ខែកុម្ភៈ
ថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ
[ព្រះយេហូវ៉ា]ស្រឡាញ់ . . . សេចក្ដីយុត្តិធម៌។—ទំនុក. ៣៣:៥
ក្នុងគម្ពីរពាក្យ«យុត្តិធម៌»សំដៅទៅលើការធ្វើអ្វីដែលព្រះចាត់ទុកថាត្រឹមត្រូវ ហើយធ្វើដូច្នេះដោយមិនរើសមុខ។ សូមពិចារណាអំពីរបៀបដែលការប្រព្រឹត្តរបស់លោកយេស៊ូបង្ហាញថាលោកយុត្តិធម៌។ នៅសម័យលោក អ្នកដឹកនាំសាសនាយូដាស្អប់អ្នកដែលមិនមែនជាជនជាតិយូដា មើលងាយជនជាតិយូដាដែលជាមនុស្សសាមញ្ញ និងមិនបង្ហាញការគោរពចំពោះស្ត្រី។ ប៉ុន្តែ លោកយេស៊ូប្រព្រឹត្តដោយយុត្តិធម៌និងដោយមិនរើសមុខចំពោះមនុស្សទាំងអស់។ លោកទទួលស្វាគមន៍បុគ្គលដែលមានជំនឿលើលោក ទោះជាពួកគេមិនមែនជាជនជាតិយូដាក៏ដោយ។ (ម៉ាថ. ៨:៥-១០, ១៣) លោកបានផ្សព្វផ្សាយដល់មនុស្សទាំងអស់ដោយមិនរើសអើង មិនថាពួកគេជាអ្នកមានឬអ្នកក្រក្ដី។ (ម៉ាថ. ១១:៥; លូក. ១៩:២, ៩) លោកមិនដែលប្រព្រឹត្តដោយគ្មានមេត្តាចំពោះមនុស្សស្រី ឬធ្វើបាបពួកគេឡើយ។ ផ្ទុយទៅវិញ លោកបានបង្ហាញការគោរពនិងសេចក្ដីសប្បុរសចំពោះមនុស្សស្រី រួមទាំងស្ត្រីដែលអ្នកឯទៀតមើលងាយ។ (លូក. ៧:៣៧-៣៩, ៤៤-៥០) យើងអាចយកតម្រាប់លោកយេស៊ូដោយប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនរើសមុខ និងដោយផ្សព្វផ្សាយដល់អស់អ្នកដែលចង់ស្ដាប់ ទោះជាពួកគេជាអ្នកមានឬអ្នកក្រ ឬកាន់សាសនាណាក៏ដោយ។ បុរសដែលជាគ្រិស្តសាសនិកពិតធ្វើតាមគំរូរបស់លោកយេស៊ូដោយបង្ហាញការគោរពចំពោះស្ត្រី។ w១៩.០៥ ទំ. ២ វ. ១; ទំ. ៥ វ. ១៥-១៧
ថ្ងៃអង្គារ ទី២ ខែកុម្ភៈ
យើងបានប្រព្រឹត្តដោយស្លូតបូតចំពោះអ្នករាល់គ្នា ដូចម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន។—១ថែ. ២:៧
សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំក៏អាចប្រើពាក្យសម្ដីស្លូតបូត និងដែលបង្ហាញថាពួកគាត់ស្រឡាញ់និងថ្នាក់ថ្នមចៀមរបស់ព្រះ កាលដែលពួកគាត់ផ្ដល់ការសម្រាលទុក្ខពីបទគម្ពីរដល់ពួកអ្នកដែលត្រូវការ។ តើមានតែពួកអ្នកចាស់ទុំប៉ុណ្ណោះដែលអាចផ្ដល់ការសម្រាលទុក្ខដល់អ្នកដែលបានរងការបៀតបៀនកេរ្ដិ៍ខ្មាសឬ? មិនមែនទេ។ យើងទាំងអស់គ្នាមានភារកិច្ច«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក»។ (១ថែ. ៤:១៨) ជាពិសេសបងស្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំអាចលើកទឹកចិត្តបងប្អូនស្រីដែលត្រូវការការសម្រាលទុក្ខ។ គឺសមត្រឹមត្រូវ ដែលព្រះយេហូវ៉ាបានប្រដូចខ្លួនលោកទៅនឹងម្ដាយដែលលួងលោមកូន។ (អេ. ៦៦:១៣) ក្នុងគម្ពីរក៏មានគំរូរបស់ស្ត្រីដែលបានផ្ដល់ការសម្រាលទុក្ខដល់ពួកអ្នកដែលកើតទុក្ខ។ (យ៉ូប ៤២:១១) ព្រះយេហូវ៉ាពិតជាពេញចិត្តពេលឃើញស្ត្រីជាគ្រិស្តសាសនិកនៅសព្វថ្ងៃនេះផ្ដល់ការសម្រាលទុក្ខដល់បងប្អូនស្រីរួមជំនឿដែលកំពុងកើតទុក្ខ! ជួនកាលដោយស្ងាត់ៗ ពួកអ្នកចាស់ទុំប្រហែលជានឹងសុំបងស្រីដែលមានភាពចាស់ទុំឲ្យជួយបងស្រីណាម្នាក់ដែលកំពុងកើតទុក្ខ។ ពិតមែន យើងគួរប្រុងប្រយ័ត្នមិនជ្រៀតជ្រែកក្នុងរឿងផ្ទាល់ខ្លួនរបស់បងប្អូនយើង បើគាត់មិនចង់និយាយ។—១ថែ. ៤:១១ w១៩.០៥ ទំ. ១៦-១៧ វ. ១០-១២
ថ្ងៃពុធ ទី៣ ខែកុម្ភៈ
គ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សី ពីរឬបីនាក់។—ម៉ាថ. ១៨:១៦
ហេតុអ្វីត្រូវមានសាក្សីយ៉ាងហោចណាស់ពីរនាក់មុនដែលពួកអ្នកចាស់ទុំបង្កើតគណៈកម្មាធិការវិនិច្ឆ័យ? តម្រូវការនេះគឺសមស្របនឹងខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ពីគម្ពីរស្ដីអំពីយុត្តិធម៌។ បើបុគ្គលដែលបានត្រូវគេចោទប្រកាន់មិនបានសារភាពអំពីអំពើខុសឆ្គងទេ ត្រូវតែមានសាក្សីពីរនាក់ ទើបពួកអ្នកចាស់ទុំអាចបង្កើតគណៈកម្មាធិការវិនិច្ឆ័យ។ (ចោ. ១៩:១៥; ១ធី. ៥:១៩) បើបុគ្គលនោះប្រកែកថាគាត់មិនបានធ្វើអំពើនោះទេ ពួកអ្នកចាស់ទុំសួរសាក្សីឯទៀតដែលដឹងអំពីរឿងនេះ។ បើមានសាក្សីយ៉ាងតិចពីរនាក់ គឺម្នាក់ជាអ្នកចោទប្រកាន់ និងបុគ្គលម្នាក់ទៀតជាសាក្សីដែលអាចបញ្ជាក់អំពីទង្វើនោះ ពួកអ្នកចាស់ទុំនឹងបង្កើតគណៈកម្មាធិការវិនិច្ឆ័យ។ បើមិនមានសាក្សីម្នាក់ទៀតក្រៅពីដើមចោទ នេះមិនមានន័យថាអ្វីដែលដើមចោទនិយាយមិនមែនជាការពិតទេ។ ទោះជាក្នុងករណីដែលមិនមានសាក្សីពីរនាក់ក្ដី ពួកអ្នកចាស់ទុំយល់ថាបុគ្គលដែលជាចុងចោទប្រហែលជាបានធ្វើអ្វីមួយដ៏អាក្រក់។ ពួកអ្នកចាស់ទុំបន្តផ្ដល់ការសម្រាលទុក្ខនិងការគាំទ្រដល់អស់អ្នកដែលរងការឈឺចាប់ដោយសាររឿងនោះ ហើយឃ្លាំមើលដើម្បីការពារក្រុមជំនុំពីគ្រោះថ្នាក់។—សកម្ម. ២០:២៨ w១៩.០៥ ទំ. ១១ វ. ១៥-១៦
ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ
ចូរសញ្ជឹងគិតអំពីការទាំងនេះ . . . ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន។—១ធី. ៤:១៥
ជាការសំខាន់ដែលកូនរបស់អ្នករៀនឲ្យចេះសិក្សា។ ពួកគេត្រូវដឹងអំពីរបៀបដែលពួកគេអាចរៀបចំសម្រាប់កិច្ចប្រជុំ ឬក៏របៀបស្រាវជ្រាវអំពីសំណួរឬបញ្ហាណាមួយដែលពួកគេជួបប្រទះនៅសាលាជាដើម។ (ហេ. ៥:១៤) បើពួកគេចំណាយពេលសិក្សានៅផ្ទះ នេះនឹងជួយពួកគេឲ្យស្រួលផ្ដោតអារម្មណ៍ជាងទៅលើកម្មវិធីកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ ប៉ុន្តែ រយៈពេលសិក្សាគឺអាស្រ័យទៅលើអាយុនិងបុគ្គលិកលក្ខណៈរបស់កូន។ សិស្សគម្ពីររបស់យើងក៏ត្រូវរៀនអំពីរបៀបសិក្សាដែរ។ កាលដែលពួកគេទើបតែចាប់ផ្ដើមរៀនថ្មីៗ យើងសប្បាយចិត្តពេលឃើញពួកគេរៀបចំសម្រាប់ការសិក្សាគម្ពីរនិងកិច្ចប្រជុំដោយគូសចម្លើយ។ ប៉ុន្តែ យើងត្រូវតែបង្រៀនសិស្សគម្ពីរអំពីរបៀបស្រាវជ្រាវនិងសិក្សាផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ។ យ៉ាងនេះ ពេលមានបញ្ហាកើតឡើង ពួកគេនឹងដឹងអំពីរបៀបស្វែងរកយោបល់ល្អពីសៀវភៅផ្សេងៗរបស់អង្គការយើងដោយធ្វើការស្រាវជ្រាវខ្លួនឯង។ w១៩.០៥ ទំ. ២៦ វ. ២; ទំ. ២៨ វ. ១០-១១
ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ
យើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ។—២កូ. ១០:៥
សាថានបានតាំងចិត្តធ្វើឲ្យយើងផ្លាស់ប្ដូររបៀបគិតគូររបស់យើង។ វាប្រើសេចក្ដីបង្រៀននិងទស្សនៈគ្រប់បែបយ៉ាងដើម្បីមិនឲ្យបណ្ដាំរបស់ព្រះមានឥទ្ធិពលមកលើរបៀបគិតគូររបស់យើង។ សាថានបន្តប្រើសំណួរដូចដែលវាបានសួរអេវ៉ានៅសួនអេដែនដែលថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា . . . មែនឬ?»។ (កណ. [លោ.] ៣:១, ខ.ស.) ក្នុងពិភពលោកដែលនៅក្រោមការគ្រប់គ្រងរបស់សាថាន យើងច្រើនតែឮគេសួរសំណួរដែលអាចធ្វើឲ្យយើងសង្ស័យលើអ្វីដែលយើងជឿ។ សំណួរទាំងនោះមានដូចជា៖ ‹តើព្រះពិតជាមិនពេញចិត្តនឹងការរៀបអាពាហ៍ពិពាហ៍រវាងបុគ្គលដែលមានភេទដូចគ្នាមែនឬ? តើព្រះពិតជាមិនចង់ឲ្យអ្នកធ្វើបុណ្យណូអែលនិងពិធីខួបកំណើតឬ? តើព្រះរបស់អ្នកពិតជាតម្រូវឲ្យអ្នកមិនចាក់បញ្ចូលឈាមឬទេ? តើព្រះដែលពោរពេញដោយសេចក្ដីស្រឡាញ់ពិតជាតម្រូវឲ្យអ្នកមិនសេពគប់នឹងបុគ្គលជាទីស្រឡាញ់ដែលបានត្រូវបណ្ដាច់មិត្តភាពមែនឬ?›។ យើងត្រូវដឹងប្រាកដថាអ្វីដែលយើងជឿគឺជាការពិត។ បើយើងមិនស្វែងរកចម្លើយចំពោះសំណួរដែលអាចធ្វើឲ្យយើងសង្ស័យអំពីជំនឿរបស់យើង យូរៗទៅការសង្ស័យទាំងនេះអាចបង្ខូចចិត្តគំនិតរបស់យើង និងធ្វើឲ្យយើងលែងមានជំនឿ។ w១៩.០៦ ទំ. ១២-១៣ វ. ១៥-១៧
ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ
ចូរអ្នកទាំងអស់គ្នាមានចិត្តគំនិតតែមួយ ចូរកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្តា មានចិត្តរាបទាប។—១ពេ. ៣:៨
ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់។ (យ៉ូន. ៣:១៦) យើងចង់យកតម្រាប់បិតារបស់យើងដែលស្រឡាញ់យើង។ ដូច្នេះ យើងព្យាយាម«កើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន [និង]មានចិត្តអាណិតមេត្តា»ចំពោះមនុស្សទាំងអស់ តែជាពិសេសចំពោះ«បងប្អូនរួមជំនឿរបស់យើង»។ (កាឡ. ៦:១០) យើងចង់ជួយពួកគេ ពេលពួកគេមានការពិបាកដែលធ្វើឲ្យពួកគេតានតឹងចិត្ត។ តើតាមរបៀបណាយើងអាចសម្រាលទុក្ខបុគ្គលដែលបានបាត់បង់គូអាពាហ៍ពិពាហ៍? ដំបូងយើងគួរនិយាយជាមួយនឹងបុគ្គលនោះ ទោះជាយើងមានអារម្មណ៍មិនស្រួលឬមិនដឹងថាយើងគួរនិយាយអ្វីក៏ដោយ។ បងស្រីផូឡាដែលបានបាត់បង់ប្ដីរបស់គាត់ភ្លាមៗនិយាយថា៖ «ខ្ញុំយល់ថា តាមធម្មតាការនិយាយអំពីការស្លាប់របស់អ្នកណាម្នាក់ធ្វើឲ្យមនុស្សមានអារម្មណ៍មិនស្រួល។ ពួកគេបារម្ភថាពួកគេនឹងនិយាយអ្វីដែលធ្វើឲ្យអ្នកដែលកំពុងកើតទុក្ខទើសចិត្ត។ តែការឮអ្វីដែលទើសចិត្តគឺល្អជាងការមិនឮអ្វីទាល់តែសោះ»។ អ្នកដែលកំពុងកើតទុក្ខទំនងជាមិនរំពឹងថាយើងនឹងនិយាយអ្វីដែលវិសេសវិសាលនោះទេ។ បងផូឡានិយាយថា៖ «ខ្ញុំសប្បាយចិត្តពេលមិត្តភក្ដិគ្រាន់តែនិយាយថា ‹ខ្ញុំសូមចូលរួមសោកស្ដាយផង›»។ w១៩.០៦ ទំ. ២០ វ. ១; ទំ. ២៣ វ. ១៤
ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ
ឱព្រះយេហូវ៉ាអើយ សូមស្ដាប់សេចក្ដីគំរាមរបស់ពួកគេ ហើយអនុគ្រោះឲ្យពួកខ្ញុំបម្រើរបស់លោកបន្តប្រកាសបណ្ដាំរបស់លោកដោយសេចក្ដីក្លាហាន។—សកម្ម. ៤:២៩
បើគេដាក់បម្រាមលើកិច្ចការរបស់យើង ពួកអ្នកចាស់ទុំនឹងរៀបចំឲ្យអ្នកចូលរួមកិច្ចប្រជុំតាមរបៀបមួយដែលមិនធ្វើឲ្យអ្នកប្រឆាំងចាប់អារម្មណ៍។ ពួកអ្នកចាស់ទុំប្រហែលជានឹងប្រាប់អ្នកឲ្យជួបជុំគ្នាជាក្រុមតូចៗ ហើយប្រហែលជានឹងផ្លាស់ប្ដូរម៉ោងនិងកន្លែងប្រជុំជារឿយៗ។ ស្ដីអំពីកិច្ចការផ្សព្វផ្សាយ នឹងមានកាលៈទេសៈខុសគ្នានៅកន្លែងនីមួយៗ។ ប៉ុន្តែ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់លោក ដូច្នេះយើងនឹងតែងតែរកវិធីដើម្បីផ្សព្វផ្សាយ។ (លូក. ៨:១) ប្រវត្ដិវិទូម្នាក់ឈ្មោះអេមេលី ពើរ៉ានបាននិយាយអំពីសាក្សីព្រះយេហូវ៉ានៅអតីតសហភាពសូវៀតថា៖ «ពេលរដ្ឋាភិបាលប្រាប់សាក្សីថាពួកគេមិនអាចផ្សព្វផ្សាយអំពីជំនឿរបស់ពួកគេ ពួកគេបានចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកជិតខាង អ្នករួមការងារ និងមិត្តភក្ដិ។ ពេលពួកគេបានត្រូវចាប់ខ្លួនយកទៅជំរំពលកម្មដោយសារកិច្ចការនោះ ពួកគេបានផ្សព្វផ្សាយដល់អ្នកឯទៀតដែលជាប់ឃុំជាមួយគ្នា»។ ទោះជាមានបម្រាមក្ដី បងប្អូនរបស់យើងនៅទីនោះមិនបានឈប់ផ្សព្វផ្សាយទេ។ សូមអ្នកតាំងចិត្តធ្វើដូចបងប្អូនទាំងនោះ! w១៩.០៧ ទំ. ១១ វ. ១២-១៣
ថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម។—ម៉ាថ. ២៨:១៩
តើតាមរបៀបណាយើងអាចជួយបុគ្គលដែលមិនកាន់សាសនាឲ្យស្រឡាញ់ព្រះ និងទៅជាអ្នកកាន់តាមគ្រិស្ត? យើងត្រូវទទួលស្គាល់ថាប្រតិកម្មរបស់បុគ្គលណាម្នាក់ចំពោះដំណឹងដែលយើងផ្សាយ គឺអាស្រ័យលើកន្លែងដែលគាត់ធំឡើង។ ជាឧទាហរណ៍ មនុស្សដែលធំឡើងនៅទ្វីបអឺរ៉ុបប្រហែលជាមិនមានប្រតិកម្មដូចគ្នានឹងមនុស្សដែលមកពីទ្វីបអាស៊ីទេ។ ហេតុអ្វី? ពីព្រោះនៅទ្វីបអឺរ៉ុប មនុស្សជាច្រើនស្គាល់ព័ត៌មានខ្លះៗអំពីគម្ពីរ ហើយស៊ាំនឹងគំនិតដែលថាព្រះបានបង្កើតអ្វីៗទាំងអស់។ ប៉ុន្តែនៅទ្វីបអាស៊ី មនុស្សភាគច្រើនមិនសូវស្គាល់ឬមិនស្គាល់ទាល់តែសោះអំពីគម្ពីរ ហើយពួកគេប្រហែលជាមិនជឿថាមានអ្នកបង្កើតអ្វីៗទាំងអស់ទេ។ ដូច្នេះចូរមានចិត្តគំនិតត្រឹមត្រូវ។ ជារៀងរាល់ឆ្នាំ បុគ្គលដែលមិនធ្លាប់កាន់សាសនាណាមួយបានក្លាយទៅជាសាក្សីព្រះយេហូវ៉ា។ ពួកគេជាច្រើនមានខ្នាតតម្រាសីលធម៌ខ្ពស់រួចហើយ ហើយស្អប់ខ្ពើមសាសនាដែលមានពុតត្បុត។ ពួកគេខ្លះទៀតមានខ្នាតតម្រាសីលធម៌ធូរលុង ហើយមានទម្លាប់អាក្រក់ដែលពួកគេត្រូវលះចោល។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចប្រាកដថាយើងនឹងរកឃើញពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—សកម្ម. ១៣:៤៨; ១ធី. ២:៣, ៤ w១៩.០៧ ទំ. ២០-២១ វ. ៣-៤
ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ
យើងមិនឈប់តស៊ូឡើយ។—២កូ. ៤:១៦
ទោះជាយើងមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ឬនៅផែនដីជាសួនឧទ្យានក្ដី យើងត្រូវបន្តរត់ដោយមានគោលដៅ។ មិនថាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងមិនត្រូវសម្លឹងមើលអ្វីៗដែលនៅខាងក្រោយ ហើយក៏មិនគួរអនុញ្ញាតឲ្យអ្វីណាក៏ដោយបញ្ឈប់យើងពីការជឿនទៅមុខឡើយ។ (ភី. ៣:១៦) អ្វីដែលយើងរំពឹងទុក ប្រហែលជាមើលទៅមិនទាន់កើតឡើងតាមពេលដែលយើងនឹកស្មាន ឬកម្លាំងកាយរបស់យើងប្រហែលជាចុះខ្សោយ ឬក៏យើងប្រហែលជាបានស៊ូទ្រាំនឹងទុក្ខលំបាកនិងការបៀតបៀនអស់ជាច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងនោះក៏ដោយ សូម«កុំខ្វល់ចិត្តអំពីអ្វីឡើយ»។ ផ្ទុយទៅវិញ សូមជម្រាបព្រះអំពីសំណូមពរនិងការអង្វរសុំរបស់អ្នក ហើយលោកនឹងផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខសាន្តដែលហួសពីការនឹកស្មាន។ (ភី. ៤:៦, ៧) ដូចអ្នករត់ប្រណាំងដែលខំប្រឹងយ៉ាងខ្លាំងពេលគាត់រត់ជិតដល់ទីផ្ដាច់ព្រ័ត្រ សូមយើងបន្តផ្ដោតអារម្មណ៍យ៉ាងពេញលេញទៅលើគោលដៅរបស់យើងក្នុងការរត់ដល់ទីបញ្ចប់នៃការរត់ប្រណាំងដើម្បីឲ្យបានជីវិត។ សូមយើងខំប្រឹងជឿនទៅមុខតាមកម្លាំងនិងកាលៈទេសៈរបស់យើង ដើម្បីឆ្ពោះទៅកាន់អនាគតដ៏អស្ចារ្យ។ w១៩.០៨ ទំ. ៧ វ. ១៦-១៧
ថ្ងៃពុធ ទី១០ ខែកុម្ភៈ
ចូរយំជាមួយនឹងអ្នកដែលកំពុងយំ។—រ៉ូម ១២:១៥
យើងប្រហែលជាមិនដឹងថាយើងគួរនិយាយអ្វីទៅកាន់បងប្អូនដែលកំពុងកើតទុក្ខទេ។ ទោះជាយ៉ាងនោះក៏ដោយ ពេលយើងយំជាមួយនឹងបងប្អូននោះ គាត់ដឹងថាយើងយកចិត្តទុកដាក់ចំពោះគាត់។ ពេលឡាសាដែលជាមិត្តសម្លាញ់របស់លោកយេស៊ូបានស្លាប់ ម៉ារៀ ម៉ាថា និងអ្នកឯទៀតបានយំដោយសារពួកគេបានបាត់បង់ប្អូនប្រុសនិងមិត្តជាទីស្រឡាញ់របស់ពួកគេ។ បួនថ្ងៃក្រោយមកពេលលោកយេស៊ូបានទៅដល់ លោកក៏បាន«ស្រក់ទឹកភ្នែក»ដែរ ទោះជាលោកដឹងថាបន្តិចទៀតលោកនឹងប្រោសឡាសាឲ្យរស់ឡើងវិញក្ដី។ (យ៉ូន. ១១:១៧, ៣៣-៣៥) ការដែលលោកយេស៊ូស្រក់ទឹកភ្នែក នោះបង្ហាញអំពីអារម្មណ៍របស់បិតាលោក។ នេះក៏បញ្ជាក់អំពីសេចក្ដីស្រឡាញ់ដែលលោកយេស៊ូមានចំពោះក្រុមគ្រួសារនោះ ហើយនេះច្បាស់ជាបានសម្រាលទុក្ខម៉ារៀនិងម៉ាថា។ ស្រដៀងគ្នាដែរ ពេលដែលបងប្អូនដឹងថាយើងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះពួកគេ នោះពួកគេដឹងថាពួកគេមិននៅម្នាក់ឯងទេ ប៉ុន្តែមានមិត្តភក្ដិជាច្រើនដែលគាំទ្រនិងគិតអំពីពួកគេ។ ជួនកាលអ្វីដែលពួកគេត្រូវការខ្លាំងបំផុតគឺឲ្យយើងយកចិត្តទុកដាក់ស្ដាប់។ សូមឲ្យគាត់និយាយអស់ពីចិត្ត ហើយកុំទើសចិត្តពេលគាត់និយាយអ្វីដែល«ជ្រួសហួស»។ (យ៉ូប ៦:២, ៣) គាត់ប្រហែលជាមានការតានតឹងចិត្តថែមទៀតដោយសារការបង្ខិតបង្ខំពីសាច់ញាតិដែលមិនមែនជាសាក្សី។ ដូច្នេះ សូមអធិដ្ឋានជាមួយនឹងគាត់។ ចូរអង្វរសុំ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»ឲ្យផ្ដល់កម្លាំងនិងជួយគាត់ឲ្យដឹងច្បាស់អំពីអ្វីដែលគាត់ត្រូវធ្វើ។—ទំនុក. ៦៥:២ w១៩.០៤ ទំ. ១៨-១៩ វ. ១៨-១៩
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ
ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។—ទំនុក. ៦២:៨
ទោះជាយើងបម្រើនៅបេតអែលឬជាអ្នកបម្រើពេញពេលខាងអ្វីផ្សេងទៀតក្ដី យើងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សនិងកន្លែងដែលយើងបំពេញកិច្ចបម្រើ។ ដូច្នេះ បើយើងត្រូវចាកចេញដោយសារមូលហេតុណាមួយ នោះអាចធ្វើឲ្យយើងឈឺចិត្ត។ យើងនឹកបងប្អូន ហើយយើងក៏បារម្ភអំពីពួកគេដែរ ជាពិសេសបើយើងត្រូវចាកចេញដោយសារការបៀតបៀន។ (ម៉ាថ. ១០:២៣; ២កូ. ១១:២៨, ២៩) ម្យ៉ាងទៀត ការផ្លាស់ប្ដូរភារកិច្ចឬសូម្បីតែការត្រឡប់ទៅប្រទេសកំណើតវិញ ក៏ជាអ្វីដែលពិបាកដោយសារយើងត្រូវសម្របខ្លួនទៅតាមវប្បធម៌ថ្មី។ ពេលភារកិច្ចរបស់បងប្អូនខ្លះបានត្រូវផ្លាស់ប្ដូរ ភ្លាមៗពួកគេប្រហែលជាប្រឈមមុខនឹងបញ្ហាខាងលុយកាក់ដែលពួកគេមិនបានរំពឹងទុក។ ពួកគេប្រហែលជាខ្វល់ខ្វាយនិងធ្លាក់ទឹកចិត្ត។ តើអ្វីអាចជួយពួកគេ? ចូរនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (យ៉ា. ៤:៨) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយទុកចិត្តលោកជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុក. ៦៥:២) ព្រះយេហូវ៉ាអាច«ធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ»។ (អេភ. ៣:២០) លោកមិនគ្រាន់តែផ្ដល់ឲ្យយើងនូវអ្វីដែលយើងអធិដ្ឋានសុំប៉ុណ្ណោះទេ តែលោកប្រហែលជាធ្វើអ្វីដែលយើងមិនបានរំពឹងទុកឬអ្វីដែលហួសពីការនឹកស្មាន ដើម្បីដោះស្រាយបញ្ហារបស់យើង។ w១៩.០៨ ទំ. ២០-២១ វ. ៥-៦
ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ
ពួកគេបានប្រមូលស្ដេចទាំងនោះទៅឯកន្លែងដែល . . . ហៅថាហាម៉ាគេដូន។—បប. ១៦:១៦
មនុស្សខ្លះជឿថាសង្គ្រាមនុយក្លេអ៊ែរ ឬមហន្តរាយធម្មជាតិនឹងបំផ្លាញពិភពលោក។ ប៉ុន្តែនេះមិនមែនជាអ្វីដែលគម្ពីរចែងទេ។ ផ្ទុយទៅវិញ គម្ពីរបង្រៀនថាមិនយូរទៀតនឹងមានសង្គ្រាមមួយដែលនាំឲ្យទទួលលទ្ធផលដ៏ល្អ។ សង្គ្រាមនេះបានត្រូវហៅថាហាម៉ាគេដូន ហើយអ្វីដែលគម្ពីរចែងអំពីសង្គ្រាមនេះគួរជាអ្វីដែលធ្វើឲ្យយើងសប្បាយរីករាយ។ (បប. ១:៣) សង្គ្រាមហាម៉ាគេដូននឹងមិនបំផ្លាញមនុស្សជាតិទេ ប៉ុន្តែនឹងសង្គ្រោះពួកគេវិញ។ តើតាមរបៀបណា? គឺដោយបំបាត់ចោលការគ្រប់គ្រងរបស់មនុស្ស ហើយបំផ្លាញចោលមនុស្សទុច្ចរិត និងទុកមនុស្សសុចរិតឲ្យរស់នៅ។ ម្យ៉ាងទៀត សង្គ្រាមនោះនឹងសង្គ្រោះមនុស្សជាតិដោយបំផ្លាញពួកអ្នកដែលបង្ខូចផែនដី។ (បប. ១១:១៨) ពាក្យ«ហាម៉ាគេដូន»មានតែម្ដងប៉ុណ្ណោះក្នុងគម្ពីរ ហើយពាក្យនេះមកពីពាក្យភាសាហេប្រឺដែលមានន័យថា«ភ្នំមេគីដោ»។ (បប. ១៦:១៦) មេគីដោគឺជាក្រុងមួយនៅអ៊ីស្រាអែលសម័យបុរាណ។ (យ៉ូស. ១៧:១១) ហាម៉ាគេដូនមិនសំដៅទៅលើកន្លែងមែនទែនលើផែនដីនេះទេ។ និយាយឲ្យចំទៅ ហាម៉ាគេដូនសំដៅទៅលើស្ថានភាពមួយ ពេល«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»ប្រមូលគ្នាច្បាំងនឹងព្រះយេហូវ៉ា។—បប. ១៦:១៤ w១៩.០៩ ទំ. ៨ វ. ១-៣
ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ
គ្មានអ្នកណាអាចព្យាបាលជំងឺរបស់នាងឲ្យជាបានឡើយ។—លូក. ៨:៤៣
ស្ត្រីម្នាក់ត្រូវការជំនួយខ្លាំងណាស់។ គាត់បានទៅជួបគ្រូពេទ្យជាច្រើនដោយសង្ឃឹមថានឹងបានជាសះស្បើយ។ ក៏ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលជំងឺដែលបានធ្វើឲ្យគាត់រងទុក្ខអស់១២ឆ្នាំបានទេ។ តាមច្បាប់ម៉ូសេគាត់បានត្រូវរាប់ថាមិនស្អាតបរិសុទ្ធ។ (លេវី. ១៥:២៥) កាលដែលគាត់បានឮថាលោកយេស៊ូអាចធ្វើឲ្យមនុស្សឈឺជាសះស្បើយ គាត់បានទៅរកលោក។ ពេលគាត់បានរកឃើញលោកហើយ គាត់បានពាល់ជាយសម្លៀកបំពាក់ក្រៅរបស់លោក ហើយរំពេចនោះគាត់ក៏បានជាសះស្បើយ! លោកយេស៊ូមិនគ្រាន់តែធ្វើឲ្យគាត់ជាសះស្បើយពីជំងឺនោះប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការប្រព្រឹត្តរបស់លោកចំពោះគាត់ លោកក៏បានធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់បានទទួលសេចក្ដីស្រឡាញ់និងការគោរព។ ជាឧទាហរណ៍ ពេលនិយាយជាមួយនឹងគាត់ លោកបានហៅគាត់ថា«កូនស្រី»ដើម្បីបង្ហាញការគោរពនិងអារម្មណ៍កក់ក្ដៅចំពោះគាត់។ ស្ត្រីនោះច្បាស់ជាបានទទួលកម្លាំងចិត្តឡើងវិញមែន! (លូក. ៨:៤៤-៤៨) សូមកត់សម្គាល់ថាស្ត្រីនោះបានទៅរកលោកយេស៊ូ។ នេះមានន័យថាគាត់បានខំព្យាយាមដើម្បីធ្វើដូច្នេះ។ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ ដើម្បី«មកឯ»លោកយេស៊ូ យើងក៏ត្រូវខំប្រឹងដែរ។ នៅសម័យយើងនេះ លោកយេស៊ូមិនធ្វើអព្ភូតហេតុដើម្បីឲ្យមនុស្សឈឺដែល«មកឯ»លោកជាសះស្បើយទេ។ ប៉ុន្តែលោកនៅតែអញ្ជើញយើង ដោយមានប្រសាសន៍ថា៖ «ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»។—ម៉ាថ. ១១:២៨ w១៩.០៩ ទំ. ២០ វ. ២-៣
ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ
ខ្ញុំឃើញមនុស្សមួយក្រុមធំ . . . ចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា។—បប. ៧:៩
សាការីដែលជាអ្នកប្រកាសទំនាយបានរៀបរាប់អំពីអ្វីដែលស្រដៀងនឹងនោះដែរ។ គាត់បានសរសេរថា៖ «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាក. ៨:២៣) សាក្សីព្រះយេហូវ៉ាយល់ថាដើម្បីប្រមូលមនុស្សពីគ្រប់ភាសា ពួកគេត្រូវផ្សព្វផ្សាយដំណឹងល្អជាច្រើនភាសា។ ឥឡូវយើងកំពុងបកប្រែជារាប់រយភាសា ហើយការបកប្រែនេះគឺច្រើនបំផុតដែលមិនធ្លាប់មាន។ ព្រះយេហូវ៉ាកំពុងធ្វើការអស្ចារ្យនៅសម័យយើង ដោយប្រមូលមនុស្សមួយក្រុមធំពីគ្រប់ប្រជាជាតិ។ ដោយសារមានសៀវភៅគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរកាន់តែច្រើនភាសា ក្រុមនេះអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានសាមគ្គីភាព ទោះជាពួកគេមកពីប្រទេសផ្សេងៗក្ដី។ ម្យ៉ាងទៀត សាក្សីព្រះយេហូវ៉ាបានត្រូវគេស្គាល់ជាទូទៅ ចំពោះការផ្សព្វផ្សាយយ៉ាងខ្នះខ្នែងរបស់ពួកគេនិងសេចក្ដីស្រឡាញ់ជាបងប្អូនដែលពួកគេមានចំពោះគ្នា។ នេះពិតជាពង្រឹងជំនឿយើងមែន!—ម៉ាថ. ២៤:១៤; យ៉ូន. ១៣:៣៥ w១៩.០៩ ទំ. ៣០ វ. ១៦-១៧
ថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ
នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ។—ម៉ាថ. ២៤:២១
ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង មនុស្សនឹងតក់ស្លុតកាលដែលពួកគេឃើញអ្វីៗដែលពួកគេធ្លាប់គិតថានឹងនៅគង់វង្ស តែបែរជាចាប់ផ្ដើមឈានទៅរកការវិនាសសាបសូន្យទៅវិញ។ ពួកគេនឹង«មានទុក្ខ» ហើយខ្លាចថាពួកគេនឹងបាត់បង់ជីវិតក្នុងអំឡុងគ្រាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស។ (សេផ. ១:១៤, ១៥) នៅពេលនោះ សូម្បីតែរាស្ដ្ររបស់ព្រះយេហូវ៉ាក៏ទំនងជានឹងជួបការពិបាកកាន់តែច្រើនក្នុងជីវិតដែរ។ ដោយសារយើងមិនរួមចំណែកក្នុងពិភពលោក នោះយើងប្រហែលជានឹងរងទុក្ខលំបាកខ្លះ។ យើងប្រហែលជានឹងមិនមានអ្វីមួយចំនួនដែលយើងត្រូវការនោះទេ។ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»បានជួយយើងឲ្យត្រៀមខ្លួន ដើម្បីរក្សាភាពស្មោះត្រង់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ (ម៉ាថ. ២៤:៤៥) ពួកគាត់ធ្វើដូច្នេះតាមរបៀបជាច្រើន ដូចជាកម្មវិធីមហាសន្និបាតរបស់យើងពីឆ្នាំ២០១៦-២០១៨ជាដើម។ តាមរយៈកម្មវិធីទាំងនោះ យើងបានទទួលការលើកទឹកចិត្តឲ្យពង្រឹងគុណសម្បត្តិដែលយើងត្រូវការ កាលដែលថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែជិតមកដល់។ w១៩.១០ ទំ. ១៤ វ. ២; ទំ. ១៦ វ. ១០; ទំ. ១៧ វ. ១២
ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ
អ្នករាល់គ្នាមិនអាចបរិភោគពី«តុរបស់ព្រះយេហូវ៉ា»ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ។—១កូ. ១០:២១
ពេលយើងលេបអាហារចូលទៅ យើងមិនអាចសម្រេចចិត្តថាអាហារនោះនឹងមានឥទ្ធិពលយ៉ាងណាចំពោះរូបកាយរបស់យើងទេ។ អាហារល្អអាចធ្វើឲ្យយើងមានសុខភាពកាន់តែល្អ រីឯអាហារមិនល្អនឹងបង្ខូចសុខភាពរបស់យើង។ យើងប្រហែលជាមិនកត់សម្គាល់ឥទ្ធិពលភ្លាមៗនោះទេ តែមួយរយៈពេលក្រោយមកយើងនឹងឃើញ។ ស្រដៀងគ្នាដែរ ពេលយើងជ្រើសរើសការកម្សាន្ត យើងអាចសម្រេចចិត្តថាយើងដាក់អ្វីចូលក្នុងគំនិតរបស់យើង។ ក្រោយមក ការកម្សាន្តដែលយើងជ្រើសរើសនឹងមានឥទ្ធិពលលើរបៀបគិតគូរនិងអារម្មណ៍របស់យើង។ ការកម្សាន្តល្អអាចធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ រីឯការកម្សាន្តមិនល្អនឹងមានឥទ្ធិពលអាក្រក់លើយើង។ (យ៉ា. ១:១៤, ១៥) យើងប្រហែលជាមិនកត់សម្គាល់ឥទ្ធិពលពីការកម្សាន្តមិនល្អភ្លាមៗទេ តែយូរៗទៅយើងនឹងឃើញ។ ហេតុនេះ គម្ពីរព្រមានយើងថា៖ «មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។ ពីព្រោះអ្នកណាដែលសាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នកនោះនឹងទទួលផលជាសេចក្ដីហិនវិនាសពីរូបកាយ»។ (កាឡ. ៦:៧, ៨) គឺសំខាន់ណាស់ដែលយើងបដិសេធនឹងការកម្សាន្តទាំងអស់ដែលលើកស្ទួយអ្វីដែលព្រះយេហូវ៉ាស្អប់!—ទំនុក. ៩៧:១០ w១៩.១០ ទំ. ៣០ វ. ១២-១៤
ថ្ងៃពុធ ទី១៧ ខែកុម្ភៈ
ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់។—អេភ. ៥:១, ២
ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើងដោយឲ្យបុត្ររបស់លោកជាថ្លៃលោះយើង។ (យ៉ូន. ៣:១៦) តើយើងអាចមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? យើងចាត់ទុកបងប្អូនម្នាក់ៗរបស់យើងថាមានតម្លៃ ហើយយើងរីករាយទទួលស្វាគមន៍«ចៀមបាត់បង់»ដែលត្រឡប់មកព្រះយេហូវ៉ាវិញ។ (ទំនុក. ១១៩:១៧៦; លូក. ១៥:៧, ១០) យើងបង្ហាញថាយើងស្រឡាញ់បងប្អូនដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយពួកគេ ជាពិសេសពេលពួកគេត្រូវការជំនួយ។ (១យ៉ូន. ៣:១៧) លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ (យ៉ូន. ១៣:៣៤, ៣៥) បញ្ញត្ដិដែលលោកយេស៊ូឲ្យនោះគឺជាបញ្ញត្ដិថ្មី ដោយសារនោះតម្រូវឲ្យអ្នកកាន់តាមលោកបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបថ្មីមួយដែលខុសពីច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែល គឺថាពួកគេត្រូវស្រឡាញ់បងប្អូនរួមជំនឿដូចដែលលោកយេស៊ូស្រឡាញ់ពួកគេ។ នេះតម្រូវឲ្យមានសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ យើងត្រូវស្រឡាញ់បងប្អូនរួមជំនឿខ្លាំងជាងយើងស្រឡាញ់ខ្លួនឯង។ យើងត្រូវស្រឡាញ់ពួកគេរហូតដល់សុខចិត្តលះបង់ជីវិតដើម្បីពួកគេដូចដែលលោកយេស៊ូបានធ្វើចំពោះយើង។ w១៩.០៥ ទំ. ៤ វ. ១១-១៣
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ
ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។—លូក. ១១:៩
ដើម្បីទទួលជំនួយពីសកម្មពលបរិសុទ្ធ យើងត្រូវតស៊ូក្នុងការអធិដ្ឋានសុំសកម្មពល។ (លូក. ១១:១៣) ឧទាហរណ៍របស់លោកយេស៊ូនៅលូកា ១១:៥-៩ ជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ានឹងផ្ដល់សកម្មពលបរិសុទ្ធឲ្យយើង។ បុរសក្នុងឧទាហរណ៍នោះចង់បង្ហាញការយកចិត្តទុកដាក់ចំពោះភ្ញៀវរបស់គាត់។ គាត់មានអារម្មណ៍ថាគាត់ត្រូវផ្ដល់អាហារដល់ភ្ញៀវដែលមកនៅពេលយប់ ប៉ុន្តែគាត់គ្មានអ្វីឲ្យអ្នកនោះទេ។ លោកយេស៊ូបានមានប្រសាសន៍ថាអ្នកជិតខាងបានឲ្យនំប៉័ងដល់បុរសនោះ ពីព្រោះគាត់បានទទូចសុំឥតខ្លាចចិត្ត។ តើលោកយេស៊ូកំពុងបង្រៀនចំណុចអ្វី? បើមនុស្សមិនល្អឥតខ្ចោះសុខចិត្តជួយអ្នកជិតខាងដែលទទូចសុំជំនួយ នោះយើងអាចប្រាកដថាបិតាដ៏សប្បុរសរបស់យើងដែលនៅស្ថានសួគ៌នឹងជួយពួកអ្នកដែលបន្តសុំសកម្មពលបរិសុទ្ធពីលោក! ដូច្នេះ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងតបឆ្លើយ ពេលដែលយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ (ទំនុក. ១០:១៧; ៦៦:១៩) យើងអាចជឿជាក់ថាទោះជាសាថានវាយប្រហារយើងឥតឈប់ក៏ដោយ យើងអាចស៊ូទ្រាំបាន។ w១៩.១១ ទំ. ១៣ វ. ១៧-១៩
ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ
សូម . . . ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្តិច។—ម៉ាក. ៦:៣១
លោកយេស៊ូបានដឹងថាជួនកាលលោកនិងពួកសាវ័កត្រូវការសម្រាក។ ក៏ប៉ុន្តែ មនុស្សជាច្រើននៅសម័យលោកនិងនៅសព្វថ្ងៃនេះគឺស្រដៀងនឹងបុរសអ្នកមានម្នាក់ក្នុងឧទាហរណ៍របស់លោក។ បុរសនោះនិយាយដោយមុតមាំថា៖ «ចូរសម្រាកចុះ ហើយផឹកនិងបរិភោគឲ្យសប្បាយទៅ»។ (លូក. ១២:១៩; ២ធី. ៣:៤) គាត់បានគិតថាអ្វីសំខាន់បំផុតក្នុងជីវិតគឺការសម្រាកនិងការសប្បាយ។ ផ្ទុយពីបុរសនោះ លោកយេស៊ូនិងពួកសាវ័កមិនបានចាត់ទុកថាការសប្បាយជាអ្វីសំខាន់បំផុតក្នុងជីវិតឡើយ។ សព្វថ្ងៃនេះ យើងព្យាយាមយកតម្រាប់លោកយេស៊ូដោយប្រើពេលក្រៅម៉ោងធ្វើការ មិនគ្រាន់តែដើម្បីសម្រាកប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើការល្អដោយផ្សព្វផ្សាយដល់អ្នកឯទៀតនិងចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកពិត។ តាមពិតចំពោះយើង ការបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូនិងការចូលរួមកិច្ចប្រជុំគឺសំខាន់ណាស់ បានជាយើងខំអស់ពីសមត្ថភាពដើម្បីចូលរួមជាទៀងទាត់ក្នុងសកម្មភាពពិសិដ្ឋទាំងនេះ។ (ហេ. ១០:២៤, ២៥) ទោះជាពេលយើងកំពុងសម្រាកលំហែកាយក៏ដោយ យើងបន្តចូលរួមក្នុងសកម្មភាពដែលជាប់ទាក់ទងនឹងកិច្ចការរបស់ព្រះ ដោយទៅកិច្ចប្រជុំជាទៀងទាត់ និងរកឱកាសដើម្បីផ្សព្វផ្សាយដល់មនុស្សដែលយើងជួប។—២ធី. ៤:២ w១៩.១២ ទំ. ៧ វ. ១៦-១៧
ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ
ចូរធ្វើការនោះឲ្យហើយចុះ។—២កូ. ៨:១១
ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបរស់នៅរបស់ខ្លួន។ លោកបង្រៀនយើងអំពីរបៀបធ្វើការសម្រេចចិត្តដ៏ល្អ ហើយលោកជួយយើងឲ្យធ្វើតាមការសម្រេចចិត្តដែលលោកពេញចិត្ត។ (ទំនុក. ១១៩:១៧៣) កាលដែលយើងកាន់តែធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាក្នុងគម្ពីរ នោះយើងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ។ (ហេ. ៥:១៤) សូម្បីតែពេលដែលយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ក៏យើងប្រហែលជានៅតែពិបាកបង្ហើយអ្វីដែលយើងបានចាប់ផ្ដើម។ សូមគិតអំពីឧទាហរណ៍ខ្លះដូចតទៅនេះ៖ ប្អូនប្រុសវ័យក្មេងម្នាក់សម្រេចចិត្តអានគម្ពីរទាំងមូល។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ គាត់បានអានមែន ប៉ុន្តែក្រោយមកគាត់បានឈប់។ បងស្រីម្នាក់សម្រេចចិត្តបម្រើជាអ្នកត្រួសត្រាយពេញពេល តែគាត់បន្តពន្យារពេលចាប់ផ្ដើម។ ក្រុមអ្នកចាស់ទុំបានសម្រេចចិត្តថាពួកគេនឹងទៅសួរសុខទុក្ខបងប្អូនក្រុមជំនុំក្នុងនាមជាគង្វាលឲ្យកាន់តែច្រើន ប៉ុន្តែច្រើនខែក្រោយមក ពួកគេនៅតែមិនទាន់ចាប់ផ្ដើមធ្វើ។ ស្ថានភាពទាំងនេះគឺខុសៗគ្នា ប៉ុន្តែមានអ្វីមួយដែលស្រដៀងគ្នា គឺពួកគេមិនបានធ្វើតាមការសម្រេចចិត្តរបស់ពួកគេឡើយ។ w១៩.១១ ទំ. ២៦ វ. ១-២
ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ
គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង។—សុភ. ២១:៥
លោកយេស៊ូបានប្រដូចសម័យរបស់យើងទៅនឹង«សម័យណូអេ» ហើយយើងដឹងច្បាស់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»ដែល«លំបាកណាស់»។ (ម៉ាថ. ២៤:៣៧; ២ធី. ៣:១) ហេតុនេះហើយ ប្ដីប្រពន្ធខ្លះបានសម្រេចចិត្តថាពួកគេនឹងពន្យារពេលមានកូន ដើម្បីពួកគេអាចធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ពេលសម្រេចចិត្តថានឹងយកកូនឬមិនយក ហើយថានឹងយកកូនប៉ុន្មាន គូអាពាហ៍ពិពាហ៍ដ៏ឈ្លាសវៃ«គិតគូរជាមុនសិន»។ (លូក. ១៤:២៨, ២៩) គូប្ដីប្រពន្ធដែលមានកូនទទួលស្គាល់ថាការចិញ្ចឹមអប់រំកូនមិនគ្រាន់តែត្រូវការចំណាយលុយប៉ុណ្ណោះទេ តែក៏ត្រូវការពេលវេលា និងកម្លាំងដែរ។ ដូច្នេះ គឺសំខាន់ដែលប្ដីប្រពន្ធពិចារណាជាមួយគ្នាអំពីសំណួរថា ‹តើយើងទាំងពីរនាក់ត្រូវធ្វើការដើម្បីបំពេញសេចក្ដីត្រូវការដ៏សំខាន់ចាំបាច់របស់ក្រុមគ្រួសារយើងឬទេ? តើយើងយល់ស្របគ្នាអំពីអ្វីដែលពិតជាសំខាន់ចាំបាច់ចំពោះក្រុមគ្រួសារឬទេ? បើយើងទាំងពីរនាក់ត្រូវធ្វើការ តើអ្នកណានឹងមើលកូន? តើយើងចង់ឲ្យអ្នកណាមានឥទ្ធិពលលើគំនិតនិងការប្រព្រឹត្តរបស់កូន?›។ ពេលដែលប្ដីប្រពន្ធពិគ្រោះគ្នាតាមសម្រួលអំពីសំណួរទាំងនេះ ពួកគេធ្វើតាមពាក្យនៅក្នុងបទគម្ពីរថ្ងៃនេះ។ w១៩.១២ ទំ. ២៣ វ. ៦-៧
ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ
ពួកគាត់ . . . រួមការងារជាមួយនឹងខ្ញុំដើម្បីរាជាណាចក្ររបស់ព្រះ ហើយពួកគាត់បានក្លាយទៅជាជំនួយរបស់ខ្ញុំនិងអ្នកពង្រឹងកម្លាំងខ្ញុំ។—កូឡ. ៤:១១
អស់ជាច្រើនដង សាវ័កប៉ូលបានជួបគ្រោះថ្នាក់ដល់ជីវិត។ (២កូ. ១១:២៣-២៨) គាត់ក៏ត្រូវស៊ូទ្រាំនឹង«បន្លាមួយក្នុងសាច់ឈាម» ដែលប្រហែលជាសំដៅទៅលើបញ្ហាសុខភាព។ (២កូ. ១២:៧) ម្យ៉ាងទៀត គាត់បានខកចិត្តពេលដេម៉ាសដែលធ្លាប់ជាអ្នករួមការងារជាមួយនឹងគាត់ បានបោះបង់ចោលគាត់ «ដោយសារ[ដេម៉ាស]ស្រឡាញ់របៀបរបបពិភពលោកនាបច្ចុប្បន្ននេះ»។ (២ធី. ៤:១០) ទោះជាប៉ូលជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដ៏អង់អាចក្លាហានម្នាក់ និងដែលជួយអ្នកឯទៀតដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនក្ដី ជួនកាលគាត់ក៏ធ្លាក់ទឹកចិត្តដែរ។ (រ៉ូម ៩:១, ២) ប៉ូលបានទទួលការសម្រាលទុក្ខនិងការគាំទ្រដែលគាត់ត្រូវការ។ តើតាមរបៀបណា? ព្រះយេហូវ៉ាច្បាស់ជាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីពង្រឹងកម្លាំងគាត់។ (២កូ. ៤:៧; ភី. ៤:១៣) ព្រះយេហូវ៉ាក៏បានសម្រាលទុក្ខគាត់តាមរយៈគ្រិស្តសាសនិកឯទៀតដែរ។ ប៉ូលបានរៀបរាប់អំពីអ្នករួមការងារខ្លះថាពួកគេជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›ឬសម្រាលទុក្ខគាត់។ (កូឡ. ៤:១១) ក្នុងចំណោមពួកអ្នកដែលគាត់បានលើកឈ្មោះឡើងរួមមានអារីស្ដាក ទីឃីកុស និងម៉ាកុស។ ពួកគាត់បានពង្រឹងកម្លាំងប៉ូលដោយជួយគាត់ឲ្យស៊ូទ្រាំ។ w២០.០១ ទំ. ៨ វ. ២-៣
ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ
លោកបានបំភ្លឺភ្នែកអ្នករាល់គ្នា។—អេភ. ១:១៨
លោកយេស៊ូបង្ហាញថា បុគ្គលដែលបាន«កើតម្ដងទៀត»ឬ«កើតពីសកម្មពលរបស់ព្រះ» គឺមិនអាចពន្យល់ជាក់លាក់អំពីអារម្មណ៍របស់គាត់ទៅកាន់បុគ្គលដែលមិនបានត្រូវរើសតាំងទេ។ (យ៉ូន. ៣:៣-៨) ពេលគ្រិស្តសាសនិកម្នាក់បានត្រូវរើសតាំង តើរបៀបគិតគូររបស់គាត់បានត្រូវផ្លាស់ប្ដូរយ៉ាងណាខ្លះ? មុនព្រះយេហូវ៉ាជ្រើសរើសបុគ្គលនោះ គាត់ពេញចិត្តនឹងសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ គាត់ទន្ទឹងរង់ចាំដោយរំភើបចិត្ត ពេលដែលព្រះយេហូវ៉ានឹងបំបាត់ចោលអំពើអាក្រក់គ្រប់បែបយ៉ាង ហើយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ ប្រហែលជាគាត់បានស្រមៃឃើញអំពីពេលដែលគាត់នឹងទទួលស្វាគមន៍សមាជិកក្រុមគ្រួសារ ឬមិត្តភក្ដិដែលបានស្លាប់។ ប៉ុន្តែ ក្រោយពីគាត់បានត្រូវរើសតាំង គាត់បានចាប់ផ្ដើមមានរបៀបគិតគូរផ្សេង។ ហេតុអ្វី? គាត់មិនមែនលែងពេញចិត្តនឹងសេចក្ដីសង្ឃឹមនៅផែនដីឡើយ។ គាត់មិនមែនផ្លាស់ប្ដូរសេចក្ដីសង្ឃឹមរបស់គាត់ ដោយសារគាត់តានតឹងចិត្តឬមានការឈឺចាប់ទេ។ គាត់មិនស្រាប់តែមានអារម្មណ៍ថាការរស់នៅជារៀងរហូតនៅលើផែនដីគឺគួរឲ្យធុញទ្រាន់ឡើយ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោក ដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់គាត់និងសេចក្ដីសង្ឃឹមដែលគាត់បានឲ្យតម្លៃ។ w២០.០១ ទំ. ២២-២៣ វ. ៩-១១
ថ្ងៃពុធ ទី២៤ ខែកុម្ភៈ
ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ។—រ៉ូម ១៣:១
នៅក្រោមច្បាប់ដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែល ពួកបុរសដែលបានត្រូវតែងតាំងមិនគ្រាន់តែដោះស្រាយរឿងដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ប៉ុណ្ណោះទេ តែក៏ដោះស្រាយរឿងក្ដីព្រហ្មទណ្ឌ និងរឿងក្ដីរដ្ឋប្បវេណីឬរឿងក្ដីស៊ីវិលដែរ។ ប៉ុន្តែ ក្រោម«ច្បាប់គ្រិស្ត» ពួកអ្នកចាស់ទុំមានតួនាទីដោះស្រាយតែផ្នែកដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះប៉ុណ្ណោះ។ (កាឡ. ៦:២) ពួកគាត់ទទួលស្គាល់ថាព្រះបានផ្ដល់ភារកិច្ចឲ្យពួកអាជ្ញាធរដើម្បីដោះស្រាយរឿងក្ដីព្រហ្មទណ្ឌនិងរឿងក្ដីរដ្ឋប្បវេណី។ នេះរួមបញ្ចូលអំណាចក្នុងការផាកពិន័យឬដាក់គុក។ (រ៉ូម ១៣:២-៤) ដូច្នេះ តើពួកអ្នកចាស់ទុំមានភារកិច្ចអ្វីខាងការគោរពប្រណិប័តន៍ពេលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? ពួកគាត់ប្រើបទគម្ពីរដើម្បីថ្លឹងថ្លែងនិងធ្វើការសម្រេចចិត្តអំពីរឿងនោះ។ ពួកគាត់ចាំជានិច្ចថាសេចក្ដីស្រឡាញ់គឺជាមូលដ្ឋានគ្រឹះនៃច្បាប់គ្រិស្ត។ សេចក្ដីស្រឡាញ់ជំរុញពួកអ្នកចាស់ទុំឲ្យពិចារណាថា តើពួកគាត់ត្រូវធ្វើអ្វីដើម្បីជួយបុគ្គលក្នុងក្រុមជំនុំដែលបានរងអំពើខុសឆ្គងធ្ងន់ធ្ងរនោះ? ស្ដីអំពីបុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គង សេចក្ដីស្រឡាញ់ជំរុញពួកអ្នកចាស់ទុំឲ្យពិចារណាសំណួរដូចជា៖ តើគាត់ប្រែចិត្តឬទេ? តើយើងអាចជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញឬទេ? w១៩.០៥ ទំ. ៧ វ. ២៣-២៤
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ
ខ្ញុំរស់ដោយសារបិតា។—យ៉ូន. ៦:៥៧
ពេលលោកយេស៊ូបានមានប្រសាសន៍នៅខាងលើនេះ លោកបានទទួលស្គាល់ថាបិតាលោកគឺជាអ្នកផ្ដល់ជីវិតដល់លោកនិងជាអ្នកផ្គត់ផ្គង់លោក។ លោកយេស៊ូបានទុកចិត្តទាំងស្រុងលើបិតាលោក ហើយព្រះយេហូវ៉ាបានផ្ដល់អ្វីដែលលោកត្រូវការដើម្បីរស់នៅ។ សំខាន់បំផុត ព្រះយេហូវ៉ាបានជួយលោកយេស៊ូឲ្យនៅស្មោះត្រង់ចំពោះលោក។ (ម៉ាថ. ៤:៤) ព្រះយេហូវ៉ាក៏ផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីរក្សាចំណងមិត្តភាពជាមួយនឹងលោក។ តាមរយៈបណ្ដាំរបស់លោក លោកបានបើកបង្ហាញសេចក្ដីពិតអំពីលោក គោលបំណងរបស់លោក ខ្លឹមសារនៃជីវិត និងអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ លោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះយើងផ្ទាល់ពេលយើងរៀនសេចក្ដីពិតនៅដើមដំបូង ដោយប្រើឪពុកម្ដាយរបស់យើង ឬអ្នកបង្រៀនឯទៀតដើម្បីជួយយើងឲ្យស្គាល់លោក។ ម្យ៉ាងទៀត លោកបន្តជួយយើងឲ្យទៅជាមិត្តរបស់លោក តាមរយៈពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែលស្រឡាញ់យើង និងបងប្អូនឯទៀតដែលមានភាពចាស់ទុំ។ មួយវិញទៀត ព្រះយេហូវ៉ាណែនាំយើងតាមរយៈកិច្ចប្រជុំក្រុមជំនុំជាកន្លែងដែលយើងទទួលការបង្ហាត់បង្រៀនជាមួយនឹងបងប្អូនយើង។ តាមរបៀបទាំងនេះនិងរបៀបផ្សេងទៀត ព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់ក្នុងនាមជាបិតា ចំពោះយើងទាំងអស់គ្នា។—ទំនុក. ៣២:៨ w២០.០២ ទំ. ៣ វ. ៨; ទំ. ៥ វ. ១៣
ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ
ចូរយើងស្វែងរកអ្វីដែលនាំឲ្យមានសន្តិភាព និងអ្វីដែលជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ។—រ៉ូម ១៤:១៩
បើយើងច្រណែនគ្នាទៅវិញទៅមក នោះយើងនឹងគ្មានសន្តិភាពនឹងគ្នាឡើយ។ យើងត្រូវជម្រុះចិត្តច្រណែនចេញពីចិត្តរបស់យើង ហើយជៀសវាងធ្វើឲ្យអ្នកឯទៀតមានចិត្តច្រណែន។ តើយើងអាចធ្វើអ្វីជាពិសេសដើម្បីជួយអ្នកឯទៀតឲ្យមិនឲ្យមានចិត្តច្រណែន ហើយតើយើងអាចធ្វើឲ្យមានសន្តិភាពយ៉ាងដូចម្ដេច? ចិត្តគំនិតនិងការប្រព្រឹត្តរបស់យើងអាចមានឥទ្ធិពលខ្លាំងលើអ្នកឯទៀត។ ពិភពលោកនេះចង់ឲ្យយើង«អួតសម្ញែង»អ្វីដែលយើងមាន។ (១យ៉ូន. ២:១៦) ប៉ុន្តែចិត្តគំនិតនេះនាំឲ្យមានចិត្តច្រណែន។ យើងអាចជៀសវាងមិនធ្វើឲ្យអ្នកឯទៀតច្រណែនយើង បើយើងមិននិយាយច្រើនពេកអំពីអ្វីដែលយើងមាន ឬមានគម្រោងទិញ។ របៀបមួយទៀតដែលយើងជៀសវាងមិនធ្វើឲ្យអ្នកឯទៀតច្រណែនយើង គឺតាមរយៈការប្រព្រឹត្តរបស់យើងពេលយើងមានភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ បើយើងធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ចំពោះឯកសិទ្ធិដែលយើងមាន នោះហាក់ដូចជាយើងកំពុងជ្រួយដីដែលស្រួលឲ្យចិត្តច្រណែនដុះឡើង។ ផ្ទុយទៅវិញ ពេលយើងបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះចំពោះអ្នកឯទៀត និងទទួលស្គាល់ការល្អដែលពួកគេប្រព្រឹត្ត នោះយើងជួយពួកគេឲ្យស្កប់ចិត្ត ហើយធ្វើឲ្យក្រុមជំនុំមានសន្តិភាពនិងសាមគ្គីភាព។ w២០.០២ ទំ. ១៨ វ. ១៥-១៦
ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ
គុណសម្បត្តិរបស់លោក ដែលមនុស្សមើលមិនឃើញ . . . បានសឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក។—រ៉ូម ១:២០
អ្នកអាចរៀនអំពីព្រះយេហូវ៉ាតាមរយៈអ្វីៗដែលលោកបានបង្កើត។ (បប. ៤:១១) សូមគិតអំពីរុក្ខជាតិនិងសត្វទាំងឡាយដែលព្រះយេហូវ៉ាបានបង្កើត និងរបៀបដែលអ្វីទាំងនេះបង្ហាញថាលោកមានប្រាជ្ញាដ៏អស្ចារ្យ។ សូមស្វែងយល់អំពីរបៀបដ៏អស្ចារ្យដែលរូបកាយរបស់អ្នកបានត្រូវបង្កើត។ (ទំនុក. ១៣៩:១៤) ម្យ៉ាងទៀត សូមគិតអំពីថាមពលដែលព្រះយេហូវ៉ាបញ្ចូលនៅក្នុងព្រះអាទិត្យរបស់យើង ហើយថាព្រះអាទិត្យគឺគ្រាន់តែជាតារាមួយប៉ុណ្ណោះក្នុងចំណោមតារារាប់ពាន់លាន។ (អេ. ៤០:២៦) កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងកាន់តែគោរពព្រះយេហូវ៉ា។ គឺជាការសំខាន់ដែលអ្នកដឹងថាព្រះយេហូវ៉ាមានប្រាជ្ញានិងឫទ្ធានុភាព។ ក៏ប៉ុន្តែ ដើម្បីពង្រឹងសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងធ្វើជាមិត្តជិតស្និទ្ធរបស់លោក អ្នកត្រូវស្គាល់លោកច្រើនជាងនេះ។ អ្នកត្រូវជឿជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកផ្ទាល់។ សូមចាំថា៖ «បើឯងរកទ្រង់ នោះនឹងបានឃើញមែន»។ (១រប. ២៨:៩) ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញទាញនាំឯងមក»។ (យេ. ៣១:៣) កាលដែលអ្នកមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក អ្នកនឹងកាន់តែស្រឡាញ់លោក។ w២០.០៣ ទំ. ៤ វ. ៦-៧
ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ
ដោយសារយើងមានកិច្ចបម្រើនេះ . . . នោះយើងមិនឈប់តស៊ូទេ។—២កូ. ៤:១
សាវ័កប៉ូលបានទុកគំរូល្អស្ដីអំពីការចាត់ទុកកិច្ចបម្រើផ្សាយថាជាកិច្ចការដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់។ ពេលគាត់នៅក្រុងកូរិនថូសក្នុងអំឡុងដំណើរលើកទី២របស់គាត់ជាសាសនទូត គាត់មានលុយតែបន្តិចបន្តួច ហើយត្រូវចំណាយពេលខ្លះដើម្បីធ្វើការជាអ្នកធ្វើត្រសាល។ គាត់ធ្វើការងារនេះដើម្បីគាំទ្រកិច្ចការផ្សព្វផ្សាយ យ៉ាងនេះគាត់អាចប្រកាសដំណឹងល្អដល់អ្នកក្រុងកូរិនថូស«ដោយមិនយកថ្លៃ»។ (២កូ. ១១:៧) ទោះជាប៉ូលត្រូវធ្វើការក្ដី គាត់បានបន្តចាត់ទុកកិច្ចបម្រើផ្សាយថាជាអ្វីដ៏សំខាន់បំផុត ហើយគាត់បានផ្សព្វផ្សាយរាល់ថ្ងៃឈប់សម្រាក។ ក្រោយពីកាលៈទេសៈរបស់គាត់ប្រសើរជាង គាត់បានផ្សព្វផ្សាយច្រើនជាង។ គាត់«ចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ ដោយធ្វើជាសាក្សីបញ្ជាក់ហេតុផលប្រាប់ជនជាតិយូដាថា លោកយេស៊ូជាគ្រិស្ត»។ (សកម្ម. ១៨:៣-៥; ២កូ. ១១:៩) ក្រោយមក ពេលគាត់បានត្រូវគេឃុំឃាំងនៅក្នុងផ្ទះ អស់រយៈពេលពីរឆ្នាំនាក្រុងរ៉ូម ប៉ូលបានផ្សព្វផ្សាយដល់អ្នកដែលមកសួរសុខទុក្ខគាត់ ហើយក៏បានសរសេរសំបុត្រមួយចំនួន។ (សកម្ម. ២៨:១៦, ៣០, ៣១) ប៉ូលបានតាំងចិត្តមិនឲ្យអ្វីណាក៏ដោយបំបែរអារម្មណ៍គាត់ពីកិច្ចបម្រើផ្សាយឡើយ។ w១៩.០៤ ទំ. ៤ វ. ៩