មេរៀនទី១២
ក្មួយប្រុសរបស់ប៉ូលមានចិត្តក្លាហាន
សូមយើងរៀនអំពីបុរសវ័យក្មេងម្នាក់ដែលបានសង្គ្រោះជីវិតពូរបស់គាត់។ ពូរបស់បុរសនេះគឺសាវ័កប៉ូល។ យើងមិនដឹងថាបុរសនេះមានឈ្មោះអ្វីទេ តែយើងដឹងថាគាត់បានធ្វើអ្វីមួយយ៉ាងក្លាហាន។ តើកូនចង់ដឹងអំពីអ្វីដែលគាត់បានធ្វើឬទេ?—
ប៉ូលបានជាប់គុកនៅក្រុងយេរូសាឡិម។ គាត់បានត្រូវគេចាប់ខ្លួនដោយសារគាត់ផ្សព្វផ្សាយអំពីលោកយេស៊ូ។ បុរសអាក្រក់មួយចំនួនបានស្អប់ប៉ូល ហើយពួកគេបានរៀបគម្រោងអាក្រក់មួយ។ ពួកគេបាននិយាយថា៖ ‹ចូរយើងសុំមេបញ្ជាការឲ្យទាហានរបស់គាត់នាំប៉ូលទៅតុលាការ។ បន្ទាប់មក យើងនឹងលាក់ខ្លួននៅតាមផ្លូវ ហើយនៅពេលដែលប៉ូលដើរកាត់ទីនោះ យើងនឹងសម្លាប់គាត់!›។
ក្មួយប្រុសរបស់ប៉ូលបានប្រាប់គាត់ និងមេបញ្ជាការកងទ័ពអំពីគម្រោងការអាក្រក់
ក្មួយប្រុសរបស់ប៉ូលបានឮអំពីគម្រោងការនេះ។ តើគាត់នឹងធ្វើយ៉ាងណា? គាត់បានប្រាប់រឿងនេះដល់ប៉ូលនៅក្នុងគុក។ ភ្លាមៗនោះ ប៉ូលបានឲ្យគាត់និយាយប្រាប់អំពីគម្រោងអាក្រក់នេះដល់មេបញ្ជាការកងទ័ព។ តើកូនគិតថា ជាការងាយស្រួលឲ្យក្មួយប្រុសរបស់ប៉ូលនិយាយជាមួយមេបញ្ជាការឬទេ?— អត់ទេ ពីព្រោះមេបញ្ជាការគឺជាបុរសដ៏សំខាន់ម្នាក់។ ប៉ុន្តែ ក្មួយប្រុសរបស់ប៉ូលមានចិត្តក្លាហាន ហើយបាននិយាយរឿងនេះប្រាប់មេបញ្ជាការ។
មេបញ្ជាការបានដឹងយ៉ាងច្បាស់អំពីអ្វីដែលគាត់ត្រូវធ្វើ។ គាត់បានយកទាហានជិត៥០០នាក់ឲ្យការពារប៉ូល! គាត់បានប្រាប់ពួកគេឲ្យនាំប៉ូលទៅទីក្រុងសេសារៀនៅយប់នោះ។ តើប៉ូលបានរួចជីវិតឬទេ?— ពិតមែនហើយ បុរសអាក្រក់ទាំងនោះមិនអាចវាយប្រហារមកលើប៉ូលបានឡើយ! ដូច្នេះ គម្រោងអាក្រក់របស់ពួកគេមិនបានសម្រេចទេ។
តើកូនអាចរៀនអ្វីពីរឿងនេះ?— កូនក៏អាចក្លាហានដូចក្មួយប្រុសរបស់ប៉ូលដែរ។ យើងត្រូវតែក្លាហានពេលយើងនិយាយជាមួយអ្នកឯទៀតអំពីព្រះយេហូវ៉ា។ តើកូននឹងក្លាហាន ហើយបន្តនិយាយអំពីព្រះយេហូវ៉ាឬទេ?— បើកូនធ្វើដូច្នេះ កូនអាចជួយសង្គ្រោះជីវិតរបស់អ្នកឯទៀតបាន។