បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៧ ទំ. ២២-២៧
  • ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ការ​ពារ​ពី«មារ​កំណាច»
  • «ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ!»
  • ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន​គ្រប់​គ្នា!
  • ពរ​ដ៏​វិសេស​នៅ​សព្វ​ថ្ងៃ​នេះ
  • ចូរ​បំរើ«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ»
  • អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើយើងធ្វើឲ្យព្រះពេញចិត្តយ៉ាងដូចម្ដេច?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៧ ទំ. ២២-២៧

ប្អូន​ៗ​យុវវ័យ​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ

អត្ថបទ​សិក្សា​ទាំង​នេះ​បាន​រៀបចំ​ជា​ពិសេស​សំរាប់​យុវវ័យ​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ យើង​សូម​លើក​ទឹក​ចិត្ត​ប្អូន​ៗ​យុវវ័យ​ឲ្យ​សិក្សា​ពត៌មាន​នេះ​ឲ្យ​បាន​ដិត​ដល់​និង​លើក​ដៃ​ឆ្លើយ​ឲ្យ​បាន​ច្រើន​ពេល​ពិគ្រោះ​អត្ថបទ​សិក្សា​នេះ​នៅ​ប្រជុំ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ក្នុង​ក្រុម​ជំនុំ។

«កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ! ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស ដែល​ដៀល​តិះ​ដល់​អញ»។—សុភាសិត ២៧:១១

១, ២. (ក) តើ​ការ​គ្រាន់​តែ​ចូល​ចិត្ត​របស់​ក្នុង​លោកីយ៍​នេះ បាន​សេចក្ដី​ថា​ប្អូន​មិន​សម​ជា​គ្រីស្ទាន​នោះ​ឬ? សូម​ពន្យល់។ (រ៉ូម ៧:២១) (ខ) តើ​ប្អូន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​អេសាភ? (សូម​មើល​ប្រអប់​នៅ​ទំព័រ ២៣)។

សូម​គិត​ថា​ប្អូន​ទៅ​ផ្សារ​រក​ទិញ​សំលៀក​បំពាក់។ ពេល​ប្អូន​មើល​ត្រួស​ៗ ប្អូន​ឃើញ​សំលៀក​បំពាក់​មួយ​ដែល​ធ្វើ​ឲ្យ​ប្អូន​ត្រូវ​ចិត្ត​ចង់​បាន​ភ្លាម។ ពណ៌​និង​ម៉ូត​សំលៀក​បំពាក់​នេះ​ទំនង​ជា​សម​សំរាប់​ប្អូន ផ្លាក​តំលៃ​ក៏​បញ្ជាក់​ថា​សំលៀក​បំពាក់​នេះ​គឺ​ពិត​ជា​ថោក​មែន។ ប៉ុន្តែ​ក្រោយ​មក ប្អូន​យក​សំលៀក​បំពាក់​នេះ​មក​មើល​ឲ្យ​បាន​ដិត​ដល់។ ប្អូន​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ណាស់ ពេល​ឃើញ​តាម​ជាយ​កំណាត់​នោះ​ឡើង​ដាច ហើយ​ថ្នេរ​ដេរ​ក៏​អន់​ទៀត។ សំលៀក​បំពាក់​នេះ​ត្រូវ​បាន​កាត់​ដេរ​មិន​ល្អ​ទេ ទោះ​ជា​មើល​ទៅ​គួរ​ឲ្យ​ចង់​បាន​ក៏​ដោយ។ តើ​ប្អូន​នឹង​ចំណាយ​លុយ​លើ​របស់​អន់​បែប​នេះ​ឬ​ទេ?

២ សូម​ប្រៀប​ធៀប​ស្ថានការណ៍​ដែល​ទើប​រៀប​រាប់​នេះ​ទៅ​នឹង​ស្ថានការណ៍​ដែល​ប្អូន​ជា​យុវវ័យ​គ្រីស្ទាន​អាច​ជួប​ប្រទះ។ មើល​មួយ​ភ្លែត របស់​នៅ​ក្នុង​លោកីយ៍​នេះ​គឺ​ទំនង​ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​បាន​ជា​ទី​បំផុត ប្រៀប​ដូច​នឹង​សំលៀក​បំពាក់​នោះ​ដែរ។ ជា​ឧទាហរណ៍ មិត្ត​រួម​ថ្នាក់​របស់​ប្អូន​ប្រហែល​ជា​ទៅ​ជប់​លៀង​ដែល​គួរ​ឲ្យ​សប្បាយ គេ​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា ដើរ​លេង​ជា​គូ​ប្រុស​ស្រី​ដោយ​ឥត​តាំង​ចិត្ត​នៅ​ស្មោះ​ជា​មួយ​គ្នា  ព្រម​ទាំង​រួម​ដំណេក​មុន​រៀប​ការ​ទៀត​ផង។ នៅ​ពេល​ខ្លះ តើ​ប្អូន​ចាប់​អារម្មណ៍​នឹង​គន្លង​ជីវិត​បែប​នេះ​ឬ​ទេ? តើ​ប្អូន​ចង់​ភ្លក់​មើល​យ៉ាង​ខ្លាំង​នូវ​សេរី​ភាព​ដែល​គេ​បាន​ពោល​អះអាង​នោះ​ឬ​ទេ? បើ​ដូច្នេះ​មែន ចូរ​កុំ​រហ័ស​សន្និដ្ឋាន​ថា​ខ្លួន​ប្អូន​ជា​មនុស្ស​អាក្រក់ ហើយ​គិត​ថា​ខ្លួន​មិន​សម​ធ្វើ​ជា​គ្រីស្ទាន​នោះ​ឡើយ។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ចែង​ថា អ្វី​ៗ​ក្នុង​លោកីយ៍​នេះ​អាច​ធ្វើ​ឲ្យ​ទាក់​ចិត្ត​យ៉ាង​ខ្លាំង សូម្បី​ចំពោះ​មនុស្ស​ម្នាក់​ដែល​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​នោះ។—ធីម៉ូថេ​ទី​២ ៤:១០

៣. (ក) ហេតុ​អ្វី​ក៏​គ្មាន​ប្រយោជន៍​ក្នុង​ការ​ដេញ​តាម​របស់​ក្នុង​លោកីយ៍​នេះ? (ខ) តើ​គ្រីស្ទាន​ម្នាក់​រៀប​រាប់​យ៉ាង​ណា​អំពី​ភាព​ឥត​ប្រយោជន៍​នៃ​របស់​ក្នុង​លោកីយ៍​នេះ?

៣ ឥឡូវ សូម​ប្អូន​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​នូវ​របស់​ក្នុង​លោកីយ៍​នេះ ដូច​ជា​ប្អូន​ពិនិត្យ​មើល​សំលៀក​បំពាក់​មួយ​ដែល​ប្អូន​ចាប់​អារម្មណ៍​ចង់​ទិញ​នោះ​ដែរ។ សូម​ប្អូន​ដណ្ដឹង​សួរ​ខ្លួន​ថា៖ ‹តើ​របប​លោកីយ៍​នេះ​ល្អ​ប៉ុន​ណា?› ព្រះ​គម្ពីរ​ចែង​ថា៖ «លោកីយ​នេះ . . . កំពុង​កន្លង​ទៅ»។ (យ៉ូហាន​ទី​១ ២:១៧) ការ​សប្បាយ​ណា​ដែល​មាន​ក្នុង​លោកីយ៍​នេះ​គ្រាន់​តែ​ជា​ការ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ទោះ​ជា​ស្ថិត​ក្រោម​កាលៈទេសៈ​ល្អ​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត ការ​ប្រព្រឹត្ត​ដែល​ឥត​កោត​ខ្លាច​ព្រះ​គឺ​មាន​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ។ ការ​ប្រព្រឹត្ត​បែប​នេះ​ច្បាស់​ជា​គ្មាន​ប្រយោជន៍​នោះ​ទេ។ គ្រីស្ទាន​ម្នាក់​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​អ្វី​ដែល​នាង​ហៅ​ថា«ការ​ឈឺ​ចាប់​ដោយ​ការ​ប្រើ​គ្រា​យុវវ័យ​ទៅ​តាម​ផ្លូវ​ខុស» នោះ​នាង​បាន​ពោល​ថា៖ «របស់​ក្នុង​លោកីយ៍​នេះ​ប្រហែល​ជា​មើល​ទៅ​ឃើញ​ថា​គួរ​ឲ្យ​រំភើប​និង​គួរ​ឲ្យ​ចង់​បាន​មែន។ ហើយ​លោកីយ៍​នេះ​ចង់ឲ្យ​អ្នក​ជឿ​ថា​អ្នក​អាច​សប្បាយ​ដូច​គេ​ដែរ ដោយ​គ្មាន​ការ​លំបាក​ឈឺ​ចាប់​នោះ​ទេ។ ប៉ុន្តែ នេះ​គឺ​មិន​ពិត​ទេ។ លោកីយ៍​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បំរើ​វា ពេល​វា​ឈប់​ត្រូវ​ការ​អ្នក​ហើយ វា​ក៏​បោះ​បង់​អ្នក​ចោល​តែ​ម្ដង»។a ប្អូន​ច្បាស់​ជា​មិន​ចង់​បង្ខាត​យុវវ័យ​របស់​ខ្លួន ដោយ​មាន​គន្លង​ជីវិត​ដ៏​ថោក​ទាប​បែប​នេះ​ឡើយ មែន​ទេ?

ការ​ការ​ពារ​ពី«មារ​កំណាច»

៤, ៥. (ក) បន្ដិច​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត តើ​ព្រះ​យេស៊ូ​អធិស្ឋាន​ទូល​សុំ​ព្រះ​យេហូវ៉ា​អំពី​អ្វី? (ខ) ហេតុ​អ្វី​ក៏​នេះ​ជា​សេចក្ដី​ស្នើ​សុំ​ដ៏​ត្រឹម​ត្រូវ?

៤ យុវវ័យ​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ជៀស​វាង​ពី​ការ​ចង​មិត្តភាព​ជា​មួយ​នឹង​លោកីយ៍​នេះ ដោយ​ដឹង​ថា​របប​លោកីយ៍​នេះ​គឺ​គ្មាន​អ្វី​ដែល​ល្អ​នោះ​ទេ។ (យ៉ាកុប ៤:៤) តើ​ប្អូន​ស្ថិត​ក្នុង​ចំណោម​យុវវ័យ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ឬ​ទេ? បើ​ដូច្នេះ​មែន យើង​សូម​សរសើរ​ប្អូន។ មែន​ហើយ គឺ​មិន​ស្រួល​ទេ​ដែល​ប្អូន​ត្រូវ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក ហើយ​ប្អូន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​នោះ តែ​ប្អូន​អាច​ទទួល​ជំនួយ​បាន។

៥ បន្ដិច​មុន​នឹង​ព្រះ​យេស៊ូ​សោយ​ទិវង្គត នោះ​ទ្រង់​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ឲ្យ«ការ​ពារ»ពួក​សិស្ស«ពី​អំណាច​មារ​កំណាច»។ (យ៉ូហាន ១៧:១៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ព្រះ​យេស៊ូ​បាន​ធ្វើ​សេចក្ដី​ស្នើ​សុំ​នេះ​ដោយ​មាន​មូលហេតុ​ល្អ។ ទ្រង់​ជ្រាប​ថា​ការ​តាំង​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នឹង​មិន​ស្រួល​ទេ​សំរាប់​ពួក​អ្នក​កាន់​តាម​ទ្រង់ ទោះ​ជា​ពួក​គេ​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ។ ហេតុ​អ្វី? មូលហេតុ​មួយ ដូច​ជា​ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់ គឺ​ពួក​សិស្ស​នឹង​ប្រឈម​មុខ​មេ​សត្រូវ​ដ៏​ខ្លាំង​ក្លា​ដែល​គេ​មើល​មិន​ឃើញ គឺ​អារក្ស​សាតាំង​ដែល​ជា«មារ​កំណាច»។ ព្រះ​គម្ពីរ​ចែង​ថា​បុគ្គល​វិញ្ញាណ​ដ៏​អាក្រក់​នេះ«ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន»។—ពេត្រុស​ទី​១ ៥:៨

៦. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា សាតាំង​គ្មាន​សេចក្ដី​មេត្ដា​ចំពោះ​យុវវ័យ?

៦ ទូទាំង​ប្រវត្ដិសាស្ត្រ សាតាំង​សប្បាយ​ដើម្បី​នាំ​ឲ្យ​មាន​អំពើ​កំណាច​យ៉ាង​ឃោរ​ឃៅ​បំផុត​លើ​មនុស្ស​លោក។ ចូរ​ពិនិត្យ​មើល​នូវ​ការ​រង​ទុក្ខ​វេទនា​ដ៏​អាក្រក់​ក្រៃ​លែង​ដែល​សាតាំង​បាន​ធ្វើ​ដល់​យ៉ូប​និង​ក្រុម​គ្រួសារ​គាត់។ (យ៉ូប ១:១៣​-​១៩; ២:៧) ប្រហែល​ជា​ប្អូន​អាច​នឹក​ចាំ​នូវ​ព្រឹត្ដិការណ៍​ណា​មួយ​តាម​ប្រភព​ពត៌មាន​ក្នុង​កំឡុង​ជីវិត​របស់​ប្អូន ដែល​បង្ហាញ​អំពី​លក្ខណៈ​ដ៏​កំណាច​របស់​សាតាំង។ អារក្ស​កំពុង​ដើរ​ក្រវែល​ដើម្បី​ត្របាក់​ស៊ី​មនុស្ស​ណា​ម្នាក់ ហើយ​វា​គ្មាន​មេត្ដា​ដល់​យុវវ័យ​ឡើយ។ ជា​ឧទាហរណ៍ នៅ​ដើម​សតវត្ស​ទី​មួយ ស.យ. នោះ​ស្តេច​ហេរ៉ូឌ​បាន​បង្កើត​ឡើង​នូវ​ឧបាយ​កល​ដើម្បី​រក​សម្លាប់​ក្មេង​ប្រុស​ៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ចុះ​ក្រោម។ (ម៉ាថាយ ២:១៦) គឺ​ទំនង​ជា​សាតាំង​ទេ​ដែល​អុជ​អាល​ឲ្យ​ស្តេច​ហេរ៉ូឌ​ធ្វើ​ដូច្នេះ ហើយ​ទង្វើ​នេះ​គឺ​ដើម្បី​សម្លាប់​ទារក​ម្នាក់ ដែល​នៅ​ថ្ងៃ​មួយ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មេស្ស៊ី ដែល​នឹង​នាំ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​មក​លើ​សាតាំង! (លោកុប្បត្តិ ៣:១៥) យ៉ាង​ច្បាស់​ណាស់ សាតាំង​គ្មាន​សេចក្ដី​មេត្ដា​ចំពោះ​យុវវ័យ​ឡើយ។ គោល​បំណង​តែ​មួយ​គត់​របស់​វា​គឺ​ដើម្បី​ត្របាក់​ស៊ី​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ សព្វ​ថ្ងៃ​នេះ​គឺ​ពិត​ជា​ដូច្នេះ​មែន ព្រោះ​សាតាំង​បាន​ត្រូវ​ទំលាក់ចេញ​ពី​ស្ថាន​សួគ៌​មក​ផែនដី​នេះ «ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។—វិវរណៈ ១២:៩, ១២

៧. (ក) តើ​ព្រះ​យេហូវ៉ា​ខុស​គ្នា​ឆ្ងាយ​នឹង​សាតាំង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ប្អូន​សប្បាយ​ក្នុង​ជីវិត​នោះ?

៧ ចំពោះ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​មាន«ព្រះ​ហឫទ័យ​មេត្ដា​ករុណា» ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់​នឹង​សាតាំង ដ្បិត​វា​មាន«សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង»។ (លូកា ១:៧៨) ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​បំផុត។ តាម​ពិត ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង​បាន​បង្ហាញ​នូវ​គុណ​សម្បត្ដិ​ដ៏​ឧត្តម​នេះ​ច្រើន​ដល់​ម្ល៉េះ ដែល​ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហាន​ទី​១ ៤:៨) គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​មែន​រវាង​ព្រះ​នៃ​របប​លោកីយ៍​នេះ និង​ព្រះ​ដែល​ប្អូន​ៗ​មាន​កិត្ដិយស​ថ្វាយ​បង្គំ​នោះ! សាតាំង​ស្វះ​ស្វែង​រក​ត្របាក់​ស៊ី​មនុស្ស រីឯ​ព្រះ​យេហូវ៉ា​វិញ ទ្រង់«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ»។ (ពេត្រុស​ទី​២ ៣:៩) ទ្រង់​ចាត់​ទុក​ជីវិត​មនុស្ស​គ្រប់​គ្នា​មាន​តម្លៃ​ណាស់ រួម​ទាំង​ជីវិត​របស់​ប្អូន​ដែរ។ ពេល​ព្រះ​យេហូវ៉ា​ដាស់​តឿន​ប្អូន​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ ថា​កុំ​ឲ្យ​មាន​ចំណែក​ក្នុង​លោកីយ៍​នេះ គឺ​ទ្រង់​មិន​ខំ​បង្អត់​ប្អូន​ពី​ការ​សប្បាយ​រីក​រាយ​ឬ​ខំ​ដាក់​កំរិត​ទៅ​លើ​សេរី​ភាព​របស់​ប្អូន​នោះ​ទេ។ (យ៉ូហាន ១៥:១៩) ផ្ទុយ​ទៅ​វិញ ទ្រង់​មើល​ថែ​រក្សា​ប្អូន​ឲ្យ​រួច​ផុត​ពី​មារ​កំណាច។ ព្រះ​វរបិតា​នៅ​សួគ៌ា​ចង់​ឲ្យ​ប្អូន​បាន​អ្វី​មួយ​ប្រសើរ​ជាង​ការ​កំសាន្ត​ដែល​កន្លង​ទៅ​យ៉ាង​រហ័ស​ក្នុង​លោកីយ៍​នេះ។ ព្រះ​យេហូវ៉ា​ប្រាថ្នា​ចង់​ឲ្យ​ប្អូន​ទទួល​បាន«ជីវិត​ដ៏​ពិត​ប្រាកដ» ពោល​គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ផែនដី​មនោរម្យ។ (ធីម៉ូថេ​ទី​១ ៦:១៧​-​១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ៗ​ទទួល​បាន​ជោគ​ជ័យ ហើយ​ទ្រង់​កំពុង​ដាស់​តឿន​ប្អូន​ឲ្យ​ឈាន​ទៅ​កាន់​គោល​ដៅ​នោះ។ (ធីម៉ូថេ​ទី​១ ២:៤) ម្យ៉ាង​វិញ​ទៀត ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​សេចក្ដី​អញ្ជើញ​ដ៏​ពិសេស​មួយ​ចំពោះ​ប្អូន​ដែរ។ តើ​នោះ​ជា​អ្វី​ទៅ?

«ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ!»

៨, ៩. (ក) តើ​អំណោយ​អ្វី​ដែល​ប្អូន​អាច​ថ្វាយ​ព្រះ​យេហូវ៉ា? (ខ) ដូច​ដែល​បាន​បង្ហាញ​ក្នុង​ករណី​របស់​យ៉ូប តើ​សាតាំង​តិះ​ដៀល​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៨ តើ​ប្អូន​ធ្លាប់​ទិញ​អំណោយ​ឲ្យ​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ ហើយ​ឃើញ​ទឹក​មុខ​របស់​មិត្ត​នោះ​ញញឹម​រីក​រាយ​ទាំង​មាន​ការ​ដឹង​គុណ​ពេល​ទទួល​អំណោយ​នោះ​ទេ? ប្អូន​ប្រហែល​ជា​ខំ​គិត​យូរ​ណាស់​ថា​អំណោយ​បែប​ណា​សម​នឹង​មិត្ត​នោះ។ សូម​ប្អូន​គិត​អំពី​សំនួរ​នេះ​វិញ៖ តើ​អំណោយ​បែប​ណា​ដែល​ប្អូន​អាច​ថ្វាយ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ប្អូន? មុន​ដំបូង គំនិត​នេះ​ប្រហែល​ជា​ស្ដាប់​ទៅ​ដូច​ជា​មិន​សម​ហេតុ​សម​ផល​សោះ។ តើ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​ត្រូវ​ការ​អ្វី​ពី​មនុស្សជាតិ? តើ​ប្អូន​អាច​ថ្វាយ​អ្វី ដែល​ទ្រង់​ពុំ​មាន​នោះ? ព្រះ​គម្ពីរ​ឆ្លើយ​នៅ​សុភាសិត ២៧:១១ ថា៖ «កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ! ដើម្បី ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ»។

៩ ដូច​ជា​ប្អូន​ដឹង​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ គឺ​ជា​អារក្ស​សាតាំង​ទេ​ដែល​តិះ​ដៀល​ព្រះ​យេហូវ៉ា។ វា​ពោល​អះអាង​ថា​មនុស្ស​ដែល​បំរើ​ព្រះ គេ​បំរើ​ទ្រង់​ដោយ​សារ​ការ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ មិន​មែន​បំរើ​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ឡើយ។ សាតាំង​អះអាង​ថា បើ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​បំរើ​របស់​ព្រះ​រង​ទុក្ខ​លំបាក នោះ​ពួក​គេ​នឹង​បោះ​បង់​ចោល​ការ​ថ្វាយ​បង្គំ​ពិត​ភ្លាម។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​នូវ​អ្វី​ដែល​សាតាំង​ទូល​ព្រះ​យេហូវ៉ា ស្តី​អំពី​យ៉ូប​ដែល​ជា​បុរស​ដ៏​សុចរិត វា​ពោល​ថា៖ «តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី? ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី។ ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ! នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ»។—យ៉ូប ១:១០, ១១

១០. (ក) តើ​ដូច​ម្ដេច​ក៏​យើង​ដឹង​ថា​សាតាំង​បាន​ជំទាស់​នឹង​ភាព​ស្មោះ​ត្រង់​របស់​មនុស្ស​ជា​ច្រើន​ទៀត មិន​មែន​តែ​យ៉ូប​ប៉ុណ្ណោះ​ទេ? (ខ) តើ​ប្អូន​ជាប់​ទាក់​ទង​នឹង​រឿង​ចំណោទ​នៃ​អធិបតេយ្យ​យ៉ាង​ដូច​ម្ដេច?

១០ ដូច​បាន​បង្ហាញ​ក្នុង​កំណត់​ហេតុ​ព្រះ​គម្ពីរ សាតាំង​បាន​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​យ៉ូប និង​ពួក​អ្នក​បំរើ​ព្រះ​ជា​ច្រើន​ទៀត រួម​បញ្ចូល​ភាព​ស្មោះ​ត្រង់​របស់​ប្អូន​ផ្ទាល់។ តាម​ពិត សាតាំង​ទូល​ព្រះ​យេហូវ៉ា​អំពី​មនុស្សជាតិ​ទូទៅ​ថា៖ «មនុស្ស[មិន​មែន​គ្រាន់​តែ​យ៉ូប​ទេ​តែ​មនុស្ស​ណា​ក៏​ដោយ]នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ»។ (យ៉ូប ២:៤) តើ​ប្អូន​ឃើញ​តួ​នាទី​របស់​ប្អូន​ក្នុង​រឿង​ដ៏​សំខាន់​នេះ​ឬ​ទេ? ដូច​បាន​បញ្ជាក់​នៅ​សុភាសិត ២៧:១១ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា មាន​អ្វី​មួយ​ដែល​ប្អូន​អាច​ថ្វាយ​ទ្រង់ ហើយ​ជា​អ្វី​ដែល​ធ្វើ​ជា​មូលដ្ឋាន​សំរាប់​ឲ្យ​ទ្រង់​តប​ឆ្លើយ​នឹង​សាតាំង​ដែល​ជា​អ្នក​តិះ​ដៀល​ទ្រង់។ ចូរ​ប្អូន​គិត​ទៅ​មើល ព្រះ​មហា​ក្សត្រ​សកល​លោក​ទាំង​មូល​កំពុង​អំពាវនាវ​ឲ្យ​ប្អូន​ចូល​រួម​តប​ឆ្លើយ​ដោយ​ផ្ទាល់​នឹង​រឿង​ចំណោទ​ដ៏​ធំ​បំផុត​នេះ។ ប្អូន​មាន​ភារកិច្ច​និង​ឯកសិទ្ធិ​ដ៏​ល្អ​អស្ចារ្យ​មែន! តើ​ប្អូន​អាច​បំពេញ​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​ប្អូន​ធ្វើ​បាន​ទេ? យ៉ូប​បាន​បំពេញ​តាម​ហើយ។ (យ៉ូប ២:៩, ១០) ព្រះ​យេស៊ូ​ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ឥត​គណនា​ទូទាំង​ប្រវត្ដិសាស្ត្រ រួម​ទាំង​យុវវ័យ​ជា​ច្រើន​ក៏​បាន​ជោគ​ជ័យ​ដែរ។ (ភីលីព ២:៨; វិវរណៈ ៦:៩) ប្អូន​អាច​ធ្វើ​បាន​ដូច្នេះ​ដែរ។ ប៉ុន្តែ ប្អូន​គួរ​ចាំ​ក្នុង​ចិត្ត​ថា យើង​មិន​អាច​នៅ​អព្យាក្រឹត​ចំពោះ​រឿង​នេះ​ឡើយ។ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ប្អូន​ៗ​នឹង​បង្ហាញ​ថា​ប្អូន​គាំទ្រ​ការតិះ​ដៀល​របស់​សាតាំង ឬ​ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា។ តើ​ប្អូន​នឹង​ជ្រើស​រើស​គាំទ្រ​មួយ​ណា?

ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន​គ្រប់​គ្នា!

១១, ១២. តើ​ពិត​ជា​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ដែល​ប្អូន​សម្រេច​ចិត្ត​បំរើ​ទ្រង់​ឬ​ក៏​មិន​បំរើ​ទ្រង់​នោះ? សូម​ពន្យល់។

១១ តើ​ជំរើស​ដែល​ប្អូន​រើស​យក​ពិត​ជា​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ? តើ​មិន​មាន​មនុស្ស​ច្រើន​គ្រប់​គ្រាន់​ហើយ​ទេ​ឬ  ដែល​រក្សា​នៅ​ភាព​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​ទ្រង់​តប​ឆ្លើយ​នឹង​ការ​តិះ​ដៀល​របស់​សាតាំង​នោះ? ពិត​ហើយ សាតាំង​បាន​ពោល​អះអាង​ថា គ្មាន​អ្នក​ណា​ម្នាក់​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្រឡាញ់​ទ្រង់​ទេ ដូច្នេះ​ការ​ចោទ​នេះ​បាន​ស​ឲ្យ​ឃើញ​ថា​ខុស​រួច​ទៅ​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​កាន់​ជំហរ​នៅ​ខាង​ទ្រង់​ក្នុង​រឿង​ចំណោទ​អំពី​អធិបតេយ្យ​នោះ ពីព្រោះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​ប្អូន​ផ្ទាល់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ»។—ម៉ាថាយ ១៨:១៤

១២ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​គឺ​ចាប់​អារម្មណ៍​នឹង​ជំរើស​របស់​ប្អូន​រៀង​ៗ​ខ្លួន។ សំខាន់​ជាង​នោះ​ទៅ​ទៀត នេះ​គឺ​មាន​អានុភាព​លើ​ទ្រង់​ដែរ។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​ឬ​អាក្រក់​របស់​មនុស្ស នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​ពួក​អ៊ីស្រាអែល​បាន​បះ​បោរ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន«ព្រួយ​ព្រះ​ហឫទ័យ»។ (ទំនុក​ដំកើង ៧៨:៤០, ៤១) មុន​ទឹក​ជំនន់​នៃ​សម័យ​លោក​ណូអេ ពេល​មាន«ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង» នោះ​ព្រះ​យេហូវ៉ា«មាន​ព្រះ​ហឫទ័យ​ព្រួយ»។ (លោកុប្បត្តិ ៦:៥, ៦) សូម​គិត​អំពី​អត្ថន័យ​នៃ​រឿង​នេះ។ ប្រសិន​បើ​ប្អូន​ធ្វើ​តាម​ផ្លូវ​អាក្រក់ ប្អូន​អាច​នាំ​ឲ្យ​ព្រះ​ឈឺ​ព្រះ​ទ័យ។ នេះ​មិន​បាន​សេចក្ដី​ថា​ព្រះ​ខ្សោយ​ឬ​មិន​អាច​ទប់​អារម្មណ៍​នោះ​ទេ។ តែ​ពិត​ជា​បាន​សេចក្ដី​ថា​ទ្រង់​ស្រឡាញ់​ប្អូន​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន​មែន។ ផ្ទុយ​ទៅ​វិញ ពេល​ប្អូន​ប្រព្រឹត្ត​ល្អ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីក​រាយ។ ទ្រង់​មាន​ព្រះ​ទ័យ​សប្បាយ មិន​មែន​ដោយ​សារ​ទ្រង់​អាច​តប​ឆ្លើយ​ដល់​សាតាំង​នោះ​ទេ ប៉ុន្តែ​ទ្រង់​អាច​ប្រទាន​នូវ​រង្វាន់​ដល់​ប្អូន។ ហើយ​នេះ​ជា​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ គឺ​ធ្វើ​ជា​អ្នក​ប្រទាន​រង្វាន់។ (ហេព្រើរ ១១:៦) ប្អូន​ពិត​ជា​មាន​ព្រះ​វរបិតា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​មែន!

ពរ​ដ៏​វិសេស​នៅ​សព្វ​ថ្ងៃ​នេះ

១៣. តើ​ការ​បំរើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​បាន​ពរ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១៣ ពរ​ដែល​មក​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា គឺ​មិន​មែន​មាន​នៅ​អនាគត​តែ​ប៉ុណ្ណោះ​នោះ​ទេ។ យុវវ័យ​ជា​ច្រើន​នាក់​បាន​ទទួល​អំណរ​និង​ចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​នៅ​សព្វ​ថ្ងៃ​នេះ ទាំង​មាន​ហេតុ​ត្រឹម​ត្រូវ​ទៀត​ផង។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីក​រាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធ​សាធ ក៏​បំភ្លឺ​ភ្នែក»។ (ទំនុក​ដំកើង ១៩:៨) ព្រះ​យេហូវ៉ា​ជ្រាប​នូវ​អ្វី​ដែល​ល្អ​សំរាប់​យើង ជាង​មនុស្ស​ណា​ម្នាក់​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «អញនេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ»។—អេសាយ ៤៨:១៧, ១៨

១៤. តើ​គោល​ការណ៍​ព្រះ​គម្ពីរ​អាច​ជួយ​ប្អូន​ឲ្យ​ជៀស​វាង​ពី​ការ​ជំពាក់​លុយ​ច្រើន​ដែល​នាំ​ឲ្យ​ខ្លួន​លំបាក​យ៉ាង​ដូច​ម្ដេច?

១៤ ការ​អនុលោម​តាម​គោល​ការណ៍​ព្រះ​គម្ពីរ នឹង​ជួយ​ប្អូន​ឲ្យ​ជៀស​ផុត​ពី​ការ​ឈឺ​ចាប់​ជា​ច្រើន។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ចែង​ថា​អស់​អ្នក​ដែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ប្រាក់«ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។ (ធីម៉ូថេ​ទី​១ ៦:៩, ១០) តើ​មាន​ពួក​ម៉ាក​របស់​ប្អូន​ណា​ម្នាក់​បាន​ទទួល​នូវ​សច្ចភាព​នៃ​បទ​គម្ពីរ​នេះ​ឬ​ទេ? យុវបុរស​និង​យុវនារី​ខ្លះ​គឺ​ជំពាក់​លុយ​គេ​ច្រើន​ណាស់ ដោយ​សារ​ពួក​គេ​គិត​ថា​ពួក​គេ​ត្រូវ​តែ​មាន​សំលៀក​បំពាក់​ម៉ូដ​ថ្មី​ៗ ឬ​គ្រឿង​បច្ចេកទេស​ទំនើប​ៗ។ បើ​ប្អូន​មាន​បន្ទុក​ត្រូវ​បង់​លុយ​សង​គេ​អស់​រយៈ​ពេល​យូរ​ទាំង​ត្រូវ​បង់​ថ្លៃ​ការ​ប្រាក់​ខ្ពស់​សំរាប់​របស់​របរ​ដែល​ប្អូន​ពុំ​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​នោះ នេះ​មិន​ខុស​ពី​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​ដោយ​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​លំបាក​នោះ!—សុភាសិត ២២:៧

១៥. តើ​តាម​របៀប​ណា​ដែល​គោល​ការណ៍​ព្រះ​គម្ពីរ​ការ​ពារ​ប្អូន​ពី​ផល​វិបាក​ដែល​មក​ពី​ការ​ធ្វើ​អំពើ​អសីលធម៌​ខាង​កាម?

១៥ ចូរ​គិត​ដែរ​អំពី​រឿង​អសីលធម៌​ខាង​កាម។ ជា​រៀង​រាល់​ឆ្នាំ​ទូទាំង​ពិភព​លោក ក្មេង​ជំទង់​ដែល​មិន​ទាន់​រៀប​ការ​ជា​ច្រើន​ឥត​គណនា​មាន​ផ្ទៃ​ពោះ។ ក្មេង​ជំទង់​ខ្លះ​សម្រាល​បាន​កូន​ដែល​គេ​មិន​ចង់​បាន​និង​ក៏​គ្មាន​សមត្ថភាព​ចិញ្ចឹម​ដែរ។ អ្នក​ខ្លះ​ពន្លូត​កូន ហើយ​ជា​លទ្ធផល មនសិការ​របស់​គេ​ក៏​ធ្វើ​ទុក្ខ​ទោស​ដល់​គេ​វិញ។ បន្ទាប់​មក ក៏​មាន​យុវបុរស​និង​យុវនារី​ដែល​ឆ្លង​កាមរោគ ដូច​ជា​ជំងឺ​អេដស៍​ជា​ដើម។ ចំពោះ​យុវវ័យ​ដែល​ស្គាល់​ព្រះ​យេហូវ៉ា នោះ​ផល​វិបាក​ដ៏​ធំ​បំផុត នោះ​គឺ​ការ​បាត់​បង់​នូវ​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។b (កាឡាទី ៥:១៩​-​២១) ដោយ​មាន​មូលហេតុ​ល្អ​ព្រះ​គម្ពីរ​បាន​ចែង​ថា៖ «ចូរ​រត់​ពី​ការ​សហាយ​ស្មន់​ចេញ»។—កូរិនថូស​ទី​១ ៦:១៨

ចូរ​បំរើ«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ»

១៦. (ក) តើ​ដូច​ម្ដេច​ក៏​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​អរ​សប្បាយ​ក្នុង​គ្រា​យុវវ័យ? (ខ) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​រៀបចំ​គោល​ការណ៍​ណែនាំ​ឲ្យ​ប្អូន​ធ្វើ​តាម?

១៦ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា «ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ»។ (ធីម៉ូថេ​ទី​១ ១:១១, ព.ថ.) ទ្រង់​ចង់​ឲ្យ​អ្នក​សប្បាយ​រីក​រាយ​ដែរ។ តាម​ការ​ពិត ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង។ ចូរ​អោយ​ចិត្ត​របស់​អ្នក​បាន​រីក​រាយ ក្នុង​គ្រា​យុវវ័យ​នេះ»។ (សាស្ដា ១១:៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ប៉ុន្តែ ព្រះ​យេហូវ៉ា​អាច​ទត​សម្លឹង​ហួស​ពី​គ្រា​បច្ចុប្បន្ន​នេះ និង​ឃើញ​នូវ​លទ្ធផលមាន​នៅ​អនាគត​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ល្អ​ឬ​អាក្រក់។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ដាស់​តឿន​ប្អូន​ថា៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា៖ ‹អញ​អស់​សប្បាយ​ហើយ›»។—សាស្ដា ១២:១

១៧, ១៨. តើ​យុវវ័យ​គ្រីស្ទាន​ម្នាក់​បង្ហាញ​នូវ​សុភមង្គល​របស់​នាង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ណា? តើ​ប្អូន​អាច​មាន​ចិត្ត​អរ​សប្បាយ​យ៉ាង​ដូច​ម្ដេច​ដែរ?

១៧ សព្វ​ថ្ងៃ​នេះ យុវវ័យ​ជា​ច្រើន​មាន​សុភមង្គល​យ៉ាង​ច្រើន​ក្រៃ​លែង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ លីណា​ដែល​មាន​អាយុ​១៥​ឆ្នាំ​ពោល​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​និង​ស្រឡាញ់​ខ្លួន។ ខ្ញុំ​មាន​សុខភាព​ល្អ​ដោយ​សារ​ជៀស​ពី​ការ​ជក់​បារី​និង​ការ​ប្រើ​គ្រឿង​ញៀន។ តាម​រយៈ​ក្រុម​ជំនុំ​ខ្ញុំ​ទទួល​នូវ​ការ​ណែនាំ ដែល​ជួយ​ខ្ញុំ​ឲ្យ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ដ៏​អាក្រក់​របស់​សាតាំង។ ខ្ញុំ​មាន​ទឹក​មុខ​ស្រស់បស់​ពីព្រោះ​មាន​មិត្ត​ភក្ដិ​ដែល​លើក​ទឹក​ចិត្ត​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ។ អ្វី​ដែល​សំខាន់​បំផុត ខ្ញុំ​មាន​អនាគត​ដែល​គ្មាន​អ្វី​យក​មក​ប្រៀប​បាន គឺ​ជីវិត​ជា​រៀង​រហូត​លើ​ផែនដី»។

១៨ យុវវ័យ​គ្រីស្ទាន​ជា​ច្រើន​ទៀត​ក៏​ដូច​ជាលី​ណា​ដែរ ខំ​ប្រឹង​ត​យុទ្ធ​ដើម្បី​ការ​ពារ​ជំនឿ ហើយ​ទង្វើ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អរ​សប្បាយ។ ពួក​គេ​ដឹង​ថា ជីវិត​របស់​គេ ទោះ​ជា​មាន​ការ​ពិបាក​ពេល​ខ្លះ​ក៏​ដោយ ក៏​នៅ​មាន​គោល​បំណង​និង​អនាគត​ដ៏​ភ្លឺ​ស្វាង​ដែរ។ ដូច្នេះ​ហើយ ចូរ​ប្អូន​បន្ត​បំរើ​ព្រះ​ដែល​មាន​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន​រាល់​គ្នា​ចុះ!។ ចូរ​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​សប្បាយ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ប្អូន​មាន​ចិត្ត​សប្បាយ​រីក​រាយ​នៅ​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ​មុខ​ដែរ!—ទំនុក​ដំកើង ៥:១១

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ថ្ងៃ​ទី​២​២ ខែ​តុលា ឆ្នាំ​១៩៩៦ ចំណង​ជើង​អត្ថបទ​គឺ «សេចក្ដី​ពិត​បាន​ផ្ដល់​ជីវិត​ឲ្យ​ខ្ញុំ​វិញ» (ភាសា​អង់គ្លេស)

b យើង​មាន​ចិត្ត​ធូរ​ស្រាល ដោយ​ដឹង​ថា​ពេល​យើង​ប្រែ​ចិត្ត ឈប់​ធ្វើ​អ្វី​អាក្រក់ និង​សារភាព​អំពើ​បាប​យើង ព្រះ​យេហូវ៉ា«នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ»។—អេសាយ ៥៥:៧

តើ​ប្អូន​នៅ​នឹក​ចាំ​ឬ​ទេ?

• តើ​គ្រោះ​ថ្នាក់​អ្វី​ដែល​ប្អូន​អាច​ទទួល​ពី​សាតាំង​ដែល​ជា«មារ​កំណាច»?

• តើ​ប្អូន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បាយ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន?

• តើ​មាន​ពរ​ណា​ខ្លះ​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា?

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​២៣]

បុរស​សុចរិត​ម្នាក់​ដែល​ជិត​នឹង​ជំពប់​ដួល

អេសាភ​ជា​អ្នក​លេង​ភ្លេង​ដ៏​ល្បី​ម្នាក់​ពី​ពួក​លេវី​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ គាត់​ព្រម​ទាំង​បាន​តែង​ចំរៀង​ដែល​បាន​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ​ទៀត​ផង។ ប៉ុន្តែ ទោះ​ជា​គាត់​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ក៏​ដោយ នោះ​អស់​មួយ​រយៈ​អេសាភ​បាន​ត្រូវ​ទាក់​ទាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​ពួក​ដែល​មាន​អាយុ​ស្រករ​គ្នា​ដែល​ឥត​គោរព​ព្រះ ដោយ​បំពាន​ច្បាប់​របស់​ព្រះ​ដែល​មើល​ទៅ​ដូច​ជា​គ្មាន​ទោស​អ្វី​ឡើយ។ ក្រោយ​មក​អេសាភ​សារភាព​ថា៖ «តែ​ឯ​ជើង​ទូល​បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូល​បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ ដ្បិត​ទូល​បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើន​របស់​មនុស្ស​អាក្រក់​នោះ»។—ទំនុក​ដំកើង ៧៣:២, ៣

ក្រោយ​មក អេសាភ​បាន​ទៅ​ឯ​ព្រះ​វិហារ​របស់​ព្រះ និង​បាន​អធិស្ឋាន​ទូល​ព្រះ​អំពី​រឿង​នេះ។ ដោយ​មាន​សមត្ថភាព​រិះ​គិត​ខាង​វិញ្ញាណ​ម្ដង​ទៀត​នោះ គាត់​បាន​យល់​ឃើញ​ថា ព្រះ​យេហូវ៉ា​ទ្រង់​ស្អប់​នូវ​អំពើ​អាក្រក់ ហើយ​ថា​មិន​យូរ​ប៉ុន្មាន​ទៀត ទាំង​មនុស្ស​ទុច្ចរិត​និង​សុចរិត​នឹង​ទទួល​បាន​ផល​ពី​អ្វី​ដែល​គេ​ធ្វើ។ (ទំនុក​ដំកើង ៧៣:១៧​-​២០; កាឡាទី ៦:៧, ៨) ប្រាកដ​ហើយ ពួក​មនុស្ស​អាក្រក់​ឈរ​នៅ កន្លែង​រឥល។ ជា​យថាហេតុ ពួក​គេ​នឹង​ពិសោធ​នូវ​ការ​រឥល​ភ្លាត់​ទៅ ពេល​ព្រះ​យេហូវ៉ា​កំទេច​ចោល​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។—វិវរណៈ ២១:៨

[រូប​ភាព​នៅ​ទំព័រ​២៥]

ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ប្អូន រីឯ​សាតាំង​វិញ​វា​ចង់​ត្របាក់​ស៊ី​ប្អូន

[រូប​ភាព​នៅ​ទំព័រ​២៦]

យុវវ័យ​ជា​ច្រើន​មាន​សុភមង្គល​ជា​ទី​បំផុត​ដោយ​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក