មេរៀនទី១
តើសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា?
ដាណឺម៉ាក
តៃវ៉ាន់
វេណេស៊ូអេឡា
ឥណ្ឌា
តើលោកអ្នកស្គាល់សាក្សីព្រះយេហូវ៉ាប៉ុន្មាននាក់? សាក្សីព្រះយេហូវ៉ាខ្លះប្រហែលជាអ្នកជិតខាងរបស់លោកអ្នក ជាអ្នករួមការងារ ជាមិត្តរួមថ្នាក់ ឬប្រហែលជាធ្លាប់ពិភាក្សាគម្ពីរជាមួយលោកអ្នក។ តើយើងជាអ្នកណា? ហើយហេតុអ្វីយើងប្រាប់ជំនឿរបស់យើងដល់អ្នកឯទៀត?
យើងជាមនុស្សធម្មតា។ យើងមកពីមជ្ឈដ្ឋានផ្សេងគ្នា ហើយមានប្រវត្ដិខុសគ្នា។ កាលពីមុនអ្នកខ្លះក្នុងចំណោមយើងធ្លាប់កាន់សាសនាផ្សេង រីឯអ្នកខ្លះទៀតមិនជឿទៅលើព្រះទេ។ ក៏ប៉ុន្តែ មុនក្លាយជាសាក្សីព្រះយេហូវ៉ា យើងទាំងអស់គ្នាបានចំណាយពេលពិនិត្យមើលសេចក្ដីបង្រៀនក្នុងគម្ពីរយ៉ាងហ្មត់ចត់។ (សកម្មភាព ១៧:១១) យើងយល់ស្របនឹងអ្វីដែលយើងបានរៀន បន្ទាប់មកយើងសម្រេចចិត្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
យើងទទួលប្រយោជន៍ពីការសិក្សាគម្ពីរ។ ដូចមនុស្សឯទៀត យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ ហើយត្រូវខំយកឈ្នះគុណវិបត្ដិរបស់ខ្លួនដែរ។ ប៉ុន្តែដោយព្យាយាមធ្វើតាមគោលការណ៍គម្ពីរនៅក្នុងជីវិតប្រចាំថ្ងៃ នោះយើងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង។ (ទំនុកតម្កើង ១២៨:១, ២) នោះជាមូលហេតុមួយដែលយើងប្រាប់អ្នកឯទៀតអំពីអ្វីល្អៗដែលយើងបានរៀនពីគម្ពីរ។
យើងរស់នៅតាមគោលការណ៍សីលធម៌របស់ព្រះ។ គោលការណ៍សីលធម៌ទាំងនេះដែលយើងបានរៀនពីគម្ពីរជួយយើងឲ្យមានសុភមង្គល និងឲ្យគោរពអ្នកឯទៀត ព្រមទាំងអប់រំខ្លួនឲ្យមានគុណសម្បត្ដិដូចជា ចិត្តទៀងត្រង់ និងចិត្តសប្បុរស។ គោលការណ៍ទាំងនេះក្នុងគម្ពីរជួយមនុស្សឲ្យមានចិត្តគំនិតនិងការប្រព្រឹត្តល្អ ដែលមានប្រយោជន៍ដល់សង្គម ព្រមទាំងលើកទឹកចិត្តក្រុមគ្រួសារឲ្យមានសាមគ្គីភាព និងមានសីលធម៌ល្អ។ ដោយសារយើងជឿជាក់ថា«ព្រះមិនរើសមុខទេ» នោះយើងជាបងប្អូនរួមជំនឿដែលមកពីសាសន៍ផ្សេងៗ ហើយដែលមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយ។ ទោះជាយើងម្នាក់ៗជាមនុស្សធម្មតាក៏ដោយ យើងរួមគ្នាជាមនុស្សមួយក្រុមដ៏ពិសេស។—សកម្មភាព ៤:១៣; ១០:៣៤, ៣៥
តើសាក្សីព្រះយេហូវ៉ានិងមនុស្សឯទៀតមានអ្វីដែលស្រដៀងគ្នា?
តើគោលការណ៍សីលធម៌របស់អ្នកណាដែលសាក្សីព្រះយេហូវ៉ាបានរៀនពីគម្ពីរ? ហើយតើនេះនាំឲ្យពួកគេទទួលប្រយោជន៍អ្វី?