បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១២ ទំ. ១៧-២២
  • ចូរធ្វើឲ្យជីវិតរបស់អ្នកមានជោគជ័យ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើឲ្យជីវិតរបស់អ្នកមានជោគជ័យ!
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​យើង​ត្រូវ​ការ​ក្រិត្យ​វិន័យ​របស់​ព្រះ
  • ‹ការ​កំណត់​រាប់​ថ្ងៃ​អាយុ›
  • ជៀស​វាង​ពី​ការ​ច្រណែន​មនុស្ស​ប្រព្រឹត្ត​អាក្រក់
  • ចូរ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​សេព​គប់​របស់​អ្នក!
  • ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ
  • ការ​ធ្វើ​តាម​ផ្លូវ​របស់​ព្រះ នោះ​នាំ​ឲ្យ​មាន​ជោគ​ជ័យ
  • ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • វិធីទទួលបានជោគជ័យក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ក្នុងគ្រាយុវវ័យ អ្នកអាចទទួលបានជោគជ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១២ ទំ. ១៧-២២

ចូរ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ជោគ​ជ័យ!

«មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ . . . ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។—ទំនុកដំកើង ១:១, ៣

១. (ក) តើ​ពួក​យុវជន​ជា​ច្រើន​នៅ​ក្នុង​លោកីយ៍​នេះ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​មាន​ជោគ​ជ័យ? (ខ) តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ដូច​ម្ដេច អំពី​បុគ្គល​ម្នាក់​ដែល​មាន​ជោគ​ជ័យ?

ការ​មាន​ជោគ​ជ័យ តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក? យុវបុរស​ម្នាក់​បាន​និយាយ​ថា៖ «គោល​ដៅ​ដ៏​សំខាន់​បំផុត​របស់​ខ្ញុំ គឺ​ឲ្យ​មាន​ជោគ​ជ័យ​ខាង​ជំនួញ»។ យុវនារី​ម្នាក់​បាន​និយាយ​ថា៖ «គោល​បំណង​ដ៏​សំខាន់​បំផុត​របស់​ខ្ញុំ​គឺ​ឲ្យ​មាន​គ្រួសារ​ដ៏​សប្បាយ​មួយ»។ ក៏​ប៉ុន្តែ​យុវនារី​ម្នាក់​ទៀត​និយាយ​ថា៖ «គោល​បំណង​របស់​ខ្ញុំ​គឺ​គ្រាន់​តែ​ចង់​បាន​ផ្ទះ​មួយ​ដ៏​សម​រម្យ រថយន្ត​មួយ​ដ៏​ល្អ . . . ខ្ញុំ​រក​តែ​ប្រយោជន៍​ខ្លួន​ឯង​ទេ»។ តែ​មាន​បញ្ហា​ព្រោះ​លុយ​កាក់ ក្រុម​គ្រួសារ ឬ​ក៏​អាជីព​ដែល​ឲ្យ​កំរៃ​ច្រើន នោះ​មិន​មែន​ជា​អ្វី​ដែល​បង្ហាញ​ថា​មាន​ជោគ​ជ័យ​ពិត​នោះ​ឡើយ។ នៅ​ក្នុង​ទំនុកដំកើង ១:១​-​៣ យើង​អាន​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ . . . អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ . . . ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។

២. តើ​អាច​រក​ឲ្យ​មាន​ជោគ​ជ័យ​ពិត​នៅ​ឯ​ណា ហើយ​តើ​អ្វី​ជា​ផ្លូវ​តែ​មួយ​ដែល​អាច​ទទួល​បាន​នោះ?

២ នៅ​ទី​នេះ ព្រះ​គម្ពីរ​សន្យា​ថា​មាន​អ្វី​មួយ​ដែល​គ្មាន​មនុស្ស​ណា​អាច​ផ្ដល់​ឲ្យ​បាន នោះ​គឺ​ការ​មាន​ជោគ​ជ័យ​ដ៏​ពិត! ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​មិន​មែន​និយាយ​អំពី​ជោគ​ជ័យ​ក្នុង​ការ​រក​លុយ​នោះ​ទេ។ ព្រះ​គម្ពីរ​ព្រមាន​ថា៖ «ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។ (ធីម៉ូថេ​ទី​១ ៦:១០) ការ​មាន​ជោគ​ជ័យ​ដ៏​ពិត​គឺ​មាន​មក​ពី​ការ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​រួម​បញ្ចូល​ការ​កាន់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ មាន​តែ​ធ្វើ​បែប​នេះ​ទេ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ស្កប់​ស្កល់​និង​សុភមង្គល​ដ៏​ពិត! ប្រហែល​ជា​គំនិត​ដែល​ថា ខ្លួន​នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ហើយ​ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ៗ នោះ​មិន​មែន​ជា​អ្វី​ដែល​ទាក់​ទាញ​ចិត្ត​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ អ្នក​នោះ​មាន​សុភមង្គល​ហើយ»។ (ម៉ាថាយ ៥:៣, ព.ថ.) ទោះ​ជា​អ្នក​ដឹង​ឬ​ក៏​អត់ នោះ​អ្នក​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ គឺ​ជា​សេចក្ដី​ត្រូវ​ការ​យ៉ាង​ដិត​ជាប់​ជ្រៅ​ឲ្យ​ស្គាល់​ព្រះ ហើយ​ឲ្យ​យល់​អំពី​គោល​បំណង​របស់​ទ្រង់។ ដូច្នេះ អ្នក​អាច​ពិសោធន៍​នូវ​សុភមង្គល​ពិត​បាន ដោយ​អ្នក​បំពេញ​នូវ​តម្រូវ​ការ​ទាំង​នោះ ហើយ​កាន់​តាម«ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។

មូលហេតុ​ដែល​យើង​ត្រូវ​ការ​ក្រិត្យ​វិន័យ​របស់​ព្រះ

៣. ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចិត្ត​សប្បាយ​ឲ្យ​ព្រះ​យេហូវ៉ា‹ដំរង់​ជំហាន​របស់​យើង›?

៣ ព្យាការី​យេរេមា​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ (យេរេមា ១០:២៣) នេះ​គឺ​ពិត​ចំពោះ​មនុស្ស​ទាំង​អស់ ទាំង​ក្មេង​និង​ចាស់។ យើង​មិន​គ្រាន់​តែ​ខ្វះ​ប្រាជ្ញា បទ​ពិសោធន៍ និង​ចំណេះ​ដើម្បី​ដំរង់​ជំហាន​របស់​យើង​ទេ តែ​យើង​គ្មាន​សិទ្ធិ​នឹង​ធ្វើ​បាន​ឡើយ។ នៅ​វិវរណៈ ៤:១១ ព្រះ​គម្ពីរ​ចែង​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិតិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។ ជា​ព្រះ​ដ៏​ជា​អ្នក​បង្កើត​យើង នោះ​ព្រះ​យេហូវ៉ា​ជា«ប្រភព​នៃ​ជីវិត»។ (ទំនុកដំកើង ៣៦:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) អ៊ីចឹង​ហើយ ទ្រង់​ជ្រាប​ល្អ​ប្រសើរ​ជាង​អ្នក​ណា​ទៀត​នូវ​របៀប​ដែល​យើង​គួរ​តែ​ប្រើ​ជីវិត​របស់​យើង។ ដូច្នេះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​ក្រិត្យ​វិន័យ មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​យើង​លែង​មាន​ការ​សប្បាយ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ជួយ​យើងឲ្យ​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (អេសាយ ៤៨:១៧) បើ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​អ្នក​នឹង​ទទួល​បរាជ័យ​ជា​ពុំ​ខាន។

៤. ហេតុ​អ្វី​ក៏​យុវជន​ជា​ច្រើន​ម្ល៉េះ​បាន​ត្រូវ​បង្ខូច​ជីវិត​របស់​គេ​នោះ?

៤ ជា​ឧទាហរណ៍ តើ​អ្នក​ដែល​ឆ្ងល់​នូវ​មូលហេតុ​ដែល​មនុស្ស​ក្មេង​ៗ​ជា​ច្រើន បង្ខូច​ជីវិត​របស់​គេ​ដោយ​ប្រើ​គ្រឿង​ញៀន ការ​សេពកាម​ដោយ​មិន​រើស​មុខ និង​អំពើ​អបាយមុខ​ឯ​ទៀត​ឬ​ទេ? ទំនុកដំកើង ៣៦:១, ២ ពន្យល់​ថា៖ «ការ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ នោះ​សំដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ភ្នែក​គេ​គ្មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​ទេ ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច​បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​មិន​ដែល​មាន​អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ»។ ពី​ព្រោះ​ពួក​គេ​គ្មាន«សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ»ដ៏​ត្រឹម​ត្រូវ នោះ​យុវជន​ជា​ច្រើន​បោក​បញ្ឆោត​ខ្លួន​ឲ្យ​ជឿ​ថា គឺ​គ្មាន​កម្មផល​នឹង​មារយាទ​ដ៏​ប្រថុយ​នោះ​ឡើយ។ ក៏​ប៉ុន្តែ​ជា​យថាហេតុ នោះ​ពួក​គេ​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​គោល​ការណ៍​ដែល​មិន​ចេះ​ប្រែ​ប្រួល​នេះ ដែល​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជា​និច្ច ពី​ព្រះ​វិញ្ញាណ​វិញ»។—កាឡាទី ៦:៧, ៨

‹ការ​កំណត់​រាប់​ថ្ងៃ​អាយុ›

៥, ៦. (ក) ហេតុ​អ្វី​ក៏​ពួក​យុវជន​គួរ​តែ‹កំណត់​រាប់​ថ្ងៃ​អាយុ​របស់​គេ› ហើយ​តើ​ការ​ធ្វើ​ដូច​នេះ​មាន​ន័យ​យ៉ាង​ណា? (ខ) តើ‹ការ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន› មាន​ន័យ​យ៉ាង​ណា?

៥ តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា ជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ ហើយ«ច្រូត​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»? ម៉ូសេ​បាន​សរសេរ​ថា៖ «កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ . . . ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់»។ (ទំនុកដំកើង ៩០:១០) អ្នក​ប្រហែល​ជា​កម្រ​គិត​ណាស់​អំពី​សេចក្ដី​ស្លាប់។ តាម​ការ​ពិត យុវជន​ជា​ច្រើន​កាន់​មារយាទ​ហាក់​ដូច​ជា​គ្មាន​អ្វី​អាច​បំផ្លាញ​គេ​បាន។ ក៏​ប៉ុន្តែ​ម៉ូសេ​នាំ​ឲ្យ​យើង​ទទួល​ស្គាល់​នូវ​ហេតុ​ការណ៍​ពិត​ដែល​នាំ​ឲ្យ​ឈឺ​ចាប់ ដែល​ថា​ជីវិត​គឺ​ខ្លី។ គឺ​មិន​ទាំង​មាន​ការ​ធានា​រ៉ាប់​រង​ដល់​យើង​ថា​នឹង​រស់​នៅ​បាន​គ្រប់​៧០​ឬ​៨០​ឆ្នាំ​នោះ​ផង។ «គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន» ក៏​អាច​សម្លាប់​អស់​អ្នក​ដែល​មាន​វ័យ​ក្មេង​ហើយ​មាន​សុខភាព​ល្អ​ផង។ (សាស្ដា ៩:១១, ព.ថ.) បើ​អ៊ីចឹង តើ​អ្នក​នឹង​ប្រើ​ជីវិត​ដ៏​មាន​តម្លៃ​ដែល​អ្នក​មាន​ឥឡូវ​នេះ តាម​របៀប​ណា? ម៉ូសេ​បាន​អធិស្ឋាន​ថា៖ «ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី​ឃ្មាត ឲ្យ​បាន​សតិបញ្ញា»។—ទំនុកដំកើង ៩០:១២

៦ តើ​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​កំណត់​រាប់​ថ្ងៃ​អាយុ​របស់​អ្នក? នេះ​គឺ​មិន​មាន​សេចក្ដី​ថា អ្នក​គួរ​តែ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ថា​អ្នក​នឹង​រស់​នៅ​បាន​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។ ម៉ូសេ​បាន​អធិស្ឋាន​ឲ្យ​ព្រះ​យេហូវ៉ា​បង្រៀន​រាស្ត្រ​ទ្រង់ ឲ្យ​ចេះ​ប្រើ​ថ្ងៃ​អាយុ​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់ តាម​របៀប​ដែល​នាំ​ឲ្យ​មាន​កិត្ដិយស​ដល់​ទ្រង់។ តើ​អ្នក​កំពុង​តែ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​ជីវិត​របស់​អ្នក ដោយ​ចាត់​ទុក​ថា​ថ្ងៃ​និមួយ​ៗ​ជា​អ្វី​ដ៏​មាន​តម្លៃ ដើម្បី​ប្រើ​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ​ឬ​ទេ? ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​យុវជន​ដូច​ត​ទៅ​នេះ​ថា៖ «ចូរ​កាត់​សេចក្ដី​ក្នាញ់​ក្ដៅ​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្ដេញ​សេចក្ដី​អាក្រក់​ឲ្យ​ឆ្ងាយ​ពី​សាច់​ឈាម​ឯង​ផង ដ្បិត​គ្រា​នៅ​កំឡោះ ហើយ​វ័យ​ក្មេង​រមែង​ជា​ឥត​ប្រយោជន៍​ទទេ។ ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»។ (សាស្ដា ១១:១០–១២:១) ការ​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង មាន​ន័យ​ច្រើន​ជាង មិន​មែន​គ្រាន់​តែ​កុំ​ឲ្យ​ភ្លេច​ថា​មាន​ទ្រង់​នោះ​ទេ។ នៅ​ពេល​ដែល​ឧក្រិដ្ឋ​ជន​ម្នាក់​បាន​អង្វរ​ព្រះ​យេស៊ូ ដោយ​ថា«កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង» នោះ​គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​ច្រើន​ទៀត មិន​គ្រាន់​តែ​នឹក​ចាំ​ពី​ឈ្មោះ​របស់​គាត់​នោះ​ទេ។ គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ចាត់​វិធានការ ដើម្បី​ប្រោស​ឲ្យ​គាត់​បាន​រស់​ឡើង​វិញ! (លូកា ២៣:៤២; ប្រៀប​មើល លោកុប្បត្តិ ៤០:១៤, ២៣; យ៉ូប ១៤:១៣) តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ ឲ្យ​នឹក​ចាំ​ព្រះ​យេហូវ៉ា នោះ​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត គឺ​ការ​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។ តើ​អាច​និយាយ​បាន​ថា អ្នក​កំពុង​តែ​នឹក​ចាំ​ព្រះ​យេហូវ៉ា​ឬ​ទេ?

ជៀស​វាង​ពី​ការ​ច្រណែន​មនុស្ស​ប្រព្រឹត្ត​អាក្រក់

៧. ហេតុ​អ្វី​ក៏​ពួក​យុវជន​ខ្លះ​សម្រេច​ចិត្ត​បំភ្លេច​ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​គេ? ចូរ​ឲ្យ​ឧទាហរណ៍​មួយ។

៧ ពួក​យុវជន​ជា​ច្រើន​សម្រេច​ចិត្ត​បំភ្លេច​ព្រះ​យេហូវ៉ា ពី​ព្រោះ​ពួក​គេ​គិត​ថា ជា​ស្មរបន្ទាល់​នោះ​គឺ​តឹង​រឹង​ណាស់។ បង​ប្រុស​ម្នាក់​ពី​ប្រទេស​អេស្ប៉ាញ នឹក​ចាំ​នូវ​អារម្មណ៍​របស់​គាត់​ពេល​ជា​ក្មេង​ជំទង់​ម្នាក់​ថា៖ «ខ្ញុំ​បាន​ត្រូវ​ទាក់​ទាញ​ចិត្ត​ទៅ​ខាង​លោកីយ៍ ពី​ព្រោះ​សេចក្ដី​ពិត​ហាក់​ដូច​ជា​ពិបាក​ហើយ​តឹង។ នេះ​គឺ​តម្រូវ​ឲ្យ​អង្គុយ សិក្សា ទៅ​កិច្ច​ប្រជុំ ពាក់​ក្រ​វ៉ាត់​ក ហើយ​របស់​ទាំង​នោះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​នោះ​ទេ»។ តើ​នៅ​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ខ្វះ​អ្វី​មួយ ពី​ព្រោះ​អ្នក​បំរើ​ព្រះ​ឬ​ទេ? នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល ដោយ​ដឹង​ថា​បុគ្គល​រួម​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​ពិសោធន៍​នូវ​អារម្មណ៍​នេះ។ សូម​បើក​ព្រះ​គម្ពីរ​របស់​អ្នក ហើយ​អាន​ទំនុកដំកើង ៧៣។

៨. ហេតុ​អ្វី​ក៏​លោក​អេសាភ«មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត»?

៨ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ទំនុកដំកើង​នេះ​ឲ្យ​បាន​ល្អិត​ល្អន់​ខ្លះ​ទៀត។ នៅ​ខ​២​និង​៣ នោះ​ចែង​ថា៖ «តែ​ឯ​ជើង​ទូល​បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូល​បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ។ ដ្បិត​ទូល​បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើន​របស់​មនុស្ស​អាក្រក់​នោះ»។ យោង​ទៅ​តាម​សេចក្ដី​មុន​ទំនុក​និមួយ​ៗ ទំនុកដំកើង នេះ​បាន​ត្រូវ​សរសេរ​ដោយ​លោក​អេសាភ។ គាត់​ជា​អ្នក​លេង​ភ្លេង​ដែល​ជា​ពួក​លេវី​ម្នាក់ ហើយ​ក៏​រស់​នៅ​ជំនាន់​ស្តេច​ដាវីឌ​ដែរ។ (របាក្សត្រ​ទី​១ ២៥:១, ២; របាក្សត្រ​ទី​២ ២៩:៣០) ទោះ​ជា​គាត់​មាន​ឯកសិទ្ធិ​ដ៏​ល្អ​នៃ​ការ​បំរើ​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​ក៏​ដោយ គាត់«មាន​សេចក្ដី​ច្រណែន»ចំពោះ​ពួក​មនុស្ស​ដែល​បាន​អួត​អំពី​ការ​គ្មាន​ច្បាប់​ទម្លាប់​របស់​គេ។ ស្ថានការណ៍​ហាក់​ដូច​ជា​បាន​ល្អ​សំរាប់​ពួក​គេ តាម​មើល​ទៅ ពួក​គេ​មាន​សន្ដិភាព​និង​សុវត្ថិភាព។ តាម​ការ​ពិត ដែល​គេ​ហាក់​ដូច​ជា​មាន​ជោគ​ជ័យ នោះ«មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត»។ (ខ​៥, ៧) ពួក​គេ​តែង​តែ​និយាយ​អំពី​ការ​ដែល​គេ​ធ្វើ «ដោយ​ពាក្យ​ធំ​ខ្ពស់» នោះ​គឺ​ថា​តាម​របៀប​ក្រអឺត​ក្រទម។ (ខ​៨) «គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន​សួគ៌ ហើយ​អណ្ដាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី» ដោយ​ឥត​មាន​ការ​គោរព​ចំពោះ​អ្នក​ណា​ឡើយ មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​លើ​ផែនដី​នេះ។—ខ​៩

៩. តើ​តាម​របៀប​ណា​ដែល​ពួក​យុវជន​គ្រីស្ទាន​ខ្លះ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​មាន​អារម្មណ៍​ដូច​លោក​អេសាភ​នោះ?

៩ ប្រហែល​ជា​អាច​និយាយ​បែប​នេះ​អំពី​ពួក​ម៉ាក​របស់​អ្នក​នៅ​ឯ​សាលា​រៀន​ដែរ។ អ្នក​ប្រហែល​ជា​ឮ​គេ​និយាយ​អួត​ដោយ​ឥត​អាម៉ាស់​មុខ​អំពី​ការ​គេច​វេះ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ ការ​ជប់​លៀង​ដ៏​អ៊ូអរ​របស់​គេ និង​ការ​បណ្ដោយ​ខ្លួន​ក្នុង​ការ​ប្រើ​ស្រា​និង​គ្រឿង​ញៀន។ នៅ​ពេល​ដែល​អ្នក​ប្រៀប​ធៀប​ជីវិត​របស់​គេ​ដែល​អួត​ថា​ជា​ការ​សប្បាយ ជា​មួយ​នឹង​ផ្លូវ​ដ៏​ចង្អៀត​ដែល​អ្នក​ត្រូវ​តែ​ដើរ​ជា​គ្រីស្ទាន​ម្នាក់ នោះ​នៅ​ពេល​ខ្លះ​អ្នក​ប្រហែល​ជា«មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត»។ (ម៉ាថាយ ៧:១៣, ១៤) លោក​អេសាភ​បាន​ធ្លាក់​ខ្លួន​ដល់​កំរិត​ដែល​គាត់​បាន​លាន់​មាត់​ថា៖ «យ៉ាង​នោះ ការ​ដែល​ទូល​បង្គំ​បាន​ជំ​រះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅហ្មង នោះ​ឥត​ប្រយោជន៍​ទទេ ដ្បិត​ទូល​បង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ​ផ្ចាល​រាល់​តែ​ព្រឹក​ជា​និច្ច»។ (ខ​១៣, ១៤) ត្រូវ​ហើយ គាត់​បាន​ចាប់​ផ្ដើម​សង្ស័យ​នូវ​តម្លៃ​នៃ​ការ​បំរើ​ព្រះ និង​ការ​ប្រកប​ជីវិត​ដ៏​ទៀង​ត្រង់​នោះ។

១០, ១១. (ក) តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​លោក​អេសាភ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត? (ខ) តើ​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់«ឈរ​នៅ​កន្លែង​ដ៏​រឥល»យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍​មួយ។

១០ ជា​ភ័ព្វ​ល្អ លោក​អេសាភ​មិន​បាន​នៅ​ក្នុង​សភាព​នៃ​ដំណើរ​ធ្លាក់​ទឹក​ចិត្ត​យូរ​នោះ​ទេ។ គាត់​បាន​ដឹង​យ៉ាង​លឿន​ថា សន្ដិភាព​ដែល​ពួក​អាក្រក់​អួត​ថា​មាន​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ ហើយ​មាន​តែ​សន្ដិភាព​ជា​បណ្ដោះ​អាសន្ន​ទេ! គាត់​បាន​លាន់​មាត់​ថា៖ «ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល ទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន​វិនាស យីអើ គេ​ត្រូវ​អន្តរធាន​ទៅ​ជា​ឆាប់​អី​ម្ល៉េះ គេ​ត្រូវ​សាប​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច»! (ខ​១៨, ១៩) ពួក​ម៉ាក​របស់​អ្នក​ជា​ច្រើន​ក៏«ឈរ​នៅ​កន្លែង​រឥល»ដែរ។ មិន​យូរ​មិន​ឆាប់ នោះមារយាទ​ដ៏​ឥត​គោរព​ព្រះ​នឹង​តាម​ទាន់​គេ ដោយ​មាន​លទ្ធផល​ដែល​ប្រហែល​ជា​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន កាមរោគ ព្រម​ទាំង​ការ​ជាប់​គុក​ឬ​សេចក្ដី​ស្លាប់​ផង! អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត ពួក​គេ​នឹង​មាន​ការ​បែក​ខ្ញែក​ពី​ព្រះ។—យ៉ាកុប ៤:៤

១១ ស្មរបន្ទាល់​ក្មេង​ម្នាក់​ពី​ប្រទេស​អេស្ប៉ាញ​បាន​សង្កេត​ឃើញ​នូវ​ហេតុ​ការណ៍​នេះ​ផ្ទាល់​ខ្លួន។ ជា​ក្មេង​ម្នាក់ នាង​បាន​ប្រកប​ជីវិត​មុខ​ពីរ ដោយ​បាន​ទាក់​ទង​យ៉ាង​ខ្លាំង​ជា​មួយ​ពួក​យុវជន​មួយ​ក្រុម ដែល​ឥត​គោរព​ព្រះ។ មិន​យូរ​ប៉ុន្មាន នាង​ក៏​បាន​ជាប់​ចិត្ត​នឹង​គេ​ម្នាក់​គឺ​ជា​អ្នក​ងប់​នឹង​គ្រឿង​ញៀន។ ទោះ​ជា​នាង​បាន​ជៀស​វាង​ពី​ការ​ប្រើ​គ្រឿង​ញៀន​ក៏​ដោយ នាង​ក៏​បាន​ទិញ​របស់​នោះ​ឲ្យ​គាត់​វិញ។ នាង​សារភាព​ថា៖ «ខ្ញុំ​ព្រម​ទាំង​បាន​ជួយ​ចាក់​ថ្នាំ​ឲ្យ​គាត់​ផង»។ ជា​ភ័ព្វ​ល្អ បង​ស្រី​នេះ​បាន​ដឹង​ខ្លួន ហើយ​បាន​ត្រូវ​ស្ដារ​ឲ្យ​មាន​សុខភាព​ខាង​វិញ្ញាណ​ឡើង​វិញ។ ក៏​ប៉ុន្តែ​នាង​បាន​រន្ធត់​ណាស់​ដោយ​ដឹង​ថា ក្រោយ​មក នោះ​សង្សារ​របស់​នាង​ដែល​ប្រើ​គ្រឿង​ញៀន​នេះ​បាន​ស្លាប់​ដោយ​រោគ​អេដស៍។ ត្រូវ​ហើយ គឺ​ពិត​ជា​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ថ្លែង​ថា ពួក​ឥត​គោរព​ព្រះ នោះ«ឈរ​នៅ​កន្លែង​រឥល»មែន។ អ្នក​ខ្លះ​ប្រហែល​ជា​ស្លាប់​មុន​ពេល​ដែល​បាន​នឹក​ស្មាន ដោយ​ព្រោះ​របៀប​រស់​នៅ​យ៉ាង​អាវ៉ាសែ។ រីឯ​ពួក​អ្នក​ឯ​ទៀត លុះ​ត្រា​តែ​គេ​ផ្លាស់​ប្ដូរ​ផ្លូវ​របស់​គេ នោះ​នៅ​នា​អនាគត​នេះ គេ​នឹង​ប្រឈម​មុខ«ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។—ថែស្សាឡូនីច​ទី​២ ១:៧, ៨

១២. តើ​តាម​របៀប​ណា​ដែល​យុវជន​ម្នាក់​នៅ​ប្រទេស​ជប៉ុន បាន​ឃើញ​នូវ​កំហុស​នៃ​ការ​ច្រណែន​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់?

១២ ដូច្នេះ គឺ​ជា​ការ​ល្ងី​ល្ងើ​ទេ ក្នុង​ការ​ច្រណែន«ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ»! តាម​ការ​ពិត គឺ​ជា​ពួក​អ្នក​ដែល​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍ ដែល​យើង​ត្រូវ​ច្រណែន​វិញ។ ប្អូន​ប្រុស​ម្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​ដឹង​អំពី​រឿង​នេះ។ ជា​យុវជន​ម្នាក់ គាត់​ក៏«ចង់​បាន​សេរី​ភាព​ច្រើន​ជាង»ដែរ។ គាត់​ពន្យល់​ថា៖ «ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ខាន​ទទួល​អ្វី​មួយ។ រួច​មក ខ្ញុំ​បាន​ដឹង​ខ្លួន​ថា​ជីវិត​ខ្ញុំ​នឹង​បាន​ជា​យ៉ាង​ណា បើ​ឥត​មាន​សេចក្ដី​ពិត។ ខ្ញុំ​អាច​ឃើញ​ខ្លួន​ខ្ញុំ​រស់​នៅ​បាន​៧០​ឬ​៨០​ឆ្នាំ ហើយ​រួច​មក​ក៏​ស្លាប់​ទៅ។ ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច! ដោយ​ដឹង​អំពី​រឿង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​អបអរ​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ហើយ»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រក្សា​ចិត្ត​ស្មោះ​ត្រង់ នៅ​ពេល​មាន​មនុស្ស​ជុំ​វិញ​ដែល​ឥត​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ គឺ​មិន​ស្រួល​នោះ​ទេ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ត​ទល់​នឹង​ការ​បង្ខិត​បង្ខំ​នេះ?

ចូរ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​សេព​គប់​របស់​អ្នក!

១៣, ១៤. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ក្នុង​ការ​ជ្រើស​រើស​នូវ​ការ​សេព​គប់​នោះ?

១៣ សូម​ឲ្យ​យើង​មើល​ម្ដង​ទៀត​នូវ​ការ​រៀប​រាប់​អំពី​បុរស​ដែល​មាន​ជោគ​ជ័យ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ទំនុកដំកើង ១:១​-​៣ គឺ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប ឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើល​ងាយ អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។

១៤ ចូរ​កត់​សម្គាល់​មុន​ដំបូង​ថា ការ​សេព​គប់​របស់​អ្នក​គឺ​មាន​ផ្នែក​ដ៏​ធំ​មួយ។ សុភាសិត ១៣:២០ ចែង​ថា៖ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។ នេះ​មិន​មាន​សេចក្ដី​ថា​យើង​ធ្វើ​ជា​សោះ​កក្រោះ មិន​រាក់​ទាក់ ឬ​ទ្រ​គោះ​ដល់​ពួក​យុវជន ដែល​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ​ទេ។ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ហើយ​ឲ្យ«នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់»។ (រ៉ូម ១២:១៨; ម៉ាថាយ ២២:៣៩) ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​ចូល​រួម​យ៉ាង​ជិត​ដិត​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ឥត​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​គម្ពីរ នោះ​អ្នក​នឹង​ប្រហែល​ជា«ដើរ​តាម​ដំបូន្មាន»របស់​គេ​ដែរ។

ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ

១៥. តើ​តាម​របៀប​ណា​ដែល​ពួក​យុវជន​អាច​បណ្ដុះ​ឲ្យ​មាន​ការ​សង្វាត​សំរាប់​ការ​អាន​ព្រះ​គម្ពីរ?

១៥ អ្នក​តែង​បទ​ទំនុកដំកើង​ក៏​បាន​សង្កេត​ឃើញ​ថា បុរស​ដែល​មាន​ជោគ​ជ័យ​គឺ​ត្រេក​អរ​នឹង​ការ​អាន​ក្រិត្យ​វិន័យ​របស់​ព្រះ ដោយ«រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ (ទំនុកដំកើង ១:១, ២) ពិត​មែន ព្រះ​គម្ពីរ​មិន​ជា​ស្រួល​អាន​នោះ​ទេ ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ«មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់»។ (ពេត្រុស​ទី​២ ៣:១៦) ប៉ុន្តែ ការ​អាន​ព្រះ​គម្ពីរ​មិន​ចាំ​បាច់​ជា​ការងារ​ដ៏​ធុញ​ទ្រាន់​នោះ​ទេ។ គឺ​អាច«សង្វាត​រក​ទឹក​ដោះ​សុទ្ធ»ពី​បន្ទូល​របស់​ព្រះ។ (ពេត្រុស​ទី​១ ២:២) សូម​សាក​អាន​ព្រះ​គម្ពីរ​តែ​បន្ដិច​បន្តួច​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​មាន​ចំណុច​ណា​ដែល​អ្នក​មិន​យល់ ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ។ ក្រោយ​មក គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន។ (ទំនុកដំកើង ៧៧:១១, ១២) ប្រសិន​បើ​អ្នក​មាន​បញ្ហា​ខាង​ពិបាក​ប្រឹង​ស្មារតី នោះ​សាក​អាន​ឲ្យ​ឮ​ៗ ទាំង«រំពឹង​គិត»។ នៅ​ពេល​ក្រោយ​មក សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ គឺ​ប្រាកដ​ជា​នឹង​រីក​ចំរើន។ ប្អូន​ស្រី​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​នឹក​ចាំ​ថា៖ «ពី​មុន​គឺ​តែង​តែ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​នៅ​ឆ្ងាយ​ពី​ខ្ញុំ។ ក៏​ប៉ុន្តែ​អស់​ប៉ុន្មាន​ខែ​មក​ហើយ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​អាន​ព្រះ​គម្ពីរ។ ឥឡូវ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​មាន​ខ្លាំង​ឡើង។ ចំពោះ​ខ្ញុំ ទ្រង់​ជា​បុគ្គល​ដ៏​ពិត​កាន់​តែ​ខ្លាំង​ឡើង»។

១៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ទៀត​ពី​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ?

១៦ ការ​ទៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ក៏​ជា​ការ​សំខាន់​ចំពោះ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​អ្នក​ដែរ។ ប្រសិន​បើ​អ្នក«ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា» នោះ​អ្នក​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​ទៀត។ (លូកា ៨:១៨) នៅ​ពេល​ខ្លះ តើ​អ្នក​មាន​អារម្មណ៍​ថា កិច្ច​ប្រជុំ​គឺ​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ឬ? បើ​អ៊ីចឹង សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កិច្ច​ប្រជុំ​បាន​ចាប់​អារម្មណ៍​នោះ? តើ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? តើ​ខ្ញុំ​រៀបចំ​ជា​មុន​ឬ​ទេ? តើ​ខ្ញុំ​ឆ្លើយ​នៅ​ប្រជុំ​ឬ​ទេ›? ដ្បិត​ព្រះ​គម្ពីរ​ប្រាប់​យើង​ឲ្យ«ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង . . . ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា»។ (ហេព្រើរ ១០:២៤, ២៥) ដើម្បី​ធ្វើ​ដូច​នេះ​បាន នោះ​អ្នក​ត្រូវ​តែ​ចូល​រួម! ប្រាកដ​ហើយ ដើម្បី​ចូល​រួម​អ្នក​ត្រូវ​សិក្សា​ទុក​ជា​មុន។ ប្អូន​ស្រី​ម្នាក់​សារភាព​ថា៖ «គឺ​ពិត​ជា​ស្រួល​ជាង​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ពេល​អ្នក​រៀបចំ​ទុក​ជា​មុន​នោះ»។

ការ​ធ្វើ​តាម​ផ្លូវ​របស់​ព្រះ នោះ​នាំ​ឲ្យ​មាន​ជោគ​ជ័យ

១៧. តើ​អ្នក​អាន​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​អាច​ប្រៀប​បាន​នឹង«ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក»ដោយ​របៀប​ណា?

១៧ អ្នក​តែង​បទ​ទំនុកដំកើង​រៀប​រាប់​ថែម​ទៀត​ថា បុរស​ដែល​មាន​ជោគ​ជ័យ គឺ«ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក»។ ផ្លូវ​ទឹក​ប្រហែល​ជា​បាន​សំដៅ​ទៅ​មាត់​ទឹក ដែល​បាន​ត្រូវ​ប្រើ​សំរាប់​ស្រោច​ចំការ​ឈើ​ផ្លែ។ (អេសាយ ៤៤:៤) ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ គឺ​ហាក់​ដូច​ជា​ជាប់​នឹង​ប្រភព​ដែល​មិន​ចេះ​អស់ នៃ​ការ​ទ្រ​ទ្រង់​និង​ការ​ត្រជាក់​ត្រ​ជុំ។ (យេរេមា ១៧:៨) នោះ​អ្នក​នឹង​ទទួល​រៀង​រាល់​ថ្ងៃ​នូវ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង​និង​សេចក្ដី​ទុក្ខ​លំបាក។ ដោយ​បាន​រៀន​ដឹង​អំពី​របៀប​គិត​របស់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​មាន​ប្រាជ្ញា​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា។

១៨. តើ​អ្វី​នឹង​អាច​ធានា​រ៉ាប់​រង​នូវ​ការ​មាន​ជោគ​ជ័យ​របស់​បុគ្គល​ក្មេង​ម្នាក់​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា?

១៨ នៅ​ពេល​ខ្លះ ការ​បំរើ​ព្រះ​យេហូវ៉ា​ប្រហែល​ហាក់​ដូច​ជា​ពិបាក។ ក៏​ប៉ុន្តែ កុំ​មាន​អារម្មណ៍​ថា ជា​ការ​ពិបាក​ហួស​ហេតុ​នោះ​ទេ។ (ចោទិយកថា ៣០:១១) ព្រះ​គម្ពីរ​សន្យា​ឲ្យ​អ្នក​ថា នៅ​ទី​បំផុត‹ការ​អ្វី​ដែល​អ្នក​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់› ឲ្យ​តែ​គោល​បំណង​ដ៏​ធំ​របស់​អ្នក នោះ​គឺ​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​បាន​រីករាយ​នោះ! (សុភាសិត ២៧:១១) ហើយ​ចូរ​ចាំ​ថា អ្នក​មិន​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​គាំទ្រ​អ្នក។ (ម៉ាថាយ ២៨:២០; ហេព្រើរ ១៣:៥) ទ្រង់​ជ្រាប​នូវ​ការ​បង្ខិត​បង្ខំ​ដែល​អ្នក​ប្រឈម​មុខ ហើយ​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​អ្នក​ទេ។ (ទំនុកដំកើង ៥៥:២២) ហើយ​អ្នក​ក៏​មាន«បង​ប្អូន​រួម​ជំនឿ»នឹង​គាំទ្រ​អ្នក ព្រម​ទាំង​ឪពុក​ម្ដាយ​របស់​អ្នក ប្រសិន​បើ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​ដែរ។ (ពេត្រុស​ទី​១ ២:១៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដោយ​មាន​ការ​គាំទ្រ​បែប​នេះ ថែម​ទាំង​ការ​ប្ដេជ្ញា​និង​ការ​ខំ​ប្រឹង​របស់​អ្នក នោះ​អ្នក​អាច​មាន​ជីវិត​ដែល​មាន​ជោគ​ជ័យ មិន​គ្រាន់​តែ​ឥឡូវ​នេះ ក៏​ប៉ុន្តែ​ទៅ​មុខ​ជា​អនន្ត​នោះ​ដែរ។

សំនួរ​សំរាប់​ពិនិត្យ​មើល​ឡើង​វិញ

◻ តើ​អ្វី​ទៅ​ជា​ការ​មាន​ជោគ​ជ័យ​ពិត​នោះ?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការ​ព្រះ​យេហូវ៉ា​ឲ្យ​ដំរង់​ជំហាន​របស់​យើង?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​យុវជន​អាច‹កំណត់​រាប់​ថ្ងៃ​អាយុ​របស់​គេ›?

◻ ហេតុ​អ្វី​ក៏​ជា​ការ​ល្ងី​ល្ងើ​ក្នុង​ការ​ច្រណែន​ពួក​អ្នក​ធ្វើ​អាក្រក់?

◻ តើ​ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ​និង​ការ​ទៅ​ប្រជុំ​ជា​រឿយ​ៗ អាច​ជួយ​ពួក​យុវជន​ឲ្យ​មាន​ជីវិត​ដែល​មាន​ជោគ​ជ័យ​យ៉ាង​ដូច​ម្ដេច?

[រូប​ភាព​នៅ​ទំព័រ​១៨]

ចូរ​រៀន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​នូវ​ការ​អាន​ព្រះ​គម្ពីរ

[រូប​ភាព​នៅ​ទំព័រ​១៨]

អ្នក​នឹង​សប្បាយ​នឹង​កិច្ច​ប្រជុំ​ច្រើន​ជាង ប្រសិន​បើ​អ្នក​ចូល​រួម​នោះ

[រូប​ភាព​នៅ​ទំព័រ​២០]

ពួក​យុវជន​ច្រើន​តែ​ភ្លេច​ថា​មាន​កម្មផល​ពី​ការ​ប្រព្រឹត្ត​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក