ការស្វះស្វែងរកទ្រព្យសម្បត្ដិច្រើនជាង
«បើចិត្តយើងចេះតែចង់បានជានិច្ច នោះគ្មានអ្វីសោះធ្វើឲ្យយើង ស្កប់ចិត្តឡើយ»។ —របាយការណ៍ពីស្ថាប័នវើលវ៉ច
នៅកំឡុងទសវត្សរ៍នៃឆ្នាំ១៩៦០ ពាក្យស្លោកដែលមានប្រជាប្រិយក្នុងចំណោមនិស្សិតគឺថា៖ «តើយើងចង់បានអ្វី? អ្វីៗទាំងអស់។ ចង់បាននៅពេលណា? គឺឥឡូវនេះ»។ សព្វថ្ងៃនេះ យើងប្រហែលជាមិនឮពាក្យនេះចំៗទេ ប៉ុន្តែក៏នៅមានគំនិតដូចគ្នានេះដែរ។ ពិតហើយ ការស្វែងរកទ្រព្យសម្បត្ដិឲ្យបានច្រើនថែមទៀត ជាលក្ខណៈម្យ៉ាងដែលសម្គាល់សម័យយើងនេះ។
ចំពោះមនុស្សជាច្រើន ការប្រមូលទ្រព្យសម្បត្ដិជាគោលដៅសំខាន់បំផុតក្នុងជីវិត។ អតីតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ឈ្មោះជីមី ខូលថឺ បានថ្លែងថា៖ «មនុស្សយើងលែងស្គាល់មនុស្សឯទៀតដោយសារអ្វីដែលគេធ្វើទេ តែស្គាល់គេដោយសារអ្វីដែលគេមានទៅវិញ»។ តើមានអ្វីដែលមានតម្លៃច្រើនជាងទ្រព្យសម្បត្ដិទេ? បើមានមែន ជាអ្វីទៅ? ហើយតើរបស់នោះនឹងផ្ដល់ប្រយោជន៍អ្វី?