ម៉ាឡាគី
១ សេចក្ដីប្រកាស៖
នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់ជនជាតិអ៊ីស្រាអែល តាមរយៈម៉ាឡាគី៖*
២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំបានបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នករាល់គ្នា»។+
ប៉ុន្តែ អ្នករាល់គ្នាបែរជានិយាយថា៖ «តើលោកបានធ្វើអ្វីខ្លះដែលបង្ហាញថាលោកស្រឡាញ់ពួកយើង?»។
ព្រះយេហូវ៉ាតបថា៖ «តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ?+ តែខ្ញុំស្រឡាញ់យ៉ាកុប ៣ ហើយខ្ញុំស្អប់អេសាវ។+ ខ្ញុំបានធ្វើឲ្យភ្នំរបស់គាត់ក្លាយជាកន្លែងដែលគេទុកចោល+ ហើយឲ្យមត៌ករបស់គាត់ដល់ឆ្កែព្រៃនៅតំបន់ស្ងាត់ជ្រងំ»។+
៤ «ទោះជាអេដំនិយាយថា៖ ‹យើងបានត្រូវបំផ្លាញចោលក៏ពិតមែន តែយើងនឹងត្រឡប់មកវិញ ហើយសង់ក្រុងដែលខូចបង់សាជាថ្មី›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ថា៖ ‹ពួកគេនឹងសង់ តែខ្ញុំនឹងរំលំចោល ហើយមនុស្សនឹងហៅទីនោះថា«ទឹកដីនៃអំពើទុច្ចរិត» ហើយហៅពួកគេថា«បណ្ដាជនដែលនៅជាប់ការផ្ដន្ទាទោសពីព្រះយេហូវ៉ាជាដរាប»។+ ៥ អ្នករាល់គ្នានឹងឃើញដោយផ្ទាល់ភ្នែក រួចអ្នករាល់គ្នានឹងពោលថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងនៅទូទាំងទឹកដីនៃអ៊ីស្រាអែល»›»។
៦ «ខ្ញុំយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ទៅកាន់ពួកសង្ឃដែលប្រមាថនាមរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ពួកគេថា៖ ‹តាមធម្មតា កូនគោរពឪពុក+ ហើយអ្នកបម្រើគោរពចៅហ្វាយ។ ចុះបើខ្ញុំជាឪពុក+ ហេតុអ្វីបានជាអ្នករាល់គ្នាមិនគោរពខ្ញុំ?+ ហើយបើខ្ញុំជាម្ចាស់* ហេតុអ្វីបានជាអ្នករាល់គ្នាមិនកោតខ្លាច*ខ្ញុំ?›។+
«‹ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «តើនៅពេលណាដែលពួកយើងបានប្រមាថនាមរបស់លោក?»›។
៧ «‹អ្នករាល់គ្នាបានជូនអាហារស្មោកគ្រោកនៅលើទីបូជារបស់ខ្ញុំ›។
«‹ហើយអ្នករាល់គ្នាស្រដីថា៖ «តើពួកយើងបានធ្វើឲ្យលោកស្មោកគ្រោកនៅពេលណា?»›។
«‹អ្នករាល់គ្នាក៏ពោលទៀតថា៖ «តុរបស់ព្រះយេហូវ៉ា+ពិតជាគួរឲ្យខ្ពើមណាស់»។ ៨ ពេលអ្នករាល់គ្នាជូនសត្វខ្វាក់ភ្នែកជាគ្រឿងបូជា អ្នករាល់គ្នាពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ» ហើយពេលអ្នករាល់គ្នាជូនសត្វពិការជើងឬសត្វដែលឈឺ អ្នករាល់គ្នាក៏តែងពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ»›»។+
«សូមអ្នករាល់គ្នាសាកជូនអ្វីទាំងនោះដល់អភិបាលរបស់អ្នក តើគាត់នឹងពេញចិត្តអ្នក ឬព្រមទទួលអ្នកដោយរាក់ទាក់ឬទេ?»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៩ «ឥឡូវសូមយើងរាល់គ្នាអង្វរព្រះ ក្រែងលោលោកបង្ហាញសេចក្ដីមេត្តាករុណាដល់យើង។ បើអ្នករាល់គ្នានៅតែជូនគ្រឿងបូជាបែបនោះ តើលោកនឹងពេញចិត្តទទួលអ្នករាល់គ្នាណាម្នាក់ឬ?»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១០ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាស្ម័គ្រចិត្តទៅបិទទ្វារ*ទេ?+ ព្រោះសូម្បីតែដុតភ្លើងនៅទីបូជារបស់ខ្ញុំ ក៏អ្នករាល់គ្នាមិនទាំងធ្វើផង បើគ្មានកម្រៃនោះ។+ ខ្ញុំមិនពេញចិត្តអ្នករាល់គ្នាទាល់តែសោះ ហើយក៏មិនពេញចិត្តគ្រឿងបូជាណាមួយដែលអ្នករាល់គ្នាបានជូនដល់ខ្ញុំដែរ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។+
១១ «ចាប់ពីទិសខាងកើតដល់ទិសខាងលិច នាមរបស់ខ្ញុំនឹងបានឧត្តុង្គឧត្តមក្នុងចំណោមប្រជាជាតិនានា។+ នៅគ្រប់កន្លែងនឹងមានការដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង ព្រមទាំងមានការជូនគ្រឿងបូជាដើម្បីលើកតម្កើងនាមរបស់ខ្ញុំ ជាជំនូនដែលខ្ញុំព្រមទទួល។ ព្រោះនាមរបស់ខ្ញុំនឹងបានឧត្តុង្គឧត្តមក្នុងចំណោមប្រជាជាតិនានា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១២ «ប៉ុន្តែ អ្នករាល់គ្នាកំពុងបង្អាប់បង្អោននាមរបស់ខ្ញុំ*+ ដោយនិយាយថា៖ ‹តុរបស់ព្រះយេហូវ៉ាគឺស្មោកគ្រោក ទាំងផ្លែឈើ ទាំងអាហារដែលនៅលើតុនោះផង សុទ្ធតែជារបស់ដែលគួរឲ្យខ្ពើមរអើម›។+ ១៣ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាធ្វើមុខពេបជ្រាយចំពោះអ្វីទាំងនោះ ហើយពោលថា៖ ‹មើល! នេះពិតជាគួរឲ្យធុញទ្រាន់ណាស់!›»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានយកសត្វដែលលួចពីគេ សត្វពិការ និងសត្វមានជំងឺ មកជូនខ្ញុំ! តើគួរឲ្យខ្ញុំទទួលជំនូននោះពីដៃរបស់អ្នកទេ?»។+
១៤ «មនុស្សមានកលល្បិចត្រូវបណ្ដាសាហើយ ព្រោះអ្នកនោះមានសត្វល្អឥតខ្ចោះ តែបែរជាស្បថ ហើយយកសត្វដែលមិនល្អ*ធ្វើជាគ្រឿងបូជាជូនព្រះយេហូវ៉ាទៅវិញ។ ខ្ញុំជាស្ដេចដ៏ឧត្តុង្គឧត្តម+ ហើយនាមរបស់ខ្ញុំគួរឲ្យកោតស្ញប់ស្ញែងក្នុងចំណោមប្រជាជាតិនានា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
២ «ឥឡូវ ឱពួកសង្ឃអើយ បញ្ញត្តិនេះគឺសម្រាប់អ្នករាល់គ្នា។+ ២ បើអ្នករាល់គ្នាមិនព្រមស្ដាប់ ហើយមិនអើពើចំពោះការលើកតម្កើងនាមរបស់ខ្ញុំទេ នោះខ្ញុំនឹងដាក់បណ្ដាសាអ្នករាល់គ្នា+ ហើយខ្ញុំនឹងធ្វើឲ្យពររបស់អ្នករាល់គ្នាទៅជាបណ្ដាសាវិញ។+ ខ្ញុំបានធ្វើឲ្យពរទៅជាបណ្ដាសារួចហើយ ដោយសារអ្នករាល់គ្នាមិនអើពើនឹងបញ្ញត្តិរបស់ខ្ញុំ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៣ «មើល! ដោយសារតែការប្រព្រឹត្តរបស់អ្នករាល់គ្នា ខ្ញុំនឹងបំផ្លិចបំផ្លាញ*គ្រាប់ពូជដែលអ្នករាល់គ្នាបានសាបព្រោះ+ ហើយខ្ញុំនឹងជះលាមកសត្វលើមុខរបស់អ្នករាល់គ្នា ជាលាមកសត្វដែលអ្នករាល់គ្នាបូជាក្នុងពិធីបុណ្យ។ រួចគេនឹងបោះអ្នករាល់គ្នាទៅលើគំនរលាមក។* ៤ នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំបានឲ្យបញ្ញត្តិនេះដល់អ្នករាល់គ្នា ដើម្បីឲ្យកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងលេវីអាចមានសុពលភាពតទៅទៀត»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៥ «កិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងគាត់ បានរក្សាជីវិតរបស់គាត់ ហើយនាំឲ្យគាត់មានសេចក្ដីសុខសាន្ត ដើម្បីឲ្យគាត់កោតខ្លាចខ្ញុំ។ គាត់បានកោតខ្លាចខ្ញុំ ហើយស្ញប់ស្ញែងនាមរបស់ខ្ញុំ។ ៦ មាត់របស់គាត់បង្រៀនអំពីសេចក្ដីពិត*+ ហើយគាត់មិនដែលប្រើសម្ដីមិនសុចរិតឡើយ។ គាត់បានដើរជាមួយនឹងខ្ញុំដោយទៀងត្រង់និងដោយសន្តិភាព+ ហើយគាត់បានជួយមនុស្សជាច្រើនឲ្យឈប់ធ្វើខុស។ ៧ ព្រោះសង្ឃគួរតែបង្រៀនចំណេះអំពីព្រះដល់បណ្ដាជន ហើយបណ្ដាជនគួរទៅរកគាត់ដើម្បីទទួលការបង្រៀន*+ ដោយសារគាត់ជាទូតរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៨ «ប៉ុន្តែ អ្នករាល់គ្នាបានបែរចេញពីផ្លូវ។ អ្នករាល់គ្នាបាននាំឲ្យបណ្ដាជនជាច្រើនមិនធ្វើតាមច្បាប់។*+ អ្នករាល់គ្នាបានបង្ខូចកិច្ចព្រមព្រៀងរបស់លេវី»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ៩ «ដូច្នេះ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នារងការប្រមាថមើលងាយនិងការអាប់ឱននៅចំពោះមុខមនុស្សទាំងអស់ ដោយសារអ្នករាល់គ្នាមិនបានធ្វើតាមផ្លូវរបស់ខ្ញុំ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាអនុវត្តច្បាប់ដោយលម្អៀង»។+
១០ «ពួកយើងទាំងអស់គ្នាមានឪពុកតែមួយ មែនទេ?+ តើមិនមែនព្រះតែមួយទេឬដែលបានបង្កើតពួកយើង? ចុះហេតុអ្វីបានជាពួកយើងក្បត់គ្នា+ ហើយបង្អាប់បង្អោនកិច្ចព្រមព្រៀងរបស់បុព្វបុរសពួកយើងដូច្នេះ? ១១ យូដាបានប្រព្រឹត្តអំពើក្បត់ ហើយអ្វីដ៏គួរឲ្យស្អប់ខ្ពើមបានកើតឡើងនៅក្នុងអ៊ីស្រាអែលនិងយេរូសាឡិម* គឺយូដាបានធ្វើឲ្យភាពបរិសុទ្ធ*ដែលព្រះយេហូវ៉ាស្រឡាញ់ទៅជាស្មោកគ្រោក+ ហើយយូដាបានរៀបការជាមួយនឹងស្ត្រីដែលគោរពបូជាព្រះដទៃ។+ ១២ អ្នកណាក៏ដោយដែលប្រព្រឹត្តអំពើបែបនេះ ព្រះយេហូវ៉ានឹងបំផ្លាញអ្នកនោះឲ្យផុតពីត្រសាលរបស់យ៉ាកុប ទោះជាអ្នកនោះជូនគ្រឿងបូជាជាអំណោយដល់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ក្ដី»។+
១៣ «មានទង្វើមួយទៀតរបស់អ្នករាល់គ្នាដែលបានធ្វើឲ្យទីបូជារបស់ព្រះយេហូវ៉ាពេញទៅដោយទឹកភ្នែក ការស្រែកយំ និងការដកដង្ហើមធំ។ ដូច្នេះ លោកលែងអើពើនឹងគ្រឿងបូជាជាអំណោយរបស់អ្នករាល់គ្នា ហើយលែងពេញចិត្តនឹងអ្វីគ្រប់យ៉ាងពីដៃរបស់អ្នករាល់គ្នា។+ ១៤ រួចអ្នករាល់គ្នាសួរថា៖ ‹ហេតុអ្វី?›។ នេះដោយសារព្រះយេហូវ៉ាបានធ្វើជាសាក្សីប្រឆាំងអ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានក្បត់ប្រពន្ធដែលអ្នករាល់គ្នាបានរួមរស់ជាមួយតាំងពីនៅវ័យក្មេង ទោះជានាងជាគូជីវិតនិងជាប្រពន្ធស្របច្បាប់ក៏ដោយ។+ ១៥ ប៉ុន្តែ មានមនុស្សម្នាក់ដែលមិនបានធ្វើដូច្នេះទេ ព្រោះមានឫទ្ធានុភាពរបស់ព្រះនៅជាមួយនឹងគាត់។ តើគាត់ចង់បានអ្វី? គាត់ចង់បានកូនចៅ*របស់ព្រះ។ ដូច្នេះ ចូរការពារចិត្តគំនិតរបស់អ្នករាល់គ្នា ហើយកុំក្បត់ប្រពន្ធដែលអ្នករាល់គ្នាបានរួមរស់ជាមួយតាំងពីនៅវ័យក្មេងឡើយ។ ១៦ ព្រោះខ្ញុំស្អប់ការលែងលះ»។+ ព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលមានប្រសាសន៍ដូច្នោះ។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍តទៅទៀតថា៖ «ខ្ញុំស្អប់អ្នកណាដែលប្រព្រឹត្តអំពើឃោរឃៅ។ ដូច្នេះ ចូរការពារចិត្តគំនិតរបស់អ្នករាល់គ្នា ហើយកុំប្រព្រឹត្តអំពើក្បត់ឲ្យសោះ។+
១៧ «សម្ដីរបស់អ្នករាល់គ្នាបានធ្វើឲ្យព្រះយេហូវ៉ាធុញទ្រាន់ខ្លាំងណាស់។+ តែអ្នករាល់គ្នានិយាយថា៖ ‹តើពួកយើងបានធ្វើឲ្យលោកធុញទ្រាន់នៅពេលណា?› គឺនៅពេលដែលអ្នករាល់គ្នានិយាយថា៖ ‹អ្នកណាដែលធ្វើអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះយេហូវ៉ា ហើយលោកពេញចិត្តអ្នកនោះ›+ ឬនិយាយថា៖ ‹តើព្រះនៃយុត្តិធម៌នៅឯណា?›»។
៣ «មើល! ខ្ញុំនឹងចាត់ទូតរបស់ខ្ញុំឲ្យទៅមុន ហើយគាត់នឹងសម្អាត*ផ្លូវទុកសម្រាប់ខ្ញុំ។+ ម្ចាស់ដ៏ពិតដែលអ្នករាល់គ្នាកំពុងស្វែងរកនឹងមកក្នុងមួយរំពេច គឺលោកនឹងមកវិហាររបស់លោក។+ រីឯទូតនៃកិច្ចព្រមព្រៀងដែលអ្នករាល់គ្នាកំពុងទន្ទឹងរង់ចាំដោយចិត្តរំភើប ក៏នឹងមកដែរ។ មើល! លោកនឹងមកជាមិនខាន»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
២ «ប៉ុន្តែ តើអ្នកណានឹងធន់បាននៅថ្ងៃដែលលោកមក ហើយតើអ្នកណានឹងអាចធន់បាននៅពេលដែលលោកលេចមក? ព្រោះលោកនឹងដូចជាភ្លើងរបស់ជាងសម្រាំង និងដូចជាសាប៊ូ+របស់អ្នកបោកគក់។ ៣ លោកនឹងសម្អាតកូនចៅលេវី ដូចជាងដែលអង្គុយសម្អាតប្រាក់។+ លោកនឹងសម្រិតសម្រាំងពួកគេដូចបន្សុទ្ធមាសនិងប្រាក់ ហើយព្រះយេហូវ៉ានឹងមានរាស្ត្រដែលនឹងជូនគ្រឿងបូជាជាអំណោយដល់លោកដោយសុចរិត។ ៤ ព្រះយេហូវ៉ានឹងពេញចិត្តគ្រឿងបូជាជាអំណោយដែលយូដានិងយេរូសាឡិមជូនដល់លោក ដូចដែលលោកធ្លាប់ពេញចិត្តនៅសម័យបុរាណ និងនៅអតីតកាល។+
៥ «ខ្ញុំនឹងមកវិនិច្ឆ័យអ្នករាល់គ្នា ហើយខ្ញុំនឹងប្រញាប់ផ្ដន្ទាទោសពួកគ្រូធ្មប់+ ពួកផិតក្បត់ ពួកស្បថបំពាន+ ពួកអ្នកដែលបោកប្រាស់កម្មករ+ ពួកអ្នកដែលសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកអ្នកដែលជិះជាន់កូនកំព្រា*+ និងពួកអ្នកដែលមិនព្រមជួយជនបរទេស។*+ ពួកអ្នកទាំងនោះមិនបានកោតខ្លាចខ្ញុំទេ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៦ «ព្រោះខ្ញុំជាយេហូវ៉ា ខ្ញុំមិនប្រែប្រួលទេ។*+ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប។ អ្នករាល់គ្នាមិនទាន់វិនាសនៅឡើយ។ ៧ តាំងពីសម័យបុព្វបុរសរបស់អ្នករាល់គ្នាមកម្ល៉េះ អ្នករាល់គ្នាបានបែរចេញពីក្រឹត្យក្រមរបស់ខ្ញុំ ហើយមិនកាន់តាមច្បាប់របស់ខ្ញុំទេ។+ ចូរត្រឡប់មករកខ្ញុំវិញ ហើយខ្ញុំនឹងត្រឡប់ទៅរកអ្នករាល់គ្នាដែរ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «តើឲ្យពួកយើងត្រឡប់ទៅរកលោកយ៉ាងដូចម្ដេច?»។
៨ «តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែ អ្នករាល់គ្នាកំពុងប្លន់ខ្ញុំមែន»។
អ្នករាល់គ្នាសួរទៀតថា៖ «តើពួកយើងបានប្លន់លោកនៅពេលណា?»។
«គឺអ្នករាល់គ្នាមិនបានជូន១ភាគ១០និងវិភាគទានដល់ខ្ញុំទេ។ ៩ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ* ព្រោះអ្នករាល់គ្នាកំពុងប្លន់ខ្ញុំ គឺប្រជាជាតិទាំងមូលកំពុងធ្វើដូច្នេះ។ ១០ ចូរនាំយក១ភាគ១០ឲ្យគ្រប់ចំនួនមកទុកក្នុងឃ្លាំង+ ដើម្បីឲ្យមានអាហារក្នុងវិហាររបស់ខ្ញុំ។+ រួចខ្ញុំនឹងបើកទ្វារស្ថានសួគ៌+ ហើយចាក់ពរយ៉ាងលើសលប់មកលើអ្នករាល់គ្នារហូតដល់លែងខ្វះអ្វីទៀត។+ សូមល្បងលខ្ញុំចុះ ថាខ្ញុំនឹងធ្វើដូចសម្ដីខ្ញុំឬយ៉ាងណា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១១ «ហើយខ្ញុំនឹងស្ដីបន្ទោសសត្វដែលស៊ីបង្ហិនបង្ហោច* ហើយខ្ញុំមិនឲ្យពួកវាស៊ីបំផ្លាញផលដំណាំក្នុងស្រុករបស់អ្នករាល់គ្នាឡើយ ក៏មិនឲ្យចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នាខ្វះផ្លែដែរ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១២ «ប្រជាជាតិទាំងអស់នឹងប្រកាសថាអ្នករាល់គ្នាមានសុភមង្គលហើយ+ ព្រោះទឹកដីរបស់អ្នករាល់គ្នានឹងក្លាយជាទឹកដីដ៏សម្បូរសប្បាយ»។* នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១៣ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានប្រើសម្ដីធ្ងន់ដាក់ខ្ញុំ»។
តែអ្នករាល់គ្នាតបវិញថា៖ «តើនៅពេលណាដែលពួកយើងប្រើសម្ដីធ្ងន់ដាក់លោក?»។+
១៤ «ព្រោះអ្នករាល់គ្នានិយាយថា៖ ‹បម្រើព្រះគ្មានបានការអ្វីសោះ។+ ការដែលពួកយើងព្យាយាមស្ដាប់បង្គាប់លោក ហើយខំបង្ហាញព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ថាពួកយើងសោកស្ដាយនឹងកំហុសខ្លួន ក៏មិនឃើញមានប្រយោជន៍អ្វីដែរ។ ១៥ ឥឡូវ ពួកយើងចាត់ទុកថាមនុស្សព្រហើន*ជាអ្នកដែលមានសុភមង្គល ហើយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតជាអ្នកដែលមានជោគជ័យ។+ ពួកអ្នកទាំងនោះល្បងលព្រះដោយមិនញញើត តែមិនឃើញមានអ្វីកើតឡើងដល់ពួកគេទេ›»។
១៦ នៅពេលនោះ អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ានិយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្មារតី និងយកចិត្តទុកដាក់ស្ដាប់សម្ដីរបស់ពួកគេ។ រួចមានសៀវភៅរំលឹកមួយបានត្រូវកត់ទុកនៅចំពោះមុខលោក+ គឺកត់ទុកឈ្មោះអស់អ្នកដែលគោរពកោតខ្លាចព្រះយេហូវ៉ា និងអស់អ្នកដែលរំពឹងគិតអំពីនាមរបស់លោក។*+
១៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នៅថ្ងៃដែលខ្ញុំយកពួកគេធ្វើជាទ្រព្យវិសេស+ នោះពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ។+ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះពួកគេ ដូចឪពុកបង្ហាញសេចក្ដីមេត្តាករុណាចំពោះកូនដែលចេះស្ដាប់បង្គាប់។+ ១៨ អ្នករាល់គ្នានឹងឃើញម្ដងទៀតនូវភាពខុសគ្នារវាងមនុស្សសុចរិតនិងមនុស្សទុច្ចរិត+ ហើយរវាងអ្នកដែលបម្រើព្រះនិងអ្នកដែលមិនបម្រើព្រះ»។
៤ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ព្រោះមើល! ថ្ងៃនោះនឹងមកដល់ ជាថ្ងៃដែលមានភ្លើងឆេះសន្ធោសន្ធៅដូចភ្លើងនៅក្នុងឡ។+ នៅពេលនោះ មនុស្សព្រហើន*គ្រប់រូបនិងអស់អ្នកដែលធ្វើអំពើទុច្ចរិត នឹងប្រៀបដូចជាជញ្ជ្រាំង។ នៅថ្ងៃនោះ ពួកគេនឹងត្រូវបំផ្លាញចោល សូម្បីតែឫសនិងមែករបស់ពួកគេក៏មិនសល់ដែរ។ ២ ប៉ុន្តែ អ្នកដែលលើកកិត្តិយស*នាមរបស់ខ្ញុំ នឹងបានទទួលពន្លឺពីដួងអាទិត្យដែលនាំមកនូវសេចក្ដីសុចរិត ហើយនឹងបានជាសះស្បើយដោយសាររស្មីដួងអាទិត្យ។ អ្នកនោះនឹងលោតយ៉ាងសប្បាយរីករាយដូចជាកូនគោធាត់»។
៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នៅថ្ងៃដែលខ្ញុំចាត់វិធានការ អ្នករាល់គ្នានឹងដើរជាន់មនុស្សទុច្ចរិត ព្រោះពួកគេនឹងប្រៀបដូចជាធូលីដីនៅក្រោមបាតជើងរបស់អ្នករាល់គ្នា»។
៤ «ចូរចងចាំច្បាប់របស់ម៉ូសេដែលជាអ្នកបម្រើខ្ញុំ ព្រមទាំងក្រឹត្យក្រមនិងសេចក្ដីវិនិច្ឆ័យដែលខ្ញុំបានបង្គាប់នៅភ្នំហូរែប ដើម្បីឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់ធ្វើតាម។+
៥ «មើល! ខ្ញុំនឹងចាត់អេលីយ៉ាជាអ្នកប្រកាសទំនាយ+ឲ្យទៅឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំនិងគួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ា។+ ៦ លោកនឹងធ្វើឲ្យចិត្តរបស់ឪពុកដូចជាចិត្តរបស់កូន+ ហើយធ្វើឲ្យចិត្តរបស់កូនដូចជាចិត្តរបស់ឪពុក ដើម្បីកុំឲ្យខ្ញុំមកប្រហារនិងបំផ្លាញផែនដីឲ្យវិនាសសាបសូន្យ»។
(ទីបញ្ចប់នៃសេចក្ដីបកប្រែបទគម្ពីរជាភាសាហេប្រឺនិងអេរ៉ាមហើយបន្តដោយបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច)
មានន័យថា«ទូតរបស់ខ្ញុំ»
ឬ«ម្ចាស់ដ៏ឧត្ដម»
ឬ«គោរព»
តាមមើលទៅនេះសំដៅលើទ្វារវិហារ ដែលគេមានតួនាទីចាំបិទបើក
ឬប្រហែលជាមានន័យថា«កំពុងបង្អាប់បង្អោនខ្ញុំ»
ឬ«សត្វដែលមានខ្ចោះ»
ន័យត្រង់«ស្ដីបន្ទោស»
នេះសំដៅលើកន្លែងដែលគេបោះចោលលាមកសត្វដែលគេយកទៅបូជា
ន័យត្រង់«ច្បាប់នៃសេចក្ដីពិតនៅក្នុងមាត់របស់គាត់»
ឬ«ច្បាប់»
ឬប្រហែលជាមានន័យថា«ការបង្រៀនរបស់អ្នករាល់គ្នានាំឲ្យបណ្ដាជនធ្វើខុស»
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
ឬប្រហែលជាមានន័យថា«ទីបរិសុទ្ធ»
ន័យត្រង់«ពូជ»
ឬ«រៀបចំ»
ឬ«កូនកំព្រាឪពុក»
ឬ«ពួកអ្នកដែលរំលោភសិទ្ធិជនបរទេស»
ឬ«ខ្ញុំមិនដែលប្រែប្រួលទេ»
ឬប្រហែលជាមានន័យថា«អ្នករាល់គ្នាកំពុងដាក់បណ្ដាសាខ្ញុំ»
តាមមើលទៅនេះសំដៅលើសត្វល្អិតចង្រៃ
ន័យត្រង់«អ្នករាល់គ្នានឹងក្លាយជាទឹកដីដ៏សម្បូរសប្បាយ»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«សញ្ជឹងគិតអំពីនាមរបស់លោក» ឬប្រហែលជាមានន័យថា«ឲ្យតម្លៃខ្ពស់ដល់នាមរបស់លោក»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ន័យត្រង់«កោតខ្លាច»