វិធីទទួលបានជោគជ័យក្នុងជីវិត
ដូចមាតាបិតាដែលស្រឡាញ់និងចង់ឲ្យកូនបានជោគជ័យក្នុងជីវិត នោះព្រះវរបិតារបស់យើងនៅស្ថានសួគ៌ក៏ស្រឡាញ់យើងហើយសព្វព្រះហឫទ័យឲ្យយើងទទួលបានជោគជ័យក្នុងជីវិត។ ទ្រង់បង្ហាញសេចក្ដីស្រឡាញ់នោះដោយមានបន្ទូលជាច្រើនអំពីអ្វីដែលនាំឲ្យបានជោគជ័យនិងអ្វីដែលធ្វើឲ្យខូចបង់វិញ។ តាមពិត ចំពោះមនុស្សដែលប្រុងស្ដាប់តាមបន្ទូលរបស់ព្រះ នោះព្រះគម្ពីរចែងយ៉ាងម៉ឺងម៉ាត់ថា៖ «ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»ឬបានជោគជ័យទាំងស្រុង។—ទំនុកដំកើង ១:៣
បើដូច្នេះ ហេតុអ្វីក៏មនុស្សជាច្រើនមិនមានសុភមង្គល ចិត្តស្កប់ស្កល់និងជោគជ័យក្នុងជីវិតរបស់ខ្លួន? ការពិនិត្យមើលបទទំនុកមួយនោះឲ្យបានច្បាស់លាស់នឹងឆ្លើយសំណួរនេះបាន ហើយនឹងបង្ហាញពីវិធីដែលយើងអាចទទួលបានជោគជ័យក្នុងជីវិត។
«ដំបូន្មានរបស់មនុស្សអាក្រក់»
អ្នកតែងបទទំនុកដំកើងព្រមានអំពីការដើរតាម«ដំបូន្មានរបស់មនុស្សអាក្រក់»។ (ទំនុកដំកើង ១:១) អារក្សសាតាំងជាបុគ្គលអាក្រក់ជាងគេឬ«មារកំណាច»។ (ម៉ាថាយ ៦:១៣, ខ.ស.) ព្រះគម្ពីរប្រាប់យើងថា វាជា«ចៅហ្វាយរបស់លោកីយនេះ» ហើយថា«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហាន ១៦:១១; យ៉ូហានទី១ ៥:១៩) អាស្រ័យហេតុនេះមិនជាការងឿងឆ្ងល់ឡើយថាដំបូន្មានភាគច្រើនក្នុងលោកិយនេះបញ្ជាក់ពីទស្សនៈរបស់មេកំណាចនោះ។
តើមនុស្សអាក្រក់ច្រើនតែមានយោបល់អ្វីខ្លះ? ធម្មតាមនុស្សអាក្រក់មើលងាយព្រះ។ (ទំនុកដំកើង ១០:១៣) ដំបូន្មានរបស់ពួកគេដែលមើលងាយឬមិនអើពើចំពោះព្រះ នោះបានត្រូវផ្សាយទូទៅ។ សង្គមមនុស្សនាសម័យនេះបណ្ដុះបណ្ដាលឲ្យមនុស្សបំពេញតាម«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត»។ (យ៉ូហានទី១ ២:១៦) បណ្ដាញផ្សាយព័ត៌មានចេះតែបញ្ចុះបញ្ចូលឲ្យមនុស្សមានក្ដីប្រាថ្នាចង់បានរបស់ទ្រព្យថែមទៀតដោយឥតចេះស្កប់ស្កល់ឡើយ។ ក្រុមហ៊ុននានាទូទាំងពិភពលោកចាយលុយជាង៥០០.០០០.០០០.០០០ដុល្លារអាម៉េរិករាល់ឆ្នាំក្នុងការឃោសនាឲ្យមនុស្សមានចិត្តចង់ទិញផលិតផលរបស់ក្រុមហ៊ុន មិនថាពួកគេត្រូវការរបស់ទាំងនោះឬអត់ក៏ដោយ។ ហើយការឃោសនានេះមិនគ្រាន់តែមានឥទ្ធិពលលើរបៀបមនុស្សចំណាយលុយនោះទេ តែបានធ្វើឲ្យមនុស្សយល់ខុសស្តីអំពីអ្វីដែលនាំឲ្យបានជោគជ័យក្នុងជីវិត។
ជាលទ្ធផល មនុស្សនៅសព្វថ្ងៃនេះមានអ្វីៗជាច្រើនដែលមនុស្សសម័យមុនមិនអាចនឹកស្មានថានឹងទទួលបានទេ។ យ៉ាងណាក៏ដោយ មនុស្សសម័យនេះមិនចេះឆ្អែតសោះក្នុងការប្រមូលវត្ថុទ្រព្យ។ គេចេះតែមានគំនិតថា យើងមិនអាចមានសុភមង្គលនិងជោគជ័យក្នុងជីវិតសោះ ទាល់តែមានរបស់ទាំងនោះ។ គំនិតនេះមិនត្រឹមត្រូវហើយក៏«មិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ»។—យ៉ូហានទី១ ២:១៦
ព្រះដែលជាអ្នកបង្កើតយើងជ្រាបអំពីអ្វីដែលពិតជានាំឲ្យបានជោគជ័យក្នុងជីវិត។ ឱវាទរបស់ទ្រង់គឺខុសគ្នាឆ្ងាយពី«ដំបូន្មានរបស់មនុស្សអាក្រក់»។ ដូច្នេះ បើយើងខំទទួលពរពីព្រះហើយទន្ទឹមគ្នានោះចង់ធ្វើតាមយោបល់របស់លោកិយនេះស្តីអំពីរបៀបទទួលជោគជ័យក្នុងជីវិត នេះប្រៀបដូចជាខ្លួនយើងមួយជិះទូកពីរ ដែលគ្មាននរណាអាចធ្វើបាននោះទេ។ ហេតុនេះពុំជាការចម្លែកអ្វីឡើយដែលព្រះគម្ពីរព្រមានថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ»។—រ៉ូម ១២:២
កុំអនុញ្ញាតឲ្យលោកិយនេះមានឥទ្ធិពលលើទស្សនៈរបស់អ្នក
លោកិយនេះដែលស្ថិតក្រោមអំណាចនៃសាតាំងតែងតែធ្វើហាក់ដូចជាចង់ជួយយើងឲ្យទទួលប្រយោជន៍។ ប៉ុន្តែ យើងត្រូវប្រយ័ត្ន។ ចូរចងចាំថា សាតាំងបានបោកបញ្ឆោតស្ត្រីទីមួយឈ្មោះអេវ៉ា ដោយមានបំណងរកតែប្រយោជន៍សម្រាប់ខ្លួនវា។ ក្រោយមកវាក៏ប្រើនាងដើម្បីញុះញង់អ័ដាមឲ្យធ្វើអំពើបាបដូចនាង។ នៅសព្វថ្ងៃនេះសាតាំងក៏ប្រើមនុស្សដូចគ្នាដែរ ដើម្បីផ្សាយដំបូន្មានអាក្រក់របស់វា។
ជាឧទាហរណ៍ សូមគិតអំពីបុរសឈ្មោះដាវីឌដែលបានរៀបរាប់ក្នុងអត្ថបទមុន។ ជានិច្ចជាកាលគាត់ត្រូវធ្វើការលើសម៉ោង ព្រមទាំងធ្វើដំណើរឆ្ងាយម្ដងហើយម្ដងទៀតដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ គាត់ប្រាប់ថា៖ «ព្រលឹមថ្ងៃច័ន្ទខ្ញុំចេញពីផ្ទះ ហើយវិលមកផ្ទះវិញនៅល្ងាចថ្ងៃព្រហស្បតិ៍»។ ក្រុមគ្រួសារ មិត្តជិតស្និទ្ធនិងពួកអ្នកដែលធ្វើការជាមួយដាវីឌយល់ថា គាត់ត្រូវធ្វើការច្រើនដូចនោះដើម្បីឲ្យបានជោគជ័យក្នុងលោកិយនេះ ដូច្នេះពួកគេបានលើកទឹកចិត្តគាត់ឲ្យធ្វើការនោះ គឺ«ដើម្បីក្រុមគ្រួសារ»របស់គាត់។ ពួកគេបានលើកហេតុផលថា គាត់ត្រូវធ្វើការច្រើននោះគ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះទេ គឺទាល់តែមានឋានៈខ្ពស់។ ដាវីឌពន្យល់ថា៖ «ពួកគេបញ្ជាក់ហេតុផលថា ក្រុមគ្រួសាររបស់ខ្ញុំនឹងទទួលប្រយោជន៍ច្រើនជាង ពីព្រោះខ្ញុំនឹងមានប្រាក់ខែច្រើន ដែលមានន័យថាបានជោគជ័យក្នុងជីវិត។ ទោះបើខ្ញុំមិនសូវចំណាយពេលប៉ុន្មានជាមួយក្រុមគ្រួសាររបស់ខ្ញុំក៏ដោយ ពួកម៉ាកខ្ញុំធ្វើឲ្យខ្ញុំជឿថា ប្រពន្ធកូននឹងទទួលប្រយោជន៍ច្រើនជាង»។ មនុស្សជាច្រើនដូចដាវីឌចេះតែធ្វើការនឿយហត់ដើម្បីផ្ដល់អ្វីដែលគេគិតថាក្រុមគ្រួសារជាទីស្រឡាញ់ត្រូវការ។ ប៉ុន្តែ តើការធ្វើតាមយោបល់នេះពិតជានាំឲ្យបានជោគជ័យក្នុងជីវិតទេ? តើក្រុមគ្រួសាររបស់យើងពិតជាត្រូវការអ្វីខ្លះ?
មានពេលមួយដែលដាវីឌបានចេញទៅធ្វើការឆ្ងាយពីក្រុមគ្រួសារ ហើយគាត់ទទួលស្គាល់នូវអ្វីដែលក្រុមគ្រួសាររបស់គាត់ពិតជាត្រូវការមែន។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែនិយាយតាមទូរស័ព្ទជាមួយកូនស្រីខ្ញុំឈ្មោះអេនជីលិកា ដែលនិយាយថា៖ ‹ប៉ាអើយ! ម៉េចបានជាប៉ាមិនចង់នៅផ្ទះជាមួយកូន?›។ នេះធ្វើឲ្យខ្ញុំឈឺចិត្តណាស់!»។ អ្វីដែលកូនស្រីបានសួរដាវីឌនោះ ធ្វើឲ្យគាត់តាំងចិត្តឈប់ធ្វើការនោះទៀត។ ដាវីឌបានសម្រេចចិត្តផ្ដល់អ្វីដែលក្រុមគ្រួសារពិតជាត្រូវការ ពោលគឺឲ្យគាត់នៅជាមួយប្រពន្ធកូនវិញ។
ជោគជ័យក្នុងជីវិតមកពីការអនុវត្តតាមឱវាទរបស់ព្រះ
តើអ្នកអាចបដិសេធនឹងយោបល់មិនល្អដែលឃោសនាទូទៅក្នុងលោកិយនេះបានយ៉ាងណា? អ្នកតែងបទទំនុកដំកើងប្រាប់យើងថា មនុស្សដែលមានសុភមង្គលព្រមទាំងរីកចម្រើនឬបានជោគជ័យពិតក្នុងជីវិត គឺជាមនុស្សដែល«ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា[និង]រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃ»។—ទំនុកដំកើង ១:២
ពេលព្រះយេហូវ៉ាតែងតាំងលោកយ៉ូស្វេឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថាគាត់ត្រូវអានហើយ«នឹកជញ្ជឹងទាំងយប់ទាំងថ្ងៃ»ពីអ្វីដែលកត់ទុកក្នុងព្រះគម្ពីរ។ ពិតមែនហើយ ការអាននិងរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះគឺចាំបាច់ណាស់ ប៉ុន្តែយ៉ូស្វេក៏ត្រូវ«ប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរ»នោះដែរ។ តាមពិត នេះមិនមានន័យថា អ្នកនឹងបានជោគជ័យក្នុងជីវិតស្រាប់ដោយព្រោះតែអានព្រះគម្ពីរប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែអនុវត្តតាមអ្វីដែលអ្នកអាន ដ្បិតព្រះយេហូវ៉ាមានបន្ទូលដល់យ៉ូស្វេថា៖ «គឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើង»ឬទទួលជោគជ័យក្នុងជីវិតបាន។—យ៉ូស្វេ ១:៨
សូមស្រមៃគិតអំពីកូនដែលមានចិត្តសប្បាយពេលអង្គុយលើភ្លៅឪពុកម្ដាយដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ កាលគាត់អានរឿងមួយដែលកូនចូលចិត្តស្ដាប់ជាងគេ។ មិនថាឪពុកម្ដាយបានអានរឿងនោះប៉ុន្មានដងក៏ដោយ កូននៅតែចូលចិត្តអង្គុយស្ដាប់ដដែល។ ដូចគ្នាដែរ មនុស្សដែលស្រឡាញ់ព្រះយេហូវ៉ាក៏ចូលចិត្តអានព្រះគម្ពីររាល់ថ្ងៃ ដើម្បីចំណាយពេលជាមួយព្រះវរបិតានៅស្ថានសួគ៌។ ពេលមនុស្សធ្វើតាមឱវាទនិងការណែនាំពីព្រះយេហូវ៉ា ពួកគេប្រៀប«ដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ។ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»ឬទទួលជោគជ័យទាំងស្រុង។—ទំនុកដំកើង ១:៣
ដើមឈើដែលអ្នកតែងបទទំនុកដំកើងបានរៀបរាប់នោះ មិនដុះឡើងដោយចៃដន្យទេ។ ផ្ទុយទៅវិញ មានកសិករដាំដើមនោះក្បែរផ្លូវទឹកហើយថែទាំវាទៀត។ ស្រដៀងគ្នាដែរ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ក៏ជួយកែតម្រង់គំនិតរបស់យើងតាមរយៈដំបូន្មានក្នុងព្រះគម្ពីរ។ ជាលទ្ធផល យើងមានការលូតលាស់ ហើយបង្កើតផលល្អស្របតាមឱវាទរបស់ព្រះ។
ក៏ប៉ុន្តែ «មនុស្សអាក្រក់មិនដូច្នោះទេ»។ ពិតមែនថា ជួនកាលមើលទៅដូចជាមនុស្សអាក្រក់មានភាពចម្រុងចម្រើនមួយរយៈមែន ប៉ុន្តែនៅទីបំផុតពួកគេនឹងទទួលផលអាក្រក់ជាមិនខាន។ «ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ» តែ«ផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ»។—ទំនុកដំកើង ១:៤-៦
ដូច្នេះ កុំអនុញ្ញាតឲ្យលោកិយនេះមានឥទ្ធិពលលើគោលដៅនិងទស្សនៈរបស់អ្នកឡើយ។ ទោះបើអ្នកមានបំនិនផ្សេងៗឬមានសមត្ថភាពទទួលជោគជ័យក្នុងលោកិយនេះក្ដី ចូរប្រយ័ត្ននឹងរបៀបដែលអ្នកប្រើបំនិនរបស់ខ្លួន ហើយប្រយ័ត្នផងដែរក្នុងការអនុញ្ញាតឲ្យលោកិយនេះប្រើបំនិនរបស់អ្នក។ ការស្វែងរកទ្រព្យសម្បត្ដិឬអ្វីផ្សេងទៀតដែលគ្មានប្រយោជន៍ នោះអាចនាំឲ្យអ្នក«ស្រពោន»វិញ។ ផ្ទុយទៅវិញ ការរក្សាឲ្យមានទំនាក់ទំនងល្អជាមួយព្រះនាំឲ្យមានសុភមង្គលនិងជោគជ័យពិតក្នុងជីវិត។
វិធីទទួលបានជោគជ័យក្នុងជីវិត
ពេលមនុស្សធ្វើតាមឱវាទពីព្រះ ហេតុអ្វីបានជាការទាំងអស់ដែលគាត់ធ្វើតែងចម្រើនឡើងឬបានជោគជ័យទាំងស្រុង? អ្នកតែងបទទំនុកដំកើងមិនសំដៅទៅលើការជោគជ័យក្នុងលោកិយនេះទេ ដ្បិតមនុស្សដែលគោរពព្រះអាចទទួលជោគជ័យបាន ឲ្យតែគាត់ធ្វើតាមព្រះហឫទ័យរបស់ព្រះដែលតែងតែបានសម្រេចជាក់ជាមិនខាន។ ឥឡូវ យើងសូមមើលវិធីផ្សេងៗដែលការអនុវត្តតាមគោលការណ៍ព្រះគម្ពីរអាចជួយអ្នកទទួលជោគជ័យក្នុងជីវិតបាន។
ក្រុមគ្រួសារ: ព្រះគម្ពីរដាស់តឿនឲ្យស្វាមីទាំងឡាយ«ស្រឡាញ់ប្រពន្ធ . . . ដូចជាស្រឡាញ់រូបកាយរបស់ខ្លួន» ហើយចំពោះភរិយាដែលជាគ្រិស្តសាសនិក នោះព្រះគម្ពីរបង្គាប់ថាគាត់«ត្រូវកោតខ្លាច»ឬ«គោរពស្វាមី»។ (អេភេសូរ ៥:២៨, ៣៣; ខ.ស.) មាតាបិតាទាំងឡាយបានត្រូវលើកទឹកចិត្តឲ្យចំណាយពេលជាមួយនឹងកូន ទាំងសើចសប្បាយជាមួយគេ និងបង្រៀនកូននូវអ្វីៗដែលសំខាន់។ (ចោទិយកថា ៦:៦, ៧; សាស្ដា ៣:៤) ព្រះគម្ពីរក៏ជូនឱវាទចំពោះមាតាបិតាទាំងឡាយថា៖ «កុំធ្វើអោយកូនរបស់ខ្លួនមួម៉ៅនោះឡើយ»។ ពេលមាតាបិតាធ្វើតាមឱវាទនេះ នោះគឺងាយស្រួលជាងឲ្យកូន«ស្ដាប់បង្គាប់»និង«គោរពប្រតិបត្ដិដល់មាតាបិតាខ្លួន»។ (អេភេសូរ ៦:១-៣; អេភេសូ ៦:៤, ខ.ស.) ការធ្វើតាមឱវាទនេះពីព្រះអាចនាំឲ្យបានជោគជ័យក្នុងជីវិតគ្រួសារ។
មិត្តភក្ដិ: មនុស្សណាក៏ចង់បានមិត្តជិតស្និទ្ធដែរ។ យើងមានសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់ ហើយក៏មានចិត្តចង់ឲ្យអ្នកដទៃស្រឡាញ់យើងវិញដែរ។ ព្រះយេស៊ូមានបន្ទូលថា ពួកអ្នកកាន់តាមទ្រង់ត្រូវតែ«ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) ក្នុងចំណោមពួកអ្នកដែលកាន់តាមព្រះយេស៊ូ យើងអាចរកមិត្តភក្ដិជាទីស្រឡាញ់ដែលអាចទុកចិត្តបាន សូម្បីតែគំនិតនិងអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តក៏យើងអាចប្រាប់បានដោយឥតលាក់លៀមដែរ។ (សុភាសិត ១៨:២៤) ប្រយោជន៍អស្ចារ្យបំផុតដែលមកពីការអនុវត្តតាមគោលការណ៍ព្រះគម្ពីរ គឺយើងអាច«ចូលទៅជិតព្រះ»ហើយមានកិត្ដិយសដូចលោកអ័ប្រាហាំដែលមានកេរ្ដិ៍ឈ្មោះជាមិត្ត«សំឡាញ់របស់[ព្រះយេហូវ៉ា]»។—យ៉ាកុប ២:២៣; ៤:៨
គោលបំណងក្នុងជីវិត: ជីវិតរបស់មនុស្សជាច្រើនគ្មានន័យអ្វីទេ តែជីវិតរបស់ពួកអ្នកដែលទទួលជោគជ័យពិតក្នុងជីវិត នោះមានគោលបំណងហើយមានខ្លឹមសារផង។ ជីវិតរបស់ពួកគេមិនពឹងផ្អែកលើពិភពលោកដែលឥតស្ថិតស្ថេរនេះឡើយ តែគោលដៅរបស់ពួកគេនាំឲ្យមានចិត្តស្កប់ស្កល់ជារៀងរហូតពីព្រោះមានមូលដ្ឋានលើគោលបំណងនៃជីវិត។ តើអ្វីនាំឲ្យមនុស្សមានគោលបំណងក្នុងជីវិត? ព្រះគម្ពីរប្រាប់ថា៖ «ចូរកោតខ្លាចដល់ព្រះហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
សេចក្ដីសង្ឃឹម: ពេលមានព្រះយេហូវ៉ាជាកល្យាណមិត្ត នេះក៏ផ្ដល់ហេតុឲ្យមានសេចក្ដីសង្ឃឹមចំពោះពេលអនាគតដែរ។ សាវ័កប៉ុលបានដាស់តឿនពួកគ្រិស្តសាសនិកថា ពួកគេមិនត្រូវ«ទុកចិត្តនឹងទ្រព្យសម្បត្ដិដែលមិនទៀងនោះឡើយ [តែ]ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ»។ យ៉ាងនេះពួកគេនឹង«ប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច»។ (ធីម៉ូថេទី១ ៦:១៧-១៩) បន្ដិចទៀតពួកគេនឹងទទួលជីវិតជារៀងរហូត ពេលព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ចាប់ផ្ដើមរៀបចំឲ្យផែនដីនេះក្លាយជាសួនមនោរម្យម្ដងទៀត។—លូកា ២៣:៤៣
ការអនុវត្តតាមគោលការណ៍ព្រះគម្ពីរមិនបង្ការកុំឲ្យយើងមានបញ្ហាសោះនោះទេ តែអាចជួយយើងជៀសវាងពីការឈឺចាប់និងទុក្ខលំបាកដែលមនុស្សអាក្រក់ទទួលពីទង្វើរបស់ខ្លួន។ បុរសឈ្មោះដាវីឌដែលបានរៀបរាប់ខាងលើនេះ រួមទាំងមនុស្សរាប់លាននាក់ឯទៀតបានរៀនអំពីតម្លៃនៃការអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់ខ្លួន។ ដាវីឌបានរកការងារផ្សេងដែលមិនស៊ីពេលច្រើនដូចមុន ហើយគាត់ក៏មានប្រសាសន៍ថា៖ «ខ្ញុំត្រេកអរណាស់ចំពោះចំណងមិត្តភាពដែលខ្ញុំមានជាមួយប្រពន្ធកូន ហើយចំពោះឯកសិទ្ធិដែលខ្ញុំមានក្នុងការបម្រើព្រះយេហូវ៉ាដោយមានមុខតំណែងជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ»។ ដូច្នេះ មិនជាការចម្លែកអ្វីឡើយដែលបទទំនុកដំកើងនោះចែងថា មនុស្សដែលប្រុងស្ដាប់តាមឱវាទរបស់ព្រះ«នឹងចំរើនឡើង» គឺបានជោគជ័យក្នុងជីវិតមែន!
[តារាងនៅទំព័រ៦]
ជំហានប្រាំយ៉ាងដើម្បីឲ្យបានជោគជ័យ
១ កុំឲ្យទស្សនៈរបស់លោកិយនេះមានឥទ្ធិពល លើយើង។
២ ចូរអាននិងរំពឹងគិតអំពីព្រះគម្ពីរ ជារៀងរាល់ថ្ងៃ។
៣ ចូរអនុវត្តតាមឱវាទពីព្រះគម្ពីរក្នុងជីវិតយើង។
៤ យកព្រះធ្វើជាមិត្តសម្លាញ់។
៥ កោតខ្លាចព្រះនិងកាន់តាមបញ្ញត្ដិទ្រង់។
[រូបភាពនៅទំព័រ៧]
តើអ្នកកំពុងធ្វើតាមជំហានផ្សេងៗដែលនាំឲ្យបានជោគជ័យឬទេ?