ខែមករា
ថ្ងៃសុក្រ ទី១ ខែមករា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ។—ម៉ាថ. ២៨:១៩
អ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់ព្រះចង់រៀនអំពីរបៀប‹បំពេញកិច្ចបម្រើនេះគ្រប់ជំពូក›ដែលពួកគេបានត្រូវបង្គាប់ឲ្យធ្វើ។ (២ធី. ៤:៥) កិច្ចការនេះគឺសំខាន់ជាងនិងបន្ទាន់ជាងកិច្ចការណាទាំងអស់ក្នុងជីវិត។ ប៉ុន្តែ ទោះជាយើងចង់ផ្សព្វផ្សាយច្រើនក្ដី ជួនកាលយើងពិបាកធ្វើដូច្នេះ។ កិច្ចការដ៏សំខាន់ផ្សេងទៀតតម្រូវឲ្យយើងចំណាយពេលវេលានិងកម្លាំង។ យើងប្រហែលជាត្រូវធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្លួននិងក្រុមគ្រួសារ។ យើងប្រហែលជាមានការពិបាកដោយសារយើងត្រូវបំពេញភារកិច្ចផ្សេងទៀតក្នុងក្រុមគ្រួសារ ឬក៏យើងប្រហែលជាឈឺ ធ្លាក់ទឹកចិត្ត ឬមានបញ្ហាផ្សេងៗដែលមកពីភាពចាស់ជរា។ បើយើងមិនអាចចំណាយពេលច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ាដោយសារកាលៈទេសៈរបស់យើង យើងមិនគួរធ្លាក់ទឹកចិត្តឡើយ។ លោកយេស៊ូដឹងថាយើងមិនអាចបង្កើតផលនៃរាជាណាចក្រដូចៗគ្នាទេ។ (ម៉ាថ. ១៣:២៣) ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះគ្រប់ការទាំងអស់ដែលយើងធ្វើក្នុងកិច្ចបម្រើលោក ដរាបណាអ្វីដែលយើងធ្វើគឺអស់ពីសមត្ថភាព។—ហេ. ៦:១០-១២ w១៩.០៤ ទំ. ២ វ. ១-៣
ថ្ងៃសៅរ៍ ទី២ ខែមករា
មេកំណាចជាអ្នកភូតភរក៏ជាឪពុកនៃការភូតភរទៀតផង។—យ៉ូន. ៨:៤៤
ការភូតភររបស់សាថានអំពីស្ថានភាពមនុស្សស្លាប់ បង្កាច់បង្ខូចព្រះយេហូវ៉ា។ ការកុហកទាំងនោះរួមបញ្ចូលសេចក្ដីបង្រៀនមិនពិតដែលថាមនុស្សស្លាប់រងទារុណកម្មក្នុងភ្លើង។ សេចក្ដីបង្រៀនបែបនេះបង្កាច់បង្ខូចព្រះ! តើតាមរបៀបណា? សេចក្ដីបង្រៀនបែបនេះនាំឲ្យមនុស្សជឿថាព្រះមានបុគ្គលិកលក្ខណៈដូចមេកំណាច ទោះជាតាមពិតលោកជាព្រះនៃសេចក្ដីស្រឡាញ់ក្ដី។ (១យ៉ូន. ៤:៨) តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? សំខាន់ជាងនេះទៅទៀត តើនេះធ្វើឲ្យព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា? តាមពិត លោកស្អប់អំពើឃោរឃៅគ្រប់បែបយ៉ាង។ (យេ. ១៩:៥) ការភូតភររបស់សាថានអំពីសេចក្ដីស្លាប់ធ្វើឲ្យមនុស្សគិតថាគ្រឿងបូជាលោះរបស់គ្រិស្តគឺមិនសំខាន់ចាំបាច់ទេ។ (ម៉ាថ. ២០:២៨) ការកុហកមួយទៀតរបស់សាថានគឺថាមនុស្សមានព្រលឹងអមតៈ។ បើនេះជាការពិត មនុស្សនឹងរស់នៅជារៀងរហូត ហើយគ្រិស្តមិនចាំបាច់ឲ្យជីវិតរបស់លោកជាថ្លៃលោះដើម្បីឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់ទេ។ សូមចាំថាគ្រឿងបូជារបស់គ្រិស្តគឺជាទង្វើដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតចំពោះមនុស្សជាតិ។ (យ៉ូន. ៣:១៦; ១៥:១៣) សូមស្រមៃគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ានិងបុត្ររបស់លោកចំពោះសេចក្ដីបង្រៀនដែលធ្វើឲ្យអំណោយដ៏វិសេសវិសាលនេះទៅជាអ្វីដែលមិនចាំបាច់ទៅវិញ! w១៩.០៤ ទំ. ១៤ វ. ១; ទំ. ១៦ វ. ៨-៩
ថ្ងៃអាទិត្យ ទី៣ ខែមករា
«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា ដើម្បីអាចណែនាំលោកបាន?»តែយើងមានចិត្តគំនិតរបស់គ្រិស្តវិញ។—១កូ. ២:១៦
តើសេចក្ដីបង្រៀនរបស់លោកយេស៊ូបានត្រូវកត់ទុកនៅឯណា? សៀវភៅដំណឹងល្អទាំងបួនរៀបរាប់អំពីពាក្យសម្ដីនិងការប្រព្រឹត្តជាច្រើនរបស់លោកយេស៊ូពេលលោកនៅផែនដី។ ម្យ៉ាងទៀត បុរសមួយចំនួនដែលមាន«គំនិតរបស់គ្រិស្ត»បានសរសេរបទគម្ពីរផ្សេងទៀតក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយពួកគេបានសរសេរក្រោមការដឹកនាំរបស់សកម្មពលបរិសុទ្ធ។ សៀវភៅទាំងនោះក៏ជួយយើងឲ្យយល់អំពីទស្សនៈរបស់លោកយេស៊ូចំពោះរឿងផ្សេងៗ។ សេចក្ដីបង្រៀនរបស់លោកយេស៊ូជាប់ទាក់ទងនឹងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ដូច្នេះ យើងធ្វើតាម«ច្បាប់គ្រិស្ត» មិនថាយើងនៅផ្ទះ នៅកន្លែងធ្វើការ នៅសាលា និងនៅក្នុងក្រុមជំនុំក្ដី។ (កាឡ. ៦:២) យើងរៀនអំពីច្បាប់នេះពេលយើងអានបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច និងរំពឹងគិតអំពីបទគម្ពីរទាំងនោះ។ យើងធ្វើតាមច្បាប់នេះ ដោយមានរបៀបរស់នៅស្របតាមការណែនាំ បង្គាប់ និងគោលការណ៍ដែលបានត្រូវកត់ទុកក្នុងបទគម្ពីរទាំងនោះ។ ពេលយើងធ្វើតាមច្បាប់គ្រិស្ត យើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាព្រះដែលស្រឡាញ់យើងនិងជាប្រភពនៃសេចក្ដីបង្រៀនទាំងអស់របស់លោកយេស៊ូ។—យ៉ូន. ៨:២៨ w១៩.០៥ ទំ. ៣ វ. ៦-៧
ថ្ងៃច័ន្ទ ទី៤ ខែមករា
មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅៗ។—២ធី. ៣:១៣
គួរឲ្យស្ដាយណាស់ពេលមនុស្សប្រព្រឹត្តអ្វីដែលធ្វើឲ្យមេកំណាចពេញចិត្ត។ ប៉ុន្តែ ព្រះយេហូវ៉ាដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាន។ លោកដឹងច្បាស់អំពីការឈឺចាប់ដែលយើងមាន ហើយលោកអាចផ្ដល់ការសម្រាលទុក្ខដែលយើងត្រូវការ។ យើងមានឯកសិទ្ធិបម្រើ«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខពួកអ្នកដែលមានសេចក្ដីវេទនា ទោះជាបែបណាក៏ដោយ តាមរយៈការសម្រាលទុក្ខដែលរូបយើងកំពុងទទួលពីព្រះ»។ (២កូ. ១:៣, ៤) ពួកអ្នកដែលរងការបៀតបៀនកេរ្ដិ៍ខ្មាសដោយសារឪពុកម្ដាយបានទុកពួកគេចោល ឬដោយសារមនុស្សដែលជិតស្និទ្ធបានធ្វើបាបពួកគេ ត្រូវការការសម្រាលទុក្ខជាពិសេស។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងដឹងថាព្រះយេហូវ៉ាជាបុគ្គលដែលគួរឲ្យទុកចិត្តជាងគេក្នុងការផ្ដល់ការសម្រាលទុក្ខ។ (ទំនុក. ២៧:១០) ដាវីឌជឿជាក់ថាព្រះយេហូវ៉ាទទួលជាកូននូវពួកអ្នកដែលបានត្រូវមនុស្សជាទីស្រឡាញ់របស់ពួកគេទុកចោលឬធ្វើបាប។ តើតាមរបៀបណា? គឺដោយប្រើអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនៅផែនដី។ បងប្អូនដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដូចយើង គឺជាក្រុមគ្រួសាររួមជំនឿរបស់យើង។ ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍អំពីពួកអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងលោកថា ជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់លោក។—ម៉ាថ. ១២:៤៨-៥០ w១៩.០៥ ទំ. ១៥-១៦ វ. ៨-៩
ថ្ងៃអង្គារ ទី៥ ខែមករា
[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង។—ភី. ១:១០
ជាចម្បង តើយើងគួរសិក្សាអ្វីខ្លះ? យើងប្រាកដជាគួរចំណាយពេលរាល់ថ្ងៃដើម្បីសិក្សាបណ្ដាំរបស់ព្រះ។ ចំនួនជំពូកនៃអំណានគម្ពីរប្រចាំសប្ដាហ៍សម្រាប់ក្រុមជំនុំបានត្រូវកាត់បន្ថយឲ្យតិចជាងមុន ដើម្បីយើងអាចមានពេលច្រើនជាងក្នុងការរំពឹងគិតនិងស្រាវជ្រាវ។ យើងមិនគួរមានគោលដៅគ្រាន់តែអានបទគម្ពីរទាំងនោះទេ ប៉ុន្តែគោលដៅរបស់យើងគឺឲ្យបណ្ដាំរបស់ព្រះមានឥទ្ធិពលលើចិត្តយើង ហើយជួយយើងឲ្យកាន់តែមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (ទំនុក. ១៩:១៤) ការសិក្សាទស្សនាវដ្ដីប៉មយាមនៅកិច្ចប្រជុំជួយយើងឲ្យយល់គម្ពីរ។ ដូច្នេះ ចូរផ្ដោតអារម្មណ៍ទៅលើបទគម្ពីរ ជាពិសេសបទគម្ពីរដែលនឹងត្រូវអានពេលពិគ្រោះអត្ថបទនោះជាមួយនឹងក្រុមជំនុំ។ សូមកត់សម្គាល់អំពីរបៀបដែលពាក្យឬឃ្លាសំខាន់ក្នុងបទគម្ពីរនោះគាំទ្រចំណុចដែលបានត្រូវលើកឡើងក្នុងវគ្គនោះ។ ម្យ៉ាងទៀត សូមទុកពេលដើម្បីរំពឹងគិតអំពីបទគម្ពីរដែលអ្នកអាន ហើយគិតអំពីរបៀបដែលអ្នកអាចធ្វើតាមបទគម្ពីរនោះក្នុងជីវិតប្រចាំថ្ងៃ។—យ៉ូស. ១:៨ w១៩.០៥ ទំ. ២៧ វ. ៥, ៩
ថ្ងៃពុធ ទី៦ ខែមករា
អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ។—យ៉ូន. ៤:៣៤
លោកយេស៊ូបានទុកគំរូដ៏ល្អប្រសើរស្ដីអំពីចិត្តគំនិតរបស់លោកចំពោះកិច្ចបម្រើផ្សាយ។ អ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់លោកគឺការប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ។ លោកបានធ្វើដំណើរដោយថ្មើរជើងអស់រាប់រយគីឡូម៉ែត្រដើម្បីផ្សព្វផ្សាយដល់មនុស្សឲ្យបានច្រើនបំផុត។ លោកប្រើគ្រប់ឱកាសដើម្បីនិយាយជាមួយនឹងមនុស្សទាំងនៅទីសាធារណៈទាំងនៅផ្ទះរបស់ពួកគេ។ លោកយេស៊ូចាត់ទុកកិច្ចបម្រើផ្សាយថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់លោក។ យើងអាចយកតម្រាប់គ្រិស្តដោយប្រើគ្រប់ឱកាសដើម្បីប្រាប់មនុស្សអំពីដំណឹងល្អតាមដែលអាចធ្វើបាន ទោះជានៅពេលណានិងកន្លែងណាក៏ដោយ។ យើងសុខចិត្តធ្វើការលះបង់ផ្សេងៗដើម្បីយើងអាចផ្សព្វផ្សាយ។ (ម៉ាក. ៦:៣១-៣៤; ១ពេ. ២:២១) បងប្អូនខ្លះក្នុងក្រុមជំនុំអាចបម្រើជាអ្នកត្រួសត្រាយពិសេស អ្នកត្រួសត្រាយពេញពេល ឬអ្នកត្រួសត្រាយជំនួយ។ បងប្អូនខ្លះទៀតបានរៀនភាសាថ្មី ឬបានរើទៅតំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាង។ ប៉ុន្តែ កិច្ចបម្រើផ្សាយជាច្រើនកំពុងសម្រេចដោយសារបងប្អូនជាអ្នកផ្សព្វផ្សាយធម្មតាដែលព្យាយាមអស់ពីសមត្ថភាពក្នុងកិច្ចការនោះ។ ទោះជាយើងអាចធ្វើច្រើនឬតិចក្ដី ព្រះយេហូវ៉ាមិនបានសុំយើងឲ្យធ្វើលើសពីអ្វីដែលយើងអាចធ្វើបានឡើយ។ w១៩.០៤ ទំ. ៤ វ. ៧-៨
ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា
ឱព្រះយេហូវ៉ា . . . អើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់។—ទំនុក. ១៩:១៤
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានចិត្តច្រណែនសូម្បីតែបន្តិចឬទេ?›។ (១ពេ. ២:១) ‹តើខ្ញុំគិតថាខ្ញុំប្រសើរជាងអ្នកឯទៀតដោយសារជីវប្រវត្ដិ ការអប់រំ ឬដោយសារខ្ញុំជាអ្នកមានឬទេ?›។ (សុភ. ១៦:៥) ‹តើខ្ញុំមើលងាយអ្នកដែលមិនមានអ្វីដូចខ្ញុំ ឬអ្នកដែលមានពូជសាសន៍ផ្សេងពីខ្ញុំឬទេ?›។ (យ៉ា. ២:២-៤) ‹តើអ្វីៗដែលពិភពលោករបស់សាថានផ្ដល់ឲ្យទាក់ទាញចិត្តខ្ញុំឬទេ?›។ (១យ៉ូន. ២:១៥-១៧) ‹តើខ្ញុំចូលចិត្តការកម្សាន្តដែលប្រាសចាកសីលធម៌និងឃោរឃៅឬទេ?›។ (ទំនុក. ៩៧:១០; ១០១:៣; អេម. ៥:១៥) ចម្លើយចំពោះសំណួរទាំងនេះប្រហែលជានឹងជួយអ្នកឲ្យដឹងអំពីអ្វីដែលអ្នកត្រូវកែប្រែ។ យើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកអ្នកដែលយើងសេពគប់។ (សុភ. ១៣:២០) មនុស្សនៅជុំវិញយើងនៅកន្លែងធ្វើការឬនៅសាលារៀន នឹងមិនជួយយើងឲ្យមានចិត្តគំនិតដូចព្រះទេ។ ផ្ទុយទៅវិញ ការសេពគប់ដ៏ល្អបំផុតគឺមាននៅកិច្ចប្រជុំគ្រិស្តសាសនិក។ នៅទីនោះយើងអាចទទួលការលើកទឹកចិត្ត ឬការបំផុសទឹកចិត្តឲ្យ«មានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»។—ហេ. ១០:២៤, ២៥ w១៩.០៦ ទំ. ១២ វ. ១៣-១៤
ថ្ងៃសុក្រ ទី៨ ខែមករា
អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។—សុភ. ១៩:១១
ការតានតឹងចិត្តដែលយើងមាននៅសព្វថ្ងៃនេះ មិនមែនជាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិទេ។ ដូច្នេះ យើងអាចយល់អំពីមូលហេតុដែលអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានិយាយអ្វីដែលខ្វះការពិចារណា ពេលគាត់មានការតានតឹងចិត្តជាខ្លាំង។ (យ៉ូប ៦:២, ៣) ទោះជាគាត់និយាយអ្វីដែលមិនត្រឹមត្រូវអំពីព្រះយេហូវ៉ាឬអំពីយើងក្ដី យើងមិនគួរឆាប់ខឹងគាត់ឬវិនិច្ឆ័យគាត់ចំពោះអ្វីដែលគាត់បាននិយាយនោះទេ។ ពេលខ្លះ បុគ្គលដែលមានបញ្ហាដែលនាំឲ្យមានការតានតឹងចិត្តក៏ត្រូវការឱវាទឬការកែតម្រង់ដែរ។ (កាឡ. ៦:១) តើពួកអ្នកចាស់ទុំអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកគេគួរតែយកតម្រាប់អេលីហ៊ូវ ដែលបានស្ដាប់យ៉ូបដោយក្ដីអាណិតអាសូរ។ (យ៉ូប ៣៣:៦, ៧) ក្រោយពីអេលីហ៊ូវយល់អំពីគំនិតរបស់យ៉ូប ទើបគាត់ឲ្យឱវាទយ៉ូប។ ពួកអ្នកចាស់ទុំដែលធ្វើតាមគំរូរបស់អេលីហ៊ូវនឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមយល់អំពីស្ថានភាពរបស់អ្នកដែលមានការតានតឹងចិត្តនោះ។ យ៉ាងនេះ ពេលពួកគេផ្ដល់ឱវាទ នោះទំនងជានឹងមានឥទ្ធិពលច្រើនជាងលើចិត្តរបស់អ្នកនោះ។ w១៩.០៦ ទំ. ២២-២៣ វ. ១០-១១
ថ្ងៃសៅរ៍ ទី៩ ខែមករា
[ចូរ]ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។—សកម្ម. ៥:២៩
តើអ្នកអាចបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងដូចម្ដេចពេលមានបម្រាម? ការិយាល័យសាខានឹងផ្ដល់ការណែនាំនិងយោបល់ដល់ពួកអ្នកចាស់ទុំ។ បើការិយាល័យសាខាមិនអាចទាក់ទងនឹងពួកអ្នកចាស់ទុំបាន ពួកអ្នកចាស់ទុំនឹងជួយអ្នកនិងបងប្អូនទាំងអស់ក្នុងក្រុមជំនុំឲ្យបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេនឹងផ្ដល់ការណែនាំស្របតាមអ្វីដែលបានត្រូវកត់ទុកក្នុងគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។ (ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៤, ២៥) ព្រះយេហូវ៉ាបានសន្យាថាអ្នកបម្រើរបស់លោកនឹងមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីរក្សាជំនឿមាំមួន។ (អេ. ៦៥:១៣, ១៤; លូក. ១២:៤២-៤៤) ដូច្នេះ អ្នកអាចប្រាកដថាអង្គការរបស់លោកនឹងខំអស់ពីសមត្ថភាពក្នុងការផ្ដល់អ្វីដែលអ្នកត្រូវការដើម្បីរក្សាភាពស្មោះត្រង់។ ប៉ុន្តែ ក៏មានអ្វីដែលអ្នកអាចធ្វើផងដែរ។ ពេលគេដាក់បម្រាម សូមរកកន្លែងដែលមានសុវត្ថិភាពដើម្បីលាក់គម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។ សូមប្រុងប្រយ័ត្នកុំទុកអ្វីដែលមានតម្លៃវិសេសបែបនេះ នៅកន្លែងដែលស្រួលឲ្យគេរកឃើញ មិនថាអ្វីនោះជាសៀវភៅឬជាឯកសារនៅក្នុងគ្រឿងអេឡិចត្រូនិកក្ដី។ យើងម្នាក់ៗត្រូវចាត់វិធានការដើម្បីរក្សាជំនឿរបស់យើងឲ្យមាំមួន។ w១៩.០៧ ទំ. ១០-១១ វ. ១០-១១
ថ្ងៃអាទិត្យ ទី១០ ខែមករា
ខ្ញុំបានធ្វើដូចមនុស្សគ្រប់ប្រភេទ ដើម្បីខ្ញុំអាចសង្គ្រោះពួកគេខ្លះតាមគ្រប់មធ្យោបាយទាំងអស់។—១កូ. ៩:២២
អស់រាប់ពាន់ឆ្នាំមកហើយ តាមមើលទៅមនុស្សភាគច្រើនក្នុងពិភពលោកនេះមានជំនឿលើសាសនាផ្សេងៗ។ ប៉ុន្តែនៅប៉ុន្មានទសវត្សរ៍កន្លងទៅនេះ មានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់។ មនុស្សកាន់តែច្រើនឡើងៗ មិនមានជំនឿលើសាសនាទេ។ តាមពិត នៅប្រទេសខ្លះប្រជាជនភាគច្រើននិយាយថាពួកគេមិនកាន់សាសនាណាមួយទេ។ (ម៉ាថ. ២៤:១២) ហេតុអ្វី? មនុស្សខ្លះប្រហែលជាផ្ដោតអារម្មណ៍លើការសប្បាយ ឬផ្ដោតអារម្មណ៍លើបញ្ហាដែលពួកគេមាន។ (លូក. ៨:១៤) អ្នកខ្លះធ្លាប់កាន់សាសនាណាមួយ តែឥឡូវពួកគេមិនជឿថាមានព្រះទេ។ អ្នកខ្លះទៀតជឿថាមានព្រះ ប៉ុន្តែពួកគេគិតថា ការមានជំនឿលើសាសនាគឺហួសសម័យ គ្មានប្រយោជន៍ មិនសមស្របនឹងវិទ្យាសាស្ត្រ និងមិនសមហេតុផល។ ពួកគេប្រហែលជាឮពីមនុស្សល្បីឈ្មោះតាមប្រព័ន្ធផ្សាយព័ត៌មាន មិត្តភក្ដិ ឬគ្រូបង្រៀនថាជីវិតទាំងឡាយគឺមកពីការវិវត្តន៍ តែពួកគេកម្រឮអំពីមូលហេតុដែលការមានជំនឿលើព្រះគឺសមហេតុសមផល។ មនុស្សខ្លះទៀត មិនចូលចិត្តពួកបព្វជិតដែលលោភលន់ចង់បានលុយនិងអំណាចទេ។ មួយវិញទៀត នៅកន្លែងខ្លះរដ្ឋាភិបាលដាក់កម្រិតលើសកម្មភាពសាសនា។ w១៩.០៧ ទំ. ២០ វ. ១-២
ថ្ងៃច័ន្ទ ទី១១ ខែមករា
ចូរពង្រឹងជំហរឲ្យមាំមួនឡើង ដោយមិនឲ្យរង្គោះរង្គើឡើយ ហើយចូរជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់ ដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើទាំងនឿយហត់ក្នុងលោកម្ចាស់នោះមិនមែនឥតប្រយោជន៍ទេ។—១កូ. ១៥:៥៨
អ្នកមិនចាំបាច់មានកម្លាំងមាំមួនដើម្បីកាន់តែមានជំនឿនិងចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើព្រះទេ។ តាមពិត បងប្អូនជាច្រើនដែលមានកម្លាំងខ្សោយជាងមុន នៅតែបន្តតាំងចិត្តរីកចម្រើនខាងជំនឿ។ (២កូ. ៤:១៦) អ្នកប្រហែលជាបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ ហើយឥឡូវដោយសារបញ្ហាសុខភាពអ្នកមិនអាចធ្វើច្រើនដូចដែលអ្នកធ្លាប់ធ្វើទេ។ បើដូច្នេះ សូមកុំធ្លាក់ទឹកចិត្តឡើយ។ សូមជឿជាក់ថាព្រះយេហូវ៉ាឲ្យតម្លៃនិងមិនភ្លេចកិច្ចបម្រើដ៏ស្មោះត្រង់របស់អ្នកទេ។ (ហេ. ៦:១០) ម្យ៉ាងទៀតនៅគ្រានេះ សូមចាំថាការបម្រើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្តគឺមិនសឲ្យឃើញតាមរយៈការដែលយើងធ្វើច្រើនយ៉ាងណាក្នុងកិច្ចបម្រើលោកទេ។ ផ្ទុយទៅវិញ យើងបង្ហាញសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ាដោយរក្សាអំណរនិងសេចក្ដីសង្ឃឹមរបស់យើង ហើយដោយខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើលោក។ (កូឡ. ៣:២៣) ព្រះយេហូវ៉ាយល់អំពីកម្រិតសមត្ថភាពរបស់យើង ហើយលោកមិនតម្រូវឲ្យយើងធ្វើហួសពីអ្វីដែលយើងអាចធ្វើនោះទេ។—ម៉ាក. ១២:៤៣, ៤៤ w១៩.០៨ ទំ. ៣ វ. ៦; ទំ. ៥ វ. ១១-១២
ថ្ងៃអង្គារ ទី១២ ខែមករា
ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹង . . . ឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត។—ម៉ាថ. ៥:១៦
ព្រះយេហូវ៉ាទាញនាំមនុស្សមកឯលោកតាមរយៈ«ការល្អ»ដែលក្រុមជំនុំគ្រិស្តសាសនិកប្រព្រឹត្ត។ (ម៉ាថ. ៥:១៤, ១៥; ១ពេ. ២:១២) បើគូរបស់អ្នកមិនមែនជាសាក្សីព្រះយេហូវ៉ា តើគាត់បានជួបបងប្អូនក្នុងក្រុមជំនុំហើយឬនៅ? សូមអញ្ជើញគូរបស់អ្នកឲ្យចូលរួមកិច្ចប្រជុំជាមួយនឹងអ្នក។ (១កូ. ១៤:២៤, ២៥) យើងសង្ឃឹមថាសាច់ញាតិទាំងអស់របស់យើងនឹងបម្រើព្រះយេហូវ៉ាជាមួយនឹងយើង។ ប៉ុន្តែ ទោះជាយើងខំប្រឹងយ៉ាងណាក្នុងការជួយពួកគេឲ្យទៅជាអ្នកបម្រើព្រះក៏ដោយ ពួកគេប្រហែលជាមិនចូលសេចក្ដីពិតទេ។ បើដូច្នេះ យើងមិនគួរបន្ទោសខ្លួនចំពោះការសម្រេចចិត្តរបស់ពួកគេឡើយ។ យើងមិនអាចបង្ខំអ្នកណាម្នាក់ឲ្យមានជំនឿដូចយើងទេ។ ប៉ុន្តែ សូមកុំមើលស្រាលឥទ្ធិពលដែលអ្នកអាចមានលើសាច់ញាតិរបស់អ្នក ពេលដែលពួកគេឃើញថាអ្នកសប្បាយខ្លាំងយ៉ាងណាក្នុងការបម្រើព្រះយេហូវ៉ា។ សូមអធិដ្ឋានអំពីពួកគេ។ សូមនិយាយអ្វីដែលមិនធ្វើឲ្យពួកគេទើសចិត្ត។ សូមកុំឈប់ព្យាយាមជួយពួកគេ! (សកម្ម. ២០:២០) ចូរជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យពរទៅលើការខំប្រឹងរបស់អ្នក។ ម្យ៉ាងទៀត បើសាច់ញាតិរបស់អ្នកស្ដាប់អ្នក ពួកគេនឹងទទួលសេចក្ដីសង្គ្រោះ! w១៩.០៨ ទំ. ១៨-១៩ វ. ១៥-១៧
ថ្ងៃពុធ ទី១៣ ខែមករា
ភ្នែកជាចង្កៀងនៃរូបកាយ។ ប្រសិនបើភ្នែករបស់អ្នកមើលរបស់តែមួយនោះរូបកាយទាំងមូលរបស់អ្នកនឹងបានភ្លឺ។—ម៉ាថ. ៦:២២
តើលោកយេស៊ូចង់មានន័យយ៉ាងណា? លោកចង់មានន័យថាយើងត្រូវរក្សាជីវិតឲ្យសាមញ្ញ ឬផ្ដោតអារម្មណ៍ទៅលើគោលដៅឬគោលបំណងតែមួយ ហើយមិនឲ្យអ្វីបំបែរអារម្មណ៍យើងពីគោលដៅនោះ។ លោកយេស៊ូផ្ទាល់បានទុកគំរូឲ្យយើង ដោយចាត់ទុកកិច្ចបម្រើផ្សាយថាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់លោក ហើយលោកបានបង្រៀនអ្នកកាន់តាមលោកឲ្យបន្តផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ានិងទៅលើរាជាណាចក្ររបស់លោក។ យើងយកតម្រាប់លោកយេស៊ូ ដោយចាត់ទុកថាកិច្ចបម្រើរបស់យើងជាគ្រិស្តសាសនិកជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង ពោលគឺដោយ«ស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន»។ (ម៉ាថ. ៦:៣៣) របៀបមួយដែលយើងអាចផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើរបស់យើងជាគ្រិស្តសាសនិក គឺដោយធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាង យ៉ាងនេះយើងអាចចំណាយពេលច្រើនជាងក្នុងការជួយអ្នកឯទៀតឲ្យស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ តើយើងអាចផ្លាស់ប្ដូរឬកាត់បន្ថយម៉ោងធ្វើការ ដើម្បីយើងអាចចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រឬទេ? តើយើងអាចកាត់បន្ថយការកម្សាន្តខ្លះដែលប្រហែលជាស៊ីពេលច្រើនឬទេ? w១៩.០៤ ទំ. ៥-៦ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា
អញនៅឯស្ថានដ៏ខ្ពស់ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប។—អេ. ៥៧:១៥
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បងប្អូនជាច្រើនដែលបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ បានផ្លាស់ប្ដូរឯកសិទ្ធិ។ បងប្អូនជាច្រើននោះពិបាកសម្របខ្លួនទៅតាមការផ្លាស់ប្ដូរបែបនេះ។ ពួកគេច្បាស់ជានៅតែស្រឡាញ់ភារកិច្ចពីមុនរបស់ពួកគេ នេះដោយសារតែពួកគេធ្លាប់ធ្វើអស់ជាច្រើនឆ្នាំ។ បងប្អូនខ្លះពិបាកចិត្តយ៉ាងខ្លាំងពេលដែលភារកិច្ចរបស់ពួកគេបានត្រូវផ្លាស់ប្ដូរ។ ប៉ុន្តែយូរៗទៅ ពួកគេអាចសម្របខ្លួនបាន។ ហេតុអ្វី? ពីព្រោះពួកគេស្រឡាញ់ព្រះយេហូវ៉ា។ ពួកគេដឹងថាពួកគេបានប្រគល់ខ្លួនជូនព្រះ មិនមែនដើម្បីកិច្ចការ មុខងារ ឬឯកសិទ្ធិណាមួយទេ។ (កូឡ. ៣:២៣) ពួកគេសប្បាយចិត្តបន្តបម្រើព្រះយេហូវ៉ាដោយចិត្តរាបទាប មិនថាពួកគេទទួលភារកិច្ចណាក៏ដោយ។ ពួកគេ«ផ្ទេរកង្វល់ទាំងអស់[របស់ពួកគេ]ទៅព្រះ» ដោយដឹងថាលោករមែងគិតអំពីពួកគេ។ (១ពេ. ៥:៦, ៧) ពេលយើងបណ្ដុះឲ្យមានចិត្តរាបទាប ដែលជាគុណសម្បត្តិមួយដ៏គួរឲ្យទាក់ទាញចិត្ត ទាំងយើងទាំងអ្នកឯទៀតទទួលប្រយោជន៍។ យើងកាន់តែចេះស៊ូទ្រាំនឹងការពិបាកក្នុងជីវិត។ សំខាន់បំផុត យើងចូលកាន់តែជិតបិតារបស់យើងដែលនៅស្ថានសួគ៌។ w១៩.០៩ ទំ. ៦-៧ វ. ១៥-១៧
ថ្ងៃសុក្រ ទី១៥ ខែមករា
សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ . . . ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ។—ទំនុក. ១៩:៨, ១១
ព្រះយេហូវ៉ាបានតែងតាំងដាវីឌ មិនគ្រាន់តែឲ្យធ្វើជាប្រមុខគ្រួសារប៉ុណ្ណោះទេ តែក៏ឲ្យធ្វើជាអ្នកនាំមុខប្រជាជាតិអ៊ីស្រាអែលទាំងមូលដែរ។ ក្នុងនាមជាស្ដេច ដាវីឌមានអំណាចច្រើន។ ពេលខ្លះ គាត់បានប្រើអំណាចរបស់គាត់តាមរបៀបមិនត្រឹមត្រូវ ហើយបានធ្វើខុសធ្ងន់ធ្ងរ។ (២សាំ. ១១:១៤, ១៥) ប៉ុន្តែ គាត់បានបង្ហាញការចុះចូលនឹងព្រះយេហូវ៉ា ដោយព្រមទទួលការប្រដៅតម្រង់ពីលោក។ គាត់បានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ ម្យ៉ាងទៀត គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើតាមឱវាទពីលោក។ (ទំនុក. ៥១:១-៤) បន្ថែមទៅទៀត គាត់បង្ហាញចិត្តរាបទាបដោយទទួលយោបល់ល្អពីបុរសនិងស្ត្រី។ (១សាំ. ១៩:១១, ១២; ២៥:៣២, ៣៣) ដាវីឌបានរៀនពីកំហុសរបស់គាត់ ហើយបានចាត់ទុកថាការបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ គាត់ដឹងថាការចុះចូលនឹងព្រះយេហូវ៉ានាំឲ្យទទួលប្រយោជន៍។ នៅសព្វថ្ងៃនេះ យើងអាចឃើញភាពខុសគ្នារវាងពួកអ្នកដែលចុះចូលនឹងព្រះយេហូវ៉ានិងពួកអ្នកដែលមិនព្រមទទួលការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោក។ ពួកអ្នកដែលចុះចូលនឹងព្រះយេហូវ៉ា«ច្រៀងដោយមានចិត្តអំណរ»។—អេ. ៦៥:១៣, ១៤ w១៩.០៩ ទំ. ១៧ វ. ១៥; ទំ. ១៩ វ. ២១
ថ្ងៃសៅរ៍ ទី១៦ ខែមករា
ខ្ញុំឃើញមនុស្សមួយក្រុមធំ . . . កំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម។—បប. ៧:៩
នៅឆ្នាំ១៩៣៥ សាក្សីព្រះយេហូវ៉ាបានយល់យ៉ាងច្បាស់ថា មនុស្សមួយក្រុមធំដែលយ៉ូហានបានឃើញក្នុងគំនិតគឺជាអ្នកណា។ ពួកគេបានយល់ថា មនុស្សមួយក្រុមធំមិនចាំបាច់នៅស្ថានសួគ៌ដើម្បីឈរ«នៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»ទេ។ តែពួកគេអាចឈរ«នៅមុខបល្ល័ង្ក»បាន ទោះជាពួកគេរស់នៅផែនដីក្ដី ក្នុងន័យថាពួកគេទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងសកលលោក ហើយបង្ហាញថាពួកគេចុះចូលនៅក្រោមអំណាចរបស់លោកដោយស្ដាប់បង្គាប់លោក។ (អេ. ៦៦:១) ពួកគេអាចឈរ«នៅមុខកូនចៀម» ក្នុងន័យថាពួកគេបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ស្រដៀងគ្នាដែរ ម៉ាថាយ ២៥:៣១, ៣២ ចែងថា៖ «ប្រជាជាតិទាំងឡាយ»រួមទាំងមនុស្សអាក្រក់ នឹងត្រូវ«ប្រមូលមកនៅមុខ»លោកយេស៊ូដែលអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ ប្រជាជាតិទាំងនេះច្បាស់ជានៅផែនដី មិនមែននៅស្ថានសួគ៌ទេ។ ការយល់ដឹងដែលបានត្រូវកែសម្រួលនេះគឺសមហេតុផល ហើយនេះជួយយើងឲ្យយល់អំពីមូលហេតុដែលគម្ពីរមិនបានចែងថា មនុស្សមួយក្រុមធំនោះនឹងត្រូវយកទៅស្ថានសួគ៌។ មានក្រុមតែមួយប៉ុណ្ណោះដែលមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ ពោលគឺ១៤៤.០០០នាក់។ ពួកគេនឹង«ធ្វើជាស្ដេចគ្រប់គ្រងលើផែនដី»ជាមួយនឹងលោកយេស៊ូ។—បប. ៥:១០ w១៩.០៩ ទំ. ២៨ វ. ៩
ថ្ងៃអាទិត្យ ទី១៧ ខែមករា
ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ។—ទំនុក. ៣១:២៣
ព្រះយេហូវ៉ាតម្រូវឲ្យអ្នកគោរពប្រណិប័តន៍លោកញែកខ្លួនចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ លើសពីនេះទៀត យើងក៏ត្រូវតាំងចិត្តកាន់ខ្ជាប់តាមសាសនាពិត ពោលគឺការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា។ សូមពិចារណាអំពីរបៀបពីរយ៉ាងដែលយើងអាចធ្វើដូច្នេះ។ ទី១ យើងត្រូវកាន់ខ្ជាប់តាមខ្នាតតម្រាសីលធម៌ដ៏សុចរិតរបស់ព្រះយេហូវ៉ា។ យើងមិនព្រមទទួលខ្នាតតម្រារបស់ពិភពលោកនេះទេ។ ជាឧទាហរណ៍ យើងមិនពេញចិត្តឡើយចំពោះអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង រួមទាំងការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នា និងការមានទំនាក់ទំនងស្នេហាជាមួយមនុស្សដែលមានភេទដូចគ្នា។ (ម៉ាថ. ១៩:៤, ៥; រ៉ូម ១:២៦, ២៧) ទី២ យើងត្រូវបន្តគោរពប្រណិប័តន៍ព្រះជាមួយនឹងគ្រិស្តសាសនិកពិតឯទៀត។ យើងធ្វើដូច្នេះនៅកន្លែងណាដែលយើងអាចធ្វើបាន ទោះជានៅឯសាលប្រជុំ ឬក៏ពេលចាំបាច់ នៅក្នុងផ្ទះរបស់សាក្សីឯទៀត ឬថែមទាំងធ្វើដោយលួចលាក់ក្ដី។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ យើងនឹងមិនឈប់ទៅកិច្ចប្រជុំឡើយ។ តាមពិត យើងត្រូវជួបជុំគ្នា«កាន់តែខ្លាំងឡើងពេលដែល[យើង]ឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥ w១៩.១០ ទំ. ១៥-១៦ វ. ៦-៧
ថ្ងៃច័ន្ទ ទី១៨ ខែមករា
[ព្រះយេហូវ៉ា]មានព្រះហឫទ័យប្រចណ្ឌពិត។—និក្ខ. ៣៤:១៤
ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយក្នុងជីវិត ហើយការកម្សាន្តអាចជួយយើងបាន។ បណ្ដាំរបស់ព្រះចែងថា៖ «គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង»។ (សាស្ដ. ២:២៤) ប៉ុន្តែ ការកម្សាន្តជាច្រើនក្នុងពិភពលោកនេះអាចមានឥទ្ធិពលអាក្រក់មកលើយើង។ ការកម្សាន្តទាំងនោះអាចធ្វើឲ្យមនុស្សមានសីលធម៌ថោកទាប ដោយធ្វើឲ្យពួកគេគិតថាអ្វីដែលបណ្ដាំរបស់ព្រះផ្ដន្ទាទោសគឺមិនខុសទេ ឬថែមទាំងធ្វើឲ្យពួកគេស្រឡាញ់អ្វីទាំងនោះទៀតផង។ យើងចង់មានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា ដូច្នេះយើងមិនអាចបរិភោគពី«តុរបស់ព្រះយេហូវ៉ា»ផង និងពី«តុរបស់ពួកវិញ្ញាណកំណាច»ផងបានទេ។ (១កូ. ១០:២១, ២២) ការបរិភោគអាហារជាមួយអ្នកណាម្នាក់គឺច្រើនតែបង្ហាញអំពីមិត្តភាព។ បើយើងជ្រើសរើសការកម្សាន្តដែលលើកស្ទួយអំពើឃោរឃៅ មន្តអាគម អំពើប្រាសចាកសីលធម៌ ឬបំណងប្រាថ្នានិងចិត្តគំនិតអាក្រក់ផ្សេងទៀត គឺហាក់ដូចជាយើងកំពុងបរិភោគអាហារដែលសត្រូវរបស់ព្រះបានរៀបចំ។ ជាលទ្ធផល យើងមិនគ្រាន់តែធ្វើបាបខ្លួនយើងប៉ុណ្ណោះទេ តែយើងក៏បង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដែរ។ w១៩.១០ ទំ. ២៦ វ. ២; ទំ. ២៩-៣០ វ. ១១-១២
ថ្ងៃអង្គារ ទី១៩ ខែមករា
មនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ។—២ពេ. ១:២១
ដើម្បីទទួលប្រយោជន៍ពីខ្យល់ អ្នកបើកទូកក្ដោងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ គាត់ត្រូវតម្រង់ទូកទៅកន្លែងដែលមានខ្យល់បក់។ បើអ្នកបើកទូកក្ដោងទុកទូកនៅកំពង់ផែដែលឆ្ងាយពីកន្លែងដែលមានខ្យល់បក់ នោះទូករបស់គាត់នឹងមិនទៅណាទេ។ ទី២ គាត់ត្រូវលាក្ដោងឲ្យអស់។ ទោះជាខ្យល់បក់យ៉ាងណាក្ដី បើមិនលាក្ដោងឲ្យចំទិសដែលមានខ្យល់ទេ នោះវាមិនទៅមុខឡើយ។ ស្រដៀងគ្នាដែរ យើងអាចបន្តបម្រើព្រះយេហូវ៉ាបាន លុះត្រាតែយើងមានជំនួយពីសកម្មពលបរិសុទ្ធ។ ដើម្បីទទួលប្រយោជន៍ពីសកម្មពលនោះ យើងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ យើងត្រូវចូលរួមក្នុងសកម្មភាពផ្សេងៗដែលជួយយើងឲ្យទទួលសកម្មពលរបស់ព្រះ។ ទី២ យើងត្រូវធ្វើអ្វីៗទាំងនេះដោយអស់ពីសមត្ថភាព។ (ទំនុក. ១១៩:៣២) ក្រោយមក សកម្មពលបរិសុទ្ធនឹងផ្ដល់កម្លាំងឲ្យយើងបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ w១៩.១១ ទំ. ៩ វ. ៨; ទំ. ១០ វ. ១១
ថ្ងៃពុធ ទី២០ ខែមករា
ខ្ញុំឲ្យអ្នករាល់គ្នានូវសេចក្ដីសុខសាន្តរបស់ខ្ញុំ។—យ៉ូន. ១៤:២៧
នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកពិបាកចិត្តណាស់។ មិនយូរទៀត លោកត្រូវស្លាប់យ៉ាងវេទនាដោយដៃរបស់មនុស្សប្រឆាំងច្បាប់។ ប៉ុន្តែ លោកយេស៊ូមិនគ្រាន់តែពិបាកចិត្តដោយសារលោកជិតស្លាប់ប៉ុណ្ណោះទេ។ លោកស្រឡាញ់បិតាលោកយ៉ាងខ្លាំង ហើយចង់ធ្វើឲ្យបិតាលោកពេញចិត្ត។ លោកយេស៊ូដឹងថាបើលោករក្សាភាពស្មោះត្រង់ពេលជួបការល្បងលនោះ លោកនឹងជួយជម្រះការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ា។ លោកយេស៊ូក៏ស្រឡាញ់មនុស្ស ហើយដឹងថាសេចក្ដីសង្ឃឹមរស់ជារៀងរហូតដែលយើងមានគឺអាស្រ័យលើការដែលលោករក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ស្លាប់។ ទោះជាលោកយេស៊ូស្ថិតនៅក្នុងស្ថានភាពដែលនាំឲ្យតានតឹងចិត្តជាខ្លាំងក្ដី លោកមានសេចក្ដីសុខសាន្ត។ លោកមាន«សេចក្ដីសុខសាន្តរបស់ព្រះ» ពោលគឺចិត្តស្ងប់ដែលមកពីការមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ សេចក្ដីសុខសាន្តនោះបានជួយលោកយេស៊ូឲ្យរក្សាចិត្តស្ងប់។ (ភី. ៤:៦, ៧) គ្មានយើងណាម្នាក់នឹងត្រូវរងសម្ពាធជាខ្លាំងដូចដែលលោកយេស៊ូបានស៊ូទ្រាំនោះទេ។ ទោះជាយ៉ាងនោះក៏ដោយ អស់អ្នកដែលកាន់តាមលោកយេស៊ូនឹងមានទុក្ខលំបាក។ (ម៉ាថ. ១៦:២៤, ២៥; យ៉ូន. ១៥:២០) ដូចលោកយេស៊ូ នៅពេលខ្លះយើងក៏នឹងពិបាកចិត្តខ្លាំងណាស់។ w១៩.០៤ ទំ. ៨ វ. ១-៣
ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា
កុំរារាំងឥទ្ធិពលនៃសកម្មពលរបស់ព្រះ។—១ថែ. ៥:១៩
ជាការល្អដែលយើងសួរខ្លួនយើងថា ‹តើខ្ញុំមានចិត្តកតញ្ញូដែលខ្ញុំនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាឬទេ?›។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវភ័ស្តុតាងច្បាស់ថាលោកកំពុងឲ្យពររាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ។ យើងប្រាកដជាមានអ្វីជាច្រើនដើម្បីបង្ហាញអំណរគុណ។ (១ថែ. ៥:១៨) តើយើងអាចបង្ហាញយ៉ាងណាថាយើងគាំទ្រអង្គការដែលព្រះយេហូវ៉ាកំពុងប្រើ? គឺដោយធ្វើតាមការណែនាំដែលមានមូលដ្ឋានលើគម្ពីរដែលយើងទទួលតាមរយៈសៀវភៅផ្សេងៗ កិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើងជាដើម។ បន្ថែមទៅទៀត យើងអាចបង្ហាញការគាំទ្ររបស់យើងដោយរួមចំណែកឲ្យបានច្រើនបំផុតក្នុងការផ្សព្វផ្សាយនិងការបង្រៀន។ (១កូ. ១៥:៥៨) យើងចង់ឲ្យព្រះយេហូវ៉ាទទួលយកគ្រឿងបូជារបស់យើង។ យើងបម្រើព្រះយេហូវ៉ា ដោយសារយើងមានចិត្តកតញ្ញូចំពោះលោក។ យើងបន្តជូនព្រះយេហូវ៉ានូវអ្វីដែលល្អបំផុត ពីព្រោះយើងស្រឡាញ់លោកអស់ពីចិត្ត។ ម្យ៉ាងទៀត យើងខំអស់ពីសមត្ថភាពដើម្បីគាំទ្រអង្គការដែលលោកកំពុងប្រើនៅសព្វថ្ងៃនេះ។ ដោយធ្វើដូច្នេះ យើងអាចបង្ហាញព្រះយេហូវ៉ាថា យើងឲ្យតម្លៃចំពោះឯកសិទ្ធិបម្រើលោកក្នុងនាមជាសាក្សីរបស់លោក! w១៩.១១ ទំ. ២៥ វ. ១៧-១៨
ថ្ងៃសុក្រ ទី២២ ខែមករា
អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះ . . . នឹងធ្វើការដ៏ធំជាងនោះទៅទៀត។—យ៉ូន. ១៤:១២
លោកយេស៊ូមិនមែនចង់មានន័យថាយើងនឹងធ្វើអព្ភូតហេតុដូចលោកទេ។ ផ្ទុយទៅវិញ អ្នកកាន់តាមលោកនឹងផ្សព្វផ្សាយនិងបង្រៀនមនុស្សច្រើនជាង នៅកន្លែងច្រើនជាង ហើយនឹងធ្វើកិច្ចការនេះសម្រាប់រយៈពេលយូរជាងលោក។ បើអ្នកជាអ្នកធ្វើការ សូមសួរខ្លួនអ្នកថា ‹នៅកន្លែងធ្វើការ តើគេស្គាល់ខ្ញុំជាមនុស្សឧស្សាហ៍ឬទេ? តើខ្ញុំបំពេញកិច្ចការរបស់ខ្ញុំទាន់ពេលនិងអស់ពីសមត្ថភាពឬទេ?› បើអ្នកអាចឆ្លើយថាមែន នោះចៅហ្វាយរបស់អ្នកនឹងទំនងជាទុកចិត្តអ្នក។ អ្នកក៏នឹងធ្វើឲ្យដំណឹងល្អកាន់តែទាក់ទាញចិត្តពួកអ្នកដែលសង្កេតមើលអ្នក។ ស្ដីអំពីកិច្ចការផ្សព្វផ្សាយនិងការបង្រៀន សូមសួរខ្លួនអ្នកថា ‹តើអ្នកឯទៀតគិតថាខ្ញុំខ្នះខ្នែងឬទេ? តើខ្ញុំរៀបចំល្អសម្រាប់ការជួបមនុស្សលើកដំបូងឬទេ? តើខ្ញុំឆាប់ត្រឡប់ទៅជួបមនុស្សដែលចាប់អារម្មណ៍ឬទេ? តើខ្ញុំចូលរួមជាទៀងទាត់ក្នុងសកម្មភាពផ្សេងៗនៃកិច្ចបម្រើផ្សាយឬទេ?›។ បើអ្នកអាចឆ្លើយថាមែន នោះអ្នកនឹងមានអំណរក្នុងកិច្ចបម្រើផ្សាយ។ w១៩.១២ ទំ. ៥ វ. ១៤; ទំ. ៧ វ. ១៥
ថ្ងៃសៅរ៍ ទី២៣ ខែមករា
ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នកឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។—អេភ. ៥:៣៣
គូអាពាហ៍ពិពាហ៍ដែលសម្រេចចិត្តយកកូនគួរតែពិគ្រោះគ្នាអំពីសំណួរដ៏សំខាន់ពីរគឺ៖ ទី១ តើពួកគេចង់មានកូននៅពេលណា? ទី២ តើពួកគេចង់មានកូនប៉ុន្មាន? តើពេលណាជាពេលល្អបំផុតឲ្យពួកគេពិគ្រោះគ្នាអំពីរឿងទាំងនេះ? ម្យ៉ាងទៀត ហេតុអ្វីរឿងទាំងពីរនេះគឺសំខាន់ម្ល៉េះ? ក្នុងករណីភាគច្រើន គឺជាការល្អដែលគូសង្សារនិយាយគ្នាអំពីការយកកូន មុនពេលរៀបការ។ ហេតុអ្វី? មូលហេតុមួយគឺថាការមានទស្សនៈដូចគ្នាអំពីរឿងនេះគឺសំខាន់ណាស់។ ពួកគេក៏ត្រូវពិចារណាដែរថាតើពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ហើយឬនៅដើម្បីបំពេញភារកិច្ចនោះ។ គូអាពាហ៍ពិពាហ៍ខ្លះបានសម្រេចចិត្តរង់ចាំយកកូនយ៉ាងហោចណាស់មួយឆ្នាំឬពីរឆ្នាំក្រោយពីរៀបការ ដោយសារពេលមានកូន ពួកគេត្រូវចំណាយពេលនិងកម្លាំងច្រើនដើម្បីមើលថែកូន។ ពួកគេយល់ថាការរង់ចាំមួយរយៈពេលសិន ពួកគេនឹងមានពេលសម្របខ្លួននឹងជីវិតជាប្ដីប្រពន្ធ ហើយកាន់តែមានភាពជិតស្និទ្ធគ្នា។ w១៩.១២ ទំ. ២៣ វ. ៤-៥
ថ្ងៃអាទិត្យ ទី២៤ ខែមករា
មិត្រសំឡាញ់[ជា]បងប្អូន[ដែល]កើតមកសំរាប់គ្រាលំបាក។—សុភ. ១៧:១៧
នៅទូទាំងពិភពលោក អ្នកបម្រើជាច្រើននាក់របស់ព្រះយេហូវ៉ាកំពុងជួបប្រទះនឹងស្ថានភាពផ្សេងៗ ដែលនាំឲ្យពួកគេតានតឹងចិត្តឬពិបាកចិត្ត។ ជាឧទាហរណ៍ គ្រិស្តសាសនិកខ្លះកំពុងប្រឈមមុខនឹងជំងឺដ៏ធ្ងន់ធ្ងរ ឬកើតទុក្ខដោយសារបុគ្គលជាទីស្រឡាញ់បានស្លាប់។ អ្នកខ្លះទៀតឈឺចិត្តជាខ្លាំងដោយសារសមាជិកក្រុមគ្រួសារ ឬមិត្តភក្ដិជិតស្និទ្ធរបស់ពួកគេឈប់បម្រើព្រះយេហូវ៉ា។ រីឯអ្នកខ្លះទៀតកំពុងរងទុក្ខដោយសារមហន្តរាយធម្មជាតិ។ បងប្អូនទាំងនេះត្រូវការការសម្រាលទុក្ខ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច? ចូរធ្វើជាមិត្តដ៏ស្មោះត្រង់ម្នាក់។ មិត្តស្មោះត្រង់ធ្វើការលះបង់ផ្សេងៗដើម្បីគាំទ្របងប្អូនរបស់ពួកគេ។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះភីធើមានជំងឺដ៏កាចសាហាវមួយ។ ប្រពន្ធរបស់គាត់ឈ្មោះកេតរ៉ឹន និយាយថា៖ «ប្ដីប្រពន្ធមួយគូក្នុងក្រុមជំនុំយើង បានជូនយើងទៅជួបគ្រូពេទ្យ ហើយនៅពេលនោះយើងបានរកឃើញជំងឺរបស់បងភីធើ។ ពួកគាត់បានសម្រេចចិត្តថាពួកគាត់នឹងមិនទុកយើងចោលក្នុងស្ថានភាពដ៏ពិបាកនេះទេ ហើយពួកគាត់បាននៅជាមួយយើងនៅពេលដែលយើងត្រូវការពួកគាត់»។ ការមានមិត្តពិតដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក ពិតជាសម្រាលទុក្ខយើងមែន! w២០.០១ ទំ. ៨ វ. ១; ទំ. ៩ វ. ៥; ទំ. ១០ វ. ៦
ថ្ងៃច័ន្ទ ទី២៥ ខែមករា
ពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ហើយចាប់តាំងនិយាយជាភាសាផ្សេងៗ។—សកម្ម. ២:៤
បើអ្នកនៅក្នុងចំណោមពួកអ្នកកាន់តាមដែលបានជួបជុំគ្នានៅបន្ទប់ខាងលើនាបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. អ្នកនឹងដឹងប្រាកដក្នុងចិត្តថាអ្នកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ (សកម្ម. ២:៥-១២) ប៉ុន្តែ តើអស់អ្នកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធនៅពេលក្រោយមកទទួលការរើសតាំងតាមរបៀបដូចៗគ្នាឬទេ? មិនមែនទេ។ សូមពិចារណាអំពីពេលដែលបុគ្គលម្នាក់អាចត្រូវរើសតាំង។ នៅបុណ្យថ្ងៃទី៥០នោះ មិនមានតែគ្រិស្តសាសនិកប្រហែលជា១២០នាក់ប៉ុណ្ណោះទេ ដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ បន្ទាប់មកនៅថ្ងៃដដែលនោះ មានអ្នកឯទៀតប្រហែលជា៣.០០០នាក់ក៏បានទទួលសកម្មពលបរិសុទ្ធដែរ។ ពួកគេបានត្រូវរើសតាំងពេលដែលពួកគេបានទទួលការជ្រមុជទឹក។ (សកម្ម. ២:៣៧, ៣៨, ៤១) ប៉ុន្តែក្នុងប៉ុន្មានឆ្នាំក្រោយមក មិនមែនគ្រិស្តសាសនិកទាំងអស់បានត្រូវរើសតាំងនៅពេលដែលពួកគេបានទទួលការជ្រមុជទឹកនោះទេ។ ជនជាតិសាម៉ារីបានត្រូវរើសតាំងមួយរយៈពេលក្រោយពីពួកគេទទួលការជ្រមុជទឹក។ (សកម្ម. ៨:១៤-១៧) ម្យ៉ាងទៀត ក្នុងករណីខុសពីធម្មតា កូនេលាសនិងពួកអ្នកផ្ទះរបស់គាត់បានត្រូវរើសតាំងមុនពួកគេបានទទួលការជ្រមុជទឹក។—សកម្ម. ១០:៤៤-៤៨ w២០.០១ ទំ. ២០-២១ វ. ២-៤
ថ្ងៃអង្គារ ទី២៦ ខែមករា
ខ្ញុំបានសម្ដែងឲ្យពួកគាត់ស្គាល់នាមរបស់លោក។—យ៉ូន. ១៧:២៦
គ្រាន់តែក្នុងសៀវភៅដំណឹងល្អទាំងបួនប៉ុណ្ណោះ លោកយេស៊ូបានប្រើពាក្យ«បិតា»ប្រហែលជា១៦៥ដង ដើម្បីសំដៅលើព្រះយេហូវ៉ា។ ហេតុអ្វីលោកយេស៊ូបានមានប្រសាសន៍ច្រើនដងអំពីព្រះយេហូវ៉ា? មូលហេតុមួយគឺដើម្បីឲ្យមនុស្សជឿជាក់ថាព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់យើង។ (យ៉ូន. ១៧:២៥) សូមពិចារណានូវអ្វីដែលយើងរៀនអំពីព្រះយេហូវ៉ាពីរបៀបដែលលោកបានប្រព្រឹត្តចំពោះលោកយេស៊ូដែលជាបុត្ររបស់លោក។ ព្រះយេហូវ៉ាតែងតែស្ដាប់សេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានទាំងនោះផងដែរ។ (យ៉ូន. ១១:៤១, ៤២) ទោះជាលោកយេស៊ូជួបប្រទះនឹងទុក្ខលំបាកអ្វីក៏ដោយ លោកតែងតែឃើញថាបិតារបស់លោកស្រឡាញ់និងគាំទ្រលោក។ (លូក. ២២:៤២, ៤៣) ដោយសារព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះបានធ្វើឲ្យប្រាកដថាលោកយេស៊ូដឹងថាលោកបានទទួលការគាំទ្រពីបិតា។ (ម៉ាថ. ២៦:៥៣; យ៉ូន. ៨:១៦) ទោះជាព្រះយេហូវ៉ាមិនបានការពារលោកយេស៊ូពីអ្វីៗទាំងអស់ដែលអាចធ្វើឲ្យលោករងទុក្ខក្ដី លោកបានជួយលោកយេស៊ូឲ្យស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ។ លោកយេស៊ូបានដឹងថាទុក្ខលំបាកណាក៏ដោយដែលលោកជួបប្រទះ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ (ហេ. ១២:២) ព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់ចំពោះលោកយេស៊ូដោយស្ដាប់ ផ្គត់ផ្គង់ បង្ហាត់បង្រៀន និងគាំទ្រលោក។—យ៉ូន. ៥:២០; ៨:២៨ w២០.០២ ទំ. ៣ វ. ៦-៧, ៩
ថ្ងៃពុធ ទី២៧ ខែមករា
ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ កុំបង្កហេតុឲ្យ...ជំពប់ដួល។—១កូ. ១០:៣១, ៣២
ពេលធ្វើការសម្រេចចិត្តថាយើងគួររួមចំណែកក្នុងទំនៀមទម្លាប់ណាមួយឬយ៉ាងណា យើងគួរគិតអំពីឥទ្ធិពលដែលការសម្រេចចិត្តរបស់យើងអាចមានលើអ្នកឯទៀត ជាពិសេសបងប្អូនរួមជំនឿ។ យើងមិនចង់បណ្ដាលឲ្យអ្នកណាម្នាក់ជំពប់ដួលឡើយ! (ម៉ាក. ៩:៤២) យើងក៏ចង់ជៀសវាងពីការធ្វើឲ្យអ្នកដែលមិនមែនជាសាក្សីទើសចិត្តបើមិនចាំបាច់នោះទេ។ សេចក្ដីស្រឡាញ់នឹងជំរុញចិត្តយើងឲ្យនិយាយទៅកាន់ពួកគេដោយការគោរព ហើយនេះធ្វើឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។ យើងច្បាស់ជាមិនឈ្លោះប្រកែកជាមួយអ្នកឯទៀតឬរិះគន់ទំនៀមទម្លាប់របស់ពួកគេទេ។ សូមចាំថា សេចក្ដីស្រឡាញ់មានឥទ្ធិពលខ្លាំង! ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ដោយចេះគិតអំពីអ្នកឯទៀតនិងបង្ហាញការគោរពចំពោះពួកគេ យើងប្រហែលជាអាចធ្វើឲ្យអ្នកប្រឆាំងទន់ចិត្ត។ ចូរប្រាប់មនុស្សដែលនៅជុំវិញអ្នកឲ្យដឹងថាអ្នកជាសាក្សីព្រះយេហូវ៉ា។ (អេ. ៤៣:១០) កាលដែលសាច់ញាតិនិងអ្នកជិតខាងរបស់អ្នកដឹងថាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា អ្នកទំនងជាស្រួលជាងពេលប្រឈមមុខនឹងរឿងខ្លោចផ្សារ។ សូមកុំឲ្យយើងអៀនខ្មាសពេលយើងការពារសេចក្ដីពិតអំពីស្ថានភាពមនុស្សស្លាប់ឡើយ។—រ៉ូម ១:១៦ w១៩.០៤ ទំ. ១៧-១៨ វ. ១៤-១៦
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា
ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរ។—១កូ. ១៥:៩
សាវ័ក១២នាក់បានទៅតាមលោកយេស៊ូក្នុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី តែសាវ័កប៉ូលមិនបានទៅជាគ្រិស្តសាសនិក រហូតដល់ក្រោយពីលោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ទោះជានៅទីបំផុតប៉ូលបានត្រូវតែងតាំងជា«សាវ័កសម្រាប់ជនជាតិដទៃ»ក្ដី គាត់មិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិពិសេសទៅជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២នាក់ឡើយ។ (រ៉ូម ១១:១៣; សកម្ម. ១:២១-២៦) ជាជាងច្រណែនបុរសទាំង១២នាក់នោះដែលបានសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងលោកយេស៊ូ ប៉ូលបន្តស្កប់ចិត្តនឹងអ្វីដែលគាត់មាន។ បើយើងស្កប់ចិត្តនិងមានចិត្តរាបទាប នោះយើងនឹងដូចប៉ូល ហើយគោរពបងប្អូនឯទៀតដែលបានទទួលអំណាចពីព្រះយេហូវ៉ា។ (សកម្ម. ២១:២០-២៦) លោកបានរៀបចំឲ្យមានបុរសដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ទោះជាពួកគេជាមនុស្សមិនល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ាចាត់ទុកពួកគេថា«អំណោយជាមនុស្ស»។ (អេភ. ៤:៨, ១១) ពេលយើងគោរពបុរសទាំងនេះដែលបានត្រូវតែងតាំង ហើយធ្វើតាមការណែនាំរបស់ពួកគេដោយចិត្តរាបទាប នោះយើងនឹងនៅជាប់នឹងព្រះយេហូវ៉ា ហើយមានសន្តិភាពជាមួយនឹងគ្រិស្តសាសនិកឯទៀត។ w២០.០២ ទំ. ១៧ វ. ១៣-១៤
ថ្ងៃសុក្រ ទី២៩ ខែមករា
យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន។—១យ៉ូន. ៤:១៩
មុនអ្នកចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា អ្នកប្រហែលជាបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើគម្ពីរ និងបានបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូ។ ឥឡូវ ដោយសារអ្នកស្គាល់សាក្សីព្រះយេហូវ៉ា អ្នកប្រហែលជាចូលចិត្តសេពគប់ជាមួយនឹងពួកគេ។ អ្នកទំនងជាមានសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះអ្វីៗទាំងនេះ។ ប៉ុន្តែ ការស្រឡាញ់អ្វីល្អៗទាំងនោះមិនតែងតែធ្វើឲ្យអ្នកចង់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹកឡើយ។ មូលហេតុដ៏សំខាន់បំផុតដែលនាំឲ្យទទួលការជ្រមុជទឹកគឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ពេលអ្នកស្រឡាញ់ព្រះយេហូវ៉ាច្រើនជាងអ្វីៗទាំងអស់ អ្នកនឹងមិនឲ្យអ្វីឬអ្នកណារារាំងអ្នកពីការបម្រើលោកឡើយ។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នឹងជំរុញចិត្តអ្នកឲ្យទទួលការជ្រមុជទឹក ហើយក៏នឹងជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ចំពោះលោក ក្រោយពីអ្នកបានជ្រមុជទឹក។ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ។ (ម៉ាក. ១២:៣០) តើយើងអាចរៀនឲ្យចេះគោរពនិងស្រឡាញ់ព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅបែបនេះយ៉ាងដូចម្ដេច? ការគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង ជំរុញចិត្តយើងឲ្យស្រឡាញ់លោកវិញ។ w២០.០៣ ទំ. ៤ វ. ៤-៥
ថ្ងៃសៅរ៍ ទី៣០ ខែមករា
[ចូរ]បំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក។—២ធី. ៤:៥
តើការបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូកមានន័យយ៉ាងណា? បើនិយាយឲ្យស្រួលយល់ ការបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូកមានន័យថាយើងត្រូវផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ប៉ុន្តែ នេះមិនគ្រាន់តែរួមបញ្ចូលចំនួនម៉ោងដែលយើងផ្សព្វផ្សាយប៉ុណ្ណោះទេ បំណងចិត្តរបស់យើងក្នុងកិច្ចបម្រើផ្សាយក៏សំខាន់ចំពោះព្រះយេហូវ៉ាដែរ។ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាង យើងខំអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងកិច្ចបម្រើរបស់យើងជាគ្រិស្តសាសនិក។ (ម៉ាក. ១២:៣០, ៣១; កូឡ. ៣:២៣) ការបម្រើព្រះអស់ពីកម្លាំងកាយកម្លាំងចិត្តមានន័យថាយើងខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើលោក។ ពេលយើងឲ្យតម្លៃចំពោះឯកសិទ្ធិផ្សព្វផ្សាយ យើងខំអស់ពីសមត្ថភាពដើម្បីប្រាប់មនុស្សច្រើនបំផុតអំពីដំណឹងល្អតាមដែលអាចធ្វើបាន។ យើងប្រហែលជាមិនអាចចំណាយពេលច្រើនក្នុងកិច្ចបម្រើផ្សាយដូចដែលយើងចង់ធ្វើនោះទេ។ ប៉ុន្តែ នេះជាកិច្ចការដែលយើងស្រឡាញ់។ យើងព្យាយាមបង្កើនសមត្ថភាពដើម្បីធ្វើឲ្យដំណឹងល្អជ្រាបចូលក្នុងចិត្តរបស់មនុស្សដែលយើងជួប។ យើងចាត់ទុកកិច្ចបម្រើផ្សាយជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ w១៩.០៤ ទំ. ២-៣ វ. ៣-៤, ៦
ថ្ងៃអាទិត្យ ទី៣១ ខែមករា
សេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។—យ៉ូន. ៨:៤៤
ការកុហករបស់សាថានធ្វើឲ្យមនុស្សកាន់តែកើតទុក្ខនិងឈឺចាប់។ ជួនកាលមានគេប្រាប់ឪពុកម្ដាយដែលកំពុងកើតទុក្ខពេលកូនរបស់ពួកគេបានស្លាប់ថា ព្រះយកកូននោះទៅស្ថានសួគ៌ដើម្បីធ្វើជាទេវតា។ តើការភូតភរនេះរបស់សាថានកាត់បន្ថយ ឬក៏បន្ថែមការឈឺចាប់របស់ពួកគេ? ម្យ៉ាងទៀត មនុស្សធ្លាប់ប្រើសេចក្ដីបង្រៀនមិនពិតអំពីភ្លើងនរកដើម្បីជាមូលដ្ឋានសម្រាប់ការដាក់ទារុណកម្មអ្នកឯទៀត ដូចជាពួកអ្នកដែលប្រឆាំងនឹងសេចក្ដីបង្រៀនរបស់សាសនាកាតូលិកបានត្រូវគេដុតទាំងរស់។ យោងទៅតាមសៀវភៅមួយអំពីសាលាក្ដីរបស់សាសនាកាតូលិកនៅប្រទេសអេស្ប៉ាញសម័យបុរាណ អ្នកខ្លះដែលជាអ្នកចាត់ចែងអំពើឃោរឃៅនោះ ប្រហែលជាបានជឿថាពួកគេគ្រាន់តែឲ្យអ្នកក្បត់ជំនឿនោះ«ភ្លក់ឲ្យដឹងថាការរងទុក្ខក្នុងភ្លើងនរកជារៀងរហូតគឺយ៉ាងណា»ដើម្បីឲ្យអ្នកនោះអាចប្រែចិត្តមុននឹងស្លាប់ ហើយមិនចាំបាច់ចូលក្នុងភ្លើងនរកទេ។ មួយវិញទៀត នៅប្រទេសជាច្រើនសព្វថ្ងៃនេះ មនុស្សគិតថាពួកគេត្រូវគោរពនិងសែនជីដូនជីតា ព្រមទាំងសុំសេចក្ដីសុខនិងភាពចម្រុងចម្រើនពីពួកគេ។ មនុស្សខ្លះទៀតធ្វើអ្វីផ្សេងៗដើម្បីកុំឲ្យដូនតាកាច់ពួកគេ។ គួរឲ្យស្ដាយណាស់ ជំនឿដែលមានមូលដ្ឋានលើការភូតភររបស់សាថានមិនផ្ដល់ការសម្រាលទុក្ខពិតប្រាកដដល់មនុស្សទេ។ ផ្ទុយទៅវិញ នោះនាំឲ្យមនុស្សខ្វល់ខ្វាយឬថែមទាំងនាំឲ្យភ័យខ្លាចទៀតផង។ w១៩.០៤ ទំ. ១៤ វ. ១; ទំ. ១៦ វ. ១០