បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៥ ទំ. ២៨-៣២
  • ការរក្សាការរអត្ដសញ្ញាណរបស់យើងជាជនគ្រីស្ទាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរក្សាការរអត្ដសញ្ញាណរបស់យើងជាជនគ្រីស្ទាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ធ្វើ​ឲ្យ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន​មាន​មូលដ្ឋាន​រឹង​មាំ
  • ចូរ​តាំង​ចិត្ត​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ
  • ចូរ​រៀន​ពី​ប្រវត្ដិសាស្ត្រ​ហើយ​កសាង​អនាគត​ល្អ
  • ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន នាំ​ឲ្យ​មាន​ប្រយោជន៍​ពិត
  • ក្នុងនាមជាជនគ្រីស្ទាន ចូរមានមោទនភាពចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ៩ អត្តសញ្ញាណ
    ភ្ញាក់រឭក! ២០១៨
  • តើខ្ញុំជាអ្នកណា?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • ប្អូនៗវ័យក្មេង ចូរទប់ទល់នឹងការបង្ខិតបង្ខំពីមនុស្សអាយុស្រករប្អូន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៥ ទំ. ២៨-៣២

ការ​រក្សា​ការពារ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន

​«ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ›»។—អេសាយ ៤៣:១០

១​. តើ​ព្រះ​យេហូវ៉ា​ទាញ​នាំ​មនុស្ស​បែប​ណា​ឲ្យ​មក​ឯ​ទ្រង់?

ពេល​ទៅ​សាលព្រះរាជាណាចក្រ សូម​មើល​បងប្អូន​ជុំវិញ​ខ្លួន។ តើ​អ្នក​ឃើញ​មនុស្ស​បែប​ណា​នៅ​ទី​កន្លែង​ថ្វាយ​បង្គំ​នោះ? អ្នក​អាច​ឃើញ​យុវជន​យុវតី​ដែល​មាន​ចិត្ត​ស្មោះ​ស​កំពុង​តែ​ស្រូប​យក​នូវ​ប្រាជ្ញា​ដែល​មក​ពី​ការ​សិក្សា​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១៤៨:១២, ១៣) អ្នក​ទំនង​ជា​នឹង​ឃើញ​មេ​គ្រួសារ​ខ្លះ​ដែល​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ទោះ​ជា​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ចាត់​ទុក​ជីវភាព​គ្រួសារ​ជា​អ្វី​ដែល​គ្មាន​តម្លៃ។ ប្រហែល​ជា​អ្នក​នឹង​ឃើញ​បងប្អូន​វ័យ​ចាស់​ដែល​កំពុង​តែ​កាន់​ជំហរ​មាំមួន​ស្រប​ទៅ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ទោះបី​ជា​មាន​សុខភាព​ទ្រុឌទ្រោម​ដែល​មក​ពី​វ័យ​ចំណាស់​ក្ដី។ (សុភាសិត ១៦:៣១) បងប្អូន​ទាំង​ឡាយ​នេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ហើយ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ទាញ​នាំ​ពួក​គេ​ឲ្យ​មក​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់។ ព្រះ​រាជបុត្រា​របស់​ព្រះ​បាន​បញ្ជាក់​ថា​៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។—យ៉ូហាន ៦:៣៧, ៤៤, ៦៥

២, ៣​. ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ ឲ្យ​យើង​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ជានិច្ច​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន?

២ យើង​ពិត​ជា​ត្រេកអរ​ចំពោះ​ការ​រួម​ចំណែក​ក្នុង​ចំណោម​មនុស្ស​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​និង​មាន​ពរ​ពី​ទ្រង់ មែន​ទេ? ប៉ុន្តែ ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន​នៅ​«គ្រា​លំបាក»​នេះ គឺ​ពិបាក​ណាស់។ (ធីម៉ូថេទី២ ៣:១) ចំពោះ​ប្អូនៗ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន នេះ​គឺ​ពិបាក​មែន។ យុវជន​ម្នាក់​ពី​ក្រុម​គ្រួសារ​គ្រីស្ទាន​មួយ​បាន​សារភាព​ថា​៖ «ទោះ​ជា​ខ្ញុំ​បាន​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ក្ដី ខ្ញុំ​ក៏​មិន​មាន​គោល​ដៅ​ខាង​វិញ្ញាណ​ច្បាស់​លាស់​ទេ ហើយ​តាម​ពិត ខ្ញុំ​មិន​ទាន់​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បំរើ​ព្រះ​យេហូវ៉ា​នោះ​ទេ»។

៣ បងប្អូន​ខ្លះ​ប្រហែល​ជា​មាន​ចិត្ត​ចង់​បំរើ​ព្រះ​យេហូវ៉ា តែ​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​ពី​ពួក​ម៉ាក ឬ​ឥទ្ធិពល​ផ្សេងៗ​ពី​លោកីយ៍​នេះ​និង​ទំនោរ​ចិត្ត​ដ៏​មិន​គ្រប់​ល័ក្ខណ៍​មក​បង្វែរ​ស្មារតី។ ពេល​មាន​ការ​គាប​សង្កត់​នោះ នេះ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន​ម្ដង​បន្ដិចៗ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ក្នុង​លោកីយ៍​នេះ​ចាត់​ទុក​ខ្នាត​តម្រា​សីលធម៌​ក្នុង​ព្រះ​គម្ពីរ​ជា​អ្វី​ដែល​ហួស​សម័យ ឬ​ថា​ប្រើ​ការ​មិន​កើត​ក្នុង​លោកីយ៍​ទំនើប​នេះ​ទេ។ (ពេត្រុសទី១ ៤:៤) មនុស្ស​ខ្លះ​គិត​ថា មិន​ចាំបាច់​ឲ្យ​យើង​ថ្វាយ​បង្គំ​ព្រះ​តាម​តម្រូវ​ការ​របស់​ទ្រង់​ទេ។ (យ៉ូហាន ៤:២៤) ក្នុង​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​នោះ គាត់​រៀប​រាប់​អំពី​លោកីយ៍​នេះ​ថា មាន​«វិញ្ញាណ»​ឬ​ចិត្ត​គំនិត​ចំ​បង។ (អេភេសូរ ២:២) វិញ្ញាណ​នោះ​បញ្ចេញ​ឥទ្ធិពល​លើ​មនុស្ស​ឲ្យ​គេ​សម្រួល​ទៅ​តាម​ចិត្ត​គំនិត​របស់​សង្គម​មួយ​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា។

៤​. តើ​ព្រះ​យេស៊ូ​បញ្ជាក់​យ៉ាង​ណា អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ការពារ​អត្តសញ្ញាណ​របស់​យើង​ឲ្យ​បាន​ច្បាស់​ជា​ជន​គ្រីស្ទាន?

៤ យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ យើង​ទទួល​ស្គាល់​ថា​ការ​បាត់បង់​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន មិន​ថា​ចាស់​ឬ​ក្មេង​ក៏​ដោយ គឺ​ជា​រឿង​ខ្លោចផ្សា​ណាស់។ ការ​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន ត្រូវ​ផ្អែក​ទាំង​ស្រុង​លើ​ខ្នាត​តម្រា​និង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ យ៉ាង​ណា​មិញ យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​អង្គ​ទ្រង់។ (លោកុប្បត្តិ ១:២៦; មីកា ៦:៨) ព្រះ​គម្ពីរ​ប្រៀបធៀប​អត្តសញ្ញាណ​ច្បាស់​លាស់​របស់​យើង​ជា​ជន​គ្រីស្ទាន​ទៅ​នឹង​សំលៀកបំពាក់​ដែល​មនុស្ស​ទាំង​ឡាយ​អាច​មើល​បាន។ ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​គ្រា​យើង​នេះ​ដោយ​មាន​បន្ទូល​ថា​៖ «មើល! អញ​មក​ដូច​ជា​ចោរ​ប្លន់។ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្ដិ៍​ខ្មាស​ខ្លួន​ឡើយ»។a (វិវរណៈ ១៦:១៥) យើង​មិន​ចង់​លះបង់​គុណសម្បត្ដិ​គ្រីស្ទាន​និង​គោលការណ៍​សីលធម៌​របស់​យើង​ចោល និង​អនុញ្ញាត​ឲ្យ​លោកីយ៍​របស់​សាតាំង​មាន​អានុភាព​លើ​យើង​ឡើយ។ បើ​ធ្វើ​ដូច្នេះ យើង​នឹង​បាត់​នូវ​«សំលៀកបំពាក់»​ទាំង​នេះ។ ស្ថានភាព​បែប​នោះ​ត្រូវ​នាំ​ឲ្យ​ខ្មាស​ផង ហើយ​គួរ​ឲ្យ​ស្ដាយ​ផង​ដែរ។

៥, ៦​. ហេតុ​អ្វី​បាន​ជា​ភាព​នឹងន​ខាង​វិញ្ញាណ​ជា​ចាំបាច់?

៥ ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន មាន​អានុភាព​ខ្លាំង​លើ​របៀប​រស់​នៅ។ តើ​មាន​អានុភាព​យ៉ាង​ដូច​ម្ដេច? បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន គាត់​ប្រហែល​ជា​លែង​ចេះ​ផ្ចង់​អារម្មណ៍​លើ​អ្វី​ខាង​វិញ្ញាណ ហើយ​គ្មាន​ទិសដៅ​ឬ​គោល​ដៅ​ដ៏​ច្បាស់​លាស់​វិញ។ ព្រះ​គម្ពីរ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ពីរ​ដូច្នេះ។ យ៉ាកុប​បាន​ព្រមាន​ថា​៖ «អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ»។—យ៉ាកុប ១:៦​-​៨; អេភេសូរ ៤:១៤; ហេព្រើរ ១៣:៩

៦ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ការពារ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន? តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​ទទួល​ស្គាល់​កាន់​តែ​ច្បាស់​នូវ​ឯកសិទ្ធិ​ដែល​យើង​មាន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដ៏​ខ្ពស់​បំផុត? សូម​ពិចារណា​វិធី​ផ្សេងៗ​ត​ទៅ​នេះ។

ចូរ​ធ្វើ​ឲ្យ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន​មាន​មូលដ្ឋាន​រឹង​មាំ

៧​. តើ​មាន​ផល​ចំណេញ​អ្វី ពី​ការ​អង្វរ​សូម​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​យើង?

៧ ចូរ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជានិច្ច។ កម្មសិទ្ធិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ជន​គ្រីស្ទាន គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ (ទំនុកដំកើង ២៥:១៤; សុភាសិត ៣:៣២) បើ​យើង​ចាប់​ផ្ដើម​សង្ស័យ​អំពី​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន នោះ​យើង​គួរ​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​នូវ​គុណភាព​និង​ភាព​រឹង​មាំ​នៃ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​អង្វរ​យ៉ាង​សមរម្យ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ពិនិត្យ​ទូល​បង្គំ​មើល ព្រម​ទាំង​ល្បងល​ទូល​បង្គំ ហើយ​សាក​ចិត្ត​ថ្លើម​របស់​ទូល​បង្គំ​ផង»។ (ទំនុកដំកើង ២៦:២) ហេតុ​អ្វី​ក៏​ការ​ពិនិត្យ​មើល​បែប​នេះ​ជា​ចាំបាច់​ម្ល៉េះ? គឺ​ពីព្រោះ​យើង​មិន​អាច​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទេ ក្នុង​ការ​ស្ទង់​មើល​បំណង​និង​ទំនោរ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​របស់​យើង។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​ជ្រាប​អំពី​ចិត្ត​មនុស្ស ពោល​គឺ បំណង គំនិត​និង​អារម្មណ៍​របស់​យើង។—យេរេមា ១៧:៩, ១០

៨​. (ក) តើ​ការ​ល្បងល​ពី​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង? (ខ) តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​រីក​ចំរើន​ជា​ជន​គ្រីស្ទាន?

៨ ការ​សូម​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​យើង ជា​ការ​អញ្ជើញ​ទ្រង់​ឲ្យ​មក​ល្បងល​យើង។ ទ្រង់​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​កើត​ឡើង​ដែល​បង្ហាញ​ពី​បំណង​និង​សភាព​ពិត​នៃ​ចិត្ត​យើង។ (ហេព្រើរ ៤:១២,​១៣; យ៉ាកុប ១:២២​-​២៥) យើង​គួរ​ស្វាគមន៍​ការ​ល្បងល​បែប​នេះ​ពីព្រោះ​នេះ​អាច​ហុច​ឱកាស​ឲ្យ​យើង​បង្ហាញ​ពី​ជំរៅ​ចិត្ត​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​អាច​បង្ហាញ​ថា តើ​យើង​«គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត ឥត​ខ្វះ​អ្វី​ឡើយ»​ឬ​យ៉ាង​ណា? (យ៉ាកុប ១:២​-​៤) ដំណាល​គ្នា​នេះ យើង​ក៏​អាច​រីក​ចំរើន​ខាង​វិញ្ញាណ។—អេភេសូរ ៤:២២​-​២៤

៩​. ហេតុ​អ្វី​ក៏​ចាំបាច់​ឲ្យ​យើង​ពិចារណា​ព្រះ​គម្ពីរ​ដោយ​ផ្ទាល់​ខ្លួន​ដើម្បី​ជឿ​ថា​ជា​សេចក្ដី​ពិត? សូម​ពន្យល់។

៩ ចូរ​ពិចារណា​ព្រះ​គម្ពីរ​ដោយ​ផ្ទាល់​ខ្លួន​ដើម្បី​មាន​ជំនឿ​ថា​ជា​សេចក្ដី​ពិត។ ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​យើង​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​អាច​ទៅ​ជា​ស្រពិច​ស្រពិល​បើ​មិន​មាន​មូលដ្ឋាន​លើ​ចំណេះ​ពី​បទ​គម្ពីរ។ (ភីលីព ១:៩, ១០) ជន​គ្រីស្ទាន​ម្នាក់ៗ មិន​ថា​ចាស់​ឬ​ក្មេង​ក្ដី ត្រូវ​ពិចារណា​រក​ហេតុ​ផល​ដើម្បី​ពេញ​ចិត្ត​ថា អ្វី​ដែល​ខ្លួន​ជឿ​នោះ គឺ​ប្រាកដ​ជា​សេចក្ដី​ពិត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ប៉ុល​បាន​ដាស់​តឿន​អ្នក​ជឿ​គ្នីគ្នា​របស់​គាត់​ថា​៖ «ចូរ​លមើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ»។ (ថែស្សាឡូនីចទី១ ៥:២១) ប្អូនៗ​យុវជន​គ្រីស្ទាន​ក្នុង​ក្រុម​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ ត្រូវ​តែ​ទទួល​ស្គាល់​ថា ប្អូន​មិន​អាច​ធ្វើ​ជា​ជន​គ្រីស្ទាន​ដោយ​ផ្អែក​លើ​ជំនឿ​របស់​មាតា​បិតា​ប៉ុណ្ណោះ​បាន​ឡើយ។ សូម្បី​តែ​បិតា​របស់​សាឡូម៉ូន នាម​ដាវីឌ បាន​ដាស់​តឿន​បុត្រា​ឲ្យ​«ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ! ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត»។ (របាក្សត្រទី១ ២៨:៩, កំណែ​ជា​អក្សរ​ទ្រេត) បើ​សាឡូម៉ូន​ដែល​នៅ​ក្មេង​នោះ​គ្រាន់​តែ​មើល​បិតា​បណ្ដុះ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។ សាឡូម៉ូន​ត្រូវ​ខំ​ស្គាល់​ព្រះ​យេហូវ៉ា​ដោយ​ផ្ទាល់ ហើយ​ទ្រង់​បាន​ធ្វើ​ដូច្នេះ​មែន។ សាឡូម៉ូន​បាន​អង្វរ​ព្រះ​ថា​៖ «សូម​ប្រោស​ប្រទាន ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​នឹង​យោបល់ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដាជន​នេះ»។—របាក្សត្រទី២ ១:១០

១០​. ហេតុ​អ្វី​ក៏​មិន​ខុស​ទេ ឲ្យ​យើង​សួរ​សំនួរ​ស្មោះ​ពី​ចិត្ត​ដោយ​ចេតនា​ល្អ?

១០ ជំនឿ​មាំមួន​ត្រូវ​មាន​មូលដ្ឋាន​លើ​ចំណេះ។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ជំនឿ​កើត​ឡើង​ដោយ​ឮ»។ (រ៉ូម ១០:១៧) តើ​សំណេរ​របស់​គាត់​មាន​ន័យ​អ្វី? គាត់​ចង់​បង្ហាញ​ន័យ​ថា ការ​ពិនិត្យ​មើល​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ជួយ​ឲ្យ​យើង​បង្កើន​ជំនឿ​និង​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​ទ្រង់ ព្រម​ទាំង​លើ​អង្គការ​របស់​ទ្រង់​ផង។ ការ​សួរ​សំនួរ​ស្មោះ​ពី​ចិត្ត​អំពី​រឿង​ព្រះ​គម្ពីរ​អាច​នាំ​ឲ្យ​យើង​ទទួល​ចម្លើយ​ដែល​ពង្រឹង​ជំនឿ។ ម្យ៉ាង​ទៀត យើង​អាន​ដំបូន្មាន​របស់​ប៉ុល​នៅ​រ៉ូម ១២:២ ថា​៖ «[ចូរ]លមើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ដូច​ម្ដេច? គឺ​ដោយ​ទទួល​«សេចក្ដី​ចេះ​ដឹង​ខាង​ឯ[ឬ​«ស្គាល់​ច្បាស់​នូវ»​, ខ.ស.]​សេចក្ដី​ពិត»។ (ទីតុស ១:១) វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ស្វែង​យល់​នូវ​រឿង​ដែល​ពិបាក​យល់។ (កូរិនថូសទី១ ២:១១, ១២) យើង​គួរ​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ពេល​មាន​បញ្ហា​ក្នុង​ការ​យល់​ដឹង​ចំណុច​ណា​មួយ។ (ទំនុកដំកើង ១១៩:១០, ១១, ២៧) ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​យល់​និង​ជឿ​លើ​បន្ទូល​របស់​ទ្រង់ ព្រម​ទាំង​ធ្វើ​តាម។ ព្រះ​យេហូវ៉ា​ស្វាគមន៍​សំនួរ​ណា​ដែល​យើង​សួរ​ស្មោះ​ពី​ចិត្ត​ដោយ​ចេតនា​ល្អ។

ចូរ​តាំង​ចិត្ត​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ

១១​. (ក) តើ​អ្វី​ជា​ចំណង់​ចំណូល​ចិត្ត​ធម្មតា​ដែល​អាច​ធ្វើ​ជា​គ្រោះថ្នាក់? (ខ) តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​កម្លាំង​ចិត្ត​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក ដោយ​របៀប​ណា?

១១ ចូរ​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ មិន​មែន​ពេញ​ចិត្ត​មនុស្ស​ទេ។ ជា​ការ​ធម្មតា​ដែល​យើង​ខំ​ទទួល​ស្គាល់​អត្តសញ្ញាណ​មួយ​កំរិត​របស់​យើង​ដោយ​រួម​ចំណែក​ក្នុង​ចំណោម​អ្នក​ដទៃ។ មនុស្ស​ណា​ក៏​ចូល​ចិត្ត​មាន​មិត្តភក្ដិ ហើយ​យើង​តែង​តែ​មាន​អារម្មណ៍​សប្បាយ​ពេល​ដែល​អ្នក​ដទៃ​រាប់​អាន​យើង។ ក្នុង​គ្រា​ជា​ក្មេង​ជំទង់​ឬ​យុវ​វ័យ​នោះ ហើយ​នៅ​ពេល​ក្រោយៗ​មក​ទៀត​ដែរ ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក​អាច​មាន​ឥទ្ធិពល​ខ្លាំង ដោយ​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​តាម​អ្នក​ដទៃ ឬ​ដោយ​ចង់​ធ្វើ​អ្វី​ដើម្បី​ឲ្យ​គេ​រាប់​អាន​យើង។ ប៉ុន្តែ ពួក​ម៉ាក​និង​គ្នីគ្នា​ស្រករ​នឹង​យើង​មិន​តែង​តែ​គិត​ឲ្យ​យើង​ទទួល​ប្រយោជន៍​ទេ។ ជួន​កាល​គេ​គ្រាន់​តែ​ចង់​បាន​អ្នក​រួម​ដៃ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​មិន​ល្អ។ (សុភាសិត ១:១១​-​១៩) ពេល​ដែល​ជន​គ្រីស្ទាន​ចុះ​ចាញ់​នឹង​ការ​បង្ខិត​បង្ខំ​មិន​ល្អ​ពី​ពួក​ម៉ាក នោះ​ធម្មតា​គាត់​ក៏​ខំ​លាក់​បាំង​អត្តសញ្ញាណ​របស់​ខ្លួន​ដែរ។ (ទំនុកដំកើង ២៦:៤) សាវ័ក​ប៉ុល​បាន​ព្រមាន​ថា​៖ «[យើង]មិន​ត្រូវ​យក​តំរាប់​តាម​លោកីយ៍​នេះ​ឡើយ»។ (រ៉ូម ១២:២, ខ.ស.) ព្រះ​យេហូវ៉ា​អាច​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​តាម​អ្នក​ដទៃ។—ហេព្រើរ ១៣:៦

១២​. ពេល​ដែល​មាន​ការ​ល្បងល​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ព្រះ តើ​មាន​គោលការណ៍​អ្វី និង​គំរូ​អ្វី ដែល​អាច​ពង្រឹង​កម្លាំង​យើង​ឲ្យ​កាន់​ជំហរ​មាំមួន?

១២ បើ​មាន​ការ​បង្ខិត​បង្ខំ​ផ្សេងៗ​ជុំវិញ​យើង​ដែល​អាច​ធ្វើ​ឲ្យ​លែង​ទទួល​ស្គាល់​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន នោះ​យក​ល្អ​ឲ្យ​ចង​ចាំ​ថា ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​គឺ​សំខាន់​ជាង​ទស្សនៈ​ឬ​ទំនោរ​ចិត្ត​របស់​មនុស្ស​ម្នា។ ពាក្យ​នៅ​និក្ខមនំ ២៣:២ ជា​គោលការណ៍​ល្អ​ដែល​អាច​ជួយ​យើង​ជៀសវាង​គ្រោះថ្នាក់​បាន ហើយ​ថា​៖ «កុំ​ឲ្យ​តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្ដី​អាក្រក់»។ នៅ​គ្រា​ដែល​ប្រជាជន​អ៊ីស្រាអែល​ភាគ​ច្រើន​បាន​សង្ស័យ​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​លោក​កាលែប​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​មិន​ព្រម​ស្រប​គំនិត​ទៅ​តាម​ប្រជាជន​គ្នីគ្នា​ច្រើន​នោះ​ឡើយ។ កាលែប​ជឿ​ប្រាកដ​ថា​ខ្លួន​អាច​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​បាន ហើយ​លោក​បាន​ទទួល​រង្វាន់​ល្អ​ផង​ដោយសារ​បាន​កាន់​ជំហរ​នោះ។ (ជនគណនា ១៣:៣០; យ៉ូស្វេ ១៤:៦​-​១១) តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ដូច​គ្នា​ដែរ ដោយ​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​ប្រជាមតិ ដើម្បី​ការពារ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​ឬ​ទេ?

១៣​. តើ​ការ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​អំពី​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១៣ ចូរ​សម្ដែង​ឲ្យ​អ្នក​ដទៃ​ស្គាល់​អត្តសញ្ញាណ​របស់​អ្នក​ជា​ជន​គ្រីស្ទាន។ មាន​គេ​និយាយ​ថា វិធី​ការពារ​ខ្លួន​យ៉ាង​ល្អ​បំផុត​គឺ​ដោយ​វាយ​បក​ជា​មុន។ នេះ​គឺ​ពិត​មែន​សំរាប់​យើង​ពេល​ត្រូវ​រក្សា​ការពារ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន។ នៅ​សម័យ​លោក​អែសរ៉ា ពេល​ដែល​មាន​ការ​ប្រឆាំង​ចំពោះ​ប្រជាជន​អ៊ីស្រាអែល​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​និង​ខំ​ព្យាយាម​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​មាន​ប្រសាសន៍​ថា​៖ «យើង​ខ្ញុំ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថានសួគ៌ នឹង​ផែនដី»។ (អែសរ៉ា ៥:១១) ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ទស្សនៈ​និង​ពាក្យ​គំរោះគំរើយ​របស់​មនុស្ស​ដែល​ពាធា​យើង​មាន​អានុភាព​លើ​យើង​នោះ នេះ​អាច​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អសកម្ម​ដោយសារ​មាន​អារម្មណ៍​ភ័យ​រន្ធត់។ យើង​នឹង​លែង​មាន​ប្រសិទ្ធ​ភាព​ទៀត​បើ​យើង​ចេះ​តែ​ចង់​បំពេញ​ចិត្ត​មនុស្ស​ទាំង​ឡាយ។ ដូច្នេះ កុំ​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​បំភ័យ​អ្នក​ឡើយ។ យក​ល្អ​ប្រាប់​អ្នក​ដទៃ​យ៉ាង​ច្បាស់​ថា​អ្នក​ជា​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ អ្នក​អាច​ពន្យល់​ដល់​អ្នក​ដទៃ​យ៉ាង​ម៉ឺងម៉ាត់​តែ​ដោយ​បង្ហាញ​ការ​គោរព​ផង​ដែរ អំពី​ទស្សនៈ​របស់​ខ្លួន ព្រម​ទាំង​ជំនឿ​និង​គោលការណ៍​គ្រីស្ទាន។ ចូរ​ប្រាប់​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​តាម​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​រឿង​សីលធម៌។ ចូរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អ្នក​នឹង​មិន​លះបង់​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ជា​ជន​គ្រីស្ទាន​សោះ​ឡើយ។ ចូរ​បង្ហាញ​ថា​អ្នក​មាន​មោទនភាព​ចំពោះ​ខ្នាត​តម្រា​សីលធម៌។ (ទំនុកដំកើង ៦៤:​១០) ការ​លេច​ធ្លោ​ជា​ជន​គ្រីស្ទាន​ដែល​មាន​ភាព​រឹង​មាំ​អាច​ពង្រឹង​កម្លាំង​និង​ការពារ​អ្នក ហើយ​ក៏​អាច​ជំរុញ​ឲ្យ​មនុស្ស​ខ្លះ​សួរ​អំពី​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​ទ្រង់។

១៤​. តើ​ការ​ចំអក​ឬ​ការ​ប្រឆាំង​គួរ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឬ​ទេ? សូម​ពន្យល់។

១៤ ពិត​មែន​ហើយ មនុស្ស​ខ្លះ​ប្រហែល​ជា​នឹង​ចំអក​ដាក់​ឬ​ប្រឆាំង​នឹង​អ្នក​មែន។ (យូដាស ១៨) ប្រសិន​បើ​មនុស្ស​ដទៃ​មិន​ព្រម​ស្ដាប់​ពេល​ដែល​អ្នក​ខំ​ពន្យល់​អំពី​គោលការណ៍ កុំ​ខក​ចិត្ត​ឡើយ។ (អេសេគាល ៣:៧, ៨) មិន​ថា​អ្នក​ប្ដេជ្ញា​ប៉ុន​ណា​ក៏​ដោយ អ្នក​មិន​អាច​នាំ​ឲ្យ​មនុស្ស​ជឿ​តាម​ទេ បើ​គេ​មិន​ចង់​ជឿ។ សូម​នឹក​ចាំ​អំពី​ផារ៉ោន។ មិន​ថា​មាន​សេចក្ដី​វេទនា​ឬ​អព្ភូតហេតុ​ណា​ក្ដី ទោះ​ទាំង​ការ​បាត់បង់​បុត្រ​ច្បង​ផ្ទាល់​ក៏​ដោយ នេះ​មិន​បាន​ធ្វើ​ឲ្យ​ផារ៉ោន​ជឿ​ថា​លោក​ម៉ូសេ​ជា​អ្នក​និយាយ​តាង​នាម​ព្រះ​យេហូវ៉ា​ទេ។ ហេតុ​នេះ​ហើយ​កុំ​ឲ្យ​ក្លាយ​ជា​អសកម្ម​ឡើយ ដោយ​ព្រោះ​ខ្លាច​មនុស្ស។ ការ​ជឿ​និង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​អាច​ជួយ​យើង​យក​ឈ្នះ​អារម្មណ៍​ភ័យ​រន្ធត់​បាន។—សុភាសិត ៣:៥, ៦; ២៩:២៥

ចូរ​រៀន​ពី​ប្រវត្ដិសាស្ត្រ​ហើយ​កសាង​អនាគត​ល្អ

១៥, ១៦​. (ក) តើ​កេរ​មត៌ក​ខាង​វិញ្ញាណ​របស់​យើង​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី ពី​ការ​រំពឹង​គិត​ទៅ​លើ​កេរ​មត៌ក​ខាង​វិញ្ញាណ​របស់​យើង​ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ?

១៥ ចូរ​ចាត់​ទុក​កេរ​មត៌ក​ខាង​វិញ្ញាណ​ជា​អ្វី​ដ៏​ពិសេស។ ជន​គ្រីស្ទាន​នឹង​ទទួល​ប្រយោជន៍​ពី​ការ​រំពឹង​គិត​ទៅ​លើ​កេរ​មត៌ក​ដ៏​វិសេស​ខាង​វិញ្ញាណ​ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ។ កេរ​មត៌ក​នេះ​រួម​បញ្ចូល​នូវ​សេចក្ដី​ពិត​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ជា​រៀង​រហូត និង​កិត្ដិយស​ដែល​យើង​ទទួល​ដោយ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​ជា​អ្នក​តំណាង​ព្រះ។ តើ​អ្នក​ទទួល​ស្គាល់​មុខ​នាទី​របស់​អ្នក​ផ្ទាល់​ក្នុង​ចំណោម​ស្មរបន្ទាល់​របស់​ទ្រង់​ដែល​ជា​មនុស្ស​មួយ​ក្រុម​ដែល​មាន​ឯកសិទ្ធិ​ទទួល​កិច្ចការ​សង្គ្រោះ​ជីវិត​ដោយ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ឬ​ទេ? ចូរ​ចង​ចាំ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​បញ្ជាក់​ថា​៖ «ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ»។—អេសាយ ៤៣:១០

១៦ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​កេរ​មត៌ក​ខាង​វិញ្ញាណ​នេះ​មាន​សារៈ​សំខាន់​ប៉ុន​ណា​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​ចាត់​ទុក​កេរ​មត៌ក​ខាង​វិញ្ញាណ​នេះ​ជា​អ្វី​ដ៏​វិសេស​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​ទុក​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អាទិ​ភាព​ចំ​បង​ក្នុង​ជីវិត​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​អបអរ​ចំពោះ​កេរ​មត៌ក​នេះ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ការ​អបអរ​នេះ​ពង្រឹង​កម្លាំង​ខ្ញុំ​ឲ្យ​ទប់ទល់​នឹង​ការ​ល្បងល​ណា​ដែល​អាច​នាំ​ឲ្យ​បាត់បង់​កេរ​ដំណែល​នេះ​ឬ​ទេ?›។ កេរ​មត៌ក​ខាង​វិញ្ញាណ​របស់​យើង​ក៏​អាច​បង្កើត​ឲ្យ​យើង​មាន​អារម្មណ៍​សុខសាន្ត​ដ៏​ជ្រាល​ជ្រៅ​ខាង​វិញ្ញាណ ដែល​យើង​អាច​មាន​ក្នុង​ចំណោម​អង្គការ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (ទំនុកដំកើង ៩១:១, ២) ការ​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រវត្ដិ​ថ្មីៗ​នេះ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា អាច​ជួយ​ផ្ដិត​ឲ្យ​ជាប់​ក្នុង​ចិត្ត​គំនិត​យើង​ថា គ្មាន​អ្វី​សោះ​ឬ​មនុស្ស​ណា​សោះ​អាច​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ឲ្យ​សាប​សូន្យ​ចេញ​ពី​ផែនដី​នេះ​បាន​ឡើយ។—អេសាយ ៥៤:១៧; យេរេមា ១:១៩

១៧​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត ក្រៅ​ពី​ការ​ពឹងផ្អែក​លើ​កេរ​មត៌ក​ខាង​វិញ្ញាណ​របស់​យើង?

១៧ ពិត​មែន យើង​មិន​អាច​ពឹងផ្អែក​លើ​កេរ​មត៌ក​ខាង​វិញ្ញាណ​របស់​យើង​ប៉ុណ្ណោះ​ទេ។ យើង​ម្នាក់ៗ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ព្រះ។ ប៉ុល​បាន​ខិតខំ​ធ្វើ​ឲ្យ​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​មាន​ជំនឿ​មាំមួន ហើយ​ក្រោយ​មក​គាត់​ក៏​សរសេរ​ថា​៖ «ឱ​ពួក​ស្ងួនភ្ងា​អើយ! ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ! ដូច​ជា​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង»។ (ភីលីព ២:១២) យើង​មិន​អាច​ពឹង​អ្នក​ឯ​ទៀត​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​បាន​ឡើយ។

១៨​. តើ​សកម្មភាព​គ្រីស្ទាន​អាច​ជួយ​ឲ្យ​យើង​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន​បាន​យ៉ាង​ណា?

១៨ ចូរ​ជាប់​រវល់​ក្នុង​សកម្មភាព​គ្រីស្ទាន។ មាន​សេចក្ដី​មួយ​ចែង​ថា​៖ «កិច្ចការ​តែង​មាន​អានុភាព​លើ​អត្តសញ្ញាណ​របស់​អ្នក​ធ្វើ»។ ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​បាន​ទទួល​កិច្ចការ​សំខាន់ គឺ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ត្រូវ​ស្ថាបនា​ហើយ។ ប៉ុល​បាន​ប្រកាស​ថា​៖ «ពីព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការងារ​ខ្ញុំ» ពោល​គឺ កិច្ចបំរើ​ផ្សាយ។ (រ៉ូម ១១:១៣) ការ​ផ្សព្វផ្សាយ​របស់​យើង​រមែង​សម្គាល់​យើង​ដោយ​ឡែក​ពី​លោកីយ៍​នេះ ហើយ​ការ​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ​ក៏​ជួយ​បង្កើន​អត្តសញ្ញាណ​របស់​យើង​ផង​ដែរ។ ការ​ជាប់​រវល់​ក្នុង​កិច្ចការ​ឯ​ទៀត​ជា​មួយ​នឹង​ក្រុមជំនុំ ដូច​ជា​កិច្ច​ប្រជុំ​គ្រីស្ទាន ការ​សាង​សង់​ទី​កន្លែង​ថ្វាយ​បង្គំ និង​ការ​ព្យាយាម​ជួយ​បងប្អូន​ដែល​ខ្វះ​ខាត​ជា​ដើម អាច​ជួយ​ឲ្យ​យើង​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន។—កាឡាទី ៦:៩, ១០; ហេព្រើរ ១០:២៣, ២៤

ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន នាំ​ឲ្យ​មាន​ប្រយោជន៍​ពិត

១៩, ២០​. (ក) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ ដោយ​ព្រោះ​ជា​ជន​គ្រីស្ទាន​ម្នាក់? (ខ) តើ​អ្វី​ជា​មូលដ្ឋាន​ដើម្បី​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​យើង?

១៩ សូម​ឆ្លៀត​មួយ​ភ្លែត​នេះ​ដើម្បី​រំពឹង​គិត​អំពី​ប្រយោជន៍​ជា​ច្រើន​ដែល​យើង​មាន​ដោយសារ​ធ្វើ​ជា​ជន​គ្រីស្ទាន​ពិត។ យើង​មាន​ឯកសិទ្ធិ​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ស្គាល់។ ព្យាការី​ម៉ាឡាគី​បាន​មាន​ប្រសាសន៍​ថា​៖ «ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រុង​ស្ដាប់ ក៏​បាន​ឮ។ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ​យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់»។ (ម៉ាឡាគី ៣:១៦) យើង​អាច​មាន​ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​សំឡាញ់​របស់​ទ្រង់។ (យ៉ាកុប ២:២៣) ជីវិត​របស់​យើង​ពោរពេញ​ទៅ​ដោយ​គោល​បំណង​ច្បាស់​លាស់​និង​មាន​អត្ថន័យ​ជ្រាល​ជ្រៅ ហើយ​យើង​ក៏​មាន​គោល​ដៅ​ល្អៗ​ដែល​បង្កើត​ផល​ដែរ។ ហើយ​យើង​ក៏​បាន​ទទួល​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ជា​និរន្តរ៍។—ទំនុកដំកើង ៣៧:៩

២០ សូម​ចង​ចាំ​ថា អត្តសញ្ញាណ​និង​តម្លៃ​ពិត​របស់​អ្នក​គឺ​ស្រេច​នឹង​ទស្សនៈ​របស់​ព្រះ មិន​មែន​ស្រេច​នឹង​អ្វី​ដែល​មនុស្ស​ដទៃ​គិត​អំពី​អ្នក​ឡើយ។ មនុស្ស​ប្រហែល​ជា​វាយ​តម្លៃ​យើង​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​មនុស្ស​ដែល​មិន​គ្រប់​លក្ខណៈ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​យើង គឺ​ជា​មូលដ្ឋាន​នៃ​តម្លៃ​របស់​យើង ដ្បិត​យើង​ជា​របស់​ផង​ទ្រង់។ (ម៉ាថាយ ១០:២៩​-​៣១) ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​វិញ អាច​នាំ​ឲ្យ​យើង​ស្គាល់​យ៉ាង​ច្បាស់​ជា​ទីបំផុត​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ហើយ​ឲ្យ​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត។ «បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ»។—កូរិនថូសទី១ ៨:៣

[កំណត់​សម្គាល់]

a ពាក្យ​ទាំង​នេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​ភារកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ពួក​អ្នក​យាម​នៅ​ព្រះ​វិហារ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ក្នុង​កំឡុង​យាម​ពេល​យប់ អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ដើរ​ជុំវិញ​ព្រះ​វិហារ​ដើម្បី​ដឹង​ថា តើ​ពួក​លេវី​ដែល​ជា​អ្នក​យាម​នោះ​នៅ​ភ្ញាក់​ឬ​ដេក​លក់​ពេល​យាម? អ្នក​យាម​ណា​ដែល​អ្នក​ត្រួត​ពិនិត្យ​ឃើញ​កំពុង​តែ​ដេក​លក់ ត្រូវ​គាត់​វាយ​ដោយ​ដំបង ហើយ​ដុត​ចោល​សំលៀកបំពាក់​អ្នក​នោះ​ជា​ទោស​ដ៏​គួរ​ឲ្យ​ខ្មាស។

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​ជា​ចាំបាច់​ឲ្យ​ជន​គ្រីស្ទាន​រក្សា​ការពារ​អត្តសញ្ញាណ​ខាង​វិញ្ញាណ?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​មូលដ្ឋាន​រឹង​មាំ​សំរាប់​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន?

• ពេល​ត្រូវ​សម្រេច​ថា​នឹង​បំពេញ​ចិត្ត​អ្នក​ណា តើ​កត្ដា​អ្វី​ខ្លះ​អាច​ជួយ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ?

• តើ​ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​អាច​តម្រង់​ផ្លូវ​ទៅ​មុខ​ជា​ជន​គ្រីស្ទាន​បាន​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​៣១]

ការ​ជាប់​រវល់​ក្នុង​សកម្មភាព​គ្រីស្ទាន​អាច​បង្កើន​ឲ្យ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​ជា​ជន​គ្រីស្ទាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក