បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt កូរិនថូសទី២ ១:១-១៣:១៤
  • កូរិនថូសទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូរិនថូសទី២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២

សំបុត្រ​ទី​២​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស

១ ពី​ខ្ញុំ ប៉ូល ដែល​ជា​សាវ័ក*របស់​គ្រិស្ត​យេស៊ូ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ព្រម​ទាំង​ធីម៉ូថេ+ជា​បង​ប្អូន​របស់​យើង ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ឯ​ក្រុង​កូរិនថូស និង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ខេត្ត​អាខេយ៉ា​៖+

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៣ សូម​សរសើរ​ព្រះ ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង+ ហើយ​ជា​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា+ និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង+ ៤ លោក​សម្រាល​ទុក្ខ*យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង+ ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក+ដែល​ជួប​ប្រទះ​ការ​លំបាក*ផ្សេង​ៗ តាម​រយៈ​ការ​សម្រាល​ទុក្ខ​ដែល​យើង​កំពុង​ទទួល​ពី​ព្រះ។+ ៥ ព្រោះ​ដូច​យើង​រង​ទុក្ខ​ជា​ច្រើន​ដើម្បី​គ្រិស្ត+ នោះ​យើង​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​តាម​រយៈ​គ្រិស្ត​ដែរ។ ៦ បើ​យើង​ជួប​ការ​លំបាក* គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្គ្រោះ ហើយ​បើ​យើង​ទទួល​ការ​សម្រាល​ទុក្ខ នោះ​អ្នក​រាល់​គ្នា​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ដែរ ហើយ​នេះ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដូច​យើង​ស៊ូ​ទ្រាំ​ដែរ។ ៧ ដូច្នេះ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​មិន​រង្គោះ​រង្គើ​ឡើយ ដោយ​ដឹង​ថា​អ្នក​រាល់​គ្នា​រង​ទុក្ខ​លំបាក​ដូច​យើង ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដូច​យើង​ដែរ។+

៨ បង​ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​ខេត្ត​អាស៊ី។*+ នៅ​ទី​នោះ យើង​មាន​បន្ទុក​ធ្ងន់​ហួស​ពី​កម្លាំង​យើង រហូត​ដល់​ធ្វើ​ឲ្យ​យើង​គិត​ថា​យើង​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត។+ ៩ តាម​ការ​ពិត យើង​មាន​អារម្មណ៍​ថា យើង​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ប៉ុន្តែ នេះ​គឺ​ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ+ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ជា​ជាង​ទុក​ចិត្តខ្លួន​យើង។ ១០ ដូច្នេះ លោក​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ក៏​នឹង​សង្គ្រោះ​យើង​ម្ដង​ទៀត។ យើង​សង្ឃឹម​លើ​លោក​ថា លោក​នឹងសង្គ្រោះ​យើង​ត​ទៅ​ទៀត។+ ១១ អ្នក​រាល់​គ្នា​ក៏​អាច​ជួយ​យើង​ដោយ​អធិដ្ឋាន​អង្វរ​ព្រះ​ឲ្យ​យើង​ដែរ+ ពី​ព្រោះ​ព្រះ​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ជា​ច្រើន ហើយ​លោក​នឹង​ជួយ​យើង។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​នឹង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ។+

១២ យើង​អាច​មាន​ហេតុ​អួត​អំពី​រឿង​នេះ​៖ សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត​និង​ដោយ​សេចក្ដី​បរិសុទ្ធ​ដែល​មក​ពី​ព្រះ កាល​ដែល​យើង​នៅ​ក្នុង​ពិភព​លោក​នេះ ហើយ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​មិន​មែន​ពឹង​លើ​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ទេ+ តែ​យើង​ពឹង​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ១៣ ព្រោះ​តាម​ពិត យើង​សរសេរ​តែ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​អាច​អាន*និង​យល់ ជា​សេចក្ដី​ដែល​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​បន្ត​យល់​យ៉ាង​ច្បាស់​លាស់​រហូត​ដល់​ទី​បញ្ចប់ ១៤ ដូច​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ហើយ​ថា យើង​ជា​ហេតុ​ឲ្យ​អ្នក​រាល់​គ្នា​អួត ដូច​ដែល​យើង​នឹង​មាន​ហេតុ​អួត​អំពី​អ្នក​រាល់​គ្នា​ដែរ នៅ​ថ្ងៃ​នៃ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង។

១៥ ម្ល៉ោះ​ហើយ ដោយ​មាន​ទំនុក​ចិត្ត​ដូច្នេះ ពី​មុន​ខ្ញុំ​មាន​បំណង​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​អរ​សប្បាយ*ជា​លើក​ទី​២។ ១៦ ព្រោះ​ខ្ញុំ​មាន​បំណង​ទៅ​លេង​អ្នក​រាល់​គ្នា ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​តំបន់​ម៉ាសេដូន រួច​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​ពេល​មក​ពី​តំបន់​ម៉ាសេដូន​វិញ។ បន្ទាប់​មក ឲ្យ​អ្នក​រាល់​គ្នា​ជូន​ដំណើរ​ខ្ញុំ​ទៅ​តំបន់​យូឌា។+ ១៧ ពេល​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ ខ្ញុំ​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​តូច​តាច​ទេ មែន​ទេ? តើ​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ ដោយ​សារ​ខ្ញុំ​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ បាន​ជា​ខ្ញុំ​និយាយ​ថា​«​មែន​ៗ​»​ រួច​ថា​«​ទេ​ៗ​»​? ១៨ ប៉ុន្តែ ដូច​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​ទុក​ចិត្ត​សម្ដី​យើង​បាន។ យើង​មិន​មែន​ថា​«​មែន​»​ រួច​ថា​«​ទេ​»​វិញ​ឡើយ។ ១៩ ព្រោះ​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​ព្រះ និង​ដែល​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តាម​រយៈ​យើង ពោល​គឺ​ខ្ញុំ​ប៉ូល ស៊ីលវេនុស* និង​ធីម៉ូថេ+ លោក​មិន​បាន​ទៅ​ជា​«​មែន​»​ផង ហើយ​«​ទេ​»​ផង​នោះ​ឡើយ។ ប៉ុន្តែ ក្នុង​ករណី​របស់​លោក ​«​មែន​»​ គឺ​«​មែន​»។ ២០ ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សន្យា​ទាំង​អស់​នោះ​បាន​ទៅ​ជា​«​មែន​»​តាម​រយៈ​លោក។+ ដូច្នេះ តាម​រយៈ​លោក យើង​និយាយ​«​អាមេន​»​​ទៅ​កាន់​ព្រះ+ ដើម្បី​យើង​អាច​លើក​តម្កើង​ព្រះ។ ២១ ប៉ុន្តែ លោក​ដែល​ធានា​ថា​យើង​និង​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត ហើយ​ដែល​បាន​រើស​តាំង​យើង គឺ​ជា​ព្រះ។+ ២២ លោក​ក៏​បាន​បោះ​ត្រា​លើ​យើង​ដែរ+ ហើយ​ឲ្យ​អ្វី​មួយ​មក​យើង​ទុក​ជា​ការ​បញ្ចាំ​ចិត្ត ពោល​គឺ​ឫទ្ធានុភាព+របស់​លោក​នៅ​ក្នុង​ចិត្ត​យើង។

២៣ ឥឡូវ ខ្ញុំ​សូម​ស្បថ​ចំពោះ​ព្រះ​ដោយ​ដាក់​ជីវិត*ថា ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិនថូស​ទេ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ចិត្ត​ខ្លាំង​ជាង​នេះ។ ២៤ មិន​មែន​ថា​យើង​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ+ តែ​យើង​ជា​អ្នក​រួម​ការងារ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​កំពុង​កាន់​ជំហរ​មាំ​មួន​ដោយ​សារ​ជំនឿ​របស់​អ្នក​រាល់​គ្នា។

២ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ពេល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ។ ២ ព្រោះ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តើ​នឹង​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​វិញ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ? ៣ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ទៅ​ជា​ហេតុ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​វិញ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ដែរ។ ៤ ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​វេទនា​និង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ផង មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ឡើយ+ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។

៥ ប្រសិន​បើ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត+ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ។ ប៉ុន្តែ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត​ខ្លះ​ដែរ តែ​មិន​មែន​ខ្ញុំ​ចង់​និយាយ​ខ្លាំង​ពេក​ទេ​អំពី​រឿង​នេះ។ ៦ ការ​ប្រដៅ​តម្រង់​ដែល​បុរស​នោះ​បាន​ទទួល​ពី​បង​ប្អូន​ភាគ​ច្រើន គឺ​គ្រប់​គ្រាន់​ហើយ។ ៧ ឥឡូវ អ្នក​រាល់​គ្នា​គួរ​តែ​មេត្តា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់+ ដើម្បី​កុំ​ឲ្យ​គាត់​ព្រួយ​ចិត្ត*ខ្លាំង​ហួស​ហេតុ​ពេក។+ ៨ ដូច្នេះ ខ្ញុំ​ចង់​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា អ្នករាល់​គ្នា​ស្រឡាញ់​គាត់។+ ៩ ព្រោះ​ខ្ញុំ​ក៏​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ក្នុង​បំណង​នេះ​ដែរ គឺ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​យ៉ាង​ណា។ ១០ ប្រសិន​បើ​អ្នក​រាល់​គ្នា​អភ័យ​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​អភ័យ​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ តាម​ការ​ពិត ប្រសិន​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ (​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ​ចំពោះ​រឿង​ណា​មួយ​) នោះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍ ដោយ​មាន​គ្រិស្ត​ជា​សាក្សី ១១ ដើម្បី​កុំ​ឲ្យ​សាថាន*មាន​ឱកាស​ឈ្នះ​យើង​ឡើយ+ ព្រោះ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច*ទាំង​ប៉ុន្មាន​របស់​សាថាន​ទេ។+

១២ ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ក្រុង​ត្រូអាស+ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត មាន​ទ្វារ​មួយ​បើក​ចំហ​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​ការ​របស់​លោក​ម្ចាស់ ១៣ តែ​ខ្ញុំ​មិន​បាន​ធូរ​ចិត្ត​សោះ ដោយ​សារ​ខ្ញុំ​រក​ទីតុស+ជា​បង​ប្អូន​របស់​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​ពួក​អ្នក​កាន់​តាម​នៅ​ទី​នោះ រួច​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន។+

១៤ ប៉ុន្តែ ខ្ញុំ​អរគុណ​ព្រះ​ដែល​តែង​តែ​នាំ​មុខ​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ហែ​ក្បួន​អបអរ​ជ័យ​ជម្នះ​ជា​មួយ​នឹង​គ្រិស្ត ហើយ​ក្លិន​ក្រអូប​នៃ​ចំណេះ​អំពី​ព្រះ​បាន​សាយភាយ​ដល់​គ្រប់​ទី​កន្លែង​តាម​រយៈ​យើង! ១៥ ព្រោះ​ចំពោះ​ព្រះ យើង​ជា​ក្លិន​ក្រអូប​នៃ​ដំណឹង​អំពី​គ្រិស្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ និង​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស។ ១៦ ចំពោះ​ពួក​អ្នក​ដែល​កំពុង​វិនាស នោះ​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់+ តែ​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ នោះ​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ទៅ​ដល់​ជីវិត។ តើ​អ្នក​ណា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ច​ការ​ទាំង​នេះ? ១៧ យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​យើង​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ+ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​យើង​និយាយ​ដោយ​ចិត្ត​ស្មោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ចំពោះ​មុខ​ព្រះ និង​ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ។

៣ តើ​យើង​ត្រូវ​ណែនាំ​ខ្លួន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ម្ដង​ទៀត​ឬ? ហើយ​តើ​យើង​ត្រូវ​ការ​សំបុត្រ​បញ្ជាក់​ពី​អ្នក​រាល់​គ្នា ឬ​ត្រូវ​ឲ្យ​សំបុត្រ​បញ្ជាក់​អំពី​យើង​ដល់​អ្នក​រាល់​គ្នា​ដូច​មនុស្ស​ឯ​ទៀត​ទេ? ២ អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង+ដែលបានត្រូវចារ​ទុក​ក្នុង​ចិត្ត និង​ជា​សំបុត្រ​ដែល​មនុស្សជាតិ​ទាំង​ឡាយ​កំពុង​អាន​និង​ស្គាល់។ ៣ ព្រោះ​គឺ​ជាក់​ស្ដែង​ថា​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​គ្រិស្ត ដែល​យើង​បាន​សរសេរ​ក្នុង​នាម​ជា​អ្នក​បម្រើ+ មិន​មែន​សរសេរ​ដោយ​ប្រើ​ទឹក​ខ្មៅ​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​មិន​មែន​លើ​បន្ទះ​ថ្ម​ទេ+ តែ​លើ​ចិត្ត​វិញ។+

៤ តាម​រយៈ​គ្រិស្ត យើង​មាន​ទំនុក​ចិត្ត​បែប​នេះ​ចំពោះ​ព្រះ។ ៥ យើង​មិន​មែន​ចាត់​ទុក​ថា​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដោយ​សារ​ការ​ខំ​ព្យាយាម​របស់​យើង​ទេ តែ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​វិញ។+ ៦ លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី+ មិន​មែន​នៃ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ+ តែ​ជា​អ្នក​បម្រើ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ព្រោះ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ផ្ដន្ទា​ទោស​ឲ្យ​ស្លាប់+ តែ​ឫទ្ធានុភាព​របស់​ព្រះ​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​នៅ។+

៧ ម្យ៉ាង​ទៀត ក្បួន​ច្បាប់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់ ហើយ​ដែល​បាន​ត្រូវ​ចារឹក​លើ​ថ្ម+ បាន​កើត​ឡើង​ប្រកប​ដោយ​ភាព​រុង​រឿង។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​កូន*អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​របស់​ម៉ូសេ ដោយ​សារ​រស្មី​រុង​រឿង​ដ៏​ភ្លឺ​ចេញ​ពី​មុខ​របស់​គាត់+ តែ​ភាព​រុង​រឿង​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ។ ៨ ដូច្នេះ ការ​ចែក​ចាយ​ឫទ្ធានុភាព​របស់​ព្រះ+គួរ​តែ​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត មែន​ទេ?+ ៩ ព្រោះ​ប្រសិន​បើ​ក្បួន​ច្បាប់​ដែល​ផ្ដន្ទា​ទោស+គឺ​ប្រកប​ដោយ​ភាព​រុង​រឿង+ នោះ​ការ​ចែក​ចាយ​ភាព​សុចរិត​ច្បាស់​ជា​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+ ១០ តាម​ការ​ពិត សូម្បី​តែ​អ្វី​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​រុង​រឿង​ពី​មុន អ្វី​នោះ​បាន​ត្រូវ​ដក​ហូត​ភាព​រុង​រឿង​នោះ​ចេញ​វិញ ព្រោះ​តែ​ភាព​រុង​រឿង​ដែល​វិសេស​ជាង​នោះ​ទៅ​ទៀត។+ ១១ ព្រោះ​ប្រសិន​បើ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ បាន​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​រុង​រឿង+ នោះ​អ្វី​ដែល​នៅ​គង់​វង្ស​ត្រូវ​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+

១២ ដោយ​សារ​យើង​មាន​សេចក្ដី​សង្ឃឹម​នេះ+ យើង​និយាយ​ដោយ​មាន​ចិត្ត​ក្លាហាន​ក្រៃ​លែង ១៣ ហើយ​យើង​មិន​ធ្វើ​ដូច​ពេល​ដែល​ម៉ូសេ​យក​ស្បៃ​មក​គ្របមុខ​គាត់+ ដើម្បី​កុំ​ឲ្យ​ពួក​កូន​អ៊ីស្រាអែល​សម្លឹង​មើល​ចុង​បញ្ចប់​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ។ ១៤ ប៉ុន្តែ សមត្ថភាព​រិះ​គិត​របស់​ពួក​គេ​បាន​ទៅ​ជា​ស្ពឹក។+ ព្រោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេល​ដែល​ពួក​គេ​អាន​កិច្ច​ព្រម​ព្រៀង​ចាស់+ នោះ​នៅ​តែ​មាន​ស្បៃ​លើ​គំនិត​របស់​ពួក​គេ​ដដែល ពី​ព្រោះ​ស្បៃ​នោះ​អាច​ត្រូវ​ដក​ចេញ​បាន លុះ​ត្រា​តែ​ពួក​គេ​មាន​ជំនឿ​លើ​គ្រិស្ត។+ ១៥ តាម​ពិត រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេល​ណា​ពួក​គេ​អាន​អ្វី​ដែល​ម៉ូសេ​បាន​សរសេរ+ ស្បៃ​នោះ​គឺ​នៅ​លើ​ចិត្ត​របស់​ពួក​គេ។+ ១៦ ប៉ុន្តែ ពេល​ដែល​ពួក​គេ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា* ស្បៃ​នោះ​ក៏​ត្រូវ​ដក​ចេញ។+ ១៧ ឯ​ព្រះ​យេហូវ៉ា*ជា​វិញ្ញាណ+ ហើយ​កន្លែង​ណា​ដែល​មាន​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា* កន្លែង​នោះ​មាន​សេរី​ភាព។+ ១៨ ឯ​យើង​ទាំង​អស់​គ្នា​លែង​មាន​ស្បៃ​គ្រប​មុខ​ទៀត ហើយ​យើង​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​ដែល​ជះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។* ក្នុង​ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​បាន​ត្រូវ​ធ្វើ​ឲ្យ​ផ្លាស់​ប្រែ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ ដើម្បី​យើង​អាច​ជះ​សិរី​រុង​រឿង​របស់​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ ដូច​ដែល​ព្រះ​យេហូវ៉ា*ជា​វិញ្ញាណ​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ។+

៤ ហេតុ​នេះ ដោយ​សារ​យើង​មាន​កិច្ច​បម្រើ​នេះ​តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​ដែល​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង នោះ​យើង​មិន​ឈប់​ត​ស៊ូ​ទេ។ ២ ប៉ុន្តែ យើង​បាន​លះ​ចោល​អំពើ​លួច​លាក់​ដែល​គួរ​ឲ្យ​អៀន​ខ្មាស ហើយ​មិន​ប្រព្រឹត្ត​ដោយ​កិច្ច​កល ឬ​ដោយ​បំប្លែង​បណ្ដាំ​របស់​ព្រះ​ឡើយ។+ ប៉ុន្តែ នៅ​ចំពោះ​មុខ​ព្រះ យើង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ស្គាល់​សេចក្ដី​ពិត ដោយ​ទុក​គំរូ​ល្អ​ដល់​ពួក​គេ។*+ ៣ ប្រសិន​បើ​ដំណឹង​ល្អ​ដែល​យើង​ប្រកាស​បាន​ត្រូវ​គ្រប​បាំង* នោះ​គឺ​បាន​ត្រូវ​គ្រប​បាំង​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស។ ៤ ក្នុង​ករណី​អ្នក​ទាំង​នោះ ព្រះ​នៃ​របៀប​របប​ពិភព​លោក*នេះ+បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត+ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​នៃ​ដំណឹង​ល្អ​ដ៏​រុង​រឿង​អំពី​គ្រិស្ត​ដែល​បង្ហាញ​ឲ្យ​យើង​ស្គាល់​ព្រះ។+ ៥ ព្រោះ​យើង​មិន​ផ្សព្វ​ផ្សាយ​អំពី​ខ្លួន​យើង​ទេ តែ​យើង​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​គ្រិស្ត​ថា លោក​ជា​ម្ចាស់ ហើយ​ថា​យើង​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ដើម្បី​លោក​យេស៊ូ។ ៦ ព្រោះ​គឺ​ជា​ព្រះ​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ពន្លឺ​ភ្លឺ​ចេញ​ពី​ភាព​ងងឹត​»​+ ហើយ​តាម​រយៈ​ផ្ទៃ​មុខ​របស់​គ្រិស្ត ព្រះ​បាន​ចែង​ចាំង​មក​លើ​ចិត្ត​យើង+ ដើម្បី​បំភ្លឺ​ចិត្ត​យើង​ដោយ​ចំណេះ​ដ៏​រុង​រឿង​អំពី​ព្រះ។

៧ ក៏​ប៉ុន្តែ យើង​មាន​ទ្រព្យ​វិសេស​នេះ+ក្នុង​ភាជនៈ​ដី*+ ដើម្បី​ស​ឲ្យ​ឃើញ​ថា ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​បាន​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​ទេ។+ ៨ យើង​ត្រូវ​គេ​គាប​សង្កត់​នៅ​គ្រប់​ច្រក​ល្ហក តែ​មិន​មែន​ដោយ​រើ​មិន​រួច​ឡើយ យើង​ទាល់​គំនិត តែ​មិន​មែន​ទាល់​ច្រក​ទេ។*+ ៩ យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​បាន​ត្រូវ​បោះ​បង់​ចោល​ឡើយ+ យើង​ត្រូវ​គេ​ផ្ដួល​ដល់​ដី តែ​មិន​ត្រូវ​គេ​បំផ្លាញ​ទេ។+ ១០ ទោះ​ជា​យើង​ទៅ​កន្លែង​ណា​ក៏​ដោយ យើង​ត្រូវ​ស៊ូ​ទ្រាំ​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ* ដូច​ដែល​លោក​យេស៊ូ​បាន​រង​ទុក្ខ​ដែរ។+ នេះ​គឺ​ដើម្បី​ឲ្យ​ជីវិត​របស់​លោក​យេស៊ូ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​រូប​កាយ​របស់​យើង។ ១១ ព្រោះ​យើង​ដែល​នៅ​រស់ តែង​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់+ដើម្បី​លោក​យេស៊ូ ដើម្បី​ឲ្យ​ជីវិត​របស់​លោក​យេស៊ូ​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​យើង។* ១២ ដូច្នេះ សេចក្ដី​ស្លាប់​កំពុង​មាន​សកម្មភាព​ក្នុង​យើង តែ​ជីវិត​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា។

១៣ នេះ​ជា​អ្វី​ដែល​បទ​គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ ដូច្នេះ​ខ្ញុំ​និយាយ​»។+ យើង​ក៏​ដូច​គ្នា​ដែរ យើង​មាន​ជំនឿ ដូច្នេះ​យើង​និយាយ។ ១៤ ពី​ព្រោះ​យើង​ដឹង​ថា ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ នោះ​លោក​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដូច​ប្រោស​លោក​យេស៊ូ​ដែរ ហើយ​ព្រះ​នឹង​ប្រគល់​យើង​និង​អ្នក​រាល់​គ្នា​ទៅ​លោក​យេស៊ូ។+ ១៥ ព្រោះ​អ្វី​ៗ​ទាំង​អស់​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍។ យ៉ាង​នេះ គុណ​ដ៏​វិសេស​លើស​លប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ដោយ​សារ​មនុស្ស​ជា​ច្រើន​អរគុណ​ព្រះ ដើម្បី​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង។+

១៦ ហេតុ​នេះ យើង​មិន​ឈប់​ត​ស៊ូ​ឡើយ ទោះ​ជា​រូប​កាយ​របស់​យើង​កំពុង​ខូច​ទៅ​ក៏​ដោយ តែ​ចិត្ត*របស់​យើង​ទទួល​កម្លាំង​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច។ ១៧ ព្រោះ​ទោះ​ជា​សេចក្ដី​វេទនា*ដែល​យើង​ជួប​ប្រទះ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី ហើយ​ស្រាល​ក៏​ដោយ សេចក្ដី​វេទនា​នោះ​នាំ​ឲ្យ​យើង​ទទួល​សិរី​រុង​រឿង​ដែល​កាន់​តែ​ឧត្ដុង្គ​ឧត្ដម និង​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ១៨ នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ មិន​មែន​លើ​អ្វី​ដែល​យើង​មើល​ឃើញ​នោះ​ទេ។+ ព្រោះ​អ្វី​ដែល​យើង​មើល​ឃើញ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ នោះ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

៥ ព្រោះ​យើង​ដឹង​ថា បើ​ត្រសាល​នេះ​ដែល​ជា​ផ្ទះ*របស់​យើង​នៅ​ផែនដី​ត្រូវ​រំលំ​ចោល*+ នោះ​ព្រះ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ផ្ទះ​មួយ​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌ មិន​មែន​ដូច​ផ្ទះ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ។+ ២ ព្រោះ​ក្នុង​ផ្ទះ*នេះ​យើង​ថ្ងូរ ដោយ​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​បំពាក់​ខ្លួន​ដោយ​ផ្ទះ*ពី​ស្ថាន​សួគ៌​ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​យើង។+ ៣ ដូច្នេះ ក្រោយ​ពី​យើង​បាន​បំពាក់​ខ្លួន​ដោយ​ផ្ទះ​នោះ​ហើយ យើង​នឹង​មិន​អាក្រាត​ទេ។ ៤ តាម​ការ​ពិត យើង​ដែល​ជា​អ្នក​នៅ​ក្នុង​ត្រសាល​នេះ​ថ្ងូរ​និង​មាន​ទុក្ខ​ធ្ងន់ ដោយ​សារ​យើង​មិន​ចង់​ដោះ​ត្រសាល​នេះ​ចេញ​ទេ តែ​យើង​ចង់​បំពាក់​ខ្លួន​ដោយ​ផ្ទះ​មួយ​នោះ​វិញ+ ដើម្បី​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​លេប​បាត់​អ្វី​ដែល​អាច​ស្លាប់​បាន។+ ៥ ឯ​លោក​ដែល​បាន​រៀបចំ​យើង​សម្រាប់​ការ​នេះ គឺ​ជា​ព្រះ+ ហើយ​លោក​បាន​ឲ្យ​អ្វី​មួយ​មក​យើង​ទុក​ជា​ការ​បញ្ចាំ​ចិត្ត ពោល​គឺ​ឫទ្ធានុភាព​របស់​លោក។+

៦ ដូច្នេះ យើង​មាន​ចិត្ត​ក្លាហាន​ជា​និច្ច ហើយ​យើង​ដឹង​ថា​ដរាប​ណា​យើង​រស់​នៅ*ក្នុង​រូប​កាយ​នេះ ដរាប​នោះ​យើង​មិន​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់​ទេ+ ៧ ព្រោះ​យើង​រស់​នៅ​ស្រប​តាម​ជំនឿ មិន​មែន​តាម​អ្វី​ដែល​យើង​មើល​ឃើញ​នោះ​ទេ។ ៨ ប៉ុន្តែ យើង​មាន​ចិត្ត​ក្លាហាន ហើយ​ពេញ​ចិត្ត​តាំង​លំនៅ*ជា​មួយ​នឹង​លោក​ម្ចាស់ ជា​ជាង​នៅ​ក្នុង​រូប​កាយ​នេះ។+ ៩ ដូច្នេះ យើង​តាំង​ចិត្ត​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​យើង ទោះ​ជា​យើង​មាន​លំនៅ​ជា​មួយ​នឹង​លោក ឬ​យើង​គ្មាន​លំ​នៅ​ជា​មួយ​នឹង​លោក​ក៏​ដោយ។ ១០ ព្រោះ​ធាតុ​ពិត​របស់​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់​គ្រិស្ត ដើម្បី​ឲ្យ​ម្នាក់​ៗ​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​តាម​រយៈ​រូប​កាយ ទោះ​ជា​ការ​ប្រព្រឹត្ត​នោះ​ល្អ ឬ​អាក្រក់​ក៏​ដោយ។+

១១ ម្ល៉ោះ​ហើយ ដោយ​ដឹង​ថា​យើង​គួរ​កោត​ខ្លាច​លោក​ម្ចាស់ យើង​បន្ត​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​វែក​ញែក​ដើម្បី​ឲ្យ​គេ​ជឿ​ជាក់ តែ​ព្រះ​ស្គាល់​ច្បាស់​ថា​យើង​ជា​មនុស្ស​ប្រភេទ​ណា។ ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​រាល់​គ្នា ក៏​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​ច្បាស់​ថា​យើង​ជា​មនុស្ស​ប្រភេទ​ណា​ដែរ។ ១២ យើងមិន​ចង់​ណែនាំ​ខ្លួន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ម្ដង​ទៀត​ទេ តែ​យើង​កំពុង​លើក​ទឹក​ចិត្ត​អ្នក​រាល់គ្នា​ឲ្យ​អួត​អំពី​យើង ដើម្បី​អ្នក​រាល់​គ្នា​អាច​ឆ្លើយ​តប​នឹង​ពួក​អ្នក​ដែល​អួត​អំពី​សម្បក​ក្រៅ+ ជា​ជាង​អួត​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត។ ១៣ ព្រោះ​ប្រសិន​បើ​យើង​វង្វេង​ស្មារតី+ នោះ​គឺ​ដើម្បី​ព្រះ។ ប្រសិន​បើ​យើង​មាន​ស្មារតី​ធម្មតា នោះ​គឺ​ដើម្បី​អ្នក​រាល់​គ្នា។ ១៤ ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​ជំរុញ​ចិត្ត​យើង ដោយ​សារ​យើង​យល់​ឃើញ​ថា បុរស​ម្នាក់​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់+ ពី​ព្រោះ​មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ ១៥ លោក​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ដែល​រស់ អាច​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់​ជំនួស​ពួក​គេ ហើយ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ។+

១៦ ហេតុ​នេះ ចាប់​ពី​ពេល​នេះ​ទៅ ទស្សនៈ​ដែល​យើង​មាន​ចំពោះ​អ្នក​ឯ​ទៀត មិន​ផ្អែក​លើ​សម្បក​ក្រៅ​របស់​ពួក​គេ​ឡើយ។+ ទោះ​ជា​ទស្សនៈ​ដែល​យើង​មាន​ពី​មុន​អំពី​គ្រិស្ត​បាន​ផ្អែក​លើ​លក្ខណៈ​ក្រៅ​របស់​លោក​ជា​មនុស្ស​ក៏​ដោយ តែ​ពេល​នេះ​យើង​មិន​មាន​ទស្សនៈ​នោះ​ទៀត​ទេ។+ ១៧ ម្ល៉ោះ​ហើយ ប្រសិន​បើ​អ្នក​ណា​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត អ្នក​នោះ​បាន​ត្រូវ​បង្កើត​ជា​ថ្មី។+ អ្វី​ៗ​ដែល​ចាស់​បាន​បាត់​សូន្យ​ទៅ មើល! អ្វី​ៗ​ដែល​ថ្មី​បាន​កើត​ឡើង។ ១៨ ប៉ុន្តែ អ្វី​ៗ​ទាំង​អស់​មក​ពី​ព្រះ ដែល​បាន​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​យើង​និង​លោក​តាម​រយៈ​គ្រិស្ត+ ហើយ​ព្រះ​បាន​ប្រគល់​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​ឲ្យ​យើង+ ១៩ ពោល​គឺ​ការ​ប្រកាស​ថា ព្រះ​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ពិភព​លោក​តាម​រយៈ​គ្រិស្ត+ ហើយ​មិន​បាន​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​សារ​កំហុស​របស់​ពួក​គេ​ឡើយ+ តែ​លោក​បាន​ប្រគល់​ឲ្យ​យើង​នូវ​ដំណឹង​អំពី​ការ​ផ្សះ​ផ្សា។+

២០ ដូច្នេះ យើង​ជា​ទូត+តំណាង​គ្រិស្ត+ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង។ ក្នុង​នាម​ជា​តំណាង​គ្រិស្ត យើង​អង្វរ​ថា​៖ ​«​សូម​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​»។ ២១ ព្រះ​បាន​ធ្វើ​ឲ្យ​លោក​ដែល​មិន​បាន​ស្គាល់​ភាព​ខុស​ឆ្គង+ ទៅ​ជា​គ្រឿង​បូជា​សម្រាប់​លោះ​យើង​ពី​ភាព​ខុស​ឆ្គង ដើម្បី​ឲ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​មុខ​ព្រះ តាម​រយៈ​លោក។+

៦ ម្យ៉ាង​ទៀត ដោយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក+ យើង​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដោយ​ឥត​ប្រយោជន៍។+ ២ ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រា​ដែល​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​បាន​ឮ​អ្នក ហើយ​នៅ​ថ្ងៃ​សង្គ្រោះ ខ្ញុំ​បាន​ជួយ​អ្នក​»។+ មើល! ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត។ មើល! ឥឡូវ​នេះ​គឺ​ជា​ថ្ងៃ​សង្គ្រោះ។

៣ យើង​មិន​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល*ឡើយ ដើម្បី​កុំ​ឲ្យ​គេ​រិះគន់​កិច្ច​បម្រើ​របស់​យើង។+ ៤ ប៉ុន្តែ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ+ ដោយ​ស៊ូ​ទ្រាំ​អ្វី​ៗ​ជា​ច្រើន ដោយ​រង​ទុក្ខ​វេទនា ដោយ​ខ្វះ​ខាត ដោយ​មាន​ទុក្ខ​លំបាក+ ៥ ដោយ​ត្រូវ​គេ​វាយ​ដំ ដោយ​ជាប់​គុក+ ដោយ​ស៊ូ​ទ្រាំ​ក្នុង​ស្ថានភាព​ច្របូក​ច្របល់ ដោយ​នឿយ​ហត់ ដោយ​អត់​ងងុយ ជួន​កាល​ដោយ​គ្មាន​អាហារ​បរិភោគ+ ៦ ដោយ​សេចក្ដី​បរិសុទ្ធ ដោយ​ចំណេះ ដោយ​ចិត្ត​អត់​ធ្មត់+ ដោយ​សេចក្ដី​សប្បុរស+ ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ពុត​ត្បុត+ ៧ ដោយ​និយាយ​សេចក្ដី​ពិត ដោយ​ឫទ្ធានុភាព​របស់​ព្រះ+ តាម​រយៈ​អាវុធ​នៃ​សេចក្ដី​សុចរិត+ដែល​នៅ​ក្នុង​ដៃ​ស្ដាំ* និង​នៅ​ក្នុង​ដៃ​ឆ្វេង។* ៨ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ ពេល​មាន​កិត្តិយស​និង​អាប់​ឱន​កិត្តិយស ពេល​មាន​កេរ្ដិ៍​ឈ្មោះ​អាក្រក់​និង​កេរ្ដិ៍​ឈ្មោះ​ល្អ។ គេ​ចាត់​ទុក​យើង​ជា​អ្នក​បោក​បញ្ឆោត តែ​យើង​និយាយ​សេចក្ដី​ពិត ៩ គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​គ្មាន​អ្នក​ណា​ស្គាល់ តែ​មាន​អ្នក​ដែល​ទទួល​ស្គាល់​យើង គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​កំពុង​ស្លាប់* តែ​មើល! យើង​នៅ​រស់​នៅ​ឡើយ+ គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​ដាក់​ទោស* តែ​មិន​ដល់​ទោស​ស្លាប់​ទេ+ ១០ គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​ព្រួយ​ចិត្ត តែ​យើង​អរ​សប្បាយ​ជា​និច្ច គេ​ចាត់​ទុក​យើង​ជា​អ្នក​ក្រ តែ​យើង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន គេ​ចាត់​ទុក​យើង​ថា​គ្មាន​អ្វី​សោះ តែ​យើង​មាន​អ្វី​ៗ​ទាំង​អស់។+

១១ បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​បាន​និយាយ​ត្រង់​ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា យើង​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ។ ១២ យើង​មិន​មាន​ចិត្ត​ចង្អៀត​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ+ តែ​គឺ​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​មាន​ចិត្ត​ចង្អៀត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ ១៣ ដូច្នេះ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​ជា​កូន​របស់​ខ្ញុំ។ ចូរ​អ្នក​រាល់​គ្នា​បើក​ចិត្ត​ឲ្យ​ទូលាយ​យ៉ាង​ដូច្នោះ​ដែរ។+

១៤ កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ។*+ ព្រោះ​តើ​សេចក្ដី​សុចរិត​និង​ការ​ប្រឆាំង​ច្បាប់​មាន​អ្វី​ត្រូវ​គ្នា?+ ឬ​តើ​ពន្លឺ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​ភាព​ងងឹត?+ ១៥ ម្យ៉ាង​ទៀត តើ​គ្រិស្ត​និង​បេលាល* រួម​ចិត្ត​គំនិត​គ្នា​ត្រង់​ណា?+ ឬ​តើ​អ្នក​ដែល​ជឿ*មាន​ចំណែក​អ្វី​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ?+ ១៦ ហើយ​តើ​វិហារ​របស់​ព្រះ​មាន​អ្វី​ត្រូវ​គ្នា​នឹង​រូប​ព្រះ?+ ព្រោះ​យើង​ជា​វិហារ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ+ ដូច​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ក្នុង​ចំណោម​ពួក​គេ+ ក៏​នឹងដើរក្នុង​ចំណោម​ពួក​គេ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ខ្ញុំ​»។+ ១៧ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ដូច្នេះ ចូរ​ចេញ​ពី​ចំណោម​ពួក​គេ​មក ហើយ​ញែក​ខ្លួន​ចេញ។ ឈប់​ពាល់​អ្វី​ដែល​មិន​ស្អាត›​»​+ ​«​‹រួច​ខ្ញុំ​នឹង​ទទួល​អ្នករាល់​គ្នា›​»។+ ១៨ ​«​‹ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា+ ឯ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កូន​ប្រុស​កូន​ស្រី​របស់​ខ្ញុំ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា* ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។

៧ ដូច្នេះ មិត្ត​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​យើង​មាន​សេចក្ដី​សន្យា​ទាំង​នេះ+ ចូរ​យើង​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក+ ហើយ​ចូរ​យើង​ធ្វើ​ឲ្យ​សេចក្ដី​បរិសុទ្ធ​របស់​យើង​ឈាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ដោយ​កោត​ខ្លាច​ព្រះ។

២ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​មាន​យើង​ផង។+ យើង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​អន្តរាយ មិន​បាន​បង្ខូច​ចិត្ត​គំនិត​របស់​អ្នក​ណា ក៏​មិន​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​ណា​ដែរ។+ ៣ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដើម្បី​ផ្ដន្ទា​ទោស​អ្នក​រាល់​គ្នា​ទេ។ ព្រោះ​ខ្ញុំ​បាន​និយាយ​ពី​មុន​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក៏​ដោយ។ ៤ ខ្ញុំ​និយាយ​ដោយ​ឥត​លាក់​លៀម​ទៅ​កាន់​អ្នក​រាល់​គ្នា។ ខ្ញុំ​អួត​ខ្លាំង​ណាស់​អំពី​អ្នក​រាល់​គ្នា។ ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ពេញ​លេញ ហើយ​គ្រប់​ពេល​វេលា​ដែល​យើង​រង​ទុក្ខ​វេទនា ខ្ញុំ​មាន​អំណរ​ដ៏​ពោរ​ពេញ។+

៥ តាម​ពិត ពេល​ដែល​យើង​បាន​ទៅ​ដល់​តំបន់​ម៉ាសេដូន+ យើង​មិន​បាន​ធូរ​ចិត្ត​សោះ យើង​នៅ​តែ​រង​ទុក្ខ​គ្រប់​បែប​យ៉ាង ពោល​គឺ​នៅ​ខាង​ក្រៅ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង ហើយ​នៅ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។ ៦ ប៉ុន្តែ ព្រះ​ដែល​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត+ បាន​សម្រាល​ទុក្ខ​យើង​តាម​រយៈ​វត្តមាន​របស់​ទីតុស។ ៧ យើង​មិន​គ្រាន់​តែ​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​សារ​វត្តមាន​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គាត់​បាន​ទទួល​កម្លាំង​ចិត្ត​ពី​អ្នក​រាល់​គ្នា​ដែរ ព្រោះ​គាត់​បាន​ត្រឡប់​មក​វិញ​ប្រាប់​យើង​ថា អ្នក​រាល់​គ្នា​ចង់​ជួប​ខ្ញុំ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ឈឺឆ្អាល​នឹង​ខ្ញុំ​ដោយ​ស្មោះ​ដែរ។ ដូច្នេះ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ជាង​មុន។

៨ ទោះ​ជា​សំបុត្រ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ក៏​ដោយ+ ខ្ញុំ​មិន​ស្ដាយ​ទេ។ ពិត​មែន​តែ​ខ្ញុំ​បាន​ស្ដាយ​នៅ​ដើម​ដំបូង (​ខ្ញុំ​ឃើញ​ថា​សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​) ៩ តែ​ឥឡូវ​ខ្ញុំ​ត្រេក​អរ​វិញ មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ព្រួយ​ចិត្ត​ទេ ប៉ុន្តែ​ដោយ​សារ​ការ​ព្រួយ​ចិត្ត​បាន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខាត​បង់​អ្វី​សោះ​ដោយ​សារ​យើង។ ១០ ព្រោះ​ការ​ព្រួយ​ចិត្ត​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​នាំ​ទៅ​ដល់​ការ​ប្រែ​ចិត្ត​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ហើយ​មិន​គួរ​ឲ្យ​ស្ដាយ​ក្រោយ​ឡើយ+ តែ​ការ​ព្រួយ​ចិត្ត​របស់​ពិភព​លោក​នេះ​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ ១១ ព្រោះ​ការ​នោះ​ឯង ពោល​គឺ​ការ​ព្រួយ​ចិត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ព្យាយាម​ខ្លាំង​ណាស់ ដោយ​ស្ដារ​កេរ្ដិ៍​ឈ្មោះ ដោយ​ទាស់​ចិត្ត ដោយ​កោត​ខ្លាច ដោយ​ចង់​ប្រែ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ខ្នះ​ខ្នែង ដោយ​កែ​តម្រូវ​អ្វី​ដែល​ខុស!+ ក្នុង​គ្រប់​ការ​ទាំង​អស់ អ្នក​រាល់​គ្នា​បាន​បង្ហាញ​ថា អ្នក​រាល់​គ្នា​ស្អាត​ស្អំ​ក្នុង​រឿង​នោះ។ ១២ ពិត​មែន​តែ​ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា ប៉ុន្តែ​នេះ​មិន​មែន​ដើម្បី​អ្នក​ដែល​បាន​ធ្វើ​ខុស​ទេ+ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​បាន​រង​អំពើ​អាក្រក់​នោះ​ដែរ តែ​ខ្ញុំ​បាន​សរសេរ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បង្ហាញ​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​បង្គាប់​របស់​យើង​មែន។ ១៣ ហេតុ​នេះ យើង​បាន​ទទួល​ការ​សម្រាល​ទុក្ខ។

ប៉ុន្តែ ព្រម​ជា​មួយ​នឹង​ការ​សម្រាល​ទុក្ខ​នោះ យើង​ក៏​បាន​ត្រេក​អរ​ខ្លាំង​ជាង​មុន ដោយ​សារ​ឃើញ​ទីតុស​មាន​អំណរ ពី​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ១៤ ប្រសិន​បើ​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នក​រាល់​គ្នា នោះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​អៀន​ខ្មាស​ឡើយ ព្រោះ​អ្វី​ដែល​យើង​អួត​ប្រាប់​ទីតុស​គឺ​ជា​ការ​ពិត ដូច​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។ ១៥ ម្យ៉ាង​ទៀត ទីតុស​មាន​មនោសញ្ចេតនា​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា ពេល​ដែល​គាត់​នឹក​ឃើញ​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ស្ដាប់​បង្គាប់+ ហើយ​បាន​ទទួល​គាត់​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ១៦ ខ្ញុំ​ត្រេក​អរ​ដែល​ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ទាំង​ស្រុង។*

៨ ឥឡូវ យើង​ចង់​ប្រាប់​បង​ប្អូន​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ដែល​លោក​បាន​ឲ្យ​ដល់​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​តំបន់​ម៉ាសេដូន។+ ២ ក្នុង​អំឡុង​ពេល​ពួក​គាត់​ជួប​ទុក្ខ​វេទនា​ដែល​ជា​ការ​ល្បង​ល​ដ៏​ខ្លាំង ពួក​គាត់​មាន​អំណរ​ពោរ​ពេញ ហើយ​ទោះ​ជា​ពួក​គាត់​ក្រ​តោកយ៉ាក​ក៏​ដោយ ពួក​គាត់​បាន​បង្ហាញ​ចិត្ត​ទូលាយ​ក្រៃ​លែង។ ៣ ព្រោះ​ពួក​គាត់​បាន​ឲ្យ​តាម​សមត្ថភាព​ខ្លួន+ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា តាម​ពិត ការ​ដែល​ពួក​គាត់​ឲ្យ​នោះ​គឺ​លើស​ពី​សមត្ថភាព​របស់​ពួក​គាត់​ទៅ​ទៀត។+ ៤ ពួក​គាត់​បាន​អង្វរ​យើង​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​អស់​ពី​ចិត្ត សុំ​ឲ្យ​ពួក​គាត់​មាន​កិត្តិយស​ជូន​អំណោយ​ដោយ​ចិត្ត​ទូលាយ និង​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ*+ ៥ ហើយ​ពួក​គាត់​បាន​ធ្វើ​លើស​ពី​អ្វី​ដែល​យើង​បាន​សង្ឃឹម​ទៅ​ទៀត តែ​មុន​បង្អស់​ពួក​គាត់​បាន​ខំ​ព្យាយាម​បម្រើ​លោក​ម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​បាន​ជួយ​យើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៦ ដូច្នេះ យើង​បាន​លើក​ទឹក​ចិត្ត​ទីតុស+ថា គាត់​គួរ​បង្ហើយ​ការ​ប្រមូល​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា ដោយ​សារ​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នេះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជូន​អំណោយ​ដោយ​ចិត្ត​ទូលាយ​ជា​បរិបូរ ដូច​អ្នក​រាល់​គ្នា​ក៏​មាន​អ្វី​ៗ​ទាំង​អស់​ជា​បរិបូរ​ដែរ ពោល​គឺ​ជំនឿ ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ ចំណេះ ចិត្ត​ខ្នះ​ខ្នែង និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​យើង។+

៨ ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​ដើម្បី​បង្គាប់​អ្នក​រាល់​គ្នា​ទេ តែ​ខ្ញុំ​និយាយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​ឯ​ទៀត និង​ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ស្មោះ​ឬ​មិន​ស្មោះ។ ៩ ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ថា ទោះ​ជា​លោក​ជា​អ្នក​មាន​ក៏​ដោយ លោក​បាន​ទៅ​ជា​អ្នក​ក្រ​ដើម្បី​អ្នក​រាល់​គ្នា។+ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​មាន​តាម​រយៈ​ភាព​ក្រី​ក្រ​របស់​លោក។

១០ ខ្ញុំ​សូម​ប្រាប់​មតិ​របស់​ខ្ញុំ​អំពី​រឿង​នេះ​ថា+ ការ​ធ្វើ​កិច្ច​ការ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ប្រយោជន៍ ដោយ​សារ​មួយ​ឆ្នាំ​មុន អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ចង់​ធ្វើ​ការ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​នេះ​ដែរ។ ១១ ដូច្នេះ​ឥឡូវ ចូរ​ធ្វើ​ការ​នេះ​ឲ្យ​ហើយ​ចុះ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​បង្ហើយ​ការ​នេះ​តាម​លទ្ធភាព​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​មាន​ចិត្ត​ចង់​ធ្វើ​ពី​មុន។ ១២ ព្រោះ​ប្រសិន​បើ​មាន​ចិត្ត​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន+ មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ។ ១៣ ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រួល តែ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ទេ។ ១៤ ប៉ុន្តែ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដែល​មាន​អ្វី​លើស​ពី​សេចក្ដី​ត្រូវ​ការ អាច​បំពេញ​ការ​ខ្វះ​ខាត​របស់​ពួក​គេ ហើយ​ពេល​ពួក​គេ​មាន​អ្វី​ដែល​លើស​ពី​សេចក្ដី​ត្រូវ​ការ ពួក​គេ​អាច​បំពេញ​ការ​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​ដែរ យ៉ាង​នោះ​នឹង​មាន​ភាពស្មើ​គ្នា។ ១៥ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​មាន​ច្រើន មិន​មាន​ច្រើន​ពេក​ទេ ហើយ​អ្នក​ដែល​មាន​តិច ក៏​មិន​មាន​តិច​ពេក​ដែរ​»។+

១៦ យើង​សូម​អរគុណ​ព្រះ​ដែល​ទីតុស​គិត​ដល់​អ្នក​រាល់​គ្នា ដូច​យើង​គិត​ដល់​អ្នក​រាល់​គ្នា​ដែរ+ ១៧ ពី​ព្រោះ​គាត់​មិន​ត្រឹម​តែ​បាន​ធ្វើ​អ្វី​ដែល​យើង​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​ចេញ​ទៅ​ឯ​អ្នក​រាល់​គ្នា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ១៨ ប៉ុន្តែ យើង​បាន​ចាត់​បង​ប្រុស​ម្នាក់​ទៀត​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់។ បង​ប្រុស​នោះ​ទទួល​ការ​សរសើរ​ពី​ក្រុម​ជំនុំ​ទាំង​អស់ ដោយ​សារ​កិច្ច​ការ​របស់​គាត់​ដែល​ទាក់​ទង​នឹង​ដំណឹង​ល្អ។ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​តែង​តាំង​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​នឹង​យើង​ក្នុង​ការ​ចាត់​ចែង​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​តម្កើង​សិរី​រុង​រឿង​របស់​លោក​ម្ចាស់ និង​ដើម្បី​បញ្ជាក់​ថា​យើង​ប្រុង​ប្រៀប​ជួយ​អ្នក​ឯ​ទៀត​ជា​និច្ច។ ២០ យ៉ាង​នេះ យើង​មិន​បើក​ឱកាស​ឲ្យ​អ្នក​ណា​រិះ​គន់​យើង​អំពី​របៀប​ដែល​យើង​កំពុង​ចាត់​ចែង​វិភាគទាន​ជា​ច្រើន​នេះ​ទេ។+ ២១ ព្រោះ​យើង​‹ចាត់​ចែង​កិច្ច​ការ​ដោយ​ទៀង​ត្រង់ មិន​គ្រាន់​តែ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា*ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ›។+

២២ ម្យ៉ាង​ទៀត យើង​ចាត់​បង​ប្រុស​ម្នាក់​ឲ្យ​ទៅ​ជា​មួយ​នឹង​ពួក​គាត់។ យើង​ធ្លាប់​សាក​ល្បង​បង​ប្រុស​នោះ​ជា​ញឹក​ញយ​ក្នុង​កិច្ច​ការ​ជា​ច្រើន ហើយ​ឃើញ​ថា​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង តែ​ឥឡូវ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ខ្លាំង​ជាង​មុន ដោយ​សារ​គាត់​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​អ្នក​រាល់​គ្នា។ ២៣ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពី​ទីតុស ខ្ញុំ​សូម​ប្រាប់​ថា គាត់​រួម​ចំណែក​ជា​មួយ​នឹង​ខ្ញុំ និង​ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍។ ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពី​បង​ប្រុស​ៗ​របស់​យើង ខ្ញុំ​សូម​ប្រាប់​ថា ពួក​គាត់​ជា​សាវ័ក​របស់​ក្រុម​ជំនុំ ហើយ​ពួក​គាត់​នាំ​ឲ្យ​គ្រិស្ត​ទទួល​ការ​លើក​តម្កើង។ ២៤ ដូច្នេះ ចូរ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​គាត់+ ហើយ​ចូរ​បង្ហាញ​ក្រុម​ជំនុំ​ថា​អ្វី​ដែល​យើង​បាន​អួត​អំពី​អ្នក​រាល់​គ្នា គឺ​ជា​ការ​ពិត។

៩ ចំណែក​ឯ​កិច្ច​បម្រើ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ+ ខ្ញុំ​មិន​ចាំ​បាច់​សរសេរ​ទៅ​អ្នក​រាល់​គ្នា​អំពី​រឿង​នោះ​ទេ ២ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ជួយ​ជា​និច្ច ហើយ​ខ្ញុំ​អួត​ប្រាប់​គ្រិស្ត​សាសនិក​នៅ​តំបន់​ម៉ាសេដូន​ថា អ្នក​រាល់​គ្នា​នៅ​ខេត្ត​អាខេយ៉ា​បាន​ប្រុង​ប្រៀប​ជួយ​អស់​មួយ​ឆ្នាំ​ហើយ។ ម្យ៉ាង​ទៀត ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​ពួក​គាត់​ភាគ​ច្រើន​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។ ៣ ប៉ុន្តែ ខ្ញុំ​នឹង​ចាត់​បង​ប្រុស​ៗ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្វី​ដែល​យើង​បាន​អួត​ប្រាប់​អំពី​អ្នក​រាល់​គ្នា​ក្នុង​រឿង​នេះទៅជា​អសារ​ឥត​ការ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្នក​រាល់​គ្នា។ ៤ ពុំ​នោះ​សោត បើ​ពួក​អ្នក​តំបន់​ម៉ាសេដូន​ទៅ​ជា​មួយ​នឹង​ខ្ញុំ រួច​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​ប្រុង​ប្រៀប​ជា​ស្រេច នោះ​ទាំង​ខ្ញុំ​ទាំង​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស​គេ ពី​ព្រោះ​យើង​បាន​ទុក​ចិត្ត​អ្នក​រាល់​គ្នា។ ៥ ដូច្នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​លើក​ទឹក​ចិត្ត​បង​ប្រុស​ៗ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​មុន ហើយ​រៀបចំ​អំណោយ​ដ៏​សប្បុរស​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ជូន ដើម្បី​ពេល​យើង​ទៅ​ដល់ អំណោយ​នោះ​បាន​រៀបចំ​ជា​ស្រេច ជា​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​ឲ្យ​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ការ​បង្ខិត​បង្ខំ​ទេ។

៦ ប៉ុន្តែ ក្នុង​រឿង​នេះ អ្នក​ដែល​សាប​ព្រោះ​ដោយ​ត្បិតត្បៀត​នឹង​ទទួល​ផល​បាន​តិច​តួច ហើយ​អ្នក​ដែល​សាប​ព្រោះ​ដោយ​បរិបូរ​នឹង​ប្រមូល​ផល​បាន​បរិបូរ។+ ៧ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់*ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ+ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ។+

៨ ម្យ៉ាង​ទៀត ព្រះ​អាច​ធ្វើ​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​មាន​កាន់​តែ​ច្រើន​ឡើង​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ ព្រម​ទាំង​មាន​ជា​បរិបូរ​ដើម្បី​ធ្វើ​ការ​ល្អ​សព្វ​បែប​យ៉ាង+ ៩ (​ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​គាត់​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គាត់​បាន​ឲ្យ​ដល់​អ្នក​ក្រី​ក្រ។ សេចក្ដី​សុចរិត​របស់​គាត់​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។+ ១០ ព្រះ​ដែល​ផ្គត់​ផ្គង់​គ្រាប់​ពូជ​ជា​បរិបូរ​ដល់​អ្នក​សាប​ព្រោះ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​ជា​បរិបូរ​ដល់​អ្នក​បរិភោគ នោះ​លោក​នឹង​ផ្គត់​ផ្គង់​គ្រាប់​ពូជ​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ដើម្បី​សាប​ព្រោះ ហើយ​លោក​ក៏​នឹង​ចម្រើន​ផល​ពី​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ដែរ​)។ ១១ ព្រះ​ផ្ដល់​ពរ​គ្រប់​បែប​យ៉ាង​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឲ្យ​ដល់​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ទូលាយ ហើយ​មនុស្ស​នឹង​អរគុណ​ព្រះ​ដោយ​សារ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​ឲ្យ​អ្នក​ឯ​ទៀត​តាម​រយៈ​យើង។ ១២ ពី​ព្រោះ​កិច្ច​បម្រើ​សាធារណៈ​នេះ មិន​គ្រាន់​តែ​ផ្ដល់​អ្វី​ៗ​ជា​បរិបូរ​ដែល​ពួក​អ្នក​បរិសុទ្ធ​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ+ តែ​នាំ​ឲ្យ​មាន​ការ​ថ្លែង​អំណរគុណ​ជា​ច្រើន​ដល់​ព្រះ។ ១៣ តាម​រយៈ​ភ័ស្តុតាង​ដែល​បាន​ត្រូវ​បញ្ជាក់​ដោយ​កិច្ច​ការ​ផ្ដល់​ជំនួយ​នេះ ពួក​គាត់​សរសើរ​តម្កើង​ព្រះ ដោយ​សារ​អ្នក​រាល់​គ្នា​ចុះ​ចូល​ធ្វើ​តាម​ដំណឹង​ល្អ​អំពី​គ្រិស្ត ដូច​អ្នក​រាល់​គ្នា​បាន​ប្រកាស​ជា​សាធារណៈ និង​ដោយ​សារ​អ្នក​រាល់​គ្នា​ធ្វើ​វិភាគ​ទាន​ដោយ​ចិត្ត​ទូលាយ​សម្រាប់​ពួក​គាត់​និង​អ្នក​ឯ​ទៀត​ទាំង​អស់។+ ១៤ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​អង្វរ​ព្រះ​អំពី​អ្នក​រាល់​គ្នា ហើយ​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ទៀត​ផង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​មាន​ចំពោះ​អ្នក​រាល់​គ្នា។

១៥ សូម​អរគុណ​ព្រះ​ចំពោះ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​រក​ពណ៌នា​ពុំ​បាន​របស់​លោក។

១០ ឯ​ខ្ញុំ ប៉ូល សូម​អង្វរ​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​ស្លូត​បូត​និង​សេចក្ដី​សប្បុរស​របស់​គ្រិស្ត+ គឺ​ខ្ញុំ​ដែល​អ្នក​រាល់​គ្នា​មើល​មក​ថា​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ពេល​ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា+ តែ​ពេល​ដែល​មិន​នៅ​ជា​មួយ ខ្ញុំ​ជា​មនុស្ស​ម៉ឺង​ម៉ាត់*ចំពោះ​អ្នក​រាល់​គ្នា។+ ២ ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ម៉ឺង​ម៉ាត់​ដូច​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នកខ្លះ​ដែល​វាយ​តម្លៃ​ថា យើង​ប្រព្រឹត្ត​តាម​ពិភព​លោក​នេះ។ ៣ ព្រោះ​ទោះ​ជាដំណើរ​ជីវិត​របស់​យើង​គឺ​ដូច​មនុស្ស​ទូទៅ​ក៏​ដោយ យើង​មិន​ធ្វើ​សឹក​សង្គ្រាម​តាម​គំនិត​របស់​ពិភព​លោក​នេះ​ទេ។ ៤ ព្រោះ​គ្រឿង​សស្ត្រាវុធ​ដែល​យើង​ប្រើ​ក្នុង​សឹក​សង្គ្រាម​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ+ តែ​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ+ ដើម្បី​រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ។ ៥ ព្រោះ​យើង​កំពុង​រំលំ​រំលើង​ការ​វែក​ញែក និង​អ្វី​ៗ​ទាំង​អស់​ដែល​ឆ្មើង​កន្ទ្រើង​ប្រឆាំង​ចំណេះ​អំពី​ព្រះ+ ហើយ​យើង​កំពុង​កាន់​កាប់​គំនិត*ទាំង​អស់ បង្ខំ​ឲ្យ​ស្ដាប់​បង្គាប់​គ្រិស្ត។ ៦ យើង​ថែម​ទាំង​បាន​ប្រុង​ប្រៀប​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ក្នុង​រឿង​ណា​មួយ+ ក្រោយ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ថា​ខ្លួន​ធ្វើ​តាម​បង្គាប់​យ៉ាង​សព្វ​គ្រប់។

៧ អ្នក​រាល់​គ្នា​មើល​តែ​សម្បក​ក្រៅ។ ប្រសិន​បើ​អ្នក​ណា​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​កាន់​តាម​គ្រិស្ត ត្រូវ​ឲ្យ​អ្នក​នោះ​គិត​ពិចារណា​ម្ដង​ទៀត​អំពី​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា យើង​ក៏ជា​អ្នក​កាន់​តាម​គ្រិស្ត ដូច​អ្នក​នោះ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។ ៨ ព្រោះ​ទោះ​ជា​ខ្ញុំអួត​ច្រើន​បន្តិច​អំពី​អំណាច​ដែល​លោក​ម្ចាស់​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​ពង្រឹង​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​បំផ្លាញ​អ្នក​រាល់​គ្នា​ក៏​ដោយ+ ខ្ញុំ​នឹង​មិន​ខ្មាស​គេ​ទេ។ ៩ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ថា ខ្ញុំ​ព្យាយាម​បំភ័យ​អ្នក​រាល់​គ្នា​តាម​រយៈ​សំបុត្រ​ខ្ញុំ​ឡើយ។ ១០ ព្រោះ​ពួក​គេ​និយាយ​ថា​៖ ​«​សំបុត្រ​របស់​គាត់​មាន​ពាក្យ​ធ្ងន់​ៗ​និង​មាន​ឥទ្ធិពល​ខ្លាំង ប៉ុន្តែ​ពេល​ដែល​គាត់​នៅ​ជា​មួយ​នឹង​យើង គាត់​មិន​មាន​អ្វី​គួរ​ឲ្យ​កោត​ស្ងើច​ទេ ហើយ​សម្ដី​របស់​គាត់​គ្មាន​បាន​ការ​សោះ​»។ ១១ ចូរ​ឲ្យ​មនុស្ស​បែប​នោះ​ពិចារណា​អំពី​ចំណុច​ដូច​ត​ទៅ​នេះ​ថា យើង​និយាយ​យ៉ាង​ណា​ក្នុង​សំបុត្រ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ពេល​ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។+ ១២ ព្រោះ​យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ ឬ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ។+ អ្នក​ទាំង​នោះ​គ្មាន​ការ​យល់​ដឹង​ទេ ព្រោះ​ពួក​គេ​វាយ​តម្លៃ​ខ្លួន ហើយ​ប្រៀប​ធៀប​ខ្លួន​តាម​ខ្នាត​តម្រា​របស់​ខ្លួន​ឯង។+

១៣ ចំណែក​យើង​វិញ យើង​នឹង​មិន​អួត​ហួស​កម្រិត​ឡើយ ប៉ុន្តែ​យើង​អួត​តែ​អំពី​អ្វី​ដែល​យើង​បាន​សម្រេច​នៅ​ក្នុង​ដែន​កំណត់​នៃ​តំបន់​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង ដែល​រួម​បញ្ចូល​តំបន់​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១៤ យើង​មិន​បាន​ធ្វើ​អ្វី​ហួស​ពី​ដែនកំណត់​របស់​យើង​ទេ ពេល​ដែល​យើង​មក​ឯ​អ្នក​រាល់​គ្នា តែ​យើង​ជា​អ្នក​មុន​គេ​ដែល​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត​ដល់​អ្នក​រាល់​គ្នា។+ ១៥ យើង​មិន​មែន​អួត​អំពី​អ្វី​ហួស​ពី​ដែន​កំណត់​របស់​យើង​ទេ ពោល​គឺ​យក​ផល​នៃ​ការ​នឿយ​ហត់​របស់​អ្នក​ឯ​ទៀត​មក​អួត តែ​យើង​សង្ឃឹម​ថា កាល​ដែល​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​ចម្រើន​ឡើង នោះ​យើង​នឹង​មាន​សមិទ្ធផល​កាន់​តែ​ច្រើន​ឡើង​ក្នុង​ដែន​កំណត់​របស់​យើង។ យ៉ាង​នោះ យើង​នឹង​មាន​សមិទ្ធផល​បរិបូរ​ជាង​មុន​ទៅ​ទៀត ១៦ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ស្រុក​នា​នា​ហួស​ពី​កន្លែង​របស់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​យើង​អួត​អំពី​ការ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​រួច​ជា​ស្រេច​ក្នុង​ដែន​កំណត់​របស់​ពួក​គេ។ ១៧ ​«​អ្នក​ណា​ដែល​អួត ចូរ​ឲ្យ​អ្នក​នោះ​អួត​អំពី​ព្រះ​យេហូវ៉ា​»។*+ ១៨ ព្រោះ​ព្រះ​យេហូវ៉ា*មិន​ពេញ​ចិត្ត​អ្នក​ដែល​លើក​តម្កើង​ខ្លួន​ទេ+ តែ​លោក​ពេញ​ចិត្ត​អ្នក​ដែល​លោក​លើក​តម្កើង​វិញ។+

១១ សូម​អ្នក​រាល់​គ្នា​ទ្រាំ​នឹង​ខ្ញុំ​បន្តិច ទោះ​ជា​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​ក៏​ដោយ។ ប៉ុន្តែ​តាម​ពិត អ្នក​រាល់​គ្នា​កំពុង​ទ្រាំ​ហើយ! ២ ព្រោះ​ខ្ញុំ​ចង់​ហួងហែង​អ្នក​រាល់​គ្នា ដូច​ព្រះ​ចង់​ហួងហែង​អ្នក​រាល់​គ្នា​ដែរ ដោយ​សារ​ខ្ញុំ​បានទុក​ដាក់​អ្នក​រាល់​គ្នា​ឲ្យ​មាន​ប្ដី​តែ​មួយ គឺ​គ្រិស្ត ហើយ​ខ្ញុំ​ចង់​ប្រគល់​អ្នក​រាល់​គ្នាក្នុង​ភាព​ជា​ក្រមុំ​បរិសុទ្ធ​ទៅ​លោក។+ ៣ ប៉ុន្តែ ដូច​សត្វ​ពស់​បាន​ល្បួង​លួង​លោម​អេវ៉ា​ដោយ​កលល្បិច​របស់​វា+ នោះ​ខ្ញុំ​ខ្លាច​ថា ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​បង្ខូច​តាម​របៀប​ណា​មួយ​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​បាត់​បង់​ចិត្ត​ស្មោះ​និង​ភាព​បរិសុទ្ធ​ដែល​គ្រិស្ត​គួរ​ទទួល។+ ៤ ព្រោះ​ថា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មក​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​ផ្សេង​ទៀត ក្រៅ​ពី​លោក​យេស៊ូ​ដែល​យើង​បាន​ផ្សព្វ​ផ្សាយ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​ចិត្ត​គំនិត​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ចិត្ត​គំនិត​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត ក្រៅ​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ+ អ្នក​រាល់​គ្នា​ចេះ​តែ​ទ្រាំ*នឹង​អ្នក​នោះ។ ៥ ព្រោះ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ខ្លួន​ខ្ញុំ​អន់​ជាង​ពួក​មហា​សាវ័ក​របស់​អ្នក​រាល់​គ្នា​ក្នុង​រឿង​ណា​មួយ​សោះ​ឡើយ។+ ៦ ប៉ុន្តែ ទោះ​ជា​ខ្ញុំ​ខ្សោយ​ខាង​វោហារ​ក៏​ដោយ+ ខ្ញុំ​មិន​ខ្សោយ​ខាង​ចំណេះ​ទេ តែ​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ច្បាស់​អំពី​ចំណេះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់។

៧ តើ​ខ្ញុំ​បាន​ធ្វើ​ខុស​ឬ ដែល​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ដោយ​មិន​យក​ថ្លៃ ហើយ​បាន​បន្ទាប​ខ្លួន​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​លើក​តម្កើង?+ ៨ ខ្ញុំ​បាន​បេះ​ពី​មាត់​ពី​ក​របស់​ក្រុម​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គាត់ ដើម្បី​យក​មក​បម្រើ​អ្នក​រាល់​គ្នា។+ ៩ ក៏​ប៉ុន្តែ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ចាប់​ផ្ដើម​ខ្វះ​ខាត ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​បង​ប្អូន​ដែល​មក​ពី​តំបន់​ម៉ាសេដូន​បាន​ផ្គត់​ផ្គង់​ជា​បរិបូរ​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​ត្រូវ​ការ។+ ក្នុង​គ្រប់​ការ​ទាំង​អស់ ខ្ញុំ​បាន​រក្សា​ខ្លួន​កុំ​ឲ្យ​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា ក៏​នឹងបន្ត​រក្សា​ខ្លួន​ត​ទៅ​ទៀត។+ ១០ ដរាប​ណា​ខ្ញុំ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដរាប​នោះខ្ញុំ​នឹង​មិន​ឈប់​អួត+អំពី​តំបន់​អាខេយ៉ា​ទេ។ ១១ ហេតុ​អ្វី​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​ដោយ​សារ​ខ្ញុំមិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ? ព្រះ​ជ្រាប​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា។

១២ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​ទៀត+ដើម្បី​បំបាត់​ទី​សំអាង​របស់​ពួក​អ្នក​ដែល​ខំ​តាំង​ខ្លួន​ឲ្យ​ស្មើ​នឹង​យើង ដោយ​អួត​អំពី​តំណែង​របស់​ខ្លួន។ ១៣ ព្រោះ​បុរស​បែប​នោះ​ជា​សាវ័ក​ក្លែង​ក្លាយ និង​ជា​មនុស្ស​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវ័ក​របស់​គ្រិស្ត+ ១៤ ហើយ​គ្មាន​អ្វី​ចម្លែក​ទេ ព្រោះ​សាថាន*ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ។+ ១៥ ដូច្នេះ មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​អ្នក​បម្រើ​របស់​វា​ក៏​ចេះ​តែ​ក្លែងខ្លួន​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​ដែរ។ ប៉ុន្តែ នៅ​ទី​បញ្ចប់ ពួក​គេ​នឹង​ទទួល​ផល​ស្រប​តាម​ការ​ដែល​ពួក​គេ​បាន​ធ្វើ។+

១៦ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​៖ កុំ​ឲ្យ​អ្នក​ណា​គិត​ថា​ខ្ញុំ​ឥត​វិចារណញ្ញាណ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ទ្រាំ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​បាន​បន្តិច​បន្តួច ទោះ​ជា​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​ក៏​ដោយ។ ១៧ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​មិន​មែន​និយាយ​តាម​គំរូ​របស់​លោក​ម្ចាស់​ទេ តែ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ ដែល​មាន​អំណួត​ហើយ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ១៨ ដោយ​សារ​មាន​ច្រើន​នាក់​កំពុង​អួត​អំពី​អ្វី​ៗ​ខាង​ពិភព​លោក​នេះ ខ្ញុំ​ក៏​នឹងអួត​ដែរ។ ១៩ ដោយ​សារ​អ្នក​រាល់​គ្នា​ថា​ខ្លួន​«​មាន​វិចារណញ្ញាណ​»​ ហេតុ​អ្វី​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត​ទ្រាំ*នឹង​អ្នក​ដែល​គ្មាន​វិចារណញ្ញាណ? ២០ តាម​ការ​ពិត អ្នក​រាល់​គ្នា​ទ្រាំ*នឹង​អ្នក​ណា​ដែល​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ខ្ញុំ​បម្រើ អ្នក​ណា​ដែល​លេប​ត្របាក់​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​មាន អ្នក​ណា​ដែល​កញ្ឆក់​យក​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​មាន អ្នក​ណា​ដែល​តម្កើង​ខ្លួន​លើ​អ្នក​រាល់​គ្នា និង​អ្នក​ណា​ដែល​វាយ​មុខ​អ្នក​រាល់​គ្នា។

២១ ខ្ញុំ​និយាយ​ដូច្នេះ ធ្វើ​ឲ្យ​យើង​អាប់​ឱន​កិត្តិ​យស ពី​ព្រោះ​អ្នក​ខ្លះ​គិត​ថា​យើង​គ្មាន​សមត្ថភាព​ប្រើ​អំណាច​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។

ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​មួយ ខ្ញុំ​ក៏​ហ៊ាន​ដែរ។ ខ្ញុំ​កំពុង​និយាយ​ដូច​ជា​មនុស្ស​ឥត​វិចារណញ្ញាណ។ ២២ តើ​ដើម​កំណើត​របស់​ពួក​គេ​ជា​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។+ តើ​ពួក​គេ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។ តើ​ពួក​គេ​ជា​កូន​ចៅ*របស់​អាប្រាហាំ​ឬ? ខ្ញុំ​ក៏​ដូច្នោះ​ដែរ។+ ២៣ តើ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​គ្រិស្ត​ឬ? ខ្ញុំ​សូម​តប​ឆ្លើយ​ដូច​ជា​មនុស្ស​ឆ្កួត​ថា ខ្ញុំ​ជា​អ្នក​បម្រើ​ប្រសើរ​ជាង​ពួក​គេ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាង​ពួក​គេ+ ជាប់​គុក​ច្រើន​ជាង​ពួក​គេ+ ត្រូវ​គេ​វាយ​ច្រើន​ហួស​ប្រមាណ និង​ជិត​ស្លាប់​ជា​ច្រើន​ដង។+ ២៤ មាន​ប្រាំ​ដង​ដែល​ជនជាតិ​យូដា​បាន​វាយ​ខ្ញុំ រាល់​ដង​ពួក​គេ​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​មួយ។+ ២៥ ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង+ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង+ ធ្លាប់​លិច​សំពៅ​បី​ដង+ ធ្លាប់​ជាប់​នៅ​សមុទ្រ​មួយ​យប់​មួយ​ថ្ងៃ។ ២៦ ខ្ញុំ​ធ្វើ​ដំណើរ​ជា​ញឹក​ញយ ក៏​បាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៅ​ទន្លេ គ្រោះ​ថ្នាក់​ពី​ចោរ​ចាំ​ស្ទាក់​ប្លន់ គ្រោះ​ថ្នាក់​ពី​ជន​រួម​ជាតិ+ គ្រោះ​ថ្នាក់​ពី​ជន​ជាតិ​ដទៃ+ គ្រោះ​ថ្នាក់​នៅ​ក្នុង​ក្រុង+ គ្រោះ​ថ្នាក់​នៅ​តំបន់​ស្ងាត់​ជ្រងំ គ្រោះ​ថ្នាក់​នៅ​សមុទ្រ គ្រោះ​ថ្នាក់​ក្នុង​ចំណោម​បង​ប្អូន​ក្លែង​ក្លាយ ២៧ ដោយ​នឿយ​លំបាក ដោយ​អត់​ងងុយ​ជា​ញឹក​ញយ+ ដោយ​ស្រេក​ឃ្លាន+ ដោយ​គ្មាន​អាហារ​បរិភោគ​ជា​ច្រើន​ដង+ ដោយ​រងា​និង​គ្មាន​សម្លៀក​បំពាក់។*

២៨ ក្រៅ​ពី​អ្វី​ៗ​ទាំង​នោះ ក៏​មាន​អ្វី​ដែល​អន្ទោល​តាម​ខ្ញុំ​រៀង​រាល់​ថ្ងៃ* ពោល​គឺ​កង្វល់​អំពី​ក្រុម​ជំនុំ​ទាំង​ឡាយ។+ ២៩ តើ​អ្នក​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ? តើ​អ្នក​ណា​ជំពប់​ដួល ហើយ​ខ្ញុំ​មិន​ខឹង​ឆួល?

៣០ ប្រសិន​បើ​ត្រូវ​អួត​ខ្លួន ខ្ញុំ​នឹង​អួត​អំពី​អ្វី​ដែល​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ។ ៣១ ព្រះ​ដែល​ជា​បិតា​របស់​លោក​ម្ចាស់​យេស៊ូ និង​ជា​ព្រះ​ដែល​ត្រូវ​ទទួល​ការ​សរសើរ​ជា​រៀង​រហូត ជ្រាប​ថា​ខ្ញុំ​មិន​និយាយ​កុហក​ទេ។ ៣២ នៅ​ក្រុង​ដាម៉ាស់ អភិបាល​ក្រោម​អំណាច​ស្ដេច​អារេតាស បាន​ឲ្យ​គេ​ចាំ​យាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ។ ៣៣ ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ឆេ​ផ្ដៅ រួច​សម្រូត​ចុះ​តាម​បង្អួច​កំពែង។+ ដូច្នេះ ខ្ញុំ​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​គាត់។

១២ ខ្ញុំ​ត្រូវ​តែ​អួត ទោះ​ជា​គ្មាន​ប្រយោជន៍​ក៏​ដោយ ខ្ញុំ​សូម​និយាយ​អំពីអ្វី​ដែល​លោក​ម្ចាស់​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត+ និង​ដំណឹង​ដែល​លោក​បាន​ឲ្យ​ដល់​ខ្ញុំ។+ ២ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ដប់​បួន​ឆ្នាំ​មុន គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ស្ថាន​សួគ៌​ទី​៣។ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ទាំង​រូប​កាយ​ឬ​យ៉ាង​ណា​ទេ តែ​ព្រះ​ជ្រាប។ ៣ ខ្ញុំ​ស្គាល់​បុរស​នោះ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ទាំង​រូប​កាយ​ឬ​យ៉ាង​ណា​ទេ តែ​ព្រះ​ជ្រាប។ ៤ កាល​ដែល​បុរស​នោះ​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ក្នុង​សួន​ឧទ្យាន គាត់​បាន​ឮ​ពាក្យ​ដែល​គាត់​មិន​ត្រូវ​ប្រាប់ ជា​ពាក្យ​ដែល​មនុស្ស​មិន​មាន​ច្បាប់​និយាយ​ទេ។ ៥ ខ្ញុំ​នឹង​អួត​អំពី​បុរស​នោះ តែ​ខ្ញុំ​នឹង​មិន​អួត​អំពី​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​អួត​តែ​អំពី​អ្វី​ដែល​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ៦ ព្រោះ​បើ​ខ្ញុំ​ចង់​អួត ខ្ញុំ​មិន​មែន​អួត​ដោយ​ឥត​វិចារណញ្ញាណ​ទេ ពី​ព្រោះ​ខ្ញុំ​នឹង​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​មិន​អួត​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​សរសើរ​ខ្ញុំ​ហួស​ពី​ការ​ដែល​អ្នក​នោះ​ឃើញ​ខ្ញុំ​ធ្វើ ឬ​ឮ​ខ្ញុំ​និយាយ ៧ ដោយ​សារ​តែ​មាន​អ្វី​ជា​ច្រើន​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ។

ដូច្នេះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ហួស​ហេតុ​ពេក ខ្ញុំ​បាន​ទទួល​បន្លា​មួយ​ក្នុង​សាច់​ឈាម+ ដែល​ប្រៀប​ដូច​ជា​ទេវតា​មួយ​របស់​សាថាន*ចាំ​ទះ*ខ្ញុំ​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​ខ្លួន​ហួស​ប្រមាណ។ ៨ ខ្ញុំ​បាន​អង្វរ​លោក​ម្ចាស់​បី​ដង​អំពី​រឿង​នេះ ដើម្បី​ឲ្យ​លោក​ដក​បន្លា​នេះ​ចេញ។ ៩ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ខ្ញុំ​បង្ហាញ​ចំពោះ​អ្នក​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​ក្នុង​ករណី​របស់​អ្នក ឫទ្ធានុភាព​របស់​ខ្ញុំ​បាន​ពេញ​លក្ខណៈ​ពេល​ដែល​អ្នក​ទន់​ខ្សោយ​»។+ ដូច្នេះ ខ្ញុំ​សប្បាយ​ចិត្ត​អួត​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ឫទ្ធានុភាព​របស់​គ្រិស្ត​បន្ត​សណ្ឋិត​លើ​ខ្ញុំ​ដូច​ជា​ត្រសាល។ ១០ ហេតុ​នេះ ខ្ញុំ​ពេញ​ចិត្ត​ភាព​ទន់​ខ្សោយ ការ​តិះ​ដៀល ការ​ខ្វះ​ខាត ការ​បៀត​បៀន និង​ការ​លំបាក ដើម្បី​គ្រិស្ត។ ព្រោះ​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា។+

១១ ខ្ញុំ​បាន​ទៅ​ជា​ដូច​មនុស្ស​ឥត​វិចារណញ្ញាណ។ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ប្រាប់​អំពី​ការ​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ។ ពី​ព្រោះ​ខ្ញុំ​មិន​អន់​ជាង​ពួក​មហា​សាវ័ក​របស់​អ្នក​រាល់​គ្នា​ក្នុង​រឿង​ណា​មួយ​ឡើយ ទោះ​ជា​ខ្ញុំ​គ្មាន​តម្លៃ​សោះ​ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១២ ខ្ញុំ​បាន​បង្ហាញ​ភ័ស្តុតាង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា​ខ្ញុំ​ជា​សាវ័ក ដោយ​ការ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង+ ដោយ​ធ្វើ​ការ​អស្ចារ្យ ធ្វើ​អព្ភូតហេតុ និង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព។+ ១៣ ព្រោះ​តើ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ថា​អន់​ជាង​ក្រុម​ជំនុំ​ឯ​ទៀត ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ឬ?+ បើ​ដូច្នេះ​មែន សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។

១៤ មើល! នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​ប្រុង​ប្រៀប​មក​ឯ​អ្នក​រាល់​គ្នា ហើយ​នៅ​លើក​នេះ​ខ្ញុំ​ក៏​នឹង​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ដែរ។ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​ទេ+ តែ​ខ្ញុំ​ចង់​បាន​អ្នក​រាល់​គ្នា​វិញ។ ពី​ព្រោះ​កូន+មិន​គួរ​ទុក​ទ្រព្យ​ឲ្យ​ឪពុក​ម្ដាយ​ទេ តែ​ឪពុក​ម្ដាយ​គួរ​ទុក​ឲ្យ​កូន​វិញ។ ១៥ ចំណែក​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​ចំណាយ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​មាន ថែម​ទាំង​ជីវិត​របស់​ខ្ញុំ​ផង ដើម្បី​អ្នក​រាល់​គ្នា។+ ប្រសិន​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​យ៉ាង​នេះ តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​តិច​ជាង​នេះ​ឬ? ១៦ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ+ ប៉ុន្តែ​អ្នក​រាល់​គ្នា​និយាយ​ថា​ខ្ញុំ​«​មាន​ឧបាយ​»​ ហើយ​ថា​ខ្ញុំ​បាន​ចាប់​អ្នក​រាល់​គ្នា​«​ដោយ​ប្រើ​កលល្បិច​»។ ១៧ ចំណែក​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា តើ​ខ្ញុំ​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​តាម​រយៈ​ពួក​អ្នក​នោះ​ឬ? ១៨ ខ្ញុំ​ជា​អ្នក​ដែល​បាន​លើក​ទឹក​ចិត្ត​ទីតុស​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា ហើយ​ក៏​បាន​ចាត់​បង​ប្រុស​ម្នាក់​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ទីតុស​មិន​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​សោះ​ឡើយ មែន​ទេ?+ យើង​បាន​បង្ហាញ​ចិត្ត​គំនិត​តែ​មួយ មែន​ទេ? ហើយ​យើង​បាន​ដើរ​តាម​លំអាន​ដាន​តែ​មួយ មែន​ទេ?

១៩ ពេល​អ្នក​រាល់​គ្នា​អាន​សំបុត្រ​នេះ តើ​អ្នក​រាល់​គ្នា​គិត​ស្មានថា​យើង​កំពុង​និយាយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ឬ? មិន​មែន​ទេ យើង​កំពុង​និយាយ​នៅ​ចំពោះ​មុខ​ព្រះ ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ អ្វី​ៗ​ទាំង​អស់​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង។ ២០ ព្រោះ​ខ្ញុំ​ខ្លាច​ថា ពេល​ដែល​ខ្ញុំ​មក​ដល់ ខ្ញុំ​ប្រហែល​ជា​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​មាន​លក្ខណៈ​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន ហើយ​ខ្ញុំ​នឹង​មាន​លក្ខណៈ​ដែល​អ្នក​រាល់​គ្នា​មិន​ចង់​ឲ្យ​ខ្ញុំ​មាន។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ប្រហែល​ជា​នឹង​ឃើញ​ការ​ឈ្លោះ​ប្រកែក ការ​ច្រណែន កំហឹង ការ​បាក់​បែក​គ្នា ការ​បង្កាច់​បង្ខូច ការ​ខ្សឹប​រអេច​រអូច* ភាព​ក្រអឺតក្រអោង និង​ការ​គ្មាន​សណ្ដាប់​ធ្នាប់។ ២១ ប្រហែល​ជា​ពេល​ដែល​ខ្ញុំ​មក​ដល់​ម្ដង​ទៀត ព្រះ​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​សោកសៅ​ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ធ្វើ​អំ​ពើ​ខុស​ឆ្គង* តែ​មិន​បាន​ប្រែ​ចិត្ត​ពី​ភាព​ស្មោក​គ្រោក អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* និង​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង*របស់​ពួក​គេ។

១៣ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​ប្រុង​ប្រៀប​ខ្លួន​ទៅ​ឯ​អ្នក​រាល់​គ្នា។ ​«​ចូរ​ឲ្យ​គ្រប់​រឿង​ទាំង​អស់​បាន​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​ឬ​បី​នាក់​»។+ ២ ទោះ​ជា​ខ្ញុំ​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ក៏​ដោយ ចូរ​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ហាក់​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​លើក​ទី​២។ ដូច្នេះ ខ្ញុំ​សូម​ព្រមាន​ពួក​អ្នក​ដែល​បាន​ធ្វើ​ខុស*ពី​មុន​និង​អ្នក​ឯ​ទៀត​ទាំង​អស់ ទុក​ជា​មុន​ថា ប្រសិន​បើ​ខ្ញុំ​មក​ម្ដង​ទៀត ខ្ញុំ​នឹង​មិន​ប្រណី​ពួក​គេ​ទេ ៣ ដោយ​សារ​អ្នក​រាល់​គ្នា​ចង់​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា គ្រិស្ត​កំពុង​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ គឺ​លោក​មិន​មែន​អន់​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា​ទេ តែ​លោក​ខ្លាំង​ក្លា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ៤ ប្រាកដ​ណាស់ លោក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ ដោយសារ​ភាព​ទន់​ខ្សោយ តែ​លោក​មាន​ជីវិត​រស់​នៅ​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ។+ ពិត​មែន យើង​ក៏​ទន់​ខ្សោយ​ជា​មួយ​នឹង​លោក​ដែរ តែ​យើង​នឹង​រស់​ជា​មួយ​នឹង​លោក+ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។+

៥ ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​តាម​ជំនឿ​ឬ​យ៉ាង​ណា។ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា។+ តើ​អ្នក​រាល់​គ្នា​មិន​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្រិស្ត​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ? អ្នក​រាល់​គ្នា​គួរ​តែ​ទទួល​ស្គាល់ លើក​លែង​តែ​ព្រះ​មិន​ពេញ​ចិត្ត​អ្នក​រាល់​គ្នា​ទៀត។ ៦ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ​ពេញ​ចិត្ត​យើង។

៧ យើង​អធិដ្ឋាន​ទៅ​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ឡើយ មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ពេញ​ចិត្ត​យើង​ទេ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ពេញ​ចិត្ត​យើង​ក៏​ដោយ។ ៨ ព្រោះ​យើង​មិន​អាច​ប្រឆាំងសេចក្ដី​ពិត​បាន​ឡើយ មាន​តែ​ធ្វើ​អ្វី​ដែល​គាំទ្រ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ ៩ យើង​ពិត​ជា​អរ​សប្បាយ​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​កម្លាំង​ខ្លាំង​ក្លា ទោះ​ជា​ដំណាល​គ្នា​នោះ​យើង​ខ្សោយ​ក៏​ដោយ។ យើង​តែង​តែ​អធិដ្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​កែ​តម្រង់​ខ្លួន​ឡើង​វិញ។ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រោះ​លោក​ម្ចាស់​បាន​ផ្ដល់​អំណាច​ឲ្យ​ខ្ញុំ+ពង្រឹង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។

១១ ជា​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​បន្ត​អរ​សប្បាយ ទទួល​ការ​កែ​តម្រង់ ទទួល​ការ​សម្រាល​ទុក្ខ+ មាន​គំនិត​ឯកភាព+ មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។+ យ៉ាង​នេះ ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខ​សាន្ត+ នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១២ ចូរ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប។* ១៣ ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។

១៤ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ការ​រួម​ចំណែក​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ឬ​«​លើក​ទឹក​ចិត្ត​»​

ឬ​«​សេចក្ដី​វេទនា​»​

ឬ​«​សេចក្ដី​វេទនា​»​

មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​រួច​ហើយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍​»​

ក៏​មាន​ឈ្មោះ​ថា​ស៊ីឡាស​ដែរ

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​កុំ​ឲ្យ​គាត់​ត្រូវ​លេប​បាត់​ដោយ​ការ​ព្រួយ​ចិត្ត​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឬ​«​គម្រោង​ការ​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ដោយ​គិត​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​»​

ឬ​«​គ្រប​បាំង​ដោយ​ស្បៃ​»​

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ក្នុង​ក្អម​ធ្វើ​ពី​ដី​ឥដ្ឋ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មិន​មែន​អស់​សង្ឃឹម​ទេ​»​

ឬ​«​ទុក្ខ​វេទនា​ដែល​អាច​នាំ​ឲ្យ​បាត់​បង់​ជីវិត​»​

ន័យ​ត្រង់​«​ក្នុង​រូប​កាយ​របស់​យើង​»​

នេះ​រួម​បញ្ចូល​លក្ខណៈ​សម្បត្តិ​និង​ចិត្ត​គោរព​កោត​ខ្លាច​ព្រះ

ឬ​«​ការ​ល្បង​ល​»​

ពាក្យ​«​ផ្ទះ​»​ឬ​«​លំនៅ​»​បាន​ត្រូវ​ប្រើ​ជា​ន័យ​ធៀប សំដៅ​លើ​រូប​កាយ​សាច់​ឈាម​ឬ​រូប​កាយ​វិញ្ញាណ

ឬ​«​ត្រូវ​រលាយ​សាប​សូន្យ​ទៅ​»​

ឬ​«​លំនៅ​»​

ឬ​«​លំនៅ​»​

ន័យ​ត្រង់​«​ដរាប​ណា​យើង​មាន​ផ្ទះ​»​

ឬ​«​ផ្ទះ​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ប្រហែល​ជា​ដើម្បី​ប្រយុទ្ធ

ប្រហែល​ជា​ដើម្បី​តតាំង

ឬ​«​អ្នក​ដែល​សម​នឹង​ស្លាប់​»​

ឬ​«​ប្រៀន​ប្រដៅ​»​

ន័យ​ត្រង់​«​កុំ​ចូល​នៅ​ក្រោម​នឹម​ដែល​មិន​ស្មើ​»​

ជា​ពាក្យ​ហេប្រឺ មាន​ន័យ​ថា​«​ចោល​ម្សៀត​»។ នេះ​សំដៅ​លើ​សាថាន

ឬ​«​មនុស្ស​ស្មោះ​ត្រង់​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ដោយ​សារ​អ្នក​រាល់​គ្នា​»​

ឬ​«​ក្នុង​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ដោយ​ស្ទាក់​ស្ទើរ​»​

ឬ​«​និយាយ​ដោយ​ក្លាហាន​»​

ន័យ​ត្រង់​«​បង្ក្រាប​គ្រប់​គំនិត​ដូច​បង្ក្រាប​ឈ្លើយ​សឹក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប្រណី​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឬ​«​ប្រណី​»​

ឬ​«​ប្រណី​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​នៅ​អាក្រាត​»​

ឬ​«​ខ្ញុំ​ក៏​មាន​សម្ពាធ​រៀង​រាល់​ថ្ងៃ​ដែរ​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឬ​«​វាយ​»​

ឬ​«​ការ​និយាយ​ដើម​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

គ្រិស្ត​សាសនិក​ធ្លាប់​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ការ​ថើប​ពេល​ជួប​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក