ខែមេសា
ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា។—សុភ. ១៧:១៧
អារីស្ដាកដែលជាគ្រិស្តសាសនិកជនជាតិម៉ាសេដូនម្នាក់ពីក្រុងថែស្សាឡូនិច បានបង្ហាញថាគាត់ជាមិត្តដ៏ស្មោះត្រង់របស់សាវ័កប៉ូល។ គម្ពីរចែងជាលើកដំបូងអំពីអារីស្ដាក នៅពេលដែលប៉ូលបានទៅជួបបងប្អូននៅក្រុងអេភេសូរ ក្នុងអំឡុងដំណើរជាសាសនទូតលើកទី៣របស់គាត់។ កាលដែលអារីស្ដាករួមដំណើរជាមួយប៉ូល គាត់បានត្រូវមនុស្សមួយក្រុមចាប់ខ្លួន។ (សកម្ម. ១៩:២៩) ក្រោយមក ពេលដែលគាត់បានត្រូវគេដោះលែង គាត់មិនបានទៅចោលប៉ូលដើម្បីយករួចខ្លួនតែម្នាក់ឯងទេ ប៉ុន្តែគាត់បាននៅជាប់នឹងប៉ូលវិញ។ ប៉ុន្មានខែក្រោយមក អារីស្ដាកនៅតែនៅជាមួយនឹងប៉ូលនៅស្រុកក្រិច ទោះជាសត្រូវរបស់ប៉ូលព្យាយាមសម្លាប់គាត់ក្ដី។ (សកម្ម. ២០:២-៤) ប្រហែលជានៅឆ្នាំ៥៨ គ.ស. ពេលដែលប៉ូលបានត្រូវគេបញ្ជូនទៅក្រុងរ៉ូមក្នុងនាមជាអ្នកទោស អារីស្ដាកបានរួមដំណើរដ៏សែនឆ្ងាយនោះជាមួយនឹងគាត់ ហើយនៅតាមផ្លូវ ពួកគាត់ទាំងពីរនាក់បានលិចសំពៅ។ (សកម្ម. ២៧:១, ២, ៤១) តាមមើលទៅ កាលដែលនៅក្រុងរ៉ូម គាត់បានជាប់គុកជាមួយនឹងប៉ូលអស់មួយរយៈពេល។ (កូឡ. ៤:១០) ប៉ូលច្បាស់ជាទទួលការលើកទឹកចិត្តនិងការសម្រាលទុក្ខពីមិត្តដ៏ស្មោះត្រង់បែបនេះ! ដូចអារីស្ដាក យើងអាចធ្វើជាមិត្តដ៏ស្មោះត្រង់ ដោយនៅជាប់ជាមួយនឹងបងប្អូនរបស់យើងមិនគ្រាន់តែនៅគ្រាសុខស្រួលប៉ុណ្ណោះទេ តែក៏នៅក្នុងអំឡុង«គ្រាលំបាក»ដែរ។ w២០.០១ ទំ. ៩ វ. ៤-៥
ថ្ងៃសុក្រ ទី២ ខែមេសា
អ្នកដែលមានចំណែកក្នុងការប្រោសឲ្យរស់ឡើងវិញមុនដំបូង មានសុភមង្គល ហើយក៏បរិសុទ្ធ។—បប. ២០:៦
បុគ្គលដែលបានត្រូវរើសតាំងប្រហែលជាមានអារម្មណ៍ថាខ្លួនមិនសមនឹងទទួលឯកសិទ្ធិដ៏ពិសេសនេះទេ។ ប៉ុន្តែ គាត់មិនសង្ស័យសោះថាព្រះយេហូវ៉ាបានជ្រើសរើសគាត់។ គាត់អរសប្បាយជាខ្លាំងនិងមានចិត្តកតញ្ញូ ពេលគាត់គិតអំពីសេចក្ដីសង្ឃឹមរបស់គាត់ឲ្យរស់នៅស្ថានសួគ៌។ (១ពេ. ១:៣, ៤) ដូច្នេះ តើនេះមានន័យថាពួកអ្នកដែលបានត្រូវរើសតាំងចង់ស្លាប់ឬ? សាវ័កប៉ូលបានឆ្លើយសំណួរនេះ។ គាត់បានប្រដូចរូបកាយរបស់ពួកអ្នកដែលបានត្រូវរើសតាំងទៅនឹងត្រសាល ហើយនិយាយថា៖ «តាមពិត យើងដែលជាអ្នកនៅក្នុងត្រសាលនេះថ្ងូរ ដោយមានទុក្ខធ្ងន់។ មិនមែនដោយសារយើងចង់ដោះត្រសាលនេះចេញទេ តែដោយសារយើងចង់បំពាក់ខ្លួនដោយលំនៅមួយនោះវិញ ដើម្បីឲ្យជីវិតដែលគ្មានទីបញ្ចប់លេបបាត់អ្វីដែលអាចស្លាប់បាន»។ (២កូ. ៥:៤) គ្រិស្តសាសនិកទាំងនេះមិនមែនលែងចាប់អារម្មណ៍នឹងជីវិតនៅលើផែនដី និងចង់ឆាប់ស្លាប់នោះទេ។ ផ្ទុយទៅវិញ ពួកគេសប្បាយនឹងជីវិត ហើយចង់ប្រើជីវិតរាល់ថ្ងៃដើម្បីបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមគ្រួសារនិងមិត្តសម្លាញ់របស់ពួកគេ។ ក៏ប៉ុន្តែ ទោះជាពួកគេកំពុងធ្វើអ្វីក៏ដោយ ពួកគេចាំជានិច្ចអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលពួកគេមានសម្រាប់ថ្ងៃអនាគត។—១កូ. ១៥:៥៣; ២ពេ. ១:៤; ១យ៉ូន. ៣:២, ៣ w២០.០១ ទំ. ២៣ វ. ១២-១៣
ថ្ងៃសៅរ៍ ទី៣ ខែមេសា
ព្រះយេហូវ៉ាប្រដៅអស់អ្នកដែលលោកស្រឡាញ់។—ហេ. ១២:៦
ដើម្បីបង្ហាត់បង្រៀនយើង បិតាដែលស្រឡាញ់យើងប្រដៅតម្រង់យើងនៅពេលដែលចាំបាច់។ លោកធ្វើដូច្នេះតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ អ្វីដែលយើងអានពីបណ្ដាំរបស់ព្រះ ឬឮនៅកិច្ចប្រជុំប្រហែលជាកែតម្រង់យើង។ ឬក៏ប្រហែលជាជំនួយដែលយើងត្រូវការមកពីពួកអ្នកចាស់ទុំ។ ទោះជាព្រះយេហូវ៉ាប្រដៅតម្រង់យើងតាមរបៀបណាក្ដី លោកតែងតែធ្វើដូច្នេះ ដោយសារលោកស្រឡាញ់យើង។ (យេ. ៣០:១១) ព្រះយេហូវ៉ាគាំទ្រយើងពេលមានទុក្ខលំបាក។ ដូចឪពុកដែលយកចិត្តទុកដាក់ចំពោះកូន តែងគាំទ្រកូនក្នុងអំឡុងគ្រាលំបាក បិតារបស់យើងនៅស្ថានសួគ៌គាំទ្រយើងនៅពេលដែលមានទុក្ខលំបាក។ លោកប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីការពារយើងពីអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ (លូក. ១១:១៣) ព្រះយេហូវ៉ាក៏ជួយយើងពេលយើងធ្លាក់ទឹកចិត្តឬព្រួយបារម្ភ។ ជាឧទាហរណ៍ លោកផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគត។ នេះជួយយើងឲ្យស៊ូទ្រាំនឹងការលំបាកដែលយើងមាន។ ហេតុអ្វី? ពីព្រោះទោះជាមានអ្វីអាក្រក់កើតឡើងចំពោះយើងក៏ដោយ បិតាដែលស្រឡាញ់យើងនឹងធ្វើឲ្យយើងជាសះស្បើយពីរបួសទាំងអស់ដែលធ្វើឲ្យយើងរងទុក្ខ។ ការលំបាកណាក៏ដោយដែលយើងមានគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ តែពរដែលព្រះយេហូវ៉ាផ្ដល់ឲ្យគឺស្ថិតស្ថេរជារៀងរហូត។—២កូ. ៤:១៦-១៨ w២០.០២ ទំ. ៥-៦ វ. ១៤-១៥
ថ្ងៃអាទិត្យ ទី៤ ខែមេសា
ដោយសារយើងមានភាពទោរទន់ទៅរកការច្រណែន នោះយើងតែងតែប៉ងប្រាថ្នាចង់បានអ្វីផ្សេងៗ។—យ៉ា. ៤:៥
យើងអាចបំបាត់ចិត្តច្រណែនបាន! សូមគិតអំពីគំរូរបស់បងប្រុសៗយ៉ូសែប។ អស់ជាច្រើនឆ្នាំក្រោយពីពួកគេបានប្រព្រឹត្តយ៉ាងព្រៃផ្សៃទៅលើយ៉ូសែប ពួកគេបានជួបគាត់នៅស្រុកអេស៊ីប។ មុនយ៉ូសែបបង្ហាញអត្តសញ្ញាណពិតរបស់គាត់ទៅដល់បងប្រុសៗរបស់គាត់ គាត់បានសាកល្បងពួកគេដើម្បីដឹងថាពួកគេបានកែប្រែហើយឬនៅ។ គាត់បានរៀបចំអាហារឲ្យបេនយ៉ាមីនដែលជាប្អូនប្រុសពៅ ច្រើនជាងឲ្យបងប្រុសៗ។ (លោ. ៤៣:៣៣, ៣៤) ក៏ប៉ុន្តែ បងប្រុសៗឯទៀតមិនបានច្រណែនបេនយ៉ាមីនឡើយ។ ផ្ទុយទៅវិញ ពួកគេបានបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះប្អូនប្រុសរបស់ពួកគេនិងយ៉ាកុបដែលជាឪពុករបស់ពួកគេ។ (លោ. ៤៤:៣០-៣៤) ដោយសារបងប្រុសៗរបស់យ៉ូសែបលែងមានចិត្តច្រណែន នោះពួកគេអាចជួយក្រុមគ្រួសាររបស់ពួកគេឲ្យមានសន្តិភាពឡើងវិញ។ (លោ. ៤៥:៤, ១៥) ស្រដៀងគ្នាដែរ បើយើងជម្រុះចោលចិត្តច្រណែនឲ្យអស់ នោះយើងនឹងជួយរក្សាក្រុមគ្រួសារនិងក្រុមជំនុំរបស់យើងឲ្យមានសន្តិភាព។ ព្រះយេហូវ៉ាចង់ឲ្យយើងលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែន ហើយស្វែងរកអ្វីដែលនាំឲ្យមានសន្តិភាព។ បើយើងបណ្ដុះឲ្យមានចិត្តរាបទាប ការស្កប់ចិត្ត និងការចេះឲ្យតម្លៃចំពោះអ្នកឯទៀត យើងនឹងមិនមានចិត្តច្រណែនឡើយ។ w២០.០២ ទំ. ១៩ វ. ១៧-១៨
ថ្ងៃច័ន្ទ ទី៥ ខែមេសា
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្ដាប់សំឡេងខ្ញុំនឹងពាក្យដែលខ្ញុំទូលអង្វរ។—ទំនុក. ១១៦:១
របៀបមួយដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាវិញ គឺដោយអធិដ្ឋានទៅលោក។ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះនឹងកាន់តែខ្លាំងឡើងៗ កាលដែលអ្នកប្រាប់លោកអំពីកង្វល់របស់អ្នក និងអរគុណលោកចំពោះអ្វីៗទាំងអស់ដែលលោកធ្វើសម្រាប់អ្នក។ ម្យ៉ាងទៀត ចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ានឹងកាន់តែរឹងមាំ កាលដែលអ្នកឃើញរបៀបដែលលោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក។ ពេលនោះ អ្នកនឹងជឿជាក់ថាលោកយល់អំពីអ្នក។ ប៉ុន្តែ ដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា អ្នកត្រូវស្គាល់របៀបគិតគូររបស់លោក។ ម្យ៉ាងទៀត អ្នកត្រូវស្គាល់អ្វីដែលលោកតម្រូវពីអ្នក។ របៀបតែមួយគត់ដែលអ្នកអាចស្គាល់អ្វីទាំងនេះ គឺដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។ ដូច្នេះ ចូររៀនឲ្យតម្លៃចំពោះគម្ពីរ។ មានតែគម្ពីរប៉ុណ្ណោះដែលប្រាប់សេចក្ដីពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកចំពោះអ្នក។ ដោយអានគម្ពីរជារៀងរាល់ថ្ងៃ ដោយរៀបចំមេរៀនដែលអ្នកនឹងរៀនជាមួយនឹងអ្នកបង្រៀនគម្ពីររបស់អ្នកទុកជាមុន និងដោយធ្វើតាមអ្វីដែលអ្នករៀន នោះអ្នកបង្ហាញថាអ្នកឲ្យតម្លៃចំពោះគម្ពីរ។ (ទំនុក. ១១៩:៩៧, ៩៩; យ៉ូន. ១៧:១៧) តើអ្នកមានកាលវិភាគអានគម្ពីរផ្ទាល់ខ្លួនឬ? តើអ្នកធ្វើតាមកាលវិភាគនោះយ៉ាងដិតដល់ដោយអានគម្ពីររាល់ថ្ងៃឬទេ? w២០.០៣ ទំ. ៥ វ. ៨-៩
ថ្ងៃអង្គារ ទី៦ ខែមេសា
គាត់ចាប់ផ្ដើមជជែកវែកញែក . . . ជាមួយនឹងអស់អ្នកដែលគាត់ជួប។—សកម្ម. ១៧:១៧
បើអ្នកពិបាកដើរ អ្នកប្រហែលជាអាចអង្គុយនៅកន្លែងសាធារណៈណាមួយ ហើយផ្សព្វផ្សាយដល់ពួកអ្នកដែលដើរកាត់ទីនោះ។ ឬអ្នកប្រហែលជាអាចផ្សព្វផ្សាយក្រៅផ្លូវការ សរសេរសំបុត្រ ឬផ្សព្វផ្សាយតាមទូរស័ព្ទ។ ការផ្សព្វផ្សាយតាមរបៀបទាំងនេះនាំឲ្យអ្នកផ្សាយជាច្រើនស្កប់ស្កល់និងមានអំណរជាខ្លាំង ទោះជាពួកគេពិបាកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយសារបញ្ហាសុខភាពក្ដី។ សូម្បីតែអ្នកមានបញ្ហាសុខភាព ក៏អ្នកនៅតែអាចបំពេញកិច្ចបម្រើផ្សាយរបស់អ្នកគ្រប់ជំពូក។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? សាវ័កប៉ូលនិយាយថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភី. ៤:១៣) ប៉ូលត្រូវការកម្លាំងនេះពេលគាត់បានឈឺនៅពេលមួយក្នុងអំឡុងការធ្វើដំណើរជាសាសនទូត។ គាត់បានពន្យល់គ្រិស្តសាសនិកនៅខេត្តកាឡាទីថា៖ ‹នៅលើកដំបូង ខ្ញុំប្រកាសដំណឹងល្អដល់អ្នករាល់គ្នាពីព្រោះខ្ញុំឈឺ›។ (កាឡ. ៤:១៣) ស្រដៀងគ្នាដែរ បញ្ហាសុខភាពរបស់អ្នកអាចបើកឱកាសឲ្យអ្នកផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀតដូចជា គ្រូពេទ្យ គិលានុបដ្ឋាក និងអ្នកឯទៀតដែលជួយថែទាំអ្នក។ ពួកគេជាច្រើននាក់ប្រហែលជានៅកន្លែងធ្វើការពេលដែលអ្នកផ្សាយទៅផ្ទះរបស់ពួកគេ។ w១៩.០៤ ទំ. ៤-៥ វ. ១០-១១
ថ្ងៃពុធ ទី៧ ខែមេសា
អស់អ្នកណាដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូនឹងទទួលការបៀតបៀន។—២ធី. ៣:១២
នៅឆ្នាំ២០១៨ អ្នកផ្សព្វផ្សាយដំណឹងល្អជាង២២៣.០០០នាក់បានរស់នៅប្រទេសដែលដាក់បម្រាមឬដាក់កម្រិតយ៉ាងតឹងរ៉ឹងលើកិច្ចការរបស់យើង។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ។ គ្រិស្តសាសនិកពិតរំពឹងថាពួកគេនឹងទទួលការបៀតបៀន។ ទោះជាយើងរស់នៅកន្លែងណាក៏ដោយ ប្រហែលជារដ្ឋាភិបាលនឹងដាក់បម្រាមភ្លាមៗនិងដោយមិនមានការព្រមានទុកជាមុន ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ បើរដ្ឋាភិបាលដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង យើងប្រហែលជាសន្និដ្ឋានមិនត្រឹមត្រូវថាព្រះមិនពេញចិត្តនឹងយើង។ ប៉ុន្តែសូមចាំថា ការបៀតបៀនមិនមានន័យថាព្រះយេហូវ៉ាមិនពេញចិត្តនឹងយើងទេ។ ជាឧទាហរណ៍ សូមគិតអំពីសាវ័កប៉ូល។ គាត់ប្រាកដជាបានទទួលការពេញចិត្តពីព្រះ។ គាត់មានឯកសិទ្ធិសរសេរសំបុត្រ១៤ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយគាត់ក៏ជាសាវ័កសម្រាប់ជនជាតិដទៃដែរ។ ប៉ុន្តែ គាត់បានរងការបៀតបៀនដ៏ខ្លាំង។ (២កូ. ១១:២៣-២៧) យើងរៀនពីបទពិសោធន៍របស់សាវ័កប៉ូលថា ព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្នកបម្រើស្មោះត្រង់របស់លោករងការបៀតបៀន។ w១៩.០៧ ទំ. ៨ វ. ១, ៣
ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា
យើងមានការប្រយុទ្ធ . . . [នឹង]ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌។—អេភ. ៦:១២
របៀបដ៏កក់ក្ដៅមួយដែលព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់ចំពោះយើងជាអ្នកបម្រើលោក គឺដោយជួយយើងឲ្យទប់ទល់នឹងសត្រូវរបស់យើង។ សត្រូវដ៏ធំបំផុតរបស់យើងគឺសាថាននិងពួកវិញ្ញាណកំណាច។ ព្រះយេហូវ៉ាព្រមានយើងអំពីសត្រូវទាំងនេះ ហើយលោកផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីទប់ទល់នឹងពួកវា។ (អេភ. ៦:១០-១៣) ពេលយើងព្រមទទួលជំនួយពីព្រះយេហូវ៉ា និងពឹងផ្អែកទាំងស្រុងលើលោក យើងអាចតស៊ូនឹងមេកំណាចដោយជោគជ័យ។ យើងអាចមានទំនុកចិត្តដូចសាវ័កប៉ូលដែលបានសរសេរថា៖ «ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន?»។ (រ៉ូម ៨:៣១) ក្នុងនាមជាគ្រិស្តសាសនិកពិត យើងមិនផ្ដោតអារម្មណ៍ទៅលើសាថាននិងពួកវិញ្ញាណកំណាចទេ។ យើងផ្ដោតអារម្មណ៍ទៅលើការរៀនអំពីព្រះយេហូវ៉ានិងការបម្រើលោក។ (ទំនុក. ២៥:៥) ប៉ុន្តែ យើងត្រូវដឹងអំពីវិធីខ្លះដែលសាថានប្រើដើម្បីបំភាន់មនុស្ស។ ហេតុអ្វី? ដើម្បីកុំឲ្យវាមានឱកាសឈ្នះយើង។—២កូ. ២:១១ w១៩.០៤ ទំ. ២០ វ. ១-២
ថ្ងៃសុក្រ ទី៩ ខែមេសា
មនុស្សម្នាក់ៗត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ។—យ៉ា. ១:១៩
តើយើងយកចិត្តទុកដាក់ស្ដាប់អ្នកដែលកើតទុក្ខឬទេ? យើងមិនគ្រាន់តែនៅស្ងៀម ហើយអត់ធ្វើអ្វីទេ។ យើងអាចបង្ហាញចិត្តអាណិតអាសូរនិងសេចក្ដីមេត្តាករុណាពេលយើងស្ដាប់អ្នកឯទៀត។ ជួនកាល យើងអាចបង្ហាញអំពីអារម្មណ៍របស់យើងដោយប្រើពាក្យសម្ដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ ដូចជាពាក្យសម្ដីដែលបង្ហាញថាយើងគិតអំពីអារម្មណ៍របស់អ្នកឯទៀតនិងដែលធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍កក់ក្ដៅ។ ជាឧទាហរណ៍ អ្នកអាចនិយាយថា «ខ្ញុំស្ដាយណាស់ដែលរឿងនេះកើតឡើងចំពោះបង!»។ ប្រហែលជាអ្នកអាចសួរសំណួរមួយឬពីរដើម្បីប្រាកដថាអ្នកយល់អំពីអ្វីដែលបុគ្គលដែលមានអារម្មណ៍ឈឺចាប់នោះកំពុងរៀបរាប់។ ពាក្យសម្ដីដែលបង្ហាញអំពីសេចក្ដីស្រឡាញ់ប្រហែលជានឹងពង្រឹងទំនុកចិត្តបុគ្គលនោះថាអ្នកពិតជាយកចិត្តទុកដាក់ស្ដាប់គាត់ និងព្យាយាមប្រាកដថាអ្នកយល់អំពីអារម្មណ៍របស់គាត់។ (១កូ. ១៣:៤, ៧) ប៉ុន្តែ ចូរបន្តប្រុងប្រយ័ត្ន«មិនរហ័សនិយាយ»។ សូមកុំនិយាយកាត់គាត់ដើម្បីឲ្យយោបល់ឬកែតម្រង់ទស្សនៈគាត់ឡើយ។ មួយវិញទៀត សូមមានចិត្តអត់ធ្មត់! ជាជាងព្យាយាមផ្ដល់យោបល់ឲ្យគាត់ យើងចង់បង្ហាញចិត្តអាណិតអាសូរនិងសេចក្ដីមេត្តាករុណា។—១ពេ. ៣:៨ w១៩.០៥ ទំ. ១៧-១៨ វ. ១៥-១៧
ថ្ងៃសៅរ៍ ទី១០ ខែមេសា
ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ។—អេភ. ៥:២៥
ក្នុងក្រុមគ្រួសារ ប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន«ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ»។ (អេភ. ៥:២៨, ២៩) ដូចគ្រិស្ត ប្ដីត្រូវមានសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួន ដោយចាត់ទុកសេចក្ដីត្រូវការនិងប្រយោជន៍របស់ប្រពន្ធថាសំខាន់ជាងរបស់ខ្លួន។ បុរសខ្លះប្រហែលជាពិបាកបង្ហាញសេចក្ដីស្រឡាញ់បែបនេះ ដោយសារពួកគេបានធំឡើងក្នុងវប្បធម៌ដែលមនុស្សមិនចាត់ទុកការប្រព្រឹត្តដោយយុត្តិធម៌និងដោយសេចក្ដីស្រឡាញ់ថាសំខាន់ទេ។ ពួកគេប្រហែលជាពិបាកកែប្រែទម្លាប់ផ្សេងៗ ប៉ុន្តែពួកគេត្រូវធ្វើការកែប្រែទាំងនោះដើម្បីធ្វើតាមច្បាប់គ្រិស្ត។ ប្ដីដែលបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួននឹងទទួលការគោរពពីប្រពន្ធរបស់គាត់។ ឪពុកដែលពិតជាស្រឡាញ់កូននឹងមិនប្រព្រឹត្តដោយឃោរឃៅឬប្រើពាក្យប្រមាថមើលងាយចំពោះកូនទេ។ (អេភ. ៤:៣១) ផ្ទុយទៅវិញ គាត់បង្ហាញថាគាត់ស្រឡាញ់និងពេញចិត្តកូន ហើយនេះធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅ និងមានអារម្មណ៍ថាពួកគេមានសុវត្ថិភាព។ ឪពុកបែបនេះនឹងទទួលសេចក្ដីស្រឡាញ់និងការទុកចិត្តពីកូន។ w១៩.០៥ ទំ. ៦ វ. ២១
ថ្ងៃអាទិត្យ ទី១១ ខែមេសា
ព្រះយេហូវ៉ានឹងប្រគល់ឲ្យបុត្រនោះនូវបល្ល័ង្ករបស់ដាវីឌដែលជាបិតារបស់លោក លោកក៏នឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត។—លូក. ១:៣២, ៣៣
តើម៉ារៀបានយល់យ៉ាងណាចំពោះពាក្យសម្ដីទាំងនោះរបស់កាព្រីយ៉ែល? តើនាងយល់ថាលោកយេស៊ូនឹងធ្វើជាអ្នកគ្រប់គ្រងស្រុកអ៊ីស្រាអែលជំនួសស្ដេចហេរ៉ូឌ ឬកូនចៅរបស់គាត់ឬទេ? បើលោកយេស៊ូបានក្លាយទៅជាស្ដេចនៅអ៊ីស្រាអែលមែន ម៉ារៀនឹងទៅជាមាតារបស់ស្ដេច ហើយក្រុមគ្រួសាររបស់គាត់នឹងរស់នៅក្នុងវាំង។ ប៉ុន្តែ យើងមិនឃើញកំណត់ហេតុណាថាម៉ារៀបានសុំឋានៈពិសេសណាមួយក្នុងរាជាណាចក្រទេ។ ម៉ារៀជាស្ត្រីដែលមានចិត្តរាបទាបជាខ្លាំង! សូមចាំថាគោលដៅដ៏សំខាន់ចម្បងរបស់យើងក្នុងការសិក្សាបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗរបស់អង្គការយើងគឺដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា។ យើងក៏ចង់ដឹងច្បាស់ជាងថាយើង«ជាមនុស្សបែបណា» ហើយថាយើងត្រូវកែប្រែអ្វីខ្លះដើម្បីធ្វើឲ្យព្រះពេញចិត្ត។ (យ៉ា. ១:២២-២៥; ៤:៨) ដូច្នេះ រាល់ដងមុនយើងចាប់ផ្ដើមសិក្សា យើងគួរសុំសកម្មពលពីព្រះយេហូវ៉ា។ យើងគួរអង្វរសុំលោកជួយយើងឲ្យទទួលប្រយោជន៍យ៉ាងពេញលេញពីព័ត៌មាននោះ ហើយជួយយើងឲ្យឃើញថាយើងគួរកែប្រែអ្វីខ្លះ។ w១៩.០៥ ទំ. ៣០-៣១ វ. ១៨-១៩
ថ្ងៃច័ន្ទ ទី១២ ខែមេសា
ខ្ញុំ . . . មានចិត្តព្រួយជាខ្លាំង។—១សាំ. ១:១៥
ជួនកាល យើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលនាំឲ្យតានតឹងចិត្តនៅពេលដំណាលគ្នា។ សូមពិចារណាគំរូដូចតទៅនេះ។ សាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះចនដែលមានជំងឺធ្ងន់ធ្ងរម្យ៉ាង បានឈឺចាប់យ៉ាងខ្លាំងពេលប្រពន្ធរបស់គាត់ដែលបានរួមរស់ជាមួយនឹងគាត់អស់១៩ឆ្នាំបានចាកចេញពីគាត់។ ក្រោយមកកូនស្រីទាំងពីរនាក់របស់គាត់បានឈប់បម្រើព្រះយេហូវ៉ា។ ប្ដីម្នាក់ឈ្មោះបបនិងប្រពន្ធរបស់គាត់ឈ្មោះលីនដា បានប្រឈមមុខនឹងការពិបាកផ្សេងទៀត។ ពួកគាត់ទាំងពីរនាក់បានបាត់បង់ការងារ ហើយក្រោយមកបានបាត់បង់ផ្ទះទៀត។ ក្រៅពីបញ្ហាទាំងនោះ គ្រូពេទ្យបានរកឃើញថាបងលីនដាមានជំងឺបេះដូងធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យគាត់ស្លាប់ ហើយមានជំងឺផ្សេងទៀតដែលចាប់ផ្ដើមបង្ខូចប្រព័ន្ធភាពស៊ាំរបស់គាត់។ យើងអាចប្រាកដថាព្រះយេហូវ៉ាដែលជាអ្នកបង្កើតនិងជាបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ យល់អំពីអារម្មណ៍របស់យើងពេលយើងប្រឈមមុខនឹងបញ្ហាដែលនាំឲ្យយើងតានតឹងចិត្ត។ ម្យ៉ាងទៀត លោកចង់ជួយយើងឲ្យយកឈ្នះបញ្ហាទាំងនោះ។ (ភី. ៤:៦, ៧) ក្នុងបណ្ដាំរបស់ព្រះមានកំណត់ហេតុជាច្រើនដែលរៀបរាប់អំពីការពិបាកដែលពួកអ្នកបម្រើរបស់លោកបានជួបប្រទះ។ បណ្ដាំរបស់លោកក៏រៀបរាប់ដែរអំពីរបៀបដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យយកឈ្នះបញ្ហាដែលនាំឲ្យតានតឹងចិត្តទាំងនោះ។ w១៩.០៦ ទំ. ១៤ វ. ២-៣
ថ្ងៃអង្គារ ទី១៣ ខែមេសា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។—សុភ. ១៧:១៧
ពេលយើងប្រព្រឹត្តដោយសប្បុរសចំពោះពួកអ្នកដែលលែងមានគូអាពាហ៍ពិពាហ៍ទៀត យើងបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ។ ជាងពេលមុនៗទៅទៀត ពួកគេត្រូវការមិត្តល្អ។ តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកជាមិត្តរបស់បងប្អូននោះ? អ្នកអាចអញ្ជើញពួកគេមកផ្ទះរបស់អ្នកដើម្បីបរិភោគអាហារសាមញ្ញ។ ម្យ៉ាងទៀត អ្នកអាចអញ្ជើញពួកគេឲ្យទៅផ្សព្វផ្សាយជាមួយឬចូលរួមការកម្សាន្តណាមួយជាមួយគ្នា។ ម្យ៉ាងវិញទៀត ម្ដងម្កាលអ្នកក៏អាចអញ្ជើញពួកគេឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយនឹងអ្នក។ បើអ្នកធ្វើដូច្នេះ អ្នកនឹងធ្វើឲ្យព្រះយេហូវ៉ារីករាយ ដោយសារលោក«គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង» និងជា«ចៅក្រមដល់ពួកមេម៉ាយ»។ (ទំនុក. ៣៤:១៨; ៦៨:៥) មិនយូរទៀត ពេលរាជាណាចក្រព្រះគ្រប់គ្រងលើផែនដី រាល់‹សេចក្ដីវេទនាពីជាន់មុននឹងភ្លេចទៅ›។ យើងទន្ទឹងរង់ចាំពេលដែល«របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ (អេ. ៦៥:១៦, ១៧) តែទម្រាំដល់ពេលនោះ សូមយើងគាំទ្រគ្នាទៅវិញទៅមក ហើយបង្ហាញដោយការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើងថា យើងស្រឡាញ់បងប្អូនរួមជំនឿទាំងអស់។—១ពេ. ៣:៨ w១៩.០៦ ទំ. ២៥ វ. ១៨-១៩
ថ្ងៃពុធ ទី១៤ ខែមេសា
ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។—ហេ. ១៣:៦
ច្រើនឆ្នាំមុន ទស្សនាវដ្ដីប៉មយាមបានចែងថា៖ «បុគ្គលដែលស្រឡាញ់ព្រះយ៉ាងខ្លាំង នឹងទុកចិត្តលោកយ៉ាងខ្លាំងពេលមានការបៀតបៀន»។ នេះពិតជាត្រឹមត្រូវមែន! ដើម្បីទទួលជោគជ័យពេលប្រឈមមុខនឹងការបៀតបៀន យើងត្រូវស្រឡាញ់ព្រះយេហូវ៉ានិងទុកចិត្តលោកទាំងស្រុង។ (ម៉ាថ. ២២:៣៦-៣៨; យ៉ា. ៥:១១) ចូរអានគម្ពីរជារៀងរាល់ថ្ងៃដោយមានគោលបំណងចូលកាន់តែជិតព្រះយេហូវ៉ា។ (យ៉ា. ៤:៨) កាលដែលអ្នកអានគម្ពីរសូមផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ព្រះយេហូវ៉ាដែលបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក។ ពេលដែលអ្នកអានអ្វីដែលលោកបានមានប្រសាសន៍និងអ្វីដែលលោកបានធ្វើ សូមព្យាយាមយល់អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះអ្នក។ (និក្ខ. ៣៤:៦) អ្នកខ្លះប្រហែលជាពិបាកជឿថាព្រះស្រឡាញ់ពួកគេ ដោយសារពួកគេមិនធ្លាប់ទទួលសេចក្ដីស្រឡាញ់ពីអ្នកឯទៀតទេ។ បើអ្នកមានអារម្មណ៍បែបនេះ សូមសរសេរបញ្ជីមួយជារៀងរាល់ថ្ងៃអំពីរបៀបផ្សេងៗដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្តាករុណានិងសេចក្ដីសប្បុរសចំពោះអ្នក។ (ទំនុក. ៧៨:៣៨, ៣៩; រ៉ូម ៨:៣២) កាលដែលអ្នកគិតអំពីបទពិសោធន៍របស់អ្នក និងរំពឹងគិតអំពីអ្វីដែលអ្នកបានអានក្នុងបណ្ដាំរបស់ព្រះ អ្នកទំនងជាអាចនឹកឃើញអ្វីៗជាច្រើនដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក។ បើអ្នកកាន់តែឲ្យតម្លៃចំពោះអ្វីៗដែលព្រះយេហូវ៉ាធ្វើ ចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោកនឹងកាន់តែរឹងមាំ។—ទំនុក. ១១៦:១, ២ w១៩.០៧ ទំ. ២-៣ វ. ៤-៥
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា
យើង[មិនមែន]ជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ តែយើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា។—២កូ. ១:២៤
ព្រះយេហូវ៉ាមិនបានផ្ដល់សិទ្ធិឲ្យយើងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនសម្រាប់បងប្អូនទេ។ បុគ្គលដែលបង្កើតច្បាប់ដែលមិនសំខាន់ចាំបាច់មិនការពារបងប្អូនរបស់គាត់ទេ តែគាត់ព្យាយាមធ្វើជាម្ចាស់លើជំនឿរបស់បងប្អូនវិញ។ មេកំណាចសាថាននឹងមិនឈប់ព្យាយាមបៀតបៀនអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទេ។ (១ពេ. ៥:៨; បប. ២:១០) សាថាននិងបក្សពួករបស់វានឹងព្យាយាមដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែ យើងនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចបណ្ដាលឲ្យយើងឈប់បម្រើព្រះយេហូវ៉ាឡើយ! (ចោ. ៧:២១) ព្រះយេហូវ៉ានៅខាងយើង ហើយលោកនឹងបន្តគាំទ្រយើង ទោះជាគេដាក់បម្រាមលើកិច្ចការរបស់យើងក៏ដោយ។ (២រប. ៣២:៧, ៨) សូមយើងទាំងអស់គ្នាតាំងចិត្តដូចបងប្អូនរបស់យើងនៅសតវត្សរ៍ទី១ ដែលបានប្រាប់អ្នកគ្រប់គ្រងនៅសម័យនោះថា៖ «ប្រសិនបើអ្នករាល់គ្នាគិតថាការស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងឮបានទេ»។—សកម្ម. ៤:១៩, ២០ w១៩.០៧ ទំ. ១៣ វ. ១៨-២០
ថ្ងៃសុក្រ ទី១៦ ខែមេសា
សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្ដូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។—សុភ. ២០:៥
ពេលផ្សព្វផ្សាយ យើងត្រូវព្យាយាមយល់អំពីកត្ដាផ្សេងៗដែលមានឥទ្ធិពលលើមនុស្សដែលយើងជួប។ សាវ័កប៉ូលបានធំឡើងក្នុងចំណោមជនជាតិយូដា។ គាត់ច្បាស់ជាត្រូវផ្លាស់ប្ដូររបៀបផ្សព្វផ្សាយរបស់គាត់ ពេលគាត់ផ្សព្វផ្សាយដល់ជនជាតិដទៃដែលជាមនុស្សមិនសូវស្គាល់ ឬមិនស្គាល់ទាល់តែសោះអំពីព្រះយេហូវ៉ានិងបទគម្ពីរ។ យើងប្រហែលជាត្រូវធ្វើការស្រាវជ្រាវខ្លះឬសុំយោបល់ពីបងប្អូនដែលមានបទពិសោធន៍ក្នុងក្រុមជំនុំ ដើម្បីយើងអាចបង្ហាញចិត្តអាណិតមេត្តានិងយល់ច្រើនជាងអំពីមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ (១កូ. ៩:២០-២៣) គោលដៅរបស់យើងគឺស្វែងរក‹អ្នកណាដែលសមនឹងទទួលយើងជាភ្ញៀវ›។ (ម៉ាថ. ១០:១១) ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចការនេះ យើងត្រូវសុំពួកអ្នកដែលយើងជួបប្រាប់អំពីទស្សនៈរបស់ពួកគេ ហើយស្ដាប់ពួកគេដោយយកចិត្តទុកដាក់។ បងប្រុសម្នាក់នៅប្រទេសអង់គ្លេសសួរមនុស្សដែលគាត់ជួបក្នុងកិច្ចបម្រើផ្សាយអំពីទស្សនៈរបស់ពួកគេស្ដីអំពីរបៀបមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ របៀបចិញ្ចឹមអប់រំកូន ឬរបៀបស៊ូទ្រាំនឹងភាពអយុត្តិធម៌។ បន្ទាប់ពីស្ដាប់យោបល់របស់ពួកគេ គាត់និយាយថា៖ «តើអ្នកគិតយ៉ាងណាអំពីយោបល់នេះដែលបានសរសេរជិត២.០០០ឆ្នាំមុន?»។ ក្រោយមក ដោយមិននិយាយពាក្យថា«គម្ពីរ» គាត់បង្ហាញពួកគេពីទូរស័ព្ទដៃរបស់គាត់នូវបទគម្ពីរដែលគាត់បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ w១៩.០៧ ទំ. ២១-២២ វ. ៧-៨
ថ្ងៃសៅរ៍ ទី១៧ ខែមេសា
ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្តស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ។—រ៉ូម ៥:៨
តើយើងគួរស្រឡាញ់ព្រះខ្លាំងយ៉ាងណា? លោកយេស៊ូបានប្រាប់ផារិស៊ីម្នាក់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត»។ (ម៉ាថ. ២២:៣៦, ៣៧) យើងចង់ស្រឡាញ់ព្រះអស់ពីចិត្ត ហើយយើងចង់មានសេចក្ដីស្រឡាញ់ចំពោះលោកកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។ ដើម្បីស្រឡាញ់ព្រះ យើងត្រូវស្គាល់លោក។ គម្ពីរចែងថា៖ «អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) សាវ័កប៉ូលបញ្ជាក់ថា យើងនឹងមានសេចក្ដីស្រឡាញ់ចំពោះព្រះកាន់តែខ្លាំងឡើង កាលដែលយើងកាន់តែមាន«ចំណេះត្រឹមត្រូវនិងសមត្ថភាពវែកញែកដ៏ពេញលេញ»អំពីលោក។ (ភី. ១:៩) ពេលយើងបានចាប់ផ្ដើមរៀនគម្ពីរ យើងបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះ ទោះជាយើងមិនមានចំណេះច្រើនអំពីគុណសម្បត្តិដ៏អស្ចារ្យរបស់លោកក្ដី។ ក្រោយមក ពេលយើងកាន់តែរៀនអំពីព្រះយេហូវ៉ា សេចក្ដីស្រឡាញ់របស់យើងចំពោះលោកមានកាន់តែខ្លាំងឡើង។ ហេតុនេះ យើងចាត់ទុកថាការសិក្សាគម្ពីរជាទៀងទាត់និងការរំពឹងគិតទៅលើបណ្ដាំរបស់លោកជាអ្វីដ៏សំខាន់បំផុតមួយក្នុងជីវិតរបស់យើង!—ភី. ២:១៦ w១៩.០៨ ទំ. ៩ វ. ៤-៥
ថ្ងៃអាទិត្យ ទី១៨ ខែមេសា
មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង។—សាស្ដ. ៤:៩
បើអ្នកមានភារកិច្ចថ្មី អ្នកត្រូវស្វែងរកមិត្តភក្ដិថ្មី។ សូមចាំថាដើម្បីមានមិត្តភក្ដិ អ្នកត្រូវធ្វើជាមនុស្សរួសរាយរាក់ទាក់។ សូមប្រាប់អ្នកឯទៀតអំពីបទពិសោធន៍ល្អៗដែលអ្នកមានក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដើម្បីឲ្យពួកគេឃើញថាអ្នកមានអំណរ។ បើអ្នកត្រូវចាកចេញពីឯកសិទ្ធិរបស់អ្នក ដោយសារគូរបស់អ្នកមានបញ្ហាសុខភាព សូមកុំបន្ទោសគាត់ឡើយ។ បើអ្នកផ្ទាល់មានបញ្ហាសុខភាពវិញ សូមកុំបន្ទោសខ្លួនថាអ្នកបានធ្វើឲ្យគូរបស់អ្នកខកចិត្ត។ សូមចាំថាអ្នកជា«សាច់ឈាមតែមួយ» ហើយអ្នកបានសន្យានៅចំពោះព្រះយេហូវ៉ាថាអ្នកនឹងថែរក្សាគ្នាទៅវិញទៅមក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ (ម៉ាថ. ១៩:៥, ៦) បើអ្នកបានចាកចេញពីឯកសិទ្ធិដោយសារអ្នកមានផ្ទៃពោះដោយមិនបានព្រៀងទុក សូមធ្វើឲ្យប្រាកដថាកូនរបស់អ្នកដឹងថាគាត់គឺសំខាន់ជាងឯកសិទ្ធិដែលអ្នកធ្លាប់មាន។ សូមពង្រឹងទំនុកចិត្តកូនរបស់អ្នកថាអ្នកចាត់ទុកគាត់ជា«រង្វាន់»ដែលមកពីព្រះ។ (ទំនុក. ១២៧:៣-៥) ម្យ៉ាងទៀត សូមប្រាប់គាត់អំពីបទពិសោធន៍ល្អៗដែលអ្នកធ្លាប់មាន។ ដោយធ្វើដូច្នេះ អ្នកអាចជំរុញចិត្តកូនរបស់អ្នកឲ្យប្រើជីវិតរបស់គាត់ក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែលនាំឲ្យមានអំណរ ដូចដែលអ្នកធ្លាប់ធ្វើដែរ។ w១៩.០៨ ទំ. ២២ វ. ១០-១១
ថ្ងៃច័ន្ទ ទី១៩ ខែមេសា
ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសមេស្ត្រីពេស្យា។—បប. ១៧:១
បាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក បាននាំឲ្យមានការតិះដៀលជាច្រើនដល់នាមរបស់ព្រះ។ ជាឧទាហរណ៍ នាងបានបង្រៀនអ្វីដែលមិនពិតអំពីព្រះ។ សាសនាមិនពិតគឺប្រៀបដូចជាស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ក្នុងន័យថាសាសនាមិនពិតមិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដោយសារនាងគាំទ្ររដ្ឋាភិបាលរបស់មនុស្ស។ នាងបានប្រើអំណាចរបស់នាងដើម្បីកេងប្រវ័ញ្ចសមាជិកសាសនារបស់នាង។ ម្យ៉ាងទៀត នាងបានសម្លាប់មនុស្សជាច្រើន រួមទាំងអ្នកបម្រើរបស់ព្រះមួយចំនួនផងដែរ។ (បប. ១៨:២៤; ១៩:២) ព្រះយេហូវ៉ានឹងបំផ្លាញ«មេស្ត្រីពេស្យា» តាមរយៈ«ស្នែងដប់»របស់«សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ»។ សត្វសាហាវនោះជាតំណាងអង្គការសហប្រជាជាតិ។ ស្នែងដប់ជាតំណាងរដ្ឋាភិបាលដែលគាំទ្រអង្គការនោះ។ នៅពេលកំណត់របស់ព្រះ រដ្ឋាភិបាលទាំងនោះនឹងវាយប្រហារបាប៊ីឡូនដ៏ខ្លាំងក្លា។ ពួកគេ«នឹងបំផ្លាញនាងព្រមទាំងធ្វើឲ្យនាងនៅអាក្រាត» ដោយប្លន់យកទ្រព្យសម្បត្តិរបស់នាង និងបង្ហាញដល់មនុស្សគ្រប់គ្នាអំពីអំពើអាក្រក់របស់នាង។ (បប. ១៧:៣, ១៦) សេចក្ដីហិនវិនាសដ៏ឆាប់រហ័សនោះ ហាក់ដូចជាកើតឡើងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ពួកអ្នកដែលគាំទ្រនាងនឹងតក់ស្លុតចំពោះព្រឹត្តិការណ៍នោះ ដោយសារនាងច្រើនតែនិយាយអួតថា៖ «ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ»។—បប. ១៨:៧, ៨ w១៩.០៩ ទំ. ១០ វ. ១០-១១
ថ្ងៃអង្គារ ទី២០ ខែមេសា
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ។—ម៉ាថ. ១១:២៩
លោកយេស៊ូអញ្ជើញមនុស្សគ្រប់ប្រភេទ ហើយលោកនឹងមិនបដិសេធទទួលយកបុគ្គលដែលពិតជាចង់បម្រើលោកឡើយ។ (យ៉ូន. ៦:៣៧, ៣៨) លោកយេស៊ូបានទទួលភារកិច្ចពីព្រះយេហូវ៉ាដើម្បីប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ហើយក្នុងនាមជាអ្នកកាន់តាមគ្រិស្ត យើងមានឯកសិទ្ធិចូលរួមក្នុងកិច្ចការនេះ។ យើងអាចប្រាកដថាលោកយេស៊ូនឹងតែងតែនៅជាមួយនឹងយើងដើម្បីជួយយើងឲ្យធ្វើកិច្ចការនោះ។ (ម៉ាថ. ២៨:១៨-២០) មនុស្សដែលមានចិត្តរាបទាបចង់ចូលទៅជិតលោកយេស៊ូ។ (ម៉ាថ. ១៩:១៣, ១៤; លូក. ៧:៣៧, ៣៨) ហេតុអ្វី? សូមពិចារណាអំពីភាពខុសគ្នារវាងលោកយេស៊ូនិងពួកផារិស៊ី។ ពួកអ្នកដឹកនាំសាសនាទាំងនោះមានអំណួត ហើយគ្មានសេចក្ដីស្រឡាញ់។ (ម៉ាថ. ១២:៩-១៤) តែលោកយេស៊ូមានចិត្តរាបទាប ហើយមានសេចក្ដីស្រឡាញ់។ ពួកផារិស៊ីចូលចិត្តលេចមុខលេចមាត់ និងចង់ឲ្យបណ្ដាជនចាត់ទុកពួកគេជាមនុស្សសំខាន់នៅក្នុងសង្គម។ លោកយេស៊ូបានបញ្ជាក់ថាការធ្វើដូច្នេះគឺមិនល្អនោះទេ។ លោកបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានចិត្តរាបទាបនិងបម្រើអ្នកឯទៀត។ (ម៉ាថ. ២៣:២, ៦-១១) ពួកផារិស៊ីត្រួតត្រាលើមនុស្សឯទៀត ដោយគំរាមកំហែងនិងធ្វើឲ្យពួកគេភ័យខ្លាច។ (យ៉ូន. ៩:១៣, ២២) លោកយេស៊ូផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀត តាមរយៈពាក្យសម្ដីសប្បុរសនិងការប្រព្រឹត្តដែលបង្ហាញសេចក្ដីស្រឡាញ់។ តើអ្នកបានរៀនពីគំរូរបស់លោកយេស៊ូឬទេ? w១៩.០៩ ទំ. ២០ វ. ១; ទំ. ២១ វ. ៧-៨; ទំ. ២៣ វ. ៩
ថ្ងៃពុធ ទី២១ ខែមេសា
ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ។—យ៉ា. ៤:៨
កិច្ចប្រជុំជួយយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ា។ ទស្សនៈរបស់យើងចំពោះកិច្ចប្រជុំបង្ហាញថាយើងនឹងស៊ូទ្រាំខ្លាំងយ៉ាងណាពេលយើងប្រឈមមុខនឹងការបៀតបៀននៅថ្ងៃអនាគត។ (ហេ. ១០:២៤, ២៥) ហេតុអ្វី? ពីព្រោះ បើយើងអនុញ្ញាតឲ្យរឿងតូចតាចរារាំងយើងពីការចូលរួមកិច្ចប្រជុំនៅឥឡូវនេះ តើអ្វីនឹងកើតឡើងនៅថ្ងៃអនាគត ពេលយើងត្រូវប្រថុយគ្រោះថ្នាក់ដើម្បីជួបជុំជាមួយនឹងបងប្អូនរួមជំនឿរបស់យើង? ប៉ុន្តែ បើយើងតាំងចិត្តយ៉ាងមុតមាំដើម្បីចូលរួមកិច្ចប្រជុំនៅឥឡូវនេះ យើងនឹងមិនឈប់ចូលរួមពេលដែលអ្នកប្រឆាំងព្យាយាមបញ្ឈប់យើងពីការជួបជុំគ្នាឡើយ។ ឥឡូវនេះគឺជាពេលដែលយើងត្រូវឲ្យតម្លៃយ៉ាងខ្លាំងទៅលើការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះជាទៀងទាត់។ ពេលយើងឲ្យតម្លៃទៅលើកិច្ចប្រជុំ គ្មានអ្វីអាចបញ្ឈប់យើងពីការស្ដាប់បង្គាប់ព្រះជាជាងមនុស្សឡើយ មិនថាមានការបៀតបៀន ឬរដ្ឋាភិបាលហាមឃាត់យើងមិនឲ្យប្រជុំគ្នាក្ដី។ (សកម្ម. ៥:២៩) ចូរទន្ទេញចាំបទគម្ពីរដែលអ្នកចូលចិត្ត។ (ម៉ាថ. ១៣:៥២) ការចងចាំរបស់អ្នកប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែព្រះយេហូវ៉ាអាចប្រើសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកដើម្បីធ្វើឲ្យអ្នកនឹកឃើញបទគម្ពីរទាំងនោះ។ (យ៉ូន. ១៤:២៦) បទគម្ពីរទាំងនោះនឹងជួយអ្នកឲ្យនៅជាប់នឹងព្រះយេហូវ៉ា ហើយស៊ូទ្រាំយ៉ាងស្មោះត្រង់។ w១៩.០៧ ទំ. ៣ វ. ៥; ទំ. ៤ វ. ៨-៩
ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា
ចូរដឹងថា គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់។—២ធី. ៣:១
តើអ្នកបានកើតក្រោយឆ្នាំ១៩១៤ឬទេ? បើដូច្នេះ អ្នកបានរស់នៅក្នុងអំឡុង«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកនេះ។ យើងទាំងអស់គ្នាធ្លាប់ឮអំពីព្រឹត្តិការណ៍ដែលលោកយេស៊ូបានប្រាប់ទុកជាមុនស្ដីអំពីគ្រានោះ។ ព្រឹត្តិការណ៍ទាំងនេះរួមមានសង្គ្រាម ការអត់ឃ្លាន ការរញ្ជួយដី រោគរាតត្បាត ការប្រឆាំងច្បាប់ដែលមានកាន់តែច្រើន និងការបៀតបៀនរាស្ដ្ររបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៣, ៧-៩, ១២; លូក. ២១:១០-១២) យើងក៏បានឃើញថាការប្រព្រឹត្តរបស់មនុស្សគឺដូចអ្វីដែលសាវ័កប៉ូលបានរៀបរាប់ទុកជាមុន។ យើងដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជឿជាក់ថាយើងកំពុងរស់នៅក្នុងអំឡុងគ្រា«ជាន់ក្រោយ»។ (មីកា ៤:១) ដោយសារច្រើនឆ្នាំបានកន្លងទៅតាំងពីឆ្នាំ១៩១៤ យើងច្បាស់ជាកំពុងរស់នៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»។ ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតមកដល់ហើយ ដូច្នេះយើងត្រូវដឹងចម្លើយចំពោះសំណួរសំខាន់មួយចំនួនដូចជា៖ តើព្រឹត្តិការណ៍អ្វីខ្លះនឹងកើតឡើងនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»? តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីកាលដែលយើងកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ទាំងនោះ? w១៩.១០ ទំ. ៨ វ. ១-២
ថ្ងៃសុក្រ ទី២៣ ខែមេសា
អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។—ម៉ាថ. ២៤:១៣
ការចេះស៊ូទ្រាំមិនអាស្រ័យទៅលើស្ថានភាពល្អទេ។ យើងអាចបង្កើនសមត្ថភាពស៊ូទ្រាំរបស់យើងដោយពឹងផ្អែកលើព្រះយេហូវ៉ា។ (រ៉ូម ១២:១២) សេចក្ដីសន្យារបស់លោកយេស៊ូនៅក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះមានន័យថាយើងត្រូវរក្សាភាពស្មោះត្រង់ ទោះជាយើងជួបទុក្ខលំបាកណាក៏ដោយ។ បើយើងស៊ូទ្រាំនឹងទុក្ខលំបាកទាំងអស់របស់យើងនៅឥឡូវនេះ ជំនឿរបស់យើងនឹងកាន់តែមាំមួន មុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ ដូចការស៊ូទ្រាំដែរ ចិត្តក្លាហានពិតប្រាកដគឺមកពីការពឹងផ្អែកលើព្រះយេហូវ៉ា។ តើយើងអាចពឹងផ្អែកលើលោកកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច? គឺដោយអានបណ្ដាំរបស់ព្រះរាល់ថ្ងៃ និងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះរាស្ដ្ររបស់លោកនៅសម័យមុន។ (ទំនុក. ៦៨:២០; ២ពេ. ២:៩) ពេលដែលពួកអ្នកដឹកនាំក្នុងពិភពលោកវាយប្រហារយើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងនឹងត្រូវការចិត្តក្លាហាន ហើយទុកចិត្តលើព្រះយេហូវ៉ាខ្លាំងជាងពេលមុនៗទៅទៀត។ (ទំនុក. ១១២:៧, ៨; ហេ. ១៣:៦) បើយើងពឹងផ្អែកលើព្រះយេហូវ៉ានៅឥឡូវនេះ យើងនឹងមានចិត្តក្លាហានដែលយើងត្រូវការដើម្បីប្រឈមមុខនឹងការវាយប្រហាររបស់កូក។ យើងជឿជាក់ថាយើងអាចមានសុវត្ថិភាពក្រោមការការពាររបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់។—១កូ. ១៣:៨ w១៩.១០ ទំ. ១៨ វ. ១៥-១៦
ថ្ងៃសៅរ៍ ទី២៤ ខែមេសា
ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច។—១យ៉ូន. ៥:១៩
មេកំណាចជាអ្នកគ្រប់គ្រងរបៀបរបបពិភពលោកនេះ ហើយវាប្រើពិភពលោកនេះដើម្បីធ្វើឲ្យអ្វីដែលមនុស្សជាតិចង់បាន ទៅជាអ្វីដែលសំខាន់ក្នុងជីវិត និងឲ្យយើងកាន់តែពិបាកទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ (អេភ. ២:១-៣) គោលដៅរបស់វាគឺដើម្បីឲ្យយើងបែងចែកសេចក្ដីស្រឡាញ់របស់យើង យ៉ាងនេះយើងមិនមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាទេ។ ក្រោយពីសាវ័កពេត្រុសសរសេរអំពីទីបញ្ចប់នៃពិភពលោករបស់សាថាន និងការមកដល់នៃពិភពលោកថ្មី គាត់បានរៀបរាប់ថា៖ «បងប្អូនទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្តិភាព»។ (២ពេ. ៣:១៤) ពេលយើងធ្វើតាមឱវាទនេះ ហើយខំអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងមានរបៀបរស់នៅដែលលោកពេញចិត្ត នោះយើងបង្ហាញថាយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា។ សាថាននិងរបៀបរបបពិភពលោករបស់វានឹងបន្តព្យាយាមធ្វើឲ្យយើងចាត់ទុកអ្វីផ្សេងៗថាសំខាន់ជាងព្រះយេហូវ៉ា។ (លូក. ៤:១៣) ក៏ប៉ុន្តែទោះជាយើងជួបការពិបាកណាក្ដី យើងនឹងមិនឲ្យអ្នកណាឬអ្វីណាក៏ដោយទៅជាសំខាន់ជាងព្រះយេហូវ៉ាឡើយ។ យើងតាំងចិត្តជូនព្រះយេហូវ៉ានូវអ្វីដែលមានតែលោកប៉ុណ្ណោះសមនឹងទទួល គឺភក្ដីភាពផ្ដាច់មុខ! w១៩.១០ ទំ. ២៧ វ. ៤; ទំ. ៣១ វ. ១៨-១៩
ថ្ងៃអាទិត្យ ទី២៥ ខែមេសា
ទូលបង្គំ . . . ឈឺចិត្តដោយព្រោះអំពើបាបរបស់ទូលបង្គំ។—ទំនុក. ៣៨:១៨
ការខ្វល់ខ្វាយទាំងអស់មិនមែនសុទ្ធតែខុសទេ។ ជាឧទាហរណ៍ គឺសមត្រឹមត្រូវដែលយើងខ្វល់ខ្វាយអំពីការធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូពេញចិត្ត។ (១កូ. ៧:៣២) បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងខ្វល់ខ្វាយជាខ្លាំងអំពីការមានចំណងមិត្តភាពឡើងវិញជាមួយនឹងព្រះ។ យើងក៏ខ្វល់ខ្វាយអំពីការផ្គាប់ចិត្តគូអាពាហ៍ពិពាហ៍របស់យើង និងអំពីសុខុមាលភាពរបស់ក្រុមគ្រួសារនិងបងប្អូនរួមជំនឿ។ (១កូ. ៧:៣៣; ២កូ. ១១:២៨) ផ្ទុយទៅវិញ ការខ្វល់ខ្វាយហួសហេតុពេកអាចធ្វើឲ្យយើងចេះតែខ្វល់ខ្វាយថាតើយើងមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ឬយ៉ាងណា។ (ម៉ាថ. ៦:៣១, ៣២) ដើម្បីកាត់បន្ថយការព្រួយបារម្ភនេះ យើងប្រហែលជាផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្តិ។ បើយើងអនុញ្ញាតឲ្យនេះកើតឡើង ជំនឿរបស់យើងលើព្រះយេហូវ៉ានឹងចុះខ្សោយ ហើយចំណងមិត្តភាពរបស់យើងជាមួយនឹងលោកនឹងត្រូវបង្ខូច។ (ម៉ាក. ៤:១៩; ១ធី. ៦:១០) ឬយើងប្រហែលជាគិតច្រើនពេកអំពីការចង់ទទួលការពេញចិត្តពីអ្នកឯទៀត។ យ៉ាងនេះ យើងប្រហែលជាខ្លាចមនុស្សរិះគន់ឬបៀតបៀនយើង ជាជាងខ្លាចថាព្រះយេហូវ៉ាលែងពេញចិត្តយើង។ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នេះ យើងត្រូវអង្វរសុំព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវជំនឿនិងចិត្តក្លាហានដែលយើងត្រូវការ ដើម្បីប្រឈមមុខនឹងការពិបាកនោះ។—សុភ. ២៩:២៥; លូក. ១៧:៥ w១៩.១១ ទំ. ១៥ វ. ៦-៧
ថ្ងៃច័ន្ទ ទី២៦ ខែមេសា
ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់។—យ៉ា. ១:៥
មានការសម្រេចចិត្តសំខាន់ខ្លះដែលយើងនឹងមិនផ្លាស់ប្ដូរ។ ជាឧទាហរណ៍ យើងធ្វើតាមការសម្រេចចិត្តរបស់យើងជានិច្ចក្នុងការបម្រើព្រះយេហូវ៉ា ហើយយើងតាំងចិត្តស្មោះត្រង់នឹងគូអាពាហ៍ពិពាហ៍របស់យើង។ (ម៉ាថ. ១៦:២៤; ១៩:៦) ប៉ុន្តែ ការសម្រេចចិត្តផ្សេងទៀតប្រហែលជាត្រូវផ្លាស់ប្ដូរ។ ហេតុអ្វី? ពីព្រោះស្ថានភាពផ្លាស់ប្ដូរ។ តើអ្វីអាចជួយយើងឲ្យធ្វើការសម្រេចចិត្តបានល្អបំផុត? ចូរអធិដ្ឋានសុំប្រាជ្ញា។ យើងអាចនិយាយថា យើងទាំងអស់គ្នា«ខ្វះប្រាជ្ញា»។ ដូច្នេះ ចូរពឹងផ្អែកលើព្រះយេហូវ៉ានៅពេលដែលអ្នកធ្វើការសម្រេចចិត្ត និងនៅពេលដែលអ្នកត្រូវផ្លាស់ប្ដូរការសម្រេចចិត្តនោះ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ចូរស្វែងយល់ឲ្យបានហ្មត់ចត់។ សូមពិនិត្យមើលបណ្ដាំរបស់ព្រះ អានសៀវភៅផ្សេងៗដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ និងនិយាយជាមួយនឹងបុគ្គលដែលនឹងឲ្យយោបល់ដែលប្រកបដោយប្រាជ្ញា។ (សុភ. ២០:១៨) ការស្វែងយល់បែបនេះគឺសំខាន់ចាំបាច់មុនសម្រេចចិត្តផ្លាស់ប្ដូរការងារ រើផ្ទះ ឬទទួលយកការអប់រំណាដែលអាចជួយអ្នកឲ្យទទួលប្រាក់ខែល្មម ដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងបន្តបម្រើព្រះយេហូវ៉ា។ w១៩.១១ ទំ. ២៧ វ. ៦-៨
ថ្ងៃអង្គារ ទី២៧ ខែមេសា
ពិបាកចិត្តណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?—រ៉ូម ៧:២៤
គួរឲ្យសប្បាយណាស់ ព្រះបានរៀបចំវិធីមួយដើម្បីយើងអាចទទួលសេចក្ដីសង្គ្រោះ ឬដើម្បីរំដោះយើងឲ្យរួចពីការខុសឆ្គង។ យើងអាចទទួលសេរីភាពនេះបានដោយសារលោកយេស៊ូ។ ជាង៧០០ឆ្នាំមុនពេលដែលលោកយេស៊ូមកផែនដី អេសាយដែលជាអ្នកប្រកាសទំនាយបានប្រាប់ទុកជាមុនថានៅពេលក្រោយមកមនុស្សនឹងមានសេរីភាពដ៏អស្ចារ្យ។ សេរីភាពដ៏អស្ចារ្យនោះនឹងសម្រេចអ្វីដែលប្រសើរជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងសេរីភាពដែលជនជាតិអ៊ីស្រាអែលបានទទួលក្នុងអំឡុងឆ្នាំសោមនស្ស។ គាត់បានសរសេរថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ»។ (អេ. ៦១:១) តើទំនាយនេះសំដៅលើអ្នកណា? ទំនាយដ៏សំខាន់នោះអំពីការរំដោះ បានចាប់ផ្ដើមក្លាយទៅជាការពិតក្រោយពីលោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើរបស់លោក។ ពេលដែលលោកបានទៅសាលាប្រជុំនៅក្រុងណាសារ៉ែតដែលជាស្រុកកំណើតរបស់លោក លោកយេស៊ូបានអានទំនាយនោះក្នុងសៀវភៅអេសាយ ឲ្យជនជាតិយូដាដែលជួបជុំគ្នានៅទីនោះស្ដាប់ ហើយលោកយេស៊ូបានបង្ហាញថាពាក្យក្នុងទំនាយនោះសំដៅលើលោក។—លូក. ៤:១៦-១៩ w១៩.១២ ទំ. ៩-១០ វ. ៦-៨
ថ្ងៃពុធ ទី២៨ ខែមេសា
យើងបានតាំងចិត្តក្លាហានដោយសារព្រះរបស់យើង ដើម្បីប្រាប់ដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាដោយខំតស៊ូយ៉ាងខ្លាំង។—១ថែ. ២:២
ដើម្បីប្រឈមមុខនឹងការបៀតបៀន អ្នកត្រូវមានចិត្តក្លាហាន។ បើអ្នកគិតថាអ្នកខ្វះចិត្តក្លាហាន តើអ្នកអាចធ្វើអ្វី? សូមចាំថាចិត្តក្លាហានពិតប្រាកដមិនអាស្រ័យទៅលើមាឌ កម្លាំង ឬសមត្ថភាពរបស់អ្នកទេ។ សូមពិចារណាអំពីគំរូរបស់ដាវីឌពេលគាត់ប្រឈមមុខនឹងកូលីយ៉ាតកាលដែលគាត់នៅក្មេង។ បើប្រៀបធៀបនឹងបុរសដ៏ធំសម្បើមនោះ ដាវីឌគឺតូចជាង ខ្សោយជាង និងគ្មានអាវុធគ្រប់គ្រាន់ដើម្បីច្បាំងទេ។ សូម្បីតែដាវក៏ដាវីឌគ្មានដែរ។ ប៉ុន្តែ គាត់ពោរពេញដោយចិត្តក្លាហាន។ ដាវីឌរត់ចូលដោយចិត្តក្លាហានទៅប្រយុទ្ធនឹងបុរសធំសម្បើមដែលមានអំណួតនោះ។ ហេតុអ្វីដាវីឌមានចិត្តក្លាហានខ្លាំងដល់ម្ល៉េះ? គាត់ជឿជាក់យ៉ាងមុតមាំថាព្រះយេហូវ៉ានៅជាមួយនឹងគាត់។ (១សាំ. ១៧:៣៧, ៤៥-៤៧) ដាវីឌមិនបានផ្ដោតអារម្មណ៍ទៅលើមាឌរបស់កូលីយ៉ាតថាធំជាងគាត់យ៉ាងណាទេ។ ផ្ទុយទៅវិញ គាត់ផ្ដោតអារម្មណ៍ទៅលើភាពតូចល្អិតរបស់កូលីយ៉ាត បើប្រៀបធៀបនឹងព្រះយេហូវ៉ា។ តើយើងរៀនអ្វីពីកំណត់ហេតុនេះ? យើងនឹងមានចិត្តក្លាហាន បើយើងមានទំនុកចិត្តថាព្រះយេហូវ៉ានៅជាមួយនឹងយើង ហើយបើយើងជឿជាក់ថាពួកអ្នកដែលប្រឆាំងយើងគឺតូចតាចណាស់ បើប្រៀបធៀបនឹងព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។—២រប. ២០:១៥; ទំនុក. ១៦:៨ w១៩.០៧ ទំ. ៥ វ. ១១-១៣
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា
ពួកគាត់ . . . រួមការងារជាមួយនឹងខ្ញុំ . . . ហើយពួកគាត់បានក្លាយទៅជាជំនួយរបស់ខ្ញុំនិងអ្នកពង្រឹងកម្លាំងខ្ញុំ។—កូឡ. ៤:១១
ទីឃីកុសជាគ្រិស្តសាសនិកម្នាក់ដែលជាដៃគូដ៏គួរឲ្យទុកចិត្តរបស់សាវ័កប៉ូល។ (សកម្ម. ២០:៤) ប្រហែលជានៅឆ្នាំ៥៥ គ.ស. ប៉ូលបានរៀបចំប្រមូលវិភាគទានដើម្បីជួយគ្រិស្តសាសនិកនៅតំបន់យូឌា ហើយគាត់ប្រហែលជាបានឲ្យទីឃីកុសជួយបំពេញភារកិច្ចដ៏សំខាន់នេះ។ (២កូ. ៨:១៨-២០) ក្រោយមក ពេលដែលប៉ូលបានជាប់គុកនៅក្រុងរ៉ូមជាលើកដំបូង ទីឃីកុសបានបម្រើជាអ្នកនាំពាក្យរបស់គាត់។ គាត់បាននាំយកសំបុត្រនិងដំណឹងដែលលើកទឹកចិត្តពីប៉ូលទៅឲ្យក្រុមជំនុំនៅតំបន់អាស៊ី។ (កូឡ. ៤:៧-៩) ទីឃីកុសបានបន្តធ្វើជាមិត្តដ៏គួរឲ្យទុកចិត្តរបស់ប៉ូល។ (ទីត. ៣:១២) មិនមែនគ្រិស្តសាសនិកទាំងអស់នៅសម័យនោះគួរឲ្យទុកចិត្តដូចទីឃីកុសទេ។ ប្រហែលជានៅឆ្នាំ៦៥ គ.ស. ក្នុងអំឡុងពេលប៉ូលជាប់គុកជាលើកទី២ គាត់បានសរសេរថាបុរសគ្រិស្តសាសនិកជាច្រើននៅតំបន់អាស៊ីបានបែរចេញពីគាត់ នេះទំនងជាដោយសារពួកគេខ្លាចពួកអ្នកប្រឆាំង។ (២ធី. ១:១៥) ផ្ទុយពីពួកគេ ប៉ូលអាចទុកចិត្តទីឃីកុស ហើយបានឲ្យភារកិច្ចមួយទៀតដល់គាត់។ (២ធី. ៤:១២) ប៉ូលប្រាកដជាសប្បាយរីករាយដែលមានមិត្តល្អដូចទីឃីកុស។ w២០.០១ ទំ. ១០ វ. ៧-៨
ថ្ងៃសុក្រ ទី៣០ ខែមេសា
ព្រះបានបើកបង្ហាញការទាំងនោះដល់យើង។—១កូ. ២:១០
អ្នកប្រហែលជាឆ្ងល់ថាតើអ្នកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះឬមិនមែន។ បើដូច្នេះ សូមគិតអំពីសំណួរដ៏សំខាន់ទាំងនេះ៖ តើអ្នកចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាយ៉ាងខ្លាំងឬទេ? តើអ្នកមានអារម្មណ៍ថាអ្នកពិតជាខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយឬទេ? តើអ្នកពិតជាសប្បាយសិក្សាបណ្ដាំរបស់ព្រះ ហើយរៀនអំពី«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»ឬ? តើអ្នកមានអារម្មណ៍ថាព្រះយេហូវ៉ាបានជួយអ្នកឲ្យទទួលលទ្ធផលល្អក្នុងកិច្ចផ្សព្វផ្សាយឬទេ? តើអ្នកមានអារម្មណ៍ថាអ្នកមានភារកិច្ចធំដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ាឬ? តើអ្នកបានឃើញទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានជួយអ្នកតាមរបៀបជាក់លាក់ជាច្រើននៅក្នុងជីវិតរបស់អ្នកឬទេ? បើអ្នកឆ្លើយថាមែន ចំពោះសំណួរទាំងអស់នេះ តើនេះបង្ហាញថាព្រះបានហៅអ្នកឲ្យទៅស្ថានសួគ៌ឬ? មិនមែនទេ។ ហេតុអ្វី? ពីព្រោះអ្នកបម្រើទាំងអស់របស់ព្រះអាចមានអារម្មណ៍បែបនេះ។ តាមពិត បើអ្នកកំពុងសង្ស័យថាអ្នកនឹងបានទទួលការរើសតាំងដោយសកម្មពលបរិសុទ្ធឬយ៉ាងណា ការសង្ស័យទាំងនេះមានន័យថាអ្នកមិនបានត្រូវរើសតាំងទេ។ ពួកអ្នកដែលព្រះយេហូវ៉ាបានហៅមិនសង្ស័យអំពីរឿងនេះឡើយ! ពួកគេដឹង! w២០.០១ ទំ. ២៣ វ. ១៤