ខែមករា
ថ្ងៃអង្គារ ទី១ ខែមករា
មនុស្សអាក្រក់មិនយល់សេចក្ដីយុត្ដិធម៌ទេ។—សុភ. ២៨:៥
សព្វថ្ងៃនេះយើងកំពុងរស់នៅជិតទីបញ្ចប់នៃគ្រាចុងក្រោយបង្អស់។ មនុស្សអាក្រក់មានកាន់តែច្រើនឡើងៗ។ ពួកគេ«ដុះដាលឡើងដូចជាស្មៅ»។ (ទំនុក. ៩២:៧) ដូច្នេះយើងមិនភ្ញាក់ផ្អើលទេ ដែលមនុស្សមិនព្រមធ្វើតាមខ្នាតតម្រារបស់ព្រះ។ ប៉ូលបានប្រាប់គ្រិស្តសាសនិកថា៖ «[ចូរ]ធ្វើជាទារកចំពោះសេចក្ដីអាក្រក់ តែចំពោះសមត្ថភាពយល់ដឹង ត្រូវធ្វើជាមនុស្សពេញវ័យវិញ»។ (១កូ. ១៤:២០) តើតាមរបៀបណាយើងអាចធ្វើតាមពាក្យទាំងនេះ? ចម្លើយចំពោះសំណួរនេះគឺនៅក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ ដែលថា៖ «ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ាគេយល់គ្រប់ទាំងអស់»។ នេះមានន័យថាពួកគេអាចយល់អ្វីៗទាំងអស់ដែលសំខាន់ចាំបាច់ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ សុភាសិត ២:៧, ៩ក៏បង្រៀនយើងថា ព្រះយេហូវ៉ាផ្ដល់ប្រាជ្ញាដល់មនុស្សសុចរិត។ ជាលទ្ធផល ពួកគេអាច«យល់សេចក្ដីសុចរិត សេចក្ដីយុត្ដិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ»។ ណូអេ ដានីយ៉ែល និងយ៉ូបមានប្រាជ្ញាបែបនេះដែលមកពីព្រះ។ (អេស. ១៤:១៤) រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះក៏មានប្រាជ្ញាបែបនេះដែរ។ ចុះអ្នកវិញ? តើអ្នកមានប្រាជ្ញាដែលមកពីព្រះឬទេ? តើអ្នកអាច«យល់គ្រប់ទាំងអស់»ដែលអ្នកត្រូវការដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឬទេ? ដើម្បីធ្វើដូច្នេះ អ្នកត្រូវស្គាល់លោកឲ្យបានច្បាស់។ w១៨.០២ ទំ. ៩-១០ វ. ១-៣
ថ្ងៃពុធ ទី២ ខែមករា
ពួកគាត់ទទួលការជ្រមុជទឹកដោយនូវនាមរបស់លោកម្ចាស់យេស៊ូ។—សកម្ម. ១៩:៥
គ្មានអ្នកណាម្នាក់គួរបង្ខំកូនឬសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹកឡើយ។ ព្រះយេហូវ៉ាមិនបង្ខំអ្នកណាម្នាក់ឲ្យបម្រើលោកទេ។ (១យ៉ូន. ៤:៨) ពេលយើងបង្រៀនអ្នកឯទៀត យើងត្រូវជួយពួកគេឲ្យយល់ថាគឺសំខាន់ណាស់ដែលពួកគេបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ ក្រោយមក បើសិស្សគម្ពីរពិតជាមានចិត្តកតញ្ញូចំពោះការស្គាល់សេចក្ដីពិតអំពីព្រះ ហើយពិតជាចង់ធ្វើអ្វីៗទាំងអស់ដែលគ្រិស្តសាសនិកពិតគួរធ្វើ នោះគាត់នឹងចង់ទទួលការជ្រមុជទឹក។ (២កូ. ៥:១៤, ១៥) គ្មានការកំណត់អាយុដើម្បីទទួលការជ្រមុជទឹកទេ។ បុគ្គលគ្រប់រូបគឺខុសៗគ្នា ហើយសិស្សគម្ពីរខ្លះរីកចម្រើនលឿនជាងសិស្សគម្ពីរឯទៀត។ ថ្ងៃដែលបុគ្គលម្នាក់ទទួលការជ្រមុជទឹកគឺជាថ្ងៃដ៏សប្បាយរីករាយណាស់។ នៅពេលនោះក៏សំខាន់ដែលគាត់គិតឲ្យបានដិតដល់អំពីការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹករួមបញ្ចូលអ្វីខ្លះ។ ការធ្វើអ្វីៗទាំងអស់ដែលគ្រិស្តសាសនិកពិតត្រូវធ្វើ គឺតម្រូវឲ្យខំប្រឹងយ៉ាងខ្លាំង។ អ្នកកាន់តាមលោកយេស៊ូត្រូវ«រស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៥; ម៉ាថ. ១៦:២៤ w១៨.០៣ ទំ. ៧-៨ វ. ១៤-១៧
ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា
កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់ ព្រោះដោយបង្ហាញទឹកចិត្តបែបនេះអ្នកខ្លះបានទទួលទេវតាដោយមិនដឹងខ្លួន។—ហេ. ១៣:២
តើអ្នកធ្លាប់ស្ទាក់ស្ទើរក្នុងការទទួលអ្នកឯទៀតដោយរាក់ទាក់ឬទេ? បើដូច្នេះ អ្នកប្រហែលជាបានបាត់បង់ឱកាសដ៏សប្បាយ និងឱកាសដើម្បីមានមិត្តភក្ដិថ្មីដែលនឹងទៅជាមិត្តភក្ដិជារៀងរហូតរបស់អ្នក។ ការទទួលអ្នកឯទៀតដោយរាក់ទាក់គឺជារបៀបដ៏ល្អបំផុតមួយដើម្បីលែងមានអារម្មណ៍ឯកោ។ ដូច្នេះ ហេតុអ្វីអ្នកខ្លះស្ទាក់ស្ទើរទទួលអ្នកឯទៀតដោយរាក់ទាក់? មានមូលហេតុខ្លះៗ។ មូលហេតុមួយគឺរាស្ត្ររបស់ព្រះយេហូវ៉ាគឺរវល់ណាស់ ហើយមានភារកិច្ចជាច្រើន។ បងប្អូនខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេមិនមានពេលឬកម្លាំងគ្រប់គ្រាន់ដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់ទេ។ បើអ្នកមានអារម្មណ៍បែបនេះ អ្នកប្រហែលជាត្រូវកែប្រែកាលវិភាគរបស់អ្នកដើម្បីអ្នកអាចទទួលអ្នកឯទៀតដោយរាក់ទាក់ ហើយដើម្បីអ្នកអាចទទួលការអញ្ជើញពីអ្នកឯទៀតដែរ។ នេះគឺសំខាន់ដោយសារគម្ពីរលើកទឹកចិត្តយើងឲ្យទទួលអ្នកឯទៀតដោយរាក់ទាក់។ ដូច្នេះ ការទទួលអ្នកឯទៀតដោយរាក់ទាក់គឺជាអ្វីដ៏ត្រឹមត្រូវ។ ប៉ុន្តែដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់ អ្នកប្រហែលជាត្រូវចំណាយពេលតិចជាងក្នុងការធ្វើអ្វីដែលមិនសូវសំខាន់។ w១៨.០៣ ទំ. ១៨ វ. ១៣-១៤
ថ្ងៃសុក្រ ទី៤ ខែមករា
ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក។—លូក. ៤:៤៣
ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ លោកយេស៊ូជាគំរូដ៏ល្អបំផុតស្តីអំពីការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ ក្នុងជីវិតរបស់លោកនិងក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី លោកបានបង្ហាញថាលោកចង់យកតម្រាប់បិតារបស់លោក។ លោកយេស៊ូមានរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តដូចព្រះយេហូវ៉ា។ លោកយេស៊ូបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយឲ្យតម្លៃចំពោះខ្នាតតម្រារបស់បិតាលោក។ (យ៉ូន. ៨:២៩; ១៤:៩; ១៥:១០) ជាឧទាហរណ៍ សូមមើលការរៀបរាប់របស់អេសាយអំពីសេចក្ដីអាណិតមេត្ដារបស់ព្រះយេហូវ៉ា និងការរៀបរាប់របស់ម៉ាកុសអំពីអារម្មណ៍របស់លោកយេស៊ូ ថាលោកទាំងពីរគឺស្រដៀងគ្នាយ៉ាងណា។ (អេ. ៦៣:៩; ម៉ាក. ៦:៣៤) តើយើងយកតម្រាប់លោកយេស៊ូឬទេ ក្នុងការប្រុងប្រៀបជានិច្ចដើម្បីបង្ហាញសេចក្ដីអាណិតមេត្ដាចំពោះពួកអ្នកដែលត្រូវការជំនួយ? តើយើងផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយនិងការបង្រៀនមនុស្សអំពីដំណឹងល្អដូចលោកយេស៊ូបានធ្វើឬទេ? មនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត ក៏មានចិត្តអាណិតមេត្ដា ហើយព្យាយាមជួយអ្នកឯទៀតដែរ។ w១៨.០២ ទំ. ២០ វ. ១២
ថ្ងៃសៅរ៍ ទី៥ ខែមករា
ចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក។—អេភ. ៦:៤
ការអប់រំកូនគឺពិបាកណាស់ក្នុងពិភពលោកសព្វថ្ងៃនេះ។ (២ធី. ៣:១-៥) ពេលដែលកូនកើតមក ពួកគេមិនដឹងខុសត្រូវទេ ហើយសមត្ថភាពវិនិច្ឆ័យរបស់ពួកគេក៏មិនទាន់បានត្រូវបង្ហាត់បង្រៀនដែរ។ ដូច្នេះ ពួកគេត្រូវការការប្រៀនប្រដៅដើម្បីបង្ហាត់បង្រៀនសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន។ (រ៉ូម ២:១៤, ១៥) បណ្ឌិតម្នាក់ខាងគម្ពីរបានពន្យល់ថា ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ការប្រៀនប្រដៅ» ក៏អាចមានន័យថាការអប់រំកូនឲ្យក្លាយទៅជាមនុស្សពេញវ័យដែលចេះទទួលខុសត្រូវ។ ពេលឪពុកម្ដាយប្រដៅកូនដោយសេចក្ដីស្រឡាញ់ កូនមានសេចក្ដីសុខសាន្ត។ ពួកគេរៀនថាចិត្តសេរីមានកម្រិត ហើយថាពួកគេទទួលលទ្ធផលតាមអ្វីដែលពួកគេបានធ្វើ។ ដូច្នេះ គឺសំខាន់ណាស់ដែលឪពុកម្ដាយដែលជាគ្រិស្តសាសនិកពឹងផ្អែកលើប្រាជ្ញារបស់ព្រះយេហូវ៉ាដើម្បីជួយពួកគេឲ្យអប់រំកូន។ ទស្សនៈអំពីការអប់រំកូនគឺខុសគ្នាអាស្រ័យទៅលើតំបន់ដែលយើងរស់នៅ ហើយទស្សនៈនោះតែងតែប្រែប្រួល។ ប៉ុន្តែ ឪពុកម្ដាយដែលស្ដាប់ព្រះ មិនចាំបាច់សាកល្បងវិធីនេះឬនោះ ទើបដឹងថាគួរធ្វើយ៉ាងណា ឬមិនចាំបាច់ពឹងផ្អែកលើបទពិសោធន៍ឬគំនិតរបស់មនុស្សឡើយ។ w១៨.០៣ ទំ. ២៩-៣០ វ. ៨-៩
ថ្ងៃអាទិត្យ ទី៦ ខែមករា
សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច ដោយកោតខ្លាចញាប់ញ័រ។—ភី. ២:១២
អ្នកប្រហែលជាបានទទួលការជ្រមុជទឹកពេលដែលអ្នកនៅវ័យក្មេង។ ទោះជាអ្នកនៅតែរស់នៅជាមួយនឹងឪពុកម្ដាយរបស់អ្នកក៏ដោយ ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាគឺជាភារកិច្ចរបស់ខ្លួនអ្នកផ្ទាល់។ ហេតុអ្វីគឺសំខាន់ឲ្យអ្នកចាំអំពីចំណុចនេះ? ដោយសារ ឥឡូវអ្នកមានវ័យជំទង់ ដូច្នេះអ្នកមានអារម្មណ៍ដែលអ្នកមិនធ្លាប់មានពីមុន ហើយក៏មានបញ្ហាខុសពីមុនដែរ។ ប្អូនស្រីវ័យជំទង់ម្នាក់បាននិយាយថា៖ «តាមធម្មតា កូនក្មេងដែលជាសាក្សីព្រះយេហូវ៉ានឹងមិនតូចចិត្តដោយសារតែគាត់មិនអាចញ៉ាំនំខួបកំណើតនៅសាលារៀនទេ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក ពេលដែលមានចំណង់ផ្លូវភេទខ្លាំងជាង គាត់ត្រូវមានការជឿជាក់ទាំងស្រុងថាការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាគឺតែងតែជាជម្រើសដ៏ល្អបំផុត»។ សូម្បីតែពួកអ្នកដែលបានទទួលការជ្រមុជទឹកនៅពេលដែលពួកគេជាមនុស្សពេញវ័យក៏ដោយ ក៏ប្រឈមមុខនឹងការសាកល្បងជំនឿរបស់ពួកគេតាមរបៀបដែលពួកគេមិនបានរំពឹងទុកដែរ។ ការសាកល្បងនេះអាចមកពីបញ្ហាសុខភាព បញ្ហាអាពាហ៍ពិពាហ៍ ឬបញ្ហាការងារ។ ទោះជាយើងមានវ័យណាក៏ដោយ យើងម្នាក់ៗត្រូវចេះស្មោះត្រង់ចំពោះព្រះយេហូវ៉ាក្នុងស្ថានភាពផ្សេងៗជាច្រើន។—យ៉ា. ១:១២-១៤ w១៧.១២ ទំ. ២២ វ. ៤-៥
ថ្ងៃច័ន្ទ ទី៧ ខែមករា
ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស។—អេភ. ៤:២៦
ដាវីឌធ្លាប់រងការអាក្រក់ជាច្រើនដែលមនុស្សភាគច្រើនមិនធ្លាប់ជួប។ ប៉ុន្តែ មិត្តសម្លាញ់នេះរបស់ព្រះ មិនបានឲ្យបញ្ហារបស់គាត់ធ្វើឲ្យគាត់ពេញទៅដោយកំហឹងឡើយ។ គាត់បានសរសេរថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ»។ (ទំនុក. ៣៧:៨) មូលហេតុដ៏សំខាន់បំផុតដែលយើង«ឈប់ពី»សេចក្ដីកំហឹងឬបោះបង់ចោលកំហឹងគឺយើងចង់យកតម្រាប់ព្រះយេហូវ៉ា។ លោក«មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ» តែលោកបានអភ័យទោសឲ្យយើងវិញ។ (ទំនុក. ១០៣:១០) មានប្រយោជន៍ផ្សេងទៀតដែលមកពីការបោះបង់ចោលកំហឹង។ ជាឧទាហរណ៍ កំហឹងអាចបង្កឲ្យមានជំងឺលើសឈាម បញ្ហាផ្លូវដង្ហើម បង្ខូចថ្លើមនិងលំពែង ហើយអាចបណ្ដាលឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ម្យ៉ាងទៀត ពេលយើងខឹងយើងមិនតែងតែគិតយ៉ាងត្រឹមត្រូវទេ។ យើងប្រហែលជានិយាយឬធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតឈឺចិត្ត ហើយនេះអាចបណ្ដាលឲ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តអស់រយៈពេលជាយូរ។ គឺល្អប្រសើរជាងឆ្ងាយណាស់ឲ្យយើងរក្សាចិត្តស្ងប់។ គម្ពីរចែងថា៖ «ចិត្តស្ងប់ តែងតែធ្វើអោយមានសុខភាពល្អ»។ (សុភ. ១៤:៣០; ខ.ស.) ដូច្នេះ តើយើងអាចធ្វើអ្វីពេលដែលអ្នកឯទៀតធ្វើឲ្យយើងឈឺចិត្ត ហើយតើតាមរបៀបណាយើងអាចធ្វើឲ្យមានសន្ដិភាពជាមួយនឹងបងប្អូនរបស់យើង? យើងអាចធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាពីគម្ពីរ។ w១៨.០១ ទំ. ៦-៧ វ. ១៤-១៥
ថ្ងៃអង្គារ ទី៨ ខែមករា
ទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុង[ផ្នូរ]ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ។—ទំនុក. ១៦:១០; «ព.ថ.»
ដាវីឌមិនចង់មានន័យថាគាត់នឹងមិនស្លាប់ ហើយនៅក្នុងផ្នូរទេ។ បណ្ដាំរបស់ព្រះចែងយ៉ាងច្បាស់ថាដាវីឌបានទៅជាចាស់និងស្លាប់ ហើយ«ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ»។ (១ព. ២:១, ១០) ដូច្នេះ តើទំនុកតម្កើង ១៦:១០សំដៅទៅលើអ្នកណា? ប៉ុន្មានសប្ដាហ៍ក្រោយពីលោកយេស៊ូបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ពេត្រុសបាននិយាយចំពោះមុខជនជាតិយូដានិងពួកអ្នកដូរសាសនារាប់ពាន់នាក់ស្តីអំពីទំនុកតម្កើង ១៦:១០។ (សកម្ម. ២:២៩-៣២) គាត់បានរំលឹកពួកគេថាដាវីឌបានស្លាប់ ហើយបានត្រូវគេបញ្ចុះ។ គម្ពីរមិនបានចែងថាមានអ្នកណាម្នាក់នៅទីនោះដែលមិនយល់ស្របនឹងសម្ដីរបស់ពេត្រុសដែលថាដាវីឌ‹បានឃើញទុកជាមុនក៏បាននិយាយអំពីការប្រោសមេស្ស៊ីឲ្យរស់ឡើងវិញ›។ ពេត្រុសបានគាំទ្រចំណុចដែលគាត់បានលើកឡើងដោយដកស្រង់ពាក្យរបស់ដាវីឌនៅទំនុកតម្កើង ១១០:១។ (សកម្ម. ២:៣៣-៣៦) ការវែកញែករបស់ពេត្រុសបានធ្វើឲ្យមនុស្សមួយក្រុមធំនោះជឿជាក់ថាលោកយេស៊ូ«ជាលោកម្ចាស់និងជាគ្រិស្ត»។ ពួកគេបានទទួលស្គាល់ថាទំនាយនៅទំនុកតម្កើង ១៦:១០បានសម្រេចពេលដែលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ w១៧.១២ ទំ. ១១-១២ វ. ១០-១២
ថ្ងៃពុធ ទី៩ ខែមករា
គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។—អែស. ៨:៣៤
គណៈអភិបាលគឺស្មោះត្រង់ហើយចេះពិចារណាក្នុងការប្រើវិភាគទាន។ (ម៉ាថ. ២៤:៤៥) សមាជិកគណៈអភិបាលអធិដ្ឋានដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយពួកគេធ្វើគម្រោងច្បាស់លាស់អំពីរបៀបប្រើវិភាគទានទាំងនោះ។ (លូក. ១៤:២៨) ជាច្រើនឆ្នាំក្រោយមក សាវ័កប៉ូលបានប្រមូលលុយដើម្បីជួយបងប្អូននៅតំបន់យូឌាដែលមានសេចក្ដីត្រូវការ។ គាត់បានធ្វើឲ្យប្រាកដថា អ្នកកាន់លុយបានចាត់ចែង«កិច្ចការដោយទៀងត្រង់ មិនគ្រាន់តែនៅចំពោះមុខព្រះ តែនៅចំពោះមុខមនុស្សដែរ»។ (២កូ. ៨:១៨-២១) សព្វថ្ងៃនេះ អង្គការរបស់យើងធ្វើតាមគំរូរបស់អែសរ៉ានិងប៉ូល ហើយប្រើវិភាគទានដោយយកចិត្តទុកដាក់។ (អែស. ៨:២៤-៣៣) ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ មានគម្រោងថ្មីៗជាច្រើនក្នុងអង្គការរបស់ព្រះដ៏គួរឲ្យរំភើប។ អង្គការរបស់ព្រះស្វែងរកវិធីសន្សំសំចៃលុយនិងធ្វើឲ្យកិច្ចការសាមញ្ញជាង ដើម្បីអង្គការរបស់លោកអាចប្រើវិភាគទានឲ្យកើតប្រយោជន៍ច្រើនបំផុត។ w១៨.០១ ទំ. ១៨ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា
ចូរឲ្យសេចក្ដីសុខសាន្តរបស់គ្រិស្តគ្រប់គ្រងចិត្តអ្នករាល់គ្នា។—កូឡ. ៣:១៥
សេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសអាចជួយយើងឲ្យចេះអភ័យទោសឲ្យអ្នកឯទៀត។ បើបងប្អូនណាម្នាក់បាននិយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្ត យើងអាចគិតអំពីពេលដែលយើងបាននិយាយឬបានធ្វើអ្វីមួយដែលមិនសប្បុរសចំពោះអ្នកឯទៀត ហើយពួកគេបានអភ័យទោសឲ្យយើង។ យើងសប្បាយចិត្តណាស់ដែលពួកគេបានបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស! (សាស្ដ. ៧:២១, ២២) យើងសប្បាយចិត្តដែលគ្រិស្តបង្ហាញសេចក្ដីសប្បុរសដោយជួយអ្នកគោរពប្រណិប័តន៍ពិតឲ្យមានសាមគ្គីភាព។ យើងទាំងអស់គ្នាស្រឡាញ់ព្រះយេហូវ៉ាដូចគ្នា ផ្សព្វផ្សាយដំណឹងដូចគ្នា ហើយយើងមានបញ្ហាជាច្រើនដូចគ្នា។ បើយើងមានសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងចេះអភ័យទោសឲ្យអ្នកឯទៀត ក្រុមជំនុំនឹងកាន់តែមានសាមគ្គីភាព ហើយយើងអាចបន្តផ្ដោតអារម្មណ៍លើរង្វាន់។ ការច្រណែនអាចរារាំងយើងពីការទទួលរង្វាន់។ គំរូក្នុងគម្ពីរបង្ហាញអំពីគ្រោះថ្នាក់ដែលមកពីការច្រណែន។ ជាឧទាហរណ៍ កាអ៊ីនបានច្រណែននឹងអេបិល ហើយបានសម្លាប់គាត់។ កូរ៉ា ដាថាន និងអ័ប៊ីរ៉ាមបានច្រណែននឹងម៉ូសេ ហើយបានបះបោរប្រឆាំងនឹងគាត់។ ស្តេចសុលបានច្រណែននឹងដាវីឌ រួចបានព្យាយាមសម្លាប់គាត់។ w១៧.១១ ទំ. ២៩ វ. ៩-១០
ថ្ងៃសុក្រ ទី១១ ខែមករា
ត្រូវស៊ើបសួររកឲ្យអស់ពីចិត្តបើពិតដូច្នោះមែន។—ចោ. ១៣:១៤
ពេលពួកអ្នកចាស់ទុំបម្រើជាសមាជិកគណៈកម្មាធិការវិនិច្ឆ័យ ពួកគាត់ត្រូវស្វែងយល់ថាបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនោះបានប្រែចិត្តឬមិនបានប្រែចិត្ត។ នេះមិនតែងតែស្រួលទេ។ ការប្រែចិត្តរួមបញ្ចូលទស្សនៈដែលអ្នកប្រព្រឹត្តអំពើខុសឆ្គងមានចំពោះអ្វីដែលគាត់បានធ្វើ ហើយអ្វីដែលមាននៅក្នុងចិត្តរបស់គាត់។ (បប. ៣:៣) អ្នកប្រព្រឹត្តអំពើខុសឆ្គងត្រូវប្រែចិត្តដើម្បីទទួលសេចក្ដីមេត្ដាករុណា។ ព្រះយេហូវ៉ានិងលោកយេស៊ូដឹងច្បាស់អំពីគំនិតនិងអារម្មណ៍របស់បុគ្គលម្នាក់ៗដោយសារលោកទាំងពីរអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស។ ប៉ុន្តែ អ្នកចាស់ទុំមិនអាចឃើញអ្វីដែលនៅក្នុងចិត្តទេ។ ដូច្នេះ បើអ្នកជាអ្នកចាស់ទុំ តើតាមរបៀបណាអ្នកអាចដឹងថាបុគ្គលណាម្នាក់ពិតជាបានប្រែចិត្តឬយ៉ាងណា? ទី១ សូមអធិដ្ឋានសុំប្រាជ្ញានិងសមត្ថភាពវែកញែក។ (១ព. ៣:៩) ទី២ សូមប្រើបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗដែលមកពីខ្ញុំបម្រើដ៏ស្មោះត្រង់ ដើម្បីជួយអ្នកឲ្យឃើញភាពខុសគ្នារវាង«ការព្រួយចិត្តរបស់ពិភពលោកនេះ»និង«ការព្រួយចិត្តដែលស្របតាមបំណងប្រាថ្នារបស់ព្រះ»ដែលជាការប្រែចិត្តយ៉ាងស្មោះ។ (២កូ. ៧:១០, ១១) សូមពិនិត្យមើលអ្វីដែលគម្ពីរបានរៀបរាប់អំពីពួកអ្នកដែលបានប្រែចិត្តនិងពួកអ្នកដែលមិនបានប្រែចិត្ត ហើយពិចារណាអំពីអារម្មណ៍ គំនិត និងការប្រព្រឹត្តរបស់ពួកគេ។ w១៧.១១ ទំ. ១៩-២០ វ. ១៦-១៧
ថ្ងៃសៅរ៍ ទី១២ ខែមករា
[កូននឹង]មិនស្ដាប់បង្គាប់ឪពុកម្ដាយ។—២ធី. ៣:២
សព្វថ្ងៃនេះ សៀវភៅ ភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនបានធ្វើឲ្យការមិនស្ដាប់បង្គាប់ឪពុកម្ដាយមើលទៅដូចជាមិនខុស ហើយជាអ្វីដែលធម្មតា។ ប៉ុន្តែតាមការពិត ការមិនស្ដាប់បង្គាប់ធ្វើឲ្យក្រុមគ្រួសាររង្គោះរង្គើ ហើយនេះជះឥទ្ធិពលអាក្រក់ទៅលើសង្គមទាំងមូល។ មនុស្សបានដឹងអំពីការពិតនេះតាំងពីយូរមកហើយ។ ជាឧទាហរណ៍ នៅប្រទេសក្រិចសម័យបុរាណ បុគ្គលដែលវាយឪពុកម្ដាយរបស់ខ្លួន នឹងបាត់បង់សិទ្ធិផ្សេងៗរបស់គាត់ក្នុងសង្គម។ ក្រោមច្បាប់រ៉ូម បុគ្គលដែលវាយឪពុកអាចត្រូវគេដាក់ទោសគាត់ដូចជាគេដាក់ទោសឃាតករ។ ទាំងបទគម្ពីរភាសាហេប្រឺទាំងបទគម្ពីរភាសាក្រិចបង្គាប់កូនៗឲ្យគោរពឪពុកម្ដាយ។ (និក្ខ. ២០:១២; អេភ. ៦:១-៣) តើអ្វីអាចជួយកូនៗឲ្យស្ដាប់បង្គាប់ឪពុកម្ដាយ ទោះជាក្មេងឯទៀតមិនស្ដាប់បង្គាប់ឪពុកម្ដាយក្ដី? ពេលកូនគិតអំពីអ្វីល្អទាំងអស់ដែលឪពុកម្ដាយបានធ្វើចំពោះពួកគេ ពួកគេគួរមានចិត្តកតញ្ញូ ហើយចង់ស្ដាប់បង្គាប់ឪពុកម្ដាយ។ ប្អូនៗវ័យក្មេងក៏ត្រូវយល់ថា ព្រះដែលជាបិតារបស់យើងទាំងអស់គ្នា តម្រូវឲ្យពួកគេស្ដាប់បង្គាប់ឪពុកម្ដាយ។ ពេលប្អូនៗវ័យក្មេងនិយាយល្អៗអំពីឪពុកម្ដាយ ពួកគេជួយមិត្តភក្ដិឲ្យគោរពឪពុកម្ដាយរបស់ពួកគេច្រើនជាង។ w១៨.០១ ទំ. ២៩-៣០ វ. ៨-៩
ថ្ងៃអាទិត្យ ទី១៣ ខែមករា
មនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ។—អេ. ៣២:២
សព្វថ្ងៃនេះគ្រិស្តសាសនិកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរត្រូវទៅជួបអ្នកចាស់ទុំ ដើម្បីពួកគាត់អាចជួយគាត់ឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ ហេតុអ្វីនេះគឺសំខាន់ម្ល៉េះ? ទី១ គឺព្រះយេហូវ៉ាដែលបានរៀបចំឲ្យមានពួកអ្នកចាស់ទុំដើម្បីវិនិច្ឆ័យចំពោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ (យ៉ា. ៥:១៤-១៦) ទី២ ព្រះរៀបចំឲ្យមានពួកអ្នកចាស់ទុំដើម្បីជួយពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យកែប្រែ ប្រយោជន៍ឲ្យពួកគេទទួលការពេញចិត្តពីព្រះយេហូវ៉ា ហើយជៀសវាងពីការធ្វើអំពើខុសឆ្គងនោះម្ដងទៀត។ (កាឡ. ៦:១; ហេ. ១២:១១) ទី៣ អ្នកចាស់ទុំបានត្រូវតែងតាំងនិងបានទទួលការបង្ហាត់បង្រៀនដើម្បីពង្រឹងទំនុកចិត្តរបស់ពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានកែប្រែ ហើយជួយពួកគេឲ្យមានអារម្មណ៍ធូរស្បើយនិងមិនបន្ទោសខ្លួន។ ព្រះយេហូវ៉ាហៅពួកអ្នកចាស់ទុំបែបនេះថា «ទីជ្រកឲ្យរួចពីព្យុះសង្ឃរា»។ (អេ. ៣២:២) ការរៀបចំនេះគឺជារបៀបមួយដែលព្រះបង្ហាញសេចក្ដីមេត្ដាករុណាចំពោះយើង។ អ្នកបម្រើជាច្រើនរបស់ព្រះដែលបានជួបអ្នកចាស់ទុំ ហើយទទួលជំនួយពីពួកគាត់មានអារម្មណ៍ធូរស្រាលនៅពេលក្រោយមក។ w១៧.១១ ទំ. ១១-១២ វ. ៨-៩
ថ្ងៃច័ន្ទ ទី១៤ ខែមករា
ការប្រដៅ . . . ធ្វើឲ្យកើតទុក្ខ។—ហេ. ១២:១១
ទោះជាយើងឈឺចាប់ជាខ្លាំងនៅពេលដែលបុគ្គលជាទីស្រឡាញ់របស់យើងត្រូវបណ្ដាច់មិត្តភាពក្ដី យើងត្រូវជៀសវាងការប្រាស្រ័យទាក់ទងជាមួយនឹងពួកគេតាមទូរស័ព្ទ ការផ្ញើសារ សំបុត្រ អ៊ីមែល ឬតាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។ ក៏ប៉ុន្តែ សូមកុំអស់សង្ឃឹម! សេចក្ដីស្រឡាញ់«សង្ឃឹមលើអ្វីៗទាំងអស់» ដូច្នេះយើងបន្តសង្ឃឹមជានិច្ចថាបុគ្គលដែលយើងស្រឡាញ់នឹងត្រឡប់មកព្រះយេហូវ៉ាវិញ។ (១កូ. ១៣:៧) បើអ្នកឃើញថាសមាជិកគ្រួសារមានចិត្តគំនិតល្អប្រសើរជាងមុន អ្នកអាចអធិដ្ឋានឲ្យគាត់ទទួលកម្លាំងចិត្តដែលមកពីគម្ពីរ ហើយទទួលយកការអញ្ជើញពីព្រះយេហូវ៉ាដែលថា៖ «ចូរវិលមកឯអញវិញ»។ (អេ. ៤៤:២២) លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់លោកច្រើនជាងមនុស្សណាទាំងអស់។ ម្យ៉ាងទៀត លោកយេស៊ូបានជឿជាក់ថាអ្នកកាន់តាមលោកនឹងមានចិត្តក្លាហានដើម្បីរក្សាភក្ដីភាពចំពោះលោក សូម្បីតែក្រុមគ្រួសាររបស់ពួកគេប្រឆាំងក៏ដោយ។ ដូច្នេះ បើក្រុមគ្រួសាររបស់អ្នកប្រឆាំងអ្នកដោយសារអ្នកកាន់តាមលោកយេស៊ូ សូមពឹងផ្អែកលើព្រះយេហូវ៉ា។ ចូរសុំលោកជួយអ្នកដើម្បីស៊ូទ្រាំ។ (អេ. ៤១:១០, ១៣) សូមរីករាយដោយដឹងថាអ្នកបានធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូពេញចិត្ត ហើយថាលោកទាំងពីរនឹងឲ្យពរចំពោះភាពស្មោះត្រង់របស់អ្នក។ w១៧.១០ ទំ. ១៤ វ. ១៩-២១
ថ្ងៃអង្គារ ទី១៥ ខែមករា
ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត។—កូឡ. ៣:១២
ពេលយើងឃើញមនុស្សរងទុក្ខដោយសារជំងឺនិងដោយសារភាពចាស់ជរា យើងមានចិត្តអាណិតមេត្ដា។ យើងចង់ឃើញបញ្ហាទាំងនេះលែងមានទៀត ដូច្នេះយើងអធិដ្ឋានសូមឲ្យរាជាណាចក្ររបស់ព្រះមកដល់។ តែទម្រាំដល់ពេលនោះ យើងខំអស់ពីសមត្ថភាពដើម្បីជួយអ្នកដែលឈឺនិងអ្នកដែលមានវ័យចាស់។ អ្នកនិពន្ធម្នាក់បានសរសេរថា នៅថ្ងៃមួយម្ដាយរបស់គាត់ដែលមានវ័យចាស់និងដែលមានជំងឺភ្លេចភ្លាំង បានជុះដាក់សម្លៀកបំពាក់របស់ខ្លួន។ កាលដែលគាត់កំពុងព្យាយាមលាងសម្អាត មានគេចុចកណ្ដឹងផ្ទះរបស់គាត់។ អ្នកនោះគឺសាក្សីព្រះយេហូវ៉ាពីរនាក់ដែលមកលេងគាត់ជាទៀងទាត់។ បងស្រីពីរនាក់នោះបានសួរថាតើពួកគេអាចជួយបានឬទេ? ម្ដាយរបស់អ្នកនិពន្ធនោះបានឆ្លើយថា៖ «ចាស តែគួរឲ្យខ្មាសគេណាស់»។ ដូច្នេះបងស្រីពីរនាក់នោះបានជួយគាត់ក្នុងការលាងសម្អាត។ បន្ទាប់មក ពួកគេបានឆុងតែឲ្យគាត់ ហើយបានជជែកលេងជាមួយនឹងគាត់។ អ្នកនិពន្ធនោះមានចិត្តកតញ្ញូជាខ្លាំង ហើយបាននិយាយថាសាក្សី«ធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយ»។ តើចិត្តអាណិតមេត្ដារបស់អ្នកចំពោះពួកអ្នកដែលឈឺនិងពួកអ្នកដែលមានវ័យចាស់ ជំរុញចិត្តអ្នកឲ្យខំអស់ពីសមត្ថភាពដើម្បីជួយពួកគេឬទេ?—ភី. ២:៣, ៤ w១៧.០៩ ទំ. ១០-១១ វ. ៥; ទំ. ១៣-១៤ វ. ១៤
ថ្ងៃពុធ ទី១៦ ខែមករា
យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ។—១យ៉ូន. ៣:១៨
យើងគួរសុខចិត្តធ្វើអ្វីដែលសប្បុរសនិងដែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតដោយគ្មានអ្នកណាដឹងឬកត់សម្គាល់ឡើយ។ (ម៉ាថ. ៦:១-៤) យើងគួរលើកកិត្ដិយសអ្នកឯទៀតដែរ។ (រ៉ូម ១២:១០) លោកយេស៊ូបានលើកកិត្ដិយសពួកសាវ័ករបស់លោកនៅពេលដែលលោកលាងជើងឲ្យពួកគេ។ (យ៉ូន. ១៣:៣-៥, ១២-១៥) យើងគួរខំប្រឹងឲ្យមានចិត្តរាបទាបដូចលោកយេស៊ូ ហើយបម្រើអ្នកឯទៀត។ ពួកសាវ័កមិនបានយល់ច្បាស់អំពីអ្វីដែលលោកយេស៊ូបានធ្វើនោះទេ រហូតដល់ពួកគេបានទទួលសកម្មពលបរិសុទ្ធ។ (យ៉ូន. ១៣:៧) យើងលើកកិត្ដិយសអ្នកឯទៀតដោយមិនគិតថាយើងប្រសើរជាងពួកគេដោយសារយើងបានទទួលការអប់រំខ្ពស់ជាង ជាអ្នកមានជាង ឬមានភារកិច្ចពិសេសណាមួយទេ។ (រ៉ូម ១២:៣) យើងមិនច្រណែនពេលអ្នកឯទៀតទទួលការសរសើរ តែយើងអរសប្បាយជាមួយនឹងពួកគេ សូម្បីតែយើងមានអារម្មណ៍ថាយើងគួរតែមានចំណែកទទួលការសរសើរនោះខ្លះដែរ។ w១៧.១០ ទំ. ៥-៦ វ. ៩-១០
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា
ខ្ញុំធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត។—១កូ. ៩:២៣
បងប្អូនជាច្រើននាក់បានឃើញថា ការប្រើបណ្ដាំរបស់ព្រះពេលពួកគេផ្សព្វផ្សាយអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់។ ជាឧទាហរណ៍ បងប្រុសម្នាក់បានទៅជួបបុរសវ័យចាស់ដែលបានអានទស្សនាវដ្ដីរបស់យើងអស់ជាច្រើនឆ្នាំ។ នៅថ្ងៃមួយ ជាជាងគ្រាន់តែឲ្យទស្សនាវដ្ដីប៉មយាមលេខថ្មីដល់បុរសវ័យចាស់នោះ បងប្រុសយើងបានអានបទគម្ពីរមួយឲ្យគាត់ស្ដាប់។ គាត់បានអានកូរិនថូសទី២ ១:៣, ៤ ដែលចែងថា៖ ‹បិតានៃសេចក្ដីមេត្ដាករុណា និងព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង . . . សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង›។ ពាក្យទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុរសវ័យចាស់នោះ រហូតដល់គាត់សុំបងប្រុសយើងឲ្យអានបទគម្ពីរនោះម្ដងទៀត។ បុរសនោះនិយាយថាគាត់និងប្រពន្ធគាត់ពិតជាត្រូវការការសម្រាលទុក្ខ។ ដោយសារបទគម្ពីរនេះ គាត់ចង់ដឹងថែមទៀតអំពីគម្ពីរ។ ការប្រើបណ្ដាំរបស់ព្រះពេលយើងផ្សព្វផ្សាយ គឺមានឥទ្ធិពលយ៉ាងខ្លាំង!—សកម្ម. ១៩:២០ w១៧.០៩ ទំ. ២៣-២៤ វ. ៩-១០
ថ្ងៃសុក្រ ទី១៨ ខែមករា
ចូរទ្រង់ . . . ពាល់ដល់ឆ្អឹង នឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ។—យ៉ូប ២:៥
ការអះអាងរបស់មេកំណាចទំនងជាបានបណ្ដាលឲ្យអ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់ព្រះនៅស្ថានសួគ៌ខឹងនិងតក់ស្លុត ហើយក៏ជាអ្វីដែលពួកគេស្អប់ខ្ពើម។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានច្រឡោតឡើយ។ លោកបានប្រព្រឹត្តយ៉ាងសមត្រឹមត្រូវ។ ព្រះយេហូវ៉ាមិនរហ័សខឹងនិងបានប្រព្រឹត្តដោយយុត្ដិធម៌ចំពោះការបះបោរប្រឆាំងរបស់សាថាន។ (និក្ខ. ៣៤:៦; យ៉ូប ២:២-៦) ហេតុអ្វី? ព្រះយេហូវ៉ាបានទុកពេលមួយរយៈដោយសារលោកមិនចង់ឲ្យអ្នកណាត្រូវបំផ្លាញឡើយ ប៉ុន្តែ«ចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) គំរូរបស់ព្រះយេហូវ៉ាបង្រៀនយើងថាយើងត្រូវគិតឲ្យបានដិតដល់មុនយើងនិយាយ ហើយថាយើងមិនត្រូវមានប្រតិកម្មលឿនពេកទេ។ ដូច្នេះ ពេលអ្នកត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ណាមួយ សូមទុកពេលគិតសិន។ សូមអធិដ្ឋានសុំប្រាជ្ញាដើម្បីចេះនិយាយឬធ្វើអ្វីដែលត្រឹមត្រូវ។ (ទំនុក. ១៤១:៣) ពេលដែលយើងខឹងឬឈឺចិត្ត គឺស្រួលណាស់ឲ្យយើងច្រឡោត។ នេះគឺជាមូលហេតុដែលមនុស្សជាច្រើនស្ដាយក្រោយអំពីអ្វីដែលពួកគេបាននិយាយឬបានធ្វើដោយមិនគិតពិចារណា!—សុភ. ១៤:២៩; ១៥:២៨; ១៩:២ w១៧.០៩ ទំ. ៤-៥ វ. ៦-៧
ថ្ងៃសៅរ៍ ទី១៩ ខែមករា
[ចូរ]បំពាក់[មកុដ]លើក្បាលយេសួរ ជាកូនយូសាដាកដ៏ជាសំដេចសង្ឃ។—សាក. ៦:១១
តើការបំពាក់មកុដឲ្យសម្ដេចសង្ឃយេសួរមានន័យថាគាត់ជាស្តេចឬទេ? មិនមែនទេ។ យេសួរមិនមែនជាកូនចៅរបស់ដាវីឌឡើយ ដូច្នេះគាត់មិនមានសិទ្ធិធ្វើជាស្តេចទេ។ ការបំពាក់មកុដឲ្យគាត់ជាតំណាងអ្វីដែលនឹងកើតឡើងនៅពេលអនាគតចំពោះបុគ្គលមួយរូបដែលជាស្តេចនិងជាសង្ឃជារៀងរហូត ដែលបានត្រូវហៅថា «លំពង់»ឬពន្លក។ គម្ពីរពន្យល់ថាពន្លកនោះគឺជាលោកយេស៊ូគ្រិស្ត។ (អេ. ១១:១; ម៉ាថ. ២:២៣) លោកយេស៊ូគឺជាស្តេចនិងជាសម្ដេចសង្ឃ។ លោកនាំមុខកងទ័ពទេវតារបស់ព្រះយេហូវ៉ា ហើយខំធ្វើឲ្យរាស្ត្ររបស់ព្រះមានសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាពួកគេនៅក្នុងពិភពលោកដ៏ឃោរឃៅនេះក៏ដោយ។ (យេ. ២៣:៥, ៦) មិនយូរទៀត គ្រិស្តនឹងច្បាំងឈ្នះប្រជាជាតិនានា កាលដែលលោកគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងការពាររាស្ត្ររបស់ព្រះ។ (បប. ១៧:១២-១៤; ១៩:១១, ១៤, ១៥) ប៉ុន្តែមុនពេលនោះមកដល់ លោកយេស៊ូឬពន្លក មានកិច្ចការដ៏ធំដែលលោកត្រូវធ្វើ។ w១៧.១០ ទំ. ២៤-២៥ វ. ១២-១៤
ថ្ងៃអាទិត្យ ទី២០ ខែមករា
ចូរដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា។—កូឡ. ៣:៩
តើអ្នកនឹងធ្វើអ្វីបើអ្នកឃើញថាសម្លៀកបំពាក់របស់អ្នកប្រឡាក់ ហើយមានក្លិនស្អុយ? អ្នកនឹងដោះវាចេញយ៉ាងឆាប់បំផុតតាមដែលអ្នកអាចធ្វើបាន។ ស្រដៀងគ្នាដែរ បើយើងឃើញថាយើងកំពុងធ្វើអ្វីមួយដែលព្រះយេហូវ៉ាស្អប់ គឺជាការបន្ទាន់ឲ្យយើងកែប្រែ។ ប៉ូលបានសំដៅលើអំពើខុសឆ្គងបែបនេះ ពេលគាត់បាននិយាយថា៖ «ចូរអ្នករាល់គ្នាលះចោលការទាំងអស់នោះទាំងស្រុង»។ អំពើខុសឆ្គងមួយគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (កូឡ. ៣:៥-៩) នៅក្នុងគម្ពីរ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»រួមបញ្ចូលការរួមដំណេករវាងបុគ្គលណាក៏ដោយដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួនដែលបានរៀបការស្របច្បាប់។ ស្តីពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ប៉ូលបាននិយាយថាគ្រិស្តសាសនិកត្រូវ«រម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយ»។ នេះមានន័យថាយើងត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីជៀសចេញពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ ការធ្វើដូច្នេះប្រហែលជាអ្វីដែលពិបាក ប៉ុន្តែយើងអាចយកឈ្នះសេចក្ដីប៉ងប្រាថ្នានោះបាន! w១៧.០៨ ទំ. ១៦-១៧ វ. ៥-៦
ថ្ងៃច័ន្ទ ទី២១ ខែមករា
ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ។—មីកា ៧:៧
មីកាដែលជាអ្នកប្រកាសទំនាយត្រូវស៊ូទ្រាំនឹងស្ថានភាពពិបាក ដូចយើងនៅសព្វថ្ងៃនេះដែរ។ គាត់បានរស់នៅសម័យដែលអេហាសដែលជាស្តេចដ៏អាក្រក់ក្រៃលែងបានគ្រប់គ្រង។ ជាលទ្ធផល មានអំពើពុករលួយជាច្រើននៅក្នុងស្រុកនោះ។ គម្ពីរចែងថាស្ថានភាពនោះគឺអាក្រក់ដល់ម្ល៉េះបានជាបណ្ដាជនបានទៅជា«អាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត»។ (មីកា ៧:១-៣) មីកាបានដឹងថាគាត់មិនអាចផ្លាស់ប្ដូរស្ថានភាពនោះបានទេ។ បើយើងមានជំនឿដូចមីកា យើងនឹងសុខចិត្តរង់ចាំព្រះយេហូវ៉ា។ ស្ថានភាពរបស់យើងគឺខុសគ្នាពីស្ថានភាពរបស់អ្នកទោសដែលនៅក្នុងគុក ហើយកំពុងរង់ចាំថ្ងៃប្រហារជីវិត។ គេតម្រូវឲ្យគាត់រង់ចាំ ប៉ុន្តែគាត់មិនទន្ទឹងរង់ចាំថ្ងៃនោះទេ។ គឺខុសគ្នាឆ្ងាយណាស់សម្រាប់យើង! យើងសុខចិត្តរង់ចាំព្រះយេហូវ៉ាដោយសារយើងដឹងថានៅពេលត្រឹមត្រូវ លោកនឹងធ្វើឲ្យបានសម្រេចនូវសេចក្ដីសន្យារបស់លោកស្តីអំពីការផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់! ដូច្នេះ យើង«ស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្តធ្ងន់ដោយអំណរ»។ (កូឡ. ១:១១, ១២) កាលដែលយើងរង់ចាំ យើងប្រុងប្រយ័ត្នមិនត្អូញត្អែរថាព្រះយេហូវ៉ាចាត់វិធានការយឺតពេកនោះទេ។ លោកនឹងមិនពេញចិត្តឡើយ បើយើងធ្វើដូច្នេះ។—កូឡ. ៣:១២ w១៧.០៨ ទំ. ៤-៥ វ. ៦-៧
ថ្ងៃអង្គារ ទី២២ ខែមករា
ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសា។—ទំនុក. ១៤៧:៦
តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីជំនួយរបស់ព្រះយេហូវ៉ា? យើងត្រូវមានចំណងមិត្តភាពរឹងមាំជាមួយនឹងលោក។ ដើម្បីមានចំណងមិត្តភាពបែបនេះ យើងត្រូវធ្វើជាមនុស្សរាបសាឬសុភាពរាបទាប។ (សេផ. ២:៣) ពួកអ្នកដែលសុភាពរាបទាបពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីដោះស្រាយអំពើអយុត្ដិធម៌ណាក៏ដោយដែលពួកគេជួបប្រទះ ហើយដើម្បីបំបាត់ទុក្ខវេទនារបស់ពួកគេ។ ព្រះយេហូវ៉ាពេញចិត្តនឹងពួកគេ។ ផ្ទុយទៅវិញ ព្រះ«បង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដី»។ (ទំនុក. ១៤៧:៦ខ) យើងមិនចង់ឲ្យនេះកើតឡើងចំពោះយើងឡើយ! យើងចង់ឲ្យព្រះបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះយើង។ ដូច្នេះ យើងត្រូវស្អប់អ្វីដែលលោកស្អប់។ (ទំនុក. ៩៧:១០) ជាឧទាហរណ៍ យើងត្រូវស្អប់អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ នេះមានន័យថាយើងត្រូវជៀសវាងពីអ្វីណាក៏ដោយដែលអាចនាំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួមទាំងការមើលរូបអាសអាភាសផងដែរ។ (ទំនុក. ១១៩:៣៧; ម៉ាថ. ៥:២៨) នេះប្រហែលជាតម្រូវឲ្យយើងតយុទ្ធ ប៉ុន្តែការខំប្រឹងរបស់យើងនឹងនាំឲ្យយើងទទួលពរពីព្រះយេហូវ៉ា។ ការតយុទ្ធនេះ ជាអ្វីមួយដែលយើងមិនអាចធ្វើដោយខ្លួនឯងបានទេ។ យើងត្រូវពឹងផ្អែកលើព្រះយេហូវ៉ា។ យើងត្រូវបន្តអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យជួយយើងយកឈ្នះភាពទន់ខ្សោយរបស់យើង។ w១៧.០៧ ទំ. ១៨-១៩ វ. ១១-១៣
ថ្ងៃពុធ ទី២៣ ខែមករា
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី។—សុភ. ១៩:១៧
យើងអាចប្រើទ្រព្យសម្បត្ដិរបស់យើងដើម្បីគាំទ្រអ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ។ យ៉ាងនេះ ទោះជាយើងមិនអាចបម្រើពេញពេលឬរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងក្ដី យើងនឹងនៅតែផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត។ ជាឧទាហរណ៍ វិភាគទានរបស់យើងជួយក្នុងការផ្គត់ផ្គង់សៀវភៅ ហើយគាំទ្រកិច្ចការផ្សព្វផ្សាយនៅតំបន់ក្រីក្រដែលមានមនុស្សជាច្រើនកំពុងចូលក្នុងសេចក្ដីពិត។ នៅប្រទេសខ្លះដូចជាប្រទេសកុងហ្គោ ប្រទេសម៉ាដាហ្គាស្កា និងប្រទេសរវ៉ាន់ដា គម្ពីរអាចមានតម្លៃថ្លៃណាស់។ ជួនកាល គម្ពីរមួយក្បាលមានតម្លៃស្មើនឹងប្រាក់ខែក្នុងមួយខែឬប្រាក់ឈ្នួលមួយសប្ដាហ៍។ អស់ជាច្រើនឆ្នាំ បងប្អូនរបស់យើងត្រូវជ្រើសរើសរវាងការទិញគម្ពីរនិងការទិញម្ហូបអាហារសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ នៅសព្វថ្ងៃនេះ ដោយសារវិភាគទានរបស់បងប្អូននិងដោយសារការរៀបចំ«ដើម្បីឲ្យអ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាត»របស់បងប្អូនឯទៀត អង្គការរបស់ព្រះយេហូវ៉ាបកប្រែនិងចែកចាយគម្ពីរដោយឥតគិតថ្លៃដល់សមាជិកគ្រួសារនីមួយៗ ព្រមទាំងដល់សិស្សគម្ពីរផងដែរ។—២កូ. ៨:១៣-១៥ w១៧.០៧ ទំ. ៦ វ. ១១
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា
កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ។—សុភ. ២៧:១១
បទពិសោធន៍របស់យ៉ូបអាចសម្រាលទុក្ខយើង ដោយសារនេះបង្ហាញថាការមានទុក្ខវេទនាមិនមានន័យថាព្រះយេហូវ៉ាខឹងនឹងយើងឡើយ។ ទុក្ខវេទនាផ្ដល់ឱកាសឲ្យយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ពេលយើងស៊ូទ្រាំដោយចិត្តស្មោះត្រង់ យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃអនាគតនឹងកាន់តែមាំមួនឡើង។ (រ៉ូម ៥:៣-៥) បទពិសោធន៍របស់យ៉ូបបង្ហាញយើងថា«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា»។ (យ៉ា. ៥:១១) បើយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា លោកនឹងផ្ដល់ពរដល់យើង។ ការដឹងដូច្នេះ ជួយយើងឲ្យ«ស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្តធ្ងន់ដោយអំណរ»។ (កូឡ. ១:១១) ជាការពិតណាស់ ពេលដែលយើងកំពុងប្រឈមមុខនឹងបញ្ហាក្នុងជីវិត យើងពិបាកផ្ដោតអារម្មណ៍ទៅលើការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ដូច្នេះ យើងត្រូវរំលឹកខ្លួនជានិច្ចថាការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះគឺសំខាន់ណាស់ ទោះជាយើងជួបប្រទះនឹងការពិបាកណាក៏ដោយ។ w១៧.០៦ ទំ. ១៩ វ. ១៥-១៦
ថ្ងៃសុក្រ ទី២៥ ខែមករា
ចូរ . . . ប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង។—លូក. ១២:១៥
សព្វថ្ងៃនេះ មនុស្សជាច្រើនគិតថាពួកគេត្រូវមានសម្លៀកបំពាក់ដែលទាន់សម័យបំផុត ហើយទូរស័ព្ទដៃនិងកុំព្យូទ័រស៊េរីថ្មីជាដើម។ ពួកគេឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ ពោលគឺពួកគេមានរបៀបរស់នៅដែលចាត់ទុកថាសំភារៈនិងលុយកាក់ជាអ្វីដែលសំខាន់ជាងអ្វីៗផ្សេងទៀត។ ក្នុងនាមជាគ្រិស្តសាសនិក តើអ្វីគឺសំខាន់បំផុតសម្រាប់អ្នក? សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចំណាយពេលគិតអំពីម៉ូតូស៊េរីថ្មីឬសម្លៀកបំពាក់ទាន់សម័យ ច្រើនជាងចំណាយពេលសម្រាប់រៀបចំកិច្ចប្រជុំក្រុមជំនុំឬទេ? តើខ្ញុំរវល់ពេកក្នុងកិច្ចការប្រចាំថ្ងៃដែលធ្វើឲ្យខ្ញុំចំណាយពេលតិចជាងក្នុងការអធិដ្ឋានឬការអានគម្ពីរឬទេ?›។ បើយើងមិនប្រុងប្រយ័ត្ន សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រព្យសម្បត្ដិអាចទៅជាសំខាន់ជាងសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ត។ យើងគួរគិតអំពីប្រសាសន៍របស់លោកយេស៊ូដែលមានក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ»។ លោកក៏បន្ថែមថា៖ «អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។ យើងមិនអាចផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិផង ហើយនៅពេលដំណាលគ្នានោះ ជូនព្រះយេហូវ៉ានូវអ្វីដែលល្អបំផុតបានទេ។ (ម៉ាថ. ៦:២៤) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងត្រូវបន្តយកឈ្នះ«សេចក្ដីប៉ងប្រាថ្នានៃរូបកាយ»រួមទាំងការស្រឡាញ់ទ្រព្យសម្បត្ដិផងដែរ។—អេភ. ២:៣ w១៧.០៥ ទំ. ២៥-២៦ វ. ១៥-១៦
ថ្ងៃសៅរ៍ ទី២៦ ខែមករា
ខ្ញុំធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត។—១កូ. ៩:២៣
ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងគឺដូចជាភាជនៈដី។ ប៉ុន្តែ ដំណឹងដែលយើងផ្សាយគឺដូចជាទ្រព្យវិសេស ដោយសារដំណឹងនេះអាចនាំឲ្យយើងនិងពួកអ្នកដែលស្ដាប់យើងទទួលជីវិតដែលគ្មានទីបញ្ចប់។ សាវ័កប៉ូលបានខំបង្រៀនអ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ។ (រ៉ូម ១:១៤, ១៥; ២ធី. ៤:២) សេចក្ដីស្រឡាញ់ចំពោះដំណឹងល្អបានជួយគាត់ឲ្យបន្តផ្សព្វផ្សាយ ទោះជាគាត់បានទទួលការបៀតបៀនដ៏សាហាវក៏ដោយ។ (១ថែ. ២:២) តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់ដូចប៉ូលចំពោះកិច្ចបម្រើផ្សាយ? របៀបមួយដែលប៉ូលបានបង្ហាញថាគាត់ស្រឡាញ់កិច្ចបម្រើផ្សាយគឺដោយប្រើគ្រប់ឱកាសដើម្បីនិយាយជាមួយនឹងអ្នកឯទៀត។ ដូចប៉ូលនិងគ្រិស្តសាសនិកនៅសម័យដើម យើងក៏ផ្សព្វផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ នៅកន្លែងសាធារណៈ និងនៅកន្លែងណាក៏ដោយដែលមានមនុស្ស។ (សកម្ម. ៥:៤២; ២០:២០) យើងស្វែងរកវិធីផ្សេងៗដើម្បីផ្សព្វផ្សាយដល់មនុស្សឲ្យបានច្រើនបំផុត។ បើយើងអាចធ្វើបាន យើងអាចបម្រើជាអ្នកត្រួសត្រាយជំនួយឬអ្នកត្រួសត្រាយពេញពេល ឬក៏យើងអាចរៀនភាសាផ្សេងទៀត រើទៅកន្លែងផ្សេងនៅក្នុងប្រទេសរបស់ខ្លួន ឬថែមទាំងរើទៅប្រទេសឯទៀត។—សកម្ម. ១៦:៩, ១០ w១៧.០៦ ទំ. ១១ វ. ៨-៩
ថ្ងៃអាទិត្យ ទី២៧ ខែមករា
ភ្នំនិងកោះទាំងអស់ក៏ត្រូវដកចេញ។—បប. ៦:១៤
ជាច្រើនដងអំពើអាក្រក់នៅក្នុងពិភពលោកសព្វថ្ងៃនេះមិនមែនមកពីបុគ្គលម្នាក់ៗទេ ប៉ុន្តែគឺបណ្ដាលមកពីស្ថាប័ន។ អង្គការសាសនាបោកបញ្ឆោតមនុស្សរាប់លាននាក់។ ពួកគេកុហកអំពីព្រះ ពួកគេនិយាយថាគម្ពីរមិនអាចទុកចិត្តបានទេ ហើយពួកគេបោកបញ្ឆោតមនុស្សអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគតចំពោះផែនដីនិងមនុស្សជាតិ។ រដ្ឋាភិបាលពុករលួយលើកស្ទួយការធ្វើសង្គ្រាម ការប្រើអំពើហិង្សាដោយសារការប្រកាន់ពូជសាសន៍ ហើយការជិះជាន់ជនទាល់ក្រនិងអ្នកដែលគ្មានទីពឹង។ ដោយទទួលសំណូកឬលម្អៀងទៅម្ខាងៗ រដ្ឋាភិបាលបែបនោះមានអំណាចកាន់តែខ្លាំងនិងមានទ្រព្យសម្បត្ដិកាន់តែច្រើន។ ក្រុមហ៊ុនដែលលោភលន់បង្ខូចបរិស្ថាន បំផ្លាញធនធានធម្មជាតិ និងកេងប្រវ័ញ្ចមនុស្ស ដើម្បីបុគ្គលមួយចំនួនអាចទៅជាអ្នកមាន។ ប៉ុន្តែគម្ពីរចែងថារដ្ឋាភិបាលនិងស្ថាប័នឯទៀតទាំងអស់ដែលមិនគាំទ្ររាជាណាចក្ររបស់ព្រះនឹងត្រូវបំផ្លាញ។—យេ. ២៥:៣១-៣៣ w១៧.០៤ ទំ. ១២ វ. ៧-៨
ថ្ងៃច័ន្ទ ទី២៨ ខែមករា
អញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ។—១ព. ២១:២៩
ព្រះយេហូវ៉ាដែលជាអ្នកដែល«លមើលចិត្ត» ហើយជាអ្នកដែលអាចឃើញថាយើងពិតជាមនុស្សបែបណា លោកបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ័ហាប់។ (សុភ. ១៧:៣) ពេលក្រុមគ្រួសារនិងមិត្តភក្ដិរបស់ណាបោតបានឮថាក្រុមគ្រួសាររបស់អ័ហាប់នឹងមិនត្រូវទទួលទោសរហូតដល់ក្រោយអ័ហាប់ស្លាប់ នេះប្រហែលជាបានសាកល្បងជំនឿរបស់ពួកគាត់ទៅលើព្រះ។ ប៉ុន្តែ ចិត្តរាបទាបនឹងជួយពួកគាត់ឲ្យការពារជំនឿរបស់ពួកគាត់។ ហេតុអ្វី? បើពួកគាត់មានចិត្តរាបទាប ពួកគាត់នឹងបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានទំនុកចិត្តថាព្រះមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌ទេ។ (ចោ. ៣២:៣, ៤) នៅពេលអនាគត ណាបោត កូនប្រុសៗនិងក្រុមគ្រួសាររបស់គាត់នឹងទទួលភាពយុត្ដិធម៌ដ៏ល្អឥតខ្ចោះកាលដែលព្រះយេហូវ៉ាប្រោសមនុស្សសុចរិតឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥; យ៉ូន. ៥:២៨, ២៩) បុគ្គលដែលមានចិត្តរាបទាបដឹងថា«ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្ដី»។ (សាស្ដ. ១២:១៤) ព្រះយេហូវ៉ាពិនិត្យពិចារណាអំពីអ្វីផ្សេងៗដែលយើងមិនដឹង។ ដូច្នេះ ចិត្តរាបទាបការពារយើងពីការបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា។ w១៧.០៤ ទំ. ២៣-២៤ វ. ៨-៩
ថ្ងៃអង្គារ ទី២៩ ខែមករា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា។—សុភ. ១៧:១៧
បងប្អូនរួមជំនឿជាច្រើននាក់បានភៀសខ្លួនដោយសារស្ថានភាពពិភពលោកនេះ។ នេះអាចជាអ្វីដែលពិបាកខ្លាំងណាស់។ សូមស្រមៃគិតអំពីអ្វីមួយចំនួនដែលពួកគេត្រូវរៀននៅពេលតែមួយ ដូចជា៖ ភាសាថ្មី ទំនៀមទម្លាប់ថ្មី និងច្បាប់ថ្មីសម្រាប់អ្វីៗដូចជាការបង់ពន្ធ ការបង់ថ្លៃទឹកថ្លៃភ្លើង ការចុះឈ្មោះឲ្យកូនចូលរៀន ហើយថែមទាំងការអប់រំកូន! ដោយបង្ហាញចិត្តអត់ធ្មត់និងការគោរព តើអ្នកអាចជួយបងប្អូនរបស់យើងដែលមានការពិបាកបែបនេះឬទេ? (ភី. ២:៣, ៤) ជួនកាល ពួកអាជ្ញាធរធ្វើឲ្យបងប្អូនទាំងនេះពិបាកទាក់ទងនឹងក្រុមជំនុំនៅតំបន់ដែលពួកគេរស់នៅ។ អង្គការរដ្ឋាភិបាលខ្លះគំរាមថានឹងឈប់ផ្ដល់ជំនួយដល់បងប្អូនរបស់យើង ហើយប្រហែលជានិយាយថាបើបងប្អូនរបស់យើងបដិសេធទទួលការងារណាមួយដោយសារការងារនោះមិនអាចឲ្យពួកគេចូលរួមកិច្ចប្រជុំ អង្គការរដ្ឋាភិបាលនោះនឹងមិនអនុញ្ញាតឲ្យពួកគេរស់នៅក្នុងប្រទេសនោះទេ។ បងប្អូនខ្លះបានទទួលយកការងារបែបនោះដោយសារពួកគេភ័យខ្លាចនិងគិតថាគ្មានជម្រើស។ ដូច្នេះ គឺជារឿងបន្ទាន់ឲ្យយើងទៅជួបបងប្អូនរបស់យើងដែលជាជនភៀសខ្លួនឲ្យបានឆាប់បំផុតក្រោយពីពួកគេបានមកដល់ប្រទេសថ្មី។ គឺសំខាន់ណាស់ឲ្យពួកគេដឹងថាយើងយកចិត្តទុកដាក់ចំពោះពួកគេ។ ការយកចិត្តទុកដាក់និងការផ្ដល់ជំនួយបែបនេះ អាចពង្រឹងជំនឿរបស់ពួកគេ។—សុភ. ១២:២៥ w១៧.០៥ ទំ. ៥ វ. ៩-១០
ថ្ងៃពុធ ទី៣០ ខែមករា
សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ។—ម៉ាថ. ២៤:១២
ពេលលោកយេស៊ូនៅផែនដី លោកបានពន្យល់អំពីរបៀបដែលមនុស្សនឹងសម្គាល់នូវ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ក្នុងចំណោមអ្វីៗដែលលោកបានប្រាប់ទុកជាមុនអំពីគ្រានោះ លោកបានមានប្រសាសន៍ថា៖ «សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។ (ម៉ាថ. ២៤:៣) ជនជាតិយូដានៅសតវត្សរ៍ទី១បានអះអាងថាពួកគេគឺជារាស្ត្ររបស់ព្រះ តែពួកគេបានអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះរសាយទៅ។ ក៏ប៉ុន្តែ គ្រិស្តសាសនិកភាគច្រើននៅសម័យនោះ មានចិត្តគំនិតខុសគ្នា។ ពួកគេបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវ‹ដំណឹងល្អអំពីលោកយេស៊ូ ដែលជាគ្រិស្ត› ហើយពួកគេបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ចំពោះបងប្អូនរួមជំនឿ និងថែមទាំងចំពោះពួកអ្នកដែលមិនទាន់ស្គាល់សេចក្ដីពិត។ គ្រិស្តសាសនិកទាំងនោះ បានរក្សាសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះឲ្យមាំមួន។ (សកម្ម. ២:៤៤-៤៧; ៥:៤២) ប៉ុន្តែ គួរឲ្យស្ដាយណាស់ សេចក្ដីស្រឡាញ់របស់គ្រិស្តសាសនិកខ្លះនៅសម័យដើមបានរសាយទៅ។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច? លោកយេស៊ូបានប្រាប់គ្រិស្តសាសនិកនៅសម័យដើមដែលបានរស់នៅក្រុងអេភេសូរថា៖ «អ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»។ (បប. ២:៤) គ្រិស្តសាសនិកនៅក្រុងអេភេសូរប្រហែលជាបានទទួលឥទ្ធិពលពីមនុស្សដែលនៅជុំវិញពួកគេដែលច្រើនតែចង់បំពេញចិត្តខ្លួនឯង។—អេភ. ២:២, ៣ w១៧.០៥ ទំ. ១៥-១៦ វ. ១-៣
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា
អ្នកត្រូវធ្វើតាមពាក្យសម្បថចំពោះព្រះយេហូវ៉ាកុំខាន។—ម៉ាថ. ៥:៣៣
យែបថាជាអ្នកដឹកនាំដ៏ក្លាហាន ហើយជាអ្នកប្រយុទ្ធដ៏អង់អាចម្នាក់។ ហាណាជាស្ត្រីម្នាក់ដែលមានចិត្តរាបទាប ហើយដែលយកចិត្តទុកដាក់ចំពោះប្ដីនិងបានមើលថែរក្សាផ្ទះរបស់ខ្លួន។ យែបថានិងហាណាជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគាត់ក៏មានអ្វីផ្សេងទៀតដែលដូចគ្នាដែរ។ ពួកគាត់ទាំងពីរនាក់បានស្បថចំពោះព្រះយេហូវ៉ា ហើយពួកគាត់ម្នាក់ៗបានធ្វើតាមពាក្យសម្បថរបស់ពួកគាត់យ៉ាងស្មោះត្រង់។ ពួកគាត់ជាគំរូដ៏ល្អប្រសើរសម្រាប់បុរសនិងស្ត្រីនៅសព្វថ្ងៃនេះដែលសម្រេចចិត្តស្បថចំពោះព្រះយេហូវ៉ា។ ក្នុងគម្ពីរការស្បថគឺជាសេចក្ដីសន្យាដ៏សំខាន់មួយជាមួយនឹងព្រះ។ ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលជាសន្យានឹងព្រះយេហូវ៉ាថាគាត់នឹងធ្វើអ្វីមួយ ផ្ដល់អំណោយណាមួយ ចូលរួមក្នុងកិច្ចបម្រើណាមួយ ឬជៀសវាងពីអ្វីមួយ។ ពេលយើងស្បថ នេះគឺជាការធ្វើការសម្រេចចិត្តដោយប្រើចិត្តសេរី។ គ្មានអ្នកណាម្នាក់ដែលបានត្រូវបង្ខំឲ្យស្បថឡើយ។ ប៉ុន្តែ ពេលបុគ្គលម្នាក់បានសម្រេចចិត្តស្បថ ព្រះយេហូវ៉ាចាត់ទុកពាក្យសម្បថរបស់បុគ្គលនោះជាសេចក្ដីសន្យាដ៏សំខាន់ដែលគាត់ត្រូវឲ្យតម្លៃនិងត្រូវធ្វើតាម។ ក្នុងគម្ពីរ ការស្បថជាពាក្យដែលបុគ្គលម្នាក់សច្ចាថាគាត់នឹងធ្វើឬមិនធ្វើអ្វីណាមួយ។—លោ. ១៤:២២, ២៣; ហេ. ៦:១៦, ១៧ w១៧.០៤ ទំ. ៣-៤ វ. ១-២