បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es19 ទំ. ១០៨-១១៨
  • ខែវិច្ឆិកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែវិច្ឆិកា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
  • ចំណងជើងតូច
  • ថ្ងៃ​សុក្រ ទី​១ ខែ​វិច្ឆិកា
  • ថ្ងៃ​សៅរ៍ ទី​២ ខែ​វិច្ឆិកា
  • ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា
  • ថ្ងៃ​ច័ន្ទ ទី​៤ ខែ​វិច្ឆិកា
  • ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា
  • ថ្ងៃ​ពុធ ទី​៦ ខែ​វិច្ឆិកា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា
  • ថ្ងៃ​សុក្រ ទី​៨ ខែ​វិច្ឆិកា
  • ថ្ងៃ​សៅរ៍ ទី​៩ ខែ​វិច្ឆិកា
  • ថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា
  • ថ្ងៃ​ច័ន្ទ ទី​១១ ខែ​វិច្ឆិកា
  • ថ្ងៃ​អង្គារ ទី​១២ ខែ​វិច្ឆិកា
  • ថ្ងៃ​ពុធ ទី​១៣ ខែ​វិច្ឆិកា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​វិច្ឆិកា
  • ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា
  • ថ្ងៃ​សៅរ៍ ទី​១៦ ខែ​វិច្ឆិកា
  • ថ្ងៃ​អាទិត្យ ទី​១៧ ខែ​វិច្ឆិកា
  • ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​វិច្ឆិកា
  • ថ្ងៃ​អង្គារ ទី​១៩ ខែ​វិច្ឆិកា
  • ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា
  • ថ្ងៃ​សុក្រ ទី​២២ ខែ​វិច្ឆិកា
  • ថ្ងៃ​សៅរ៍ ទី​២៣ ខែ​វិច្ឆិកា
  • ថ្ងៃ​អាទិត្យ ទី​២៤ ខែ​វិច្ឆិកា
  • ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​វិច្ឆិកា
  • ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា
  • ថ្ងៃ​ពុធ ទី​២៧ ខែ​វិច្ឆិកា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​វិច្ឆិកា
  • ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា
  • ថ្ងៃ​សៅរ៍ ទី​៣០ ខែ​វិច្ឆិកា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០១៩
es19 ទំ. ១០៨-១១៨

ខែ​វិច្ឆិកា

ថ្ងៃ​សុក្រ ទី​១ ខែ​វិច្ឆិកា

[​ចូរ​]បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ . . . បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ រួច​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​មាន​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។—ទីត. ២:១២

បើ​យើង​អប់រំ​ខ្លួន​ឬ​បង្ហាត់​បង្រៀន​ប្រៀន​ប្រដៅ​ដល់​ខ្លួន យើង​គ្រប់​គ្រង​ទៅ​លើ​ការ​ប្រព្រឹត្ត​និង​របៀប​គិត​គូរ​របស់​យើង។ យើង​មិន​ចេះ​អប់រំ​ខ្លួន​ពី​កំណើត​ទេ តែ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន។ ពេល​ឪ​ពុក​ម្ដាយ​បង្ហាត់​បង្រៀន​កូន​ដោយ​អត់​ធ្មត់ ​«​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»​ ពួក​គេ​កំពុង​ជួយ​កូន​រៀន​ឲ្យ​ចេះ​អប់រំ​ខ្លួន​និង​មាន​ប្រាជ្ញា។ (​អេភ. ៦:៤​) មនុស្ស​ដែល​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​ពេញ​វ័យ​ក៏​ដូច​ជា​ក្មេង​ដែល​រៀន​ឲ្យ​ចេះ​ជិះ​កង់​ដែរ។ ទោះ​ជា​ពួក​គេ​ប្រហែល​ជា​ចេះ​អប់រំ​ខ្លួន​មួយ​កម្រិត​ហើយ​ក្ដី ពួក​គេ​មិន​ទាន់​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​បំពាក់​ខ្លួន​ដោយ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ហើយ​ព្យាយាម​យក​តម្រាប់​គ្រិស្ត នោះ​ពួក​គេ​នឹង​មាន​ភាព​ចាស់​ទុំ​ច្រើន​ជាង។ (​អេភ. ៤:២៣, ២៤​) ការ​អប់រំ​ខ្លួន​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ w​១៨.០៣ ទំ. ២៨ វ. ៣​-​៤

ថ្ងៃ​សៅរ៍ ទី​២ ខែ​វិច្ឆិកា

ចូរ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។—រ៉ូម ១២:១៣

ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក អញ្ជើញ​យើង​ឲ្យ​ទៅ​កិច្ច​ប្រជុំ។ យើង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​មាន​អារម្មណ៍​ថា​ពួក​គេ​បាន​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ជា​ពិសេស​អ្នក​ថ្មី។ (​រ៉ូម ១៥:៧​) ពួក​គេ​ក៏​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​ដែរ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កក់​ក្ដៅ ទោះ​ជា​សំបក​ក្រៅ​របស់​ពួក​គេ​គឺ​យ៉ាង​ណា ឬ​ពួក​គេ​ស្លៀក​ពាក់​យ៉ាង​ណា​ក៏​ដោយ។ (​យ៉ា. ២:១​-​៤​) បើ​អ្នក​ឃើញ​បុគ្គល​ណា​ម្នាក់​មក​ម្នាក់​ឯង តើ​អ្នក​អាច​អញ្ជើញ​គាត់​ឲ្យ​អង្គុយ​ជា​មួយ​នឹង​អ្នក​ឬ​ទេ? គាត់​ប្រហែល​ជា​សប្បាយ​ចិត្ត​បើ​អ្នក​ជួយ​គាត់​ឲ្យ​យល់​អំពី​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កម្ម​វិធី​កិច្ច​ប្រជុំ ឬ​ជួយ​គាត់​ឲ្យ​ស្វែង​រក​បទ​គម្ពីរ​ដែល​ត្រូវ​អាន។ នេះ​ជា​របៀប​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​«​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ ជួន​កាល​បង​ប្អូន​ប្រុស​ដែល​មក​ពី​ក្រុម​ជំនុំ​ផ្សេង អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ឬ​តំណាង​បេតអែល​ថ្លែង​សុន្ទរកថា​នៅ​ក្រុម​ជំនុំ​យើង។ តើ​យើង​អាច​ប្រើ​ឱកាស​ទាំង​នេះ​ដើម្បី​ទទួល​បង​ប្អូន​ទាំង​នោះ​ដោយ​រាក់​ទាក់​ឬ​ទេ? (​៣យ៉ូន. ៥​-​៨​) របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ផ្ទះ​របស់​យើង​ដើម្បី​បរិភោគ​អាហារ​ឬ​អាហារ​សម្រន់​ជា​មួយ​គ្នា។ w​១៨.០៣ ទំ. ១៦ វ. ៥, ៧

ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា

តើ​មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?—សកម្ម. ៨:៣៦

សូម​ពិចារណា​អំពី​គំរូ​របស់​បុរស​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​សុល។ ប្រជា​ជាតិ​យូដា​ជា​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ប៉ុន្តែ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជន​ជាតិ​យូដា​ជា​រាស្ត្រ​របស់​លោក ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​លោក។ សុល​បាន​ជឿ​ថា​ជន​ជាតិ​យូដា​នៅ​តែ​បម្រើ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ ដូច្នេះ​គាត់​បាន​បៀត​បៀន​គ្រិស្ត​សាសនិក។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដែល​សុល​គិត​ថា​នៅ​តែ​ស្លាប់​នៅ​ឡើយ បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ទៅ​កាន់​សុល។ តើ​សុល​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​សប្បាយ​ចិត្ត​ទទួល​យក​ជំនួយ​ពី​អាណានាស​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត។ គម្ពីរ​ចែង​ថា​៖ ​«​[​សុល​]បាន​ក្រោក​ឡើង​ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ៩:១៧, ១៨; កាឡ. ១:១៤​) ក្រោយ​មក គាត់​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​សាវ័ក​ប៉ូល។ សូម​កត់​សម្គាល់​ថា ពេល​គាត់​បាន​យល់​ថា​ព្រះ​កំពុង​ប្រើ​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច សុល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។ (​សកម្ម. ២២:១២​-​១៦​) នេះ​គឺ​ស្រដៀង​គ្នា​ដែរ​ចំពោះ​សិស្ស​គម្ពីរ​ទាំង​ចាស់​ទាំង​ក្មេង​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ។ w​១៨.០៣ ទំ. ៦ វ. ៩​-​១១

ថ្ងៃ​ច័ន្ទ ទី​៤ ខែ​វិច្ឆិកា

ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​បង​ប្អូន​ដូច​និយាយ​ទៅ​កាន់​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ទេ តែ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​បង​ប្អូន​ដូច​និយាយ​ទៅ​កាន់​មនុស្ស​ដែល​មាន​គំនិត​ដូច​ពិភព​លោក​នេះ។—១កូ. ៣:១

ជីវិត​របស់​យ៉ាកុប​មិន​សូវ​ស្រួល​ទេ។ អេសាវ​ដែល​ជា​បង​ប្រុស​របស់​គាត់ ចង់​សម្លាប់​គាត់។ ឪ​ពុក​ក្មេក​របស់​យ៉ាកុប​ព្យាយាម​កេង​ប្រវ័ញ្ច​គាត់​ជា​ច្រើន​ដង។ ប៉ុន្តែ​យ៉ាកុប​នៅ​តែ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ។ (​១កូ. ២:១៤​-​១៦​) យ៉ាកុប​ដឹង​ថា​ក្រុម​គ្រួសារ​របស់​គាត់​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នេះ​បាន​សម្រេច ហេតុ​នេះ​គាត់​បាន​ថែ​រក្សា​ពួក​គេ​យ៉ាង​ល្អ។ (​លោ. ២៨:១០​-​១៥​) យ៉ាកុប​មិន​ឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​នៅ​ជុំ​វិញ​គាត់ ធ្វើ​ឲ្យ​គាត់​ភ្លេច​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​សង្គ្រោះ​គាត់​ពេល​ដែល​គាត់​គិត​ថា​បង​ប្រុស​គាត់​នឹង​វាយ​ប្រហារ​គាត់។ គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ‹អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ›​»។ (​លោ. ៣២:៦​-​១២​) យ៉ាកុប​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​បង្ហាញ​ជំនឿ​នេះ​តាម​រយៈ​របៀប​រស់​នៅ​របស់​គាត់។ w​១៨.០២ ទំ. ១៨​-​១៩ វ. ៩​-​១០

ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា

[​គាត់​]ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង។—យ៉ូប ១:៨

យ៉ូប​បាន​ជួប​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​ជីវិត​របស់​គាត់។ នៅ​ដំបូង យ៉ូប​«​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស​នៅ​ប្រទេស​ខាង​កើត​»។ (​យ៉ូប ១:៣​) គាត់​ជា​អ្នក​មាន​ស្តុកស្តម្ភ ហើយ​មនុស្ស​ជា​ច្រើន​ស្គាល់​គាត់​និង​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ។ (​យ៉ូប ២៩:៧​-​១៦​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យ៉ូប​មិន​បាន​គិត​ថា​គាត់​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ឬ​មិន​បាន​គិត​ថា​គាត់​មិន​ត្រូវ​ការ​ព្រះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ថា ​«​អ្នក​បំរើ​អញ​»។ ដោយ​គ្មាន​មេត្ដា សាថាន​បាន​វាយ​ប្រហារ​យ៉ូប​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​បាន​ធ្វើ​ឲ្យ​គាត់​គិត​ថា​ការ​វាយ​ប្រហារ​ទាំង​នេះ​មក​ពី​ព្រះ។ (​យ៉ូប ១:១៣​-​២១​) ក្រោយ​មក បុរស​បី​នាក់​ដែល​អះអាង​ថា​ពួក​គេ​ជា​មិត្ត​ភក្ដិ​របស់​យ៉ូប​បាន​និយាយ​មិន​សប្បុរស​ដាក់​យ៉ូប។ ពួក​គេ​បាន​និយាយ​ថា​យ៉ូប​ជា​មនុស្ស​អាក្រក់ ហើយ​ថា​ព្រះ​បាន​ដាក់​ទោស​គាត់។ (​យ៉ូប ២:១១; ២២:១, ៥​-​១០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យ៉ូប​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​គ្រា​ដ៏​ពិបាក​នេះ​បាន​កន្លង​ផុត​ទៅ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ូប​មួយ​ជា​ពីរ​នូវ​អ្វី​ៗ​ដែល​គាត់​មាន​ពី​មុន ហើយ​បាន​ឲ្យ​គាត់​រស់​នៅ​អស់​១៤០​ឆ្នាំ​ទៀត។ (​យ៉ា. ៥:១១​) ក្នុង​អំឡុង​ពេល​នោះ យ៉ូប​បាន​បន្ត​បម្រើ​ព្រះ​ដោយ​អស់​ពី​ចិត្ត។ w​១៨.០២ ទំ. ៧​-​៨ វ. ១៦, ១៨

ថ្ងៃ​ពុធ ទី​៦ ខែ​វិច្ឆិកា

មនុស្ស​នឹង . . . អួត​បំប៉ោង ក្រអឺត​ក្រទម . . . មាន​មោទនភាព​ហួស​ហេតុ​ពេក។—២ធី. ៣:២, ៤

មនុស្ស​បែប​នេះ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្ងើច​សរសើរ​ពួក​គេ។ បណ្ឌិត​ម្នាក់​បាន​សរសេរ​អំពី​បុគ្គល​បែប​នេះ​ថា ក្នុង​ចិត្ត​បុគ្គល​នោះ​គឺ​ហាក់​ដូច​ជា ​«​គាត់​មាន​អាសនៈ​តូច​មួយ​សម្រាប់​ក្រាប​សំពះ​គោរព​រូប​ខ្លួន​ឯង​»។ មនុស្ស​ខ្លះ​បាន​និយាយ​ថា​អំណួត​គឺ​ជា​គុណ​វិបត្ដិ​ដ៏​អាក្រក់​ខ្លាំង​ណាស់ រហូត​ដល់​សូម្បី​តែ​មនុស្ស​ដែល​មាន​អំណួត​ក៏​ចេះ​ទើស​ចិត្ត​ពេល​ឃើញ​អ្នក​ឯ​ទៀត​មាន​អំណួត​ដែរ។ ព្រះ​យេហូវ៉ា​ស្អប់​អំណួត ហើយ​នោះ​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​ថា​ជា​«​ភ្នែក​ឆ្មើង​ឆ្មៃ​»។ (​សុភ. ៦:១៦, ១៧​) តាម​ពិត មនុស្ស​ដែល​មាន​អំណួត​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ទេ។ (​ទំនុក. ១០:៤​) អំណួត​គឺ​ជា​លក្ខណៈ​មួយ​របស់​មេ​កំណាច។ (​១ធី. ៣:៦​) គួរ​ឲ្យ​ស្ដាយ​ណាស់ សូម្បី​តែ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ទៅ​ជា​មនុស្ស​ដែល​មាន​អំណួត។ ជា​ឧទាហរណ៍ ស្តេច​អូសៀស​នៃ​ស្រុក​យូដា​បាន​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​គម្ពីរ​ចែង​ថា​៖ ​«​កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ​ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង​ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​»។ អូសៀស​បាន​ទៅ​វិហារ រួច​បាន​ដុត​កំញាន​ដែល​ជា​អ្វី​ដែល​គាត់​គ្មាន​សិទ្ធិ​ធ្វើ។ នៅ​ពេល​ក្រោយ​មក ស្តេច​ហេសេគា​ដែល​ជា​ស្តេច​ស្មោះ​ត្រង់​ម្នាក់ ក៏​បាន​មាន​អំណួត​អស់​មួយ​រយៈ​ដែរ។—២រប. ២៦:១៦; ៣២:២៥, ២៦ w​១៨.០១ ទំ. ២៨ វ. ៤​-​៥

ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក តាម​ដែល​ខ្លួន​មាន។—១កូ. ១៦:២

ក្នុង​គម្ពីរ យើង​រៀន​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​វិភាគទាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​របស់​លោក។ ពេល​ខ្លះ​ពួក​គេ​បាន​ឲ្យ​វិភាគទាន​ដើម្បី​ធ្វើ​អ្វី​មួយ។ (​និក្ខ. ៣៥:៥; ២ព. ១២:៤, ៥; ១រប. ២៩:៥​-​៩​) នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​បាន​ឮ​ថា​មាន​ការ​អត់​ឃ្លាន​នៅ​តំបន់​យូឌា ហើយ​ថា​បង​ប្អូន​ត្រូវ​ការ​ជំនួយ។ ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​បាន​សម្រេច​ចិត្ត​ថា​ពួក​គេ​អាច​ផ្ញើ​ជំនួយ​ប៉ុន្មាន​ទៅ​ឲ្យ​បង​ប្អូន​នៅ​ទី​នោះ។ (​សកម្ម. ១១:២៧​-​៣០​) វិភាគទាន​ទាំង​នោះ​មក​ពី​ប្រភព​ខុស​ៗ​គ្នា។ នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ខ្លះ​បាន​លក់​អ្វី​ដែល​ពួក​គេ​មាន​ដូច​ជា​ស្រែ​ចម្ការ​ឬ​ផ្ទះ​សម្បែង ហើយ​បាន​យក​លុយ​ទៅ​ឲ្យ​ពួក​សាវ័ក។ ក្រោយ​មក ពួក​សាវ័ក​បាន​ប្រើ​លុយ​នោះ​ដើម្បី​ជួយ​បង​ប្អូន​ដែល​ត្រូវ​ការ​ជំនួយ។ (​សកម្ម. ៤:៣៤, ៣៥​) គ្រិស្ត​សាសនិក​ឯ​ទៀត​បាន​ទុក​លុយ​ខ្លះ​ដោយ​ឡែក​ជា​ទៀង​ទាត់​ដើម្បី​ពួក​គេ​អាច​គាំ​ទ្រ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ដូច្នេះ ទោះ​ជា​មាន​ឬ​ក្រ​ក៏​ដោយ គ្រប់​គ្នា​នៅ​តែ​អាច​ធ្វើ​វិភាគទាន។—លូក. ២១:១​-​៤ w​១៨.០១ ទំ. ១៧ វ. ៧, ៩

ថ្ងៃ​សុក្រ ទី​៨ ខែ​វិច្ឆិកា

ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយ​ហត់​ទៅ​បាន។—អេ. ៤០:៣០

យើង​ប្រហែល​ជា​មាន​ជំនាញ​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​មាន​កម្រិត។ យើង​ទាំង​អស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ចំណុច​នេះ។ សាវ័ក​ប៉ូល​បាន​ធ្វើ​អ្វី​ជា​ច្រើន ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ចង់​ធ្វើ​ទេ។ ពេល​គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​គាត់ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ឫទ្ធា​នុភាព​របស់​ខ្ញុំ​បាន​ពេញ​លក្ខណៈ​ពេល​ដែល​អ្នក​ទន់​ខ្សោយ​»។ ប៉ូល​បាន​យល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា​»។ (​២កូ. ១២:៧​-​១០​) តើ​ពាក្យ​របស់​គាត់​មាន​ន័យ​យ៉ាង​ណា? ប៉ូល​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​អាច​ធ្វើ​គឺ​មាន​កម្រិត។ គាត់​ត្រូវ​ការ​ជំនួយ​ពី​បុគ្គល​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គាត់។ សកម្មពល​បរិសុទ្ធ​របស់​ព្រះ​អាច​ផ្ដល់​កម្លាំង​ឲ្យ​ប៉ូល​ពេល​ដែល​គាត់​ខ្សោយ។ សកម្មពល​របស់​ព្រះ​ក៏​អាច​ផ្ដល់​ឫទ្ធា​នុភាព​ឲ្យ​ប៉ូល​សម្រេច​កិច្ច​ការ​ផ្សេង​ៗ​ដែល​គាត់​មិន​អាច​ធ្វើ​ដោយ​ពឹង​លើ​កម្លាំង​របស់​ខ្លួន។ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ឲ្យ​យើង យើង​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា! w​១៨.០១ ទំ. ៥ វ. ៨​-​៩

ថ្ងៃ​សៅរ៍ ទី​៩ ខែ​វិច្ឆិកា

តាំង​ពី​អ្នក​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។—២ធី. ៣:១៥

បើ​កូន​របស់​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក សូម​អាន​និង​សិក្សា​សៀវភៅ​ផ្សេង​ៗ​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​សម្រាប់​ឪ​ពុក​ម្ដាយ។ បន្ទាប់​មក តាម​របៀប​ដ៏​សប្បុរស​និង​នៅ​ពេល​ត្រឹម​ត្រូវ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​របស់​គាត់​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់ តែ​នេះ​នឹង​នាំ​ឲ្យ​គាត់​ទទួល​ពរ​ជា​ច្រើន។ ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ អ្នក​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​ដ៏​សំខាន់​ដើម្បី​អប់រំ​កូន​របស់​អ្នក​ទៅ​តាម​«​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភ. ៦:៤​) នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​អំពី​អ្វី​ដែល​គម្ពីរ​ចែង ហើយ​ជួយ​ពួក​គេ​ឲ្យ​ជឿ​ជាក់​លើ​អ្វី​ដែល​ពួក​គេ​រៀន។ ពេល​ដែល​ពួក​គេ​មាន​ជំនឿ​មាំ​មួន នេះ​នឹង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត។ សូម​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា សកម្មពល​របស់​លោក និង​ការ​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ជួយ​កូន​ៗ​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។ w​១៧.១២ ទំ. ២០ វ. ១៧, ១៩

ថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា

[​អ្នក​]នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត។—ដាន. ១២:១៣

ដានីយ៉ែល​មាន​អាយុ​ជិត​១០០​ឆ្នាំ ហើយ​ជិត​ស្លាប់។ តើ​ដានីយ៉ែល​បាន​រំពឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​ឬ​ទេ? គាត់​ពិត​ជា​បាន​រំពឹង​ដូច្នេះ​មែន! ជំពូក​ចុង​ក្រោយ​នៃ​សៀវភៅ​ដានីយ៉ែល​រៀប​រាប់​ថា ព្រះ​បាន​សន្យា​នឹង​គាត់​ថា​៖ ​«​ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សំ​រាក​»។ ដានីយ៉ែល​បាន​ដឹង​ថា​សេចក្ដី​ស្លាប់​គឺ​ប្រៀប​ដូច​ជា​ការ​សម្រាក ហើយ​ថា​មិន​យូរ​ទៀត​គាត់​នឹង​ចូល​ក្នុង​ផ្នូរ ជា​កន្លែង​ដែល​«​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​»។ (​សាស្ដ. ៩:១០​) ប៉ុន្តែ នេះ​មិន​មែន​ជា​ទី​បញ្ចប់​សម្រាប់​ដានីយ៉ែល​ទេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ឲ្យ​គាត់​សម្រាប់​ថ្ងៃ​អនាគត។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​ដានីយ៉ែល​ដោយ​ពោល​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ដានីយ៉ែល​មិន​បាន​ដឹង​ច្បាស់​អំពី​ពេល​ដែល​នេះ​នឹង​កើត​ឡើង​ទេ។ គាត់​បាន​យល់​ថា​គាត់​នឹង​ស្លាប់ ហើយ​សម្រាក។ ប៉ុន្តែ ពេល​ដែល​ដានីយ៉ែល​បាន​ឮ​សេចក្ដី​សន្យា​ថា ​«​[​អ្នក​]នឹង​បាន​ឈរ​ឡើង​វិញ​ដើម្បី​ទទួល​ចំណែក​របស់​អ្នក​»​ គាត់​បាន​យល់​ថា​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ នេះ​នឹង​កើត​ឡើង​យូរ​ក្រោយ​ពី​គាត់​បាន​ស្លាប់​គឺ​«​នៅ​គ្រា​ចុង​បំផុត​»។ គម្ពីរ​យេរូសាឡិម(​Jerusalem Bible​)ចែង​ថា​៖ ​«​អ្នក​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត​»។ w​១៧.១២ ទំ. ៨ វ. ១៧​-​១៨

ថ្ងៃ​ច័ន្ទ ទី​១១ ខែ​វិច្ឆិកា

បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។—ជរ. [​ជន.​] ៣៥:៣០, ​«​ខ.ស.​»​

ព្រះ​យេហូវ៉ា​បាន​បង្គាប់​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បង្ហាញ​យុត្ដិធម៌​ដូច​លោក។ ដំបូង​បុរស​ចាស់​ទុំ​ត្រូវ​ដឹង​ច្បាស់​អំពី​ហេតុ​ការណ៍​ពិត។ បន្ទាប់​មក ដើម្បី​សម្រេច​ចិត្ត​ថា​ពួក​គាត់​គួរ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ឬ​យ៉ាង​ណា ពួក​គាត់​ត្រូវ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​បំណង​ចិត្ត ទស្សនៈ និង​ការ​ប្រព្រឹត្ត​ពី​មុន​ៗ​របស់​បុគ្គល​ដែល​បាន​សម្លាប់​គេ។ បុរស​ចាស់​ទុំ​ត្រូវ​ស្វែង​យល់​ថា​បុគ្គល​ដែល​សម្លាប់​គេ​បាន​ស្អប់​ជន​រង​គ្រោះ និង​មាន​ចេតនា​សម្លាប់​គាត់​ឬ​យ៉ាង​ណា។ (​ជន. ៣៥:២០​-​២៤​) បើ​មាន​សាក្សី យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ពីរ​នាក់​មុន​ដែល​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​វិនិច្ឆ័យ​ថា ជា​អ្នក​ដែល​បាន​សម្លាប់​គេ​ដោយ​ចេតនា។ ក្រោយ​ពី​បុរស​ចាស់​ទុំ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ពួក​គាត់​ត្រូវ​គិត​អំពី​បុគ្គល​នោះ​ផ្ទាល់ មិន​គ្រាន់​តែ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ទេ។ បុរស​ចាស់​ទុំ​ត្រូវ​មាន​ការ​យល់​ធ្លុះ​ជ្រៅ ហើយ​ស្វែង​យល់​មូលហេតុ​ដែល​រឿង​នោះ​បាន​កើត​ឡើង។ សំខាន់​ជាង​នេះ​ទៅ​ទៀត ពួក​គាត់​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​មាន​ការ​យល់​ធ្លុះ​ជ្រៅ សេចក្ដី​មេត្ដា​ករុណា និង​យុត្ដិធម៌​ដូច​លោក។—និក្ខ. ៣៤:៦, ៧ w​១៧.១១ ទំ. ១៨​-​១៩ វ. ១៣​-​១៤

ថ្ងៃ​អង្គារ ទី​១២ ខែ​វិច្ឆិកា

ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ។—១ធី. ៤:១៥

ពេល​យើង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ យើង​បាន​រៀន​សេចក្ដី​ពិត​មួយ​ចំនួន​ដ៏​អស្ចារ្យ។ នៅ​ដើម​ដំបូង យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​របស់​យើង ហើយ​ថា​លោក​មាន​គោល​បំណង​សម្រាប់​មនុស្សជាតិ។ យើង​ក៏​បាន​រៀន​ផង​ដែរ​ថា ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​ជា​គ្រឿង​បូជា​លោះ​ជា​ប្រយោជន៍​ឲ្យ​យើង​អាច​ត្រូវ​រំដោះ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ម្យ៉ាង​ទៀត យើង​បាន​រៀន​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​ថា​យើង​អាច​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល។ (​យ៉ូន. ៣:១៦; បប. ៤:១១; ២១:៣, ៤​) ពេល​ខ្លះ​ការ​យល់​ដឹង​របស់​យើង​អំពី​ខ​គម្ពីរ​ឬ​ទំនាយ​ណា​មួយ​ក្នុង​គម្ពីរ​បាន​ត្រូវ​កែ​តម្រូវ។ ពេល​អ្វី​បែប​នេះ​កើត​ឡើង គឺ​សំខាន់​ឲ្យ​យើង​ចំណាយ​ពេល​ដើម្បី​សិក្សា​និង​រំពឹង​គិត​អំពី​ការ​កែ​តម្រូវ​នោះ។ (​សកម្ម. ១៧:១១​) យើង​មិន​គ្រាន់​តែ​ត្រូវ​យល់​អំពី​ចំណុច​ខុស​គ្នា​សំខាន់​ៗ​រវាង​ការ​យល់​ដឹង​ថ្មី​និង​ការ​យល់​ដឹង​ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​ល្អិត​ល្អន់​នៃ​ការ​យល់​ដឹង​ថ្មី​នោះ។ ការ​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​បែប​នោះ​នឹង​ជួយ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ពិត​ថ្មី​នោះ​ទៅ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​ពិត​ទាំង​ប៉ុន្មាន​ពី​គម្ពីរ​ដែល​យើង​បាន​ប្រមូល​ទុក។ w​១៧.០៦ ទំ. ១៣ វ. ១៥​-​១៦

ថ្ងៃ​ពុធ ទី​១៣ ខែ​វិច្ឆិកា

ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក តម្រេក។—កូឡ. ៣:៥

ជា​ពិសេស​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​នាំ​ឲ្យ​យើង​មិន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​ដែល​បុរស​ស្ត្រី​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​ពួក​គេ​ដាក់​កម្រិត​ចំពោះ​អ្វី​មួយ​ចំនួន​ដូច​ជា ការ​ថើប ការ​ប៉ះ​ពាល់​គ្នា និង​ការ​នៅ​កន្លែង​ណា​មួយ​តែ​ពីរ​នាក់។ (​សុភ. ២២:៣​) យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ស្ថានភាព​ផ្សេង​ទៀត​ដែរ គឺ​ពេល​ការ​ងារ​របស់​យើង​តម្រូវ​ឲ្យ​យើង​ចុះ​តាម​ខេត្ត​ឬ​ទៅ​ប្រទេស​ក្រៅ​មួយ​រយៈ​ពេល​ខ្លី ឬ​ក៏​ពេល​យើង​ធ្វើ​ការ​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ។ (​សុភ. ២:១០​-​១២, ១៦​) យើង​ក៏​ត្រូវ​ប្រយ័ត្ន​ពេល​យើង​មាន​អារម្មណ៍​ឯកោ​ឬ​ក្រៀម​ក្រំ​ដែរ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​យ៉ាង​ខ្លាំង​រហូត​ដល់​យើង​នឹង​ព្រម​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បុគ្គល​ណា​ក៏​បាន។ នេះ​គឺ​គ្រោះ​ថ្នាក់​ណាស់។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ។—ទំនុក. ៣៤:១៨; សុភ. ១៣:២០ w​១៧.១១ ទំ. ២៨ វ. ៤​-​៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​វិច្ឆិកា

ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទីក្រុង​ពំនាក់។—យ៉ូស. ២០:២

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពេល​ដែល​បុគ្គល​ម្នាក់​បាន​ត្រូវ​គេ​សម្លាប់។ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ណា​ម្នាក់ បុរស​ដែល​ជា​សាច់​ញាតិ​ជិត​ស្និទ្ធ​បំផុត​របស់​ជន​រង​គ្រោះ ត្រូវ​សម្លាប់​ឃាតករ​នោះ។ បុរស​នោះ​បាន​ត្រូវ​ហៅ​ថា ​«​អ្នក​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម​»។ (​ជន. ៣៥:១៩​) យ៉ាង​នេះ ឃាតករ​នឹង​សង​ជីវិត​របស់​ខ្លួន​ចំពោះ​ជីវិត​របស់​ជន​រង​គ្រោះ​ដែល​គ្មាន​ទោស​នោះ។ បើ​គេ​មិន​ប្រហារ​ជីវិត​ឃាតករ​ភ្លាម​ៗ ស្រុក​ដែល​ព្រះ​បាន​សន្យា​អាច​ទៅ​ជា​ស្មោក​គ្រោក ឬ​លែង​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ​ទៅ​ជា​ស្មោក​គ្រោក​»​ ដោយ​កម្ចាយ​ឈាម​មនុស្ស​ឡើយ ពោល​គឺ​ដោយ​សម្លាប់​អ្នក​ណា​ម្នាក់។ (​ជន. ៣៥:៣៣, ៣៤​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ម្នាក់​ដោយ​អចេតនា តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​នោះ? ទោះ​ជា​គាត់​មិន​មាន​បំណង​សម្លាប់​អ្នក​នោះ​ក៏​ដោយ គាត់​នៅ​តែ​មាន​ទោស។ (​លោ. ៩:៥​) ក្នុង​ករណី​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​គាត់​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​បាន។ អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​អាច​រត់​គេច​ពី​អ្នក​ដែល​ត្រូវ​សង​សឹក​នឹង​ឈាម ហើយ​រត់​ទៅ​ក្រុង​ពំនាក់​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ពំនាក់​ទាំង​៦។ គាត់​ទទួល​ការ​ការ​ពារ ពេល​ដែល​គាត់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ។ ប៉ុន្តែ គាត់​ត្រូវ​នៅ​ក្នុង​ក្រុង​ពំនាក់​នោះ​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។—ជន. ៣៥:១៥, ២៨ w​១៧.១១ ទំ. ១០​-​១១ វ. ៣​-​៥

ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា

មនុស្ស​ឆ្លៀវ​ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស។—សុភ. ១២:១៦

បង​ស្រី​ម្នាក់​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ធ្វើ​ដូច្នេះ។ ឪ​ពុក​ក្មេក​របស់​គាត់​បាន​ប្រឆាំង​នឹង​សេចក្ដី​ពិត​ជា​ខ្លាំង ហើយ​ជួន​កាល​បាន​ខឹង​ទៀត​ផង។ ដូច្នេះ មុន​នឹង​ទូរស័ព្ទ​ទៅ​ឪ​ពុក​ក្មេក​របស់​គាត់ គាត់​និង​ប្ដី​គាត់​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គាត់​ជៀស​វាង​ពី​ការ​តប​ឆ្លើយ​ដោយ​កំហឹង​ទៅ​កាន់​ឪ​ពុក​ក្មេក។ ម្យ៉ាង​ទៀត ពួក​គាត់​បាន​កំណត់​រយៈ​ពេល​សម្រាប់​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​ឪ​ពុក​ក្មេក​គាត់ ដើម្បី​ជៀស​វាង​ពី​ការ​និយាយ​គ្នា​យូរ​ពេក​ដែល​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​សាសនា។ ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា អ្នក​ប្រហែល​ជា​បន្ទោស​ខ្លួន​ដោយ​សារ​អ្នក​ស្រឡាញ់​សាច់​ញាតិ​របស់​អ្នក ហើយ​ចង់​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត។ ប៉ុន្តែ សូម​ចាំ​ថា​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ក្រុម​គ្រួសារ។ ពេល​សាច់​ញាតិ​របស់​អ្នក​យល់​អំពី​រឿង​នេះ ពួក​គេ​ប្រហែល​ជា​ដឹង​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​យ៉ាង​ណា។ អ្នក​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​យក​សេចក្ដី​ពិត​បាន​ឡើយ។ ក៏​ប៉ុន្តែ អ្នក​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ដូច​លោក​ផ្ដល់​ឱកាស​ឲ្យ​យើង ដើម្បី​សម្រេច​ចិត្ត​ថា​ពួក​គេ​ចង់​បម្រើ​លោក​ឬ​យ៉ាង​ណា។—អេ. ៤៨:១៧, ១៨ w​១៧.១០ ទំ. ១៣ វ. ១៥​-​១៦

ថ្ងៃ​សៅរ៍ ទី​១៦ ខែ​វិច្ឆិកា

យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ។—១យ៉ូន. ៣:១៨

ការ​និយាយ​ថា ​«​ខ្ញុំ​ស្រឡាញ់​អ្នក​»​គឺ​មិន​តែង​តែ​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាម​រយៈ​ការ​ប្រព្រឹត្ត។ ជា​ឧទាហរណ៍ បើ​បង​ប្អូន​រួម​ជំនឿ​មិន​មាន​អាហារ​ឬ​សម្លៀក​បំពាក់​គ្រប់​គ្រាន់ ពាក្យ​សម្ដី​សប្បុរស​គឺ​មិន​គ្រប់​គ្រាន់​ទេ។ (​យ៉ា. ២:១៥, ១៦​) ស្រដៀង​គ្នា​ដែរ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង យើង​មិន​គ្រាន់​តែ​អធិដ្ឋាន​សុំ​ឲ្យ​មាន​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ដែរ។ (​ម៉ាថ. ៩:៣៨​) សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​យើង​ត្រូវ​ស្រឡាញ់​«​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​»។ ដូច្នេះ​យើង​ត្រូវ​ស្រឡាញ់​«​ដោយ​គ្មាន​ពុត​ត្បុត​»។ (​រ៉ូម ១២:៩; ២កូ. ៦:៦​) ជួន​កាល​បុគ្គល​ម្នាក់​ធ្វើ​ពុត​ជា​ស្រឡាញ់​អ្នក​ឯ​ទៀត។ ប៉ុន្តែ តើ​គាត់​មាន​សេចក្ដី​ស្រឡាញ់​ពិត ហើយ​ស្មោះ​ឬ​ទេ? តើ​គាត់​មាន​បំណង​ចិត្ត​អ្វី? សេចក្ដី​ស្រឡាញ់​ដែល​មាន​ពុត​ត្បុត មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​ទេ។ សេចក្ដី​ស្រឡាញ់​បែប​នោះ​គ្មាន​តម្លៃ​សោះ។ w​១៧.១០ ទំ. ៤​-​៥ វ. ៥​-​៦

ថ្ងៃ​អាទិត្យ ទី​១៧ ខែ​វិច្ឆិកា

ត្រូវ​ឲ្យ[​ឯង​]នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ . . . ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ។—យ៉ូស. ១:៨

ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​មក​លើ​យើង យើង​ត្រូវ​អាន​គម្ពីរ​ជា​ទៀង​ទាត់។ យើង​គួរ​ព្យាយាម​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ យើង​ភាគ​ច្រើន​ជាប់​រវល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​យើង​មិន​គួរ​ឲ្យ​អ្វី​ណា​ក៏​ដោយ​រួម​ទាំង​ភារកិច្ច​របស់​យើង រា​រាំង​យើង​ពី​ការ​អាន​គម្ពីរ​ឡើយ។ (​អេភ. ៥:១៥, ១៦​) យើង​ប្រហែល​ជា​លៃ​ទុក​ពេល​ដើម្បី​ធ្វើ​ដូច្នេះ​នៅ​ពេល​ព្រឹក ពេល​ថ្ងៃ ឬ​ពេល​យប់។ ទស្សនៈ​របស់​យើង​គឺ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ​»។ (​ទំនុក. ១១៩:៩៧​) ប៉ុន្តែ ការ​អាន​គម្ពីរ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​រំពឹង​គិត​ឬ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​បាន​អាន។ (​ទំនុក. ១:១​-​៣​) យ៉ាង​នេះ​ក្នុង​ជីវិត​របស់​យើង យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ដូច្នេះ​មិន​ថា​យើង​អាន​គម្ពីរ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ឬ​អាន​គម្ពីរ​តាម​គ្រឿង​អេឡិចត្រូនិក យើង​ចង់​ឲ្យ​បណ្ដាំ​របស់​ព្រះ​ជំរុញ​ចិត្ត​យើង​និង​កែ​ប្រែ​យើង។ w​១៧.០៩ ទំ. ២២ វ. ៤​-​៥

ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​វិច្ឆិកា

ចូរ​អ្នក​ទាំង​អស់​គ្នា . . . មាន​ចិត្ត​អាណិត​មេត្ដា។—១ពេ. ៣:៨

នេះ​មិន​មាន​ន័យ​ថា​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ជា​និច្ច​នោះ​ទេ។ ជា​ឧទាហរណ៍ ស្តេច​សុល​ប្រហែល​ជា​បាន​គិត​ថា​គាត់​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្ដា ពេល​គាត់​មិន​បាន​សម្លាប់​អ័កាក់​ដែល​ជា​ស្តេច​នៃ​ជន​ជាតិ​អាម៉ាលេក ហើយ​ជា​សត្រូវ​របស់​រាស្ត្រ​ព្រះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សុល​ឲ្យ​សម្លាប់​ជន​ជាតិ​អាម៉ាលេក​ទាំង​អស់។ ដោយ​សារ​សុល​មិន​ស្ដាប់​បង្គាប់ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ជា​ស្តេច​ទៀត។ (​១សាំ. ១៥:៣, ៩, ១៥​) ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​សុចរិត។ លោក​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ហើយ​លោក​ដឹង​ថា​នៅ​ពេល​ណា​ដែល​លោក​មិន​គួរ​បង្ហាញ​ចិត្ត​អាណិត​មេត្ដា។ (​បរិ. ២:១៧; អេស. ៥:១១​) មិន​យូរ​ទៀត លោក​នឹង​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​លោក។ (​២ថែ. ១:៦​-​១០​) នោះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ចំពោះ​មនុស្ស​អាក្រក់​ឡើយ។ ប៉ុន្តែ ដោយ​បំផ្លាញ​ពួក​គេ លោក​នឹង​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ចំពោះ​មនុស្ស​សុចរិត​ដែល​លោក​នឹង​សង្គ្រោះ។ យើង​មិន​មាន​ភារកិច្ច​វិនិច្ឆ័យ​មនុស្ស​ថា​ពួក​គេ​គួរ​រស់​ឬ​គួរ​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​នៅ​ឥឡូវ​នេះ​ដើម្បី​ជួយ​មនុស្ស។ w​១៧.០៩ ទំ. ១២ វ. ១០​-​១២

ថ្ងៃ​អង្គារ ទី​១៩ ខែ​វិច្ឆិកា

ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​គឺ . . . ការ​ចេះ​ទប់​ចិត្ត។—កាឡ. ៥:២២, ២៣

ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ចេះ​ទប់​ចិត្ត។ លោក​ចេះ​ទប់​ចិត្ត​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​ចេះ​ទប់​ចិត្ត។ ការ​មិន​ចេះ​ទប់​ចិត្ត​នាំ​ឲ្យ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​មាន​បញ្ហា​ជា​ច្រើន។ នេះ​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​បង្អែ​បង្អង់​ធ្វើ​អ្វី​ដែល​សំខាន់ ឬ​នាំ​ឲ្យ​គាត់​មិន​សូវ​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ល្អ​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា។ ការ​មិន​ចេះ​ទប់​ចិត្ត​ក៏​អាច​នាំ​ឲ្យ​មនុស្ស​ផឹក​ស្រា​ស្រវឹង ជេរ​ប្រមាថ ប្រើ​អំពើ​ហិង្សា លែង​លះ​គ្នា ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់ ញៀន​អ្វី​មួយ ជាប់​ពន្ធ​ធានា​គា​រ ឈឺ​ចិត្ត​ជា​ខ្លាំង មាន​ជំងឺ​កាមរោគ និង​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន។ (​ទំនុក. ៣៤:១១​-​១៤​) ម្យ៉ាង​ទៀត យើង​ឃើញ​ច្បាស់​ថា​កាល​ដែល​ពេល​វេលា​បាន​កន្លង​ទៅ មនុស្ស​កាន់​តែ​មិន​ចេះ​ទប់​ចិត្ត​ខ្លាំង​ឡើង​ៗ។ នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ ពី​ព្រោះ​បណ្ដាំ​របស់​ព្រះ​បាន​ប្រកាស​ទុក​ជា​មុន​ថា ការ​មិន​ចេះ​ទប់​ចិត្ត​គឺ​ជា​ភ័ស្តុតាង​មួយ​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»។—២ធី. ៣:១​-​៣ w​១៧.០៩ ទំ. ៣ វ. ១​-​២

ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា

សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត . . . របស់​អ្នក​រាល់​គ្នា។—ភី. ៤:៧

ពេល​យើង​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​យើង​មិន​ខ្វល់​ខ្វាយ ហើយ​ចិត្ត​និង​គំនិត​របស់​យើង​ទៅ​ជា​ស្ងប់។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ហើយ​ចង់​ឲ្យ​យើង​ទទួល​ជោគ​ជ័យ។ (​១ពេ. ៥:១០​) ម្យ៉ាង​ទៀត នេះ​ការ​ពារ​យើង​ពី​ការ​ខ្វល់​ចិត្ត​ឬ​ការ​ធ្លាក់​ទឹក​ចិត្ត​ហួស​ហេតុ​ពេក។ មិន​យូរ​ទៀត មនុស្សជាតិ​ទាំង​អស់​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​ម៉ាថ. ២៤:២១, ២២​) យើង​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង​ម្នាក់​ៗ​ទេ។ ប៉ុន្តែ យើង​មិន​ត្រូវ​ខ្វល់​ហួស​ហេតុ​ពេក​អំពី​ពេល​នោះ​ឡើយ។ យើង​មិន​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ តែ​យើង​ស្គាល់​លោក​ដែល​ជា​ព្រះ​របស់​យើង។ យើង​ដឹង​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​សម័យ​មុន​ចំពោះ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក។ យើង​បាន​ឃើញ​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្ដី ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​គោល​បំណង​របស់​លោក​នឹង​បាន​សម្រេច។ ម្យ៉ាង​ទៀត លោក​ប្រហែល​ជា​នឹង​ធ្វើ​ដូច្នេះ​តាម​របៀប​មួយ​ដែល​យើង​មិន​បាន​រំពឹង​ទុក! ដូច្នេះ រាល់​ដង​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​សម្រាប់​យើង យើង​ទទួល​នូវ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»​តាម​របៀប​ផ្សេង​ទៀត។ w​១៧.០៨ ទំ. ១៤ វ. ១៦​-​១៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា

ចូរ​មាន​ចិត្ត​អត់​ធ្មត់​រហូត​ដល់​លោក​ម្ចាស់​មាន​វត្តមាន។—យ៉ា. ៥:៧

អេសាយ​និង​ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សួរ​ថា​៖ ​«​តើ​ដល់​យូរ​ប៉ុន្មាន​ទៅ?​»​ ឬ‹តើ​ដល់​កាល​ណា​ទៀត?›។ (​អេ. ៦:១១; ហាប. ១:២​) ម្យ៉ាង​ទៀត ពេល​បណ្ដា​ជន​គ្មាន​ជំនឿ លោក​យេស៊ូ​គ្រិស្ត​បាន​សួរ​ថា​៖ ‹តើ​ដល់​ពេល​ណា?›។ (​ម៉ាថ. ១៧:១៧​) សព្វ​ថ្ងៃ​នេះ ជួន​កាល​យើង​ក៏​ប្រហែល​ជា​សួរ​សំណួរ​នេះ​ដែរ។ ប្រហែល​ជា​យើង​បាន​រង​អំពើ​អយុត្ដិធម៌​ណា​មួយ យើង​ឈឺ ឬ​ក៏​ចាស់​ជរា។ យើង​ប្រហែល​ជា​តាន​តឹង​ចិត្ត​ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​«​លំបាក​ណាស់​»។ (​២ធី. ៣:១​) ប្រហែល​ជា​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​បណ្ដាល​ឲ្យ​យើង​ហត់​នឿយ​និង​ធ្លាក់​ទឹក​ចិត្ត។ ទោះ​ជា​មាន​មូលហេតុ​ណា​ក៏​ដោយ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​នៅ​អតីតកាល​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ទទួល​ទោស​ដោយ​សារ​ពួក​គេ​បាន​សួរ​សំណួរ​នេះ​ទេ។ តើ​អ្វី​អាច​ជួយ​យើង​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិបាក​ស៊ូ​ទ្រាំ? យ៉ាកុប​បាន​ផ្ដល់​ចម្លើយ​ក្នុង​បទ​គម្ពីរ​សម្រាប់​ថ្ងៃ​នេះ។ w​១៧.០៨ ទំ. ៣​-​៤ វ. ១​-​៣

ថ្ងៃ​សុក្រ ទី​២២ ខែ​វិច្ឆិកា

ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​បាន​មិត្ត​ភក្ដិ។—លូក. ១៦:៩

លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ប្រើ​«​ទ្រព្យ​នៃ​ពិភព​លោក​ទុច្ចរិត​»​ដើម្បី​បង្កើត​មិត្តភាព​នៅ​ស្ថាន​សួគ៌។ របៀប​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ស្មោះ​ត្រង់​ក្នុង​របៀប​ដែល​យើង​ប្រើ​វត្ថុ​ទ្រព្យ​របស់​យើង គឺ​ដោយ​ធ្វើ​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​ត្រូវ​ធ្វើ​ឡើង។ (​ម៉ាថ. ២៤:១៤​) ក្មេង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា​មាន​ប្រអប់​តូច​មួយ​សម្រាប់​ដាក់​លុយ ហើយ​នាង​បាន​ដាក់​កាក់​បន្ដិច​ម្ដង​ៗ។ ដើម្បី​ធ្វើ​ដូច្នេះ នាង​ថែម​ទាំង​ឈប់​ទិញ​ប្រដាប់​ប្រដា​លេង​ទៀត​ផង។ ពេល​ប្រអប់​លុយ​នោះ​ពេញ នាង​បាន​យក​លុយ​ទាំង​អស់​ដែល​នាង​បាន​សន្សំ​ទៅ​ដាក់​វិភាគទាន​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ បង​ប្រុស​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា មាន​ចម្ការ​ដូង​មួយ​កន្លែង។ គាត់​បាន​ឲ្យ​ដូង​ជា​ច្រើន​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ការិយាល័យ​បក​ប្រែ​ភាសា​ម៉ាឡេអាឡិម។ ដោយ​សារ​ការិយាល័យ​នោះ​ត្រូវ​ការ​ដូង គាត់​មាន​អារម្មណ៍​ថា​ដូង​ដែល​គាត់​បាន​ឲ្យ​ជា​វិភាគទាន​មាន​តម្លៃ​ជាង​លុយ។ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ប្រព្រឹត្ត​ដោយ​ប្រើ​«​ប្រាជ្ញា​»។ ស្រដៀង​គ្នា​ដែរ បង​ប្អូន​ដែល​រស់​នៅ​ប្រទេស​ក្រិច ឲ្យ​ប្រេង​អូលីវ​និង​ម្ហូប​អាហារ​ផ្សេង​ទៀត​ជា​វិភាគទាន​ដល់​ក្រុម​គ្រួសារ​បេតអែល​ជា​ទៀង​ទាត់។ w​១៧.០៧ ទំ. ៤​-​៥ វ. ៧​-​៨

ថ្ងៃ​សៅរ៍ ទី​២៣ ខែ​វិច្ឆិកា

ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មក ឲ្យ​យើង​ស្ដាប់​មើល។—ទំនុក. ១៣៧:៣

ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន ជន​ជាតិ​យូដា​មិន​ចង់​ច្រៀង​ទេ។ ពួក​គេ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ដូច​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ប្រកាស​ទុក​ជា​មុន ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក។ តើ​តាម​របៀប​ណា​លោក​បាន​ធ្វើ​ដូច្នេះ? ស្តេច​ស៊ីរូស​នៃ​ស្រុក​ពើស៊ី​បាន​ច្បាំង​ឈ្នះ​ក្រុង​បាប៊ីឡូន ហើយ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន​ដី​មក​យើង​ហើយ ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ​វិហារ​ថ្វាយ​ទ្រង់​នៅ​ក្រុង​យេរូសាឡិម​»។ ស្តេច​ស៊ីរូស​ក៏​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ក្នុង​ពួក​ប្រជាជន​ទាំង​ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ព្រះ​យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ​»។ (​២រប. ៣៦:២៣​) នេះ​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​បាប៊ីឡូន! ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​ក្រុម​ទេ តែ​លោក​ក៏​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ៗ​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច្នេះ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ព្រះ​«​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា​ក៏​រុំ​របួស​ឲ្យ​គេ​ផង​»។ (​ទំនុក. ១៤៧:៣​) ពេល​យើង​ឈឺ​ឬ​ធ្លាក់​ទឹក​ចិត្ត យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ លោក​ពិត​ជា​ចង់​សម្រាល​ទុក្ខ​យើង ហើយ​ធ្វើ​ឲ្យ​ជា​នូវ​របួស​ផ្លូវ​ចិត្ត​របស់​យើង។ (​ទំនុក. ៣៤:១៨; អេ. ៥៧:១៥​) លោក​ឲ្យ​យើង​នូវ​ប្រាជ្ញា​និង​កម្លាំង​ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន។—យ៉ា. ១:៥ w​១៧.០៧ ទំ. ១៦ វ. ៤​-​៥

ថ្ងៃ​អាទិត្យ ទី​២៤ ខែ​វិច្ឆិកា

ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។—លូក. ១២:៣៤

ព្រះ​យេហូវ៉ា​ជា​អ្នក​មាន​បំផុត​ក្នុង​សកល​លោក។ អ្វី​ៗ​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​លោក។ (​១រប. ២៩:១១, ១២​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ​ខ្លាំង​ណាស់​ចំពោះ​បុគ្គល​គ្រប់​រូប។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​លោក​បាន​ឲ្យ​ទ្រព្យ​វិសេស​ដល់​យើង! តើ​មាន​អ្វី​ខ្លះ​ក្នុង​ចំណោម​ទ្រព្យ​វិសេស​ទាំង​នោះ? គឺ​រួម​មាន​៖ (​១​) រាជាណាចក្រ​របស់​ព្រះ (​២​) កិច្ច​បម្រើ​ផ្សាយ​របស់​យើង និង(​៣​) សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។ ប៉ុន្តែ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យូរ​ៗ​ទៅ​យើង​អាច​ភ្លេច​អំពី​តម្លៃ​នៃ​ទ្រព្យ​វិសេស​ទាំង​នោះ។ យើង​ត្រូវ​បន្ត​រំលឹក​ខ្លួន​អំពី​តម្លៃ​នៃ​ទ្រព្យ​វិសេស​ទាំង​នោះ ហើយ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ៗ​ទាំង​នោះ។ ដើម្បី​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ យើង​ជា​ច្រើន​នាក់​បាន​កែ​ប្រែ​ទាំង​ស្រុង​នូវ​របៀប​រស់​នៅ​របស់​យើង។ (​រ៉ូម ១២:២​) ប៉ុន្តែ យើង​នៅ​តែ​ត្រូវ​បន្ត​តយុទ្ធ។ យើង​មិន​ត្រូវ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​រាជាណាចក្រ​រសាយ​ទៅ​ដោយ​សារ​អ្វី​ណា​ក៏​ដោយ ដូច​ជា​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ ឬ​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ដើម។—សុភ. ៤:២៣; ម៉ាថ. ៥:២៧​-​២៩ w​១៧.០៦ ទំ. ៩ វ. ១; ទំ. ១០​-​១១ វ. ៧

ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​វិច្ឆិកា

[​តើ​]ឯង​ដឹង​មែន?—យ៉ូប ៣៨:២១

ព្រះ​យេហូវ៉ា​មិន​បាន​ពន្យល់​ប្រាប់​យ៉ូប​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ចង់​ជួយ​គាត់​ឲ្យ​យល់​ថា​គាត់​គឺ​តូច​តាច​ណាស់ បើ​ប្រៀប​ធៀប​នឹង​លោក។ លោក​បាន​បង្រៀន​យ៉ូប​ថា​មាន​អ្វី​ដែល​សំខាន់​ជាង​បញ្ហា​របស់​គាត់​ទៅ​ទៀត។ (​យ៉ូប ៣៨:១៨​-​២០​) ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប​ឲ្យ​កែ​តម្រូវ​ទស្សនៈ​របស់​គាត់។ បើ​គិត​អំពី​អ្វី​ទាំង​អស់​ដែល​យ៉ូប​បាន​រង​ទុក្ខ តើ​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បែប​នេះ​បង្ហាញ​ថា​លោក​គ្មាន​មេត្ដា​ឬ​ទេ? មិន​មែន​ទេ ហើយ​យ៉ូប​ក៏​មិន​បាន​គិត​ដូច្នេះ​ដែរ។ យ៉ូប​បាន​យល់​និង​បាន​ឲ្យ​តម្លៃ​ចំពោះ​ឱវាទ​ពី​ព្រះ​យេហូវ៉ា។ គាត់​ថែម​ទាំង​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត​ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ​»។ (​យ៉ូប ៤២:១​-​៦​) ក្រោយ​យ៉ូប​បាន​ស្ដាប់​ឱវាទ​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​កែ​តម្រូវ​ទស្សនៈ​របស់​គាត់ នោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​លោក​ពេញ​ចិត្ត​នឹង​ភាព​ស្មោះ​ត្រង់​របស់​យ៉ូប។—យ៉ូប ៤២:៧, ៨ w​១៧.០៦ ទំ. ១៧​-​១៨ វ. ១១​-​១២

ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា

ម៉ារៀ . . . បាន​រើស​យក​ចំណែក​ល្អ​វិញ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។—លូក. ១០:៤២

តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ​របស់​យើង? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​រំភើប​ចិត្ត​និង​ជក់​ចិត្ត​នឹង​ការ​ងារ​របស់​ខ្ញុំ តែ​មាន​អារម្មណ៍​ថា​ការ​បម្រើ​ព្រះ​គឺ​ជា​អ្វី​ដែល​មិន​សូវ​រំភើប​ចិត្ត​ឬ​ថែម​ទាំង​ធុញ​ទ្រាន់​ឬ​ទេ?›។ ការ​គិត​អំពី​សំណួរ​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​យើង​ពិត​ជា​ស្រឡាញ់។ លោក​យេស៊ូ​បាន​បង្រៀន​យើង​អំពី​អ្វី​ដែល​យើង​គួរ​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ពេល​មួយ លោក​បាន​ទៅ​ផ្ទះ​របស់​ម៉ារៀ​និង​ម៉ាថា​ដែល​ជា​បង​ប្អូន​ស្រី​ពីរ​នាក់។ ភ្លាម​ៗ ម៉ាថា​បាន​ចាប់​ផ្ដើម​រៀប​ចំ​ម្ហូប​អាហារ​សម្រាប់​លោក​យេស៊ូ ប៉ុន្តែ​ម៉ារៀ​បាន​អង្គុយ​ជិត​លោក ហើយ​បាន​ស្ដាប់​លោក​បង្រៀន។ ម៉ាថា​បាន​ត្អូញត្អែរ​ថា​ម៉ារៀ​មិន​បាន​ជួយ​គាត់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ម៉ាថា​នូវ​ពាក្យ​ដែល​មាន​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ (​លូក. ១០:៣៨​-​៤២​) នៅ​ពេល​នោះ លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​មួយ​ដ៏​មាន​តម្លៃ។ ដើម្បី​ជៀស​វាង​ពី​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ផ្ទាល់​ខ្លួន​និង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្រិស្ត យើង​ត្រូវ​តែ​រើស​យក​«​ចំណែក​ល្អ​»។ នេះ​មាន​ន័យ​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ជា​និច្ច។ w​១៧.០៥ ទំ. ២៣​-​២៤ វ. ៩​-​១០

ថ្ងៃ​ពុធ ទី​២៧ ខែ​វិច្ឆិកា

ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪ​ពុក​ចុះ។—សុភ. ១:៨

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឪ​ពុក​ម្ដាយ​នូវ​ភារកិច្ច​បង្រៀន​កូន​ៗ​អំពី​សេចក្ដី​ពិត។ លោក​មិន​បាន​ឲ្យ​ភារកិច្ច​នេះ​ដល់​យាយ​តា​ឬ​អ្នក​ឯ​ទៀត​ឡើយ។ (​សុភ. ៣១:១០, ២៧, ២៨​) ប៉ុន្តែ ឪ​ពុក​ម្ដាយ​ដែល​មិន​ចេះ​ភាសា​របស់​ប្រទេស​ដែល​ពួក​គាត់​រស់​នៅ ប្រហែល​ជា​នឹង​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​សេចក្ដី​ពិត​ចូល​ក្នុង​ចិត្ត​របស់​កូន។ ពេល​ឪ​ពុក​ម្ដាយ​សុំ​ជំនួយ នេះ​មិន​មាន​ន័យ​ថា​ពួក​គាត់​កំពុង​ព្យាយាម​គេច​វេះ​ពី​ភារកិច្ច​អប់រំ​កូន​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ពួក​គាត់​«​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភ. ៦:៤​) ជា​ឧទាហរណ៍ ឪ​ពុក​ម្ដាយ​អាច​សុំ​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អំពី​របៀប​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​និង​របៀប​រក​មិត្ត​ភក្ដិ​ល្អ​សម្រាប់​កូន​របស់​ពួក​គាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​ជួយ​កូន ពួក​គាត់​អាច​អញ្ជើញ​ក្រុម​គ្រួសារ​ឯ​ទៀត​ម្ដង​ម្កាល​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​នឹង​ពួក​គាត់។ ម្យ៉ាង​ទៀត ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​រៀន​ពី​គ្រិស្ត​សាសនិក​ឯ​ទៀត​ពេល​ពួក​គេ​ផ្សព្វ​ផ្សាយ​និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​មួយ​គ្នា។—សុភ. ២៧:១៧ w​១៧.០៥ ទំ. ១៣​-​១៤ វ. ១៧​-​១៨

ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​វិច្ឆិកា

[​ចូរ​]រត់​ទៅ​ស្រុក​អេស៊ីប។—ម៉ាថ. ២:១៣

លោក​យេស៊ូ​និង​ឪ​ពុក​ម្ដាយ​របស់​លោក​បាន​ទៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ស្រុក​អេស៊ីប ក្រោយ​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ព្រមាន​យ៉ូសែប​ថា​ស្តេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក​យេស៊ូ។ ពួក​គាត់​បាន​រស់​នៅ​ទី​នោះ​រហូត​ដល់​ហេរ៉ូឌ​បាន​ស្លាប់។ (​ម៉ាថ. ២:១៤, ១៩​-​២១​) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក អ្នក​កាន់​តាម​លោក​យេស៊ូ​«​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ពេញ​តំបន់​យូឌា​និង​តំបន់​សាម៉ារី​»​ដោយ​សារ​ការ​បៀត​បៀន។ (​សកម្ម. ៨:១​) លោក​យេស៊ូ​បាន​ដឹង​ថា​អ្នក​កាន់​តាម​លោក​ជា​ច្រើន​នាក់​នឹង​មាន​កាលៈទេសៈ​ដែល​បង្ខំ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ផ្ទះ​ឬ​ប្រទេស​របស់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ណា​គេ​បៀត​បៀន​អ្នក​នៅ​ក្រុង​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​»។ (​ម៉ាថ. ១០:២៣​) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់។ បង​ប្អូន​ជា​ច្រើន​នាក់​នោះ​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​បាត់​បង់​ស្ទើរតែ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន​ទៀត​ផង។ បង​ប្អូន​ខ្លះ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ពេល​រត់​ចេញ​ពី​ផ្ទះ​ឬ​ប្រទេស​របស់​ពួក​គេ ឬ​ក៏​រស់​នៅ​ជំរំ​ជន​ភៀស​ខ្លួន ជា​កន្លែង​ដែល​មនុស្ស​ផឹក​ស្រា​ច្រើន លេង​ល្បែង​ស៊ីសង និង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ ប៉ុន្តែ ពួក​គេ​បាន​រំលឹក​ខ្លួន​ថា​ពេល​វេលា​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នឹង​ត្រូវ​បញ្ចប់ ដូច​ជា​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​បាន​ត្រូវ​បញ្ចប់​ដែរ។ នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ។—២កូ. ៤:១៨ w​១៧.០៥ ទំ. ៣​-​៤ វ. ២​-​៥

ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា

ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ។—ទំនុក. ១១៩:១៦៥

ក្នុង​កាលៈទេសៈ​ដ៏​កម្រ​មាន អ្នក​ឬ​បុគ្គល​ដែល​អ្នក​ស្គាល់​ប្រហែល​ជា​នឹង​រង​ឬ​ឃើញ​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ។ ចូរ​កុំ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក ហើយ​ពឹង​ផ្អែក​លើ​លោក។ សូម​ចាំ​ថា ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ អ្នក​ប្រហែល​ជា​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​នោះ ហើយ​អ្នក​ទំនង​ជា​មិន​ដឹង​ហេតុ​ការណ៍​ពិត​ទាំង​អស់។ ចូរ​ជៀស​វាង​ពី​ការ​និយាយ​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​អាក្រក់​ជាង។ ម្យ៉ាង​ទៀត ជា​ជាង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ចូរ​តាំង​ចិត្ត​រក្សា​ភក្ដី​ភាព ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នោះ។ យ៉ាង​នេះ អ្នក​នឹង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ​«​ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌​»។—លោ. ១៨:២៥; ចោ. ៣២:៤ w​១៧.០៤ ទំ. ២០ វ. ១៧

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​វិច្ឆិកា

ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ​បង់​ចោល​ផ្លូវ​របស់​ខ្លួន . . . រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្ដា​ដល់​គេ។—អេ. ៥៥:៧

តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​កែ​ប្រែ​និង​ដែល​គាំ​ទ្រ​របៀប​របប​ពិភព​លោក​នេះ​រហូត​ដល់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​ដល់? ព្រះ​យេហូវ៉ា​សន្យា​ថា​មនុស្ស​អាក្រក់​ទាំង​អស់​នឹង​ត្រូវ​បំបាត់​ចោល​ពី​ផែន​ដី។ (​ទំនុក. ៣៧:១០​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លាក់​បាំង​អំពើ​អាក្រក់​ដែល​ពួក​គេ​ធ្វើ ហើយ​ជា​ច្រើន​ដង​ពួក​គេ​មិន​បាន​ទទួល​ការ​ដាក់​ទោស​ទេ។ (​យ៉ូប ២១:៧, ៩​) ប៉ុន្តែ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ព្រះ​នេត្រ​ទ្រង់​បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ។ គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា​ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ​»។ (​យ៉ូប ៣៤:២១, ២២​) ដូច្នេះ គ្មាន​អ្វី​ដែល​អាច​លាក់​បាំង​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ លោក​អាច​ឃើញ​គ្រប់​ការ​ទាំង​អស់​ដែល​មនុស្ស​អាក្រក់​ធ្វើ។ ក្រោយ​សង្គ្រាម​ហាម៉ាគេដូន យើង​ប្រហែល​ជា​នឹង​មើល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​នៅ ប៉ុន្តែ​យើង​នឹង​មិន​ឃើញ​ពួក​គេ​ទេ។ ពួក​គេ​នឹង​សាប​សូន្យ​ទៅ​ជា​រៀង​រហូត!—ទំនុក. ៣៧:១២​-​១៥ w​១៧.០៤ ទំ. ១១ វ. ៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក