បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៦៧-៧៧
  • ខែកក្កដា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែកក្កដា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​ច័ន្ទ ទី​១ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​២ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​៣ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​៥ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​៦ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​៧ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​៩ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​១២ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​១៦ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​១៧ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​១៩ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​២០ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​២៣ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​២៤ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​២៦ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​៣០ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​៣១ ខែ​កក្កដា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៦៧-៧៧

ខែ​កក្កដា

ថ្ងៃ​ច័ន្ទ ទី​១ ខែ​កក្កដា

ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ ដើម្បី​ឲ្យ​លោក​តម្កើង​អ្នក​រាល់​គ្នា​នៅ​ពេល​កំណត់។—១ពេ. ៥:៦

សេបណា​បាន​ធ្វើ​ជា​អ្នក​«​ត្រួត​ត្រា​លើ​ព្រះ​រាជដំណាក់​»​ ដែល​ទំនង​ជា​ដំណាក់​របស់​ស្តេច​ហេសេគា ហើយ​គាត់​មាន​អំណាច​ខ្លាំង​ក្លា។ (​អេ. ២២:១៥​) ប៉ុន្តែ សេបណា​បាន​ទៅ​ជា​បុគ្គល​ដែល​មាន​អំណួត ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​គាត់​គឺ​សំខាន់។ (​អេ. ២២:១៦​-​១៨​) ដោយ​សារ​សេបណា​ព្យាយាម​លើក​តម្កើង​ខ្លួន​ឯង ព្រះ​បាន​ប្រគល់​ភារកិច្ច​របស់​គាត់​ឲ្យ​ទៅ​អេលាគីម។ (​អេ. ២២:១៩​-​២១​) នេះ​បាន​កើត​ឡើង​ពេល​ដែល​ស្តេច​សានហេរីប​នៃ​ស្រុក​អាសស៊ើរ​មាន​គម្រោង​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ ក្រោយ​មក ស្តេច​សានហេរីប​បាន​ចាត់​មន្ត្រី​មួយ​ក្រុម​និង​កង​ទ័ព​ដ៏​ធំ​ដើម្បី​បំភ័យ​ជន​ជាតិ​យូដា ហើយ​ដើម្បី​ធ្វើ​ឲ្យ​ស្តេច​ហេសេគា​ចុះ​ចាញ់។ (​២ព. ១៨:១៧​-​២៥​) ស្តេច​ហេសេគា​បាន​ចាត់​អេលាគីម​និង​បុរស​ពីរ​នាក់​ទៀត​ឲ្យ​ទៅ​ជួប​មន្ត្រី​ទាំង​នេះ។ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ​គឺ​សេបណា​ដែល​នៅ​ពេល​នោះ​បម្រើ​ជា​ស្មៀន។ យើង​អាច​ឃើញ​ថា​សេបណា​ទំនង​ជា​បាន​រៀន​ឲ្យ​មាន​ចិត្ត​រាប​ទាប ហើយ​មិន​អាណិត​ខ្លួន​ឬ​អន់​ចិត្ត​ឡើយ។ គាត់​សុខ​ចិត្ត​ទទួល​ភារកិច្ច​ទាប​ជាង​ភារកិច្ច​ដែល​គាត់​ធ្លាប់​មាន​ពី​មុន។ w​១៨.០៣ ទំ. ២៣​-​២៤ វ. ៧​-​៨, ១០

ថ្ងៃ​អង្គារ ទី​២ ខែ​កក្កដា

ចូរ​ឲ្យ​សកម្មពល​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​រូប​កាយ​ឡើយ។—កាឡ. ៥:១៦

យើង​មិន​គួរ​ឈប់​ព្យាយាម​ទេ ទោះ​ជា​យើង​ឃើញ​ថា​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ឬ​ការ​សប្បាយ​ក៏​ដោយ។ យើង​ត្រូវ​បន្ត​សុំ​សកម្មពល​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​លូក. ១១:១៣​) សូម​ចាំ​អំពី​សាវ័ក​ពេត្រុស។ គាត់​មិន​តែង​តែ​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត​ទេ។ (​ម៉ាថ. ១៦:២២, ២៣; លូក. ២២:៣៤, ៥៤​-​៦២; កាឡ. ២:១១​-​១៤​) ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ព្យាយាម​ឡើយ ហើយ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ បន្ដិច​ម្ដង​ៗ ពេត្រុស​បាន​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ត ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ ក្រោយ​មក ពេត្រុស​បាន​លើក​ឡើង​អំពី​គុណ​សម្បត្ដិ​ដែល​នឹង​ជួយ​យើង។ (​២ពេ. ១:៥​-​៨​) យើង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចេះ​ទប់​ចិត្ត ស៊ូ​ទ្រាំ រាប់​អាន​គ្នា​ជា​បង​ប្អូន និង​មាន​គុណ​សម្បត្ដិ​ផ្សេង​ទៀត។ រាល់​ថ្ងៃ​យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ចង់​បង្ហាញ​គុណ​សម្បត្ដិ​មួយ​ណា​ឲ្យ​បាន​ប្រសើរ​ជាង ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ?›។ w​១៨.០២ ទំ. ២៦ វ. ១២​-​១៣

ថ្ងៃ​ពុធ ទី​៣ ខែ​កក្កដា

ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ​បន្ទូល​នៃ​ព្រះ​ឱស្ឋ​ទ្រង់ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។—យ៉ូប ២៣:១២

យ៉ូប​បាន​យល់​គោល​ការណ៍​របស់​ព្រះ​យ៉ាង​ច្បាស់។ គាត់​ពិត​ជា​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ យ៉ូប​បាន​ដឹង​ថា​គាត់​មិន​អាច​និយាយ​ថា​គាត់​ស្រឡាញ់​ព្រះ​បាន​ទេ បើ​គាត់​មិន​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ (​យ៉ូប ៦:១៤​) គាត់​មិន​បាន​គិត​ថា​គាត់​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច​ក្រុម​គ្រួសារ​របស់​គាត់ ទោះ​ជា​ពួក​គេ​មាន​ឬ​ក្រ​ក្ដី។ យ៉ូប​បាន​និយាយ​ថា​៖ ​«​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្ដាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ?​»។ (​យ៉ូប ៣១:១៣​-​២២​) សូម្បី​តែ​ពេល​យ៉ូប​មាន​អំណាច​និង​ជា​អ្នក​មាន គាត់​មិន​មាន​អំណួត​និង​មិន​បាន​ចាត់​ទុក​ខ្លួន​ថា​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ។ នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ដែល​មាន​អំណាច​និង​ជា​អ្នក​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ យ៉ូប​មិន​ចង់​ឲ្យ​អ្វី​ណា​ក៏​ដោយ​រួម​ទាំង​ទ្រព្យ​សម្បត្ដិ​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ គាត់​ដឹង​ថា​បើ​នោះ​កើត​ឡើង គាត់​នឹង​បោះ​បង់​ចោល​«​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​»។ (​យ៉ូប ៣១:២៤​-​២៨​) ម្យ៉ាង​ទៀត យ៉ូប​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​រវាង​ប្ដី​និង​ប្រពន្ធ។ គាត់​ថែម​ទាំង​បាន​សន្យា​ចំពោះ​ខ្លួន​គាត់​ថា​គាត់​នឹង​មិន​សម្លឹង​មើល​មនុស្ស​ស្រី​ដោយ​មាន​ចិត្ត​ស្រើប​ស្រាល​ទេ។—យ៉ូប ៣១:១ w​១៨.០២ ទំ. ១៤ វ. ១៦, ១៨​-​១៩

ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កក្កដា

[​ណូអេ​]គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន។ គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ។—លោ. ៦:៩

ណូអេ​មិន​បាន​គិត​ថា ការ​ធ្វើ​ជា​មនុស្ស​ល្អ​គឺ​គ្រប់​គ្រាន់​នោះ​ទេ។ គាត់​បាន​ប្រាប់​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ក្លាហាន​អំពី​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា។ គម្ពីរ​ហៅ​គាត់​ថា ​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»។ (​២ពេ. ២:៥​) សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​ណូអេ​ថា​៖ ​«​តាម​រយៈ​ជំនឿ​នេះ គាត់​បាន​ផ្ដន្ទា​ទោស​ពិភព​លោក​»។ (​ហេ. ១១:៧​) មនុស្ស​ច្បាស់​ជា​បាន​សើច​ចំអក​ណូអេ ហើយ​ព្យាយាម​បញ្ឈប់​គាត់។ ប្រហែល​ជា​ពួក​គេ​ថែម​ទាំង​គំរាម​កំហែង​ធ្វើ​បាប​គាត់។ ប៉ុន្តែ ណូអេ​មិន​ខ្លាច​មនុស្ស​ទេ។ (​សុភ. ២៩:២៥​) ផ្ទុយ​ទៅ​វិញ គាត់​មាន​ជំនឿ ដូច្នេះ​ព្រះ​យេហូវ៉ា​ផ្ដល់​ចិត្ត​ក្លាហាន​ឲ្យ​គាត់ ហើយ​លោក​ក៏​ផ្ដល់​ចិត្ត​ក្លាហាន​បែប​នេះ​ដល់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ណូអេ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ជាង​៥០០​ឆ្នាំ​រួច​ហើយ មុន​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​សង់​ទូក​ធំ​មួយ។ ទូក​នោះ​នឹង​ត្រូវ​ប្រើ​ដើម្បី​សង្គ្រោះ​មនុស្ស​និង​សត្វ​មួយ​ចំនួន​ពី​ទឹក​ជំនន់។ (​លោ. ៥:៣២; ៦:១៤​) ការ​សង់​ទូក​ដ៏​ធំ​នេះ ប្រាកដ​ជា​មើល​ទៅ​ដូច​ជា​ពិបាក​សម្រាប់​ណូអេ។ គាត់​ក៏​ច្បាស់​ជា​បាន​ដឹង​ថា​មនុស្ស​នឹង​សើច​ចំអក​គាត់ ហើយ​នឹង​ធ្វើ​ឲ្យ​ជីវិត​គាត់​ពិបាក​ណាស់។ ប៉ុន្តែ ណូអេ​មាន​ជំនឿ​និង​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ​«​គាត់​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។—លោ. ៦:២២ w​១៨.០២ ទំ. ៤​-​៥ វ. ៤, ៦​-​៧

ថ្ងៃ​សុក្រ ទី​៥ ខែ​កក្កដា

[​ការ​ដែល​]នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!—ទំនុក. ១៣៣:១

របៀប​សំខាន់​មួយ​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​គឺ​ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៨​) យើង​មិន​អាច​និយាយ​ថា ​«​ខ្ញុំ​ត្រូវ​រក្សា​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន តែ​ខ្ញុំ​មិន​ចាំ​បាច់​ជិត​ស្និទ្ធ​នឹង​ពួក​គេ​ទេ​»។ បើ​យើង​មាន​ទស្សនៈ​បែប​នេះ យើង​មិន​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ដែល​ឲ្យ​យើង​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​អេភ. ៤:២​) សូម​កត់​សម្គាល់​ថា ប៉ូល​មិន​គ្រាន់​តែ​បាន​និយាយ​ថា​យើង​គួរ​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​»​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​ថា​យើង​គួរ​ធ្វើ​ដូច្នេះ​«​ដោយ​សេចក្ដី​ស្រឡាញ់​»។ នោះ​គឺ​ខុស​គ្នា។ ក្នុង​ក្រុម​ជំនុំ​មាន​មនុស្ស​គ្រប់​ប្រភេទ ហើយ​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​ពួក​គេ​ទាំង​អស់​ឲ្យ​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) ដូច្នេះ​ច្បាស់​ជា​មាន​ហេតុ​ជា​ច្រើន​ឲ្យ​លោក​ស្រឡាញ់​ពួក​គេ។ បើ​បង​ប្អូន​របស់​យើង​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ ហេតុ​អ្វី​យើង​និយាយ​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​យើង? យើង​គួរ​មាន​ចិត្ត​ចង់​ស្រឡាញ់​ពួក​គេ​ដូច​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។—១យ៉ូន. ៤:២០, ២១ w​១៨.០១ ទំ. ១៣​-​១៤ វ. ១៤

ថ្ងៃ​សៅរ៍ ទី​៦ ខែ​កក្កដា

ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង។—សាស្ដ. ១២:១

ឪ​ពុក​ម្ដាយ​ខ្លះ​គិត​ថា​គឺ​ជា​ការ​ល្អ​ឲ្យ​កូន​ទទួល​ការ​អប់រំ​ខ្ពស់​និង​មាន​ការ​ងារ​ល្អ​ជា​មុន​សិន ទើប​ឲ្យ​កូន​ទទួល​ការ​ជ្រមុជ​ទឹក។ ឪ​ពុក​ម្ដាយ​ទាំង​នេះ​ប្រហែល​ជា​មាន​បំណង​ល្អ តែ​ពួក​គេ​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​នេះ​នឹង​ជួយ​កូន​របស់​ខ្ញុំ​ឲ្យ​ទទួល​ជោគ​ជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត​ឬ​ទេ? តើ​នេះ​សម​ស្រប​តាម​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ​ឬ​ទេ?›។ គឺ​សំខាន់​ឲ្យ​យើង​ចាំ​ថា​ពិភព​លោក​នេះ​និង​អ្វី​ៗ​ដែល​នៅ​ក្នុង​ពិភព​លោក​នេះ​គឺ​ប្រឆាំង​នឹង​គោល​បំណង​និង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (​យ៉ា. ៤:៧, ៨; ១យ៉ូន. ២:១៥​-​១៧; ៥:១៩​) ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដែល​ការ​ពារ​កូន​យ៉ាង​ល្អ​បំផុត​ពី​សាថាន ពិភព​លោក​នេះ និង​របៀប​គិត​គូរ​ដ៏​អាក្រក់​របស់​ពិភព​លោក។ បើ​ឪ​ពុក​ម្ដាយ​ចាត់​ទុក​ការ​អប់រំ​និង​ការ​ងារ​ល្អ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​កូន​របស់​ពួក​គេ​ទំនង​ជា​នឹង​គិត​ថា​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​គឺ​សំខាន់​ជាង​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន តើ​អ្នក​ពិត​ជា​ចង់​ឲ្យ​ពិភព​លោក​នេះ​បង្រៀន​កូន​របស់​អ្នក​អំពី​អ្វី​ដែល​គេ​គិត​ថា​នឹង​នាំ​ឲ្យ​កូន​សប្បាយ​ឬ​ទេ? របៀប​តែ​មួយ​គត់​ដើម្បី​មាន​អំណរ​ពិត​ប្រាកដ​និង​មាន​ជោគ​ជ័យ​គឺ​ដោយ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។—ទំនុក. ១:២, ៣ w​១៨.០៣ ទំ. ១១​-​១២ វ. ១០​-​១១

ថ្ងៃ​អាទិត្យ ទី​៧ ខែ​កក្កដា

ចូរ . . . ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។—ម៉ាថ. ៦:៣៣

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង។ ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ពួក​គេ​សប្បាយ​ជាង​និង​មាន​ពេល​ច្រើន​ជាង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ជេ​ក​បាន​លក់​វីឡា​និង​លក់​មុខ​ជំនួញ​របស់​គាត់​បន្ត​ឲ្យ​អ្នក​ឯ​ទៀត​ដើម្បី​គាត់​អាច​ត្រួស​ត្រាយ​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។ គាត់​ពន្យល់​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​តាន​តឹង​ចិត្ត​ដោយ​សារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ។ ប៉ុន្តែ ប្រពន្ធ​របស់​ខ្ញុំ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​តែង​តែ​សប្បាយ​ចិត្ត។ នាង​តែង​និយាយ​ថា ‹ខ្ញុំ​មាន​ចៅហ្វាយ​ដ៏​ល្អ​បំផុត!›។ ឥឡូវ​នេះ ដោយ​សារ​ខ្ញុំ​ក៏​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ យើង​ទាំង​ពីរ​នាក់​មាន​ចៅហ្វាយ​តែ​មួយ គឺ​ព្រះ​យេហូវ៉ា​»។ ពេល​យើង​ពិចារណា​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​លុយ យើង​ត្រូវ​សួរ​ខ្លួន​ឯង​យ៉ាង​ស្មោះ​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​លុយ​ឬ​ទេ? តើ​ការ​រក​លុយ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ជា​ជាង​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ឬ​ទេ?›។ យើង​អាច​ប្រាកដ​ថា​លោក​នឹង​មិន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ទុក​ចិត្ត​លើ​លោក​ខក​ចិត្ត​ឡើយ! w​១៨.០១ ទំ. ២៤​-​២៥ វ. ១២​-​១៣

ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កក្កដា

ដូច​អ្នក​រាល់​គ្នា​តែង​ស្ដាប់​បង្គាប់​ពី​មុន . . . សូម​បន្ត​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច ដោយ​កោត​ខ្លាច​ញាប់​ញ័រ។—ភី. ២:១២

ការ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា អធិដ្ឋាន​ទៅ​លោក ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​របៀប​ផ្សេង​ៗ​ដែល​លោក​បាន​ជួយ​អ្នក​ផ្ទាល់។ ការ​ធ្វើ​អ្វី​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​របស់​អ្នក។ នេះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ (​ទំនុក. ៧៣:២៨​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ ហើយ​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន រួច​មក​តាម​ខ្ញុំ​ជា​ដរាប​»។ (​ម៉ាថ. ១៦:២៤​) ដើម្បី​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ជីវិត​ដ៏​ល្អ​ប្រសើរ​នៅ​សព្វ​ថ្ងៃ ហើយ​នេះ​ក៏​នឹង​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ដូច្នេះ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច! w​១៧.១២ ទំ. ២៦ វ. ១៨​-​១៩

ថ្ងៃ​អង្គារ ទី​៩ ខែ​កក្កដា

ចូរ​បំពាក់​ខ្លួន​ដោយ . . . ចិត្ត​ធ្ងន់។—កូឡ. ៣:១២

ពេល​ឪ​ពុក​ម្ដាយ​បង្រៀន​កូន​ដោយ​ចិត្ត​អត់​ធ្មត់ យូរ​ៗ​ទៅ​កូន​របស់​ពួក​គេ​នឹង​ចាប់​ផ្ដើម​យល់​អំពី​«​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត​»។ (​អេភ. ៣:១៨​) យើង​អាច​បង្រៀន​ពួក​គេ​តាម​របៀប​ដែល​ស័ក្ដិ​សម​នឹង​អាយុ​និង​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ពួក​គេ។ កាល​ដែល​ពួក​គេ​កាន់​តែ​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​រៀន នោះ​នឹង​ស្រួល​ជាង​ឲ្យ​ពួក​គេ​និយាយ​ការ​ពារ​ជំនឿ​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត នេះ​រួម​បញ្ចូល​សិស្ស​រួម​ថ្នាក់​របស់​ពួក​គេ​ផង​ដែរ។ (​១ពេ. ៣:១៥​) ជា​ឧទាហរណ៍ តើ​កូន​របស់​អ្នក​អាច​ប្រើ​គម្ពីរ​ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​មនុស្ស​ស្លាប់​ឬ​ទេ? តើ​ការ​ពន្យល់​នេះ​ក្នុង​គម្ពីរ​គឺ​សម​ហេតុ​ផល​ចំពោះ​ពួក​គេ​ឬ​ទេ? សូម​ចាំ​ថា​អ្នក​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​លើ​បណ្ដាំ​របស់​ព្រះ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​ស្ដាយ​ក្រោយ​ទេ។ (​ចោ. ៦:៦, ៧​) គំរូ​របស់​អ្នក​ផ្ទាល់​ក៏​សំខាន់​ផង​ដែរ ដើម្បី​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ជំនឿ។ បង​ស្រី​ស្តេហ្វានី​ដែល​ជា​ម្ដាយ​ដែល​មាន​កូន​បី​នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​និយាយ​ជា​មួយ​នឹង​កូន​ៗ​របស់​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​មាន​ព្រះ​យេហូវ៉ា ថា​លោក​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ថា​ផ្លូវ​របស់​លោក​គឺ​ត្រឹម​ត្រូវ​ឬ​ទេ?› ខ្ញុំ​មិន​អាច​រំពឹង​ថា​កូន​ៗ​របស់​ខ្ញុំ​នឹង​ជឿ​ជាក់​នោះ​ទេ បើ​ខ្ញុំ​មិន​ជឿ​ជាក់​»។ w​១៧.១២ ទំ. ១៧​-​១៨ វ. ៨​-​១០

ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា

ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ។—យ៉ូន. ១១:២៣

ហេតុ​អ្វី​ម៉ាថា​មាន​ទំនុក​ចិត្ត​ថា​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ? ពី​ព្រោះ​នាង​បាន​ដឹង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល។ នាង​ទំនង​ជា​បាន​រៀន​នៅ​ផ្ទះ​និង​នៅ​សាលា​ប្រជុំ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នោះ​កាល​ដែល​នាង​នៅ​ក្មេង។ ឥឡូវ យើង​នឹង​ពិចារណា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ។ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី១​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​បាន​ផ្ដល់​ឫទ្ធា​នុភាព​ដល់​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ធ្វើ​អព្ភូតហេតុ។ នៅ​ស្រុក​ភេនីស៊ី​ដែល​នៅ​ខាង​ជើង​ស្រុក​អ៊ីស្រាអែល មាន​ក្រុង​មួយ​ដែល​ហៅ​ថា​សេរ៉ាផាត។ នៅ​ទី​នោះ​មាន​ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​ម្នាក់​ដែល​បាន​ទទួល​អ្នក​ប្រកាស​ទំនាយ​នេះ​ដោយ​រាក់​ទាក់។ រួច​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រេង​និង​ម្សៅ​របស់​គាត់​មិន​ចេះ​អស់​ឡើយ ដើម្បី​ឲ្យ​គាត់​និង​កូន​ប្រុស​របស់​គាត់​អាច​បន្ត​រស់​នៅ។ (​១ព. ១៧:៨​-​១៦​) ក្រោយ​មក កូន​ប្រុស​របស់​គាត់​ឈឺ ហើយ​បាន​ស្លាប់ តែ​អេលីយ៉ា​បាន​ជួយ​គាត់។ កាល​ដែល​អេលីយ៉ា​កំពុង​ប៉ះ​សព​ក្មេង​ប្រុស​នោះ គាត់​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ​»​ ហើយ​នេះ​បាន​កើត​ឡើង​មែន! ព្រះ​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អេលីយ៉ា រួច​ក្មេង​ប្រុស​នោះ​មាន​ជីវិត​ឡើង​វិញ។ នោះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដំបូង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​១ព. ១៧:១៧​-​២៤​) ម៉ាថា​ច្បាស់​ជា​បាន​ដឹង​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នោះ។ w​១៧.១២ ទំ. ៣ វ. ១; ទំ. ៤ វ. ៣, ៥​-​៦

ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កក្កដា

អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ។—ម៉ាថ. ៦:២៤

មនុស្ស​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ផ្ដោត​អារម្មណ៍​លើ​អាជីព​ណា​មួយ​ក្នុង​ពិភព​លោក​នេះ ជា​ពិសេស​អាជីព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ល្បី​ឈ្មោះ មាន​អំណាច ឬ​ទៅ​ជា​អ្នក​មាន។ ដោយ​សារ​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​មាន​អាជីព​ល្អ​នឹង​នាំ​ឲ្យ​មាន​ជីវិត​សប្បាយ យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ពួក​គេ​ដែរ។ តើ​ជា​ការ​ពិត​ឬ​ទេ ដែល​អាជីព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណាច ឬ​មាន​ឈ្មោះ​ល្បី​នឹង​នាំ​ឲ្យ​យើង​សប្បាយ? មិន​មែន​ទេ។ សូម​គិត​អំពី​រឿង​នេះ សាថាន​ចង់​ល្បី​ឈ្មោះ​និង​មាន​អំណាច។ ក្នុង​ន័យ​ម្យ៉ាង វា​បាន​ទទួល​អ្វី​ដែល​វា​ចង់​បាន ប៉ុន្តែ​វា​មាន​កំហឹង​និង​គ្មាន​សុភមង្គល​ទេ។ (​ម៉ាថ. ៤:៨, ៩; បប. ១២:១២​) ផ្ទុយ​ទៅ​វិញ សូម​គិត​អំពី​ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​និង​អនាគត​ដ៏​អស្ចារ្យ​ដែល​លោក​បាន​សន្យា នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ គ្មាន​អាជីព​ណា​មួយ​ក្នុង​ពិភពលោក​នេះ​ដែល​អាច​ឲ្យ​យើង​មាន​សុភមង្គល​បែប​នេះ​ទេ។ ម្យ៉ាង​ទៀត ដើម្បី​មាន​អាជីព​ល្អ មនុស្ស​ច្រើន​តែ​ប្រកួត​ប្រជែង​គ្នា ឈ្នានីស ហើយ​សុខ​ចិត្ត​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲ្យ​តែ​ខ្លួន​បាន​ជោគ​ជ័យ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ជីវិត​ឥត​មាន​ន័យ។ គម្ពីរ​ចែង​ថា​ពួក​គេ​កំពុង​«​ដេញ​ចាប់​ខ្យល់​»។—សាស្ដ. ៤:៤; ខ.ស. w​១៧.១១ ទំ. ២៤​-​២៥ វ. ១១​-​១៣

ថ្ងៃ​សុក្រ ទី​១២ ខែ​កក្កដា

ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។—ម៉ាថ. ២៦:៣០

នៅ​សម័យ​លោក​យេស៊ូ បទ​ភ្លេង​និង​ចម្រៀង​នៅ​តែ​ជា​ផ្នែក​ដ៏​សំខាន់​ចាំ​បាច់​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក ពួក​គាត់​ទាំង​អស់​គ្នា​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។ គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម បាន​ទុក​គំរូ​ល្អ​ក្នុង​ការ​សរសើរ​ព្រះ​ដោយ​ការ​ច្រៀង​ចម្រៀង។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​វិហារ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ប៉ុន្តែ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​បង​ប្អូន។ ទោះ​ជា​ផ្ទះ​ទាំង​នោះ​មិន​គួរ​ឲ្យ​កោត​ស្ងើច​ដូច​វិហារ​ក៏​ដោយ បង​ប្អូន​នៅ​តែ​បាន​ច្រៀង​ដោយ​ខ្នះ​ខ្នែង។ សាវ័ក​ប៉ូល​បាន​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ថា​៖ ‹ចូរ​បន្ត​បង្រៀន​និង​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ពាក្យ​សរសើរ​ព្រះ និង​ចម្រៀង​គោរព​ប្រណិប័តន៍​ដ៏​ពីរោះ›។ (​កូឡ. ៣:១៦​) យើង​គួរ​ច្រៀង​«​ចម្រៀង​គោរព​ប្រណិប័តន៍​»​ក្នុង​សៀវភៅ​ចម្រៀង​របស់​យើង​ដោយ​ដឹង​គុណ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត។ ចម្រៀង​ទាំង​នោះ​គឺ​ជា​ផ្នែក​នៃ‹អាហារ​តាម​ត្រូវ​ពេល›ដែល​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ផ្ដល់​ឲ្យ​យើង។—ម៉ាថ. ២៤:៤៥ w​១៧.១១ ទំ. ៤​-​៥ វ. ៧​-​៨

ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កក្កដា

ត្រូវ​ឲ្យ​ដំ​រូ​វ​ទីក្រុង​ខ្លះ ទុក​សំ​រាប់​ជា​ទីក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា។—ជន. ៣៥:១១

ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​អ្វី​មួយ​ចំនួន​ដើម្បី​ឲ្យ​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​ស្រួល​រត់​ទៅ​ក្រុង​ពំនាក់​ទាំង​៦​កន្លែង។ លោក​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ជ្រើស​រើស​ក្រុង​បី​នៅ​ម្ខាង​ទន្លេ​យ៉ូដាន់ និង​ក្រុង​បី​នៅ​ម្ខាង​ទៀត​នៃ​ទន្លេ​នោះ។ ហេតុ​អ្វី? ដើម្បី​ឲ្យ​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​អាច​រត់​ទៅ​ក្រុង​ទាំង​នោះ​យ៉ាង​លឿន​និង​យ៉ាង​ស្រួល។ (​ជន. ៣៥:១២​-​១៤​) ផ្លូវ​ទៅ​ក្រុង​ទាំង​នោះ​បាន​ត្រូវ​ថែ​រក្សា​ឲ្យ​មាន​ស្ថានភាព​ល្អ។ (​ចោ. ១៩:៣​) យោង​ទៅ​តាម​ប្រវត្ដិសាស្ត្រ​របស់​ជន​ជាតិ​យូដា មាន​ស្លាក​សញ្ញា​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​ពំនាក់ ដើម្បី​ជួយ​បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​ឲ្យ​រក​ឃើញ​ក្រុង​ទាំង​នោះ។ ដោយ​សារ​មាន​ក្រុង​ពំនាក់​នៅ​ស្រុក​អ៊ីស្រាអែល ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​គេ​ដោយ​អចេតនា​មិន​ចាំ​បាច់​ស្វែង​រក​ការ​ការ​ពារ​ដោយ​រត់​ទៅ​ប្រទេស​ដទៃ ជា​កន្លែង​ដែល​គាត់​អាច​ជួប​ការ​ល្បង​ល​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា​ត្រូវ​ប្រហារ​ជីវិត​ឃាតករ។ ប៉ុន្តែ លោក​ក៏​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា បុគ្គល​ដែល​បាន​សម្លាប់​គេ​ដោយ​គ្មាន​ចេតនា​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា ការ​អាណិត​អាសូរ​និង​ការ​ការ​ពារ។ អ្នក​អត្ថាធិប្បាយ​ខាង​គម្ពីរ​ម្នាក់​បាន​និយាយ​ថា​៖ ​«​របៀប​រៀប​ចំ​នោះ​គឺ​ស្រួល​យល់​បំផុត​និង​មិន​ស្មុគ​ស្មាញ​»។ ព្រះ​យេហូវ៉ា​មិន​មែន​ជា​ចៅ​ក្រម​ដ៏​គ្មាន​មេត្ដា​ដែល​ចេះ​តែ​រក​វិធី​ដាក់​ទណ្ឌកម្ម​អ្នក​បម្រើ​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​«​មាន​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ​»។—អេភ. ២:៤ w​១៧.១១ ទំ. ១៦​-​១៧ វ. ៤​-​៥

ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កក្កដា

ចូរ​វិល​មក​ឯ​អញ​វិញ . . . នោះ​អញ​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ។—សាក. ១:៣

រមូរ​ហោះ ស្ត្រី​ម្នាក់​នៅ​ក្នុង​កញ្ឆេ ហើយ​ស្ត្រី​ពីរ​នាក់​ដែល​មាន​ស្លាប​ដូច​សត្វ​កុក​សំកាំង​លើ​អាកាស នេះ​ជា​អ្វី​ខ្លះ​ក្នុង​ចំណោម​អ្វី​ៗ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត។ (​សាក. ៥:១, ៧​-​៩​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ? អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៦​និង​ទី​៧​គឺ​ជា​ការ​ព្រមាន​ដ៏​ម៉ឺង​ម៉ាត់​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ​យេហូវ៉ា​នឹង​មិន​ឲ្យ​អំពើ​អាក្រក់​បន្ត​មាន​ជា​និច្ច​នោះ​ទេ។ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​ត្រូវ​ស្អប់​អំពើ​អាក្រក់។ អ្វី​ទាំង​នេះ​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ក៏​ពង្រឹងទំនុក​ចិត្ត​របស់​យើង​ថា ពេល​យើង​ខំ​ធ្វើ​ឲ្យ​បិតា​របស់​យើង​ពេញ​ចិត្ត លោក​នឹង​មិន​ដាក់​បណ្ដាសា​យើង​ទេ តែ​លោក​នឹង​ឲ្យ​ពរ​យើង​និង​ការ​ពារ​យើង។ ទោះ​ជា​យើង​ប្រហែល​ជា​ពិបាក​រក្សា​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ​ក៏​ដោយ យើង​អាច​ទទួល​ជោគ​ជ័យ​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា! w​១៧.១០ ទំ. ១៥ វ. ១; ទំ. ២០ វ. ១៩

ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កក្កដា

ស្ត្រី​វ័យ​ចាស់​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ជា​មនុស្ស​បរិសុទ្ធ . . . ដើម្បី​ពួក​គាត់​អាច​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ភ្ញាក់​ខ្លួន។—ទីត. ២:៣, ៤

នៅ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​ស្រី​នៅ​លីវ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​គេ​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ចូល​រួម​ក្នុង​កិច្ច​ការ​ខាង​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ និង​ដាក់​ពាក្យ​សុំ​ចូល​រៀន​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ អ្នក​ខ្លះ​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ផង​ដែរ។ ទោះ​ជា​បង​ស្រី​វ័យ​ចាស់​មិន​អាច​ចូល​រួម​កម្ម​វិធី​ទាំង​នោះ​ក៏​ដោយ តែ​យើង​ស្រឡាញ់​បង​ស្រី​វ័យ​ចាស់​របស់​យើង ហើយ​យើង​សប្បាយ​ចិត្ត​ដែល​មាន​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ ទោះ​ជា​ពួក​គេ​ខ្លះ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ក្ដី ពួក​គេ​នៅ​តែ​អាច​បង្ហាញ​ចិត្ត​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ បង​ស្រី​វ័យ​ចាស់​ត្រូវ​មាន​ចិត្ត​ក្លាហាន បើ​អ្នក​ចាស់​ទុំ​សុំ​គាត់​ឲ្យ​និយាយ​ជា​មួយ​នឹង​បង​ស្រី​ដែល​មាន​វ័យ​ក្មេង​អំពី​របៀប​ស្លៀក​ពាក់​បែប​រមទម។ គាត់​នឹង​មិន​ស្តី​ឲ្យ​បង​ស្រី​វ័យ​ក្មេង​នោះ​អំពី​សម្លៀក​បំពាក់​របស់​គាត់​ទេ តែ​ដោយ​សប្បុរស​គាត់​នឹង​ជួយ​បង​ស្រី​នោះ​ឲ្យ​យល់​ថា​របៀប​ស្លៀក​ពាក់​របស់​គាត់​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត។ (​១ធី. ២:៩, ១០​) ពេល​បង​ស្រី​វ័យ​ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​នេះ ពួក​គេ​អាច​ពង្រឹង​ក្រុម​ជំនុំ។ w​១៧.០៩ ទំ. ៣១ វ. ១៧​-​១៨

ថ្ងៃ​អង្គារ ទី​១៦ ខែ​កក្កដា

ឯង​នឹង . . . ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ។—សុភ. ២:៥

អស់​ជា​ច្រើន​ឆ្នាំ ពួក​អ្នក​ដែល​មាន​អំណាច​បាន​ព្យាយាម​បញ្ឈប់​មនុស្ស​ពី​ការ​អាន​គម្ពីរ។ ប៉ុន្តែ ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​មិន​បាន​ឈប់​ព្យាយាម​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​មាន​គម្ពីរ​ទេ។ បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ គឺ​ចន វ៉ាយឃ្លីហ្វ​ដែល​រស់​នៅ​សតវត្សរ៍​ទី​១៤ នា​ប្រទេស​អង់គ្លេស។ គាត់​បាន​គិត​ថា​មនុស្ស​ទាំង​អស់​គួរ​មាន​ឱកាស​អាន​គម្ពីរ។ នៅ​សម័យ​របស់​គាត់ មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​អង់គ្លេស​មិន​ដែល​ឮ​ដំណឹង​ក្នុង​គម្ពីរ​ជា​ភាសា​របស់​ពួក​គេ​ទេ។ នៅ​ឆ្នាំ​១៣៨២ ចន វ៉ាយឃ្លីហ្វ​និង​បុគ្គល​មួយ​ចំនួន​បាន​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស។ ក្រុម​មួយ​ដែល​បាន​ត្រូវ​ហៅ​ថា​ឡូឡាដ ស្រឡាញ់​គម្ពីរ ហើយ​ពួក​គេ​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទូ​ទាំង​ប្រទេស​អង់គ្លេស។ ពួក​ឡូឡាដ​បាន​អាន​គម្ពីរ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ហើយ​បាន​ឲ្យ​ពួក​គេ​នូវ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​ដែល​បាន​ត្រូវ​ចម្លង​ដោយ​ដៃ។ ក្នុង​អំឡុង​ប៉ុន្មាន​រយ​ឆ្នាំ​ក្រោយ​មក នៅ​ទ្វីប​អឺរ៉ុប​និង​កន្លែង​ឯ​ទៀត​ក្នុង​ពិភព​លោក មាន​មនុស្ស​ដែល​ចាប់​ផ្ដើម​បក​ប្រែ​និង​បោះ​ពុម្ព​គម្ពីរ​ជា​ភាសា​ដែល​មនុស្ស​ជា​ច្រើន​អាច​យល់។ w​១៧.០៩ ទំ. ១៨​-​១៩ វ. ១០​-​១២

ថ្ងៃ​ពុធ ទី​១៧ ខែ​កក្កដា

អ្នក​ដែល​រៀប​ការ​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត។—១កូ. ៧:២៨

ពេល​ប្រពន្ធ​មិន​អាច​មាន​ផ្ទៃ​ពោះ គាត់​ប្រហែល​ជា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ (​សុភ. ១៣:១២​) នៅ​សម័យ​គម្ពីរ គឺ​សំខាន់​ណាស់​ដែល​ស្ត្រី​រៀប​ការ ហើយ​មាន​កូន។ នេះ​ជា​មូលហេតុ​ដែល​រ៉ាជែល​ដែល​ជា​ប្រពន្ធ​របស់​យ៉ាកុប​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​គាត់​មិន​អាច​មាន​ផ្ទៃ​ពោះ តែ​បង​ស្រី​របស់​គាត់​អាច​មាន។ (​លោ. ៣០:១, ២​) ការ​លំបាក​មួយ​ទៀត​ដែល​មនុស្ស​ខ្លះ​ដែល​បាន​រៀប​ការ​ប្រហែល​ជា​នឹង​មាន​គឺ​ពេល​គូ​របស់​ពួក​គេ​ស្លាប់។ ទោះ​ជា​ពួក​គេ​ប្រហែល​ជា​បាន​គិត​ថា​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​ពួក​គេ​ក៏​ដោយ មនុស្ស​ជា​ច្រើន​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក​នេះ។ គ្រិស្ត​សាសនិក​ជឿ​លើ​សេចក្ដី​សន្យា​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​នេះ​សម្រាល​ទុក្ខ​ពួក​គេ។ (​យ៉ូន. ៥:២៨, ២៩​) ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​បាន​សន្យា​អំពី​អ្វី​ៗ​ជា​ច្រើន​ក្នុង​បណ្ដាំ​របស់​លោក​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​យើង​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក។ w​១៧.០៦ ទំ. ៣ វ. ១; ទំ. ៤ វ. ៦; ទំ. ៥ វ. ៩

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា

យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស។—និក្ខ. ៣៤:៦

នៅ​ពេល​មួយ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ម៉ូសេ​ស្គាល់​លោក​ដោយ​ប្រកាស​នាម​របស់​លោក​និង​គុណ​សម្បត្ដិ​ខ្លះ​របស់​លោក។ ទោះ​ជា​ព្រះ​យេហូវ៉ា​អាច​លើក​បញ្ជាក់​អំពី​ឫទ្ធា​នុភាព​ឬ​ប្រាជ្ញា​របស់​លោក​ក្ដី លោក​បាន​មាន​ប្រសាសន៍​មុន​បង្អស់​អំពី​សេចក្ដី​មេត្ដា​ករុណា​និង​ចិត្ត​ទន់​សន្ដោស​ឬ​ចិត្ត​អាណិត​អាសូរ​របស់​លោក។ (​និក្ខ. ៣៤:៥​-​៧​) ម៉ូសេ​ចង់​ដឹង​ថា​តើ​ព្រះ​យេហូវ៉ា​នឹង​គាំ​ទ្រ​គាត់​ឬ​ទេ? ដូច្នេះ ព្រះ​យេហូវ៉ា​បាន​លើក​បញ្ជាក់​អំពី​គុណ​សម្បត្ដិ​ដែល​បង្ហាញ​ថា​លោក​ពិត​ជា​ចង់​ជួយ​ពួក​អ្នក​បម្រើ​របស់​លោក។ (​និក្ខ. ៣៣:១៣​) ទោះ​ជា​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ចិត្ត​អាណិត​មេត្ដា​ក្ដី យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ច្រើន​តែ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ជួន​កាល យើង​ប្រហែល​ជា​មិន​ស្រួល​សម្រេច​ចិត្ត​ថា​យើង​គួរ​ជួយ​អ្នក​ឯ​ទៀត ឬ​គិត​អំពី​ខ្លួន​យើង​ឡើយ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត? ទី១ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្ដា។ ទី២ សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​ក្នុង​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា ហើយ​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​មាន​ប្រយោជន៍​សម្រាប់​យើង។ w​១៧.០៩ ទំ. ៩ វ. ១; ទំ. ១០ វ. ៣

ថ្ងៃ​សុក្រ ទី​១៩ ខែ​កក្កដា

[​ចូរ​]បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។—ភី. ២:៣

ការ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​ត្រូវ​ចេញ​ពី​បំណង​ចិត្ត​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិយស មិន​មែន​ដើម្បី​ទទួល​ការ​សរសើរ​ពី​អ្នក​ឯ​ទៀត​ទេ។ សូម​ចាំ​ថា សូម្បី​តែ​ទេវតា​មួយ​រូប​ដែល​ជា​បុគ្គល​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​បាន​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​អំណួត ហើយ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​សូម​ពិនិត្យ​បន្ថែម អេសេគាល ២៨:១៧​) យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​គឺ​កាន់​តែ​ពិបាក​ឲ្យ​យើង​ជៀស​វាង​ពី​ការ​មាន​អំណួត។ ក៏​ប៉ុន្តែ យើង​អាច​បំពាក់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប​បាន។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? អ្វី​មួយ​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​គឺ​ការ​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន។ (​ចោ. ១៧:១៨​-​២០​) ជា​ពិសេស​យើង​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង ហើយ​អំពី​គំរូ​ដ៏​អស្ចារ្យ​របស់​លោក​ស្តី​អំពី​ចិត្ត​រាប​ទាប។ (​ម៉ាថ. ២០:២៨​) លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​លោក។ (​យ៉ូន. ១៣:១២​-​១៧​) អ្វី​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​គឺ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ​យេហូវ៉ា។ សកម្មពល​របស់​លោក​អាច​ជួយ​យើង​ឲ្យ​តយុទ្ធ​នឹង​ទំនោរ​ចិត្ត​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។—កាឡ. ៦:៣, ៤ w​១៧.០៨ ទំ. ២៤ វ. ១១​-​១២

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កក្កដា

ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា . . . ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា។—ភី. ៤:៦, ៧

ប្រហែល​ជា​យើង​ធ្លាប់​មាន​ពេល​ខ្លះ​ក្នុង​ជីវិត​របស់​យើង ដែល​យើង​បាន​សុំ​ព្រះ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ហើយ​យើង​មាន​អារម្មណ៍​ថា​យើង​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ។ ប៉ុន្តែ​ក្រោយ​មក យើង​ជួប​ការ​ពិបាក​ជា​ច្រើន ឬ​យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ធំ​ៗ​ក្នុង​ជីវិត​របស់​យើង។ (​សាស្ដ. ៩:១១​) តើ​អ្វី​អាច​ជួយ​យើង​មិន​ឲ្យ​«​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ​»​ តែ​ឲ្យ​យើង​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​? ពាក្យ​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ភីលីព​បង្ហាញ​ថា ពេល​យើង​ព្រួយ​បារម្ភ​អំពី​បញ្ហា​ណា​មួយ វិធី​ដោះ​ស្រាយ​គឺ​ដោយ​អធិដ្ឋាន។ ដូច្នេះ ពេល​យើង​ខ្វល់​ខ្វាយ យើង​ត្រូវ​អធិដ្ឋាន​អំពី​កង្វល់​របស់​យើង។ (​១ពេ. ៥:៦, ៧​) ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ចូរ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ ចូរ​អរគុណ​លោក​សម្រាប់​ពរ​នីមួយ​ៗ​ដែល​អ្នក​ទទួល។ ម្យ៉ាង​ទៀត ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​«​អាច​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ​»។—អេភ. ៣:២០ w​១៧.០៨ ទំ. ១០ វ. ៤; ទំ. ១១ វ. ៦; ទំ. ១២ វ. ១០

ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា

ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។—សុភ. ១៥:២២

គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេល​នៅ​វ័យ​ក្មេង ហើយ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​សប្បាយ​រីក​រាយ។ បើ​អ្នក​នៅ​ក្មេង តើ​អ្នក​អាច​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ត្រួស​ត្រាយ​ខ្លះ​ទាំង​នេះ​អំពី​គម្រោង​របស់​អ្នក​ឬ​ទេ? បង​ប្អូន​ទាំង​នេះ​ទំនង​ជា​នឹង​ប្រាប់​អ្នក​ថា​ការ​ត្រួស​ត្រាយ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​អប់រំ​ដែល​នឹង​ជួយ​យើង​ពេញ​មួយ​ជីវិត។ ពេល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ លោក​បាន​រៀន​អ្វី​ៗ​ជា​ច្រើន​ពី​បិតា​របស់​លោក។ ក្រោយ​មក លោក​បាន​បន្ត​រៀន​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី។ លោក​មាន​អំណរ​ពេល​លោក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ពេល​លោក​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក។ (​អេ. ៥០:៤; ហេ. ៥:៨; ១២:២​) លោក​យេស៊ូ​បាន​ប្រាប់​យើង​ឲ្យ‹ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក›។ (​ម៉ាថ. ២៨:១៩, ២០​) បើ​អ្នក​មាន​គម្រោង​ចាត់​ទុក​កិច្ច​ការ​នេះ​ជា​អាជីព​របស់​អ្នក អ្នក​នឹង​មាន​ជីវិត​ដ៏​គាប់​ចិត្ត ហើយ​ដែល​លើក​តម្កើង​ព្រះ។ ដូច​អាជីព​ផ្សេង​ៗ អ្នក​ត្រូវ​ការ​ពេល​ដើម្បី​មាន​ជំនាញ។ w​១៧.០៧ ទំ. ២២​-​២៣ វ. ៦​-​៧

ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា

អញ​នឹង​កំសាន្ត​ចិត្ត​ឯង។—អេ. ៦៦:១៣

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​មាន​ចិត្ត​អាណិត​មេត្ដា គឺ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដែល​យើង​ត្រូវ​ការ។ (​២កូ. ១:៣, ៤​) អ្នក​ដែល​កំពុង​កើត​ទុក្ខ​ក៏​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែរ។ (​១ថែ. ៥:១១​) តើ​តាម​របៀប​ណា​អ្នក​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​មាន​«​វិញ្ញាណ​បាក់​បែក​»​ឬ​មាន​ចិត្ត​ខ្ទេច​ខ្ទាំ? (​សុភ. ១៧:២២​) សូម​ចាំ​ថា​មាន​«​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំ​រាប់​និយាយ​»។ (​សាស្ដ. ៣:៧​) បង​ដាលីន​ដែល​ជា​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ពន្យល់​ថា​ពួក​អ្នក​ដែល​កើត​ទុក្ខ​ត្រូវ​ការ​និយាយ​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ។ ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​គឺ​ស្ដាប់​ពួក​គេ​ដោយ​មិន​និយាយ​កាត់។ បង​ស្រី​យូនាស​មាន​បង​ប្រុស​ម្នាក់​ដែល​បាន​ធ្វើ​អត្តឃាត គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​អ្នក​ប្រហែល​ជា​មិន​អាច​យល់​ទាំង​ស្រុង​អំពី​ទុក្ខ​សោក​របស់​ពួក​អ្នក​ដែល​កំពុង​កើត​ទុក្ខ​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​អ្នក​ចង់​យល់​អារម្មណ៍​របស់​ពួក​គេ​»។ យើង​ត្រូវ​ចាំ​ថា​ការ​កើត​ទុក្ខ​របស់​មនុស្ស​ម្នាក់​ៗ​គឺ​មិន​ដូច​គ្នា​ទេ ហើយ​យើង​មិន​បង្ហាញ​ទុក្ខ​សោក​របស់​យើង​តាម​របៀប​ដូច​គ្នា​ដែរ។ w​១៧.០៧ ទំ. ១០ វ. ៣; ទំ. ១១​-​១២ វ. ១១​-​១៣

ថ្ងៃ​អង្គារ ទី​២៣ ខែ​កក្កដា

ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល។—ទំនុក. ៨៣:១៨

ចំពោះ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ លុយ​គឺ​ជា​អ្វី​ដ៏​សំខាន់។ ពួក​គេ​គិត​និង​បារម្ភ​អំពី​រឿង​នោះ។ ពួក​គេ​ចំណាយ​ពេល​ដើម្បី​ខំ​រក​លុយ​ច្រើន​ជាង ឬ​រក្សា​ទុក​លុយ​ដែល​ពួក​គេ​មាន។ ចំពោះ​មនុស្ស​ខ្លះ​ទៀត រឿង​ដ៏​សំខាន់​បំផុត​គឺ​ជា​ក្រុម​គ្រួសារ សុខភាព ឬ​អ្វី​ដែល​ពួក​គេ​ចង់​សម្រេច​ក្នុង​ជីវិត​របស់​ពួក​គេ។ មាន​រឿង​មួយ​ដែល​សំខាន់​ជាង​រឿង​ទាំង​អស់​នោះ។ រឿង​នោះ​គឺ​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង។ គឺ​សំខាន់​ណាស់​ដែល​យើង​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​នោះ​ជា​និច្ច។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យើង​អាច​ជាប់​រវល់​យ៉ាង​ខ្លាំង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ឬ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​របស់​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​យើង​ភ្លេច​ថា​រឿង​នោះ​គឺ​សំខាន់​យ៉ាង​ណា។ បើ​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា យើង​នឹង​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​ល្អ​ប្រសើរ​ជាង ហើយ​យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ w​១៧.០៦ ទំ. ១៥ វ. ១​-​២

ថ្ងៃ​ពុធ ទី​២៤ ខែ​កក្កដា

ចូរ​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​តាម​គ្រិស្ត។—១កូ. ១១:១

ព្រះ​យេហូវ៉ា​តែង​តែ​ប្រើ​ឫទ្ធា​នុភាព​របស់​លោក​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ​ដែល​ស្រឡាញ់​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​យក​តម្រាប់​លោក ហើយ​មិន​ប្រើ​អំណាច​ដើម្បី​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត​ឬ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ទេ។ សាវ័ក​ប៉ូល​បាន​ខំ​ព្យាយាម​យក​តម្រាប់​ព្រះ​និង​បុត្រ​របស់​លោក។ គាត់​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ខ្មាស​គេ ឬ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​សេចក្ដី​សប្បុរស គាត់​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​រ៉ូម ១២:១; អេភ. ៤:១; ភីលេ. ៨​-​១០​) កាល​ដែល​ប៉ូល​ធ្វើ​ដូច្នេះ គាត់​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា។ ពេល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ យើង​ក៏​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​គោរព​ពួក​អ្នក​ដែល​បាន​ទទួល​អំណាច​ពី​លោក​និង​ដោយ​សហការ​ជា​មួយ​នឹង​ពួក​គាត់។ ទោះ​ជា​យើង​មិន​យល់​ច្បាស់​ឬ​មិន​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​ពួក​គាត់​ក្ដី យើង​នៅ​តែ​គាំ​ទ្រ​ពួក​គាត់។ មនុស្ស​ក្នុង​ពិភព​លោក​នេះ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ធ្វើ​ពេល​ដែល​យើង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​យើង។—អេភ. ៥:២២, ២៣; ៦:១​-​៣; ហេ. ១៣:១៧ w​១៧.០៦ ទំ. ២៤​-​២៥ វ. ១៤​-​១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កក្កដា

ព្រះ​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។—១ថែ. ៤:៩

បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត តាន​តឹង​ចិត្ត ឬ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ឯ​ទៀត ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត និង​ការ​សម្រាល​ទុក្ខ​ពី​យើង។ (​សុភ. ១២:២៥; កូឡ. ៤:១១​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​«​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត។ (​កាឡ. ៦:១០​) គម្ពីរ​ចែង​ថា​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ មនុស្ស​ជា​ច្រើន​នឹង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ជា​អ្នក​លោភ​លន់។ (​២ធី. ៣:១, ២​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​បណ្ដាំ​របស់​លោក និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​យើង​ប្រហែល​ជា​ខ្វែង​គំនិត​គ្នា​តិច​តួច​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ ប៉ុន្តែ ដោយ​សារ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ព្យាយាម​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ណា​ក៏​ដោយ​ដែល​យើង​មាន​ឲ្យ​បាន​ឆាប់​បំផុត​និង​ដោយ​សប្បុរស។ (​អេភ. ៤:៣២; កូឡ. ៣:១៤​) ដូច្នេះ សូម​ឲ្យ​យើង​បន្ត​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​លោក និង​បង​ប្អូន​របស់​យើង។ w​១៧.០៥ ទំ. ១៩​-​២០ វ. ១៧​-​១៨

ថ្ងៃ​សុក្រ ទី​២៦ ខែ​កក្កដា

ប្រសិន​បើ​យើង​និយាយ​ថា​«​យើង​គ្មាន​ភាព​ខុស​ឆ្គង​ទេ​»​ នោះ​យើង​កំពុង​បញ្ឆោត​ខ្លួន​ហើយ។—១យ៉ូន. ១:៨

គ្រិស្ត​សាសនិក​ដឹង​ថា​ពួក​គេ​នឹង​ត្រូវ​រង​អំពើ​អយុត្ដិធម៌​ខ្លះ​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ប៉ុន្តែ ជំនឿ​របស់​យើង​អាច​ត្រូវ​សាកល្បង ពេល​យើង​រង​ឬ​ឃើញ​អ្វី​មួយ​ដែល​មើល​ទៅ​អយុត្ដិធម៌​ពី​ខាង​ក្នុង​ក្រុម​ជំនុំ។ បើ​នេះ​កើត​ឡើង តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា? តើ​អ្នក​នឹង​ឲ្យ​រឿង​នោះ​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល​ឬ​ទេ? យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ដូច្នេះ​ប្រហែល​ជា​បង​ប្អូន​ណា​ម្នាក់​នឹង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​យើង ឬ​យើង​នឹង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ទោះ​ជា​នេះ​មិន​សូវ​កើត​ឡើង​ក្ដី គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​មិន​ភ្ញាក់​ផ្អើល​ឬ​ជំពប់​ដួល​ទេ ពេល​មាន​អំពើ​អយុត្ដិធម៌​កើត​ឡើង។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឱវាទ​ក្នុង​គម្ពីរ​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ បើ​យើង​រង​អំពើ​អយុត្ដិធម៌​ពី​បង​ប្អូន​ណា​ម្នាក់។—ទំនុក. ៥៥:១២​-​១៤ w​១៧.០៤ ទំ. ១៦ វ. ៤​-​៥

ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កក្កដា

អ្នក​ដែល​រៀប​ការ​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត។—១កូ. ៧:២៨

បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត​និង​ទុក្ខ​កង្វល់​ច្រើន​ជាង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​រស់​នៅ​បែក​ពី​គូ​អាពាហ៍​ពិពាហ៍​ឬ​លែង​លះ​គ្នា​ដោយ​សារ​គូ​របស់​យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា​នោះ​ទេ។ (​១កូ. ៧:១២​-​១៦​) បើ​ប្ដី​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា ហើយ​មិន​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត អ្នក​នៅ​តែ​ត្រូវ​គោរព​គាត់​ជា​ប្រមុខ​គ្រួសារ។ ម្យ៉ាង​ទៀត បើ​ប្រពន្ធ​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា អ្នក​នៅ​តែ​ត្រូវ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ (​អេភ. ៥:២២, ២៣, ២៨, ២៩​) ចុះ​យ៉ាង​ណា​បើ​គូ​អាពាហ៍​ពិពាហ៍​ព្យាយាម​ដាក់​កម្រិត​លើ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក តើ​អ្នក​គួរ​ធ្វើ​អ្វី? ប្ដី​របស់​បង​ស្រី​ម្នាក់​បាន​ប្រាប់​គាត់​អំពី​ថ្ងៃ​ណា​ខ្លះ​ដែល​គាត់​អាច​ផ្សព្វ​ផ្សាយ​ក្នុង​មួយ​សប្ដាហ៍។ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​សុំ​ខ្ញុំ​ឲ្យ​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ឬ​ទេ? បើ​មិន​មែន​ដូច្នេះ​ទេ តើ​ខ្ញុំ​អាច​ធ្វើ​តាម​អ្វី​ដែល​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​សុំ​ឬ​ទេ?›។ បើ​អ្នក​ជា​មនុស្ស​សម​ហេតុ​ផល អ្នក​នឹង​មាន​បញ្ហា​តិច​ជាង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក។—ភី. ៤:៥ w​១៧.១០ ទំ. ១០​-​១១ វ. ៧​-​៨

ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា

ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង។—ចោ. ៦:៧

ដូច​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន មនុស្ស​«​ពី​ភាសា​ផ្សេង​ៗ​»​នៃ​គ្រប់​ជាតិ​សាសន៍​កំពុង​ចូល​ក្នុង​អង្គ​ការ​ព្រះ​យេហូវ៉ា។ (​សាក. ៨:២៣​) ប៉ុន្តែ បើ​កូន​របស់​អ្នក​មិន​សូវ​យល់​ភាសា​របស់​អ្នក នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​បង្រៀន​សេចក្ដី​ពិត​ដល់​ពួក​គេ។ ពួក​គេ​គឺ​ជា​សិស្ស​គម្ពីរ​ដ៏​សំខាន់​បំផុត​របស់​អ្នក ហើយ​ការ​«​ស្គាល់​»​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ូន. ១៧:៣​) ដើម្បី​ឲ្យ​កូន​រៀន​នូវ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​និយាយ​អំពី​«​សេចក្ដី​ទាំង​នេះ​»​ជា​រឿយ​ៗ។ (​ចោ. ៦:៦, ៧​) នៅ​សាលា​រៀន​កូន​អ្នក​ទំនង​ជា​នឹង​រៀន​ភាសា​របស់​ប្រទេស​ដែល​អ្នក​រស់​នៅ ហើយ​ពួក​គេ​ក៏​នឹង​រៀន​ភាសា​នោះ​ពី​អ្នក​ឯ​ទៀត​ដែរ។ ប៉ុន្តែ ពួក​គេ​នឹង​រៀន​ភាសា​របស់​អ្នក​ពេល​ដែល​អ្នក​និយាយ​ជា​មួយ​នឹង​ពួក​គេ​ជា​ញឹក​ញយ។ ពេល​ដែល​កូន​ចេះ​និយាយ​ភាសា​របស់​អ្នក ពួក​គេ​ស្រួល​និយាយ​ជា​មួយ​នឹង​អ្នក​ជាង ហើយ​ស្រួល​ប្រាប់​អ្នក​អំពី​អារម្មណ៍​របស់​ពួក​គេ។ ប៉ុន្តែ នេះ​ក៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដែរ។ ពេល​កូន​ចេះ​និយាយ​ពីរ​ភាសា នេះ​បង្កើន​សមត្ថភាព​រិះ​គិត​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​យល់​ទស្សនៈ​របស់​អ្នក​ឯ​ទៀត។ w​១៧.០៥ ទំ. ១០ វ. ៥​-​៦

ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កក្កដា

[​ចូរ​]ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ នោះ​អញ​នឹង​ទាញ​នាំ​ស៊ីសេរ៉ា . . . មក​ឯ​ឯង . . . ហើយ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​ឯង។—ចៅ. ៤:៦, ៧

កង​ទ័ព​របស់​ស្តេច​យ៉ាប៊ីន​មាន​រទេះ​ចម្បាំង​ដែក​៩០០​គ្រឿង ប៉ុន្តែ​ជន​ជាតិ​អ៊ីស្រាអែល​មិន​មាន​អាវុធ​ត្រឹម​ត្រូវ​ដើម្បី​ច្បាំង ឬ​គ្រឿង​ចម្បាំង​ដើម្បី​ការ​ពារ​ខ្លួន​ទេ។ (​ចៅ. ៤:១​-​៣, ១៣; ៥:៦​-​៨​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្គាប់​បារ៉ាក់​ដូច​បាន​ចែង​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ក្រោយ​ពី​ចេញ​សេចក្ដី​ប្រកាស​សុំ​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​ជួយ មាន​បុរស​១០.០០០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ភ្នំ​តាបោរ។ បារ៉ាក់​និង​ពួក​បុរស​ទាំង​នោះ​បាន​ច្បាំង​នឹង​កង​ទ័ព​សត្រូវ​នៅ​ក្រុង​ត្អាណាក។ (​ចៅ. ៤:១៤​-​១៦​) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ទេ? លោក​បាន​ជួយ​ពួក​គេ​មែន។ ភ្លាម​ៗ​នោះ​មាន​ព្យុះ​ភ្លៀង ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ដី​សមរភូមិ​ដែល​ស្ងួត​ទៅ​ជា​ភក់។ នេះ​មាន​ប្រយោជន៍​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ បារ៉ាក់​បាន​ដេញ​តាម​កង​ទ័ព​របស់​ស៊ីសេរ៉ា​អស់​២៤​គីឡូ​ម៉ែត្រ(​១៥​ម៉ៃល៍​)រហូត​ដល់​កន្លែង​មួយ​ដែល​ហៅ​ថា​ហារ៉ូសែត។ តាម​ផ្លូវ​ទៅ​ទី​នោះ រទេះ​ចម្បាំង​របស់​ស៊ីសេរ៉ា​បាន​ជាប់​ផុង​ក្នុង​ភក់។ ដូច្នេះ​គាត់​បាន​ចុះ​ពី​រទេះ ហើយ​រត់​ទៅ​កន្លែង​មួយ​ដែល​ហៅ​ថា​ស្អាណានីម។ នៅ​ទី​នោះ ស៊ីសេរ៉ា​បាន​លាក់​ខ្លួន​នៅ​ក្នុង​ត្រសាល​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​យ៉ាអែល។ ស៊ីសេរ៉ា​អស់​កម្លាំង​ខ្លាំង ហើយ​គាត់​បាន​គេង​លក់​ស៊ប់​ទៅ។ ពេល​គាត់​កំពុង​គេង ដោយ​ចិត្ត​ក្លាហាន​យ៉ាអែល​បាន​សម្លាប់​គាត់។ (​ចៅ. ៤:១៧​-​២១​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ជ័យ​ជម្នះ​លើ​សត្រូវ​របស់​ពួក​គេ! w​១៧.០៤ ទំ. ២៩ វ. ៦​-​៨

ថ្ងៃ​អង្គារ ទី​៣០ ខែ​កក្កដា

ព្រះ​យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន។ . . . ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ។—យេ. ២៥:៣១

ក្រោយ​សង្គ្រាម​ហាម៉ាគេដូន តើ​នឹង​មាន​របៀប​រៀប​ចំ​នៅ​ផែន​ដី​ឬ​ទេ? គម្ពីរ​ចែង​ថា​៖ ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។ (​២ពេ. ៣:១៣​) មេឃ​ចាស់​និង​ផែន​ដី​ចាស់​គឺ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​និង​មនុស្ស​ទុច្ចរិត​ដែល​នៅ​ក្រោម​អំណាច​នៃ​រដ្ឋាភិបាល​ទាំង​នោះ។ ក្រោយ​ពី​លែង​មាន​ពួក​គេ​ទៀត តើ​នឹង​មាន​អ្វី​ជំនួស​ពួក​គេ? ​«​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី​»។ មេឃ​ថ្មី​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ថ្មី ពោល​គឺ​រាជាណាចក្រ​ដែល​មាន​លោក​យេស៊ូ​គ្រិស្ត​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក។ ផែន​ដី​ថ្មី​សំដៅ​ទៅ​លើ​សង្គម​មនុស្ស​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។ លោក​យេស៊ូ​និង​ពួក​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នឹង​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ។ (​១កូ. ១៤:៣៣​) ដូច្នេះ​«​ផែន​ដី​ថ្មី​»​នឹង​មាន​របៀប​រៀប​រយ។ នៅ​ពេល​នោះ​នឹង​មាន​បុរស​ដ៏​ល្អ​ដែល​នឹង​ចាត់​ចែង​អ្វី​ផ្សេង​ៗ។ (​ទំនុក. ៤៥:១៦​) បុរស​ទាំង​នោះ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​គ្រិស្ត​និង​ពួក​១៤៤.០០០​នាក់។ សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​ស្ថាប័ន​ពុក​រលួយ​ទាំង​អស់​នឹង​ត្រូវ​ជំនួស​ដោយ​អង្គ​ការ​តែ​មួយ​ដែល​មាន​សាមគ្គី​ភាព ហើយ​ដែល​មិន​អាច​ពុក​រលួយ! w​១៧.០៤ ទំ. ១២​-​១៣ វ. ៨​-​៩

ថ្ងៃ​ពុធ ទី​៣១ ខែ​កក្កដា

អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ។—លោ. ២:២៤

អាពាហ៍​ពិពាហ៍​គឺ​ជា​អ្វី​ដែល​ពិសិដ្ឋ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ពាក្យ​សម្បថ​នៅ​ពេល​រៀប​អាពាហ៍​ពិពាហ៍​គឺ​សំខាន់​ណាស់។ ពេល​កូន​ក្រមុំ​និង​កូន​កំលោះ​ពោល​ពាក្យ​សច្ចា ពួក​គាត់​សន្យា​នៅ​មុខ​ព្រះ​យេហូវ៉ា ព្រម​ទាំង​នៅ​មុខ​អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ តាម​ធម្មតា ពួក​គាត់​សន្យា​ថា​នឹង​ស្រឡាញ់ ថ្នាក់​ថ្នម​អស់​ពី​ដួង​ចិត្ត និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដរាប​ណា​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​រស់​នៅ​លើ​ផែន​ដី​ជា​មួយ​គ្នា​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​គូ​ស្វាមីភរិយា។ ពេល​ពួក​គាត់​ពោល​ពាក្យ​សច្ចា​នេះ ពួក​គាត់​ទៅ​ជា​ប្ដី​ប្រពន្ធ។ ទោះ​ជា​ពួក​គាត់​មិន​ពោល​ពាក្យ​ទាំង​នេះ​ក៏​ដោយ បើ​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ស្រប​ច្បាប់ គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​សម្បថ​នៅ​មុខ​ព្រះ។ តាម​គោល​បំណង​របស់​ព្រះ ចំណង​អាពាហ៍​ពិពាហ៍​គឺ​ជា​ចំណង​មួយ​ដែល​ជាប់​អស់​មួយ​ជីវិត។ (​១កូ. ៧:៣៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ គូ​ដែល​នឹង​រៀប​ការ​មិន​គួរ​គិត​ថា​ពួក​គាត់​អាច​លែង​លះ​គ្នា​បាន​ទេ។ (​ម៉ាក. ១០:៩​) គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ ដូច​គ្នា​ដែរ​គ្មាន​ចំណង​អាពាហ៍​ពិពាហ៍​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ប្រាប់​យើង​ថា​បុគ្គល​ដែល​រៀប​ការ​«​នឹង​មាន​ការ​លំបាក​»​នៅ​ពេល​ខ្លះ។—១កូ. ៧:២៨ w​១៧.០៤ ទំ. ៨ វ. ១៤​-​១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក