បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៥ ទំ. ២៣-២៧
  • ក្នុងនាមជាជនគ្រីស្ទាន ចូរមានមោទនភាពចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្នុងនាមជាជនគ្រីស្ទាន ចូរមានមោទនភាពចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន
  • ការ​ពិបាក
  • យើង​មិន​រួច​ផុត​ពី​ការ​ពិបាក​ទេ
  • ពួក​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​យ៉ាង​ច្បាស់
  • ចូរ​មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន
  • ការរក្សាការរអត្ដសញ្ញាណរបស់យើងជាជនគ្រីស្ទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • របៀបស៊ូទ្រាំនឹងអារម្មណ៍មិនល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ៩ អត្តសញ្ញាណ
    ភ្ញាក់រឭក! ២០១៨
  • ចូរធ្វើឲ្យជីវិតរបស់អ្នកមានជោគជ័យ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៥ ទំ. ២៣-២៧

ក្នុង​នាម​ជា​ជន​គ្រីស្ទាន ចូរ​មាន​មោទនភាព​ចុះ!

​«អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ​អម្ចាស់​ប៉ុណ្ណោះ»។—កូរិនថូសទី១ ១:៣១

១​. តើ​មនុស្ស​ជា​ច្រើន​កំពុង​តែ​បង្ហាញ​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សាសនា?

​«ភាព​កន្តើយ​និយម»។ ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​ដែល​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​សាសនា​បាន​ប្រើ​ពាក្យ​មួយ​ម៉ាត់​នេះ​ដើម្បី​ពណ៌នា​អំពី​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​ចំពោះ​សាសនា​របស់​ខ្លួន។ គាត់​បាន​ពន្យល់​ថា​៖ «ការ​ប្រែ​ក្លាយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ក្នុង​ចំណោម​សាសនា​បច្ចុប្បន្ន​នេះ មិន​មែន​ជា​សាសនា​ថ្មី​មួយ​ទេ តែ​ជា​ទស្សនៈ​មួយ​វិញ ដែល​អាច​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា ‹ភាព​កន្តើយ​និយម›»។ បុរស​នោះ​ពន្យល់​ថែម​ទៀត​ដោយ​បកស្រាយ​ពាក្យ​នេះ​ឲ្យ​មាន​ន័យ​ថា​៖ «ជា​ការ​មិន​រវល់​នឹង​សាសនា​របស់​ខ្លួន​ទេ»។ គាត់​មាន​ប្រសាសន៍​ថា មនុស្ស​ជា​ច្រើន​«ជឿ​ទៅ​លើ​ព្រះ . . . តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទ្រង់​ទេ»។

២​. (ក) ហេតុ​អ្វី​ក៏​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ដឹង​ថា​មនុស្ស​មិន​អើពើ​នឹង​រឿង​ខាង​វិញ្ញាណ? (ខ) តើ​ភាព​មិន​អើពើ​នេះ អាច​ធ្វើ​ជា​គ្រោះថ្នាក់​ដល់​ជន​គ្រីស្ទាន​ពិត​យ៉ាង​ដូច​ម្ដេច?

២ សិស្ស​ព្រះ​គម្ពីរ​មិន​ភ្ញាក់ផ្អើល​ចំពោះ​ភាព​ព្រងើយ​កន្តើយ​នេះ។ (លូកា ១៨:៨) ហើយ​បើ​និយាយ​ជា​ទូទៅ​អំពី​សាសនា គ្មាន​អ្វី​ចម្លែក​ទេ​ដែល​មនុស្ស​មិន​ខ្ចី​ចាប់​អារម្មណ៍​នោះ ដ្បិត​សាសនា​មិន​ពិត​បាន​នាំ​មនុស្ស​ឲ្យ​វង្វេង​និង​ខក​ចិត្ត​ជា​យូរ​យារ​មក​ហើយ។ (វិវរណៈ ១៧:១៥, ១៦) ប៉ុន្តែ ភាព​សោះ​អង្គើយ​និង​ចិត្ត​គំនិត​មិន​អើពើ​ចំពោះ​សាសនា​ដែល​មាន​ជា​ទូទៅ​នេះ អាច​ធ្វើ​ជា​គ្រោះថ្នាក់​ដល់​ជន​គ្រីស្ទាន​ពិត​ដែរ។ មិន​គួរ​ឲ្យ​យើង​ធ្វេស​ធ្លោយ​ស្មារតី​ស្តី​អំពី​ជំនឿ​របស់​យើង​ឡើយ ក្រែង​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​បំរើ​ព្រះ​និង​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​រសាយ​បាត់​ទៅ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ភាព​សោះ​អង្គើយ ពេល​ដែល​ទ្រង់​ព្រមាន​ពួក​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​ដែល​រស់​នៅ​ទី​ក្រុង​ឡៅឌីសេ​ថា​៖ «ឯង​មិន​ត្រជាក់ ក៏​មិន​ក្ដៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្ដៅ​ក្ដី . . . ឯង​គ្រាន់​តែ​ស្ទើរៗ​ប៉ុណ្ណោះ»។—វិវរណៈ ៣:១៥​-​១៨

ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន

៣​. តើ​ជន​គ្រីស្ទាន​អាច​មាន​មោទនភាព​ស្តី​អំពី​លក្ខណៈ​អ្វី​ខ្លះ​នៃ​អត្តសញ្ញាណ​ខ្លួន?

៣ បើ​ជន​គ្រីស្ទាន​ចង់​ទប់ទល់​នឹង​ភាព​កន្តើយ​ខាង​វិញ្ញាណ​នោះ ពួក​គេ​ត្រូវ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ហើយ​ត្រូវ​មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ​ដែល​សម្គាល់​ពួក​គេ​ដោយ​ឡែក​ពី​មនុស្ស​ដទៃ។ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ហើយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ យើង​អាច​រក​ការ​ពណ៌នា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​អត្តសញ្ញាណ​របស់​យើង។ យើង​ជា​«ស្មរបន្ទាល់»​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​«អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ»​ពេល​ដែល​យើង​ប្រាប់​«ដំណឹង​ល្អ»​យ៉ាង​សកម្ម​ដល់​មនុស្ស​ឯ​ទៀត។ (អេសាយ ៤៣:១០; កូរិនថូសទី១ ៣:​៩; ម៉ាថាយ ២៤:១៤) យើង​ជា​មនុស្ស​ដែល​«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៤) ជន​គ្រីស្ទាន​ពិត​ក៏​ជា​បុគ្គល​ដែល​«បាន​បង្ហាត់​ឥន្ទ្រីយ[ឬ​«សមត្ថភាព​វែកញែក»​, ព.ថ.] ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុសត្រូវ»។ (ហេព្រើរ ៥:១៤) យើង​ក៏​ជា​«តួ​ពន្លឺ​នៅ​ក្នុង​លោក»​នេះ។ (ភីលីព ២:១៥) យើង​ខំ​«ប្រព្រឹត្ត​ដោយ​ទៀងត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ»​ដែរ។—ពេត្រុសទី១ ២:​១២; ពេត្រុសទី២ ៣:១១, ១៤

៤​. តើ​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា លក្ខណៈ​អ្វី​ខ្លះ​មិន​មែន​ជា​ផ្នែក​នៃ​អត្តសញ្ញាណ​ខ្លួន?

៤ ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​ក៏​ដឹង​ថា លក្ខណៈ​អ្វី​ខ្លះ​មិន​មែន​ជា​ផ្នែក​នៃ​អត្តសញ្ញាណ​ខ្លួន​ដែរ។ ពួក​«គេ​មិន​មែន​ជា​របស់​ផង​លោកីយ» ដូច​ជា​មគ្គុទ្ទេសក៍​របស់​ពួក​គេ​ក៏​មិន​មែន​ជា​របស់​ផង​លោកីយ៍​ដែរ។ (យ៉ូហាន ១៧:១៦) ពួក​គេ​រក្សា​ឲ្យ​មាន​សភាព​ដាច់​ដោយ​ឡែក​ពី​«សាសន៍​ដទៃ​ឯ​ទៀត» ដែល​«គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ​ជន្ម​ព្រះ»។ (អេភេសូរ ៤:១៧, ១៨) ជា​លទ្ធផល​នោះ ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​ក៏​«លះ​ចោល​សេចក្ដី​ទមិលល្មើស នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ . . . រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ»។—ទីតុស ២:១២

៥​. តើ​ពាក្យ​ដែល​ដាស់​តឿន​ឲ្យ​‹អួត​ពី​ព្រះ​យេហូវ៉ា›នោះ បង្កប់​អត្ថន័យ​អ្វី?

៥ ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​និង​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​មហាក្សត្រ​នៃ​សកលលោក ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​‹អួត​ពី​ព្រះ​យេហូវ៉ា›។ (កូរិនថូសទី១ ១:៣១) តើ​នេះ​ជា​ការ​អួត​ដូច​ម្ដេច? ក្នុង​នាម​ជា​ជន​គ្រីស្ទាន​ពិត យើង​មាន​មោទនភាព​ដោយសារ​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ យើង​ធ្វើ​តាម​ពាក្យ​ដែល​ដាស់​តឿន​ថា​៖ «អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​គេ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះ​យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែនដី»។ (យេរេមា ៩:២៤) យើង​«អួត»​ក្នុង​ន័យ​ថា យើង​មាន​ចិត្ត​រីករាយ​ដោយ​មាន​ឯកសិទ្ធិ​ស្គាល់​ព្រះ ហើយ​ដោយសារ​ទ្រង់​ប្រើ​យើង​ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត។

ការ​ពិបាក

៦​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ពិបាក​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន?

៦ ពិត​មែន ការ​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​អត្តសញ្ញាណ​ប្លែក​របស់​យើង​ជា​ជន​គ្រីស្ទាន គឺ​មិន​តែង​តែ​ស្រួល​ទេ។ ប្អូន​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​ពួក​គ្រីស្ទាន គាត់​រំឭក​ថា​មួយ​រយៈ​នោះ​គាត់​បាន​ធ្លាក់​ខ្លួន​ខ្សោយ​ខាង​វិញ្ញាណ ហើយ​ថា​៖ «ជួន​កាល​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ថា​មូលហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​រៀន​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​តាំង​ពី​តូច​មក​ម្ល៉េះ។ ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គ្រាន់​តែ​ជា​សាសនា​មួយ​ទៀត​ក្នុង​ចំណោម​សាសនា​ជា​ច្រើន»។ ជន​គ្រីស្ទាន​ឯ​ទៀត​បាន​អនុញ្ញាត​ឲ្យ​កម្មវិធី​កំសាន្ត​ក្នុង​លោកីយ៍​នេះ ព្រម​ទាំង​បណ្ដាញ​ការ​ផ្សាយ​ពត៌មាន​ដល់​មហា​ជន​និង​ទស្សនៈ​ទូទៅ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ មាន​អានុភាព​លើ​អត្តសញ្ញាណ​របស់​ខ្លួន។ (អេភេសូរ ២:២, ៣) ម្ដងម្កាល​ជន​គ្រីស្ទាន​ខ្លះ​មាន​អារម្មណ៍​សង្ស័យ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន ឬ​ក៏​ចង់​ពិនិត្យ​សា​ឡើង​វិញ​នូវ​គោល​ដៅ​របស់​ខ្លួន​ឬ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ជា​រឿង​សំខាន់។

៧​. (ក) តើ​ការ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ដោយ​ដូច​ម្ដេច ជា​អ្វី​ដែល​គួរ​ធ្វើ​សំរាប់​អ្នក​បំរើ​ព្រះ? (ខ) តើ​ទង្វើ​អ្វី​អាច​ជា​គ្រោះថ្នាក់​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង?

៧ តើ​ការ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ម្ដងម្កាល ជា​អ្វី​ដែល​មិន​គួរ​ធ្វើ​ឬ​ទេ? អត់​ទេ! យើង​ប្រហែល​ជា​នឹក​ចាំ​ថា សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គ្រីស្ទាន​ពិនិត្យ​មើល​បំណង​ចិត្ត​ខ្លួន​ជានិច្ច​ដោយ​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ? ចូរ​ល្បង​ខ្លួន​មើល​ចុះ!»។ (កូរិនថូសទី២ ១៣:៥) ក្នុង​ខ​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​រក​មើល​ភាព​ទន់ខ្សោយ​ណា​ខាង​វិញ្ញាណ​ដែល​ប្រហែល​ជា​បាន​លេច​ឡើង ដោយ​មាន​បំណង​ចង់​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ។ ពេល​ដែល​ជន​គ្រីស្ទាន​ពិចារណា​ខ្លួន​ឯង​ដើម្បី​ដឹង​ថា​តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​អត់​នោះ គាត់​ត្រូវ​ពិនិត្យ​មើល​ថា​តើ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​សម​ស្រប​ទៅ​តាម​ជំនឿ​ដែល​គាត់​អាង​នោះ​ឬ​ទេ? ក៏​ប៉ុន្តែ បើ​មិន​មាន​បំណង​ត្រឹម​ត្រូវ​នោះ ហើយ​ចាប់​ផ្ដើម​ពិនិត្យ​មើល​ខ្លួន​ដើម្បី​ស្គាល់​ចិត្ត​ខ្លួន​ឯង ឬ​ខំ​ស្គាល់​ចិត្ត​ខ្លួន​ឯង​តាម​វិធី​ដែល​មិន​ទាក់ទង​នឹង​ព្រះ​យេហូវ៉ា​ឬ​ក្រុមជំនុំ​គ្រីស្ទាន នេះ​អាច​ក្លាយ​ជា​អសារ​ឥត​ការ​ហើយ​ក៏​ជា​គ្រោះថ្នាក់​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង។a យើង​មិន​ចង់​«លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ»​សោះ​ឡើយ!—ធីម៉ូថេទី១ ១:១៩

យើង​មិន​រួច​ផុត​ពី​ការ​ពិបាក​ទេ

៨, ៩​. (ក) តើ​ម៉ូសេ​បាន​បង្ហាញ​យ៉ាង​ណា ថា​គាត់​មាន​អារម្មណ៍​សង្ស័យ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី ស្តី​អំពី​អារម្មណ៍​ស្ទាក់ស្ទើរ​របស់​ម៉ូសេ? (គ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា?

៨ បើ​យូរៗ​ម្ដង​ជន​គ្រីស្ទាន​មាន​អារម្មណ៍​សង្ស័យ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន តើ​ពួក​គេ​គួរ​គិត​ថា​ខ្លួន​មិន​ល្អ​ទេ? មិន​មែន​ទេ! តែ​ពួក​គេ​អាច​ទទួល​ការ​សំរាល​ទុក្ខ​បាន​ដោយ​ដឹង​ថា អារម្មណ៍​បែប​នេះ​មិន​ជា​រឿង​ថ្មី​ទេ ដ្បិត​ស្មរបន្ទាល់​ស្មោះ​ភក្ដី​របស់​ព្រះ​ពី​បុរាណ​ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​នោះ​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​លោក​ម៉ូសេ​ដែល​បាន​បង្ហាញ​ជំនឿ ចិត្ត​ស្មោះ​ត្រង់​និង​ភក្ដីភាព​យ៉ាង​អស្ចារ្យ។ ពេល​ម៉ូសេ​ទទួល​កិច្ចការ​ដែល​មើល​ទៅ​ដូច​ជា​គាត់​មិន​អាច​សម្រេច​បាន នោះ​គាត់​បាន​សួរ​ដោយ​ខ្វះ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ថា​៖ «តើ​ទូល​បង្គំ​ជា​អ្វី?»។ (និក្ខមនំ ៣:១១) តាម​មើល​ទៅ ហាក់​ដូច​ជា​គាត់​មាន​គំនិត​ថា ‹ខ្ញុំ​មិន​ជា​មនុស្ស​សំខាន់​ទេ!› ឬ​ក៏‹ខ្ញុំ​មិន​អាច​សម្រេច​ការ​នោះ​បាន​ឡើយ!›។ ប្រវត្ដិ​រូប​របស់​ម៉ូសេ​ប្រហែល​ជា​មាន​លក្ខណៈ​ពីរបី​យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព​នោះ ពោល​គឺ គាត់​កើត​មក​ពី​សាសន៍​មួយ​ដែល​សុទ្ធតែ​ជា​ទាសករ។ ប្រជាជន​អ៊ីស្រាអែល​ក៏​បាន​បដិសេធ​គាត់​ចោល។ ហើយ​គាត់​ក៏​មិន​សូវ​មាន​វោហារ​ទេ។ (និក្ខមនំ ១:​១៣, ១៤; ២:១១​-​១៤; ៤:១០) ម៉ូសេ​ក៏​ធ្វើ​ការ​ជា​អ្នក​គង្វាល ដែល​ជា​មុខ​របរ​ដែល​ពួក​អេស៊ីប​ស្អប់​ខ្ពើម​ណាស់។ (លោកុប្បត្តិ ៤៦:​៣៤) ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​ម៉ូសេ​មាន​អារម្មណ៍​ថា មិន​គួរ​នឹង​ធ្វើ​ជា​អ្នក​រំដោះ​រាស្ត្រ​របស់​ព្រះ​ដែល​ជាប់​ទាសភាព​នោះ​ទេ!

៩ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ម៉ូសេ​ដោយ​សេចក្ដី​សន្យា​ពីរ​ដ៏​អស្ចារ្យ​ដែល​ថា​៖ «អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទីសំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ»។ (និក្ខមនំ ៣:១២) ព្រះ​បាន​មាន​បន្ទូល​ប្រាប់​អ្នក​បំរើ​នេះ​ដែល​មាន​ចិត្ត​ស្ទាក់ស្ទើរ​ថា ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់​ជានិច្ច។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ជា​មិន​ខាន។ ក្នុង​កំឡុង​ប៉ុន្មាន​សតវត្សរ៍​កន្លង​មក​នេះ ព្រះ​បាន​ស្បថ​ប៉ុន្មាន​ដង​ទៀត​ស្រដៀង​គ្នា​នេះ​ដែរ ថា​នឹង​ទ្រទ្រង់​រាស្ត្រ​ទ្រង់។ ជា​ឧទាហរណ៍ ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ហៀប​នឹង​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​នោះ ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​តាម​រយៈ​លោក​ម៉ូសេ​ថា​៖ «ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង . . . ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ»។ (ចោទិយកថា ៣១:៦) ព្រះ​យេហូវ៉ា​ក៏​បាន​បង្កើន​ទំនុក​ចិត្ត​របស់​យ៉ូស្វេ​ដោយ​មាន​បន្ទូល​ថា​៖ «គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង . . . អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ»។ (យ៉ូស្វេ ១:៥) ហើយ​ព្រះ​ក៏​សន្យា​ដល់​ពួក​គ្រីស្ទាន​ថា​៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ»។ (ហេព្រើរ ១៣:៥) ក្នុង​នាម​ជា​ជន​គ្រីស្ទាន​ដែល​មាន​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​មួយ​អង្គ យើង​គួរ​មាន​មោទនភាព​មែន!

១០, ១១​. តើ​ជន​លេវី​ឈ្មោះ​អេសាភ​នោះ បាន​ទទួល​ជំនួយ​អ្វី ដើម្បី​ឲ្យ​មាន​គំនិត​ត្រឹម​ត្រូវ​ស្តី​អំពី​តម្លៃ​នៃ​ការ​បំរើ​ព្រះ​យេហូវ៉ា?

១០ ជិត​ប្រាំ​រយ​ឆ្នាំ​ក្រោយ​ពី​សម័យ​លោក​ម៉ូសេ បុរស​ស្មោះ​ភក្ដី​ម្នាក់​ឈ្មោះ​អេសាភ ពី​កុលសម្ព័ន្ធ​លេវី បាន​សរសេរ​ដោយ​ឥត​លាក់​លាម​អំពី​គំនិត​សង្ស័យ​របស់​ខ្លួន ស្តី​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​រស់​នៅ​យ៉ាង​ទៀងត្រង់។ លោក​អេសាភ​បាន​ខិតខំ​បំរើ​ព្រះ​ទោះ​ជា​រង​ទុក្ខ​លំបាក​និង​មាន​ការ​ល្បួង​ផ្សេងៗ​ក្ដី តែ​គាត់​បាន​មើល​មនុស្ស​ដែល​ប្រមាថ​ព្រះ​ហើយ​ឃើញ​ថា​គេ​ចេះ​តែ​មាន​អំណាច​និង​ភាព​ចំរុងចំរើន​កាន់​តែ​ច្រើន​ឡើង។ តើ​នេះ​មាន​ឥទ្ធិពល​អ្វី​លើ​អេសាភ? គាត់​បាន​សារភាព​ថា​៖ «ជើង​ទូល​បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ។ ជំហាន​នៃ​ទូល​បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ។ ដ្បិត​ទូល​បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើន​របស់​មនុស្ស​អាក្រក់​នោះ»។ អេសាភ​ចាប់​ផ្ដើម​សង្ស័យ​ថា ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​គ្មាន​ប្រយោជន៍​ទេ។ អេសាភ​បាន​គិត​ថា​៖ «ការ​ដែល​ទូល​បង្គំ​បាន​ជំរះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅហ្មង នោះ​ឥត​ប្រយោជន៍​ទទេ។ ដ្បិត​ទូល​បង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុកដំកើង ៧៣:២, ៣, ១៣, ១៤

១១ តើ​អេសាភ​បាន​ធ្វើ​អ្វី​ពេល​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ? តើ​គាត់​មិន​អើពើ​នឹង​គំនិត​នោះ​ឬ​ទេ? អត់​ទេ! គាត់​បាន​ទូល​ថ្វាយ​ព្រះ​អំពី​គំនិត​នោះ ដូច​យើង​អាន​នៅ​ទំនុកដំកើង​ទី៧​៣។ ចិត្ត​គំនិត​របស់​អេសាភ​បាន​កែ​ប្រែ​ទាំង​ស្រុង​ពេល​ដែល​គាត់​បាន​ទៅ​លេង​ព្រះ​វិហារ។ នៅ​ទី​នោះ អេសាភ​ទទួល​ស្គាល់​ថា ចិត្ត​ភក្ដី​ចំពោះ​ព្រះ​នៅ​តែ​ជា​មាគ៌ា​ដ៏​ល្អ​បំផុត។ ពេល​អេសាភ​បាន​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា នោះ​គាត់​ក៏​យល់​ឃើញ​ថា ព្រះ​យេហូវ៉ា​ស្អប់​នូវ​អំពើ​អាក្រក់​ហើយ​មិន​យូរ​មិន​ឆាប់​មនុស្ស​អាក្រក់​ត្រូវ​ទទួល​ទោស​ដែរ។ (ទំនុកដំកើង ៧៣:១៧​-​១៩) ដោយ​មាន​គំនិត​កែ​ជា​ថ្មី​ឡើង​វិញ នោះ​អេសាភ​ក៏​ទទួល​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​មនុស្ស​ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។ អេសាភ​បាន​ទូល​ថ្វាយ​ព្រះ​ថា​៖ «ទូល​បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្ដាំ​នៃ​ទូល​បង្គំ។ ទ្រង់​នឹង​នាំ​ទូល​បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល​បង្គំ​ចូល​ក្នុង​សិរី​ល្អ»។ (ទំនុកដំកើង ៧៣:២៣, ២៤) អេសាភ​ក៏​មាន​មោទនភាព​សា​ឡើង​វិញ​ចំពោះ​ព្រះ​របស់​ខ្លួន។—ទំនុកដំកើង ៣៤:២

ពួក​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​យ៉ាង​ច្បាស់

១២, ១៣​. សូម​លើក​ឧទាហរណ៍​ខ្លះ​អំពី​មនុស្ស​ក្នុង​ព្រះ​គម្ពីរ​ដែល​មាន​មោទនភាព​ដោយសារ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

១២ របៀប​មួយ​ដែល​យើង​អាច​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​យើង​កាន់​តែ​ច្បាស់ គឺ​ដោយ​ពិនិត្យ​មើល​និង​យក​តម្រាប់​តាម​ជំនឿ​នៃ​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​និង​មោទនភាព​ស្តី​អំពី​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​ទោះ​ជា​បាន​រង​ទុក្ខ​លំបាក​ក៏​ដោយ។ សូម​គិត​អំពី​លោក​យ៉ូសែប ជា​កូន​របស់​យ៉ាកុប។ ពេល​នៅ​ក្មេង​នៅ​ឡើយ យ៉ូសែប​បាន​ត្រូវ​គេ​ធ្វើ​បាប​ដោយ​លក់​ជា​ខ្ញុំ​កញ្ជះ​ហើយ​បាន​ត្រូវ​ដឹក​ទៅ​ស្រុក​អេស៊ីប គឺ​រាប់​រយ​គីឡូម៉ែត្រ​ពី​បិតា​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​ឆ្ងាយ​ពី​មជ្ឈដ្ឋាន​កក់ក្ដៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​អាច​ជួយ​គាំទ្រ​គាត់។ ពេល​នៅ​ស្រុក​អេស៊ីប យ៉ូសែប​គ្មាន​មនុស្ស​ណា​ជា​ទីពឹង​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ពី​ព្រះ ហើយ​គាត់​បាន​ប្រឈម​មុខ​កាលៈទេសៈ​ដ៏​ពិបាក​ដែល​ល្បងល​សីលធម៌​និង​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ។ យ៉ាង​ណា​ក៏​ដោយ យ៉ូសែប​ពិត​ជា​បាន​ប្រឹងប្រែង​រក្សា​ឲ្យ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​ជា​អ្នក​បំរើ​ព្រះ ហើយ​បាន​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ក្នុង​ការ​ធ្វើ​អ្វី​ដែល​គាត់​ដឹង​ថា​ជា​ទង្វើ​ល្អ​ត្រឹម​ត្រូវ។ យ៉ូសែប​មាន​មោទនភាព​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា សូម្បី​តែ​ក្នុង​មជ្ឈដ្ឋាន​ដែល​ធ្វើ​ទុក្ខ​ដល់​គាត់​ក្ដី ហើយ​គាត់​មិន​អៀន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ឡើយ។—លោកុប្បត្តិ ៣៩:៧​-​១០

១៣ ប្រាំ​បី​រយ​ឆ្នាំ​ក្រោយ​មក​ទៀត នារី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​បាន​ត្រូវ​ចាប់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ឧត្តម​សេនីយ​ជនជាតិ​ស៊ីរី​ឈ្មោះ​ណាម៉ាន នាង​ក៏​មិន​បាន​ភ្លេច​អត្តសញ្ញាណ​របស់​ខ្លួន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែរ។ ពេល​ឱកាស​ហុច​ឲ្យ នាង​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​អង់អាច ដោយ​សម្គាល់​លោក​អេលីសេ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ​ពិត។ (ពង្សាវតារក្សត្រទី២ ៥:១​-​១៩) ប៉ុន្មាន​ឆ្នាំ​ក្រោយ​នោះ​មក​ទៀត ស្តេច​យ៉ូសៀស​ដែល​នៅ​ក្មេង​នៅ​ឡើយ​បាន​បង្ក​ឲ្យ​មាន​ការ​កែ​ប្រែ​សាសនា​ដែល​មាន​ឥទ្ធិពល​យ៉ាង​យូរ ហើយ​គាត់​ក៏​បាន​ជួសជុល​ព្រះ​វិហារ​របស់​ព្រះ​និង​បាន​នាំ​ផ្លូវ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ហើយ​ទ្រង់​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​ពេល​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​អាក្រក់។ ស្តេច​យ៉ូសៀស​មាន​មោទនភាព​ចំពោះ​ជំនឿ​និង​ការ​ថ្វាយ​បង្គំ​របស់​ខ្លួន។ (របាក្សត្រទី២ ជំពូក​៣៤,​៣៥) លោក​ដានីយ៉ែល​និង​គូកន​សាសន៍​ហេព្រើរ​បី​នាក់​របស់​គាត់​នៅ​ស្រុក​បាប៊ីឡូន​មិន​បាន​ភ្លេច​អត្តសញ្ញាណ​របស់​ពួក​គេ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បាន​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​សូម្បី​តែ​ក្រោម​ការ​បង្ខិត​បង្ខំ​និង​ការ​ល្បួង​ក៏​ដោយ។ យ៉ាង​ច្បាស់​ណាស់ ពួក​គេ​មាន​មោទនភាព​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។—ដានីយ៉ែល ១:៨​-​២០

ចូរ​មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន

១៤, ១៥​. តើ​ការ​អួត​ពី​អត្តសញ្ញាណ​ជា​ជន​គ្រីស្ទាន​ត្រូវ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៤ អ្នក​បំរើ​ទាំង​នេះ​របស់​ព្រះ​មាន​ជោគជ័យ​ពីព្រោះ​ពួក​គេ​បាន​បណ្ដុះ​ឲ្យ​មាន​មោទនភាព​ចំពោះ​ទំនាក់ទំនង​ដែល​គេ​មាន​ជា​មួយ​នឹង​ព្រះ។ ចុះ​យ៉ាង​ណា​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ? តើ​ការ​អួត​ពី​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន​ត្រូវ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៥ សំខាន់​បំផុត នេះ​ត្រូវ​រួម​បញ្ចូល​ការ​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកសិទ្ធិ​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​ដែល​លើក​តម្កើង​ព្រះ​នាម​របស់​ទ្រង់ ហើយ​ដែល​មាន​ពរ​ពី​ទ្រង់​និង​សព្វ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែរ។ ព្រះ​ទ្រង់​មិន​សង្ស័យ​អំពី​អ្នក​ណា​ជា​របស់​ផង​ទ្រង់​ឡើយ។ សាវ័ក​ប៉ុល​បាន​រស់​នៅ​សម័យ​ដែល​មាន​ការ​ភ័ន្ត​ច្រឡំ​អំពី​រឿង​សាសនា ហើយ​គាត់​បាន​សរសេរ​ថា​៖ «ព្រះ​អម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់»។ (ធីម៉ូថេទី២ ២:១៩; ជនគណនា ១៦:៥) ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​អស់​អ្នក​«ដែល​ជា​របស់​ផង​ទ្រង់»។ ទ្រង់​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ»។ (សាការី ២:៨) គឺ​ច្បាស់​ហើយ ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​មែន។ យ៉ាង​ដូច្នេះ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់​គួរ​តែ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់។ ប៉ុល​បាន​កត់​សម្គាល់​ថា​៖ «បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ»។—កូរិនថូសទី១ ៨:៣

១៦, ១៧​. ហេតុ​អ្វី​បាន​ជា​ជន​គ្រីស្ទាន​ទាំង​ចាស់​ទាំង​ក្មេង​អាច​មាន​មោទនភាព​ចំពោះ​កេរ​មត៌ក​ខាង​វិញ្ញាណ?

១៦ ប្អូនៗ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គួរ​ពិនិត្យ​មើល​ថា​តើ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន​កំពុង​តែ​លេច​ធ្លោ​កាន់​តែ​ច្បាស់​ដោយសារ​មាន​ទំនាក់ទំនង​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? ប្អូនៗ​មិន​អាច​ពឹងផ្អែក​លើ​ជំនឿ​របស់​មាតា​បិតា​បាន​ឡើយ។ ប៉ុល​បាន​សរសេរ​អំពី​អ្នក​បំរើ​ម្នាក់ៗ​របស់​ព្រះ​ថា​៖ «មិន​ថា​អ្នក​បំរើ​ឈរ​ឬ​ដួល​ក្ដី គាត់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ចៅហ្វាយ​របស់​ខ្លួន»។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​សរសេរ​ទៀត​ថា​៖ «យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន»។ (រ៉ូម ១៤:៤, ព.ថ.; ១៤:១២) គឺ​ឃើញ​ច្បាស់​ហើយ ការ​សុខ​ចិត្ត​ធ្វើ​តាម​សាសនា​របស់​មាតា​បិតា​ដោយ​មិន​ស្មោះ​អស់​ពី​ចិត្ត​នោះ មិន​អាច​បណ្ដាល​ឲ្យ​ប្អូនៗ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​យូរ​អង្វែង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ឡើយ។

១៧ ទូទាំង​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក នោះ​ធ្លាប់​មាន​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា​មួយ​ដំណៗ​ហែៗ។ គឺ​មាន​ស្មរបន្ទាល់​ចាប់​ពី​ប្រមាណ​៦.០០០​ឆ្នាំ​មុន​នេះ នៅ​សម័យ​បុរស​ស្មោះ​ភក្ដី​ម្នាក់​ឈ្មោះ​អេបិល រហូត​មក​ដល់​ស្មរបន្ទាល់​«១​ហ្វូង​យ៉ាង​ធំ»​នៅ​សម័យ​យើង​នេះ ហើយ​នឹង​មាន​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​យ៉ាង​ច្រើន​កុះករ​ដែល​នឹង​រស់​ជា​រៀង​រហូត​ត​ទៅ​ទៀត​ដែរ។ (វិវរណៈ ៧:៩; ហេព្រើរ ១១:៤) យើង​ជា​មនុស្ស​ថ្មីៗ​ក្នុង​ចំណោម​អ្នក​ថ្វាយ​បង្គំ​ស្មោះ​ភក្ដី​ទាំង​នោះ។ ដូច្នេះ យើង​មាន​កេរ​មត៌ក​ខាង​វិញ្ញាណ​ដ៏​វិសេស​មែន​ទែន!

១៨​. តើ​គោលការណ៍​និង​ខ្នាត​តម្រា​របស់​យើង​ញែក​យើង​ដោយ​ឡែក​ពី​លោកីយ៍​នេះ​យ៉ាង​ដូច​ម្ដេច?

១៨ អត្តសញ្ញាណ​របស់​យើង​ក៏​រួម​បញ្ចូល​គោលការណ៍ គុណសម្បត្ដិ ខ្នាត​តម្រា​និង​លក្ខណៈ​សំខាន់ៗ​ដែល​សម្គាល់​យើង​ជា​ជន​គ្រីស្ទាន។ នេះ​ជា​«ផ្លូវ» គឺ​វិថី​ជីវិត​តែ​មួយ​គត់​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​និង​មាន​ជោគជ័យ។ (កិច្ចការ ៩:២; អេភេសូរ ៤:២២​-​២៤) ជន​គ្រីស្ទាន​ទាំង​ឡាយ​អើយ! «ចូរ​លមើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ»​ចុះ! (ថែស្សាឡូនីចទី១ ៥:២១) យើង​យល់​យ៉ាង​ច្បាស់​នូវ​ភាព​ខុស​គ្នា​រវាង​សាសនា​គ្រីស្ទាន​និង​លោកីយ៍​នេះ​ដែល​ឃ្លាត​ចេញ​ពី​ព្រះ។ ព្រះ​យេហូវ៉ា​បែងចែក​ការ​ថ្វាយ​បង្គំ​ពិត​និង​ការ​ថ្វាយ​បង្គំ​មិន​ពិត​យ៉ាង​ដាច់​ពី​គ្នា។ ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​ម៉ាឡាគី​ថា​៖ «គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង»។—ម៉ាឡាគី ៣:១៨

១៩​. តើ​គ្មាន​លទ្ធភាព​សោះ​ឲ្យ​ជន​គ្រីស្ទាន​ពិត​ក្លាយ​ជា​អ្វី?

១៩ បើ​ការ​អួត​អំពី​ព្រះ​យេហូវ៉ា​ជា​ការ​ដ៏​សំខាន់​ម្ល៉េះ​ក្នុង​លោកីយ៍​ដ៏​ច្របូកច្របល់​និង​សុញសាញ​នេះ តើ​អ្វី​នឹង​ជួយ​យើង​ទទួល​ស្គាល់​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន ហើយ​រក្សា​ឲ្យ​មាន​មោទនភាព​ចំពោះ​ព្រះ​របស់​យើង​នោះ? អត្ថបទ​ជា​បន្ទាប់​មាន​យោបល់​ល្អៗ។ ពេល​ពិនិត្យ​មើល​យោបល់​ទាំង​នោះ ចូរ​ជឿ​ប្រាកដ​ថា គ្មាន​លទ្ធភាព​សោះ​ឲ្យ​ជន​គ្រីស្ទាន​ពិត​ក្លាយ​ជា​មនុស្ស​«កន្តើយ​និយម»។

[កំណត់​សម្គាល់]

a នៅ​ទី​នេះ​យើង​សំដៅ​ទៅ​លើ​អត្តសញ្ញាណ​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​របស់​យើង។ សំរាប់​អ្នក​ខ្លះ​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត អ្នក​ទាំង​នោះ​ប្រហែល​ជា​ត្រូវ​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​វិញ។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ជន​គ្រីស្ទាន​អាច‹អួត​ពី​ព្រះ​យេហូវ៉ា›ដោយ​របៀប​ណា?

• តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ម៉ូសេ​និង​អេសាភ?

• តើ​មនុស្ស​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​មាន​មោទនភាព​ចំពោះ​កិច្ចបំរើ​ព្រះ?

• តើ​ការ​អួត​ពី​អត្តសញ្ញាណ​របស់​យើង​ជា​ជន​គ្រីស្ទាន​ត្រូវ​រួម​បញ្ចូល​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​២៥]

លោក​ម៉ូសេ​មាន​អារម្មណ៍​សង្ស័យ​មួយ​រយៈ​អំពី​អត្តសញ្ញាណ​របស់​ខ្លួន

[រូបភាព​នៅ​ទំព័រ​២៦]

អ្នក​បំរើ​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​ពី​សម័យ​បុរាណ មាន​មោទនភាព​ចំពោះ​អត្តសញ្ញាណ​ដែល​សម្គាល់ ពួក​គេ​ដោយ​ឡែក​ពី​មនុស្ស​ដទៃ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក