៤០
លោកម៉ូសេលើកដំបងវាយថ្ម
ជាច្រើនឆ្នាំកន្លងមក—១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ៣៩ឆ្នាំក្រោយមក! ប្រជាជនអ៊ីស្រាអែលរស់នៅក្នុងទីរហោស្ថាននៅឡើយ។ ប៉ុន្តែ ក្នុងរវាងឆ្នាំទាំងអស់នេះ ព្រះយេហូវ៉ាបានមើលថែរក្សាប្រជារាស្ត្ររបស់ទ្រង់។ ទ្រង់ប្រទាននំម៉ាន៉ាជាម្ហូបអាហារដល់គេ។ នៅពេលថ្ងៃ ទ្រង់បានដឹកនាំគេដោយបង្គោលពពកមួយ ហើយនៅពេលយប់ដោយបង្គោលភ្លើងមួយ។ ហើយក្នុងកំឡុងឆ្នាំទាំងអស់នេះ សំលៀកបំពាក់របស់គេមិនដែលសឹកដាច់ដាច ហើយជើងរបស់គេក៏មិនដែលឈឺដែរ។
ឥឡូវនេះជាខែទីមួយនៃឆ្នាំទី៤០ តាំងពីបានចាកចេញពីស្រុកអេស៊ីព្ទមក។ ប្រជាជនអ៊ីស្រាអែលបានមកដល់ស្រុកកាដេស ហើយក៏បោះជំរំស្នាក់នៅទីនោះម្ដងទៀត។ នេះជាកន្លែងដែលគេធ្លាប់នៅពីមុន កាលដែលពួកឈ្លប១២នាក់ត្រូវបានចាត់ឲ្យទៅសង្កេតមើលស្រុកកាណាន ជិត៤០ឆ្នាំមុននោះ។ ម៉ារាមជាបងស្រីរបស់ម៉ូសេ បានស្លាប់នៅស្រុកកាដេស។ ហើយដូចនៅពីកាលមុន ម្ដងនេះក៏មានបញ្ហានៅទីនេះទៀតដែរ។
ប្រជាជនរកទឹកផឹកមិនបានសោះ។ ដូច្នេះ គេក៏ត្អូញត្អែរដាក់ម៉ូសេថា៖ ‹ស៊ូឲ្យយើងស្លាប់ទៅប្រសើរជាង។ ហេតុអ្វីបានជាលោកនាំយើងមកពីស្រុកអេស៊ីព្ទ មកដល់ទីដ៏អាក្រក់នេះ ដែលគ្មានអ្វីនឹងដុះបាននោះ? គឺគ្មានស្រូវ គ្មានល្វា គ្មានទំពាំងបាយជូរឬទទឹមឡើយ។ សូម្បីតែទឹកផឹកក៏គ្មានផង›។
នៅពេលដែលម៉ូសេនិងអើរ៉ុនទៅរោងឧបោសថដើម្បីនឹងអធិស្ឋាននោះ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេថា៖ ‹ចូរប្រមូលប្រជាជនទាំងអស់មក។ បន្ទាប់មកនៅពីមុខគេទាំងអស់គ្នា ចូរនិយាយនឹងថ្មនៅឯនោះ។ នឹងមានទឹកគ្រប់គ្រាន់ចេញពីថ្មនោះ សំរាប់ប្រជាជនទាំងអស់គ្នានិងសត្វរបស់គេផង›។
ដូច្នេះ ម៉ូសេក៏ប្រមូលប្រជាជន ហើយក៏និយាយថា៖ ‹ចូរស្ដាប់ ពួកអ្នកដែលមិនបានទុកចិត្តនឹងព្រះអើយ! តើត្រូវឲ្យអើរ៉ុននិងខ្ញុំធ្វើឲ្យទឹកចេញពីថ្មនេះសំរាប់អ្នកឬអ្វី›? បន្ទាប់មក ម៉ូសេក៏លើកដំបងវាយថ្មពីរដង ហើយទឹកក៏ហូរយ៉ាងសន្ធឹកចេញពីថ្មនោះ។ គឺមានទឹកគ្រប់គ្រាន់សំរាប់មនុស្សទាំងអស់និងសត្វផឹកដែរ។
ប៉ុន្តែ ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់នឹងម៉ូសេហើយអើរ៉ុន។ តើអ្នកដឹងមកពីហេតុអ្វីទេ? នេះគឺពីព្រោះម៉ូសេនិងអើរ៉ុនបាននិយាយថា ពួកគេនឹងធ្វើឲ្យមានទឹកចេញពីថ្ម។ ប៉ុន្តែ ជាការពិតគឺព្រះយេហូវ៉ាទេដែលបានធ្វើការនោះ។ ហើយពីព្រោះម៉ូសេនិងអើរ៉ុនមិនប្រាប់សេចក្ដីពិតអំពីរឿងនេះ ព្រះយេហូវ៉ាមានបន្ទូលថាទ្រង់នឹងដាក់ទណ្ឌកម្មដល់គេ។ ទ្រង់មានបន្ទូលថា៖ ‹ឯងនឹងមិននាំប្រជាជនអញទៅស្រុកកាណានបានឡើយ›។
មិនយូរប៉ុន្មានប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកកាដេស។ មួយរយៈពេលក្រោយមក គេបានមកដល់ភ្នំហោរ។ នៅទីនេះ អើរ៉ុនបានស្លាប់នៅលើកំពូលភ្នំនោះទៅ។ គាត់មានអាយុ១២៣ឆ្នាំកាលដែលគាត់បានស្លាប់ទៅ។ ប្រជាជនអ៊ីស្រាអែលស្រងូតស្រងាត់ចិត្តណាស់ ដូច្នេះពួកគេក៏បានយំសោកចំពោះអើរ៉ុនអស់៣០ថ្ងៃ។ អេលាសារជាកូនប្រុសរបស់គាត់បានទៅជាសម្ដេចសង្ឃបន្ទាប់នៃសាសន៍អ៊ីស្រាអែល។
ជនគណនា ២០:១-១៣, ២២-២៩; ចោទិយកថា ២៩:៥