បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៤៧-៥៧
  • ខែឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែឧសភា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​ពុធ ទី​១ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១១ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​១៥ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៣១ ខែ​ឧសភា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៤៧-៥៧

ខែ​ឧសភា

ថ្ងៃ​ពុធ ទី​១ ខែ​ឧសភា

ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ។ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង។—សុភ. ៤:១៣

ការ​ប្រៀន​ប្រដៅ​ប្រហែល​ជា​ធ្វើ​ឲ្យ​ឈឺ​ចិត្ត ប៉ុន្តែ​លទ្ធផល​នៃ​ការ​មិន​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​គឺ​ឈឺ​ចាប់​ជាង​នេះ​ឆ្ងាយ​ណាស់។ (​ហេ. ១២:១១​) យើង​អាច​រៀន​ពី​គំរូ​អាក្រក់​របស់​កាអ៊ីន។ ពេល​ព្រះ​ឃើញ​ថា​កាអ៊ីន​ស្អប់​ប្អូន​ប្រុស ហើយ​ចង់​សម្លាប់​គាត់ លោក​បាន​ព្រមាន​កាអ៊ីន​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល​មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក​រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក​ដើម្បី​ជំរុញ​អ្នក​អោយ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ​»។ (​ក​ណ. [​លោ.​] ៤:៦, ៧, ខ.ស.​) កាអ៊ីន​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា បាន​សម្លាប់​ប្អូន​ប្រុស​របស់​គាត់ និង​បាន​រង​ផល​វិបាក​អស់​មួយ​ជីវិត​របស់​គាត់។ (​លោ. ៤:១១, ១២​) បើ​កាអ៊ីន​បាន​ស្ដាប់​ព្រះ គាត់​នឹង​មិន​ទទួល​ការ​ឈឺ​ចាប់​ខ្លាំង​បែប​នោះ​ទេ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​រង​ការ​ឈឺ​ចាប់​ដែល​មិន​ចាំ​បាច់​បែប​នោះ​ទេ! (​អេ. ៤៨:១៧, ១៨​) ដូច្នេះ សូម​ឲ្យ​យើង​«​ស្ដាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​»។—សុភ. ៨:៣៣ w​១៨.០៣ ទំ. ៣២ វ. ១៨​-​២០

ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​ឧសភា

ខ្ញុំ ដានីយ៉ែល​បាន​មើល​គម្ពីរ . . . ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ។—ដាន. ៩:២

តើ​ដានីយ៉ែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? ឪ​ពុក​ម្ដាយ​របស់​ដានីយ៉ែល​ប្រាកដ​ជា​បាន​បង្រៀន​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។ ដានីយ៉ែល​បន្ត​ធ្វើ​ដូច្នេះ​អស់​មួយ​ជីវិត​របស់​គាត់។ សូម្បី​តែ​ពេល​គាត់​ចាស់​ក្ដី គាត់​នៅ​តែ​បាន​សិក្សា​បទ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ដានីយ៉ែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់។ គាត់​ក៏​បាន​ដឹង​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ដែល​យើង​ឃើញ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​និង​ដែល​បង្ហាញ​អំពី​ចិត្ត​រាប​ទាប​របស់​គាត់​នៅ​ដានីយ៉ែល ៩:៣​-​១៩។ សូម​អាន​និង​ពិចារណា​អំពី​សេចក្ដី​អធិដ្ឋាន​នេះ។ នៅ​បាប៊ីឡូន​ដែល​ពោរ​ពេញ​ទៅ​ដោយ​សាសនា​មិន​ពិត គឺ​មិន​ស្រួល​ឲ្យ​ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​បម្រើ​ព្រះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​យូដា​ថា​៖ ​«​ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង​ដែល​អញ​បាន​ឲ្យ​គេ​ដឹក​នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ​»។ (​យេ. ២៩:៧​) ប៉ុន្តែ លោក​ក៏​បាន​បង្គាប់​ពួក​គេ​ឲ្យ​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ (​និក្ខ. ៣៤:១៤​) តើ​ដានីយ៉ែល​អាច​ធ្វើ​តាម​បង្គាប់​ទាំង​ពីរ​នេះ​យ៉ាង​ដូច​ម្ដេច? ប្រាជ្ញា​ដែល​មក​ពី​ព្រះ​បាន​ជួយ​ដានីយ៉ែល​ឲ្យ​យល់​គោល​ការណ៍​អំពី​ការ​ចុះ​ចូល​ដោយ​មាន​ល័ក្ខខ័ណ្ឌ​ចំពោះ​ពួក​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស។ រាប់​រយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​បង្រៀន​អំពី​គោល​ការណ៍​នេះ​ដែរ។—លូក. ២០:២៥ w​១៨.០២ ទំ. ១២ វ. ១១​-​១២

ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា

[​ចូរ​]ធ្វើ​ទី​សំ​គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស។—អេស. ៩:៤

តើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​ដោយ​សារ​អ្នក​ធ្លាក់​ខ្លួន​ឈឺ មាន​បញ្ហា​លុយ​កាក់ ឬ​រង​ការ​បៀត​បៀន​ឬ​ទេ? ជួន​កាល តើ​អ្នក​ពិបាក​រក្សា​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ គំរូ​របស់​ណូអេ ដានីយ៉ែល និង​យ៉ូប​អាច​លើក​ទឹក​ចិត្ត​អ្នក។ បុរស​ទាំង​នេះ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​មាន​ការ​ពិបាក​ដូច​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ពេល​ខ្លះ ពួក​គាត់​ស្ទើរតែ​បាត់​បង់​ជីវិត​ទៀត​ផង។ ប៉ុន្តែ ពួក​គាត់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ចាត់​ទុក​ពួក​គាត់​ជា​គំរូ​ល្អ​ស្តី​អំពី​ជំនឿ​និង​ការ​ស្ដាប់​បង្គាប់។ (​អេស. ១៤:១២​-​១៤​) នៅ​ស្រុកបាប៊ីឡូន នា​ឆ្នាំ​៦១២ មុន​គ.ស. អេសេគាល​បាន​សរសេរ​ពាក្យ​ក្នុង​បទ​គម្ពីរ​នេះ។ (​អេស. ១:១; ៨:១​) នោះ​មិន​យូរ​មុន​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ នៅ​ក្រុង​យេរូសាឡិម មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ជំនឿ​និង​ស្ដាប់​បង្គាប់​ព្រះ​ដូច​ណូអេ ដានីយ៉ែល និង​យ៉ូប។ អ្នក​ដែល​បាន​ស្ដាប់​បង្គាប់​ទាំង​នោះ​បាន​រួច​ជីវិត។ (​អេស. ៩:១​-​៥​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ មាន​តែ​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​ដូច​ពួក​គាត់​ដែល​នឹង​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ។—បប. ៧:៩, ១៤ w​១៨.០២ ទំ. ៣​-​៤ វ. ១​-​៣

ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា

ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង។—សាស្ដ. ១២:១

បើ​អ្នក​ជា​មនុស្ស​វ័យ​ក្មេង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ដោយ​សារ​តែ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឬ? តើ​ខ្ញុំ​ផ្ទាល់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឬ​ទេ?›។ យើង​ទាំង​អស់​គ្នា​គួរ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក៏​ដោយ។ គោល​ដៅ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ។ (​សាស្ដ. ១២:១៣​) ពេល​យើង​ឃើញ​ចំណុច​ដែល​យើង​អាច​រីក​ចម្រើន នោះ​យើង​ត្រូវ​ចាត់​វិធានការ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។ នេះ​ពិត​ជា​សំខាន់​ណាស់ ដោយ​សារ​នេះ​ទាក់​ទង​នឹង​ជីវិត​ស្លាប់​រស់។ (​រ៉ូម ៨:៦​-​៨​) ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​លោក​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជួយ​យើង។ ប៉ុន្តែ យើង​នៅ​តែ​ត្រូវ​ខំ​ព្យាយាម​ដោយ​ខ្លួន​ឯង​ដែរ។ ទោះ​ជា​ការ​សិក្សា​គម្ពីរ​អាច​ជា​អ្វី​ដែល​សប្បាយ​ក្ដី យើង​មិន​គួរ​រំពឹង​ថា​ការ​អាន​គម្ពីរ​គឺ​ដូច​ជា​ការ​អាន​សៀវភៅ​ប្រលោម​លោក​ឡើយ។ ការ​អាន​និង​ការ​សិក្សា​គម្ពីរ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម។ w​១៨.០២ ទំ. ២៤​-​២៥ វ. ១០​-​១១

ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា

ហេតុ​អ្វី​បាន​ជា​អ្នក​កំពុង​បង្អង់​ដូច្នេះ? ចូរ​ក្រោក​ឡើង ទៅ​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្ម. ២២:១៦

បុគ្គល​ម្នាក់​មិន​ចាំ​បាច់​ស្គាល់​ព័ត៌មាន​ទាំង​អស់​អំពី​សេចក្ដី​បង្រៀន​នីមួយ​ៗ​ក្នុង​គម្ពីរ​មុន​ដែល​គាត់​អាច​ប្រគល់​ខ្លួន​និង​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ អ្នក​កាន់​តាម​ម្នាក់​ៗ​របស់​គ្រិស្ត​ត្រូវ​បន្ត​រៀន សូម្បី​តែ​ក្រោយ​ពី​ពេល​ដែល​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ (​កូឡ. ១:៩, ១០​) ដូច្នេះ តើ​បុគ្គល​ណា​ម្នាក់​ត្រូវ​មាន​ចំណេះ​ច្រើន​យ៉ាង​ណា​មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក? បទ​ពិសោធន៍​របស់​ក្រុម​គ្រួសារ​មួយ​នៅ​អតីតកាល​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​សកម្ម. ១៦:២៥​-​៣៣​) នៅ​ឆ្នាំ​៥០ គ.ស. ប៉ូល​បាន​ទៅ​ក្រុង​ភីលីព​ក្នុង​ដំណើរ​លើក​ទី២​របស់​គាត់​ជា​សាសនា​ទូត។ នៅ​ពេល​ដែល​គាត់​នៅ​ទី​នោះ គាត់​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​គុក។ ក្នុង​អំឡុង​យប់​នោះ មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​បាន​ធ្វើ​ឲ្យ​ទ្វារ​គុក​ទាំង​អស់​របើក​ឡើង។ អ្នក​យាម​គុក​បាន​គិត​ថា​អ្នក​ទោស​ទាំង​អស់​បាន​រត់​គេច​ខ្លួន ហេតុ​នេះ​គាត់​ចង់​សម្លាប់​ខ្លួន។ ប៉ុន្តែ ប៉ូល​បាន​ឃាត់​គាត់។ បន្ទាប់​មក​ប៉ូល​និង​ស៊ីឡាស​បាន​បង្រៀន​អ្នក​យាម​គុក​នោះ​និង​ក្រុម​គ្រួសារ​របស់​គាត់​នូវ​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ។ ពួក​គេ​ជឿ​អ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី​លោក​យេស៊ូ ហើយ​បាន​ទទួល​ស្គាល់​ថា​គឺ​សំខាន់​ណាស់​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​លោក។ ដូច្នេះ ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ។ w​១៨.០៣ ទំ. ១១ វ. ៧​-​៨

ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា

សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!—ទំនុក. ១៤៤:១៥

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​សប្បាយ ហើយ​រាស្ត្រ​របស់​លោក​ក៏​សប្បាយ​ដែរ។ ម្យ៉ាង​ទៀត ផ្ទុយ​ពី​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ហួស​ហេតុ​ពេក​និង​ដែល​គិត​តែ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ដោយ​សារ​ពួក​គេ​ឲ្យ​ដល់​អ្នក​ឯ​ទៀត។ (​សកម្ម. ២០:៣៥; ២ធី. ៣:២​) តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ខ្លួន​គឺ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ? សូម​គិត​អំពី​យោបល់​ដ៏​ឈ្លាស​វៃ​នេះ​ដែល​ថា​៖ ​«​[​ចូរ​]មិន​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្តែ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។ (​ភី. ២:៣, ៤​) យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ធ្វើ​តាម​យោបល់​នេះ​ឬ​ទេ? តើ​ខ្ញុំ​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​និង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ?›។ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​លះ​បង់​ពេល​វេលា​និង​កម្លាំង​របស់​ខ្លួន​ទេ។ នេះ​ប្រហែល​ជា​មានន័យ​ថា​យើង​នឹង​ត្រូវ​ខំ​ប្រឹង​និង​លះ​ចោល​អ្វី​មួយ​ចំនួន​ដែល​យើង​ចូល​ចិត្ត។ ប៉ុន្តែ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ជាង​ការ​ដឹង​ថា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សកល​លោក​ពេញ​ចិត្ត​នឹង​យើង! w​១៨.០១ ទំ. ២២​-​២៣ វ. ៦​-​៧

ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា

ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា។—២កូ. ១៣:៥

យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ពិត​ជា​ជឿ​ថា​នេះ​ជា​អង្គ​ការ​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឬ​ទេ? តើ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អំពី​ដំណឹង​ល្អ​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​ថា​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​សាថាន​គឺ​ជិត​ដល់​ហើយ​ឬ​ទេ? តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដូច​ពេល​ដែល​ខ្ញុំ​ទើប​តែ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ (​ម៉ាថ. ២៤:១៤; ២ធី. ៣:១; ហេ. ៣:១៤​) ការ​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​«​ស​ឲ្យ​ឃើញ​ជា​និច្ច​»​ថា​យើង​ជា​មនុស្ស​បែប​ណា។ របៀប​មួយ​ដែល​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​គឺ​ដោយ​អាន​និង​ពិចារណា​អំពី​អត្ថបទ​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​កម្ម​វិធី​នេះ​គឺ​សំខាន់​ណាស់។ (​យ៉ូន. ៣:១៦; ១៧:៣​) របៀប​តែ​មួយ​គត់​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​ដោយ​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់ និង​មាន​ជំនឿ​លើ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក យើង​អាច​ជ្រើស​រើស​ប្រធានបទ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ដែល​នឹង​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក​ទាំង​ពីរ។ w​១៨.០១ ទំ. ១០​-​១១ វ. ៥​-​៦

ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា

គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។—យ៉ូន. ៦:៤៤

ពេល​យើង​អាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ព្រម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង យើង​រៀន​អំពី​របៀប​ដែល​ព្រះ​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។ ប៉ុន្តែ កាល​ដែល​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​មាំ​មួន​ឡើង អ្នក​ត្រូវ​យល់​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​អ្នក។ តើ​អ្នក​បាន​សាក​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ល្អ​តាម​របៀប​ណា​ខ្លះ? គ្រិស្ត​សាសនិក​ទាំង​អស់​បាន​ពិសោធ​គុណធម៌​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស​មួយ។ លោក​បាន​អញ្ជើញ​យើង​ម្នាក់​ៗ​ឲ្យ​ចូល​ទៅ​ជិត​លោក​និង​បុត្រ​របស់​លោក។ ប្អូន​វ័យ​ក្មេង​ម្នាក់​ប្រហែល​ជា​គិត​ថា ‹ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ឲ្យ​មក​ឯ​លោក ហើយ​ខ្ញុំ​គ្រាន់​តែ​មក​តាម​ពួក​គាត់›។ សូម​ចាំ​ថា ពេល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​បាន​ទទួល​ការ​ជ្រមុជ​ទឹក នេះ​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​ដ៏​ពិសេស​ជា​មួយ​នឹង​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ​ស្គាល់​អ្នក​នោះ​»។ (​១កូ. ៨:៣​) ចូរ​ឲ្យ​តម្លៃ​ជា​និច្ច​ទៅ​លើ​ឯកសិទ្ធិ​ធ្វើ​ជា​សមាជិក​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ w​១៧.១២ ទំ. ២៤​-​២៥ វ. ១២​-​១៣

ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ឧសភា

ព្រះ​យេហូវ៉ា​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់។—ហេ. ១២:៦

ពាក្យ​«​ប្រៀន​ប្រដៅ​»​ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​អំពី​ការ​ដាក់​ទោស ប៉ុន្តែ​ការ​ប្រៀន​ប្រដៅ​រួម​បញ្ចូល​ច្រើន​ជាង​នេះ។ គម្ពីរ​ចែង​ថា​ការ​ប្រៀន​ប្រដៅ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍ ហើយ​ជួន​កាល​ការ​ប្រៀន​ប្រដៅ​បាន​ត្រូវ​រៀប​រាប់​ជា​មួយ​នឹង​ចំណេះ ប្រាជ្ញា សេចក្ដី​ស្រឡាញ់ និង​ជីវិត។ (​សុភ. ១:២​-​៧; ៤:១១​-​១៣; ១៣:២៤​) នេះ​គឺ​ដោយ​សារ​ការ​ប្រៀន​ប្រដៅ​ដែល​មក​ពី​ព្រះ​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​រស់​ជា​រៀង​រហូត។ (​ហេ. ១២:៦​) ទោះ​ជា​ការ​ប្រៀន​ប្រដៅ​ដែល​មក​ពី​ព្រះ​ជួន​កាល​រួម​បញ្ចូល​ការ​ដាក់​ទោស​ក្ដី ការ​ប្រៀន​ប្រដៅ​នោះ​មិន​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​មេត្ដា​ឬ​យ៉ាង​ឃោរ​ឃៅ​ឡើយ។ តាម​ពិត អត្ថន័យ​សំខាន់​បំផុត​នៃ​ពាក្យ​«​ប្រៀន​ប្រដៅ​»​រួម​បញ្ចូល​ការ​អប់រំ ដូច​ជា​ការ​អប់រំ​ដែល​មក​ពី​ឪ​ពុក​ម្ដាយ​ចំពោះ​កូន​ជា​ទី​ស្រឡាញ់។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ (​១ធី. ៣:១៥​) ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង មាន​សិទ្ធិ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ប្រដៅ​យើង​ពេល​ដែល​យើង​មិន​ស្ដាប់​បង្គាប់​លោក។ ម្យ៉ាង​ទៀត បើ​ការ​ប្រព្រឹត្ត​របស់​យើង​នាំ​ឲ្យ​មាន​ផល​វិបាក ការ​ប្រៀន​ប្រដៅ​ដែលប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ចាំ​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​បង្គាប់​លោក។—កាឡ. ៦:៧ w​១៨.០៣ ទំ. ២១ វ. ១; ទំ. ២២ វ. ៣

ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា

អ្នក​ណា​ដែល​មាន​ដំ​រិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំ​ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។—សុភ. ១៧:២៧

ចុះ​យ៉ាង​ណា​បើ​អ្នក​មាន​វ័យ​ជំទង់ ហើយ​មាន​អារម្មណ៍​ថា​ឪ​ពុក​ម្ដាយ​របស់​អ្នក​មិន​យល់​អំពី​អ្នក ឬ​ថា​ពួក​គាត់​តឹងរ៉ឹង​ពេក? នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​អ្នក​មិន​ដឹង​ថា​អ្នក​គួរ​បម្រើ​ព្រះ​យេហូវ៉ា​ទៀត​ឬ​យ៉ាង​ណា។ ប៉ុន្តែ បើ​អ្នក​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា អ្នក​នឹង​ឃើញ​ថា​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ពិភព​លោក​នេះ​ដែល​ស្រឡាញ់​អ្នក​ដូច​ឪ​ពុក​ម្ដាយ​និង​មិត្ត​ភក្ដិ​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ​ទេ។ សូម​គិត​អំពី​រឿង​នេះ បើ​ឪ​ពុក​ម្ដាយ​របស់​អ្នក​មិន​ដែល​កែ​តម្រង់​អ្នក​សោះ តើ​អ្នក​នឹង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក? (​ហេ. ១២:៨​) សូម​ចាំ​ថា​ពួក​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ដូច្នេះ​របៀប​ដែល​ពួក​គាត់​ប្រៀន​ប្រដៅ​អ្នក​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត។ ប៉ុន្តែ​សូម​កុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​នោះ។ ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​យល់​អំពី​មូលហេតុ​ដែល​ពួក​គាត់​ធ្វើ​និង​និយាយ​ដូច្នេះ។ សូម​រក្សា​ចិត្ត​ស្ងប់ ហើយ​ព្យាយាម​មិន​ឆាប់​ខឹង។ ចូរ​កំណត់​គោល​ដៅ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ដែល​ចេះ​ទទួល​យក​ដំបូន្មាន ហើយ​ដែល​រៀន​ពី​ដំបូន្មាន​នោះ មិន​ថា​អ្នក​ទទួល​ដំបូន្មាន​នោះ​តាម​របៀប​ណា​ក៏​ដោយ។—សុភ. ១:៨ w​១៧.១១ ទំ. ៣២ វ. ១៦​-​១៧

ថ្ងៃ​សៅរ៍ ទី​១១ ខែ​ឧសភា

អ្នក​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។—បប. ២:៤

អ្នក​ប្រហែល​ជា​បាន​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក តែ​ក្រោយ​មក​បែរ​ជា​មិន​ច្បាស់​ថា​ការ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​គឺ​ល្អ​សម្រាប់​ពួក​គេ។ ប្អូន​ៗ​ខ្លះ​ក៏​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។ ដូច្នេះ អ្នក​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា ក្រោយ​ពី​កូន​របស់​អ្នក​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា គាត់​នឹង​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​គាត់​ធ្លាប់​មាន​ចំពោះ​សេចក្ដី​ពិត។ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ឲ្យ​នៅ​រឹង​មាំ ហើយ​«​ធំ​លូត​លាស់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​»​? (​១ពេ. ២:២​) យើង​អាច​រៀន​ពី​អ្វី​ដែល​ប៉ូល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា​៖ ​«​ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់ ដោយ​ដឹង​ថា​អ្នក​បាន​រៀន​អ្វី​ៗ​ទាំង​នោះ​ពី​អ្នក​ណា។ ហើយ​ថា តាំង​ពី​អ្នក​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា[​បទ​គម្ពីរ​ភាសា​ហេប្រឺ​]ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ត​យេស៊ូ​»។ (​២ធី. ៣:១៤, ១៥​) សូម​កត់​សម្គាល់​អ្វី​ដែល​ប៉ូល​បាន​និយាយ​អំពី​ធីម៉ូថេ​ថា គាត់ (​១​) បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា (​២​) បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​អ្វី​ៗ​ដែល​គាត់​បាន​រៀន និង (​៣​) មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ត​យេស៊ូ។ w​១៧.១២ ទំ. ១៥​-​១៦ វ. ២​-​៣

ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា

ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ។—អេ. ៦៥:១៤

សាសនា​ជា​ច្រើន​បង្រៀន​អំពី​ភ្លើង​នរក គាំ​ទ្រ​អ្នក​នយោបាយ ឬ​តម្រូវ​ឲ្យ​គេ​ដាក់​វិភាគទាន។ គឺ​មិន​មែន​ជា​អ្វី​ដែល​ចម្លែក​ទេ ដែល​មនុស្ស​កាន់​តែ​ច្រើន​និយាយ​ថា​ពួក​គេ​សប្បាយ​ដោយ​មិន​កាន់​សាសនា! ពិត​មែន​ថា មនុស្ស​អាច​មាន​ជីវិត​សប្បាយ​បើ​មិន​កាន់​សាសនា​មិន​ពិត តែ​គ្មាន​អ្នក​ណា​អាច​មាន​ជីវិត​សប្បាយ​បាន​ទេ បើ​អ្នក​នោះ​មិន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​១ធី. ១:១១​) អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​គឺ​មាន​ប្រយោជន៍​ចំពោះ​បុគ្គល​ឯ​ទៀត។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​លោក យើង​សប្បាយ​ចិត្ត​ដោយ​សារ​យើង​ក៏​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ដែរ។ (​សកម្ម. ២០:៣៥​) ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល។ យើង​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍​ពិពាហ៍ ចិញ្ចឹម​អប់រំ​កូន​ឲ្យ​មាន​សុជីវធម៌ ហើយ​យើង​ក៏​រៀន​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើងដែរ។ ការ​គោរព​ប្រណិប័តន៍​ពិត​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​សហការ​គ្នា​ដោយ​សន្ដិ​ភាព​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ w​១៧.១១ ទំ. ២២​-​២៣ វ. ៦​-​៧

ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ឧសភា

ពិបាក​ចិត្ត​ណាស់​ខ្ញុំ!—រ៉ូម ៧:២៤

សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​ធ្លាក់​ទឹក​ចិត្ត​និង​ពិបាក​ចិត្ត​ដូច​ប៉ូល​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ទោះ​ជា​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្ដី យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​និង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ គ្រិស្ត​សាសនិក​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ថែម​ទាំង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា បើ​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់ យើង​មិន​ត្រូវ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​ទេ។ (​ទំនុក. ៣៤:២២​) បន្ទាប់​ពី​ប៉ូល​បាន​និយាយ​ថា​គាត់​«​ពិបាក​ចិត្ត​ណាស់​»​ដោយ​សារ​គាត់​មិន​អាច​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អរគុណ​ព្រះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង!​»។ (​រ៉ូម ៧:២៥​) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? ទោះ​ជា​ប៉ូល​បាន​តយុទ្ធ​នឹង​បំណង​ប្រាថ្នា​ដែល​ខុស​ឆ្គង ហើយ​គាត់​ធ្លាប់​ធ្វើ​ខុស​ក៏​ដោយ គាត់​បាន​ប្រែ​ចិត្ត។ គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ តាម​រយៈ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ យើង​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ (​ហេ. ៩:១៣, ១៤​) ក្នុង​នាម​ជា​សម្ដេច​សង្ឃ​របស់​យើង លោក​យេស៊ូ​«​អាច​សង្គ្រោះ​យ៉ាង​ពេញ​លេញ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​លោក ពី​ព្រោះ​លោក​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ដើម្បី​អង្វរ​ជំនួស​ពួក​គេ​»។—ហេ. ៧:២៤, ២៥ w​១៧.១១ ទំ. ៩​-​១០ វ. ១​-​២; ទំ. ១៤ វ. ១៥

ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា

ចូរ​បន់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ចុះ។—ទំនុក. ៧៦:១១

តើ​យើង​អាច​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ​«​រាល់​តែ​ថ្ងៃ​»​ យើង​ប្រឈម​មុខ​នឹង​អ្វី​ផ្សេង​ៗ​ទាំង​តូច​ទាំង​ធំ​ដែល​អាច​សាកល្បង​ជំនឿ​របស់​យើង។ របៀប​ដែល​យើង​ប្រព្រឹត្ត​ពេល​មាន​ការ​សាកល្បង​ទាំង​នោះ បង្ហាញ​ថា​យើង​មាន​ចំណង​មិត្តភាព​ដ៏​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ (​ទំនុក. ៦១:៨​) ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា បើ​មាន​អ្នក​ណា​ម្នាក់​ចែ​ចង់​អ្នក​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា? តើ​អ្នក​នឹង​មិន​ព្រម​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គាត់ ហើយ​បង្ហាញ​ថា​អ្នក​ចង់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ​ទេ? (​សុភ. ២៣:២៦​) ចុះ​បើ​អ្នក​ជា​បុគ្គល​តែ​ម្នាក់​គត់​ក្នុង​ក្រុម​គ្រួសារ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តើ​អ្នក​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​បន្ត​មាន​ការ​ប្រព្រឹត្ត​ដូច​លោក​យេស៊ូ​ឬ​ទេ? ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ តើ​អ្នក​អរគុណ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​ការ​ណែនាំ​របស់​លោក​ឬ​ទេ? តើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​អាន​គម្ពីរ​រាល់​ថ្ងៃ​ឬ​ទេ? យើង​បាន​សន្យា​ថា​យើង​នឹង​ធ្វើ​អ្វី​ទាំង​នេះ​ពេល​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ពេល​យើង​ស្ដាប់​បង្គាប់​លោក ហើយ​ជូន​អ្វី​ដ៏​ល្អ​បំផុត​ដល់​លោក យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក​និង​ជា​របស់​លោក។ យើង​ក៏​ឲ្យ​ការ​គោរព​ប្រណិប័តន៍​លោក​មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ។ w​១៧.១០ ទំ. ១៨ វ. ១១​-​១២

ថ្ងៃ​ពុធ ទី​១៥ ខែ​ឧសភា

ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ។—ទំនុក. ១៤៧:១

អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏​ល្បី​ម្នាក់​បាន​និយាយ​ថា​៖ ​«​ពាក្យ​ធ្វើ​ឲ្យ​គិត ហើយ​បទ​ភ្លេង​ធ្វើ​ឲ្យ​មាន​អារម្មណ៍។ ប៉ុន្តែ បទ​ចម្រៀង​ធ្វើ​ឲ្យ​គិត​និង​មាន​អារម្មណ៍​»។ បទ​ចម្រៀង​របស់​យើង​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​និង​ការ​សរសើរ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ហើយ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​លោក។ ដូច្នេះ យើង​អាច​យល់​អំពី​មូលហេតុ​ដែល​ការ​ច្រៀង​ចម្រៀង​គឺ​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ទោះ​ជា​យើង​ច្រៀង​ម្នាក់​ឯង​ឬ​ច្រៀង​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ក៏​ដោយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ច្រៀង​ជា​មួយ​នឹង​ក្រុម​ជំនុំ? តើ​អ្នក​អៀន​ខ្មាស​ឬ​ទេ? ក្នុង​វប្បធម៌​ខ្លះ បុរស​ប្រហែល​ជា​អៀន​ខ្មាស​ពេល​ច្រៀង​នៅ​មុខ​អ្នក​ឯ​ទៀត។ ចិត្ត​គំនិត​នេះ​អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ក្រុម​ជំនុំ​ទាំង​មូល ជាពិសេស​បើ​ពួក​អ្នក​ចាស់​ទុំ​មិន​សូវ​ហ៊ាន​ច្រៀង ឬ​បើ​ពួក​គាត់​ជាប់​រវល់​ធ្វើ​កិច្ច​ការ​ផ្សេង​ក្នុង​អំឡុង​ពេល​ច្រៀង​ចម្រៀង។ (​ទំនុក. ៣០:១២​) ការ​ច្រៀង​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ យើង​ប្រាកដ​ជា​មិន​ចង់​ដើរ​ចេញ​ក្នុង​អំឡុង​ពេល​ច្រៀង​ចម្រៀង ឬ​ខក​ខាន​ផ្នែក​នោះ​នៅ​កិច្ច​ប្រជុំ​ទេ។ w​១៧.១១ ទំ. ៣​-​៤ វ. ១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ឧសភា

កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​មក​ឯ​ផែន​ដី​ឡើយ។ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ។—ម៉ាថ. ១០:៣៤

យើង​ទាំង​អស់​គ្នា​ចង់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ជីវិត ហើយ​យើង​មិន​ចង់​មាន​ទុក្ខ​កង្វល់​ទេ។ ដូច្នេះ យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។ សេចក្ដី​សុខ​សាន្ត​នេះ​គឺ​ជា​សេចក្ដី​ស្ងប់​សុខ​ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​គំនិត​និង​អារម្មណ៍​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត។ (​ភី. ៤:៦, ៧​) ដោយ​សារ​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ក៏​មាន​«​សន្ដិ​ភាព​ជា​មួយ​នឹង​ព្រះ​»។ នេះ​មាន​ន័យ​ថា​យើង​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក។ (​រ៉ូម ៥:១​) ប៉ុន្តែ គឺ​មិន​ទាន់​ដល់​ពេល​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ពេញ​លេញ​នៅ​លើ​ផែន​ដី​ទេ។ យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់ ដូច្នេះ​មាន​បញ្ហា​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​ខ្វល់​ចិត្ត។ នៅ​ជុំ​វិញ​យើង​មាន​មនុស្ស​ដែល​សាហាវ​ឃោរ​ឃៅ។ (​២ធី. ៣:១​-​៤​) យើង​ក៏​ត្រូវ​តយុទ្ធ​ប្រឆាំង​នឹង​សាថាន​និង​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​វា​លើក​ស្ទួយ​ដែរ។ (​២កូ. ១០:៤, ៥​) ប៉ុន្តែ អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត​ខ្លាំង​បំផុត​គឺ​ការ​ប្រឆាំង​ពី​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ សាច់​ញាតិ​ខ្លះ​ប្រហែល​ជា​សើច​ចំអក​ឲ្យ​យើង​អំពី​ជំនឿ​របស់​យើង ឬ​ចោទ​ប្រកាន់​ថា​យើង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​និយាយ​ថា​ពួក​គេ​នឹង​កាត់​កាល់​យើង បើ​យើង​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ w​១៧.១០ ទំ. ៩​-​១០ វ. ១​-​២

ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា

ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ។—ទំនុក. ១១៩:៩៧

ដោយ​សារ​ភាសា​ផ្លាស់​ប្ដូរ នោះ​សេចក្ដី​បក​ប្រែ​គម្ពីរ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ។ សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​ស្រួល​អាន​ពេល​ដែល​បាន​ត្រូវ​ចេញ​ដំបូង ប្រហែល​ជា​មិន​សូវ​ស្រួល​អាន​នៅ​ពេល​ក្រោយ​មក។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បាន​ត្រូវ​បោះ​ពុម្ព​ដំបូង​នៅ​ឆ្នាំ​១៦១១ ហើយ​បាន​ក្លាយ​ទៅ​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ដែល​ពេញ​និយម។ ឃ្លា​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ក៏​មាន​ឥទ្ធិពល​លើ​ភាសា​អង់គ្លេស​ដែរ។ ពេល​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​បាន​ចេញ​ដំបូង សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​ពាក្យ​ភាសា​អង់គ្លេស​ដែល​គេ​និយាយ​នៅ​សម័យ​នោះ។ ប៉ុន្តែ​យូរ​ៗ​ទៅ ពាក្យ​ខ្លះ​បាន​ទៅ​ជា​ហួស​សម័យ​វិញ ហើយ​សព្វ​ថ្ងៃ​នេះ​ពាក្យ​ទាំង​នោះ​គឺ​ពិបាក​យល់។ នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ទៀត។ ដូច្នេះ​យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ដែល​យើង​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ ដែល​ប្រើ​ពាក្យ​ដែល​គេ​និយាយ​ជា​ធម្មតា​នៅ​សព្វ​ថ្ងៃ​នេះ។ សេចក្ដី​បក​ប្រែ​គម្ពីរ​នេះ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​ជាង​១៥០​ភាសា។ នេះ​មាន​ន័យ​ថា​នៅ​ឥឡូវ​នេះ មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​អាច​អាន​សេចក្ដី​បក​ប្រែ​គម្ពីរ​នេះ​ជា​ភាសា​កំណើត​របស់​ពួក​គេ។ ដោយ​សារ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​និង​ច្បាស់ ដំណឹង​របស់​ព្រះ​ងាយ​ស្រួល​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​យើង។ w​១៧.០៩ ទំ. ១៦​-​១៧ វ. ៥​-​៦

ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា

កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ។—សុភ. ២៧:១១

ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ៗ​ដោយ​ខ្លួន​ឯង។ ពួក​គេ​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ស្តី​អំពី​អ្នក​ណា​ដែល​នឹង​ទៅ​ជា​មិត្ត​ភក្ដិ​របស់​ពួក​គេ អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​សម្រាប់​ការ​កម្សាន្ត របៀប​ដែល​ពួក​គេ​នឹង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ និង​ពេល​ណា​ដែល​ពួក​គេ​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ត្រូវ​មាន​ចិត្ត​ក្លាហាន ដោយ​សារ​ពួក​គេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​សាថាន​ដែល​ជា​អ្នក​តិះ​ដៀល​ព្រះ។ ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​គឺ​កំណត់​គោល​ដៅ​ក្នុង​ជីវិត។ នៅ​ប្រទេស​ខ្លះ ប្អូន​ៗ​វ័យ​ក្មេង​ទទួល​រង​សម្ពាធ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើការ​រៀន​នៅ​សកល​វិទ្យាល័យ ហើយ​ឲ្យ​រក​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន។ នៅ​ប្រទេស​ឯ​ទៀត​ដែល​ស្ថានភាព​សេដ្ឋកិច្ច​មិន​អំណោយ​ផល ប្អូន​ៗ​វ័យ​ក្មេង​ប្រហែល​ជា​គិត​ថា​ពួក​គេ​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ពេល​ប្អូន​ៗ​វ័យ​ក្មេង​មាន​ចិត្ត​ក្លាហាន​ដោយ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ នោះ​លោក​នឹង​ឲ្យ​ពរ​ដល់​ពួក​គេ។ លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ នៅ​សតវត្សរ៍​ទី១ ធីម៉ូថេ​ដែល​ជា​បុរស​វ័យ​ក្មេង​បាន​ប្រើ​ជីវិត​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។—ភី. ២:១៩​-​២២ w​១៧.០៩ ទំ. ២៩ វ. ១០​-​១២

ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា

កុំ​ឲ្យ​គម្ពីរ​ក្រិត្យ​វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ . . . [​ចូរ​]ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង។—យ៉ូស. ១:៨

ការ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​និង​ស៊ី​ជម្រៅ អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​កាន់​តែ​ចេះ​ទប់​ចិត្ត។ តើ​តាម​របៀប​ណា? គម្ពីរ​មាន​គំរូ​ដែល​បង្ហាញ​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពេល​ដែល​យើង​ចេះ​ទប់​ចិត្ត ហើយ​អំពី​ផល​វិបាក​នៅ​ពេល​ដែល​យើង​មិន​ចេះ​ទប់​ចិត្ត។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​គំរូ​ទាំង​នោះ​បាន​សរសេរ​ទុក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​រ៉ូម ១៥:៤​) គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​អាន សិក្សា និង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​គំរូ​ទាំង​នោះ។ សូម​ស្វែង​យល់​អំពី​របៀប​ដែល​គំរូ​ទាំង​នោះ​ទាក់​ទង​នឹង​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក។ ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ឱវាទ​ពី​បណ្ដាំ​របស់​លោក។ បើ​អ្នក​ឃើញ​ថា​អ្នក​មិន​ចេះ​ទប់​ចិត្ត​ក្នុង​ស្ថានភាព​ណា​មួយ សូម​ទទួល​ស្គាល់​បញ្ហា​នោះ។ បន្ទាប់​មក ចូរ​អធិដ្ឋាន​អំពី​រឿង​នោះ ហើយ​ខំ​យល់​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។ (​យ៉ា. ១:៥​) ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង​ដើម្បី​ស្វែង​រក​យោបល់​ដែល​អាច​ជួយ​អ្នក។ w​១៧.០៩ ទំ. ៨ វ. ១៥​-​១៦

ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ឧសភា

[​ចូរ​]បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។—កូឡ. ៣:១០

ពាក្យ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​សំដៅ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​ដែល​បាន​ត្រូវ​«​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។ (​អេភ. ៤:២៤​) តើ​យើង​អាច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​នេះ​បាន​ឬ​ទេ? យើង​ពិត​ជា​អាច​ធ្វើ​បាន។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក ដូច្នេះ​យើង​អាច​មាន​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​សរសើរ​ដូច​លោក។ (​លោ. ១:២៦, ២៧; អេភ. ៥:១​) ប៉ូល​បាន​ពន្យល់​ថា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី​គឺ​ការ​មិន​រើស​មុខ។ គាត់​បាន​និយាយ​ថា​៖ ​«​គ្មាន​ជន​ជាតិ​ក្រិច ឬ​ជន​ជាតិ​យូដា គ្មាន​ការ​កាត់​ចុង​ស្បែក ឬ​មិន​កាត់​ចុង​ស្បែក គ្មាន​ជន​បរទេស ជន​ជាតិ​ស៊ិទា ខ្ញុំ​បម្រើ ឬ​អ្នក​មាន​សេរី​ភាព​ឡើយ​»។ នៅ​ក្នុង​ក្រុម​ជំនុំ គ្មាន​អ្នក​ណា​ម្នាក់​គួរ​មាន​អារម្មណ៍​ថា​គាត់​ល្អ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ដោយ​សារ​ពូជ​សាសន៍ សញ្ជាតិ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត យើង​ទាំង​អស់​គ្នា​«​រួប​រួម​គ្នា​ហាក់​ដូច​ជា​បុគ្គល​តែ​មួយ​»។ (​កូឡ. ៣:១១; កាឡ. ៣:២៨​) ពេល​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ទាំង​អស់​ដោយ​គោរព ហើយ​លើក​កិត្ដិយស​ពួក​គេ ទោះ​ជា​ពួក​គេ​មាន​ពូជ​សាសន៍​ឬ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។—រ៉ូម ២:១១ w​១៧.០៨ ទំ. ២១ វ. ១; ទំ. ២២ វ. ៣​-​៤

ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា

ព្រះ​យេហូវ៉ា​ទ្រង់​រង់​ចាំ។—អេ. ៣០:១៨

អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ លោក​ផ្ទាល់​ក៏​ពេញ​ចិត្ត​ធ្វើ​ដែរ។ លោក​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​បំផុត​ស្តី​អំពី​ការ​សុខ​ចិត្ត​រង់​ចាំ។ (​២ពេ. ៣:៩​) ជា​ឧទាហរណ៍ រាប់​ពាន់​ឆ្នាំ​មុន​នៅ​ក្នុង​សួន​អេដែន សាថាន​បាន​ចោទ​ប្រកាន់​ថា​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌។ ព្រះ​យេហូវ៉ា​«​រង់​ចាំ​»​ដោយ​អត់​ធ្មត់​នូវ​ពេល​ដែល​នាម​របស់​លោក​នឹង​បាន​បរិសុទ្ធ​យ៉ាង​ពេញ​លេញ។ ជា​លទ្ធផល ពួក​អ្នក​ដែល​«​រង់​ចាំ​ទ្រង់​»​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ។ (​អេ. ៣០:១៨​) លោក​យេស៊ូ​ក៏​បាន​សុខ​ចិត្ត​រង់​ចាំ​ដែរ។ ពេល​លោក​នៅ​ផែន​ដី លោក​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ នៅ​ឆ្នាំ​៣៣ គ.ស. លោក​បាន​ប្រគល់​តម្លៃ​នៃ​គ្រឿង​បូជា​របស់​លោក​ជូន​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ លោក​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩១៤ ដើម្បី​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច។ (​សកម្ម. ២:៣៣​-​៣៥; ហេ. ១០:១២, ១៣​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​យេស៊ូ​នៅ​តែ​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ចុង​បំផុត​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក មុន​ដែល​សត្រូវ​ទាំង​អស់​របស់​លោក​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​១កូ. ១៥:២៥​) ប៉ុន្តែ ពរ​ដែល​នឹង​មក​ដល់​នឹង​មិន​ធ្វើ​ឲ្យ​លោក​ស្ដាយ​ក្រោយ​ចំពោះ​ការ​រង់​ចាំ​របស់​លោក​ទេ។ w​១៧.០៨ ទំ. ៧​-​៨ វ. ១៦​-​១៧

ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា

ព្រះ . . . សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង។—២កូ. ១:៣, ៤

បង​ស្រី​ស៊ូស៊ី​បាន​និយាយ​ថា​៖ ​«​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​កូន​ប្រុស​របស់​យើង​បាន​ស្លាប់ យើង​ឈឺ​ចាប់​យ៉ាង​ខ្លាំង​»។ ក្រោយ​ពី​ប្រពន្ធ​របស់​បង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ គាត់​បាន​និយាយ​ថា​គាត់​បាន​ពិសោធ​នូវ​«​ការ​ឈឺ​ចាប់​ខាង​រូប​កាយ​ដែល​មិន​អាច​រៀប​រាប់​បាន​»។ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​នាក់​បាន​រង​នូវ​ការ​ឈឺ​ចាប់​បែប​នេះ។ នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ បង​ប្អូន​ជា​ច្រើន​នាក់​មិន​បាន​រំពឹង​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​ស្លាប់​មុន​សង្គ្រាម​ហាម៉ាគេដូន​ទេ។ អ្នក​ប្រហែល​ជា​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ឬ​ប្រហែល​ជា​អ្នក​ស្គាល់​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​កើត​ទុក្ខ។ បើ​ដូច្នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​តាម​របៀប​ណា​បុគ្គល​ដែល​កំពុង​កើត​ទុក្ខ​អាច​ទទួល​ការ​សម្រាល​ទុក្ខ?›។ មនុស្ស​ខ្លះ​និយាយ​ថា​ពេល​វេលា​អាច​ព្យាបាល​របួស​ទាំង​អស់។ ប៉ុន្តែ តើ​តែង​តែ​ដូច្នេះ​ឬ​ទេ? ស្ត្រី​មេ​ម៉ាយ​ម្នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​គឺ​ត្រឹម​ត្រូវ​ជាង​បើ​និយាយ​ថា​របៀប​ដែល​បុគ្គល​ម្នាក់​ប្រើ​ពេល​វេលា​របស់​គាត់ អាច​ជួយ​គាត់​ឲ្យ​ជា​ឡើង​វិញ​»។ មែន​ហើយ របួស​រូប​កាយ​ត្រូវ​ការ​ពេល​វេលា​និង​ការ​ថែ​រក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជា។ ស្រដៀង​គ្នា​ដែរ ដើម្បី​ព្យាបាល​របួស​ផ្លូវ​ចិត្ត នោះ​ក៏​ត្រូវ​ការ​ពេល​វេលា​និង​ការ​ថែ​រក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែរ។ w​១៧.០៧ ទំ. ៩​-​១០ វ. ១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា

ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត។—ទំនុក. ៣៧:៤

តើ​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​គម្រោង​អ្វី? ដើម្បី​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ អ្នក​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​បែប​នេះ។ (​ទំនុក. ១២៨:១; ម៉ាថ. ៥:៣​) សត្វ​ចេះ​តែ​ស៊ី ផឹក និង​បង្កើត​កូន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀប​គម្រោង​សម្រាប់​ជីវិត​ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល​និង​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ អ្នក​បង្កើត​របស់​អ្នក​គឺ​ជា​«​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​»​និង​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ហើយ​លោក​បាន​បង្កើត​មនុស្ស​«​ឲ្យ​មាន​ភាព​ដូច​»​លោក។ (​២កូ. ១៣:១១; ១ធី. ១:១១; លោ. ១:២៦​) ពេល​អ្នក​យក​តម្រាប់​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​អ្នក​នឹង​សប្បាយ​រីក​រាយ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) តើ​អ្នក​បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត​ឬ​ទេ? បទ​គម្ពីរ​នេះ​បញ្ជាក់​អំពី​ការ​ពិត​មួយ​នៃ​ជីវិត។ ដូច្នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រៀប​គម្រោង​សម្រាប់​អនាគត​ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​និង​ចំពោះ​លោក។—ម៉ាថ. ២២:៣៦​-​៣៩ w​១៧.០៧ ទំ. ២២ វ. ៣

ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា

ព្រះ​យេហូវ៉ា . . . ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។—ទំនុក. ៨៤:១១

ព្រះ​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​ភាព​ថ្លៃ​ថ្នូរ។ លោក​ថែ​រក្សា​យើង​យ៉ាង​ល្អ​ប្រសើរ​ជាង​យើង​អាច​ថែ​រក្សា​ខ្លួន​ឯង។ ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​ទាំង​អស់​របស់​លោក​ជា​ក្រុម។ ប៉ុន្តែ លោក​ក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ម្នាក់​ៗ​ដែរ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​បុរាណ។ អស់​រយៈ​ពេល​ប្រហែល​ជា​៣០០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ប្រើ​ពួក​ចៅហ្វាយ​ដើម្បី​ណែនាំ​ប្រជា​ជាតិ​របស់​លោក ហើយ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​ទទួល​ជ័យ​ជម្នះ​លើ​សត្រូវ​របស់​ពួក​គេ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​នៅ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ។ រូថ​គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ។ គាត់​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ ហើយ​គាត់​បាន​លះ​ចោល​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​បាន​ផ្ដល់​រង្វាន់​ឲ្យ​គាត់​ដោយ​ឲ្យ​គាត់​នូវ​ប្ដី​ម្នាក់​និង​កូន​ប្រុស​មួយ។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត មេស្ស៊ី​បាន​លេច​មក​តាម​រយៈ​វង្ស​ត្រកូល​របស់​កូន​ប្រុស​រូថ។ ព្រះ​យេហូវ៉ា​ក៏​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក​ក្នុង​គម្ពីរ​នូវ​បទ​ពិសោធន៍​របស់​រូថ ក្នុងសៀវភៅ​មួយ​ដែល​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គាត់។ តើ​អ្នក​គិត​ថា​រូថ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​គាត់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដឹង​អំពី​អ្វី​ៗ​ទាំង​នេះ?—រស់. ៤:១៣; ម៉ាថ. ១:៥, ១៦ w​១៧.០៦ ទំ. ២៣ វ. ៨​-​៩

ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា

សកម្មពល​បរិសុទ្ធ​របស់​ព្រះ . . . នឹង . . . ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់។—យ៉ូន. ១៤:២៦

នៅ​ឆ្នាំ​១៩៧០ បង​ប្រុស​ភីធើ​មាន​អាយុ​១៩​ឆ្នាំ ហើយ​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​នា​ប្រទេស​អង់គ្លេស។ ពេល​បង​ភីធើ​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គាត់​បាន​ជួប​បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​មាន​ពុក​ចង្កា។ បង​ភីធើ​បាន​សួរ​បុរស​នោះ​ថា​តើ​គាត់​ចង់​យល់​គម្ពីរ​ឬ​ទេ? បុរស​នោះ​គឺ​ជា​អ្នក​បង្រៀន​ម្នាក់​ខាង​សាសនា​យូដា ហើយ​គាត់​ភ្ញាក់​ផ្អើល​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​បាន​គិត​ថា​ខ្លួន​អាច​បង្រៀន​គម្ពីរ​ដល់​គាត់។ ដើម្បី​សាកល្បង​បង​ភីធើ អ្នក​បង្រៀន​សាសនា​នោះ​បាន​សួរ​ថា​៖ ​«​អ៊ីចឹង សុំ​សួរ​ប្អូន​មួយ តើ​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​អ្វី?​»។ បង​ភីធើ​បាន​ឆ្លើយ​ថា​៖ ​«​ផ្នែក​មួយ​នៃ​សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម​»។ បង​ភីធើ​ចាំ​ថា​៖ ​«​អ្នក​បង្រៀន​សាសនា​យូដា​នោះ​បាន​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​ដឹង​ចម្លើយ។ ប៉ុន្តែ ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គាត់​ទៅ​ទៀត! ហេតុ​អ្វី​ខ្ញុំ​ដឹង​ចម្លើយ? ពេល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​រក​មើល​ឡើង​វិញ​នូវ​ខែ​មុន​ៗ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ខ្ញុំ​បាន​ឃើញ​ថា​មាន​អត្ថបទ​មួយ​ដែល​ពន្យល់​ថា​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម​»។ មែន​ហើយ សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ចាំ​អំពី​ព័ត៌មាន​ដែល​យើង​បាន​អាន។—លូក. ១២:១១, ១២; ២១:១៣​-​១៥ w​១៧.០៦ ទំ. ១៣​-​១៤ វ. ១៧

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា

អ្នក​ដែល​រៀប​ការ​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត។—១កូ. ៧:២៨

សូម​គិត​ផង​ដែរ​អំពី​អារម្មណ៍​របស់​ប្ដី​ប្រពន្ធ​ពេល​ដែល​ពួក​គេ​ដឹង​ថា​ពួក​គេ​នឹង​មាន​កូន។ ទោះ​ជា​ពួក​គេ​ប្រហែល​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ក៏​ដោយ តាម​ធម្មតា​ពួក​គេ​ក៏​ខ្វល់​ចិត្ត​ដែរ។ ពួក​គេ​ប្រហែល​ជា​ចង់​ដឹង​ថា​ក្នុង​អំឡុង​ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ​តើ​នាង​នឹង​មាន​សុខភាព​ល្អ​ឬ​យ៉ាង​ណា ហើយ​ពួក​គេ​ក៏​ប្រហែល​ជា​បារម្ភ​អំពី​សុខភាព​របស់​កូន​ដែរ។ ពួក​គេ​ក៏​ដឹង​ដែរ​ថា​ពួក​គេ​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​មុន។ ក្រោយ​កូន​កើត​មក ប្ដី​ប្រពន្ធ​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត។ ម្ដាយ​ប្រហែល​ជា​ចំណាយ​ពេល​ភាគ​ច្រើន​របស់​ខ្លួន​ក្នុង​ការ​មើល​ថែ​កូន។ ដូច្នេះ ប្ដី​ប្រពន្ធ​ប្រហែល​ជា​មិន​អាច​ផ្ចង់​អារម្មណ៍​ច្រើន​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ឪ​ពុក​ក៏​នឹង​មាន​ភារកិច្ច​កាន់​តែ​ច្រើន​ដែរ។ គាត់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រពន្ធ​និង​កូន​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ គូ​អាពាហ៍​ពិពាហ៍​ខ្លះ​មាន​ការ​លំបាក​ផ្សេង​ទៀត។ ពួក​គេ​ចង់​បាន​កូន​យ៉ាង​ខ្លាំង តែ​ពួក​គេ​មិន​អាច​មាន​កូន​បាន​ទេ។ ពេល​ប្រពន្ធ​មិន​អាច​មាន​ផ្ទៃ​ពោះ គាត់​ប្រហែល​ជា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ w​១៧.០៦ ទំ. ៣ វ. ១; ទំ. ៤ វ. ៥​-​៦

ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​ឧសភា

ព្រះ​បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្ដាត​ទូល​បង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល​បង្គំ​ទៅ​ទៀត!—ទំនុក. ១១៩:១០៣

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ស្រឡាញ់​សេចក្ដី​ពិត។ យើង​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ប្រាប់​បិតា​របស់​លោក​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូន. ១៧:១៧​) ដើម្បី​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ យើង​ត្រូវ​ដឹង​អំពី​អ្វី​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​កូឡ. ១:១០​) ប៉ុន្តែ យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​អ្នក​តែង​ទំនុក​តម្កើង ទំនុក​ទី​១១៩ ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ (​ទំនុក. ១១៩:៩៧​-​១០០​) ច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ពិចារណា​ឬ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ។ កាល​ដែល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​សេចក្ដី​ពិត​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង យើង​នឹង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​នោះ​ខ្លាំង​ឡើង​ៗ។ ម្យ៉ាង​ទៀត សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​អង្គ​ការ​របស់​ព្រះ​បាន​រៀប​ចំ​គឺ​ប្រៀប​ដូច​ជា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ ពេល​យើង​បរិភោគ​អាហារ​លឿន​ពេក​ដោយ​លេប​ចូល​តែ​ម្ដង នោះ​យើង​នឹង​មិន​ដឹង​រស​ជាតិ ហើយ​ក៏​មិន​ដឹង​ថា​ឆ្ងាញ់​ដែរ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​គម្ពីរ យើង​មិន​ចង់​ប្រញាប់​ប្រញាល់​នោះ​ទេ។ យ៉ាង​នេះ យើង​ពិត​ជា​នឹង​មានអំណរ​ចំពោះ​«​ពាក្យ​ពីរោះ​»​ដែល​ជា​ពាក្យ​ដ៏​ពិត ហើយ​យើង​នឹង​ស្រួល​ចាំ​ជាង​នូវ​អ្វី​ដែល​យើង​អាន ហើយ​ប្រើ​អ្វី​ដែល​យើង​បាន​អាន​នោះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។—សាស្ដ. ១២:១០ w​១៧.០៥ ទំ. ១៨ វ. ១១​-​១២

ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា

ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។—១កូ. ១៤:២៥

យើង​ចង់​ជួយ​មនុស្ស​ដែល​រង​ទុក្ខ​លំបាក សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ក្ដី។ (​លូក. ១០:៣៣​-​៣៧​) វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មនុស្ស​គឺ​បង្រៀន​ដំណឹង​ល្អ​ដល់​ពួក​គេ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ជួយ​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​បាន​និយាយ​ថា គឺ​ជា​ការ​សំខាន់​ដែល​ប្រាប់​ពួក​គេ​ភ្លាម​ៗ​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ មុន​ដំបូង យើង​គួរ​ប្រាប់​ពួក​គេ​ថា​យើង​ទៅ​ទី​នោះ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​មាន​ក្នុង​គម្ពីរ ជា​ជាង​ផ្ដល់​ជំនួយ​ខាង​សំ​ភារៈ។ ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​«​ពួក​អ្នក​ប្រទេស​ដទៃ​»​ នេះ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ (​ទំនុក. ១៤៦:៩​) បង​ស្រី​ម្នាក់​របស់​យើង​បាន​រៀប​រាប់​ថា ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​រត់​ភៀស​ខ្លួន​ពី​ការ​បៀត​បៀន​នៅ​ប្រទេស​អេរីត្រេ។ កូន​បួន​នាក់​របស់​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​វាល​ខ្សាច់​អស់​៨​ថ្ងៃ។ ក្រោយ​ពី​ពួក​គេ​ធ្វើ​ដំណើរ​អស់​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​បាន​មក​ដល់​ប្រទេស​ស៊ូដង់។ គាត់​បាន​និយាយ​ថា​៖ ​«​បង​ប្អូន​នៅ​ទី​នោះ​បាន​ប្រព្រឹត្ត​ទៅ​លើ​កូន​របស់​ខ្ញុំ​ដូច​ជា​សាច់​ញាតិ​ជិត​ស្និទ្ធ ដោយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ ហើយ​បង​ប្អូន​ក៏​បាន​ជូន​ពួក​គេ​ទៅ​កន្លែង​ដែល​ពួក​គេ​ត្រូវ​ទៅ​ដែរ។ គ្មាន​អ្នក​ណា​ទៀត​ដែល​នឹង​ទទួល​ស្វាគមន៍​អ្នក​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់​ឲ្យ​មក​ផ្ទះ​របស់​ពួក​គេ​ដោយ​សារ​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​ដូច​គ្នា​ទេ។ គឺ​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ!​»។—យ៉ូន. ១៣:៣៥ w​១៧.០៥ ទំ. ៨ វ. ១៧, ១៩​-​២០

ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា

ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​អញ​ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ។—យ៉ូប ៤២:៨

អស់​ជា​ច្រើន​ឆ្នាំ​មុន បុរស​បី​នាក់​បាន​ទៅ​និយាយ​ជា​មួយ​នឹង​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ស្មោះ​ដ៏​ត្រង់​របស់​ព្រះ។ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ គឺ​អេលីផាស​ដែល​ជា​ជន​ជាតិ​ថេម៉ាន គាត់​បាន​សួរ​យ៉ូប​នូវ​សំណួរ​ខ្លះ​ៗ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គាត់​បាន​សួរ​ថា​៖ ​«​តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ? ឯ​មនុស្ស​ប្រាជ្ញ​គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្ដី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ឬ​អី? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ?​»។ (​យ៉ូប ២២:១​-​៣​) អេលីផាស​បាន​គិត​ថា​ចម្លើយ​ច្បាស់​ជា​មិន​មែន​ទេ។ ប៊ីលដាឌ​ដែល​ជា​ជន​ជាតិ​ស៊ូ​អា​ជា​បុរស​ម្នាក់​ទៀត​ក្នុង​ចំណោម​បុរស​ទាំង​នោះ គាត់​បាន​និយាយ​ថា​ព្រះ​មិន​អាច​ចាត់​ទុក​មនុស្ស​ថា​សុចរិត​បាន​ឡើយ។ (​យ៉ូប ២៥:៤​) អេលីផាស​និង​ប៊ីលដាឌ​បាន​ព្យាយាម​ធ្វើ​ឲ្យ​យ៉ូប​គិត​ថា​ការ​ខំ​ប្រឹង​របស់​គាត់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ឥត​ប្រយោជន៍។ បុរស​ទាំង​នោះ​ចង់​ឲ្យ​យ៉ូប​ជឿ​ថា​ចំពោះ​ព្រះ​យើង​មិន​មាន​តម្លៃ​ជាង​សត្វ​ដង្កូវ​ទេ។ (​យ៉ូប ៤:១៩; ២៥:៦​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេលីផាស ប៊ីលដាឌ និង​សូផារ​ដែល​ជា​បុរស​ទី៣​ថា ពួក​គេ​បាន​និយាយ​កុហក។ រួច​មក​ព្រះ​បាន​និយាយ​ថា​លោក​ពេញ​ចិត្ត​ចំពោះ​យ៉ូប ហើយ​បាន​ហៅ​គាត់​ថា​«​អ្នក​បំរើ​អញ​»។ (​យ៉ូប ៤២:៧​) ដូច្នេះ យើង​អាច​ដឹង​ប្រាកដ​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​«​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​»។ w​១៧.០៤ ទំ. ២៧​-​២៨ វ. ១​-​២

ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា

[​គេ​]នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ។—ទំនុក. ៣៧:១១

ពី​ព្រោះ​យើង​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​អស់​ជា​យូរ​ណាស់​មក​ហើយ យើង​ប្រហែល​ជា​មិន​សម្គាល់​ថា​ស្ថានភាព​អាក្រក់​នោះ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ខ្លាំង​យ៉ាង​ណា​ឡើយ។ ជា​ឧទាហរណ៍ មនុស្ស​ដែល​រស់​នៅ​ជិត​បេន​ឡាន​ក្រុង​ប្រហែល​ជា​លែង​សម្គាល់​សំឡេង​ឡូឡា​ដែល​មក​ពី​ទី​នោះ​ទៀត។ ម្យ៉ាង​ទៀត អ្នក​ដែល​រស់​នៅ​ជិត​កន្លែង​ចាក់​សំរាម​ប្រហែល​ជា​លែង​ដឹង​ក្លិន​ស្អុយ​ដែល​មក​ពី​ទី​នោះ​ទៀត។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ស្ថានភាព​អាក្រក់​ទាំង​អស់ យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល! តើ​អ្វី​នឹង​ជំនួស​ការ​តាន​តឹង​ចិត្ត​ទាំង​អស់​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ? សូម​កត់​សម្គាល់​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បទ​គម្ពីរ​សម្រាប់​ថ្ងៃ​នេះ។ ការ​ដឹង​ថា​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ធ្វើ​សម្រាប់​យើង ពិត​ជា​ជួយ​សម្រាល​ទុក្ខ​យើង​មែន! ក្នុង​គ្រា​ដែល​តាន​តឹង​ចិត្ត​នេះ សូម​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក។ សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​អនាគត​គឺ​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​សូម​រំពឹង​គិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​សង្ឃឹម​នេះ ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ពិត​ជា​ជឿ​ជាក់​លើ​សេចក្ដី​សង្ឃឹម​នេះ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នេះ។ (​១ធី. ៤:១៥, ១៦; ១ពេ. ៣:១៥​) ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​ប្រាកដ​ថា​ពេល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់ អ្នក​នឹង​រួច​ជីវិត ហើយ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ជា​រៀង​រហូត! w​១៧.០៤ ទំ. ១៤ វ. ១៦​-​១៧

ថ្ងៃ​សុក្រ ទី​៣១ ខែ​ឧសភា

យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ។—យ៉ា. ៣:២

យើង​ស្រួល​ទទួល​ស្គាល់​ចំណុច​នេះ។ ប៉ុន្តែ​តើ​យើង​នឹង​ធ្វើ​អ្វី ពេល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បង​ប្អូន​ណា​ម្នាក់​ប៉ះ​ពាល់​ដល់​យើង? តើ​យើង​នឹង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​យុត្ដិធម៌​ឬ​ទេ? ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា បើ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​និយាយ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​លម្អៀង? ចុះ​យ៉ាង​ណា បើ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​និយាយ​អ្វី​មួយ​ដោយ​មិន​គិត ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ឬ​ទើស​ចិត្ត តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​បញ្ហា​នោះ​នាំ​ឲ្យ​អ្នក​ជំពប់​ដួល​ឬ​ទេ? ជា​ជាង​សន្និដ្ឋាន​ភ្លាម​ៗ​ថា​បង​ប្រុស​នោះ​មិន​សម​ធ្វើ​ជា​អ្នក​ចាស់​ទុំ តើ​អ្នក​នឹង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដើម្បី​ឲ្យ​លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​នោះ តើ​អ្នក​នឹង​ចាំ​អំពី​កិច្ច​បម្រើ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​របស់​បង​ប្រុស​នោះ​ឬ​ទេ? បើ​បង​ប្អូន​ប្រុស​ណា​ម្នាក់​ដែល​បាន​ធ្វើ​ខុស​ចំពោះ​អ្នក បន្ត​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ទទួល​ភារកិច្ច​ថែម​ទៀត តើ​អ្នក​នឹង​អរ​សប្បាយ​ចំពោះ​គាត់​ឬ​ទេ? បើ​អ្នក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់ អ្នក​បង្ហាញ​ថា​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​យុត្ដិធម៌។—ម៉ាថ. ៦:១៤, ១៥ w​១៧.០៤ ទំ. ២៦ វ. ១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក