ពាក្យផ្ដើមសំរាប់ប្រើក្នុងកិច្ចផ្សាយបំរើ
យោបល់: ក្នុងការសម្រេចយកពាក្យផ្ដើមបែបណាមកប្រើ ពេលដែលអ្នកចូលរួមក្នុងកិច្ចផ្សាយបំរើ នោះមានបីប្រការ ដែលអ្នកគួរពិចារណាឲ្យបានហ្មត់ចត់: (១) ដំណឹងដែលយើងជាអ្នកមានមុខងារផ្សាយប្រាប់គេ គឺជា‹ដំណឹងល្អដែលសម្ដែងពីព្រះរាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) ថ្វីបើយើងមិនមែនពិគ្រោះឲ្យចំ អំពីព្រះរាជាណាចក្រក៏ដោយ យើងគួរចាំក្នុងចិត្ត អំពីការចង់ជួយមនុស្សឲ្យយល់ថា គេត្រូវការព្រះរាជាណាចក្រ ឬក៏អំពីការដកឧបសគ្គចេញឲ្យស្រឡះ ដើម្បីជួយគេឲ្យព្រមពិចារណាមើលព្រះរាជាណាចក្រ។ (២) សេចក្ដីខ្វល់ខ្វាយយ៉ាងស្មោះពីចិត្ត ចំពោះសុខុមាលភាពនៃមនុស្សដែលយើងជួប នឹងជួយយើងដូចដែលបានជួយព្រះយេស៊ូដែរ ឲ្យឈោងដល់ចិត្តរបស់គេ។ (ម៉ាកុស ៦:៣៤) ការយកចិត្តទុកដាក់យ៉ាងស្មោះពីចិត្តបែបនេះ គឺអាចបង្ហាញឲ្យឃើញដោយការញញឹមនិងឥរិយាបថរាក់ទាក់ ដោយការយល់ព្រមស្ដាប់ពេលគេនិយាយ និងការរកបញ្ចេញយោបល់វិញឲ្យសមសួនតាមទំនង និងដោយការប្រើសំនួរដែលលើកទឹកចិត្តគេឲ្យសម្ដែងយោបល់ខ្លួន ដើម្បីយើងអាចយល់ទស្សនៈរបស់គេឲ្យបានច្បាស់ថែមទៀត។ (កូរិនថូសទី១ ៩:១៩-២៣) (៣) នៅតំបន់ខ្លះនៃពិភពលោក ពួកភ្ញៀវគឺតម្រូវឲ្យធ្វើតាមទម្រង់ការគារវ:ភាព មុនពេលគេថ្លែងប្រាប់មូលហេតុដែលគេមកជួបនេះ។ ឯតំបន់ផ្សេងវិញ ម្ចាស់ផ្ទះតម្រូវឲ្យភ្ញៀវដែលមកជួបដោយឥតបានណាត់ជាមុននេះ ត្រូវថ្លែងប្រាប់ឲ្យចំចំណុចភ្លាមៗតែម្ដង។—សូមប្រៀបធៀបនឹងលូកា ១០:៥
ពាក្យផ្ដើមខាងក្រោមនេះបង្ហាញនូវរបៀប ដែលស្មរបន្ទាល់ខ្លះដែលមានការពិសោធន៍ ចាប់ផ្ដើមសន្ទនា។ អ្នកមុខនឹងចង់បញ្ចេញបញ្ចូលពាក្យផ្ដើមទាំងនេះទៅតាមពាក្យរបស់អ្នក។ ហើយអ្នកនឹងឃើញថាយោបល់ពីស្មរបន្ទាល់ឯទៀត ដែលធ្លាប់បានជោគជ័យក្នុងក្រុមជំនុំរបស់អ្នក ក៏មានប្រយោជន៍ដែរ។
អើម៉ាគេដូន
● ‹មនុស្សជាច្រើនមានកង្វល់ខ្លាំងណាស់ អំពីអើម៉ាគេដូន។ ពួកគេបានឮមេដឹកនាំពិភពលោកប្រើពាក្យនេះ សំដៅទៅលើសង្គ្រាមនុយក្លេអែរខ្លាំងដល់កំពូល។ តើចិត្តអ្នកជឿថា អើម៉ាគេដូននឹងមានន័យយ៉ាងណាដែរចំពោះមនុស្សជាតិ? . . . តាមពិត ពាក្យអើម៉ាគេដូននេះគឺស្រង់ចេញពីព្រះគម្ពីរមក ហើយវាមានន័យខុសគ្នាស្រឡះ ពីន័យដែលមនុស្សតែងយកមកប្រើជាធម្មតា។ (វិវរណៈ ១៦:១៤, ១៦) ព្រះគម្ពីរក៏បង្ហាញប្រាប់ដែរថា មានអ្វីដែលអ្នកអាចធ្វើផ្ទាល់ខ្លួន ក្នុងបំណងឲ្យបានជីវិតគង់វង់នោះ។ (សេផានា ២:២, ៣)›
ព្រះគម្ពីរ/ព្រះ
● ‹ជំរាបសួរ! ខ្ញុំគ្រាន់តែមកជួបមួយភ្លែតនេះ ក្នុងបំណងចង់ប្រាប់អ្នកនូវដំណឹងដ៏សំខាន់មួយ។ សូមកត់សម្គាល់មើលសេចក្ដីដែលព្រះគម្ពីរថ្លែងប្រាប់នេះ។ (អានបទគម្ពីរ ដូចវិវរណៈ ២១:៣, ៤) តើអ្នកយល់យ៉ាងណាដែរ អំពីសេចក្ដីនេះ? តើសេចក្ដីនេះល្អទេចំពោះអ្នក›?
● ‹យើងពិគ្រោះជាមួយអ្នកជិតខាងយើង ថាយើងអាចរកឃើញជំនួយនៅឯណា ដែលមានប្រយោជន៍សំរាប់លៃលកដោះស្រាយបញ្ហាក្នុងជីវិត។ កាលពីដើម មនុស្សជាច្រើនគេពិនិត្យមើលព្រះគម្ពីរ។ ប៉ុន្តែយើងរស់នៅក្នុងសម័យដែលមនុស្សប្រែប្រួលអាកប្បកិរិយា។ តើអ្នកយល់យ៉ាងណាដែរអំពីរឿងនេះ? តើអ្នកជឿថា ព្រះគម្ពីរគឺជាបន្ទូលរបស់ព្រះឬក៏អ្នកយល់ថាវាគ្រាន់តែជាសៀវភៅល្អមួយ ដែលមនុស្សបានតែងមក? . . . បើសិនជាគម្ពីរគឺមកពីព្រះមែន តើអ្នកគិតថាគេធ្វើដូចម្ដេចទើបអាចដឹងជាពិតប្រាកដបាន›?
● ‹ខ្ញុំត្រេកអរណាស់ដែលបានជួបអ្នកនៅផ្ទះ។ ខ្ញុំមកជំរាបអ្នកជិតខាងខ្ញុំអំពីគំនិតមួយ ពីព្រះគម្ពីរ (ឬបទគម្ពីរបរិសុទ្ធ) ដែលជួយលើកទឹកចិត្តយើង។ តើអ្នកដែលងឿងឆ្ងល់ឬទេថា៖ . . . (សួរសំនួរទាក់ទងនឹងគោលរឿងដែលអ្នកចង់យកមកពិគ្រោះគ្នា)›
● ‹យើងលើកទឹកចិត្តមនុស្សម្នាក់ៗឲ្យអានព្រះគម្ពីរ។ ចម្លើយដែលព្រះគម្ពីរតបឆ្លើយនឹងសំនួរសំខាន់ៗ តែងធ្វើឲ្យមនុស្សជាច្រើននឹកឆ្ងល់ណាស់។ ជាឧទាហរណ៍៖ . . . (ទំនុកដំកើង ១០៤:៥; ឬ ដានីយ៉ែល ២:៤៤; ឬ ខផ្សេងទៀត)›។
● ‹យើងចង់មកជួបអ្នកជិតខាងយើងមួយភ្លែតថ្ងៃនេះ។ អ្នកខ្លះដែលយើងបាននិយាយជាមួយ បានទុកចិត្តលើព្រះ។ ឯអ្នកខ្លះវិញគេពិបាកជឿព្រះណាស់។ តើអ្នកយល់យ៉ាងណាដែរ? . . . ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យពិចារណាសារៈសំខាន់អំពីរូបរាងនៃភព។ (ទំនុកដំកើង ១៩:១) ព្រះមួយអង្គដែលតែងច្បាប់គ្រប់គ្រងហ្វូងផ្កាយទាំងឡាយក្នុងអវកាស ក៏បានប្រទានឲ្យយើងនូវសេចក្ដីណែនាំដ៏មានតម្លៃដែរ។ (ទំនុកដំកើង ១៩:៧-៩)›
បទឧក្រិដ្ឋ/សន្ដិសុខ
● ‹ជំរាបសួរ! យើងពិគ្រោះជាមួយបងប្អូនអំពីរឿងសន្ដិសុខផ្ទាល់ខ្លួន។ យើងឃើញថាមានបទឧក្រិដ្ឋច្រើនណាស់ជុំវិញយើង ហើយនេះមានឥទ្ធិពលមកលើជីវិតយើងផង។ តើអ្នកគិតថា នឹងមានគ្រាណាមួយនៅពេលអនាគត ដែលមនុស្សរាល់គ្នាដូចរូបអ្នកនិងរូបខ្ញុំនេះ អាចដើរតាមដងវិថីក្នុងពេលយប់ស្ងាត់បានដោយសុខឬ? (ឬតើអ្នកយល់ថាមាននរណាម្នាក់ ដែលមានវិធីដោះស្រាយបញ្ហានេះបានដោយជោគជ័យនោះទេ? (សុភាសិត ១៥:៣; ទំនុកដំកើង ៣៧:១០, ១១)›
● ‹ខ្ញុំឈ្មោះ——។ ខ្ញុំរស់នៅក្នុងសង្កាត់នេះដែរ។ កាលខ្ញុំចេញដំណើរមកព្រឹកមិញនេះ ខ្ញុំបានសម្គាល់ឃើញមនុស្សម្នាក់ៗកំពុងនិយាយអំពី (លើកយករឿងបទឧក្រិដ្ឋដែលកើតឡើងថ្មីៗក្នុងសង្កាត់ ឬរឿងឯទៀតដែលធ្វើឲ្យមនុស្សក្នុងសង្កាត់ព្រួយបារម្ភ)។ តើអ្នកយល់យ៉ាងណាដែរ? តើអ្នកយល់ថា មានអ្វីអាចជួយរក្សាជីវិតយើងឲ្យបានសុខថែមទៀតឬទេ? . . . (សុភាសិត ១:៣៣; ៣:៥, ៦)
ព្រឹត្ដិការណ៍ថ្មីៗ
● ‹សាយ័ណ្ហសួស្តី! ខ្ញុំឈ្មោះ——។ ខ្ញុំរស់នៅជិតនេះដែរ គឺនៅ (ប្រាប់ឈ្មោះផ្លូវឬឈ្មោះតំបន់) តើអ្នកបានជ្រាបនូវពត៌មានទូរទស្សន៍យប់មិញឬទេ? . . . សេចក្ដីរាយការណ៍នោះស្តីអំពី (ពិគ្រោះរឿងថ្មីៗ ដែលជាសេចក្ដីកង្វល់ដល់អ្នកស្រុក)—តើអ្នកយល់យ៉ាងណាអំពីរឿងនេះ? . . . មិនជាអ្វីប្លែកទេដែលយើងតែងឮគេសួរថា តើលោកីយ៍នេះនឹងក្លាយទៅជាយ៉ាងណាទៅ? យើងជាស្មរបន្ទាល់ព្រះយេហូវ៉ាមានជំនឿថាយើងកំពុងរស់នៅក្នុងជំនាន់ដែលព្រះគម្ពីរហៅថា «ថ្ងៃជាន់ក្រោយបង្អស់»។ សូមកត់សម្គាល់មើលសេចក្ដីរៀបរាប់យ៉ាងក្បោះក្បាយនេះ ក្នុងធីម៉ូថេទី២ ៣:១-៥›។
● ‹តើអ្នកបានអានពត៌មានកាសែតអាទិត្យនេះឬទេ? (បង្ហាញអត្ថបទត្រឹមត្រូវដែលកាត់ចេញពីកាសែត)។ តើអ្នកយល់យ៉ាងណាអំពី . . . ›?
● ‹ខ្ញុំសូមសួរសំនួរមួយ បើសិនជាអ្នកអាចជ្រើសរើស តើបញ្ហាមួយណាក្នុងពិភពលោក ដែលអ្នកចង់ឲ្យបានដោះស្រាយមុនគេនោះ? (ក្រោយពេលបានជ្រាបនូវអ្វីដែលធ្វើឲ្យអ្នកផ្ទះខ្វល់ចិត្តហើយ សូមលើកយករឿងនោះមកពិគ្រោះ)›
ការងារ/ផ្ទះសម្បែង
● ‹យើងបាននិយាយជាមួយអ្នកជិតខាងរបស់អ្នក អំពីអ្វីដែលអាចសម្រេចឡើងបាន ដើម្បីធានាដល់មនុស្សគ្រប់រូបថា គេនឹងមានការងារធ្វើ ហើយនឹងមានផ្ទះនៅ។ តើអ្នកជឿថា រដ្ឋាភិបាលមនុស្សសមនឹងមានសមត្ថភាពសម្រេចការនេះឬទេ? . . . ប៉ុន្តែមានមួយអង្គដែលចេះដោះស្រាយបញ្ហាទាំងនេះបាន គឺព្រះអាទិទេពដែលបង្កើតមនុស្សជាតិ។ (អេសាយ ៦៥:២១-២៣)›
● យើងជំរាបអ្នកជិតខាងយើង អំពីរដ្ឋាភិបាលដ៏ល្អមួយ។ មនុស្សភាគច្រើនចង់បានរដ្ឋាភិបាលម្យ៉ាង ដែលមិនពុករលួយសោះ គឺរដ្ឋាភិបាលដែលផ្ដល់ការងារនិងផ្ទះសម្បែង ដល់មនុស្សទាំងអស់។ តើរដ្ឋាភិបាលបែបណាដែលអ្នកយល់ថាអាចសម្រេចការទាំងនេះបាន? . . . (ទំនុកដំកើង ៩៧:១, ២; អេសាយ ៦៥:២១-២៣)
គ្រួសារ/កូន
● ‹យើងនិយាយជាមួយពួកបងប្អូន ដែលចាប់អារម្មណ៍នឹងរបៀបដែលជួយយើងឲ្យប្រសប់ លៃលកដោះស្រាយបញ្ហាក្នុងជីវិតគ្រួសារ។ យើងទាំងអស់គ្នាគឺខំខ្នះខ្នែងយ៉ាងអស់ពីសមត្ថភាព ប៉ុន្តែបើមានវិធីដែលអាចជួយយើងឲ្យបានជោគជ័យថែមទៀត យើងពិតជាចាប់អារម្មណ៍ហើយ មែនទេ? . . . (កូល៉ុស ៣:១២, ១៨-២១) ព្រះគម្ពីរបង្ហាញឲ្យយើងឃើញនូវសេចក្ដីសង្ឃឹមសំរាប់អនាគតដ៏ល្អរុងរឿង សំរាប់គ្រួសារយើង។ (វិវរណៈ ២១:៣, ៤)›
● ‹យើងរាល់គ្នាចង់ឲ្យជីវិតកូនយើងបានប្រកបទៅដោយសុភមង្គល។ ប៉ុន្តែតាមអ្នកយល់ មើលទៅមានសង្ឃឹមទេ ក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហាយ៉ាងច្រើនសព្វថ្ងៃនេះ? . . . ដូច្នេះ តើអ្នកយល់ថា កូនរបស់យើងនឹងត្រូវរស់នៅក្នុងពិភពលោកបែបណាដែរ ពេលគេធំពេញវ័យឡើង? . . . ព្រះគម្ពីរបង្ហាញថា ព្រះនឹងធ្វើឲ្យផែនដីនេះបានទៅជាទីដែលយើងអាចរស់នៅយ៉ាងសុខសាន្ត។ (ទំនុកដំកើង ៣៧:១០, ១១) ប៉ុន្តែដែលកូនយើងនឹងបានឬមិនបានចំណែកលើផែនដីដ៏សុខសាន្តនោះ គឺស្រេចទៅលើការសម្រេចចិត្តរបស់យើង។ (ចោទិយកថា ៣០:១៩)›
អនាគត/សន្ដិសុខ
● ‹អរុណសួស្តី! អ្នកសុខសប្បាយឬទេ? . . . យើងមានចិត្តប្រាថ្នាចង់ជំរាបអ្នកជិតខាងយើង អំពីទស្សនៈដ៏ល្អមួយសំរាប់អនាគត។ តើអ្នកឃើញថាជីវិតយើងមានសង្ឃឹមឬទេ? . . . តើអ្នកឃើញថាស្ថានការណ៍ខ្លះធ្វើឲ្យយើងពិបាកនឹងមានសង្ឃឹមណាស់មែនទេ? . . . ខ្ញុំបានឃើញថាព្រះគម្ពីរអាចជួយបំភ្លឺយើងបានក្នុងរឿងនេះ។ ព្រះគម្ពីររៀបរាប់ប្រាប់យ៉ាងពិតត្រឹមត្រូវ អំពីស្ថានភាពដែលមានក្នុងជំនាន់យើងនេះ ប៉ុន្តែ ព្រះគម្ពីរក៏ពន្យល់ប្រាប់ដែរ ថានេះមានន័យយ៉ាងណា ហើយទៅមុខទៀតនឹងមានលទ្ធផលអ្វី។ (លូកា ២១:១០, ១១, ៣១)›
● ‹ជំរាបសួរ! ខ្ញុំឈ្មោះ——។ តើអ្នកឈ្មោះអ្វីដែរ? . . . ខ្ញុំលើកទឹកចិត្តពួកជនវ័យក្មេងដូចរូបអ្នក ឲ្យពិចារណាអំពីអនាគតដ៏ត្រចះត្រចង់ ដែលព្រះគម្ពីរបង្ហាញប្រាប់យើង។ (អានបទគម្ពីរ ដូចជាវិវរណៈ ២១:៣, ៤) តើសេចក្ដីនេះល្អឬទេចំពោះអ្នក›?
ការសិក្សាព្រះគម្ពីរនៅផ្ទះ
● ‹ខ្ញុំមកជួបអ្នកក្នុងពេលនេះ ក្នុងបំណងចង់ជួយបង្រៀនព្រះគម្ពីរនៅផ្ទះ ដោយឥតទារយកកម្រៃអ្វីឡើយ។ បើអ្នកយល់ស្រប ខ្ញុំចង់បង្ហាញអ្នកមួយភ្លែត នូវរបៀបដែលមនុស្សរស់នៅក្នុងប្រហែល២០០ប្រទេស រៀនព្រះគម្ពីរជាក្រុមគ្រួសារនៅផ្ទះ។ យើងអាចយកមេរៀនមួយណាមកពិគ្រោះក៏បាន។ (បង្ហាញសារប័ណ្ណនៃសៀវភៅសំរាប់សិក្សាគម្ពីរ)។ តើមេរៀនមួយណាដែលអ្នកចាប់អារម្មណ៍ជាពិសេស›?
● ‹យើងបង្ហាញអ្នកជិតខាងយើងសៀវភៅមួយនេះ ដែលសំរាប់ជួយយើងក្នុងការរៀនព្រះគម្ពីរ។ (បង្ហាញសៀវភៅ) តើអ្នកដែលបានឃើញសៀវភៅនេះឬទេ? . . . បើអ្នកទំនេរ ខ្ញុំចង់បង្ហាញរបៀបប្រើសៀវភៅនេះ ជាមួយនឹងព្រះគម្ពីររបស់អ្នក›។
អយុត្ដិធម៌/ការឈឺចាប់
● ‹អ្នកធ្លាប់បានងឿងឆ្ងល់ទេថា៖ តើព្រះពិតជាខ្វល់ខ្វាយឬទេ ចំពោះអយុត្ដិធម៌និងការឈឺចាប់ ដែលមនុស្សយើងកំពុងពិសោធនោះ? . . . (សាស្ដា ៤:១; ទំនុកដំកើង ៧២:១២-១៤)›
ព្រះរាជាណាចក្រ
● ‹ពេលកំពុងនិយាយជាមួយអ្នកជិតខាងខ្ញុំ ខ្ញុំបានសង្កេតឃើញថា មនុស្សជាច្រើនមានចិត្តចង់រស់នៅក្រោមរដ្ឋាភិបាល ដែលពិតជាអាចដោះស្រាយបញ្ហាធំដុំ ដែលនៅចំពោះមុខយើងសព្វថ្ងៃនេះ—ដូចជា បទឧក្រិដ្ឋ និង ជីវភាពដុនដាប (ឬបញ្ហាផ្សេងៗទៀត ដែលមនុស្សកំពុងគិតក្នុងចិត្ត)។ នេះជារដ្ឋាភិបាលដែលយើងគួរចង់បាន មែនទេ? . . . តើមានរដ្ឋាភិបាលបែបនេះឬទេសព្វថ្ងៃនេះ? . . . មនុស្សជាច្រើនបានទាំងបន់សូមឲ្យមានរដ្ឋាភិបាល ដែលអាចសម្រេចការទាំងនេះបាន។ អ្នកវិញក៏ប្រាកដជាបានបន់សូមឲ្យតែមានរដ្ឋាភិបាលអ៊ីចឹងដែរ ប៉ុន្តែមនុស្សជាច្រើនមិនបានចាត់ទុកនេះថាជារដ្ឋាភិបាលទេ។ (ដានីយ៉ែល ២:៤៤; ទំនុកដំកើង ៦៧:៦, ៧; មីកា ៤:៤)›
● ‹យើងសួរអ្នកជិតខាងយើងនូវសំនួរមួយ ហើយសូមអរគុណជាមុន ចំពោះយោបល់តបឆ្លើយរបស់អ្នក។ អ្នកដឹងទេ ព្រះយេស៊ូបានបង្រៀនយើងឲ្យអធិស្ឋានសូមឲ្យព្រះរាជាណាចក្រព្រះបានមកដល់ ហើយសូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅលើផែនដី ដូចនៅស្ថានសួគ៌ដែរ។ តើអ្នកគិតថា សេចក្ដីអធិស្ឋាននេះនឹងបានត្រូវដូចបំណងឬ ដើម្បីឲ្យព្រះហឫទ័យព្រះបានសម្រេចពិតមែននៅលើផែនដីនេះ? . . . (អេសាយ ៥៥:១០, ១១; វិវរណៈ ២១:៣-៥)›
● ‹ខ្ញុំពិគ្រោះជាមួយអ្នកជិតខាងខ្ញុំ អំពីរឿងមួយដែលយើងទាំងអស់គ្នាត្រូវប្រឈម គឺថា: តើយើងចង់បានរដ្ឋាភិបាលដឹកនាំដោយព្រះ ឬមួយក៏យើងចូលចិត្តការគ្រប់គ្រងរបស់មនុស្សវិញ? ដោយបានឃើញស្ថានភាពក្នុងពិភពលោកនេះ តើអ្នកយល់ថាយើងត្រូវការអ្វីផ្សេងទៀត ជាជាងអ្វីដែលមនុស្សបានបង្កើតមកឬ? . . . (ម៉ាថាយ ៦:៩, ១០; ទំនុកដំកើង ១៤៦:៣-៥)›
ថ្ងៃជាន់ក្រោយបង្អស់
● ‹យើងមកជួបនេះ ក្នុងបំណងចង់ពិគ្រោះន័យនៃហេតុការណ៍ ដែលកំពុងកើតឡើងជុំវិញយើងក្នុងពិភពលោកសព្វថ្ងៃនេះ។ ក្នុងចំណោមមនុស្សជាច្រើន យើងឃើញថាគេមិនសូវចាប់អារម្មណ៍នឹងព្រះនិងខ្នាតតម្រារបស់ទ្រង់សំរាប់ការរស់នៅ ដូចបានចែងទុកក្នុងព្រះគម្ពីរ។ នេះមានអានុភាពខ្លាំងណាស់ទៅលើអាកប្បកិរិយារបស់មនុស្ស ក្នុងការប្រព្រឹត្តនឹងគ្នាទៅវិញទៅមក។ សូមអនុញ្ញាតឲ្យខ្ញុំបើកបង្ហាញអ្នក នូវសេចក្ដីដែលរៀបរាប់នេះក្នុងធីម៉ូថេទី២ ៣:១-៥ ហើយសូមប្រាប់ខ្ញុំមកមើលថា តើអ្នកយល់ស្របឬទេ ថាសេចក្ដីនេះគឺនិយាយត្រូវណាស់ អំពីពិភពលោកសព្វថ្ងៃនេះ។ (អាន) . . . តើមានមូលហេតុដែលគួរឲ្យយើងទន្ទឹងថា ស្ថានភាពនឹងប្រែទៅជាល្អប្រសើរឡើងវិញឬ ក្នុងពេលអនាគត? (ពេត្រុសទី២ ៣:១៣)›
● ‹មនុស្សជាច្រើនជឿថា ពេលវេលាសំរាប់លោកីយ៍នេះ គឺជិតកន្លងផុតទៅហើយ។ ពួកគេហៅជំនាន់យើងនេះថាជា «ថ្ងៃជាន់ក្រោយបង្អស់»។ ប៉ុន្តែ តើអ្នកជ្រាបឬទេថា ព្រះគម្ពីរប្រាប់យើងនូវរបៀបដែលយើងអាចឆ្លងផុត ពីទីចុងបញ្ចប់នៃលោកីយ៍បច្ចុប្បន្ននេះ ហើយអាចគង់វង់មានជីវិតនៅលើផែនដីដែលនឹងត្រូវសំអាតរៀបចំជាសួនមនោរម្យនោះ? (សេផានា ២:២, ៣)›
[សូមមើល«ព្រឹត្ដិការណ៍ថ្មីៗ»ក្នុងចំណោមពាក្យផ្ដើមទាំងប៉ុន្មាននេះដែរ]
ជីវិតរស់នៅ/សុភមង្គល
● ‹យើងមកជួបអ្នកជិតខាងយើង ក្នុងបំណងចង់រកអ្នកដែលមានចិត្តខ្វល់ខ្វាយនឹងន័យនៃជីវិត។ មនុស្សភាគច្រើនបានរកឃើញសុភមង្គលខ្លះមែន។ ប៉ុន្តែ គេក៏ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែរ។ កាលយើងចម្រើនវ័យឡើង យើងក៏យល់ឃើញថាជីវិតគឺខ្លីណាស់។ តើជីវិតមានខ្លឹមសារត្រឹមតែប៉ុណ្ណោះទេឬ? តើអ្នកយល់យ៉ាងណាដែរ? . . . (ឲ្យយោបល់អំពីគោលបំណងដើមរបស់ព្រះ ដូចឃើញក្នុងសួនអេដែន; រួចហើយមើល យ៉ូហាន ១៧:៣ និង វិវរណៈ ២១:៣, ៤)›
● ‹ថ្ងៃនេះយើងចង់សួរអ្នកជិតខាងយើងថា តើគេយល់យ៉ាងណា ពេលគេអានពាក្យ«ជីវិតអស់កល្ប»ក្នុងព្រះគម្ពីររបស់គេ។ គួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះពាក្យនេះមានចែងនៅក្នុងព្រះគម្ពីរប្រហែល៤០ដង។ តើជីវិតបែបនេះមានន័យយ៉ាងណាទៅចំពោះយើង? . . . តើយើងអាចទទួលជីវិតនេះយ៉ាងដូចម្ដេច? (យ៉ូហាន ១៧:៣; វិវរណៈ ២១:៤)›
● ‹យើងនិយាយជាមួយមនុស្សដែលមានចិត្តខ្វល់ខ្វាយពិតមែន ចំពោះគុណសម្បត្ដិនៃជីវិតសព្វថ្ងៃនេះ។ ពួកយើងភាគច្រើនគឺត្រេកអរណាស់ ដែលយើងមានជីវិតរស់នៅ តែមនុស្សជាច្រើនងឿងឆ្ងល់ថា តើយើងអាចរកបានសុភមង្គលពិតប្រាកដក្នុងជីវិតបានទេ? តើអ្នកយល់យ៉ាងណាដែរ? . . . តើអ្នកថាអ្វីទៅជាឧបសគ្គធំបំផុតដែលរារាំងមិនឲ្យយើងឈោងដល់សុភមង្គលសព្វថ្ងៃនេះ? . . . (ទំនុកដំកើង ១:១, ២; មានអត្ថបទត្រឹមត្រូវថែមទៀតសំរាប់តបឆ្លើយនឹងសេចក្ដីខ្វល់ខ្វាយរបស់អ្នកម្ចាស់ផ្ទះ)›
សេចក្ដីស្រឡាញ់/សេចក្ដីសប្បុរស
● ‹យើងបានឃើញថាមនុស្សជាច្រើនខ្វល់ខ្វាយខ្លាំងណាស់ ចំពោះការខ្វះសេចក្ដីស្រឡាញ់ពិតនៅក្នុងលោកនេះ។ តើអ្នកមានចិត្តខ្វល់ខ្វាយដូច្នេះដែរឬ? . . . ហេតុអ្វីបានជាអ្នកយល់ថានេះគឺជាការធម្មតាទូទៅ? . . . តើអ្នកដឹងថាព្រះគម្ពីរបានទាយប្រាប់នូវស្ថានការណ៍នេះឬទេ? (ធីម៉ូថេទី២ ៣:១-៤) ព្រះគម្ពីរក៏ពន្យល់ប្រាប់ដែរ នូវហេតុដែលស្ថានការណ៍នេះបានកើតឡើង។ (យ៉ូហានទី១ ៤:៨)›
● ‹ខ្ញុំឈ្មោះ——។ ផ្ទះខ្ញុំនៅជិតនេះដែរ។ ខ្ញុំមកជួបមួយភ្លែតនេះ គឺចង់និយាយជាមួយអ្នកជិតខាងខ្ញុំ អំពីអ្វីដែលធ្វើឲ្យខ្ញុំបារម្ភណាស់ ហើយខ្ញុំជឿជាក់ថា អ្នកក៏បានកត់សម្គាល់ឃើញដែរ។ សេចក្ដីសប្បុរសគឺមិនពិបាកនឹងសម្ដែងចេញមកមែន ប៉ុន្តែហាក់ដូចជាកម្រឃើញមនុស្សមានចិត្តសប្បុរសណាស់សព្វថ្ងៃនេះ។ តើអ្នកដែលងឿងឆ្ងល់ឬទេថា ហេតុអ្វីបានជាអ៊ីចឹង? . . . (ម៉ាថាយ ២៤:១២; យ៉ូហានទី១ ៤:៨)›
ជរាភាព/សេចក្ដីស្លាប់
● ‹តើអ្នកដែលងឿងឆ្ងល់ឬទេថា ហេតុអ្វីបានជាយើងក្លាយទៅជាចាស់ហើយស្លាប់ទៅនោះ? សត្វកន្ធាយសមុទ្រខ្លះមានអាយុជាច្រើនរយឆ្នាំ។ ឯដើមឈើខ្លះវិញនៅរស់បានដល់រាប់ពាន់ឆ្នាំ។ ប៉ុន្តែ មនុស្សយើងវិញរស់បានត្រឹមតែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះ ហើយក៏ស្លាប់ទៅ។ តើអ្នកដែលឆ្ងល់ឬទេថាហេតុអ្វីក៏ដូច្នេះ? . . . (រ៉ូម ៥:១២) តើនៅថ្ងៃមុខស្ថានការណ៍នេះនឹងកែប្រែឬទេ? . . . (វិវរណៈ ២១:៣, ៤)›
● ‹តើអ្នកដែលបានសួរសំនួរនេះឬទេថា៖ សេចក្ដីស្លាប់ជាទីបញ្ចប់សំរាប់អ្វីៗទាំងអស់ឬ? ឬមួយក៏មានអ្វីកើតឡើងទៀតក្រោយពីស្លាប់? . . . ព្រះគម្ពីរឆ្លើយប្រាប់យ៉ាងក្បោះក្បាយ នឹងសំនួរណាដែលយើងមានអំពីសេចក្ដីស្លាប់។ (សាស្ដា ៩:៥, ១០) ព្រះគម្ពីរក៏បង្ហាញឲ្យឃើញថា នឹងមានសេចក្ដីសង្ឃឹមពិត ចំពោះអ្នកដែលមានជំនឿ។ (យ៉ូហាន ១១:២៥)›
សង្គ្រាម/សន្ដិភាព
● ‹ខ្ញុំរកជួបអ្នកដែលចង់មានជីវិតរស់នៅក្នុងពិភពលោកដែលគ្មានសង្គ្រាម។ នៅក្នុងតែសតវត្សនេះប៉ុណ្ណោះ យើងឃើញមានសង្គ្រាមរាប់រយបានកើតឡើង រួមទាំងសង្គ្រាមលោកទាំងពីរផង។ . . . តើអ្នកណាអាចធ្វើឲ្យពិភពលោកទាំងមូលបានប្រកបទៅដោយសន្ដិភាពបាន? . . . (មីកា ៤:២-៤)›
● ‹យើងឃើញថាមនុស្សសឹងតែគ្រប់ៗគ្នានិយាយថា គេចង់បានសន្ដិភាពទូទាំងពិភពលោក។ មេដឹកនាំពិភពលោកភាគច្រើនក៏ថាអ៊ីចឹងដែរ។ ដូច្នេះ ហេតុអ្វីក៏ពិបាករកបានសន្ដិភាពម្ល៉េះ? . . . (វិវរណៈ ១២:៧-១២)›
ពេលមនុស្សជាច្រើននិយាយថា៖ ‹ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ›
● ‹អរុណសួស្តី! យើងមករកជួបគ្រួសារទាំងឡាយដែលរស់នៅមួយជួរផ្លូវនេះ (ឬនៅតំបន់នេះ) ហើយយើងឃើញថា ពួកគេភាគច្រើនមានសាសនាគេរៀងៗខ្លួន។ ឯអ្នកក៏ប្រហែលជាអ៊ីចឹងដែរ។ . . . ប៉ុន្តែ ទោះជាយើងកាន់សាសនាអ្វីក៏ដោយ យើងគឺត្រូវរងទុក្ខដូចគ្នាដោយបញ្ហាជាច្រើនដូចជា ជីវភាពដុនដាប បទឧក្រិដ្ឋ ការឈឺថ្កាត់មែនទេ? . . . តើអ្នកយល់ថា មានវិធីដោះស្រាយពិតប្រាកដសំរាប់បញ្ហាទាំងនេះឬទេ? . . . (ពេត្រុសទី២ ៣:១៣។ល។)›
ពេលមនុស្សជាច្រើននិយាយថា៖‹ខ្ញុំមានការរវល់›
● ‹ជំរាបសួរ! យើងមករកជួបមនុស្សរាល់គ្នាក្នុងសង្កាត់នេះ ដោយចង់ប្រាប់ដំណឹងសំខាន់មួយ។ ប្រាកដហើយ អ្នកមានការរវល់ណាស់ ដូច្នេះខ្ញុំមិនចំណាយពេលយូរពេកទេ›។
● ‹ជំរាបសួរ! ខ្ញុំឈ្មោះ——។ ខ្ញុំមកនេះក្នុងបំណងចង់ពិគ្រោះជាមួយអ្នក អំពីពរដ៏ល្អពីព្រះរាជាណាចក្រ និងរបៀបដែលយើងអាចទទួលពរទាំងនេះ។ ប៉ុន្តែ ខ្ញុំឃើញថាអ្នកមានការរវល់ណាស់ (ឬរៀបនឹងចេញពីផ្ទះ)។ តើខ្ញុំសូមជំរាបប្រាប់អ្នកនូវគំនិតយ៉ាងខ្លីមួយបានទេ›?
ក្នុងតំបន់ដែលបានផ្សាយជាញឹកញយហើយ
● ‹ខ្ញុំត្រេកអរណាស់ដែលបានមកជួបអ្នកនៅផ្ទះ។ យើងមករកជួបគេក្នុងសង្កាត់នេះរៀងរាល់អាទិត្យ ហើយចង់ជំរាបអ្នកអំពីរបស់ជាច្រើនថែមទៀត ដែលព្រះរាជាណាចក្ររបស់ព្រះ នឹងសម្រេចឡើងសំរាប់មនុស្សជាតិ›។
● ‹ជំរាបសួរ! ខ្ញុំត្រេកអរណាស់ដែលបានជួបអ្នកម្ដងទៀត។ . . . តើគ្រួសារអ្នកទាំងអស់គ្នាសុខសប្បាយជាទេ? . . . ខ្ញុំមកនេះគឺចង់ជំរាបប្រាប់អ្នកនូវគំនិតមួយ អំពី . . . ›។
● ‹អរុណសួស្តី! អ្នកសុខសប្បាយជាទេ? . . . ខ្ញុំចង់មកនិយាយជាមួយអ្នកម្ដងទៀតក្នុងឱកាសនេះ។ (រួចមកប្រាប់គោលរឿងជាក់លាក់ណាមួយ ដែលអ្នកចង់ពិគ្រោះ)›