បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ៩៨-១០៨
  • ខែតុលា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែតុលា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​អង្គារ ទី​១ ខែ​តុលា
  • ថ្ងៃ​ពុធ ទី​២ ខែ​តុលា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​តុលា
  • ថ្ងៃ​សុក្រ ទី​៤ ខែ​តុលា
  • ថ្ងៃ​សៅរ៍ ទី​៥ ខែ​តុលា
  • ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា
  • ថ្ងៃ​ច័ន្ទ ទី​៧ ខែ​តុលា
  • ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា
  • ថ្ងៃ​ពុធ ទី​៩ ខែ​តុលា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​តុលា
  • ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា
  • ថ្ងៃ​សៅរ៍ ទី​១២ ខែ​តុលា
  • ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា
  • ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា
  • ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា
  • ថ្ងៃ​ពុធ ទី​១៦ ខែ​តុលា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​តុលា
  • ថ្ងៃ​សុក្រ ទី​១៨ ខែ​តុលា
  • ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា
  • ថ្ងៃ​អាទិត្យ ទី​២០ ខែ​តុលា
  • ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា
  • ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា
  • ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា
  • ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា
  • ថ្ងៃ​សៅរ៍ ទី​២៦ ខែ​តុលា
  • ថ្ងៃ​អាទិត្យ ទី​២៧ ខែ​តុលា
  • ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​តុលា
  • ថ្ងៃ​អង្គារ ទី​២៩ ខែ​តុលា
  • ថ្ងៃ​ពុធ ទី​៣០ ខែ​តុលា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ៩៨-១០៨

ខែ​តុលា

ថ្ងៃ​អង្គារ ទី​១ ខែ​តុលា

ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តី​បន្ទោស​ឡើយ។—យ៉ា. ១:៥

ប្រាជ្ញា​មក​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​ប្រាជ្ញា​នេះ​ដោយ​ចិត្ត​ទូលាយ​ដល់​អ្នក​ឯ​ទៀត។ របៀប​មួយ​ដែល​យើង​អាច​មាន​ប្រាជ្ញា​គឺ​ដោយ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ។ ការ​ធ្វើ​ដូច្នេះ​ការ​ពារ​យើង​ពី​ការ​ធ្វើ​អ្វី​ដែល​ខុស ហើយ​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​សុភ. ២:១០​-​១២​) ម្យ៉ាង​ទៀត យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ គឺ​ការ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យូ. ២១​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ឬ​ដោយ​សារ​របៀប​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ជួន​កាល​យើង​ពិបាក​ទទួល​ការ​ប្រៀន​ប្រដៅ​ឬ​យើង​ពិបាក​មាន​ទស្សនៈ​ថា​ការ​ប្រៀន​ប្រដៅ​គឺ​ជា​អ្វី​ដ៏​ល្អ។ ប៉ុន្តែ ពេល​ដែល​យើង​ឃើញ​ថា​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​ពិត​ជា​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​យើង នោះ​យើង​យល់​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ សុភាសិត ៣:១១, ១២​ចែង​ថា​៖ ​«​កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន​របស់​ព្រះ​យេហូវ៉ា​ឡើយ​»។ បន្ទាប់​មក​បទ​គម្ពីរ​នេះ​ចែង​ថា​៖ ​«​ដ្បិត​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង​»។ យ៉ាង​នេះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ (​ហេ. ១២:៥​-​១១​) ដោយ​សារ​ព្រះ​ស្គាល់​យើង​ច្បាស់ ការ​ប្រៀន​ប្រដៅ​ពី​លោក​គឺ​តែង​តែ​សម​ត្រឹម​ត្រូវ​និង​ជា​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ។ w​១៨.០៣ ទំ. ២៧​-​២៨ វ. ១​-​២

ថ្ងៃ​ពុធ ទី​២ ខែ​តុលា

ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់។—១ពេ. ៤:៩

សាវ័ក​ពេត្រុស​បាន​សរសេរ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​ទៅ​កាន់​បង​ប្អូន​ដែល​មក​ពី​កន្លែង​ផ្សេង​ៗ។ ពួក​គេ​បាន​ជួប​ប្រទះ​«​ភ្លើង​ដែល​កំពុង​ឆេះ​»​ឬ​ការ​បៀត​បៀន។ តើ​អ្វី​ជួយ​គ្រិស្ត​សាសនិក​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ឆ្លង​កាត់​គ្រា​ដ៏​ពិបាក​នោះ? (​១ពេ. ១:១; ៤:៤, ៧, ១២​) ពេត្រុស​កំពុង​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​«​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​»​ដោយ​រាក់​ទាក់ ទោះ​ជា​ពួក​គេ​ស្គាល់​គ្នា​និង​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​មួយ​គ្នា​ក៏​ដោយ។ តើ​ការ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់​នឹង​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ ចុះ​អ្នក​វិញ? តើ​អ្នក​ចាំ​អំពី​ពេល​ដ៏​សប្បាយ​ដែល​អ្នក​ធ្លាប់​មាន កាល​ដែល​បង​ប្អូន​ណា​ម្នាក់​បាន​អញ្ជើញ​អ្នក​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់​ឬ​ទេ? ម្យ៉ាង​ទៀត ពេល​អ្នក​បាន​អញ្ជើញ​បង​ប្អូន​ណា​ម្នាក់​ឲ្យ​មក​ផ្ទះ​របស់​អ្នក នេះ​បាន​ធ្វើ​ឲ្យ​អ្នក​និង​បង​ប្អូន​នោះ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ របៀប​ល្អ​មួយ​ដើម្បី​ស្គាល់​បង​ប្អូន​របស់​យើង​គឺ​ដោយ​ទទួល​ពួក​គេ​យ៉ាង​រាក់​ទាក់។ គ្រិស្ត​សាសនិក​ដែល​បាន​រស់​នៅ​សម័យ​របស់​ពេត្រុស ត្រូវ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​កាន់​តែ​ខ្លាំង កាល​ដែល​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ។ ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នេះ យើង​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​ដែរ។—២ធី. ៣:១ w​១៨.០៣ ទំ. ១៥​-​១៦ វ. ១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​តុលា

អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។—ម៉ាថ. ៥:៣

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត គឺ​មាន​សុភមង្គល។ ម្យ៉ាង​វិញ​ទៀត រ៉ូម ៨:៦​ពន្យល់​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ស្លាប់ តែ​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ត​»។ នេះ​មាន​ន័យ​ថា​ជីវិត​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា។ ដូច្នេះ​នៅ​ឥឡូវ​នេះ បើ​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​អាច​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​ព្រះ​និង​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត ហើយ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ក៏​ប៉ុន្តែ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​យើង។ ដោយ​សារ​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​មិន​មាន​ទស្សនៈ​ដូច​ព្រះ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​គំនិត​របស់​យើង។ បើ​យើង​មិន​អប់រំ​ខ្លួន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ទេ នោះ​ចិត្ត​គំនិត​និង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ​ដែល​គិត​តែ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ នឹង​មាន​ឥទ្ធិពល​មក​លើ​យើង។ យូដាស​បាន​និយាយ​ថា​មនុស្ស​ដែល​ចេះ​តែ​គិត​ពី​រឿង​ដែល​ទាក់​ទង​នឹង​សាច់​ឈាម​អាច​លែង​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ទៀត​ផង។—យូ. ១៨, ១៩ w​១៨.០២ ទំ. ១៧ វ. ៥; ទំ. ១៨ វ. ៧​-​៨

ថ្ងៃ​សុក្រ ទី​៤ ខែ​តុលា

មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ។—២ធី. ៣:១៣

គ្រូ​ពេទ្យ​និង​គិលានុបដ្ឋាក​ជា​ច្រើន​ធ្វើ​ការ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ដែល​មាន​ជំងឺ​ឆ្លង។ ពួក​គេ​ថែ​ទាំ​អ្នក​ជំងឺ​ដោយ​សារ​ពួក​គេ​ចង់​ជួយ​អ្នក​នោះ។ ប៉ុន្តែ ពួក​គេ​ក៏​ត្រូវ​តែ​ការ​ពារ​ខ្លួន​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ទាំង​នោះ​ពី​អ្នក​ជំងឺ។ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ។ យើង​ជា​ច្រើន​នាក់​ធ្វើ​ការ​និង​រស់​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​និង​គុណ​វិបត្ដិ​ដែល​ខុស​គ្នា​ទាំង​ស្រុង​ពី​គុណ​សម្បត្ដិ​របស់​ព្រះ។ នេះ​ប្រហែល​ជា​ពិបាក​សម្រាប់​យើង។ នៅ​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​ពិភព​លោក​នេះ មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះ​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​លោក​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​ទេ។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​គុណ​វិបត្ដិ​របស់​ពួក​គេ​ពេល​គាត់​បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​កាន់​ធីម៉ូថេ។ (​២ធី. ៣:១​-​៥​) ទោះ​ជា​យើង​ទើស​ចិត្ត​នឹង​គុណ​វិបត្ដិ​ទាំង​នេះ​ក៏​ដោយ យើង​ប្រហែល​ជា​នៅ​តែ​ទទួល​ឥទ្ធិពល​ពី​ការ​គិត​គូរ ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង។ (​សុភ. ១៣:២០​) ដូច្នេះ យើង​ត្រូវ​តែ​ការ​ពារ​ខ្លួន​មិន​ឲ្យ​គុណ​វិបត្ដិ​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​មាន​ឥទ្ធិពល​មក​លើ​យើង កាល​ដែល​យើង​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ w​១៨.០១ ទំ. ២៧​-​២៨ វ. ១​-​២

ថ្ងៃ​សៅរ៍ ទី​៥ ខែ​តុលា

ចូរ . . . បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ។—ម៉ាថ. ២៨:១៩

នៅ​ឆ្នាំ​៣៣ គ.ស. មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ជាង​៥០០​នាក់​ដែល​មាន​បុរស ស្ត្រី និង​ប្រហែល​ជា​កូន​ក្មេង​ផង​ដែរ។ គឺ​ប្រហែល​ជា​នៅ​ពេល​នោះ​ដែល​លោក​បាន​មាន​ប្រសាសន៍​នូវ​អ្វី​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ (​១កូ. ១៥:៦​) លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ បុគ្គល​ណា​ម្នាក់​ដែល​ចង់​យក​«​នឹម​»​របស់​លោក ឬ​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ត្រូវ​តែ​ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថ. ១១:២៩, ៣០​) ដើម្បី​បម្រើ​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត បុគ្គល​ម្នាក់​ៗ​ត្រូវ​ទទួល​ស្គាល់​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​បាន​សម្រេច។ យ៉ាង​នេះ បុគ្គល​នោះ​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​ព្រះ​ពេញ​ចិត្ត។ គម្ពីរ​ផ្ដល់​ភ័ស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​មិន​បាន​គិត​ថា​ពួក​គេ​គួរ​រង់​ចាំ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​ក្រោយ​ទេ។—សកម្ម. ២:៤១; ៩:១៨; ១៦:១៤, ១៥, ៣២, ៣៣ w​១៨.០៣ ទំ. ៥ វ. ៨

ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា

ឱ​ដានីយ៉ែល ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ។—ដាន. ១០:១១

ពិភព​លោក​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត។ មនុស្ស​បាន​ទទួល​ឥទ្ធិពល​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​គម្ពីរ​បាន​ហៅ​ថា ​«​លំនៅ​របស់​ពួក​វិញ្ញាណ​កំណាច​»។ (​បប. ១៨:២​) ប៉ុន្តែ ក្នុង​ពិភព​លោក​នេះ មនុស្ស​អាច​ឃើញ​ថា​យើង​ខុស​ពី​គេ ហើយ​ពួក​គេ​ប្រហែល​ជា​សើច​ចំអក​យើង។ (​ម៉ាក. ១៣:១៣​) ប៉ុន្តែ​ដូច​ដានីយ៉ែល សូម​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ ពេល​យើង​មាន​ចិត្ត​រាប​ទាប ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា និង​ស្ដាប់​បង្គាប់​លោក នោះ​លោក​នឹង​ចាត់​ទុក​យើង​ថា​ជា​អ្នក​សំណព្វ​របស់​លោក​ដែរ។ (​ហាក. ២:៧​) ឪ​ពុក​ម្ដាយ​ទាំង​ឡាយ​អាច​ទាញ​យក​មេ​រៀន​ពី​ឪ​ពុក​ម្ដាយ​របស់​ដានីយ៉ែល។ នៅ​ស្រុក​យូដា​ពេល​ដានីយ៉ែល​នៅ​តូច មនុស្ស​ភាគ​ច្រើន​ដែល​នៅ​ជុំ​វិញ​គាត់​គឺ​អាក្រក់​ណាស់។ ប៉ុន្តែ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ឪ​ពុក​ម្ដាយ​របស់​គាត់​ច្បាស់​ជា​បាន​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា។ (​សុភ. ២២:៦​) សូម្បី​តែ​ឈ្មោះ​របស់​ដានីយ៉ែល​ដែល​មាន​ន័យ​ថា​«​ព្រះ​ជា​ចៅ​ក្រម​របស់​ខ្ញុំ​»​បង្ហាញ​ថា​ឪ​ពុក​ម្ដាយ​របស់​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ដូច្នេះ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ​អើយ សូម​មាន​ចិត្ត​អត់​ធ្មត់​ពេល​បង្រៀន​កូន​របស់​អ្នក​អំពី​ព្រះ​យេហូវ៉ា។ សូម​កុំ​ឈប់​ព្យាយាម​ឡើយ។ (​អេភ. ៦:៤​) សូម​អធិដ្ឋាន​ជា​មួយ​នឹង​ពួក​គេ។ សូម​អធិដ្ឋាន​អំពី​ពួក​គេ។ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ថា​ត្រឹម​ត្រូវ យ៉ាង​នេះ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ជា​ច្រើន​ដល់​អ្នក។—ទំនុក. ៣៧:៥ w​១៨.០២ ទំ. ៦​-​៧ វ. ១២, ១៤​-​១៥

ថ្ងៃ​ច័ន្ទ ទី​៧ ខែ​តុលា

គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ។—១រប. ២៩:១៤

យើង​ឲ្យ​ដល់​ព្រះ​យេហូវ៉ា​ដោយ​សារ​នេះ​ជា​របៀប​មួយ​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ក្នុង​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត គាត់​បាន​ឮ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិយស និង​ឫទ្ធា​នុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។ (​បប. ៤:១១​) ព្រះ​យេហូវ៉ា​ពិត​ជា​សម​នឹង​ទទួល​សេចក្ដី​សរសើរ​និង​សិរី​រុង​រឿង ដូច្នេះ​យើង​ចង់​ជូន​លោក​នូវ​អ្វី​ដ៏​ល្អ​បំផុត។ តាម​រយៈ​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​បុណ្យ​បី​ដង​ក្នុង​មួយ​ឆ្នាំ។ ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​នៅ​ពិធី​បុណ្យ​ទាំង​នោះ​រួម​បញ្ចូល​ការ​ឲ្យ​ដល់​ព្រះ​យេហូវ៉ា។ រាស្ត្រ​របស់​លោក​បាន​ត្រូវ​បង្គាប់​ថា​៖ ​«​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ដៃ​ទទេ​»។ (​ចោ. ១៦:១៦​) សព្វ​ថ្ងៃ​នេះ​ដែរ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​គឺ​ជា​ការ​ឲ្យ​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន។ យ៉ាង​នេះ យើង​បង្ហាញ​ថា​យើង​គាំ​ទ្រ​ហើយ​ឲ្យ​តម្លៃ​ចំពោះ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ w​១៨.០១ ទំ. ១៦ វ. ៤​-​៥

ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។—ម៉ាថ. ១១:២៨

លោក​យេស៊ូ​ក៏​បាន​បន្ថែម​ទៀត​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា . . . ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថ. ១១:២៩, ៣០​) ពាក្យ​ទាំង​នេះ​គឺ​ត្រឹម​ត្រូវ​មែន! នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​អស់​កម្លាំង​ពេល​យើង​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ឬ​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ត្រឡប់​មក​វិញ? យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ និង​មាន​អារម្មណ៍​ថា​យើង​អាច​បន្ត​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង​ត​ទៅ​ទៀត។ នឹម​របស់​លោក​យេស៊ូ​ពិត​ជា​ស្រួល​ពាក់។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់។ គាត់​មាន​ជំងឺ​បាក់​កម្លាំង​រ៉ាំរ៉ៃ ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ឈឺ​ក្បាល​ខ្លាំង​ជា​ញឹក​ញយ។ ដូច្នេះ ជួន​កាល​គាត់​ពិបាក​ទៅ​កិច្ច​ប្រជុំ​ខ្លាំង​ណាស់។ ប៉ុន្តែ នៅ​ថ្ងៃ​មួយ​ក្រោយ​ពី​គាត់​បាន​ខំ​ប្រឹង​ដើម្បី​ទៅ​កិច្ច​ប្រជុំ គាត់​បាន​សរសេរ​ថា​៖ ​«​សុន្ទរកថា​ថ្ងៃ​នេះ​គឺ​អំពី​ការ​ធ្លាក់​ទឹក​ចិត្ត។ ខ្ញុំ​បាន​យំ​ដោយ​សារ​បង​ប្រុស​ម្នាក់​បាន​ថ្លែង​សុន្ទរកថា​នោះ​ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​មាន​បញ្ហា​នេះ។ នេះ​បាន​រំលឹក​ខ្ញុំ​ថា​ខ្ញុំ​ត្រូវ​ការ​កិច្ច​ប្រជុំ​»។ បង​ស្រី​នោះ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​គាត់​បាន​ខំ​ប្រឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះ! w​១៨.០១ ទំ. ៥ វ. ៦​-​៧

ថ្ងៃ​ពុធ ទី​៩ ខែ​តុលា

ជើង​ទូល​បង្គំ បាន​កន្ធែក​ចេញ​ហៀបនឹង​ផុត​ទី​ហើយ។—ទំនុក. ៧៣:២

តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​កូន​របស់​អ្នក​ចាប់​ផ្ដើម​សង្ស័យ​អំពី​សេចក្ដី​ពិត​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក? ជា​ឧទាហរណ៍ ប្រហែល​ជា​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ទាក់​ទាញ​ចិត្ត​របស់​កូន​អ្នក ឬ​ក៏​កូន​របស់​អ្នក​ប្រហែល​ជា​មិន​ប្រាកដ​ថា​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​គឺ​ពិត​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ (​ទំនុក. ៧៣:១, ៣, ១២, ១៣​) ការ​ប្រព្រឹត្ត​របស់​អ្នក​នៅ​ពេល​នោះ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​កូន​ថា​គាត់​នឹង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ សូម​ព្យាយាម​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​កូន​អំពី​រឿង​នេះ ទោះ​ជា​កូន​នៅ​ក្មេង​ឬ​មាន​វ័យ​ជំទង់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ដឹង​ថា​អ្នក​ស្រឡាញ់​គាត់ ហើយ​ចង់​ជួយ​គាត់។ ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ នេះ​ជា​សេចក្ដី​សន្យា​ថា​យើង​នឹង​បម្រើ​និង​ស្រឡាញ់​លោក​ជាង​អ្វី​ៗ​ទាំង​អស់។ (​ម៉ាក. ១២:៣០​) ចំពោះ​ព្រះ​យេហូវ៉ា ការ​ប្រគល់​ខ្លួន​ជូន​លោក​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ ហើយ​យើង​ក៏​គួរ​មាន​ទស្សនៈ​ដូច​លោក​ដែរ។—សាស្ដ. ៥:៤, ៥ w​១៧.១២ ទំ. ១៩​-​២០ វ. ១៦​-​១៧

ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​តុលា

ខ្ញុំ​ដឹង​ថា[​ប្អូន​ប្រុស​របស់​ខ្ញុំ​]នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូន. ១១:២៤

ដូច​ម៉ាថា​ដែរ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​អាប្រាហាំ​ធ្វើ​ចំពោះ​អ៊ីសាក​ដែល​ជា​កូន​ប្រុស​ដែល​គាត់​បាន​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​អ៊ីសាក​កូន​ឯង​ដែល​ជា​កូន​សំ​ឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត​»។ (​លោ. ២២:២​) តើ​អ្នក​គិត​ថា​អាប្រាហាំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​បាន​ឮ​បង្គាប់​នេះ? ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​តាម​រយៈ​កូន​ចៅ​របស់​អាប្រាហាំ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ទទួល​ពរ។ (​លោ. ១៣:១៤​-​១៦; ១៨:១៨; រ៉ូម ៤:១៧, ១៨​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថា​ពរ​នឹង​មក​«​ដោយ​សារ​តែ​អ៊ីសាក​»​ឬ​តាម​រយៈ​អ៊ីសាក។ (​លោ. ២១:១២​) ប៉ុន្តែ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច បើ​អាប្រាហាំ​បាន​បូជា​កូន​ប្រុស​របស់​គាត់? ក្រោម​ការ​ដឹក​របស់​ព្រះ ប៉ូល​បាន​ពន្យល់​ថា​អាប្រាហាំ​ជឿ​ថា​ព្រះ​អាច​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។ (​ហេ. ១១:១៧​-​១៩​) អាប្រាហាំ​ប្រាកដ​ជា​មិន​បាន​ដឹង​ថា​កូន​ប្រុស​របស់​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។ w​១៧.១២ ទំ. ៦​-​៧ វ. ១២​-​១៤

ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា

ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ។—សកម្ម. ២០:២៦

ដូច​ប៉ូល​ដែរ យើង​គួរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត។ លោក​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត។ (​២ពេ. ៣:៩​) ដើម្បី​យក​តម្រាប់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត។ ចិត្ត​គំនិត​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​នឹង​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​ក្នុង​កិច្ច​ការ​នោះ។ ដើម្បី​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត យើង​ក៏​ត្រូវ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​សុវត្ថិភាព​ដែរ។ យើង​ត្រូវ​បើក​បរ​និង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​សុវត្ថិភាព សូម្បី​តែ​ពេល​យើង​សាង​សង់ ជួស​ជុល ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។ ជីវិត​មនុស្ស សុវត្ថិភាព និង​សុខភាព​របស់​ពួក​គេ​គឺ​តែង​តែ​សំខាន់​ជាង​ការ​សន្សំ​លុយ​ឬ​ពេល​វេលា។ ព្រះ​របស់​យើង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​យើង​ចង់​ធ្វើ​ដូច​លោក​ដែរ។ ជា​ពិសេស​អ្នក​ចាស់​ទុំ​ត្រូវ​គិត​អំពី​សុវត្ថិភាព​របស់​ខ្លួន​និង​របស់​អ្នក​ឯ​ទៀត។ (​សុភ. ២២:៣​) បើ​អ្នក​ចាស់​ទុំ​រំលឹក​អ្នក​អំពី​ការ​ណែនាំ​ស្តី​អំពី​សុវត្ថិភាព សូម​ស្ដាប់​គាត់។ (​កាឡ. ៦:១​) ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត ហើយ​«​អ្នក​ក៏​នឹង​គ្មាន​ទោស​»​ឈាម​ទេ។—ទក. [​ចោ.​] ១៩:១០, ខ.ស. w​១៧.១១ ទំ. ១៨ វ. ១១​-​១២

ថ្ងៃ​សៅរ៍ ទី​១២ ខែ​តុលា

កុំ​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខក​ខាន​មិន​បាន​ទទួល​រង្វាន់​ឡើយ។—កូឡ. ២:១៨

គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិសេស។ ពួក​គាត់​ទន្ទឹង​រង់​ចាំ​ការ​រស់​នៅ​ស្ថាន​សួគ៌។ សាវ័ក​ប៉ូល​បាន​ហៅ​សេចក្ដី​សង្ឃឹម​នេះ​ថា ‹រង្វាន់​ដែល​ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌›។ (​ភី. ៣:១៤​) នៅ​ស្ថាន​សួគ៌​ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត​ក្នុង​រាជាណាចក្រ​របស់​លោក ហើយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ (​បប. ២០:៦​) នេះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន! ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ​រង្វាន់​ផ្សេង។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន ហើយ​សេចក្ដី​សង្ឃឹម​នេះ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ណាស់! (​២ពេ. ៣:១៣​) ប៉ូល​ចង់​ជួយ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដូច​គាត់ ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​និង​ទទួល​រង្វាន់។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ផ្ចង់​ចិត្ត​ទៅ​លើ​អ្វី​ដែល​នៅ​ស្ថាន​លើ​»។ (​កូឡ. ៣:២​) ពួក​គាត់​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដ៏​ពិសេស​របស់​ពួក​គាត់​ចំពោះ​ជីវិត​នៅ​ស្ថាន​សួគ៌។ (​កូឡ. ១:៤, ៥​) ការ​គិត​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ ជួយ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​លើ​រង្វាន់។—១កូ. ៩:២៤ w​១៧.១១ ទំ. ២៧​-​២៨ វ. ១​-​២

ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា

[​ចូរ​]ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ចុះ!—ទំនុក. ៩៦:១

បទ​ចម្រៀង​ជា​ច្រើន​ពី​សៀវភៅ​ចម្រៀង​ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ដោយ​អំណរ​គឺ​ប្រៀប​ដូច​ជា​សេចក្ដី​អធិដ្ឋាន។ បទ​ចម្រៀង​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក។ បទ​ចម្រៀង​ខ្លះ​ទៀត​នឹង​ជួយ​បំផុស​ទឹក​ចិត្ត​យើង​«​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។ (​ហេ. ១០:២៤​) យើង​ចង់​ស្គាល់​បទ​ភ្លេង​និង​ពាក្យ​ចម្រៀង​របស់​យើង។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​គឺ​ដោយ​ស្ដាប់​សំឡេង​ច្រៀង​របស់​បង​ប្អូន​យើង​ដែល​បាន​ថត​ទុក​នៅ​ក្នុង​គេហទំព័រ​jw.org។ ពេល​យើង​ហាត់​ច្រៀង​ចម្រៀង​នោះ​នៅ​ផ្ទះ យើង​អាច​រៀន​ឲ្យ​ចេះ​ច្រៀង​ដោយ​មាន​ទំនុក​ចិត្ត​និង​ដោយ​បញ្ចូល​អារម្មណ៍។ សូម​ចាំ​ថា​ការ​ច្រៀង​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ នេះ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក ហើយ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង។ (​អេ. ១២:៥​) ពេល​អ្នក​ច្រៀង​យ៉ាង​ខ្នះ​ខ្នែង អ្នក​ក៏​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ មិន​ថា​ក្មេង ចាស់ ឬ​អ្នក​ថ្មី​ក្នុង​សេចក្ដី​ពិត អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​នេះ។ ដូច្នេះ សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ច្រៀង​ឲ្យ​អស់​ពី​ចិត្ត​ឡើយ។ មែន​ហើយ ចូរ​ច្រៀង​ដោយ​អំណរ! w​១៧.១១ ទំ. ៨ វ. ១៨​-​១៩

ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា

ចូរ​ប្រុង​ប្រយ័ត្ន​ដូច​សត្វ​ពស់ តែ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។—ម៉ាថ. ១០:១៦

សព្វ​ថ្ងៃ​នេះ ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ដែល​បាន​ត្រូវ​ដាក់​កម្រិត​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​កំពុង​ឮ​«​បណ្ដាំ​ស្តី​អំពី​រាជាណាចក្រ​»​ជា​លើក​ដំបូង។ (​ម៉ាថ. ១៣:១៩, ២៣​) មនុស្ស​ជា​ច្រើន​ដែល​«​មាន​បន្ទុក​ធ្ងន់​»​កំពុង​ទទួល​ការ​សម្រាល​ទុក្ខ​ពី​កិច្ច​ប្រជុំ ហើយ​ទទួល​ស្គាល់​ភ្លាម​ៗ​ថា​៖ ​«​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន​»។ (​ម៉ាថ. ១១:២៨​-​៣០; ១កូ. ១៤:២៥​) ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​ជន​ភៀស​ខ្លួន យើង​ត្រូវ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ហើយ​«​ប្រុង​ប្រយ័ត្ន​»។ (​សុភ. ២២:៣​) សូម​បង្ហាញ​ចិត្ត​អត់​ធ្មត់​ពេល​ស្ដាប់​ជន​ភៀស​ខ្លួន​និយាយ ប៉ុន្តែ​សូម​កុំ​និយាយ​អំពី​រឿង​នយោបាយ។ យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​ការិយាល័យ​សាខា ព្រម​ទាំង​ពួក​អាជ្ញាធរ​នៅ​តំបន់​នោះ ដើម្បី​យើង​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ចំពោះ​ខ្លួន​ឬ​ចំពោះ​អ្នក​ឯ​ទៀត។ ដោយ​សារ​ជន​ភៀស​ខ្លួន​មាន​វប្បធម៌​និង​សាសនា​ផ្សេង​ៗ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​ស្វែង​យល់​អារម្មណ៍​និង​ទស្សនៈ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ មនុស្ស​ដែល​មក​ពី​ប្រទេស​ខ្លះ​មាន​ទស្សនៈ​យ៉ាង​ម៉ឺង​ម៉ាត់​ស្តី​អំពី​របៀប​ស្លៀក​ពាក់​ដែល​សម​ត្រឹម​ត្រូវ​សម្រាប់​ស្ត្រី។ ដូច្នេះ ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ គឺ​ជា​ការ​ល្អ​ដែល​យើង​ស្លៀក​ពាក់​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត។ w​១៧.០៥ ទំ. ៨ វ. ១៧​-​១៨

ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា

ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស។—កូឡ. ៤:៦

យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្លូត​បូត​និង​ចិត្ត​សប្បុរស​ចំពោះ​សាច់​ញាតិ​របស់​យើង​ដែល​មិន​ជឿ។ យើង​មិន​គួរ​ចាប់​ចំណុច​នីមួយ​ៗ​អំពី​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ពួក​គេ​ជឿ ហើយ​ខំ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​ពួក​គេ​អំពី​ចំណុច​ទាំង​នោះ​ឡើយ។ បើ​យើង​ឈឺ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ឬ​ធ្វើ យើង​អាច​យក​តម្រាប់​ពួក​សាវ័ក។ ប៉ូល​បាន​និយាយ​ថា​៖ ​«​កាល​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ យើង​ជូន​ពរ​គេ​វិញ។ កាល​ដែល​ត្រូវ​គេ​បៀត​បៀន យើង​ស៊ូ​ទ្រាំ។ កាល​ដែល​យើង​ត្រូវ​គេ​បង្កាច់​បង្ខូច យើង​ប្រើ​សម្ដី​សប្បុរស​»។ (​១កូ. ៤:១២, ១៣​) ការ​និយាយ​ដោយ​ស្លូត​បូត​អាច​ជួយ​យើង​ឲ្យ​រក្សា​សន្ដិ​ភាព​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង តែ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​អាច​មាន​ឥទ្ធិពល​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។ (​១ពេ. ៣:១, ២, ១៦​) ចូរ​ឲ្យ​សាច់​ញាតិ​របស់​អ្នក​ឃើញ​ពី​គំរូ​របស់​អ្នក​ថា​សាក្សី​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ថែ​រក្សា​កូន​ៗ​យ៉ាង​ល្អ រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ សូម្បី​តែ​សាច់​ញាតិ​របស់​យើង​មិន​ទទួល​យក​សេចក្ដី​ពិត​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ចិត្ត​សប្បាយ​ដោយ​ដឹង​ថា​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ w​១៧.១០ ទំ. ១២​-​១៣ វ. ១៣​-​១៤

ថ្ងៃ​ពុធ ទី​១៦ ខែ​តុលា

[​ចូរ​]បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត។—២ធី. ២:១៥

យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ជា​ច្រើន​កែ​ប្រែ​ជីវិត​ពេល​ពួក​គេ​រៀន​សេចក្ដី​ពិត។ បង​ប្អូន​របស់​យើង​នៅ​សតវត្សរ៍​ទី១​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ក៏​បាន​ធ្វើ​ការ​កែ​ប្រែ​បែប​នេះ​ក្នុង​ជីវិត​ដែរ។ (​១កូ. ៦:៩​-​១១​) ពេល​ប៉ូល​និយាយ​អំពី​មនុស្ស​ដែល​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក គាត់​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ​»។ បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​បរិសុទ្ធ​របស់​លោក​បាន​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​កែ​ប្រែ។ ប៉ុន្តែ​សូម្បី​តែ​ពួក​គេ​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ក៏​ដោយ អ្នក​ខ្លះ​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ ហើយ​នេះ​បាន​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​អំពី​បង​ប្រុស​ម្នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ ក្រោយ​មក​គាត់​បាន​កែ​ប្រែ​ដើម្បី​គាត់​អាច​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឡើង​វិញ។ (​១កូ. ៥:១​-​៥; ២កូ. ២:៥​-​៨​) យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​បង​ប្អូន​របស់​យើង​បាន​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន​ដោយ​សារ​ឫទ្ធា​នុភាព​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ។ យើង​ចង់​ប្រើ​អំណោយ​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត។ w​១៧.០៩ ទំ. ២១​-​២២ វ. ២​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​តុលា

យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ។—១យ៉ូន. ៣:១៨

ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៧​) សេចក្ដី​ស្រឡាញ់​ដ៏​ប្រសើរ​បំផុត​គឺ​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​ត្រឹម​ត្រូវ។ ក្នុង​គម្ពីរ​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន​ត្រូវ​ហៅ​ជា​ភាសា​ក្រិច​ថា​អាហ្គាប៉េ។ សេចក្ដី​ស្រឡាញ់​នេះ​អាច​រួម​បញ្ចូល​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ណា​ម្នាក់ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​នេះ​មិន​គ្រាន់​តែ​រួម​បញ្ចូល​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ នេះ​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​នាំ​ឲ្យ​យើង​មាន​អំណរ​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ សូម្បី​តែ​មុន​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​និង​អេវ៉ា លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្សជាតិ។ លោក​បាន​បង្កើត​ផែន​ដី​ឲ្យ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​ជីវិត​រស់​នៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​រៀប​ចំ​ផែន​ដី​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ។ ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​អ្វី​ទាំង​នេះ​សម្រាប់​ខ្លួន​លោក​ទេ។ លោក​បាន​ធ្វើ​អ្វី​ទាំង​នេះ​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ។ ក្រោយ​ពី​លោក​បាន​ធ្វើ​អ្វី​ៗ​ទាំង​នេះ លោក​បាន​បង្កើត​មនុស្សជាតិ ហើយ​បាន​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ w​១៧.១០ ទំ. ៣ វ. ១​-​២

ថ្ងៃ​សុក្រ ទី​១៨ ខែ​តុលា

អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក។—យ៉ា. ២:៨

យ៉ាកុប​បាន​បន្ថែម​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ចេះ​តែ​រើស​មុខ នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ​»។ (​យ៉ា. ២:៩​) បើ​យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត យើង​នឹង​មិន​រើស​អើង​បុគ្គល​ណា​ម្នាក់​ដោយ​សារ​ការ​អប់រំ ពូជ​សាសន៍ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ឡើយ។ យើង​មិន​គ្រាន់​តែ​បង្ហាញ​ថា​យើង​មិន​រើស​មុខ​ប៉ុណ្ណោះ​ទេ តែ​យើង​ធ្វើ​ដូច្នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ សេចក្ដី​ស្រឡាញ់​ក៏‹មាន​ចិត្ត​ធ្ងន់​និង​សប្បុរស› ហើយ​«​មិន​ចេះ​ក្រអឺតក្រអោង​»។ (​១កូ. ១៣:៤​) ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង​របស់​យើង យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ចិត្ត​សប្បុរស និង​ចិត្ត​រាប​ទាប។ (​ម៉ាថ. ២៨:១៩​) គុណ​សម្បត្ដិ​ទាំង​នេះ​ក៏​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រួល​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ ពេល​យើង​ទាំង​អស់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ ក្រុម​ជំនុំ​របស់​យើង​នឹង​មាន​សាមគ្គី​ភាព ហើយ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ។ អ្នក​ឯ​ទៀត​នឹង​ឃើញ​សាមគ្គី​ភាព​នេះ ហើយ​នឹង​ចូល​មក​ឯ​សេចក្ដី​ពិត។ គឺ​សម​ត្រឹម​ត្រូវ​ដែល​ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​បុគ្គលិក​លក្ខណៈ​ថ្មី​បាន​បញ្ចប់​ដោយ​ថា​៖ ​«​ក្រៅ​ពី​ការ​ទាំង​នេះ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នោះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។—កូឡ. ៣:១៤ w​១៧.០៨ ទំ. ២៦ វ. ១៨​-​១៩

ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា

ព្រះ​យេហូវ៉ា[​បាន​ព្រមាន​]ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​ដល់​រាស្ត្រ​ទ្រង់។—២រប. ៣៦:១៥

យើង​គួរ​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ពួក​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ប្រហែល​ជា​នឹង​ប្រែ​ចិត្ត​និង​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ការ​វិនិច្ឆ័យ​ទោស​ដែល​ជិត​មក​ដល់​នោះ​ទេ។ (​២ពេ. ៣:៩​) ដូច្នេះ កាល​ដែល​នៅ​តែ​មាន​ពេល​នៅ​ឡើយ យើង​ចង់​ផ្សព្វ​ផ្សាយ​អំពី​ការ​ព្រមាន​របស់​ព្រះ​ដល់​មនុស្ស​ច្រើន​បំផុត ហើយ​ជួយ​ពួក​គេ​ឲ្យ​ទទួល​ប្រយោជន៍​ពី​ចិត្ត​អាណិត​មេត្ដា​របស់​លោក។ លោក​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្តី​អំពី​ចិត្ត​អាណិត​មេត្ដា។ លោក​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​ពី​ព្រោះ​លោក​បាន​ឃើញ​ថា ​«​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ ដូច្នេះ តើ​លោក​បាន​ធ្វើ​អ្វី? ​«​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»។ (​ម៉ាថ. ៩:៣៦; ម៉ាក. ៦:៣៤​) ផ្ទុយ​ពី​លោក​យេស៊ូ ពួក​ផារិស៊ី​មិន​មាន​ចិត្ត​អាណិត​មេត្ដា ហើយ​មិន​ចង់​ជួយ​អ្នក​ឯ​ទៀត​ទេ។ (​ម៉ាថ. ១២:៩​-​១៤; ២៣:៤; យ៉ូន. ៧:៤៩​) តើ​អ្នក​មាន​ចិត្ត​ចង់​ជួយ​អ្នក​ឯ​ទៀត​ជា​ខ្លាំង ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ឬ​ទេ? w​១៧.០៩ ទំ. ១១ វ. ៦; ទំ. ១២ វ. ៩

ថ្ងៃ​អាទិត្យ ទី​២០ ខែ​តុលា

ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?—អេ. ៤៣:១៣

ពេល​យ៉ូសែប​នៅ​ក្នុង​គុក​ក្រោម​ដី​នៅ​ស្រុក​អេស៊ីប គាត់​មិន​ដែល​ស្រមៃ​ថា​គាត់​នឹង​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​អំណាច​បំផុត​ទី២​នៅ​ស្រុក​អេស៊ីប ឬ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​គាត់​ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ពី​ការ​អត់​ឃ្លាន​ទេ។ (​លោ. ៤០:១៥; ៤១:៣៩​-​៤៣; ៥០:២០​) អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ច្បាស់​ជា​ហួស​ពី​អ្វី​ដែល​យ៉ូសែប​នឹក​ស្មាន។ តើ​សារ៉ា​បាន​រំពឹង​ថា​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​គាត់​បង្កើត​កូន​ប្រុស​ម្នាក់​ទេ? កំណើត​របស់​អ៊ីសាក​គឺ​ហួស​ពី​អ្វី​ដែល​សារ៉ា​អាច​នឹក​ស្មាន​ឆ្ងាយ​ណាស់។ (​លោ. ២១:១​-​៣, ៦, ៧​) យើង​មិន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​លុប​បំបាត់​នូវ​គ្រប់​ទាំង​បញ្ហា​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ មុន​ពិភព​លោក​ថ្មី​មក​ដល់​ទេ។ ម្យ៉ាង​ទៀត យើង​មិន​ទាម​ទារ​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​នៅ​អតីតកាល​តាម​វិធី​ផ្សេង​ៗ​ដ៏​អស្ចារ្យ ហើយ​លោក​ក៏​មិន​បាន​ប្រែ​ប្រួល​ទេ។ (​អេ. ៤៣:១០​-​១២​) នោះ​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​លើ​លោក។ យើង​អាច​ប្រាកដ​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ឫទ្ធា​នុភាព​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​២កូ. ៤:៧​-​៩​) ពិត​មែន បើ​យើង​រក្សា​ខ្លួន​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា លោក​អាច​ជួយ​យើង​សូម្បី​តែ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក្ដី។ w​១៧.០៨ ទំ. ១៣​-​១៤ វ. ១៣​-​១៤

ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា

ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត[​គំ​រោង​]របស់​ឯង​នឹង​បាន​សំ​រេច។—សុភ. ១៦:៣; ​«​ខ.ស.​»​

កិច្ច​បម្រើ​ពេញ​ពេល​បើក​ឱកាស​ឲ្យ​យើង​សេពគប់​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឯ​ទៀត ហើយ​ជួយ​យើង​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ ម្យ៉ាង​ទៀត បង​ប្អូន​ជា​ច្រើន​បាន​ឃើញ​ថា​ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​កាល​ដែល​ពួក​គេ​នៅ​វ័យ​ក្មេង​បាន​ជួយ​ពួក​គេ​ក្រោយ​មក ពេល​ដែល​ពួក​គេ​បាន​រៀប​ការ។ ពួក​អ្នក​ដែល​បាន​ត្រួស​ត្រាយ​មុន​ពួក​គេ​បាន​រៀប​ការ ច្រើន​តែ​បន្ត​ត្រួស​ត្រាយ​ជា​គូ​ប្ដី​ប្រពន្ធ។ (​រ៉ូម ១៦:៣, ៤​) ទំនុក​តម្កើង ២០:៤​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ​ទ័យ ហើយ​ធ្វើ​សំ​រេច​តាម​គ្រប់​ទាំង​គំនិត[​ឬ​«​គំ​រោង​»​]របស់​ព្រះ​ករុណា​»។ (​ទំនុក. [​ទំ​ន.​] ២០:៥; ខ.ស.​) កាល​ដែល​អ្នក​រៀប​គម្រោង​សម្រាប់​ពេល​អនាគត សូម​គិត​អំពី​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក។ សូម​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​នៅ​សម័យ​យើង ហើយ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​របស់​លោក។ បន្ទាប់​មក សូម​រៀប​គម្រោង​ដើម្បី​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។ ពេល​ដែល​អ្នក​ប្រើ​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​និង​ដើម្បី​ធ្វើ​ឲ្យ​លោក​ទទួល​កិត្ដិយស នោះ​អ្នក​នឹង​មាន​ចិត្ត​សប្បាយរីក​រាយ។ អ្នក​នឹង​«​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត​»។—ទំនុក. ៣៧:៤ w​១៧.០៧ ទំ. ២៦ វ. ១៥​-​១៨

ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា

ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា! . . . នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង។—ទំនុក. ១៤៧:១

យើង​ច្រើន​តែ​សរសើរ​បុគ្គល​ណា​ម្នាក់​ពេល​ដែល​យើង​កោត​ស្ងើច​ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​ឬ​បាន​ធ្វើ។ បើ​យើង​ធ្វើ​ដូច្នេះ​សម្រាប់​មនុស្សជាតិ យើង​មាន​មូលហេតុ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ដើម្បី​សរសើរ​ដល់​ព្រះ​យេហូវ៉ា! យើង​សរសើរ​លោក​ចំពោះ​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក ដែល​យើង​ឃើញ​ក្នុង​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក។ ម្យ៉ាង​ទៀត យើង​សរសើរ​លោក​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក ដែល​យើង​ឃើញ​តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក។ ពេល​យើង​អាន​ទំនុក​តម្កើង ១៤៧​យើង​អាច​ឃើញ​ច្បាស់​ថា អ្នក​សរសេរ​ទំនុក​នេះ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​សរសើរ​ព្រះ​ជា​មួយ​នឹង​គាត់​ដែរ។ (​ទំនុក. ១៤៧:៧, ១២​) យើង​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដែល​បាន​សរសេរ​ទំនុក​តម្កើង ១៤៧​នោះ​ឡើយ។ ប៉ុន្តែ អ្នក​សរសេរ​នោះ​ទំនង​ជា​បាន​រស់​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ចេញ​ពី​បាប៊ីឡូន។ (​ទំនុក. ១៤៧:២​) អ្នក​តែង​ទំនុក​តម្កើង​នោះ​បាន​សរសើរ​ព្រះ​យេហូវ៉ា ដោយ​សារ​រាស្ត្រ​របស់​លោក​អាច​គោរព​ប្រណិប័តន៍​លោក​នៅ​ស្រុក​របស់​ពួក​គេ​ម្ដង​ទៀត។ តើ​អ្នក​មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​និយាយ​ថា​៖ ​«​ហាឡេលូអ៊ីយ៉ា!​»​ ឬ​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»​?—បប. ១៩:១; កំ.ស.; ទំនុក. ១៤៧:១ w​១៧.០៧ ទំ. ១៥​-​១៦ វ. ១​-​៣

ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា

ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​បាន​មិត្ត​ភក្ដិ។ យ៉ាង​នេះ ក្រោយ​ពី​ទ្រព្យ​នោះ​សាប​សូន្យ​ទៅ មិត្ត​ទាំង​នោះ​នឹង​ទទួល​អ្នក​ចូល​ក្នុង​ទី​អាស្រ័យ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត។—លូក. ១៦:៩

លោក​យេស៊ូ​បាន​ដឹង​ថា​អ្នក​កាន់​តាម​លោក​ភាគ​ច្រើន​នឹង​មិន​ស្រួល​ចិញ្ចឹម​ជីវិត​ក្នុង​ពិភព​លោក​ដ៏​អយុត្ដិធម៌​នេះ​ទេ។ គម្ពីរ​បង្ហាញ​ច្បាស់​ថា​ការ​រក​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន គឺ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ​ឡើយ។ ជា​ឧទាហរណ៍ ក្នុង​សួន​អេដែន​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​និង​អេវ៉ា​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ (​លោ. ២:១៥, ១៦​) ក្រោយ​មក ពេល​ដែល​ព្រះ​បាន​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង នោះ​«​គ្មាន​អ្នក​ណា​ម្នាក់​ចង់​និយាយ​ថា​អ្វី​ដែល​ពួក​គាត់​មាន​ជា​របស់​ខ្លួន​ទេ តែ​ពួក​គាត់​មាន​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា​»។ (​សកម្ម. ៤:៣២​) អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា​នឹង​មាន​គ្រា​មួយ​ដែល​មនុស្ស​ទាំង​អស់​នឹង​ទទួល​ផល​ជា​បរិបូរ​ដែល​មក​ពី​ផែន​ដី។ (​អេ. ២៥:៦​-​៩; ៦៥:២១, ២២​) ប៉ុន្តែ ទម្រាំ​ដល់​ពេល​នោះ អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រើ​«​ប្រាជ្ញា​»។ ពួក​គេ​នឹង​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ហើយ​នៅ​ដំណាល​គ្នា​នោះ ក៏​ខំ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ដែរ។—លូក. ១៦:៨ w​១៧.០៧ ទំ. ៤ វ. ៤​-​៦

ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា

អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ។—យ៉ូប ១:១២

ក្នុង​សៀវភៅ​យ៉ូប​ដែល​ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​ដែល​បាន​ត្រូវ​សរសេរ​ដំបូង​គេ​ក្នុង​គម្ពីរ សាថាន​បាន​អះអាង​ថា បើ​យ៉ូប​រង​ទុក្ខ​យ៉ាង​ខ្លាំង គាត់​នឹង​បោះ​បង់​ចោល​ព្រះ។ សាថាន​ថែម​ទាំង​បាន​សុំ​ព្រះ​ធ្វើ​ឲ្យ​យ៉ូប​រង​ទុក្ខ។ ព្រះ​យេហូវ៉ា​មិន​ព្រម​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​លោក​បាន​អនុញ្ញាត​ឲ្យ​សាថាន​ល្បង​ល​យ៉ូប។ មិន​យូរ​ក្រោយ​ពី​នោះ​មក យ៉ូប​បាន​បាត់​បង់​ទ្រព្យ​សម្បត្ដិ​និង​អ្នក​បម្រើ​របស់​គាត់។ បន្ទាប់​មក គាត់​ឮ​ដំណឹង​ថា​កូន​១០​នាក់​របស់​គាត់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម។ សាថាន​បាន​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ជា​ព្រះ​បាន​បង្ក​ឲ្យ​រឿង​ដ៏​ខ្លោច​ផ្សា​ទាំង​នេះ​កើត​ឡើង។ (​យ៉ូប ១:១៣​-​១៩​) បន្ទាប់​មក​ទៀត សាថាន​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​ជំងឺ​ដែល​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​យ៉ាង​ខ្លាំង​និង​ដែល​គួរ​ឲ្យ​ខ្ពើម។ (​យ៉ូប ២:៧​) អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​ពិបាក​ទៅ​ទៀត​គឺ​ប្រពន្ធ​របស់​យ៉ូប​និង​មិត្ត​ភក្ដិ​ក្លែង​ក្លាយ​បី​នាក់​បាន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត។ (​យ៉ូប ២:៩; ៣:១១; ១៦:២​) តើ​ការ​អះអាង​របស់​សាថាន​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? គឺ​មិន​ត្រឹម​ត្រូវទេ។ ទោះ​ជា​យ៉ូប​បាន​រង​ទុក្ខ​ដោយ​សារ​រឿង​ដ៏​ខ្លោច​ផ្សា​ក៏​ដោយ គាត់​មិន​ដែល​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ឡើយ។—យ៉ូប ២៧:៥ w​១៧.០៦ ទំ. ១៧ វ. ៩​-​១០

ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា

ប្រសិន​បើ​មាន​អ្នក​ណា​ដែល​មិន​ទំនុក​បម្រុង . . . សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​បាន​លះ​បង់​ជំនឿ។—១ធី. ៥:៨

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ឲ្យ​មេ​គ្រួសារ​នូវ​ភារកិច្ច​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ពួក​គេ​ត្រូវ​ខំ​ប្រឹង​ដើម្បី​ធ្វើ​ដូច្នេះ។ ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ​នេះ ការ​ងារ​អាច​នាំ​ឲ្យ​មាន​កង្វល់​ជា​ច្រើន។ តាម​ធម្មតា មាន​ការ​ងារ​តិច​ជាង​មនុស្ស​ដែល​ត្រូវ​ការ​ការ​ងារ។ ដូច្នេះ​មនុស្ស​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​ស្វែង​រក​ការ​ងារ។ មនុស្ស​ជា​ច្រើន​គិត​ថា​ពួក​គេ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង ទោះ​ជា​ជួន​កាល​ពួក​គេ​ទទួល​ប្រាក់​ឈ្នួល​តែ​បន្ដិច​បន្តួច​ក៏​ដោយ។ ក្រុម​ហ៊ុន​ផ្សេង​ៗ​ព្យាយាម​ផលិត​ទំនិញ​ច្រើន​ជាង​ដោយ​មាន​បុគ្គលិក​តិច​ជាង​បុគ្គលិក​ដែល​គេ​ធ្លាប់​មាន​ពី​មុន។ ហេតុ​នេះ បុគ្គលិក​ប្រហែល​ជា​មាន​ការ​តាន​តឹង​ចិត្ត អស់​កម្លាំង​ជា​ខ្លាំង និង​ថែម​ទាំង​ឈឺ​ទៀត​ផង។ មនុស្ស​ជា​ច្រើន​បារម្ភ​ថា​ពួក​គេ​នឹង​បាត់​បង់​ការ​ងារ បើ​ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​ចៅហ្វាយ​របស់​ពួក​គេ​តម្រូវ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត រួម​ទាំង​ចៅហ្វាយ​របស់​យើង​ផង​ដែរ។ (​លូក. ១០:២៧​) ការ​ងារ​របស់​យើង​គឺ​ជា​វិធី​ដែល​យើង​អាច​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង​និង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ប៉ុន្តែ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន ការ​ងារ​អាច​រា​រាំង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ w​១៧.០៥ ទំ. ២២​-​២៣ វ. ៥​-​៧

ថ្ងៃ​សៅរ៍ ទី​២៦ ខែ​តុលា

ចូរ​ស្ដាប់​តាម​ឪ​ពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្ដាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។—សុភ. ២៣:២២

នៅ​ពេល​ខ្លះ អ្នក​ថ្មី​ប្រហែល​ជា​សុំ​យើង​ជួយ​ពួក​គេ​ឲ្យ​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ ពេល​ដែល​ឪ​ពុក​ឬ​ម្ដាយ​សុំ​យើង​ឲ្យ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​កូន​របស់​គាត់ ជា​ការ​ល្អ​ដែល​យើង​ចាំ​ថា​យើង​មិន​មាន​សិទ្ធិ​ដូច​ឪ​ពុក​ឬ​ម្ដាយ​នោះ​ទេ។ (​អេភ. ៦:១​-​៤​) ជួន​កាល យើង​ប្រហែល​ជា​ថែម​ទាំង​សិក្សា​គម្ពីរ​ជា​មួយ​នឹង​កូន​ក្មេង​ណា​ម្នាក់​ដែល​មាន​ឪ​ពុក​ម្ដាយ​ដែល​មិន​នៅ​ក្នុង​សេចក្ដី​ពិត។ ពេល​យើង​សិក្សា​គម្ពីរ​ជា​មួយ​នឹង​កូន​ក្មេង​ដែល​មិន​មែន​ជា​កូន​របស់​យើង ជា​ការ​ឈ្លាស​វៃ​ដែល​យើង​សិក្សា​ជា​មួយ​នឹង​ពួក​គេ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ពេល​ដែល​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​នៅ ឬ​ពេល​ដែល​សាក្សី​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ជា​មួយ ឬ​ក៏​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ​នៅ​កន្លែង​សាធារណៈ។ តាម​របៀប​នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​យល់​ច្រឡំ​ចំពោះ​យើង​ឡើយ។ ម្យ៉ាង​ទៀត នៅ​ពេល​ក្រោយ​មក ប្រហែល​ជា​ឪ​ពុក​ម្ដាយ​អាច​បង្រៀន​កូន​ៗ​របស់​ពួក​គេ​ដោយ​ផ្ទាល់​អំពី​ព្រះ​យេហូវ៉ា។ w​១៧.០៦ ទំ. ៨ វ. ១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​២៧ ខែ​តុលា

ប្រសិន​បើ​ខ្ញុំ​មិន​យល់ . . . អ្នក​ដែល​និយាយ . . . ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​ដែល​និយាយ​ជា​ជន​បរទេស។—១កូ. ១៤:១១

បើ​កូន​មិន​មាន​អារម្មណ៍​ថា​វប្បធម៌​របស់​ឪ​ពុក​ម្ដាយ​ជា​វប្បធម៌​របស់​ពួក​គេ នោះ​ពួក​គេ​ប្រហែល​ជា​មិន​ចង់​រៀន​ភាសា​និង​សាសនា​របស់​ឪ​ពុក​ម្ដាយ​ទេ។ ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​កូន​ៗ​ថា​សំខាន់​ជាង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ (​១កូ. ១០:២៤​) បង​ប្រុស​ម្នាក់​ឈ្មោះ​សាំយូអែល​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​សង្កេត​មើល​កូន​ៗ​របស់​យើង​ដើម្បី​ដឹង​ថា​ភាសា​មួយ​ណា​នាំ​ឲ្យ​សេចក្ដី​ពិត​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​ពួក​គេ​ជាង ហើយ​យើង​បាន​អធិដ្ឋាន​សុំ​ប្រាជ្ញា។ . . . ពេល​យើង​ឃើញ​ថា​កូន​យើង​មិន​សូវ​បាន​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​ជា​ភាសា​យើង យើង​បាន​សម្រេច​ចិត្ត​រើ​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​របស់​ប្រទេស​ដែល​យើង​រស់​នៅ។ យើង​បាន​ចូល​រួម​កិច្ច​ប្រជុំ​និង​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​ជា​ទៀង​ទាត់។ យើង​ក៏​បាន​អញ្ជើញ​បង​ប្អូន​នៅ​ទី​នោះ​ឲ្យ​មក​បរិភោគ​អាហារ​ជា​មួយ​នឹង​យើង ហើយ​ដើរ​លេង​ជា​មួយ​គ្នា។ អ្វី​ៗ​ទាំង​នេះ​បាន​ជួយ​កូន​យើង​ឲ្យ​ស្គាល់​បង​ប្អូន ហើយ​ស្គាល់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ព្រះ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ជា​បិតា​និង​ជា​មិត្ត​សម្លាញ់​របស់​ពួក​គេ។ យើង​យល់​ថា​នេះ​គឺ​សំខាន់​ជាង​ការ​ឲ្យ​ពួក​គេ​ចេះ​និយាយ​ភាសា​របស់​យើង​ឲ្យ​បាន​ស្ទាត់​»។ w​១៧.០៥ ទំ. ១១​-​១២ វ. ១១​-​១៣

ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​តុលា

ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា!—ចៅ. ៥:២

មិន​យូរ​ទៀត មនុស្ស​ទាំង​អស់​នៅ​ផែន​ដី​នឹង​ជ្រើស​រើស​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​ជាង​ការ​គ្រប់​គ្រង​ឯ​ទៀត។ យើង​ទន្ទឹង​រង់​ចាំ​ពេល​នោះ! យើង​មាន​អារម្មណ៍​ដូច​ដេបូរ៉ា​និង​បារ៉ាក់​ដែល​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ទ្រង់​វិនាស​ទៅ​ដូច្នេះ​ដែរ តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​បាន​ភ្លឺ​ដូច​ជា​ថ្ងៃ​ក្នុង​កាល​ដែល​រះ​ឡើង​ពេញ​វង់​វិញ​»។ (​ចៅ. ៥:៣១​) នេះ​នឹង​កើត​ឡើង​ពេល​ដែល​ព្រះ​យេហូវ៉ា​បំផ្លាញ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ ពេល​ដែល​សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម ព្រះ​យេហូវ៉ា​នឹង​មិន​ត្រូវ​ការ​មនុស្ស​ស្ម័គ្រ​ចិត្ត​ដើម្បី​បំផ្លាញ​សត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​«​ឈរ​ស្ងៀម​»​ ហើយ​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​»​របស់​ព្រះ​យេហូវ៉ា។ (​២រប. ២០:១៧​) ទម្រាំ​ដល់​ពេល​នោះ យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​គាំ​ទ្រ​ដោយ​ចិត្ត​ក្លាហាន​និង​ដោយ​ចិត្ត​ខ្នះ​ខ្នែង​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ដេបូរ៉ា​និង​បារ៉ាក់​ចាប់​ផ្ដើម​ច្រៀង​ចម្រៀង​អំពី​ជ័យ​ជម្នះ​របស់​ពួក​គាត់​ដោយ​សរសើរ​ព្រះ​យេហូវ៉ា មិន​មែន​សរសើរ​មនុស្ស​ទេ។ ពួក​គាត់​បាន​ច្រៀង​ថា​៖ ​«​ចូរ​ក្រាប​ថ្វាយ​បង្គំ[​សរសើរ​]ដល់​ព្រះ​យេហូវ៉ា . . . បណ្ដា​ជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត!​»។ (​ចៅ. ៥:១, ២​) ស្រដៀង​គ្នា​ដែរ ពេល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ក៏​ដោយ​ដែល​លោក​ត្រូវ​ការ អ្នក​ឯ​ទៀត​ក៏​ប្រហែល​ជា​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដើម្បី​សរសើរ​លោក​ដែរ។ w​១៧.០៤ ទំ. ៣២ វ. ១៧​-​១៨

ថ្ងៃ​អង្គារ ទី​២៩ ខែ​តុលា

នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។—លោ. ៤០:១៥

យ៉ូសែប​ច្បាស់​ជា​មិន​បាន​ភ្លេច​អំពី​អំពើ​អយុត្ដិធម៌​ដែល​គាត់​បាន​ជួប​ប្រទះ​អស់​រយៈ​ពេល​១៣​ឆ្នាំ​ទេ ប៉ុន្តែ​គាត់​មិន​បាន​ខឹង​ឡើយ។ (​លោ. ៤៥:៥​-​៨​) សំខាន់​បំផុត គាត់​មិន​បាន​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ខុស​នាំ​ឲ្យ​គាត់​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ទេ។ ដោយ​សារ​យ៉ូសែប​បាន​បង្ហាញ​ភក្ដី​ភាព គាត់​មាន​ឱកាស​ឃើញ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​ភាព​អយុត្ដិធម៌​ដែល​គាត់​បាន​ជួប​ប្រទះ ហើយ​ឃើញ​របៀប​ដែល​លោក​បាន​ផ្ដល់​ពរ​ដល់​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ការ​ពារ​និង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​មិន​គួរ​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បង​ប្អូន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​ដែល​យើង​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​នោះ​ទេ។ (​រ៉ូម ៨:៣៨, ៣៩​) ផ្ទុយ​ទៅ​វិញ បើ​យើង​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ សូម​ឲ្យ​យើង​យក​តម្រាប់​យ៉ូសែប ហើយ​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា។ សូម​ព្យាយាម​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​នោះ។ ក្រោយ​ពី​យើង​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​គោល​ការណ៍​គម្ពីរ យើង​ត្រូវ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​វិញ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​និង​ពេល​ដែល​លោក​គិត​ថា​ល្អ​បំផុត។ w​១៧.០៤ ទំ. ១៨ វ. ១២; ទំ. ១៩​-​២០ វ. ១៥​-​១៦

ថ្ងៃ​ពុធ ទី​៣០ ខែ​តុលា

បើ​សិន​ជា​ទ្រង់ . . . ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ​យេហូវ៉ា​គ្រប់​១​ជីវិត។—១សាំ. ១:១១

ហាណា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​យក​សាំយូអែល​ទៅ​ឯ​ត្រសាល​នៅ​ក្រុង​ស៊ីឡូរ ហើយ​ជួប​សម្ដេច​សង្ឃ​អេលី។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំ​រេច​ដល់​ខ្ញុំ​ដូច​ពាក្យ​សំណូម​នោះ​មែន។ ដូច្នេះ​ខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ​យេហូវ៉ា​ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត​»។ (​១សាំ. ១:២៤​-​២៨​) ចាប់​ពី​ពេល​នោះ​មក សាំយូអែល​បាន​រស់​នៅ​ឯ​ត្រសាល។ គម្ពីរ​ចែង​ថា​៖ ​«​សាំយូអែល​ជា​ក្មេង​តូច​នោះ​ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ (​១សាំ. ២:២១​) ការ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ទំនង​ជា​មិន​ស្រួល​សម្រាប់​ហាណា​ទេ។ នេះ​មាន​ន័យ​ថា​គាត់​នឹង​មិន​អាច​ចំណាយ​ពេល​រាល់​ថ្ងៃ​ជា​មួយ​នឹង​កូន​ប្រុស​ដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំង​នោះ​បាន​ឡើយ។ គាត់​នឹង​គ្មាន​ឱកាស​ឃើញ​កូន​របស់​គាត់​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ ហាណា​បាន​ចាត់​ទុក​ថា​ពាក្យ​សម្បថ​របស់​គាត់​នឹង​ព្រះ​យេហូវ៉ា​ជា​រឿង​ដ៏​សំខាន់​ណាស់។ គាត់​សុខ​ចិត្ត​លះ​បង់​អ្វី​ដែល​សំខាន់​ចំពោះ​គាត់​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ។—១សាំ. ២:១, ២; ទំនុក. ៦១:១, ៥, ៨ w​១៧.០៤ ទំ. ៥​-​៦ វ. ៧​-​៨

ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា

ចូរ​ដឹង​ថា គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់។—២ធី. ៣:១

សាវ័ក​ប៉ូល​បាន​និយាយ​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​«​នឹង​លំបាក​ណាស់​»។ រួច​គាត់​ក៏​បាន​និយាយ​បន្ថែម​ថា​៖ ​«​មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​»។ (​២ធី. ៣:២​-​៥, ១៣​) តើ​អ្នក​បាន​ឃើញ​ពាក្យ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ការ​ពិត​ឬ​ទេ? យើង​ជា​ច្រើន​នាក់​បាន​រង​គ្រោះ​ដោយ​សារ​មនុស្ស​អាក្រក់ ដូច​ជា​មនុស្ស​ដែល​ធ្វើ​បាប​អ្នក​ឯ​ទៀត​យ៉ាង​ឃោរ​ឃៅ អ្នក​ដែល​ប្រកាន់​ពូជ​សាសន៍ និង​ឧក្រិដ្ឋជន​ដ៏​សាហាវ។ អ្នក​ខ្លះ​មិន​ព្យាយាម​លាក់​បាំង​អំពើ​អាក្រក់​ដែល​ពួក​គេ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដោយ​បើក​ចំហ។ ខ្លះ​ទៀត​ធ្វើ​ពុត​ជា​ជួយ​អ្នក​ឯ​ទៀត ប៉ុន្តែ​តាម​ពិត​ពួក​គេ​ជា​មនុស្ស​អាក្រក់។ ទោះ​ជា​យើង​មិន​បាន​រង​គ្រោះ​ដោយ​បទ​ឧក្រិដ្ឋ​ណា​មួយ​ក្ដី យើង​នៅ​តែ​រង​ការ​ពិបាក​ដោយ​សារ​មនុស្ស​អាក្រក់។ យើង​ឈឺ​ចិត្ត​ពេល​ដែល​យើង​ឮ​អំពី​ទង្វើ​ដ៏​សាហាវ​របស់​ពួក​គេ​ចំពោះ​កូន​ក្មេង មនុស្ស​ចាស់ និង​អ្នក​ដែល​ទន់​ខ្សោយ។ មនុស្ស​អាក្រក់​ទាំង​នោះ​ប្រព្រឹត្ត​ដូច​សត្វ​តិរច្ឆាន​ឬ​ថែម​ទាំង​ដូច​ពួក​វិញ្ញាណ​កំណាច។ (​យ៉ា. ៣:១៥​) ប៉ុន្តែ យើង​សប្បាយ​រីក​រាយ​ដោយ​សារ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម។ w​១៧.០៤ ទំ. ១១ វ. ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក