ខែមេសា
ថ្ងៃច័ន្ទ ទី១ ខែមេសា
លោក . . . បានឲ្យអំណោយជាមនុស្ស។—អេភ. ៤:៨
តើយើងអាចទទួលប្រយោជន៍អ្វីពីកិច្ចការរបស់ពួកអ្នកចាស់ទុំ? យើងអាចព្យាយាមមានជំនឿដូចពួកគាត់ និងធ្វើតាមគំរូរបស់ពួកគាត់ ហើយយើងក៏អាចធ្វើតាមឱវាទពីគម្ពីរដែលពួកគាត់ផ្ដល់ឲ្យយើង។ (ហេ. ១៣:៧, ១៧) អ្នកចាស់ទុំស្រឡាញ់យើង ហើយចង់ឲ្យយើងចូលកាន់តែជិតព្រះ។ បើពួកគាត់ឃើញថាយើងចាប់ផ្ដើមខានទៅកិច្ចប្រជុំ ឬមិនសូវមានចិត្តខ្នះខ្នែងដូចពីមុន ពួកគាត់នឹងចាត់វិធានការភ្លាមៗដើម្បីជួយយើង។ ពួកគាត់នឹងស្ដាប់យើង ហើយនឹងផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តដែលប្រកបដោយសេចក្ដីស្រឡាញ់និងយោបល់ដែលប្រកបដោយប្រាជ្ញាពីគម្ពីរ។ តើអ្នកចាត់ទុកថាជំនួយដែលមកពីពួកគាត់បង្ហាញថាព្រះយេហូវ៉ាស្រឡាញ់អ្នកឬទេ? សូមចាំថា ប្រហែលជាមិនស្រួលទេ សម្រាប់អ្នកចាស់ទុំឲ្យឱវាទដល់យើង។ ម្ល៉ោះហើយ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យអ្នកចាស់ទុំងាយស្រួលផ្ដល់ឱវាទឲ្យអ្នកជាង? សូមមានចិត្តរាបទាប បង្ហាញអំណរគុណ ហើយធ្វើជាមនុស្សដែលស្រួលទាក់ទង។ សូមចាត់ទុកថាជំនួយរបស់ពួកគាត់បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ។ អ្នកនឹងទទួលប្រយោជន៍ ហើយអ្នកចាស់ទុំក៏នឹងមានអំណរក្នុងការបំពេញកិច្ចការរបស់ពួកគាត់ដែរ។ w១៨.០៣ ទំ. ៣១ វ. ១៥-១៦
ថ្ងៃអង្គារ ទី២ ខែមេសា
កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ។—សុភ. ២៧:១១
កូនម្នាក់ៗគឺខុសៗគ្នា។ ពួកគេក៏មានភាពចាស់ទុំនៅអាយុខុសៗគ្នាដែរ។ កូនខ្លះយល់សេចក្ដីពិត ចេះធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយចង់ទទួលការជ្រមុជទឹកពេលដែលពួកគេនៅវ័យក្មេង។ កូនខ្លះទៀត ប្រហែលជាមិនធ្វើដូច្នេះរហូតដល់ពួកគេមានអាយុច្រើនជាងនោះបន្ដិច។ ឪពុកម្ដាយដែលមានប្រាជ្ញាមិនបង្ខំកូនរបស់ពួកគេឲ្យទទួលការជ្រមុជទឹកទេ។ ផ្ទុយទៅវិញ ពួកគេជួយកូនម្នាក់ៗឲ្យរីកចម្រើនតាមសមត្ថភាពរបស់កូន។ ឪពុកម្ដាយសប្បាយចិត្តពេលកូនធ្វើតាមពាក្យដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ ប៉ុន្តែ ពួកគេត្រូវចាំថាគោលដៅរបស់ពួកគេគឺជួយកូនឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ដោយយល់ដូច្នេះ ពួកគេគួរសួរខ្លួនថា ‹តើកូនរបស់ខ្ញុំមានចំណេះគ្រប់គ្រាន់ដើម្បីប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹកឬទេ?›។ w១៨.០៣ ទំ. ១០ វ. ៦
ថ្ងៃពុធ ទី៣ ខែមេសា
[គាត់]ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែព្រួលឡើយ។—ទំនុក. ១៥:៤
បើយើងយល់ព្រមចំពោះការអញ្ជើញណាមួយ យើងមិនគួរលុបចោលវិញទេ លុះត្រាតែពិតជាចាំបាច់។ អ្នកដែលបានអញ្ជើញយើងប្រហែលជាបានរៀបចំរួចរាល់ដើម្បីទទួលយើង ហើយបើយើងលុបចោល ការខំព្យាយាមទាំងអស់នោះនឹងទៅជាគ្មានប្រយោជន៍។ (ម៉ាថ. ៥:៣៧) បុគ្គលខ្លះលុបចោលការអញ្ជើញមួយ ដើម្បីពួកគេអាចទទួលយកការអញ្ជើញមួយទៀតដែលពួកគេគិតថាប្រសើរជាង។ តើនេះបង្ហាញការគោរពនិងសេចក្ដីស្រឡាញ់ឬទេ? យើងគួរមានចិត្តកតញ្ញូចំពោះអ្វីណាក៏ដោយដែលបុគ្គលដែលបានអញ្ជើញយើងបានរៀបចំសម្រាប់យើង។ (លូក. ១០:៧) បើយើងត្រូវលុបចោលការណាត់ណាមួយ ការប្រាប់អ្នកដែលបានអញ្ជើញយើងឲ្យឆាប់បំផុតតាមដែលអាចធ្វើបាន នឹងបង្ហាញសេចក្ដីស្រឡាញ់ ហើយក៏បង្ហាញថាយើងចេះគិតអំពីអ្នកឯទៀតដែរ។ គឺសំខាន់ដែលយើងគោរពទំនៀមទម្លាប់នៅក្នុងតំបន់ដែលយើងស្នាក់នៅ។ នៅវប្បធម៌ខ្លះ គេទទួលស្វាគមន៍ភ្ញៀវដែលឥតព្រៀងទុក។ នៅវប្បធម៌ផ្សេងទៀត ត្រូវណាត់ទុកជាមុន មុនដែលយើងអាចទៅលេងអ្នកណាម្នាក់។ នៅវប្បធម៌ខ្លះ តាមធម្មតាពេលមានការអញ្ជើញលើកទី១ឬទី២ ភ្ញៀវបដិសេធយ៉ាងគួរសម តែវប្បធម៌ឯទៀត គឺមិនគួរសមសោះបើភ្ញៀវបដិសេធការអញ្ជើញលើកទី១។ យើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថាអ្នកអញ្ជើញនឹងសប្បាយចិត្តដែលគាត់បានអញ្ជើញយើង។ w១៨.០៣ ទំ. ២០ វ. ២០-២១
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា
[ចូរ]ខំប្រឹងឈានទៅរកភាពចាស់ទុំ។—ហេ. ៦:១
ដើម្បីធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងមិនគ្រាន់តែត្រូវការចំណេះពីគម្ពីរប៉ុណ្ណោះទេ។ (១ព. ៤:២៩, ៣០; ១១:៤-៦) ដូច្នេះ ក្រៅពីចំណេះពីគម្ពីរ តើយើងត្រូវការអ្វីទៀត? យើងត្រូវបន្តពង្រឹងជំនឿរបស់យើង។ (កូឡ. ២:៦, ៧) វិធីដ៏សំខាន់មួយគឺដោយសិក្សាសៀវភៅចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។ នេះនឹងជួយយើងដឹងអំពីរបៀបធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិត។ បើយើងបានសិក្សាសៀវភៅនេះរួចហើយ មានសៀវភៅផ្សេងៗទៀតដែលយើងអាចសិក្សាដើម្បីជួយយើងឲ្យពង្រឹងជំនឿរបស់យើង។ (កូឡ. ១:២៣) យើងក៏ត្រូវរំពឹងគិតអំពីអ្វីដែលយើងរៀន ហើយសុំព្រះយេហូវ៉ាជួយយើងឲ្យដឹងអំពីរបៀបអនុវត្តអ្វីទាំងនោះ។ ពេលយើងសិក្សានិងរំពឹងគិត យើងគួរមានគោលដៅឲ្យអ្វីដែលយើងរៀនជំរុញចិត្តយើងយ៉ាងខ្លាំងឲ្យចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ា និងធ្វើអ្វីដែលលោកពេញចិត្ត។ (ទំនុក. ៤០:៨; ១១៩:៩៧) នៅពេលដំណាលគ្នា យើងក៏ត្រូវបដិសេធឬមិនទទួលយកអ្វីណាក៏ដោយដែលអាចរារាំងយើងមិនឲ្យយើងចូលកាន់តែជិតព្រះ។—ទីត. ២:១១, ១២ w១៨.០២ ទំ. ២៤ វ. ៧-៩
ថ្ងៃសុក្រ ទី៥ ខែមេសា
[ណូអេ]ទទួលបានសេចក្ដីសុចរិតដែលមកពីជំនឿ។—ហេ. ១១:៧
ដើម្បីមានជំនឿដូចណូអេ យើងត្រូវសិក្សាបណ្ដាំរបស់ព្រះដោយយកចិត្តទុកដាក់ ចូលចិត្តអ្វីដែលយើងរៀនយ៉ាងខ្លាំង និងប្រើអ្វីទាំងនេះដើម្បីធ្វើការកែប្រែនិងធ្វើការសម្រេចចិត្តល្អក្នុងជីវិតរបស់យើង។ (១ពេ. ១:១៣-១៥) យ៉ាងនេះ ជំនឿនិងប្រាជ្ញាដែលមកពីព្រះនឹងការពារយើងពីកលល្បិចរបស់សាថាននិងពីឥទ្ធិពលរបស់ពិភពលោកនេះ។ (២កូ. ២:១១) មនុស្សជាច្រើនក្នុងពិភពលោកនេះចូលចិត្តអំពើប្រាសចាកសីលធម៌និងអំពើឃោរឃៅ ហើយពួកគេធ្វើតាមសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន។ (១យ៉ូន. ២:១៥, ១៦) ទោះជាទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះជិតមកដល់ក្ដី ពួកគេមិនអើពើអំពីរឿងនេះទេ។ បើយើងមិនមានជំនឿរឹងមាំ យើងអាចចាប់ផ្ដើមមានរបៀបគិតគូរដូចពួកគេដែរ។ សូមកុំភ្លេចថា ពេលលោកយេស៊ូប្រៀបប្រដូចសម័យរបស់យើងទៅនឹងសម័យរបស់ណូអេ លោកមិនបានមានប្រសាសន៍អំពីអំពើប្រាសចាកសីលធម៌ឬអំពើឃោរឃៅទេ តែលោកបានលើកបញ្ជាក់អំពីបញ្ហាដែលអាចកើតឡើងបើបំបែរអារម្មណ៍ពីការបម្រើព្រះ។ (ម៉ាថ. ២៤:៣៦-៣៩) សូមសួរខ្លួនអ្នកថា ‹តើរបៀបរស់នៅរបស់ខ្ញុំបង្ហាញថាខ្ញុំពិតជាស្គាល់ព្រះយេហូវ៉ាឬទេ? តើជំនឿរបស់ខ្ញុំជំរុញចិត្តខ្ញុំឲ្យធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា និងបង្រៀនអ្នកឯទៀតអំពីអ្វីដែលព្រះចង់ឲ្យពួកគេធ្វើឬទេ?›។ ចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះ នឹងជួយអ្នកឲ្យដឹងថាអ្នកកំពុងដើរជាមួយនឹងព្រះពិតដូចណូអេបានធ្វើឬយ៉ាងណា។—លោ. ៦:៩ w១៨.០២ ទំ. ១១-១២ វ. ៨-១០
ថ្ងៃសៅរ៍ ទី៦ ខែមេសា
ចូរជៀសចេញពីមនុស្សទាំងនោះ។—២ធី. ៣:៥
យើងមិនអាចជៀសផុតពីមនុស្សទាំងអស់ដែលមានគុណវិបត្ដិបែបនោះបានទេ។ យើងប្រហែលជាត្រូវធ្វើការជាមួយនឹងពួកគេ រៀនជាមួយនឹងពួកគេ ឬរស់នៅជាមួយនឹងពួកគេ។ ប៉ុន្តែ យើងមិនត្រូវគិតឬប្រព្រឹត្តដូចពួកគេទេ។ តើអ្វីអាចជួយយើង? យើងអាចពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដោយសិក្សាគម្ពីរនិងដោយជ្រើសរើសមិត្តភក្ដិជិតស្និទ្ធដែលស្រឡាញ់លោក។ យើងក៏ចង់ជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ាដែរ។ សូមស្វែងរកឱកាសដើម្បីផ្សព្វផ្សាយ ហើយសុំព្រះយេហូវ៉ាជួយអ្នកឲ្យនិយាយអ្វីដែលល្អនៅពេលត្រឹមត្រូវ។ យើងគួរប្រាប់អ្នកឯទៀតថាយើងជាសាក្សីព្រះយេហូវ៉ា។ យ៉ាងនេះ ការប្រព្រឹត្តដ៏ល្អរបស់យើងនឹងនាំឲ្យព្រះទទួលកិត្ដិយស មិនមែនខ្លួនយើងទេ។ ព្រះយេហូវ៉ាបានបង្រៀនយើងឲ្យ«បដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះ ក្នុងរបៀបរបបពិភពលោកនេះ»។ (ទីត. ២:១១-១៤) បើយើងយកតម្រាប់ព្រះយេហូវ៉ានិងធ្វើអ្វីដែលលោកចង់ឲ្យយើងធ្វើ អ្នកឯទៀតនឹងកត់សម្គាល់ ហើយអ្នកខ្លះប្រហែលជានឹងថែមទាំងនិយាយថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាក. ៨:២៣ w១៨.០១ ទំ. ៣២ វ. ១៧-១៨
ថ្ងៃអាទិត្យ ទី៧ ខែមេសា
មនុស្សនឹងស្រឡាញ់តែខ្លួនឯង។—២ធី. ៣:២
តើនេះមានន័យថាការស្រឡាញ់ខ្លួនឯងគឺជាការខុសឬ? មិនមែនទេ ការស្រឡាញ់ខ្លួនឯងគឺជាការធម្មតានិងជាអ្វីដែលចាំបាច់។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានលក្ខណៈបែបនេះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ម៉ាក. ១២:៣១) តាមពិត យើងមិនអាចស្រឡាញ់អ្នកឯទៀតបានទេ បើយើងមិនស្រឡាញ់ខ្លួនយើង។ គម្ពីរក៏ប្រាប់យើងថា៖ «ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង។ ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម»។ (អេភ. ៥:២៨, ២៩) ដូច្នេះ យើងអាចឃើញច្បាស់ថាយើងគួរស្រឡាញ់ខ្លួនឯងមួយកម្រិត។ សេចក្ដីស្រឡាញ់ចំពោះខ្លួនដែលបានត្រូវរៀបរាប់នៅធីម៉ូថេទី២ ៣:២ គឺជាសេចក្ដីស្រឡាញ់ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ បើបុគ្គលណាម្នាក់ស្រឡាញ់ខ្លួនឯងហួសហេតុពេក គាត់គិតអំពីខ្លួនលើសពីអ្វីដែលគាត់ត្រូវគិត។ (រ៉ូម ១២:៣) គាត់គិតអំពីខ្លួនឯងច្រើនជាងគាត់គិតអំពីអ្នកឯទៀត។ ពេលមានបញ្ហា គាត់ទម្លាក់កំហុសទៅលើអ្នកឯទៀតជាជាងខ្លួនឯង។ មនុស្សបែបនេះមិនមានសុភមង្គលពិតទេ។ w១៨.០១ ទំ. ២២ វ. ៤-៥
ថ្ងៃច័ន្ទ ទី៨ ខែមេសា
ចូរបង្ហាញអំណរគុណ។—កូឡ. ៣:១៥
ពេលយើងសិក្សាគម្ពីរយើងកំពុងស្ដាប់ព្រះយេហូវ៉ា ហើយពេលយើងអធិដ្ឋានយើងកំពុងនិយាយទៅកាន់លោក។ យើងមិនគួរគិតថាការអធិដ្ឋានគ្រាន់តែជាទម្លាប់ឬជាអ្វីដែលស័ក្ដិសិទ្ធិឡើយ។ សេចក្ដីអធិដ្ឋានគឺជាការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកបង្កើតរបស់យើង។ ព្រះយេហូវ៉ាចង់ស្ដាប់អ្វីដែលអ្នកនិយាយ នេះពិតជាអស្ចារ្យណាស់! (ភី. ៤:៦) ដូច្នេះពេលអ្នកខ្វល់ខ្វាយអំពីអ្វីណាក៏ដោយ គម្ពីរចែងថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»។ (ទំនុក. ៥៥:២២) បងប្អូនរាប់លាននាក់បានឃើញថាយោបល់នេះបានជួយពួកគេ ហើយយោបល់នេះក៏អាចជួយអ្នកដែរ! ប៉ុន្តែ យើងមិនគ្រាន់តែគួរអធិដ្ឋាននៅពេលដែលយើងចង់ឲ្យព្រះយេហូវ៉ាជួយយើងប៉ុណ្ណោះទេ។ ជួនកាលយើងបារម្ភច្រើនពេកអំពីបញ្ហារបស់យើងរហូតដល់យើងមិនចាប់អារម្មណ៍ចំពោះអ្វីល្អៗដែលយើងមាន។ ដូច្នេះជារៀងរាល់ថ្ងៃ សូមព្យាយាមគិតយ៉ាងហោចណាស់អំពីអ្វីបីយ៉ាងដែលអ្នកចង់អរគុណដល់ព្រះយេហូវ៉ា ហើយបន្ទាប់មកអរគុណលោកចំពោះអ្វីទាំងនោះ។ w១៧.១២ ទំ. ២៤ វ. ១០-១១
ថ្ងៃអង្គារ ទី៩ ខែមេសា
តាំងពីអ្នកជាទារកនៅឡើយ អ្នកបានស្គាល់ឯកសារបរិសុទ្ធនានាដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ។—២ធី. ៣:១៥
ជារៀងរាល់ឆ្នាំសិស្សគម្ពីររាប់ពាន់នាក់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹក។ ពួកគេជាច្រើននាក់ជាមនុស្សវ័យក្មេងដែលបានត្រូវចិញ្ចឹមអប់រំក្នុងសេចក្ដីពិត ហើយដែលបានជ្រើសរើសរបៀបរស់នៅដែលល្អបំផុត។ (ទំនុក. ១:១-៣) បើអ្នកជាឪពុកម្ដាយដែលជាគ្រិស្តសាសនិក អ្នកទំនងជាទន្ទឹងរង់ចាំថ្ងៃដែលកូនរបស់អ្នកនឹងទទួលការជ្រមុជទឹក។ (សូមពិនិត្យបន្ថែម យ៉ូហានទី៣ ៤) ក្នុងនាមជាឪពុកម្ដាយដែលជាគ្រិស្តសាសនិក អ្នកចង់ឲ្យកូនរបស់អ្នកស្គាល់ឯកសារបរិសុទ្ធនានា ដែលសព្វថ្ងៃនេះរួមបញ្ចូលបទគម្ពីរភាសាហេប្រឺនិងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ សូម្បីតែកូនតូចៗក៏អាចរៀនអំពីព្រឹត្ដិការណ៍និងបុគ្គលក្នុងគម្ពីរដែរ។ អង្គការរបស់ព្រះយេហូវ៉ាបានផ្ដល់សៀវភៅ សៀវភៅស្តើង និងវីដេអូជាច្រើនដែលឪពុកម្ដាយអាចប្រើដើម្បីជួយកូនៗរបស់ពួកគេ។ កូនរបស់អ្នកត្រូវស្គាល់អំពីអ្វីដែលមាននៅក្នុងគម្ពីរដើម្បីមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា។ w១៧.១២ ទំ. ១៥ វ. ១; ទំ. ១៦ វ. ៤
ថ្ងៃពុធ ទី១០ ខែមេសា
ប្ដីជាប្រមុខរបស់ប្រពន្ធ។—អេភ. ៥:២៣
បើអ្នកជាបងស្រីម្នាក់ដែលមានប្ដីដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើអ្វីបើអ្នកមានអារម្មណ៍ថាគាត់មិនបានប្រព្រឹត្តមកលើអ្នកតាមរបៀបត្រឹមត្រូវ? អ្នកប្រហែលជាខឹង ហើយឈ្លោះប្រកែកជាមួយនឹងគាត់ ប៉ុន្តែតើនេះនឹងធ្វើឲ្យស្ថានភាពនោះល្អជាងឬទេ? ទោះជានៅពេលនោះអ្នកឈ្នះគាត់ក៏ដោយ តើអ្នកនឹងធ្វើឲ្យគាត់ចង់បម្រើព្រះយេហូវ៉ាឬទេ? ទំនងជាមិនមែនទេ។ ប៉ុន្តែ បើអ្នកបង្ហាញការគោរពចំពោះតួនាទីរបស់គាត់ជាប្រមុខគ្រួសារ អ្នកអាចជួយក្រុមគ្រួសាររបស់អ្នកឲ្យកាន់តែមានសេចក្ដីសុខសាន្ត ហើយអ្នកនឹងលើកកិត្ដិយសព្រះយេហូវ៉ា។ គំរូល្អរបស់អ្នកប្រហែលជាថែមទាំងធ្វើឲ្យប្ដីរបស់អ្នកចង់បម្រើព្រះយេហូវ៉ា ហើយនេះអាចនាំឲ្យអ្នកទាំងពីរទទួលរង្វាន់។ (១ពេ. ៣:១, ២) ចុះយ៉ាងណាបើអ្នកជាបងប្រុសដែលមានប្រពន្ធដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា តើអ្នកអាចធ្វើអ្វីបើអ្នកមានអារម្មណ៍ថាគាត់មិនគោរពអ្នក? បើអ្នកព្យាយាមបង្ខំគាត់ឲ្យចុះចូលនឹងអ្នកដោយស្រែកដាក់គាត់ តើគាត់នឹងគោរពអ្នកឬទេ? មិនមែនទេ! ព្រះតម្រូវឲ្យអ្នកធ្វើជាប្ដីដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយដែលយកតម្រាប់លោកយេស៊ូ។ លោកយេស៊ូដែលជាប្រមុខក្រុមជំនុំតែងតែបង្ហាញសេចក្ដីស្រឡាញ់និងចិត្តអត់ធ្មត់។ (លូក. ៩:៤៦-៤៨) បើអ្នកយកតម្រាប់លោកយេស៊ូ យូរៗទៅប្រពន្ធរបស់អ្នកប្រហែលជានឹងចង់បម្រើព្រះយេហូវ៉ាដែរ។ w១៧.១១ ទំ. ៣០-៣១ វ. ១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា
អ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ។—ហេ. ៣:៤
មនុស្សដែលមានរបៀបគិតគូរដូចពិភពលោក មិនអើពើនឹងគោលការណ៍របស់ព្រះយេហូវ៉ាទេ ហើយបើយើងមិនប្រុងប្រយ័ត្ន របៀបគិតគូររបស់ពួកគេអាចធ្វើឲ្យទំនុកចិត្តដែលយើងមានចំពោះព្រះនិងប្រាជ្ញារបស់លោក ចុះខ្សោយបន្ដិចម្ដងៗ។ ទស្សនៈរបស់ពិភពលោកនេះអាចមានឥទ្ធិពលលើយើង ពេលយើងមើលទូរទស្សន៍ ប្រើអ៊ីនធឺណិត ឬពេលយើងនៅកន្លែងធ្វើការ និងនៅសាលា។ សព្វថ្ងៃនេះ ទស្សនៈថា គ្មានព្រះគឺមានជាទូទៅនៅប្រទេសជាច្រើន។ បុគ្គលដែលនិយាយដូច្នេះ ប្រហែលជាមិនបានគិតដិតដល់ថាមានព្រះឬយ៉ាងណាទេ តែពួកគេប្រហែលជាសប្បាយនឹងសេរីភាពធ្វើអ្វីដែលពួកគេចង់ធ្វើ។ (ទំនុក. ១០:៤) អ្នកខ្លះទៀតគិតថា ការនិយាយថា «ខ្ញុំអាចមានសីលធម៌ក្នុងខ្លួនទោះជាខ្ញុំមិនជឿថាមានព្រះក្ដី»គឺធ្វើឲ្យពួកគេមើលទៅដូចជាមនុស្សឈ្លាសវៃ។ តើការជឿថាគ្មានអ្នកបង្កើតគឺសមហេតុផលឬទេ? មនុស្សខ្លះបានភាន់ច្រឡំពេលដែលពួកគេស្វែងរកចម្លើយពីវិទ្យាសាស្ត្រ។ ប៉ុន្តែ សេចក្ដីពិតគឺស្រួលយល់។ តើផ្ទះអាចសង់ឡើងដោយគ្មានអ្នកសាងសង់ឬទេ? មិនមែនទេ! ត្រូវមានអ្នកសង់វាឡើង។ w១៧.១១ ទំ. ២១-២២ វ. ២-៤
ថ្ងៃសុក្រ ទី១២ ខែមេសា
មានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់។—ម៉ាឡ. ៣:១៦
ហេតុអ្វីគឺសំខាន់ឲ្យយើងចូលរួមពិធីរំលឹក? មូលហេតុមួយគឺការចូលរួមកិច្ចប្រជុំជារបៀបមួយដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងអាចប្រាកដថាព្រះយេហូវ៉ានិងលោកយេស៊ូកត់សម្គាល់បុគ្គលម្នាក់ៗដែលខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់បំផុតនេះ។ យើងចង់ឲ្យព្រះយេហូវ៉ានិងលោកយេស៊ូឃើញថាយើងនឹងចូលរួមកម្មវិធីនោះ លើកលែងតែយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមួយដែលធ្វើឲ្យយើងទៅពុំកើត។ ពេលការប្រព្រឹត្តរបស់យើងបង្ហាញថាកិច្ចប្រជុំគឺសំខាន់ចំពោះយើង យើងផ្ដល់មូលហេតុមួយទៀតឲ្យព្រះយេហូវ៉ារក្សាឈ្មោះរបស់យើងក្នុង«សៀវភៅរំឭក»។ សៀវភៅនេះក៏បានត្រូវហៅថា«សៀវភៅជីវិត»។ សៀវភៅនេះមានឈ្មោះរបស់អស់អ្នកដែលព្រះយេហូវ៉ាចង់ឲ្យជីវិតដែលគ្មានទីបញ្ចប់។ (បប. ២០:១៥) ក្នុងប៉ុន្មានសប្ដាហ៍មុនពិធីរំលឹក យើងអាចចំណាយពេលថែមទៀតដើម្បីអធិដ្ឋាននិងគិតយ៉ាងដិតដល់អំពីចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាគឺរឹងមាំខ្លាំងយ៉ាងណា។—២កូ. ១៣:៥ w១៨.០១ ទំ. ១០ វ. ៤-៥
ថ្ងៃសៅរ៍ ទី១៣ ខែមេសា
អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ។—យ៉ូស. ២០:៤
ពេលបុគ្គលដែលបានសម្លាប់គេដោយអចេតនាបានចូលក្នុងក្រុងពំនាក់ គាត់មានសុវត្ថិភាព។ ស្តីអំពីក្រុងទាំងនោះព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា»។ (យ៉ូស. ២០:២, ៣) ព្រះយេហូវ៉ាមិនបានតម្រូវឲ្យបុគ្គលដែលបានសម្លាប់គេដោយអចេតនា ទទួលការវិនិច្ឆ័យចំពោះរឿងនោះម្ដងទៀតឡើយ។ ម្យ៉ាងទៀត បុគ្គលដែលត្រូវសងសឹកនឹងឈាមមិនអាចចូលក្នុងក្រុងនោះដើម្បីសម្លាប់គាត់បានទេ។ ពេលដែលបុគ្គលដែលបានសម្លាប់គេដោយអចេតនានៅក្នុងក្រុងនោះ គាត់មានសុវត្ថិភាពនៅក្រោមការការពាររបស់ព្រះយេហូវ៉ា។ គាត់មិនមែនជាប់គុកទេ។ គាត់អាចធ្វើការ ជួយអ្នកឯទៀត និងបម្រើព្រះយេហូវ៉ាដោយសេចក្ដីសុខសាន្ត។ គាត់អាចមានជីវិតដ៏សប្បាយនិងគាប់ចិត្ត! រាស្ត្រមួយចំនួនរបស់ព្រះ ដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនៅតែបន្ទោសខ្លួន សូម្បីតែក្រោយពីពួកគេបានប្រែចិត្តហើយក៏ដោយ។ អ្នកខ្លះ ថែមទាំងមានអារម្មណ៍ថាព្រះយេហូវ៉ានឹងមិនភ្លេចអ្វីដែលពួកគេបានធ្វើឡើយ។ បើអ្នកមានអារម្មណ៍ដូច្នេះ សូមមានទំនុកចិត្តថាពេលព្រះយេហូវ៉ាអភ័យទោសឲ្យអ្នក លោកអភ័យទោសឲ្យទាំងស្រុង។ អ្នកមិនត្រូវបន្ទោសខ្លួនទៀតទេ។ w១៧.១១ ទំ. ១១ វ. ៦; ទំ. ១២-១៤ វ. ១៣-១៤
ថ្ងៃអាទិត្យ ទី១៤ ខែមេសា
[ការដែល]នៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!—ទំនុក. ១៣៣:១
របៀបមួយដើម្បីធ្វើឲ្យមានសាមគ្គីភាពគឺដោយគិតយ៉ាងជ្រាលជ្រៅអំពីអត្ថន័យនៃនំប៉័ងនិងស្រាទំពាំងបាយជូរ។ យើងគួរធ្វើដូច្នេះមុនពិធីរំលឹក ហើយជាពិសេសនៅយប់នៃពិធីនោះតែម្ដង។ (១កូ. ១១:២៣-២៥) នំប៉័ងឥតដំបែជាតំណាងរូបកាយដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូដែលលោកបានជូនជាគ្រឿងបូជា។ ស្រាទំពាំងបាយជូរក្រហមជាតំណាងឈាមរបស់លោក។ យើងត្រូវចាំថាគ្រឿងបូជាលោះរបស់លោកយេស៊ូរួមបញ្ចូលទង្វើពីរដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុត ពោលគឺព្រះយេហូវ៉ាបានឲ្យបុត្ររបស់លោកសម្រាប់យើង ហើយលោកយេស៊ូបានសុខចិត្តឲ្យជីវិតរបស់លោកដើម្បីយើង។ ពេលយើងគិតអំពីសេចក្ដីស្រឡាញ់របស់លោកទាំងពីរ នេះនឹងជំរុញចិត្តយើងឲ្យស្រឡាញ់លោកទាំងពីរវិញ។ ម្យ៉ាងទៀត សេចក្ដីស្រឡាញ់ដែលយើងទាំងអស់គ្នាមានចំពោះព្រះយេហូវ៉ា នឹងធ្វើឲ្យយើងកាន់តែមានសាមគ្គីភាព។ w១៨.០១ ទំ. ១៣ វ. ១១
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍ក្រោយពីថ្ងៃលិចនាថ្ងៃទី៩ ខែណែសាន) ម៉ាថាយ ២៦:៦-១៣
ថ្ងៃច័ន្ទ ទី១៥ ខែមេសា
សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។—១យ៉ូន. ៤:៩
ព្រះយេហូវ៉ាស្រឡាញ់មនុស្សខ្លាំងណាស់។ តាមពិត យើងមានតម្លៃខ្លាំងដល់ម្ល៉េះចំពោះលោកបានជាលោកបានឲ្យបុត្ររបស់លោកដើម្បីយើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ៣:១៦) បើព្រះយេហូវ៉ាមិនធ្វើតាមសេចក្ដីសន្យារបស់លោកសម្រាប់អនាគតរបស់យើង នោះមានន័យថាសាថាននិងអ្នកប្រឆាំងឯទៀតបាននិយាយត្រឹមត្រូវ។ សាថានអះអាងថាព្រះយេហូវ៉ាគឺជាអ្នកភូតភរដែលលាក់ទុកនូវអ្វីដ៏ល្អពីមនុស្ស ហើយដែលគ្រប់គ្រងដោយអយុត្ដិធម៌។ អ្នកប្រឆាំងមើលងាយសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយនិយាយថា៖ «លោកសន្យាថានឹងមក តែតើលោកនៅឯណា? ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក»។ (២ពេ. ៣:៣, ៤) ប៉ុន្តែ ព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោក។ លោកបានធ្វើឲ្យប្រាកដថាភាពត្រឹមត្រូវនៃសិទ្ធិគ្រប់គ្រងរបស់លោកនឹងរួមបញ្ចូលសេចក្ដីសង្គ្រោះសម្រាប់មនុស្សដែលស្ដាប់បង្គាប់។ (អេ. ៥៥:១០, ១១) ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ដូច្នេះ យើងអាចប្រាកដថាលោកនឹងស្រឡាញ់និងឲ្យតម្លៃជានិច្ចចំពោះអ្នកបម្រើរបស់លោកដែលមានភក្ដីភាព។—និក្ខ. ៣៤:៦ w១៧.០៦ ទំ. ១៦-១៧ វ. ៧
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី៩ ខែណែសាន) ម៉ាថាយ ២១:១-១១, ១៤-១៧
ថ្ងៃអង្គារ ទី១៦ ខែមេសា
[ព្រះ]បានស្រឡាញ់យើង ដោយចាត់បុត្ររបស់លោក ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ។—១យ៉ូន. ៤:១០
តាំងពីពេលដែលព្រះយេហូវ៉ាបានសន្យាអំពីថ្លៃលោះ ដូចបានត្រូវកត់ទុកនៅលោកុប្បត្តិ ៣:១៥ គឺហាក់ដូចជាគ្រឿងបូជាលោះនោះបានត្រូវបង់រួចហើយ។ បួនពាន់ឆ្នាំក្រោយមក ព្រះយេហូវ៉ាបានឲ្យបុត្រតែមួយរបស់លោកជាថ្លៃលោះសម្រាប់មនុស្សជាតិ។ (យ៉ូន. ៣:១៦) យើងមានចិត្តកតញ្ញូជាខ្លាំងចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា! ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនបានឬទេ? យើងអាចបង្ហាញសេចក្ដីស្រឡាញ់បែបនេះបាន។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសមត្ថភាពយកតម្រាប់លោក។ អេបិលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ពេលដែលគាត់បានជូនគ្រឿងបូជាដ៏ល្អបំផុតដោយមិនគិតប្រយោជន៍ខ្លួន។ (លោ. ៤:៣, ៤) ណូអេបានបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ពេលគាត់បានបន្តផ្សព្វផ្សាយដំណឹងដែលមកពីព្រះអស់ជាច្រើនឆ្នាំ ទោះជាមនុស្សមិនបានស្ដាប់គាត់ក៏ដោយ។ (២ពេ. ២:៥) ម្យ៉ាងទៀត អាប្រាហាំបានបង្ហាញថាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះគឺខ្លាំងជាងអ្វីៗទាំងអស់ ដោយសុខចិត្តជូនអ៊ីសាកដែលជាកូនប្រុសជាទីស្រឡាញ់របស់គាត់ជាគ្រឿងបូជា។ (យ៉ា. ២:២១) ដូចបុរសស្មោះត្រង់ទាំងនេះយើងក៏ចង់បង្ហាញសេចក្ដីស្រឡាញ់ សូម្បីតែនៅពេលដែលមិនស្រួលសម្រាប់យើងក៏ដោយ។ w១៧.១០ ទំ. ៤ វ. ៣-៤
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១០ ខែណែសាន) ម៉ាថាយ ២១:១៨, ១៩; ២១:១២, ១៣; យ៉ូហាន ១២:២០-៥០
ថ្ងៃពុធ ទី១៧ ខែមេសា
សម្ដេចសង្ឃរបស់យើងមិនមែនជាអ្នកដែលមិនអាចយល់ភាពទន់ខ្សោយរបស់យើងនោះទេ តែគឺជាអ្នកដែលបានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែគ្មានភាពខុសឆ្គងឡើយ។—ហេ. ៤:១៥
ដោយមានលោកយេស៊ូជាសម្ដេចសង្ឃរបស់យើង យើងមានមូលហេតុកាន់តែច្រើនឲ្យជឿជាក់ថា«យើងអាចទទួលសេចក្ដីមេត្ដាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ»។ (ហេ. ៤:១៦) ដូច្នេះ យើងត្រូវមានជំនឿលើគ្រឿងបូជារបស់លោកយេស៊ូ។ សូមទទួលស្គាល់ថាថ្លៃលោះមានប្រយោជន៍ចំពោះអ្នក។ (កាឡ. ២:២០, ២១) សូមមានជំនឿថាព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់អ្នកដោយមានមូលដ្ឋានលើថ្លៃលោះ។ សូមជឿថាថ្លៃលោះផ្ដល់ឲ្យអ្នកនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ ថ្លៃលោះរបស់លោកយេស៊ូគឺជាអំណោយដែលព្រះយេហូវ៉ាឲ្យអ្នក! ម្យ៉ាងទៀត ក្រោយពីព្រះយេហូវ៉ាបានអភ័យទោសអំពើខុសឆ្គងរបស់យើង យើងមិនចាំបាច់ភ័យខ្លាចថាលោកនឹងលើករឿងនោះឡើងម្ដងទៀត ឬដាក់ទណ្ឌកម្មយើងឡើយ។ (ទំនុក. ១០៣:៨-១២) យើងអាចជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ w១៧.១១ ទំ. ១៣-១៤ វ. ១៤-១៧
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១១ ខែណែសាន) ម៉ាថាយ ២១:៣៣-៤១; ២២:១៥-២២; ២៣:១-១២; ២៤:១-៣
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា
ខ្ញុំ . . . ធ្វើសំណូមពរ . . . អំពីអស់អ្នកណាដែលជឿលើខ្ញុំ ដោយសារពាក្យរបស់ពួកគាត់ផងដែរ ដើម្បីឲ្យអ្នកទាំងនោះរួមគ្នាតែមួយ ដូចលោកដែលជាបិតា រួបរួមជាមួយនឹងខ្ញុំ។—យ៉ូន. ១៧:២០, ២១
នៅយប់នៃពិធីអាហារល្ងាចរបស់លោកម្ចាស់ជាលើកដំបូង លោកយេស៊ូបានអធិដ្ឋាន។ នោះជាសេចក្ដីអធិដ្ឋានដ៏ពិសេសមួយ។ លោកបានអធិដ្ឋានអំពីសាមគ្គីភាពដ៏ពិសេសដែលលោកនិងបិតារបស់លោកមាន។ លោកយេស៊ូក៏បានអធិដ្ឋានសុំឲ្យអ្នកកាន់តាមលោករួបរួមគ្នាដូចលោកទាំងពីរដែរ។ ព្រះយេហូវ៉ាពិតជាបានឆ្លើយតបនឹងសេចក្ដីអធិដ្ឋាននេះរបស់បុត្រជាទីស្រឡាញ់របស់លោក។ ជាងកិច្ចប្រជុំផ្សេងទៀត ពិធីរំលឹកបង្ហាញយ៉ាងច្បាស់ថាសាក្សីព្រះយេហូវ៉ាមានសាមគ្គីភាព។ នៅថ្ងៃនោះ មនុស្សរាប់លាននាក់ជឿថាព្រះយេហូវ៉ាបានចាត់បុត្ររបស់លោកឲ្យមកផែនដី។ នៅកន្លែងខ្លះ គឺខុសប្លែកពីធម្មតាដែលមនុស្សពីជាតិសាសន៍ផ្សេងៗជួបជុំគ្នាដើម្បីធ្វើកិច្ចប្រជុំខាងសាសនា ឬគេមានទស្សនៈថាការធ្វើដូច្នេះគឺមិនសមរម្យ។ ប៉ុន្តែព្រះយេហូវ៉ានិងលោកយេស៊ូមិនមានទស្សនៈបែបនេះទេ។ ចំពោះលោកទាំងពីរ សាមគ្គីភាពរបស់យើងនៅពិធីរំលឹកគឺវិសេសណាស់។ ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមិនភ្ញាក់ផ្អើលទេដែលយើងមានសាមគ្គីភាពបែបនេះ។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីសាមគ្គីភាពនេះ។—អេស. ៣៧:១៥-១៧; សាក. ៨:២៣ w១៨.០១ ទំ. ១១-១២ វ. ៧-៩
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១២ ខែណែសាន) ម៉ាថាយ ២៦:១-៥, ១៤-១៦; លូកា ២២:១-៦
ថ្ងៃពិធីរំលឹក
ក្រោយពីថ្ងៃលិច
ថ្ងៃសុក្រ ទី១៩ ខែមេសា
ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ។—ទំនុក. ១១៨:២២
«ពួកជាងសង់ផ្ទះ»ដែលមិនព្រមទទួលស្គាល់មេស្ស៊ីគឺជាអ្នកដឹកនាំសាសនាយូដា។ ពួកគេមិនគ្រាន់តែមិនអើពើនឹងលោកយេស៊ូឬមិនព្រមទទួលស្គាល់ថាលោកជាគ្រិស្តនោះទេ ជនជាតិយូដាជាច្រើនបានបង្ហាញថាពួកគេមិនព្រមទទួលស្គាល់លោកដោយទាមទារឲ្យពីឡាតប្រហារជីវិតលោក។ (លូក. ២៣:១៨-២៣) ពួកគេក៏ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់លោកយេស៊ូដែរ។ បើលោកយេស៊ូមិនបានត្រូវគេទទួលស្គាល់ ហើយបានត្រូវគេសម្លាប់ តើលោកអាចទៅជា«ថ្មជ្រុង ដែលនៅលើថ្មជ្រុងទាំងអស់»យ៉ាងដូចម្ដេច? នេះអាចកើតឡើងបានលុះត្រាតែលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ សាវ័កពេត្រុសបាននិយាយអំពី«លោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ដែលអ្នករាល់គ្នាបានព្យួរ តែព្រះបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ»។ (សកម្ម. ៣:១៥; ៤:៥-១១; ១ពេ. ២:៥-៧) បន្ទាប់ពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ មានតែលោកប៉ុណ្ណោះដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីសង្គ្រោះមនុស្សជាតិ។ នេះគឺជាមូលហេតុដែលគម្ពីរចែងថា៖ «គ្មាននាមណាផ្សេងទៀតដែលព្រះបានផ្ដល់ក្នុងចំណោមមនុស្សជាតិឲ្យយើងរាល់គ្នាទទួលសេចក្ដីសង្គ្រោះទេ»។—សកម្ម. ៤:១២; អេភ. ១:២០ w១៧.១២ ទំ. ១០-១១ វ. ៦-៩
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៣ ខែណែសាន) ម៉ាថាយ ២៦:១៧-១៩; លូកា ២២:៧-១៣ (ព្រឹត្ដិការណ៍ក្រោយពីថ្ងៃលិចនាថ្ងៃទី១៤ ខែណែសាន) ម៉ាថាយ ២៦:២០-៥៦
ថ្ងៃសៅរ៍ ទី២០ ខែមេសា
[ចូរបន្ត]ប្រកាសមរណភាពរបស់លោកម្ចាស់រហូតដល់លោកមកដល់។—១កូ. ១១:២៦
ស្តីអំពីគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ពួកគេនឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ។ នៅពេលនោះ នឹងមានសូរសំឡេងត្រែលាន់ឮយ៉ាងខ្លាំង ហើយលោកនឹងចាត់បណ្ដាទេវតារបស់លោកឲ្យទៅប្រមូលអ្នករើសតាំងរបស់លោក»។ (ម៉ាថ. ២៤:២៩-៣១) លោកយេស៊ូនឹង«ប្រមូលអ្នករើសតាំងរបស់លោក»ពេលលោកយកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលនៅលើផែនដីនៅឡើយឲ្យទៅស្ថានសួគ៌។ នេះនឹងកើតឡើងក្រោយពីគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើម តែមុនសង្គ្រាមហាម៉ាគេដូនមកដល់។ ក្នុងសង្គ្រាមនោះ លោកយេស៊ូជាមួយនឹងពួកអ្នកដែលបានត្រូវរើសតាំងទាំងអស់ ដែលមានចំនួន១៤៤.០០០នាក់ នឹងប្រយុទ្ធនឹងស្តេចនានានៃផែនដី ហើយទទួលជ័យជម្នះ។ (បប. ១៧:១២-១៤) ពិធីរំលឹកដែលយើងចូលរួមមុនដែលលោកយេស៊ូ«មក»ប្រមូលពួកអ្នកដែលបានត្រូវរើសតាំង នឹងជាពិធីរំលឹកចុងក្រោយ។ w១៨.០១ ទំ. ១៤ វ. ១៥
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៤ ខែណែសាន) ម៉ាថាយ ២៧:១, ២, ២៧-៣៧
ថ្ងៃអាទិត្យ ទី២១ ខែមេសា
គឺលោកយេស៊ូនេះហើយ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ។—សកម្ម. ២:៣២
លោកយេស៊ូ«រស់ជារៀងរហូត»នៅស្ថានសួគ៌។ (បប. ១:៥, ១៨; រ៉ូម ៦:៩; កូឡ. ១:១៨; ១ពេ. ៣:១៨) លោកបានសន្យាថាពួកសាវ័កដ៏ស្មោះត្រង់របស់លោកនឹងគ្រប់គ្រងជាមួយនឹងលោកនៅទីនោះ។ (លូក. ២២:២៨-៣០) ប៉ូលបានសរសេរថា៖ «គ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់»។ បន្ទាប់មក ប៉ូលបាននិយាយថានឹងមានបុគ្គលឯទៀតដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ដោយថា៖ «ម្នាក់ៗត្រូវធ្វើឲ្យមានជីវិតឡើងវិញ តាមលំដាប់របស់ខ្លួនគឺ គ្រិស្តជាផលដំបូង បន្ទាប់មក ក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោកនឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»។ (១កូ. ១៥:២០, ២៣) «វត្តមាន»របស់គ្រិស្តចាប់ផ្ដើមនៅឆ្នាំ១៩១៤។ យើងនៅតែរស់នៅក្នុងអំឡុង«វត្តមាន»របស់លោក ហើយទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺជិតមកដល់ហើយ។ w១៧.១២ ទំ. ១២-១៣ វ. ១១, ១៤-១៦
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៥ ខែណែសាន) ម៉ាថាយ ២៧:៦២-៦៦ (ព្រឹត្ដិការណ៍ក្រោយពីថ្ងៃលិចនាថ្ងៃទី១៦ ខែណែសាន) ម៉ាថាយ ២៨:២-៤
ថ្ងៃច័ន្ទ ទី២២ ខែមេសា
គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្ត[សំរាលទុក្ខ]ឯងរាល់គ្នា។—អេ. [អស.] ៥១:១២; «ខ.ស.»
បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏ធ្លាប់ពិសោធនូវការបាត់បង់បុគ្គលជាទីស្រឡាញ់ដែលជាអ្នកបម្រើរបស់លោក ដូចជាអាប្រាហាំ អ៊ីសាក យ៉ាកុប ម៉ូសេ និងស្តេចដាវីឌ។ (ជន. ១២:៦-៨; ម៉ាថ. ២២:៣១, ៣២; សកម្ម. ១៣:២២) គម្ពីរបង្ហាញថាព្រះយេហូវ៉ាពិតជាទន្ទឹងរង់ចាំពេលដែលលោកនឹងប្រោសបុរសស្មោះត្រង់ទាំងនោះឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) នៅពេលនោះ ពួកគេនឹងសប្បាយរីករាយនិងមានសុខភាពល្អឥតខ្ចោះ។ ព្រះយេហូវ៉ាក៏ធ្លាប់ពិសោធផងដែរនូវការស្លាប់របស់បុត្រច្បងរបស់លោក។ គម្ពីរចែងថាលោកយេស៊ូគឺជាបុគ្គលដែលព្រះ«គាប់ព្រះហឫទ័យ»។ (សុភ. ៨:២២, ៣០) យើងមិនអាចស្រមៃឃើញថាព្រះយេហូវ៉ាឈឺចាប់ខ្លាំងយ៉ាងណានោះទេ ពេលដែលលោកបានឃើញបុត្ររបស់លោករងការឈឺចាប់រហូតដល់ស្លាប់។ (យ៉ូន. ៥:២០; ១០:១៧) យើងអាចជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ានឹងជួយយើង។ ដូច្នេះ យើងអាចអធិដ្ឋានទៅលោកនៅពេលណាក៏បាន ហើយប្រាប់លោកអំពីការឈឺចាប់និងទុក្ខសោកដែលយើងមាន។ ការដឹងថាព្រះយេហូវ៉ាយល់អំពីអារម្មណ៍របស់យើង ហើយថាលោកផ្ដល់ការសម្រាលទុក្ខដែលយើងត្រូវការ ពិតជាសម្រាលទុក្ខយើងមែន!—២កូ. ១:៣, ៤ w១៧.០៧ ទំ. ១០ វ. ៣-៥
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្ដិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៦ ខែណែសាន) ម៉ាថាយ ២៨:១, ៥-១៥
ថ្ងៃអង្គារ ទី២៣ ខែមេសា
ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក។—ហេ. ៦:១០
សព្វថ្ងៃនេះ មានមនុស្សរាប់លាននាក់ដែលសប្បាយចិត្តជូន«ទ្រព្យសម្បត្ដិ»របស់ពួកគេដល់លោក។ នេះរួមបញ្ចូលពេលវេលា កម្លាំង និងធនធានរបស់ពួកគេ។ តាមរបៀបនេះ ពួកគេគាំទ្រការគោរពប្រណិប័តន៍ពិត។ (សុភ. ៣:៩) ព្រះយេហូវ៉ានឹងមិនភ្លេចកិច្ចការដែលយើងធ្វើនិងសេចក្ដីស្រឡាញ់ដែលយើងបង្ហាញចំពោះលោកទេ។ នៅគ្រាចុងក្រោយបង្អស់នេះ រាស្ត្ររបស់ព្រះយេហូវ៉ាបានសម្រេចកិច្ចការជាច្រើន។ កិច្ចការទាំងនេះអាចសម្រេចបាន ដោយសារព្រះយេហូវ៉ាបានឲ្យពរនិងដោយសារការដឹកនាំរបស់គ្រិស្ត។ យើងសប្បាយរីករាយដែលយើងជាសមាជិកអង្គការមួយដែលមានស្ថិរភាព នៅគង់វង្សជារៀងរហូត និងទទួលការការពារពីព្រះ។ ដូច្នេះ ចូរឲ្យតម្លៃចំពោះឯកសិទ្ធិរួបរួមជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា ហើយ«ស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង»។ (សាក. ៦:១៥) យ៉ាងនេះអ្នកអាចទទួលការការពារពីស្តេចនិងសម្ដេចសង្ឃរបស់យើង។ ចូរខំអស់ពីសមត្ថភាពដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិត។ ដោយធ្វើដូច្នេះ ព្រះយេហូវ៉ានឹងការពារអ្នកនៅក្នុងអំឡុងគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ ហើយជារៀងរហូត! w១៧.១០ ទំ. ២៦ វ. ១៨-១៩
ថ្ងៃពុធ ទី២៤ ខែមេសា
ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត។—លូក. ១៦:៩
នៅពេលអនាគតឆាប់ៗខាងមុខនេះ ប្រព័ន្ធពាណិជ្ជកម្ម នយោបាយ និងសាសនា ដែលជាផ្នែកនៃរបៀបរបបពិភពលោករបស់សាថាននឹងសាបសូន្យទៅ។ អេសេគាលនិងសេផានាដែលជាអ្នកប្រកាសទំនាយបានប្រកាសទុកជាមុនថាមាសនិងប្រាក់ដែលប្រព័ន្ធពាណិជ្ជកម្មតែងតែចាត់ទុកថាសំខាន់ នឹងទៅជាអ្វីដែលគ្មានតម្លៃសោះ។ (អេស. ៧:១៩; សេផ. ១:១៨) បើជីវិតរបស់យើងជិតមកដល់ទីបញ្ចប់ក្នុងពិភពលោកនេះ ហើយពេលនោះយើងឃើញថាយើងបានលះបង់ទ្រព្យដ៏ពិតប្រាកដដើម្បីទ្រព្យនៃពិភពលោកទុច្ចរិតនេះ តើយើងនឹងមានអារម្មណ៍យ៉ាងណា? យើងប្រហែលជាមានអារម្មណ៍ដូចបុរសម្នាក់ដែលបានខំធ្វើការអស់មួយជីវិតរបស់គាត់ដើម្បីរកលុយឲ្យបានច្រើន លុះក្រោយមកទើបគាត់ដឹងថាលុយនោះគឺសុទ្ធតែក្លែងក្លាយទាំងអស់។ (សុភ. ១៨:១១) ទ្រព្យនៃពិភពលោកនេះនឹងសាបសូន្យទៅ។ ដូច្នេះ សូមកុំបាត់បង់ឱកាសប្រើវត្ថុទ្រព្យរបស់អ្នកដើម្បីបង្កើតមិត្តភាពនៅស្ថានសួគ៌ឡើយ។ អ្វីដែលយើងធ្វើសម្រាប់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោកនឹងនាំឲ្យយើងមានសុភមង្គលពិតប្រាកដ។ w១៧.០៧ ទំ. ៧-៨ វ. ១៦
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា
ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់ ដូចគ្រិស្តបានស្រឡាញ់អ្នករាល់គ្នា ហើយបានប្រគល់ខ្លួនលោកដើម្បីអ្នករាល់គ្នា។—អេភ. ៥:១, ២
គ្រិស្តសាសនិកខ្លះដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបានព្យាយាមលាក់បាំងអំពើខុសឆ្គងនោះ។ ប្រហែលជាពួកគេខ្មាសគេឬមិនចង់ឲ្យអ្នកឯទៀតខកចិត្ត។ (សុភ. ២៨:១៣) ប៉ុន្តែ ការលាក់បាំងអំពើខុសឆ្គងមិនបង្ហាញសេចក្ដីស្រឡាញ់ទេ ដោយសារនេះនាំឲ្យអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងនោះនិងអ្នកឯទៀតមានការពិបាក។ តើមានការពិបាកអ្វីខ្លះ? ព្រះយេហូវ៉ាប្រហែលជានឹងលែងឲ្យសកម្មពលបរិសុទ្ធដល់ក្រុមជំនុំ ហើយក្រុមជំនុំនឹងមិនមានសេចក្ដីសុខសាន្តដែរ។ (អេភ. ៤:៣០) ដូច្នេះ បើគ្រិស្តសាសនិកណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សេចក្ដីស្រឡាញ់ដ៏ស្មោះនឹងជំរុញចិត្តគាត់ឲ្យប្រាប់ពួកអ្នកចាស់ទុំ ហើយទទួលជំនួយដែលគាត់ត្រូវការ។ (យ៉ា. ៥:១៤, ១៥) សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏ឧត្តុង្គឧត្តមជាងគេ។ (១កូ. ១៣:១៣) សេចក្ដីស្រឡាញ់ជួយមនុស្សឲ្យឃើញច្បាស់ថាអ្នកណាពិតជាអ្នកកាន់តាមលោកយេស៊ូ និងអ្នកណាពិតជាយកតម្រាប់ព្រះយេហូវ៉ាដែលជាប្រភពនៃសេចក្ដីស្រឡាញ់។ ប៉ូលបាននិយាយថាបើគាត់គ្មានសេចក្ដីស្រឡាញ់ គាត់មិនជាអ្វីសោះ។ (១កូ. ១៣:២) សូមយើងម្នាក់ៗបន្តបង្ហាញសេចក្ដីស្រឡាញ់ មិនគ្រាន់តែ«ដោយពាក្យសម្ដី»ប៉ុណ្ណោះទេ ប៉ុន្តែ«ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត»។—១យ៉ូន. ៣:១៨ w១៧.១០ ទំ. ៨ វ. ១៧-១៨
ថ្ងៃសុក្រ ទី២៦ ខែមេសា
យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។—សកម្ម. ៥:២៩
យ៉ូសែបបានបង្ហាញចិត្តក្លាហាន ពេលប្រពន្ធរបស់ប៉ូទីផារបានល្បួងគាត់ឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ គាត់ប្រាកដជាបានដឹងថា បើគាត់បដិសេធនាង នោះអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់គាត់។ ប៉ុន្តែ ជាជាងចុះចាញ់នឹងការល្បួងនោះ គាត់បានបង្ហាញចិត្តក្លាហាន ហើយបានបដិសេធនាងភ្លាមៗ។ (លោ. ៣៩:១០, ១២) រ៉ាហាបជាគំរូល្អមួយទៀតអំពីចិត្តក្លាហាន។ ពេលអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលបានមកផ្ទះរបស់គាត់នៅក្រុងយេរីខូ គាត់បានបង្ហាញចិត្តក្លាហានដោយលាក់អ្នកស៊ើបការណ៍ពីរនាក់នោះ ហើយបានជួយពួកគេឲ្យចាកចេញដោយសុវត្ថិភាព។ (យ៉ូស. ២:៤, ៥, ៩, ១២-១៦) ពេលពួកសាឌូស៊ីព្យាយាមបញ្ឈប់ពួកសាវ័កដ៏ស្មោះត្រង់របស់លោកយេស៊ូដែលបានឃើញភាពក្លាហានរបស់លោក ពួកគាត់មិនព្រមឈប់បង្រៀនអំពីលោកយេស៊ូទេ។ (សកម្ម. ៥:១៧, ១៨, ២៧-២៩) យ៉ូសែប រ៉ាហាប លោកយេស៊ូ និងពួកសាវ័កបានតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ បុគ្គលទាំងនោះបានបង្ហាញចិត្តក្លាហាន មិនមែនដោយសារពួកគាត់មានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនទេ ប៉ុន្តែដោយសារពួកគាត់បានពឹងផ្អែកលើព្រះយេហូវ៉ា។ នៅពេលដែលយើងត្រូវការចិត្តក្លាហាន យើងក៏ត្រូវពឹងផ្អែកលើព្រះយេហូវ៉ាមិនមែនលើខ្លួនយើងទេ។—២ធី. ១:៧ w១៧.០៩ ទំ. ២៨-២៩ វ. ៦-៩
ថ្ងៃសៅរ៍ ទី២៧ ខែមេសា
ចូរដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា។—កូឡ. ៣:៩
យើងមិនអាចដោះចេញនូវបុគ្គលិកលក្ខណៈចាស់ដោយពឹងផ្អែកលើកម្លាំងរបស់ខ្លួនឡើយ។ បុគ្គលម្នាក់ៗដែលបានដោះចេញនូវបុគ្គលិកលក្ខណៈចាស់ ច្រើនតែត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីកែប្រែរបៀបរស់នៅចាស់របស់ពួកគាត់។ អ្វីដែលបានជួយពួកគាត់គឺឫទ្ធានុភាពដែលមកពីសកម្មពលបរិសុទ្ធរបស់ព្រះនិងពីបណ្ដាំរបស់លោក។ (លូក. ១១:១៣; ហេ. ៤:១២) ដើម្បីទទួលប្រយោជន៍ពីឫទ្ធានុភាពនោះ យើងត្រូវអានគម្ពីរជារៀងរាល់ថ្ងៃ រំពឹងគិតអំពីអ្វីដែលយើងអាន និងអធិដ្ឋានជានិច្ចដើម្បីឲ្យលោកផ្ដល់ប្រាជ្ញានិងកម្លាំងឲ្យយើងធ្វើតាមអ្វីដែលយើងបានរៀន។ (យ៉ូស. ១:៨; ទំនុក. ១១៩:៩៧; ១ថែ. ៥:១៧) យើងក៏ទទួលប្រយោជន៍ផងដែរពីបណ្ដាំរបស់ព្រះនិងសកម្មពលបរិសុទ្ធរបស់លោកពេលយើងរៀបចំនិងចូលរួមកិច្ចប្រជុំ។ (ហេ. ១០:២៤, ២៥) ម្យ៉ាងទៀត យើងចង់ប្រើអ្វីៗជាច្រើនទៀតដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យយើង ដូចជាទស្សនាវដ្ដីរបស់យើង កម្មវិធីJWបណ្ណាល័យ JWទូរទស្សន៍ និងគេហទំព័រjw.org។ (លូក. ១២:៤២) គ្រិស្តសាសនិកត្រូវដោះចេញនូវបុគ្គលិកលក្ខណៈចាស់។ ប៉ុន្តែ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តយើងត្រូវធ្វើច្រើនជាងនេះ។ យើងត្រូវបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។—កូឡ. ៣:១០ w១៧.០៨ ទំ. ២០ វ. ១៦-១៧
ថ្ងៃអាទិត្យ ទី២៨ ខែមេសា
ទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ។—ទំនុក. ១៣:៥
ស្តេចដាវីឌបានរងអំពើអយុត្ដិធម៌ជាច្រើន។ ព្រះយេហូវ៉ាបានរើសតាំងដាវីឌតាំងពីគាត់នៅក្មេងឲ្យធ្វើជាស្តេចនៃស្រុកអ៊ីស្រាអែល។ ប៉ុន្តែ ដាវីឌត្រូវរង់ចាំរយៈពេល១៥ឆ្នាំ មុនគាត់បានទៅជាស្តេចនៃកុលសម្ព័ន្ធរបស់គាត់។ (២សាំ. ២:៣, ៤) ក្នុងអំឡុងពេល១៥ឆ្នាំនោះ មានពេលខ្លះដែលដាវីឌត្រូវរត់ពួនពីស្តេចសុលដែលរកសម្លាប់គាត់។ ជាលទ្ធផល នៅពេលនោះដាវីឌជាមនុស្សខ្ចាត់ព្រាត់។ គាត់ត្រូវស្នាក់នៅប្រទេសក្រៅ ឬក្នុងរូងភ្នំនៅតំបន់ស្ងាត់ជ្រងំ។ នៅទីបំផុត សុលបានស្លាប់ក្នុងចម្បាំង។ ប៉ុន្តែ ដាវីឌនៅតែត្រូវរង់ចាំប្រហែលជា៧ឆ្នាំទៀត មុនគាត់ទៅជាស្តេចនៃប្រជាជាតិអ៊ីស្រាអែលទាំងមូល។ (២សាំ. ៥:៤, ៥) ហេតុអ្វីដាវីឌសុខចិត្តរង់ចាំដោយអត់ធ្មត់? គាត់បានដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់ ហើយថាលោកនឹងតែងតែមានភក្ដីភាពចំពោះគាត់។ គាត់បានគិតអំពីពេលផ្សេងៗដែលព្រះយេហូវ៉ាធ្លាប់ជួយគាត់ ហើយគាត់បានទន្ទឹងរង់ចាំពេលដែលព្រះយេហូវ៉ានឹងបំបាត់ទុក្ខលំបាករបស់គាត់។ (ទំនុក. ១៣:៦) ដាវីឌដឹងថាពរដែលមកពីព្រះយេហូវ៉ានឹងមិនធ្វើឲ្យគាត់ស្ដាយក្រោយចំពោះការរង់ចាំរបស់គាត់ទេ។ w១៧.០៨ ទំ. ៧ វ. ១៤-១៥
ថ្ងៃច័ន្ទ ទី២៩ ខែមេសា
ព្រះមិនរើសមុខទេ។—សកម្ម. ១០:៣៤
កាលដែលពេលវេលាកន្លងទៅ ភាសាក៏ផ្លាស់ប្ដូរដែរ។ ពាក្យនិងឃ្លាដែលគេធ្លាប់ប្រើពីមុនប្រហែលជាចាប់ផ្ដើមមានអត្ថន័យផ្សេង។ នេះក៏បានកើតឡើងចំពោះភាសាពីសម័យបុរាណដែរ។ ភាសាហេប្រឺនិងភាសាក្រិចដែលមនុស្សនិយាយសព្វថ្ងៃនេះគឺខុសគ្នាពីភាសាហេប្រឺនិងភាសាក្រិចដែលបានត្រូវប្រើដើម្បីសរសេរគម្ពីរ។ មនុស្សភាគច្រើនមិនអាចយល់គម្ពីរជាភាសាទាំងនេះពីសម័យបុរាណទេ ពួកគេត្រូវការសេចក្ដីបកប្រែ។ អ្នកខ្លះបានគិតថា បើពួកគេរៀនភាសាហេប្រឺនិងភាសាក្រិចពីសម័យបុរាណ ពួកគេអាចយល់គម្ពីរច្បាស់ជាង។ ប៉ុន្តែនេះប្រហែលជាមិនជួយពួកគេដូចដែលពួកគេគិតស្មានទេ។ យើងមានចិត្តកតញ្ញូជាខ្លាំងដែលគម្ពីរឬផ្នែកខ្លះនៃគម្ពីរបានត្រូវបកប្រែជិត៣.០០០ភាសា។ ព្រះយេហូវ៉ាដែលចង់ឲ្យមនុស្សពី‹គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសា›ទទួលប្រយោជន៍ពីបណ្ដាំរបស់លោក។ (បប. ១៤:៦) នេះពិតជាធ្វើឲ្យយើងមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះរបស់យើងដែលមិនរើសមុខនិងដែលប្រកបដោយសេចក្ដីស្រឡាញ់។ w១៧.០៩ ទំ. ១៦ វ. ៤
ថ្ងៃអង្គារ ទី៣០ ខែមេសា
អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។—សុភ. ១៧:២៧
បើអ្នកមានសាច់ញាតិដែលបានត្រូវបណ្ដាច់មិត្តភាព អ្នកនឹងត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកដើម្បីជៀសវាងពីការទាក់ទងដែលមិនចាំបាច់ជាមួយនឹងអ្នកនោះ។ នេះប្រហែលជាពិបាកធ្វើ។ ប៉ុន្តែ នេះនឹងស្រួលជាង បើអ្នកចាំថាអ្នកកំពុងធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងបង្គាប់របស់លោក។ យើងទទួលប្រយោជន៍ពីគំរូរបស់ស្តេចដាវីឌ។ ពេលសុលនិងស៊ីម៉ាយបានធ្វើអ្វីដែលអាចនាំឲ្យដាវីឌខឹង គាត់មិនបានខឹង ឬមិនបានប្រើអំណាចរបស់គាត់ប្រឆាំងនឹងពួកគេទេ។ (១សាំ. ២៦:៩-១១; ២សាំ. ១៦:៥-១០) ក៏ប៉ុន្តែ ដាវីឌមិនតែងតែចេះទប់ចិត្តឡើយ។ យើងដឹងដូច្នេះ ពេលយើងអានអំពីអំពើខុសឆ្គងរបស់គាត់ជាមួយនឹងបាតសេបា និងអំពីប្រតិកម្មរបស់គាត់ចំពោះការលោភលន់របស់ណាបាល។ (១សាំ. ២៥:១០-១៣; ២សាំ. ១១:២-៤) យើងអាចទាញមេរៀនដ៏សំខាន់ពីដាវីឌ។ ទី១ អ្នកត្រួតពិនិត្យក្នុងចំណោមរាស្ត្ររបស់ព្រះជាពិសេសត្រូវចេះទប់ចិត្ត ដើម្បីពួកគាត់មិនប្រើអំណាចរបស់ពួកគាត់តាមរបៀបមិនត្រឹមត្រូវ។ ទី២ គ្មានអ្នកណាម្នាក់គួរទុកចិត្តលើខ្លួនឯងហួសហេតុពេកដោយគិតថាគាត់នឹងមិនចាញ់ការល្បួងឬបំណងចិត្តឲ្យធ្វើអ្វីដែលមិនត្រឹមត្រូវទេ។—១កូ. ១០:១២ w១៧.០៩ ទំ. ៦ វ. ១២-១៣