បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៧៧-៨៨
  • ខែសីហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែសីហា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​២ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​៥ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​៦ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​៧ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​៩ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​១០ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​១១ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​១៣ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​១៧ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​២០ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​២១ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​២៣ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​២៤ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​២៧ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​៣០ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​៣១ ខែ​សីហា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៧៧-៨៨

ខែ​សីហា

ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​សីហា

សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ។—ម៉ាថ. ២៦:៣៩

បើ​យើង​ចង់​ធ្វើ​ជា​អ្នក​បង្រៀន​ដ៏​ពូកែ ដំបូង​យើង​ត្រូវ​ធ្វើ​ជា​សិស្ស​ដ៏​ល្អ​សិន។ (​១ធី. ៤:១៥, ១៦​) ដូច​គ្នា​ដែរ បើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ដើម្បី​ប្រៀន​ប្រដៅ​អ្នក​ឯ​ទៀត អ្នក​ត្រូវ​រក្សា​ចិត្ត​រាប​ទាប ហើយ​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​អ្នក​ក្នុង​ជីវិត។ ពេល​អ្នក​ឯ​ទៀត​ឃើញ​ថា​អ្នក​មាន​ចិត្ត​រាប​ទាប ពួក​គេ​នឹង​គោរព​អ្នក ហើយ​ពួក​គេ​នឹង​ស្រួល​ទទួល​ឱវាទ​ឬ​យោបល់​ពី​អ្នក​ជាង។ យើង​អាច​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​តែង​តែ​ស្ដាប់​បង្គាប់​បិតា​របស់​លោក សូម្បី​តែ​នៅ​ពេល​ដែល​ពិបាក​ខ្លាំង​ក្ដី។ លោក​បាន​រំលឹក​បណ្ដា​ជន​ថា ប្រាជ្ញា​របស់​លោក​និង​អ្វី​ដែល​លោក​បាន​បង្រៀន​គឺ​មក​ពី​បិតា​របស់​លោក។ (​យ៉ូន. ៥:១៩, ៣០​) លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប​និង​ស្ដាប់​បង្គាប់​ព្រះ ហើយ​នេះ​ជួយ​លោក​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន​ដែល​មាន​សេចក្ដី​អាណិត​មេត្ដា។ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចូល​ចិត្ត​នៅ​ជិត​លោក។ (​ម៉ាថ. ១១:២៩​) ពាក្យ​សម្ដី​ដ៏​សប្បុរស​របស់​លោក​យេស៊ូ បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​និង​អ្នក​ដែល​ខ្សោយ។ (​ម៉ាថ. ១២:២០​) លោក​បាន​កែ​តម្រង់​ពួក​សាវ័ក​របស់​លោក​តាម​របៀប​ដែលបង្ហាញ​ចិត្ត​សប្បុរស​និង​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​នៅ​ពេល​ដែល​លោក​មាន​ហេតុ​ខឹង​នឹង​ពួក​គេ​ដោយ​សារ​ពួក​គេ​ឈ្លោះ​គ្នា​អំពី​អ្នក​ណា​ដែល​ធំ​ជាង​គេ។—ម៉ាក. ៩:៣៣​-​៣៧; លូក. ២២:២៤​-​២៧ w​១៨.០៣ ទំ. ២៥ វ. ១៥​-​១៦

ថ្ងៃ​សុក្រ ទី​២ ខែ​សីហា

ព្រឹត្ដិការណ៍​នោះ​ជា​និមិត្តរូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ ពោល​គឺ​ការ​ជ្រមុជ​ទឹក។—១ពេ. ៣:២១

ពេត្រុស​បាន​ប្រៀប​ប្រដូច​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​ដែល​ណូអេ​សង់​ទូក​ធំ។ ទូក​ធំ​នោះ​ផ្ដល់​ភ័ស្តុតាង​ច្បាស់​លាស់​ដល់​អ្នក​ឯ​ទៀត​ថា​ណូអេ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​អស់​ពី​ចិត្ត។ ដោយ​ស្មោះ​ត្រង់ ណូអេ​បាន​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់។ ដោយ​សារ​ជំនឿ​របស់​ណូអេ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់។ ពេល​មនុស្ស​បាន​ឃើញ​ទូក​ធំ​នោះ ពួក​គេ​បាន​ដឹង​ថា​ណូអេ​មាន​ជំនឿ​លើ​ព្រះ។ ពេល​មនុស្ស​ឃើញ​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ដឹង​ថា​គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ដោយ​សារ​គាត់​មាន​ជំនឿ​លើ​គ្រិស្ត។ ដូច​ណូអេ អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក ស្ដាប់​បង្គាប់​ព្រះ​និង​ធ្វើ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ ម្យ៉ាង​ទៀត ដូច​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ណូអេ​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់ លោក​ក៏​នឹង​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ពេល​លោក​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​ម៉ាក. ១៣:១០; បប. ៧:៩, ១០​) យើង​អាច​ឃើញ​ច្បាស់​ថា គឺ​សំខាន់​ណាស់​ដែល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ តាម​ពិត បើ​បុគ្គល​ណា​ម្នាក់​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​អាច​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។ w​១៨.០៣ ទំ. ៤​-​៥ វ. ៣​-​៤

ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា

សេចក្ដី​ចំ​កួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង។—សុភ. ២២:១៥

ឪ​ពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​មាន​ទស្សនៈ​ថា​បើ​កូន​របស់​ពួក​គេ​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក កូន​ក៏​មិន​អាច​ត្រូវ​បណ្ដាច់​មិត្តភាព​ដែរ។ ប៉ុន្តែ ហេតុ​អ្វី​ទស្សនៈ​នេះ​គឺ​មិន​ត្រឹម​ត្រូវ? (​យ៉ា. ១:២២​) ពិត​មែន​ថា​ឪ​ពុក​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទទួល​ការ​ជ្រមុជ​ទឹក​មុន​ដែល​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ប្រគល់​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា តែ​គឺ​ជា​ការ​យល់​ច្រឡំ​បើ​មាន​ទស្សនៈ​ថា​កូន​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ កូន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ពេល​ដែល​គាត់​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ខុស​និង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ត្រូវ។ (​យ៉ា. ៤:១៧​) ឪ​ពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​មិន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​គិត​ថា​កូន​មិន​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ សូម្បី​តែ​ពេល​ដែល​កូន​នៅ​ក្មេង​ក្ដី ពួក​គេ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ ហើយ​ស្អប់​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ខុស ដូច​ដែល​ពួក​គេ​ធ្វើ​ដែរ។ (​លូក. ៦:៤០​) សេចក្ដី​ស្រឡាញ់​ដែល​កូន​មាន​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​កូន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ដោយ​សារ​កូន​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ។—អេ. ៣៥:៨ w​១៨.០៣ ទំ. ១២​-​១៣ វ. ១២​-​១៣

ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា

[​ណូអេ​បាន​]ដើរ​ជា​មួយ​នឹង​ព្រះ។—លោ. ៦:៩

ណូអេ​បាន​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា អស់​៣៥០​ឆ្នាំ​ទៀត​ក្រោយ​ពី​ទឹក​ជំនន់។ (​លោ. ៩:២៨​) ណូអេ​ជា​គំរូ​ល្អ​អំពី​ជំនឿ​និង​ការ​ស្ដាប់​បង្គាប់​ព្រះ! យើង​អាច​ស្ដាប់​បង្គាប់​ព្រះ​និង​មាន​ជំនឿ​ដូច​ណូអេ ដោយ​គាំ​ទ្រ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ ពេល​យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​សាថាន និង​ពេល​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (​ម៉ាថ. ៦:៣៣; យ៉ូន. ១៥:១៩​) ដោយ​សារ​មូលហេតុ​ទាំង​នេះ មនុស្ស​ខាង​ពិភព​លោក​នេះ​មិន​ចូល​ចិត្ត​យើង​ទេ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ​មនុស្ស​និយាយ​មិន​ល្អ​អំពី​យើង​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ដោយ​សារ​យើង​តាំង​ចិត្ត​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ការ​រួម​ភេទ​និង​អំពី​អាពាហ៍​ពិពាហ៍។ (​ម៉ាឡ. ៣:១៧, ១៨​) ដូច​ណូអេ យើង​មិន​ខ្លាច​មនុស្ស​ឡើយ។ យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា ពោល​គឺ​យើង​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ ហើយ​មិន​ចង់​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ទេ។ យើង​ដឹង​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​លូក. ១២:៤, ៥​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​នឹង​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ សូម្បី​តែ​អ្នក​ឯ​ទៀត​សើចចំអក​ឬ​រិះ​គន់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្ញុំ សូម្បី​តែ​នៅ​ពេល​ដែល​មិន​ស្រួល​ចិញ្ចឹម​ជីវិត​ក្នុង​ពិភព​លោក​នេះ​ឬ​ទេ?›។ បើ​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​ស្ដាប់​បង្គាប់​លោក​ដូច​ណូអេ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​អ្នក។—ភី. ៤:៦, ៧ w​១៨.០២ ទំ. ៤ វ. ៤; ទំ. ៥ វ. ៨​-​១០

ថ្ងៃ​ច័ន្ទ ទី​៥ ខែ​សីហា

មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត មិន​ទទួល​អ្វី​ៗ​ពី​សកម្មពល​របស់​ព្រះ​ទេ។—១កូ. ២:១៤

ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ផ្ដោត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ប៉ូល​បាន​រៀប​រាប់​អំពី​ចិត្ត​គំនិត​នេះ ជា​«​ចិត្ត​គំនិត​ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​»។ (​អេភ. ២:២​) ចិត្ត​គំនិត​នេះ​នាំ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ធ្វើ​តាម​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ពួក​គេ​ចេះ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា​គឺ​ត្រឹម​ត្រូវ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្នាត​តម្រា​របស់​ព្រះ។ មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​ច្រើន​តែ​គិត​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​សាច់​ឈាម ហើយ​ច្រើន​តែ​គិត​ថា​ឋានៈ លុយ ឬ​សិទ្ធិ​របស់​គាត់​ផ្ទាល់​គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។ បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ច្រើន​តែ​ធ្វើ​អ្វី​ដែល​គម្ពីរ​ហៅ​ថា ​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»។ (​កាឡ. ៥:១៩​-​២១​) ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា គាំ​ទ្រ​ម្ខាង​ៗ​ពេល​មាន​ទំនាស់ លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​បះ​បោរ ប្ដឹង​គ្នា​ទៅ​តុលាការ មិន​បង្ហាញ​ការ​គោរព​ចំពោះ​ប្រមុខ​ភាព និង​គិត​ហួស​ហេតុ​ពេក​អំពី​ការ​ផឹក​និង​បរិភោគ។ បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ចេះ​តែ​បណ្ដោយ​ខ្លួន​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ ទោះ​ជា​ពួក​គេ​ដឹង​ថា​នោះ​គឺ​ខុស​ក៏​ដោយ។—សុភ. ៧:២១, ២២ w​១៨.០២ ទំ. ១៧ វ. ៣​-​៥

ថ្ងៃ​អង្គារ ទី​៦ ខែ​សីហា

មនុស្ស​នឹង . . . ស្រឡាញ់​ការ​សប្បាយ។—២ធី. ៣:២, ៤

យើង​ដឹង​ថា​យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សប្បាយ​នឹង​ជីវិត។ មនុស្ស​ខ្លះ​គិត​ថា​ពួក​គេ​មិន​គួរ​មាន​ការ​សប្បាយ​ទាល់​តែ​សោះ ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ឡើយ។ គម្ពីរ​លើក​ទឹក​ចិត្ត​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ថា​៖ ​«​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក​រាយ​ផង​»។ (​សាស្ដ. ៩:៧​) ធីម៉ូថេ​ទី២ ៣:៤​ចែង​អំពី​មនុស្ស​ដែល​ស្រឡាញ់​ការ​សប្បាយ ហើយ​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ព្រះ។ សូម​កត់​សម្គាល់​ថា ខ​នេះ​មិន​បាន​ចែង​ថា​មនុស្ស​នឹង​ស្រឡាញ់​ការ​សប្បាយ​ជាង​ព្រះ​ទេ។ បើ​ដូច្នេះ នោះ​នឹង​មាន​ន័យ​ថា​ពួក​គេ​ស្រឡាញ់​ព្រះ​មួយ​កម្រិត។ ប៉ុន្តែ ខ​នោះ​ចែង​ថា​«​ជា​ជាង​»​ព្រះ។ បណ្ឌិត​ម្នាក់​បាន​សរសេរ​ថា ខ​នេះ​«​មិន​មាន​ន័យ​ថា​ពួក​គេ​ក៏​ស្រឡាញ់​ព្រះ​មួយ​កម្រិត​នោះ​ទេ តែ​ថា​ពួក​គេ​មិន​ស្រឡាញ់​ព្រះ​ទាល់​តែ​សោះ​»។ នេះ​ជា​ការ​ព្រមាន​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​ការ​សប្បាយ។ គម្ពីរ​រៀប​រាប់​អំពី​អ្នក​ដែល​ស្រឡាញ់​ការ​សប្បាយ​ថា ជា​ពួក​អ្នក​ដែល​«​ទាញ​បំបែរ​អារម្មណ៍​»​ដោយ​ការ​សប្បាយ​នៃ​ជីវិត។—លូក. ៨:១៤ w​១៨.០១ ទំ. ២៥ វ. ១៤​-​១៥

ថ្ងៃ​ពុធ ទី​៧ ខែ​សីហា

ចូរ​ថ្វាយ​កិត្ដិ​នាម​ដល់​ព្រះ​យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្ដិ . . . របស់​ឯង។—សុភ. ៣:៩

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ចិត្ត​ទូលាយ។ អ្វី​ៗ​ទាំង​អស់​ដែល​យើង​មាន​គឺ​មក​ពី​លោក។ លោក​ជា​ម្ចាស់​លើ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​តម្លៃ​នៅ​ផែន​ដី ហើយ​លោក​ប្រើ​អ្វី​ទាំង​នោះ​ដើម្បី​ផ្គត់​ផ្គង់​ជីវិត​នៅ​ផែន​ដី។ (​ទំនុក. ១០៤:១៣​-​១៥; ហាក. ២:៨​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នំ​ម៉ាណា​និង​ទឹក​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ពួក​គេ​បាន​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​រយៈ​ពេល​៤០​ឆ្នាំ។ (​និក្ខ. ១៦:៣៥; នេហ. ៩:២០, ២១​) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធា​នុភាព​ដល់​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រេង​តិច​តួច​របស់​ស្ត្រី​មេ​ម៉ាយ​ដ៏​ស្មោះ​ត្រង់​ទៅ​ជា​ច្រើន។ អំណោយ​នេះ​ពី​ព្រះ បាន​ជួយ​គាត់​ឲ្យ​សង​បំណុល​និង​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់​និង​កូន​ប្រុស​ៗ​របស់​គាត់។ (​២ព. ៤:១​-​៧​) ម្យ៉ាង​ទៀត ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​ផ្ដល់​អាហារ​និង​លុយ​កាក់​នៅ​ពេល​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ (​ម៉ាថ. ១៥:៣៥​-​៣៨; ១៧:២៧​) ព្រះ​យេហូវ៉ា​អាច​ប្រើ​អ្វី​ណា​ក៏​ដោយ​ដែល​លោក​ចង់ប្រើ ដើម្បី​គាំ​ទ្រ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ប៉ុន្តែ លោក​នៅ​តែ​បើក​ឱកាស​ឲ្យ​អ្នក​បម្រើ​របស់​លោក​ផ្ដល់​អ្វី​ដែល​ពួក​គេ​មាន​តាម​លទ្ធភាព​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​អង្គ​ការ​របស់​លោក។—និក្ខ. ៣៦:៣​-​៧ w​១៨.០១ ទំ. ១៥​-​១៦ វ. ១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​សីហា

ឱ​ព្រះ​យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ។—១ព. ១៩:៤

អ្នក​បម្រើ​ស្មោះ​ត្រង់​ខ្លះ​នៅ​អតីតកាល​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ។ (​យ៉ូប ៧:៧​) តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​បន្ត​ស៊ូ​ទ្រាំ? ពួក​គេ​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដល់​ពួក​គេ។ គម្ពីរ​ចែង​ថា​ព្រះ​«​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ​»។ (​អេ. ៤០:២៩​) ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ រាស្ត្រ​ខ្លះ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​គិត​ថា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​ជីវិត​គឺ​ដោយ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​មួយ​រយៈ​ពេល ពី​ព្រោះ​ពួក​គេ​គិត​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​បន្ទុក មិន​មែន​ជា​ពរ​ទេ។ ដូច្នេះ ពួក​គេ​ឈប់​អាន​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ ហើយ​ចូល​រួម​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ នេះ​គឺ​ជា​អ្វី​ដែល​សាថាន​ចង់​ឲ្យ​ពួក​គេ​ធ្វើ។ មេ​កំណាច​មិន​ចង់​ឲ្យ​យើង​មាន​កម្លាំង​ឡើយ។ ម្យ៉ាង​ទៀត វា​ដឹង​ថា​យើង​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​ដែល​យើង​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​អ្នក​អស់​កម្លាំង​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត សូម​កុំ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ សូម​ចូល​កាន់​តែ​ជិត​លោក។ គម្ពីរ​ចែង​ថា​៖ ​«​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា​ឡើង​»។—១ពេ. ៥:១០; យ៉ា. ៤:៨ w​១៨.០១ ទំ. ៣​-​៤ វ. ២​-​៣

ថ្ងៃ​សុក្រ ទី​៩ ខែ​សីហា

ព្រះ​យេហូវ៉ា ទ្រង់​នាំ​ចុះ​ទៅ​ដល់​ស្ថាន . . . មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​ដែរ។—១សាំ. ២:៦

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី២​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ នៅ​ក្រុង​មួយ​ដែល​ហៅ​ថា​ស៊ូ​ណែម មាន​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​គ្មាន​កូន។ ដោយ​សារ​គាត់​បាន​ទទួល​អេលីសេ​ដោយ​រាក់​ទាក់ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ស្ត្រី​នោះ​និង​ប្ដី​របស់​គាត់​ដែល​មាន​វ័យ​ចាស់ ដោយ​ឲ្យ​ពួក​គាត់​មាន​កូន​ប្រុស​ម្នាក់។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កូន​នោះ​បាន​ស្លាប់។ សូម​គិត​អំពី​អារម្មណ៍​របស់​ម្ដាយ​នោះ គាត់​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ហេតុ​នេះ​ហើយ គាត់​សុខ​ចិត្ត​ធ្វើ​ដំណើរ​អស់​៣០​គីឡូ​ម៉ែត្រ(​១៩​ម៉ៃល៍​) ដើម្បី​ទៅ​រក​អេលីសេ​នៅ​ភ្នំ​កើមែល។ អេលីសេ​បាន​ចាត់​កេហាស៊ី​ដែល​ជា​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ទៅ​ក្រុង​ស៊ូ​ណែម​មុន​ពួក​គេ​ដើម្បី​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ កេហាស៊ី​មិន​អាច​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ​ទេ។ ក្រោយ​មក ម្ដាយ​ដែល​កំពុង​កើត​ទុក្ខ​នោះ​បាន​ត្រឡប់​មក​ផ្ទះ​របស់​គាត់​វិញ​ជា​មួយ​នឹង​អេលីសេ។ (​២ព. ៤:៨​-​៣១​) អេលីសេ​បាន​ចូល​ទៅ​កន្លែង​ដែល​គេ​បាន​ដាក់​សព​ក្មេង​នោះ រួច​គាត់​បាន​អធិដ្ឋាន។ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អេលីសេ ដោយ​ប្រោស​ក្មេង​នោះ​ឲ្យ​រស់​ឡើង​វិញ។ ពេល​ម្ដាយ​នោះ​បាន​ឃើញ​កូន​របស់​គាត់​រស់​ឡើង​វិញ គាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង! (​២ព. ៤:៣២​-​៣៧​) ក្នុង​ករណី​នោះ ព្រះ​យេហូវ៉ា​បាន​នាំ​ក្មេង​ប្រុស​ពី​ក្រុង​ស៊ូ​ណែម​នោះ​ឡើង​មក​វិញ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​បាន​បង្ហាញ​ថា​លោក​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ w​១៧.១២ ទំ. ៥ វ. ៧​-​៨

ថ្ងៃ​សៅរ៍ ទី​១០ ខែ​សីហា

សេចក្ដី​ចំ​កួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង។—សុភ. ២២:១៥

ដោយ​សារ​ប្រាជ្ញា​គឺ​ផ្ទុយ​ពី​ភាព​ល្ងង់​ខ្លៅ នោះ​ប្រាជ្ញា​ជា​សញ្ញា​សម្គាល់​មួយ​នៃ​ភាព​ចាស់​ទុំ។ យើង​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ​ដោយ​សារ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក មិន​គ្រាន់​តែ​ដោយ​សារ​យើង​មាន​វ័យ​ចាស់​នោះ​ទេ។ (​ទំនុក. ១១១:១០​) ប្អូន​ៗ​វ័យ​ក្មេង​ដែល​មាន​ភាព​ចាស់​ទុំ​មួយ​កម្រិត​មិន​«​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ ឬ​ត្រូវ​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​»​ដោយ​សារ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឬ​ដោយ​សារ​ឥទ្ធិពល​ពី​មនុស្ស​វ័យ​ក្មេង​ឯ​ទៀត​នោះ​ទេ។ (​អេភ. ៤:១៤​) ផ្ទុយ​ទៅ​វិញ ​«​សមត្ថភាព​យល់​ដឹង​»​របស់​ពួក​គេ​បាន​ត្រូវ​«​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។ (​ហេ. ៥:១៤​) ដូច្នេះ ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ ប្រាជ្ញា​បែប​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ (​សុភ. ២៤:១៤​) ដូច្នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូនដឹង​អំពី​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​សំខាន់។ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​អ្នក ពួក​គេ​គួរ​ឃើញ​ថា​អ្នក​កំពុង​ព្យាយាម​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។—រ៉ូម ២:២១​-​២៣ w​១៧.១២ ទំ. ១៨ វ. ១២​-​១៣

ថ្ងៃ​អាទិត្យ ទី​១១ ខែ​សីហា

ចូរ​បន្ត​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា . . . [​ត្រូវ​]ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ។—កូឡ. ៤:៥, ៦

មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​បាន។ ហេតុ​អ្វី? បើ​នេះ​ជា​ការ​ពិត នេះ​មាន​ន័យ​ថា​យើង​មិន​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ ហើយ​អាច​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ចង់​ធ្វើ។ ម្យ៉ាង​ទៀត ប្រហែល​ជា​គេ​គាំ​ទ្រ​ទស្សនៈ​នោះ ដោយ​សារ​បញ្ហា​ផ្សេង​ៗ​ដូច​ជា​សង្គ្រាម ឧក្រិដ្ឋកម្ម ជំងឺ និង​ភាព​ក្រី​ក្រ​មាន​កាន់​តែ​តិច​ទៅ​ៗ។ សេចក្ដី​រាយ​ការណ៍​មួយ​បាន​រៀប​រាប់​ថា​៖ ​«​មូលហេតុ​ដែល​សង្គម​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង គឺ​ដោយ​សារ​មនុស្ស​ចង់​ធ្វើ​ឲ្យ​ពិភព​លោក​ល្អ​ប្រសើរ​ជាង​មុន​»។ បើ​អ្នក​ឮ​គេ​និយាយ​អំពី​ទស្សនៈ​ពេញ​និយម​ដែល​មិន​ស្រប​តាម​ជំនឿ​របស់​អ្នក សូម​ស្វែង​យល់​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នោះ។ សូម​ពិភាក្សា​រឿង​នោះ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ។ សូម​គិត​អំពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ទស្សនៈ​នោះ មូលហេតុ​ដែល​ទស្សនៈ​នោះ​គឺ​មិន​ត្រឹម​ត្រូវ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មិន​ទទួល​យក​ទស្សនៈ​នោះ។ យើង​អាច​ការ​ពារ​ខ្លួន​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ ដោយ​ធ្វើ​តាម​អ្វី​ដែល​ប៉ូល​បាន​និយាយ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ w​១៧.១១ ទំ. ២៥ វ. ១៤; ទំ. ២៦ វ. ១៧

ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា

ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត។—លូក. ១៨:១១

ពួក​ផារិស៊ី​មិន​បាន​គិត​ថា​ពួក​គេ​ត្រូវ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ទេ ហើយ​បាន​«​ចាត់​ទុក​ថា​អ្នក​ដទៃ​គ្មាន​តម្លៃ​សោះ​»។ (​លូក. ១៨:៩​-​១៤​) ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​មិន​មែន​ពួក​ផារិស៊ី​ទេ។ ចូរ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​ការ​អាណិត​អាសូរ។ (​កូឡ. ៣:១៣​) ចូរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រួល​សុំ​យើង​អភ័យ​ទោស​ឲ្យ​ពួក​គេ។ (​លូក. ១៧:៣, ៤​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ឆាប់​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត សូម្បី​តែ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ជា​ច្រើន​ដង​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទើស​ចិត្ត​ឬ​ឈឺ​ចិត្ត​ឬ​ទេ?›។ ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប។ ពួក​ផារិស៊ី​បាន​គិត​ថា​ពួក​គេ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ដូច្នេះ​ពួក​គេ​មិន​ព្រម​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​«​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន​»​ ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ (​ភី. ២:៣​) យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ចិត្ត​រាប​ទាប​ឬ​ទេ?›។ បើ​យើង​មាន​ចិត្ត​រាប​ទាប នោះ​អ្នក​ឯ​ទៀត​នឹង​ស្រួល​សុំ​យើង​អភ័យ​ទោស​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​នឹង​ស្រួល​អភ័យ​ទោស​ឲ្យ​ពួក​គេ​ជាង​ដែរ។ ចូរ​រហ័ស​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ហើយ​យឺត​នឹង​ទើស​ចិត្ត។—សាស្ដ. ៧:៨, ៩ w​១៧.១១ ទំ. ១៧ វ. ៦​-​៨

ថ្ងៃ​អង្គារ ទី​១៣ ខែ​សីហា

ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ។—ទំនុក. ១៤៧:១

ប្រហែល​ជា​អ្នក​ធ្លាប់​ប្រៀប​ធៀប​ការ​ច្រៀង​របស់​អ្នក​ទៅ​នឹង​ការ​ច្រៀង​របស់​អ្នក​ឯ​ទៀត ហើយ​មាន​អារម្មណ៍​អៀន​ខ្មាស។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​លើក​សៀវភៅ​ចម្រៀង​របស់​អ្នក​ឲ្យ​ខ្ពស់ ងើប​ក្បាល​ឡើង ហើយ​ច្រៀង​ដោយ​ចិត្ត​ខ្នះ​ខ្នែង! (​អែស. ៣:១១​) សព្វ​ថ្ងៃ​នេះ សាល​ប្រជុំ​ជា​ច្រើន​មាន​ពាក្យ​ចម្រៀង​ដែល​បាន​ត្រូវ​បង្ហាញ​នៅ​លើ​អេក្រង់ ហើយ​នេះ​អាច​ជួយ​យើង​ឲ្យ​ច្រៀង​ឮ​ៗ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ឥឡូវ​ការ​ច្រៀង​ចម្រៀង​រាជាណាចក្រ បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ។ នេះ​បញ្ជាក់​ថា​គឺ​សំខាន់​ណាស់​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​នាំ​មុខ​ក្នុង​ការ​ច្រៀង​ចម្រៀង​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ បង​ប្អូន​ជា​ច្រើន​មិន​ហ៊ាន​ច្រៀង​ឮ​ៗ​ដោយ​សារ​ពួក​គេ​គិត​ថា​សំឡេង​របស់​ពួក​គេ​មិន​ពីរោះ។ ប៉ុន្តែ​សូម​គិត​អំពី​ចំណុច​នេះ ពេល​យើង​និយាយ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»​ តែ​នោះ​មិន​ធ្វើ​ឲ្យ​យើង​ឈប់​និយាយ​ឡើយ។ (​យ៉ា. ៣:២​) ដូច្នេះ តើ​មាន​មូលហេតុ​អ្វី​ដែល​យើង​គួរ​ឲ្យ​សំឡេង​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​បញ្ឈប់​យើង​ពី​ការ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា? w​១៧.១១ ទំ. ៥​-​៦ វ. ៩​-​១០

ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា

ការ​នេះ​នឹង​កើត​មក​មែន បើ​ឯង​រាល់​គ្នា​ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។—សាក. ៦:១៥

ពេល​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៧​បាន​ត្រូវ​បញ្ចប់ មាន​អ្វី​ជា​ច្រើន​ដែល​គាត់​ត្រូវ​គិត​ពិចារណា។ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​លោក​នឹង​ដាក់​ទោស​មនុស្ស​មិន​ទៀង​ត្រង់​ច្បាស់​ជា​បាន​ពង្រឹង​កម្លាំង​ចិត្ត​គាត់។ ប៉ុន្តែ​គ្មាន​អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​ទេ។ មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ទៀង​ត្រង់​និង​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​កិច្ច​ការ​សាង​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​បង្ហើយ​នៅ​ឡើយ។ ហេតុ​អ្វី​ភ្លាម​ៗ​ជន​ជាតិ​យូដា​បាន​បោះ​បង់​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ពួក​គេ? តើ​ពួក​គេ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​តែ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ជាង​ឬ​ទេ? ព្រះ​យេហូវ៉ា​ដឹង​ថា​រាស្ត្រ​របស់​លោក​ត្រូវ​ការ​កម្លាំង​ចិត្ត​និង​ចិត្ត​ក្លាហាន។ លោក​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​អ្វី​មួយ​ក្នុង​គំនិត​នៅ​លើក​ចុង​ក្រោយ ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​រាស្ត្រ​លោក​ថា​លោក​ស្រឡាញ់​ពួក​គេ​និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខំ​ប្រឹង​របស់​ពួក​គេ​ក្នុង​ការ​បម្រើ​លោក។ លោក​បាន​សន្យា​ថា​លោក​នឹង​ការ​ពារ​ពួក​គេ បើ​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ​នូវ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ ស្តី​អំពី​ការ​សាង​សង់​វិហារ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ w​១៧.១០ ទំ. ២១ វ. ១; ទំ. ២២ វ. ៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​សីហា

ព្រះ . . . កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា . . . ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត។—ភី. ២:១៣

បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ត្រូវ​ការ​ចិត្ត​ក្លាហាន ហើយ​ខំ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដែរ។ ពេល​ពួក​គេ​សុខ​ចិត្ត​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ នោះ​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​ជា​ច្រើន។ (​១ធី. ៣:១​) ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ប្រហែល​ជា​បង​ប្រុស​ណា​ម្នាក់​ធ្លាប់​ធ្វើ​ខុស​ពី​មុន ហើយ​ឥឡូវ​គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​សម​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ​ទេ។ បង​ប្រុស​ម្នាក់​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​គ្មាន​សមត្ថភាព​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​បំពេញ​ភារកិច្ច​នោះ​ឡើយ។ បើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន។ (​ភី. ៤:១៣​) សូម​ចាំ​អំពី​គំរូ​របស់​ម៉ូសេ។ គាត់​ក៏​បាន​គិត​ថា​គាត់​មិន​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​គាត់​ធ្វើ​ដែរ។ (​និក្ខ. ៣:១១​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់។ តើ​តាម​របៀប​ណា​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អាច​មាន​ចិត្ត​ក្លាហាន​បែប​នេះ? គាត់​អាច​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​អាន​គម្ពីរ​រាល់​ថ្ងៃ។ គាត់​អាច​រំពឹង​គិត​អំពី​បុគ្គល​ក្នុង​គម្ពីរ​ដែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន។ ដោយ​ចិត្ត​រាប​ទាប គាត់​អាច​សុំ​អ្នក​ចាស់​ទុំ​ឲ្យ​បង្ហាត់​បង្រៀន​គាត់ ហើយ​គាត់​អាច​ស្នើ​សុំ​ជួយ​ធ្វើ​កិច្ច​ការ​ណា​ក៏​ដោយ​ដែល​ក្រុម​ជំនុំ​ត្រូវ​ការ។ w​១៧.០៩ ទំ. ៣២ វ. ១៩

ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា

ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា . . . ស្ថិតស្ថេរ​នៅ​ជា​ដរាប។—អេ. ៤០:៨

គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ព្រះ​បាន​ដឹក​នាំ​កិច្ច​ការ​បក​ប្រែ​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​សេបធួជីន សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ចន វ៉ាយឃ្លីហ្វ សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស ឬ​សេចក្ដី​បក​ប្រែ​ណា​ផ្សេង​ទៀត​ទេ។ ក៏​ប៉ុន្តែ ពេល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​បក​ប្រែ​ទាំង​នោះ​បាន​ត្រូវ​រៀប​ចំ​ឡើង នោះ​ស​ឲ្យ​ឃើញ​ថា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ស្ថិតស្ថេរ​ដូច​ដែល​លោក​បាន​សន្យា។ នេះ​ពង្រឹង​ជំនឿ​របស់​យើង​ថា សេចក្ដី​សន្យា​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ដែរ។ (​យ៉ូស. ២៣:១៤​) ពេល​យើង​ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​បណ្ដាំ​របស់​លោក យើង​កាន់​តែ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គម្ពីរ​ដល់​យើង? ហេតុ​អ្វី​លោក​បាន​សន្យា​ថា​លោក​នឹង​រក្សា​ការ​ពារ​គម្ពីរ? ពី​ព្រោះ​លោក​ស្រឡាញ់​យើង ហើយ​លោក​ចង់​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។ (​អេ. ៤៨:១៧, ១៨​) នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​លោក​និង​ស្ដាប់​បង្គាប់​លោក។—១យ៉ូន. ៤:១៩; ៥:៣ w​១៧.០៩ ទំ. ១៩ វ. ១៣​-​១៤

ថ្ងៃ​សៅរ៍ ទី​១៧ ខែ​សីហា

ចូរ​គោរព​ឪ​ពុក​និង​ម្ដាយ​របស់​អ្នក។—អេភ. ៦:២

បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា ការ​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ​ធ្វើ​តាម​បង្គាប់​នេះ​អាច​ជា​អ្វី​ដ៏​ពិបាក។ អ្នក​អាច​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ​ដោយ​គោរព​គូ​របស់​អ្នក។ សូម​គិត​អំពី​គុណ​សម្បត្ដិ​របស់​គាត់ ហើយ​ប្រាប់​គាត់​ថា​អ្នក​ដឹង​គុណ​គាត់​ជា​ខ្លាំង​ចំពោះ​អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​គាត់​ធ្វើ។ សូម​កុំ​និយាយ​អ្វី​ដែល​មិន​ល្អ​អំពី​គូ​របស់​អ្នក​នៅ​មុខ​កូន​ៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ពន្យល់​ពួក​គេ​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ថា​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ បើ​អ្នក​បង្ហាត់​បង្រៀន​កូន​ៗ​របស់​អ្នក​ឲ្យ​គោរព​ឪ​ពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​អ្នក​ជឿ នោះ​គំរូ​ល្អ​របស់​កូន​ៗ​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​គូ​របស់​អ្នក​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា។ ប្ដី​ខ្លះ​ក៏​ប្រហែល​ជា​ហាម​មិន​ឲ្យ​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​បង្រៀន​កូន​ៗ​អំពី​គម្ពីរ​ឬ​នាំ​ពួក​គេ​ទៅ​កិច្ច​ប្រជុំ​ឡើយ។ ប៉ុន្តែ សូម្បី​តែ​ក្នុង​ស្ថានភាព​នោះ​ក្ដី នាង​នឹង​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ដើម្បី​បង្រៀន​កូន​ៗ​អំពី​សេចក្ដី​ពិត។ (​សកម្ម. ១៦:១; ២ធី. ៣:១៤, ១៥​) ទោះ​ជា​នាង​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់​ក្ដី នាង​នៅ​តែ​អាច​និយាយ​ជា​មួយ​នឹង​កូន​ៗ​អំពី​ជំនឿ​របស់​នាង​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។—សកម្ម. ៤:១៩, ២០ w​១៧.១០ ទំ. ១១​-​១២ វ. ៩​-​១០

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា

ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក។—អេភ. ៥:១

ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​មេត្ដា ហើយ​មនុស្សជាតិ​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​លោក។ ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ក្ដី ក៏​ច្រើន​តែ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ដែរ។ (​លោ. ១:២៦​) ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​មនុស្ស​ដែល​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្ដា។ ជា​ឧទាហរណ៍ ពេល​ដែល​សាឡូម៉ូន​ត្រូវ​ស្វែង​យល់​ថា​ស្ត្រី​មួយ​ណា​ក្នុង​ចំណោម​ស្ត្រី​ពីរ​នាក់​គឺ​ជា​ម្ដាយ​របស់​ទារក​មួយ គាត់​បាន​សាកល្បង​ពួក​គេ​ដោយ​បញ្ជា​គេ​ឲ្យ​ពុះ​ទារក​នោះ​ជា​ពីរ​ចំណែក។ ម្ដាយ​ពិត​ប្រាកដ​មាន​ចិត្ត​អាណិត​មេត្ដា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កូន​របស់​ខ្លួន ដូច្នេះ​នាង​បាន​អង្វរ​សុំ​ឲ្យ​ស្តេច​ប្រគល់​ទារក​នោះ​ឲ្យ​ស្ត្រី​ម្នាក់​ទៀត​ចុះ។ (​១ព. ៣:២៣​-​២៧​) ឧទាហរណ៍​មួយ​ទៀត​អំពី​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​គឺ​កូន​ស្រី​របស់​ផារ៉ូ។ ពេល​គាត់​បាន​ឃើញ​ម៉ូសេ​ដែល​ជា​ទារក គាត់​បាន​ដឹង​ថា​ទារក​នោះ​ជា​ជន​ជាតិ​ហេប្រឺ ហើយ​ថា​គេ​ត្រូវ​តែ​សម្លាប់​ទារក​នោះ។ ប៉ុន្តែ គាត់​«​មាន​ព្រះ​ទ័យ​ផ្ដួច​អាណិត​»​ដល់​ទារក​នោះ ហើយ​គាត់​បាន​សម្រេច​ចិត្ត​យក​កូន​នោះ​មក​ចិញ្ចឹម​ធ្វើ​ជា​កូន​របស់​ខ្លួន។—និក្ខ. ២:៥, ៦ w​១៧.០៩ ទំ. ៩​-​១០ វ. ២​-​៣

ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា

[​ព្រះ​យេហូវ៉ា​]អត់​ធ្មត់​នឹង​យើង។—២ពេ. ៣:៩

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​សុភាព​ឬ​ចិត្ត​រាប​ទាប។ ចិត្ត​រាប​ទាប​នាំ​ឲ្យ​យើង​ទទួល​ពរ​ជា​ច្រើន។ (​សុភ. ២២:៤​) ពេល​យើង​មាន​ចិត្ត​រាប​ទាប ក្រុម​ជំនុំ​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ត​និង​មាន​សាមគ្គី​ភាព។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ក្រវាត់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប​ក្នុង​របៀប​ដែល​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។ (​១ពេ. ៥:៥​) នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ បើ​បុគ្គល​ណា​ម្នាក់​មាន​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់ អ្នក​ឯ​ទៀត​ច្រើន​តែ​គិត​ថា​គាត់​គឺ​ជា​មនុស្ស​ទន់​ខ្សោយ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គុណ​សម្បត្ដិ​ទាំង​នេះ​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​ដ៏​ខ្លាំង​ក្លា​បំផុត​លើ​សកល​លោក។ លោក​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្តី​អំពី​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​នៅ​ពេល​ដែល​លោក​បាន​ឆ្លើយ​តប​តាម​រយៈ​ទេវតា​របស់​លោក​ទៅ​កាន់​អាប្រាហាំ​និង​ឡុត។ (​លោ. ១៨:២២​-​៣៣; ១៩:១៨​-​២១​) ម្យ៉ាង​ទៀត សូម​គិត​ដែរ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​អស់​ជាង​១.៥០០​ឆ្នាំ​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​មិន​បាន​ស្ដាប់​បង្គាប់​លោក។—អេស. ៣៣:១១ w​១៧.០៨ ទំ. ២៤​-​២៥ វ. ១៣​-​១៤

ថ្ងៃ​អង្គារ ទី​២០ ខែ​សីហា

សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត . . . របស់​អ្នក​រាល់​គ្នា។—ភី. ៤:៧

ចូរ​អធិដ្ឋាន។ យ៉ាង​នេះ អ្នក​នឹង​ទទួល​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា? សេចក្ដី​បក​ប្រែ​ខ្លះ​នៃ​គម្ពីរ​ចែង​ថា​នេះ​គឺ​«​ហួស​ពី​ការ​ស្រមើ​ស្រមៃ​»​ ឬ​«​ប្រសើរ​ជាង​អ្វី​ដែល​មនុស្ស​អាច​គ្រោង​ទុក​»។ ដូច្នេះ ប៉ូល​កំពុង​និយាយ​ថា​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​គឺ​អស្ចារ្យ​ជាង​អ្វី​ដែល​យើង​អាច​ស្រមៃ​គិត។ ទោះ​ជា​នៅ​ពេល​ខ្លះ​យើង​មិន​ដឹង​ថា​យើង​គួរ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​ដឹង ហើយ​លោក​អាច​ធ្វើ​អ្វី​ដែល​យើង​មិន​បាន​រំពឹង​ទុក។ (​២ពេ. ២:៩​) តើ​តាម​របៀប​ណា​យើង​អាច​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​បញ្ហា? យើង​ត្រូវ​រក្សា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន។ ចំណង​មិត្តភាព​នេះ​គឺ​អាច​មាន​ដោយ​សារ​តែ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ ថ្លៃ​លោះ​គឺ​ជា​អ្វី​មួយ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ ដោយ​សារ​ថ្លៃ​លោះ លោក​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​យើង​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​និង​អាច​ចូល​ទៅ​ជិត​លោក។—យ៉ូន. ១៤:៦; យ៉ា. ៤:៨; ១ពេ. ៣:២១ w​១៧.០៨ ទំ. ១១ វ. ៧; ទំ. ១៤ វ. ១៥

ថ្ងៃ​ពុធ ទី​២១ ខែ​សីហា

ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។—សុភ. ១៤:១០

ជួន​កាល អ្នក​ដែល​កើត​ទុក្ខ​មិន​អាច​ពន្យល់​ថា​គាត់​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា​ឡើយ។ សូម្បី​តែ​ពេល​ដែល​អ្នក​ណា​ម្នាក់​និយាយ​អំពី​អារម្មណ៍​របស់​គាត់​ក៏​ដោយ អ្នក​ឯ​ទៀត​មិន​តែង​តែ​ស្រួល​យល់​អំពី​អ្វី​ដែល​គាត់​ព្យាយាម​និយាយ​នោះ​ទេ។ ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​ដឹង​នូវ​អ្វី​ដែល​យើង​គួរ​និយាយ​ទៅ​កាន់​អ្នក​ដែល​កំពុង​កើត​ទុក្ខ។ ជា​ច្រើន​ដង អ្វី​ដែល​យើង​អាច​ធ្វើ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​គឺ​«​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។ (​រ៉ូម ១២:១៥​) បើ​អ្នក​ពិបាក​និយាយ​ដោយ​ផ្ទាល់​មាត់​នូវ​អ្វី​ដែល​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ស្រួល​ជាង​បើ​អ្នក​សរសេរ​សំបុត្រ ផ្ញើ​សារ ឬ​អ៊ីមែល។ អ្នក​អាច​ដក​ស្រង់​បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ និយាយ​អំពី​គុណ​សម្បត្ដិ​ដ៏​ពិសេស​ដែល​អ្នក​ចាំ​អំពី​បុគ្គល​ដែល​បាន​ស្លាប់ ឬ​រៀប​រាប់​អំពី​ការ​ចង​ចាំ​ដ៏​ល្អ​ៗ​ដែល​មាន​តម្លៃ​ចំពោះ​អ្នក។ ម្យ៉ាង​ទៀត សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​ជួយ​បង​ប្អូន​យើង​ដែល​កំពុង​កើត​ទុក្ខ។ យើង​អាច​អធិដ្ឋាន​ឲ្យ​ពួក​គេ​ឬ​ថែម​ទាំង​អធិដ្ឋាន​ជា​មួយ​នឹង​ពួក​គេ។ w​១៧.០៧ ទំ. ១២​-​១៣ វ. ១៣​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​សីហា

កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ។—ម៉ាថ. ១៩:៦

ប្រហែល​ជា​អាពាហ៍​ពិពាហ៍​របស់​ប្ដី​ប្រពន្ធ​មួយ​គូ មិន​ដូច​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ទុក​ទេ។ ប្រហែល​ជា​ពួក​គេ​ថែម​ទាំង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។ បើ​ដូច្នេះ ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​លោក​គឺ​ដូច​ជា​ប្ដី​របស់​រាស្ត្រ​លោក។ (​អេ. ៥៤:៥; ៦២:៤​) ជា​ច្រើន​ដង ប្រជា​ជាតិ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត។ ទំនាក់​ទំនង​នោះ​គឺ​ដូច​ជា​អាពាហ៍​ពិពាហ៍​ដ៏​ពិបាក​មួយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ឆាប់​បោះ​បង់​ចោល​ប្រជា​ជាតិ​អ៊ីស្រាអែល​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​ពួក​គេ។ (​ទំនុក. ១០៦:៤៣​-​៤៥​) គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ ហើយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ព្យាយាម​យក​តម្រាប់​លោក។ ទោះ​ជា​មាន​បញ្ហា​ក្នុង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ក៏​ដោយ ពួក​គេ​មិន​រក​វិធី​ដែល​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ​ដើម្បី​ផ្ដាច់​ចំណង​អាពាហ៍​ពិពាហ៍​នោះ​ទេ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ពាក្យ​សម្បថ​ក្នុង​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​សំខាន់ ហើយ​ថា​លោក​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​«​នៅ​ជាប់​»​ជា​មួយ​នឹង​គ្នា។ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ស្រប​តាម​គម្ពីរ​ដែល​បុគ្គល​ណា​ម្នាក់​អាច​លែង​លះ​និង​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត។ (​ម៉ាថ. ១៩:៥, ៩​) ពេល​គ្រិស្ត​សាសនិក​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ជោគ​ជ័យ នោះ​ពួក​គេ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ w​១៧.០៦ ទំ. ២៥​-​២៦ វ. ១៧​-​១៨

ថ្ងៃ​សុក្រ ទី​២៣ ខែ​សីហា

ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ។—លោ. ៣:៥

មេ​កំណាច​សាថាន​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ សាថាន​ចង់​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខូច​អាក្រក់ ហើយ​ថា​លោក​មិន​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ទេ។ សាថាន​បាន​អះអាង​ថា​មនុស្ស​នឹង​សប្បាយ​រីក​រាយ​ច្រើន​ជាង បើ​ពួក​គេ​គ្រប់​គ្រង​ខ្លួន​ឯង។ (​លោ. ៣:១​-​៤​) វា​ក៏​បាន​អះអាង​ថា​ពេល​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ជីវិត មនុស្ស​នឹង​លែង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ទៀត។ (​យ៉ូប ២:៤, ៥​) ដូច្នេះ ព្រះ​យេហូវ៉ា​កំពុង​ទុក​ពេល​ដើម្បី​បញ្ជាក់​ច្បាស់​ដល់​បុគ្គល​គ្រប់​រូប​ថា​ការ​រស់​នៅ​ដោយ​គ្មាន​ព្រះ​ជា​អ្នក​គ្រប់​គ្រង​គឺ​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​វេទនា។ ព្រះ​យេហូវ៉ា​ដឹង​ថា​ការ​ចោទ​ប្រកាន់​របស់​មេ​កំណាច​គឺ​ជា​ពាក្យ​កុហក។ ដូច្នេះ ហេតុ​អ្វី​លោក​បាន​ទុក​ពេល​ឲ្យ​សាថាន​ព្យាយាម​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​របស់​វា? ចម្លើយ​ចំពោះ​សំណួរ​នេះ​ជាប់​ទាក់​ទង​នឹង​បុគ្គល​គ្រប់​រូប ទាំង​នៅ​ស្ថាន​សួគ៌​ទាំង​នៅ​ផែន​ដី។ (​ទំនុក. ៨៣:១៨​) អាដាម​និង​អេវ៉ា​លែង​ទទួល​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​តាំង​ពី​ពេល​នោះ​មក​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​គិត​ថា​មេ​កំណាច​និយាយ​ត្រូវ។ w​១៧.០៦ ទំ. ១៥​-​១៦ វ. ៣​-​៤

ថ្ងៃ​សៅរ៍ ទី​២៤ ខែ​សីហា

ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ។—ម៉ាថ. ២៨:១៩

កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​មាន​ទម្លាប់​ល្អ​ស្តី​អំពី​ការ​ខំ​ប្រឹង​ធ្វើ​ការ របៀប​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ ហើយ​របៀប​មាន​ទំនុក​ចិត្ត​និង​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អន់​ចិត្ត។ (​សុភ. ២១:៥; ២ធី. ២:២៤​) តែ​កិច្ច​ការ​នេះ​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង​ដោយ​សារ​យើង​រៀន​អំពី​របៀប​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង​ដោយ​ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ យើង​ក៏​រៀន​អំពី​របៀប​រួម​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​១កូ. ៣:៩​) អ្នក​អាច​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ សូម្បី​តែ​មាន​មនុស្ស​តិច​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែល​ចង់​រៀន​គម្ពីរ​ក្ដី។ ក្រុម​ជំនុំ​ទាំង​មូល​សហការ​គ្នា​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ទោះ​ជា​មាន​តែ​បង​ប្អូន​ណា​ម្នាក់​ដែល​បាន​រក​ឃើញ​បុគ្គល​ដែល​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​ក៏​ដោយ យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ដោយ​សារ​យើង​ទាំង​អស់​គ្នា​បាន​ចូល​រួម​ក្នុង​ការ​ស្វែង​រក​មនុស្ស​បែប​នោះ។ ជា​ឧទាហរណ៍ បង​ប្រុស​ប្រេនឌិន​ដែល​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​អស់​៩​ឆ្នាំ​នៅ​តំបន់​មួយ​ដែល​មិន​សូវ​មាន​អ្នក​សិក្សា​គម្ពីរ និយាយ​ថា​៖ ​«​គឺ​ជា​ការ​ពិត​ដែល​ខ្ញុំ​មិន​ដែល​រក​បាន​អ្នក​ណា​ម្នាក់​ក្នុង​តំបន់​ផ្សាយ​ដែល​រីក​ចម្រើន​រហូត​ដល់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ប៉ុន្តែ​បង​ប្អូន​ឯ​ទៀត​រក​បាន​មនុស្ស​បែប​នោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​រៀប​គម្រោង​ដើម្បី​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​»។—សាស្ដ. ១១:៦ w​១៧.០៧ ទំ. ២៣​-​២៤ វ. ៧, ៩​-​១០

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា

នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ។—១សាំ. ១:១៨

ហាណា​ចង់​មាន​កូន តែ​មិន​អាច​មាន​ទេ។ ប៉ុន្តែ ពេនីណា​ដែល​ជា​ប្រពន្ធ​មួយ​ទៀត​របស់​អែលកាណា​បាន​បង្កើត​កូន​ជា​ច្រើន។ (​១សាំ. ១:៤​-​៧​) អ្វី​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ពិបាក​ថែម​ទៀត​គឺ​ពេនីណា​បាន​រិះ​គន់​ហាណា​«​រាល់​តែ​ឆ្នាំ​»​ដោយ​សារ​រឿង​នេះ។ នោះ​បាន​ធ្វើ​ឲ្យ​ហាណា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ? គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​១សាំ. ១:១២​) គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កូន​ប្រុស​មួយ​ឲ្យ​គាត់ ឬ​ថា​លោក​នឹង​សម្រាល​ទុក្ខ​គាត់​តាម​វិធី​ផ្សេង​ទៀត។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន នោះ​យើង​នឹង​បន្ត​មាន​ទុក្ខ​វេទនា។ (​១យ៉ូន. ៥:១៩​) ប៉ុន្តែ យើង​មាន​ជំនួយ។ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែល​«​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។ (​២កូ. ១:៣​) នេះ​ជា​អ្វី​ដែល​ហាណា​បាន​ធ្វើ។ គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​គាត់ ហើយ​បាន​អង្វរ​សុំ​លោក​ឲ្យ​ជួយ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​រង​ទុក្ខ យើង​មិន​គ្រាន់​តែ​គួរ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​របស់​យើង​ប៉ុណ្ណោះ​ទេ។ តែ​យើង​ត្រូវ​អង្វរ​សុំ​លោក​ឲ្យ​ជួយ ហើយ​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​យើង។—ភី. ៤:៦, ៧ w​១៧.០៦ ទំ. ៥​-​៦ វ. ១០​-​១១

ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​សីហា

ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?—យ៉ូន. ២១:១៥

លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ដឹង​ថា អ្នក​កាន់​តាម​លោក​កំពុង​នេសាទ​ត្រី ប៉ុន្តែ ពួក​គាត់​មិន​បាន​ត្រី​សោះ។ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​‹ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក ហើយ​អ្នក​នឹង​រក​បាន›។ ពួក​គាត់​ក៏​ទម្លាក់​អួន​ទៅ តែ​មិន​អាច​ទាញ​ឡើង​វិញ​បាន​ឡើយ ដោយ​សារ​ជាប់​បាន​ត្រី​សន្ធឹក​ណាស់​»។ (​យ៉ូន. ២១:១​-​៦​) លោក​យេស៊ូ​បាន​យក​នំ​ប៉័ង​និង​ត្រី​ចែក​ដល់​អ្នក​កាន់​តាម​លោក​ជា​អាហារ​ពេល​ព្រឹក។ រួច​លោក​បាន​បែរ​ទៅ​រក​ស៊ីម៉ូន​ពេត្រុស ហើយ​បាន​និយាយ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ លោក​យេស៊ូ​បាន​ដឹង​ថា​ពេត្រុស​ចូល​ចិត្ត​នេសាទ​ត្រី​ខ្លាំង​ណាស់។ ប្រហែល​ជា​លោក​យេស៊ូ​កំពុង​សួរ​ពេត្រុស​ថា តើ​គាត់​ស្រឡាញ់​លោក​យេស៊ូ​និង​សេចក្ដី​បង្រៀន​របស់​លោក​ច្រើន​ជាង​គាត់​ស្រឡាញ់​មុខ​របរ​នេសាទ​ត្រី​របស់​គាត់​ឬ​ទេ? ពេត្រុស​បាន​ឆ្លើយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ (​យ៉ូន. ២១:១៥​) ពេត្រុស​បាន​ទាញ​យក​មេ​រៀន​មួយ​ថា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​គ្រិស្ត​គួរ​តែ​សំខាន់​ជាង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អ្វី​ៗ​ផ្សេង​ទៀត។ ចាប់​ពី​ថ្ងៃ​នោះ​មក គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រិស្ត​ដោយ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ w​១៧.០៥ ទំ. ២១​-​២២ វ. ១​-​២

ថ្ងៃ​អង្គារ ទី​២៧ ខែ​សីហា

ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?—ហេ. ១៣:៦

ទំនុក​ចិត្ត​របស់​ប៉ូល​ទៅ​លើ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត។ ពេល​ប៉ូល​មាន​ស្ថានភាព​ពិបាក គាត់​មិន​បាន​បាត់​បង់​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។ គាត់​បាន​ពឹង​ផ្អែក​លើ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង។ លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។ (​២កូ. ១:៣, ៤​) ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​នាំ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ? ពេល​យើង​អធិដ្ឋាន យើង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ (​ទំនុក. ៨៦:៣; ១ថែ. ៥:១៧; រ៉ូម ១២:១២​) ពេល​យើង​ប្រាប់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​អំពី​គំនិត​និង​អារម្មណ៍​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង នោះ​យើង​ចូល​ទៅ​ជិត​លោក។ (​ទំនុក. ៦៥:២​) ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​កាល​ដែល​យើង​ឃើញ​របៀប​ដែល​លោក​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ យើង​មាន​ទំនុក​ចិត្ត​ថា​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​»។ (​ទំនុក. ១៤៥:១៨​) ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត។ w​១៧.០៥ ទំ. ១៧​-​១៨ វ. ៩​-​១០

ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា

ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត។—១សាំ. ១៦:៧

បើ​អ្នក​ចាស់​ទុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អ្នក​មិន​យល់ ឬ​ដែល​អ្នក​មិន​យល់​ស្រប តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? ស្ថានភាព​បែប​នេះ​អាច​សាកល្បង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​បាន​រៀប​ចំ​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​តាម​របៀប​ណា​ចិត្ត​រាប​ទាប​នឹង​ការ​ពារ​អ្នក បើ​អ្នក​បាន​ត្រូវ​សាកល្បង​ដោយ​ស្ថានភាព​ណា​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​នេះ? សូម​យើង​ពិចារណា​របៀប​ពីរ​យ៉ាង។ ទី១ បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​នឹង​ទទួល​ស្គាល់​ថា​យើង​មិន​ដឹង​អ្វី​ៗ​ទាំង​អស់​អំពី​រឿង​នោះ​ទេ។ ទោះ​ជា​យើង​គិត​ថា​យើង​ដឹង​អ្វី​ៗ​ទាំង​អស់​អំពី​ស្ថានភាព​ណា​មួយ​ក្ដី មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ដឹង​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ណា​ម្នាក់។ ពេល​យើង​ចាំ​អំពី​ចំណុច​នេះ ដោយ​ចិត្ត​រាប​ទាប​យើង​នឹង​ទទួល​ស្គាល់​ថា​សមត្ថភាព​របស់​យើង​មាន​កម្រិត ហើយ​ថា​យើង​ត្រូវ​កែ​ប្រែ​របៀប​គិត​គូរ​របស់​យើង។ ទី២ បើ​យើង​បាន​ឃើញ​ឬ​រង​អំពើ​អយុត្ដិធម៌ ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​និង​មាន​ចិត្ត​អត់​ធ្មត់ ហើយ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ។ គម្ពីរ​ចែង​ថា​៖ ​«​មិន​បាន​សេចក្ដី​សុខ​ស្រួល​ដល់​មនុស្ស​អាក្រក់​ទេ ឯ​អាយុ​គេ . . . ក៏​មិន​បាន​យឺន​យូរ​ដែរ​»។ (​សាស្ដ. ៨:១២, ១៣​) បើ​យើង​រក្សា​ចិត្ត​រាប​ទាប យើង​នឹង​ទទួល​ប្រយោជន៍ ហើយ​អ្នក​ឯ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នោះ​ក៏​នឹង​ទទួល​ប្រយោជន៍​ដែរ។—១ពេ. ៥:៥ w​១៧.០៤ ទំ. ២៤ វ. ១០​-​១១

ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​សីហា

ពី​ព្រោះ​គេ​បាន​លួច​ខ្ញុំ ពី​ស្រុក​ពួក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។—លោ. ៤០:១៥

យ៉ូសែប​ច្បាស់​ជា​បាន​រង​អំពើ​អយុត្ដិធម៌។ គាត់​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​គេ​បាន​ចោទ​ប្រកាន់​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​សុំ​អ្នក​ជូន​ពែង​ឲ្យ​ប្រាប់​ផារ៉ូ​អំពី​គាត់។ តើ​គាត់​មាន​គោល​បំណង​អ្វី? គាត់​បាន​និយាយ​ថា​៖ ​«​ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​»។ (​លោ. ៤០:១៤​) តើ​យ៉ូសែប​បាន​ទទួល​យក​ស្ថានភាព​របស់​គាត់​ដោយ​មិន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? មិន​មែន​ទេ! យ៉ូសែប​ដឹង​ថា​គាត់​បាន​រង​អំពើ​អយុត្ដិធម៌​ជា​ច្រើន។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​ប្រាប់​អ្នក​ជូន​ពែង​នោះ​អំពី​ស្ថានភាព​របស់​គាត់ ដោយ​សង្ឃឹម​ថា​បុរស​នោះ​នឹង​ជួយ​គាត់។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា​បទ​គម្ពីរ​មិន​បាន​ចែង​ថា​យ៉ូសែប​បាន​ប្រាប់​អ្នក​ឯ​ទៀត​ថា​បង​ប្រុស​ៗ​របស់​គាត់​ជា​អ្នក​ចាប់​គាត់​ទេ សូម្បី​តែ​ផារ៉ូ​ក្ដី។ តាម​ពិត ពេល​បង​ប្រុស​ៗ​របស់​គាត់​បាន​មក​ស្រុក​អេស៊ីប ពួក​គេ​បាន​ផ្សះ​ផ្សា​នឹង​យ៉ូសែប​វិញ។ នោះ​ផារ៉ូ​បាន​ស្វាគមន៍​ពួក​គេ ហើយ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​រស់​នៅ​ស្រុក​អេស៊ីប ហើយ​ទទួល‹គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​នោះ›។—លោ. ៤៥:១៦​-​២០ w​១៧.០៤ ទំ. ១៨​-​១៩ វ. ១២​-​១៣

ថ្ងៃ​សុក្រ ទី​៣០ ខែ​សីហា

ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!—រ៉ូម ១១:៣៣

មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​គឺ​លោក​មាន​ចំណេះ​និង​ប្រាជ្ញា​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ថែ​រក្សា​សកល​លោក។ យើង​អាច​ឃើញ​ដូច្នេះ ក្នុង​ការ​ដែល​លោក​បាន​ឲ្យ​បុត្រ​របស់​លោក​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​នូវ​ជំងឺ​ដែល​គ្មាន​គ្រូ​ពេទ្យ​ណា​ម្នាក់​អាច​ព្យាបាល​បាន​ឡើយ។ (​ម៉ាថ. ៤:២៣, ២៤; ម៉ាក. ៥:២៥​-​២៩​) ទោះ​ជា​អ្វី​ទាំង​នេះ​គឺ​ជា​អព្ភូតហេតុ​សម្រាប់​យើង​ក៏​ដោយ អ្វី​ទាំង​នេះ​មិន​មែន​ជា​អព្ភូតហេតុ​សម្រាប់​ព្រះ​យេហូវ៉ា​ទេ។ លោក​យល់​អំពី​របៀប​ដែល​សារពាង្គកាយ​របស់​មនុស្ស​ដំណើរ​ការ ហើយ​អាច​ធ្វើ​ឲ្យ​ជា​នូវ​អ្វី​ណា​ក៏​ដោយ​ដែល​ខូច​ខាត​ក្នុង​សារពាង្គកាយ​នោះ។ លោក​ក៏​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​លែង​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៀត​ដែរ។ ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​មិន​អាច​នាំ​ឲ្យ​មាន​សន្ដិ​ភាព​បាន​ឡើយ មិន​ថា​ក្នុង​ប្រទេស​តែ​មួយ ឬ​រវាង​ប្រទេស​ផ្សេង​ៗ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ពេញ​ពិភព​លោក។ (​អេ. ២:៣, ៤; ៥៤:១៣​) យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ពេល​ដែល​គាត់​បាន​និយាយ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ w​១៧.០៦ ទំ. ២២​-​២៣ វ. ៦​-​៧

ថ្ងៃ​សៅរ៍ ទី​៣១ ខែ​សីហា

កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ។—ម៉ាក. ១០:៩

ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា​បើ​មាន​បញ្ហា ពួក​គេ​អាច​បែក​ផ្លូវ​គ្នា។ ប៉ុន្តែ បុរស​និង​ស្ត្រី​ដែល​ជា​គ្រិស្ត​សាសនិក​មិន​មាន​ទស្សនៈ​ដូច​នោះ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍​ឡើយ។ (​១កូ. ៧:២៧​) ពួក​គាត់​ទទួល​ស្គាល់​ថា​ពួក​គាត់​បាន​ពោល​ពាក្យ​សច្ចា​នៅ​មុខ​ព្រះ​ពេល​ពួក​គាត់​បាន​រៀប​អាពាហ៍​ពិពាហ៍។ បើ​ពួក​គាត់​មិន​ធ្វើ​តាម​ពាក្យ​សច្ចា​នោះ នេះ​ហាក់​ដូច​ជា​ពួក​គាត់​កុហក​ព្រះ ហើយ​លោក​ស្អប់​អ្នក​ដែល​ភូត​ភរ។ (​លេវី. ១៩:១២; សុភ. ៦:១៦​-​១៩​) ព្រះ​យេហូវ៉ា​ក៏​ស្អប់​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ការ​លែង​លះ​គ្នា​ដើម្បី​មាន​គូ​ថ្មី។ (​ម៉ាឡ. ២:១៣​-​១៦​) លោក​យេស៊ូ​បាន​បង្រៀន​ថា​មូលហេតុ​តែ​មួយ​គត់​ស្រប​តាម​គម្ពីរ​ដែល​អាច​លែង​លះ​គ្នា​គឺ​បើ​គូ​ម្ខាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​គូ​របស់​គាត់​ដែល​គ្មាន​កំហុស​សម្រេច​ចិត្ត​មិន​អភ័យ​ទោស​ឲ្យ​គាត់។ (​ម៉ាថ. ១៩:៩; ហេ. ១៣:៤​) ចុះ​យ៉ាង​ណា អំពី​ការ​រស់​នៅ​បែក​ពី​គ្នា? គម្ពីរ​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ដែរ។ (​១កូ. ៧:១០, ១១​) គ្មាន​មូលហេតុ​ពី​គម្ពីរ​ដើម្បី​បែក​លំនៅ​ក្នុង​អាពាហ៍​ពិពាហ៍​ឡើយ។ ប៉ុន្តែ នៅ​ពេល​ខ្លះ​ប្រហែល​ជា​មាន​ស្ថានភាព​ណាមួយ​ដែល​គ្រិស្ត​សាសនិក​ម្នាក់​គិត​ថា​គឺ​ចាំ​បាច់​ដែល​គាត់​បែក​លំនៅ​ពី​គូ​របស់​គាត់។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ដែល​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត ឬ​ដល់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បើ​គាត់​បន្ត​រស់​នៅ​ជា​មួយ​នឹង​គូ​ដែល​ប្រើ​អំពើ​ហិង្សា​ឬ​ដែល​ជា​អ្នក​ក្បត់​ជំនឿ។ w​១៧.០៤ ទំ. ៨ វ. ១៤​-​១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក