បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ២៦-៣៧
  • ខែមីនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមីនា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​សុក្រ ទី​១ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​៣ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​៦ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​៩ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​២០ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​២២ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ២៦-៣៧

ខែ​មីនា

ថ្ងៃ​សុក្រ ទី​១ ខែ​មីនា

[​ចូរ​]បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។—ភី. ២:៣

តើ​មាន​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ខឹង​ឬ​ទេ? បើ​អ្នក​មិន​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​មិន​ត្រឹម​ត្រូវ​នោះ អារម្មណ៍​របស់​អ្នក​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ។ គម្ពីរ​ចែង​ថា​អ្នក​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ប្រសើរ​ឡើង សូម្បី​តែ​ជា​មួយ​នឹង​សត្រូវ​របស់​អ្នក បើ​អ្នក​ទទួល​ពួក​គេ​ដោយ​រាក់​ទាក់។ (​សុភ. ២៥:២១, ២២​) បើ​អ្នក​អញ្ជើញ​បុគ្គល​ណា​ម្នាក់​ឲ្យ​មក​ផ្ទះ​របស់​អ្នក អ្នក​ប្រហែល​ជា​អាច​យក​ឈ្នះ​ទស្សនៈ​មិន​ត្រឹម​ត្រូវ ហើយ​បណ្ដុះ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​គាត់។ អ្នក​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ឃើញ​គុណ​សម្បត្ដិ​របស់​គាត់​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ឃើញ​ពេល​ដែល​លោក​ទាញ​នាំ​គាត់​ឲ្យ​ចូល​ក្នុង​សេចក្ដី​ពិត។ (​យ៉ូន. ៦:៤៤​) ពេល​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​អ្នក​ឲ្យ​អញ្ជើញ​បុគ្គល​ណា​ម្នាក់​ដែល​មិន​រំពឹង​ថា​អ្នក​នឹង​អញ្ជើញ​គាត់ នេះ​អាច​ចាប់​ផ្ដើម​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​គ្នា។ តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ស្រឡាញ់​ពិត​ជា​ជំរុញ​ចិត្ត​របស់​អ្នក? របៀប​មួយ​គឺ​ដោយ​ធ្វើ​តាម​យោបល់​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ យើង​គួរស្វែង​រក​គុណ​សម្បត្ដិ​ផ្សេង​ៗ​របស់​បង​ប្អូន​ដែល​ពួក​គេ​បង្ហាញ​ប្រសើរ​ជាង​យើង​មែន។ ប្រហែល​ជា​យើង​អាច​រៀន​ពី​ជំនឿ ការ​ស៊ូ​ទ្រាំ ឬ​គុណ​សម្បត្ដិ​ផ្សេង​ទៀត​របស់​ពួក​គេ។ ការ​គិត​អំពី​គុណ​សម្បត្ដិ​របស់​ពួក​គេ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​ពួក​គេ​យ៉ាង​ជ្រាល​ជ្រៅ​ជាង ហើយ​ធ្វើ​ឲ្យ​ស្រួល​ទទួល​ពួក​គេ​ដោយ​រាក់​ទាក់​ជាង​ដែរ។ w​១៨.០៣ ទំ. ១៩​-​២០ វ. ១៨​-​១៩

ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា

[​ព្រះ​យេហូវ៉ា​]មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ។—២ពេ. ៣:៩

បញ្ហា​ពិបាក​បំផុត​មួយ​ដែល​បង្ហាញ​ថា​ឪ​ពុក​ម្ដាយ​ស្ដាប់​បង្គាប់​ឬ​មិន​ស្ដាប់​បង្គាប់​ព្រះ គឺ​ពេល​ដែល​កូន​របស់​ពួក​គេ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ បង​ស្រី​ម្នាក់​ដែល​មាន​កូន​ស្រី​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ សារភាព​ថា​៖ ​«​ខ្ញុំ​មើល​សៀវភៅ​របស់​យើង ហើយ​ខំ​រក​ចំណុច​ចន្លោះ​ប្រហោង​ដើម្បី​ខ្ញុំ​អាច​ចំណាយ​ពេល​ជា​មួយ​នឹង​កូន​ស្រី​និង​ចៅ​ស្រី​របស់​ខ្ញុំ​»។ ប៉ុន្តែ ប្ដី​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ​យល់​ថា​ពួក​គេ​លែង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​នេះ​ទៀត ហើយ​ថា​ពួក​គេ​ត្រូវ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កូន​ស្រី​របស់​គាត់​បាន​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​ម្ដង​ទៀត។ ម្ដាយ​នោះ​និយាយ​ថា​៖ ​«​គាត់​ក៏​គោរព​ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​សារ​គាត់​ដឹង​ថា​យើង​បាន​ស្ដាប់​បង្គាប់​ព្រះ​»។ បើ​កូន​របស់​អ្នក​បាន​ត្រូវ​បណ្ដាច់​មិត្តភាព តើ​អ្នក​នឹង​ទុក​ចិត្ត​«​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត​»​ឬ​ទេ? តើ​អ្នក​នឹង​បង្ហាញ​លោក​ថា​អ្នក​មិន​«​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​»​ឬ​ទេ? (​សុភ. ៣:៥, ៦​) ដូច្នេះ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ​អើយ សូម​បន្ត​មាន​ទំនុក​ចិត្ត​ថា​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ សូម្បី​តែ​ពេល​ដែល​ការ​ស្ដាប់​បង្គាប់​គឺ​ពិបាក​ក្ដី។ សូម​ធ្វើ​តាម​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ ហើយ​សូម​កុំ​ប្រឆាំង​ឬ​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​នោះ។ w​១៨.០៣ ទំ. ៣០​-​៣១ វ. ១២​-​១៣

ថ្ងៃ​អាទិត្យ ទី​៣ ខែ​មីនា

ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ។—ម៉ាថ. ២៨:១៩

គម្ពីរ​មិន​បាន​ចែង​ថា​មាន​ការ​កំណត់​អាយុ​សម្រាប់​បុគ្គល​ណា​ម្នាក់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ម៉ាថាយ ២៨:១៩​ចែង​ថា​៖ ‹ចូរ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›។ ពាក្យ​ទាំង​នេះ​មាន​ន័យ​ថា បង្រៀន​បុគ្គល​ណា​ម្នាក់​ដោយ​មាន​គោល​ដៅ​ជួយ​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ឬ​ទៅ​ជា​អ្នក​កាន់​តាម។ អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដែល​រៀន​និង​យល់​អ្វី​ដែល​លោក​បាន​បង្រៀន ហើយ​ដែល​ចង់​ស្ដាប់​បង្គាប់​លោក។ ដូច្នេះ តាំង​ពី​ពេល​ដែល​កូន​ៗ​កើត​មក ឪ​ពុក​ម្ដាយ​គួរ​បង្រៀន​ពួក​គេ​ដោយ​មាន​គោល​ដៅ​ជួយ​ពួក​គេ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ពិត​មែន​ថា​ទារក​មិន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តែ​គម្ពីរ​បង្ហាញ​ថា​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​យល់​និង​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ ធីម៉ូថេ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​ដែល​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ពេល​ដែល​គាត់​នៅ​ក្មេង។ គាត់​មាន​ជំនឿ​មាំ​មួន។ (​២ធី. ១:៥; ៣:១៤, ១៥​) គាត់​ប្រហែល​ជា​មាន​អាយុ​ជិត​២០​ឆ្នាំ​ឬ​២០​ឆ្នាំ​ប្លាយ ពេល​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ពិសេស​ក្នុង​ក្រុម​ជំនុំ។—សកម្ម. ១៦:១​-​៣ w​១៨.០៣ ទំ. ១០ វ. ៤​-​៥

ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មីនា

[​ចូរ​]ឲ្យ​ឥទ្ធិពល​ថ្មី​កាន់​កាប់​គំនិត​របស់​អ្នក​រាល់​គ្នា។—អេភ. ៤:២៣

ពេល​យើង​ចាប់​ផ្ដើម​បម្រើ​ព្រះ យើង​បាន​ធ្វើ​ការ​កែ​ប្រែ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​យើង។ ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក៏​ដោយ យើង​មិន​បាន​ឈប់​ធ្វើ​ការ​កែ​ប្រែ​ទាំង​នេះ​ឡើយ។ ដោយ​សារ​យើង​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ យើង​ត្រូវ​បន្ត​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ។ (​ភី. ៣:១២, ១៣​) ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក្ដី យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ខ្ញុំ​ច្រើន​ជាង​មុន​ឬ​ទេ? តើ​ខ្ញុំ​មាន​ចិត្ត​គំនិត​កាន់​តែ​ដូច​គ្រិស្ត​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​កិច្ច​ប្រជុំ បង្ហាញ​យ៉ាង​ណា​អំពី​ខ្ញុំ? ពេល​ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត តើ​ពាក្យ​សម្ដី​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​មាន​គោល​ដៅ​អ្វី​ក្នុង​ជីវិត? តើ​ទម្លាប់​របស់​ខ្ញុំ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន និង​ប្រតិកម្ម​របស់​ខ្ញុំ​ពេល​ទទួល​ឱវាទ បង្ហាញ​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ពេល​ដែល​ខ្ញុំ​មាន​បំណង​ចិត្ត​ចង់​ធ្វើ​ខុស? តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ហើយ​ឬ​នៅ?›។ (​អេភ. ៤:១៣​) សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​បាន​រីក​ចម្រើន​ដល់​កម្រិត​ណា​ក្នុង​ការ​ឲ្យ​សកម្មពល​ព្រះ​ដឹក​នាំ​គំនិត​របស់​យើង។ w​១៨.០២ ទំ. ២៣ វ. ៤​-​៥

ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា

សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!—ទំនុក. ១៤៤:១៥

យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​ខុស​ពី​គ្រា​ផ្សេង​ៗ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ ព្រះ​យេហូវ៉ា​កំពុង​ប្រមូល​មនុស្ស​មួយ​ក្រុម​ធំ​«​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​ដូច​ដែល​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​មាន​ចំនួន​ជាង​៨​លាន​នាក់​ដែល​ប្រៀប​ដូច​ជា​«​សាសន៍​១​យ៉ាង​ពូកែ​»​ ហើយ​ពួក​គេ​«​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន[​ព្រះ​]ទាំង​យប់​ទាំង​ថ្ងៃ​»​ដោយ​មាន​សុភមង្គល។ (​បប. ៧:៩, ១៥; អេ. ៦០:២២​) មិន​ធ្លាប់​មាន​មនុស្ស​ច្រើន​បែប​នេះ​ទេ ដែល​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត។ ប៉ុន្តែ គម្ពីរ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​សម័យ​យើង មនុស្ស​ដែល​មិន​មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​នឹង​ស្រឡាញ់​តែ​អ្វី​ៗ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់​»​និង​«​ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ (​២ធី. ៣:១​-​៤​) សេចក្ដី​ស្រឡាញ់​បែប​នេះ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ផ្ទុយ​ពី​ការ​ស្រឡាញ់​ព្រះ។ ផ្ទុយ​ទៅ​វិញ នេះ​នាំ​ឲ្យ​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ទាំង​អស់​ពិបាក។ w​១៨.០១ ទំ. ២១​-​២២ វ. ១​-​២

ថ្ងៃ​ពុធ ទី​៦ ខែ​មីនា

ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់។—សុភ. ២៨:៥

ដោយ​សារ​ណូអេ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា គាត់​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​និង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ នេះ​បាន​ការ​ពារ​គាត់ ជា​ពិសេស​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត។ ជា​ឧទាហរណ៍ ណូអេ​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ ដូច្នេះ​គាត់​មិន​យក​ពួក​អ្នក​ដែល​គ្មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​ដែល​មិន​ព្រម​ទទួល​ស្គាល់​លោក​ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​គាត់​ទេ។ ខុស​ពី​ពួក​គេ ណូអេ​មិន​បាន​ចាញ់​ការ​បញ្ឆោត​របស់​ពួក​វិញ្ញាណ​កំណាច​ដែល​បាន​មក​ផែន​ដី​ឡើយ។ មនុស្ស​បាន​កោត​ស្ងើច​ចំពោះ​ពួក​វិញ្ញាណ​កំណាច​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយ​ប្រហែល​ជា​ថែម​ទាំង​បាន​គោរព​ប្រណិប័តន៍​ពួក​វា​ទៀត​ផង។ (​លោ. ៦:១​-​៤, ៩​) ម្យ៉ាង​ទៀត ណូអេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​បង្កើត​កូន​ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី។ (​លោ. ១:២៧, ២៨​) ដូច្នេះ ពេល​ពួក​វិញ្ញាណ​កំណាច​យក​ស្ត្រី​ធ្វើ​ជា​ប្រពន្ធ​និង​មាន​កូន​ជា​មួយ​នឹង​ពួក​គេ ណូអេ​ដឹង​ថា​នេះ​គឺ​ជា​ការ​ខុស។ គាត់​ឃើញ​នេះ​កាន់​តែ​ច្បាស់​ពេល​ដែល​កូន​នោះ​ធំ​ជាង​និង​ខ្លាំង​ជាង​ក្មេង​ទាំង​អស់​ឯ​ទៀត។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា​លោក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។ ដោយ​សារ​ណូអេ​បាន​ជឿ​លើ​ការ​ព្រមាន​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គាត់​បាន​សង់​ទូក​ធំ​មួយ ហើយ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រូវ​សង្គ្រោះ។—ហេ. ១១:៧ w​១៨.០២ ទំ. ១១ វ. ៨

ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា

ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ខ្ញុំ​មាន​មុខ​ងារ​នេះ។—១កូ. ១៥:១០

បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក។ លោក​ចង់​ជួយ​អ្នក​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក។ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​ជំនួយ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​អ្នក​ចាស់​ទុំ។ (​សុភ. ២៤:១៦; យ៉ា. ៥:១៣​-​១៥​) ដូច្នេះ​សូម​កុំ​ស្ទាក់​ស្ទើរ! ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ប៉ុន្តែ ចុះ​បើ​អ្នក​នៅ​តែ​បន្ត​បន្ទោស​ខ្លួន​អំពី​កំហុស​ដែល​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រួច​ហើយ តើ​អ្នក​គួរ​ធ្វើ​អ្វី? នៅ​ពេល​ខ្លះ​សាវ័ក​ប៉ូល​បាន​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​កំហុស​របស់​គាត់​នៅ​អតីតកាល។ គាត់​បាន​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ​»។ (​១កូ. ១៥:៩​) ព្រះ​យេហូវ៉ា​ដឹង​ថា​ប៉ូល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ តែ​លោក​បាន​ទទួល​យក​ប៉ូល ហើយ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​គាត់​ដោយ​ឲ្យ​គាត់​នូវ​ភារកិច្ច​ដ៏​ពិសេស​មួយ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប៉ូល​ចាំ​ថា​លោក​ស្រឡាញ់​គាត់។ បើ​អ្នក​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ និង​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ ហើយ​បាន​ប្រាប់​អ្នក​ចាស់​ទុំ​ពេល​ដែល​នេះ​គឺ​ចាំ​បាច់ នោះ​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក។ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក ហើយ​សូម​ព្រម​ទទួល​ការ​អភ័យ​ទោស​នោះ!—អេ. ៥៥:៦, ៧ w​១៨.០១ ទំ. ៧​-​៨ វ. ១៧​-​១៨

ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា

ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ។—យ៉ា. ៤:៨

ដើម្បី​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ស្ដាប់​លោក ហើយ​ត្រូវ​និយាយ​ជា​មួយ​នឹង​លោក។ របៀប​ដែល​សំខាន់​បំផុត​ដែល​យើង​ស្ដាប់​ព្រះ​យេហូវ៉ា​គឺ​ដោយ​សិក្សា​គម្ពីរ។ នេះ​រួម​បញ្ចូល​ការ​អាន​និង​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ប៉ុន្តែ ការ​សិក្សា​គម្ពីរ​គឺ​មិន​ដូច​ជា​ការ​ចាំ​ព័ត៌មាន​ផ្សេង​ៗ​ដូច​ដែល​យើង​ធ្វើ​សម្រាប់​ការ​ប្រឡង​នៅ​សាលា​រៀន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​អ្នក​រក​ឃើញ​ព័ត៌មាន​ថ្មី​ៗ​អំពី​ព្រះ​យេហូវ៉ា។ អ្នក​នឹង​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​ក៏​នឹង​ចូល​មក​ជិត​អ្នក​ដែរ។ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឧបករណ៍​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ពេល​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ នៅ​គេហទំព័រ​jw.org/km​មាន​ជំនួយ​សិក្សា​«​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?​»។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​ជំនឿ​របស់​អ្នក។—ទំនុក. ១១៩:១០៥ w​១៧.១២ ទំ. ២៣​-​២៤ វ. ៨​-​៩

ថ្ងៃ​សៅរ៍ ទី​៩ ខែ​មីនា

វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ។—អេ. ១១:៩

ទំនាយ​នេះ​ចែង​បន្ត​ថា​៖ ​«​ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពាស​លើ​ផែន​ដី​»។ សត្វ​មិន​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​ទេ ដូច្នេះ​ក្នុង​ន័យ​ធៀប ទំនាយ​នេះ​សំដៅ​លើ​ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស។ (​អេ. ១១:៦, ៧​) បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​ធ្លាប់​ជា​មនុស្ស​កាច​សាហាវ​ដូច​ឆ្កែ​ចចក ប៉ុន្តែ​ឥឡូវ​ពួក​គេ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ នៅ​គេហទំព័រ​jw.org ក្នុង​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ មាន​បទ​ពិសោធន៍​ខ្លះ​របស់​បង​ប្អូន​បែប​នេះ។ ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ធ្លាប់​ជា​មនុស្ស​កាច​សាហាវ តែ​ឥឡូវ​នេះ​ពួក​គេ​បាន​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ​»។ (​អេភ. ៤:២៣, ២៤​) ពេល​មនុស្ស​រៀន​អំពី​ព្រះ ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ នេះ​ជួយ​ពួក​គេ​ឲ្យ​ផ្លាស់​ប្ដូរ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ជឿ របៀប​គិត​គូរ​របស់​ពួក​គេ និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ គឺ​មិន​ស្រួល​ទេ​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ ប៉ុន្តែ​សកម្មពល​របស់​ព្រះ​នឹង​ជួយ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ w​១៨.០១ ទំ. ៣១​-​៣២ វ. ១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា

ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន។—១កូ. ១៥:២៣

គម្ពីរ​ចែង​អំពី​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ថា ពួក​គាត់​«​ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​»។ ដូច្នេះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ក៏​នឹង​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ ឬ​ដោយ​មាន​របៀប​រៀប​រយ។ នោះ​ប្រហែល​ជា​នាំ​ឲ្យ​យើង​សួរ​ថា តើ​ពួក​អ្នក​ដែល​ស្លាប់​នៅ​សម័យ​យើង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត​ឬ ហើយ​តើ​ពួក​គេ​នឹង​បាន​ត្រូវ​ស្វាគមន៍​ដោយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឬ​ទេ? មិន​យូរ​ក្រោយ​ពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ចាប់​ផ្ដើម តើ​បុរស​ស្មោះ​ត្រង់​នៅ​អតីតកាល​ដែល​ធ្លាប់​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​យ៉ាង​ពូកែ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​ជួយ​ចាត់​ចែង​កិច្ច​ការ​និង​របៀប​រស់​នៅ​របស់​រាស្ត្រ​ព្រះ​ក្នុង​ពិភព​លោក​ថ្មី​ឬ​ទេ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា? តើ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា? យើង​ប្រហែល​ជា​មាន​សំណួរ​ជា​ច្រើន។ ប៉ុន្តែ នៅ​ឥឡូវ​នេះ​យើង​មិន​ចាំ​បាច់​បារម្ភ​អំពី​អ្វី​ទាំង​នេះ​ទេ។ គឺ​ល្អ​ជាង​ឲ្យ​យើង​ចាំ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​ទាំង​នោះ។ ទម្រាំ​ដល់​ពេល​នោះ យើង​គួរ​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា។ លោក​បាន​សន្យា​តាម​រយៈ​លោក​យេស៊ូ​ថា​មនុស្ស​ស្លាប់​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​លោក ហើយ​ថា​ពួក​គេ​នឹង​រស់​ឡើង​វិញ។—យ៉ូន. ៥:២៨, ២៩; ១១:២៣ w​១៧.១២ ទំ. ១៤ វ. ២០​-​២១

ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មីនា

ប្រពន្ធ​ទាំង​ឡាយ​អើយ ចូរ​ចុះ​ចូល​នឹង​ប្ដី ព្រោះ​ធ្វើ​បែប​នេះ​គឺ​សម​រម្យ​សម្រាប់​អ្នក​កាន់​តាម​លោក​ម្ចាស់។ ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច ហើយ​កុំ​ក្រេវ​ក្រោធ​នឹង​នាង។ កូន​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​ឪ​ពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់។—កូឡ. ៣:១៨​-​២០

តើ​អ្នក​បាន​ឃើញ​ឬ​ទេ​ថា​យោបល់​នេះ​អាច​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក? ព្រះ​យេហូវ៉ា​ប្រាប់​ប្ដី​ទាំង​ឡាយ​ឲ្យ​«​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច ហើយ​កុំ​ក្រេវ​ក្រោធ​នឹង​នាង​»។ ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​ឲ្យ​កិត្ដិយស​ដល់​នាង។ តើ​តាម​របៀប​ណា? គាត់​ស្ដាប់​យោបល់​របស់​នាង ហើយ​ធ្វើ​ឲ្យ​នាង​ដឹង​ថា​អ្វី​ដែល​នាង​និយាយ​គឺ​សំខាន់​ចំពោះ​គាត់។ (​១ពេ. ៣:៧​) សូម្បី​តែ​គាត់​មិន​តែង​តែ​អាច​ធ្វើ​តាម​អ្វី​ដែល​នាង​សុំ​ឲ្យ​គាត់​ធ្វើ​ក្ដី ការ​ស្ដាប់​អ្វី​ដែល​នាង​និយាយ​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ប្រសើរ​ជាង។ (​សុភ. ១៥:២២​) ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​មិន​ទាម​ទារ​ឲ្យ​នាង​គោរព​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​នឹង​នាំ​ឲ្យ​នាង​គោរព​គាត់​ដោយ​សុទ្ធចិត្ត។ ពេល​ប្ដី​ស្រឡាញ់​ប្រពន្ធ​និង​កូន​ៗ គាត់​ទំនង​ជា​នឹង​មាន​ក្រុម​គ្រួសារ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ដោយ​អំណរ ហើយ​ពួក​គេ​នឹង​ទទួល​រង្វាន់ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ w​១៧.១១ ទំ. ៣០ វ. ១២; ទំ. ៣១​-​៣២ វ. ១៥

ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា

ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ . . . របស់​ពិភព​លោក​នេះ។—កូឡ. ២:៨

សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស ពេល​ដែល​គាត់​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ប្រហែល​ជា​នៅ​ឆ្នាំ​៦០​ដល់​ឆ្នាំ​៦១ គ.ស.។ គាត់​បាន​ពន្យល់​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​មាន‹ការ​យល់​ដឹង​ដែល​សកម្មពល​របស់​ព្រះ​ផ្ដល់​ឲ្យ› ពោល​គឺ​ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ (​កូឡ. ១:៩​) ប៉ូល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ការ​វែក​ញែក​ដែល​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ជឿ។ ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ឡើយ​»។ (​កូឡ. ២:៤, ៨​) បន្ទាប់​មក ប៉ូល​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ទស្សនៈ​ពេញ​និយម​មួយ​ចំនួន​គឺ​ខុស ហើយ​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ទស្សនៈ​បែប​នោះ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​គិត​ថា​ពួក​គេ​គឺ​ឆ្លាត​ជាង​ឬ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​គាំ​ទ្រ​ទស្សនៈ​ណា​មួយ​ដែល​គេ​ពេញ​និយម។ ដូច្នេះ ប៉ូល​បាន​សរសេរ​សំបុត្រ​នេះ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ជៀស​វាង​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក ហើយ​មិន​ទទួល​យក​ការ​ប្រព្រឹត្ត​ដែល​ខុស​ឆ្គង។—កូឡ. ២:១៦, ១៧, ២៣ w​១៧.១១ ទំ. ២១ វ. ១

ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា

ប្រសិន​បើ​ដៃ​ម្ខាង​ឬ​ជើង​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ។—ម៉ាថ. ១៨:៨

ដើម្បី​បន្ត​ទទួល​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា តើ​គ្រិស្ត​សាសនិក​ប្រហែល​ជា​ត្រូវ​លះ​បង់​អ្វី? គាត់​ត្រូវ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្សេង​ៗ សូម្បី​តែ​អ្វី​ដែល​គាត់​ចូល​ចិត្ត​ក្ដី បើ​អ្វី​នោះ​អាច​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​ម៉ាថ. ១៨:៩​) ជា​ឧទាហរណ៍ បើ​មិត្ត​ភក្ដិ​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តើ​អ្នក​នឹង​ឈប់​សេពគប់​ពួក​គេ​ឬ​ទេ? បើ​អ្នក​ពិបាក​ទប់​ចិត្ត​កុំ​ឲ្យ​ពិសា​ស្រា​ហួស​ប្រមាណ តើ​អ្នក​នឹង​ជៀស​វាង​ពី​ស្ថានភាព​ដែល​ប្រហែល​ជា​នឹង​នាំ​ឲ្យ​អ្នក​ពិសា​ស្រា​ហួស​ប្រមាណ​ឬ​ទេ? បើ​អ្នក​ពិបាក​ទប់​ទល់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​អ្នក​នឹង​ជៀស​វាង​ពី​ភាពយន្ត គេហទំព័រ ឬ​សកម្មភាព​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​គំនិត​មិន​ស្អាត​ស្អំ​ឬ​ទេ? សូម​ចាំ​ថា ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ​ដើម្បី​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​ប្រយោជន៍។ គ្មាន​អ្វី​ដែល​ពិបាក​ជាង​ការ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​យើង​នោះ​ទេ។ ក៏​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ការ​មាន​អារម្មណ៍​ថា​យើង​ទទួល​«​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»​ ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​រៀង​រហូត​ពី​ព្រះ​យេហូវ៉ា​ឡើយ។—អេ. ៥៤:៧, ៨ w​១៧.១១ ទំ. ១២ វ. ១២

ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា

នេះ​ជា​សេចក្ដី​បណ្ដាសា ដែល​ផ្សាយ​ចេញ . . . [​ដ្បិត​]អស់​អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​កាត់​ចេញ។—សាក. ៥:៣

តើ​អ្នក​បាន​ឃើញ​ឬ​ទេ​ថា សាការី ៥:៤​ចែង​ថា​បណ្ដាសា​នឹង​«​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ​»​ ហើយ​ថា​នេះ​នឹង​«​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ​»​? ដូច្នេះ ព្រះ​យេហូវ៉ា​អាច​លាត​ត្រដាង​និង​វិនិច្ឆ័យ​អំពើ​ខុស​ឆ្គង​ណា​ក៏​ដោយ​ដែល​មាន​នៅ​ក្នុង​ចំណោម​រាស្ត្រ​លោក។ ទោះ​ជា​បុគ្គល​ដែល​លួច​អាច​លាក់​បាំង​អ្វី​ដែល​គាត់​ធ្វើ​ពី​ប៉ូលិស ចៅហ្វាយ អ្នក​ចាស់​ទុំ ឬ​ឪ​ពុក​ម្ដាយ​ក៏​ដោយ គាត់​មិន​អាច​លាក់​បាំង​ទង្វើ​នោះ​ពី​ព្រះ​យេហូវ៉ា​បាន​ទេ។ ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​លួច​គ្រប់​បែប​យ៉ាង​នឹង​ត្រូវ​លាត​ត្រដាង។ (​ហេ. ៤:១៣​) យើង​ពិត​ជា​ចូល​ចិត្ត​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»​! (​ហេ. ១៣:១៨​) ព្រះ​យេហូវ៉ា​ស្អប់ខ្ពើម​ការ​លួច​សព្វ​បែប​យ៉ាង។ ការ​ស្គាល់​និង​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ការ​មាន​របៀប​រស់​នៅ​ដែល​មិន​ធ្វើ​ឲ្យ​នាម​របស់​លោក​អាប់​ឱន គឺ​ជា​កិត្ដិយស​សម្រាប់​យើង។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ទទួល​ទោស​ដូច​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ថា​ជា​មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់​លោក។ w​១៧.១០ ទំ. ១៦​-​១៧ វ. ៦​-​៧

ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា

[​ចូរ​]ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព។—អេភ. ៤:៣

សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​គឺ​មាន​តម្លៃ​ណាស់។ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​អ្នក​ណា​ម្នាក់​បាន​យល់​ច្រឡំ​នឹង​យើង​ឬ​បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​យើង​ក៏​ដោយ យើង​គួរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ដើម្បី​មាន​សន្ដិ​ភាព។ (​រ៉ូម ១២:១៧, ១៨​) បើ​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត យើង​អាច​សុំ​គាត់​អភ័យ​ទោស​ឲ្យ​យើង។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ដូច្នេះ​យ៉ាង​ស្មោះ។ ជា​ពិសេស សន្ដិ​ភាព​គឺ​សំខាន់​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍។ បើ​ប្ដី​ប្រពន្ធ​ធ្វើ​ដូច​ជា​ស្រឡាញ់​គ្នា​នៅ​មុខ​អ្នក​ឯ​ទៀត តែ​ពេល​ដែល​ពួក​គេ​នៅ​តែ​ពីរ​នាក់ ពួក​គេ​មិន​និយាយ​រក​គ្នា និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គូ​ម្នាក់​ៗ​ឈឺ​ចិត្ត ឬ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា នោះ​គឺ​ជា​អ្វី​ដែល​ខុស។ យើង​ក៏​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ។ បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត យើង​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​ឈប់​គិត​អំពី​រឿង​នោះ​ទៀត។ ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ យើង​ត្រូវ​ឈប់​គិត​អំពី​អ្វី​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ចំពោះ​យើង។ សេចក្ដី​ស្រឡាញ់​«​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»។ (​១កូ. ១៣:៤, ៥​) តាម​ពិត បើ​យើង​មាន​គំនុំ​គុំ​កួន យើង​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​នោះ​និង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ម៉ាថ. ៦:១៤, ១៥ w​១៧.១០ ទំ. ៧​-​៨ វ. ១៤​-​១៥

ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា

ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​បាន​ចាត់​ឲ្យ​អញ​មក​ឯ​ឯង។—សាក. ៦:១៥

តើ​ដំណឹង​ដែល​សាការី​បាន​ប្រកាស​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជន​ជាតិ​យូដា​នៅ​សម័យ​នោះ? ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ជួយ​និង​ការ​ពារ​ពួក​គេ​ដើម្បី​ពួក​គេ​អាច​បង្ហើយ​កិច្ច​ការ​សាង​សង់​វិហារ។ សេចក្ដី​សន្យា​នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​នៅ​តែ​បាន​ឆ្ងល់​ថា តើ​តាម​របៀប​ណា​មនុស្ស​តិច​អាច​ធ្វើ​កិច្ច​ការ​ដ៏​ច្រើន​ទាំង​នោះ​បាន? ដូច្នេះ សាការី​បាន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​លែង​ភ័យ​ខ្លាច​និង​លែង​សង្ស័យ។ ក្រៅ​ពី​បុគ្គល​ដែល​បាន​មក​ជួយ ដូច​ជា​ហេ​ល​ដាយ ថូប៊ីយ៉ា និង​យេដាយ៉ា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​នឹង​«​មក​ជួយ​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​ឡើង​ដែរ​»។ ជន​ជាតិ​យូដា​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​គាំ​ទ្រ​កិច្ច​ការ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​សង់​វិហារ​ឡើង​វិញ​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​ស្តេច​ពើស៊ី​បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​នោះ​ក៏​ដោយ។ បម្រាម​នោះ​ប្រៀប​ដូច​ជា​ភ្នំ​ដ៏​ធំ​មួយ​នៅ​ខាង​មុខ​ពួក​គេ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ដក​ភ្នំ​នោះ​ចេញ ហើយ​វិហារ​បាន​ត្រូវ​សាង​សង់​រួច​រាល់​នៅ​ឆ្នាំ​៥១៥ មុន​គ.ស.។ (​អែស. ៦:២២; សាក. ៤:៦, ៧​) ប៉ុន្តែ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ក៏​រៀប​រាប់​អំពី​អ្វី​ដ៏​អស្ចារ្យ​ជាង​នេះ​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ w​១៧.១០ ទំ. ២៦ វ. ១៧

ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មីនា

ចូរ​មាន . . . ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំ​រេច​ចុះ។—១រប. ២៨:២០

សាឡូម៉ូន​បាន​ទទួល​ភារកិច្ច​ដ៏​ពិសេស​មួយ។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់​ឲ្យ​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​សាង​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម ដែល​ជា​កិច្ច​ការ​សាង​សង់​ដ៏​សំខាន់​ណាស់​ក្នុង​ប្រវត្ដិសាស្ត្រ! វិហារ​នោះ​នឹង​ត្រូវ​«​រុង​រឿង​យ៉ាង​ក្រៃ​លែង​»​ ហើយ​នឹង​មាន​ឈ្មោះ​ល្បី​ល្បាញ​ជា​វិហារ​ដ៏​ស្អាត​ណាស់។ សំខាន់​ជាង​នេះ​ទៅ​ទៀត នោះ​ជា‹វិហារ​នៃ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ពិត›។ (​១រប. ២២:១, ៥, ៩​-​១១​) ស្តេច​ដាវីឌ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​គាំ​ទ្រ​សាឡូម៉ូន។ ប៉ុន្តែ សាឡូម៉ូន​«​នៅ​ក្មេង​ខ្ចី​ពេក​ណាស់​»​និង​ខ្វះ​បទ​ពិសោធន៍។ តើ​គាត់​នឹង​ហ៊ាន​ទទួល​ភារកិច្ច​សាង​សង់​វិហារ​ឬ​ទេ? ឬ​តើ​គាត់​នឹង​ឲ្យ​ការ​ខ្វះ​បទ​ពិសោធន៍​និង​ភាព​វ័យ​ក្មេង​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ទទួល​ភារកិច្ច​នោះ? ដើម្បី​ទទួល​ជោគ​ជ័យ សាឡូម៉ូន​ត្រូវ​ការ​ចិត្ត​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​នោះ។ បើ​សាឡូម៉ូន​គ្មាន​ចិត្ត​ក្លាហាន ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​គាត់​មិន​ហ៊ាន​ធ្វើ​កិច្ច​ការ​នោះ សូម្បី​តែ​ចាប់​ផ្ដើម​កិច្ច​ការ​នោះ​ក៏​មិន​ហ៊ាន​ដែរ។ នេះ​គឺ​អាក្រក់​ជាង​ការ​បរាជ័យ​ក្នុង​ភារកិច្ច​នោះ​ទៅ​ទៀត។ ដូច​សាឡូម៉ូន យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​មាន​ចិត្ត​ក្លាហាន​និង​ដើម្បី​សម្រេច​កិច្ច​ការ​ដែល​លោក​ផ្ដល់​ឲ្យ។ w​១៧.០៩ ទំ. ២៧ វ. ១​-​២; ទំ. ២៨ វ. ៤​-​៥

ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា

ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា . . . ស្ថិតស្ថេរ​នៅ​ជា​ដរាប។—អេ. ៤០:៨

បើ​គ្មាន​គម្ពីរ តើ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? អ្នក​នឹង​មិន​មាន​យោបល់​ល្អ​ដើម្បី​ដឹក​នាំ​អ្នក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ។ អ្នក​នឹង​មិន​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ អំពី​ជីវិត ឬ​អំពី​ពេល​អនាគត​ទេ។ ម្យ៉ាង​ទៀត អ្នក​ក៏​នឹង​មិន​ដឹង​សោះ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​មនុស្សជាតិ​នៅ​អតីតកាល។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ លោក​បាន​សន្យា​ថា​ដំណឹង​ក្នុង​គម្ពីរ​នឹង​ស្ថិតស្ថេរ​ជា​និច្ច ដូច​សាវ័ក​ពេត្រុស​បាន​បញ្ជាក់​ពេល​គាត់​ដក​ស្រង់​ពាក្យ​ពី​អេសាយ ៤០:៨។ ខ​នោះ​មិន​សំដៅ​លើ​សៀវភៅ​គម្ពីរ​ទេ តែ​ខ​នោះ​សំដៅ​លើ​ប្រសាសន៍​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។ (​១ពេ. ១:២៤, ២៥​) អស់​រាប់​សតវត្សរ៍ មនុស្ស​បាន​ខំ​ប្រឹង​បក​ប្រែ​និង​ចែក​ចាយ​គម្ពីរ ទោះ​ជា​មាន​ការ​ប្រឆាំង​និង​ការ​ពិបាក​យ៉ាង​ខ្លាំង​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​«​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។—១ធី. ២:៣, ៤ w​១៧.០៩ ទំ. ១៥​-​១៦ វ. ១​-​២

ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា

លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន? ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ។—លោ. ៣៩:៩

សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​វ័យ​ក្មេង​ជា​ច្រើន​ក៏​ប្រឈម​មុខ​នឹង​ស្ថានភាព​ស្រដៀង​នឹង​ស្ថានភាព​របស់​យ៉ូសែប​ដែរ។ (​លោ. ៣៩:៧​) ជា​ឧទាហរណ៍​សិស្ស​រួម​ថ្នាក់​របស់​ប្អូន​ស្រី​ឃីម​ច្រើន​តែ​បាន​អួត​អំពី​ការ​រួម​ភេទ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។ ប្អូន​ឃីម​មិន​មាន​រឿង​ដូច​នោះ​ដើម្បី​ប្រាប់​ពួក​គេ​វិញ​ឡើយ។ គាត់​សារភាព​ថា​ដោយ​សារ​គាត់​ខុស​ពី​គេ ជួន​កាល​គាត់​មាន​អារម្មណ៍​«​ឯកោ ហើយ​គ្មាន​អ្នក​ណា​ស្រឡាញ់​»។ សិស្ស​រួម​ថ្នាក់​របស់​គាត់​ក៏​បាន​គិត​ថា​គាត់​ជា​មនុស្ស​ល្ងង់​ខ្លៅ ដោយ​សារ​គាត់​មិន​មាន​សង្សារ។ ប៉ុន្តែ តាម​ពិត​ប្អូន​ឃីម​មាន​ប្រាជ្ញា។ គាត់​ដឹង​ថា​ពេល​យើង​នៅ​វ័យ​ក្មេង​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​រួម​ភេទ។ (​២ធី. ២:២២​) សិស្ស​ឯ​ទៀត​ច្រើន​តែ​សួរ​គាត់​ថា តើ​គាត់​នៅ​តែ​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​ឬ​យ៉ាង​ណា? នេះ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​មិន​រួម​ភេទ។ យើង​មាន​មោទនភាព​ចំពោះ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​បាន​តាំង​ចិត្ត​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​ព្រះ​យេហូវ៉ា​ក៏​មាន​មោទនភាព​ចំពោះ​ពួក​គេ​ដែរ! w​១៧.០៩ ទំ. ៥​-​៦ វ. ៨, ១០

ថ្ងៃ​ពុធ ទី​២០ ខែ​មីនា

កុំ​ឲ្យ​ក្ដៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ។—ទំនុក. ៣៧:៨

មនុស្ស​ខ្លះ​ឆាប់​ខឹង ហើយ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​និង​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ។ ពេល​នេះ​កើត​ឡើង ក្រុម​គ្រួសារ​ទាំង​មូល​របស់​ពួក​គេ​រង​ទុក្ខ។ គម្ពីរ​ព្រមាន​យើង​ឲ្យ​ជៀស​វាង​ពី​កំហឹង ការ​និយាយ​ដោយ​គ្មាន​មេត្ដា និង​ការ​ស្រែក​គំហក។ (​អេភ. ៤:៣១​) អ្វី​ទាំង​នេះ​ច្រើន​តែ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​គិត​ថា​កំហឹង និង​ការ​ប្រើ​អំពើ​ហិង្សា​គឺ​ជា​អ្វី​ដែល​ធម្មតា។ ប៉ុន្តែ តាម​ពិត​ការ​ប្រព្រឹត្ត​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​បង្កើត​របស់​យើង​អាប់​ឱន​កិត្ដិយស។ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​បាន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។ (​កូឡ. ៣:៨​-​១០​) ការ​កុហក​គឺ​ជា​ផ្នែក​មួយ​ទៀត​នៃ​បុគ្គលិក​លក្ខណៈ​ចាស់។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​កុហក​ដើម្បី​ជៀស​វាង​ពី​ការ​បង់​ពន្ធ ឬ​ដើម្បី​ជៀស​វាង​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួក​គេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក. ៣១:៥​) ដូច្នេះ​លោក​តម្រូវ​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ​«​និយាយ​សេចក្ដី​ពិត​»​ ហើយ‹មិន​កុហក›។ (​អេភ. ៤:២៥; កូឡ. ៣:៩​) យើង​ត្រូវ​និយាយ​សេចក្ដី​ពិត​សូម្បី​តែ​នោះ​នឹង​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ឬ​មាន​ការ​ពិបាក​ក៏​ដោយ។—សុភ. ៦:១៦​-​១៩ w​១៧.០៨ ទំ. ១៦ វ. ៣, ៥; ទំ. ១៨​-​១៩ វ. ១២​-​១៣; ទំ. ២០ វ. ១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា

ព្រះ​បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង។—ទំនុក. ១៤៧:១៥

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ណែនាំ​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​«​រត់​លឿន​ណាស់​»​ ឬ​លោក​ផ្ដល់​ការ​ណែនាំ​ដល់​យើង​យ៉ាង​ឆាប់​រហ័ស​តាម​ត្រូវ​ពេល​និង​តាម​របៀប​ត្រឹម​ត្រូវ។ សូម​គិត​អំពី​ប្រយោជន៍​ដែល​អ្នក​ទទួល​ពី​គម្ពីរ សៀវភៅ​ផ្សេង​ៗ​ដែល​អ្នក​ទទួល​តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ គេហទំព័រ​jw.org JW​ទូរទស្សន៍ ពួក​អ្នក​ចាស់​ទុំ និង​បង​ប្អូន​រួម​ជំនឿ។ (​ម៉ាថ. ២៤:៤៥​) តើ​អ្នក​ធ្លាប់​ឃើញ​ក្នុង​ជីវិត​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​យ៉ាង​ឆាប់​រហ័ស​ដល់​អ្នក​ឬ​ទេ? អ្នក​តែង​ទំនុក​តម្កើង​បាន​ដឹង​ថា ពី​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ​នៅ​ផែន​ដី ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ដើម្បី​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ពួក​គេ​គឺ​ជា​ប្រជា​ជាតិ​តែ​មួយ​គត់​ដែល​បាន​ទទួល​«​ព្រះ​បន្ទូល​»​ និង​«​បញ្ញត្ត​»​របស់​លោក។ (​ទំនុក. ១៤៧:១៩, ២០​) សព្វ​ថ្ងៃ​នេះ យើង​មាន​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​ព្រះ។ យើង​មាន​ចិត្ត​កតញ្ញូ​ដែល​យើង​ស្គាល់​លោក ដែល​យើង​មាន​បណ្ដាំ​របស់​លោក​ដើម្បី​ណែនាំ​យើង និង​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ដូច​អ្នក​សរសេរ​ទំនុក​តម្កើង ១៤៧ អ្នក​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​«​សរសើរ​យ៉ា!​»​ ហើយ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ w​១៧.០៧ ទំ. ២០ វ. ១៥​-​១៦, ១៨

ថ្ងៃ​សុក្រ ទី​២២ ខែ​មីនា

គ្មាន​ទាហាន​ណា​ម្នាក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​របស់​ជន​ស៊ី​វិល​ទេ ព្រោះ​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​គាត់​ជា​ទាហាន​ពេញ​ចិត្ត​នឹង​គាត់។—២ធី. ២:៤

អ្នក​កាន់​តាម​លោក​យេស៊ូ​សព្វ​ថ្ងៃ​នេះ រួម​ទាំង​អ្នក​បម្រើ​ពេញ​ពេល​ជាង​១​លាន​នាក់ ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ពួក​គេ​ទប់​ទល់​នឹង​ការ​ទាក់​ទាញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​ដ៏​លោភ​លន់​នេះ។ ពួក​គេ​ចាំ​អំពី​គោល​ការណ៍​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​»។ (​សុភ. ២២:៧​) សាថាន​ចង់​ឲ្យ​យើង​ចំណាយ​ពេល​និង​កម្លាំង​ទាំង​អស់​របស់​យើង​ដើម្បី​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​វា។ អ្នក​ខ្លះ​ខ្ចី​លុយ​យ៉ាង​ច្រើន​សម្រាប់​បង់​ផ្ទះ ឡាន ការ​អប់រំ ឬ​ថែម​ទាំង​សម្រាប់​រៀប​ការ​ទៀត​ផង។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យើង​ប្រហែល​ជា​ជំពាក់​បំណុល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ យើង​បង្ហាញ​ថា​យើង​ប្រព្រឹត្ត​ដោយ​ប្រើ​ប្រាជ្ញា​ពេល​ដែល​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង ចាយ​លុយ​តិច​ជាង និង​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល។ តាម​របៀប​នេះ យើង​នឹង​មាន​សេរី​ភាព​ដើម្បី​បម្រើ​ព្រះ​ជា​ជាង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។—១ធី. ៦:១០ w​១៧.០៧ ទំ. ៦​-​៧ វ. ១៣

ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មីនា

ទូល​បង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថា ជា​ត្រឹម​ត្រូវ​គ្រប់​ប្រការ តែ​ទូល​បង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។—ទំនុក. ១១៩:១២៨

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​ក្នុង​សកល​លោក។ លោក​ប្រើ​អំណាច​របស់​លោក​ដោយ​យុត្ដិធម៌​យ៉ាង​ល្អ​ឥត​ខ្ចោះ។ លោក​ប្រាប់​យើង​ថា​៖ ​«​អញ​ជា​ព្រះ​យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែន​ដី ដ្បិត​អញ​រីក​រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ​»។ (​យេ. ៩:២៤​) ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​ច្បាប់​របស់​មនុស្ស​ដើម្បី​ជួយ​លោក​ឲ្យ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គោល​ការណ៍​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​គឺ​មក​ពី​ព្រះ។ ម្យ៉ាង​ទៀត ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ដាក់​ច្បាប់​ដល់​មនុស្ស។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​៖ ​«​សេចក្ដី​សុចរិត​នឹង​សេចក្ដី​យុត្ដិធម៌ ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់​»។ ដូច្នេះ ច្បាប់ គោល​ការណ៍ និង​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ។ (​ទំនុក. ៨៩:១៤​) សាថាន​អះអាង​ថា​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ដោយ​អយុត្ដិធម៌។ ក៏​ប៉ុន្តែ សាថាន​មិន​អាច​នាំ​មក​នូវ​ភាព​យុត្ដិធម៌​សម្រាប់​ពិភព​លោក​បាន​ឡើយ។ w​១៧.០៦ ទំ. ២២ វ. ៥

ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា

ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ . . . ព្រះ​បន្ទូល​ទ្រង់​សុទ្ធតែ​ពិត​ត្រង់។—២សាំ. ៧:២៨

ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ពិត។ (​ទំនុក. ៣១:៥​) ម្យ៉ាង​ទៀត ដោយ​សារ​លោក​ជា​បិតា​ដែល​មាន​ចិត្ត​ទូលាយ លោក​ចង់​ប្រាប់​យើង​អំពី​សេចក្ដី​ពិត​ទាំង​នេះ។ រហូត​មក​ដល់​ឥឡូវ​នេះ យើង​បាន​រៀន​សេចក្ដី​ពិត​ជា​ច្រើន​ទាំង​នេះ​តាម​រយៈ​ការ​អាន​បណ្ដាំ​របស់​លោក​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ថែម​ទាំង​តាម​រយៈ​ការ​ចូល​រួម​មហា​សន្និបាត សន្និបាត និង​កិច្ច​ប្រជុំ​របស់​យើង​ជា​រៀង​រាល់​សប្ដាហ៍។ កាល​ដែល​យើង​ប្រមូល​ទុក​នូវ​សេចក្ដី​ពិត​កាន់​តែ​ច្រើន​ឡើង​ៗ យើង​នឹង​មាន​អ្វី​ដែល​លោក​យេស៊ូ​បាន​ហៅ​ថា​«​ឃ្លាំង​ទ្រព្យ​»​នៃ​សេចក្ដី​ពិត​«​ទាំង​ថ្មី​ទាំង​ចាស់​»។ (​ម៉ាថ. ១៣:៥២​) ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បំពេញ​«​ឃ្លាំង​ទ្រព្យ​»​របស់​យើង បើ​យើង​ស្វែង​រក​សេចក្ដី​ពិត​ទាំង​នោះ​ដូច​ដែល​យើង​នឹង​ស្វែង​រក​កំណប់​ទ្រព្យ។ (​សុភ. ២:៤​-​៧​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​សិក្សា​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​ទៀង​ទាត់ ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់។ នេះ​នឹង​ជួយ​យើង​ឲ្យ​រក​ឃើញ​នូវ​សេចក្ដី​ពិត​«​ថ្មី​»​ ពោល​គឺ​សេចក្ដី​ពិត​ផ្សេង​ៗ​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន។ (​យ៉ូស. ១:៨, ៩; ទំនុក. ១:២, ៣​) យើង​គួរ​មាន​ចិត្ត​ចង់​បន្ត​ស្វែង​រក​សេចក្ដី​ពិត​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ w​១៧.០៦ ទំ. ១២​-​១៣ វ. ១៣​-​១៤

ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មីនា

ឯង​រាល់​គ្នា​នឹង​អំពាវ​នាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម។—យេ. ២៩:១២

បុរស​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​លីវ​បាន​គិត​អំពី​បទ​គម្ពីរ​នៅ​កូរិនថូស​ទី១ ៧:២៨​ដែល​ចែង​ថា​ពួក​អ្នក​ដែល​រៀប​ការ​«​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»។ បុរស​នោះ​បាន​និយាយ​ជា​មួយ​នឹង​បង​ប្រុស​ម្នាក់​ដែល​ជា​អ្នក​ចាស់​ទុំ​ដែល​បាន​រៀប​ការ​រួច​ហើយ។ គាត់​បាន​សួរ​អ្នក​ចាស់​ទុំ​នោះ​ថា​៖ ​«​តើ‹ការ​លំបាក›នេះ​គឺ​ជា​អ្វី ហើយ​បើ​ខ្ញុំ​រៀប​ការ តើ​ខ្ញុំ​នឹង​ដោះ​ស្រាយ‹ការ​លំបាក›នោះ​យ៉ាង​ដូច​ម្ដេច?​»។ មុន​អ្នក​ចាស់​ទុំ​ឆ្លើយ​សំណួរ​នោះ គាត់​បាន​ប្រាប់​បុរស​វ័យ​ក្មេង​នោះ​ឲ្យ​គិត​អំពី​អ្វី​មួយ​ទៀត​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ។ ប៉ូល​បាន​សរសេរ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​»​ឬ​ការ​លំបាក​«​សព្វ​បែប​យ៉ាង​»។ (​២កូ. ១:៣, ៤​) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ស្រឡាញ់​យើង ហើយ​លោក​សម្រាល​ទុក្ខ​យើង​ពេល​ដែល​យើង​មាន​ការ​ពិបាក។ អ្នក​ប្រហែល​ជា​បាន​ចាំ​អំពី​ពេល​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​គាំ​ទ្រ​និង​ណែនាំ​អ្នក​តាម​រយៈ​បណ្ដាំ​របស់​លោក។ យើង​អាច​ជឿ​ជាក់​ថា​លោក​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ដូច​ដែល​លោក​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ដែរ។—យេ. ២៩:១១ w​១៧.០៦ ទំ. ៣​-​៤ វ. ១​-​២

ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា

ព្រះ​យេហូវ៉ា​ទ្រង់​ការ​ពារ​ពួក​អ្នក​ប្រទេស​ដទៃ។—ទំនុក. ១៤៦:៩

បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែល​ជា​ជន​ភៀស​ខ្លួន​ត្រូវ​ការ​អ្វី​ច្រើន​ជាង​ម្ហូប​អាហារ​និង​សម្លៀក​បំពាក់។ ពួក​គេ​ត្រូវ​ការ​ការ​គាំ​ទ្រ​ខាង​ផ្លូវ​ចិត្ត​និង​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ។ (​ម៉ាថ. ៤:៤​) ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​គេ​ដោយ​ស្វែង​រក​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​ភាសា​របស់​ពួក​គេ​និង​ដោយ​ជួយ​ពួក​គេ​ឲ្យ​ទាក់​ទង​ជា​មួយ​នឹង​បង​ប្អូន​ដែល​និយាយ​ភាសា​របស់​ពួក​គេ។ នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់ ដោយ​សារ​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​បាន​ត្រូវ​ចាក​ចេញ​ពី​មនុស្ស​និង​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ធ្លាប់​ស្គាល់​ពី​មុន។ ពួក​គេ​នឹក​ក្រុម​គ្រួសារ ស្រុក​កំណើត និង​ក្រុម​ជំនុំ។ គឺ​សំខាន់​ចាំ​បាច់​ដែល​ពួក​គេ​ឃើញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ។ បើ​ជន​ភៀស​ខ្លួន​មិន​ឃើញ​ដូច្នេះ​ទេ ពួក​គេ​ប្រហែល​ជា​នឹង​ស្វែង​រក​ជំនួយ​ពី​អ្នក​ឯ​ទៀត​ដែល​មក​ពី​ប្រទេស​ដូច​គ្នា ប៉ុន្តែ​មិន​មែន​ជា​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​១កូ. ១៥:៣៣​) ពេល​យើង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​សមាជិក​ក្រុម​ជំនុំ នោះ​យើង​កំពុង​សហការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដើម្បី​ការ​ពារ​«​ពួក​អ្នក​ប្រទេស​ដទៃ​»។ ជន​ភៀស​ខ្លួន​ប្រហែល​ជា​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​ឬ​ប្រទេស​របស់​ខ្លួន​វិញ​បាន​ទេ ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ចង់​ត្រឡប់​ទៅ​វិញ​ឡើយ ដោយ​សារ​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ទី​នោះ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹បើ​ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ការ​ឈឺ​ចាប់​បែប​នោះ តើ​ខ្ញុំ​នឹង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​ខ្ញុំ?›។—ម៉ាថ. ៧:១២ w​១៧.០៥ ទំ. ៧​-​៨ វ. ១៥​-​១៦

ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា

សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ។—ម៉ាថ. ២៤:១២

ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន មាន​ស្ថានភាព​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ (​១យ៉ូន. ៥:១៩​) ប៉ុន្តែ បើ​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក ជំនឿ​របស់​យើង​អាច​ចុះ​ខ្សោយ ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​អាច​រសាយ​ទៅ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​ដោយ​សារ​យើង​កាន់​តែ​ចាស់​ទៅ​ៗ មាន​សុខភាព​មិន​ល្អ ឬ​មាន​បញ្ហា​លុយ​កាក់។ ឬ​យើង​ប្រហែល​ជា​ពិបាក​ចិត្ត​ដោយ​សារ​យើង​មិន​អាច​ធ្វើ​អ្វី​ៗ​ដូច​ដែល​ចិត្ត​យើង​ចង់​ធ្វើ។ យើង​ប្រហែល​ជា​ខក​ចិត្ត​ដោយ​សារ​អ្វី​មួយ​ចំនួន​ក្នុង​ជីវិត​មិន​បាន​កើត​ឡើង​ដូច​ដែល​យើង​បាន​សង្ឃឹម​ទុក។ ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​ព្រះ​យេហូវ៉ា​បោះ​បង់​ចោល​យើង​ឡើយ។ សូម​គិត​អំពី​ពាក្យ​ដែល​សម្រាល​ទុក្ខ​យើង​នៅ​ទំនុក​តម្កើង ១៣៦:២៣ ដែល​ថា ព្រះ​យេហូវ៉ា​«​ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ​ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្ដាប់‹ពាក្យ​អង្វរ›របស់​យើង ហើយ​លោក​នឹង​តប​ឆ្លើយ​ចំពោះ​ពាក្យ​អង្វរ​ទាំង​នោះ។—ទំនុក. ១១៦:១; ១៣៦:២៤​-​២៦ w​១៧.០៥ ទំ. ១៧ វ. ៨

ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មីនា

បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ។—ម៉ាថ. ៦:១៥

ដូច​បាន​បង្ហាញ​នៅ​កាឡាទី ២:១១​-​១៤ ពេត្រុស​បាន​ចាប់​ផ្ដើម​ខ្លាច​មនុស្ស។ (​សុភ. ២៩:២៥​) ពេត្រុស​បាន​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​ជាតិ​ដទៃ។ ប៉ុន្តែ គាត់​នៅ​តែ​ខ្លាច​ថា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ពី​ក្រុង​យេរូសាឡិម​ដែល​បាន​កាត់​ចុង​ស្បែក នឹង​មិន​ពេញ​ចិត្ត​គាត់​បើ​គាត់​សេពគប់​ជា​មួយ​នឹង​គ្រិស្ត​សាសនិកជន​ជាតិ​ដទៃ​ទាំង​នោះ។ សាវ័ក​ប៉ូល​បាន​ប្រាប់​ពេត្រុស​ថា​គាត់​ជា​មនុស្ស​មាន​ពុត។ (​សកម្ម. ១៥:១២; កាឡ. ២:១៣​) ពេត្រុស​មាន​ចិត្ត​រាប​ទាប ហើយ​បាន​ទទួល​យក​ការ​កែ​តម្រង់​ពី​ប៉ូល។ បទ​គម្ពីរ​មិន​បាន​ចែង​ថា​ពេត្រុស​បាន​បាត់​បង់​ភារកិច្ច​ណា​មួយ​របស់​គាត់​ឡើយ។ តាម​ពិត​ក្រោយ​មក ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ពេត្រុស​បាន​សរសេរ​សំបុត្រ​ពីរ​ដែល​បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​គម្ពីរ។ លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​បាន​បន្ត​ប្រើ​គាត់។ (​អេភ. ១:២២​) បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នោះ​មាន​ឱកាស​យក​តម្រាប់​លោកយេស៊ូ​និង​បិតា​របស់​លោក​ដោយ​អភ័យ​ទោស​ឲ្យ​ពេត្រុស។ យើង​សង្ឃឹម​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​អនុញ្ញាត​ឲ្យ​កំហុស​របស់​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​ឡើយ។ w​១៧.០៤ ទំ. ២៥​-​២៦ វ. ១៦​-​១៨

ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា

[​ព្រះ​]ផ្ដន្ទា​ទោស​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដោយ​បំផ្លាញ​ក្រុង​ទាំង​នោះ​ឲ្យ​ទៅ​ជា​ផេះ ក៏​បាន​ទុក​គំរូ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​មុខ។—២ពេ. ២:៦

ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​តំបន់​នោះ​ទាំង​មូល​ដើម្បី​បំបាត់​ចោល​នូវ​អំពើ​អាក្រក់​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ទី​នោះ។ លោក​ក៏​បាន​«​ទុក​គំរូ​»​ដល់​មនុស្ស​អាក្រក់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច​នៅ​សម័យ​នោះ​ព្រះ​យេហូវ៉ា​បាន​បំបាត់​ចោល​អំពើ​ប្រាស​ចាក​សីលធម៌​ទាំង​អស់​នៅ​កន្លែង​នោះ លោក​ក៏​នឹង​បំបាត់​ចោល​អំពើ​ទាំង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពេល​ដែល​លោក​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។ តើ​អ្វី​នឹង​ជំនួស​អំពើ​អាក្រក់? នៅ​ពិភព​លោក​ថ្មី យើង​នឹង​ជាប់​រវល់​ក្នុង​សកម្មភាព​ជា​ច្រើន​ដែល​សប្បាយ​រីក​រាយ។ ជា​ឧទាហរណ៍ យើង​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន ហើយ​សង់​ផ្ទះ​សម្រាប់​ខ្លួន​យើង​និង​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ យើង​ក៏​នឹង​ទទួល​ស្វាគមន៍​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​មនុស្សជាតិ។ (​អេ. ៦៥:២១, ២២; សកម្ម. ២៤:១៥​) នៅ​ពេល​នោះ យើង​នឹង​ជាប់​រវល់​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ ហើយ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ! w​១៧.០៤ ទំ. ១៣ វ. ១១​-​១២

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា

អ្វី​ៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល​បង្គំ . . . នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ​យេហូវ៉ា។—ចៅ. ១១:៣១

ពេល​យែបថា​ស្បថ​ពាក្យ​ទាំង​នេះ គាត់​ទំនង​ជា​បាន​ដឹង​ថា​កូន​ស្រី​របស់​គាត់​អាច​ជា​បុគ្គល​ទី១​ដែល​នឹង​មក​ទទួល​គាត់។ ប៉ុន្តែ ទោះ​ជា​យែបថា​បាន​ដឹង​ឬ​មិន​ដឹង​ក្ដី ការ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មិន​ស្រួល​សម្រាប់​គាត់ ហើយ​ក៏​មិន​ស្រួល​សម្រាប់​កូន​ស្រី​របស់​គាត់​ដែរ។ ពេល​យែបថា​បាន​ឃើញ​នាង គាត់​បាន​និយាយ​ថា​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​កូន​ស្រី​របស់​គាត់​បាន​ចេញ​ទៅ​«​យំ​ស្ដាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​»។ ហេតុ​អ្វី? យែបថា​មិន​មាន​កូន​ប្រុស ហើយ​ឥឡូវ​កូន​ស្រី​តែ​ម្នាក់​គត់​របស់​គាត់​នឹង​មិន​បាន​រៀប​ការ​និង​មិន​បង្កើត​កូន​ដែរ។ យែបថា​នឹង​គ្មាន​អ្នក​ណា​ស្នង​ត្រកូល​របស់​គាត់​ទេ។ ប៉ុន្តែ យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​ទទួល​ស្គាល់​ថា​មាន​អ្វី​ដែល​សំខាន់​ជាង​អារម្មណ៍​របស់​ពួក​គាត់។ យែបថា​បាន​និយាយ​ថា​៖ ​«​អញ​បាន​មាន​វាចា​នឹង​ព្រះ​យេហូវ៉ា​ហើយ​នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ​»។ កូន​ស្រី​របស់​គាត់​បាន​និយាយ​ថា​៖ ​«​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា​ដែល​ចេញ​ពី​មាត់​នោះ​ចុះ​»។ (​ចៅ. ១១:៣៥​-​៣៩​) យែបថា​និង​កូន​ស្រី​របស់​គាត់​ជា​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ដែល​មិន​ទាំង​គិត​អំពី​ការ​បំពាន​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ ទោះ​ជា​ពួក​គាត់​ពិបាក​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ​យ៉ាង​ខ្លាំង​ក៏​ដោយ។—ចោ. ២៣:២១, ២៣; ទំនុក. ១៥:៤ w​១៧.០៤ ទំ. ៤​-​៥ វ. ៥​-​៦

ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា

ខ្ញុំ​នឹង​រង់​ចាំ។—មីកា ៧:៧

យ៉ូសែប​បាន​រង​អំពើ​អយុត្ដិធម៌​ដ៏​ព្រៃ​ផ្សៃ​មួយ​ចំនួន។ ដំបូង ពេល​ដែល​គាត់​មាន​អាយុ​ប្រហែល​ជា​១៧​ឆ្នាំ បង​ប្អូន​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក គាត់​បាន​ត្រូវ​ប្រពន្ធ​របស់​ម្ចាស់​គាត់​ចោទ​ប្រកាន់​មិន​ពិត​ពី​បទ​ប៉ុន​ប៉ង​រំលោភ ហើយ​នៅ​ទី​បំផុត គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ (​លោ. ៣៩:១១​-​២០; ទំនុក. ១០៥:១៧, ១៨​) ទោះ​ជា​យ៉ូសែប​គឺ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ក៏​ដោយ តាម​មើល​ទៅ​គាត់​បាន​ទទួល​ទោស​ច្រើន​ជាង​បាន​ទទួល​ពរ។ ប៉ុន្តែ ក្រោយ​ពី​១៣​ឆ្នាំ ស្ថានភាព​របស់​គាត់​បាន​ផ្លាស់​ប្ដូរ។ យ៉ូសែប​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​ខ្លាំង​បំផុត​ទី២​នៅ​ស្រុក​អេស៊ីប។ (​លោ. ៤១:១៤, ៣៧​-​៤៣; សកម្ម. ៧:៩, ១០​) តើ​អំពើ​អយុត្ដិធម៌​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​យ៉ូសែប​ខឹង​ឬ​ទេ? តើ​គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​គាត់​ឬ​ទេ? មិន​មែន​ទេ។ យ៉ូសែប​បាន​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។ តើ​អ្វី​បាន​ជួយ​គាត់? គឺ​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា។ គាត់​បាន​យល់​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់។ យើង​ឃើញ​ដូច្នេះ​តាម​រយៈ​អ្វី​ដែល​គាត់​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​របស់​គាត់​ថា​៖ ​«​អ្នក​រាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំ​រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ​»។ (​លោ. ៥០:១៩, ២០​) យ៉ូសែប​បាន​ដឹង​ថា​ពរ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​ឲ្យ​គាត់​ស្ដាយ​ក្រោយ​ចំពោះ​ការ​រង់​ចាំ​របស់​គាត់​ទេ។ w​១៧.០៨ ទំ. ៤ វ. ៦; ទំ. ៦​-​៧ វ. ១២​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក