ខែមីនា
ថ្ងៃច័ន្ទ ទី១ ខែមីនា
ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរ . . . ញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត»។—២កូ. ៦:១៧
សេចក្ដីស្រឡាញ់ចំពោះព្រះនិងបណ្ដាំរបស់លោកពង្រឹងកម្លាំងយើងឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា ទោះជាសាច់ញាតិឬមិត្តភក្ដិដែលមានបំណងល្អ ព្យាយាមបង្ខិតបង្ខំយើងឲ្យរួមចំណែកក្នុងទំនៀមទម្លាប់ខុសពីគោលការណ៍គម្ពីរចំពោះមនុស្សស្លាប់ក្ដី។ ពួកគេប្រហែលជាធ្វើឲ្យយើងអាម៉ាស់មុខដោយនិយាយថា យើងមិនស្រឡាញ់និងគោរពបុគ្គលដែលបានស្លាប់នោះទេ។ ឬពួកគេប្រហែលជានិយាយថាការប្រព្រឹត្តរបស់យើងនឹងនាំឲ្យអ្នកដែលបានស្លាប់នោះធ្វើបាបអ្នកដែលនៅរស់។ នៅប្រទេសមួយនាសមុទ្រការីប មនុស្សជាច្រើនជឿថាក្រោយពីមនុស្សស្លាប់ «ព្រលឹង»របស់គាត់នៅវិលវល់នៅម្ដុំនោះ ហើយតាមចងពៀរពួកអ្នកដែលធ្លាប់ធ្វើបាបគាត់។ ឯកសារយោងមួយបានចែងថា៖ «ព្រលឹង»នោះ ប្រហែលជាថែមទាំង«ធ្វើឲ្យសហគមន៍មានភាពច្របូកច្របល់»។ នៅទ្វីបអាហ្វ្រិកមនុស្សមានទម្លាប់យកអ្វីមកគ្របកញ្ចក់នៅក្នុងផ្ទះរបស់អ្នកស្លាប់ ហើយបែររូបថតផ្ទប់នឹងជញ្ជាំង។ ហេតុអ្វី? អ្នកខ្លះនិយាយថាអ្នកស្លាប់មិនត្រូវឃើញរូបខ្លួនឯងទេ! ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងច្បាស់ជាមិនជឿសេចក្ដីបង្រៀនមិនពិត ឬរួមចំណែកក្នុងទំនៀមទម្លាប់ដែលលើកស្ទួយការភូតភររបស់សាថានឡើយ!—១កូ. ១០:២១, ២២ w១៩.០៤ ទំ. ១៦ វ. ១១-១២
ថ្ងៃអង្គារ ទី២ ខែមីនា
អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ។—ម៉ាថ. ៧:១២
លោកយេស៊ូបានបង្រៀនគោលការណ៍ដែលជួយពួកអ្នកកាន់តាមលោកឲ្យប្រព្រឹត្តចំពោះអ្នកឯទៀតដោយយុត្តិធម៌។ ជាឧទាហរណ៍ លោកយេស៊ូបានបង្រៀនថា បើយើងចង់ឲ្យអ្នកឯទៀតប្រព្រឹត្តចំពោះយើងដោយយុត្តិធម៌ យើងគួរប្រព្រឹត្តចំពោះពួកគេដោយយុត្តិធម៌។ បើយើងធ្វើដូច្នេះ ពួកគេប្រហែលជាចង់ប្រព្រឹត្តចំពោះយើងដោយយុត្តិធម៌វិញ។ ប៉ុន្តែ ចុះបើយើងបានរងអំពើអយុត្តិធម៌? លោកយេស៊ូក៏បានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានទំនុកចិត្តថាព្រះយេហូវ៉ានឹង«រកយុត្តិធម៌ឲ្យ[ពួកអ្នក] ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ»។ (លូក. ១៨:៦, ៧) ពាក្យទាំងនេះជាសេចក្ដីសន្យាមួយ។ ព្រះរបស់យើងដែលស្រឡាញ់យុត្តិធម៌ ដឹងអំពីទុក្ខលំបាកដែលយើងកំពុងប្រឈមមុខក្នុងគ្រាចុងក្រោយបង្អស់នេះ ហើយលោកសន្យាថាលោកនឹងរកយុត្តិធម៌ឲ្យយើងនៅពេលត្រឹមត្រូវ។ (២ថែ. ១:៦) ពេលយើងធ្វើតាមគោលការណ៍ដែលលោកយេស៊ូបានបង្រៀន យើងនឹងប្រព្រឹត្តចំពោះអ្នកឯទៀតដោយយុត្តិធម៌។ ម្យ៉ាងទៀត បើយើងបានរងអំពើក្នុងពិភពលោករបស់សាថាន យើងអាចទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ានឹងរកយុត្តិធម៌ឲ្យយើង។ w១៩.០៥ ទំ. ៥ វ. ១៨-១៩
ថ្ងៃពុធ ទី៣ ខែមីនា
[ចូរ]ប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារសេចក្ដីសង្ឃឹមដែលនៅក្នុងអ្នករាល់គ្នា នៅចំពោះមុខមនុស្សទាំងអស់ដែលទាមទារឲ្យអ្នករាល់គ្នាប្រាប់អំពីមូលហេតុដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនោះ តែចូរធ្វើដូច្នេះដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ។—១ពេ. ៣:១៥
តើអ្នកជាមនុស្សវ័យក្មេងដែលនៅរៀនឬទេ? សិស្សរួមថ្នាក់ទាំងអស់ប្រហែលជាជឿលើទ្រឹស្ដីនៃការវិវត្តន៍។ ប្អូនចង់និយាយការពារសេចក្ដីបង្រៀនពីគម្ពីរ ប៉ុន្តែប្រហែលជាប្អូនមានអារម្មណ៍ថាខ្លួនមិនអាចធ្វើបាន។ ដូច្នេះ ប្អូនត្រូវធ្វើការសិក្សាស្រាវជ្រាវ! ប្អូនអាចមានគោលបំណងពីរគឺ (១) ពង្រឹងទំនុកចិត្តរបស់ប្អូនថាព្រះបានបង្កើតអ្វីៗទាំងអស់ និង (២) បង្កើនសមត្ថភាពរបស់ប្អូនក្នុងការនិយាយការពារសេចក្ដីពិត។ (រ៉ូម ១:២០) ដំបូង ប្អូនអាចសួរខ្លួនឯងថា ‹ហេតុអ្វីសិស្សរួមថ្នាក់របស់ខ្ញុំជឿលើការវិវត្តន៍?›។ បន្ទាប់មក សូមធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ពីសៀវភៅរបស់អង្គការយើង។ ការនិយាយការពារជំនឿរបស់ប្អូនប្រហែលជាមិនសូវពិបាកដូចដែលប្អូនគិតទេ។ មនុស្សភាគច្រើនជឿលើការវិវត្តន៍ ដោយសារតែមនុស្សដែលពួកគេគោរពប្រាប់ថានេះជាការពិត។ បើប្អូនរកឃើញចំណុចមួយឬពីរដើម្បីប្រាប់ពួកគេ ប្អូនមានឱកាសផ្ដល់ចម្លើយដ៏គាប់ចិត្តដល់អ្នកណាម្នាក់ដែលចង់ដឹងសេចក្ដីពិតយ៉ាងស្មោះ។—កូឡ. ៤:៦ w១៩.០៥ ទំ. ២៩ វ. ១៣
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា
អញនឹងកំសាន្តចិត្តឯង ដូចជាម្ដាយដែលលួងលោមកូន។—អេ. ៦៦:១៣
ពេលអេលីយ៉ាដែលជាអ្នកប្រកាសទំនាយរត់គេចពីអ្នកដែលចង់សម្លាប់គាត់ គាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំងរហូតដល់គាត់លែងចង់រស់ទៀត។ ព្រះយេហូវ៉ាបានចាត់ទេវតាដ៏ខ្លាំងក្លាមួយរូបឲ្យទៅជួបគាត់។ ទេវតានោះបានផ្ដល់ជំនួយដែលអេលីយ៉ាត្រូវការ ដោយឲ្យអាហារក្ដៅៗដល់គាត់ ហើយលើកទឹកចិត្តគាត់ឲ្យបរិភោគ។ (១ព. ១៩:៥-៨) កំណត់ហេតុនេះសឲ្យឃើញការពិតមួយថា ជួនកាលទង្វើបន្តិចបន្តួចដែលបង្ហាញអំពីចិត្តសប្បុរសអាចមានប្រយោជន៍ខ្លាំងណាស់។ ប្រហែលជាម្ហូបអាហារមួយពេល អំណោយតិចតួច ឬសំបុត្រមួយច្បាប់ដែលបង្ហាញការយកចិត្តទុកដាក់ អាចធ្វើឲ្យបងប្អូនដែលធ្លាក់ទឹកចិត្តមានទំនុកចិត្តថាយើងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគាត់។ បើយើងមានអារម្មណ៍មិនស្រួលក្នុងការនិយាយអំពីរឿងផ្ទាល់ខ្លួនឬរឿងដែលឈឺចាប់ យើងប្រហែលជានៅតែអាចធ្វើអ្វីផ្សេងៗដូចខាងលើនេះដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ដោយអព្ភូតហេតុ ព្រះយេហូវ៉ាបានផ្ដល់ជំនួយដែលអេលីយ៉ាត្រូវការដើម្បីធ្វើដំណើររហូតដល់ភ្នំហោរែប ដែលនៅឆ្ងាយពីមនុស្សដែលចង់ធ្វើបាបគាត់។ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? បើយើងចង់សម្រាលទុក្ខពួកអ្នកដែលជាជនរងគ្រោះដោយសារការបៀតបៀនកេរ្ដិ៍ខ្មាស ដំបូងយើងប្រហែលជាត្រូវជួយពួកគេឲ្យមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព មិនថានៅផ្ទះរបស់ពួកគេឬនៅសាលប្រជុំក្ដី។ w១៩.០៥ ទំ. ១៦ វ. ១១; ទំ. ១៧ វ. ១៣-១៤
ថ្ងៃសុក្រ ទី៥ ខែមីនា
ស្រុកទាំងមូលនឹងយំសោក . . . គ្រួពួកវង្សណាថាន់ដោយខ្លួន។—សាក. ១២:១២
ឧបមាថាអ្នកកំពុងអានលូកា ជំពូកទី១១អំពី«សញ្ញាសម្គាល់នៃយ៉ូណាស»។ (លូក. ១១:២៩, ៣០) ជាជាងរំលងចំណុចនោះ អ្នកផ្អាក ហើយសួរខ្លួនអ្នកថា ‹តើអ្វីជា«សញ្ញាសម្គាល់នៃយ៉ូណាស»?›។ ដូច្នេះ អ្នកធ្វើដូចជាអ្នកស៊ើបអង្កេតដោយបើកបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម ហើយចុចលើកន្លែងស្វែងរក រួចវាយពាក្យ«សញ្ញាសម្គាល់នៃយ៉ូណាស»។ អ្នកឃើញនៅទីនោះមានបទគម្ពីរនៅម៉ាថាយ ១២:៣៩, ៤០។ បទគម្ពីរនេះជាអ្វីដ៏គួរឲ្យចាប់អារម្មណ៍ចំពោះអ្នក! អ្នកឃើញថាលោកយេស៊ូបានប្រកាសទុកជាមុនថាលោកនឹងស្លាប់ ហើយនៅថ្ងៃទី៣ លោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ គឺគួរឲ្យចាប់អារម្មណ៍ដែលលោកយេស៊ូបានផ្ដល់សញ្ញាសម្គាល់ដែលប្រាប់ទុកជាមុនអំពីរយៈពេលដែលលោកនឹងនៅក្នុងផ្នូរ មែនទេ? w១៩.០៥ ទំ. ២៩ វ. ១៧
ថ្ងៃសៅរ៍ ទី៦ ខែមីនា
ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នកវិញ ដើម្បីឲ្យអ្នកពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ។—រ៉ូម ១២:២
តើយើងត្រូវធ្វើអ្វី? ដោយសិក្សាជាទៀងទាត់ យើងអាចរកឃើញទីសំអាងដែលធ្វើឲ្យយើងជឿជាក់លើសេចក្ដីពិតដែលយើងបានរៀនពីគម្ពីរ។ យើងនឹងជឿជាក់ទាំងស្រុងថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ យ៉ាងនេះ ដូចដើមឈើដែលចាក់ឫសរឹងមាំ យើងក៏នឹងចាក់ឫស«មាំមួនឡើងក្នុងជំនឿ»។ (កូឡ. ២:៦, ៧) សូមចាំថា គ្មានអ្នកណាម្នាក់អាចធ្វើឲ្យជំនឿរបស់អ្នកមាំមួនឡើងជំនួសអ្នកបានទេ។ ដូច្នេះ សូមបន្តឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នក។ ចូរអធិដ្ឋានឥតឈប់ ហើយអង្វរសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយអ្នក។ ចូររំពឹងគិតយ៉ាងជ្រាលជ្រៅ ហើយបន្តពិនិត្យពិចារណាអំពីគំនិតនិងបំណងចិត្តរបស់អ្នក។ ចូរស្វែងរកការសេពគប់ល្អ ដោយជ្រើសរើសមិត្តភក្ដិដែលនឹងជួយអ្នកឲ្យកែប្រែរបៀបគិតគូររបស់អ្នកទាំងស្រុង។ ដោយធ្វើដូច្នេះ អ្នកអាចលះចោលនិងការពារខ្លួនពីឥទ្ធិពលអាក្រក់របស់ពិភពលោកសាថាន ហើយអ្នកអាច«រំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ទ្រើង ហើយប្រឆាំងចំណេះអំពីព្រះ»។—២កូ. ១០:៥ w១៩.០៦ ទំ. ១៣ វ. ១៧-១៨
ថ្ងៃអាទិត្យ ទី៧ ខែមីនា
តាមទស្សនៈរបស់លោកដែលជាព្រះនិងជាបិតារបស់យើង របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មងនោះគឺ៖ ថែរក្សាកូនកំព្រានិងស្ត្រីមេម៉ាយដែលកំពុងរងទុក្ខវេទនា។—យ៉ា. ១:២៧
ដូចរូថបាននៅជាប់ជាមួយនឹងន៉ាអូមីដែលជាស្ត្រីមេម៉ាយ យើងត្រូវបន្តគាំទ្រពួកអ្នកដែលបាត់បង់បុគ្គលជាទីស្រឡាញ់។ (រស់. ១:១៦, ១៧) បងផូឡានិយាយថា៖ «ភ្លាមៗក្រោយពីប្ដីខ្ញុំបានស្លាប់ ខ្ញុំបានទទួលការគាំទ្រជាច្រើនពីអ្នកឯទៀត។ ប៉ុន្តែយូរៗទៅ ពួកគេចាប់ផ្ដើមធ្វើកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដូចធម្មតាវិញ។ តែជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរទាំងស្រុង។ គឺជួយខ្ញុំច្រើនណាស់ ពេលអ្នកឯទៀតទទួលស្គាល់ថាអ្នកដែលកើតទុក្ខត្រូវការការគាំទ្រក្នុងប៉ុន្មានខែឬប៉ុន្មានឆ្នាំបន្ទាប់ពីបុគ្គលជាទីស្រឡាញ់បានស្លាប់»។ មនុស្សម្នាក់ៗគឺខុសគ្នា។ តាមមើលទៅ អ្នកខ្លះមិនត្រូវការពេលយូរប៉ុន្មានដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មីទេ។ រីឯអ្នកខ្លះទៀត ពេលពួកគេធ្វើអ្វីផ្សេងៗដែលពួកគេធ្លាប់ធ្វើជាមួយនឹងបុគ្គលជាទីស្រឡាញ់ នោះរំលឹកពួកគេអំពីការបាត់បង់បុគ្គលនោះ។ របៀបដែលបុគ្គលម្នាក់ៗកើតទុក្ខគឺខុសៗគ្នា។ សូមយើងចាំថា ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឯកសិទ្ធិនិងភារកិច្ចថែរក្សាពួកអ្នកដែលបានបាត់បង់គូអាពាហ៍ពិពាហ៍។ w១៩.០៦ ទំ. ២៤ វ. ១៦
ថ្ងៃច័ន្ទ ទី៨ ខែមីនា
ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់នៅចំពោះមុខ។—ទំនុក. ៣៩:១
កាលដែលមានបម្រាម យើងត្រូវចេះសម្គាល់អំពី«ពេលដែលគួរនៅស្ងៀម»។ (សាស្ដ. ៣:៧) យើងត្រូវរក្សាព័ត៌មានសម្ងាត់ ដូចជាឈ្មោះរបស់បងប្អូនយើង កន្លែងដែលយើងប្រជុំគ្នា របៀបដែលយើងផ្សព្វផ្សាយ និងរបៀបដែលយើងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ យើងមិនប្រាប់ព័ត៌មានទាំងនោះដល់ពួកអាជ្ញាធរ ឬដល់មិត្តភក្ដិនិងសាច់ញាតិដែលរស់នៅប្រទេសដូចយើងឬប្រទេសផ្សេងទេ។ បើយើងប្រាប់អ្នកឯទៀត យើងអាចបណ្ដាលឲ្យបងប្អូនយើងមានគ្រោះថ្នាក់។ ចូរកុំឲ្យរឿងតូចតាចធ្វើឲ្យយើងបែកបាក់គ្នា។ សាថានដឹងថាបើក្រុមគ្រួសារមួយបែកបាក់ទាស់ប្រឆាំងគ្នា ក្រុមគ្រួសារនោះនឹងរលាយទៅ។ (ម៉ាក. ៣:២៤, ២៥) ដូច្នេះ វានឹងព្យាយាមជានិច្ចដើម្បីធ្វើឲ្យយើងបែកបាក់គ្នា។ យ៉ាងនេះ វាសង្ឃឹមថាយើងនឹងចាប់ផ្ដើមឈ្លោះប្រកែកគ្នាជាជាងតយុទ្ធនឹងវា។ សូម្បីតែគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ក៏ត្រូវប្រុងប្រយ័ត្នមិនឲ្យខ្លួនធ្លាក់ចូលអន្ទាក់នេះ។ បើយើងខំយកឈ្នះបញ្ហាដែលយើងមានជាមួយនឹងបងប្អូន យើងនឹងជៀសវាងពីការបែកបាក់គ្នាដែលជាអន្ទាក់មួយរបស់សាថាន។—កូឡ. ៣:១៣, ១៤ w១៩.០៧ ទំ. ១១-១២ វ. ១៤-១៦
ថ្ងៃអង្គារ ទី៩ ខែមីនា
ខ្ញុំបម្រើរបស់លោកម្ចាស់ . . . ត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់ [និង]មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន។—២ធី. ២:២៤
ជាច្រើនដង មនុស្សមានប្រតិកម្មល្អចំពោះដំណឹងដែលយើងផ្សាយ មិនមែនដោយសារអ្វីដែលយើងនិយាយទេ ប៉ុន្តែដោយសាររបៀបដែលយើងនិយាយវិញ។ ពួកគេសប្បាយចិត្តពេលយើងបង្ហាញសេចក្ដីសប្បុរស និយាយអ្វីដែលមិនធ្វើឲ្យពួកគេទើសចិត្ត និងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ។ យើងមិនបង្ខំពួកគេឲ្យស្ដាប់អ្វីដែលយើងនិយាយទេ។ ផ្ទុយទៅវិញ យើងព្យាយាមយល់អំពីមូលហេតុដែលពួកគេមានទស្សនៈបែបនេះចំពោះសាសនា ហើយយល់អារម្មណ៍របស់ពួកគេ។ ជាឧទាហរណ៍ ពេលនិយាយជាមួយនឹងជនជាតិយូដា ប៉ូលប្រើបទគម្ពីរដើម្បីវែកញែកជាមួយនឹងពួកគេ។ ប៉ុន្តែ ពេលគាត់និយាយជាមួយនឹងទស្សនវិទូជនជាតិក្រិចនៅអារីយ៉ូស គាត់មិនបាននិយាយថាអ្វីដែលគាត់និយាយគឺដកស្រង់ពីគម្ពីរទេ។ (សកម្ម. ១៧:២, ៣, ២២-៣១) តើយើងអាចយកតម្រាប់ប៉ូលយ៉ាងដូចម្ដេច? បើអ្នកជួបបុគ្គលណាម្នាក់ដែលមិនជឿលើគម្ពីរ ប្រហែលជាល្អបំផុតពេលអ្នកវែកញែកជាមួយនឹងគាត់ អ្នកមិនបញ្ជាក់ថាបទគម្ពីរណាមួយចែងបែបនេះឬបែបនោះទេ។ បើអ្នកឃើញថាបុគ្គលណាម្នាក់ប្រហែលជាមានអារម្មណ៍មិនស្រួលពេលគេឃើញគាត់អានគម្ពីរជាមួយនឹងអ្នក សូមព្យាយាមបង្ហាញខគម្ពីរដល់គាត់តាមរបៀបដែលមិនសូវលេចធ្លោ ដូចជាឲ្យគាត់មើលគម្ពីរពីគ្រឿងអេឡិចត្រូនិកជាដើម។ w១៩.០៧ ទំ. ២១ វ. ៥-៦
ថ្ងៃពុធ ទី១០ ខែមីនា
ចូរប្រយ័តចុះ ក្រែងចិត្តឯងរាល់គ្នាត្រូវសេចក្ដីល្បួងហើយបែរចេញ ទៅគោរពប្រតិបត្ដិ . . . ដល់ព្រះដទៃ។—ចោ. ១១:១៦
ដោយភាពប៉ិនប្រសប់ សាថានបានល្បួងជនជាតិអ៊ីស្រាអែលឲ្យគោរពបូជារូបព្រះ ដោយដឹងថាពួកគេត្រូវការម្ហូបអាហារ ដូច្នេះវាបានប្រើសេចក្ដីត្រូវការនេះដើម្បីឲ្យពួកគេធ្វើតាមបំណងរបស់វា។ ពេលជនជាតិអ៊ីស្រាអែលបានចូលស្រុកដែលព្រះបានសន្យា ពួកគេត្រូវផ្លាស់ប្ដូររបៀបធ្វើស្រែចម្ការ។ កាលដែលជនជាតិអ៊ីស្រាអែលនៅស្រុកអេស៊ីប ពួកគេបានប្រើទឹកពីទន្លេនីលដើម្បីស្រោចស្រពស្រែចម្ការ។ ប៉ុន្តែ របៀបធ្វើស្រែចម្ការនៅស្រុកដែលព្រះបានសន្យាគឺខុសគ្នា។ នៅទីនោះគេមិនប្រើទឹកទន្លេដើម្បីស្រោចស្រពស្រែចម្ការទេ តែគេពឹងទៅលើទឹកភ្លៀងព្រមទាំងទឹកសន្សើមវិញ។ (ចោ. ១១:១០-១៥; អេ. ១៨:៤, ៥) ដូច្នេះ ជនជាតិអ៊ីស្រាអែលត្រូវរៀនអំពីវិធីសាស្ត្រថ្មីដើម្បីធ្វើស្រែចម្ការ។ ប៉ុន្តែ ហេតុអ្វីព្រះយេហូវ៉ាបានផ្ដល់ការព្រមានអំពីការគោរពបូជាព្រះមិនពិតនៅពេលដែលលោកកំពុងមានប្រសាសន៍អំពីការធ្វើស្រែចម្ការ? ព្រះយេហូវ៉ាបានដឹងថារាស្ដ្ររបស់លោកនឹងចង់រៀនអំពីវិធីធ្វើស្រែចម្ការដ៏មានប្រយោជន៍ពីជនជាតិដទៃនៅតំបន់នោះដែលមិនគោរពប្រណិប័តន៍លោក។ លោកក៏ដឹងថាជនជាតិកាណានគោរពបូជាព្រះបាល ហើយជំនឿនោះបានជះឥទ្ធិពលលើរបៀបគិតគូររបស់ពួកគេ។—ជន. ២៥:៣, ៥; ចៅ. ២:១៣; ១ព. ១៨:១៨ w១៩.០៦ ទំ. ៣ វ. ៤-៦
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា
ខ្ញុំបន្តអធិដ្ឋានសូមឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង។—ភី. ១:៩
ពេលសាវ័កប៉ូល ស៊ីឡាស លូកា និងធីម៉ូថេបានទៅដល់ក្រុងភីលីពដែលនៅក្រោមអាណានិគមរ៉ូម ពួកគាត់បានជួបមនុស្សជាច្រើនដែលចាប់អារម្មណ៍ដំណឹងល្អអំពីរាជាណាចក្រព្រះ។ បងប្រុសដ៏ខ្នះខ្នែងទាំងបួននាក់នេះបានជួយបង្កើតក្រុមជំនុំនៅទីនោះ ហើយអ្នកកាន់តាមថ្មីបានចាប់ផ្ដើមប្រជុំគ្នា។ ពួកគេទំនងជាប្រជុំគ្នានៅផ្ទះរបស់បងស្រីម្នាក់ឈ្មោះលីឌាដែលជាអ្នកទទួលអ្នកឯទៀតដោយរាក់ទាក់។ (សកម្ម. ១៦:៤០) មិនយូរក្រោយមក ក្រុមជំនុំថ្មីនោះជួបប្រទះនឹងការពិបាកមួយ។ សាថានបានបណ្ដាលឲ្យសត្រូវនៃសេចក្ដីពិតប្រឆាំងនឹងកិច្ចបម្រើផ្សាយរបស់គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនេះ។ ប៉ូលនិងស៊ីឡាសបានត្រូវគេចាប់ខ្លួន វាយនឹងដំបង និងដាក់គុក។ បន្ទាប់ពីពួកគាត់បានត្រូវដោះលែងពីគុក ពួកគាត់បានទៅសួរសុខទុក្ខពួកអ្នកកាន់តាមថ្មី ហើយលើកទឹកចិត្តពួកគេ។ ក្រោយមក ប៉ូល ស៊ីឡាស និងធីម៉ូថេបានចាកចេញពីក្រុងនោះ តែតាមមើលទៅលូកាបានបន្តស្នាក់នៅទីនោះ។ តើអ្វីបានកើតឡើងចំពោះក្រុមជំនុំថ្មីនោះ? ដោយមានជំនួយពីសកម្មពលរបស់ព្រះ បងប្អូនថ្មីទាំងនោះបានបន្តបម្រើព្រះយេហូវ៉ាយ៉ាងខ្នះខ្នែង។ (ភី. ២:១២) មានមូលហេតុត្រឹមត្រូវឲ្យប៉ូលមានមោទនភាពចំពោះពួកគេ! w១៩.០៨ ទំ. ៨ វ. ១-២
ថ្ងៃសុក្រ ទី១២ ខែមីនា
អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។—សុភ. ២២:៧
តើអ្នកបានរើផ្ទះថ្មីៗនេះឬទេ? ការរើទៅកន្លែងថ្មីអាចតម្រូវឲ្យយើងចំណាយលុយច្រើន ហើយស្រួលឲ្យយើងជំពាក់បំណុលគេ។ ដើម្បីកុំឲ្យជំពាក់បំណុលច្រើន សូមប្រុងប្រយ័ត្នពីការខ្ចីលុយដើម្បីទិញអ្វីដែលមិនត្រូវការ។ (សុភ. ២២:៣) ប៉ុន្តែ ពេលយើងស្ថិតក្នុងកាលៈទេសៈដែលនាំឲ្យតានតឹងចិត្ត ដូចជាពេលយើងថែរក្សាបុគ្គលជាទីស្រឡាញ់ដែលឈឺជាដើម យើងប្រហែលជាពិបាកធ្វើការសម្រេចចិត្តឈ្លាសវៃអំពីការខ្ចីលុយ។ ក្នុងស្ថានភាពបែបនេះ សូមចាំថា‹សេចក្ដីអធិដ្ឋាននិងការអង្វរសុំ› អាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ព្រះយេហូវ៉ាអាចតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកដោយជួយអ្នកឲ្យមានសេចក្ដីសុខសាន្តដែលនឹង«ការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នក» និងជួយអ្នកឲ្យធ្វើការសម្រេចចិត្តដ៏ល្អបំផុត។ (ភី. ៤:៦, ៧; ១ពេ. ៥:៧) ចូររក្សាឲ្យមានទំនាក់ទំនងល្អ។ សូមប្រាប់មិត្តភក្ដិជិតស្និទ្ធ ជាពិសេសពួកអ្នកដែលធ្លាប់ជួបស្ថានភាពស្រដៀងនឹងអ្នក អំពីអារម្មណ៍និងបទពិសោធន៍ដែលអ្នកមាន។ ដោយធ្វើដូច្នេះ អ្នកអាចមានអារម្មណ៍ធូរស្រាលជាង។ (សាស្ដ. ៤:៩, ១០) មិត្តដែលអ្នកមាននៅកន្លែងមុន នឹងនៅតែជាមិត្តភក្ដិរបស់អ្នក។ w១៩.០៨ ទំ. ២២ វ. ៩-១០
ថ្ងៃសៅរ៍ ទី១៣ ខែមីនា
ពួកគេបានប្រមូលស្ដេចទាំងនោះទៅឯ . . . ហាម៉ាគេដូន។—បប. ១៦:១៦
ហេតុអ្វីព្រះយេហូវ៉ាដាក់ឈ្មោះសង្គ្រាមចុងក្រោយដ៏អស្ចារ្យរបស់លោកឲ្យជាប់ទាក់ទងនឹងមេគីដោ? នៅសម័យគម្ពីរ មានការប្រយុទ្ធជាច្រើននាក្រុងមេគីដោនិងជ្រលងភ្នំយេសរាលនៅក្បែរនោះ។ ជួនកាល ព្រះយេហូវ៉ាបានជួយរាស្ដ្ររបស់លោកឲ្យទទួលជ័យជម្នះក្នុងការប្រយុទ្ធទាំងនោះ។ ជាឧទាហរណ៍ នៅ«ជិតទឹកមេគីដោ» ព្រះយេហូវ៉ាបានជួយចៅហ្វាយជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះបារ៉ាក់ឲ្យយកឈ្នះកងទ័ពជនជាតិកាណានដែលដឹកនាំដោយមេទ័ពស៊ីសេរ៉ា។ បារ៉ាក់និងដេបូរ៉ាដែលជាអ្នកប្រកាសទំនាយបានអរគុណព្រះយេហូវ៉ាសម្រាប់ជ័យជម្នះដ៏អស្ចារ្យនោះ។ ពួកគេបានច្រៀងថា៖ ‹ផ្ទៃមេឃក៏បានជួយច្បាំងនឹងស៊ីសេរ៉ា។ ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់បានភ្លឺដូចជាថ្ងៃក្នុងកាលដែលរះឡើងពេញវង់វិញ›។ (ចៅ. ៥:១៩-២១, ៣១) នៅសង្គ្រាមហាម៉ាគេដូន សត្រូវរបស់ព្រះក៏នឹងត្រូវបំផ្លាញចោលដែរ រីឯពួកអ្នកដែលស្រឡាញ់ព្រះនឹងត្រូវសង្គ្រោះ។ ប៉ុន្តែ មានចំណុចខុសគ្នាមួយដែលសំខាន់រវាងការប្រយុទ្ធទាំងពីរនេះ គឺថារាស្ដ្ររបស់ព្រះនឹងមិនប្រយុទ្ធនៅសង្គ្រាមហាម៉ាគេដូនទេ។ ពួកគេក៏នឹងគ្មានអាវុធដែរ! ពួកគេ«នឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត»លើព្រះយេហូវ៉ា និងកងទ័ពរបស់លោកនៅស្ថានសួគ៌។—អេ. ៣០:១៥; បប. ១៩:១១-១៥ w១៩.០៩ ទំ. ៩ វ. ៤-៥
ថ្ងៃអាទិត្យ ទី១៤ ខែមីនា
ចូរមកឯខ្ញុំចុះ។—ម៉ាថ. ១១:២៨
របៀបមួយដើម្បី«មកឯ»លោកយេស៊ូ គឺដោយរៀនឲ្យបានច្រើនអំពីប្រសាសន៍និងការប្រព្រឹត្តរបស់លោក។ (លូក. ១:១-៤) គ្មានអ្នកណាអាចធ្វើដូច្នេះជំនួសយើងបានទេ គឺយើងត្រូវសិក្សាអំពីកំណត់ហេតុទាំងនេះដោយខ្លួនឯង។ យើងក៏«មកឯ»លោក ដោយសម្រេចចិត្តទទួលការជ្រមុជទឹកនិងទៅជាអ្នកកាន់តាមគ្រិស្ត។ របៀបមួយទៀតដើម្បី«មកឯ»លោកយេស៊ូ គឺដោយសុំជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំពេលដែលយើងត្រូវការ។ លោកយេស៊ូប្រើ«អំណោយជាមនុស្ស»ទាំងនេះឲ្យថែរក្សាចៀមរបស់លោក។ (អេភ. ៤:៧, ៨, ១១; យ៉ូន. ២១:១៦; ១ពេ. ៥:១-៣) យើងត្រូវសុំជំនួយពីពួកគេ។ យើងមិនអាចរំពឹងថាអ្នកចាស់ទុំដឹងអំពីអ្វីដែលយើងគិតនិងអ្វីដែលយើងត្រូវការទេ។ បងប្រុសម្នាក់ឈ្មោះជូលាននិយាយថា៖ «ខ្ញុំបានសុំពួកអ្នកចាស់ទុំឲ្យមកជួយខ្ញុំ ហើយការលើកទឹកចិត្តដែលខ្ញុំបានទទួលនៅពេលនោះ គឺជាអំណោយដ៏ល្អបំផុតមួយដែលខ្ញុំបានទទួល»។ អ្នកចាស់ទុំដ៏ស្មោះត្រង់ដូចជាអ្នកចាស់ទុំពីរនាក់ដែលបានលើកទឹកចិត្តបងជូលាន អាចជួយយើងឲ្យស្គាល់«ចិត្តគំនិតរបស់គ្រិស្ត» ពោលគឺជួយយើងឲ្យយល់របៀបគិតគូរនិងទស្សនៈរបស់លោក និងថែមទាំងជួយយើងឲ្យមានគំនិតដូចលោកដែរ។ (១កូ. ២:១៦; ១ពេ. ២:២១) នោះពិតជាអំណោយដ៏ល្អបំផុតមួយដែលពួកគេអាចឲ្យយើង។ w១៩.០៩ ទំ. ២១ វ. ៤-៥
ថ្ងៃច័ន្ទ ទី១៥ ខែមីនា
ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ។—យ៉ូន. ១០:១៦
ក្នុងគម្ពីរ មានបុរសស្ត្រីដ៏ស្មោះត្រង់ដែលបានទទួលការណែនាំពីសកម្មពលបរិសុទ្ធ ប៉ុន្តែពួកគេមិនមែនជាសមាជិក១៤៤.០០០នាក់ឡើយ ដូចជាយ៉ូហានដែលជាអ្នកជ្រមុជទឹក និងដាវីឌជាដើម។ (ម៉ាថ. ១១:១១; សកម្ម. ២:៣៤) ពួកគាត់និងមនុស្សជាច្រើនអនេកទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីជាសួនឧទ្យាន។ ពួកគេទាំងអស់គ្នា ព្រមទាំងមនុស្សមួយក្រុមធំនឹងមានឱកាសបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយគាំទ្រការគ្រប់គ្រងរបស់លោក។ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ព្រះមិនដែលបង្រួមមនុស្សរាប់លាននាក់ពីគ្រប់ប្រជាជាតិដូចនេះឡើយ។ មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬផែនដីក្ដី យើងត្រូវជួយមនុស្សច្រើនបំផុតឲ្យក្លាយទៅជាសមាជិកមនុស្សមួយក្រុមធំនៃ«ចៀមឯទៀត»។ មិនយូរទៀត ព្រះយេហូវ៉ានឹងនាំមកនូវគ្រាទុក្ខវេទនាជាខ្លាំងដែលនឹងបំផ្លាញរដ្ឋាភិបាលនិងសាសនាដែលបានធ្វើឲ្យមនុស្សរងទុក្ខ។ មនុស្សមួយក្រុមធំមានឯកសិទ្ធិដ៏ថ្លៃថ្លាមួយគឺបម្រើព្រះយេហូវ៉ានៅផែនដីជារៀងរហូត!—បប. ៧:១៤ w១៩.០៩ ទំ. ៣១ វ. ១៨-១៩
ថ្ងៃអង្គារ ទី១៦ ខែមីនា
នៅគ្រាចុងក្រោយបង្អស់នឹងមានពួកអ្នកចំអក។—២ពេ. ៣:៣
កាលដែលរបៀបរបបពិភពលោកសាថានកាន់តែជិតមកដល់ទីបញ្ចប់ យើងអាចរំពឹងថាយើងនឹងប្រឈមមុខនឹងស្ថានភាពផ្សេងៗ ដែលធ្វើឲ្យយើងកាន់តែពិបាករក្សាភក្ដីភាពចំពោះព្រះ និងចំពោះរាជាណាចក្ររបស់លោក។ យើងទំនងជានឹងត្រូវគេចំអកឡកឡឺយ។ នេះគឺដោយសារតែយើងមិនគាំទ្រពិភពលោករបស់សាថានក្នុងរឿងផ្សេងៗឡើយ។ យើងត្រូវមានភក្ដីភាពកាន់តែខ្លាំងឡើងនៅឥឡូវនេះ ដើម្បីយើងនឹងនៅតែមានភក្ដីភាពក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង នឹងមានការផ្លាស់ប្ដូរស្ដីអំពីបងប្រុសៗដែលជាអ្នកនាំមុខរាស្ដ្ររបស់ព្រះ។ នៅពេលមួយ អស់អ្នកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដី នឹងត្រូវប្រមូលយកទៅស្ថានសួគ៌ ដើម្បីរួមចំណែកក្នុងសង្គ្រាមហាម៉ាគេដូន។ (ម៉ាថ. ២៤:៣១; បប. ២:២៦, ២៧) នេះមានន័យថានឹងលែងមានគណៈអភិបាលនៅផែនដីជាមួយយើងទៀត។ ទោះជាយ៉ាងនេះក៏ដោយ មនុស្សមួយក្រុមធំនឹងនៅតែមានរបៀបរៀបរយ។ បងប្រុសៗដែលមានគុណសម្បត្តិគ្រប់គ្រាន់ពីក្នុងចំណោមចៀមឯទៀតនឹងធ្វើជាអ្នកនាំមុខវិញ។ យើងនឹងត្រូវបង្ហាញថាយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា ដោយគាំទ្របងប្រុសទាំងនោះ និងដោយធ្វើតាមការណែនាំដែលពួកគេទទួលពីព្រះ។ យើងត្រូវធ្វើតាមការណែនាំរបស់ពួកគេ បើយើងចង់រួចជីវិត! w១៩.១០ ទំ. ១៧ វ. ១៣-១៤
ថ្ងៃពុធ ទី១៧ ខែមីនា
កន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាមហើយ . . . អ្នកម្ដាយស្លាប់នៅកន្លែងណានោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ។—រស់. ១:១៦, ១៧
ន៉ាអូមីជាស្ត្រីដ៏ស្មោះត្រង់ម្នាក់ដែលស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែក្រោយពីប្ដីនិងកូនប្រុសទាំងពីរនាក់របស់គាត់បានស្លាប់ គាត់ចង់ប្ដូរឈ្មោះពីន៉ាអូមីទៅ«ម៉ារ៉ា»ដែលមានន័យថា«ជូរល្វីង»។ (រស់. ១:៣, ៥, ២០, ២១) រូថដែលជាកូនប្រសាស្រីរបស់ន៉ាអូមីបាននៅជាប់ជាមួយនឹងគាត់ ពេលគាត់មានទុក្ខលំបាក។ រូថមិនគ្រាន់តែបានផ្ដល់ជំនួយដែលន៉ាអូមីត្រូវការប៉ុណ្ណោះទេ តែគាត់ក៏បាននិយាយសម្រាលទុក្ខន៉ាអូមីដែរ។ ដោយប្រើពាក្យសម្ដីសាមញ្ញដែលស្មោះអស់ពីចិត្ត រូថបានប្រាប់ន៉ាអូមីថាគាត់ស្រឡាញ់ន៉ាអូមី ហើយនឹងគាំទ្រគាត់។ ពេលបងប្អូនរួមជំនឿរបស់យើងបាត់បង់គូអាពាហ៍ពិពាហ៍ គាត់ត្រូវការការគាំទ្រពីយើង។ យើងអាចប្រៀបប្រដូចគូប្ដីប្រពន្ធទៅនឹងដើមឈើពីរដើមដែលដុះនៅក្បែរគ្នា។ យូរៗទៅ ឫសរបស់ដើមឈើទាំងពីរនោះចាក់ប្រទាក់គ្នា។ ពេលដើមឈើមួយដើមរលើងឫស ហើយងាប់ នោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដើមឈើមួយដើមទៀត។ ស្រដៀងគ្នាដែរ ពេលបុគ្គលម្នាក់បាត់បង់គូដោយសារសេចក្ដីស្លាប់ដែលជាសត្រូវរបស់យើង គាត់ប្រហែលជាមានអារម្មណ៍ឈឺចាប់ជាខ្លាំងអស់រយៈពេលយូរ។ w១៩.០៦ ទំ. ២៣ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា
មនុស្សទាំងអស់ត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។—យ៉ា. ១:១៤
យើងមិនគ្រាន់តែត្រូវយកចិត្តទុកដាក់នឹងប្រភេទនៃការកម្សាន្តរបស់យើងប៉ុណ្ណោះទេ តែយើងក៏ត្រូវគិតអំពីរយៈពេលដែលយើងចំណាយទៅលើវាផងដែរ។ បើមិនដូច្នេះទេ យើងប្រហែលជាចំណាយពេលទៅលើការកម្សាន្ត ច្រើនជាងយើងចំណាយពេលក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ដំបូង សូមស្វែងយល់ថាអ្នកចំណាយពេលប៉ុន្មានទៅលើការកម្សាន្ត។ អ្នកអាចកត់ទុករយៈពេលដែលអ្នកបានចំណាយទៅលើការកម្សាន្តក្នុងមួយសប្ដាហ៍។ សូមសរសេរលើប្រតិទិនអំពីចំនួនម៉ោងដែលអ្នកបានចំណាយពេលដើម្បីមើលទូរទស្សន៍ មើលអ្វីផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត លេងហ្គេមក្នុងទូរស័ព្ទដៃ និងជប់លៀងជាដើម។ បើអ្នកមានអារម្មណ៍ថាអ្នកចំណាយពេលច្រើនពេកទៅលើអ្វីទាំងនោះ សូមព្យាយាមធ្វើកាលវិភាគ។ សូមមានគម្រោងធ្វើកិច្ចការដែលសំខាន់ជាមុនសិន រួចសឹមធ្វើការកម្សាន្ត។ បន្ទាប់មក សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកធ្វើតាមកាលវិភាគរបស់អ្នក។ យ៉ាងនេះ អ្នកនឹងមានពេលនិងកម្លាំងដែលអ្នកត្រូវការសម្រាប់ការសិក្សាគម្ពីរផ្ទាល់ខ្លួន ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ កិច្ចប្រជុំក្រុមជំនុំ និងការបម្រើព្រះយេហូវ៉ាដោយផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតជាដើម។ អ្នកក៏ប្រហែលជាមិនសូវបន្ទោសខ្លួនចំពោះពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្តដែរ។ w១៩.១០ ទំ. ៣០ វ. ១៤, ១៦; ទំ. ៣១ វ. ១៧
ថ្ងៃសុក្រ ទី១៩ ខែមីនា
ខ្ញុំមានសមត្ថភាពប៉ងប្រាថ្នា ប៉ុន្តែគ្មានសមត្ថភាពធ្វើការល្អប្រសើរឡើយ។—រ៉ូម ៧:១៨
ប្រហែលជានៅឆ្នាំ៥៥ គ.ស. គ្រិស្តសាសនិកនៅក្រុងកូរិនថូសបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ ក្រោយពីពួកគេបានដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូនរបស់ពួកគេនៅក្រុងយេរូសាឡិមនិងតំបន់យូឌា ពួកគេបានសម្រេចចិត្តចូលលុយជាមួយក្រុមជំនុំផ្សេងទៀតដើម្បីជួយបងប្អូនដែលត្រូវការជំនួយនោះ។ (១កូ. ១៦:១; ២កូ. ៨:៦) ក៏ប៉ុន្តែ ប៉ុន្មានខែក្រោយមក សាវ័កប៉ូលបានដឹងថាបងប្អូននៅក្រុងកូរិនថូសមិនបានឲ្យវិភាគទានដូចដែលពួកគេបាននិយាយនោះទេ។ ជាលទ្ធផល អំណោយរបស់ពួកគេទំនងជាមិនបានត្រូវរៀបចំទាន់ពេល ដើម្បីយកទៅក្រុងយេរូសាឡិមជាមួយនឹងវិភាគទានពីក្រុមជំនុំឯទៀតឡើយ។ (២កូ. ៩:៤, ៥) គ្រិស្តសាសនិកនៅក្រុងកូរិនថូសបានធ្វើការសម្រេចចិត្តដ៏ល្អ ហើយប៉ូលបានសរសើរពួកគេចំពោះជំនឿរឹងមាំនិងបំណងចិត្តរបស់ពួកគេដែលចង់ជួយដោយចិត្តទូលាយ។ ប៉ុន្តែ គាត់ក៏ត្រូវលើកទឹកចិត្តពួកគេឲ្យបង្ហើយអ្វីដែលពួកគេបានចាប់ផ្ដើមដែរ។ (២កូ. ៨:៧, ១០, ១១) បទពិសោធន៍របស់ពួកគេបង្រៀនយើងថា សូម្បីតែគ្រិស្តសាសនិកដ៏ស្មោះត្រង់ ក៏ប្រហែលជាពិបាកធ្វើតាមការសម្រេចចិត្តដ៏ល្អរបស់ពួកគេដែរ។ ហេតុអ្វី? ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះយើងប្រហែលជាបង្អែបង្អង់។ ឬអ្វីមួយដែលកើតឡើងដោយមិនបានរំពឹងទុក ប្រហែលជាអាចធ្វើឲ្យយើងពិបាកធ្វើតាមការសម្រេចចិត្តរបស់យើង។—សាស្ដ. ៩:១១ w១៩.១១ ទំ. ២៦-២៧ វ. ៣-៥
ថ្ងៃសៅរ៍ ទី២០ ខែមីនា
[ចូរ]ទទួលយកខែលធំនៃជំនឿ។—អេភ. ៦:១៦
ដូចខែលធំដែលការពារស្ទើរតែពេញមួយជំហរនៃរូបកាយ ជំនឿរបស់អ្នកការពារអ្នកពីអ្វីអាក្រក់ក្នុងពិភពលោកនេះ ដូចជាអំពើប្រាសចាកសីលធម៌ អំពើឃោរឃៅ និងអ្វីផ្សេងទៀតដែលមិនស្របតាមខ្នាតតម្រារបស់ព្រះ។ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវប្រយុទ្ធនឹងពួកវិញ្ញាណទុច្ចរិត។ (អេភ. ៦:១០-១២) តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាជំនឿរបស់អ្នកនឹងរឹងមាំល្មម ដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗ? ដំបូង អ្នកត្រូវអធិដ្ឋានសុំជំនួយពីព្រះ។ បន្ទាប់មក អ្នកត្រូវប្រើបណ្ដាំរបស់ព្រះដើម្បីជួយអ្នកឲ្យពិនិត្យមើលថាតើជំនឿរបស់អ្នកស្របតាមបំណងប្រាថ្នារបស់លោកឬយ៉ាងណា។ (ហេ. ៤:១២) គម្ពីរចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ (សុភ. ៣:៥, ៦) សូមគិតអំពីស្ថានភាពក្នុងជីវិតរបស់អ្នកនៅពេលថ្មីៗនេះ និងអំពីអ្វីដែលអ្នកបានធ្វើចំពោះស្ថានភាពនោះ។ ជាឧទាហរណ៍ តើអ្នកមានបញ្ហាធំខាងលុយកាក់ឬទេ? នៅពេលនោះ តើអ្នកគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅហេប្រឺ ១៣:៥ឬទេ ដែលថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»? តើសេចក្ដីសន្យានោះធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ានឹងជួយអ្នកឬទេ? បើដូច្នេះ នេះបង្ហាញថាអ្នកកំពុងរក្សាខែលនៃជំនឿរបស់អ្នកឲ្យនៅល្អ។ w១៩.១១ ទំ. ១៤ វ. ១, ៤
ថ្ងៃអាទិត្យ ទី២១ ខែមីនា
កូនចៅជាមរដកមកពីព្រះយេហូវ៉ា។—ទំនុក. ១២៧:៣
កូនត្រូវការកម្លាំងនិងពេលវេលាច្រើនពីឪពុកនិងម្ដាយ ហើយកូនៗសមនឹងទទួលអ្វីទាំងនោះ។ ដូច្នេះ បើប្ដីប្រពន្ធមានកូនញឹក ពួកគេប្រហែលជាពិបាកយកចិត្តទុកដាក់តាមតម្រូវការរបស់កូនម្នាក់ៗ។ ឪពុកម្ដាយខ្លះដែលមានកូនតូចៗជាច្រើន និយាយថានោះគឺមិនស្រួលសម្រាប់ពួកគេឡើយ។ ប្រហែលជាម្ដាយហត់ទាំងកាយហត់ទាំងចិត្ត។ គាត់ប្រហែលជាហត់ពេក រហូតដល់គាត់មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីសិក្សា អធិដ្ឋាន និងផ្សព្វផ្សាយជាទៀងទាត់។ បញ្ហាមួយទៀតគឺគាត់ប្រហែលជាពិបាកផ្ចង់អារម្មណ៍និងទទួលប្រយោជន៍ពីកិច្ចប្រជុំ។ ប្ដីដែលពិតជាស្រឡាញ់ប្រពន្ធនឹងខំប្រឹងដើម្បីជួយប្រពន្ធ ពេលដែលកូនត្រូវការការយកចិត្តទុកដាក់ មិនថានៅកិច្ចប្រជុំឬនៅផ្ទះក្ដី។ ជាឧទាហរណ៍ គាត់អាចជួយប្រពន្ធធ្វើកិច្ចការផ្ទះ។ គាត់នឹងខំព្យាយាមដើម្បីធ្វើឲ្យប្រាកដថាសមាជិកក្រុមគ្រួសារទាំងអស់ទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់។ ម្យ៉ាងវិញទៀត គាត់នឹងចូលរួមជាទៀងទាត់ក្នុងកិច្ចបម្រើផ្សាយជាមួយនឹងក្រុមគ្រួសាររបស់គាត់។ w១៩.១២ ទំ. ២៤ វ. ៨
ថ្ងៃច័ន្ទ ទី២២ ខែមីនា
ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនុស្សដល់ឯងរាល់គ្នា។—លេវី. ២៥:១១
តើជនជាតិអ៊ីស្រាអែលបានទទួលប្រយោជន៍យ៉ាងណាពីឆ្នាំសោមនស្ស? សូមគិតអំពីឧទាហរណ៍មួយ។ សូមស្រមៃគិតថាជនជាតិអ៊ីស្រាអែលម្នាក់បានជំពាក់បំណុលយ៉ាងច្រើន ហើយត្រូវលក់ដីរបស់គាត់ដើម្បីសងបំណុលនោះ។ ក្នុងអំឡុងឆ្នាំសោមនស្ស គាត់ទទួលដីរបស់គាត់មកវិញ។ ដូច្នេះ ម្ចាស់ដីនោះអាច‹ត្រឡប់ទៅនៅឯដីរបស់គាត់› ហើយក្រោយមកកូនរបស់គាត់នឹងទទួលដីនោះជាមត៌ក។ ឧទាហរណ៍មួយទៀត បុរសម្នាក់ប្រហែលជាបានជំពាក់បំណុលគេយ៉ាងច្រើន រហូតដល់គាត់ត្រូវលក់ខ្លួន ឬកូនម្នាក់របស់គាត់ឲ្យធ្វើជាខ្ញុំបម្រើដើម្បីសងបំណុលនោះ។ ក្នុងអំឡុងឆ្នាំសោមនស្ស ខ្ញុំបម្រើនោះអាច«ត្រឡប់ទៅនៅនឹងញាតិសន្ដានរបស់ខ្លួនវិញ»។ (លេវី. ២៥:១០) ដូច្នេះ គ្មានអ្នកណានឹងធ្វើជាខ្ញុំបម្រើជារៀងរហូតនោះទេ។ បន្ថែមទៅទៀត ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «នឹងគ្មានអ្នកទាល់ក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមកឲ្យឯងចាប់យកជាមរដកនោះជាមិនខាន»។ (ចោ. ១៥:៤) នេះគឺខុសគ្នាស្រឡះពីអ្វីដែលកើតឡើងនៅសព្វថ្ងៃនេះ! ពីព្រោះយើងច្រើនតែឃើញថាអ្នកមានកាន់តែមានទៅ ហើយអ្នកក្រកាន់តែក្រទៅ។ w១៩.១២ ទំ. ៨-៩ វ. ៣-៤
ថ្ងៃអង្គារ ទី២៣ ខែមីនា
កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ។—សុភ. ២៧:១១
ពេលលោកយេស៊ូបានប្រឈមមុខនឹងស្ថានភាពដ៏ពិបាក លោកបានអធិដ្ឋាន«ដោយទឹកភ្នែកនិងបន្លឺសំឡេងយ៉ាងខ្លាំង»។ (ហេ. ៥:៧) សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់លោកបង្ហាញថាលោកមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយនោះបានធ្វើឲ្យលោកតាំងចិត្តកាន់តែខ្លាំងដើម្បីស្ដាប់បង្គាប់ព្រះ។ ចំពោះព្រះយេហូវ៉ា សេចក្ដីអធិដ្ឋានរបស់លោកយេស៊ូប្រៀបដូចជាក្លិនដ៏ឈ្ងុយឈ្ងប់របស់គ្រឿងក្រអូប។ អ្វីទាំងអស់ដែលលោកយេស៊ូបានធ្វើក្នុងជីវិតនៅផែនដី បានធ្វើឲ្យបិតាលោកពេញចិត្តខ្លាំងណាស់ ហើយបង្ហាញថាបិតាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់បិតាលោកគឺល្អបំផុត។ យើងអាចយកតម្រាប់លោកយេស៊ូ ដោយខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ា និងមានភក្ដីភាពចំពោះលោក។ ពេលយើងជួបទុក្ខលំបាក យើងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ពីព្រោះយើងចង់ធ្វើឲ្យលោកពេញចិត្ត។ តាមរបៀបទាំងនេះ យើងបង្ហាញថាយើងគាំទ្ររបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ យើងទទួលស្គាល់ថាព្រះយេហូវ៉ានឹងមិនព្រមទទួលសេចក្ដីអធិដ្ឋានរបស់យើងទេ ប្រសិនបើយើងកំពុងធ្វើអ្វីដែលលោកស្អប់។ ក៏ប៉ុន្តែ បើយើងរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា យើងអាចជឿជាក់ថាសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់យើងនឹងប្រៀបដូចជាក្លិនដ៏ឈ្ងុយឈ្ងប់របស់គ្រឿងក្រអូបចំពោះព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងអាចប្រាកដថាចិត្តស្មោះឥតងាករេនិងការស្ដាប់បង្គាប់យ៉ាងស្មោះត្រង់របស់យើង ធ្វើឲ្យបិតាយើងនៅស្ថានសួគ៌ពេញចិត្ត។ w១៩.១១ ទំ. ២១-២២ វ. ៧-៨
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី៩ ខែណែសាន) លូកា ១៩:២៩-៤៤
ថ្ងៃពុធ ទី២៤ ខែមីនា
តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?—ម៉ាថ. ២៤:៤៥
នៅឆ្នាំ១៩១៩ លោកយេស៊ូបានតែងតាំងបងប្រុសមួយក្រុមតូចដែលបានត្រូវរើសតាំងឲ្យធ្វើជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ខ្ញុំបម្រើនោះនាំមុខក្នុងកិច្ចការផ្សព្វផ្សាយ ហើយផ្ដល់‹អាហារតាមត្រូវពេល›ដល់ពួកអ្នកកាន់តាមគ្រិស្ត។ តើយើងឃើញភ័ស្តុតាងយ៉ាងច្បាស់ថាព្រះយេហូវ៉ាពេញចិត្តនឹងខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាឬទេ? សាថាននិងអ្នកគាំទ្ររបស់វាកំពុងព្យាយាមបញ្ឈប់កិច្ចការរបស់ខ្ញុំបម្រើដ៏ស្មោះត្រង់។ បើខ្ញុំបម្រើនោះមិនមានជំនួយពីព្រះយេហូវ៉ាទេ ពួកគាត់មិនអាចបំពេញកិច្ចការបានឡើយ។ ទោះជាមានសង្គ្រាមលោកលើកទី១និងទី២ ការបៀតបៀនឥតស្រាកស្រាន្ត បញ្ហាសេដ្ឋកិច្ចសកល និងអំពើអយុត្តិធម៌ក្ដី ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបន្តផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់អ្នកកាន់តាមគ្រិស្តដែលនៅលើផែនដី។ សូមគិតអំពីសៀវភៅនិងអ្វីផ្សេងទៀតជាច្រើននៅសព្វថ្ងៃនេះដែលបានត្រូវចែកចាយដោយឥតគិតថ្លៃជាង៩០០ភាសា! នេះគឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថាព្រះកំពុងគាំទ្រយើង។ កិច្ចការផ្សព្វផ្សាយក៏ជាភ័ស្តុតាងមួយទៀតដែលបង្ហាញថាព្រះយេហូវ៉ាកំពុងឲ្យពរដែរ។ យើងកំពុងផ្សព្វផ្សាយដំណឹងល្អ«នៅគ្រប់ទីអាស្រ័យនៅផែនដី»។—ម៉ាថ. ២៤:១៤ w១៩.១១ ទំ. ២៤ វ. ១៥-១៦
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១០ ខែណែសាន) លូកា ១៩:៤៥-៤៨; ម៉ាថាយ ២១:១៨, ១៩; ២១:១២, ១៣
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា
សំណូមពររបស់[គ្រិស្ត]បានត្រូវទទួល ដោយសារលោកកោតខ្លាចព្រះ។—ហេ. ៥:៧
រាល់ឆ្នាំ នៅថ្ងៃជម្រះការខុសឆ្គង សម្ដេចសង្ឃត្រូវដុតគ្រឿងក្រអូបមុនគាត់អាចជូនគ្រឿងបូជា។ តាមរបៀបនេះ គាត់បានធ្វើឲ្យប្រាកដថាព្រះពេញចិត្តគាត់ពេលជូនគ្រឿងបូជានោះ។ តើយើងអាចរៀនអ្វីពីរឿងនេះ? កាលដែលលោកយេស៊ូនៅផែនដី លោកត្រូវធ្វើអ្វីដ៏សំខាន់មុនលោកអាចបូជាជីវិតលោកជាគ្រឿងបូជា។ អ្វីនោះគឺសំខាន់ជាងការផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ។ តើនោះជាអ្វី? គឺលោកត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ពេញមួយជីវិតរបស់លោកនៅផែនដី ដើម្បីឲ្យព្រះយេហូវ៉ាទទួលយកគ្រឿងបូជារបស់លោក។ តាមរបៀបនេះ លោកយេស៊ូបានបង្ហាញថាការមានរបៀបរស់នៅសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ លោកយេស៊ូបានបង្ហាញថាបិតាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់បិតាលោកគឺយុត្តិធម៌និងល្អបំផុត។ អស់មួយជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាឥតចន្លោះ។ ទោះជាលោកបានជួបការល្បួងនិងការពិបាក ហើយដឹងថាលោកនឹងស្លាប់ដោយឈឺចាប់ក្ដី លោកបានតាំងចិត្តបង្ហាញថាមានតែរបៀបគ្រប់គ្រងរបស់បិតាលោកប៉ុណ្ណោះគឺល្អបំផុត។—ភី. ២:៨ w១៩.១១ ទំ. ២១ វ. ៦-៧
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១១ ខែណែសាន) លូកា ២០:១-៤៧
ថ្ងៃសុក្រ ទី២៦ ខែមីនា
អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក។—លូក. ២២:២៨
ក្នុងអំឡុងពេលដែលលោកយេស៊ូបានផ្សព្វផ្សាយ ពួកសាវ័កដ៏ស្មោះត្រង់បានបង្ហាញថាពួកគាត់ជាមិត្តពិតរបស់លោកយេស៊ូ។ ពួកគាត់ជាគំរូអំពីមិត្តភក្ដិដ៏ល្អដូចដែលបានត្រូវរៀបរាប់ក្នុងគម្ពីរថា៖ «មានមិត្រសំឡាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀត»។ (សុភ. ១៨:២៤) លោកយេស៊ូឲ្យតម្លៃចំពោះមិត្តភក្ដិបែបនេះ។ ក្នុងអំឡុងពេលដែលលោកយេស៊ូបានផ្សព្វផ្សាយ បងប្អូនប្រុសបង្កើតរបស់លោកមិនបានបង្ហាញជំនឿលើលោកទេ។ (យ៉ូន. ៧:៣-៥) នៅពេលមួយ សាច់ញាតិរបស់លោកថែមទាំងបានគិតថាលោកវង្វេងស្មារតី។ (ម៉ាក. ៣:២១) ប៉ុន្តែ នៅយប់មុនលោកយេស៊ូបានស្លាប់ លោកបានមានប្រសាសន៍ទៅកាន់ពួកសាវ័កដ៏ស្មោះត្រង់ពាក្យក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ។ ជួនកាល ពួកសាវ័កបានធ្វើឲ្យលោកយេស៊ូខកចិត្ត ប៉ុន្តែលោកមិនបានផ្ដោតទៅលើកំហុសរបស់ពួកគាត់ទេ តែលោកឃើញថាពួកគាត់មានជំនឿលើលោក។ (ម៉ាថ. ២៦:៤០; ម៉ាក. ១០:១៣, ១៤; យ៉ូន. ៦:៦៦-៦៩) នៅយប់ចុងក្រោយរបស់លោកជាមួយនឹងពួកគាត់មុនដែលលោកបានត្រូវគេប្រហារជីវិត លោកយេស៊ូបានមានប្រសាសន៍ទៅកាន់បុរសដ៏ស្មោះត្រង់ទាំងនោះថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។ (យ៉ូន. ១៥:១៥) មិត្តសម្លាញ់របស់លោកយេស៊ូពិតជាបានលើកទឹកចិត្តលោកខ្លាំងណាស់។ w១៩.០៤ ទំ. ១១ វ. ១១-១២
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១២ ខែណែសាន) លូកា ២២:១-៦; ម៉ាកុស ១៤:១, ២, ១០, ១១
ថ្ងៃពិធីរំលឹក
ក្រោយពីថ្ងៃលិច
ថ្ងៃសៅរ៍ ទី២៧ ខែមីនា
សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ។—រ៉ូម ៨:១៦
តើបុគ្គលម្នាក់ដឹងយ៉ាងដូចម្ដេចថាគាត់បានត្រូវអញ្ជើញឲ្យឡើងទៅស្ថានសួគ៌? យើងអាចឃើញចម្លើយតាមរយៈពាក្យរបស់សាវ័កប៉ូលទៅកាន់បងប្អូននៅក្រុងរ៉ូម ដែល«បានត្រូវហៅមក ដើម្បីឲ្យទៅជាអ្នកបរិសុទ្ធ»។ គាត់បានប្រាប់ពួកគេនូវពាក្យដែលមានក្នុងបទគម្ពីរថ្ងៃនេះ ហើយបានបន្ថែមទៀតថា៖ «សកម្មពលរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើនិងនាំឲ្យភ័យខ្លាចម្ដងទៀតទេ តែដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›»។ (រ៉ូម ១:៧; ៨:១៥) ដូច្នេះ តាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះ លោកធ្វើឲ្យពួកអ្នកដែលបានត្រូវរើសតាំងដឹងច្បាស់ថាពួកគេបានត្រូវហៅឲ្យឡើងទៅស្ថានសួគ៌។ (១ថែ. ២:១២) ព្រះយេហូវ៉ាធ្វើឲ្យពួកអ្នកដែលបានត្រូវអញ្ជើញឲ្យឡើងទៅស្ថានសួគ៌ដឹងច្បាស់ក្នុងចិត្តនិងគំនិតដោយគ្មានការសង្ស័យ។ (១យ៉ូន. ២:២០, ២៧) ពិតមែនថា គ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាតាមរយៈក្រុមជំនុំដូចគ្រិស្តសាសនិកឯទៀតដែរ តែពួកគេមិនត្រូវការឲ្យមនុស្សណាបញ្ជាក់ប្រាប់ពួកគេថាពួកគេបានត្រូវរើសតាំងឡើយ។ ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដែលជាឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក ដើម្បីធ្វើឲ្យពួកគេដឹងច្បាស់! w២០.០១ ទំ. ២២ វ. ៧-៨
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៣ ខែណែសាន) លូកា ២២:៧-១៣; ម៉ាកុស ១៤:១២-១៦ (ព្រឹត្តិការណ៍ក្រោយពីថ្ងៃលិចនាថ្ងៃទី១៤ ខែណែសាន) លូកា ២២:១៤-៦៥
ថ្ងៃអាទិត្យ ទី២៨ ខែមីនា
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ។—យ៉ូន. ១៥:១៣
«ច្បាប់គ្រិស្ត»បានត្រូវរៀបចំឡើងដោយមានគ្រឹះមូលដ្ឋានដ៏ល្អបំផុត ពោលគឺសេចក្ដីស្រឡាញ់។ (កាឡ. ៦:២) សេចក្ដីស្រឡាញ់ជំរុញចិត្តលោកយេស៊ូក្នុងគ្រប់ការទាំងអស់។ ចិត្តអាណិតអាសូរ ឬចិត្តមេត្តាករុណាដ៏ជ្រាលជ្រៅជាគុណសម្បត្តិដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។ សេចក្ដីអាណិតមេត្តាបានជំរុញចិត្តលោកយេស៊ូឲ្យបង្រៀនបណ្ដាជន ធ្វើឲ្យមនុស្សឈឺជាសះស្បើយ ផ្ដល់អាហារដល់មនុស្សដែលស្រេកឃ្លាន និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ១៤:១៤; ១៥:៣២-៣៨; ម៉ាក. ៦:៣៤; លូក. ៧:១១-១៥) ដោយស្មោះអស់ពីចិត្ត លោកយេស៊ូចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការរបស់លោក ទោះជាលោកត្រូវប្រើកម្លាំងនិងពេលវេលាជាច្រើនរបស់លោកដើម្បីធ្វើអ្វីទាំងអស់នោះក្ដី។ ប៉ុន្តែ របៀបដ៏សំខាន់បំផុតដែលលោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ គឺដោយលះបង់ជីវិតដើម្បីអ្នកឯទៀត។ យើងអាចយកតម្រាប់លោកយេស៊ូដោយចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការរបស់ខ្លួន។ យើងក៏អាចយកតម្រាប់លោកដោយរៀនឲ្យចេះបង្ហាញថែមទៀតនូវសេចក្ដីអាណិតមេត្តាដ៏ជ្រាលជ្រៅចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ ពេលសេចក្ដីអាណិតមេត្តាជំរុញចិត្តយើងឲ្យផ្សព្វផ្សាយនិងបង្រៀនដំណឹងល្អ នោះយើងកំពុងធ្វើតាមច្បាប់គ្រិស្ត។ w១៩.០៥ ទំ. ៤ វ. ៨-១០
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៤ ខែណែសាន) លូកា ២២:៦៦-៧១
ថ្ងៃច័ន្ទ ទី២៩ ខែមីនា
[ព្រះយេហូវ៉ា]បានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង . . .ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់។—លូក. ៤:១៨
បុត្ររបស់ព្រះបានមកដើម្បីជួយរំដោះមនុស្សពីអ្វីពីរយ៉ាង។ ទី១ លោកយេស៊ូបានជួយរំដោះមនុស្សឲ្យរួចពីសេចក្ដីបង្រៀនមិនពិតរបស់ពួកអ្នកដឹកនាំសាសនា។ ជនជាតិយូដាជាច្រើននាក់នៅសម័យនោះបានត្រូវគេបង្ខំឲ្យធ្វើតាមទំនៀមទម្លាប់និងជំនឿមិនពិតរបស់មនុស្ស។ (ម៉ាថ. ៥:៣១-៣៧; ១៥:១-១១) តាមពិត បុគ្គលដែលអះអាងថាពួកគេកំពុងជួយអ្នកឯទៀតឲ្យបម្រើព្រះ មិនបម្រើព្រះតាមរបៀបត្រឹមត្រូវទេ គឺហាក់ដូចជាពួកគេជាមនុស្សងងឹតភ្នែក។ ម្យ៉ាងទៀត ពួកគេបានបដិសេធមិនទទួលស្គាល់មេស្ស៊ីនិងសេចក្ដីពិតដែលលោកបានបង្រៀន ដូច្នេះពួកគេមិនស្គាល់ព្រះឡើយ គឺហាក់ដូចជាពួកគេនៅតែងងឹតភ្នែក ហើយមិនបានទទួលការអភ័យទោសចំពោះការខុសឆ្គងទេ។ (យ៉ូន. ៩:១, ១៤-១៦, ៣៥-៤១) តាមរយៈសេចក្ដីពិតដែលលោកយេស៊ូបានបង្រៀននិងគំរូល្អរបស់លោក លោកបានបង្ហាញមនុស្សដែលមានចិត្តរាបទាបអំពីរបៀបដែលពួកគេអាចរំដោះខ្លួនពីសេចក្ដីបង្រៀនមិនពិត។ (ម៉ាក. ១:២២; ២:២៣–៣:៥) ទី២ លោកយេស៊ូបានរំដោះមនុស្សពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង។ ដោយមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ ព្រះអាចអភ័យទោសចំពោះការខុសឆ្គងរបស់ពួកអ្នកដែលបង្ហាញជំនឿ និងព្រមទទួលថ្លៃលោះដែលលោកបានផ្ដល់ឲ្យ។—ហេ. ១០:១២-១៨ w១៩.១២ ទំ. ១០ វ. ៨; ទំ. ១១ វ. ១០-១១
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៥ ខែណែសាន) ម៉ាថាយ ២៧:៦២-៦៦
ថ្ងៃអង្គារ ទី៣០ ខែមីនា
ក្រោយពីអ្នករាល់គ្នាបានជឿហើយ នោះតាមរយៈលោកដែរ ព្រះបានបិទត្រាមួយលើអ្នករាល់គ្នា ពោលគឺសកម្មពលបរិសុទ្ធដែលលោកបានសន្យាឲ្យ ហើយនោះជាការបញ្ចាំចិត្តដែលបញ្ជាក់មត៌ករបស់យើង។—អេភ. ១:១៣, ១៤
ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោក ដើម្បីធ្វើឲ្យអស់អ្នកដែលបានត្រូវរើសតាំងដឹងប្រាកដថាលោកបានជ្រើសរើសពួកគេ។ យ៉ាងនេះ សកម្មពលបរិសុទ្ធគឺជា«ការបញ្ចាំចិត្ត»ឬការធានាដែលធ្វើឲ្យពួកគេមានទំនុកចិត្តថា នៅថ្ងៃអនាគតពួកគេនឹងរស់នៅជារៀងរហូតនៅស្ថានសួគ៌ មិនមែនផែនដីឡើយ។ (២កូ. ១:២១, ២២) បើគ្រិស្តសាសនិកម្នាក់បានត្រូវរើសតាំង តើគាត់នឹងទទួលរង្វាន់របស់គាត់ឲ្យឡើងទៅស្ថានសួគ៌ដោយស្វ័យប្រវត្ដិឬទេ? មិនមែនទេ។ គាត់ដឹងប្រាកដថាគាត់បានត្រូវជ្រើសរើសឲ្យឡើងទៅស្ថានសួគ៌។ ប៉ុន្តែ គាត់ត្រូវចងចាំអំពីការដាស់តឿននេះ ដែលថា៖ «បងប្អូនអើយ ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា អ្នករាល់គ្នាស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើស ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ»។ (២ពេ. ១:១០) ម្ល៉ោះហើយ ទោះជាគ្រិស្តសាសនិកណាម្នាក់ដែលព្រះបានរើសតាំងបានត្រូវជ្រើសរើស ឬហៅឲ្យឡើងទៅស្ថានសួគ៌ក្ដី គាត់នឹងទទួលរង្វាន់របស់គាត់លុះត្រាតែគាត់រក្សាភាពស្មោះត្រង់។—ភី. ៣:១២-១៤; ហេ. ៣:១; បប. ២:១០ w២០.០១ ទំ. ២១-២២ វ. ៥-៦
អំណានគម្ពីរសម្រាប់ពិធីរំលឹក: (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៦ ខែណែសាន) លូកា ២៤:១-១២
ថ្ងៃពុធ ទី៣១ ខែមីនា
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។—សុភ. ១២:១៨
មូលហេតុមួយដែលមិត្តមិនពិតបីនាក់របស់យ៉ូបគ្មានសេចក្ដីអាណិតមេត្តាចំពោះគាត់ គឺពីព្រោះពួកគេមិនបានព្យាយាមយល់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ទេ ហើយនេះនាំឲ្យពួកគេសន្និដ្ឋានមិនត្រឹមត្រូវអំពីគាត់ និងវិនិច្ឆ័យគាត់ដោយគ្មានមេត្តា។ តើយើងអាចជៀសវាងពីកំហុសបែបនេះយ៉ាងដូចម្ដេច? សូមទទួលស្គាល់ថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលដឹងអ្វីៗទាំងអស់អំពីស្ថានភាពរបស់បុគ្គលណាម្នាក់។ សូមស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលបុគ្គលនោះនិយាយ តែមិនគ្រាន់តែស្ដាប់អ្វីដែលគាត់និយាយប៉ុណ្ណោះទេ សូមព្យាយាមយល់អារម្មណ៍និងការឈឺចាប់របស់គាត់។ ទាល់តែធ្វើដូច្នេះ ទើបអ្នកអាចបង្ហាញយ៉ាងស្មោះថាអ្នកកើតទុក្ខជាមួយនឹងគាត់។ សេចក្ដីអាណិតមេត្តានឹងធ្វើឲ្យយើងមិននិយាយដើមអ្នកឯទៀតអំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។ បុគ្គលដែលនិយាយដើមគេមិននាំឲ្យក្រុមជំនុំមានភាពរឹងមាំទេ តែគាត់ធ្វើឲ្យរង្គោះរង្គើវិញ។ (សុភ. ២០:១៩; រ៉ូម ១៤:១៩) ពាក្យសម្ដីរបស់គាត់អាចធ្វើឲ្យបុគ្គលដែលកំពុងកើតទុក្ខកាន់តែឈឺចិត្ត។ (អេភ. ៤:៣១, ៣២) គឺល្អប្រសើរជាងបើយើងគិតអំពីគុណសម្បត្តិរបស់បុគ្គលនោះ ហើយអំពីរបៀបដែលយើងអាចជួយគាត់ឲ្យយកឈ្នះការតានតឹងចិត្ត! w១៩.០៦ ទំ. ២១-២២ វ. ៨-៩