បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៥៧-៦៧
  • ខែមិថុនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមិថុនា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​សៅរ៍ ទី​១ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​៤ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​៥ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​៨ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​១១ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​១២ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​១៨ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​២២ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​២៦ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៥៧-៦៧

ខែ​មិថុនា

ថ្ងៃ​សៅរ៍ ទី​១ ខែ​មិថុនា

ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។—១យ៉ូន. ៤:១៦

ព្រះ​យេហូវ៉ា​កែ​តម្រង់ អប់រំ និង​បង្ហាត់​បង្រៀន​យើង ដោយ​សារ​លោក​ស្រឡាញ់​យើង។ លោក​ចង់​ឲ្យ​យើង​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​លោក ហើយ​រស់​ជា​រៀង​រហូត។ ពេល​ខ្លះ​ការ​ប្រៀន​ប្រដៅ​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ឱវាទ។ បើ​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គាត់​នឹង​លែង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ សូម្បី​តែ​នៅ​ពេល​នោះ​ក៏​ដោយ ការ​ប្រៀន​ប្រដៅ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​គាត់។ ជា​ឧទាហរណ៍ នេះ​អាច​ជួយ​គាត់​ឲ្យ​យល់​ថា​ការ​សិក្សា​គម្ពីរ ការ​រំពឹង​គិត និង​ការ​អធិដ្ឋាន​គឺ​សំខាន់​ណាស់។ ការ​ធ្វើ​អ្វី​ទាំង​នេះ អាច​ជួយ​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ទំនុក. ១៩:៧​) កាល​ដែល​ពេល​វេលា​កន្លង​ទៅ គាត់​ប្រហែល​ជា​នឹង​ទទួល​ឡើង​វិញ​នូវ​ភារកិច្ច​ឬ​ឯកសិទ្ធិ​ដែល​គាត់​ធ្លាប់​មាន។ សូម្បី​តែ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព នេះ​ក៏​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែរ ដោយ​សារ​នេះ​ការ​ពារ​ក្រុម​ជំនុំ​ពី​ឥទ្ធិពល​អាក្រក់។ (​១កូ. ៥:៦, ៧, ១១​) ម្យ៉ាង​ទៀត ដោយ​សារ​ការ​ប្រដៅ​ពី​ព្រះ​តែង​តែ​យុត្ដិធម៌ នេះ​ជួយ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឲ្យ​យល់​ថា​អំពើ​ខុស​ឆ្គង​របស់​គាត់​គឺ​ធ្ងន់​ធ្ងរ ហើយ​នេះ​អាច​ធ្វើ​ឲ្យ​គាត់​ប្រែ​ចិត្ត។—សកម្ម. ៣:១៩ w​១៨.០៣ ទំ. ២២​-​២៣ វ. ៥​-​៦

ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា

គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម។—សកម្ម. ១៦:៣៣

អ្នក​យាម​គុក​មិន​ស្គាល់​បណ្ដាំ​របស់​ព្រះ​ទេ។ ដូច្នេះ​ដើម្បី​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​ត្រូវ​រៀន​សេចក្ដី​ពិត​បឋម​ៗ​ពី​គម្ពីរ យល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​អ្នក​បម្រើ​របស់​លោក ហើយ​គាត់​ត្រូវ​មាន​ចិត្ត​ចង់​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។ អ្វី​ដែល​គាត់​បាន​រៀន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ (​សកម្ម. ១៦:២៥​-​៣៣​) គាត់​ច្បាស់​ជា​បាន​បន្ត​រៀន​ថែម​ទៀត​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ ពេល​កូន​ប្រាប់​អ្នក​ថា​កូន​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​កូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​ស្ដាប់​បង្គាប់​លោក តើ​អ្នក​អាច​ធ្វើ​អ្វី? អ្នក​ប្រហែល​ជា​នឹង​ឲ្យ​គាត់​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ដើម្បី​ពួក​គាត់​អាច​សម្រេច​ចិត្ត​ថា​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​នឹង​បន្ត​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​របស់​គាត់ ថែម​ទាំង​ជា​រៀង​រហូត។—រ៉ូម ១១:៣៣, ៣៤ w​១៨.០៣ ទំ. ១១ វ. ៨​-​៩

ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មិថុនា

[​ចូរ​]មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត​យេស៊ូ។—រ៉ូម ១៥:៥

ពេល​យើង​ខំ​ព្យាយាម​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ សកម្មពល​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​យើង។ បន្ដិច​ម្ដង​ៗ យើង​អាច​រៀន​ឲ្យ​ចេះ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ​គ្រិស្ត។ សកម្មពល​បរិសុទ្ធ​អាច​ជួយ​ឲ្យ​យើង​បំបាត់​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ហើយ​មាន​គុណ​សម្បត្ដិ​ដែល​ព្រះ​ពេញ​ចិត្ត។ បើ​យើង​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ត នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន ទៅ​លើ​ពាក្យ​សម្ដី​របស់​យើង និង​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​យើង។ ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​បង្ហាញ​ថា យើង​កំពុង​ព្យាយាម​យក​តម្រាប់​គ្រិស្ត។ ដោយ​សារ​យើង​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ ពេល​ដែល​យើង​មាន​បំណង​ចិត្ត​ចង់​ធ្វើ​ខុស ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​បំណង​ចិត្ត​នោះ។ មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ យើង​នឹង​សួរ​ខ្លួន​យើង​ថា ‹តើ​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​អាច​ជួយ​ខ្ញុំ? បើ​លោក​យេស៊ូ​គ្រិស្ត​ស្ថិត​ក្នុង​ស្ថានភាព​នេះ តើ​លោក​នឹង​ធ្វើ​អ្វី? តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?›។ w​១៨.០២ ទំ. ២៦ វ. ១២, ១៤

ថ្ងៃ​អង្គារ ទី​៤ ខែ​មិថុនា

[​ព្រះ​យេហូវ៉ា​]គាប់​ព្រះ​ហឫទ័យ​នឹង​លោក​ណូអេ។—ក​ណ. [​លោ.​] ៦:៨, ​«​ខ.ស.​»​

នៅ​សម័យ​អេណុក​ដែល​ជា​ជីតា​ទួត​របស់​ណូអេ មនុស្ស​គឺ​អាក្រក់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ។ ពួក​គេ​និយាយ​អ្វី​«​ដ៏​គួរ​ខ្ពើម​រអើម​»​អំពី​ព្រះ​យេហូវ៉ា។ (​យូ. ១៤, ១៥​) ក្រោយ​មក​ពិភព​លោក​បាន​កាន់​តែ​អាក្រក់​ទៅ​ៗ។ នៅ​សម័យ​ណូអេ ផែន​ដី​«​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​»។ ទេវតា​អាក្រក់​បាន​មក​ផែន​ដី បាន​កាឡា​ខ្លួន​ជា​មនុស្ស ហើយ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី។ កូន​ប្រុស​ៗ​របស់​ពួក​គេ​គឺ​កាច​សាហាវ​ណាស់។ (​លោ. ៦:២​-​៤, ១១, ១២​) ប៉ុន្តែ ណូអេ​គឺ​ខុស​ពី​គេ។ ខុស​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​គាត់ គាត់​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ណូអេ​«​ដើរ​ជា​មួយ​នឹង​ព្រះ​»។ (​លោ. ៦:៩​) តើ​ពាក្យ​ទាំង​នេះ​បញ្ជាក់​យ៉ាង​ណា​អំពី​ណូអេ? ទី១ សូម​គិត​អំពី​រយៈ​ពេល​ដែល​ណូអេ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នោះ​មុន​ទឹក​ជំនន់​បាន​មក​ដល់។ គាត់​មិន​បាន​បម្រើ​ព្រះ​សម្រាប់​តែ​៧០​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​បម្រើ​លោក​ជិត​៦០០​ឆ្នាំ! (​លោ. ៧:១១​) ទី២ សូម​ចាំ​ថា​គាត់​មិន​មាន​ក្រុម​ជំនុំ​ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​គាត់​ដូច​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ តាម​មើល​ទៅ សូម្បី​តែ​បង​ប្អូន​បង្កើត​របស់​គាត់​ក៏​មិន​បាន​គាំ​ទ្រ​គាត់​ដែរ។ w​១៨.០២ ទំ. ៤ វ. ៤​-​៥

ថ្ងៃ​ពុធ ទី​៥ ខែ​មិថុនា

មនុស្ស​នឹង . . . ស្រឡាញ់​ប្រាក់។—២ធី. ៣:២

មនុស្ស​ដែល​ស្រឡាញ់​លុយ​មិន​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ទេ។ គាត់​តែង​តែ​ចង់​បាន​ថែម​ទៀត ហើយ​ប្រើ​ជីវិត​ដើម្បី​តែ​រក​លុយ​ប៉ុណ្ណោះ។ នេះ​នាំ​ឲ្យ​គាត់​មាន​«​ទុក្ខ​វេទនា​ជា​ច្រើន​»។ (​១ធី. ៦:៩, ១០; សាស្ដ. ៥:១០​) យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​លុយ។ លុយ​អាច​ជួយ​ការ​ពារ​យើង​ខ្លះ​ៗ។ (​សាស្ដ. ៧:១២​) ប៉ុន្តែ តើ​យើង​អាច​មាន​ជីវិត​សប្បាយ​ឬ​ទេ បើ​យើង​គ្រាន់​តែ​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​តែ​អ្វី​ដែល​យើង​ត្រូវ​ការ​ប៉ុណ្ណោះ? មែន យើង​អាច​មាន​ជីវិត​សប្បាយ​បាន! (​សាស្ដ. ៥:១២​) អេគើរ​ដែល​ជា​កូន​ប្រុស​យ៉ាកេ​បាន​សរសេរ​ថា​៖ ​«​សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ។ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល​បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ​»។ យើង​ស្រួល​យល់​អំពី​មូលហេតុ​ដែល​បុរស​នេះ​មិន​ចង់​ទៅ​ជា​អ្នក​ក្រ។ គាត់​បាន​និយាយ​ថា​គាត់​មិន​ចង់​នៅ​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​គាត់​ចង់​លួច​ពី​អ្នក​ឯ​ទៀត​ទេ ដោយ​សារ​ការ​លួច​នឹង​នាំ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិយស។ ប៉ុន្តែ ហេតុ​អ្វី​គាត់​មិន​ចង់​ទៅ​ជា​អ្នក​មាន? គាត់​បាន​សរសេរ​ថា​៖ ​«​ក្រែង​ទូល​បង្គំ​បាន​ឆ្អែត ហើយ​បោះ​បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា‹ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎?›​»។ (​សុភ. ៣០:៨, ៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។—ម៉ាថ. ៦:២៤ w​១៨.០១ ទំ. ២៤ វ. ៩​-​១១

ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មិថុនា

បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត។—ម៉ាថ. ១៨:៣៥

យើង​អាច​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ដោយ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​អាច​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ដើម្បី​បង្ហាញ​ថា​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​គឺ​សំខាន់ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​អំពី​ស្តេច​និង​ខ្ញុំ​បម្រើ។ សូម​អាន​ម៉ាថាយ ១៨:២៣​-​៣៤ ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​នេះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ឬ​ទេ? តើ​ខ្ញុំ​បង្ហាញ​ចិត្ត​អត់​ធ្មត់ ហើយ​ព្យាយាម​យល់​អារម្មណ៍​របស់​បង​ប្អូន​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ឬ​ទេ?›។ ពិត​មែន​ថា​អំពើ​ខុស​ឆ្គង​ខ្លះ​គឺ​ធ្ងន់​ធ្ងរ​ជាង​អំពើ​ខុស​ឆ្គង​ឯ​ទៀត ហើយ​អំពើ​ខុស​ឆ្គង​ខ្លះ​គឺ​ពិបាក​ឲ្យ​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អភ័យ​ទោស​ឲ្យ ប៉ុន្តែ​ឧទាហរណ៍​របស់​លោក​យេស៊ូ បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​យើង​បើ​យើង​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់។ ដើម្បី​ការ​ពារ​និង​រក្សា​សាមគ្គី​ភាព​ដ៏​វិសេស​របស់​យើង យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដូច​លោក​យេស៊ូ​បាន​បង្រៀន​យើង។ w​១៨.០១ ទំ. ១៣ វ. ១២

ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា

បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ​រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ។—ដាន. ៦:៧

ទោះ​ជា​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​គាត់​ក្ដី ដានីយ៉ែល​បាន​បន្ត​អធិដ្ឋាន​នៅ​កន្លែង​ដែល​មនុស្ស​អាច​ឃើញ​គាត់ ដោយ​សារ​គាត់​មិន​ចង់​ឲ្យ​មនុស្ស​គិត​ថា​គាត់​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដានីយ៉ែល​ដោយ​សារ​ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​នេះ​ដែល​បង្ហាញ​អំពី​ភក្ដី​ភាព​របស់​គាត់។ លោក​បាន​ធ្វើ​អព្ភូតហេតុ ដោយ​សង្គ្រោះ​ដានីយ៉ែល​ពី​សត្វ​តោ។ ជា​លទ្ធផល បណ្ដា​ជន​ទូ​ទាំង​ចក្រភព​មេឌី​និង​ពើស៊ី​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា! (​ដាន. ៦:២៥​-​២៧​) តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​ដានីយ៉ែល? ដើម្បី​មាន​ជំនឿ​មាំ​មួន ការ​អាន​បណ្ដាំ​របស់​ព្រះ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​ត្រូវ​យល់​អ្វី​ដែល​យើង​អាន​ដែរ។ (​ម៉ាថ. ១៣:២៣​) យើង​ចង់​ដឹង​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ ដូច្នេះ យើង​ត្រូវ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​អាន។ ការ​អធិដ្ឋាន​ជា​រឿយ​ៗ​ក៏​សំខាន់​ណាស់​ដែរ ជា​ពិសេស​ពេល​យើង​មាន​បញ្ហា។ យើង​អាច​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​ដោយ​ចិត្ត​ទូលាយ​នូវ​ប្រាជ្ញា​និង​កម្លាំង​ដែល​យើង​អធិដ្ឋាន​សុំ​ពី​លោក។—យ៉ា. ១:៥ w​១៨.០២ ទំ. ១២​-​១៣ វ. ១៣​-​១៥

ថ្ងៃ​សៅរ៍ ទី​៨ ខែ​មិថុនា

សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ។—ទំនុក. ៣៤:៨

ទោះ​ជា​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ទៅ​ជា​អ្នក​បម្រើ​ព្រះ​ពេល​នៅ​វ័យ​ក្មេង​ក៏​ដោយ អ្នក​ក៏​អាច​ទទួល​គុណធម៌​ពី​ព្រះ​យេហូវ៉ា​ពេល​ដែល​លោក​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន​ដើម្បី​និយាយ​អំពី​ជំនឿ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​នៅ​សាលា។ គឺ​មិន​តែង​តែ​ស្រួល​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​រួម​ថ្នាក់​ទេ។ ប្រហែល​ជា​អ្នក​ខ្វល់​អំពី​ប្រតិកម្ម​របស់​ពួក​គេ។ ជា​ពិសេស អ្នក​ប្រហែល​ជា​ពិបាក​ពន្យល់​អំពី​ជំនឿ​របស់​អ្នក​នៅ​មុខ​មនុស្ស​មួយ​ក្រុម​ធំ។ តើ​អ្វី​អាច​ជួយ​អ្នក? សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ជឿ​ជាក់​ថា​អ្វី​ដែល​អ្នក​ជឿ​គឺ​ជា​សេចក្ដី​ពិត។ សូម​ប្រើ​ជំនួយ​សិក្សា​យ៉ាង​ពេញ​លេញ​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​jw.org/km។ ជំនួយ​សិក្សា​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​គិត​អំពី​ជំនឿ​របស់​អ្នក មូលហេតុ​ដែល​អ្នក​មាន​ជំនឿ​នោះ ហើយ​របៀប​ដែល​អ្នក​អាច​ពន្យល់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ ពេល​អ្នក​ពិត​ជា​ជឿ​ជាក់ ហើយ​បាន​រៀប​ចំ​យ៉ាង​ល្អ អ្នក​នឹង​ចង់​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា។—យេ. ២០:៨, ៩ w​១៧.១២ ទំ. ២៤​-​២៥ វ. ១២, ១៤​-​១៥

ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា

ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់។—២ធី. ៣:១៤

ការ​បង្រៀន​កូន​អំពី​ព្រឹត្ដិការណ៍​និង​បុគ្គល​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ សូម​ចាំ​ថា​ធីម៉ូថេ​ក៏​«​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​ដែរ។ ឃ្លា​ភាសា​ក្រិច​ដែល​ប៉ូល​បាន​ប្រើ​នៅ​ទី​នេះ មាន​ន័យ​ថា​«​បាន​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​មួយ​ជា​ការ​ពិត​»។ ធីម៉ូថេ​បាន​ស្គាល់​បទ​គម្ពីរ​ភាសា​ហេប្រឺ‹តាំង​ពី​គាត់​ជា​ទារក​នៅ​ឡើយ› ពោល​គឺ​តាំង​ពី​គាត់​នៅ​ក្មេង​ខ្ចី។ ក្រោយ​មក គាត់​បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​មាន​ជំនឿ​ដូច​ធីម៉ូថេ ដើម្បី​ពួក​គេ​ក៏​នឹង​«​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​ដែរ? ដំបូង សូម​មាន​ចិត្ត​អត់​ធ្មត់។ ដើម្បី​មាន​ជំនឿ​រឹង​មាំ​គឺ​ត្រូវ​ការ​ពេល។ ម្យ៉ាង​ទៀត ទោះ​ជា​អ្នក​មាន​ជំនឿ​លើ​អ្វី​មួយ​ក្ដី នេះ​មិន​មាន​ន័យ​ថា​កូន​របស់​អ្នក​នឹង​ជឿ​ដូច​អ្នក​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ។ កូន​ម្នាក់​ៗ​ត្រូវ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​ពួក​គេ ដើម្បី​មាន​ជំនឿ​លើ​គម្ពីរ។ (​រ៉ូម ១២:១​) ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ អ្នក​អាច​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​កូន​ៗ​ឲ្យ​ពង្រឹង​ជំនឿ​របស់​ពួក​គេ ជា​ពិសេស​ពេល​ដែល​ពួក​គេ​សួរ​សំណួរ។ w​១៧.១២ ទំ. ១៦​-​១៧ វ. ៣, ៥​-​៦

ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា

ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូន. ១១:២៤

ម៉ាថា​ដែល​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ​និង​ជា​អ្នក​កាន់​តាម​លោក បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ឡាសា​ដែល​ជា​ប្អូន​ប្រុស​របស់​នាង​បាន​ស្លាប់។ តើ​មាន​អ្វី​អាច​សម្រាល​ទុក្ខ​នាង​ឬ​ទេ? ពិត​ជា​មាន។ លោក​យេស៊ូ​បាន​សន្យា​នឹង​នាង​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ (​យ៉ូន. ១១:២០​-​២៣​) ម៉ាថា​ជឿ​ជាក់​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​អនាគត។ ប៉ុន្តែ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ លោក​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ យើង​មិន​មាន​ហេតុ​រំពឹង​ថា​លោក​យេស៊ូ ឬ​បិតា​របស់​លោក​នឹង​ប្រោស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ឥឡូវ​នេះ​ទេ។ ប៉ុន្តែ​ដូច​ម៉ាថា តើ​អ្នក​ជឿ​ជាក់​ថា​នឹង​មាន​ការ​ប្រោស​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត​ឬ​ទេ? ប្រហែល​ជា​អ្នក​បាន​បាត់​បង់​ឪ​ពុក​ឬ​ម្ដាយ ប្ដី​ឬ​ប្រពន្ធ តា​ឬ​យាយ ឬ​កូន​ជា​ទី​ស្រឡាញ់​របស់​អ្នក។ អ្នក​រំភើប​ចិត្ត​ជា​ខ្លាំង​ពេល​គិត​អំពី​ពេល​ដែល​អ្នក​អាច​ឱប និយាយ និង​សើច​សប្បាយ​ជា​មួយ​នឹង​បុគ្គល​ជា​ទី​ស្រឡាញ់​នោះ។ គួរ​ឲ្យ​សប្បាយ​ចិត្ត​ណាស់ ដូច​ម៉ាថា​យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​និយាយ​ថា ‹ខ្ញុំ​ដឹង​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។ ប៉ុន្តែ គឺ​ជា​ការ​ល្អ​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់​ៗ​គិត​អំពី​មូលហេតុ​ដែល​យើង​មាន​ទំនុក​ចិត្ត​នេះ។ w​១៧.១២ ទំ. ៣​-​៤ វ. ១​-​២

ថ្ងៃ​អង្គារ ទី​១១ ខែ​មិថុនា

ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ។—ទំនុក. ៤០:៨

លោក​យេស៊ូ​ស្រឡាញ់​ច្បាប់​ម៉ូសេ។ នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​ច្បាប់​នោះ​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក និង​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​យេស៊ូ។ ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​លោក​យេស៊ូ​មាន​ចំពោះ​ច្បាប់​ព្រះ។ លោក​យេស៊ូ​បាន​បង្ហាញ​ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​ថា ច្បាប់​របស់​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ មាន​ប្រយោជន៍។ លោក​ក៏​បាន​បង្ហាញ​ថា​អ្វី​ៗ​ដែល​ចែង​ក្នុង​ច្បាប់​នោះ​នឹង​កើត​ឡើង​ជា​មិន​ខាន។ (​ម៉ាថ. ៥:១៧​-​១៩​) លោក​យេស៊ូ​ច្បាស់​ជា​ឈឺ​ចិត្ត​ពេល​ដែល​លោក​ឃើញ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​យក​ច្បាប់​របស់​បិតា​លោក​មក​អនុវត្ត តាម​របៀប​មិន​ត្រឹម​ត្រូវ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មនុស្ស​គិត​ថា​ច្បាប់​នោះ​គឺ​មិន​សម​ហេតុ​ផល។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ឲ្យ​មួយ​ភាគ​ដប់​នៃ​ជី​អង្កាម ឌីល និង​ខាមិន​»។ នេះ​មាន​ន័យ​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ចំណុច​តូច​បំផុត​ក្នុង​ច្បាប់។ បើ​ដូច្នេះ ហេតុ​អ្វី​នេះ​ជា​បញ្ហា? លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​ប៉ុន្តែ[​ពួក​អ្នក​]មិន​អើពើ​ចំពោះ​គោល​ការណ៍​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់ គឺ​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​ស្មោះ​ត្រង់​»។ (​ម៉ាថ. ២៣:២៣​) ពួក​ផារិស៊ី​មិន​បាន​យល់​អត្ថន័យ​នៃ​ច្បាប់​ព្រះ​ទេ ហើយ​បានគិត​ថា​ពួក​គេ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ ប៉ុន្តែ លោក​យេស៊ូ​បាន​យល់​អំពី​គំនិត​និង​ខ្លឹម​សារ​នៃ​ច្បាប់​នោះ ហើយ​យល់​អ្វី​ដែល​បញ្ញត្ដិ​នីមួយ​ៗ​បង្រៀន​អំពី​ព្រះ​យេហូវ៉ា។ w​១៧.១១ ទំ. ១៥​-​១៦ វ. ១​-​២

ថ្ងៃ​ពុធ ទី​១២ ខែ​មិថុនា

នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឲ្យ​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។—១ថែ. ៤:៣

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា ​«​ហេតុ​អ្វី​ត្រូវ​តឹងរ៉ឹង​ម្ល៉េះ? គ្រាន់​តែ​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​ទៅ​បាន​ហើយ​»។ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​ហាម​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​១ថែ. ៤:៤​-​៨​) ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ដាក់​ច្បាប់​សម្រាប់​យើង​ដោយ​សារ​លោក​បាន​បង្កើត​យើង។ លោក​បាន​មាន​ប្រសាសន៍​ថា​មាន​តែ​បុរស​និង​ស្ត្រី​ដែល​បាន​រៀប​ការ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ដែល​អាច​រួម​ដំណេក​ជា​មួយ​គ្នា​បាន។ ព្រះ​យេហូវ៉ា​ផ្ដល់​ច្បាប់​ឲ្យ​យើង​ដោយ​សារ​លោក​ស្រឡាញ់​យើង។ លោក​ដឹង​ថា​បើ​យើង​ធ្វើ​តាម​ច្បាប់​ទាំង​នោះ យើង​នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ជាង។ ក្រុម​គ្រួសារ​ដែល​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នឹង​មាន​សេចក្ដី​សុខ មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​គ្នា ហើយ​កាន់​តែ​ចេះ​គោរព​គ្នា។ ប៉ុន្តែ​ព្រះ​នឹង​ដាក់​ទោស​ចំពោះ​អ្នក​ដែល​ស្គាល់​ច្បាប់​របស់​លោក តែ​មិន​ធ្វើ​តាម។ (​ហេ. ១៣:៤​) គម្ពីរ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​មើល។ (​ម៉ាថ. ៥:២៨, ២៩​) ដូច្នេះ យើង​ត្រូវ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​និង​ការ​ស្ដាប់​បទ​ចម្រៀង​អំពី​អំពើ​ប្រាស​ចាក​សីលធម៌។—អេភ. ៥:៣​-​៥ w​១៧.១១ ទំ. ២៣​-​២៤ វ. ៩​-​១០

ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា

ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ។—ទំនុក. ១៤៧:១

តាំង​ពី​សម័យ​បុរាណ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​លេង​ភ្លេង​ដើម្បី​សរសើរ​លោក។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ការ​ច្រៀង​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ពេល​ដាវីឌ​បាន​រៀប​ចំ​សម្រាប់​ការ​សាង​សង់​វិហារ គាត់​បាន​ចាត់​ពួក​លេវី​៤.០០០​នាក់​ឲ្យ​ប្រគុំ​ភ្លេង​និង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​«​អ្នក​ដែល​ប្រសប់​»​ចំនួន​២៨៨​នាក់ ដែល​«​បាន​ហាត់​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​»។ (​១រប. ២៣:៥; ២៥:៧​) បទ​ភ្លេង​និង​ការ​ច្រៀង​ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ពិធី​សម្ពោធ​វិហារ​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ​នឹង​ពួក​ចំ​រៀង​គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១​ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា . . . សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​នៅ​ពេញ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​»។ នោះ​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មែន!—២រប. ៥:១៣, ១៤; ៧:៦ w​១៧.១១ ទំ. ៤ វ. ៤​-​៥

ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា

កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​មក​ឯ​ផែន​ដី​ឡើយ។ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ។—ម៉ាថ. ១០:៣៤

លោក​យេស៊ូ​បាន​ដឹង​ថា​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លោក​ទេ។ លោក​ក៏​ដឹង​ដែរ​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​ការ​ចិត្ត​ក្លាហាន ដោយ​សារ​មនុស្ស​ខ្លះ​នឹង​ប្រឆាំង​ពួក​គេ។ គោល​បំណង​របស់​លោក​យេស៊ូ​គឺ​ដើម្បី​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ដល់​មនុស្ស មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គេ​បែក​បាក់​គ្នា​នោះ​ទេ។ (​យ៉ូន. ១៨:៣៧​) ប៉ុន្តែ អ្នក​កាន់​តាម​លោក​ត្រូវ​ដឹង​ថា នឹង​មិន​តែង​តែ​ស្រួល​ឲ្យ​ពួក​គេ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​ទេ ជា​ពិសេស​បើ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​មិន​ទទួល​យក​សេចក្ដី​ពិត។ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​យេស៊ូ អ្នក​កាន់​តាម​លោក​បាន​ស៊ូ​ទ្រាំ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​សើច​ចំអក​ឲ្យ​ពួក​គេ ឬ​ថែម​ទាំង​កាត់​កាល់​ពួក​គេ​ទៀត​ផង។ ប៉ុន្តែ ពួក​គេ​បាន​ទទួល​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​បាន​បាត់​បង់​ឆ្ងាយ​ណាស់។ (​ម៉ាក. ១០:២៩, ៣០​) យើង​នៅ​តែ​ស្រឡាញ់​សាច់​ញាតិ​របស់យើង ទោះ​ជា​ពួក​គេ​ប្រឆាំង​យើង​ដោយ​សារ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្ដី។ ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​និង​គ្រិស្ត​ត្រូវ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នក​ឯ​ទៀត។ (​ម៉ាថ. ១០:៣៧​) យើង​ក៏​ត្រូវ​ដឹង​ថា​សាថាន​អាច​ប្រើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​ឲ្យ​យើង​លែង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ w​១៧.១០ ទំ. ១០ វ. ៣​-​៦

ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា

ទេវតា . . . សង្កត់[​អំពើ​អាក្រក់​]ចុះ​ទៅ​ក្នុង​រង្វាល់​ព្រម​ទាំង​ដាក់​ដុំ​សំណ​នោះ គ្រប​នៅ​មាត់​រង្វាល់​ផង។—សាក. ៥:៨

អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ណា​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក​ឡើយ។ បើ​ព្រះ​យេហូវ៉ា​ឃើញ​អំពើ​អាក្រក់​ណា​មួយ លោក​នឹង​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ដក​អំពើ​អាក្រក់​នោះ​ចេញ។ (​១កូ. ៥:១៣​) យើង​អាច​ឃើញ​ចំណុច​នេះ ពេល​ដែល​ទេវតា​នោះ​បាន​យក​គម្រប​ដ៏​ធ្ងន់​មក​បិទ​កញ្ឆេ​ភ្លាម​ៗ។ ដូច្នេះ អ្វី​នេះ​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​បាន​ធានា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​សម័យ​សាការី​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​លោក​ស្អាត​ស្អំ​ជា​និច្ច។ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​ក៏​បាន​រំលឹក​ជន​ជាតិ​យូដា​ថា ពួក​គេ​ក៏​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​បរិសុទ្ធ​ជា​និច្ច។ អំពើ​អាក្រក់​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ទេ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​ឲ្យ​ចូល​ក្នុង​អង្គ​ការ​ដ៏​ស្អាត​ស្អំ​របស់​លោក ដែល​ជា​កន្លែង​ដែល​យើង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​ការ​ពារ​ពី​លោក។ យើង​ម្នាក់​ៗ​មាន​ភារកិច្ច​ជួយ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​អង្គ​ការ​នេះ។ អំពើ​អាក្រក់​មិន​ត្រូវ​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ w​១៧.១០ ទំ. ១៩ វ. ១៤​-​១៥; ទំ. ២០ វ. ១៧​-​១៨

ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា

ទូល​បង្គំ . . . ស្រឡាញ់​ដល់​ក្រិត្យ​វិន័យ​ទ្រង់។—ទំនុក. ១១៩:១៦៣

សៀវភៅ​៣៩​ក្បាល​ដំបូង​ក្នុង​គម្ពីរ បាន​ត្រូវ​សរសេរ​ដោយ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​ជាតិ​យូដា។ នៅ​ដំបូង ​«​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​បាន​ត្រូវ​ផ្ញើ​ទុក​»​នឹង​ពួក​គេ។ (​រ៉ូម ៣:១, ២​) ពួក​គេ​បាន​សរសេរ​សៀវភៅ​ទាំង​នោះ​នៅ​ដើម​ដំបូង​ជា​ភាសា​ហេប្រឺ ឬ​ជា​ភាសា​អារ៉ាម។ ប៉ុន្តែ​នៅ​សតវត្សរ៍​ទី៣ មុន​គ.ស. ជន​ជាតិ​យូដា​ជា​ច្រើន​លែង​យល់​ភាសា​ហេប្រឺ​ទៀត។ ហេតុ​អ្វី? ពេល​អាឡិច​សេន​ដឺ​ដ៏​ខ្លាំង​ក្លា​បាន​ច្បាំង​ឈ្នះ​កន្លែង​ជា​ច្រើន​ក្នុង​ពិភព​លោក នោះ​ចក្រភព​ក្រិច​កាន់​តែ​ធំ​ឡើង​ៗ។ ជា​លទ្ធផល នៅ​តំបន់​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​ក្រិច ភាសា​ក្រិច​បាន​ទៅ​ជា​ភាសា​ដែល​គេ​និយាយ​ជា​ទូ​ទៅ ហើយ​មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​និយាយ​ភាសា​ក្រិច​ជា​ជាង​ភាសា​កំណើត​របស់​ពួក​គេ។ (​ដាន. ៨:៥​-​៧, ២០, ២១​) នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​ជា​ច្រើន​ផង​ដែរ ដូច្នេះ​ពួក​គេ​ពិបាក​យល់​គម្ពីរ​ជា​ភាសា​ហេប្រឺ។ តើ​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​តាម​របៀប​ណា? គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច។ សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន​ភាសា​ក្រិច។ ប្រហែល​ជា​នេះ​គឺ​ជា​សេចក្ដី​បក​ប្រែ​ដំបូង​ដែល​បាន​ត្រូវ​សរសេរ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​មូល។ w​១៧.០៩ ទំ. ១៧​-​១៨ វ. ៧​-​៩

ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា

ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ។—ហេ. ១៣:៥

ប្រហែល​ជា​ចៅហ្វាយ​របស់​អ្នក សុំ​អ្នក​ជា​រឿយ​ៗ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ចំ​ថ្ងៃ​ដែល​អ្នក​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ កិច្ច​ប្រជុំ ឬ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ អ្នក​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​បដិសេធ​ចៅហ្វាយ​របស់​អ្នក ហើយ​ដើម្បី​ទុក​គំរូ​ល្អ​ឲ្យ​កូន។ យើង​ក៏​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ជួយ​កូន​យើង​ឲ្យ​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែរ។ ឪ​ពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង បម្រើ​នៅ​បេតអែល ឬ​ជួយ​កិច្ច​ការ​សាង​សង់​សាល​ប្រជុំ​និង​សាល​សន្និបាត។ ប្រហែល​ជា​ពួក​គេ​បារម្ភ​ថា​កូន​ៗ​មិន​អាច​ថែ​ទាំ​ពួក​គេ​ពេល​ពួក​គេ​មាន​វ័យ​ចាស់។ ប៉ុន្តែ ឪ​ពុក​ម្ដាយ​ដែល​ឈ្លាស​វៃ បង្ហាញ​ចិត្ត​ក្លាហាន​និង​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ពាក្យ​សន្យារបស់​លោក។ (​ទំនុក. ៣៧:២៥​) ឪ​ពុក​ម្ដាយ​ដែល​បង្ហាញ​ចិត្ត​ក្លាហាន​និង​ដែល​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។—១សាំ. ១:២៧, ២៨; ២ធី. ៣:១៤, ១៥ w​១៧.០៩ ទំ. ៣០​-​៣១ វ. ១៤​-​១៥

ថ្ងៃ​អង្គារ ទី​១៨ ខែ​មិថុនា

ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​គឺ . . . ការ​ចេះ​ទប់​ចិត្ត។—កាឡ. ៥:២២, ២៣

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ចេះ​ទប់​ចិត្ត? ឪ​ពុក​ម្ដាយ​ដឹង​ថា​កូន​ៗ​មិន​មាន​គុណ​សម្បត្ដិ​នេះ​តាំង​ពី​កំណើត​នោះ​ទេ។ ដូច្នេះ ពួក​គេ​ត្រូវ​បង្រៀន​កូន​ៗ​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​តាម​គំរូ​របស់​ពួក​គេ​ផ្ទាល់។ (​អេភ. ៦:៤​) បើ​អ្នក​ឃើញ​ថា​កូន​ៗ​របស់​អ្នក​មិន​ចេះ​ទប់​ចិត្ត សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ​ឬ​ទេ?›។ អ្នក​អាច​ទុក​គំរូ​ល្អ​ដោយ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទៅ​កិច្ច​ប្រជុំ និង​ក្នុង​ការ​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​ចាំ​បាច់ កុំ​ខ្លាច​បដិសេធ​សំណូម​ពរ​របស់​កូន​ៗ​ឡើយ! ព្រះ​យេហូវ៉ា​បាន​ដាក់​កម្រិត​ឲ្យ​អាដាម​និង​អេវ៉ា។ កម្រិត​ទាំង​នោះ​អាច​ជួយ​ពួក​គេ​រៀន​ឲ្យ​ចេះ​គោរព​សិទ្ធិ​អំណាច​របស់​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ ពេល​ឪ​ពុក​ម្ដាយ​ប្រៀន​ប្រដៅ​កូន​ៗ​និង​ទុក​គំរូ​ល្អ​ឲ្យ​ពួក​គេ នេះ​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ទប់​ចិត្ត។ សេចក្ដី​ស្រឡាញ់​ចំពោះ​អំណាច​របស់​ព្រះ​និង​ការ​គោរព​ចំពោះ​ខ្នាត​តម្រា​របស់​លោក​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​ដែល​អ្នក​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​មាន។—សុភ. ១:៥, ៧, ៨ w​១៧.០៩ ទំ. ៨ វ. ១៧

ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា

កុំ​ឲ្យ​រូប​កាយ​មាន​ការ​បែក​បាក់​គ្នា តែ​ដើម្បី​ឲ្យ​អវយវៈ​នីមួយ​ៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—១កូ. ១២:២៥

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ទុក្ខ​លំបាក​រហូត​ដល់​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន។ ការ​គ្មាន​ការ​ងារ​ធ្វើ ជំងឺ​ធ្ងន់​ធ្ងរ ការ​បៀត​បៀន មហន្តរាយ​ធម្មជាតិ ការ​បាត់​បង់​ទ្រព្យ​សម្បត្ដិ​ដោយ​សារ​បទ​ឧក្រិដ្ឋ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត​អាច​មាន​ឥទ្ធិពល​លើ​យើង​ទាំង​អស់​គ្នា។ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​ពេល​មាន​ទុក្ខ​លំបាក យើង​ត្រូវ​មាន​សេចក្ដី​មេត្ដា​ករុណា​ពិត​ប្រាកដ។ សេចក្ដី​អាណិត​មេត្ដា​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សប្បុរស។ (​អេភ. ៤:៣២​) គុណ​សម្បត្ដិ​ទាំង​នេះ​ជា​ផ្នែក​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​នឹង​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​និង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។ (​២កូ. ១:៣, ៤​) តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​កាន់​តែ​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែល​បាន​រើ​ពី​ប្រទេស​ផ្សេង​ឬ​ដែល​ជា​អ្នក​ក្រ? យើង​ចង់​ទទួល​ស្វាគមន៍​ពួក​គេ ធ្វើ​ជា​មិត្ត​ភក្ដិ​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​យើង​ត្រូវ​ការ​ពួក​គេ​ក្នុង​ក្រុម​ជំនុំ។ (​១កូ. ១២:២២​) ម្យ៉ាង​ទៀត សាក្សី​ជា​ច្រើន​នាក់​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ជន​អន្ដោប្រវេសន៍ ហើយ​ព្យាយាម​រៀន​ភាសា​របស់​ពួក​គេ។ (​១កូ. ៩:២៣​) ការ​ខំ​ប្រឹង​របស់​សាក្សី​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ w​១៧.០៨ ទំ. ២៣ វ. ៧​-​៩

ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា

ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់។—បរិ. ៣:២៤

ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ឲ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ពោល​គឺ​សុខ​ចិត្ត​រង់​ចាំ។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? យើង​ត្រូវ​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ សូម​ចាំ​ថា ចិត្ត​អត់​ធ្មត់​គឺ​ជា​ផ្នែក​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​អេភ. ៣:១៦; ៦:១៨; ១ថែ. ៥:១៧​-​១៩​) ដូច្នេះ ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់! សូម​ចាំ​ដែរ​អំពី​អ្វី​ដែល​បាន​ជួយ​អាប្រាហាំ យ៉ូសែប និង​ដាវីឌ​ឲ្យ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច គឺ​ជំនឿ​និង​ទំនុក​ចិត្ត​របស់​ពួក​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា។ ពួក​គាត់​មិន​បាន​គិត​តែ​អំពី​ខ្លួន​ឯង​និង​អំពី​អ្វី​ដែល​ពួក​គាត់​ចង់​ធ្វើ​ប៉ុណ្ណោះ​ទេ។ ពេល​យើង​គិត​អំពី​លទ្ធផល​ដ៏​ល្អ​ដែល​ពួក​គាត់​បាន​ទទួល យើង​ក៏​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដែរ។ ដូច្នេះ ទោះ​ជា​យើង​ប្រហែល​ជា​រង​ទុក្ខ​លំបាក​ក្ដី យើង​តាំង​ចិត្ត​«​សង្ឃឹម​»​ឬ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។ ជួន​កាល យើង​ប្រហែល​ជា​សួរ​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់[​យេហូវ៉ា​]អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ?​»។ (​អេ. ៦:១១​) ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ យើង​អាច​យក​តម្រាប់​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ពេល​គាត់​និយាយ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ w​១៧.០៨ ទំ. ៨ វ. ១៨​-​២០

ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា

ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។—ទំនុក. ៤០:៨

ពេល​លោក​យេស៊ូ​នៅ​ក្មេង លោក​ច្បាស់​ជា​បាន​លេង​សប្បាយ​ដូច​ក្មេង​ៗ​ឯ​ទៀត។ ដូច​បណ្ដាំ​របស់​ព្រះ​ចែង​ថា មាន​«​ពេល​សើច​»​និង​«​ពេល​សំ​រាប់​លោត​កញ្ឆេង​»។ (​សាស្ដ. ៣:៤​) លោក​យេស៊ូ​ក៏​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​បទ​គម្ពីរ។ ពេល​លោក​មាន​អាយុ​១២​ឆ្នាំ ពួក​គ្រូ​នៅ​វិហារ​បាន‹នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​លោក›។ (​លូក. ២:៤២, ៤៦, ៤៧​) ពេល​លោក​យេស៊ូ​ជា​មនុស្ស​ពេញ​វ័យ ការ​ធ្វើ​អ្វី​ដែល​ព្រះ​បាន​សុំ​លោក​ឲ្យ​ធ្វើ​បាន​នាំ​ឲ្យ​លោក​សប្បាយ​រីក​រាយ។ ជា​ឧទាហរណ៍ ព្រះ​ចង់​ឲ្យ​លោក​«​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ​»​និង​«​ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ​»។ (​លូក. ៤:១៨​) លោក​យេស៊ូ​ចូល​ចិត្ត​បង្រៀន​មនុស្ស​អំពី​បិតា​របស់​លោក។ (​លូក. ១០:២១​) នៅ​ពេល​មួយ ក្រោយ​ពី​លោក​យេស៊ូ​បាន​សន្ទនា​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត លោក​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។ (​យ៉ូន. ៤:៣១​-​៣៤​) ដោយ​សារ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ឯ​ទៀត នេះ​នាំ​ឲ្យ​លោក​សប្បាយ​ចិត្ត។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​ក៏​នឹង​សប្បាយ​រីក​រាយ​ដែរ។ w​១៧.០៧ ទំ. ២២ វ. ៤​-​៥

ថ្ងៃ​សៅរ៍ ទី​២២ ខែ​មិថុនា

សេចក្ដី​សុខ​សាន្ត​របស់​ព្រះ . . . នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ។—ភី. ៤:៧

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដូច​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក។ (​យ៉ូន. ៥:១៩​) ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​សម្រាល​ទុក្ខ​«​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​»​និង​«​អស់​អ្នក​ណា​ដែល​សោយ​សោក​»។ (​អេ. ៦១:១, ២; លូក. ៤:១៧​-​២១​) មនុស្ស​បាន​ដឹង​ថា​លោក​យេស៊ូ​យល់​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​និង​ពិត​ជា​ចង់​ជួយ​ពួក​គេ។ (​ហេ. ២:១៧​) គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​យេស៊ូ​មិន​បាន​ប្រែ​ប្រួល​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​លោក​យេស៊ូ​គ្រិស្ត​គឺ​នៅ​ដដែល ម្សិលមិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត​ត​ទៅ​»។ (​ហេ. ១៣:៨​) លោក​បាន​ត្រូវ​ហៅ​ថា​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»​ដោយ​សារ​លោក​បើក​ឱកាស​ឲ្យ​យើង​រស់​ជា​រៀង​រហូត។ លោក​យេស៊ូ​ក៏​ធ្លាប់​កើត​ទុក្ខ ដូច្នេះ​លោក​«​ក៏​អាច​ចូល​មក​ជួយ​ពួក​អ្នក​ដែល​កំពុង​ទទួល​ការ​ល្បង​ល​ដែរ​»។ (​សកម្ម. ៣:១៥; ហេ. ២:១០, ១៨​) លោក​យេស៊ូ​នៅ​តែ​ក្ដួល​អាណិត​ពេល​ដែល​លោក​ឃើញ​អ្នក​ឯ​ទៀត​រង​ការ​ឈឺ​ចាប់។ លោក​យល់​អំពី​ទុក្ខ​សោក​របស់​ពួក​គេ ហើយ​លោក​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ពួក​គេ‹នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ›។—ហេ. ៤:១៥, ១៦ w​១៧.០៧ ទំ. ១០​-​១១ វ. ៦​-​៧, ១០

ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មិថុនា

ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។—លូក. ១២:៣៤

ការ​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យ​វិសេស​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ណាស់​ចំពោះ​យើង។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​សាថាន​និង​ពិភព​លោក​របស់​វា​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រព្យ​វិសេស​ទាំង​នោះ​រសាយ​ទៅ​ឡើយ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន អ្វី​ៗ​ដូច​ជា​ឱកាស​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន ការ​ចង់​អួត​សម្ញែង​អំពី​ទ្រព្យ​សម្បត្ដិ ឬ​ការ​ចង់​ក្លាយ​ជា​អ្នក​មាន​អាច​បង្វែរ​អារម្មណ៍​របស់​យើង។ សាវ័ក​យ៉ូហាន​រំលឹក​យើង​ថា​មិន​យូរ​ទៀត​ពិភព​លោក​នេះ​និង​អ្វី​ៗ​ទាំង​អស់​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​នឹង​សាប​សូន្យ​ទៅ។ (​១យ៉ូន. ២:១៥​-​១៧​) នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​បន្ត​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ទ្រព្យ​វិសេស​របស់​យើង​ដែល​មក​ពី​ព្រះ ហើយ​ការ​ពារ​ទ្រព្យ​វិសេស​ទាំង​នោះ។ ចូរ​សុខ​ចិត្ត​លះ​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​រាជាណាចក្រ​ព្រះ​រសាយ​ទៅ។ ចូរ​តាំង​ចិត្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​កុំ​ឲ្យ​បាត់​បង់​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​កិច្ច​បម្រើ​ផ្សាយ។ ចូរ​បន្ត​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​កាន់​តែ​ច្រើន​នូវ‹ទ្រព្យ​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ចោរ​មិន​អាច​ទៅ​ជិត ហើយ​សត្វ​ល្អិត​មិន​ស៊ី​បំផ្លាញ​ទេ›។—លូក. ១២:៣៣ w​១៧.០៦ ទំ. ១៤ វ. ១៩​-​២០

ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា

មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​អង្គ​ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត!—ទំន. ៨៤:១១, ​«​ខ.ស.​»​ [​ទំនុក. ៨៤:១០​]

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​មែន​ដោយ​គ្មាន​មេត្ដា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​មាន​សេរី​ភាព​និង​អំណរ។ (​២កូ. ៣:១៧​) ដាវីឌ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឯ​សេចក្ដី​រុង​រឿង ហើយ​សិរី​លំអ​នោះ​នៅ​ចំពោះ​ទ្រង់ ឥទ្ធានុភាព​នឹង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់​»។ (​១រប. ១៦:៧, ២៧​) អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​ឈ្មោះ​អេថាន​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង​រីក​រាយ​នោះ។ ឱ​ព្រះ​យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ដ្រ​ទ្រង់។ គេ​មាន​ចិត្ត​រីក​រាយ​ដោយ​ព្រះ​នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ដំ​កើង​ឡើង​ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់​»។ (​ទំនុក. ៨៩:១៥, ១៦​) កាល​ដែល​យើង​រំពឹង​គិត​កាន់​តែ​ច្រើន​ទៅ​លើ​គុណធម៌​របស់​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ជឿ​ជាក់​ថា​ការ​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង ដូច្នេះ​លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ។ អ្វី​ដែល​លោក​ឲ្យ​យើង​គឺ​ច្រើន​ជាង​អ្វី​ដែល​យើង​ត្រូវ​ការ។ អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ទោះ​ជា​យើង​ត្រូវ​ធ្វើ​ការ​លះ​បង់​ខ្លះ​ក៏​ដោយ បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​នឹង​សប្បាយ​រីក​រាយ​ជា​និច្ច។—អេ. ៤៨:១៧ w​១៧.០៦ ទំ. ២៣​-​២៤ វ. ១០​-​១១

ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា

សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត។—សុភ. ១៣:១២

សូម​ពិចារណា​អំពី​គំរូ​របស់​បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស។ គាត់​ចង់​មាន​កូន​តាំង​ពី​គាត់​នៅ​ក្មេង។ ពេល​គាត់​ដឹង​ថា​គាត់​មិន​អាច​មាន​កូន​បាន គាត់​ឈឺ​ចិត្ត​ជា​ខ្លាំង។ ក្រោយ​មក គាត់​និង​ប្ដី​របស់​គាត់​បាន​សម្រេច​ចិត្ត​យក​កូន​អ្នក​ឯ​ទៀត​មក​ចិញ្ចឹម។ ប៉ុន្តែ គាត់​នៅ​តែ​ឈឺ​ចិត្ត​អស់​មួយ​រយៈ​ពេល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ដឹង​ថា​ការ​យក​កូន​អ្នក​ឯ​ទៀត​មក​ចិញ្ចឹម​ច្បាស់​ជា​មិន​ដូច​គ្នា​នឹង​ការ​បង្កើត​កូន​របស់​ខ្លួន​ទេ​»។ គម្ពីរ​ចែង​ថា​៖ ​«​ការ​បង្កើត​កូន​នឹង​រក្សា​ការ​ពារ​»​ស្ត្រី។ (​១ធី. ២:១៥​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​គាត់​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​សារ​គាត់​មាន​កូន​ឡើយ។ ដូច្នេះ តើ​ខ​គម្ពីរ​នេះ​ចង់​មាន​ន័យ​យ៉ាង​ណា? តាម​ធម្មតា ម្ដាយ​ជាប់​រវល់​ក្នុង​ការ​មើល​ថែ​កូន​និង​ផ្ទះ​សម្បែង​របស់​គាត់ ហើយ​នេះ​អាច​ជួយ​គាត់​ឲ្យ​ជៀស​វាង​ពី​អ្វី​មួយ​ចំនួន​ដូច​ជា ការ​និយាយ​ដើម​អ្នក​ឯ​ទៀត ឬ​ការ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​គាត់។—១ធី. ៥:១៣ w​១៧.០៦ ទំ. ៤​-​៥ វ. ៦​-​៨

ថ្ងៃ​ពុធ ទី​២៦ ខែ​មិថុនា

តើ​លោក​បាន​បន្ថែម​អ្វី​ដល់[​ព្រះ​] ឬ​ទ្រង់​ទទួល​អ្វី​ពី​ដៃ​លោក?—យ៉ូប ៣៥:៧

តើ​អេលីហ៊ូវ​កំពុង​និយាយ​ថា​ការ​ខំ​ព្យាយាម​របស់​យើង​ដើម្បី​បម្រើ​ព្រះ​គឺ​ឥត​ប្រយោជន៍​ឬ​ទេ? មិន​មែន​ទេ។ អេលីហ៊ូវ​ចង់​និយាយ​ថា​ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​ទេ។ ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​អ្វី​ទេ ហើយ​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ គ្មាន​អ្វី​ទាល់​តែ​សោះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​លោក​ស្តុកស្តម្ភ​ជាង ឬ​ខ្លាំង​ក្លា​ជាង​ឡើយ។ តាម​ពិត គុណ​សម្បត្ដិ​ឬ​សមត្ថភាព​ណា​ក៏​ដោយ​ដែល​យើង​មាន​គឺ​មក​ពី​ព្រះ ហើយ​លោក​កត់​សម្គាល់​របៀប​ដែល​យើង​ប្រើ​គុណ​សម្បត្ដិ​ឬ​សមត្ថភាព​នោះ។ ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា លោក​ចាត់​ទុក​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ គឺ​ដូច​ដែល​យើង​បាន​ធ្វើ​ចំពោះ​លោក​ផ្ទាល់។ សុភាសិត ១៩:១៧​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ​»។ ព្រះ​យេហូវ៉ា​ពិត​ជា​កត់​សម្គាល់​រាល់​ដង ពេល​ដែល​យើង​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​សកល​លោក​ក៏​ដោយ លោក​មិន​ត្រឹម​តែ​កត់​សម្គាល់​អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ចាត់​ទុក​ថា​ទង្វើ​នោះ​ជា​អ្វី​ដែល​លោក​បាន​ខ្ចី​ពី​យើង ហើយ​លោក​នឹង​សង​យើង​វិញ​ដោយ​ឲ្យ​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន។ លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​ដែរ។—លូក. ១៤:១៣, ១៤ w​១៧.០៤ ទំ. ២៨ វ. ៣​-​៤

ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មិថុនា

អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ។—ទំនុក. ១:២

តើ​អ្វី​ទៀត​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ? យើង​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់​ដោយ​សារ​នៅ​ទី​នោះ​យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។ ការ​សិក្សា​គម្ពីរ​ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម​ជា​រៀង​រាល់​សប្ដាហ៍​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​ទទួល​ការ​បង្ហាត់​បង្រៀន។ បើ​យើង​ចង់​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កិច្ច​ប្រជុំ​នោះ យើង​ត្រូវ​រៀប​ចំ​ទុក​ជា​មុន។ ជា​ឧទាហរណ៍ យើង​អាច​បើក​មើល​បទ​គម្ពីរ​នីមួយ​ៗ​ដែល​មិន​បាន​ត្រូវ​ដក​ស្រង់។ សព្វ​ថ្ងៃ​នេះ យើង​ងាយ​ស្រួល​អាន​ឬ​ថត​ចម្លង​ទស្សនាវដ្ដី​ប៉ម​យាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​សារ​ទស្សនាវដ្ដី​នេះ​មាន​ជា​ច្រើន​ភាសា​តាម​គេហទំព័រ​jw.org និង​តាម​កម្ម​វិធី JW​បណ្ណាល័យ។ ឯកសារ​អេឡិចត្រូនិក​ខ្លះ​បាន​ត្រូវ​រៀប​ចំ​ឲ្យ​យើង​អាច​ឃើញ​ភ្លាម​ៗ​នូវ​បទ​គម្ពីរ​ដែល​មិន​បាន​ត្រូវ​ដក​ស្រង់។ ទោះ​ជា​យើង​ប្រើ​វិធី​ណា​ក៏​ដោយ​ដើម្បី​សិក្សា​អត្ថបទ​នីមួយ​ៗ ពេល​យើង​អាន​បទ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បទ​គម្ពីរ​ទាំង​នោះ នោះ​យើង​នឹង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ w​១៧.០៥ ទំ. ១៨​-​១៩ វ. ១៤

ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា

ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង។—រ៉ូម ១៤:១២

ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក យើង​ចង់​ប្រើ​ជីវិត​របស់​យើង​ដើម្បី​បម្រើ​ព្រះ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ពេល​យើង​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ថា​យើង​នឹង​បម្រើ​លោក យើង​មិន​អាច​លេប​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ។ បុគ្គល​ម្នាក់​ដែល​ធុញ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក មិន​អាច​និយាយ​ក្រោយ​មក​ថា​គាត់​មិន​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ថា​ការ​ជ្រមុជ​ទឹក​របស់​គាត់​មិន​យក​ជា​ការ​ទេ។ បើ​បុគ្គល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ។ យើង​មិន​ចង់​ធ្វើ​ដូច​ពួក​អ្នក​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ពេល​លោក​ថា​៖ ​«​អ្នក​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​យើង​ថា​៖ ​«​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ កិច្ច​បម្រើ និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាល​ពី​មុន​»។ (​បប. ២:៤, ១៩​) យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ​ដោយ​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង។ w​១៧.០៤ ទំ. ៧ វ. ១២​-​១៣

ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា

ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខ​ណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌។—ចោ. ៣២:៤

​«​ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?​»។ (​លោ. ១៨:២៥​) អាប្រាហាំ​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​មិន​បាន​សួរ​សំណួរ​នេះ​ដោយ​សារ​គាត់​មាន​ការ​សង្ស័យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សំណួរ​របស់​គាត់​បង្ហាញ​ថា​គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដោយ​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ។ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​«​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ​»។ ចំពោះ​អាប្រាហាំ នោះ​ជា​អ្វី​ដែល​«​មិន​គួរ​គប្បី​»​ ឬ​ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឡើយ។ គាត់​មាន​ទំនុក​ចិត្ត​ដូច​នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្តី​អំពី​ការ​បង្ហាញ​សេចក្ដី​សុចរិត​និង​យុត្ដិធម៌។ តាម​ពិត ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ពាក្យ​«​សុចរិត​»​និង​ពាក្យ​«​យុត្ដិធម៌​»​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ជា​មួយ​គ្នា ដោយ​សារ​ពាក្យ​ទាំង​នេះ​មាន​អត្ថន័យ​ស្រដៀង​គ្នា។ ដោយ​សារ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ត្រឹម​ត្រូវ លោក​នឹង​តែង​តែ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត​នឹង​សេចក្ដី​យុត្ដិធម៌​»។—ទំនុក. ៣៣:៥ w​១៧.០៤ ទំ. ១៥​-​១៦ វ. ១​-​២

ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា

គ្មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាង​ការ​ទទួល​ដំណឹង​ថា កូន​ៗ​របស់​ខ្ញុំ​កំពុង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​នោះ​ឡើយ។—៣យ៉ូន. ៤

ឪ​ពុក​ម្ដាយ បើ​អ្នក​ចង់​ឲ្យ​កូន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​រស់​ជា​រៀង​រហូត នោះ​គំរូ​របស់​អ្នក​គឺ​សំខាន់​ណាស់។ ពេល​កូន​ឃើញ​អ្នក‹ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន› ពួក​គេ​រៀន​ចេះ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​សម្រាប់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ៦:៣៣, ៣៤​) សូម​ចាត់​ទុក​ថា​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​កាន់​តែ​ច្រើន​ឡើង​ៗ។ សូម​មាន​របៀប​រស់​នៅ​សាមញ្ញ ហើយ​ព្យាយាម​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល​គេ។ ចូរ​ស្វែង​រក​«​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌​»​ ពោល​គឺ​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ជា​ជាង​ស្វែង​រក​លុយ​ឬ​ស្វែង​រក​«​ការ​សរសើរ​របស់​មនុស្ស​»។ (​ម៉ាក. ១០:២១, ២២; យ៉ូន. ១២:៤៣​) សូម​កុំ​ឲ្យ​ខ្លួន​អ្នក​រវល់​ខ្លាំង​ពេក​រហូត​ដល់​គ្មាន​ពេល​សម្រាប់​កូន។ សូម​ធ្វើ​ឲ្យ​កូន​ដឹង​ថា​អ្នក​មាន​មោទនភាព​ចំពោះ​ពួក​គេ​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ជា​ជាង​ស្វែង​រក​លុយ​ឬ​ឈ្មោះ​ល្បី មិន​ថា​សម្រាប់​ខ្លួន​គេ​ឬ​សម្រាប់​អ្នក​ក្ដី។ សូម​កុំ​គិត​ថា​កូន​គួរ​ទំនុក​បម្រុង​ឪ​ពុក​ម្ដាយ​ឲ្យ​មាន​ជីវិត​ស្រណុក​សុខ​ស្រួល ព្រោះ​ទស្សនៈ​នោះ​គឺ​ខុស។ សូម​ចាំ​ថា​«​កូន​មិន​គួរ​ទុក​ទ្រព្យ​ឲ្យ​ឪ​ពុក​ម្ដាយ​ទេ តែ​ឪ​ពុក​ម្ដាយ​គួរ​ទុក​ឲ្យ​កូន​វិញ​»។—២កូ. ១២:១៤ w​១៧.០៥ ទំ. ៩​-​១០ វ. ៣​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក