បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៨៨-៩៧
  • ខែកញ្ញា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែកញ្ញា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​៣ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​៤ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​៧ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​១០ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​១៧ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​២៧ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៨៨-៩៧

ខែ​កញ្ញា

ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា

ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក។—អេភ. ៦:៤

ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​ដែល​ឪ​ពុក​ម្ដាយ​មាន​គឺ​ការ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ទំនុក. ១២៧:៣​) ក្នុង​ប្រជា​ជាតិ​អ៊ីស្រាអែល​កូន​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​កើត​មក។ ប៉ុន្តែ កូន​របស់​យើង​គឺ​មិន​ដូច​គ្នា​ទេ។ ទោះ​ជា​ឪ​ពុក​ម្ដាយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ពិត​ក្ដី នេះ​មិន​មាន​ន័យ​ថា​កូន​របស់​ពួក​គេ​នឹង​ធ្វើ​ដូច្នេះ​ឡើយ។ ចាប់​ពី​ថ្ងៃ​ដែល​កូន​កើត​មក ឪ​ពុក​ម្ដាយ​ត្រូវ​មាន​គោល​ដៅ​ជួយ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក។ គ្មាន​អ្វី​សំខាន់​ជាង​នេះ​ទេ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ការ​ជ្រមុជ​ទឹក និង​ការ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ នឹង​បើក​ឱកាស​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​អ្វី​ទាំង​នេះ​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​ម៉ាថ. ២៤:១៣​) ឪ​ពុក​ម្ដាយ​ទាំង​ឡាយ សូម​ឲ្យ​អ្នក​មាន​អំណរ​និង​ស្កប់​ចិត្ត ពេល​ដែល​អ្នក​ឃើញ​កូន​របស់​អ្នក​ប្រគល់​ខ្លួន​និង​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ w​១៨.០៣ ទំ. ១៤ វ. ១៦​-​១៧

ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា

ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក។—១ធី. ៤:១៦

ពេល​ដែល​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ឬ​អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ក្រុម​គ្រួសារ​ផ្ដល់​ការ​ប្រៀន​ប្រដៅ​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ ពួក​គាត់​ត្រូវ​យក​តម្រាប់​គ្រិស្ត។ យ៉ាង​នេះ ពួក​គាត់​នឹង​បង្ហាញ​ថា​ពួក​គាត់​ចង់​ឲ្យ​ព្រះ​និង​បុត្រ​របស់​លោក​ណែនាំ​ពួក​គាត់។ បើ​យើង​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ ហើយ​ធ្វើ​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប្រៀន​ប្រដៅ​អ្នក​ឯ​ទៀត យើង​នឹង​ទទួល​ពរ​ជា​ច្រើន! ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ​របស់​យើង​នឹង​មាន​សន្ដិ​ភាព ហើយ​យើង​ទាំង​អស់​គ្នា​នឹង​មាន​ភាព​កក់​ក្ដៅ មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ និង​មាន​សេចក្ដី​សុខ​សាន្ត។ សន្ដិ​ភាព​និង​សុភមង្គល​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​តិច​តួច​ណាស់ បើ​ប្រៀប​ធៀប​នឹង​សន្ដិ​ភាព​និង​សុភមង្គល​ដែល​យើង​នឹង​មាន​នៅ​ថ្ងៃ​អនាគត។ (​ទំនុក. ៧២:៧​) ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​កំពុង​ជួយ​យើង​ឲ្យ​រៀន​អំពី​របៀប​រស់​ជា​មួយ​គ្នា​ជា​រៀង​រហូត​ជា​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព ដោយ​មាន​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង។ (​អេ. ១១:៩​) បើ​យើង​ចាំ​អំពី​ចំណុច​នេះ យើង​នឹង​ឃើញ​ថា​ការ​ប្រៀន​ប្រដៅ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង។ w​១៨.០៣ ទំ. ២៥​-​២៦ វ. ១៥, ១៧, ១៩

ថ្ងៃ​អង្គារ ទី​៣ ខែ​កញ្ញា

គាត់​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​ក្នុង​ទន្លេ​យ៉ូដាន់ ហើយ​ពួក​គេ​បាន​សារភាព​នូវ​ការ​ខុស​ឆ្គង​របស់​ខ្លួន​ជា​សាធារណៈ។—ម៉ាថ. ៣:៦

ហេតុ​អ្វី​មនុស្ស​បាន​មក​ឯ​យ៉ូហាន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង ពោល​គឺ​ពួក​គេ​បាន​សារភាព​ថា​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ ហើយ​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង។ (​ម៉ាថ. ៣:១​-​៦​) ប៉ុន្តែ មាន​មូលហេតុ​ផ្សេង​ទៀត​សម្រាប់​ការ​ជ្រមុជ​ទឹក​ដ៏​សំខាន់​បំផុត​ដែល​បាន​ធ្វើ​ឡើង​ដោយ​យ៉ូហាន។ យ៉ូហាន​មាន​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ការ​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ ដែល​ជា​បុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ (​ម៉ាថ. ៣:១៣​-​១៧​) លោក​យេស៊ូ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាល់​តែ​សោះ។ យ៉ាង​នេះ លោក​មិន​ចាំ​បាច់​ប្រែ​ចិត្ត​ទេ។ (​១ពេ. ២:២២​) ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក? គឺ​ដើម្បី​បង្ហាញ​ថា​លោក​ចង់​ប្រើ​ជីវិត​របស់​លោក​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​ហេ. ១០:៧​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ អ្នក​កាន់​តាម​លោក​បាន​ចាប់​ផ្ដើម​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ឯ​ទៀត។ (​យ៉ូន. ៣:២២; ៤:១, ២​) បុគ្គល​ទាំង​នោះ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ​ដោយ​សារ​ពួក​គេបាន​ប្រែ​ចិត្ត​ពី​ការ​បំពាន​ច្បាប់​ម៉ូសេ។ ប៉ុន្តែ ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មាន​មូលហេតុ​ផ្សេង​ទៀត។ w​១៨.០៣ ទំ. ៥ វ. ៦​-​៧

ថ្ងៃ​ពុធ ទី​៤ ខែ​កញ្ញា

មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្វី​ៗ​ទាំង​អស់។—១កូ. ២:១៥

ផ្ទុយ​ពី​បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ។ គាត់​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា។ (​អេភ. ៥:១​) គាត់​ខំ​ស្វែង​យល់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា ហើយ​ខំ​ប្រឹង​ឲ្យ​មាន​ទស្សនៈ​ដូច​លោក។ គាត់​មាន​អារម្មណ៍​ថា​ព្រះ​នៅ​ជា​មួយ​នឹង​គាត់​គ្រប់​ពេល​វេលា។ បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត គឺ​ខុស​ពី​បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ដោយ​សារ​គាត់​ព្យាយាម​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ១១៩:៣៣; ១៤៣:១០​) គាត់​មិន​ធ្វើ​អ្វី​ដែល​«​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ទេ តែ​គាត់​ព្យាយាម​បង្កើន​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។—កាឡ. ៥:២២, ២៣ w​១៨.០២ ទំ. ១៧​-​១៨ វ. ៣, ៦

ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា

ឱ​ដានីយ៉ែល ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ។—ដាន. ១០:១១

ដានីយ៉ែល​ត្រូវ​រស់​នៅ​ជា​ឈ្លើយ​ក្នុង​ក្រុង​បាប៊ីឡូន ដែល​ជា​ក្រុង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​មិន​ពិត​និង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ មនុស្ស​នៅ​ទី​នោះ​មិន​ចូល​ចិត្ត​ជន​ជាតិ​យូដា ហើយ​បាន​សើច​ចំអក​ពួក​គេ​និង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ។ (​ទំនុក. ១៣៧:១, ៣​) នេះ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ដានីយ៉ែល​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ជា​ខ្លាំង! ពួក​គាត់​ត្រូវ​បរិភោគ​ម្ហូប​អាហារ​របស់​ស្តេច ដែល​រួម​មាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​បរិភោគ។ ប៉ុន្តែ ដានីយ៉ែល​«​មិន​ព្រម​ឲ្យ​ខ្លួន​សៅហ្មង​ដោយ​អាហារ​របស់​ស្តេច​»​ឡើយ។ (​ដាន. ១:៥​-​៨, ១៤​-​១៧​) ដានីយ៉ែល​មាន​ការ​ពិបាក​ផ្សេង​ទៀត ដែល​ដំបូង​មើល​ទៅ​ដូច​ជា​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ។ គាត់​មាន​សមត្ថភាព​ខ្ពស់ ហេតុ​នេះ​ស្តេច​បាន​ផ្ដល់​ឯកសិទ្ធិ​ពិសេស​ឲ្យ​គាត់។ (​ដាន. ១:១៩, ២០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដានីយ៉ែល​មិន​មាន​អំណួត ហើយ​ក៏​មិន​បាន​គិត​ថា​ទស្សនៈ​របស់​គាត់​តែង​តែ​ត្រឹម​ត្រូវ​នោះ​ទេ។ គាត់​បាន​រក្សា​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព។ គាត់​តែង​តែ​និយាយ​ថា​សមត្ថភាព​របស់​គាត់​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ (​ដាន. ២:៣០​) ព្រះ​យេហូវ៉ា​បាន​លើក​ឈ្មោះ​របស់​ដានីយ៉ែល​ជា​មួយ​នឹង​ណូអេ​និង​យ៉ូប​ថា​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​តាម។ នៅ​ពេល​នោះ ណូអេ​និង​យ៉ូប​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ពេញ​មួយ​ជីវិត​របស់​ពួក​គាត់​រួច​ហើយ ប៉ុន្តែ​ដានីយ៉ែល​នៅ​វ័យ​ក្មេង​នៅ​ឡើយ។ (​អេស. ១៤:១៤​) ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ទំនុក​ចិត្ត​ទៅ​លើ​ដានីយ៉ែល! ទំនុក​ចិត្ត​នេះ​គឺ​ត្រឹម​ត្រូវ​មែន ដោយ​សារ​ដានីយ៉ែល​បាន​បង្ហាញ​ជំនឿ​និង​បាន​ស្ដាប់​បង្គាប់​ព្រះ​អស់​មួយ​ជីវិត​របស់​គាត់។ w​១៨.០២ ទំ. ៥​-​៦ វ. ១១​-​១២

ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា

លេវី​បាន​រៀប​ពិធី​ជប់​លៀង​មួយ​ដ៏​ធំ[​សម្រាប់​លោក​យេស៊ូ​]នៅ​ផ្ទះ​របស់​គាត់។—លូក. ៥:២៩

លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង​ស្តី​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សប្បាយ។ លោក​បាន​ទៅ​ចូល​រួម​ពិធី​ពិសា​«​ភោជនាហារ​អបអរ​អាពាហ៍​ពិពាហ៍​មួយ​»​និង​«​ពិធី​ជប់​លៀង​មួយ​ដ៏​ធំ​»។ (​យ៉ូន. ២:១​-​១០​) នៅ​ពិធី​មង្គល​ការ​នោះ មិន​មាន​ស្រា​ទំពាំង​បាយ​ជូរ​គ្រប់​គ្រាន់​ទេ ដូច្នេះ​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ដោយ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ចាត់​ទុក​ការ​សប្បាយ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​ទេ។ លោក​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត ហើយ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ លោក​សុខ​ចិត្ត​ស្លាប់​យ៉ាង​វេទនា​នៅ​លើ​បង្គោល​ទារុណកម្ម​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ដែល​ចង់​កាន់​តាម​លោក​ថា​៖ ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀត​បៀន និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ! . . . ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថ. ៥:១១, ១២​) ដោយ​សារ​យើង​ស្រឡាញ់​ព្រះ ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត យើង​មិន​គ្រាន់​តែ​ជៀស​វាង​ពី​អ្វី​ដែល​យើង​ដឹង​ថា​ខុស​ប៉ុណ្ណោះ​ទេ តែ​សូម្បី​តែ​អ្វី​ដែល​យើង​គិត​ថា​នឹង​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត យើង​ក៏​ជៀស​វាង​ដែរ។—ម៉ាថ. ២២:៣៧, ៣៨ w​១៨.០១ ទំ. ២៥​-​២៦ វ. ១៦​-​១៨

ថ្ងៃ​សៅរ៍ ទី​៧ ខែ​កញ្ញា

ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល។—សកម្ម. ២០:៣៥

យើង​ឲ្យ​ដល់​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ស្រឡាញ់​និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​លោក។ ពេល​យើង​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង យើង​ពិត​ជា​ដឹង​គុណ​លោក​ខ្លាំង​ណាស់។ ស្តេច​ដាវីឌ​បាន​និយាយ​ថា​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ទទួល​គឺ​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ថា​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ឲ្យ​ដល់​ព្រះ​យេហូវ៉ា​គឺ​មក​ពី​អ្វី​ដែល​លោក​បាន​ឲ្យ​យើង​រួច​ហើយ។ (​១រប. ២៩:១១​-​១៤​) ជា​ការ​ល្អ​ដែល​យើង​ឲ្យ​ដោយ​ចិត្ត​ទូលាយ​មិន​គ្រាន់​តែ​ទទួល​ប៉ុណ្ណោះ​ទេ។ សូម​គិត​អំពី​កូន​ក្មេង​ម្នាក់​ដែល​ទទួល​លុយ​តិច​តួច​ពី​ឪ​ពុក​ម្ដាយ​រួច​ប្រើ​លុយ​ខ្លះ​នេះ​ដើម្បី​ទិញ​អំណោយ​សម្រាប់​ឪ​ពុក​ម្ដាយ។ តើ​អំណោយ​នេះ​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​មាន​អារម្មណ៍​យ៉ាង​ណា? ម្យ៉ាង​ទៀត សូម​គិត​អំពី​អ្នក​ត្រួស​ត្រាយ​វ័យ​ក្មេង​ម្នាក់​ដែល​រស់​នៅ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​របស់​គាត់ គាត់​ឲ្យ​លុយ​ខ្លះ​ដល់​ឪ​ពុក​ម្ដាយ​ដើម្បី​ជួយ​បង់​ថ្លៃ​ផ្ទះ​ឬ​ថ្លៃ​ម្ហូប​សម្រាប់​ក្រុម​គ្រួសារ។ ឪ​ពុក​ម្ដាយ​របស់​គាត់​ប្រហែល​ជា​មិន​រំពឹង​ថា​គាត់​នឹង​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​ពួក​គេ​ទទួល​យក​អំណោយ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​នេះ​ជា​របៀប​មួយ​ដែល​គាត់​អាច​បង្ហាញ​ថា​គាត់​ដឹង​គុណ​ឪ​ពុក​ម្ដាយ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​ធ្វើ​សម្រាប់​គាត់។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដឹង​ថា​គឺ​ល្អ​ឲ្យ​យើង​ជូន​លោក​នូវ​ទ្រព្យ​សម្បត្ដិ​របស់​យើង។ w​១៨.០១ ទំ. ១៦​-​១៧ វ. ៤, ៦

ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា

ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង។—ចោ. ៣០:១៩

ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ ការ​គ្រាន់​តែ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ អ្នក​ក៏​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​ចេះ​វែក​ញែក​អំពី​សំណួរ​ដូច​ជា​៖ ‹ហេតុ​អ្វី​គម្ពីរ​ហាម​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ប្រហែល​ជា​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្នាត​តម្រា​ក្នុង​គម្ពីរ​តែង​តែ​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ?›។ (​អេ. ៤៨:១៧, ១៨​) បើ​កូន​របស់​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក សូម​ជួយ​គាត់​ឲ្យ​គិត​យ៉ាង​ដិត​ដល់​អំពី​ភារកិច្ច​ដែល​ពួក​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មាន។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភារកិច្ច​ទាំង​នេះ? តើ​នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ? តើ​នេះ​នាំ​ឲ្យ​មាន​ការ​ពិបាក​អ្វី​ខ្លះ? ហេតុ​អ្វី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​នាំ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ការ​ពិបាក? (​ម៉ាក. ១០:២៩, ៣០​) ការ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ទាំង​នេះ​មុន​ទទួល​ការ​ជ្រមុជ​ទឹក គឺ​សំខាន់​ណាស់។ ពេល​អ្នក​ជួយ​កូន​របស់​អ្នក​ឲ្យ​រំពឹង​គិត​អំពី​រឿង​ទាំង​នេះ​ឲ្យ​បាន​ជ្រាល​ជ្រៅ នោះ​គាត់​ទំនង​ជា​នឹង​ជឿ​ថា​ការ​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​គឺ​តែង​តែ​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ចំពោះ​គាត់។ w​១៧.១២ ទំ. ១៨​-​១៩ វ. ១៤​-​១៥

ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា

ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ។—អេ. ៤០:២៦

បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​ច្រើន​នាក់​កំពុង​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ។ បង​ប្អូន​ខ្លះ​ទៀត ដែល​មាន​វ័យ​ចាស់​រួច​ហើយ នៅ​តែ​ត្រូវ​មើល​ថែ​សាច់​ញាតិ​របស់​ខ្លួន​ដែល​ចាស់​ជរា។ បង​ប្អូន​ឯ​ទៀត​ពិបាក​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​បង​ប្អូន​ជា​ច្រើន​នាក់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ​នៅ​ពេល​ដំណាល​គ្នា មិន​គ្រាន់​តែ​បញ្ហា​មួយ​ប៉ុណ្ណោះ​ទេ។ បើ​លោក​ចាប់​អារម្មណ៍​នឹង​ផ្កាយ​នីមួយ​ៗ​ដែល​គ្មាន​ជីវិត លោក​ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ខ្លាំង​ណាស់! អ្នក​កំពុង​បម្រើ​លោក ដោយ​សារ​អ្នក​ស្រឡាញ់​លោក​មិន​មែន​ដោយ​សារ​អ្នក​ត្រូវ​បម្រើ​លោក​ទេ។ (​ទំនុក. ១៩:១, ៣, ១៤​) បិតា​ជា​ទី​ស្រឡាញ់​របស់​យើង​ស្គាល់​អ្នក​ច្បាស់។ គម្ពីរ​ចែង​ថា​៖ ​«​សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ​»។ (​ម៉ាថ. ១០:៣០​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​ថា​លោក​«​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់​មនុស្ស​ទៀង​ត្រង់​»។ (​ទំនុក. ៣៧:១៨​) ព្រះ​យេហូវ៉ា​ដឹង​អំពី​បញ្ហា​ទាំង​អស់​ដែល​អ្នក​មាន ហើយ​លោក​អាច​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​អស់​នោះ។ w​១៨.០១ ទំ. ៣ វ. ១; ទំ. ៤ វ. ៤

ថ្ងៃ​អង្គារ ទី​១០ ខែ​កញ្ញា

តាប៊ីថា ចូរ​ក្រោក​ឡើង!—សកម្ម. ៩:៤០

ពេល​ពេត្រុស​បាន​ប្រោស​តាប៊ីថា​ឲ្យ​រស់​ឡើង​វិញ នោះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្នុង​ក្រុង​នោះ ហេតុ​នេះ​ហើយ​ពួក​គេ​«​បាន​ទៅ​ជា​អ្នក​ជឿ​លើ​លោក​ម្ចាស់​»។ ជា​លទ្ធផល អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​ស្តី​អំពី​លោក​យេស៊ូ ហើយ​ក៏​អាច​ប្រាប់​អ្នក​ទាំង​នោះ​អំពី​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​សកម្ម. ៩:៣៦​-​៤២​) មាន​សាក្សី​ជា​ច្រើន​នាក់​ដែល​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ទៀត។ នៅ​ពេល​មួយ សាវ័ក​ប៉ូល​បាន​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​នៅ​ក្នុង​បន្ទប់​ខាង​លើ នា​ក្រុង​ត្រូអាស​ដែល​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​តួកគី។ ប៉ូល​បាន​ថ្លែង​សុន្ទរកថា​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ អឺទីកុស​ដែល​ជា​បុរស​វ័យ​ក្មេង​ម្នាក់​បាន​អង្គុយ​ស្ដាប់​នៅ​មាត់​បង្អួច ហើយ​បាន​ដេក​លក់ រួច​ធ្លាក់​ពី​ជាន់​ទី៣​ទៅ​ដល់​ដី។ ប្រហែល​ជា​លូកា​គឺ​ជា​បុគ្គល​ដំបូង​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​អឺទីកុស​បាន​ធ្លាក់​នោះ។ ដោយ​សារ​លូកា​ជា​គ្រូ​ពេទ្យ គាត់​ដឹង​ថា​បុរស​វ័យ​ក្មេង​នោះ​មិន​គ្រាន់​តែ​បាន​រង​របួស​ឬ​សន្លប់​ប៉ុណ្ណោះ​ទេ។ គាត់​បាន​ស្លាប់! ប៉ូល​ក៏​បាន​ចុះ​ទៅ​ខាង​ក្រោម​ដែរ។ គាត់​បាន​ឱប​អឺទីកុស ហើយ​ក្រោយ​មក​គាត់​បាន​ធ្វើ​ឲ្យ​ទាំង​អស់​គ្នា​ភ្ញាក់​ផ្អើល ដោយ​និយាយ​ថា​៖ ​«​ព្រលឹង[​«​ជីវិត​»​]គាត់​នៅ​ក្នុង​គាត់​ហើយ​»។ អព្ភូតហេតុ​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អស់​អ្នក​ដែល​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង។ ការ​ដឹង​ថា​បុរស​វ័យ​ក្មេង​នោះ​បាន​ស្លាប់ ហើយ​ក្រោយ​មក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ពួក​គេ​«​ធូរ​ស្រាល​ក្នុង​ចិត្ត​ជា​ពន់​ពេក​»។—សកម្ម. ២០:៧​-​១២; កំ.ស. w​១៧.១២ ទំ. ៥​-​៦ វ. ១០​-​១១

ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា

ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា។—ទំនុក. ៤៦:៨

តើ​មនុស្ស​បាន​រក​ឃើញ​របៀប​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​ឬ​ទេ? មនុស្ស​មិន​បាន​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម​ទេ។ បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ដូច​ជា ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ភេ​វរ​កម្ម និង​អំពើ​ពុក​រលួយ​កំពុង​តែ​កើន​ឡើង។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​ស្លាប់​ដោយ​សារ​ជំងឺ។ ព័ត៌មាន​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ សព្វ​ថ្ងៃ​នេះ ស្ថាប័ន​សេដ្ឋកិច្ច​និង​នយោបាយ​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ មនុស្ស​ទាំង​នេះ​មិន​អាច​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម ឧក្រិដ្ឋកម្ម ជំងឺ និង​ភាព​ក្រី​ក្រ​បាន​ទេ។ មាន​តែ​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នេះ​បាន។ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ។ រាជាណាចក្រ​របស់​លោក​នឹង​បំបាត់​ដើម​ហេតុ​ទាំង​អស់​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ដូច​ជា​ស្នេហា​ជាតិ សាសនា​មិន​ពិត អំពើ​ពុក​រលួយ ការ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​សាថាន។ (​ទំនុក. ៤៦:៩​) រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ឧក្រិដ្ឋកម្ម។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​រាជាណាចក្រ​របស់​លោក​កំពុង​បង្រៀន​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ស្រឡាញ់​និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ គ្មាន​រដ្ឋាភិបាល​ណា​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ។ (​អេ. ១១:៩​) មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ (​អេ. ៣៥:៥, ៦​) លោក​នឹង​បំបាត់​ភាព​ក្រី​ក្រ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​សប្បាយ​និង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។—ទំនុក. ៧២:១២, ១៣ w​១៧.១១ ទំ. ២៥​-​២៦ វ. ១៤​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា

អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។—ទក. [​ចោ.​] ១៩:១០, ​«​ខ.ស.​»​

មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​មាន​ក្រុង​ពំនាក់​គឺ​សម្រាប់​ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​«​គ្មាន​ទោស​»​ឈាម​ដែល​មក​ពី​ការ​សម្លាប់​ជន​ដែល​គ្មាន​ទោស។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ជីវិត ហើយ​លោក​ស្អប់​អំពើ​ឃាតកម្ម។ (​សុភ. ៦:១៦, ១៧​) ដូច្នេះ​សូម្បី​តែ​ការ​សម្លាប់​គេ​ដោយ​អចេតនា លោក​ក៏​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ ដោយ​សារ​លោក​ជា​ព្រះ​ដ៏​យុត្ដិធម៌​និង​បរិសុទ្ធ។ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​មិន​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​មិន​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​របស់​អ្នក​ឯ​ទៀត​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​បាន​ដក​យក​កូន​សោ​នៃ​ចំណេះ​ចេញ។ អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល អ្នក​បាន​ឃាត់​មិន​ឲ្យ​ចូល​ដែរ!​»។ (​លូក. ១១:៥២​) តើ​ពាក្យនេះ​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​គួរ​ពន្យល់​បណ្ដាំ​របស់​ព្រះ​ដល់​បណ្ដា​ជន ហើយ​ជួយ​ពួក​គេ​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ព្យាយាម​មិន​ឲ្យ​បណ្ដា​ជន​កាន់​តាម​លោក​យេស៊ូ​ដែល​ជា​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»។ (​សកម្ម. ៣:១៥​) ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​នាំ​ឲ្យ​បណ្ដា​ជន​ត្រូវ​បំផ្លាញ។ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​មាន​អំណួត​និង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាយុជីវិត​របស់​អ្នក​ឯ​ទៀត​ទេ។ ពួក​គេ​ពិត​ជា​គ្មាន​មេត្ដា​និង​គ្មាន​សេចក្ដី​ស្រឡាញ់​ឡើយ! w​១៧.១១ ទំ. ១៧​-​១៨ វ. ៩​-​១០

ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា

អ្នក​ណា​ដែល​ខ្មាស​គេ​ដោយ​សារ​កាន់​តាម​ខ្ញុំ . . . កូន​មនុស្ស​ក៏​នឹង​ខ្មាស​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។—ម៉ាក. ៨:៣៨

ពេល​យើង​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ដំបូង​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​យើង​ទេ។ ប៉ុន្តែ កាល​ដែល​ជំនឿ​របស់​យើង​មាំ​មួន​ឡើង យើង​ដឹង​ថា​យើង​ត្រូវ​ប្រាប់​ពួក​គេ​ថា​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អ្នក​និង​ក្រុម​គ្រួសារ​មាន​បញ្ហា​ជា​មួយ​គ្នា។ សូម​ព្យាយាម​យល់​អារម្មណ៍​របស់​ពួក​គាត់។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​ស្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ។ ប៉ុន្តែ សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​គិត​ថា​យើង​បាន​ត្រូវ​គេ​បោក ឬ​បាន​ចូល​ជា​សមាជិក​សាសនា​មួយ​ដ៏​ចម្លែក។ ពួក​គេ​ប្រហែល​ជា​គិត​ថា​យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត ដោយ​សារ​យើង​មិន​ចូល​រួម​ពិធី​បុណ្យ​ផ្សេង​ៗ​ជា​មួយ​នឹង​ពួក​គេ។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ខ្លាច​ថា​ក្រោយ​ពី​យើង​ស្លាប់​ទៅ​នឹង​មាន​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​យើង។ យើង​ត្រូវ​ព្យាយាម​យល់​អារម្មណ៍​របស់​ពួក​គេ ហើយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ ដើម្បី​ដឹង​អំពី​មូលហេតុ​ដែល​ពួក​គេ​ព្រួយ​បារម្ភ​អំពី​យើង។ (​សុភ. ២០:៥​) សាវ័ក​ប៉ូល​បាន​ព្យាយាម​យល់​អំពី​«​មនុស្ស​គ្រប់​ប្រភេទ​»​ ដើម្បី​គាត់​អាច​បង្រៀន​ពួក​គេ​អំពី​ដំណឹង​ល្អ។ បើ​យើង​ព្យាយាម​យល់​អារម្មណ៍​របស់​សមាជិក​ក្រុម​គ្រួសារ នេះ​អាច​ជួយ​យើង​ដឹង​អំពី​របៀប​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត។—១កូ. ៩:១៩​-​២៣ w​១៧.១០ ទំ. ១២ វ. ១១​-​១២

ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា

[​ចូរ​]ច្រៀង​សរសើរ​ថ្វាយ[​ព្រះ​យេហូវ៉ា​]។—ទំនុក. ៣៣:២

ប្រហែល​ជា​យើង​មិន​សូវ​ហ៊ាន​ច្រៀង​ដោយ​សារ​យើង​មិន​ស្គាល់​អំពី​របៀប​ច្រៀង។ ប៉ុន្តែ មាន​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​ការ​ច្រៀង​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ បើ​អ្នក​រៀន​អំពី​របៀប​គ្រប់​គ្រង​ដង្ហើម​ឲ្យ​ត្រឹម​ត្រូវ អ្នក​អាច​ច្រៀង​ឮ​ៗ​និង​ដោយ​សំឡេង​ខ្លាំង​បាន។ ដូច​អំពូល​ភ្លើង​ត្រូវ​ការ​ថាមពល​អគ្គិសនី​ដើម្បី​ភ្លឺ ពេល​យើង​និយាយ​ឬ​ច្រៀង យើង​ត្រូវ​ការ​កម្លាំង​នៃ​ខ្យល់​ដង្ហើម​ដើម្បី​បន្លឺ​សំឡេង។ អ្នក​គួរ​ច្រៀង​ឮ​ៗ​ដូច​ពេល​អ្នក​និយាយ ឬ​ឮ​ជាង​នោះ។ តាម​ពិត គម្ពីរ​ប្រាប់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឲ្យ​«​ស្រែក​អបអរសាទរ​»​ពេល​ច្រៀង​សរសើរ​ព្រះ។ (​ទំ​ន. [​ទំនុក.​] ៣៣:១​-​៣, ខ.ស.​) សូម​សាកល្បង​ធ្វើ​តាម​ចំណុច​ដូច​ត​ទៅ​នេះ​៖ សូម​ជ្រើស​រើស​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​ពី​សៀវភៅ​ចម្រៀង​របស់​យើង។ សូម​អាន​ពាក្យ​ក្នុង​បទ​ចម្រៀង​នោះ​ឮ​ៗ​ដោយ​លះ និង​ដោយ​មាន​ទំនុក​ចិត្ត។ រួច​មក​ដោយ​ប្រើ​ទំហំ​សំឡេង​ដដែល សូម​អាន​ពាក្យ​ទាំង​អស់​ក្នុង​មួយ​ដង្ហើម​នៅ​ក្នុង​ឃ្លា​មួយ​នោះ។ បន្ទាប់​មក សូម​ច្រៀង​ឃ្លា​នោះ​ដោយ​ប្រើ​ទំហំ​សំឡេង​ដដែល​នោះ។ (​អេ. ២៤:១៤​) បើ​អ្នក​ធ្វើ​ដូច្នេះ សំឡេង​របស់​អ្នក​នឹង​កាន់​តែ​ឮ​ខ្លាំង​ពេល​អ្នក​ច្រៀង។ សូម​កុំ​ភ័យ​ខ្លាច​ឬ​អៀន​ខ្មាស​ឡើយ ព្រោះ​ការ​មាន​សំឡេង​ខ្លាំង​គឺ​ជា​ការ​ល្អ! w​១៧.១១ ទំ. ៦ វ. ១១​-​១៣

ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា

អស់​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នៅ​ក្រុង​យេរូសាឡិម​នោះ គេ​ក៏​រៀប​ចំ​ឡើង។—អែស. ១:៥

សូម​ស្រមៃ​គិត​អំពី​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ពី​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម។ បណ្ដា​ជន​មាន​ពេល​ច្រើន​ដើម្បី​គិត​និង​និយាយ​អំពី​ទី​លំនៅ​ថ្មី​របស់​ពួក​គេ។ មនុស្ស​វ័យ​ចាស់​បាន​ប្រាប់​ពួក​គេ​អំពី​ក្រុង​យេរូសាឡិម​និង​វិហារ​ដ៏​សែន​ស្អាត​ដែល​ធ្លាប់​មាន​នៅ​ទី​នោះ។ (​អែស. ៣:១២​) បើ​អ្នក​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ពួក​គេ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​អ្នក​បាន​ឃើញ​ក្រុង​យេរូសាឡិម​ជា​លើក​ដំបូង? តើ​អ្នក​នឹង​សោក​ស្ដាយ​ដោយ​ឃើញ​អគារ​បាក់​បែក​ដែល​មាន​ស្មៅ​ដុះ​ពី​លើ ហើយ​កំពែង​ក្រុង​បាក់​បែក​ដែល​មាន​ប្រហោង​ធំ​ៗ​នៅ​ទ្វារ​ក្រុង​និង​នៅ​កន្លែង​ដែល​ធ្លាប់​មាន​ប៉ម​ឬ​ទេ? អ្នក​ប្រហែល​ជា​ប្រៀប​ធៀបកំពែង​ក្រុង​បាក់​បែក​ទាំង​នោះ​ទៅ​នឹង​កំពែង​ធំ​ដ៏​រឹង​មាំ​របស់​ក្រុង​បាប៊ីឡូន។ ប៉ុន្តែ​ជន​ជាតិ​យូដា​មិន​បាន​ធ្លាក់​ទឹក​ចិត្ត​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពួក​គេ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​និង​ជួយ​ពួក​គេ។ ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​យេរូសាឡិម ពួក​គេ​បាន​សង់​ទី​បូជា​មួយ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​វិហារ ហើយ​បាន​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។—អែស. ៣:១, ២ w​១៧.១០ ទំ. ២១​-​២២ វ. ២​-​៣

ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កញ្ញា

កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា . . . ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង។—១រប. ២៨:២០

សាឡូម៉ូន​ច្បាស់​ជា​បាន​រៀន​អំពី​ចិត្ត​ក្លាហាន​ពី​ដាវីឌ​ដែល​ជា​ឪ​ពុក​របស់​គាត់។ ដាវីឌ​ក៏​បាន​បង្ហាញ​ចិត្ត​ក្លាហាន ពេល​គាត់​ប្រយុទ្ធ​ជា​មួយ​នឹង​កូលីយ៉ាត​ដែល​ជា​ទាហាន​ដ៏​ខ្លាំង​ក្លា គួរ​ឲ្យ​ខ្លាច និង​ដែល​មាន​មាឌ​ធំ​សម្បើម។ ដាវីឌ​បាន​ច្បាំង​ឈ្នះ​នឹង​កូលីយ៉ាត ដោយ​មាន​ជំនួយ​ពី​ព្រះ​និង​ដោយ​ប្រើ​ថ្ម​រលោង​មួយ​ដុំ។ (​១សាំ. ១៧:៤៥, ៤៩, ៥០​) យើង​អាច​ឃើញ​ថា គឺ​សម​ហេតុ​ផល​ដែល​ដាវីឌ​ជា​អ្នក​ដែល​លើក​ទឹក​ចិត្ត​សាឡូម៉ូន​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​សង់​វិហារ។ ស្តេច​ដាវីឌ​បាន​រំលឹក​សាឡូម៉ូន​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​គាត់​រហូត​ដល់​គាត់​បង្ហើយ​កិច្ច​ការ​សាង​សង់​វិហារ។ សាឡូម៉ូន​ច្បាស់​ជា​បាន​រំពឹង​គិត​អំពី​ពាក្យ​ទាំង​នេះ ហើយ​គាត់​មិន​បាន​ឲ្យ​ការ​ខ្វះ​បទ​ពិសោធន៍​និង​ភាព​វ័យ​ក្មេង​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ធ្វើ​កិច្ច​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្ហាញ​ចិត្ត​ក្លាហាន ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​បង្ហើយ​កិច្ច​ការ​សាង​សង់​វិហារ​ដ៏​អស្ចារ្យ​នោះ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លះ។ ព្រះ​យេហូវ៉ា​បាន​ជួយ​សាឡូម៉ូន ហើយ​លោក​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន និង​ជួយ​យើង​ឲ្យ​សម្រេច​កិច្ច​ការ​របស់​យើង​នៅ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ដែរ។ (​អេ. ៤១:១០, ១៣​) បើ​យើង​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​អាច​ប្រាកដ​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​យើង​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត។ w​១៧.០៩ ទំ. ២៧​-​២៨ វ. ៣​-​៤; ទំ. ៣២ វ. ២០​-​២១

ថ្ងៃ​អង្គារ ទី​១៧ ខែ​កញ្ញា

បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធា​នុភាព។—ហេ. ៤:១២

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​បណ្ដាំ​របស់​លោក​ចំពោះ​មនុស្សជាតិ ​«​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធា​នុភាព​»។ យើង​បាន​ឃើញ​ឫទ្ធា​នុភាព​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង​និង​ជីវិត​របស់​អ្នក​ឯ​ទៀត។ មុន​អ្នក​ខ្លះ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ពួក​គេ​ធ្លាប់​ជា​ចោរ ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​ជា​អ្នក​ញៀន​ថ្នាំ។ មនុស្ស​ខ្លះ​ទៀត​ធ្លាប់​មាន​ឈ្មោះ​ល្បី​ឬ​ជា​អ្នក​មាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ពួក​គេ​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត។ (​សាស្ដ. ២:៣​-​១១​) តែ​យើង​សប្បាយ​ចិត្ត​ណាស់​ដែល​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​អស់​សង្ឃឹម​និង​គ្មាន​គោល​បំណង​ក្នុង​ជីវិត ឥឡូវ​មាន​គោល​បំណង​និង​មាន​សេចក្ដី​សង្ឃឹម។ យើង​បាន​អាន​បទ​ពិសោធន៍​ជា​ច្រើន​អំពី​បុគ្គល​បែប​នេះ​នៅ​ក្នុង​អត្ថបទ​ត​ភាគ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ចំណង​ជើង​ថា ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»។ ម្យ៉ាង​ទៀត ក្រោយ​ពី​យើង​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​មាន​ជំនួយ​ពី​គម្ពីរ។ w​១៧.០៩ ទំ. ២១ វ. ១

ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា

ទេវតា . . . នាំ[​គាត់​]ចេញ​ទៅ​លែង​ឯ​ក្រៅ​ទីក្រុង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មេត្ដា​ប្រណី​ដល់​គាត់។—លោ. ១៩:១៦

ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​យល់​អំពី​ស្ថានភាព​របស់​ឡុត យើង​អាច​ប្រាកដ​ថា​លោក​ក៏​យល់​អំពី​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ដែរ។ (​អេ. ៦៣:៧​-​៩; យ៉ា. ៥:១១; ២ពេ. ២:៩​) ព្រះ​យេហូវ៉ា​ក៏​បាន​បង្រៀន​រាស្ត្រ​របស់​លោក​ឲ្យ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ផង​ដែរ។ សូម​គិត​អំពី​ច្បាប់​មួយ​ដែល​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ បើ​បុគ្គល​ណា​ម្នាក់​បាន​ជំពាក់​ប្រាក់​គេ ម្ចាស់​បំណុល​នោះ​អាច​យក​សម្លៀក​បំពាក់​ក្រៅ​របស់​បុគ្គល​នោះ​ទុក​ជា​ការ​ធានា​មួយ​ថា​គាត់​នឹង​សង​ប្រាក់​នោះ​មក​វិញ។ (​និក្ខ. ២២:២៦, ២៧​) ប៉ុន្តែ ម្ចាស់​បំណុល​ត្រូវ​ឲ្យ​សម្លៀក​បំពាក់​ក្រៅ​ទៅ​បុគ្គល​នោះ​វិញ​មុន​ថ្ងៃ​លិច ដើម្បី​គាត់​អាច​កក់​ក្ដៅ​នៅ​ពេល​យប់។ បុគ្គល​ដែល​គ្មាន​ចិត្ត​អាណិត​មេត្ដា​ប្រហែល​ជា​មិន​ចង់​ឲ្យ​សម្លៀក​បំពាក់​ក្រៅ​នោះ​វិញ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​រាស្ត្រ​របស់​លោក​ឲ្យ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា។ តើ​យើង​រៀន​អ្វី​ពី​គោល​ការណ៍​ដែល​មាន​ក្នុង​ច្បាប់​នេះ? យើង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​រួម​ជំនឿ​ឡើយ។ ពេល​យើង​អាច​ជួយ​បង​ប្អូនណា​ម្នាក់​ដែល​កំពុង​រង​ទុក្ខ យើង​ចង់​ធ្វើ​ដូច្នេះ។—កូឡ. ៣:១២; យ៉ា. ២:១៥, ១៦; ១យ៉ូន. ៣:១៧ w​១៧.០៩ ទំ. ១០​-​១១ វ. ៤​-​៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា

បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ។—លូក. ២៣:៣៤

លោក​យេស៊ូ​បាន​អធិដ្ឋាន​សុំ​បិតា​របស់​លោក​ឲ្យ​អភ័យ​ទោស​ឲ្យ​មនុស្ស​ដែល​នឹង​សម្លាប់​លោក។ សូម្បី​តែ​នៅ​ពេល​ដែល​លោក​យេស៊ូ​តាន​តឹង​ចិត្ត​ឬ​ឈឺ​ចាប់​ក្ដី លោក​បាន​រក្សា​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់។ (​១ពេ. ២:២១​-​២៣​) ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់ ពេល​ដែល​គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម្ល៉ោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។ (​កូឡ. ៣:១៣​) ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​ត្រូវ​មាន​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់។ នេះ​នឹង​នាំ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត។ គុណ​សម្បត្ដិ​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​បើ​យើង​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក។ (​ម៉ាថ. ៥:៥; យ៉ា. ១:២១​) ពេល​យើង​មាន​ចិត្ត​ស្លូត​បូត​និង​ចិត្ត​អត់​ធ្មត់ យើង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។—កាឡ. ៦:១; ២ធី. ២:២៤, ២៥ w​១៧.០៨ ទំ. ២៥​-​២៦ វ. ១៥​-​១៧

ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា

ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។—២ពេ. ២:៩

នៅ​ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​មនុស្ស​មិន​បាន​រំពឹង​ទុក។ ជា​ឧទាហរណ៍ ពេល​ហេសេគា​គ្រប់​គ្រង​ជា​ស្តេច​នៃ​ស្រុក​យូដា សានហេរីប​ដែល​ជា​ស្តេច​ស្រុក​អាសស៊ើរ​បាន​វាយលុក​ចូល​ស្រុក​យូដា ហើយ​បាន​ដណ្ដើម​យក​ក្រុង​ទាំង​អស់​ក្នុង​ស្រុក​នោះ​លើក​លែង​តែ​ក្រុង​យេរូសាឡិម។ (​២ព. ១៨:១​-​៣, ១៣​) ក្រោយ​មក ស្តេច​សានហេរីប​បាន​មក​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ តើ​ហេសេគា​បាន​ធ្វើ​អ្វី? ដំបូង គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​បាន​សុំ​យោបល់​ពី​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា។ (​២ព. ១៩:៥, ១៥​-​២០​) បន្ទាប់​មក ហេសេគា​បាន​បង្ហាញ​ថា​គាត់​ជា​មនុស្ស​សម​ហេតុ​ផល​ដោយ​បង់​ប្រាក់​ដែល​ស្តេច​សានហេរីប​តម្រូវ​ពី​គាត់។ (​២ព. ១៨:១៤, ១៥​) ចុង​ក្រោយ ហេសេគា​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដោយ​រៀប​ចំ​ក្រុង​សម្រាប់​ការ​ឡោម​ព័ទ្ធ​រយៈ​ពេល​យូរ។ (​២រប. ៣២:២​-​៤​) តើ​បញ្ហា​នោះ​បាន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​បំផ្លាញ​ទាហាន​របស់​ស្តេច​សានហេរីប​អស់​១៨៥.០០០​នាក់​ក្នុង​ពេល​មួយ​យប់។ សូម្បី​តែ​ហេសេគា​ក៏​មិន​បាន​នឹក​ស្មានថា​នោះ​នឹង​កើត​ឡើង​ទេ!—២ព. ១៩:៣៥ w​១៧.០៨ ទំ. ១១ វ. ៧; ទំ. ១២ វ. ១២

ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា

ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។—ម៉ាថ. ២៨:១៩, ២០

តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​សម្រាប់​កិច្ច​បម្រើ​ពេញ​ពេល? ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​បំផុត អ្នក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ជា​គ្រិស្ត​សាសនិក។ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បណ្ដាំ​របស់​លោក ហើយ​ព្យាយាម​បង្ហាញ​ជំនឿ​របស់​អ្នក​នៅ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ។ ពេល​ដែល​អ្នក​នៅ​រៀន អ្នក​អាច​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ សូម​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដោយ​សួរ​អំពី​ទស្សនៈ​របស់​ពួក​គេ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត ហើយ​ដោយ​ស្ដាប់​ចម្លើយ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត អ្នក​ក៏​អាច​ជួយ​ធ្វើ​អ្វី​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ដូច​ជា​សម្អាត​និង​ជួស​ជុល​សាល​ប្រជុំ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ប្រើ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​និង​ដែល​ធ្វើ​កិច្ច​ការ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​ទំនុក. ១១០:៣; សកម្ម. ៦:១​-​៣​) សាវ័ក​ប៉ូល​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​សាសនទូត​ដោយ​សារ‹បង​ប្អូន​តែង​និយាយ​ល្អ​អំពី​ធីម៉ូថេ›។—សកម្ម. ១៦:១​-​៥ w​១៧.០៧ ទំ. ២៣ វ. ៧; ទំ. ២៥​-​២៦ វ. ១៤

ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា

គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ស្បថ​ពី​ដំណើរ​អញ។—អេ. ៤៥:២៣

ដរាប​ណា​ដែល​មនុស្ស​ឬ​ទេវតា​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ដរាប​នោះ​មិន​អាច​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព​ពិត​បាន​ឡើយ។ ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង បុគ្គល​គ្រប់​រូប​នឹង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដ៏​អស្ចារ្យ​របស់​លោក​ជា​រៀង​រហូត។ នៅ​ពេល​នោះ នឹង​មាន​សន្ដិ​ភាព​ទូ​ទាំង​សកល​លោក។ (​អេភ. ១:៩, ១០​) បុគ្គល​គ្រប់​រូប​នឹង​ដឹង​ថា​ព្រះ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង។ ការ​គ្រប់​គ្រង​របស់​សាថាន​និង​របស់​មនុស្សជាតិ​នឹង​បរាជ័យ​ទាំង​ស្រុង ហើយ​នឹង​លែង​មាន​ទៀត។ ការ​គ្រប់​គ្រង​របស់​ព្រះ​តាម​រយៈ​រាជាណាចក្រ​មេស្ស៊ី​នឹង​ទទួល​ជោគ​ជ័យ។ នៅ​ពេល​នោះ មនុស្ស​ស្មោះ​ត្រង់​បាន​បង្ហាញ​រួច​ហើយ​ថា​មនុស្សជាតិ​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ ហើយ​អាច​គាំ​ទ្រ​ការ​គ្រប់​គ្រង​នោះ​យ៉ាង​ស្មោះ។ (​អេ. ៤៥:២៤​) តើ​យើង​ចង់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​ឬ​ទេ? យើង​ពិត​ជា​ចង់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មែន! ដូច្នេះ យើង​ត្រូវ​យល់​ថា​រឿង​នេះ​គឺ​សំខាន់​យ៉ាង​ណា។ w​១៧.០៦ ទំ. ១៦ វ. ៤​-​៥

ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា

មិត្រ​សំ​ឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ។—សុភ. ១៧:១៧

យើង​មិន​អាច​ដឹង​ច្បាស់​ថា​មនុស្ស​ម្នាក់​ៗ​នឹង​កើត​ទុក្ខ​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះ​ទេ។ នៅ​ដើម​ដំបូង​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ សាច់​ញាតិ​និង​មិត្ត​ភក្ដិ​ជា​ច្រើន​មក​ដើម្បី​ផ្ដល់​ការ​សម្រាល​ទុក្ខ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក កាល​ដែល​សាច់​ញាតិ​និង​មិត្ត​ភក្ដិ​ទាំង​នោះ​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​វិញ ពួក​អ្នក​ដែល​កំពុង​កើត​ទុក្ខ​នឹង​នៅ​តែ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ដូច្នេះ សូម​ប្រុង​ប្រៀប​ដើម្បី​ជួយ​ពួក​គេ។ យើង​ត្រូវ​សម្រាល​ទុក្ខ​អ្នក​ដែល​កំពុង​កើត​ទុក្ខ​ដរាប​ណា​ដែល​ពួក​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ពី​យើង។ (​១ថែ. ៣:៧​) សូម​ចាំ​ថា​បុគ្គល​ម្នាក់​អាច​កើត​ទុក្ខ​ភ្លាម​នៅ​ពេល​ណា​មួយ ដោយ​សារ​ថ្ងៃ​គម្រប់​ខួប​ណា​មួយ ឬ​ដោយ​សារ​គាត់​បាន​មើល​រូប​ថត ស្ដាប់​បទ​ចម្រៀង ធ្វើ​សកម្មភាព​ណា​មួយ ឬ​ថែម​ទាំង​ដោយ​សារ​ក្លិន សំឡេង ឬ​ក៏​រដូវ​ណា​មួយ។ ពេល​ពោះ​ម៉ាយ​ឬ​ស្ត្រី​មេ​ម៉ាយ​ដែល​កំពុង​កើត​ទុក្ខ​ធ្វើ​អ្វី​មួយ​ម្នាក់​ឯង​ជា​លើក​ដំបូង ដូច​ជា​ចូល​រួម​សន្និបាត​ឬ​ពិធី​រំលឹក​ម្នាក់​ឯង នេះ​អាច​នាំ​ឲ្យ​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ សូម​ចាំ​ថា​អ្នក​ដែល​កំពុង​កើត​ទុក្ខ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​មិន​គ្រាន់​តែ​នៅ​ថ្ងៃ​ពិសេស​ៗ​ប៉ុណ្ណោះ​ទេ។ w​១៧.០៧ ទំ. ១៤ វ. ១៧​-​១៩

ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា

បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ។—ភី. ២:៤

ពេល​យើង​ជាប់​រវល់​ក្នុង​ការ​ធ្វើ​ល្អ​ដល់​អ្នក​ឯ​ទៀត យើង​ច្រើន​តែ​ភ្លេច​អំពី​បញ្ហា​របស់​ខ្លួន។ ជា​ឧទាហរណ៍ បង​ស្រី​ជា​ច្រើន​នាក់​ទាំង​អ្នក​ដែល​នៅ​លីវ​ទាំង​អ្នក​ដែល​បាន​រៀប​ការ​ហើយ ដឹង​ថា​ពេល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ពួក​គេ​កំពុង​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីក​រាយ។ តាម​ពិត យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ។ ម្យ៉ាង​ទៀត ពេល​ដែល​យើង​ធ្វើ​ល្អ​ដល់​បង​ប្អូន​របស់​យើង យើង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ។ នេះ​ជា​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​ធ្វើ។ គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ដូច​«​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន​»។ ប៉ូល​ក៏​បាន​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គាត់​«​ដូច​ឪ​ពុក​ប្រព្រឹត្ត​ចំពោះ​កូន​»​ដែរ។ (​១ថែ. ២:៧, ១១, ១២​) ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា អាច​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន។ តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គឺ​ដោយ​គោរព​ឪ​ពុក​ម្ដាយ​របស់​ខ្លួន​និង​ខំ​ប្រឹង​ជួយ​ពួក​គាត់​តាម​របៀប​ផ្សេង​ៗ។ ម្យ៉ាង​ទៀត ពេល​ដែល​កូន​ៗ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា នេះ​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​ទាំង​មូល។ w​១៧.០៦ ទំ. ៦ វ. ១៣; ទំ. ៧​-​៨ វ. ១៤, ១៧

ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា

ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​បាន​មិត្ត​ភក្ដិ។—លូក. ១៦:៩

ច្បាស់​ណាស់ មនុស្ស​ខ្លះ​មាន​លុយ​ច្រើន​លើស​លប់​រហូត​ដល់​ពួក​គេ​អាច​ចិញ្ចឹម​ជីវិត​អស់​ជា​ច្រើន​តំណ រីឯ​មនុស្ស​រាប់​ពាន់​លាន​នាក់​ទៀត​គឺ​ក្រ​យ៉ាង​ខ្លាំង។ លោក​យេស៊ូ​បាន​ដឹង​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​នេះ​បាន។ គម្ពីរ​បង្ហាញ​ថា​«​ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​»​ឬ​ប្រព័ន្ធ​ពាណិជ្ជកម្ម ព្រម​ទាំង​នយោបាយ​និង​សាសនា ជា​ផ្នែក​នៃ​ពិភព​លោក​របស់​សាថាន។ (​បប. ១៨:៣​) រាស្ត្រ​របស់​ព្រះ​អាច​ញែក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​សាសនា​មិន​ពិត​និង​នយោបាយ។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​ភាគ​ច្រើន មិន​អាច​ញែក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ជា​ផ្នែក​នៃ​ពិភព​លោក​របស់​សាថាន​បាន​ឡើយ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​យើង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​ពិភព​លោក​នេះ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​អាច​ប្រើ​វត្ថុ​ទ្រព្យ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មិន​សូវ​រួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម? តើ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​លោក?›។ w​១៧.០៧ ទំ. ៣​-​៤ វ. ១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កញ្ញា

កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា។—លូក. ២១:៣៤

លោក​យេស៊ូ​បាន​ដឹង​ថា​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​នេះ​នឹង​មាន​ការ​តាន​តឹង​ចិត្ត ហើយ​ថា​យើង​នឹង​ប្រឈម​មុខ​នឹង​ការ​ពិបាក​និង​កង្វល់​ផ្សេង​ៗ។ នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ លោក​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ខ្លះ​នឹង​ទទួល​យក​«​បណ្ដាំ​ស្តី​អំពី​រាជាណាចក្រ​»​ ហើយ​មាន​ចិត្ត​ខ្នះ​ខ្នែង​នៅ​ដើម​ដំបូង។ ប៉ុន្តែ​ក្រោយ​មក ​«​ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»​នឹង​«​គ្រប​បាំង​បណ្ដាំ​នោះ​ជិត​»​ ហើយ​មនុស្ស​ទាំង​នោះ​នឹង​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​គេ។ (​ម៉ាថ. ១៣:១៩​-​២២; ម៉ាក. ៤:១៩​) បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ កង្វល់​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​អាច​រា​រាំង​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​គ្រិស្ត​ដោយ​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ត​ធ្វើ​ដូច្នេះ? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ជាង​គេ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ? តើ​អំណរ​របស់​ខ្ញុំ​មក​ពី​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​មក​ពី​សកម្មភាព​ផ្សេង​ទៀត?›។ w​១៧.០៥ ទំ. ២២ វ. ៣​-​៤

ថ្ងៃ​សុក្រ ទី​២៧ ខែ​កញ្ញា

និយាយ​សម្ដី​ដែល​គេ​ស្រួល​យល់។—១កូ. ១៤:៩

ពេល​«​ពួក​អ្នក​ប្រទេស​ដទៃ​»​រស់​នៅ​ឆ្ងាយ​ពី​សាក្សី​ឯ​ទៀត​ដែល​និយាយ​ភាសា​របស់​ពួក​គេ ពួក​គេ​ត្រូវ​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​របស់​ប្រទេស​ដែល​ពួក​គេ​រស់​នៅ។ (​ទំនុក. ១៤៦:៩​) ប៉ុន្តែ បើ​ពួក​គេ​រស់​នៅ​ជិត​ក្រុម​ជំនុំ​មួយ​ដែល​និយាយ​ភាសា​កំណើត​របស់​ពួក​គេ ប្រមុខ​គ្រួសារ​ត្រូវ​សម្រេច​ចិត្ត​ថា​ក្រុម​ជំនុំ​មួយ​ណា​គឺ​ល្អ​ប្រសើរ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ មុន​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ គាត់​នឹង​អធិដ្ឋាន​និង​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​រឿង​នោះ។ គាត់​ក៏​នឹង​និយាយ​ជា​មួយ​នឹង​ប្រពន្ធ​និង​កូន​ៗ​របស់​គាត់​ដែរ។ (​១កូ. ១១:៣​) ឪ​ពុក​ម្ដាយ​ត្រូវ​ពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ​របស់​កូន។ ដើម្បី​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ឲ្យ​បាន​ច្បាស់ កូន​ៗ​មិន​គ្រាន់​តែ​រៀន​គម្ពីរ​នៅ​កិច្ច​ប្រជុំ​តែ​ប៉ុន្មាន​ម៉ោង​រាល់​សប្ដាហ៍​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ សូម​គិត​អំពី​ចំណុច​នេះ បើ​កូន​ៗ​ទៅ​កិច្ច​ប្រជុំ​ជា​ភាសា​ដែល​ពួក​គេ​យល់​ច្បាស់ ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​នោះ ហើយ​ប្រហែល​ជា​ប្រយោជន៍​នោះ​គឺ​ច្រើន​ជាង​ឪ​ពុក​ម្ដាយ​នឹក​ស្មាន​ទៅ​ទៀត។ នេះ​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​ទេ បើ​កូន​ៗ​មិន​សូវ​ចេះ​ភាសា​នោះ។—១កូ. ១៤:១១ w​១៧.០៥ ទំ. ១១​-​១២ វ. ១០​-​១១

ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កញ្ញា

ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ដ្បិត . . . បណ្ដា​ជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត!—ចៅ. ៥:២

យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​យើង​ចំពោះ​កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត។ យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដោយ​ប្រើ​ធន​ធាន​ណា​ក៏​ដោយ​ដែល​ខ្ញុំ​មាន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​កំពុង​គិត​អំពី​ការ​រើ​ទៅ​នៅ​ក្រុង​ឬ​ប្រទេស​ផ្សេង​ដើម្បី​រក​លុយ​ថែម​ទៀត​និង​មាន​ជីវិត​ល្អ​ជាង​ឬ​ទេ? បើ​ដូច្នេះ តើ​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​របៀប​ដែល​ការ​រើ​ទី​លំនៅ​នេះ​នឹង​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​និង​ក្រុម​ជំនុំ​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដល់​យើង​ដោយ​ឲ្យ​យើង​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​លោក។ តាំង​ពី​សម័យ​របស់​អាដាម​និង​អេវ៉ា មេ​កំណាច​ចង់​ឲ្យ​មនុស្ស​គាំ​ទ្រ​ខាង​វា​ក្នុង​ការ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពេល​ដែល​យើង​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​យ៉ាង​ច្បាស់​ដល់​សាថាន​ថា​យើង​នៅ​ខាង​ណា។ ជំនឿ​និង​ភក្ដី​ភាព​របស់​យើង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​នេះ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​សុភ. ២៣:១៥, ១៦​) ព្រះ​របស់​យើង​អាច​តប​ឆ្លើយ​ចំពោះ​ការ​តិះ​ដៀល​របស់​សាថាន ដោយ​ផ្អែក​ទៅ​លើ​ការ​គាំ​ទ្រ​យ៉ាង​ស្មោះ​ភក្ដី​និង​ការ​ស្ដាប់​បង្គាប់​របស់​យើង។ (​សុភ. ២៧:១១​) ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​ជូន​លោក​នូវ​អ្វី​មួយ​ដែល​មាន​តម្លៃ​ចំពោះ​លោក​និង​ដែល​ធ្វើ​ឲ្យ​លោក​រីក​រាយ​យ៉ាង​ខ្លាំង។ w​១៧.០៤ ទំ. ៣២ វ. ១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា

កាល​ណា​ឯង​បន់[​សម្បថ​]ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​មនុស្ស​ល្ងី​ល្ងើ​ទេ។ ចូរ​សង​តាម​ដែល​ឯង​បាន​បន់[​សម្បថ​]ចុះ។—សាស្ដ. ៥:៤; ​«​ព.ថ.​»​

ច្បាប់​ម៉ូសេ​ចែង​ថា​បើ​បុរស​ណា​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​«​អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំ​ដី​របស់​ខ្លួន​គ្រប់​ចំ​ពូក​»។ (​ជន. ៣០:២​) សាឡូម៉ូន​បាន​សរសេរ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ លោក​យេស៊ូ​បាន​បង្រៀន​ថា​ការ​ស្បថ​នឹង​ព្រះ​គឺ​ជា​រឿង​ដ៏​សំខាន់ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា​កុំ​ខាន›​»។ (​ម៉ាថ. ៥:៣៣​) យើង​ឃើញ​ច្បាស់​ថា យើង​ត្រូវ​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​ណា​ក៏​ដោយ​ដែល​យើង​បាន​សន្យា​ចំពោះ​ព្រះ​យេហូវ៉ា។ របៀប​ដែល​យើង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ ដាវីឌ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ពេល​គាត់​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន?​»។ ក្រោយ​មក គាត់​បាន​ឆ្លើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ទទួល​អ្នក​ណា​«​ដែល​មិន​បណ្ដោយ . . . ទៅ​តាម​សេចក្ដី​ភូត​ភរ​»​ ឬ​លោក​នឹង​ទទួល​អ្នក​ដែល​ធ្វើ​តាម​ពាក្យ​ស្បថ​របស់​ខ្លួន។—ទំនុក. ២៤:៣, ៤ w​១៧.០៤ ទំ. ៤ វ. ៣​-​៤

ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា

[​គាត់​]មិន​ពោល​បង្កាច់​ដោយ​អណ្ដាត។—ទំនុក. ១៥:៣

បើ​យើង​គិត​ថា​យើង​បាន​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ។ ចុះ​បើ​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? យើង​ច្បាស់​ជា​គួរ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ ហើយ​សុំ​ជំនួយ​ពី​ពួក​គាត់។ (​លេវី. ៥:១​) ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន​ដែល​មិន​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ប្រហែល​ជា​អាច​ទៅ​រក​ជា​នឹង​បង​ប្អូន​ណា​ម្នាក់​ដោយ​មិន​ប្រាប់​អ្នក​ឯ​ទៀត សូម្បី​តែ​អ្នក​ចាស់​ទុំ​ក្ដី។ (​ម៉ាថ. ៥:២៣, ២៤; ១៨:១៥​) ក្នុង​ស្ថានភាព​បែប​នោះ សូម​ឲ្យ​យើង​បង្ហាញ​ភក្ដី​ភាព ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ ជួន​កាល យើង​ប្រហែល​ជា​នឹង​ឃើញ​ថា​យើង​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​ណា​មួយ ហើយ​ឃើញ​ថា​យើង​មិន​បាន​រង​អំពើ​អយុត្ដិធម៌​ណា​មួយ​ទេ។ ពេល​នោះ​យើង​នឹង​សប្បាយ​ចិត្ត​ដែល​យើង​មិន​បាន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ពិបាក​ជាង​ដោយ​និយាយ​ដើម​បង​ប្អូន​ណា​ម្នាក់​របស់​យើង! សូម​ចាំ​ថា ទោះ​ជា​យើង​បាន​យល់​ខុស​ឬ​បាន​យល់​ត្រូវ​ក្ដី ការ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​នឹង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ប្រសើរ​ឡើង​ទេ។ ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​បង​ប្អូន​របស់​យើង នឹង​ជួយ​ការ​ពារ​យើង​ពី​ការ​ធ្វើ​ខុស​បែប​នោះ។ w​១៧.០៤ ទំ. ១៩ វ. ១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក