របៀបដែលអ្នកអាចតបឆ្លើយនឹងសំដីដែលអាចរារាំងការសន្ទនា
យោបល់: សេចក្ដីសង្ឃឹមឲ្យបានជីវិតគង់វង់របស់មនុស្ស គឺស្រេចនឹងអាកប្បកិរិយារបស់គេ ចំពោះព្រះយេហូវ៉ានិងព្រះរាជាណាចក្រទ្រង់ ដែលគ្រប់គ្រងដោយព្រះគ្រីស្ទយេស៊ូ។ សារដំណឹងអំពីព្រះរាជាណាចក្រព្រះគឺធ្វើឲ្យរំភើបចិត្តណាស់ ហើយវាចង្អុលប្រាប់នូវសេចក្ដីសង្ឃឹមដ៏ជាទីទុកចិត្តតែមួយគត់សំរាប់មនុស្សជាតិ។ នេះគឺជាសារដំណឹងដែលកែប្រែជីវិត។ យើងចង់ឲ្យមនុស្សគ្រប់រូបឮសារដំណឹងនេះ។ យើងជ្រាបថាមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ នឹងមានចិត្តអបអរទទួលយកសារដំណឹងនេះ តែយើងដឹងថា យ៉ាងហោចណាស់ក៏មនុស្សត្រូវតែដឹងឮដែរ បើសិនជាពួកគេត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវតាមការចេះដឹងនោះ។ តែមិនមែនមនុស្សម្នាក់ៗសុខចិត្តស្ដាប់នោះទេ ហើយយើងក៏មិនបង្ខំគេដែរ។ ប៉ុន្តែដោយមានការវិនិច្ឆ័យល្អ យើងតែងតែអាចបំបែរសំដីដែលអាចរារាំងការសន្ទនា ដើម្បីបើកឱកាសឲ្យមានការពិគ្រោះគ្នាតទៅទៀត។ នេះជាឧទាហរណ៍ដែលបង្ហាញនូវរបៀប ដែលស្មរបន្ទាល់ខ្លះមានការពិសោធន៍ បានប្រើក្នុងការប្រឹងប្រែងរកពួកអ្នកដែលមានចិត្តល្អសមនឹងទទួល។ (ម៉ាថាយ ១០:១១) ស្រូបយកគំនិតនេះក្នុងចិត្តរបស់អ្នក បញ្ចូលពាក្យខ្លួនឯង ហើយបញ្ចេញគំនិតនេះមកក្នុងរបៀបដែលសម្ដែងឲ្យឃើញថា អ្នកមានចិត្តខ្វល់ខ្វាយយ៉ាងស្មោះចំពោះមនុស្ស ដែលអ្នកកំពុងនិយាយទៅរក។ កាលអ្នកធ្វើដូច្នោះ អ្នកអាចទុកចិត្តថា ពួកអ្នកដែលមានសន្ដានចិត្តត្រឹមត្រូវ នឹងស្ដាប់ហើយព្រមទាំងឆ្លើយតបដោយចិត្តអបអរ នឹងអ្វីៗដែលព្រះយេហូវ៉ាកំពុងធ្វើ ដើម្បីទាក់ទាញពួកគេឲ្យមកទទួលសំវិធានការសំរាប់ជីវិត ដែលទ្រង់ប្រទានឲ្យដោយសេចក្ដីស្រឡាញ់។—យ៉ូហាន ៦:៤៤; កិច្ចការ ១៦:១៤
‹ខ្ញុំមិនចាប់អារម្មណ៍ទេ›
● ‹ខ្ញុំសូមសួរបានទេថា តើនេះមានន័យថាអ្នកមិនចាប់អារម្មណ៍នឹងព្រះគម្ពីរ ឬមួយក៏សាសនាជាទូទៅ ដែលមិនមែនជាអ្វីដ៏គួរឲ្យចាប់អារម្មណ៍ចំពោះអ្នក? ខ្ញុំសួរដូច្នេះ ពីព្រោះខ្ញុំបានជួបមនុស្សជាច្រើនដែលពីដើមធ្លាប់កាន់សាសនា ប៉ុន្តែឥឡូវលែងចូលវិហារទៀតហើយ ព្រោះគេបានឃើញសាសនាមានការលាក់ពុតច្រើនណាស់ (ឬគេយល់ថា សាសនាគឺគ្រាន់តែជាមុខរបររកស៊ីម្យ៉ាង ដែលអង្គាសយកប្រាក់; ឬគេមិនយល់ស្របនឹងសាសនា ដែលចូលរួមក្នុងរឿងនយោបាយ។ល។)› ព្រះគម្ពីរក៏មិនយល់ស្របនឹងការប្រព្រឹត្តបែបនេះដែរ ហើយព្រះគម្ពីរផ្ដល់ឲ្យយើង នូវមូលដ្ឋានដ៏ជាទីទុកចិត្តតែមួយគត់សំរាប់អនាគត›។
● ‹បើអ្នកមានន័យថា អ្នកមិនចាប់អារម្មណ៍នឹងសាសនាមួយផ្សេងទៀត នោះខ្ញុំអាចយល់បាន។ ប៉ុន្តែ អ្នកមុខជានឹងចាប់អារម្មណ៍នឹងរឿងអនាគតរបស់យើង ដោយបានឃើញថា សង្គ្រាមបានធ្វើទុក្ខបុកម្នេញដល់ជីវិតយើង (ឬរបៀបដែលយើងអាចការពារកូនយើងពីការប្រើគ្រឿងញៀន; ឬវិធីដោះស្រាយបទឧក្រិដ្ឋ ដើម្បីយើងអាចដើរតាមផ្លូវដោយគ្មានការភ័យខ្លាច)។ល។)› តើអ្នកឃើញថា នឹងមានសង្ឃឹមរកវិធីដោះស្រាយពិតបានឬទេ›?
● ‹តើនេះគឺពីព្រោះអ្នកកាន់សាសនាផ្សេងហើយឬ? . . . សូមប្រាប់ខ្ញុំមកមើល តើអ្នកគិតថា យើងនឹងជួបប្រទះគ្រាមួយ ដែលមនុស្សគ្រប់រូបកាន់សាសនាដូចគ្នាទេ? . . . មើលទៅអ្វីជាឧបសគ្គរារាំង? . . . ដើម្បីឲ្យវាមានន័យ តើត្រូវមានមូលដ្ឋានបែបណា›?
● ‹ខ្ញុំអាចយល់បាន។ ប៉ុន្មានឆ្នាំមុនហ្នឹង ខ្ញុំក៏មិនចាប់អារម្មណ៍ដែរ។ ប៉ុន្តែ ខ្ញុំបានអានសេចក្ដីចែងទុកក្នុងព្រះគម្ពីរ ដែលជួយខ្ញុំឲ្យចេះមើលហេតុការណ៍ក្នុងទិដ្ឋភាពផ្សេងម្យ៉ាង។ (ប្រាប់បុគ្គលនោះឲ្យដឹង)›
● ‹តើអ្នកនឹងចាប់អារម្មណ៍ទេ បើខ្ញុំអាចបង្ហាញក្នុងព្រះគម្ពីរ នូវរបៀបដែលអ្នកអាចឃើញមុខបងប្អូនញាតិមិត្តរបស់អ្នកដែលស្លាប់ទៅនោះវិញ (ឬអ្វីជាគោលបំណងពិតនៃជីវិត; ឬរបៀបដែលព្រះគម្ពីរអាចជួយយើង ឲ្យចេះមានការរួបរួមស្រឡាញ់គ្នាក្នុងគ្រួសារ។ល។)›
● ‹បើអ្នកមានន័យថា អ្នកមិនចាប់អារម្មណ៍ក្នុងការទិញរបស់អ្វី នោះខ្ញុំសូមជំរាបកុំឲ្យអ្នកកង្វល់ចិត្តឡើយ។ ខ្ញុំមកនេះមិនមែនដើម្បីលក់ដូរអ្វីទេ។ ប៉ុន្តែ តើអ្នកចាប់អារម្មណ៍ទេ បើសិនជាអ្នកអាចមានឱកាសរស់នៅលើផែនដីមនោរម្យ ដែលគ្មានជម្ងឺឈឺថ្កាត់និងបទឧក្រិដ្ឋ ជាមួយអ្នកជិតខាងដែលពិតជាស្រឡាញ់អ្នកនោះ›?
● ‹តើអ្នកតែងតែតបឆ្លើយដដែលៗអ៊ីចឹងឬ ពេលស្មរបន្ទាល់ព្រះយេហូវ៉ាមកជួបអ្នក? . . . តើអ្នកពិតជាដែលបានងឿងឆ្ងល់ឬទេ ថាហេតុអ្វីក៏យើងតែងតែមករកជួប ឬថាតើយើងមានរឿងអ្វីមកជំរាប? . . . មូលហេតុដែលខ្ញុំមកជួបអ្នកនេះ គឺពីព្រោះខ្ញុំដឹងរឿងសំខាន់មួយដែលអ្នកគួរតែដឹងដែរ។ ដូច្នេះសូមស្ដាប់យោបល់ខ្ញុំមួយភ្លែតសិនបានទេ›?
‹ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងសាសនាទេ›
● ‹ខ្ញុំយល់ចិត្តអ្នកហើយ។ និយាយឲ្យត្រង់ទៅ សាសនាពិភពគ្រីស្ទានក៏មិនបានធ្វើឲ្យយើង រស់បានសុខនៅក្នុងលោកនេះដែរមែនទេ? . . . ប៉ុន្តែ តើអ្នកជឿថាមានព្រះឬទេ›?
● ‹មនុស្សជាច្រើនមានទស្សនៈដូចអ្នកអ៊ីចឹង។ សាសនាប្រាកដជាមិនបានជួយគេមែន។ នេះហើយបានជាយើងមករកជួបអ្នកនោះ គឺពីព្រោះសាសនាពិភពគ្រីស្ទានមិនបានប្រាប់មនុស្សនូវសេចក្ដីពិត អំពីព្រះនិងបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់សំរាប់មនុស្សជាតិទេ›។
● ‹ប៉ុន្តែ ខ្ញុំជឿជាក់ថាអ្នកពិតជាចាប់អារម្មណ៍នឹងអនាគតរបស់ខ្លួនអ្នក។ តើអ្នកដឹងទេថា ព្រះគម្ពីរបានទាយប្រាប់អំពីស្ថានភាព ដែលយើងឃើញមាននៅក្នុងពិភពលោកសព្វថ្ងៃនេះ? . . . ហើយព្រះគម្ពីរក៏បង្ហាញប្រាប់ថា នេះនឹងមានលទ្ធផលយ៉ាងណាផងដែរ›។
● ‹តើចិត្តអ្នកតែងយល់យ៉ាងដូច្នោះឬ? . . . ចុះអ្នកយល់យ៉ាងណាដែរអំពីអនាគត›?
‹ខ្ញុំមិនចាប់អារម្មណ៍នឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ាទេ›
● ‹មនុស្សជាច្រើនពោលប្រាប់យើងអ៊ីចឹង។ តើអ្នកដែលបានងឿងឆ្ងល់ឬទេថា ហេតុអ្វីបានជាមនុស្សដូចខ្ញុំនេះស្ម័គ្រចិត្តមករកជួបគេ ថ្វីបើយើងដឹងថាអ្នកផ្ទះភាគច្រើនមិនស្វាគមន៍ទទួលយើងក៏ដោយនោះ? (ប្រាប់សារៈសំខាន់នៃអេសេគាល ៩:១-១១ ហើយពន្យល់ថា ដោយសំអាងលើការឆ្លើយតបរបស់មនុស្ស ចំពោះសារដំណឹងព្រះរាជាណាចក្រ មនុស្សម្នាក់ៗកំពុងត្រូវ‹កត់សម្គាល់› ទុកឲ្យមានជីវិតគង់វង់ក្នុងគ្រាវេទនាដ៏ធំ ឬទុកឲ្យទទួលសេចក្ដីហិនវិនាសវិញ)›។
● ‹ខ្ញុំអាចយល់បាន ពីព្រោះពីមុនខ្ញុំធ្លាប់មិនចាប់អារម្មណ៍អ៊ីចឹងដែរ។ ប៉ុន្តែដោយមិនចង់ឲ្យចិត្តខ្ញុំលំអៀង ខ្ញុំក៏សម្រេចចិត្តនៅស្ដាប់ស្មរបន្ទាល់ម្នាក់។ ហើយខ្ញុំក៏បានដឹងខ្លួនថា ខ្ញុំមិនបានជ្រាបសោះនូវសេចក្ដីពិតអំពីពួកគេ។ (ពោលប្រាប់ពាក្យបន្ទោសមិនពិតដែលគេតែងចោទ ហើយពន្យល់ប្រាប់ថាយើងជឿយ៉ាងណា)›។
● ‹មិនយូរកន្លងទៅនេះ ខ្ញុំក៏បាននិយាយប្រាប់អ៊ីចឹងដែរដល់ស្មរបន្ទាល់ម្នាក់ដែលបានមកជួបខ្ញុំ។ ប៉ុន្តែ មុននឹងគាត់ទៅវិញ ខ្ញុំក៏សាកសួរសំនួរមួយដែលខ្ញុំជឿជាក់ថាគាត់មិនអាចឆ្លើយបាន។ តើអ្នកចង់ដឹងថាខ្ញុំបានសួរសំនួរអ្វីទេ? . . . (ជាឧទាហរណ៍ តើកាអ៊ីនបានប្រពន្ធពីណាមក?)› (សំរាប់ប្រើដោយអ្នកដែលធ្លាប់មានការពិសោធន៍បែបនេះមែន)។
● ‹បើអ្នកមានកាន់សាសនាណាមួយ នោះខ្ញុំអាចយល់បាន។ សាសនារបស់អ្នកគឺប្រាកដជាសំខាន់ណាស់ចំពោះអ្នក។ ប៉ុន្តែ ខ្ញុំយល់ថាអ្នកនឹងយល់ស្រប ថាយើងទាំងពីរគឺចាប់អារម្មណ៍នឹងរឿង (ប្រាប់គោលរឿងសមត្រឹមត្រូវមួយ)›។
● ‹ដូច្នេះអ្នកប្រាកដជាមានកាន់សាសនាផ្សេងហើយ។ ខ្ញុំសូមសួរបានទេ ថាអ្នកកាន់សាសនាអ្វីដែរ? . . . យើងចូលចិត្តនិយាយជាមួយមនុស្សដែលមានជំនឿដូចអ្នកអ៊ីចឹង។ តើអ្នកយល់យ៉ាងណា (ប្រាប់គោលរឿងដែលអ្នកចង់លើកមកពិគ្រោះ)?›។
● ‹បាទ (ចា៎ស) ខ្ញុំយល់ហើយ។ ប៉ុន្តែមូលហេតុដែលយើងមកជួបនេះ គឺពីព្រោះយើងជាក្រុមគ្រួសារមួយ ដែលមានចិត្តចង់ឃើញមនុស្សទាំងអស់រួមរស់ជាមួយគ្នាដោយសុខសាន្ត។ យើងធុញទ្រាន់ណាស់នឹងពត៌មានប្រកាសរៀងរាល់យប់ អំពីរឿងចំបាំងនិងការឈឺចាប់។ តាមខ្ញុំមើល អ្នកក៏ប្រហែលជាមានអារម្មណ៍អ៊ីចឹងដែរ។ . . . ប៉ុន្តែតើអ្វីទៅដែលអាចនាំឲ្យមានការប្រែប្រួលដែលយើងត្រូវការនោះ? . . . យើងបានឃើញសេចក្ដីសន្យាក្នុងព្រះគម្ពីរ ដែលជួយលើកទឹកចិត្តយើង›។
● ‹ខ្ញុំអរគុណហើយដែលអ្នកបានប្រាប់ខ្ញុំ ឲ្យដឹងថាអ្នកមានអារម្មណ៍យ៉ាងនេះ។ សូមអ្នកប្រាប់ខ្ញុំផងបានទេ ថាតើយើងមានអ្វីទាស់ត្រង់ណា ដែលអ្នកមិនចូលចិត្តយើងនោះ? តើគឺពីព្រោះអ្វីដែលយើងបង្ហាញប្រាប់អ្នកក្នុងព្រះគម្ពីរ ឬមួយក៏មកពីយើងមកជួបនេះ›?
‹ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ›
● ‹សូមអ្នកប្រាប់ខ្ញុំផងបានទេ ថាតើសាសនារបស់អ្នកមានបង្រៀនឬទេ ថានឹងមានគ្រាមួយដែលមនុស្សនឹងស្រឡាញ់អំពើល្អ នឹងរស់នៅលើផែនដីជារៀងរហូតនោះ? . . . នេះជាគំនិតមួយដែលគួរឲ្យទាក់ទាញចិត្តយើងណាស់ មែនទេ? . . . ព្រះគម្ពីរបង្ហាញប្រាប់យ៉ាងច្បាស់នៅត្រង់នេះ។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៥:៥; វិវរណៈ ២១:៤)›
● ‹ខ្ញុំយល់ស្របថា នេះជារឿងមួយដែលមនុស្សម្នាក់ៗត្រូវតែសម្រេចចិត្តខ្លួនឯង។ ប៉ុន្តែតើអ្នកដឹងទេ ថាព្រះទ្រង់កំពុងរកមនុស្សមួយប្រភេទ ឲ្យធ្វើជាអ្នកថ្វាយបង្គំពិតរបស់ទ្រង់? សូមកត់សំគាល់មើលក្នុងយ៉ូហាន ៤:២៣, ២៤។ តើថ្វាយបង្គំព្រះ‹ដោយសេចក្ដីពិត›គឺមានន័យយ៉ាងណា? . . . តើព្រះបានប្រទានអ្វីដល់យើង ដើម្បីជួយយើងឲ្យដឹងថា អ្វីជាសេចក្ដីពិត អ្វីមិនមែនជាសេចក្ដីពិតនោះ? . . . (យ៉ូហាន ១៧:១៧) ហើយសូមកត់សំគាល់មើល ថានេះគឺសំខាន់យ៉ាងណាចំពោះយើងម្នាក់ៗ។ (យ៉ូហាន ១៧:៣)›
● ‹តើអ្នកជាអ្នកធ្លាប់កាន់សាសនាតាំងពីដើមជាយូរមកហើយឬ? . . . តើអ្នកគិតថា មនុស្សជាតិនឹងអាចរួបរួមគ្នាកាន់សាសនាតែមួយទេ? . . . ខ្ញុំបានគិតអំពីរឿងនេះជាញឹកញយ ពីព្រោះសេចក្ដីដែលចែងក្នុងវិវរណៈ ៥:១៣ នេះ។ . . . តើយើងត្រូវការអ្វី ដើម្បីឲ្យយើងទាំងអស់គ្នាបានសម្រេចតាមសេចក្ដីរៀបរាប់នេះ›?
● ‹ចិត្តខ្ញុំគឺសង្ឃឹមរកជួបមនុស្សដូចរូបអ្នក ដែលចាប់អារម្មណ៍នឹងរឿងសាសនា។ មនុស្សជាច្រើនសព្វថ្ងៃនេះមិនចាប់ចិត្តនឹងរឿងសាសនាទេ។ ខ្ញុំសូមសួរបានទេ ថាតើអ្នកយល់យ៉ាងណាដែរ អំពីសេចក្ដីសន្យាក្នុងព្រះគម្ពីរ ដែលថាព្រះនឹងកំចាត់ចោលអស់ទាំងអំពើអាក្រក់ ហើយធ្វើឲ្យផែនដីនេះទៅជាកន្លែង ដែលមានតែមនុស្សស្រឡាញ់សេចក្ដីសុចរិតរស់នៅ? តើនេះគួរទាក់ទាញចិត្តអ្នកទេ›?
● ‹តើអ្នកមានករណីយកិច្ចច្រើនក្នុងវិហារទេ? . . . តើមានមនុស្សចូលរួមក្នុងពិធីយ៉ាងកុះករនៅវិហារទេសព្វថ្ងៃនេះ? . . . តើអ្នកឃើញមានសមាជិកភាគច្រើនពិតជាមានចិត្តស្មោះ ចង់ប្រព្រឹត្តតាមបន្ទូលព្រះក្នុងជីវិតប្រចាំថ្ងៃឬទេ? (ឬតើអ្នកឃើញមានការរួបរួមគំនិតគ្នាឬទេក្នុងចំណោមពួកសមាជិក ក្នុងវិធីដោះស្រាយបញ្ហាដែលនៅពីមុខពិភពលោកនេះ?) យើងឃើញថា ការសិក្សាព្រះគម្ពីរនៅផ្ទះផ្ទាល់ខ្លួនមានប្រយោជន៍ណាស់សំរាប់យើង›។
● ‹មើលទៅអ្នកគឺពេញចិត្តហើយនឹងសាសនារបស់អ្នក។ ប៉ុន្តែ មនុស្សភាគច្រើនមិនពេញចិត្តនឹងស្ថានភាពក្នុងពិភពលោកនេះទេ។ ឯអ្នកក៏ប្រហែលជាយល់អ៊ីចឹងដែរមែនទេ? . . . តើថ្ងៃមុខនេះនឹងទៅជាយ៉ាងណាទៅ›?
● ‹តើអ្នកជាអ្នកដែលចូលចិត្តអានព្រះគម្ពីរឬ? . . . តើអ្នករកបានពេលសំរាប់អានគម្ពីរជារឿយៗឬទេ›?
● ‹អរគុណហើយដែលអ្នកបានប្រាប់ខ្ញុំដឹងដូច្នេះ។ ខ្ញុំជឿជាក់ថាអ្នកនឹងយល់ស្របថា ទោះជាយើងមានជំនឿក្នុងសាសនាណាក៏ដោយ យើងទាំងអស់គ្នាគឺប្រាថ្នាចង់បានសន្ដិភាពទូទាំងពិភពលោក (ឬវិធីសំរាប់ការពារកូនយើងពីឥទ្ធិពលអាក្រក់; ឬសង្កាត់មួយដែលមនុស្សពិតជាស្រឡាញ់គ្នាទៅវិញទៅមក; ឬប្រាស្រ័យទាក់ទងយ៉ាងល្អនឹងមនុស្សឯទៀត ហើយនេះគឺជាការពិបាកមួយ ពេលដែលម្នាក់ៗស្ថិតនៅក្រោមការបង្ខិតបង្ខំ)។
● ‹ខ្ញុំត្រេកអរណាស់ដោយបានដឹងថា ចិត្តអ្នកនិយមខាងរឿងសាសនា។ មនុស្សជាច្រើនសព្វថ្ងៃនេះមិនខ្វល់ខ្វាយនឹងសាសនាទេ។ អ្នកខ្លះមិនទាំងជឿថាមានព្រះផង។ ប៉ុន្តែតាមអ្វីដែលអ្នកបានរៀនពីសាសនារបស់អ្នក តើអ្នកគិតថាព្រះគឺជាបុគ្គលប្រភេទណាដែរ? . . . សូមមើលព្រះគម្ពីរដែលប្រាប់យើងនូវព្រះនាមរបស់ទ្រង់។ (និក្ខមនំ ៦:៣; ទំនុកដំកើង ៨៣:១៨)›
● ‹ពេលដែលព្រះយេស៊ូចាត់ពួកសិស្សរបស់ទ្រង់ឲ្យទៅផ្សាយប្រកាស ទ្រង់មានបន្ទូលប្រាប់ពួកគេ ឲ្យទៅផ្សាយនៅគ្រប់ច្រកល្ហកលើផែនដី ដើម្បីរកជួបមនុស្សជាច្រើនដែលកាន់សាសនាផ្សេងពីគេ។ (កិច្ចការ ១:៨) ប៉ុន្តែទ្រង់ដឹងថា អ្នកដែលស្រេកឃ្លានចង់បានសេចក្ដីសុចរិតនឹងព្រមស្ដាប់ពាក្យរបស់ពួកគេ។ តើដំណឹងអ្វីដែលទ្រង់មានបន្ទូលថា នឹងត្រូវនាំយកមកផ្សាយក្នុងជំនាន់យើងនេះ? (ម៉ាថាយ ២៤:១៤) តើព្រះរាជាណាចក្រនោះមានន័យយ៉ាងណាចំពោះយើង›?
‹យើងគឺជាគ្រីស្ទានស្រេចហើយ›
● ‹ខ្ញុំត្រេកអរណាស់ដោយបានដឹងដូច្នេះ។ អ៊ីចឹងអ្នកប្រាកដជាដឹងថា ព្រះយេស៊ូទ្រង់ក៏បានធ្វើដូច្នេះដែរ គឺមករកជួបមនុស្សនៅផ្ទះគេ ហើយទ្រង់ក៏បានឲ្យពួកសិស្សទ្រង់មានមុខងារដូច្នេះដែរ។ តើអ្នកធ្លាប់ដឹងនូវសាច់រឿងនៃការផ្សាយប្រកាសរបស់ពួកគេឬទេ? . . . នេះហើយជាអ្វីដែលយើងចង់មកពិគ្រោះថ្ងៃនេះ។ (លូកា ៨:១; ដានីយ៉ែល ២:៤៤)›
● ‹ដូច្នេះ ខ្ញុំជឿជាក់ថា អ្នកនឹងអបអរនឹងសារៈសំខាន់នៃបន្ទូលរបស់ព្រះយេស៊ូ កាលទ្រង់បង្រៀនពួកប្រជាជននៅលើភ្នំ។ ទ្រង់មានបន្ទូលប្រាប់យ៉ាងចំត្រង់ៗ តែប្រកបដោយសេចក្ដីស្រឡាញ់ ពេលទ្រង់ប្រាប់ថា . . . (ម៉ាថាយ ៧:២១-២៣) ដូច្នេះសំនួរដែលយើងត្រូវសួរខ្លួនយើងនោះគឺថា តើខ្ញុំស្គាល់បំណងព្រះហឫទ័យនៃព្រះវរបិតាស្ថានសួគ៌ច្បាស់លាស់ឬទេ? (យ៉ូហាន ១៧:៣)›
‹ខ្ញុំមានការរវល់›
● ‹អ៊ីចឹងខ្ញុំមិនចំណាយពេលយូរពេកទេ។ ខ្ញុំមកជួបនេះគឺគ្រាន់តែចង់ជំរាបប្រាប់អ្នកនូវគំនិតដ៏សំខាន់មួយ។ (ថ្លែងប្រាប់ចំណុចសំខាន់នៃរឿងដែលអ្នកចង់ពិគ្រោះ ដោយស្រដីមួយឃ្លាឬពីរឃ្លា)›។
● ‹មិនអីទេ។ ខ្ញុំនឹងមកជួបនៅលើកក្រោយទៀតក៏បាន ពេលដែលអ្នកមិនមានការរវល់។ ប៉ុន្តែមុននឹងខ្ញុំសូមលា ខ្ញុំចង់អានបទគម្ពីរតែមួយខជូនអ្នកស្ដាប់ ដែលពិតជាធ្វើឲ្យយើងនឹកគិតនូវសេចក្ដីសំខាន់មួយក្នុងចិត្តយើង›។
● ‹ខ្ញុំជ្រាបហើយ។ ខ្ញុំជាម្ដាយម្នាក់ (ឬអ្នកធ្វើការ; ឬនិស្សិតសាលា) ខ្ញុំក៏រវល់ណាស់ដែរ។ ដូច្នេះ ខ្ញុំនឹងមិនចំណាយពេលយូរពេកទេ។ យើងទាំងអស់គ្នាគឺបានជួបប្រទះនឹងស្ថានការណ៍ដ៏សំខាន់មួយ។ ព្រះគម្ពីរបង្ហាញថា យើងជិតបានដល់គ្រាដែលព្រះនឹងបំផ្លាញរបបបច្ចុប្បន្នដ៏អាក្រក់នេះចោលហើយ។ ប៉ុន្តែ នឹងមានមនុស្សដែលមានជីវិតគង់វង់។ សំនួរមួយគឺថា តើខ្លួនខ្ញុំនិងខ្លួនអ្នកត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យជីវិតយើងបាននៅគង់វង់ដែរ? ព្រះគម្ពីរមានចម្លើយសំរាប់សំនួរនេះ។ (សេផានា ២:២, ៣)›
● ‹អ្នកដឹងទេ គឺមូលហេតុនេះហើយដែលខ្ញុំមករកជួបនេះ។ យើងរាល់គ្នាមានការរវល់—គឺរវល់ខ្លាំងណាស់ ដែលយើងជួនកាលភ្លេចគិតអំពីរឿងដ៏សំខាន់ក្នុងជីវិតមែនទេ? . . . ខ្ញុំនឹងមិនចំណាយពេលយូរពេកទេ ប៉ុន្តែ ខ្ញុំជឿជាក់ថាអ្នកប្រាកដជាចាប់អារម្មណ៍នឹងសេចក្ដីមួយវគ្គនេះ។ (លូកា ១៧:២៦, ២៧) យើងម្នាក់ៗមិនចង់ឃើញខ្លួនយើងស្ថិតនៅក្នុងស្ថានការណ៍នេះទេ ដូច្នេះទោះជីវិតយើងរវល់យ៉ាងណាក៏ដោយ យើងត្រូវតែរកពេលមកពិចារណាអ្វីៗដែលព្រះគម្ពីរចែងប្រាប់។ (ចែកសម្ភារៈផ្សាយឲ្យគេ)›។
● ‹អ៊ីចឹងចាំប្រហែលកន្លះម៉ោងទៀត សឹមយើងត្រឡប់មកជួបបានទេ ក្រោយពេលយើងទៅជួបអ្នកជិតខាងឯទៀត›?
● ‹អ៊ីចឹងខ្ញុំមិនចង់រំខានអ្នកទៀតទេ។ ប្រហែលចាំថ្ងៃក្រោយខ្ញុំនឹងមករកជួបទៀត។ ប៉ុន្តែមុននឹងខ្ញុំលាទៅវិញ ខ្ញុំចង់ឲ្យអ្នកបានឱកាសទទួលរបស់ពិសេស ដែលយើងយកមកផ្សាយជូននេះ។ (យករបស់ផ្សាយប្រចាំខែមកបង្ហាញឲ្យគេមើល)។ នេះជាសៀវភៅសំរាប់សិក្សា ដែលជួយអ្នកឲ្យជ្រាបនឹងចម្លើយពីព្រះគម្ពីរផ្ទាល់ សំរាប់សំនួរដូច (ថ្លែងប្រាប់សំនួរមួយឬពីរ)›។
● ‹ខ្ញុំសូមទោសដែលខ្ញុំមកជួបអ្នក ចំពេលដែលអ្នកកំពុងជាប់រវល់។ អ្នកប្រហែលជាដឹងហើយថា ខ្ញុំជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ខ្ញុំចង់ជំរាបប្រាប់អ្នកនូវគំនិតដ៏សំខាន់មួយពីព្រះគម្ពីរ។ ប៉ុន្តែដ្បិតឥឡូវអ្នកមិនមានពេលស្ដាប់ ខ្ញុំក៏ឲ្យខិត្តប័ណ្ណមួយនេះសិន ដែលថ្លែងអំពី(ប្រាប់គោលរឿង)។ ខិត្តប័ណ្ណនេះខ្លីហើយស្រួលអានដោយមិនបាច់អស់ពេលច្រើន ប៉ុន្តែអ្នកនឹងឃើញថាវាគួរឲ្យចាប់អារម្មណ៍ណាស់›។
● ‹ខ្ញុំយល់ច្បាស់ហើយ។ មើលទៅយើងរកតែពេលគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចការអ្វីៗមិនបានទាល់តែសោះ។ ប៉ុន្តែ តើអ្នកដែលបានគិតឬទេថា ជីវិតរស់នៅនឹងខុសគ្នាយ៉ាងណាទៅ បើសិនជាអ្នកអាចរស់នៅជារៀងរហូតនោះ? ខ្ញុំដឹងហើយថានេះគួរឲ្យពិបាកជឿណាស់។ ប៉ុន្តែខ្ញុំសូមបង្ហាញបទគម្ពីរមួយខពីព្រះគម្ពីរនេះ ដែលពន្យល់ប្រាប់ថាយើងមានលទ្ធភាពរស់នៅជារៀងរហូត។ (យ៉ូហាន ១៧:៣) ដូច្នេះឥឡូវយើងគឺត្រូវតែទទួលយកចំណេះអំពីព្រះនិងព្រះរាជបុត្រានៃទ្រង់។ ហេតុនេះហើយបានជាយើងចែកសៀវភៅនេះជូនអ្នកអាន›។
‹ហេតុអ្វីក៏ពួកអ្នកមករកជួបគេញឹកញយម្ល៉េះ›?
● ‹ពីព្រោះយើងជឿថា យើងកំពុងរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ ដូចបានចែងក្នុងព្រះគម្ពីរ។ យើងយល់ថាគឺសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវគិតមើល អំពីលទ្ធផលនៃស្ថានភាពក្នុងបច្ចុប្បន្ននេះ។ (ពោលប្រាប់ព្រឹត្ដិការណ៍ ឬស្ថានការណ៍ដែលទើបកើតឡើងថ្មីៗ) សំនួរមួយគឺថា តើយើងត្រូវធ្វើយ៉ាងណា បើយើងចង់មានជីវិតគង់វង់ផុតពីរបបលោកីយ៍នេះ›?
● ‹ពីព្រោះយើងស្រឡាញ់ព្រះនិងពួកអ្នកជិតខាងរបស់យើង។ យើងទាំងអស់គ្នាគួរតែមានសេចក្ដីស្រឡាញ់អ៊ីចឹងមែនទេ›?
‹ខ្ញុំស្គាល់កិច្ចការផ្សាយរបស់អ្នកហើយ›
● ‹ខ្ញុំត្រេកអរណាស់ដោយបានឮដូច្នេះ។ តើអ្នកមានបងប្អូនញាតិមិត្ត ដែលជាស្មរបន្ទាល់ឬ? . . . ខ្ញុំសូមសួរបានទេថា៖ តើអ្នកជឿអ្វីដែលយើងបង្រៀនពីព្រះគម្ពីរឬទេ ជាពិសេសដែលថាយើងកំពុងរស់នៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់» ថាមិនយូរទេព្រះនឹងបំផ្លាញអំពើអាក្រក់ចោល ហើយថាផែនដីនេះនឹងក្លាយទៅជាសួនមនោរម្យ ដែលមានមនុស្សសុខភាពល្អឥតខ្ចោះ រស់នៅជារៀងរហូត ក្នុងចំណោមអ្នកជិតខាងដែលពិតជាស្រឡាញ់គ្នាទៅវិញទៅមកនោះ›?
‹យើងអត់មានលុយទេ›
● ‹យើងមិនមែនមករកអង្គាសលុយកាក់ទេ។ យើងមកនេះគឺមានបំណងចង់ជួយបង្រៀនព្រះគម្ពីរនៅផ្ទះដោយឥតគិតថ្លៃ។ មេរៀនមួយដែលយើងចង់បង្រៀននោះគឺ (ប្រាប់ចំណងជើងជំពូកមេរៀនពីសៀវភៅថ្មីៗមួយ)។ តើខ្ញុំសូមបង្ហាញប្រាប់បានទេ អំពីរបៀបរៀនព្រះគម្ពីរ។ យើងឥតគិតថ្លៃអ្វីទេ›។
● ‹យើងគឺចាប់អារម្មណ៍នឹងមនុស្ស មិនមែនលុយកាក់របស់គេទេ។ (ពិគ្រោះនឹងគេថែមទៀត។ បង្ហាញគេនូវសៀវភៅមួយ ហើយពន្យល់អំពីរបៀបដែលគេអាចទទួលផលប្រយោជន៍ពីសៀវភៅនោះ។ បើគេបង្ហាញឲ្យឃើញថា គេចាប់ចិត្តពិតមែនហើយសន្យាថានឹងអាន នោះផ្ដល់សៀវភៅឲ្យគេ។ បើត្រឹមត្រូវ ពន្យល់ប្រាប់អំពីរបៀប ដែលកិច្ចការផ្សាយប្រកាសរបស់យើងពាសពេញពិភពលោក បានទទួលប្រាក់ផ្គត់ផ្គង់)›។
ពេលគេនិយាយថា ‹ខ្ញុំកាន់ពុទ្ធសាសនា›
● កុំសន្និដ្ឋានថាជំនឿនៃបុគ្គលនេះ គឺដូចជំនឿរបស់អ្នកកាន់ពុទ្ធសាសនាឯទៀតឡើយ។ ពុទ្ធសាសនារបស់ជនជាតិជប៉ុនគឺខុសគ្នាឆ្ងាយណាស់ ពីពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍។ ហើយបុគ្គលនិមួយៗវិញក៏មានទស្សនៈខុសគ្នារៀងៗខ្លួនដែរ។ ប៉ុន្តែតាមធម្មតា ចំណុចខាងក្រោមនេះគឺអាចជួយយើងឲ្យយល់ដឹងខ្លះអំពីពុទ្ធសាសនា: (១) ពុទ្ធសាសនាឥតទទួលស្គាល់ព្រះខាងក្រៅ ព្រះអាទិទេព ដែលជាបុគ្គលមួយអង្គនោះទេ។ ប៉ុន្តែអ្នកកាន់ពុទ្ធសាសនាជាច្រើនថ្វាយបង្គំព្រះពុទ្ធបដិមានិងព្រះពុទ្ធរូប។ (២) ដែលគេឲ្យឋានន្តរថាជាព្រះពុទ្ធ បានត្រូវគេចាត់ទុកជាតួអង្គមួយ ដែលមានឧត្តមគតិសាសនាខ្ពង់ខ្ពស់ចំពោះពួកពុទ្ធបរិស័ទ ហើយត្រូវពួកគេយកតម្រាប់តាមផង។ លោកលើកទឹកចិត្តគេឲ្យចម្រើនសេចក្ដីចេះដឹង ដោយសង្កេតមើលមនុស្សជាតិ តាមទស្សនៈមនុស្ស ហើយឲ្យកំចាត់កិលេស ដោយប្រឹងទប់ចិត្តគំនិតរបស់គេ ដូចនឹងលះបង់សេចក្ដីប៉ងប្រាថ្នាលោកីយ៍ទាំងអស់ចោល។ លោកបង្រៀនថា គឺត្រូវធ្វើដូច្នេះទើបបានចូលនិព្វាន បានជៀសផុតពីការចាប់ជាតិតាមវដ្ដសង្សារ។ (៣) អ្នកកាន់ពុទ្ធសាសនាសែនដូនតារបស់គេ ពីព្រោះគេចាត់ទុកដូនតារបស់គេ ជាប្រភពនៃជីវិតរបស់គេ។
យោបល់ដែលជួយយើងក្នុងការសន្ទនា: (១) ពេលនិយាយជាមួយអ្នកកាន់ពុទ្ធសាសនា បញ្ជាក់ថាអ្នកមិនមែនជាចំណែករបស់ពិភពគ្រីស្ទសាសនាទេ។ (២) អ្នកកាន់ពុទ្ធសាសនាមានការកោតគោរពចំពោះ«គម្ពីរបរិសុទ្ធ» ហើយដោយហេតុនេះបានជាគេតាមធម្មតាចេះគោរពព្រះគម្ពីរ។ កុំឲ្យសន្ទនាវែងឆ្ងាយអំពីទស្សនវិជ្ជានៃពុទ្ធសាសនា ចូរថ្លែងប្រាប់សារដំណឹងដ៏ល្អ ពីព្រះគម្ពីរវិញប្រសើរជាង។ ប្រាប់គេឲ្យដឹងថា ព្រះគម្ពីរគឺមិនមែនគ្រាន់តែជាទស្សនវិជ្ជារបស់មនុស្សប៉ុណ្ណោះទេ តែជាបន្ទូលដ៏មានអំណាចរបស់ព្រះយេហូវ៉ា ជាព្រះបង្កបង្កើតមនុស្សជាតិ។ សូមសួរដោយគួរសម ឲ្យគេអនុញ្ញាតឲ្យអ្នកបើកបង្ហាញប្រាប់ចំណុចដ៏គួរចាប់អារម្មណ៍មួយ ក្នុងគម្ពីរបរិសុទ្ធនេះ គឺព្រះគម្ពីរ។ (៣) អ្នកកាន់ពុទ្ធសាសនាជាច្រើន គឺចាប់អារម្មណ៍ខ្លាំងណាស់នឹងសន្ដិភាពនិងជីវិតគ្រួសារ ហើយចង់ឲ្យជីវិតរស់នៅរបស់គេបានប្រកបទៅដោយសីលធម៌ផង។ (៤) បង្ហាញថាព្រះគម្ពីរចង្អុលទៅរដ្ឋាភិបាលដ៏សុចរិតមួយ គ្រប់គ្រងលើផែនដីពីស្ថានសួគ៌ ដែលជាចម្លើយដ៏ពិតប្រាកដសំរាប់បញ្ហាទាំងប៉ុន្មាន ដែលមនុស្សជាតិកំពុងជួបប្រទះ។ ព្រះគម្ពីរពន្យល់ប្រាប់អំពីអនាគតរបស់ផែនដី និងសេចក្ដីសង្ឃឹមដ៏ល្អអស្ចារ្យសំរាប់ជីវិតរស់នៅអស់កល្ប ក្នុងសួនមនោរម្យលើផែនដី។ (៥) អ្នកអាចចង្អុលប្រាប់ថាព្រះគម្ពីរពន្យល់ប្រាប់ អំពីដើមកំណើតនៃជីវិត ខ្លឹមសារនៃជីវិត ស្ថានភាពរបស់មនុស្សស្លាប់និងសេចក្ដីសង្ឃឹមក្នុងការប្រោសឲ្យរស់ឡើងវិញ និងហេតុដែលមានអំពើអាក្រក់នៅគ្រប់កន្លែង។ បើយើងមានចិត្តរួសរាយបង្ហាញប្រាប់ សេចក្ដីពិតយ៉ាងច្បាស់ក្រឡែតនៃបន្ទូលរបស់ព្រះ ឲ្យមនុស្សបានយល់ នោះចិត្តមនុស្សស្លូតបូតដូចសត្វចៀម នឹងតបឆ្លើយដោយសេចក្ដីអំណរពុំខានឡើយ។
សៀវភៅតូចដែលមានចំណងជើងថា ការស្វែងរកបិតាម្នាក់ គឺបានរៀបបោះពុម្ពឡើងដើម្បីជួយជាផលប្រយោជន៍ ដល់ពួកអ្នកកាន់ពុទ្ធសាសនាដែលមានចិត្តស្មោះត្រង់។
ពេលគេនិយាយថា ‹ខ្ញុំជាសាសន៍យូដា›
● ដំបូង ចូររកបញ្ជាក់ឲ្យច្បាស់សិន ថាតើបុគ្គលនេះចាត់ទុកខ្លួនគេជាសាសន៍យូដាក្នុងរបៀបណា។ មានគ្នាតិចណាស់ដែលកាន់សាសនា។ ចំពោះគេភាគច្រើន មានពូជជាសាសន៍យូដាគឺគ្រាន់តែជានាមជាតិសាសន៍ប៉ុណ្ណោះ។
ចំណុចទាំងប៉ុន្មានខាងក្រោមនេះគឺមានប្រយោជន៍ដល់យើង ដែលយើងគួរចាំទុកក្នុងចិត្ត: (១) ពួកយូដាដែលកាន់សាសនាយូដាយ៉ាងខ្លាំង យល់ថាគេដាច់ខាតមិនត្រូវហៅព្រះនាមនៃព្រះ។ (២) ពួកយូដាជាច្រើនចាត់ទុក«ព្រះគម្ពីរ» ថាជាសៀវភៅសាសនាគ្រីស្ទាន ប៉ុន្តែ បើអ្នកពោលសំដៅទៅ «បទគម្ពីរហេព្រើរ»«បទគម្ពីរ» ឬ«គម្ពីរថូរា» នោះអត់មានបញ្ហាអ្វីទេ។ (៣) ប្រពៃណីគឺជាចំណែកដ៏សំខាន់នៃជំនឿរបស់ពួកគេ ហើយត្រូវពួកយូដាដែលកាន់សាសនាយូដាយ៉ាងខ្លាំងចាត់ទុកថាមានអំណាចស្មើនឹងបទគម្ពីរ។ (៤) ពួកគេអាចប្រដូចព្រះយេស៊ូគ្រីស្ទ ទៅនឹងការធ្វើទុក្ខបៀតបៀនយ៉ាងឃោរឃៅ ដែលពិភពគ្រីស្ទសាសនាបានប្រព្រឹត្តមកលើពួកសាសន៍យូដា ក្នុងនាមព្រះយេស៊ូ។ (៥) ពួកគេតែងជឿថា ព្រះតម្រូវឲ្យពួកយូដាកាន់បញ្ញត្តថ្ងៃឈប់សំរាក ជាជំនឿដែលមានរួមទាំងការហាមឃាត់មិនឲ្យរាប់លុយកាក់ក្នុងថ្ងៃនោះផង។
ដើម្បីនឹងតាំងឲ្យមានគំនិតដូចគ្នា អ្នកអាចនិយាយថា៖ (១) ‹អ្នកមុខជាយល់ស្របថា ទោះជាយើងមានសាវតារខុសគ្នាយ៉ាងណាក៏ដោយ យើងទាំងអស់គឺត្រូវប្រឈមនឹងការពិបាកជាច្រើនដូចគ្នា ក្នុងពិភពលោកសព្វថ្ងៃនេះ។ តើអ្នកជឿថា ពិតជានឹងមានវិធីជាប់លាប់មួយ សំរាប់ដោះស្រាយបញ្ហាដ៏ធំ ដែលនៅពីមុខមនុស្សជំនាន់នេះឬទេ? (ទំនុកដំកើង ៣៧:១០, ១១, ២៩; ទំនុកដំកើង ១៤៦:៣-៥; ដានីយ៉ែល ២:៤៤)› (២) ‹ពួកយើងមិនមែនជាចំណែករបស់ពិភពគ្រីស្ទសាសនាទេ ហើយយើងក៏មិនជឿលើព្រះត្រីឯកភាពដែរ ប៉ុន្តែ យើងថ្វាយបង្គំព្រះរបស់លោកអ័ប្រាហាំ។ យើងជាពិសេសគឺចាប់អារម្មណ៍នឹងសេចក្ដីពិតខាងសាសនា។ តើខ្ញុំសូមសួរផងបានទេ ថាតើអ្នកសម្រេចថាអ្វីជាសេចក្ដីពិតយ៉ាងដូចម្ដេច ជាពិសេសពេលយើងឃើញថា ក្នុងចំណោមសាសន៍យូដាមានជំនឿខុសៗគ្នាយ៉ាងនេះ? . . . (ចោទិយកថា ៤:២; អេសាយ ២៩:១៣, ១៤; ទំនុកដំកើង ១១៩:១៦០)› (៣) ‹យើងមានការចាប់អារម្មណ៍ណាស់នឹងសេចក្ដីសន្យា ដែលព្រះបានមានបន្ទូលប្រាប់ទៅលោកអ័ប្រាហាំ ដែលថាមនុស្សគ្រប់ទាំងសាសន៍នឹងបានពរ ដោយសារពូជរបស់លោក។ (លោកុប្បត្តិ ២២:១៨)›
បើបុគ្គលនោះបង្ហាញឲ្យឃើញថា គេឥតសូវមានជំនឿលើព្រះ នោះសួរគេមើលថា តើគេតែងមានអារម្មណ៍យ៉ាងដូច្នេះឬ? បន្ទាប់មក ពិគ្រោះអំពីមូលហេតុ ដែលព្រះបានអនុញ្ញាតឲ្យមានអំពើអាក្រក់និងការឈឺចាប់។ ការនឹកឃើញដល់ហាយនភាពក្រោមរបបណាត្ស៊ី បានធ្វើឲ្យសាសន៍យូដាជាច្រើនខ្វល់ខ្វាយអំពីរឿងនេះ។
បើអ្នកពិគ្រោះអំពីការសំខាន់ក្នុងការប្រើព្រះនាមនៃព្រះ ចូរសួរបុគ្គលនោះឲ្យដឹងជាមុនសិន ថាតើគេយល់យ៉ាងណាដែរអំពីរឿងនេះ។ ចង្អុលប្រាប់ថានិក្ខមនំ ២០:៧ ហាមមិនឲ្យយកព្រះនាមនៃព្រះ មកប្រើជាអសារឥតការ ប៉ុន្តែវាឥតហាមថា មិនឲ្យប្រើព្រះនាមទ្រង់ដោយសេចក្ដីកោតគោរពនោះឡើយ។ បន្ទាប់មក ពិចារណាមើលអត្ថបទ ដូចចែងក្នុងនិក្ខមនំ ៣:១៥ (ឬទំនុកដំកើង ១៣៥:១៣); ពង្សាវតារក្សត្រទី១ ៨:៤១-៤៣; អេសាយ ១២:៤; យេរេមា ១០:២៥; ម៉ាឡាគី ៣:១៦
ពេលអ្នកពិគ្រោះអំពីព្រះមេស្ស៊ី: (១) ដំបូងចូរនិយាយប្រាប់អំពីពរដ៏ល្អនៅពេលអនាគត ក្រោមការគ្រប់គ្រងរបស់ទ្រង់ ជាជាងនិយាយអំពីអត្តសញ្ញាណរបស់ទ្រង់។ (២) បន្ទាប់មក ពិចារណាមើលអត្ថបទ ដែលចង្អុលទៅព្រះមេស្ស៊ីដែលជាបុគ្គលមួយរូប។ (លោកុប្បត្តិ ២២:១៧, ១៨; សាការី ៩:៩, ១០; ដានីយ៉ែល ៧:១៣, ១៤) (៣) អ្នកប្រហែលនឹងត្រូវពិគ្រោះអំពីការយាងមកទាំងពីរលើកនៃព្រះមេស្ស៊ី។ (បង្ហាញឲ្យឃើញនូវភាពខុសគ្នារវាងដានីយ៉ែល ៧:១៣, ១៤ និងដានីយ៉ែល ៩:២៤-២៦)។ (៤) ពេលពោលសំដៅទៅព្រះយេស៊ូ ថ្លែងប្រាប់ដោយប្រើបរិបទ ដែលបញ្ជាក់អំពីគោលបំណងនៃព្រះ ដែលមានសភាពលូតលាស់តាមលំដាប់។ និយាយប្រាប់ថា នៅពេលដែលព្រះយេស៊ូបង្រៀន នោះគឺជិតដល់គ្រាដែលព្រះបានទុកឲ្យព្រះវិហារទី២ត្រូវបំផ្លាញចោល ហើយមិនត្រូវឲ្យកសាងជាថ្មីឡើងវិញឡើយ។ ប៉ុន្តែព្រះយេស៊ូទ្រង់បានបញ្ជាក់ប្រាប់ អំពីការត្រូវសម្រេចនៃក្រិត្យវិន័យនិងទំនាយពួកព្យាការី និងអំពីអនាគតដ៏រុងរឿង ដែលក្រិត្យវិន័យនិងទំនាយទាំងនេះនឹងដឹកនាំមនុស្សមានជំនឿ ឲ្យបានទៅដល់អនាគតដ៏ត្រចះត្រចង់។