រូថ
១ នៅសម័យដែលពួកអ្នកសម្រេចក្ដី+កំពុងគ្រប់គ្រង នោះកើតមានភាពអត់ឃ្លាននៅក្នុងស្រុក។ មានបុរសម្នាក់បាននាំប្រពន្ធនិងកូនប្រុសពីរនាក់ចាកចេញពីក្រុងបេថ្លេហិម+ស្រុកយូដា ទៅរស់នៅស្រុកម៉ូអាប់+ជាជនបរទេស។ ២ បុរសនោះឈ្មោះអេលីម៉ាឡេក* ហើយប្រពន្ធរបស់គាត់ឈ្មោះណាអូមី។* កូនប្រុសពីរនាក់របស់គាត់ឈ្មោះម៉ាឡិន* និងឈ្មោះគីលាន។* ពួកគាត់មកពីក្រុងអេប្រាតា គឺក្រុងបេថ្លេហិមស្រុកយូដា។ ពួកគាត់បានទៅដល់ស្រុកម៉ូអាប់ ហើយរស់នៅទីនោះ។
៣ មិនយូរក្រោយមក អេលីម៉ាឡេកជាប្ដីរបស់ណាអូមីក៏ស្លាប់ទៅ ទុកឲ្យនាងនៅជាមួយនឹងកូនប្រុសពីរនាក់។ ៤ ក្រោយមក កូនប្រុសទាំងពីរនាក់បានរៀបការជាមួយនឹងស្ត្រីជនជាតិម៉ូអាប់ ម្នាក់ឈ្មោះអូផា ហើយម្នាក់ទៀតឈ្មោះរូថ។+ ពួកគាត់បានបន្តរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលជា១០ឆ្នាំ។ ៥ លុះក្រោយមក ម៉ាឡិននិងគីលានដែលជាកូនក៏បានស្លាប់ចោលណាអូមីដែរ។ ដូច្នេះ នាងបាត់បង់ទាំងប្ដី ហើយបាត់បង់ទាំងកូន។ ៦ ណាអូមីសម្រេចចិត្តចាកចេញពីស្រុកម៉ូអាប់ត្រឡប់ទៅស្រុកនាងវិញ ដោយមានកូនប្រសាស្រីទាំងពីរនាក់ទៅជាមួយផង ព្រោះនាងបានឮថាព្រះយេហូវ៉ាចាប់ផ្ដើមឲ្យពរដល់រាស្ត្ររបស់លោកម្ដងទៀត ដោយផ្ដល់អាហារ*ឲ្យពួកគេ។
៧ ណាអូមីនិងកូនប្រសាស្រីទាំងពីរបានចាកចេញពីកន្លែងដែលពួកគាត់ធ្លាប់រស់នៅ។ កាលដែលពួកគាត់កំពុងធ្វើដំណើរត្រឡប់ទៅស្រុកយូដាវិញ ៨ ណាអូមីនិយាយទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយនឹងម្ដាយរបស់កូនរៀងៗខ្លួនវិញចុះ។ សូមឲ្យព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះកូនទាំងពីរ+ ដូចកូនបានបង្ហាញចំពោះម្ដាយនិងប្ដីរបស់កូនដែលបានស្លាប់ទៅនោះដែរ។ ៩ សូមព្រះយេហូវ៉ាឲ្យកូនទាំងពីរមានប្ដីថ្មី ដើម្បីកូនអាចមានទីពឹងពំនាក់*បាន»។+ បន្ទាប់មក ណាអូមីថើបលាពួកគេ រួចពួកគេក៏ទ្រហោយំ។ ១០ ពួកគេទទូចថា៖ «ទេ! ពួកកូនចង់ទៅនៅជាមួយនឹងអ្នកម្ដាយ និងប្រជាជាតិរបស់អ្នកម្ដាយដែរ»។ ១១ ប៉ុន្តែ ណាអូមីនិយាយថា៖ «កូនស្រីអើយ សូមកូនត្រឡប់ទៅវិញចុះ។ ម្ដេចក៏កូនចង់ទៅតាមម្ដាយ? ម្ដាយមិនអាចមានកូនប្រុសឲ្យរៀបការជាមួយនឹងកូនបានទៀតទេ។+ ១២ កូនស្រីអើយ សូមកូនត្រឡប់ទៅវិញចុះ ព្រោះម្ដាយចាស់ពេកនឹងរៀបការទៅហើយ។ ទោះបីជាម្ដាយអាចរៀបការនៅយប់នេះ ហើយមានកូនប្រុសក៏ដោយ ១៣ តើកូនសុខចិត្តមិនយកប្ដី ហើយចាំរហូតដល់កូននោះធំពេញវ័យឬ? កុំឡើយកូនអើយ ម្ដាយពិបាកចិត្តខ្លាំងណាស់ ពេលម្ដាយគិតអំពីអ្វីដែលបានកើតឡើងចំពោះកូន ដោយសារព្រះយេហូវ៉ាបានដាក់ទោសម្ដាយ»។+
១៤ ពេលនោះ ពួកគេបានទ្រហោយំម្ដងទៀត។ រួចមក អូផាថើបលាម្ដាយក្មេក ហើយចាកចេញទៅ។ ប៉ុន្តែ រូថមិនព្រមឃ្លាតពីណាអូមីឡើយ។ ១៥ ដូច្នេះ ណាអូមីបាននិយាយថា៖ «មើលហ្ន៎! ប្អូនថ្លៃកូនត្រឡប់ទៅឯជនរួមជាតិនិងព្រះរបស់នាងវិញហើយ។ ដូច្នេះ ចូរកូនត្រឡប់ទៅជាមួយនឹងនាងដែរទៅ»។
១៦ ប៉ុន្តែ រូថបដិសេធថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយឡើយ ព្រោះកន្លែងណាដែលអ្នកម្ដាយទៅ កូនក៏ទៅកន្លែងនោះដែរ។ អ្នកម្ដាយសម្រាកនៅទីណា កូនក៏សម្រាកនៅទីនោះដែរ។ កូននឹងចាត់ទុកជនរួមជាតិរបស់អ្នកម្ដាយ ជាជនរួមជាតិរបស់កូន ហើយកូននឹងចាត់ទុកព្រះរបស់អ្នកម្ដាយ ជាព្រះរបស់កូនដែរ។+ ១៧ អ្នកម្ដាយស្លាប់នៅកន្លែងណា កូនក៏ស្លាប់នៅកន្លែងនោះដែរ ហើយឲ្យគេបញ្ចុះសពកូននៅទីនោះផង។ បើកូនចាកចេញពីអ្នកម្ដាយដោយហេតុណាមួយ ក្រៅពីសេចក្ដីស្លាប់ សូមឲ្យព្រះយេហូវ៉ាដាក់ទោសកូនឲ្យធ្ងន់ចុះ»។
១៨ កាលដែលណាអូមីឃើញថារូថនៅតែទទូចចង់ទៅជាមួយ ណាអូមីក៏លែងបង្ខំនាងទៀត។ ១៩ ដូច្នេះ ពួកគាត់ទាំងពីរនាក់ក៏បន្តដំណើររហូតទៅដល់ក្រុងបេថ្លេហិម។+ ពេលពួកគាត់ទៅដល់ក្រុងភ្លាម អ្នកក្រុងទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលនោះមានស្ត្រីខ្លះនិយាយថា៖ «តើនេះជាណាអូមីឬ?»។ ២០ ណាអូមីតបទៅពួកស្ត្រីទាំងនោះថា៖ «កុំហៅខ្ញុំថាណាអូមី*ឡើយ សូមហៅខ្ញុំថាម៉ារ៉ា*វិញ ព្រោះព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត បានធ្វើឲ្យជីវិតខ្ញុំជូរចត់ខ្លាំងណាស់។+ ២១ ពេលខ្ញុំចាកចេញពីទីនេះ ខ្ញុំមានសព្វគ្រប់ តែព្រះយេហូវ៉ាបានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ ខ្ញុំមិនសមឲ្យអ្នករាល់គ្នាហៅខ្ញុំថាណាអូមីទេ ព្រោះព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានទាស់នឹងខ្ញុំ ហើយលោកឲ្យខ្ញុំរងទុក្ខវេទនា»។+
២២ នេះជាដំណើររឿងរបស់ណាអូមីពេលគាត់បានចេញពីស្រុកម៉ូអាប់+ ទាំងមានរូថជនជាតិម៉ូអាប់ជាកូនប្រសាស្រីទៅជាមួយផង។ ពួកគាត់បានទៅដល់ក្រុងបេថ្លេហិម នៅដើមរដូវច្រូតកាត់ស្រូវបាលី។+
២ ណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស។+ គាត់ជាអ្នកមានស្តុកស្តម្ភ ហើយគាត់ជាសាច់ញាតិរបស់អេលីម៉ាឡេក។
២ រូថជាជនជាតិម៉ូអាប់និយាយទៅណាអូមីថា៖ «សូមអ្នកម្ដាយឲ្យខ្ញុំទៅស្រែផ្សេងៗ ដើម្បីប្រមូលស្រូវដែលនៅសល់+ពីក្រោយគេ តាមដែលគេមេត្តាចំពោះខ្ញុំ»។ ដូច្នេះ ណាអូមីប្រាប់រូថថា៖ «ទៅចុះកូនស្រី»។ ៣ រូថក៏ចេញទៅឯស្រែ ហើយប្រមូលស្រូវតាមក្រោយពួកអ្នកច្រូតកាត់។ ប៉ុន្តែ ចៃដន្យនាងបានប្រមូលស្រូវ ចំស្រែមួយរបស់បូអូស+ដែលជាសាច់ញាតិរបស់អេលីម៉ាឡេក។+ ៤ ពេលនោះបូអូសមកពីក្រុងបេថ្លេហិមវិញ គាត់ទៅឯស្រែ ហើយនិយាយទៅពួកអ្នកច្រូតកាត់ថា៖ «សូមព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា»។ ពួកគេតបវិញថា៖ «សូមព្រះយេហូវ៉ាឲ្យពរលោក»។
៥ រួចមក បូអូសសួរយុវជនដែលមើលការខុសត្រូវលើពួកអ្នកច្រូតកាត់ថា៖ «តើនាងនោះជាកូនចៅអ្នកណា?»។ ៦ យុវជននោះឆ្លើយថា៖ «នាងនោះជាជនជាតិម៉ូអាប់+ នាងមកពីស្រុកម៉ូអាប់ជាមួយនឹងណាអូមី។+ ៧ នាងបានសុំថា៖ ‹សូមឲ្យខ្ញុំដើរតាមក្រោយពួកអ្នកច្រូតកាត់ ហើយប្រមូលស្រូវដែលនៅសល់*+ផង›។ នាងបានមកតាំងពីព្រឹក ហើយប្រមូលរហូតដល់ពេលនេះ។ នាងសម្រាកតែមួយស្របក់ប៉ុណ្ណោះ»។
៨ បន្ទាប់មក បូអូសនិយាយទៅកាន់រូថថា៖ «កូនស្រីអើយ សូមស្ដាប់ខ្ញុំ! កុំទៅប្រមូលផលនៅស្រែណាឬកន្លែងណាទៀតឡើយ។ ចូររើសស្រូវនៅជិតពួកនារីៗដែលធ្វើការឲ្យខ្ញុំចុះ។+ ៩ ចូរនាងចាំមើល បើឃើញពួកនារីទៅច្រូតនៅកន្លែងណា នាងទៅកន្លែងនោះដែរទៅ។ ខ្ញុំបានបង្គាប់ពួកយុវជនមិនឲ្យធ្វើបាបនាងឡើយ។ ពេលនាងស្រេកទឹក នាងអាចទៅផឹកទឹកក្នុងក្អមដែលពួកគេបានដងទុក»។
១០ ឮដូច្នោះ នាងក៏ក្រាបក្បាលដល់ដី ហើយនិយាយទៅគាត់ថា៖ «ហេតុអ្វីបានជាលោកអាណិតមេត្តា ហើយយកចិត្តទុកដាក់ចំពោះខ្ញុំដែលជាជនបរទេសដូច្នេះ?»។+ ១១ បូអូសតបថា៖ «ខ្ញុំបានឮរឿងទាំងអស់របស់នាង និងការទាំងប៉ុន្មានដែលនាងបានធ្វើចំពោះម្ដាយក្មេក ក្រោយពីប្ដីនាងស្លាប់។ នាងបានចាកចេញពីឪពុកម្ដាយ និងពីស្រុកកំណើត ហើយមករស់នៅជាមួយនឹងប្រជាជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុន។+ ១២ សូមព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់នាងស្របតាមការប្រព្រឹត្តរបស់នាង+ ហើយសូមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលឲ្យពរជាបរិបូរដល់នាង ដោយសារនាងបានមកជ្រកក្រោមស្លាបរបស់លោក»។+ ១៣ នាងនិយាយថា៖ «សូមឲ្យខ្ញុំបន្តទទួលក្ដីមេត្តាពីលោកម្ចាស់ ព្រោះលោកបានសម្រាលទុក្ខខ្ញុំ និងលើកទឹកចិត្តខ្ញុំដូចខ្ញុំជាអ្នកបម្រើលោក ទោះជាតាមពិតខ្ញុំមិនមែនជាអ្នកបម្រើលោកក៏ដោយ»។
១៤ លុះដល់ពេលបរិភោគអាហារ បូអូសនិយាយទៅរូថថា៖ «សូមនាងមកទីនេះ មកបរិភោគនំប៉័ង ហើយជ្រលក់ក្នុងទឹកខ្មេះនេះចុះ»។ ដូច្នេះ នាងក៏មកអង្គុយក្បែរពួកអ្នកច្រូតកាត់ រួចបូអូសហុចលាជខ្លះទៅឲ្យនាង។ នាងបរិភោគរហូតដល់ឆ្អែត ថែមទាំងនៅសល់អាហារខ្លះទៀតផង។ ១៥ ពេលនាងក្រោកឡើងទៅប្រមូលស្រូវ+ បូអូសបញ្ជាពួកយុវជនថា៖ «ចូរឲ្យនាងប្រមូលទាំងផលចម្រូតដែលជ្រុះ*ផង កុំធ្វើបាបនាងឡើយ។+ ១៦ ម្យ៉ាងទៀត អ្នកគួរហូតស្រូវខ្លះពីកណ្ដាប់ទុកឲ្យនាងរើសផង ហើយកុំថាអ្វីឲ្យនាងឡើយ»។
១៧ ដូច្នេះ នាងបន្តប្រមូលស្រូវក្នុងស្រែរហូតដល់ល្ងាច។+ រួចនាងយកស្រូវដែលនាងបានប្រមូលទាំងអស់ទៅបោក ហើយបានប្រហែលមួយអេហ្វា។* ១៨ រួចមក នាងយកស្រូវត្រឡប់ទៅក្រុងវិញ ហើយបង្ហាញម្ដាយក្មេក។ នាងថែមទាំងយកអាហារដែលនាងបានទុក+ក្រោយនាងបរិភោគឆ្អែត មកជូនម្ដាយក្មេកពិសាទៀតផង។
១៩ បន្ទាប់មក ម្ដាយក្មេកសួររូថថា៖ «ថ្ងៃនេះ តើកូនទៅប្រមូលស្រូវនៅឯណា? ហើយតើកូនធ្វើការនៅកន្លែងណា? សូមឲ្យអ្នកដែលបង្ហាញចិត្តសប្បុរសចំពោះកូនបានទទួលពរ»។+ រូថប្រាប់ម្ដាយក្មេកថា៖ «ថ្ងៃនេះខ្ញុំបានប្រមូលស្រូវក្នុងស្រែរបស់បូអូស»។ ២០ ពេលណាអូមីឮដូច្នោះ នាងនិយាយទៅកូនប្រសាថា៖ «សូមឲ្យគាត់ទទួលពរពីព្រះយេហូវ៉ា ជាព្រះដែលតែងតែមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សរស់និងមនុស្សស្លាប់»។+ ណាអូមីនិយាយថែមទៀតថា៖ «គាត់ជាសាច់ញាតិរបស់យើង+ ហើយក៏ជាអ្នកដែលមានសិទ្ធិលោះយើងដែរ»។+ ២១ នាងរូថនិយាយថា៖ «គាត់បានប្រាប់ខ្ញុំទៀតថា៖ ‹សូមធ្វើការនៅជិតពួកអ្នកចម្រូតរបស់ខ្ញុំ រហូតដល់ផុតរដូវច្រូតកាត់›»។+ ២២ ណាអូមីក៏និយាយទៅរូថជាកូនប្រសាថា៖ «ល្អហើយកូនស្រី ដែលកូនទៅធ្វើការនៅជិតពួកនារីៗក្នុងស្រែរបស់គាត់ ជាជាងទៅធ្វើការក្នុងស្រែរបស់អ្នកឯទៀត ក្រែងលោគេធ្វើបាបកូន»។
២៣ ដូច្នេះ រូថក៏ធ្វើការនៅជិតពួកនារីៗរបស់បូអូស រហូតដល់ផុតរដូវច្រូតស្រូវបាលី+និងស្រូវសាលី។ នាងបន្តរស់នៅជាមួយនឹងម្ដាយក្មេករហូតតទៅ។+
៣ នៅថ្ងៃមួយ ណាអូមីជាម្ដាយក្មេកនិយាយទៅរូថថា៖ «កូនស្រីអើយ ម្ដាយនឹងរកបុរសម្នាក់ឲ្យរៀបការជាមួយនឹងកូន+ ដើម្បីកូនអាចមានទីពឹងពំនាក់។* ២ បូអូសជាសាច់ញាតិរបស់យើង។+ គាត់ជាអ្នកដែលបានឲ្យកូនធ្វើការជាមួយនឹងពួកនារីៗរបស់គាត់។ យប់នេះ គាត់នឹងទៅរោយស្រូវបាលីនៅទីលានបញ្ជាន់ស្រូវ។ ៣ ដូច្នេះ ចូរកូនទៅជម្រះកាយ ហើយលាបប្រេងក្រអូប រួចស្លៀកពាក់ចេញទៅទីលានបញ្ជាន់ស្រូវចុះ។ ប៉ុន្តែ កូនមិនត្រូវឲ្យគាត់ឃើញឡើយ ចាំរហូតដល់គាត់ពិសាអាហារពិសាស្រាហើយ។ ៤ ពេលគាត់ចូលដេក កូនត្រូវចំណាំកន្លែងដែលគាត់ដេក។ បន្ទាប់មក ចូរកូនទៅកន្លែងនោះ ហើយបើកក្រណាត់ដែលដណ្ដប់ជើងគាត់ ហើយដេកនៅទីនោះចុះ។ គាត់នឹងប្រាប់កូននូវអ្វីដែលកូនគួរធ្វើ»។
៥ រូថតបវិញថា៖ «កូននឹងធ្វើតាមសម្ដីទាំងអស់ដែលអ្នកម្ដាយប្រាប់កូន»។ ៦ ម្ល៉ោះហើយ រូថចេញទៅទីលានបញ្ជាន់ស្រូវ ហើយធ្វើតាមពាក្យសម្ដីទាំងអស់របស់ម្ដាយក្មេក។ ៧ ក្រោយពីបូអូសពិសាអាហារពិសាស្រាដោយចិត្តសប្បាយរីករាយហើយ គាត់បានចូលទៅដេកនៅក្បែរគំនរស្រូវ។ ពេលនោះរូថដើរលបៗចូលទៅជិត ហើយបើកក្រណាត់ដែលដណ្ដប់ជើងគាត់ រួចដេកនៅទីនោះ។ ៨ លុះដល់ពាក់កណ្ដាលអធ្រាត្រ បូអូសភ្ញាក់ឡើងទាំងញ័រខ្លួន ហើយងើបមកឃើញស្ត្រីម្នាក់កំពុងដេកនៅចុងជើងគាត់។ ៩ គាត់សួរថា៖ «តើអ្នកជានរណា?»។ នាងឆ្លើយថា៖ «ខ្ញុំគឺរូថជាអ្នកបម្រើលោក។ សូមឲ្យខ្ញុំដណ្ដប់ក្រណាត់របស់លោកផង ព្រោះលោកជាអ្នកមានសិទ្ធិលោះ»។+ ១០ ឮដូច្នោះ បូអូសនិយាយថា៖ «កូនស្រីអើយ សូមព្រះយេហូវ៉ាឲ្យពរនាង។ លើកនេះនាងបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ខ្លាំងជាងលើកមុនទៅទៀត+ ព្រោះនាងមិនបានទៅរកបុរសក្មេងៗ ទោះជាបុរសនោះជាអ្នកក្រឬជាអ្នកមានក៏ដោយ។ ១១ ដូច្នេះ កូនស្រីអើយ កុំភ័យព្រួយឡើយ! ខ្ញុំនឹងធ្វើតាមសម្ដីទាំងអស់របស់នាង+ ដោយសារគ្រប់គ្នាក្នុងក្រុងនេះដឹងថានាងជាស្ត្រីល្អប្រសើរម្នាក់។ ១២ ពិតមែនតែខ្ញុំជាអ្នកមានសិទ្ធិលោះ+ តែមានអ្នកមានសិទ្ធិលោះម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំ។+ ១៣ យប់នេះ សូមនាងដេកនៅទីនេះសិន។ ព្រឹកស្អែក ខ្ញុំនឹងទៅជួបគាត់ ហើយបើគាត់ចង់លោះនាង សូមឲ្យគាត់លោះនាងចុះ។+ ប៉ុន្តែ បើគាត់មិនចង់លោះនាងទេ ខ្ញុំសូមស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា ខ្ញុំនឹងលោះនាងដោយផ្ទាល់។ ឥឡូវ សូមនាងដេកនៅទីនេះរហូតដល់ព្រឹកចុះ»។
១៤ ម្ល៉ោះហើយ រូថក៏ដេកនៅចុងជើងគាត់រហូតដល់ព្រឹក។ នាងបានក្រោកឡើងពេលមេឃទៀបភ្លឺ មុនមនុស្សឯទៀតមើលមុខគ្នាស្គាល់។ រួចបូអូសពោលថា៖ «មិនត្រូវឲ្យអ្នកណាដឹងថាមានស្ត្រីចូលមកទីលានបញ្ជាន់ស្រូវឡើយ»។ ១៥ គាត់និយាយថែមទៀតថា៖ «សូមត្រដាងអាវក្រៅរបស់នាងមក ហើយកាន់ឲ្យជាប់»។ ដូច្នេះ នាងក៏ត្រដាងអាវរបស់នាង រួចគាត់ដាក់ស្រូវបាលី៦រង្វាល់*ក្នុងអាវនោះឲ្យនាងយកទៅ។ ក្រោយមក គាត់ធ្វើដំណើរចូលទៅក្រុង។
១៦ ពេលរូថត្រឡប់ទៅជួបម្ដាយក្មេកវិញ ម្ដាយសួរនាងថា៖ «តើយ៉ាងដូចម្ដេចហើយកូនស្រី?»។ រូថក៏រៀបរាប់ប្រាប់ម្ដាយនូវអ្វីទាំងអស់ដែលបូអូសបានធ្វើដើម្បីនាង។ ១៧ នាងបន្ថែមថា៖ «គាត់បានឲ្យស្រូវបាលី៦រង្វាល់នេះមកខ្ញុំ ដោយនិយាយថា៖ ‹សូមកុំទៅឯម្ដាយក្មេកនាងវិញដោយដៃទទេឡើយ›»។ ១៨ រួចមក ណាអូមីនិយាយថា៖ «ចូរកូនរង់ចាំសិន ទាល់តែដឹងថារឿងនេះទៅជាយ៉ាងណា។ បូអូសនឹងមិននៅស្ងៀមទេ លុះត្រាតែគាត់ចាត់ការគ្រប់យ៉ាងឲ្យបានរៀបរយនៅថ្ងៃនេះ»។
៤ បូអូសបានធ្វើដំណើរទៅទ្វារកំពែងក្រុង+ ហើយអង្គុយនៅទីនោះ។ ពេលនោះ បុរសដែលបូអូសនិយាយថាជាសាច់ញាតិដែលមានសិទ្ធិលោះ+ បានដើរកាត់តាមផ្លូវនោះ។ បូអូសនិយាយទៅកាន់បុរសនោះថា៖ «សូមមកអង្គុយនៅទីនេះសិន»។ បុរសនោះក៏មកអង្គុយ។ ២ រួចបូអូសអញ្ជើញបុរសចាស់ទុំ១០នាក់ពីក្រុងនោះមក+ ហើយគាត់ក៏និយាយទៅពួកគេថា៖ «សូមអស់លោកអញ្ជើញអង្គុយនៅទីនេះ»។ ដូច្នេះ ពួកគេក៏អង្គុយចុះ។
៣ បូអូសនិយាយទៅអ្នកដែលមានសិទ្ធិលោះនោះថា៖+ «ណាអូមីដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ+ គាត់ចាំបាច់ត្រូវលក់ស្រែចម្ការរបស់អេលីម៉ាឡេកដែលជាសាច់ញាតិរបស់យើង។+ ៤ ដូច្នេះ ខ្ញុំគិតថាខ្ញុំគួរប្រាប់អ្នកឲ្យដឹងថា៖ ‹សូមលោះស្រែនោះនៅចំពោះមុខអ្នកក្រុងនេះនិងពួកបុរសចាស់ទុំ។+ បើអ្នកចង់លោះ សូមលោះចុះ។ ប៉ុន្តែ បើអ្នកមិនចង់ទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ព្រោះអ្នកមានសិទ្ធិលោះច្រើនជាងខ្ញុំ ហើយខ្ញុំមានសិទ្ធិលោះបន្ទាប់ពីអ្នក›»។ បុរសនោះឆ្លើយថា៖ «ខ្ញុំនឹងលោះស្រែនោះ»។+ ៥ រួចបូអូសនិយាយថា៖ «នៅថ្ងៃដែលអ្នកទិញស្រែចម្ការពីណាអូមី អ្នកក៏ត្រូវទិញពីរូថជនជាតិម៉ូអាប់ ជាប្រពន្ធរបស់បុរសដែលបានស្លាប់នោះដែរ ដើម្បីរក្សាមត៌ករបស់គាត់ទុកឲ្យកូនចៅគាត់តទៅ»។+ ៦ អ្នកដែលមានសិទ្ធិលោះនោះក៏តបវិញថា៖ «ខ្ញុំមិនអាចលោះបានទេ ព្រោះខ្ញុំខ្លាចថាអាចមានផលប៉ះពាល់ដល់មត៌ករបស់ខ្ញុំ។ ខ្ញុំប្រគល់សិទ្ធិលោះរបស់ខ្ញុំឲ្យទៅអ្នក សូមអ្នកលោះយកចុះ ព្រោះខ្ញុំមិនអាចលោះបានទេ»។
៧ តាមទំនៀមទម្លាប់ក្នុងស្រុកអ៊ីស្រាអែលពីបុរាណ ពេលអ្នកណាម្នាក់ចង់ដោះដូរឬលោះអ្វីណាមួយ អ្នកនោះត្រូវដោះស្បែកជើងម្ខាង+ ហើយហុចឲ្យភាគីមួយទៀត ទុកជាការបញ្ជាក់ថាពួកគេបានព្រមព្រៀងគ្នា។ ៨ ម្ល៉ោះហើយ ពេលអ្នកដែលមានសិទ្ធិលោះនោះប្រាប់បូអូសថា៖ «សូមអ្នកលោះយកចុះ» នោះគាត់បានដោះស្បែកជើងម្ខាងរបស់គាត់។ ៩ រួចមក បូអូសនិយាយទៅកាន់ពួកបុរសចាស់ទុំនិងបណ្ដាជនទាំងអស់ដែលនៅទីនោះថា៖ «នៅថ្ងៃនេះ អ្នកទាំងអស់គ្នាជាសាក្សី+ថាខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់អេលីម៉ាឡេក និងរបស់គីលាន ព្រមទាំងរបស់ម៉ាឡិន ពីណាអូមី។ ១០ ម្យ៉ាងទៀត ខ្ញុំនឹងយករូថជនជាតិម៉ូអាប់ដែលជាប្រពន្ធរបស់ម៉ាឡិន មកធ្វើជាប្រពន្ធរបស់ខ្ញុំ ដើម្បីនាងអាចមានកូនស្នងត្រកូលនិងស្នងមត៌ករបស់ម៉ាឡិនដែលបានស្លាប់ទៅនោះ។+ យ៉ាងនេះ បងប្អូនសាច់ញាតិរបស់គាត់និងមនុស្សក្នុងក្រុងនេះនឹងមិនភ្លេចឈ្មោះរបស់គាត់ឡើយ។ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ»។+
១១ ដូច្នេះ បណ្ដាជនទាំងអស់ដែលនៅទ្វារកំពែងក្រុង និងពួកបុរសចាស់ទុំក៏និយាយថា៖ «យើងជាសាក្សីអំពីរឿងនេះ! សូមព្រះយេហូវ៉ាផ្ដល់ពរដល់ប្រពន្ធដែលចូលក្នុងផ្ទះរបស់អ្នក ឲ្យបានដូចជារ៉ាជែលនិងលេអា ព្រោះស្ត្រីទាំងពីរនោះជាមាតានៃជនជាតិអ៊ីស្រាអែល។+ សូមឲ្យអ្នកបានចម្រុងចម្រើននៅក្រុងអេប្រាតា+ និងមានកេរ្តិ៍ឈ្មោះល្អក្នុងក្រុងបេថ្លេហិម។+ ១២ សូមឲ្យកូនចៅដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យអ្នកតាមរយៈនារីនោះ ធ្វើឲ្យពូជពង្សរបស់អ្នកបានដូចជាពូជពង្សរបស់ពេរេស+ ដែលជាកូនប្រុសរបស់ថេម៉ានិងយូដា»។+
១៣ បូអូសបានយករូថធ្វើជាប្រពន្ធ ហើយគាត់បានរួមដំណេកជាមួយនឹងនាង។ រួចមក ព្រះយេហូវ៉ាបានឲ្យនាងមានផ្ទៃពោះ ហើយនាងកើតបានកូនប្រុសមួយ។ ១៤ ពួកស្ត្រីនិយាយទៅកាន់ណាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរ ព្រោះថ្ងៃនេះលោកឲ្យអ្នកមានអ្នកលោះម្នាក់។ សូមឲ្យកូននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល! ១៥ កូននេះបានធ្វើឲ្យអ្នកមានជីវិត*ថ្មី ហើយកូននេះនឹងមើលថែរក្សាអ្នកពេលដែលអ្នកចាស់ទៅ ព្រោះកូននេះបានកើតពីកូនប្រសាស្រីដែលស្រឡាញ់អ្នក។+ កូនប្រសានេះវិសេសជាងការដែលអ្នកមានកូនប្រុស៧នាក់ទៅទៀត»។ ១៦ ណាអូមីក៏យកកូនតូចនោះមកបីឱបនឹងដើមទ្រូង ហើយនាងមើលថែកូននោះ។ ១៧ ពួកស្ត្រីជាអ្នកជិតខាងពោលថា៖ «ណាអូមីមានកូនប្រុសមួយហើយ» រួចពួកគេដាក់ឈ្មោះឲ្យកូននោះថាអូបិឌ។+ អូបិឌជាឪពុកអ៊ីសាយ+ អ៊ីសាយជាឪពុករបស់ដាវីឌ។
១៨ វង្សត្រកូលរបស់ពេរេសមានដូចតទៅ៖+ ពេរេសជាឪពុករបស់ហេស្រុន+ ១៩ ហេស្រុនជាឪពុករបស់រ៉ាម រ៉ាមជាឪពុករបស់អាមីណាដាប+ ២០ អាមីណាដាប+ជាឪពុករបស់ណាសូន ណាសូនជាឪពុករបស់សាលម៉ូន ២១ សាលម៉ូនជាឪពុករបស់បូអូស បូអូសជាឪពុករបស់អូបិឌ ២២ អូបិឌជាឪពុករបស់អ៊ីសាយ+ ហើយអ៊ីសាយជាឪពុករបស់ដាវីឌ។+
មានន័យថា«ព្រះរបស់ខ្ញុំជាស្ដេច»
មានន័យថា«ជាទីរីករាយរបស់ខ្ញុំ»
ប្រហែលជាមកពីពាក្យហេប្រឺមានន័យថា«ចុះខ្សោយ ឬឈឺ»
មានន័យថា«អ្នកដែលបរាជ័យ ឬអ្នកដែលមកដល់ទីបញ្ចប់»
ន័យត្រង់«នំប៉័ង»
ន័យត្រង់«មានទីសម្រាក»
មានន័យថា«ជាទីរីករាយរបស់ខ្ញុំ»
មានន័យថា«ជូរចត់»
ឬប្រហែលជាមានន័យថា«ប្រមូលស្រូវពីគំនរកណ្ដាប់ស្រូវ»
ឬប្រហែលជាមានន័យថា«ប្រមូលស្រូវពីគំនរកណ្ដាប់ស្រូវ»
ប្រហែលជា២២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ន័យត្រង់«មានទីសម្រាក»
ប្រហែលជា៦សៀ ឬប្រហែលជា៤៤លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលនិយមន័យពាក្យ«ជីវិត»