ចូរទទួលប្រយោជន៍ពីការស្វែងរកគោលការណ៍ខាងវិញ្ញាណ
«អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ»។—សាស្ដា ៥:១០
ធ្វើការច្រើនម៉ោងនាំឲ្យមានការតានតឹងចិត្ត។ ការតានតឹងចិត្តនាំឲ្យមានបញ្ហាសុខភាព ហើយជួនកាលនាំឲ្យមនុស្សស្លាប់ទៀតផង។ នៅប្រទេសជាច្រើន ការលែងលះគ្នាកំពុងតែធ្វើឲ្យអន្តរាយដល់ក្រុមគ្រួសារជាច្រើន។ ការខ្វល់ខ្វាយហួសហេតុលើទ្រព្យសម្បត្ដិគឺច្រើនតែជាមូលហេតុដែលនាំឲ្យកើតរឿងខ្លោចផ្សាបែបនេះ។ ជាជាងពេញចិត្តនឹងអ្វីដែលខ្លួនមាន នោះបុគ្គលដែលជក់ស្លុងនឹងការប្រមូលទ្រព្យសម្បត្ដិគឺចេះតែចង់បានច្រើនជាងទៀត ហើយមិនគិតដល់សុខភាពរបស់ខ្លួនឡើយ។ សៀវភៅមួយដែលជួយខ្លួនរីកចំរើននោះបានពន្យល់ថា៖ ‹មនុស្សទូទៅចេះតែប្រឹងប្រែងរកទ្រព្យសម្បត្ដិដើម្បីឲ្យមានច្រើនដូចអ្នកជិតខាង តែមិនបានគិតថា អ្នកជិតខាងនោះខំប្រឹងធ្វើការរហូតដល់ជិតនឹងគាំងបេះដូងស្លាប់ទាំងនៅក្មេងនោះទេ›។
ការស្វែងរកទ្រព្យសម្បត្ដិឲ្យបានច្រើនជាងអាចក្លាយជាទង្វើដែលមនុស្សមិនចេះធុញទ្រាន់ ហើយជាលទ្ធផលធ្វើឲ្យលែងមានអំណរ។ ដោយសារមនុស្សយើងមានទំនោរចិត្តចេះតែចង់បានជានិច្ចដូច្នេះ នោះប្រព័ន្ធឃោសនាពាណិជ្ជកម្មច្រើនតែជញ្ជក់យកផលប្រយោជន៍ពីយើង។ កម្មវិធីទូរទស្សន៍ពោរពេញទៅដោយការផ្សាយដែលបង្ខំយើងឲ្យទិញរបស់ដែលប្រហែលជាយើងមិនត្រូវការ និងជារបស់ដែលយើងគ្មានលុយទិញទៀតផង។ នេះអាចបង្កឲ្យមានគ្រោះថ្នាក់ច្រើនមែន។
ការធ្វើតាមទំនើងចិត្តដោយមិនចេះទប់ចិត្តអាចមានឥទ្ធិពលលើយើង ជាឥទ្ធិពលដ៏ពិបាកសម្គាល់ដែលបង្កើតឲ្យមានអន្តរាយខាងរាងកាយនិងខាងសីលធម៌។ ជាឧទាហរណ៍ ស្តេចសាឡូម៉ូនដែលប្រកបទៅដោយប្រាជ្ញាបានសង្កេតឃើញថា៖ «ជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់»។ (សុភាសិត ១៤:៣០) ផ្ទុយទៅវិញ ការខំប្រឹងហួសហេតុ ព្រមទាំងកង្វល់កង្វាយនិងការបង្ខិតបង្ខំឲ្យប្រមូលទ្រព្យសម្បត្ដិ អាចបំផ្លាញសុខភាពនិងសុភមង្គលរបស់យើង។ បើយើងចេះតែគិតអំពីរបៀបរកទ្រព្យសម្បត្ដិនោះ នេះក៏នឹងមានឥទ្ធិពលអាក្រក់លើចំណងមិត្តភាពរបស់យើងដែរ។ កាលណាជីវភាពគ្រួសារនិងទំនាក់ទំនងជាមួយមិត្តសំឡាញ់ចេះតែខ្សោយទៅ នោះជីវិតយើងក៏លែងមានតម្លៃទៀតដែរ។
មូលហេតុដែលគោលការណ៍ខាងវិញ្ញាណមានប្រយោជន៍ច្រើនជាង
ច្រើនសតវត្សរ៍មកហើយសាវ័កប៉ុលបានដាស់តឿនថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ»។ (រ៉ូម ១២:២) លោកីយ៍នេះតែងតែរាប់អានអស់អ្នកណាដែលធ្វើតាមគោលការណ៍របស់វា។ (យ៉ូហាន ១៥:១៩) លោកីយ៍នេះខំធ្វើយ៉ាងណាឲ្យមានអានុភាពលើចក្ខុវិញ្ញាណ កាយវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ និងជិវ្ហាវិញ្ញាណរបស់យើង ដើម្បីបញ្ចុះបញ្ចូលយើងឲ្យគិតតែពីវត្ថុទ្រព្យប៉ុណ្ណោះ។ លោកីយ៍នេះតែងតែទាក់ទាញឲ្យមាន«សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក» ដើម្បីឲ្យយើងស្វែងរកទ្រព្យសម្បត្ដិ។—យ៉ូហានទី១ ២:១៥-១៧
ក៏ប៉ុន្តែ មានអ្វីផ្សេងទៀតដែលសំខាន់ជាងប្រាក់កាស ភាពធំដុំ និងទ្រព្យសម្បត្ដិទៅទៀត។ ច្រើនសតវត្សរ៍កន្លងមកហើយ ស្តេចសាឡូម៉ូនបានប្រមូលទ្រព្យសម្បត្ដិគ្រប់បែបយ៉ាងដែលមានក្នុងលោកីយ៍នេះ។ ទ្រង់បានសង់ផ្ទះជាច្រើន ហើយបានធ្វើសួនច្បារដែលមានផ្លែឈើគ្រប់មុខ។ ទ្រង់ក៏មានបាវបំរើ អ្នកចំរៀងទាំងប្រុសទាំងស្រីនិងបសុសត្វជាច្រើន។ ទ្រង់ក៏បានប្រមូលមាសនិងប្រាក់យ៉ាងសន្ធឹកផងដែរ។ ស្តេចសាឡូម៉ូនបានប្រមូលទ្រព្យសម្បត្ដិច្រើនជាងមនុស្សឯទៀតដែលធ្លាប់រស់មុនសម័យទ្រង់ទៅទៀត។ ស្តេចសាឡូម៉ូនមានទ្រព្យសម្បត្ដិច្រើនក្រៃលែង។ ទ្រង់មានអ្វីៗគ្រប់សព្វដែលមនុស្សប្រាថ្នាចង់បាន។ ប៉ុន្តែ នៅពេលដែលទ្រង់បានសង្កេតមើលនូវសមិទ្ធផលរបស់ទ្រង់ នោះទ្រង់មានបន្ទូលថា៖ គ្រប់ទាំងអស់នោះ«សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ»។—សាស្ដា ២:១-១១
ដោយមានប្រាជ្ញាខ្ពស់ដែលព្រះយេហូវ៉ាប្រទានឲ្យ សាឡូម៉ូនបានជ្រាបថា ការស្វែងរកគោលការណ៍ខាងវិញ្ញាណគឺជាអ្វីដែលធ្វើឲ្យស្កប់ចិត្តច្រើនជាង។ ទ្រង់បានសរសេរថា៖ «សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
រតនសម្បត្ដិក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ មានតម្លៃច្រើនជាងមាសឬប្រាក់ទៅទៀត។ (សុភាសិត ១៦:១៦) អ្នកអាចរកឃើញសេចក្ដីពិតក្នុងព្រះគម្ពីរដែលប្រៀបដូចជាត្បូងពេជ្រមានតម្លៃដែលយើងខំរកនោះដែរ។ តើអ្នកនឹងស្វែងរកសេចក្ដីពិតទាំងនោះ ដូចជាជីករកត្បូងដែលមានតម្លៃនោះទេ? (សុភាសិត ២:១-៦) ព្រះដែលជាអ្នកបង្កើតរបស់យើង ដែលជាប្រភពនៃគោលការណ៍ពិត ទ្រង់ដាស់តឿនអ្នកឲ្យធ្វើដូច្នេះ ហើយទ្រង់នឹងជួយអ្នកដែរ។ តើតាមរបៀបណា?
ព្រះយេហូវ៉ាប្រទាននូវសេចក្ដីពិតដែលមានតម្លៃ តាមរយៈព្រះបន្ទូលរបស់ទ្រង់ វិញ្ញាណបរិសុទ្ធ និងអង្គការរបស់ទ្រង់ផងដែរ។ (ទំនុកដំកើង ១:១-៣; អេសាយ ៤៨:១៧, ១៨; ម៉ាថាយ ២៤:៤៥-៤៧; កូរិនថូសទី១ ២:១០) ការពិនិត្យមើលនូវសេចក្ដីពិតដែលមានតម្លៃច្រើនលើសលប់ទាំងនេះ នឹងផ្ដល់ឱកាសឲ្យយើងជ្រើសរើសដោយប្រាជ្ញាពីរបៀបរស់នៅដ៏ល្អដែលមានប្រយោជន៍ជាទីបំផុត។ ហើយការជ្រើសរើសនោះគឺស្រួលណាស់ ពីព្រោះព្រះយេហូវ៉ាជ្រាបនូវអ្វីដែលយើងត្រូវការដើម្បីឲ្យមានសុភមង្គល។
ព្រះគម្ពីរលើកតម្កើងគោលការណ៍ល្អបំផុត
ឱវាទដ៏ល្អដែលមានក្នុងព្រះគម្ពីរគឺមានប្រយោជន៍និងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ខ្នាតតម្រាខាងសីលធម៌ដែលមានក្នុងព្រះគម្ពីរក៏គ្មានអ្វីប្រៀបដែរ។ ឱវាទក្នុងព្រះគម្ពីរតែងមានប្រយោជន៍ជានិច្ច។ ឱវាទក្នុងព្រះគម្ពីរបានសឲ្យឃើញថាពិតត្រង់និងមានប្រយោជន៍អស់រយៈពេលជាយូរមកហើយ។ តួយ៉ាងដូចជាឱវាទដែលថា ឲ្យយើងធ្វើការដោយប្រឹងប្រែង ឲ្យមានចិត្តទៀងត្រង់ ចាយប្រាក់កាសដោយប្រយ័ត្នប្រយែង និងឲ្យជៀសវាងពីភាពខ្ជិល។—សុភាសិត ៦:៦-៨; ២០:២៣; ៣១:១៦
ស្របនឹងនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «កុំឲ្យប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួននៅផែនដី ជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ ត្រូវប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង»។—ម៉ាថាយ ៦:១៩, ២០
ដំបូន្មាននោះគឺមានប្រយោជន៍នៅសព្វថ្ងៃនេះក៏ដូចជាមានប្រយោជន៍នៅ២.០០០ឆ្នាំកន្លងទៅនេះដែរ។ ជាជាងជក់ស្លុងនឹងការប្រមូលទ្រព្យសម្បត្ដិ យើងអាចទទួលប្រយោជន៍ពីការស្វែងរកនូវរបៀបរស់នៅដ៏ប្រសើរជាង។ អ្វីដែលសំខាន់គឺការប្រមូលទ្រព្យសម្បត្ដិខាងវិញ្ញាណ ដែលផ្ដល់ឲ្យយើងនូវសុភមង្គលពិតនិងចិត្តស្កប់។ តើយើងអាចទទួលបានយ៉ាងដូចម្ដេច? គឺដោយអានព្រះបន្ទូលរបស់ព្រះ និងអនុវត្តតាមអ្វីដែលព្រះគម្ពីរបង្រៀន។
គោលការណ៍ខាងវិញ្ញាណនាំឲ្យមានផល
កាលណាយើងអនុវត្តតាមគោលការណ៍ខាងវិញ្ញាណដោយត្រឹមត្រូវ នោះក៏ផ្ដល់ប្រយោជន៍ដល់យើងខាងរាងកាយ ខាងផ្លូវចិត្តនិងខាងវិញ្ញាណដែរ។ ដូចជាស្រទាប់អូសូននៅខ្ពស់លើផែនដីបាំងការពារយើងពីរស្មីគ្រោះថ្នាក់របស់ព្រះអាទិត្យ នោះគោលការណ៍ខាងវិញ្ញាណក៏ជួយការពារយើងដោយធ្វើឲ្យយើងដឹងអំពីឥទ្ធិពលអាក្រក់នៃវត្ថុនិយម។ សាវ័កប៉ុលបានសរសេរថា៖ «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០
ការស្រឡាញ់ទ្រព្យសម្បត្ដិរមែងល្បួងមនុស្សឲ្យខំស្វែងរកទ្រព្យសម្បត្ដិឲ្យបានច្រើនថែមទៀត ឬខំរកឋានៈខ្ពង់ខ្ពស់និងអំណាច។ ដើម្បីសម្រេចគោលដៅទាំងនេះ ពួកគេច្រើនតែប្រើមធ្យោបាយឆបោកនិងប្រព្រឹត្តមិនទៀងត្រង់។ ការស្វះស្វែងរកទ្រព្យសម្បត្ដិ អាចបណ្ដាលឲ្យខាតពេល កម្លាំងនិងសមត្ថភាពធ្វើអ្វីៗផ្សេងទៀត ឬរហូតដល់ដេកពុំសូវឆ្អែតទៀតផង។ (សាស្ដា ៥:១២) ការស្វះស្វែងរកទ្រព្យសម្បត្ដិឲ្យបានច្រើនជាងទៀតតែងតែបង្អាក់ដល់ការរីកចំរើនខាងវិញ្ញាណ។ ព្រះយេស៊ូគ្រីស្ទដែលជាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ បានបង្ហាញយ៉ាងច្បាស់នូវផ្លូវដ៏ប្រសើរ ដោយមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់[ឬ«ទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការ», ព.ថ.]ខាងឯវិញ្ញាណ»។ (ម៉ាថាយ ៥:៣) ព្រះយេស៊ូជ្រាបថា ទ្រព្យសម្បត្ដិខាងវិញ្ញាណនឹងនាំឲ្យមានផលជាយូរអង្វែងដែលសំខាន់ជាងទ្រព្យសម្បត្ដិដែលមិនស្ថិតស្ថេរទៅទៀត។—លូកា ១២:១៣-៣១
តើការស្វែងរកទ្រព្យសម្បត្ដិខាងវិញ្ញាណ ពិតជាមានប្រយោជន៍មែនទេ?
បុរសម្នាក់ឈ្មោះហ្គ្រិក គាត់ចាំថា៖ «ឪពុកម្ដាយរបស់ខ្ញុំបានខំបញ្ចុះបញ្ចូលឲ្យខ្ញុំជឿថា គោលការណ៍ខាងវិញ្ញាណគឺគ្មានប្រយោជន៍ទេ។ ប៉ុន្តែ ដោយការខំស្វែងរកគោលដៅខាងវិញ្ញាណ នោះធ្វើឲ្យខ្ញុំមានចិត្តគំនិតសុខសាន្ត ដោយគ្មានចិត្តតានតឹង និងការប្រជែងរកទ្រព្យសម្បត្ដិ»។
គោលការណ៍ខាងវិញ្ញាណនាំឲ្យមានទំនាក់ទំនងប្រសើរជាង។ មិត្តដែលស្មោះគេស្រឡាញ់បុគ្គលិកលក្ខណៈរបស់អ្នក មិនមែនដោយសារអ្វីដែលអ្នកមាននោះទេ។ ព្រះគម្ពីរជូនយោបល់ថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។ (សុភាសិត ១៣:២០) ម្យ៉ាងវិញទៀត នឹងជួយឲ្យក្រុមគ្រួសារមានសុភមង្គលដោយសារប្រាជ្ញានិងសេចក្ដីស្រឡាញ់ដែលពង្រឹងចំណងមិត្តភាព មិនមែនដោយសារទ្រព្យសម្បត្ដិទេ។—អេភេសូរ ៥:២២–៦:៤
យើងមិនមែនកើតមកចេះដឹងនូវគោលការណ៍សំខាន់ៗដែលនាំឲ្យមានប្រយោជន៍ដោយឯកឯងនោះទេ។ យើងត្រូវតែរៀនគោលការណ៍ទាំងនោះពីមិត្ត ឬពីអ្វីដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ។ ហេតុនេះហើយបានជាការអប់រំដែលមានមូលដ្ឋានពីព្រះគម្ពីរ អាចកែប្រែចិត្តគំនិតរបស់យើងស្តីអំពីទ្រព្យសម្បត្ដិ។ បុរសឈ្មោះ ដន ដែលធ្លាប់ធ្វើការនៅធនាគារ ពោលថា៖ «ខ្ញុំបានទទួលជំនួយដើម្បីគិតម្ដងទៀតអំពីអ្វីដែលខ្ញុំចាត់ទុកជាសំខាន់ ហើយខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តនឹងរបស់ដែលខ្ញុំត្រូវការតែប៉ុណ្ណោះ»។
ការស្វែងរកទ្រព្យសម្បត្ដិខាងវិញ្ញាណដែលនៅស្ថិតស្ថេរ
គោលការណ៍ខាងវិញ្ញាណនាំឲ្យមានផលប្រយោជន៍ដែលនៅស្ថិតស្ថេរ មិនមែនសំរាប់ការសប្បាយតែមួយភ្លែតនោះទេ។ ប៉ុលបានសរសេរថា៖ «របស់ដែលមើលឃើញ[គឺខាងសាច់ឈាម] នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ[គឺខាងវិញ្ញាណ] នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។ (កូរិនថូសទី២ ៤:១៨) ពិតហើយ ការស្វែងរកទ្រព្យសម្បត្ដិនាំឲ្យសប្បាយមួយរយៈមែន តែការលោភលន់នឹងមិននាំឲ្យមានប្រយោជន៍រហូតទេ។ គោលការណ៍ខាងវិញ្ញាណគឺមានផលជារៀងរហូត។—សុភាសិត ១១:៤; កូរិនថូសទី១ ៦:៩, ១០
ព្រះគម្ពីរផ្ដន្ទាទោសនូវការប្រមូលអារម្មណ៍ទៅលើតែការស្វែងរកទ្រព្យសម្បត្ដិដែលលេចធ្លោនៅសម័យនេះ។ ព្រះគម្ពីរក៏បង្រៀនយើងឲ្យជៀសវាងពីការស្រេកឃ្លានចង់បំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនបែបនេះ ដោយរក្សាឲ្យមានភ្នែកល្អមិនចង់បានច្រើនពេក។ ព្រះគម្ពីរឲ្យយើងប្រមូលអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាង គឺទ្រព្យសម្បត្ដិខាងវិញ្ញាណ។ (ភីលីព ១:១០) ព្រះគម្ពីរបកអាក្រាតនូវចិត្តលោភលន់ ថាជាការថ្វាយបង្គំខ្លួនឯង។ កាលណាយើងអនុវត្តតាមអ្វីដែលយើងរៀនពីព្រះបន្ទូលរបស់ព្រះ យើងក៏មានសុភមង្គលច្រើនជាងដែរ។ យើងលែងគិតពីការចង់បាន តែចង់ឲ្យដល់អ្នកដទៃវិញ។ នេះមានឥទ្ធិពលដ៏ខ្លាំងក្នុងការជំរុញយើងឲ្យដកទំនើងចិត្តចេញ និងមានគោលការណ៍ខាងវិញ្ញាណវិញ!
ពិតមែនថា ប្រាក់កាសអាចជាគ្រឿងការពារយើងមួយកំរិត។ (សាស្ដា ៧:១២) ប៉ុន្តែ ព្រះគម្ពីរចែងយ៉ាងត្រឹមត្រូវថា៖ «ទ្រព្យសម្បត្ដិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី»។ (សុភាសិត ២៣:៥) មនុស្សបានខាតបង់ច្រើនណាស់ ដែលនាំឲ្យមានលទ្ធផលអាក្រក់ដល់សុខភាព ក្រុមគ្រួសារ និងមនសិការជ្រះថ្លា ដើម្បីទទួលទ្រព្យសម្បត្ដិឲ្យបានច្រើនជាង។ ផ្ទុយទៅវិញ បើយើងមានភាពខាងវិញ្ញាណ នេះនឹងជួយយើងឲ្យបំពេញនូវតម្រូវការដ៏សំខាន់ ពោលគឺសេចក្ដីស្រឡាញ់ មានគោលបំណងក្នុងជីវិត និងការថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ ភាពខាងវិញ្ញាណក៏តម្រង់ផ្លូវរបស់យើងឆ្ពោះទៅរកជីវិតជារៀងរហូតនិងភាពគ្រប់ល័ក្ខណ៍នៅលើផែនដីមនោរម្យ ដែលជាសេចក្ដីសង្ឃឹមដែលព្រះរៀបចំសំរាប់យើង។
មិនយូរប៉ុន្មានទៀត ការរីកចំរើនដែលមនុស្សសង្ឃឹមចង់បាននោះ នឹងត្រូវសម្រេចក្នុងពិភពលោកថ្មីរបស់ព្រះ។ (ទំនុកដំកើង ១៤៥:១៦) នៅពេលនោះ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា»នៅពេញពាសលើផែនដី។ (អេសាយ ១១:៩) គោលការណ៍ខាងវិញ្ញាណនឹងរីកចំរើនមិនខាន។ វត្ថុនិយមនិងផលអាក្រក់ដែលមកពីការដេញតាមវត្ថុទ្រព្យនឹងត្រូវដកចេញអស់រលីង។ (ពេត្រុសទី២ ៣:១៣) រួចមក អ្វីដែលធ្វើឲ្យយើងពិតជាស្កប់ចិត្តគឺ សុខភាពល្អ កិច្ចការដែលពេញចិត្ត ការកំសាន្តដ៏ល្អ ទំនាក់ទំនងយ៉ាងកក់ក្ដៅក្នុងរង្វង់គ្រួសារ និងចំណងមិត្តភាពដ៏ស្ថិតស្ថេរជាមួយព្រះ ដែលធ្វើឲ្យមនុស្សជាតិមានសុភមង្គលដ៏ពិតជារៀងរហូត។
[ប្រអប់/រូបភាពនៅទំព័រ៦]
ចូរចាយលុយដោយប្រាជ្ញា!
ទទួលស្គាល់តម្រូវការរបស់អ្នក។ ព្រះយេស៊ូបានបង្រៀនយើងឲ្យអធិស្ឋានថា៖ «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»។ (ម៉ាថាយ ៦:១១, កំណែជាអក្សរទ្រេត) ចូរប្រុងប្រយ័ត្នកុំអនុញ្ញាតឲ្យចំណង់ចំណូលចិត្តពេលឥឡូវនេះ ក្លាយជាអ្វីដែលយើងចាត់ទុកជាសេចក្ដីត្រូវការនៅពេលក្រោយ។ ចូរចាំថា ជីវិតរបស់អ្នកមិនស្រេចនឹងទ្រព្យសម្បត្ដិដែលអ្នកមានឡើយ។—លូកា ១២:១៦-២១
ដាក់កំហិតលើការចាយលុយ។ ចូរទប់ចិត្តកុំឲ្យទិញអ្វីតាមតែទំនើងចិត្តឡើយ។ ព្រះគម្ពីរចែងថា៖ «គំនិតរបស់មនុស្សឧស្សាហ៍[«ដោយពិចារណាយ៉ាងហ្មត់ចត់», ខ.ស.] នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ»។ (សុភាសិត ២១:៥) ព្រះយេស៊ូបានជូនយោបល់ឲ្យអ្នកស្ដាប់ទ្រង់អង្គុយលៃលកឬគិតគូរមើលថ្លៃមុននឹងធ្វើអ្វីដែលតម្រូវឲ្យចាយលុយ។—លូកា ១៤:២៨-៣០
ជៀសវាងបំណុលដែលឥតចាំបាច់។ បើអាចធ្វើបាន យកល្អយើងសន្សំលុយជាមុនដើម្បីទិញរបស់ណាមួយ ជាជាងទិញជឿ។ សុភាសិតព្រះគម្ពីរចែងថា៖ «អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ»។ (សុភាសិត ២២:៧) ដោយចេះទប់ចិត្តនិងចំណាយលុយតាមដែលខ្លួនបានដាក់កំហិត នោះអ្នកក៏អាចគ្រោងទិញវត្ថុថ្លៃបានដែរ។
ចូរជៀសវាងការខ្ជះខ្ជាយ។ ចូរថែរក្សាវត្ថុផ្សេងៗដែលអ្នកមានហើយដើម្បីអាចប្រើវាបានយូរ ហើយនេះនឹងជួយកុំឲ្យខាតបង់ដោយសារការខ្ជះខ្ជាយ។ អ្វីៗដែលព្រះយេស៊ូបានប្រើនោះ ទ្រង់បានរក្សាទុកដោយសំចៃ។—យ៉ូហាន ៦:១០-១៣
រៀបចំទុកអ្វីដែលមានអាទិភាព។ មនុស្សដែលមានប្រាជ្ញានឹង«លៃយក»ឬឆ្លៀតពេលដើម្បីបំពេញគោលដៅដែលសំខាន់ជាង។—អេភេសូរ ៥:១៥, ១៦
[ប្រអប់/រូបភាពនៅទំព័រ៧]
វិធីរៀនដែលប្រសើរជាងការរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន
បទពិសោធន៍ផ្ទាល់ខ្លួន មិនថាល្អឬអាក្រក់ អាចបង្រៀនយើងនូវមេរៀនដ៏មានតម្លៃ។ ប៉ុន្តែ តើពិតទេដែលថាបទពិសោធន៍គឺជាគ្រូបង្រៀនដ៏ប្រសើរបំផុតដូចមនុស្សជាច្រើនជឿនោះ? នេះគឺមិនពិតទេ ដ្បិតមានប្រភពនៃការណែនាំដែលប្រសើរជាង។ អ្នកតែងបទទំនុកដំកើងបានប្រាប់នូវប្រភពនៃការណែនាំនោះ ពេលដែលគាត់អធិស្ឋានទូលថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។—ទំនុកដំកើង ១១៩:១០៥, កំណែជាអក្សរទ្រេត
ហេតុអ្វីក៏ការបង្ហាត់បង្រៀនពីព្រះជាវិធីរៀនប្រសើរជាងការរៀនពីបទពិសោធន៍ផ្ទាល់ខ្លួននោះ? មូលហេតុមួយគឺ ការរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន ដោយសាកធ្វើនេះសាកធ្វើនោះអាចធ្វើឲ្យយើងខាតច្រើននិងធ្វើឲ្យឈឺចាប់ផងដែរ។ ហើយការរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនគឺមិនចាំបាច់ឡើយ។ ព្រះបានមានបន្ទូលដល់ពួកអ៊ីស្រាអែលពីបុរាណថា៖ «ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ! នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯងនឹងបានដូចជារលកនៃសមុទ្រហើយ»។—អេសាយ ៤៨:១៨
មូលហេតុមួយដែលព្រះបន្ទូលរបស់ព្រះមានការបង្ហាត់បង្រៀនដែលប្រសើរជាងគេ គឺពីព្រោះព្រះបន្ទូលរបស់ព្រះមានកំណត់ហេតុអំពីបទពិសោធន៍របស់មនុស្សជាតិ ដែលមានចំណាស់ជាងគេនិងត្រឹមត្រូវជាងគេ។ អ្នកប្រហែលជាដឹងថា ការរៀនពីជោគជ័យនិងបរាជ័យរបស់អ្នកដទៃគឺមិនធ្វើឲ្យយើងឈឺចាប់ទេ ហើយនេះគឺល្អជាងប្រព្រឹត្តខុសដូចពួកគេ។ (កូរិនថូសទី១ ១០:៦-១១) អ្វីដែលសំខាន់ជាងនេះទៅទៀត គឺក្នុងព្រះគម្ពីរ ព្រះប្រទានឲ្យយើងនូវក្រិត្យវិន័យដ៏ប្រសើរនិងគោលការណ៍ណែនាំដែលយើងអាចទុកចិត្តបានទាំងស្រុង។ «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ . . . សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់[«ដែលគ្មានបទពិសោធន៍», ព.ថ.]មានប្រាជ្ញា»។ (ទំនុកដំកើង ១៩:៧) ប្រាកដហើយ ការរៀនពីប្រាជ្ញារបស់ព្រះដែលជាអ្នកបង្កើតប្រកបទៅដោយសេចក្ដីស្រឡាញ់ គឺជាវិធីរៀនដ៏ប្រសើរបំផុត។
[រូបភាពនៅទំព័រ៤]
លោកីយ៍នេះចង់ឲ្យអ្នកធ្វើតាមរបៀបរស់នៅដែលគិតតែពីទ្រព្យសម្បត្ដិ
[រូបភាពនៅទំព័រ៥]
អ្វីដែលមានតម្លៃច្រើនជាងមាសឬប្រាក់ គឺជារតនសម្បត្ដិដែលអាចរកឃើញក្នុងព្រះគម្ពីរ