បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt បទចម្រៀងសាឡូម៉ូន ១:១-៨:១៤
  • បទចម្រៀងសាឡូម៉ូន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បទចម្រៀងសាឡូម៉ូន
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន

បទ​ចម្រៀង​សាឡូម៉ូន

១ នេះ​ជា​បទ​ចម្រៀង​ដ៏​ពីរោះ​បំផុត ដែល​តែង​ឡើង​ដោយ​សាឡូម៉ូន​៖+

 ២ ​«​សូម​បង​ថើប​អូន​មក សូម​ផ្អឹប​បបូរ​មាត់​បង​លើ​បបូរ​មាត់​របស់​អូន

ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ។+

 ៣ ប្រេង​អប់​របស់​បង​មាន​ក្លិន​ក្រអូប​សាយ+

ឈ្មោះ​របស់​បង​ប្រៀប​ដូច​ជា​ប្រេង​ក្រអូប​ចាក់​លើ​ក្បាល។+

ហេតុ​នេះ​ហើយ​បាន​ជា​ក្រមុំ​ៗ​ស្រឡាញ់​បង។

 ៤ ស្ដេច​បាន​នាំ​អូន​ចូល​បន្ទប់​ខាង​ក្នុង​ហើយ!

សូម​បង​ប្រញាប់​នាំ​អូន​រត់

តោះ​បង​មក​រីករាយ​ត្រេក​អរ​ជា​មួយ​គ្នា

មក​រៀប​រាប់​អំពី*ស្នេហា​ដែល​បង​មាន​ចំពោះ​អូន ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ។

សម​ហើយ​ដែល​ក្រមុំ​ៗ​ស្រឡាញ់​បង។

 ៥ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម*អើយ ខ្ញុំ​ខ្មៅ​មែន​ពិត តែ​ខ្មៅ​ស្រស់​ល្អ

ប្រៀប​ដូច​ជា​ត្រសាល​របស់​ពួក​កេដា+ និង​ក្រណាត់​ត្រសាល+របស់​សាឡូម៉ូន។

 ៦ សូម​កុំ​សម្លឹង​មើល​ខ្ញុំ ដោយ​សារ​តែ​ស្បែក​ខ្ញុំ​ស្រគាំ​ឡើយ

ព្រោះ​ខ្ញុំ​តែង​តែ​ត្រូវ​ពន្លឺ​ថ្ងៃ។

បង​ប្អូន​របស់​ខ្ញុំ ពួក​គេ​បាន​ខឹង​ខ្ញុំ។

ពួក​គេ​ឲ្យ​ខ្ញុំ​ទៅ​ចាំ​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ

តែ​ចម្ការ​របស់​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​នៅ​មើល​ថែ​ទេ។

 ៧ ឱ​បណ្ដូល​ចិត្ត​អើយ សូម​ប្រាប់​អូន​មក

តើ​បង​នាំ​ហ្វូង​សត្វ​ទៅ​ស៊ី​ស្មៅ​នៅ​ឯ​ណា?+

នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​នាំ​ពួក​វា​ទៅ​សម្រាក​នៅ​កន្លែង​ណា?

សូម​ប្រាប់​អូន​មក ដើម្បី​កុំ​ឲ្យ​អូន​ដើរ​ក្នុង​ហ្វូង​សត្វ​របស់​មិត្ត​ភក្ដិ​បង

ដូច​ស្ត្រី​ដែល​ពាក់​ស្បៃ​បាំង​មុខ​»។*

 ៨ ​«​ឱ​នាង​ដែល​មាន​សម្រស់​ស្អាត​បំផុត​អើយ

បើ​នាង​មិន​ដឹង​ទេ សូម​ដើរ​តាម​ដាន​ជើង​របស់​ហ្វូង​ចៀម​ទៅ

ហើយ​សូម​នាំ​ហ្វូង​កូន​ពពែ​របស់​នាង​ទៅ​ស៊ី​ចំណី ក្បែរ​ត្រសាល​របស់​ពួក​គង្វាល​ចុះ​»។

 ៩ ​«​ឱ​សំណព្វចិត្ត​អើយ រូប​ឆោម​របស់​នាង​ប្រៀប​ដូច​ជា​សេះ​ញី​ដែល​ទឹម​រទេះ​ចម្បាំង​របស់​ផារ៉ូ។+

១០ ថ្ពាល់​របស់​នាង​សែន​ផូរ​ផង់​សម​នឹង​គ្រឿង​អលង្ការ*

ក​របស់​នាង​កាន់​តែ​ស្អាត​ដោយ​ខ្សែ​អង្កាំ។

១១ យើង​នឹង​ធ្វើ​គ្រឿង​អលង្ការ​មាស

រំលេច​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់​»។

១២ ​«​ពេល​ដែល​ស្ដេច​កំពុង​អង្គុយ​នៅ​តុ

ទឹក​អប់*+របស់​អូន​បាន​សាយ​ក្លិន​ក្រអូប​ភាយ។

១៣ ម្ចាស់​ស្នេហ៍​ខ្ញុំ​ប្រៀប​ដូច​ជា​ថង់​ជ័រ​ល្វីង​ទេស​ដែល​ពេញ​ដោយ​ក្លិន​ពិដោរ+

នៅ​លើ​ដើម​ទ្រូង​របស់​អូន​ពេញ​មួយ​យប់។

១៤ ម្ចាស់​ស្នេហ៍​ខ្ញុំ​ប្រៀប​ដូច​ជា​កញ្ចុំ​ផ្កា​ហេនណា+

ដែល​ដុះ​នៅ​កណ្ដាល​ចម្ការ​ទំពាំង​បាយ​ជូរ​ក្រុង​អេនកេឌី​»។+

១៥ ​«​មើល! ស្ងួន​ភ្ងា​បង​អើយ អូន​ស្អាត​ខ្លាំង​ណាស់។

មើល! អូន​ស្អាត​អ្វី​ម្ល៉េះ។ នេត្រា​របស់​អូន​ប្រៀប​បាន​នឹង​ភ្នែក​ព្រាប​»។+

១៦ ​«​មើល! មាស​ស្នេហ៍​អូន​អើយ បង​សង្ហា​ម្ល៉េះ​ទេ បង​ជា​ទី​គាប់​ចិត្ត​របស់​អូន។+

ស្លឹក​ឈើ​ជា​គ្រែ​គេង​របស់​ពួក​យើង។

១៧ ចំណែក​ឯ​ឈើ​ស៊ីដារ​ជា​ធ្នឹម​ផ្ទះ​របស់​ពួក​យើង

ហើយ​ឈើ​យូនីពើ​ក៏​ជា​ធ្នឹម​ដំបូល​របស់​ពួក​យើង​ដែរ។

២ ​«​រូប​ខ្ញុំ​គ្រាន់​តែ​ជា​ផ្កា​ព្រៃ*នៅ​ក្បែរ​ឆ្នេរ​សមុទ្រ

និង​ជា​ផ្កា​លីលី​នៅ​ឯ​ជ្រលង​ប៉ុណ្ណោះ​»។+

 ២ ​«​ក្នុង​ចំណោម​នារី​ទាំង​ឡាយ

សំណព្វចិត្ត​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ផ្កា​លីលី​ដែល​ដុះ​នៅ​ក្នុង​គុម្ព​បន្លា​»។

 ៣ ​«​ក្នុង​ចំណោម​បុរស​ទាំង​ឡាយ

ម្ចាស់​បេះ​ដូង​ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ប៉ោម​ដែល​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​នៅ​ឯ​ព្រៃ។

ខ្ញុំ​ពិត​ជា​ចង់​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​គាត់​ខ្លាំង​ណាស់

ឯ​ផ្លែ​របស់​គាត់​មាន​ឱ​ជា​រស​ផ្អែម​ពិសា។

 ៤ គាត់​បាន​នាំ​ខ្ញុំ​ចូល​ក្នុង​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង*

ហើយ​អ្នក​ណា​ៗ​ក៏​អាច​ឃើញ​ថា​គាត់​ស្រឡាញ់​ខ្ញុំ​ដែរ។

 ៥ សូម​ឲ្យ​នំ​ទំពាំង​បាយ​ជូរ​ក្រៀម+និង​ផ្លែ​ប៉ោម​មក​ខ្ញុំ​បរិភោគ

ដើម្បី​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​កម្លាំង​កាយ​ឡើង​វិញ

ព្រោះ​ខ្ញុំ​មាន​ជំងឺ​ស្នេហា។

 ៦ គាត់​ដាក់​ដៃ​ឆ្វេង​ឲ្យ​ខ្ញុំ​កើយ

ហើយ​យក​ដៃ​ស្ដាំ​ឱប​ខ្ញុំ​ជាប់។+

 ៧ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ

ដោយ​យក​ប្រើស+និង​ក្ដាន់​ញី​នៅ​ឯ​វាល​ជា​សាក្សី​ថា​៖

ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ។+

 ៨ ខ្ញុំ​ឮ​សំឡេង​បុរស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ!

មើល! គាត់​សំដៅ​មក​ហើយ

គាត់​កំពុង​ឡើង​ភ្នំ ទាំង​លោត​រំលង​ទួល​ទាំង​ឡាយ​ផង។

 ៩ បុរស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស​និង​ក្ដាន់​ស្ទាវ។+

នុ៎ះ​ន៏! គាត់​កំពុង​ឈរ​ក្រោយ​ជញ្ជាំង

ហើយ​សម្លឹង​មើល​តាម​បង្អួច

គាត់​អើត​មើល​តាម​ចម្រឹង។

១០ បុរស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​និយាយ​មក​កាន់​ខ្ញុំ​ថា​៖

‹សម្លាញ់​ចិត្ត​បង​អើយ សូម​អូន​ក្រោក​ឡើង

ស្រី​ដ៏​ស្រស់​ស្អាត​របស់​បង​អើយ សូម​មក​ជា​មួយ​នឹង​បង។

១១ មើល! រដូវ​រងា*បាន​ហួស​ទៅ​ហើយ

ឯ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។

១២ ចំណែក​ក្នុង​ស្រុក មាន​ផ្កា​រីក​ស្គុសស្គាយ+

វេលា​ដែល​ត្រូវ​កាត់​មែក​ឈើ​បាន​មក​ដល់​ហើយ+

ក៏​ឮ​សំឡេង​សត្វ​លលក​ច្រៀង​ក្នុង​ទឹក​ដី​របស់​យើង​ដែរ។+

១៣ រីឯ​ដើម​ល្វា​តូច​មាន​ផ្លែ​ទុំ​មុន​រដូវ+

ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​កំពុង​ចេញ​ផ្កា​សាយ​ក្លិន​ក្រអូប។

មាស​ស្នេហ៍​អើយ សូម​ក្រោក​ឡើង​មក។

ស្រី​ដ៏​ស្រស់​ស្អាត​របស់​បង​អើយ សូម​មក​ជា​មួយ​នឹង​បង។

១៤ ឱ​ព្រាប​របស់​បង​អើយ អូន​នៅ​ក្នុង​រូង​នៃ​ច្រាំង​ថ្ម​ដា+

នៅ​ក្នុង​ក្រហែង​នៃ​ច្រាំង​ភ្នំ

សូម​ឲ្យ​បង​បាន​ឃើញ​អូន និង​បាន​ឮ​សំឡេង​របស់​អូន​ផង+

ព្រោះ​សំឡេង​របស់​នួន​ល្អង​សែន​ពីរោះ ហើយ​រូប​អូន​ស្អាត​គួរ​ឲ្យ​បេតី›​»។+

១៥ ​«​ចូរ​ចាប់​កញ្ជ្រោង​ទាំង​នោះ​ឲ្យ​ពួក​យើង

គឺ​កូន​កញ្ជ្រោង​ដែល​បំផ្លិច​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ

ព្រោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ពួក​យើង​កំពុង​ចេញ​ផ្កា​»។

១៦ ​«​ម្ចាស់​ស្នេហ៍​ខ្ញុំ​ជា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ជា​របស់​គាត់។+

គាត់​កំពុង​ឃ្វាល​សត្វ+នៅ​កណ្ដាល​វាល​ផ្កា​លីលី។+

១៧ ឱ​ម្ចាស់​ស្នេហ៍​អើយ សូម​បង​ប្រញាប់​មក​វិញ

មុន​វេលា​ដែល​មាន​ខ្យល់​បក់​រំភើយ និង​មុន​ស្រមោល​បាត់​ទៅ។

សូម​បង​ត្រឡប់​មក​ឲ្យ​លឿន​ដូច​ជា​ប្រើស+និង​ក្ដាន់​ស្ទាវ+​ដែល​នៅ​លើ​ភ្នំ​ខណ្ឌ​ពួក​យើង។*

៣ ​«​ក្នុង​ពេល​រាត្រី

ខ្ញុំ​គេង​អាល័យ​នឹក​ដល់​ម្ចាស់​ស្នេហ៍។+

ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។+

 ២ ខ្ញុំ​នឹង​ក្រោក​ឡើង ហើយ​ដើរ​ពាស​ពេញ​ក្រុង

គឺ​ដើរ​តាម​ផ្លូវ​នា​នា​និង​ទី​លាន​សាធារណៈ

ខ្ញុំ​នឹង​តាម​រក​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​ឃើញ។

ខ្ញុំ​ចង់​ជួប​គាត់​ខ្លាំង​ណាស់ តែ​មិន​ឃើញ​គាត់​ទេ។

 ៣ ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។+

ដូច្នេះ ខ្ញុំ​សួរ​ពួក​គេ​ថា​៖ ‹តើ​ឃើញ​ម្ចាស់​ស្នេហ៍​ខ្ញុំ​ទេ?›។

 ៤ ក្រោយ​ពី​ខ្ញុំ​ដើរ​ហួស​ពួក​គេ​បន្តិច

ខ្ញុំ​បាន​ប្រទះ​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ។

ខ្ញុំ​ក៏​ឱប​គាត់​ជាប់ មិន​ព្រម​លែង​ឡើយ

ទាល់​តែ​ខ្ញុំ​បាន​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ+

គឺ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​ម្ដាយ​ដែល​បាន​បង្កើត​ខ្ញុំ​មក។

 ៥ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ

ដោយ​យក​ប្រើស​និង​ក្ដាន់​ញី​នៅ​ឯ​វាល​ជា​សាក្សី​ថា​៖

ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+

 ៦ ​«​តើ​អ្វី​នោះ​ដូច​ជា​ផ្សែង​ហុយ​ទ្រ​លោម​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ

វា​ជះ​ក្លិន​ជ័រ​ល្វីង​ទេស​និង​ម្សៅ​ក្រអូប

រួម​ទាំង​គ្រឿង​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ឈ្មួញ?​»។+

 ៧ ​«​មើល​ហ្ន៎! នោះ​ជា​គ្រែ​ស្នែង​របស់​សាឡូម៉ូន។

មាន​ទាហាន​ខ្លាំង​ក្លា​៦០​នាក់​ហែហម​មក​ជា​មួយ​ផង

ពួក​គេ​សុទ្ធ​តែ​ជា​បុរស​អង់អាច​របស់​អ៊ីស្រាអែល។+

 ៨ បុរស​ទាំង​អស់​នោះ​ប្រដាប់​ដោយ​ដាវ

ពួក​គេ​ថ្នឹក​ធ្វើ​សង្គ្រាម​ណាស់

ហើយ​មាន​ដាវ​សៀត​នៅ​ចង្កេះ​គ្រប់​ៗ​គ្នា

ដើម្បី​ចាំ​ការ​ពារ ក្រែង​លោ​មាន​ភាព​តក់​ស្លុត​កើត​ឡើង​នៅ​ពេល​យប់​»។

 ៩ ​«​នោះ​ជា​គ្រែ​ស្នែង​របស់​ស្ដេច​សាឡូម៉ូន

គាត់​បាន​ធ្វើ​គ្រែ​ស្នែង​នោះ​ពី​ឈើ​ដែល​មក​ពី​ភ្នំ​ស្រុក​លីបង់​ទុក​សម្រាប់​គាត់​ផ្ទាល់។+

១០ គាត់​បាន​ធ្វើ​បង្គោល​គ្រែ​ស្នែង​ពី​ប្រាក់

ហើយ​បង្អែក​ពី​មាស។

ចំណែក​ឯ​កន្លែង​អង្គុយ​វិញ​ធ្វើ​ពី​រោម​ចៀម​ពណ៌​ស្វាយ។

កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​បាន​តុបតែង​ផ្នែក​ខាង​ក្នុង

ដោយ​សេចក្ដី​ស្រឡាញ់​»។

១១ ​«​ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ

ចូរ​នាំ​គ្នា​ចេញ​ទៅ​ក្រៅ ទៅ​មើល​ស្ដេច​សាឡូម៉ូន

ពាក់​មកុដ*ដែល​ម្ដាយ​គាត់+បាន​ធ្វើ​ឲ្យ​គាត់

គឺ​បាន​ធ្វើ​ឲ្យ​គាត់​ក្នុង​ថ្ងៃ​រៀប​ការ​របស់​គាត់

ជា​ថ្ងៃ​ដែល​គាត់​សប្បាយ​រីករាយ​ក្រៃ​លែង​»។

៤ ​«​មើល! ស្ងួន​ភ្ងា​បង​អើយ

អូន​ស្អាត​ខ្លាំង​ណាស់។

មើល! អូន​ស្អាត​អ្វី​ម្ល៉េះ។

នេត្រា​របស់​អូន​ដែល​នៅ​ក្រោម​ស្បៃ​ប្រៀប​បាន​នឹង​ភ្នែក​ព្រាប

សក់​របស់​អូន​ប្រៀប​ដូច​ជា​ហ្វូង​ពពែ ដែល​កំពុង​ចុះ​តាម​ភ្នំ​ស្រុក​គីលាត។+

 ២ ធ្មេញ​របស់​អូន​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោម

ពួក​វា​នាំ​គ្នា​ឡើង​មក​ពី​លាង​ជម្រះ​ខ្លួន​វិញ

ទាំង​អស់​ស្អាត​ហើយ​មាន​គូ​វា

គ្មាន​បាត់​មួយ​ណា​ឡើយ។

 ៣ បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង​អំបោះ​ក្រហម​ឆ្អៅ

ហើយ​ពាក្យ​ពេចន៍​របស់​អូន​ពីរោះ​គួរ​ឲ្យ​ចង់​ស្ដាប់។

ថ្ពាល់*របស់​ស្រី​ស្ងួន​ដែល​នៅ​ក្រោម​ស្បៃ​ប្រៀប​ដូច​ជា​ផ្លែ​ទទឹម​មួយ​ចំហៀង។

 ៤ រីឯ​ក​របស់​អូន+ប្រៀប​បាន​នឹង​ប៉ម​របស់​ដាវីឌ+

ប៉ម​នោះ​សង់​ឡើង​ដោយ​ថ្ម​តម្រៀប​គ្នា​ជា​ជួរ

នៅ​លើ​ប៉ម​នោះ​ក៏​មាន​ព្យួរ​ខែល​១.០០០

សុទ្ធ​តែ​ជា​ខែល​មូល​របស់​ទាហាន​ខ្លាំង​ពូកែ។+

 ៥ ដោះ​របស់​អូន​ប្រៀប​ដូច​ជា​កូន​ប្រើស​ពីរ

ជា​កូន​ភ្លោះ​របស់​សត្វ​ប្រើស​ញី+

ដែល​កំពុង​ស៊ី​ចំណី​នៅ​កណ្ដាល​ផ្កា​លីលី​»។

 ៦ ​«​មុន​វេលា​ដែល​មាន​ខ្យល់​បក់​រំភើយ និង​មុន​ស្រមោល​បាត់​ទៅ

ខ្ញុំ​នឹង​ចាក​ចេញ​ទៅ​ឯ​ភ្នំ​នៃ​ជ័រ​ល្វីង​ទេស

និង​ទៅ​ឯ​ទួល​នៃ​ម្សៅ​ក្រអូប​»។+

 ៧ ​«​ស្ងួន​ភ្ងា​បង​អើយ អូន​ស្អាត​ឥត​ខ្ចោះ+

អូន​ស្អាត​គ្មាន​ទាស់​ត្រង់​ណា​ឡើយ។

 ៨ កូន​ក្រមុំ​បង​អើយ សូម​អូន​ចេញ​ពី​ស្រុក​លីបង់​ជា​មួយ​នឹង​បង

សូម​អូន​ចេញ​ពី​ស្រុក​លីបង់​ជា​មួយ​នឹង​បង​ទៅ។+

សូម​យើង​ចុះ​ពី​កំពូល​ភ្នំ​អាម៉ាណា*

ពី​កំពូល​ភ្នំ​សេនៀ ពី​កំពូល​ភ្នំ​ហឺម៉ូន+

ពី​រូង​តោ និង​ពី​ភ្នំ​ខ្លា​រខិន។

 ៩ ឱ​កូន​ក្រមុំ​របស់​បង ម្ចាស់​ចិត្ត​បង​អើយ អូន​បាន​ឆក់​យក​បេះ​ដូង​របស់​បង+

គ្រាន់​តែ​អូន​ក្រឡេក​មើល​មក​បង​ម្ដង គ្រាន់​តែ​បង​ឃើញ​បន្តោង​ខ្សែក​អូន

អូន​ក៏​បាន​ឆក់​យក​បេះ​ដូង​របស់​បង​ទៅ។

១០ ឱ​កូន​ក្រមុំ​របស់​បង ម្ចាស់​ចិត្ត​បង​អើយ សេចក្ដី​ស្រឡាញ់​របស់​អូន​ធ្វើ​ឲ្យ​ចិត្ត​បង​កក់​ក្ដៅ​ណាស់!+

សេចក្ដី​ស្រឡាញ់​របស់​អូន​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ+

ហើយ​ក្លិន​ទឹក​អប់​របស់​អូន ក៏​ប្រសើរ​ជាង​គ្រឿង​ក្រអូប​ណា​ទាំង​អស់!+

១១ ឱ​កូន​ក្រមុំ​របស់​បង បបូរ​មាត់​អូន​ផ្អែម​ដូច​ទឹក​ឃ្មុំ​សុទ្ធ។+

គឺ​ដូច​ជា​នៅ​ក្រោម​អណ្ដាត​របស់​អូន​មាន​ទឹក​ឃ្មុំ​និង​ទឹក​ដោះ+

ហើយ​ក្លិន​សម្លៀក​បំពាក់​របស់​អូន គឺ​ដូច​ជា​ក្លិន​ក្រអូប​ពី​ព្រៃ​ស្រុក​លីបង់។

១២ កូន​ក្រមុំ​របស់​បង ជា​ម្ចាស់​ចិត្ត​បង​អើយ អូន​ប្រៀប​ដូច​ជា​សួន​ដែល​មាន​របង​ចាក់​សោ

អូន​ប្រៀប​ដូច​ជា​សួន​ដែល​មាន​របង​ចាក់​សោ ជា​ប្រភព​ទឹក​បិទ​ជិត។

១៣ មែក*របស់​អូន​ប្រៀប​ដូច​ជា​សួន​នៃ​ផ្លែ​ទទឹម

ដែល​មាន​ផល​ផ្លែ​ល្អ​បំផុត ថែម​ទាំង​មាន​ដើម​ហេនណា និង​ដើម​ស្ពេកណាត។*

១៤ សួន​នោះ​ក៏​មាន​ដើម​ស្ពេកណាត+ ដើម​សាហ្វ្រុន ដើម​ត្រែង​ក្រអូប+ និង​ឈើ​អែម+

ក៏​មាន​ដើម​ឈើ​គ្រប់​ប្រភេទ​ដែល​គេ​យក​ធ្វើ​ម្សៅ​ក្រអូប ជ័រ​ល្វីង​ទេស​និង​គ្រឿង​ក្រអូប​អាឡូ+

ព្រម​ទាំង​ដើម​ទាំង​ឡាយ​ដែល​មាន​ក្លិន​ពិដោរ​បំផុត។+

១៥ អូន​ជា​ទឹក​ផុស​ក្នុង​សួន ជា​អណ្ដូង​ទឹក​ស្អាត

ហើយ​ជា​ខ្សែ​ទឹក​ហូរ​ឥត​ដាច់​ពី​ភ្នំ​ស្រុក​លីបង់។+

១៦ ឱ​ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង

ឱ​ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​ចូល​មក

ចូរ​ឲ្យ​ខ្យល់​បក់​ត្រសៀក​ៗ​មក​លើ​សួន​របស់​ខ្ញុំ។

ចូរ​ឲ្យ​ក្លិន​ពិដោរ​ក្នុង​សួន​បាន​សាយភាយ​ទៅ​»។

​«​សូម​ឲ្យ​បុរស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ចូល​មក​ក្នុង​សួន​របស់​គាត់

ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​ល្អ​បំផុត​»។

៥ ​«​ឱ​កូន​ក្រមុំ​របស់​បង ម្ចាស់​ចិត្ត​បង​អើយ!

បង​ចូល​ក្នុង​សួន​របស់​បង​ហើយ។+

បង​បាន​ប្រមូល​យក​ជ័រ​ល្វីង​ទេស​និង​គ្រឿង​ក្រអូប។+

បង​បាន​បរិភោគ​ផ្លិត​ឃ្មុំ​និង​ទឹក​ឃ្មុំ

ថែម​ទាំង​ផឹក​ទឹក​ដោះ​និង​ស្រា​ទំពាំង​បាយ​ជូរ​របស់​បង​ផង​ដែរ​»។+

​«​មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ចូរ​នាំ​គ្នា​បរិភោគ!

ចូរ​ផឹក​ឲ្យ​ស្រវឹង​នឹង​ស្នេហា​នេះ​ចុះ!​»។+

 ២ ​«​រូប​កាយ​ខ្ញុំ​គេង តែ​ចិត្ត​ខ្ញុំ​មិន​គេង​សោះ។+

ខ្ញុំ​ឮ​សំឡេង​ស្ងួន​ភ្ងា​កំពុង​គោះ​ទ្វារ!។

‹ឱ​ម្ចាស់​ចិត្ត​បង ឱ​បណ្ដូល​ចិត្ត​បង​អើយ! សូម​អូន​បើក​ទ្វារ​ឲ្យ​បង​ផង

ឱ​ព្រាប​មាស​បង សម្រស់​នួន​ល្អង​ល្អ​ឥត​ខ្ចោះ!

ព្រោះ​ក្បាល​បង​ទទឹក​ជោក​ដោយ​សន្សើម

ឯ​សក់​បង​វិញ​ពេញ​ដោយ​សំណើម​ពេល​រាត្រី›។+

 ៣ ខ្ញុំ​បាន​ដោះ​អាវ​វែង​ចេញ​ហើយ

តើ​ត្រូវ​ឲ្យ​ខ្ញុំ​ពាក់​វិញ​ឬ?

ខ្ញុំ​បាន​លាង​ជើង​រួច​ហើយ

តើ​ត្រូវ​ឲ្យ​ជើង​ខ្ញុំ​ប្រឡាក់​ដី​វិញ​ឬ?។

 ៤ ស្រាប់​តែ​ម្ចាស់​ស្នេហ៍​ខ្ញុំ​បាន​ដក​ដៃ​ចេញ​ពី​ប្រហោង​ទ្វារ​វិញ

ពេល​នោះ​ចិត្ត​របស់​ខ្ញុំ​តាំង​ភ័យ​ញាប់​ញ័រ។

 ៥ ខ្ញុំ​បាន​ក្រោក​ឡើង​ដើម្បី​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ

ដំណក់​ជ័រ​ល្វីង​ទេស​ក៏​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ

ហើយ​ម្រាម​ដៃ​ខ្ញុំ​ហៀរ​ចេញ​ប្រេង​ក្រអូប*មក​លើ​គន្លឹះ​ទ្វារ។

 ៦ ខ្ញុំ​ក៏​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍

តែ​គាត់​ចេញ​ទៅ​ហើយ គាត់​ទៅ​បាត់​ហើយ។

ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​កាល​ដែល​គាត់​ចេញ​ទៅ​បាត់។*

ខ្ញុំ​ខំ​រក​គាត់ តែ​រក​មិន​ឃើញ​ទេ។+

ខ្ញុំ​ហៅ​រក​គាត់ តែ​មិន​ឮ​គាត់​ឆ្លើយ​សោះ។

 ៧ ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។

ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​របួស។

ឯ​ពួក​អ្នក​យាម​កំពែង​បាន​ទាញ​យក​ស្បៃ​រុំ​ខ្លួន​របស់​ខ្ញុំ។

 ៨ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖

បើ​ពួក​នាង​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ

សូម​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ជំងឺ​ស្នេហា​»។

 ៩ ​«​ឱ​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​អើយ

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ​បាន​ជា​នាង​ឲ្យ​ពួក​ខ្ញុំ​ស្បថ​ដូច្នេះ?

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ?​»។

១០ ​«​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​មាន​សាច់​ឈាម​ស្រស់ថ្លា គាត់​សង្ហា​ខ្លាំង​ណាស់។

ក្នុង​ចំណោម​បុរស​១០.០០០​នាក់ គាត់​លេច​ធ្លោ​ជាង​គេ។

១១ ក្បាល​គាត់​ស្អាត​ដូច​មាស​សុទ្ធ

សក់​របស់​គាត់​ដូច​ជា​ធាង​ត្នោត​បក់​រវិច*

ហើយ​ខ្មៅ​រលើប​ដូច​សត្វ​ក្អែក។

១២ នេត្រា​គាត់​ដូច​ព្រាប​កំពុង​ងូត​ក្នុង​ទឹក​ដោះ​ដែល​នៅ​ក្បែរ​ផ្លូវ​ទឹក

ហើយ​អង្គុយ​នៅ​ជិត​មាត់​អាង​ដែល​មាន​ទឹក​ពេញ​ព្រៀប។*

១៣ ថ្ពាល់​គាត់​ដូច​ជា​ថ្នាល​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប+

និង​ដូច​ជា​ពំនូក​ជីរ​មាន​ក្លិន​ពិដោរ។

ចំណែក​ឯ​បបូរ​មាត់​គាត់​វិញ ដូច​ផ្កា​លីលី​ដែល​ស្រក់​ប្រេង​ក្រអូប។*+

១៤ ម្រាម​ដៃ​គាត់​ប្រៀប​បាន​នឹង​បំពង់​មាស​ដាំ​ដោយ​ត្បូង​គ្រីសូឡែត

ឯ​ពោះ​គាត់​ភ្លឺ​រលោង​ដូច​ជា​ភ្លុក​ដំរី​ដែល​ស្រោប​ដោយ​ត្បូង​កណ្ដៀង។

១៥ ជើង​គាត់​ដូច​ជា​សសរ​ថ្ម​កែវ​ដាំ​លើ​កំណល់​មាស​សុទ្ធ

រូប​រាង​របស់​គាត់​សែន​ស្អាត​ដូច​ទឹក​ដី​ស្រុក​លីបង់​និង​ដូច​ដើម​ស៊ីដារ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន។+

១៦ មាត់​របស់​គាត់​ពោរ​ពេញ​ដោយ​ភាព​ផ្អែម​ល្ហែម

ហើយ​អ្វី​ៗ​ទាំង​អស់​អំពី​គាត់​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ខ្លាំង​ណាស់។+

ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ នេះ​ហើយ​ជា​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ជា​បណ្ដូល​ចិត្ត​តែ​មួយ​របស់​ខ្ញុំ​»។

៦ ​«​ឱ​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​អើយ

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ទៅ​ណា​ហើយ?

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ទៅ​តាម​ផ្លូវ​ណា?

សូម​ឲ្យ​ពួក​ខ្ញុំ​ជួយ​នាង​តាម​រក​គាត់​»។

 ២ ​«​ម្ចាស់​ស្នេហ៍​ខ្ញុំ​បាន​ចុះ​ទៅ​សួន​របស់​គាត់

ទៅ​ឯ​ថ្នាល​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប

គាត់​ទៅ​ឃ្វាល​សត្វ​នៅ​ទី​នោះ

ហើយ​ក៏​ទៅ​បេះ​ផ្កា​លីលី​ផង​ដែរ។+

 ៣ ខ្ញុំ​ជា​របស់​ម្ចាស់​ស្នេហ៍​ខ្ញុំ

ហើយ​ម្ចាស់​ស្នេហ៍​ខ្ញុំ​ជា​របស់​ខ្ញុំ។+

គាត់​កំពុង​ឃ្វាល​សត្វ​នៅ​កណ្ដាល​វាល​ផ្កា​លីលី​»។+

 ៤ ​«​ឱ​សំណព្វចិត្ត​អើយ+ នាង​ស្រស់​ស្អាត​ដូច​ក្រុង​ធើសា*+

នាង​គួរ​ឲ្យ​ស្រឡាញ់​ដូច​ក្រុង​យេរូសាឡិម+

ហើយ​គួរ​ឲ្យ​ស្ងើច​អស្ចារ្យ​ដូច​កង​ទ័ព​ដែល​តម្រៀប​គ្នា​ចូល​ច្បាំង។+

 ៥ ចូរ​នាង​បែរ​ភ្នែក+ចេញ​ពី​ខ្ញុំ

ព្រោះ​ភ្នែក​របស់​នាង​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​ជ្រួល​ច្របល់។

សក់​របស់​នាង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ​ដែល​កំពុង​ចុះ​តាម​ជម្រាល​ភ្នំ​ស្រុក​គីលាត។+

 ៦ ធ្មេញ​របស់​នាង​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​នាំ​គ្នា​ឡើង​មក​ពី​លាង​ជម្រះ​ខ្លួន​វិញ

ទាំង​អស់​ស្អាត​ហើយ​មាន​គូ​វា

គ្មាន​បាត់​មួយ​ណា​ឡើយ។

 ៧ ថ្ពាល់*របស់​ស្រី​ស្ងួន​ដែល​នៅ​ក្រោម​ស្បៃ

ប្រៀប​ដូច​ជា​ផ្លែ​ទទឹម​មួយ​ចំហៀង។

 ៨ ខ្ញុំ​មាន​មហា​ក្សត្រី​៦០​នាក់

មាន​ប្រពន្ធ​បន្ទាប់​៨០​នាក់

និង​មាន​ស្ត្រី​វ័យ​ក្មេង​ជា​ច្រើន​រាប់​មិន​អស់។+

 ៩ ប៉ុន្តែ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ព្រាប​របស់​ខ្ញុំ+ នាង​មាន​សម្រស់​ស្អាត​ឥត​ខ្ចោះ។

នាង​ជា​កូន​ពិសេស​បំផុត​របស់​ម្ដាយ​នាង

នាង​ជា​កូន​សំណព្វ​របស់​ម្ដាយ​ដែល​ពពោះ​នាង។

នារី​ៗ​ដែល​ឃើញ​នាង​នាំ​គ្នា​និយាយ​ល្អ​អំពី​នាង

ហើយ​ពួក​មហា​ក្សត្រី​និង​ពួក​ប្រពន្ធ​បន្ទាប់​ពោល​សរសើរ​នាង។

១០ ‹នាង​ដែល​ចាំង​ចែង​ដូច​អរុណ​រះ

ហើយ​ស្អាត​ដូច​ដួង​ខែ​ពេញ​វង់ បរិសុទ្ធ​ដូច​ពន្លឺ​ថ្ងៃ

និង​គួរ​ឲ្យ​ស្ងើច​អស្ចារ្យ​ដូច​កង​ទ័ព​ដែល​តម្រៀប​គ្នា​ចូល​ច្បាំង

តើ​នាង​នោះ​ជា​អ្នក​ណា?›​»។+

១១ ​«​ខ្ញុំ​បាន​ចុះ​ទៅ​ឯ​សួន​ដែល​មាន​ដើម​ឈើ​ហូប​ផ្លែ+

ដើម្បី​ទៅ​មើល​ពន្លក​ថ្មី​នៅ​ឯ​ជ្រលង

ហើយ​មើល​ថា​វល្លិ​ទំពាំង​បាយ​ជូរ​ដុះ​ឡើង​ឬ​នៅ

ព្រម​ទាំង​មើល​ថា​ដើម​ទទឹម​ចេញ​ផ្កា​ឬ​យ៉ាង​ណា។

១២ មុន​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន

បំណង​ប្រាថ្នា​ដែល​ខ្ញុំ​ចង់​ឃើញ​រុក្ខា​ទាំង​នោះ

បាន​នាំ​ខ្ញុំ​ទៅ​ដល់​រទេះ​ចម្បាំង​របស់​ពួក​មាន​ឋានៈ​ខ្ពស់​នៃ​ជន​រួម​ជាតិ​ខ្ញុំ​»។

១៣ ​«​ឱ​ក្រមុំ​ក្រុង​ស៊ូឡាម​អើយ! សូម​មក​វិញ សូម​មក​វិញ!

សូម​មក​វិញ សូម​មក​វិញ​មក!

ដើម្បី​ពួក​យើង​អាច​គយ​គន់​សម្រស់​របស់​នាង!​»។

​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​សម្លឹង​មើល​ខ្ញុំ​ជា​ក្រមុំ​ក្រុង​ស៊ូឡាម?​»។+

​«​ព្រោះ​មើល​នាង​ហាក់​ដូច​ជា​មើល​របាំ​ពីរ​ក្រុម*យ៉ាង​ដូច្នោះ​ដែរ!​»។

៧ ​«​ឱ​កូន​ស្រី​ចិត្ត​ល្អ​អើយ!

នាង​ពាក់​ស្បែក​ជើង​សង្រែក ឃើញ​ជើង​នាង​ស្អាត​ម្ល៉េះ​ហ្ន៎!

ត្រគាក​នាង​រាង​រៀវ​ដូច​ជា​គ្រឿង​លម្អ

ជា​ស្នា​ដៃ​យ៉ាង​ជំនាញ​របស់​សិប្បករ។

 ២ ផ្ចិត​របស់​នាង​មូល​ក្លំ​ដូច​ចាន​គោម

សូម​ឲ្យ​ចាន​គោម​នោះ​មាន​ស្រា​លាយ​មិន​ចេះ​ខ្វះ។

ឯ​ពោះ​របស់​នាង​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ផ្កា​លីលី។

 ៣ ដោះ​របស់​នាង​ប្រៀប​ដូច​ជា​កូន​ប្រើស​ពីរ

ជា​កូន​ភ្លោះ​របស់​សត្វ​ប្រើស​ញី។+

 ៤ រីឯ​ក​របស់​នាង+រលោង​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក​ដំរី+

នេត្រា​នាង+ប្រៀប​ដូច​ជា​អាង​ទឹក​នៅ​ក្រុង​ហែសបូន+

ដែល​នៅ​ក្បែរ​កំពែង​បាតរ៉ាប៊ីម។

ច្រមុះ​នាង​ដូច​ជា​ប៉ម​នៅ​ស្រុក​លីបង់​ដែល​បែរ​មុខ​ទៅ​ក្រុង​ដាម៉ាស់។

 ៥ ក្បាល​នាង​ប្រៀប​ដូច​ជា​ភ្នំ​កើមែល+

ឯ​សក់​នាង+ប្រៀប​ដូច​ជា​រោម​ចៀម​ពណ៌​ស្វាយ។+

ស្ដេច​ចាប់​ចិត្ត​នឹង​សក់​វែង​ស្អាត​របស់​នាង។

 ៦ ឱ​បណ្ដូល​ចិត្ត​អើយ នាង​មាន​រូប​ឆោម​ល្អ​ម្ល៉េះ​ទេ

ហើយ​គួរ​ឲ្យ​ស្រឡាញ់​លើស​អ្វី​ទាំង​អស់!

 ៧ កម្ពស់​នាង​សម​សួន​ដូច​ដើម​ត្នោត

ហើយ​ដោះ​របស់​នាង​ប្រៀប​បាន​នឹង​ចង្កោម​ផ្លែ​លម៉ើ។+

 ៨ ខ្ញុំ​បាន​និយាយ​ហើយ​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ដើម​ត្នោត​នោះ

ដើម្បី​ចាប់​យក​ទាំង​មែក​ទាំង​ផ្លែ›។

សូម​ឲ្យ​ដោះ​របស់​នាង​បាន​ដូច​ជា​ចង្កោម​ទំពាំង​បាយ​ជូរ

សូម​ឲ្យ​ខ្យល់​ដង្ហើម​នាង​មាន​ក្លិន​ប្រហើរ​ដូច​ក្លិន​ផ្លែ​ប៉ោម

 ៩ ហើយ​ឲ្យ​មាត់​នាង​បាន​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​បំផុត​»។

​«​សូម​ឲ្យ​ស្រា​នោះ​ហូរ​យ៉ាង​រលូន​សម្រាប់​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ

គឺ​ហូរ​ថ្នម​ៗ​លើ​បបូរ​មាត់​របស់​មនុស្ស​ដែល​កំពុង​ដេក​លក់។

១០ ខ្ញុំ​ជា​របស់​ម្ចាស់​ចិត្ត​ខ្ញុំ+

ហើយ​ប្រុស​ស្នេហ៍​ស្នង​ប្រាថ្នា​ចង់​បាន​រូប​ខ្ញុំ។

១១ ឱ​ម្ចាស់​ចិត្ត​អើយ សូម​មក​ជា​មួយ​នឹង​អូន

ចូរ​យើង​នាំ​គ្នា​ទៅ​ឯ​វាល

យើង​នឹង​ស្នាក់​នៅ​កណ្ដាល​ដើម​ហេនណា។+

១២ ចូរ​យើង​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ទៅ​ចម្ការ​ទំពាំង​បាយ​ជូរ

ដើម្បី​មើល​ថា​វល្លិ​ទំពាំង​បាយ​ជូរ​លាស់​ពន្លក

ឬ​ផ្កា​របស់​វា​រីក​ហើយ​ឬ​នៅ+

និង​ដើម្បី​មើល​ថា​ដើម​ទទឹម​ចេញ​ផ្កា​ហើយ​ឬ​យ៉ាង​ណា។+

នៅ​ទី​នោះ អូន​នឹង​បង្ហាញ​សេចក្ដី​ស្នេហា​ចំពោះ​បង។+

១៣ ដើម​មេនដ្រេក+ ភាយ​ក្លិន​ក្រអូប​សាយ។

នៅ​ឯ​ទ្វារ​ផ្ទះ​របស់​យើង​មាន​ផ្លែ​ឈើ​ល្អ​ៗ​គ្រប់​ប្រភេទ+

មាន​ទាំង​ផ្លែ​ចាស់​មាន​ទាំង​ផ្លែ​ថ្មី

ឱ​ម្ចាស់​ចិត្ត​អូន​អើយ អូន​ទុក​ផ្លែ​ទាំង​នោះ​សម្រាប់​តែ​បង។

៨ ​«​ប្រសិន​បើ​បង​ដូច​បង​ប្រុស​របស់​អូន ដែល​ធ្លាប់​បៅ​ដោះ​ម្ដាយ​អូន

នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!

បើ​ដូច្នោះ​មែន ពេល​អូន​ជួប​បង​នៅ​ខាង​ក្រៅ នោះ​អូន​នឹង​ថើប​បង+

ហើយ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​មើល​ងាយ​អូន​ឡើយ។

 ២ អូន​នឹង​នាំ​បង​ទៅ

អូន​នឹង​នាំ​បង​ទៅ​ផ្ទះ​របស់​ម្ដាយ​អូន+

ជា​អ្នក​ដែល​បាន​បង្រៀន​អូន។

អូន​នឹង​យក​ស្រា​ទំពាំង​បាយ​ជូរ​ឈ្ងុយ​ឆ្ងាញ់

និង​ទឹក​ផ្លែ​ទទឹម​ស្រស់​ជូន​បង​ពិសា។

 ៣ គាត់​ដាក់​ដៃ​ឆ្វេង​ឲ្យ​ខ្ញុំ​កើយ

ហើយ​យក​ដៃ​ស្ដាំ​ឱប​ខ្ញុំ​ជាប់។+

 ៤ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖

ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ​លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+

 ៥ ​«​តើ​នាង​ណា​នោះ​ដែល​កំពុង​ឡើង​មក​ពី​តំបន់​ស្ងាត់​ជ្រងំ

ទាំង​ផ្អែក​លើ​ម្ចាស់​ស្នេហ៍​របស់​នាង?​»។

​«​នៅ​ក្រោម​ដើម​ប៉ោម អូន​បាន​ដាស់​បង

ទី​នោះ​ជា​កន្លែង​ដែល​ម្ដាយ​របស់​បង​ឈឺ​ពោះ​កើត​បង។

ទី​នោះ​ហើយ​ដែល​គាត់​បាន​បង្កើត​បង​មក​ទាំង​ឈឺ​ចាប់។

 ៦ សូម​បង​នឹក​ឃើញ​អូន​ជា​និច្ច ដូច​ជា​ត្រា​ដែល​ប្រថាប់​លើ​បេះ​ដូង​បង

ដូច​ជា​ត្រា​ដែល​បោះ​ជាប់​លើ​ដៃ​របស់​បង

ព្រោះ​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់+

ហើយ​សេចក្ដី​ស្រឡាញ់​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ ប្រៀប​ដូច​ជា​ផ្នូរ*តម្រូវ​ឲ្យ​មាន​សាក​សព​ជា​និច្ច។

សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា។*+

 ៧ រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ+

ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ។+

បើ​អ្នក​ណា​ម្នាក់​ស្នើ​ផ្ដល់​ទ្រព្យ​ទាំង​អស់​របស់​គាត់​ដើម្បី​ទិញ​ស្នេហា

គេ​នឹង​ប្រមាថ​មើល​ងាយ​ការ​ធ្វើ​ដូច្នោះ*ជា​មិន​ខាន​»។

 ៨ ​«​ពួក​យើង​មាន​ប្អូន​ស្រី​ម្នាក់+

ហើយ​នាង​គ្មាន​ដើម​ទ្រូង​ទេ។

តើ​ពួក​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្អូន​ស្រី​របស់​យើង

នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ស្នើ​នាង​ធ្វើ​ជា​ប្រពន្ធ?​»។

 ៩ ​«​បើ​នាង​ជា​កំពែង

យើង​នឹង​សង់​ប៉ម​ប្រាក់​ពី​លើ​កំពែង​នោះ

តែ​បើ​នាង​ជា​ទ្វារ

យើង​នឹង​យក​ក្ដារ​ស៊ីដារ​មក​បិទ​ពី​លើ​ទ្វារ​នោះ​»។

១០ ​«​ខ្ញុំ​ជា​កំពែង

ហើយ​ដើម​ទ្រូង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម។

ដូច្នេះ នៅ​ក្នុង​ភ្នែក​របស់​គាត់

ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់។

១១ សាឡូម៉ូន​មាន​ចម្ការ​ទំពាំង​បាយ​ជូរ+នៅ​បាលហេម៉ូន។

គាត់​ប្រគល់​ចម្ការ​នោះ​ឲ្យ​ពួក​អ្នក​ដែល​ថែ​រក្សា​មើល​ការ​ខុស​ត្រូវ។

ពួក​គេ​ម្នាក់​ៗ​បង់​១.០០០​កាក់​ប្រាក់​សម្រាប់​ផល​ផ្លែ​ដែល​បាន​មក​ពី​ចម្ការ​នោះ។

១២ ខ្ញុំ​ក៏​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។

ឱ​សាឡូម៉ូន​អើយ ១.០០០​កាក់​ប្រាក់​ជា​របស់​លោក

ហើយ​២០០​កាក់​ប្រាក់​ជា​របស់​ពួក​អ្នក​ដែល​ថែ​រក្សា​ផល​ផ្លែ​ទាំង​នោះ​»។

១៣ ​«​ឱ​នារី​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ+

មិត្ត​ភក្ដិ​ចាំ​ស្ដាប់​សំឡេង​អូន​ហើយ

សូម​បន្លឺ​វាចា​មក​ដើម្បី​ឲ្យ​បង​បាន​ឮ​ផង​»។+

១៤ ​«​ឱ​ម្ចាស់​ចិត្ត​អូន​អើយ សូម​បង​ប្រញាប់​មក

សូម​បង​រត់​ឲ្យ​លឿន​ដូច​សត្វ​ប្រើស+

និង​ឲ្យ​រហ័ស​ដូច​ក្ដាន់​ស្ទាវ

នៅ​លើ​ភ្នំ​ដែល​មាន​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​»។

ឬ​«​មក​សរសើរ​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​ពាក់​ស្បៃ​កាន់​ទុក្ខ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម​នឹង​សក់​ក្រង​»​

ន័យ​ត្រង់​«​ដើម​ស្ពេកណាត​»​

ន័យ​ត្រង់​«​ផ្កា​សាហ្វ្រុន​»​

ន័យ​ត្រង់​«​ផ្ទះ​នៃ​ស្រា​ទំ​ពាំ​យ​បាយ​ជូរ​»​

ឬ​«​រដូវ​ភ្លៀង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ភ្នំ​ដែល​ញែក​»​ ឬ​«​ភ្នំ​នៃ​បេតធឺ​»​

ឬ​«​កម្រង​»​

ឬ​«​សៀត​ផ្កា​»​

ឬ​«​អាន់ទី​លីបង់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្បែក​»​

ដើម​តូច​ម្យ៉ាង​ដែល​មាន​ក្លិន​ក្រអូប

ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​ស្ទើរ​តែ​សន្លប់ ពេល​ឮ​សំឡេង​គាត់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​ជិត​មាត់​ទឹក​ផុស​»​

ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​

ឬ​«​ក្រុង​ដ៏​គួរ​ឲ្យ​រីករាយ​»​

ឬ​«​សៀត​ផ្កា​»​

ឬ​«​របាំ​នៅ​ម៉ាហាណែម​»​

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក