៣៩
ដំបងរបស់អើរ៉ុនដុះផ្កា
សូមមើលផ្កានិងផ្លែចំបក់ទុំដុះពីដំបងនេះ។ នេះជាដំបងរបស់អើរ៉ុន។ ផ្កានិងផ្លែទុំទាំងនេះបានដុះចេញពីដំបងរបស់អើរ៉ុនក្នុងរវាងតែមួយយប់! សូមឲ្យយើងពិនិត្យមើលពីមូលហេតុនេះ។
ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលបានដើរតត្រកនៅក្នុងទីរហោស្ថាន អស់រយៈពេលជាយូរមកហើយ។ ប្រជាជនខ្លះគិតថា ម៉ូសេមិនគួរធ្វើជាមេដឹកនាំ ឬក៏អើរ៉ុនជាសម្ដេចសង្ឃឡើយ។ កូរេជាមនុស្សម្នាក់ដែលមានគំនិតបែបនេះ ហើយដាថាន អ័ប៊ីរ៉ាម និងពួកអ្នកដឹកនាំប្រជាជន២៥០នាក់ទៀតក៏មានគំនិតដូចនេះដែរ។ ពួកទាំងនេះបានមកឯម៉ូសេ ហើយនិយាយថា៖ ‹ហេតុអ្វីបានជាអ្នកតាំងខ្លួនខ្ពស់ជាងពួកយើងទាំងអស់គ្នាដូច្នេះ›?
ម៉ូសេប្រាប់កូរេនិងអ្នកកាន់តាមគាត់ថា៖ ‹ព្រឹកស្អែក ចូរយកពានភ្លើងហើយរោយកំញាននៅក្នុងនោះ។ បន្ទាប់មក ចូរមកឯរោងឧបោសថរបស់ព្រះយេហូវ៉ា។ យើងនឹងឃើញតើព្រះយេហូវ៉ារើសអ្នកណា›។
លុះដល់ថ្ងៃស្អែកឡើង កូរេនិងពួកអ្នកកាន់តាមគាត់២៥០នាក់ក៏មកឯរោងឧបោសថ។ មានមនុស្សជាច្រើនទៀតបានមកដែរ ដើម្បីនឹងគាំទ្រពួកបុរសទាំងនេះ។ ព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់ណាស់។ ម៉ូសេនិយាយថា៖ ‹សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាលរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ›។ ប្រជាជនស្ដាប់តាម ហើយក៏ថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។
បន្ទាប់មកម៉ូសេក៏និយាយថា៖ ‹ដោយហេតុនេះ អ្នករាល់គ្នានឹងដឹងថាអ្នកណា ដែលព្រះយេហូវ៉ាបានរើសតាំងហើយ។ គឺដីនឹងហាឡើង ហើយលេបពួកមនុស្សអាក្រក់ទាំងនេះ›។
នៅពេលម៉ូសេបាននិយាយរួចភ្លាម នោះដីក៏ប្រេះហាឡើង។ ត្រសាលរបស់កូរេនិងទ្រព្យសម្បត្ដិ ហើយដាថាន និងអ័ប៊ីរ៉ាម និងពួកអ្នកដែលនៅជាមួយគេក៏ធ្លាក់ចុះទៅក្រោម រួចដីក៏ភ្ជិតពីលើគេទៅវិញ។ នៅពេលដែលប្រជាជនឮសម្រែករបស់អ្នកទាំងនោះដែលធ្លាក់ចុះទៅក្នុងដី ពួកគេក៏ស្រែកឡើងថា៖ ‹ចូររត់! ក្រែងដីលេបយើងដែរ›!
កូរេនិងពួកអ្នកកាន់តាមគាត់២៥០នាក់ កំពុងតែនៅជិតរោងឧបោសថនៅឡើយ។ ដូច្នេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យមានភ្លើង មកបញ្ឆេះពួកគេទាំងអស់ទៅ។ បន្ទាប់មក ព្រះយេហូវ៉ាក៏មានបន្ទូលប្រាប់អេលាសារជាកូនប្រុសរបស់អើរ៉ុន ឲ្យយកពានភ្លើងរបស់ពួកមនុស្សស្លាប់នោះ មកធ្វើជាប៉ានស្តើងសំរាប់អាសនា។ ប៉ាននៅនឹងអាសនានេះ ធ្វើជាទីសំគាល់ដើម្បីព្រមានដល់ប្រជាជនអ៊ីស្រាអែលថា គ្មានអ្នកណាមួយលើកលែងតែអើរ៉ុននិងកូនប្រុសៗរបស់គាត់ប៉ុណ្ណោះ ដែលត្រូវធ្វើជាសង្ឃចំពោះព្រះយេហូវ៉ា។
ប៉ុន្តែ ព្រះយេហូវ៉ាចង់ធ្វើឲ្យគេដឹងច្បាស់ថា គឺអើរ៉ុននិងកូនប្រុសៗរបស់គាត់ដែលទ្រង់បានរើសឲ្យធ្វើជាសង្ឃ។ ដូច្នេះ ទ្រង់ក៏មានបន្ទូលប្រាប់ម៉ូសេថា៖ ‹ចូរចាត់ឲ្យមេដឹកនាំម្នាក់ពីគ្រប់កុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល យកដំបងគេមក។ រីឯកុលសម្ព័ន្ធលេវី នោះត្រូវឲ្យអើរ៉ុនយកដំបងគាត់មកវិញ។ បន្ទាប់មក ចូរដាក់ដំបងទាំងនេះក្នុងរោងឧបោសថ នៅពីមុខហឹបនៃសេចក្ដីសញ្ញា។ ដំបងនៃបុរសដែលអញរើសឲ្យធ្វើជាសង្ឃ នោះនឹងត្រូវដុះផ្កា›។
នៅពេលដែលម៉ូសេទៅមើលព្រឹកស្អែកឡើង ដំបងរបស់អើរ៉ុនមានផ្កានិងផ្លែចំបក់ទុំដុះចេញមកជាច្រើន! ដូច្នេះឥឡូវនេះ តើអ្នកយល់ឃើញនូវមូលហេតុ ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យដំបងរបស់អើរ៉ុនដុះផ្កាឬទេ?
ជនគណនា ១៦:១-៤៩; ១៧:១-១១; ២៦:១០