហារ ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «ចូរ​លូក​ដៃ​ដែល​កាន់​កណ្ដៀវ​ទៅ​ច្រូត​ចុះ ពីព្រោះ​គ្រា​ដែល​ត្រូវ​ច្រូត​បាន​មក​ដល់ ដោយ​សារ​ចម្រូត​នៅ​ផែនដី​គឺ​ទុំ​អស់​ហើយ»។ ១៦ លោក​ដែល​អង្គុយ​លើ​ពពក​បាន​លូក​ដៃ​ដែល​កាន់​កណ្ដៀវ​ទៅ​ច្រូត​ចម្រូត​នៅ​ផែនដី។

១៧ ទេវតា​មួយ​ទៀត​ក៏​ចេញ​ពី​បន្ទប់​បរិសុទ្ធ​នៅ​វិហារ​ដែល​នៅ​ស្ថាន​សួគ៌ ដោយ​កាន់​កណ្ដៀវ​មុត​មួយ​ដែរ។

១៨ រួច​ទេវតា​មួយ​ទៀត​បាន​ចេញ​ពី​ទី​បូជា ហើយ​គាត់​មាន​អំណាច​លើ​ភ្លើង។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​អ្នក​ដែល​កាន់​កណ្ដៀវ​មុត​នោះ​ថា៖ «ចូរ​លូកដៃ​ដែល​កាន់​កណ្ដៀវ​មុត​នោះ​ទៅ​ច្រូត​ចង្កោម​ទំពាំង​បាយ​ជូរ​ពី​វល្លិ​ទំពាំង​បាយ​ជូរនៃ​ផែនដី​ចុះ ពីព្រោះ​ទំពាំង​បាយ​ជូរ​ទាំង​នោះ​ទុំ​ហើយ»។ ១៩ ហើយ​ទេវតា​នោះ​ក៏​លូក​ដៃ​ដែល​កាន់​កណ្ដៀវ​ទៅ​ផែនដី​ច្រូត​វល្លិ​ទំពាំង​បាយ​ជូរ​នៃ​ផែនដី រួច​បោះ​ទៅ​ក្នុង​អាង​ធំ​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា ដែល​ជា​តំណាង​កំហឹង​របស់​ព្រះ។ ២០ ហើយ​ទំពាំង​បាយ​ជូរ​ទាំង​នោះ​បាន​ត្រូវ​ជាន់​នៅ​ខាង​ក្រៅ​ក្រុង ហើយ​ឈាម​បាន​ចេញ​ពី​អាង​នោះ​ឡើង​ខ្ពស់​ដល់​បង្ហៀរ​សេះ ចម្ងាយ​មួយ​ពាន់​ប្រាំមួយ​រយ​ស្ដាដ។*

១៥ ខ្ញុំឃើញ​និមិត្តរូប​មួយ​ទៀត​នៅ​ស្ថាន​សួគ៌ ជា​និមិត្តរូប​ដ៏​អស្ចារ្យ​និង​ប្រសើរ​ក្រៃ​លែង គឺ​ទេវតា​ប្រាំពីរ​ដែល​មាន​សេចក្ដី​វេទនា​ប្រាំពីរ​មក​ជា​មួយ។ នេះ​ជា​សេចក្ដី​វេទនា​ចុង​ក្រោយ ពីព្រោះ​កំហឹង​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​រួច​រាល់​អស់​តាម​រយៈ​សេចក្ដី​វេទនា​ទាំង​នោះ។

២ ខ្ញុំ​ក៏​ឃើញ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​សមុទ្រ​ដែល​ដូច​កញ្ចក់​លាយ​ជា​មួយ​នឹង​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​សាហាវ​និង​រូប​វា ព្រម​ទាំង​លេខ​នៃ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​ក្បែរ​សមុទ្រ​ដែល​ដូច​កញ្ចក់ ហើយ​ពួក​គេ​កំពុង​កាន់​ពិណ​របស់​ព្រះ។ ៣ ពួក​គេ​កំពុង​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូន​ចៀម​ថា៖

«ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​អើយ អ្វីៗ​ដែល​លោក​បាន​ធ្វើ​គឺ​អស្ចារ្យ ហើយ​ប្រសើរ​ក្រៃ​លែង។ ស្តេច​ដែល​រស់​ជា​រៀង​រហូត​អើយ ផ្លូវ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ត។ ៤ ព្រះ​យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​មិន​កោត​ខ្លាច​លោក ហើយ​មិន​សរសើរ​តម្កើង​នាម​របស់​លោក? ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​ភក្ដីភាព។ គ្រប់​ប្រជាជាតិ​នឹង​មក​គោរព​ប្រណិប័តន៍​នៅ​មុខ​លោក ពីព្រោះ​បង្គាប់​ដ៏​សុចរិត​យុត្ដិធម៌​របស់​លោក​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង»។

៥ បន្ទាប់​ពី​ការ​ទាំង​នោះ ខ្ញុំ​ឃើញ​ថា ត្រ​សាល​នៃ​សក្ខីភាព​បាន​ត្រូវ​បើក​ឡើង​នៅ​ស្ថាន​សួគ៌ ៦ ហើយ​ទេវតា​ប្រាំពីរ​រូប​ដែល​មាន​សេចក្ដី​វេទនា​ប្រាំពីរ​បាន​ចេញ​មកពី​បន្ទប់​បរិសុទ្ធ ដោយ​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ ក៏​មាន​ក្រវាត់​មាស​នៅ​ដើម​ទ្រូង។ ៧ ចេរូប៊ីន​មួយ​ពី​ចំណោម​ចេរូប៊ីន​ទាំង​បួន បាន​ឲ្យ​ចាន​គោម​មាស​ប្រាំពីរ​ដល់​ទេវតា​ទាំង​ប្រាំពីរ​នោះ។ ចាន​គោម​ទាំង​នោះ​គឺ​ពេញ​ទៅ​ដោយ​កំហឹង​របស់​ព្រះ​ដែល​រស់​នៅ​ជា​រៀង​រហូត។ ៨ រួច​មក បន្ទប់​បរិសុទ្ធ​បាន​ពេញ​ទៅ​ដោយ​ផ្សែង​ដោយ​សារ​សិរី​រុងរឿង​របស់​ព្រះ និង​ដោយ​សារ​ឫទ្ធានុភាព​របស់​លោក ហើយ​គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ រហូត​ដល់​សេចក្ដី​វេទនា​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​បាន​ចប់​ហើយ។

១៦ ខ្ញុំឮ​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បន្ទប់​បរិសុទ្ធ។ សំឡេង​នោះ​បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​នោះ​ថា៖ «ចូរ​ទៅ​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​ទាំង​ប្រាំពីរ​នៃ​កំហឹង​របស់​ព្រះ​ទៅ​លើ​ផែនដី»។

២ ទេវតា​ទី​មួយ​ក៏​ទៅ ហើយ​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​ផែនដី។ រួច​មនុស្ស​ដែល​មាន​សញ្ញា​នៃ​សត្វ​សាហាវ ហើយ​គោរព​ប្រណិប័តន៍​សត្វ​នោះ​បាន​កើត​ដំបៅ​រលួយ​ដែល​ធ្វើ​ទុក្ខ​ណាស់។

៣ ទេវតា​ទី​ពីរ​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​សមុទ្រ។ ហើយ​សមុទ្រ​បាន​ក្លាយ​ទៅ​ជា​ឈាម​ដូច​ឈាម​របស់​មនុស្ស​ស្លាប់ ហើយ​អ្វីៗ​* ទាំង​អស់​ក្នុង​សមុទ្រ​បាន​ស្លាប់។

៤ ទេវតា​ទី​បី​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​ទន្លេ​និង​រន្ធ​ទឹក​នានា ហើយ​ទឹក​ទាំង​អស់​នោះ​បាន​ក្លាយ​ទៅ​ជា​ឈាម។ ៥ ខ្ញុំ​ក៏​ឮ​ទេវតា​ដែល​មាន​អំណាច​លើ​ទឹក​ជម្រាប​ថា៖ «លោក​អើយ ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ និង​ជា​អ្នក​ដែល​មាន​ភក្ដីភាព លោក​គឺ​សុចរិត ពីព្រោះ​លោក​បាន​វិនិច្ឆ័យ​សេចក្ដី​ដូច្នេះ ៦ ដោយ​សារ​ពួក​គេ​បាន​បង្ហូរ​ឈាម​របស់​ពួក​អ្នក​បរិសុទ្ធ​និង​ពួក​អ្នក​ប្រកាស​ទំនាយ នោះ​លោក​បាន​ឲ្យ​ឈាម​ពួក​គេ​ផឹក។ ពួក​គេ​សម​នឹង​ទទួល»។ ៧ រួច​មក ខ្ញុំ​ឮ​ទី​បូជា​ជម្រាប​ថា៖ «មែន​ហើយ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត ការ​វិនិច្ឆ័យ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ត»។

៨ ទេវតា​ទី​បួន​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​ថ្ងៃ ហើយ​ថ្ងៃ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​រោល​មនុស្ស​ទាំង​នោះ​ដោយ​ភ្លើង។ ៩ ហើយ​មនុស្ស​ទាំង​នោះ​បាន​ត្រូវ​រោល​ដោយ​កម្ដៅ​ក្ដៅ​ក្រៃ​លែង ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ប្រមាថ​នាម​ព្រះ​ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នេះ ហើយ​ពួក​គេ​មិន​បាន​ប្រែ​ចិត្ត រួច​សរសើរ​តម្កើង​លោក​ទេ។

១០ ទេវតា​ទី​ប្រាំ​បាន​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​សាហាវ។ រួច​រាជាណាចក្រ​របស់​វា​បាន​ក្លាយ​ទៅ​ជា​ងងឹត ហើយ​មនុស្ស​ចាប់​ផ្ដើម​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយ​សារ​ការ​ឈឺ​ចាប់។ ១១ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ប្រមាថ​ព្រះ​នៃ​ស្ថាន​សួគ៌​ដោយ​សារ​ការ​ឈឺ​ចាប់​និង​ដំបៅ​រលួយ​របស់​ពួក​គេ ហើយ​ពួក​គេ​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឡើយ។

១២ ទេវតា​ទី​ប្រាំមួយ​បាន​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ហើយ​ទឹក​ទន្លេ​នោះ​បាន​រីង​អស់​ទៅ ដើម្បី​បើក​ផ្លូវ​ឲ្យ​ស្តេច​ដែល​មក​ពី​ទិស​ថ្ងៃ​រះ។

១៣ ហើយ​ខ្ញុំ​ឃើញ​បណ្ដាំ* ស្មោកគ្រោក​បី​ដែល​មើល​ទៅ​ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ ពី​មាត់​សត្វ​សាហាវ និង​ពី​មាត់​អ្នក​ប្រកាស​ទំនាយ​មិន​ពិត។ ១៤ តាមការ​ពិត នោះ​ជា​បណ្ដាំ​ពី​ពួក​វិញ្ញាណ​កំណាច ហើយ​បណ្ដាំ​ទាំង​នោះ​ចេញ​ទៅ​ឯ​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដោយ​ធ្វើ​សញ្ញា​សម្គាល់ ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​សម្រាប់​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។

១៥ «មើល! ខ្ញុំ​នឹង​មក​ដូច​ចោរ។ អ្នក​ណា​ដែល​មិន​ដេក​លក់​ហើយ​ដែល​មិន​បាត់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល ហើយ​នឹង​មិន​ដើរ​ដោយ​គ្មាន​សម្លៀក​បំពាក់* ឲ្យ​មនុស្ស​ឃើញ​ការ​អាម៉ាស់​មុខ​របស់​ខ្លួន»។

១៦ ហើយ​ពួក​គេ​បាន​ប្រមូល​ស្តេច​ទាំង​នោះ​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​ហាម៉ាគេដូន។

១៧ ទេវតា​ទី​ប្រាំពីរ​បាន​ចាក់​អ្វី​ដែល​នៅ​ក្នុង​ចាន​គោម​របស់​គាត់​ទៅ​លើ​អាកាស។ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បន្ទប់​បរិសុទ្ធ ពី​បល្ល័ង្ក​ថា៖ «អ្វីៗ​បាន​ចប់​សព្វ​គ្រប់​ហើយ!»។ ១៨ បន្ទាប់​មក មាន​ផ្លេកបន្ទោរ សំឡេង​និយាយ ផ្គរ​លាន់ ហើយ​មាន​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង។ ចាប់​តាំង​ពី​កើត​មាន​មនុស្សនៅ​លើ​ផែនដី មិន​ដែល​មាន​ការ​រញ្ជួយ​ដ៏​ធំ​និង​ខ្លាំង​ដូច្នេះ​ទេ។ ១៩ ហើយ​ក្រុង​ដ៏​ខ្លាំងក្លា​បាន​បែក​ជា​បី ឯ​ក្រុង​របស់​ប្រជាជាតិ​នានា​បាន​រលំ ហើយ​ព្រះ​បាន​នឹក​ឃើញ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ព្រម​ទាំង​ឲ្យ​ពែង​ដែល​មាន​ស្រា​ទំពាំង​បាយ​ជូរ​នៃ​សេចក្ដី​ក្រោធ​របស់​លោក​ដល់​ក្រុង​នោះ។ ២០ ម្យ៉ាង​ទៀត កោះ​ទាំង​អស់​បាន​បាត់​ទៅ ហើយ​លែង​មាន​ភ្នំ​ទៀត។ ២១ ដុំ​ព្រិល​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​ទាំង​នោះ ដោយ​ដុំ​ព្រិល​នីមួយៗ​មាន​ទម្ងន់​ប្រហែល​មួយ​ថាលិន* ហើយ​មនុស្ស​ទាំង​នោះ​បាន​និយាយ​ប្រមាថ​ព្រះ​ដោយ​សារ​សេចក្ដី​វេទនា​ពី​ការ​ធ្លាក់​ដុំ​ព្រិល ពីព្រោះ​សេចក្ដី​វេទនា​នោះ​គឺ​ខ្លាំង​ក្រៃ​លែង។

១៧ ទេវតា​មួយ​ពី​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ចាន​គោម​ប្រាំពីរ​បាន​មក​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​មេ​ស្ត្រី​ពេស្យា​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន ២ ដែល​បាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​ស្តេច​នានា​នៅ​លើ​ផែនដី រីឯ​ពួក​អ្នក​ដែល​រស់​នៅ​ផែនដី​បាន​ស្រវឹង​ដោយ​សារ​ស្រា​នៃ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង»។

៣ រួច​គាត់​នាំ​ខ្ញុំ​ទៅ​ដោយ​សកម្មពល* របស់​ព្រះ ចូល​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ហើយ​ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ ក៏​ពេញ​ទៅ​ដោយ​ឈ្មោះ​ដែល​ប្រមាថ​ព្រះ ព្រម​ទាំង​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់។ ៤ ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ​និង​ពណ៌​ក្រហម​ឆ្អៅ ហើយ​ក៏​ពាក់​មាស គជ់​ខ្យង និង​ត្បូង​ថ្លៃ​វិសេស។ នៅ​ក្នុង​ដៃ​នាង​មាន​ពែង​មាស​មួយ​ដែល​ពេញ​ទៅ​ដោយ​របស់​គួរ​ឲ្យ​ស្អប់ខ្ពើម​និង​របស់​ស្មោកគ្រោក​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែល​នាង​ប្រព្រឹត្ត។ ៥ ឈ្មោះ​មួយ​បាន​ត្រូវ​សរសេរ​នៅ​លើ​ថ្ងាស​របស់​នាង ជា​ឈ្មោះ​អាថ៌​កំបាំង៖ «បាប៊ីឡូន​ដ៏​ខ្លាំងក្លា ដែល​ជា​ម្ដាយ​នៃ​ស្រី​ពេស្យា​ទាំង​ឡាយ និង​នៃ​អ្វីៗ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​នៅ​ផែនដី»។ ៦ ហើយ​ខ្ញុំ​ឃើញ​ថា​នាង​ស្រវឹង​ឈាម​របស់​ពួក​អ្នក​បរិសុទ្ធ​និង​ឈាម​របស់​ពួក​សាក្សី​របស់​លោក​យេស៊ូ។

ពេល​ដែល​ខ្ញុំ​ឃើញ​នាង ខ្ញុំ​ងឿង​ឆ្ងល់​ខ្លាំង​ណាស់។ ៧ ដូច្នេះ ទេវតា​នោះ​និយាយ​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​អ្នក​ឆ្ងល់? ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌​កំបាំង​ទាក់​ទង​នឹង​ស្ត្រី​នោះ និង​សត្វ​សាហាវ​ដែល​មាន​ក្បាល​ប្រាំពីរ​និង​ស្នែង​ដប់​ដែល​នាង​អង្គុយ​លើ៖ ៨ សត្វ​សាហាវ​ដែល​អ្នក​ឃើញ ធ្លាប់​មាន​ពី​មុន តែ​ក្រោយ​មក​មិន​មាន រួច​ហៀបនឹង​ឡើង​មក​ពី​ទី​ជ្រៅ​បំផុត ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ពេល​ដែល​មនុស្ស​ឃើញ​ថា​សត្វ​សាហាវ​ធ្លាប់​មាន​ពី​មុន តែ​មិន​មាន រួច​នឹង​មាន​ទៀត នោះ​ពួក​អ្នក​ដែល​រស់​នៅ​ផែនដី​នឹង​ស្ងើចសរសើរ ប៉ុន្តែ​ឈ្មោះ​របស់​ពួក​គេ​មិន​បាន​ត្រូវ​សរសេរ​ក្នុង​បញ្ជី​ជីវិត​តាំង​ពីកំណើត​ពិភព​លោក​ទេ។

៩ «នេះ​តម្រូវ​ឲ្យ​មាន​ប្រាជ្ញា​ជា​មួយ​នឹង​សមត្ថភាព​រិះ​គិត៖ ក្បាល​ប្រាំពីរ​នោះ​តំណាង​ភ្នំ​ប្រាំពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ។ ១០ ហើយ​នោះ​តំណាង​ស្តេច​ប្រាំពីរ៖ ស្តេច​ប្រាំ​បាន​រលំ​ហើយ ស្តេច​មួយ​នៅ​មាន ស្តេច​មួយ​ទៀត​មិន​ទាន់​មក​ដល់ តែ​កាល​មក​ដល់​ហើយ ស្តេច​នោះ​ត្រូវ​នៅ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ១១ ឯ​សត្វ​សាហាវ​ដែល​ធ្លាប់​មាន​ពី​មុន តែ​ក្រោយ​មក​មិន​មាន គឺជា​ស្តេច​ទី​ប្រាំបី តែ​កើត​ចេញ​ពី​ស្តេច​ទាំង​ប្រាំពីរ រួច​មក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។

១២ «ហើយ​ស្នែង​ទាំង​ដប់​ដែល​អ្នក​ឃើញ នោះ​តំណាង​ស្តេច​ដប់​ដែល​មិន​ទាន់​ទទួល​រាជាណាចក្រ​មួយ​នៅ​ឡើយ ប៉ុន្តែ​ស្តេច​ទាំង​នោះ​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​មួយ​ម៉ោង​ជា​មួយ​នឹង​សត្វ​សាហាវ។ ១៣ ស្តេច​ទាំង​នោះ​មាន​គំនិត​តែ​មួយ ហើយ​ពួក​គេ​ផ្ដល់​ឫទ្ធានុភាព​និង​អំណាច​របស់​ពួក​គេ​ដល់​សត្វ​សាហាវ​នោះ។ ១៤ អ្នក​ទាំង​នោះ​នឹង​ច្បាំង​នឹង​កូន​ចៀម តែ​ដោយ​សារ​លោក​ជា​ម្ចាស់​លើ​ម្ចាស់​ទាំង​អស់ និង​ស្តេច​លើ​ស្តេច​ទាំង​អស់ នោះ​កូន​ចៀម​នឹង​ឈ្នះ​ពួក​គេ។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ដែល​បាន​ត្រូវ​ហៅ និង​ជ្រើស​រើស ហើយ​ស្មោះ​ត្រង់​ក៏​នឹង​ឈ្នះ​ដែរ»។

១៥ ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​ដែល​អ្នក​ឃើញ​ស្ត្រី​ពេស្យា​នោះ​កំពុង​អង្គុយ​លើ តំណាង​ជាតិ​សាសន៍​ផ្សេងៗ មហាជន​នានា ប្រជាជាតិ​ផ្សេងៗ និង​ភាសា​ផ្សេងៗ។ ១៦ ស្នែង​ទាំង​ដប់​ដែល​អ្នក​ឃើញ និង​សត្វ​សាហាវ​នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង​ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង។ ១៧ ព្រោះ​ព្រះ​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក ពោល​គឺ ធ្វើ​តាម​គំនិត​តែ​មួយ​របស់​ពួក​គេ ដោយ​ប្រគល់​រាជាណាចក្រ​របស់​ពួក​គេ​ដល់​សត្វ​សាហាវ រហូត​ដល់​ប្រសាសន៍​របស់​ព្រះ​បាន​ត្រូវ​សម្រេច​ហើយ។ ១៨ ឯ​ស្ត្រី​ដែល​អ្នក​ឃើញ តំណាង​ក្រុង​ដ៏​ខ្លាំងក្លា ដែល​គ្រប់​គ្រង​លើ​ស្តេច​នានា​នៅ​លើ​ផែនដី»។

១៨ បន្ទាប់​ពី​ការ​ទាំង​នោះ ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​លើ​ស្ថានសួគ៌* ​ដោយ​មាន​អំណាច​ខ្លាំងក្លា ហើយ​សិរី​រុងរឿង​របស់​ទេវតា​នោះ​បាន​បំភ្លឺ​ផែនដី។ ២ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «នាង​បាន​រលំ​ហើយ! បាប៊ីឡូន​ដ៏​ខ្លាំងក្លា​បាន​រលំ ហើយ​ក្លាយ​ទៅ​ជា​លំនៅ​របស់​ពួក​វិញ្ញាណ​កំណាច* និង​ជា​កន្លែង​ដែល​ពេញ​ទៅ​ដោយ​ខ្យល់​ពុល ហើយ​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​អស់​ដែល​ស្មោកគ្រោកនិង​គួរ​ឲ្យ​ស្អប់ខ្ពើម! ៣ ព្រោះ​ប្រជាជាតិ​ទាំង​អស់​បាន​រង​គ្រោះ​ដោយ​សារ​ស្រា​នៃ​កំហឹង​នៃ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* របស់​នាង ហើយ​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី​បាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​នាង ឯ​ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​នៅ​ផែនដី​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន ដោយ​សារភាព​សម្បូរ​សប្បាយ​ហួស​ហេតុ​របស់​នាង»។

៤ រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​បន្លឺ​ពី​លើ​មេឃ​ថា៖ «រាស្ត្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ចង់​មាន​ចំណែក​ក្នុង​អំពើ​ខុស​ឆ្គង​របស់​នាង ហើយ​ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ចង់​ទទួល​ចំណែក​ពី​សេចក្ដី​វេទនា​របស់​នាង។ ៥ ព្រោះ​អំពើ​ខុស​ឆ្គង​របស់​ក្រុង​នោះ​បាន​គរ​ឡើង​រហូត​ដល់​ស្ថាន​សួគ៌ ហើយ​ព្រះ​បាន​នឹក​ឃើញ​ការ​ដែល​នាង​បាន​ធ្វើ​ដោយ​អយុត្ដិធម៌។ ៦ ចូរ​សង​ដល់​នាង​តាម​តែ​ក្រុង​នោះ​បាន​ធ្វើ​ដល់​គេ​ហើយ​ចូរ​សង​ដល់​នាង​មួយ​ជា​ពីរ គឺ​មួយ​ជា​ពីរ​នៃ​អ្វី​ដែល​នាង​បាន​ធ្វើ។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​មួយ​ជា​ពីរ​ឲ្យ​នាង​វិញ។ ៧ នាង​លើក​តម្កើង​ខ្លួន​និង​រស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ​ហួស​ហេតុ​ដល់​កម្រិត​ណា ចូរ​ធ្វើ​ទារុណកម្ម​ដល់​នាង​និង​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដល់​កម្រិត​នោះ​ដែរ។ ពីព្រោះ​នាង​និយាយ​ក្នុង​ចិត្ត​ថា៖ ‹ខ្ញុំ​គ្រប់​គ្រង​ជា​មហាក្សត្រី ហើយ​ខ្ញុំ​មិន​មែន​ជា​ស្ត្រី​មេម៉ាយ​ទេ ខ្ញុំ​នឹង​មិន​មាន​ទុក្ខ​ព្រួយ​ឡើយ›។ ៨ ហេតុ​នោះ​ហើយ​បាន​ជា​សេចក្ដី​វេទនា​របស់​នាង​នឹង​មក​ក្នុង​មួយ​ថ្ងៃ គឺ​សេចក្ដី​ស្លាប់ ទុក្ខ​ព្រួយ និង​ការ​អត់​ឃ្លាន ហើយ​នាង​នឹង​ត្រូវ​ដុត​ចោល​ដោយ​ភ្លើង ពីព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វិនិច្ឆ័យ​ទោស​នាង លោក​ខ្លាំងក្លា។

៩ «ឯ​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី ដែល​បាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​នាង ហើយ​បាន​រស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ​ហួស​ហេតុ នឹង​យំ​គក់​ទ្រូង​ដោយ​កើត​ទុក្ខ​អំពី​នាង ពេល​ដែល​ពួក​គេ​មើល​ផ្សែង​ដែល​កំពុង​ហុយ​ឡើង​ពី​ការ​ដុត​នាង ១០ កាល​ដែល​ពួក​គេ​ឈរ​នៅ​ឆ្ងាយ ដោយ​សារ​ខ្លាច​ទារុណកម្ម​របស់​នាង​ហើយ​និយាយ​ថា៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់​ក្រុង​ដ៏​ខ្លាំងក្លា បាប៊ីឡូន​ដែល​ជា​ក្រុង​មាំ​មួន ពីព្រោះ​ការ​វិនិច្ឆ័យ​ទោស​របស់​អ្នក​បាន​មក​ដល់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!›។

១១ «ម្យ៉ាង​ទៀត ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​នៅ​ផែនដី​ក៏​យំ ហើយ​កើត​ទុក្ខ​ដោយ​សារ​នាង ពីព្រោះ​លែង​មាន​អ្នក​ណា​ទិញ​ទំនិញ​ដែល​ពួក​គេ​បាន​ប្រមូល​ទុក​យ៉ាង​ច្រើន ១២ បាន​ប្រមូល​មាស ប្រាក់ ត្បូង​វិសេស គជ់​ខ្យង ក្រណាត់​សាច់​ល្អ ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម​ឆ្អៅ របស់​ទាំង​អស់​ដែល​ធ្វើ​ពី​ឈើ​ក្រអូប និង​របស់​គ្រប់​យ៉ាង​ដែល​ធ្វើ​ពី​ភ្លុក និង​របស់​សព្វ​បែប​យ៉ាង​ដែល​ធ្វើ​ពី​ឈើ​វិសេស ពី​ស្ពាន់ ពី​ដែក និង​ពី​ថ្ម​កែវ ១៣ ហើយ​ឈើ​អែម គ្រឿង​ទេស​ពី​ឥណ្ឌា ធូប ប្រេង​ក្រអូប ធូប​ស ស្រា​ទំពាំង​បាយ​ជូរ ប្រេង​អូលីវ ម្សៅ​ហ្មត់ ស្រូវ​សាលី ហ្វូង​គោ ហ្វូង​ចៀម សេះ រទេះ ពួក​ខ្ញុំ​បម្រើ និង​ជីវិត* មនុស្ស។ ១៤ ផ្លែ​ឈើ​ល្អៗ​ដែល​អ្នក​ចង់​បាន បាន​បាត់​ពី​អ្នក​ទៅ ហើយ​របស់​ប្រណីត និង​របស់​ស្អាតៗ​របស់​អ្នក​បាន​សាប​សូន្យ​អស់​ទៅ ហើយ​មនុស្ស​នឹង​រក​មិន​ឃើញ​អ្វីៗ​ទាំង​នោះ​ទេ។

១៥ «ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ជួញ​ដូរ​របស់​ទាំង​នោះ និង​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​សារ​នាង នឹង​ឈរ​នៅ​ឆ្ងាយ ដោយ​សារ​ខ្លាច​ទារុណកម្ម​របស់​នាង ហើយ​ពួក​គេ​នឹង​យំ ហើយ​កើត​ទុក្ខ ១៦ និង​និយាយ​ថា៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់​ក្រុង​ដ៏​ខ្លាំងក្លា ដែល​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ ក្រណាត់​ពណ៌​ស្វាយ និង​ក្រណាត់​ពណ៌​ក្រហម​ឆ្អៅ និង​ដែល​ពាក់​អលង្ការ​មាស ត្បូង​វិសេស និង​គជ់​ខ្យង​ជា​ច្រើន ១៧ ពីព្រោះ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង ទ្រព្យ​សម្បូរ​ហូរ​ហៀរ​ទាំង​នោះ​បាន​ត្រូវ​បំផ្លាញ​អស់​ទៅ!›។

«ឯ​មេ​សំពៅ​ទាំង​អស់ និង​មនុស្ស​ទាំង​ឡាយ​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ និង​ពួក​អ្នក​ដើរ​សំពៅ ហើយ​អស់​អ្នក​ដែល​ចិញ្ចឹម​ជីវិត​ដោយ​សារ​សមុទ្រ​បាន​ឈរ​នៅ​ឆ្ងាយ ១៨ ហើយ​ស្រែក​ឡើង​ពេល​ដែល​ពួក​គេ​មើល​ផ្សែង​ហុយ​ឡើង​ពី​ការ​ដុត​នាង។ ពួក​គេ​និយាយ​ថា៖ ‹តើ​មាន​ក្រុង​ណា​ដែល​ដូច​ក្រុង​ដ៏​ខ្លាំងក្លា​នោះ?›។ ១៩ ពួក​គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ពួក​គេ ក៏​ស្រែក​យំ​ដោយ​កើត​ទុក្ខ ហើយ​និយាយ​ថា៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់​ក្រុង​ដ៏​ខ្លាំងក្លា ជា​កន្លែង​ដែល​អស់​អ្នក​ដែល​មាន​សំពៅ​លើ​សមុទ្រ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​សារភាព​ស្តុកស្តម្ភ​របស់​នាង ពីព្រោះ​នាង​បាន​ត្រូវ​បំផ្លាញ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!›។

២០ «ស្ថាន​សួគ៌​អើយ! រួម​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​បរិសុទ្ធ ជា​សាវ័ក* និង​ជា​អ្នក​ប្រកាស​ទំនាយ ចូរ​ត្រេក​អរ​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​នាង ពីព្រោះ​ព្រះ​បាន​វិនិច្ឆ័យ​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ដាក់​ទោស​នាង!»។

២១ រួច​មក ទេវតា​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​ត្បាល់​កិន​ធំ​មួយ​ហើយ​បោះ​ទៅ​ក្នុង​សមុទ្រ ដោយ​និយាយ​ថា៖ «ក្រុង​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​យ៉ាង​រហ័ស​ដូច្នេះ​ដែរ ហើយ​គ្មាន​អ្នក​ណា​នឹង​ប្រទះ​ឃើញ​វា​ម្ដង​ទៀត​ទេ ២២ នឹង​លែង​មាន​សំឡេង​អ្នក​ចម្រៀង​ដែល​ច្រៀង​ផង​ដេញ​ពិណ​បន្ទរ​តាម​ផង និង​សូរ​សំឡេង​អ្នក​លេង​ភ្លេង និង​អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ​ក្នុង​អ្នក​ទៀត ហើយ​នឹង​លែង​មាន​ជាង​ជំនាញ​គ្រប់​មុខ​ក្នុង​អ្នក​ទៀត ហើយ​សូរ​ត្បាល់​កិន​ក៏​លែង​មាន​ក្នុង​អ្នក​ទៀត​ដែរ ២៣ នឹង​លែង​មាន​ចង្កៀង​ភ្លឺ​ក្នុង​អ្នក​ទៀត ហើយ​នឹង​លែង​មាន​សំឡេង​កូន​កំលោះ កូនក្រមុំ​ក្នុង​អ្នក​ទៀត​ដែរ ពីព្រោះ​ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​របស់​អ្នក គឺជា​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​នៅ​ផែនដី ហើយ​ពីព្រោះ​ប្រជាជាតិ​ទាំង​អស់​បាន​ត្រូវ​បំភាន់​ដោយ​ការ​ប្រព្រឹត្ត​របស់​អ្នក​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ២៤ នៅ​ក្នុង​នាង មាន​ឈាម​របស់​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​អ្នក​បរិសុទ្ធ និង​អស់​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ផែនដី»។

១៩ បន្ទាប់​ពី​ការ​ទាំង​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង ហាក់​ដូច​ជា​សំឡេង​ជន​មួយ​ក្រុម​ធំ​នៅ​ស្ថាន​សួគ៌។ ពួក​គេ​និយាយ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!* សេចក្ដី​សង្គ្រោះ សិរី​រុងរឿង និង​ឫទ្ធានុភាព​គឺជា​របស់​ព្រះ​នៃ​យើង ២ ពីព្រោះ​ការ​វិនិច្ឆ័យ​របស់​លោក​គឺ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​សុចរិត​យុត្ដិធម៌។ ព្រោះ​លោក​បាន​ដាក់​ទោស​មេ​ស្ត្រី​ពេស្យា​ដែល​បាន​បង្ខូច​ផែនដី​ដោយ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង ហើយ​លោក​បាន​សង​សឹក​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់លោក​ដែល​នាង​បាន​សម្លាប់»។ ៣ ភ្លាម​នោះ ពួក​គេ​និយាយ​ជា​លើក​ទី​ពីរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា! ហើយ​ផ្សែង​ពី​ការ​ដុត​នាង​នឹង​ហុយ​ឡើង​ជា​រៀង​រហូត»។

៤ ឯ​ពួក​អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​និង​ចេរូប៊ីន​ទាំង​បួន​បាន​លំឱន​កាយ​គោរព​ប្រណិប័តន៍​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក ដោយ​ពោល​ថា៖ «អាមេន! ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!»។

៥ ម្យ៉ាង​ទៀត មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​បល្ល័ង្ក​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ ដែល​កោត​ខ្លាច​លោក ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ ចូរ​សរសើរ​ព្រះ​របស់​យើង»។

៦ ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ ហាក់​ដូច​ជា​សំឡេង​ជន​មួយ​ក្រុម​ធំ និង​ដូច​សន្ធឹក​ទឹក​ហូរ និង​ដូច​សំឡេង​ផ្គរ​លាន់​ឮ​យ៉ាង​ខ្លាំង។ ពួក​គេ​និយាយ​ថា៖ «ចូរ​អ្នក​រាល់​គ្នាសរសើរ​យ៉ា ពីព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង និង​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ហើយ។ ៧ ចូរ​យើង​អរ​សប្បាយ​និង​ត្រេក​អរ​ឲ្យ​ខ្លាំង ហើយ​ចូរ​យើង​សរសើរ​តម្កើង​លោក ពីព្រោះ​វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ ឯ​ភរិយា​របស់​លោក​បាន​រៀប​ចំ​ខ្លួន។ ៨ ព្រោះ​នាង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ ពីព្រោះ​ក្រណាត់​សាច់​ល្អ​នោះ​តំណាង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​បរិសុទ្ធ»។

៩ ហើយ​ទេវតា​នោះ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ​នេះ​ថា៖ អស់​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិសា​ភោជនាហារ​នៅ​ពិធី​មង្គល​ការ​របស់​កូន​ចៀម មាន​សុភមង្គល»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​នេះ​ជា​ប្រសាសន៍​របស់​ព្រះ ជា​ប្រសាសន៍​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត»។ ១០ រួច​ខ្ញុំ​លំឱន​កាយ​នៅ​ជិត​ជើង​ទេវតា​នោះ​ដើម្បី​គោរព​ប្រណិប័តន៍​គាត់។ ប៉ុន្តែ​ទេវតា​នោះ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​ធ្វើ​ដូច្នោះ! ខ្ញុំ​គ្រាន់តែ​ជា​ខ្ញុំ​បម្រើ​ដូច​អ្នក​និង​ដូច​បង​ប្អូន​របស់​អ្នក ដែល​មាន​កិច្ចការ​ធ្វើ​ជា​សាក្សី​អំពី​លោក​យេស៊ូ។ ចូរ​គោរព​ប្រណិប័តន៍​ព្រះ ព្រោះ​ការ​ធ្វើ​ជា​សាក្សី​អំពី​លោក​យេស៊ូ ជា​គោល​បំណង​នៃ​ការ​ប្រកាស​ទំនាយ»។

១១ ហើយ​ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ឡើង ហើយ​មើល! មាន​សេះ​សម្បុរ​ស។ លោក​ដែល​អង្គុយ​លើ​សេះ​នោះ​មាន​នាម​ថា ស្មោះ​ត្រង់​និង​ពិត​ត្រង់ ហើយ​លោក​វិនិច្ឆ័យ​និង​ធ្វើសង្គ្រាម​ដោយ​សុចរិត​យុត្ដិធម៌។ ១២ ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​លើ​ក្បាល​លោក។ លោក​មាន​នាម​មួយ​ដែល​បាន​ត្រូវ​សរសេរ ដែល​គ្មាន​អ្នក​ណា​ស្គាល់​ក្រៅ​ពី​លោក​ឡើយ ១៣ សម្លៀក​បំពាក់​ក្រៅ​របស់​លោក​បាន​ត្រូវ​ប្រោះ​ដោយ​ឈាម ហើយ​នាម​របស់​លោក​គឺ​បណ្ដាំ​របស់​ព្រះ។ ១៤ ម្យ៉ាង​ទៀត បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​កំពុង​ជិះ​សេះ​សម្បុរ​ស​មក​តាម​ក្រោយ​លោក ហើយ​ពួក​គេ​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ​ស្អាត​ពណ៌​ស។ ១៥ មាន​ដាវ​មួយ​វែង​យ៉ាង​មុត​ចេញ​ពីមាត់​របស់​លោក ដើម្បី​ឲ្យ​លោក​ប្រហារ​ប្រជាជាតិ​នានា ហើយ​លោក​នឹង​ឃ្វាល​ពួក​គេ​ដោយ​ដំបង​ដែក។ លោក​ក៏​ជាន់​ទំពាំង​បាយ​ជូរ​ក្នុង​អាង​ធំ​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា គឺ​អាង​កំហឹង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។ ១៦ លោក​មាន​នាម​មួយ​ដែល​បាន​ត្រូវ​សរសេរ​លើ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​នៅ​លើ​ភ្លៅ។ នាម​នោះ​គឺ ស្តេច​លើ​ស្តេច​ទាំង​អស់ និង​ម្ចាស់​លើ​ម្ចាស់​ទាំង​អស់។

១៧ ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ឈរ​នៅ​មុខ​ថ្ងៃ ហើយ​គាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់​ដែល​ហើរ​នៅ​កណ្ដាល​មេឃ​ថា៖ «ចូរ​ប្រមូល​គ្នា​មក​ក្នុង​ការ​ជប់​លៀង​ដ៏​ធំ​របស់​ព្រះ ១៨ ដើម្បី​ស៊ី​សាច់​ពួក​ស្តេច សាច់​ពួក​មេ​បញ្ជាការ​កង​ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ដែល​ជិះ​សេះ​ទាំង​នោះ ហើយ​ស៊ី​សាច់​មនុស្ស​ទាំង​ឡាយ ទាំង​ពួក​អ្នក​មាន​សេរីភាព​ទាំង​ពួក​ខ្ញុំ​បម្រើ ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ»។

១៩ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​និង​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី​ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ មូល​គ្នា​ដើម្បី​ច្បាំង​នឹង​លោក​ដែល​កំពុង​ជិះ​លើ​សេះ ហើយ​ច្បាំង​នឹង​កង​ទ័ព​របស់​លោក។ ២០ ហើយ​សត្វ​សាហាវ​បាន​ត្រូវ​ចាប់ រួម​ទាំង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ដែល​បាន​ធ្វើ​សញ្ញា​សម្គាល់​ក្រោម​ក្រសែ​ភ្នែក​សត្វ​នោះ ដើម្បី​បំភាន់​ពួក​អ្នក​ដែល​បាន​ទទួល​សញ្ញា​នៃ​សត្វ​សាហាវ និង​បំភាន់​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​រូប​សត្វ​សាហាវ​នោះ។ កាល​ដែល​នៅ​រស់​នៅ​ឡើយ ពួក​គេ​ទាំង​ពីរ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។ ២១ ប៉ុន្តែ​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត​បាន​ត្រូវ​សម្លាប់​ដោយ​ដាវ​វែង​របស់​លោក​ដែល​ជិះ​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​មាត់​លោក។ ឯ​សត្វ​ស្លាប​ទាំង​អស់​បាន​ស៊ី​សាច់​របស់​អ្នក​ទាំង​នោះ​ឆ្អែត។

២០ ខ្ញុំឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​ស្ថាន​សួគ៌* ​មក ដោយ​កាន់​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត​និង​ច្រវាក់​ដ៏​ធំ​មួយ​នៅ​ដៃ។ ២ ទេវតា​នោះ​ចាប់​នាគ ជា​ពស់​ដំបូង​បង្អស់ ដែល​ជា​មេកំណាច​និង​ជា​សាថាន* រួច​បាន​ចង​វា​ទុក​អស់​មួយ​ពាន់​ឆ្នាំ។ ៣ ទេវតា​នោះ​បោះ​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត រួច​បិទ​ជិត ហើយ​បិទ​ត្រា​លើ​ទី​ជ្រៅ​បំផុត​ដើម្បី​ឃុំ​វា មិន​ឲ្យ​បំភាន់​ប្រជាជាតិ​នានា​ទៀត រហូត​ដល់​ផុត​គ្រា​មួយ​ពាន់​ឆ្នាំ។ បន្ទាប់​ពី​នោះ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។

៤ រួច​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ផ្សេងៗ ក៏​មាន​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ហើយ​ពួក​គេ​បាន​ទទួល​អំណាច​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ។ ខ្ញុំ​ក៏​ឃើញ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​ដោយ​ពូថៅ ដោយ​សារ​ពួក​គេ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ និង​បាន​និយាយ​អំពី​ព្រះ គឺ​ពួក​អ្នក​ដែល​មិន​បាន​គោរព​ប្រណិប័តន៍​សត្វ​សាហាវ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​នោះ​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​ពួក​គេ។ ពួក​គេ​បាន​រស់​ឡើង​វិញ រួច​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​គ្រិស្ត​អស់​មួយ​ពាន់​ឆ្នាំ។ ៥ (មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​ទៀត​មិន​បាន​រស់​ឡើង​វិញ​ទេ ទាល់​តែ​បាន​ផុត​គ្រា​មួយ​ពាន់​ឆ្នាំ)។ នេះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ដំបូង។ ៦ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ដំបូង មាន​សុភមង្គល ហើយ​ក៏​បរិសុទ្ធ។ សេចក្ដី​ស្លាប់​ទី​ពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ តែ​ពួក​គេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះ​និង​របស់​គ្រិស្ត ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ។

៧ ពេល​ដែល​គ្រា​មួយ​ពាន់​ឆ្នាំ​ផុត​ភ្លាម សាថាន​នឹង​ត្រូវ​ដោះ​លែង​ពី​គុក ៨ វា​នឹង​ចេញ​ទៅ​បំភាន់​ប្រជាជាតិ​នានា​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី គឺ​កូក​និង​ម៉ាកូក ដើម្បី​ប្រមូល​ពួក​គេ​សម្រាប់​សង្គ្រាម។ ចំនួន​អ្នក​ទាំង​នោះ​គឺ​ដូច​ខ្សាច់​នៅ​សមុទ្រ។ ៩ ពួក​គេ​ឡើង​ទៅ​ពេញ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​អ្នក​បរិសុទ្ធ​និង​ក្រុង​ជា​ទី​ស្រឡាញ់។ ប៉ុន្តែ​ភ្លើង​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួក​គេ​អស់​ទៅ។ ១០ ហើយ​មេកំណាច​ដែល​បាន​បំភាន់​ពួក​គេ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ​និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​នៅ​រួច​ហើយ។ ពួក​គេ​នឹង​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​ជា​រៀង​រហូត​ត​ទៅ។

១១ រួច​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ពណ៌​ស​យ៉ាង​ធំ​មួយ​និង​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ។ ផែនដី​និង​មេឃ​បាន​ចេញ​បាត់​ពី​មុខ​លោក គ្មាន​កន្លែង​សម្រាប់​ផែនដី​និង​មេឃ​ទៀត​ឡើយ។ ១២ ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​រមូរ​ផ្សេងៗ​បាន​ត្រូវ​បើក​ឡើង។ ប៉ុន្តែ​បញ្ជី​មួយ​ទៀត​បាន​ត្រូវ​បើក​ឡើង គឺជា​បញ្ជី​ជីវិត។ ឯ​មនុស្ស​ស្លាប់​បាន​ត្រូវ​វិនិច្ឆ័យ​យោង​ទៅ​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ទាំង​នោះ ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ១៣ សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ ហើយ​សេចក្ដី​ស្លាប់​និង​ផ្នូរ* បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ​ដែរ ហើយ​ពួក​គេ​បាន​ត្រូវ​វិនិច្ឆ័យ​រៀងៗ​ខ្លួន ស្រប​តាមការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ១៤ ឯ​សេចក្ដី​ស្លាប់​និង​ផ្នូរ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​គឺជា​តំណាង​សេចក្ដី​ស្លាប់​ទី​ពីរ។ ១៥ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។

២១ ខ្ញុំឃើញ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ព្រោះ​មេឃ​និង​ផែនដី​ដែល​មាន​ពី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ឯ​សមុទ្រ​ក៏​លែង​មាន​ទៀត។ ២ ខ្ញុំ​ក៏​ឃើញ​ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​ក្រុង​នោះ​បាន​ត្រូវ​រៀប​ចំ​ដូច​កូនក្រមុំ​ដែល​បាន​តុបតែង​ខ្លួន​ដើម្បី​ស្វាមី​របស់​នាង។ ៣ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល! ត្រ​សាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្ស​ជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ហើយ​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ ៤ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។

៥ លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​មាន​ប្រសាសន៍​ថា៖ «មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​ទាំង​អស់​ថ្មី»។ ម្យ៉ាង​ទៀត លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​សរសេរ ពីព្រោះ​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់»។ ៦ លោក​ក៏​មាន​ប្រសាសន៍​មក​ខ្ញុំថា៖ «ការ​ទាំង​នោះ​បាន​សម្រេច​ហើយ! ខ្ញុំ​ជា​អាល​ផា​និង​អូមេហ្គា* ជា​ដើម​និង​ជា​ចុង។ ខ្ញុំ​នឹង​ឲ្យ​ទឹក​ពី​រន្ធ​នៃ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក​ណា​ដែល​ស្រេក ដោយ​ឥត​គិត​ថ្លៃ។ ៧ អ្នក​ណា​ដែល​ឈ្នះ​នឹង​ទទួល​អ្វីៗ​ទាំង​នោះ​ជា​មត៌ក ហើយ​ខ្ញុំ​នឹងធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ ឯ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​ខ្ញុំ។ ៨ ប៉ុន្តែ​ពួក​អ្នក​ដែល​កំសាក ពួក​អ្នក​ដែល​គ្មាន​ជំនឿ ពួក​អ្នក​ដែល​កខ្វក់​និង​គួរ​ឲ្យ​ស្អប់ខ្ពើម ពួក​ឃាតករ ពួក​អ្នក​ដែល​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ពួក​អ្នក​ដែល​ទាក់​ទង​នឹង​វិញ្ញាណ​អាក្រក់ ពួក​អ្នក​ដែល​គោរព​បូជា​រូប​ព្រះ និង​អស់​អ្នក​ដែល​ភូតភរ ពួក​គេ​នឹង​ទទួល​ចំណែក​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។ នេះ​តំណាង​សេចក្ដី​ស្លាប់​ទី​ពីរ»។

៩ ក្រោយ​មក ទេវតា​មួយ​ពី​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ចាន​គោម​ពេញទៅ​ដោយ​សេចក្ដី​វេទនា​ទាំង​ប្រាំពីរ​ចុង​ក្រោយ បាន​មក​ហើយ​និយាយ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូនក្រមុំ​ដែល​ជា​ភរិយា​របស់​កូន​ចៀម»។ ១០ ដូច្នេះ គាត់​យក​ខ្ញុំ​ដោយ​សកម្មពល* របស់​ព្រះ​ទៅ​ឯ​ភ្នំ​ដ៏​ធំ​និង​ខ្ពស់​ត្រដែត​មួយ រួច​គាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​យេរូសាឡិម ជា​ក្រុង​បរិសុទ្ធ កំពុង​ចុះ​ពី​ព្រះ​នៅ​ស្ថាន​សួគ៌ ១១ ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ។ រស្មី​របស់​ក្រុង​នោះ​គឺ​ដូច​ត្បូង​ល្អ​វិសេស ដូច​ត្បូង​យ៉ាស្បា​ដែល​ភ្លឺ​ថ្លា​ដូច​កែវ​ចរណៃ។ ១២ ក្រុង​នោះ​មាន​កំពែង​ដ៏​ធំ​និង​ខ្ពស់​ណាស់ ព្រម​ទាំង​មាន​ទ្វារ​កំពែង​ដប់​ពីរ ហើយ​នៅ​ទ្វារ​កំពែង​ទាំង​នោះមាន​ទេវតា​ដប់​ពីរ។ ម្យ៉ាង​ទៀត ឈ្មោះ​របស់​កុលសម្ព័ន្ធ​នៃ​កូន​អ៊ីស្រាអែល​ទាំង​ដប់​ពីរ​បាន​ត្រូវ​សរសេរ​លើ​ទ្វារ​ទាំង​នោះ។ ១៣ នៅ​ខាង​កើត​មាន​ទ្វារ​បី នៅ​ខាង​ជើង​មាន​ទ្វារ​បី នៅ​ខាង​ត្បូង​មាន​ទ្វារ​បី ហើយ​នៅ​ខាង​លិច​មាន​ទ្វារ​បី។ ១៤ កំពែង​ក្រុង​នោះ​ក៏​មាន​ថ្ម​គ្រឹះ​ដប់​ពីរ ហើយ​លើ​ថ្ម​ទាំង​នោះ​មាន​ឈ្មោះ​របស់​សាវ័ក​ទាំង​ដប់​ពីរ​របស់​កូនចៀម។

១៥ ឯ​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ​កាន់​ដើម​ត្រែង​មាស​មួយ​នៅ​ដៃ ដើម្បី​ប្រើ​ជា​ប្រដាប់​វាស់​ក្រុង​នោះ ព្រម​ទាំង​ទ្វារ​និង​កំពែង​របស់​ក្រុង​នោះ​ផង។ ១៦ ក្រុង​នោះ​មាន​រាង​បួនជ្រុងស្មើ ឯ​បណ្ដោយ​និង​ទទឹង​នៃ​ក្រុង​នោះ​គឺ​ស្មើ​គ្នា។ រួច​គាត់​យក​ដើម​ត្រែង​នោះ ហើយ​វាស់​ក្រុង​នោះ​ឃើញ​មាន​មួយ​ម៉ឺន​ពីរ​ពាន់​ស្ដាដ។* បណ្ដោយ ទទឹង និង​កម្ពស់​នៃ​ក្រុង​នោះ​គឺ​ស្មើ​គ្នា។ ១៧ គាត់​ក៏​វាស់​កំពែង​ក្រុង​នោះ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ* តាម​រង្វាស់​របស់​មនុស្ស​ដែល​ជា​រង្វាស់​របស់​ទេវតា​ដែរ។ ១៨ កំពែង​ក្រុង​នោះ​ធ្វើ​ពី​ត្បូង​យ៉ាស្បា ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កញ្ចក់។ ១៩ គ្រឹះ​នានា​នៃ​កំពែង​ស្អាត​របស់​ក្រុង​នោះ​បាន​ត្រូវ​ធ្វើ​ពី​ត្បូង​វិសេស​គ្រប់​ប្រភេទ៖ គ្រឹះ​ទី​មួយ​បាន​ត្រូវ​ធ្វើ​ពី​ត្បូង​យ៉ាស្បា ទី​ពីរ​ត្បូង​កណ្ដៀង ទី​បី​ត្បូង​ខាលសេដូនី ទី​បួន​ត្បូង​មរកត ២០ ទី​ប្រាំ​ត្បូង​សាដូនិច ទី​ប្រាំមួយ​ត្បូង​សាដៀស ទី​ប្រាំពីរ​ត្បូង​គ្រីសូឡែត ទី​ប្រាំបី​ត្បូង​បេរីល ទី​ប្រាំបួន​ត្បូង​ថូផាស ទី​ដប់​ត្បូង​គ្រីសូប្រេស ទី​ដប់​មួយ​ត្បូង​ហៃយ៉ាស៊ីន ទី​ដប់​ពីរ​ត្បូង​អេម៉ាទេស។ ២១ ម្យ៉ាង​ទៀត ទ្វារ​ទាំង​ដប់​ពីរ គឺជា​គជ់​ខ្យង​ដប់​ពីរ ដោយ​ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​ខ្យង​មួយ។ ហើយ​ផ្លូវ​ធំ​ក្នុង​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ ហើយ​ក៏​ថ្លា​ដូច​កញ្ចក់។

២២ ខ្ញុំ​មិន​ឃើញ​វិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត លោក​និង​កូន​ចៀម​ជា​វិហារ​នៃ​ក្រុង​នោះ។ ២៣ មិន​ត្រូវ​ការ​ថ្ងៃ​ឬ​ខែ​បំភ្លឺ​ក្រុង​នោះ​ទេ ពីព្រោះ​សិរី​រុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ក្រុង​នោះ ហើយ​កូន​ចៀម​ជា​ចង្កៀង​នៃ​ក្រុង​នោះ។ ២៤ ប្រជាជាតិ​នានា​នឹង​ដើរ​ដោយ​សារ​ពន្លឺ​នៃ​ក្រុង​នោះ ហើយ​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី​នឹង​នាំ​សិរី​រុងរឿង​របស់​ពួក​គេ​ចូល​ក្នុង​ក្រុង​នោះ។ ២៥ ទ្វារ​ក្រុង​នោះ​នឹង​មិន​ត្រូវ​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ក្រុង​នោះ​នឹង​គ្មាន​យប់​ទេ។ ២៦ សិរី​រុងរឿង​និង​កិត្ដិយស​នៃ​ប្រជាជាតិ​នានា​នឹង​ត្រូវ​នាំ​ចូល​ក្រុង​នោះ។ ២៧ ប៉ុន្តែ​អ្វី​ដែល​មិន​ពិសិដ្ឋ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​ភូតភរ​នឹង​មិន​ចូល​ក្នុង​ក្រុង​នោះ​ទេ មាន​តែ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​នឹង​ចូល។

២២ ហើយ​គាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត ថ្លា​ដូច​កែវ​ចរណៃ កំពុង​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ​និង​របស់​កូន​ចៀម ២ ហូរ​កាត់​កណ្ដាល​ផ្លូវ​ធំ​នៃ​ក្រុង​នោះ។ ហើយ​នៅ​ខាង​នាយ​និង​ខាង​អាយ​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ដែល​ផ្លែ​ដប់​ពីរ​ដង​រាល់​ឆ្នាំ ដោយ​ផ្លែ​មួយ​ដង​រៀង​រាល់​ខែ។ ឯ​ស្លឹក​ឈើ​ទាំង​នោះ​គឺ​សម្រាប់​ធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​អស់​ជា​សះ​ស្បើយ។

៣ ហើយ​នឹង​លែង​មាន​បណ្ដាសា​ត​ទៅ​ទៀត។ ប៉ុន្តែ​បល្ល័ង្ក​របស់​ព្រះ​និង​របស់​កូន​ចៀម​នឹង​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​ខ្ញុំ​បម្រើ​របស់​ព្រះ​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក ៤ ពួក​គេ​នឹង​ឃើញ​មុខ​របស់​លោក ហើយ​នាម​លោក​នឹង​នៅ​លើ​ថ្ងាស​របស់​ពួក​គេ។ ៥ ម្យ៉ាង​ទៀត យប់​ក៏​នឹង​លែង​មាន​ដែរ ហើយ​ពួក​គេ​មិន​ត្រូវ​ការ​ភ្លើង​ចង្កៀង ក៏​មិន​មាន​ពន្លឺ​ថ្ងៃ ពីព្រោះ​ព្រះ​យេហូវ៉ា​និង​បញ្ចាំង​ពន្លឺ​ទៅ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​រៀង​រហូត​ត​ទៅ។

៦ រួច​ទេវតា​នោះ​និយាយ​មក​កាន់​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់។ ពិត​មែន ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ បាន​ចាត់​ទេវតា​របស់​លោក​ឲ្យ​ទៅ​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ៧ ហើយ​មើល! ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់។ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​ទំនាយ​ដែល​មាន​នៅ​ក្នុង​រមូរ​នេះ អ្នក​នោះ​មាន​សុភមង្គល»។

៨ ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ​និង​ឃើញ​ការ​ទាំង​នោះ។ លុះ​ឃើញ​និង​ឮ​ហើយ ខ្ញុំ​បាន​លំឱន​កាយ​ដើម្បី​គោរព​ប្រណិប័តន៍​នៅ​ជិត​ជើង​របស់​ទេវតា​ដែល​បាន​បង្ហាញ​ការ​ទាំង​នោះ​ដល់​ខ្ញុំ។ ៩ ប៉ុន្តែ​ទេវតា​នោះ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​ធ្វើ​ដូច្នោះ! ខ្ញុំ​គ្រាន់តែ​ជា​ខ្ញុំ​បម្រើ​ដូច​អ្នក​និង​ដូច​បង​ប្អូន​របស់​អ្នក ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​រមូរ​នេះ។ ចូរ​គោរព​ប្រណិប័តន៍​ព្រះ»។

១០ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «កុំ​បិទ​ត្រា​លើ​សេចក្ដី​ក្នុង​ទំនាយ​ដែល​មាន​នៅ​ក្នុង​រមូរ​នេះ​ឡើយ ពីព្រោះ​ពេល​កំណត់​គឺ​ជិត​ដល់​ហើយ។ ១១ ចូរ​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ត​ទៅ​ទៀត ឯ​អ្នក​ដែល​កខ្វក់ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​ខ្លួន​កខ្វក់​ត​ទៅ​ទៀត តែ​ចូរ​ឲ្យ​អ្នក​ដែល​សុចរិត ប្រព្រឹត្ត​អំពើ​សុចរិត​ត​ទៅ​ទៀត ហើយ​ចូរ​ឲ្យ​អ្នក​ដែល​បរិសុទ្ធ ធ្វើ​ឲ្យ​ខ្លួន​បរិសុទ្ធ​ត​ទៅ​ទៀត។

១២ «‹មើល! ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់ ហើយ​រង្វាន់​ដែល​ខ្ញុំ​ឲ្យ​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ដើម្បី​ចែក​ឲ្យ​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀងៗ​ខ្លួន។ ១៣ ខ្ញុំ​ជា​អាល​ផា​និង​អូមេហ្គា* ជា​អ្នក​ដំបូង​បង្អស់ និង​ជា​អ្នក​ក្រោយ​បង្អស់ ជា​ដើម​និង​ជា​ចុង។ ១៤ អ្នក​ណា​ដែល​បោក​អាវ​វែង​របស់​ពួក​គេ អ្នក​នោះ​មាន​សុភមង្គល ព្រោះ​អ្នក​នោះ​នឹង​មាន​សិទ្ធិ​ទៅ​ឯ​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ហើយ​អាច​ចូល​ក្រុង​នោះ​តាម​ទ្វារ​កំពែង។ ១៥ នៅ​ខាង​ក្រៅ​មាន​ពួក​ឆ្កែ ពួក​អ្នក​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ពួក​អ្នកដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ពួក​ឃាតករ ពួក​អ្នក​ដែល​គោរព​បូជា​រូប​ព្រះ និង​អស់​អ្នក​ដែល​ភូតភរ ហើយ​ចូល​ចិត្ត​ការ​ភូតភរ›។

១៦ «‹ខ្ញុំ យេស៊ូ បាន​ចាត់​ទេវតា​របស់​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ។ ខ្ញុំ​ជា​ឫស​និង​ជា​ពូជ​ពង្ស​របស់​ដាវីឌ ក៏​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចាច›»។

១៧ សកម្មពល​និង​កូនក្រមុំ​និយាយ​ឥត​ឈប់​ថា៖ «មក​ចុះ!» ហើយ​អ្នក​ណា​ដែល​បាន​ឮ ចូរ​និយាយ​ថា៖ «មក​ចុះ!» ហើយ​ចូរ​ឲ្យ​អ្នក​ណា​ដែល​ស្រេក មក​ចុះ ចូរ​ឲ្យ​អ្នក​ណា​ដែល​ចង់​បាន​ទឹក​ដែល​ផ្ដល់​ជីវិត មក​យក​ដោយ​ឥត​គិត​ថ្លៃ។

១៨ «ចំពោះ​អស់​អ្នក​ដែល​ឮ​សេចក្ដី​ក្នុង​ទំនាយ​ដែល​នៅ​ក្នុង​រមូរ​នេះ  ខ្ញុំ​បញ្ជាក់​ប្រាប់​ថា៖ ប្រសិនបើ​អ្នក​ណា​បន្ថែម​អ្វី​ទៅ​លើ​ពាក្យ​ទាំង​នេះ ព្រះ​នឹង​បន្ថែម​សេចក្ដី​វេទនា​ដែល​មាន​នៅ​ក្នុង​រមូរ​នេះ​ទៅ​លើ​អ្នក​នោះ ១៩ ហើយ​ប្រសិនបើ​អ្នក​ណា​ដក​ពាក្យ​ណា​ចេញ​ពី​ទំនាយ​ក្នុង​រមូរ​នេះ ព្រះ​នឹង​ដក​ចំណែក​របស់​អ្នក​នោះ​ចេញ​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នេះ ពោល​គឺ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ហើយ​នឹង​មិន​ឲ្យ​អ្នក​នោះ​ចូល​ក្នុង​ក្រុង​បរិសុទ្ធ​ឡើយ។

២០ «លោក​ដែល​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​ទាំង​នេះ​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់›»។

«អាមេន! លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក»។

២១ សូម​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​សកម្ម ២:៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី៦ខ

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

អាល​ផា​និង​អូមេហ្គា​ជា​តួ​អក្សរ​ទី​មួយ​និង​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច

ភាសា​ក្រិច​«ហាដេស»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៧

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសាក្រិច«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ«សត្រូវ»

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

ភាសា​ក្រិច​«ផូនៀ»។ សំដៅ​ទៅ​ការ​ប្រព្រឹត្ត​គ្រប់​បែប​យ៉ាង​ខាង​ផ្លូវ​ភេទ ដែល​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​ព្រះ។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៣

ន័យ​ត្រង់​«បេះដូង​និង​តម្រង​នោម»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«សាលា​ប្រជុំ»

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

អ្នក​ខ្លះ​អះអាង​ថា​យ៉ាស្បា​សំដៅ​ទៅ​ត្បូង​ពេជ្រ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

ភាសា​ក្រិច​«គ្រីធី»។ មើល​កំណត់​សម្គាល់​យ៉ូន ៦:៩

ភាសា​ក្រិច​«ហាដេស»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៧

ភាសា​ក្រិច​«ផ្ស៊ីគី»

នេះ​សំដៅ​ទៅ​ក្រណាត់​ពណ៌​ខ្មៅ​ដែល​ធ្វើ​ពី​រោមសត្វ​ហើយ​ប្រើ​សម្រាប់​ធ្វើ​បាវ

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ហេប្រឺ មាន​ន័យ​ថា​«សេចក្ដី​ហិន​វិនាស»

ភាសា​ក្រិច មាន​ន័យ​ថា​«អ្នក​បំផ្លាញ»

ជ្រុង​ដែល​មាន​រាង​ដូច​ស្នែង

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

ភាសា​ក្រិច​«ផូនៀ»។ សំដៅ​ទៅ​ការ​ប្រព្រឹត្ត​គ្រប់​បែប​យ៉ាង​ខាង​ផ្លូវ​ភេទ ដែល​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​ព្រះ។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៣

ឬ«មេឃ»

ឬ«ស្ថានសួគ៌»

ឬ​«បោះចោល​ទាំង​ស្រុង»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ«ស្ថានសួគ៌»

ន័យ​ត្រង់​«ឌីអាបូឡូស​(អ្នក​បង្កាច់​បង្ខូច) និង​សាថាណាស​(អ្នក​ប្រឆាំង)»

ឬ​«ស្ថាន​សួគ៌»

ន័យ​ត្រង់​«សក្ខីភាព​របស់​ពួក​គេ»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ឬ«ស្ថានសួគ៌»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ប្រហែល​២៩៦​គីឡូម៉ែត្រ

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ដើរ​អាក្រាត»។ ពាក្យ​ភាសា​ក្រិច​«ជីមណូស» ក៏​មាន​ន័យ​ថា​«បិទ​បាំង​ខ្លួន​តែ​បន្ដិច​បន្តួច​ឬ​មាន​តែ​សម្លៀក​បំពាក់​ក្នុង»

ប្រហែល​២០,៤ គីឡូក្រាម

ភាសា​ក្រិច​«ភ្នូម៉ា»។ សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ«មេឃ»

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

ភាសា​ក្រិច​«ផូនៀ»។ សំដៅ​ទៅ​ការ​ប្រព្រឹត្ត​គ្រប់​បែប​យ៉ាង​ខាង​ផ្លូវ​ភេទ ដែល​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​ព្រះ។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៣

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ភាសា​ក្រិច​«ហាឡេលូអ៊ីយ៉ា»

ឬ«មេឃ»

ន័យ​ត្រង់​«ឌីអាបូឡូស​(អ្នក​បង្កាច់​បង្ខូច) និង​សាថាណាស​(អ្នក​ប្រឆាំង)»

ភាសា​ក្រិច​«ហាដេស»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៧

មើល​កំណត់​សម្គាល់​បប ១:៨

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ប្រហែល​២.២២០​គីឡូម៉ែត្រ

ប្រហែល​៦៤​ម៉ែត្រ

មើល​កំណត់​សម្គាល់​បប ១:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក