ខែធ្នូ
ថ្ងៃអាទិត្យ ទី១ ខែធ្នូ
ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ហើយដោយមិនរអ៊ូរទាំ។—១ពេ. ៤:៩
នៅសម័យគម្ពីរ មនុស្សច្រើនតែបានទទួលអ្នកឯទៀតយ៉ាងរាក់ទាក់ ដោយអញ្ជើញអ្នកឯទៀតឲ្យមកផ្ទះរបស់ពួកគេដើម្បីបរិភោគអាហារ។ នោះបង្ហាញថាពួកគេចង់ធ្វើជាមិត្តភក្ដិនិងមានសន្ដិភាពជាមួយគ្នា។ (លោ. ១៨:១-៨; ចៅ. ១៣:១៥; លូក. ២៤:២៨-៣០) ជាពិសេស តើយើងគួរទទួលអ្នកណាដោយរាក់ទាក់? គឺបងប្អូនក្នុងក្រុមជំនុំ។ កាលដែលរបៀបរបបពិភពលោកនេះកាន់តែអាក្រក់ទៅៗ យើងនឹងត្រូវពឹងពាក់បងប្អូនរបស់យើង ហើយធ្វើជាមិត្តដ៏ស្មោះភក្ដីរបស់ពួកគេ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកដែលចូលរួមសាលាកិច្ចបម្រើ និងអ្នកស្ម័គ្រចិត្តបម្រើផ្នែកសាងសង់ ក៏ប្រហែលជាមានសេចក្ដីត្រូវការដូចគ្នា។ ចុះយ៉ាងណាបងប្អូនដែលបាត់បង់ផ្ទះសម្បែងក្រោយពីគ្រោះមហន្តរាយធម្មជាតិ? ពួកគេប្រហែលជាត្រូវការកន្លែងស្នាក់នៅរហូតដល់ផ្ទះរបស់ពួកគេបានត្រូវសាងសង់ឡើងវិញ។ យើងមិនគួរសន្និដ្ឋានថាមានតែអ្នកដែលមានផ្ទះធំប៉ុណ្ណោះដែលអាចជួយពួកគេបានទេ។ បងប្អូនដែលមានផ្ទះធំប្រហែលជាធ្លាប់ជួយច្រើនដងមកហើយ។ តើអ្នកអាចអញ្ជើញបងប្អូនឲ្យស្នាក់នៅផ្ទះរបស់អ្នកឬទេ ទោះជាផ្ទះរបស់អ្នកតូចក៏ដោយ? w១៨.០៣ ទំ. ១៦ វ. ៦; ទំ. ១៧ វ. ៩
ថ្ងៃច័ន្ទ ទី២ ខែធ្នូ
មនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន។—សុភ. ២៤:១៦
តើអ្វីនឹងជួយអ្នកដែលបានដួលឲ្យ«ក្រោកឡើងវិញ»? គឺមិនមែនដោយពឹងលើកម្លាំងរបស់យើងទេ តែដោយពឹងលើសកម្មពលរបស់ព្រះ។ (ភី. ៤:១៣) ផលដែលបង្កើតដោយសកម្មពលរបស់ព្រះរួមបញ្ចូលការចេះទប់ចិត្តដែលជាអ្វីដែលស្រដៀងនឹងការអប់រំខ្លួន។ ការអធិដ្ឋាន ការសិក្សាគម្ពីរ និងការរំពឹងគិតក៏នឹងជួយយើងដែរ។ ប៉ុន្តែ ចុះបើការសិក្សាគម្ពីរគឺពិបាកសម្រាប់អ្នក ឬអ្នកមិនចូលចិត្តសិក្សា? សូមកុំធ្លាក់ទឹកចិត្តឡើយ។ បើអ្នកសុខចិត្តឲ្យព្រះយេហូវ៉ាជួយអ្នក នោះលោកនឹងជួយអ្នក«បណ្ដុះឲ្យមានការស្រេកឃ្លាន»បណ្ដាំរបស់លោក។ (១ពេ. ២:២) ចូរសុំព្រះយេហូវ៉ាជួយអ្នកឲ្យអប់រំខ្លួន ដើម្បីអ្នកអាចលៃទុកពេលសិក្សាគម្ពីរ។ ដំបូង ប្រហែលជាអ្នកអាចចាប់ផ្ដើមដោយសិក្សាសម្រាប់តែប៉ុន្មាននាទី។ បន្ដិចម្ដងៗ ការសិក្សានឹងកាន់តែស្រួលនិងកាន់តែសប្បាយ។ អ្នកនឹងចាប់ផ្ដើមចូលចិត្តលៃទុកពេលរំពឹងគិតអំពីគំនិតដ៏ល្អប្រសើររបស់ព្រះយេហូវ៉ា នេះហាក់ដូចជាអ្នកចំណាយពេលតែពីរនាក់ជាមួយនឹងលោក។—១ធី. ៤:១៥ w១៨.០៣ ទំ. ២៨ វ. ៥-៦
ថ្ងៃអង្គារ ទី៣ ខែធ្នូ
អ្វីដែលកំពុងសង្គ្រោះអ្នករាល់គ្នាឥឡូវនេះ . . . គឺការជ្រមុជទឹក។—១ពេ. ៣:២១
មុនសិស្សគម្ពីរអាចទទួលការជ្រមុជទឹក ពួកគេត្រូវរៀនសេចក្ដីពិតអំពីព្រះ គោលបំណងរបស់លោកសម្រាប់មនុស្សជាតិនិងផែនដី ហើយអ្វីដែលលោកបានធ្វើដើម្បីសង្គ្រោះមនុស្សជាតិ។ (១ធី. ២:៣-៦) បន្ទាប់មក ពួកគេត្រូវមានជំនឿ នេះនឹងជួយពួកគេឲ្យធ្វើតាមច្បាប់របស់ព្រះ ហើយឈប់ធ្វើអ្វីដែលលោកស្អប់។ (សកម្ម. ៣:១៩) នេះគឺសំខាន់ ពីព្រោះព្រះយេហូវ៉ានឹងមិនទទួលយកការប្រគល់ខ្លួនរបស់បុគ្គលដែលបន្តធ្វើអ្វីដែលលោកស្អប់ឡើយ។ (១កូ. ៦:៩, ១០) បន្ថែមពីនេះទៅទៀត អ្នកដែលចង់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា ត្រូវចូលរួមកិច្ចប្រជុំក្រុមជំនុំនិងកិច្ចការផ្សព្វផ្សាយដំណឹងល្អជាទៀងទាត់ ហើយបង្រៀនអ្នកឯទៀត។ (សកម្ម. ១:៨) ដំបូង សិស្សគម្ពីរត្រូវធ្វើអ្វីៗទាំងអស់នេះ។ បន្ទាប់មក គាត់អាចប្រគល់ខ្លួនជូនព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួនមួយ ហើយទទួលការជ្រមុជទឹក។ w១៨.០៣ ទំ. ៦-៧ វ. ១២
ថ្ងៃពុធ ទី៤ ខែធ្នូ
[ម៉ារៀ]បានរក្សាទុកពាក្យទាំងអស់នេះនៅក្នុងចិត្តនាង។—លូក. ២:៥១
ព្រះយេហូវ៉ាបានជ្រើសរើសម៉ារៀឲ្យធ្វើជាម្ដាយរបស់លោកយេស៊ូ ដោយសារគាត់ឲ្យសកម្មពលព្រះដឹកនាំគំនិតរបស់គាត់។ សូមអានពាក្យរបស់ម៉ារៀពេលដែលគាត់បានទៅលេងសាការីនិងអេលីសាបិតដែលជាសាច់ញាតិរបស់គាត់។ (លូក. ១:៤៦-៥៥) យើងអាចឃើញថាម៉ារៀស្រឡាញ់បណ្ដាំរបស់ព្រះ ហើយស្គាល់បទគម្ពីរភាសាហេប្រឺយ៉ាងច្បាស់។ (លោ. ៣០:១៣; ១សាំ. ២:១-១០; ម៉ាឡ. ៣:១២) ម្យ៉ាងទៀត សូម្បីតែម៉ារៀនិងយ៉ូសែបបានរៀបការហើយក្ដី ពួកគាត់មិនបានរួមដំណេកឡើយ រហូតដល់លោកយេស៊ូកើតមក។ ចំពោះពួកគាត់ ភារកិច្ចដែលព្រះបានផ្ដល់ឲ្យ គឺសំខាន់ជាងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ (ម៉ាថ. ១:២៥) មួយវិញទៀត ម៉ារៀសង្កេតមើលអ្វីដែលបានកើតឡើងក្នុងជីវិតរបស់លោកយេស៊ូ ហើយបានស្ដាប់អ្វីដែលលោកបានបង្រៀន។ គាត់ពិតជាចាប់អារម្មណ៍ចំពោះសេចក្ដីសន្យារបស់ព្រះអំពីមេស្ស៊ី។ តើយើងអាចយកតម្រាប់ម៉ារៀដោយបន្តព្យាយាមធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើឬទេ? w១៨.០២ ទំ. ១៩-២០ វ. ១១
ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ
[យ៉ូប]ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់។—យ៉ូប ១:៨
តើតាមរបៀបណាយើងអាចស្ដាប់បង្គាប់ព្រះនិងមានជំនឿដូចយ៉ូប? ទោះជាយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យើងចង់ធ្វើឲ្យប្រាកដថាព្រះយេហូវ៉ាតែងតែជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងចង់ទុកចិត្តលោកទាំងស្រុង ហើយស្ដាប់បង្គាប់លោកអស់ពីចិត្ត។ តាមពិតយើងមានមូលហេតុច្រើនជាងយ៉ូបឲ្យធ្វើដូច្នេះ។ សូមគិតអំពីអ្វីដែលយើងដឹងនៅសព្វថ្ងៃនេះ។ យើងដឹងអ្វីៗជាច្រើនអំពីសាថាននិងកលល្បិចរបស់វា។ (២កូ. ២:១១) ដោយសារគម្ពីរ ជាពិសេសសៀវភៅយ៉ូប យើងដឹងអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា។ តាមរយៈទំនាយរបស់ដានីយ៉ែល យើងដឹងថារាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលដ៏ពិតប្រាកដដែលមានលោកយេស៊ូគ្រិស្តជាអ្នកគ្រប់គ្រង។ (ដាន. ៧:១៣, ១៤) យើងក៏ដឹងដែរថា មិនយូរទៀតរាជាណាចក្រនេះនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយនឹងបំបាត់ចោលទុក្ខវេទនាសព្វបែបយ៉ាង។ បទពិសោធន៍របស់យ៉ូបក៏បង្រៀនយើងឲ្យបង្ហាញចិត្តអាណិតអាសូរពេលដែលបងប្អូនរបស់យើងរងទុក្ខលំបាក។ ដូចយ៉ូប ពួកគេប្រហែលជានិយាយដោយមិនបានគិតពិចារណា។ (សាស្ដ. ៧:៧) ប៉ុន្តែ យើងមិនគួរវិនិច្ឆ័យពួកគេឬចោទថាពួកគេបានធ្វើខុសទេ។ ផ្ទុយទៅវិញ យើងគួរខំយល់អារម្មណ៍របស់ពួកគេ។ បើយើងធ្វើដូច្នេះ យើងគឺដូចព្រះយេហូវ៉ាដែលជាបិតារបស់យើង ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណា។—ទំនុក. ១០៣:៨ w១៨.០២ ទំ. ៧ វ. ១៦; ទំ. ៨ វ. ១៩-២០
ថ្ងៃសុក្រ ទី៦ ខែធ្នូ
[ចិត្តរាបទាប]របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ។—ទំនុក. ១៨:៣៥; «ព.ថ.»
មនុស្សខ្លះមានអំណួតដោយសារពួកគេមានរូបរាងស្អាតឬសង្ហា មានគេចូលចិត្តច្រើន មានជំនាញខាងតន្ត្រី មានកម្លាំងខ្លាំងក្លា ឬដោយសារអ្នកឯទៀតស្ងើចសរសើរពួកគេ។ ទោះជាដាវីឌមានចំណុចល្អទាំងអស់នេះក្ដី គាត់បានរក្សាចិត្តរាបទាបពេញមួយជីវិតរបស់គាត់។ ជាឧទាហរណ៍ ក្រោយពីដាវីឌបានសម្លាប់កូលីយ៉ាត ស្តេចសុលបាននិយាយថាដាវីឌអាចរៀបការជាមួយនឹងកូនស្រីរបស់គាត់។ ប៉ុន្តែដាវីឌបាននិយាយថា៖ «តើទូលបង្គំជាអ្វី . . . បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ?»។ (១សាំ. ១៨:១៨) ដូចដាវីឌ រាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ព្យាយាមមានចិត្តរាបទាប។ យើងកោតស្ងើចដោយដឹងថាព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុត«មានចិត្តរាបទាប»។ យើងចង់ធ្វើតាមពាក្យទាំងនេះដែលថា៖ «ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់»។ (កូឡ. ៣:១២) យើងក៏ដឹងថា សេចក្ដីស្រឡាញ់‹មិនចេះនិយាយអួតអាង និងមិនចេះក្រអឺតក្រអោង›។ (១កូ. ១៣:៤) ពេលអ្នកឯទៀតឃើញថាយើងមានចិត្តរាបទាប ពួកគេក៏ប្រហែលជានឹងចង់ស្គាល់ព្រះយេហូវ៉ាដែរ។ w១៨.០១ ទំ. ២៨-២៩ វ. ៦-៧
ថ្ងៃសៅរ៍ ទី៧ ខែធ្នូ
ពួកគាត់អង្វរយើងម្ដងហើយម្ដងទៀត . . . សុំមានកិត្ដិយសជូនអំណោយដ៏សប្បុរស។—២កូ. ៨:៤
យើងប្រហែលជានឹងត្រូវសុំឲ្យធ្វើវិភាគទានសម្រាប់អ្វីណាមួយ។ (សកម្ម. ៤:៣៤, ៣៥; ១កូ. ១៦:២) ប្រហែលជាក្រុមជំនុំរបស់អ្នកមានគម្រោងសាងសង់សាលប្រជុំថ្មី។ យើងប្រហែលជាអាចជួយសម្រាប់ការចំណាយផ្សេងៗនៃមហាសន្និបាតរបស់យើង ឬប្រហែលជាយើងក៏អាចធ្វើវិភាគទានដើម្បីជួយបងប្អូនយើងនៅកន្លែងផ្សេងដែលបានរងទុក្ខដោយសារគ្រោះមហន្តរាយធម្មជាតិ។ វិភាគទានរបស់យើងក៏ជួយគាំទ្រសាសនទូត អ្នកត្រួសត្រាយពិសេស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយអ្នកដែលធ្វើកិច្ចការនៅមន្ទីរចាត់ការពិភពលោកនិងនៅការិយាល័យសាខាទូទាំងពិភពលោក។ យើងទាំងអស់គ្នាអាចឲ្យអ្វីមួយដើម្បីគាំទ្រកិច្ចការដែលអង្គការរបស់ព្រះយេហូវ៉ាកំពុងធ្វើក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ វិភាគទានភាគច្រើនគឺមិនដាក់ឈ្មោះរបស់បុគ្គលដែលបានជូននោះទេ។ ពេលដែលយើងដាក់លុយក្នុងប្រអប់វិភាគទាននៅសាលប្រជុំ ឬធ្វើវិភាគទានតាមគេហទំព័រjw.org យើងមិនប្រាប់អ្នកឯទៀតអំពីចំនួនវិភាគទានដែលយើងបានធ្វើទេ។ ប៉ុន្តែ ចុះបើអ្នកមានអារម្មណ៍ថាវិភាគទានរបស់អ្នកគឺតិចតួចណាស់? តាមការពិត វិភាគទានភាគច្រើនដែលអង្គការទទួលគឺមកពីអំណោយតិចតួចជាច្រើន ជាជាងអំណោយធំៗ។ w១៨.០១ ទំ. ១៧-១៨ វ. ១០-១១
ថ្ងៃអាទិត្យ ទី៨ ខែធ្នូ
អ្វីដែលកំពុងសង្គ្រោះអ្នករាល់គ្នាឥឡូវនេះ . . . គឺការជ្រមុជទឹក។—១ពេ. ៣:២១
ការជ្រមុជទឹកគឺជាអ្វីដែលសំខាន់ចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះនិងរស់ជារៀងរហូត។ (ម៉ាថ. ២៨:១៩, ២០) ពេលអ្នកទទួលការជ្រមុជទឹក នោះបង្ហាញថា អ្នកបានប្រគល់ខ្លួនអ្នកជូនព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ អ្នកបានសន្យាថាអ្នកនឹងស្រឡាញ់ព្រះយេហូវ៉ា ហើយចាត់ទុកការបម្រើលោកថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ អ្នកនឹងមិនដែលស្ដាយក្រោយដែលអ្នកឲ្យព្រះយេហូវ៉ាណែនាំជីវិតរបស់អ្នកឡើយ។ ពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ាគឺនៅខាងពិភពលោករបស់សាថានហើយ។ មេកំណាចមិនយកចិត្តទុកដាក់ចំពោះពួកគេឬចំពោះអ្នកទាល់តែសោះ។ តាមពិត វានឹងសប្បាយរីករាយបើអ្នកបាត់បង់សេចក្ដីសង្ឃឹមរស់ជារៀងរហូត ដោយសារអ្នកគាំទ្រវា ហើយបានបោះបង់ចោលព្រះយេហូវ៉ា។ សូមគិតអំពីពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកដោយសារអ្នកបានប្រគល់ខ្លួនជូនលោកនិងបានទទួលការជ្រមុជទឹក។ អ្នកបានប្រគល់ជីវិតរបស់ខ្លួនជូនព្រះយេហូវ៉ា ដូច្នេះអ្នកអាចនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។ (ទំនុក. ១១៨:៦) គ្មានឯកសិទ្ធិណាដែលអស្ចារ្យជាងការនៅខាងព្រះយេហូវ៉ា ហើយការដឹងថាលោកមានមោទនភាពចំពោះយើងនោះទេ។ w១៧.១២ ទំ. ២១-២២ វ. ១-៣
ថ្ងៃច័ន្ទ ទី៩ ខែធ្នូ
កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ។—ទំនុក. ៣៧:៨
ជួនកាលយើងខឹងនឹងបងប្អូនឯទៀតដោយសារអ្វីដែលពួកគេបាននិយាយឬធ្វើ ឬប្រហែលជាពួកគេខឹងនឹងយើង។ នេះអាចធ្វើឲ្យយើងពិបាក។ ប៉ុន្តែស្ថានភាពនោះផ្ដល់ឱកាសឲ្យយើងបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា។ តើតាមរបៀបណា? គឺយើងរៀនឲ្យចេះសហការគ្នាដោយមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើង។ ព្រះយេហូវ៉ាស្រឡាញ់ពួកគេទោះជាពួកគេគឺជាមនុស្សមិនល្អឥតខ្ចោះក្ដី ហើយយើងក៏គួរធ្វើដូច្នេះដែរ។ ព្រះយេហូវ៉ាមិនការពារអ្នកបម្រើរបស់លោកពីការល្បងលទេ។ យើងរៀនចំណុចនេះពីជីវិតរបស់យ៉ូសែប។ ពេលយ៉ូសែបនៅវ័យក្មេង បងប្អូនរបស់គាត់ច្រណែនគាត់។ ពួកគេបានលក់គាត់ឲ្យធ្វើជាខ្ញុំបម្រើ ហើយគាត់បានត្រូវយកទៅស្រុកអេស៊ីប។ (លោ. ៣៧:២៨) ព្រះយេហូវ៉ាបានឃើញអ្វីទាំងអស់ដែលបានកើតឡើង ហើយលោកទំនងជាឈឺចិត្តពេលឃើញគេប្រព្រឹត្តអាក្រក់ទៅលើយ៉ូសែបដែលជាមិត្តសម្លាញ់និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបញ្ឈប់អ្វីទាំងនោះទេ។ ក្រោយមក ពេលដែលយ៉ូសែបបានត្រូវគេចោទប្រកាន់ពីបទប៉ុនប៉ងរំលោភប្រពន្ធរបស់ប៉ូទីផារ ហើយបានត្រូវគេចាប់ដាក់គុក ព្រះយេហូវ៉ានៅតែមិនបានសង្គ្រោះយ៉ូសែប។ ប៉ុន្តែតើព្រះបានបោះបង់ចោលយ៉ូសែបឬទេ? មិនមែនទេ។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក»។—លោ. ៣៩:២១-២៣ w១៨.០១ ទំ. ៦-៧ វ. ១២-១៤
ថ្ងៃអង្គារ ទី១០ ខែធ្នូ
ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញមែន នោះគ្រិស្តក៏មិនបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។—១កូ. ១៥:១៣
តើអ្វីជាសេចក្ដីបង្រៀនដ៏សំខាន់នៃជំនឿរបស់អ្នក? អ្នកច្បាស់ជានឹងឆ្លើយថា អ្នកជឿថាព្រះយេហូវ៉ាជាអ្នកបង្កើតនិងជាបុគ្គលមួយរូបដែលបានផ្ដល់ជីវិតឲ្យយើង។ អ្នកក៏ទំនងជានឹងប្រាប់ថាអ្នកជឿលើលោកយេស៊ូគ្រិស្តដែលបានស្លាប់ជាថ្លៃលោះ។ ម្យ៉ាងទៀត អ្នកប្រាកដជានឹងនិយាយអំពីសួនឧទ្យាននៅលើផែនដីនាពេលអនាគត ជាកន្លែងដែលរាស្ត្ររបស់ព្រះនឹងរស់ជារៀងរហូត។ ប៉ុន្តែ តើអ្នកនឹងនិយាយថាការប្រោសឲ្យរស់ឡើងវិញជាអ្វីដែលអ្នកជឿនិងឲ្យតម្លៃខ្ពស់ឬទេ? យើងគួរតែចាត់ទុកសេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញជាសេចក្ដីបង្រៀនដ៏សំខាន់ណាស់ ទោះជាយើងមានសេចក្ដីសង្ឃឹមថាយើងនឹងរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំងនិងរស់ជារៀងរហូតនៅផែនដីក៏ដោយ។ ការប្រោសឲ្យរស់ឡើងវិញគឺសំខាន់ណាស់។ បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកមិនអាចគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌ ហើយកិច្ចការផ្សព្វផ្សាយរបស់យើងគ្មានប្រយោជន៍សោះ។ (១កូ. ១៥:១២-១៩) ប៉ុន្តែ យើងដឹងថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយជំនឿរបស់យើងដែលថាព្រះអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅតែរឹងមាំ។—ម៉ាក. ១២:១៨; សកម្ម. ៤:២, ៣; ១៧:៣២; ២៣:៦-៨ w១៧.១២ ទំ. ៩-១០ វ. ១-២
ថ្ងៃពុធ ទី១១ ខែធ្នូ
អ្នករាល់គ្នា . . . មិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ គឺយុត្ដិធម៌[និង]សេចក្ដីមេត្ដាករុណា។—ម៉ាថ. ២៣:២៣
ពួកផារិស៊ីមិនបានវិនិច្ឆ័យដោយសេចក្ដីមេត្ដាករុណាទេ។ ពួកគេបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកប្រព្រឹត្តអំពើខុសឆ្គងបានធ្វើ ជាជាងផ្ដោតអារម្មណ៍ទៅលើបុគ្គលនោះថាគាត់ជាមនុស្សបែបណា។ ពេលពួកផារិស៊ីខ្លះបានឃើញលោកយេស៊ូបរិភោគអាហារនៅផ្ទះរបស់ម៉ាថាយ ពួកគេបានសួរអ្នកកាន់តាមលោកថា៖ «ហេតុអ្វីគ្រូរបស់អ្នកបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង?»។ លោកយេស៊ូបានឆ្លើយថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ដូច្នេះ ចូរទៅរៀនអំពីអត្ថន័យនៃពាក្យដែលថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាទេ›។ ព្រោះខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ»។ (ម៉ាថ. ៩:៩-១៣) តើលោកយេស៊ូកំពុងរកលេសឲ្យពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងឬទេ? មិនមែនទេ។ លោកចង់ឲ្យពួកគេប្រែចិត្ត។ នោះជាផ្នែកដ៏សំខាន់មួយនៃដំណឹងដែលលោកបានផ្សាយ។ (ម៉ាថ. ៤:១៧) លោកយេស៊ូបានទទួលស្គាល់ថា«អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»ខ្លះចង់កែប្រែជីវិត។ ពួកគេនៅផ្ទះរបស់ម៉ាថាយមិនមែនដើម្បីបរិភោគអាហារប៉ុណ្ណោះទេ តែពួកគេនៅទីនោះដោយសារពួកគេចង់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាក. ២:១៥) គួរឲ្យស្ដាយណាស់ ពួកផារិស៊ីភាគច្រើនមិនមានទស្សនៈដូចលោកយេស៊ូចំពោះបណ្ដាជនឡើយ។ w១៧.១១ ទំ. ១៥-១៦ វ. ២; ទំ. ១៩ វ. ១៥
ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ
ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ។—កូឡ. ៣:១៤
យើងសប្បាយដែលយើងជាសមាជិកក្រុមជំនុំគ្រិស្តសាសនិក។ យើងសិក្សាបណ្ដាំរបស់ព្រះនៅកិច្ចប្រជុំ ហើយយើងគាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ នេះជួយយើងឲ្យបន្តផ្ដោតអារម្មណ៍លើរង្វាន់។ ប៉ុន្តែ ពេលខ្លះមានការយល់ច្រឡំដែលអាចបណ្ដាលឲ្យមានបញ្ហាជាមួយនឹងបងប្អូនរបស់យើង។ បើយើងមិនដោះស្រាយបញ្ហាទាំងនោះទេ នោះអាចនាំឲ្យមានការគុំកួនគ្នាយ៉ាងងាយ។ (១ពេ. ៣:៨, ៩) យើងមិនអាចឲ្យការគុំកួនធ្វើឲ្យយើងមិនទទួលរង្វាន់នោះទេ។ ប៉ូលបានពន្យល់អំពីអ្វីដែលគ្រិស្តសាសនិកត្រូវធ្វើ ពេលគាត់បាននិយាយថា៖ «ក្នុងនាមជាអ្នកដែលព្រះបានជ្រើសរើស ជាអ្នកបរិសុទ្ធនិងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។—កូឡ. ៣:១២, ១៣ w១៧.១១ ទំ. ២៩ វ. ៧-៨
ថ្ងៃសុក្រ ទី១៣ ខែធ្នូ
អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ។—យ៉ូស. ២០:៤
បើជនជាតិអ៊ីស្រាអែលណាម្នាក់សម្លាប់បុគ្គលម្នាក់ដោយអចេតនា គាត់ត្រូវរត់ទៅក្រុងពំនាក់ ហើយ«ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំ»ដែលនៅមាត់ទ្វារក្រុង។ បុរសចាស់ទុំត្រូវស្វាគមន៍គាត់។ ក្រោយមក ពួកគេនឹងបញ្ជូនគាត់ឲ្យទៅបុរសចាស់ទុំនៅក្រុងដែលបានកើតហេតុនោះដើម្បីវិនិច្ឆ័យគាត់។ (ជន. ៣៥:២៤, ២៥) បើបុរសចាស់ទុំនៅក្រុងនោះសម្រេចសេចក្ដីថាអ្នកនោះបានសម្លាប់បុគ្គលម្នាក់ដោយអចេតនា នោះពួកគាត់នឹងបញ្ជូនអ្នកដែលសម្លាប់គេដោយអចេតនានោះត្រឡប់ទៅក្រុងពំនាក់វិញ។ ហេតុអ្វីបុគ្គលដែលសម្លាប់គេដោយអចេតនាត្រូវប្រាប់បុរសចាស់ទុំ? ពីព្រោះបុរសចាស់ទុំនឹងធ្វើឲ្យប្រាកដថាក្រុមជំនុំនៃជនជាតិអ៊ីស្រាអែលនៅតែមានភាពស្អាតស្អំ ហើយពួកគេនឹងជួយអ្នកដែលសម្លាប់គេដោយអចេតនាឲ្យទទួលប្រយោជន៍ពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ បណ្ឌិតម្នាក់ខាងគម្ពីរបានសរសេរថាបើបុគ្គលដែលសម្លាប់គេដោយគ្មានចេតនាមិនទៅជួបបុរសចាស់ទុំទេ នោះគាត់អាចត្រូវគេសម្លាប់ ដោយសារគាត់មិនបានធ្វើតាមបង្គាប់របស់ព្រះ។ បើគាត់មិនទៅក្រុងពំនាក់ណាមួយ បុគ្គលដែលជាសាច់ញាតិជិតស្និទ្ធបំផុតរបស់បុគ្គលដែលគាត់បានសម្លាប់ មានសិទ្ធិសម្លាប់គាត់។ w១៧.១១ ទំ. ១១ វ. ៦-៧
ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ
ទេវតាទាំងឡាយជាវិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក មែនទេ?—ហេ. ១:១៤
សព្វថ្ងៃនេះ ព្រះយេហូវ៉ានៅតែប្រើទេវតារបស់លោកដើម្បីការពារនិងពង្រឹងកម្លាំងចិត្តរបស់រាស្ត្រលោក។ (ម៉ាឡ. ៣:៦; ហេ. ១:៧) តាំងពីឆ្នាំ១៩១៩ ពេលដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវដោះលែងក្នុងន័យធៀបពីបាប៊ីឡូនដ៏ខ្លាំងក្លា សត្រូវរបស់ពួកគេបានព្យាយាមរកវិធីផ្សេងៗដើម្បីមិនឲ្យការគោរពប្រណិប័តន៍ពិតរីកចម្រើន។ (បប. ១៨:៤) ប៉ុន្តែសត្រូវទាំងនេះមិនអាចធ្វើដូច្នេះបានឡើយ។ ដោយសារទេវតាការពារអង្គការរបស់ព្រះយេហូវ៉ា យើងមិនត្រូវភ័យខ្លាចថារាស្ត្ររបស់លោកនឹងទៅជាឈ្លើយនៃសាសនាមិនពិតម្ដងទៀតទេ។ (ទំនុក. ៣៤:៧) ផ្ទុយទៅវិញ យើងនឹងមានចិត្តសប្បាយ ហើយជាប់រវល់ជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងមានកងទ័ពរបស់ព្រះយេហូវ៉ានៅខាងយើង។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ទេវតារបស់ព្រះយេហូវ៉ានឹងការពាររាស្ត្ររបស់លោក ហើយនឹងបំផ្លាញអស់អ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (២ថែ. ១:៧, ៨) នោះពិតជាថ្ងៃដ៏អស្ចារ្យមែន! w១៧.១០ ទំ. ២៣-២៤ វ. ១០-១១
ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ
[ចូរ]ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ព្រមទាំងអធិដ្ឋានដោយនូវសកម្មពលរបស់ព្រះ។—យូ. ២០
គឺពិបាកណាស់ ពេលសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារបានត្រូវបណ្ដាច់មិត្តភាពឬបានដកខ្លួនចេញពីក្រុមជំនុំ។ យើងប្រហែលជាឈឺចិត្តជាខ្លាំងប្រៀបដូចជាគេយកដាវមកចាក់។ តើអ្នកអាចស៊ូទ្រាំនឹងការឈឺចាប់នេះយ៉ាងដូចម្ដេច? គឺសំខាន់ដែលអ្នកផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា។ ពេលដែលអ្នកមានអារម្មណ៍ឈឺចាប់បែបនេះ អ្នកត្រូវពង្រឹងជំនឿរបស់អ្នក។ សូមអានគម្ពីរជាទៀងទាត់ រៀបចំនិងទៅកិច្ចប្រជុំ បន្តផ្សព្វផ្សាយ ហើយអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យអ្នកដើម្បីស៊ូទ្រាំ។ (យូ. ២១) ចុះបើអ្នកធ្វើអ្វីៗទាំងអស់នេះរួចហើយ ប៉ុន្តែអ្នកនៅតែឈឺចាប់ តើអ្នកគួរធ្វើយ៉ាងណា? កុំឈប់ព្យាយាមឡើយ! ចូរបន្តផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ា។ យូរៗទៅ នេះនឹងជួយអ្នកឲ្យគ្រប់គ្រងគំនិតនិងអារម្មណ៍របស់អ្នក។ នេះបានកើតឡើងចំពោះអ្នកសរសេរទំនុកតម្កើង ៧៣។ ក្នុងជីវិតរបស់គាត់ មានពេលមួយដែលគាត់ពិបាកគ្រប់គ្រងគំនិតនិងអារម្មណ៍របស់គាត់។ ប៉ុន្តែ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានជួយគាត់ឲ្យមានទស្សនៈត្រឹមត្រូវឡើងវិញ។ (ទំនុក. ៧៣:១៦, ១៧) នេះក៏អាចជួយអ្នកដែរ។ w១៧.១០ ទំ. ១៤ វ. ១៧-១៨
ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ
ចូរបង្ហាញសេចក្ដីស្រឡាញ់ដោយគ្មានពុតត្បុត។—រ៉ូម ១២:៩
ពេលសាថានបាននិយាយជាមួយនឹងអេវ៉ានៅសួនអេដែន មើលទៅដូចជាវាចង់ជួយអេវ៉ាឲ្យទទួលប្រយោជន៍។ ប៉ុន្តែការប្រព្រឹត្តរបស់វាបង្ហាញថាវាគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងមានពុតត្បុត។ (លោ. ៣:៤, ៥) ពេលដាវីឌគ្រប់គ្រងជាស្តេច គាត់មានមិត្តភក្ដិម្នាក់ឈ្មោះអ័ហ៊ីថូផែល។ ប៉ុន្តែ អ័ហ៊ីថូផែលបានក្បត់ដាវីឌដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ការប្រព្រឹត្តរបស់អ័ហ៊ីថូផែលបានបង្ហាញថាគាត់មិនមែនជាមិត្តភក្ដិពិតនោះទេ។ (២សាំ. ១៥:៣១) សព្វថ្ងៃនេះ ពួកអ្នកក្បត់ជំនឿនិងពួកអ្នកដែលធ្វើឲ្យមានការបែកបាក់ក្នុងក្រុមជំនុំប្រើ«ពាក្យផ្អែមពីរោះនិងសម្ដីបញ្ចើចបញ្ចើ»។ (រ៉ូម ១៦:១៧, ១៨) ពួកគេប្រហែលជាធ្វើពុតជាយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ប៉ុន្តែតាមពិតពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ សេចក្ដីស្រឡាញ់ដែលមានពុតត្បុតជាអ្វីដែលគួរឲ្យអៀនខ្មាស ដោយសារនេះបានត្រូវប្រើដើម្បីបោកបញ្ឆោតអ្នកឯទៀត។ យើងប្រហែលជាបោកប្រាស់មនុស្សបាន ប៉ុន្តែយើងមិនអាចបោកបញ្ឆោតព្រះយេហូវ៉ាបានឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថាពួកអ្នកដែលធ្វើជាមនុស្សលាក់ពុតនឹងត្រូវដាក់ទោស«ធ្ងន់បំផុត»។ (ម៉ាថ. ២៤:៥១) ដូច្នេះ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ស្មោះឬទេ? ឬតើខ្ញុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយជាមនុស្សមិនទៀងត្រង់?›។ w១៧.១០ ទំ. ៤-៥ វ. ៦-៨
ថ្ងៃអង្គារ ទី១៧ ខែធ្នូ
ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ តែដោយគ្មានចំណេះត្រឹមត្រូវ។—រ៉ូម ១០:២
ពេលយើងអានគម្ពីរឲ្យអ្នកឯទៀតស្ដាប់ យើងកំពុងទុកឱកាសឲ្យព្រះយេហូវ៉ាមានប្រសាសន៍ទៅគាត់។ បទគម្ពីរដែលសមត្រឹមត្រូវចំពោះអ្នកស្ដាប់ មានឥទ្ធិពលខ្លាំងជាងអ្វីដែលយើងនិយាយទៅទៀត។ (១ថែ. ២:១៣) ពេលអ្នកផ្សព្វផ្សាយ តើអ្នកព្យាយាមប្រើគម្ពីរយ៉ាងច្រើនឬទេ? ប៉ុន្តែ ពេលយើងផ្សព្វផ្សាយ ការអានបទគម្ពីរប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ។ ដូចមនុស្សនៅសតវត្សរ៍ទី១ មនុស្សភាគច្រើននៅសព្វថ្ងៃនេះក៏មិនយល់អត្ថន័យនៃបទគម្ពីរដែរ។ យើងមិនគួរឆាប់សន្និដ្ឋានថាម្ចាស់ផ្ទះយល់អត្ថន័យនៃបទគម្ពីរដែលយើងអានឡើយ។ យើងអាចជួយម្ចាស់ផ្ទះដោយបញ្ជាក់ឡើងវិញនូវពាក្យសំខាន់ពីបទគម្ពីរ ហើយពន្យល់អត្ថន័យនៃពាក្យទាំងនោះ។ តាមរបៀបនេះ បណ្ដាំរបស់ព្រះអាចមានឥទ្ធិពលលើចិត្តនិងគំនិតរបស់មនុស្ស។—លូក. ២៤:៣២ w១៧.០៩ ទំ. ២៣ វ. ៧-៨
ថ្ងៃពុធ ទី១៨ ខែធ្នូ
ចូរ . . . មានចិត្តអាណិតមេត្ដា។—១ពេ. ៣:៨
ព្រះយេហូវ៉ាតម្រូវឲ្យគ្រិស្តសាសនិកបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកជិតខាងនិងចំពោះបងប្អូនរួមជំនឿ។ (យ៉ូន. ១៣:៣៤, ៣៥) អត្ថន័យមួយនៃចិត្តអាណិតមេត្ដាគឺ«រងទុក្ខជាមួយគ្នា»។ បុគ្គលម្នាក់ដែលបង្ហាញចិត្តអាណិតមេត្ដាព្យាយាមជួយពួកអ្នកដែលរងទុក្ខ។ ដូច្នេះ យើងគួរស្វែងរកឱកាសដើម្បីជួយអ្នកឯទៀត។ ពេលដែលយើងឃើញមនុស្សកំពុងរងទុក្ខដោយសារគ្រោះមហន្តរាយ យើងចង់បង្ហាញចិត្តអាណិតមេត្ដាចំពោះពួកគេ។ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវគេស្គាល់ជាទូទៅថាជាអ្នកផ្ដល់ជំនួយក្នុងគ្រាបែបនេះ។ (១ពេ. ២:១៧) ជាឧទាហរណ៍ នៅឆ្នាំ២០១១ បងស្រីជនជាតិជប៉ុនម្នាក់បានរស់នៅតំបន់ដែលបានត្រូវបំផ្លិចបំផ្លាញដោយរញ្ជួយដីនិងរលកយក្សស៊ូណាមី។ គាត់បាននិយាយថា ពេលដែលគាត់ឃើញអ្នកស្ម័គ្រចិត្តដែលមកពីតំបន់ផ្សេងៗនៃប្រទេសជប៉ុននិងពីប្រទេសឯទៀតបានមកជួយជួសជុលផ្ទះនិងសាលប្រជុំ នោះ«បានលើកទឹកចិត្តនិងសម្រាលទុក្ខ»គាត់ជាខ្លាំង។ គាត់បានបន្ថែមទៀតថា៖ «បទពិសោធន៍នេះបានជួយខ្ញុំឲ្យយល់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយថាបងប្អូនរួមជំនឿក៏យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដែរ។ បងប្អូនជាច្រើននាក់នៅទូទាំងពិភពលោកកំពុងអធិដ្ឋានឲ្យយើង»។ w១៧.០៩ ទំ. ១២-១៣ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ
ផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺ . . . ការចេះទប់ចិត្ត។—កាឡ. ៥:២២, ២៣
ហេតុអ្វីយើងត្រូវតែចេះទប់ចិត្ត? មានមូលហេតុដ៏សំខាន់ពីរ។ ទី១ តាមធម្មតា មនុស្សដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនមានបញ្ហាតិចជាង។ ម្យ៉ាងទៀត គឺស្រួលជាងសម្រាប់ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកឯទៀត ហើយជៀសវាងពីកំហឹង ការខ្វល់ខ្វាយ ឬការតានតឹងចិត្ត។ ទី២ ដើម្បីបន្តធ្វើជាមិត្តសម្លាញ់របស់ព្រះ យើងត្រូវទប់ទល់នឹងការល្បួងនិងគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន។ អាដាមនិងអេវ៉ាមិនបានធ្វើដូច្នេះទេ។ (លោ. ៣:៦) ដូចអាដាមនិងអេវ៉ា មនុស្សជាច្រើននាក់នៅសព្វថ្ងៃនេះមានបញ្ហាធ្ងន់ធ្ងរដោយសារពួកគេក៏មិនចេះទប់ចិត្តដែរ។ ព្រះយេហូវ៉ាយល់ថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយថាគឺពិបាកឲ្យយើងចេះទប់ចិត្ត។ ប៉ុន្តែ លោកចង់ជួយយើងឲ្យគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។—១ព. ៨:៤៦-៥០ w១៧.០៩ ទំ. ៣-៤ វ. ៣-៤
ថ្ងៃសុក្រ ទី២០ ខែធ្នូ
[ចូរ]បំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។—កូឡ. ៣:១០
នៅពេលមួយ សាក្សីដែលមានពណ៌សម្បុរខុសគ្នានៅប្រទេសអាហ្វ្រិកខាងត្បូងមិនបានត្រូវអនុញ្ញាតឲ្យជួបជុំគ្នាទេ។ ប៉ុន្តែ នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១១ សាក្សីជាង៧៨.០០០នាក់ដែលមានជាតិសាសន៍ផ្សេងៗពីគ្នា ហើយមកពីប្រទេសអាហ្វ្រិកខាងត្បូងនិងប្រទេសជិតខាង បានជួបជុំគ្នាសម្រាប់កម្មវិធីពិសេសមួយនៅកីឡាដ្ឋានដ៏ធំបំផុតក្នុងក្រុងជោហានេសបួ។ អ្នកគ្រប់គ្រងម្នាក់នៃកីឡាដ្ឋាននោះបាននិយាយថា៖ «នេះជាក្រុមមនុស្សដែលថ្លៃថ្នូរបំផុតដែលខ្ញុំបានឃើញនៅក្នុងកីឡាដ្ឋាននេះ។ ទាំងអស់គ្នាស្លៀកពាក់ស្អាតបាត ហើយបានសម្អាតកីឡាដ្ឋានបានស្អាតល្អ។ ប៉ុន្តែសំខាន់បំផុត អ្នកទាំងអស់គ្នានៅក្នុងអង្គការមួយដែលមានសមាជិកពីគ្រប់ពូជសាសន៍»។ ដូច្នេះ សូម្បីតែអ្នកដែលមិនមែនជាសាក្សីក៏អាចឃើញច្បាស់ថាសាមគ្គីភាពជាបងប្អូនរួមជំនឿទូទាំងពិភពលោកគឺជាអ្វីដ៏ពិសេស។ ហេតុអ្វីយើងខុសគ្នាឆ្ងាយណាស់ពីអង្គការទាំងអស់ឯទៀត? ពីព្រោះយើងព្យាយាមកែប្រែខ្លួនពីអ្វីណាក៏ដោយដែលព្រះយេហូវ៉ាមិនពេញចិត្ត ដោយមានជំនួយពីគម្ពីរនិងសកម្មពលបរិសុទ្ធរបស់ព្រះ។ យើង«ដោះចេញនូវបុគ្គលិកលក្ខណៈចាស់» ហើយយើងបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»។—កូឡ. ៣:៩ w១៧.០៨ ទំ. ១៥-១៦ វ. ២-៣
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ
ចូរអ្នករាល់គ្នាមានចិត្តអត់ធ្មត់ដែរ។—យ៉ា. ៥:៨
គម្ពីរចែងថាចិត្តអត់ធ្មត់មកពីសកម្មពលបរិសុទ្ធរបស់ព្រះ។ បើគ្មានជំនួយពីព្រះទេ ពេលដែលមនុស្សមិនល្អឥតខ្ចោះស្ថិតក្នុងស្ថានភាពដ៏ពិបាកខ្លាំង គឺពិបាកឲ្យពួកគេបង្ហាញចិត្តអត់ធ្មត់។ ចិត្តអត់ធ្មត់គឺជាអំណោយមួយដែលមកពីព្រះ ហើយយើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកឯទៀតពេលដែលយើងមានចិត្តអត់ធ្មត់។ ពេលយើងមិនមានចិត្តអត់ធ្មត់ សេចក្ដីស្រឡាញ់រវាងយើងនិងអ្នកឯទៀតនឹងរសាយទៅ។ (១កូ. ១៣:៤; កាឡ. ៥:២២) តើការអត់ធ្មត់រួមបញ្ចូលអ្វី? នេះរួមបញ្ចូលការស៊ូទ្រាំនឹងស្ថានភាពពិបាកដោយនៅតែរក្សាចិត្តគំនិតត្រឹមត្រូវ។ (កូឡ. ១:១១; យ៉ា. ១:៣, ៤) ចិត្តអត់ធ្មត់ក៏ជួយយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាយើងមានបញ្ហាអ្វីក៏ដោយ ហើយជួយយើងឲ្យជៀសវាងពីការតបស្នងការអាក្រក់នៅពេលដែលយើងរងទុក្ខ។ គម្ពីរបញ្ជាក់ថាយើងត្រូវសុខចិត្តរង់ចាំ។ នេះគឺជាមេរៀនដ៏សំខាន់មួយដែលយើងរៀនពីយ៉ាកុប ៥:៧, ៨។ w១៧.០៨ ទំ. ៤ វ. ៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ
កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង។ អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង។—អេ. ៤១:១០
ប្អូនៗវ័យក្មេងទំនងជានឹងយល់ស្របថា មុនចាប់ផ្ដើមធ្វើដំណើរទៅកន្លែងណាមួយ គឺជាការឈ្លាសវៃឲ្យអ្នកធ្វើគម្រោងអំពីកន្លែងដែលអ្នកចង់ទៅ។ ជីវិតគឺប្រៀបដូចជាការធ្វើដំណើរមួយ ហើយពេលវេលាដើម្បីធ្វើគម្រោងអំពីកន្លែងដែលអ្នកចង់ទៅគឺពេលដែលអ្នកនៅក្មេង។ ការធ្វើគម្រោងនោះប្រហែលជាមិនស្រួលទេ។ បើអ្នកមានអារម្មណ៍បែបនេះ សូមចាំអំពីប្រសាសន៍របស់ព្រះយេហូវ៉ាក្នុងបទគម្ពីរថ្ងៃនេះ។ ព្រះយេហូវ៉ាលើកទឹកចិត្តអ្នកឲ្យរៀបគម្រោងដ៏ឈ្លាសវៃសម្រាប់ពេលអនាគត។ (សាស្ដ. ១២:១; ម៉ាថ. ៦:២០) លោកចង់ឲ្យអ្នកមានជីវិតសប្បាយរីករាយ។ អ្នកអាចដឹងដូច្នេះពេលដែលអ្នកមើល ស្ដាប់ និងភ្លក់អ្វីៗដែលលោកបានបង្កើត។ ព្រះយេហូវ៉ាក៏យកចិត្តទុកដាក់ចំពោះយើងតាមរបៀបផ្សេងទៀតដែរ។ លោកផ្ដល់ការណែនាំដល់យើង ហើយបង្រៀនយើងអំពីរបៀបរស់នៅដ៏ល្អបំផុត។ ដូច្នេះ ពេលមនុស្សមិនព្រមទទួលការណែនាំពីលោកដែលប្រកបដោយប្រាជ្ញា នោះនាំឲ្យលោកមិនពេញចិត្តទេ។ លោកប្រាប់ពួកអ្នកដែលមិនធ្វើតាមការណែនាំពីលោកថា អ្នក«បានរើសយករបស់ដែលអញមិនចូលចិត្ត។ . . . មើល! ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស។ មើល! ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ»។ (អេ. ៦៥:១២-១៤) ពេលយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងជីវិតរបស់យើង យើងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ។—សុភ. ២៧:១១ w១៧.០៧ ទំ. ២១-២២ វ. ១-២
ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ
[ព្រះយេហូវ៉ា]ហៅ[អស់ទាំងផ្កាយ]តាមឈ្មោះទាំងអស់។—ទំនុក. ១៤៧:៤
ព្រះដែលស្គាល់ទីតាំងរបស់ផ្កាយនីមួយៗក៏ជាបុគ្គលដែលស្គាល់អ្នកដែរ។ លោកតែងតែដឹងច្បាស់អំពីអារម្មណ៍របស់អ្នក អ្វីដែលអ្នកត្រូវការ និងទីកន្លែងដែលអ្នកនៅ! ព្រះយេហូវ៉ាយល់នូវអ្វីដែលអ្នកកំពុងជួបប្រទះក្នុងជីវិត ហើយលោកមានឫទ្ធានុភាពដើម្បីជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហារបស់អ្នក។ (ទំនុក. ១៤៧:៥) អ្នកប្រហែលជាមានអារម្មណ៍ថាស្ថានភាពរបស់អ្នកគឺពិបាកពេក ហើយថាអ្នកមិនអាចស៊ូទ្រាំបានទេ។ ព្រះយល់អំពីកម្រិតសមត្ថភាពរបស់យើង «ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុក. ១០៣:១៤) យើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះយើងបន្តធ្វើខុសដដែលៗ ហើយនេះប្រហែលជាធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។ យើងស្ដាយក្រោយយ៉ាងខ្លាំងចំពោះអ្វីដែលយើងបាននិយាយ ចំពោះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដែលយើងមាន ឬចិត្តច្រណែនដែលយើងមាន! ព្រះយេហូវ៉ាមិនមានភាពទន់ខ្សោយណាទាល់តែសោះ ប៉ុន្តែលោកយល់ទាំងស្រុងអំពីអារម្មណ៍របស់យើង។ (អេ. ៤០:២៨) តើអ្នកធ្លាប់មានអារម្មណ៍ថាដៃដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាបានជួយអ្នកឲ្យធូរស្រាលឡើងវិញពីទុក្ខលំបាកឬទេ?—អេ. ៤១:១០, ១៣ w១៧.០៧ ទំ. ១៦-១៧ វ. ៦-៨
ថ្ងៃអង្គារ ទី២៤ ខែធ្នូ
អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ។—សុភ. ២២:៩
បងប្រុសម្នាក់ទៀតប្រើដីនិងផ្ទះរបស់គាត់នៅប្រទេសស្រីលង្កាសម្រាប់កិច្ចប្រជុំ សន្និបាត និងសម្រាប់អ្នកបម្រើពេញពេលស្នាក់នៅ។ នេះគឺជាការលះបង់ខាងលុយកាក់ចំពោះបងប្រុសនោះ ប៉ុន្តែនេះជួយអ្នកផ្សាយនៅទីនោះដែលមិនសូវមានលុយ។ នៅប្រទេសមួយដែលបានដាក់កម្រិតលើកិច្ចការរបស់យើង បងប្អូនប្រើផ្ទះរបស់ពួកគេជាសាលប្រជុំ។ នោះនាំឲ្យអ្នកត្រួសត្រាយនិងបងប្អូនឯទៀតដែលមិនសូវមានលុយ មានកន្លែងប្រជុំដោយមិនចាំបាច់បង់ថ្លៃឈ្នួលឡើយ។ បងស្រីម្នាក់ដែលធ្វើវិភាគទានជាលុយកាក់ជាទៀងទាត់ដើម្បីជួយកិច្ចការរាជាណាចក្រនិយាយថា មានអ្វីមួយដែលប្លែកដែលបានកើតឡើងចំពោះគាត់អស់ជាច្រើនឆ្នាំមកហើយ។ គាត់ពន្យល់ថា៖ «ខ្ញុំឃើញថាកាលដែលខ្ញុំកាន់តែមានចិត្តទូលាយខាងលុយកាក់ ខ្ញុំកាន់តែមានចិត្តគំនិតទូលាយចំពោះអ្នកឯទៀត។ ខ្ញុំកាន់តែមានចិត្តទូលាយក្នុងការអភ័យទោសឲ្យអ្នកឯទៀតនិងមានចិត្តអត់ធ្មត់ចំពោះពួកគេ ហើយខ្ញុំក៏អាចទទួលឱវាទនិងអាចប្រឈមមុខនឹងអ្វីដែលអាចធ្វើឲ្យខ្ញុំខកចិត្ត»។ w១៧.០៧ ទំ. ៥ វ. ៩-១០
ថ្ងៃពុធ ទី២៥ ខែធ្នូ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលតប[ទៅសាថាន]ថា៖ «មើល! អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ»។—យ៉ូប ១:១២
ទោះជានៅទីបំផុតយ៉ូបប្រហែលជាបានដឹងអំពីមូលហេតុដែលគាត់បានរងទុក្ខក្ដី គាត់ក៏ប្រហែលជាបានឆ្ងល់អំពីមូលហេតុដែលព្រះបានអនុញ្ញាតឲ្យគាត់រងទុក្ខយ៉ាងខ្លាំងដូច្នេះ។ បើយ៉ូបមានគំនិតបែបនេះ គាត់អាចចាំអំពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់។ នោះច្បាស់ជាបានសម្រាលទុក្ខគាត់ ហើយបានជួយគាត់ឲ្យមានទស្សនៈត្រឹមត្រូវ។ (ទំនុក. ៩៤:១៩) ការរំពឹងគិតអំពីអ្វីដែលបានកើតឡើងចំពោះយ៉ូប អាចជួយយើងឲ្យកែតម្រូវរបៀបគិតគូររបស់យើង ហើយអាចសម្រាលទុក្ខយើង។ សៀវភៅយ៉ូបគឺជាផ្នែកមួយនៃគម្ពីរដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យសរសេរទុក«ដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) សៀវភៅនេះបង្រៀនយើងថាយើងមិនគួរគិតច្រើនពេកអំពីបញ្ហារបស់យើងរហូតដល់យើងឈប់គិតអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាឡើយ។ ដូចយ៉ូប យើងបង្ហាញការគាំទ្រចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយរក្សាភាពស្មោះត្រង់ចំពោះលោក សូម្បីតែនៅពេលដែលមានការពិបាកក្នុងជីវិតក្ដី។ w១៧.០៦ ទំ. ១៧ វ. ៩; ទំ. ១៨-១៩ វ. ១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ
សូមអ្នករាល់គ្នាមកជាមួយនឹងខ្ញុំដោយឡែក ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្ដិច។—ម៉ាក. ៦:៣១
លោកយេស៊ូបានដឹងថាការសម្រាកគឺសំខាន់សម្រាប់អ្នកកាន់តាមលោក។ ជាឧទាហរណ៍ ក្រោយពីពួកគេបានខំប្រឹងធ្វើកិច្ចការផ្សព្វផ្សាយ លោកយេស៊ូបានប្រាប់ពួកគេនូវពាក្យដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ ការលម្ហែកាយនិងការកម្សាន្តអាចជួយយើងឲ្យសម្រាកនិងលម្ហែអារម្មណ៍។ ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្នមិនឲ្យការសប្បាយទៅជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ នៅសតវត្សរ៍ទី១ មនុស្សជាច្រើនមានចិត្តគំនិតដែលថា៖ «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ (១កូ. ១៥:៣២) មនុស្សជាច្រើនក៏មានចិត្តគំនិតបែបនេះនៅសព្វថ្ងៃនេះដែរ។ តើអ្វីអាចជួយយើងឲ្យដឹងថាយើងមានទស្សនៈត្រឹមត្រូវចំពោះការកម្សាន្ត? អ្វីមួយដែលយើងអាចធ្វើគឺយើងអាចកត់ទុកចំនួនម៉ោងដែលយើងចំណាយក្នុងសប្ដាហ៍ណាមួយសម្រាប់សកម្មភាពដែលទាក់ទងនឹងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ រួចមកយើងអាចកត់ទុកចំនួនម៉ោងដែលយើងចំណាយក្នុងសប្ដាហ៍ដដែលនោះទៅលើការកម្សាន្តដូចជាការលេងកីឡា ការមើលទូរទស្សន៍ ឬការលេងវីដេអូហ្គេម។ តើយើងត្រូវធ្វើការកែប្រែឬទេ?—អេភ. ៥:១៥, ១៦ w១៧.០៥ ទំ. ២៤ វ. ១១-១៣
ថ្ងៃសុក្រ ទី២៧ ខែធ្នូ
រាជាណាចក្រស្ថានសួគ៌គឺដូចជាអ្នកធ្វើដំណើរជួញដូរម្នាក់ ដែលកំពុងរកគជ់ខ្យងល្អវិសេស។—ម៉ាថ. ១៣:៤៥
លោកយេស៊ូបានប្រាប់រឿងមួយអំពីអ្នកជួញដូរម្នាក់ដែលបានរកឃើញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់។ បុរសនោះចង់បានគជ់ខ្យងនោះខ្លាំងដល់ម្ល៉េះបានជាគាត់លក់អ្វីៗទាំងអស់ដែលគាត់មានដើម្បីទិញគជ់ខ្យងនោះ។ តើអ្នកអាចស្រមៃគិតថាគជ់ខ្យងនោះមានតម្លៃខ្លាំងប៉ុណ្ណាចំពោះគាត់ឬទេ? សេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះគឺដូចជាគជ់ខ្យងដែលមានតម្លៃនោះ។ បើយើងស្រឡាញ់រាជាណាចក្ររបស់ព្រះដូចដែលបុរសឲ្យតម្លៃចំពោះគជ់ខ្យងនោះ យើងនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីទៅជានិងបន្តធ្វើជារាស្ត្រនៃរាជាណាចក្រនោះ។ (ម៉ាក. ១០:២៨-៣០) ជាឧទាហរណ៍ សាខេបានក្លាយទៅជាអ្នកមានដោយចោទប្រកាន់អ្នកឯទៀតមិនពិតដើម្បីយកប្រាក់ពីបណ្ដាជន។ (លូក. ១៩:១-៩) ប៉ុន្តែនៅថ្ងៃមួយ សាខេបានឮលោកយេស៊ូមានប្រសាសន៍អំពីរាជាណាចក្រព្រះ។ គាត់ចូលចិត្តអ្វីដែលគាត់បានឮខ្លាំងដល់ម្ល៉េះបានជាគាត់ចង់កែប្រែទាំងស្រុង។ គាត់បាននិយាយថា៖ «លោកម្ចាស់! ខ្ញុំកំពុងចែកទ្រព្យសម្បត្ដិខ្ញុំពាក់កណ្ដាលដល់អ្នកក្រីក្រ ហើយអ្វីក៏ដោយដែលខ្ញុំបានទទួលដោយចោទប្រកាន់អ្នកណាម្នាក់មិនពិត នោះខ្ញុំកំពុងសងមួយជាបួន»។ សាខេបានសងប្រាក់ដែលគាត់បានយកពីបណ្ដាជន ហើយលែងមានចិត្តលោភលន់ទៀត។ w១៧.០៦ ទំ. ១០ វ. ៣-៥
ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ
គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ។—៣យ៉ូន. ៤
ពួកអ្នកដែលឪពុកម្ដាយជ្រើសរើសឲ្យជួយកូនរបស់ពួកគាត់គួរតែលើកទឹកចិត្តកូននោះឲ្យគោរពឪពុកម្ដាយ។ អ្នកដែលជួយអាចធ្វើដូច្នេះដោយនិយាយល្អអំពីឪពុកម្ដាយនោះ ហើយដោយមិនព្យាយាមយកភារកិច្ចរបស់ឪពុកម្ដាយក្នុងការអប់រំកូន។ ម្យ៉ាងទៀត អ្នកជួយនោះ គួរជៀសវាងពីការប្រព្រឹត្តណាក៏ដោយដែលបងប្អូននៅក្នុងក្រុមជំនុំឬមនុស្សនៅក្រៅក្រុមជំនុំអាចយល់ច្រឡំថាមិនត្រឹមត្រូវខាងសីលធម៌។ (១ពេ. ២:១២) ទោះជាឪពុកម្ដាយប្រហែលជានឹងសុំជំនួយពីអ្នកឯទៀតក៏ដោយ ពួកគាត់នៅតែមានភារកិច្ចបង្រៀនកូននូវសេចក្ដីពិត។ ពួកគាត់ត្រូវមើលការខុសត្រូវចំពោះជំនួយដែលគ្រិស្តសាសនិកឯទៀតផ្ដល់ឲ្យ។ ឪពុកម្ដាយ សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយខំព្យាយាមអស់ពីសមត្ថភាព។ (២រប. ១៥:៧) សូមចាត់ទុកចំណងមិត្តភាពរបស់កូនជាមួយនឹងព្រះយេហូវ៉ាថាសំខាន់ជាងចំណង់ចំណូលចិត្តរបស់អ្នក។ សូមធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីធ្វើឲ្យប្រាកដថាបណ្ដាំរបស់ព្រះមានឥទ្ធិពលលើចិត្តកូន។ សូមកុំឈប់ជឿជាក់ថាកូនរបស់អ្នកអាចក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា។ w១៧.០៥ ទំ. ១៤ វ. ១៩-២០
ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ
សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាឡើយ។—១ព. ២១:៣
បុរសអាក្រក់ពីរនាក់បានចោទប្រកាន់បុរសម្នាក់ថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ។ អ្វីដែលពួកគេបាននិយាយគឺជាពាក្យកុហក។ ប៉ុន្តែ បុរសម្នាក់នោះបានជាប់ទោស ហើយបានត្រូវប្រហារជីវិត។ សូមស្រមៃគិតថាមនុស្សដែលស្រឡាញ់យុត្ដិធម៌មានអារម្មណ៍យ៉ាងណាកាលដែលពួកគេបានឃើញបុរសនោះដែលគ្មានទោសនិងកូនប្រុសៗរបស់គាត់បានត្រូវគេគប់ដុំថ្មសម្លាប់! នេះមិនមែនជារឿងព្រេងទេ។ នេះគឺជាអ្វីដែលពិតជាបានកើតឡើងចំពោះណាបោតដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ គាត់បានរស់នៅសម័យដែលស្តេចអ័ហាប់គ្រប់គ្រងលើស្រុកអ៊ីស្រាអែល។ (១ព. ២១:១១-១៣; ២ព. ៩:២៦) ពេលស្តេចអ័ហាប់បានសុំទិញចម្ការទំពាំងបាយជូររបស់ណាបោត ឬឲ្យគាត់នូវចម្ការទំពាំងបាយជូរដ៏ល្អប្រសើរជាងនោះដើម្បីដោះដូរ ណាបោតបានបដិសេធ។ ហេតុអ្វី? ណាបោតបានបដិសេធការស្នើសុំរបស់ស្តេចអ័ហាប់ ដោយសារការលក់មត៌ករបស់គ្រួសារដាច់ឲ្យអ្នកឯទៀត គឺខុសច្បាប់របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល។ (លេវី. ២៥:២៣; ជន. ៣៦:៧) ណាបោតបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ w១៧.០៤ ទំ. ២១ វ. ១; ទំ. ២២ វ. ៤
ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ
ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ។ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ។—ទំនុក. ៣៧:១០
តើអ្នកណានឹងនៅមានជីវិតពេលដែលលែងមានមនុស្សអាក្រក់? ព្រះយេហូវ៉ាសន្យាថា៖ «មនុស្សរាបសាគេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ ទំនុកនោះក៏ចែងក្រោយមកថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុក. ៣៧:១១, ២៩) តើ«មនុស្សរាបសា»និង«ពួកអ្នកសុចរិត»ជាអ្នកណា? មនុស្សរាបសាជាអ្នកដែលមានចិត្តរាបទាបដែលរៀនពីព្រះយេហូវ៉ានិងស្ដាប់បង្គាប់លោក។ ពួកអ្នកសុចរិតគឺជាអ្នកដែលចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានមនុស្សទុច្ចរិតច្រើនជាងមនុស្សសុចរិត។ ប៉ុន្តែ ក្នុងពិភពលោកថ្មី នឹងមានតែមនុស្សសុចរិតនិងរាបសាប៉ុណ្ណោះ ហើយពួកគេនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន! w១៧.០៤ ទំ. ១១-១២ វ. ៥-៦
ថ្ងៃអង្គារ ទី៣១ ខែធ្នូ
កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា . . . នោះកុំឲ្យបង្ខាំងទុកឡើយ។—សុភ. ៣:២៧
«សេចក្ដីស្រឡាញ់ចំពោះព្រះ»ជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់បងប្អូនរបស់យើង ជាពិសេសពេលពួកគេជួបប្រទះនឹងទុក្ខលំបាក។ (១យ៉ូន. ៣:១៧, ១៨) ជាឧទាហរណ៍ ពេលដែលគ្រិស្តសាសនិកសម័យដើមនៅតំបន់យូឌាត្រូវការអាហារដោយសារមានការអត់ឃ្លាន ក្រុមជំនុំបានផ្ដល់ជំនួយដល់ពួកគេ។ (សកម្ម. ១១:២៨, ២៩) សាវ័កប៉ូលនិងសាវ័កពេត្រុសក៏បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យទទួលបងប្អូនឯទៀតដោយរាក់ទាក់។ (រ៉ូម ១២:១៣; ១ពេ. ៤:៩) ដោយសារគ្រិស្តសាសនិកបានត្រូវលើកទឹកចិត្តឲ្យបង្ហាញចិត្តសប្បុរសចំពោះបងប្អូនដែលមកពីកន្លែងផ្សេង យើងច្បាស់ជាគួរបង្ហាញសេចក្ដីសប្បុរសចំពោះបងប្អូនរបស់យើងដែលស្ថិតនៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ ឬដែលទទួលការបៀតបៀនដោយសារជំនឿរបស់ពួកគេ។ ថ្មីៗនេះ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះឬប្រទេសរបស់ខ្លួនដោយសារសង្គ្រាមនិងការបៀតបៀននៅទីនោះ។ គួរឲ្យស្ដាយណាស់ បងប្អូនខ្លះបានត្រូវគេសម្លាប់។ ប៉ុន្តែ បងប្អូនភាគច្រើនដែលបានភៀសខ្លួនចេញពីផ្ទះបានត្រូវអញ្ជើញឲ្យស្នាក់នៅផ្ទះរបស់បងប្អូនរួមជំនឿនៅប្រទេសរុស្ស៊ីនិងនៅតំបន់ឯទៀតនៃប្រទេសអ៊ុយក្រែន។ នៅប្រទេសទាំងពីរនោះ បងប្អូនបានរក្សាអព្យាក្រឹតភាព ‹មិនបានរួមចំណែកក្នុងពិភពលោក› ហើយបានបន្តផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវ«ដំណឹងល្អអំពីបណ្ដាំរបស់ព្រះ»។—យ៉ូន. ១៥:១៩; សកម្ម. ៨:៤ w១៧.០៥ ទំ. ៤-៥ វ. ៦-៧