ខែកុម្ភៈ
ថ្ងៃសុក្រ ទី១ ខែកុម្ភៈ
ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់។ គាត់ធ្វើការនោះសំរេចទាំងអស់។—លោ. ៦:២២
ណូអេមិនបានដឹងអំពីរបៀបសង់ទូកធំទេ។ គាត់ត្រូវពឹងលើព្រះយេហូវ៉ា ហើយគម្ពីរចែងថាគាត់«ធ្វើការនោះសំរេចទាំងអស់» ឬធ្វើដូចដែលព្រះយេហូវ៉ាបានប្រាប់គាត់។ តើនេះមានលទ្ធផលអ្វី? ទូកធំនោះបានសង្គ្រោះជីវិតរបស់ណូអេនិងក្រុមគ្រួសារគាត់! ណូអេក៏ជាឪពុកល្អដែរ។ ហេតុអ្វី? ពីព្រោះគាត់បានទុកចិត្តលើប្រាជ្ញារបស់ព្រះ។ ណូអេបានបង្រៀនកូនរបស់គាត់យ៉ាងល្អ ហើយជាគំរូល្អសម្រាប់ពួកគេ នេះមិនស្រួលទេនៅសម័យដ៏អាក្រក់នោះ មុនទឹកជំនន់។ (លោ. ៦:៥) បើអ្នកជាឪពុកម្ដាយ តើតាមរបៀបណាអ្នកអាច«ធ្វើការនោះសំរេចទាំងអស់» ឬធ្វើដូចដែលព្រះយេហូវ៉ាបានប្រាប់អ្នកឲ្យធ្វើ? សូមស្ដាប់ព្រះយេហូវ៉ា។ សូមអនុញ្ញាតឲ្យលោកជួយអ្នកអប់រំកូនៗ។ សូមធ្វើតាមយោបល់ពីបណ្ដាំរបស់លោកនិងអង្គការរបស់លោក។ សូម្បីតែឪពុកម្ដាយខំអស់ពីសមត្ថភាពដើម្បីបង្រៀនកូនក្ដី កូនប្រហែលជានៅតែនឹងចាកចេញពីព្រះយេហូវ៉ា។ ប៉ុន្តែ ឪពុកម្ដាយដែលបានខំអស់ពីសមត្ថភាពក្នុងរឿងនេះ អាចមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយអាចសង្ឃឹមថានៅថ្ងៃណាមួយកូនរបស់ពួកគេនឹងត្រឡប់មកព្រះយេហូវ៉ាវិញ។ w១៨.០៣ ទំ. ៣០ វ. ១០-១១
ថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ
ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់។—១ពេ. ៤:៩
តើអ្នកធ្លាប់មានចិត្តចង់ទទួលអ្នកឯទៀតដោយរាក់ទាក់ តែមានអារម្មណ៍ថាអ្នកមិនអាចធ្វើបានឬទេ? ប្រហែលជាអ្នកជាមនុស្សអៀនខ្មាស ហើយបារម្ភថាភ្ញៀវរបស់អ្នកនឹងអផ្សុក។ ឬក៏ប្រហែលជាអ្នកមិនសូវមានលុយ ហើយអ្នកខ្លាចថាអ្នកមិនមានអ្វីល្អៗដើម្បីទទួលភ្ញៀវដូចបងប្អូនឯទៀត។ ប៉ុន្តែ ផ្ទះរបស់យើងមិនចាំបាច់ល្អប្រណីតទេ។ ភ្ញៀវនឹងអរសប្បាយបើផ្ទះរបស់យើងស្អាតបាតនិងមានរបៀបរៀបរយ ហើយបើយើងរួសរាយរាក់ទាក់។ គ្មានមូលហេតុឲ្យយើងព្រួយបារម្ភទេ ដោយសារអ្វីដែលពិតជាសំខាន់គឺយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះភ្ញៀវ។ ការបង្ហាញការយកចិត្តទុកដាក់ចំពោះភ្ញៀវគឺជាការល្អ។ (ភី. ២:៤) មនុស្សភាគច្រើនសប្បាយនិយាយអំពីបទពិសោធន៍របស់ពួកគេក្នុងជីវិត។ យើងប្រហែលជាគ្រាន់តែអាចស្ដាប់អំពីបទពិសោធន៍របស់ពួកគេនៅពេលដែលយើងជួបជុំជាមួយនឹងពួកគេ។ អ្នកចាស់ទុំម្នាក់សរសេរថា៖ «ការអញ្ជើញបងប្អូនពីក្រុមជំនុំឲ្យមកផ្ទះខ្ញុំ ជួយខ្ញុំឲ្យយល់អំពីពួកគេច្រើនជាង ហើយផ្ដល់ឱកាសឲ្យខ្ញុំស្គាល់ពួកគេកាន់តែច្បាស់ ជាពិសេសរបៀបដែលពួកគេបានរៀនសេចក្ដីពិត»។ បើអ្នកយកចិត្តទុកដាក់ចំពោះភ្ញៀវ អ្នកអាចប្រាកដថាទាំងអស់គ្នានឹងសប្បាយ។ w១៨.០៣ ទំ. ១៨-១៩ វ. ១៥-១៧
ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ
ហេតុអ្វីបានជាអ្នកកំពុងបង្អង់ដូច្នេះ? ចូរក្រោកឡើង ទៅទទួលការជ្រមុជទឹក។—សកម្ម. ២២:១៦
ឪពុកម្ដាយដែលជាគ្រិស្តសាសនិកពិតចង់ជួយកូនៗរបស់ពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ បើកូនរង់ចាំទទួលការជ្រមុជទឹកដោយគ្មានមូលហេតុត្រឹមត្រូវ នោះអាចបង្ខូចចំណងមិត្តភាពរបស់កូនជាមួយនឹងព្រះយេហូវ៉ា។ (យ៉ា. ៤:១៧) មុនកូនរបស់ពួកគេទទួលការជ្រមុជទឹក ឪពុកម្ដាយដែលមានប្រាជ្ញាចង់ធ្វើឲ្យប្រាកដថាកូនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកកាន់តាមគ្រិស្ត។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលខ្លះបានឃើញថាប្អូនៗវ័យក្មេងជាច្រើននាក់ ដែលមានអាយុប្រហែលជាជិត២០ឆ្នាំឬ២០ឆ្នាំប្លាយ មិនទាន់ទទួលការជ្រមុជទឹក ទោះជាពួកគេបានត្រូវចិញ្ចឹមអប់រំក្នុងសេចក្ដីពិតក៏ដោយ។ តាមធម្មតា ប្អូនៗវ័យក្មេងទាំងនោះទៅកិច្ចប្រជុំ ចូលរួមក្នុងកិច្ចបម្រើផ្សាយ ហើយចាត់ទុកខ្លួនជាសាក្សីព្រះយេហូវ៉ា។ ប៉ុន្តែដោយសារមូលហេតុណាមួយ ពួកគេមិនបានប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹកទេ។ ជួនកាល នេះគឺដោយសារឪពុកម្ដាយរបស់ពួកគេគិតថាកូនមិនទាន់មានអាយុនិងគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ w១៨.០៣ ទំ. ៩-១០ វ. ១-២
ថ្ងៃច័ន្ទ ទី៤ ខែកុម្ភៈ
[ចូរ]មានចិត្តគំនិតដូចគ្រិស្តយេស៊ូ។—រ៉ូម ១៥:៥
ដើម្បីយកតម្រាប់គ្រិស្ត យើងត្រូវរៀនអំពីរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តរបស់លោក។ លោកយេស៊ូយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់លោកជាមួយនឹងព្រះខ្លាំងជាងអ្វីទាំងអស់។ ដូច្នេះ ពេលយើងមានចិត្តគំនិតដូចលោកយេស៊ូ យើងចូលកាន់តែជិតព្រះយេហូវ៉ា។ ហេតុនេះហើយ គឺសំខាន់ណាស់ដែលយើងរៀនឲ្យមានរបៀបគិតគូរដូចលោកយេស៊ូ។ តើតាមរបៀបណាយើងអាចរៀនឲ្យមានរបៀបគិតគូរដូចលោកយេស៊ូ? ពួកអ្នកកាន់តាមលោកបានមើលលោកធ្វើអព្ភូតហេតុ ស្ដាប់លោកបង្រៀនមនុស្សជាក្រុមធំៗ មើលការប្រព្រឹត្តរបស់លោកចំពោះមនុស្សគ្រប់ប្រភេទ និងកត់សម្គាល់របៀបដែលលោកធ្វើតាមគោលការណ៍របស់ព្រះយេហូវ៉ា។ (សកម្ម. ១០:៣៩) សព្វថ្ងៃនេះ យើងមិនអាចឃើញលោកយេស៊ូបានឡើយ។ ប៉ុន្តែ យើងមានសៀវភៅដំណឹងល្អទាំងបួនដែលជួយយើងស្គាល់លោកឲ្យបានច្បាស់។ ពេលយើងអាននិងរំពឹងគិតអំពីអ្វីដែលបានត្រូវកត់ទុកក្នុងសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន យើងនឹងរៀនថែមទៀតអំពីរបៀបគិតគូររបស់លោកយេស៊ូ។ នេះជួយយើងឲ្យ«ខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់» ដើម្បីយើងអាច«មានចិត្តគំនិតដូចលោក»។—១ពេ. ២:២១; ៤:១ w១៨.០២ ទំ. ២០-២១ វ. ១៥-១៦
ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ
ក្រោយពីឮបណ្ដាំ ទើបមានជំនឿ។—រ៉ូម ១០:១៧
តាំងពីពេលដែលអាដាមនិងអេវ៉ាចាប់ផ្ដើមមានកូន មនុស្សបានរៀនអំពីព្រះយេហូវ៉ាតាមរបៀបបីយ៉ាងគឺ៖ តាមរយៈអ្វីៗដែលលោកបានបង្កើត តាមរយៈអ្នកបម្រើដ៏ស្មោះត្រង់ឯទៀតរបស់ព្រះ និងតាមរយៈប្រយោជន៍ដែលពួកគេទទួលដែលមកពីការស្ដាប់បង្គាប់លោក។ (អេ. ៤៨:១៨) ដោយពិចារណាអំពីអ្វីៗដែលព្រះបានបង្កើត ណូអេអាចឃើញទីសម្អាងដែលបញ្ជាក់ថាមានព្រះ ហើយក៏អាចរៀនអំពីគុណសម្បត្ដិរបស់ព្រះ។ ជាលទ្ធផល ណូអេអាចយល់ថាព្រះយេហូវ៉ាមានឫទ្ធានុភាព ហើយថាលោកជាព្រះពិតតែមួយ។ (រ៉ូម ១:២០) ដូច្នេះ ណូអេមិនគ្រាន់តែបានជឿថាមានព្រះប៉ុណ្ណោះទេ តែគាត់ក៏មានជំនឿរឹងមាំលើលោកដែរ។ ណូអេទំនងជាបានឮអំពីព្រះយេហូវ៉ាពីសាច់ញាតិរបស់គាត់។ ឡាមេកដែលជាឪពុករបស់ណូអេមានជំនឿលើព្រះ ហើយគាត់បានកើតមុនពេលអាដាមបានស្លាប់។ សាច់ញាតិរបស់ណូអេក៏រួមបញ្ចូលមធូសាឡាដែលជាជីតារបស់គាត់ និងយ៉ារេឌដែលជាជីតាលួតរបស់ណូអេដែលបានស្លាប់៣៦៦ឆ្នាំក្រោយពីណូអេបានកើតមក។ (លូក. ៣:៣៦, ៣៧) ណូអេចូលចិត្តអ្វីដែលគាត់បានរៀនខ្លាំងណាស់ ហើយនេះបានជំរុញចិត្តគាត់ឲ្យបម្រើព្រះយេហូវ៉ា។—លោ. ៦:៩ w១៨.០២ ទំ. ១០ វ. ៤-៥
ថ្ងៃពុធ ទី៦ ខែកុម្ភៈ
កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ។—អេភ. ៤:២៦
ពេលដែលបងប្អូនរួមជំនឿឬសមាជិកក្រុមគ្រួសារនិយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្ត យើងប្រហែលជាពិបាកចិត្តជាខ្លាំង។ ចុះយ៉ាងណាបើយើងមិនអាចបំភ្លេចអ្វីដែលបានកើតឡើង? តើយើងនឹងទុកកំហឹងក្នុងខ្លួនអស់ជាច្រើនឆ្នាំឬទេ? ឬតើយើងនឹងធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាពីគម្ពីរដើម្បីដោះស្រាយបញ្ហានោះឲ្យបានឆាប់ឬទេ? បើយើងទុកកំហឹងកាន់តែយូរ នោះយើងនឹងកាន់តែពិបាកធ្វើឲ្យមានសន្ដិភាព។ តើអ្នកអាចធ្វើអ្វីដើម្បីធ្វើឲ្យមានសន្ដិភាព? ដំបូង សូមអធិដ្ឋានទៅព្រះយេហូវ៉ា។ អង្វរសុំលោកឲ្យជួយអ្នកនិយាយជាមួយនឹងគាត់ដោយសប្បុរស។ សូមចាំថា គាត់ក៏ជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាដែរ។ (ទំនុក. ២៥:១៤) ព្រះយេហូវ៉ាប្រព្រឹត្តដោយសប្បុរសចំពោះមិត្តសម្លាញ់របស់លោក ហើយលោកតម្រូវឲ្យយើងធ្វើដូច្នេះដែរ។ (សុភ. ១៥:២៣; ម៉ាថ. ៧:១២; កូឡ. ៤:៦) ទី២ សូមគិតឲ្យបានដិតដល់អំពីអ្វីដែលអ្នកនឹងនិយាយទៅកាន់អ្នកនោះ។ សូមកុំគិតថាគាត់ចង់ធ្វើឲ្យអ្នកឈឺចិត្តឡើយ។ ប្រហែលជាគាត់គ្មានចេតនាទេ។ សូមសុខចិត្តសារភាពថាអ្នកប្រហែលជាមានកំហុសដែរ។ w១៨.០១ ទំ. ៧ វ. ១៥-១៦
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ
អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។—យ៉ូន. ១៣:៣៤
អ្នកបម្រើរបស់ព្រះយេហូវ៉ាគឺខុសគ្នាឆ្ងាយពីមនុស្សភាគច្រើនក្នុងពិភពលោកនេះ ដោយសារយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកឯទៀត។ តាំងពីដើមមកអ្នកបម្រើរបស់ព្រះគឺដូច្នេះ។ លោកយេស៊ូបានមានប្រសាសន៍ថាបញ្ញត្ដិតែមួយក្នុងច្បាប់ម៉ូសេដែលសំខាន់ជាងបញ្ញត្ដិដែលឲ្យស្រឡាញ់អ្នកឯទៀត គឺបញ្ញត្ដិដែលឲ្យស្រឡាញ់ព្រះ។ (ម៉ាថ. ២២:៣៨, ៣៩) លោកយេស៊ូក៏បានមានប្រសាសន៍ថា គ្រិស្តសាសនិកពិតនឹងត្រូវគេស្គាល់ថាជាអ្នកដែលស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូន. ១៣:៣៥) គ្រិស្តសាសនិកពិតនឹងថែមទាំងស្រឡាញ់សត្រូវរបស់ពួកគេទៀតផង។ (ម៉ាថ. ៥:៤៣, ៤៤) លោកយេស៊ូបានបង្ហាញថាលោកពិតជាស្រឡាញ់មនុស្ស។ លោកបានធ្វើដូច្នេះដោយធ្វើដំណើរពីក្រុងមួយទៅក្រុងមួយដើម្បីប្រាប់មនុស្សនូវដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ លោកបានធ្វើឲ្យមនុស្សងងឹតភ្នែក ខ្វិន ថ្លង់ និងមានជំងឺឃ្លង់ជាសះស្បើយ។ លោកក៏បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ (លូក. ៧:២២) លោកយេស៊ូថែមទាំងបានឲ្យជីវិតរបស់លោកដើម្បីសង្គ្រោះមនុស្សជាតិ។ លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ដូចបិតាលោកបេះបិទ។ នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាយកតម្រាប់លោកយេស៊ូដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។ w១៨.០១ ទំ. ៣០ វ. ១១-១២
ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ
ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។—ភី. ៤:១៣
អ្នកប្រហែលជាបានទទួលការជ្រមុជទឹកនៅពេលដែលអ្នកនៅក្មេង។ ក៏ប៉ុន្តែ គ្មានយើងណាម្នាក់ដែលអាចដឹងច្បាស់អំពីរបៀបដែលជំនឿរបស់យើងនឹងត្រូវសាកល្បងនៅពេលអនាគតបានទេ។ ដើម្បីជួយអ្នកឲ្យនៅស្មោះត្រង់ សូមចាំជានិច្ចថាសេចក្ដីសន្យាដែលអ្នកបានធ្វើចំពោះព្រះយេហូវ៉ាគឺគ្មានល័ក្ខខ័ណ្ឌ។ នេះមានន័យថាអ្នកបានសន្យានឹងព្រះដ៏ខ្ពង់ខ្ពស់បំផុតថាអ្នកនឹងបម្រើលោកទោះជាមានអ្វីកើតឡើងក៏ដោយ សូម្បីតែមិត្តភក្ដិឬឪពុកម្ដាយរបស់អ្នកឈប់បម្រើលោកក្ដី។ (ទំនុក. ២៧:១០) នៅគ្រប់ស្ថានភាពទាំងអស់ សូមធ្វើឲ្យប្រាកដថាអ្នកសុំព្រះយេហូវ៉ាជួយអ្នកឲ្យរក្សាសេចក្ដីសន្យារបស់អ្នកចំពោះលោក។ (ភី. ៤:១១, ១២) ព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើជាមិត្តសម្លាញ់របស់លោក។ ប៉ុន្តែ ការរក្សាមិត្តភាពនេះឲ្យរឹងមាំ ហើយធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច គឺតម្រូវឲ្យយើងខំប្រឹងយ៉ាងខ្លាំង។ ភីលីព ២:១២ចែងថា៖ «សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច ដោយកោតខ្លាចញាប់ញ័រ»។ ដូច្នេះ សូមគិតឲ្យបានដិតដល់អំពីរបៀបដែលយើងអាចរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយរក្សាភាពស្មោះត្រង់ចំពោះលោកទោះជាមានអ្វីកើតឡើងក៏ដោយ។ យើងមិនអាចសន្និដ្ឋានថាខ្លួននឹងធ្វើដូច្នេះឡើយ។ សូមចាំថាសូម្បីតែអ្នកខ្លះដែលបានបម្រើព្រះអស់ជាច្រើនឆ្នាំក្ដី មិនបានរក្សាភាពស្មោះត្រង់ចំពោះលោកទេ។ w១៧.១២ ទំ. ២២-២៣ វ. ៤, ៦-៧
ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ
ទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត។—១រប. ២៩:១៧
ព្រះយេហូវ៉ាផ្ដល់កិត្ដិយសនិងឱកាសឲ្យយើងដើម្បីគាំទ្រកិច្ចការដ៏អស្ចារ្យរបស់រាជាណាចក្រ។ លោកធានាថាពេលយើងធ្វើដូច្នេះ លោកនឹងឲ្យពរយើង។ (ម៉ាឡ. ៣:១០) ព្រះយេហូវ៉ាសន្យាថាបើយើងឲ្យដោយចិត្តទូលាយ យើងនឹងមិនខ្វះខាតឡើយ។ (សុភ. ១១:២៤, ២៥) លោកក៏ប្រាប់យើងដែរថា យើងនឹងសប្បាយរីករាយពេលយើងឲ្យ ដោយសារ«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្ម. ២០:៣៥) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង យើងអាចបង្រៀនកូនរបស់យើងនិងអ្នកថ្មីអំពីរបៀបដែលពួកគេក៏អាចចូលរួមក្នុងកិច្ចការនេះ ហើយក៏អាចទទួលពរជាច្រើនដែរ។ អ្វីៗទាំងអស់ដែលយើងមានគឺមកពីព្រះយេហូវ៉ា។ ពេលយើងតបស្នងដល់លោកវិញ យើងបង្ហាញថាយើងស្រឡាញ់លោកនិងឲ្យតម្លៃចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើសម្រាប់យើង។ ពេលជនជាតិអ៊ីស្រាអែលបានធ្វើវិភាគទានសម្រាប់ការសង់វិហារ ពួកគេបាន«រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត»។ (១រប. ២៩:៩) ដូចពួកគេ សូមឲ្យយើងបន្តមានអំណរនិងស្កប់ចិត្តពេលយើងឲ្យដល់ព្រះយេហូវ៉ាពីអ្វីដែលលោកបានផ្ដល់ឲ្យយើងរួចហើយ។ w១៨.០១ ទំ. ២០ វ. ១៨-១៩
ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ
ម្នាក់ៗត្រូវធ្វើឲ្យមានជីវិតឡើងវិញ តាមលំដាប់របស់ខ្លួនគឺ គ្រិស្តជាផលដំបូង បន្ទាប់មក ក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោកនឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ។—១កូ. ១៥:២៣
ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌កើតឡើងក្រោយពីវត្តមានរបស់គ្រិស្តបានចាប់ផ្ដើម។ ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងនឹងត្រូវ«កញ្ឆក់យកទៅក្នុងពពក»។ (១ថែ. ៤:១៣-១៧) តើនេះមានន័យយ៉ាងណា? ពេលពួកគាត់ស្លាប់ ពួកគាត់«ទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង»។ (១កូ. ១៥:៥១, ៥២; ម៉ាថ. ២៤:៣១) សព្វថ្ងៃនេះ គ្រិស្តសាសនិកភាគច្រើនមិនមែនជាអ្នកដែលបានត្រូវរើសតាំងឬបានត្រូវជ្រើសរើសឲ្យគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌ឡើយ។ ផ្ទុយទៅវិញ ពួកគាត់ទន្ទឹងរង់ចាំ«ថ្ងៃរបស់ព្រះយេហូវ៉ា» ពេលដែលលោកនឹងបំផ្លាញពិភពលោកដ៏អាក្រក់នេះចោល។ គ្មានអ្នកណាម្នាក់ដឹងច្បាស់ថាទីបញ្ចប់នេះនឹងមកដល់ពេលណាទេ ប៉ុន្តែមានទីសំអាងដែលបង្ហាញថាគ្រានោះគឺជិតមកដល់ហើយ។ (១ថែ. ៥:១-៣) នៅក្នុងពិភពលោកថ្មីរបស់ព្រះ នឹងមានការប្រោសឲ្យរស់ឡើងវិញម្យ៉ាងទៀត។ នៅពេលនោះ មនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី ហើយនឹងមានសេចក្ដីសង្ឃឹមក្លាយទៅជាមនុស្សល្អឥតខ្ចោះនិងមិនស្លាប់ម្ដងទៀតទេ។ w១៧.១២ ទំ. ១៣-១៤ វ. ១៥, ១៨-១៩
ថ្ងៃច័ន្ទ ទី១១ ខែកុម្ភៈ
កន្លែងណាមានចិត្តច្រណែននិងចិត្តចង់បង្កទំនាស់ កន្លែងនោះមានភាពច្របូកច្របល់ ហើយមានអំពើអាក្រក់គ្រប់យ៉ាង។—យ៉ា. ៣:១៦
បើយើងខំប្រឹងឲ្យមានសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ដ៏ពិត យើងនឹងមិនឆាប់ច្រណែននឹងអ្នកឯទៀតឡើយ។ បណ្ដាំរបស់ព្រះចែងថា៖ «សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន»។ (១កូ. ១៣:៤) ដើម្បីធ្វើឲ្យប្រាកដថាយើងមិនមានគុណវិបត្ដិនេះ យើងត្រូវព្យាយាមបណ្ដុះឲ្យមានទស្សនៈដូចព្រះយេហូវ៉ា។ យើងត្រូវចាត់ទុកថាបងប្អូនរបស់យើងជាអវយវៈនៃរូបកាយតែមួយ ហើយរូបកាយនេះគឺជាក្រុមជំនុំ។ គម្ពីរចែងថា៖ «បើអវយវៈមួយទទួលកិត្ដិយស អវយវៈទាំងប៉ុន្មានទៀតក៏អរសប្បាយជាមួយដែរ»។ (១កូ. ១២:១៦-១៨, ២៦) បើមានអ្វីល្អកើតឡើងចំពោះបងប្អូនណាម្នាក់ យើងនឹងសប្បាយរីករាយជាមួយនឹងគាត់ មិនមែនច្រណែនទេ។ សូមគិតអំពីគំរូល្អរបស់យ៉ូណាថានដែលជាកូនប្រុសរបស់ស្តេចសុល។ ពេលដែលដាវីឌបានត្រូវជ្រើសរើសឲ្យធ្វើជាស្តេចជំនួសយ៉ូណាថាន គាត់មិនបានច្រណែនឡើយ។ គាត់ថែមទាំងបានលើកទឹកចិត្តនិងគាំទ្រដាវីឌទៀតផង។ (១សាំ. ២៣:១៦-១៨) តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសដូចយ៉ូណាថានឬទេ? w១៧.១១ ទំ. ២៩-៣០ វ. ១០-១១
ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ
[លោក]នឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្ដាប់ឮនោះឡើយ។ គឺនឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសំរេចក្ដី . . . ដោយសេចក្ដីទៀងត្រង់។—អេ. ១១:៣, ៤
ព្រះយេហូវ៉ាដាក់បញ្ចូលច្បាប់ម៉ូសេនៅក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។ លោកចង់ឲ្យយើងយល់និងធ្វើតាម«គោលការណ៍ដែលសំខាន់ជាង» ពោលគឺគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់នោះ។ (ម៉ាថ. ២៣:២៣) ច្បាប់ម៉ូសេមាន«លក្ខណៈសំខាន់ៗនៃចំណេះដឹងនិងសេចក្ដីពិត»។ ច្បាប់នោះបង្រៀនយើងអំពីព្រះយេហូវ៉ានិងគោលការណ៍របស់លោក។ (រ៉ូម ២:២០) ក្រុងពំនាក់ដែលបានត្រូវរៀបរាប់នៅក្នុងច្បាប់ម៉ូសេ បង្រៀនអ្នកចាស់ទុំអំពីរបៀបវិនិច្ឆ័យ«តាមសេចក្ដីយុត្ដិធម៌ដ៏ពិត» ហើយបង្រៀនយើងទាំងអស់គ្នាឲ្យបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ឬ«សេចក្ដីសប្បុរសនឹងសេចក្ដីអាណិតមេត្ដាដល់គ្នាទៅវិញទៅមក»។ (សាក. ៧:៩) ទោះជាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើតាមច្បាប់ម៉ូសេក៏ដោយ លោកមិនបានផ្លាស់ប្ដូរទេ ព្រោះសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌នៅតែសំខាន់ចំពោះលោក។ ការគោរពប្រណិប័តន៍ព្រះដែលមានគុណសម្បត្ដិបែបនេះគឺជាឯកសិទ្ធិមែន។ សូមឲ្យយើងបង្ហាញគុណសម្បត្ដិដ៏គួរឲ្យសរសើររបស់លោក ហើយមានសុវត្ថិភាពនិងទទួលការការពារពីលោក! w១៧.១១ ទំ. ១៥-១៦ វ. ២-៣; ទំ. ២០ វ. ១៨-១៩
ថ្ងៃពុធ ទី១៣ ខែកុម្ភៈ
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។—សុភ. ៣:១៣
បងប្រុសៗដែលបង្រៀនពីលើវេទិកាត្រូវធ្វើឲ្យប្រាកដថាបទគម្ពីរជាផ្នែកដ៏សំខាន់បំផុតនៃសុន្ទរកថានីមួយៗ។ (យ៉ូន. ៧:១៦) ដូច្នេះ សូមប្រុងប្រយ័ត្នមិនឲ្យរបៀបដែលអ្នកថ្លែងសុន្ទរកថា បទពិសោធន៍ ឬឧទាហរណ៍ដែលអ្នកលើកឡើង ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្ដាប់ច្រើនជាងគម្ពីរឡើយ។ ម្យ៉ាងទៀត សូមចាំថាការអានពីគម្ពីរគឺមិនដូចគ្នានឹងការបង្រៀនពីគម្ពីរទេ។ តាមពិត បើអ្នកអានបទគម្ពីរច្រើនពេក មនុស្សភាគច្រើននឹងមិនចាំបទគម្ពីរទាំងនោះឡើយ។ ដូច្នេះ សូមជ្រើសរើសបទគម្ពីរដែលអ្នកចង់ប្រើដោយយកចិត្តទុកដាក់ ហើយលៃទុកពេលដើម្បីអាន ពន្យល់ លើកឧទាហរណ៍ និងជួយអ្នកស្ដាប់ឲ្យដឹងអំពីរបៀបដែលពួកគេអាចធ្វើតាមឬរបៀបដែលបទគម្ពីរទាំងនោះជាប់ទាក់ទងនឹងប្រធានបទនៃសុន្ទរកថា។ (នេហ. ៨:៨) សូមស្វែងយល់អំពីរបៀបដែលបទគម្ពីរនិងគម្រោងសុន្ទរកថាជាប់ទាក់ទងគ្នា។ សំខាន់បំផុត ចូរសុំជំនួយពីព្រះយេហូវ៉ាដើម្បីឲ្យអ្នកអាចរៀបរាប់អំពីគំនិតដ៏ល្អប្រសើររបស់លោកពីគម្ពីរ។—អែស. ៧:១០ w១៧.០៩ ទំ. ២៤-២៥ វ. ១១-១២
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ
ចូរវិលមកឯអញវិញ . . . នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ។—សាក. ១:៣
នៅឆ្នាំ៥៣៧ មុនគ.ស. រាស្ត្ររបស់ព្រះយេហូវ៉ាមានអំណរជាខ្លាំង។ អស់៧០ឆ្នាំ ពួកគេបានធ្វើជាឈ្លើយនៅបាប៊ីឡូន ប៉ុន្តែឥឡូវពួកគេបានត្រូវដោះលែង! ពួកគេរំភើបចិត្តត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីសង់វិហារ ហើយគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅទីនោះ។ មួយឆ្នាំក្រោយមក ជនជាតិអ៊ីស្រាអែលបានចាក់គ្រឹះវិហារ។ ដប់ប្រាំមួយឆ្នាំក្រោយពីការចាក់គ្រឹះវិហារ វិហាររបស់ព្រះយេហូវ៉ានៅតែមិនទាន់បានសាងសង់រួចរាល់។ រាស្ត្ររបស់ព្រះត្រូវការការរំលឹកឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ ហើយឈប់ផ្ដោតអារម្មណ៍ទៅលើរឿងផ្ទាល់ខ្លួន។ ដូច្នេះនៅឆ្នាំ៥២០ មុនគ.ស. ព្រះយេហូវ៉ាបានចាត់សាការីដែលជាអ្នកប្រកាសទំនាយឲ្យរំលឹករាស្ត្ររបស់លោកអំពីមូលហេតុដែលលោកបានដោះលែងពួកគេពីបាប៊ីឡូន។ គួរឲ្យចាប់អារម្មណ៍មែនដែលឈ្មោះរបស់សាការីមានន័យថា «ព្រះយេហូវ៉ាបាននឹកឃើញ»។ ទោះជាជនជាតិអ៊ីស្រាអែលបានភ្លេចអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគេក្ដី ព្រះនៅតែចាំអំពីពួកគេ។ (សាក. ១:៣, ៤) ព្រះយេហូវ៉ាបានសន្យាថាលោកនឹងជួយពួកគេឲ្យរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ប៉ុន្តែ លោកក៏បានព្រមានពួកគេថា លោកនឹងព្រមទទួលការគោរពប្រណិប័តន៍របស់ពួកគេ លុះត្រាតែពួកគេគោរពប្រណិប័តន៍លោកអស់ពីចិត្ត។ w១៧.១០ ទំ. ១៥-១៦ វ. ២-៣
ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ
ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា។—អេភ. ៤:៣២
អ្នកជំនាញខាងសុខភាពផ្លូវចិត្តនិយាយថា ការបង្ហាញចិត្តអាណិតមេត្ដាអាចធ្វើឲ្យសុខភាពរបស់យើងនិងចំណងមិត្តភាពរបស់យើងជាមួយនឹងអ្នកឯទៀតកាន់តែល្អប្រសើរឡើង។ ពេលអ្នកជួយពួកអ្នកដែលរងទុក្ខ អ្នកនឹងសប្បាយជាង កាន់តែមានសេចក្ដីសង្ឃឹម មិនសូវមានអារម្មណ៍ឯកោ និងមិនសូវមានទស្សនៈមិនល្អ។ ការបង្ហាញចិត្តអាណិតមេត្ដាមានប្រយោជន៍សម្រាប់អ្នក។ ពេលសេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យជួយអ្នកឯទៀត នោះនាំឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដោយសារយើងដឹងថាយើងកំពុងធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ ចិត្តអាណិតមេត្ដានឹងជួយយើងឲ្យធ្វើជាឪពុកម្ដាយ គូអាពាហ៍ពិពាហ៍ និងមិត្តភក្ដិល្អប្រសើរជាង។ ម្យ៉ាងទៀត តាមធម្មតាមនុស្សដែលបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀត ទទួលជំនួយពេលដែលពួកគេត្រូវការ។ (ម៉ាថ. ៥:៧; លូក. ៦:៣៨) ទោះជាការបង្ហាញចិត្តអាណិតមេត្ដាមានប្រយោជន៍សម្រាប់យើងក្ដី មូលហេតុដ៏សំខាន់ចម្បងដែលយើងបង្ហាញចិត្តអាណិតមេត្ដាគឺយើងចង់យកតម្រាប់ព្រះយេហូវ៉ានិងឲ្យលោកទទួលការសរសើរតម្កើង។ លោកជាប្រភពនៃសេចក្ដីស្រឡាញ់និងសេចក្ដីអាណិតមេត្ដា។—សុភ. ១៤:៣១ w១៧.០៩ ទំ. ១៤ វ. ១៦-១៧
ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ
[អ្នកនោះ]នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន។—សាក. ៦:១៣
លោកយេស៊ូជាស្តេចនិងជាសម្ដេចសង្ឃ ហើយលោកក៏មានភារកិច្ច«សង់ព្រះវិហារនៃព្រះយេហូវ៉ា»ដែរ។ នៅឆ្នាំ១៩១៩ លោកបានធ្វើកិច្ចការសាងសង់នេះដោយរំដោះរាស្ត្ររបស់ព្រះចេញពីឥទ្ធិពលនៃបាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិត។ លោកយេស៊ូបានរៀបចំក្រុមជំនុំឡើងវិញ និងបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ បុរសដែលបានត្រូវរើសតាំងមួយក្រុមនេះកំពុងនាំមុខក្នុងការគោរពប្រណិប័តន៍ពិតនៅផែនដី។ របៀបរៀបចំសម្រាប់ការគោរពប្រណិប័តន៍ពិតនេះគឺប្រៀបដូចជាវិហារនៃព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៤៥) លោកយេស៊ូក៏សម្រិតសម្រាំងរាស្ត្ររបស់ព្រះ ហើយជួយពួកគេឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបដ៏ស្អាតស្អំដែរ។ (ម៉ាឡ. ៣:១-៣) លោកយេស៊ូនិងពួក១៤៤.០០០នាក់ដែលធ្វើជាស្តេចនិងជាសង្ឃជាមួយនឹងលោកនឹងគ្រប់គ្រងសម្រាប់១.០០០ឆ្នាំ។ ក្នុងអំឡុងពេលនោះ បុគ្គលទាំងនោះនឹងជួយមនុស្សស្មោះត្រង់ឲ្យទៅជាមនុស្សល្អឥតខ្ចោះ។ ពេលស្តេចនិងសង្ឃទាំងនោះបានបង្ហើយកិច្ចការនេះ នឹងមានតែអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាប៉ុណ្ណោះនៅផែនដី។ នៅទីបំផុត នឹងមានការគោរពប្រណិប័តន៍ពិតយ៉ាងពេញលេញឡើងវិញ! w១៧.១០ ទំ. ២៥ វ. ១៥-១៦
ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ
ត្រូវឲ្យអ្នកនោះ . . . នៅក្នុងទីក្រុង[ពំនាក់] ដរាបដល់សំដេចសង្ឃ . . . សុគតទៅ។—ជន. ៣៥:២៥
ដើម្បីទទួលការអភ័យទោស អ្នកដែលសម្លាប់គេដោយអចេតនាត្រូវរត់ទៅក្រុងពំនាក់ដែលនៅជិតជាងគេបំផុតជាបន្ទាន់។ (យ៉ូស. ២០:៤) គាត់ត្រូវទៅដល់ក្រុងនោះដើម្បីរួចជីវិត ហើយបន្តរស់នៅទីនោះរហូតដល់សម្ដេចសង្ឃស្លាប់។ ដូច្នេះ គាត់ត្រូវធ្វើការលះបង់មួយចំនួនដូចជាការងារនិងផ្ទះសម្បែង ហើយគាត់ក៏គ្មានសេរីភាពទៅណាមកណាដែរ។ ប៉ុន្តែការលះបង់នោះមានប្រយោជន៍។ សព្វថ្ងៃនេះ បុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងហើយប្រែចិត្ត ក៏ត្រូវធ្វើអ្វីមួយចំនួនដើម្បីទទួលការអភ័យទោសពីព្រះ។ គាត់ត្រូវឈប់ប្រព្រឹត្តអំពើខុសឆ្គង។ នេះរួមបញ្ចូលការជៀសវាងពីអ្វីណាក៏ដោយដែលអាចនាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ដូច្នេះ បើយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីឈប់ប្រព្រឹត្តអំពើខុសឆ្គង នោះយើងនឹងបង្ហាញព្រះយេហូវ៉ាថាយើងមិនមើលស្រាលកំហុសរបស់យើង ហើយក៏មិនគិតថាយើងនឹងទទួលសេចក្ដីមេត្ដាករុណារបស់លោកដោយស្វ័យប្រវត្ដិឡើយ។—២កូ. ៧:១០, ១១ w១៧.១១ ទំ. ១២ វ. ១០-១១
ថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ
ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ហើយដោយមិនរអ៊ូរទាំ។—១ពេ. ៤:៩
ព្រះយេហូវ៉ាបង្គាប់យើងឲ្យបង្ហាញចិត្តទូលាយចំពោះបងប្អូនរួមជំនឿ។ (១យ៉ូន. ៣:១៧) ប៉ុន្តែ យើងត្រូវមានបំណងចិត្តត្រឹមត្រូវក្នុងការទទួលអ្នកឯទៀតដោយរាក់ទាក់។ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំអញ្ជើញតែមិត្តជិតស្និទ្ធឬតែពួកអ្នកដែលខ្ញុំចាត់ទុកថាជាអ្នកដែលមានមុខមាត់នៅក្នុងក្រុមជំនុំឲ្យមកផ្ទះរបស់ខ្ញុំឬទេ? តើខ្ញុំអញ្ជើញតែអ្នកដែលខ្ញុំគិតថាអាចតបស្នងអ្វីមកខ្ញុំវិញឬទេ? ឬតើខ្ញុំមានចិត្តទូលាយចំពោះបងប្អូនដែលខ្ញុំមិនសូវស្គាល់ ឬក៏បងប្អូនដែលមិនអាចតបស្នងអ្វីមកខ្ញុំវិញ?›។ (លូក. ១៤:១២-១៤) ឧបមាថា បើបងប្អូនណាម្នាក់ត្រូវការជំនួយដោយសារគាត់បានធ្វើការសម្រេចចិត្តដែលមិនឈ្លាសវៃ ឬបើបងប្អូនណាម្នាក់ដែលយើងអញ្ជើញឲ្យមកផ្ទះរបស់យើងមិនបានអរគុណយើង តើយើងនឹងនៅតែធ្វើតាមឱវាទដែលមានក្នុងបទគម្ពីរថ្ងៃនេះឬទេ? យើងនឹងសប្បាយរីករាយពេលដែលយើងឲ្យដោយមានបំណងចិត្តត្រឹមត្រូវ។—សកម្ម. ២០:៣៥ w១៧.១០ ទំ. ៦ វ. ១២
ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ
ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន? ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះ។—លោ. ៣៩:៩
ប្រពន្ធរបស់ប៉ូទីផារចាប់អារម្មណ៍នឹងយ៉ូសែបដោយសារគាត់«មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ» ដូច្នេះនាងបានខិតខំទាក់ទាញចិត្តគាត់ឲ្យរួមដំណេកជាមួយនឹងនាង។ ប៉ុន្តែ យ៉ូសែបបានទប់ទល់នឹងការល្បួងនោះ។ ពេលដែលនាងបានចាប់ទាញសម្លៀកបំពាក់របស់គាត់ គាត់បានរត់ចេញពីនាង។ តើយើងរៀនអ្វីពីគំរូរបស់យ៉ូសែប? បើយើងបានត្រូវល្បួងឬមានបំណងចិត្តធ្វើអ្វីដែលបំពានច្បាប់របស់ព្រះ យើងត្រូវទប់ចិត្តកុំឲ្យចាញ់ការល្បួងនោះឡើយ។ (សុភ. ១:១០) មុនបងប្អូនខ្លះទៅជាសាក្សីព្រះយេហូវ៉ា ពួកគេចេះតែបរិភោគនិងផឹកស្រាហួសប្រមាណ ជក់បារី ប្រើគ្រឿងញៀន ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬធ្វើអ្វីមិនល្អផ្សេងទៀត។ សូម្បីតែក្រោយពីពួកគេបានទទួលការជ្រមុជទឹក ពួកគេនៅតែមានបំណងចិត្តឬបានត្រូវល្បួងឲ្យធ្វើអ្វីទាំងនោះ។ បើនេះកើតឡើងចំពោះអ្នក សូមរំពឹងគិតអំពីរបៀបដែលចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ានឹងត្រូវបង្ខូច បើអ្នកចុះចាញ់នឹងការល្បួងឬចុះចាញ់នឹងបំណងចិត្តឲ្យធ្វើអ្វីទាំងនោះ។ អ្នកអាចព្យាយាមកត់សម្គាល់អំពីស្ថានភាពដែលអ្នកប្រហែលជានឹងត្រូវល្បួងឬដែលធ្វើឲ្យអ្នកមានបំណងចិត្តមិនត្រឹមត្រូវ ហើយសម្រេចចិត្តអំពីអ្វីដែលអ្នកអាចធ្វើដើម្បីជៀសវាងពីស្ថានភាពនោះ។ (ទំនុក. ២៦:៤, ៥; សុភ. ២២:៣) បើអ្នកស្ថិតនៅក្នុងស្ថានភាពនោះ ចូរសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវប្រាជ្ញានិងជួយអ្នកឲ្យចេះទប់ចិត្ត ដើម្បីកុំឲ្យអ្នកចុះចាញ់នឹងការល្បួងឬបំណងចិត្តឲ្យធ្វើអ្វីទាំងនោះ។ w១៧.០៩ ទំ. ៥ វ. ៨-៩
ថ្ងៃពុធ ទី២០ ខែកុម្ភៈ
ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត។—លូក. ១៦:៩
វិធីមួយដែលយើងអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា គឺពេលដែលយើងមិនសូវរួមចំណែកក្នុងប្រព័ន្ធពាណិជ្ជកម្មរបស់ពិភពលោក ហើយពេលដែលយើងស្វែងរកទ្រព្យ«ដ៏ពិតប្រាកដ»។ នេះជាអ្វីដែលអាប្រាហាំដែលជាបុរសស្មោះត្រង់បានធ្វើ។ គាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបានចាកចេញពីក្រុងអ៊ើរដែលជាក្រុងអ្នកមានស្តុកស្តម្ភដើម្បីរស់នៅក្នុងត្រសាល ដោយសារគាត់ចង់ធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា។ (ហេ. ១១:៨-១០) គាត់តែងតែទុកចិត្តទៅលើព្រះជាជាងទៅលើវត្ថុទ្រព្យ។ (លោ. ១៤:២២, ២៣) លោកយេស៊ូបានលើកទឹកចិត្តអ្នកឯទៀតឲ្យមានជំនឿបែបនេះ។ នៅពេលមួយ លោកបានប្រាប់បុរសវ័យក្មេងម្នាក់ដែលជាអ្នកមានថា៖ «ប្រសិនបើអ្នកចង់មានលក្ខណៈល្អឥតខ្ចោះ ចូរទៅលក់អ្វីដែលអ្នកមាន ហើយឲ្យដល់អ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំ»។ (ម៉ាថ. ១៩:២១) បុរសវ័យក្មេងនោះមិនមានជំនឿដូចអាប្រាហាំទេ។ ប៉ុន្តែ មានអ្នកឯទៀតដែលបានទុកចិត្តទៅលើព្រះ។ w១៧.០៧ ទំ. ៦ វ. ១២
ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ
[ព្រះយេហូវ៉ា]បានសន្យាឲ្យស្រុកនោះជាកម្មសិទ្ធិរបស់[អាប្រាហាំ]និងពូជពង្សរបស់គាត់ដែលកើតតៗមក ទោះជាគាត់មិនទាន់មានកូនក៏ដោយ។—សកម្ម. ៧:៥
នៅ៤៣០ឆ្នាំក្រោយពីអាប្រាហាំបានឆ្លងទន្លេអឺប្រាត កូនចៅរបស់គាត់បានទៅជាប្រជាជាតិដែលនឹងរស់នៅក្នុងស្រុកដែលព្រះបានសន្យានោះ។ (និក្ខ. ១២:៤០-៤២; កាឡ. ៣:១៧) អាប្រាហាំសុខចិត្តរង់ចាំដោយសារគាត់ជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោក។ គាត់មានជំនឿលើព្រះយេហូវ៉ា។ (ហេ. ១១:៨-១២) អាប្រាហាំពេញចិត្តរង់ចាំ ទោះជាគាត់មិនបានឃើញសេចក្ដីសន្យាទាំងអស់របស់ព្រះក្លាយទៅជាការពិតមុនគាត់បានស្លាប់ក្ដី។ ប៉ុន្តែ សូមស្រមៃគិតអំពីអំណរដ៏ខ្លាំងដែលអាប្រាហាំនឹងមាននៅពេលដែលគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីដែលជាសួនឧទ្យាន។ គាត់នឹងភ្ញាក់ផ្អើលពេលដែលគាត់អានអំពីជីវប្រវត្ដិរបស់គាត់និងក្រុមគ្រួសាររបស់គាត់នៅក្នុងបទគម្ពីរជាច្រើន។ សូមស្រមៃគិតថាគាត់នឹងសប្បាយរីករាយខ្លាំងយ៉ាងណាពេលដែលគាត់ដឹងអំពីតួនាទីដ៏សំខាន់របស់គាត់ក្នុងការធ្វើឲ្យបានសម្រេចនូវគោលបំណងរបស់ព្រះយេហូវ៉ាស្តីអំពីមេស្ស៊ីដែលលោកបានសន្យា! យើងអាចប្រាកដថាដោយទទួលពរទាំងនោះ គាត់នឹងមិនស្ដាយក្រោយដែលគាត់បានរង់ចាំទេ។ w១៧.០៨ ទំ. ៦ វ. ១០-១១
ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ
ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរក . . . អំពើស្មោកគ្រោក។—កូឡ. ៣:៥
នៅក្នុងគម្ពីរ«អំពើស្មោកគ្រោក»រួមបញ្ចូលអ្វីច្រើនជាងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ នេះអាចសំដៅទៅលើការជក់បារី ឬការនិយាយកំប្លែងអាសអាភាស។ (២កូ. ៧:១; អេភ. ៥:៣, ៤) នេះក៏អាចសំដៅទៅលើការធ្វើអ្វីដ៏អាក្រក់ដែលមនុស្សធ្វើពេលនៅម្នាក់ឯង ដូចជាការអានសៀវភៅដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រើបស្រាល ឬការមើលរូបអាសអាភាស។ អ្វីទាំងនេះអាចនាំឲ្យប្រព្រឹត្តអំពើស្មោកគ្រោកដោយមានទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទ។ មនុស្សដែលមានទម្លាប់មើលរូបអាសអាភាសចាប់ផ្ដើមមាន«តម្រេក»និងអាចទៅជាញៀននឹងការរួមភេទ។ អ្នកស្រាវជ្រាវបានរកឃើញថាការញៀនមើលរូបអាសអាភាសគឺស្រដៀងនឹងការញៀនស្រាឬថ្នាំញៀន។ ដូច្នេះ គឺមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលទម្លាប់មើលរូបអាសអាភាសមានលទ្ធផលដែលគួរឲ្យខ្លោចផ្សារ។ នេះអាចរួមបញ្ចូលអារម្មណ៍អៀនខ្មាសជាខ្លាំង មិនសូវសម្រេចកិច្ចការនៅកន្លែងធ្វើការ គ្មានសុភមង្គលក្នុងក្រុមគ្រួសារ លែងលះគ្នា ហើយថែមទាំងធ្វើអត្តឃាតទៀតផង។ w១៧.០៨ ទំ. ១៧ វ. ៨-៩
ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ
ទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង ក៏បានប្រទានពរដល់កូនចៅនៅកណ្ដាលឯងដែរ។ ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង។—ទំនុក. ១៤៧:១៣, ១៤
ពេលជនជាតិអ៊ីស្រាអែលបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ អ្នកតែងទំនុកតម្កើងបានគិតអំពីរបៀបដែលព្រះយេហូវ៉ាកំពុងជួយពួកគេ។ អ្នកតែងទំនុកតម្កើងបានច្រៀងពាក្យដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ ការដែលព្រះយេហូវ៉ានឹងធ្វើឲ្យរនុកទ្វារបានមាំមួនឡើងនាំឲ្យអ្នកតែងទំនុកតម្កើងមានអារម្មណ៍ថាគាត់មានសុវត្ថិភាព ហើយនេះបានពង្រឹងទំនុកចិត្តរបស់គាត់ថាព្រះយេហូវ៉ានឹងការពាររាស្ត្ររបស់លោក។ អ្នកប្រហែលជាខ្វល់ខ្វាយដោយសារបញ្ហារបស់អ្នក ប៉ុន្តែព្រះយេហូវ៉ាអាចឲ្យអ្នកនូវប្រាជ្ញាដើម្បីស៊ូទ្រាំ។ អ្នកតែងទំនុកតម្កើងបាននិយាយថាព្រះ«ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់»។ បន្ទាប់មក អ្នកតែងទំនុកតម្កើងនោះបានរៀបរាប់អំពីព្រិល ទឹកសន្សើមកក និងដុំទឹកកក ហើយបានសួរថា៖ «តើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន?»។ ក្រោយមក គាត់បាននិយាយថាព្រះយេហូវ៉ា«បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់»។ (ទំនុក. ១៤៧:១៥-១៨) ព្រះរបស់យើងដែលដឹងអំពីអ្វីៗទាំងអស់និងដែលអាចធ្វើអ្វីណាក៏បាន ហើយដែលជាអ្នកមានអំណាចលើទឹកកកនិងព្រិល លោកប្រាកដជាអាចជួយអ្នកឲ្យយកឈ្នះនឹងបញ្ហាណាក៏ដោយដែលអ្នកមាន។ w១៧.០៧ ទំ. ១៩-២០ វ. ១៤-១៥
ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ
ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់។—បប. ៤:១១
ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺល្អបំផុត ហើយលោកសមនឹងទទួលការគាំទ្រពីយើងដោយអស់ពីចិត្ត។ ហេតុអ្វី? ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់។ ដូច្នេះលោកមានសិទ្ធិគ្រប់គ្រងលើបុគ្គលគ្រប់រូប មិនថានៅផែនដីឬនៅស្ថានសួគ៌ឡើយ។ សាថានមិនបានបង្កើតអ្វីទាល់តែសោះ។ ដូច្នេះ វាគ្មានសិទ្ធិគ្រប់គ្រងសកលលោកសោះឡើយ។ សាថាននិងមនុស្សពីរនាក់ដំបូងបានទៅជារឹងទទឹងនៅពេលដែលពួកគេបានបះបោរប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (យេ. ១០:២៣) ដោយសារពួកគេមានចិត្តសេរី តើនេះមានន័យថាពួកគេមានសិទ្ធិមិនទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាឬទេ? មិនមែនទេ។ ចិត្តសេរីមានន័យថាបុគ្គលម្នាក់មានសិទ្ធិធ្វើការជ្រើសរើសនិងធ្វើការសម្រេចចិត្ត តែនេះមិនមានន័យថាអ្នកនោះមានសិទ្ធិបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដែលជាអ្នកបង្កើតឡើយ។ ការបះបោរប្រឆាំងនឹងព្រះគឺជាការប្រើចិត្តសេរីតាមរបៀបមិនត្រឹមត្រូវ។ មនុស្សត្រូវការការគ្រប់គ្រងនិងការណែនាំពីព្រះយេហូវ៉ា។ w១៧.០៦ ទំ. ២១-២២ វ. ២-៤
ថ្ងៃច័ន្ទ ទី២៥ ខែកុម្ភៈ
ប្រសិនបើខ្ញុំគ្រាន់តែអាចរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់ ហើយបង្ហើយកិច្ចបម្រើ។—សកម្ម. ២០:២៤
បើយើងឲ្យតម្លៃទៅលើកិច្ចបម្រើផ្សាយរបស់យើង នោះដូចសាវ័កប៉ូល យើងនឹងបន្តផ្សព្វផ្សាយសូម្បីតែនៅពេលដែលយើងទទួលការបៀតបៀនក៏ដោយ។ (សកម្ម. ១៤:១៩-២២) ជាឧទាហរណ៍ រវាងឆ្នាំ១៩៣០និងឆ្នាំ១៩៤៤ បងប្អូនយើងនៅសហរដ្ឋអាម៉េរិកបានទទួលការបៀតបៀនយ៉ាងសាហាវ។ ប៉ុន្តែ ពួកគេនៅតែបានបន្តផ្សព្វផ្សាយ។ ពេលដែលពួកអាជ្ញាធរព្យាយាមបញ្ឈប់ពួកគេ បងប្អូនរបស់យើងបានប្ដឹងទៅតុលាការ ហើយបានឈ្នះរឿងក្ដីជាច្រើនករណី។ នៅឆ្នាំ១៩៤៣ បងន័របានរៀបរាប់អំពីជ័យជម្នះដែលយើងបានទទួលក្នុងរឿងក្ដីនៅតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក។ គាត់បាននិយាយថាបើបងប្អូនរបស់យើងមិនបានបន្តផ្សព្វផ្សាយ នោះមិនមានរឿងក្ដីណាមួយរបស់យើងទៅដល់តុលាការនោះឡើយ។ មែនហើយ ដោយសារយើងស្រឡាញ់កិច្ចបម្រើផ្សាយ យើងនឹងមិនអនុញ្ញាតឲ្យការបៀតបៀនបញ្ឈប់យើងពីកិច្ចការផ្សព្វផ្សាយឡើយ។ ពេលយើងឲ្យតម្លៃចំពោះកិច្ចបម្រើផ្សាយរបស់យើង យើងនឹងមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះចំនួនម៉ោងដែលយើងសរសេរក្នុងសេចក្ដីរាយការណ៍របស់យើងប៉ុណ្ណោះទេ។ យើងនឹងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បី«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។—២ធី. ៤:៥ w១៧.០៦ ទំ. ១២ វ. ១១-១២
ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត។—ម៉ាថ. ២២:៣៧
សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជួយយើងឲ្យធ្វើតាមបញ្ញត្ដិរបស់លោក ឲ្យស៊ូទ្រាំ និងឲ្យស្អប់អ្វីដែលអាក្រក់។ (ទំនុក. ៩៧:១០) ប៉ុន្តែ សាថាននិងពិភពលោករបស់វា ព្យាយាមធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះចុះខ្សោយ ហើយបំផ្លាញសេចក្ដីស្រឡាញ់នោះ។ មនុស្សក្នុងពិភពលោកមានទស្សនៈមិនត្រឹមត្រូវចំពោះសេចក្ដីស្រឡាញ់។ ជាជាងស្រឡាញ់ព្រះ មនុស្សជាច្រើន«ស្រឡាញ់តែខ្លួនឯង»។ (២ធី. ៣:២) ពួកគេផ្ដោតអារម្មណ៍ទៅលើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន»។ (១យ៉ូន. ២:១៦) សាវ័កប៉ូលបានព្រមានអំពីអ្វីដែលអាចកើតឡើង បើយើងផ្ដោតអារម្មណ៍ទៅលើការបំពេញចិត្តខ្លួន។ គាត់បាននិយាយថា៖ «ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់»។ ហេតុអ្វី? ពីព្រោះពួកអ្នកដែលធ្វើដូច្នេះទៅជាសត្រូវរបស់ព្រះ។ (រ៉ូម ៨:៦, ៧) មនុស្សដែលផ្ដោតអារម្មណ៍ទៅលើការរកលុយ ឬការបំពេញចំណង់ផ្លូវភេទ ទីបំផុតនឹងខកចិត្តយ៉ាងខ្លាំង។—១កូ. ៦:១៨; ១ធី. ៦:៩, ១០ w១៧.០៥ ទំ. ១៦ វ. ៥-៦
ថ្ងៃពុធ ទី២៧ ខែកុម្ភៈ
ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ។—២ថែ. ៣:១០
បងប្អូនរួមជំនឿដែលជាជនភៀសខ្លួនច្បាស់ជាមិនគួរទាមទារអ្វីទេ តែពួកគេគួរបង្ហាញចិត្តកតញ្ញូចំពោះអ្វីៗដែលបងប្អូនធ្វើសម្រាប់ពួកគេ។ នេះនឹងនាំឲ្យបងប្អូនដែលឲ្យ មានចិត្តសប្បាយ។ ក៏ប៉ុន្តែ គឺជាការសំខាន់ដែលនៅទីបំផុតជនភៀសខ្លួនព្យាយាមបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ការធ្វើដូច្នេះ នឹងជួយពួកគេឲ្យរក្សាតម្លៃចំពោះខ្លួន ហើយមានចំណងមិត្តភាពដ៏ល្អជាមួយនឹងបងប្អូនរួមជំនឿ។ (២ថែ. ៣:៧-៩) ប៉ុន្តែ ជនភៀសខ្លួននៅតែត្រូវការជំនួយពីយើង។ យើងមិនចាំបាច់មានលុយច្រើនដើម្បីជួយជនភៀសខ្លួនទេ។ អ្វីដែលពួកគេត្រូវការច្រើនបំផុតគឺពេលវេលានិងសេចក្ដីស្រឡាញ់របស់យើង។ ជាឧទាហរណ៍ អ្នកអាចបង្ហាញពួកគេអំពីរបៀបប្រើយានជំនិះសម្រាប់សាធារណជន ឬរបៀបទិញម្ហូបអាហារដែលមានជីវជាតិ ហើយមិនសូវថ្លៃ។ អ្នកក៏អាចបង្ហាញពួកគេអំពីរបៀបទិញឧបករណ៍ដែលពួកគេអាចប្រើដើម្បីធ្វើការ ឬអំពីរបៀបរៀនជំនាញដែលអាចជួយពួកគេឲ្យរកប្រាក់ចំណូលជាទៀងទាត់។ សំខាន់បំផុត អ្នកអាចជួយពួកគេឲ្យចូលរួមយ៉ាងពេញលេញក្នុងក្រុមជំនុំថ្មី។ បើអាចធ្វើបាន សូមអញ្ជើញពួកគេឲ្យជិះទៅប្រជុំជាមួយនឹងអ្នក។ អ្នកក៏អាចពន្យល់អំពីវិធីដ៏ល្អបំផុតដើម្បីផ្សព្វផ្សាយដល់មនុស្សនៅក្នុងតំបន់ផ្សាយ ហើយអ្នកអាចផ្សព្វផ្សាយជាមួយនឹងពួកគេ។ w១៧.០៥ ទំ. ៦-៧ វ. ១១-១២
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ
ចូរបណ្ដុះឲ្យមានការស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាធំលូតលាស់ឲ្យបានសេចក្ដីសង្គ្រោះតាមរយៈទឹកដោះនោះ។—១ពេ. ២:២
មនុស្សជាច្រើនផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើការសប្បាយនិងសេចក្ដីប៉ងប្រាថ្នារបស់ពួកគេរហូតដល់ពួកគេពិបាកមានទស្សនៈត្រឹមត្រូវចំពោះវត្ថុទ្រព្យ។ (១កូ. ២:១៤) ដោយសារពួកគេមានទស្សនៈមិនត្រឹមត្រូវ ពួកគេប្រហែលជាពិបាកសម្គាល់អ្វីដែលខុសនឹងអ្វីដែលត្រូវ។ (ហេ. ៥:១១-១៤) សេចក្ដីប៉ងប្រាថ្នារបស់ពួកគេចំពោះវត្ថុទ្រព្យប្រហែលជាមានកាន់តែខ្លាំងឡើងៗ ហើយកាលណាពួកគេមានរបស់របរកាន់តែច្រើន នោះពួកគេកាន់តែចង់មានថែមទៀត។ (សាស្ដ. ៥:១០) ប៉ុន្តែ មានអ្វីដែលយើងអាចធ្វើដើម្បីយកឈ្នះរបៀបគិតគូរបែបនេះ។ ការអានបណ្ដាំរបស់ព្រះជាទៀងទាត់នឹងជួយពង្រឹងកម្លាំងចិត្តយើងដើម្បីយើងអាចទប់ទល់នឹងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ។ លោកយេស៊ូបានរំពឹងគិតអំពីប្រាជ្ញារបស់ព្រះយេហូវ៉ា ហើយនេះបានជួយលោកឲ្យទប់ទល់នឹងការល្បួងរបស់មេកំណាច។ (ម៉ាថ. ៤:៨-១០) ដូចគ្នាដែរនៅសព្វថ្ងៃនេះ បើយើងចង់ទប់ទល់នឹងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ យើងត្រូវធ្វើតាមគោលការណ៍ដែលប្រកបដោយប្រាជ្ញារបស់ព្រះយេហូវ៉ានៅក្នុងជីវិតរបស់យើង។ ការធ្វើដូច្នេះនឹងបង្ហាញលោកយេស៊ូថាយើងស្រឡាញ់លោកច្រើនជាងទ្រព្យសម្បត្ដិ។ w១៧.០៥ ទំ. ២៦ វ. ១៧