ពេលអ្នកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់ខ្លួន អ្នកអាចនៅមាំមួនមិនរេចុះរេឡើងដូចដើមឈើដែលត្រូវខ្យល់ព្យុះឡើយ
សម្រាប់យុវវ័យ
៩ អត្តសញ្ញាណ
តើមានន័យយ៉ាងណា?
អត្តសញ្ញាណរបស់អ្នកមិនគ្រាន់តែជាឈ្មោះនិងសម្បកក្រៅរបស់អ្នកប៉ុណ្ណោះទេ។ ប៉ុន្តែនេះរួមបញ្ចូលគោលការណ៍ ជំនឿ និងបុគ្គលិកលក្ខណៈរបស់អ្នក។ តាមពិត អត្តសញ្ញាណរបស់អ្នកគឺបញ្ជាក់អំពីអ្វីទាំងអស់អំពីអ្នក ទាំងក្នុងទាំងក្រៅ។
ហេតុអ្វីសំខាន់?
ពេលអ្នកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់ខ្លួន អ្នកនឹងកាន់ជំហរចំពោះគោលការណ៍របស់អ្នក ជាជាងឲ្យមនុស្សអាយុស្រករអ្នកគ្រប់គ្រងលើអ្នក។
យុវជនម្នាក់ឈ្មោះអេទ្រាននិយាយថា៖ «មនុស្សជាច្រើនគឺប្រៀបដូចជារូបមនុស្សដែលគេដាក់តាំងក្នុងហាង។ ពួកគេមិនជ្រើសរើសសម្លៀកបំពាក់ដោយខ្លួនឯងទេ តែអ្នកឯទៀតជ្រើសរើសឲ្យ»។
យុវតីម្នាក់ឈ្មោះឃុតនីរៀបរាប់ថា៖ «ខ្ញុំបានរៀនអំពីរបៀបកាន់ជំហរចំពោះអ្វីដែលត្រឹមត្រូវ សូម្បីតែពេលពិបាកក្ដី។ ខ្ញុំអាចដឹងថាអ្នកណាជាមិត្តពិតប្រាកដរបស់ខ្ញុំតាមរយៈរបៀបដែលពួកគេប្រព្រឹត្ត និងរបៀបដែលខ្ញុំប្រព្រឹត្តពេលនៅជាមួយពួកគេ»។
គោលការណ៍គម្ពីរ៖ «ឈប់យកតម្រាប់របៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា»។—រ៉ូម ១២:២
អ្វីដែលអ្នកអាចធ្វើ
សូមគិតពិចារណាថាអ្នកជាមនុស្សបែបណានៅឥឡូវនេះ និងចង់ទៅជាមនុស្សបែបណា ដោយវិភាគអំពីគុណសម្បត្តិ ភាពទន់ខ្សោយ និងភាពជឿជាក់របស់អ្នក។ វិធីល្អមួយដើម្បីចាប់ផ្ដើមគឺដោយឆ្លើយសំណួរដូចតទៅនេះ។
គុណសម្បត្តិ៖ តើខ្ញុំមានទេពកោសល្យនិងជំនាញអ្វីខ្លះ? តើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះ? (ជាឧទាហរណ៍៖ តើខ្ញុំជាមនុស្សទៀងពេល? ចេះទប់ចិត្ត? ខ្នះខ្នែង? និងសប្បុរសឬទេ?) តើខ្ញុំធ្វើអំពើល្អអ្វីខ្លះ?
យោបល់៖ តើអ្នកពិបាកសម្គាល់ចំណុចល្អអំពីខ្លួនអ្នកឬទេ? សូមសួរឪពុកម្ដាយឬមិត្តដែលគួរឲ្យទុកចិត្តថាពួកគាត់ឃើញចំណុចល្អណាខ្លះអំពីអ្នក ហើយហេតុអ្វី?
គោលការណ៍គម្ពីរ៖ «ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
ភាពទន់ខ្សោយ៖ តើបុគ្គលិកលក្ខណៈណាខ្លះរបស់ខ្ញុំដែលត្រូវកែប្រែខ្លាំងជាងគេ? តើខ្ញុំទំនងជាចង់ធ្វើអ្វីដែលខុសនៅពេលណាជាងគេ? តើក្នុងស្ថានភាពណាខ្លះដែលខ្ញុំអាចកាន់តែចេះទប់ចិត្ត?
គោលការណ៍គម្ពីរ៖ «ប្រសិនបើយើងនិយាយថា‹យើងគ្មានភាពខុសឆ្គងទេ› នោះយើងកំពុងបញ្ឆោតខ្លួន»។—យ៉ូហានទី១ ១:៨
ភាពជឿជាក់៖ តើខ្ញុំធ្វើតាមគោលការណ៍សីលធម៌អ្វីខ្លះ ហើយហេតុអ្វី? តើខ្ញុំជឿលើព្រះឬទេ? តើមានភ័ស្តុតាងអ្វីខ្លះដែលធ្វើឲ្យខ្ញុំជឿជាក់ថាពិតជាមានលោកមែន? តើការប្រព្រឹត្តណាខ្លះដែលខ្ញុំចាត់ទុកថាអយុត្ដិធម៌ ហើយហេតុអ្វី? តើខ្ញុំជឿថានៅថ្ងៃអនាគតនឹងមានអ្វីកើតឡើង?
គោលការណ៍គម្ពីរ៖ «សមត្ថភាពរិះគិតនឹងរក្សាកូន ហើយសមត្ថភាពវែកញែកនឹងឃុំគ្រងកូន»។—សុភាសិត ២:១១