ខែឧសភា
ថ្ងៃសៅរ៍ ទី១ ខែឧសភា
សូម . . . ឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ។—ចៅ. ១៣:៨
តើឪពុកម្ដាយអាចធ្វើអ្វីខ្លះដើម្បីជួយកូនៗរបស់ពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ា? ដូចម៉ាណូអា ចូរអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ បន្ថែមទៅទៀត ចូរបង្រៀនដោយគំរូរបស់អ្នក។ អ្វីដែលអ្នកនិយាយគឺសំខាន់ ប៉ុន្តែអ្វីដែលទំនងជាមានឥទ្ធិពលខ្លាំងជាងលើកូន គឺការប្រព្រឹត្តរបស់អ្នក។ យ៉ូសែបនិងម៉ារៀច្បាស់ជាបានទុកគំរូល្អឲ្យកូនៗ ដែលរួមមានលោកយេស៊ូផងដែរ។ យ៉ូសែបខំធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសាររបស់គាត់។ បន្ថែមទៅទៀត យ៉ូសែបបានលើកទឹកចិត្តពួកអ្នកផ្ទះរបស់គាត់ឲ្យបម្រើព្រះយេហូវ៉ា។ (ចោ. ៤:៩, ១០) គាត់បានយកក្រុមគ្រួសាររបស់គាត់ទៅក្រុងយេរូសាឡិម«ជារៀងរាល់ឆ្នាំ»ដើម្បីធ្វើបុណ្យរំលង។ (លូក. ២:៤១, ៤២) នៅសម័យនោះ ឪពុកខ្លះប្រហែលជាបានគិតថាការធ្វើដំណើរជាមួយនឹងសមាជិកក្រុមគ្រួសារគឺពិបាកពេក ស៊ីពេលវេលា និងអស់លុយច្រើន។ ក៏ប៉ុន្តែ យ៉ូសែបច្បាស់ជាបានឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍ព្រះ ហើយគាត់បានបង្រៀនកូនៗរបស់គាត់ឲ្យធ្វើដូច្នេះដែរ។ មួយវិញទៀត ម៉ារៀស្គាល់បទគម្ពីរយ៉ាងច្បាស់។ គាត់ច្បាស់ជាបានបង្រៀនកូនៗឲ្យស្រឡាញ់បណ្ដាំរបស់ព្រះ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់។ w១៩.១២ ទំ. ២៤-២៥ វ. ៩-១២
ថ្ងៃអាទិត្យ ទី២ ខែឧសភា
ខ្ញុំជាសាច់ឈាម ដែលបានត្រូវលក់ជាខ្ញុំបម្រើភាពខុសឆ្គង។—រ៉ូម ៧:១៤
កាលដែលយើងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើពេលអាដាមមិនស្ដាប់បង្គាប់លោក យើងអាចឃើញច្បាស់ថាលោកស្រឡាញ់យើង។ ពេលអាដាមមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាបិតារបស់គាត់នៅស្ថានសួគ៌ ទាំងគាត់ទាំងកូនចៅរបស់គាត់មិនអាចធ្វើជាសមាជិកក្រុមគ្រួសារដ៏រីករាយរបស់លោកឡើយ។ (រ៉ូម ៥:១២) ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីជួយកូនចៅរបស់អាដាម។ ព្រះយេហូវ៉ាបានដាក់ទោសអាដាម តែលោកបានសន្យាថាលោកនឹងជួយកូនចៅរបស់គាត់។ ភ្លាមៗនោះលោកបានសន្យាថាមនុស្សដែលស្ដាប់បង្គាប់នឹងត្រូវទទួលឲ្យចូលក្នុងក្រុមគ្រួសាររបស់លោកឡើងវិញ។ (លោ. ៣:១៥; រ៉ូម ៨:២០, ២១) ព្រះយេហូវ៉ាអាចធ្វើដូច្នេះបានតាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោក។ ដោយឲ្យបុត្ររបស់លោកដើម្បីយើង ព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើងខ្លាំងណាស់។ (យ៉ូន. ៣:១៦) លោកជាបិតាដ៏ល្អបំផុត។ លោកស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង ហើយផ្ដល់អ្វីដែលយើងត្រូវការក្នុងជីវិតប្រចាំថ្ងៃ និងអ្វីដែលយើងត្រូវការដើម្បីរក្សាចំណងមិត្តភាពជាមួយនឹងលោក។ លោកបង្ហាត់បង្រៀននិងគាំទ្រយើង។ លោកក៏នឹងធ្វើអ្វីដ៏អស្ចារ្យសម្រាប់យើងនៅពេលអនាគតដែរ។ យើងសប្បាយរីករាយដោយដឹងថាបិតារបស់យើងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង! w២០.០២ ទំ. ៦ វ. ១៦-១៧; ទំ. ៧ វ. ២០
ថ្ងៃច័ន្ទ ទី៣ ខែឧសភា
ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសំរាលទុក្ខទូលបង្គំ ដោយប្រទានអោយទូលបង្គំមានអំណរសប្បាយ។—ទំន. [ទំនុក.] ៩៤:១៩, «ខ.ស.»
តើអ្នកធ្លាប់មានទុក្ខកង្វល់ដោយសាររឿងណាមួយឬទេ? ប្រហែលជានោះគឺដោយសារអ្នកឯទៀតនិយាយឬធ្វើអ្វីដែលនាំឲ្យអ្នកឈឺចិត្ត ឬក៏ប្រហែលជាដោយសារអ្វីដែលអ្នកបាននិយាយឬធ្វើ។ ជាឧទាហរណ៍ អ្នកប្រហែលជាបានធ្វើខុស ហើយបារម្ភថាព្រះយេហូវ៉ានឹងមិនអភ័យទោសឲ្យអ្នកទេ។ ម្យ៉ាងទៀតអ្នកប្រហែលជាគិតថា ដោយសារអ្នកមានទុក្ខកង្វល់ខ្លាំងអំពីអ្វីមួយ នោះអ្នកមានជំនឿខ្សោយ និងជាមនុស្សមិនល្អ។ ប៉ុន្តែ សូមពិចារណាអំពីគំរូខ្លះក្នុងគម្ពីរ។ ហាណាដែលជាម្ដាយរបស់អ្នកប្រកាសទំនាយសាំយូអែល ជាស្ត្រីដែលមានជំនឿមាំមួន។ ទោះជាយ៉ាងនោះក៏ដោយ គាត់បានកើតទុក្ខជាខ្លាំង ពេលសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់បានប្រព្រឹត្តយ៉ាងអាក្រក់ទៅលើគាត់។ (១សាំ. ១:៧) សាវ័កប៉ូលមានជំនឿមុតមាំ តែគាត់ពោរពេញទៅដោយ«កង្វល់អំពីក្រុមជំនុំទាំងឡាយ»។ (២កូ. ១១:២៨) ស្ដេចដាវីឌមានជំនឿរឹងមាំដល់ម្ល៉េះបានជាព្រះយេហូវ៉ាស្រឡាញ់គាត់ខ្លាំងណាស់។ (សកម្ម. ១៣:២២) ទោះជាយ៉ាងនេះក្ដី ដាវីឌបានធ្វើខុស ហើយនេះនាំឲ្យគាត់ពិបាកចិត្តជាពន់ពេក។ (ទំនុក. ៣៨:៤) ព្រះយេហូវ៉ាបានសម្រាលទុក្ខពួកគាត់ម្នាក់ៗ។ w២០.០២ ទំ. ២០ វ. ១-២
ថ្ងៃអង្គារ ទី៤ ខែឧសភា
បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ។—ម៉ាថ. ១៦:២៤
ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកអធិដ្ឋានទៅលោកយ៉ាងអស់ពីចិត្ត ហើយប្រាប់លោកថាអ្នកនឹងបម្រើលោកអស់មួយជីវិតរបស់អ្នក។ ពេលអ្នកប្រគល់ខ្លួនឲ្យព្រះ អ្នកលែងធ្វើតាមចិត្តខ្លួន ហើយនេះរួមបញ្ចូលការតាំងចិត្តមិនធ្វើតាមបំណងប្រាថ្នានិងគោលដៅផ្ទាល់ខ្លួន ហើយក៏មិនគិតពីជីវិតស្រណុកសុខស្រួលរបស់ខ្លួនដែរ។ យ៉ាងនេះ អ្នកជារបស់ព្រះយេហូវ៉ា ហើយនេះជាឯកសិទ្ធិដ៏អស្ចារ្យ។ (រ៉ូម ១៤:៨) អ្នកប្រាប់លោកថាចាប់ពីពេលនេះតទៅ អ្នកនឹងផ្ដោតអារម្មណ៍ទៅលើការបម្រើលោក ហើយមិនបំពេញចិត្តខ្លួនឯងឡើយ។ ការប្រគល់ខ្លួនជូនព្រះគឺជាសម្បថមួយ។ សម្បថនោះគឺជាសេចក្ដីសន្យាដ៏សំខាន់មួយដែលអ្នកធ្វើចំពោះព្រះ។ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យធ្វើសម្បថបែបនេះទេ។ ប៉ុន្តែពេលយើងធ្វើ លោកតម្រូវឲ្យយើងធ្វើតាមពាក្យសម្បថនោះ។ (ទំនុក. ១១៦:១២, ១៤) ការប្រគល់ខ្លួនជូនព្រះគឺជាអ្វីដែលអ្នកធ្វើម្នាក់ឯង គឺរវាងអ្នកនិងព្រះយេហូវ៉ា។ រីឯការជ្រមុជទឹកគឺធ្វើឡើងជាសាធារណៈនៅមុខអ្នកឯទៀត ជាធម្មតានៅសន្និបាត ឬមហាសន្និបាត។ ពេលអ្នកទទួលការជ្រមុជទឹក អ្នកបង្ហាញអ្នកឯទៀតថាអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ារួចហើយ។ ម្ល៉ោះហើយ កាលដែលអ្នកទទួលការជ្រមុជទឹក នោះបង្ហាញដល់អ្នកឯទៀតថាអ្នកស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយរបស់អ្នក ហើយថាអ្នកតាំងចិត្តបម្រើលោកជារៀងរហូត។—ម៉ាក. ១២:៣០ w២០.០៣ ទំ. ៩ វ. ៤-៥
ថ្ងៃពុធ ទី៥ ខែឧសភា
កុំឲ្យអ្នកណាល្បួងលួងលោមអ្នករាល់គ្នា។—២ថែ. ២:៣
សាថានបំភាន់គំនិតរបស់មនុស្សអំពីព្រះយេហូវ៉ា។ ក្រោយពីពួកសាវ័កបានស្លាប់ បុគ្គលខ្លះដែលអះអាងថាពួកគេជាគ្រិស្តសាសនិកបានចាប់ផ្ដើមផ្សាយសេចក្ដីបង្រៀនមិនពិត។ (សកម្ម. ២០:២៩, ៣០) ពួកអ្នកក្បត់ជំនឿទាំងនោះបានចាប់ផ្ដើមបំភាន់គំនិតរបស់មនុស្សអំពីអត្តសញ្ញាណរបស់ព្រះពិតតែមួយ។ ជាឧទាហរណ៍ ពួកគេឈប់ប្រើនាមរបស់ព្រះក្នុងគម្ពីររបស់ពួកគេ ហើយជំនួសដោយពាក្យដូចជា«លោកម្ចាស់»វិញ។ ដោយធ្វើដូច្នេះ ពួកគេធ្វើឲ្យអ្នកអានគម្ពីរពិបាកឃើញភាពខុសគ្នារវាងព្រះយេហូវ៉ានិង«ម្ចាស់»ឯទៀតដែលបានត្រូវលើកឡើងក្នុងគម្ពីរ។ (១កូ. ៨:៥) ពួកគេប្រើពាក្យ«លោកម្ចាស់»សម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូ ដូច្នេះគឺពិបាកយល់ថាព្រះយេហូវ៉ានិងបុត្ររបស់លោកជាបុគ្គលពីររូបដែលមានឋានៈខុសគ្នា។ (យ៉ូន. ១៧:៣) ការយល់ច្រឡំនេះជាមូលហេតុមួយដែលគេបង្កើតសេចក្ដីបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយ ដែលជាសេចក្ដីបង្រៀនដែលគ្មានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។ ជាលទ្ធផល មនុស្សជាច្រើនមានអារម្មណ៍ថាយើងមិនអាចស្គាល់ព្រះបានទេ។ នេះជាការភូតភរទាំងស្រុង!—សកម្ម. ១៧:២៧ w១៩.០៦ ទំ. ៤ វ. ១១
ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា
[ចូរ]បំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក។—២ធី. ៤:៥
របៀបមួយដើម្បីបំពេញកិច្ចបម្រើរបស់យើងឲ្យកាន់តែប្រសើរឡើងថែមទៀត គឺដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។ (សុភ. ១:៥; ១ធី. ៤:១៣, ១៥) យើងមានឯកសិទ្ធិដ៏អស្ចារ្យមែន ដែលព្រះយេហូវ៉ាឲ្យយើងធ្វើជា«អ្នករួមការងារ»ជាមួយនឹងលោក! (១កូ. ៣:៩) ពេលអ្នក«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង» និងផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើរបស់អ្នកជាគ្រិស្តសាសនិក អ្នកនឹង«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាដោយអរសប្បាយ»។ (ភី. ១:១០; ទំនុក. ១០០:២) ក្នុងនាមជាអ្នកបម្រើព្រះ អ្នកអាចមានទំនុកចិត្តថាលោកនឹងផ្ដល់កម្លាំងដែលអ្នកត្រូវការដើម្បីបំពេញកិច្ចបម្រើរបស់អ្នក មិនថាអ្នកជួបប្រទះនឹងការពិបាកអ្វី ឬអ្វីដែលអ្នកអាចធ្វើមានកម្រិតក្ដី។ (២កូ. ៤:១, ៧; ៦:៤) ទោះជាកាលៈទេសៈរបស់អ្នកធ្វើឲ្យអ្នកចូលរួមតិចឬច្រើនក្នុងកិច្ចបម្រើផ្សាយក៏ដោយ អ្នកអាច«មានហេតុត្រេកអរ» ពេលអ្នកខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ។ (កាឡ. ៦:៤) ពេលអ្នកបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក អ្នកបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះមនុស្ស។ «ដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក»។—១ធី. ៤:១៦ w១៩.០៤ ទំ. ៦ វ. ១៥; ទំ. ៧ វ. ១៧
ថ្ងៃសុក្រ ទី៧ ខែឧសភា
សាថាន . . . កំពុងបំភាន់ពិភពលោកទាំងមូល។—បប. ១២:៩
វិធីចម្បងមួយដែលសាថាននិងពួកវិញ្ញាណកំណាចប្រើដើម្បីបំភាន់មនុស្ស គឺធ្វើឲ្យមនុស្សចង់ទាក់ទងនឹងពួកវា។ មនុស្សដែលទាក់ទងនឹងពួកវិញ្ញាណកំណាចអះអាងថាពួកគេដឹងអ្វីមួយដែលតាមធម្មតាមនុស្សមិនអាចដឹង ឬថាពួកគេមានសមត្ថភាពធ្វើអ្វីដែលតាមធម្មតាមនុស្សមិនអាចធ្វើបានទេ។ ជាឧទាហរណ៍ អ្នកខ្លះអះអាងថាពួកគេអាចដឹងអំពីអនាគតតាមរយៈការទស្សន៍ទាយគន់គូរឬហោរាសាស្ត្រ។ អ្នកខ្លះទៀត ប្រហែលជាធ្វើឲ្យមើលទៅថាពួកគេកំពុងនិយាយជាមួយនឹងមនុស្សដែលបានស្លាប់។ រីឯអ្នកខ្លះទៀត ធ្វើអំពើអាបធ្មប់ ឬប្រើវេទមន្ត ហើយពួកគេប្រហែលជាព្យាយាមដាក់អំពើលើអ្នកឯទៀត។ ការស្ទង់មតិមួយដែលបានត្រូវធ្វើឡើងនៅ១៨ប្រទេសនាអាម៉េរិកឡាទីននិងនៅសមុទ្រការីប បានសឲ្យឃើញថាមនុស្សប្រហែលជាមួយភាគបីនៃចំនួនមនុស្សដែលបានត្រូវស្ទង់មតិនោះ ជឿលើវេទមន្ត ឬអំពើអាបធ្មប់ ហើយជិតមួយភាគបីជឿថាមនុស្សអាចប្រាស្រ័យទាក់ទងជាមួយនឹងពួកវិញ្ញាណ។ ការស្ទង់មតិមួយទៀតនៅ១៨ប្រទេសនាទ្វីបអាហ្វ្រិកក៏បានបង្ហាញថា ជាមធ្យមជាងពាក់កណ្ដាលនៃមនុស្សដែលបានត្រូវស្ទង់មតិនោះនិយាយថាពួកគេជឿលើអំពើអាបធ្មប់។ ទោះជាយើងរស់នៅកន្លែងណាក៏ដោយ យើងត្រូវប្រុងប្រយ័ត្នដើម្បីមិនទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ w១៩.០៤ ទំ. ២០-២១ វ. ៣-៤
ថ្ងៃសៅរ៍ ទី៨ ខែឧសភា
កុំឲ្យមានអ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។—ហេ. ១២:១៦
ព្រះយេហូវ៉ាស្អប់អំពើអាក្រក់គ្រប់បែបយ៉ាង។ (ទំនុក. ៥:៤-៦) លោកពិតជាស្អប់ការបៀតបៀនកេរ្ដិ៍ខ្មាសកុមារ ដែលជាអំពើដ៏គួរឲ្យស្អប់ខ្ពើមក្រៃលែង! ដូចព្រះយេហូវ៉ា យើងដែលជាសាក្សីរបស់លោកស្អប់ការបៀតបៀនកេរ្ដិ៍ខ្មាសកុមារ ហើយមិនអនុញ្ញាតឲ្យការប្រព្រឹត្តបែបនោះមានក្នុងក្រុមជំនុំគ្រិស្តសាសនិកឡើយ។ (រ៉ូម ១២:៩) ការធ្វើបាបកូនក្មេងគឺប្រឆាំងនឹង«ច្បាប់គ្រិស្ត»! (កាឡ. ៦:២) អ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្រៀនតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោក គឺមានមូលដ្ឋានគ្រឹះលើសេចក្ដីស្រឡាញ់ និងលើកទឹកចិត្តមនុស្សឲ្យប្រព្រឹត្តដោយយុត្តិធម៌។ ក្រោមច្បាប់នេះ គ្រិស្តសាសនិកពិតប្រព្រឹត្តចំពោះកូនក្មេងតាមរបៀបមួយដែលធ្វើឲ្យក្មេងនោះមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព និងទទួលសេចក្ដីស្រឡាញ់យ៉ាងស្មោះ។ ប៉ុន្តែការបៀតបៀនកេរ្ដិ៍ខ្មាសកុមារគឺជាទង្វើដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងដែលអយុត្តិធម៌ ហើយនោះធ្វើឲ្យកុមារភ័យខ្លាចនិងមានអារម្មណ៍ថាគ្មានអ្នកណាស្រឡាញ់គាត់។ គួរឲ្យស្ដាយណាស់ បញ្ហានេះក៏បានប៉ះពាល់ដល់គ្រិស្តសាសនិកពិតដែរ។ ហេតុអ្វី? ពីព្រោះ«មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់»មានកាន់តែច្រើន ហើយពួកគេខ្លះប្រហែលជាព្យាយាមចូលក្នុងក្រុមជំនុំគ្រិស្តសាសនិកពិត។ (២ធី. ៣:១៣) មួយវិញទៀត មនុស្សខ្លះដែលអះអាងថាខ្លួនជាសមាជិកក្រុមជំនុំបានឈប់តយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខាងរូបកាយដែលខុសពីធម្មជាតិជាមនុស្ស ហើយបានបៀតបៀនកេរ្ដិ៍ខ្មាសកុមារ។ w១៩.០៥ ទំ. ៨ វ. ១-៣
ថ្ងៃអាទិត្យ ទី៩ ខែឧសភា
សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។—យ៉ា. ៥:១៦
បុគ្គលម្នាក់ដែលធ្លាក់ទឹកចិត្តប្រហែលជាមានអារម្មណ៍ថាគាត់មិនសមនឹងអធិដ្ឋានទៅព្រះយេហូវ៉ាទេ។ ដើម្បីសម្រាលទុក្ខបុគ្គលបែបនោះ យើងអាចអធិដ្ឋានជាមួយនឹងគាត់ ដោយលើកឈ្មោះរបស់គាត់ក្នុងសេចក្ដីអធិដ្ឋាននោះ ហើយយើងអាចអធិដ្ឋានប្រាប់ព្រះយេហូវ៉ាថាបុគ្គលដែលឈឺចិត្តនោះមានតម្លៃខ្លាំងណាស់ចំពោះយើងនិងចំពោះក្រុមជំនុំរបស់យើង។ យើងអាចសុំព្រះយេហូវ៉ាឲ្យសម្រាលទុក្ខនិងជួយបងប្អូននោះដែលប្រៀបដូចជាចៀមដ៏មានតម្លៃ ឲ្យធូរស្រាលក្នុងចិត្ត។ សេចក្ដីអធិដ្ឋានបែបនោះអាចសម្រាលទុក្ខបុគ្គលនោះយ៉ាងខ្លាំង។ សូមគិតមុននឹងនិយាយ។ ការនិយាយដោយមិនគិតពិចារណាអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ប៉ុន្តែពាក្យសម្ដីសប្បុរសប្រៀបដូចជាថ្នាំផ្សះ ដែលអាចធ្វើឲ្យធូរស្រាលក្នុងចិត្តឡើងវិញ។ (សុភ. ១២:១៨) ដូច្នេះ ចូរអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីជួយអ្នកឲ្យចេះប្រើពាក្យសម្ដីដែលសប្បុរស និងសម្រាលទុក្ខ។ សូមចាំថាពាក្យសម្ដីដែលមានអានុភាពខ្លាំងបំផុតគឺប្រសាសន៍របស់ព្រះយេហូវ៉ាដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ (ហេ. ៤:១២) ពេលយើងសម្រាលទុក្ខអ្នកឯទៀត យើងជួយពួកគេឲ្យចាំថាព្រះយេហូវ៉ាស្រឡាញ់ពួកគេ។ ម្យ៉ាងទៀត យើងចង់ចាំជានិច្ចថាព្រះយេហូវ៉ាជាព្រះដែលយុត្តិធម៌។ គ្មានអំពើអាក្រក់ណាអាចលាក់បាំងពីព្រះយេហូវ៉ាបានឡើយ។ ព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់ ហើយលោកនឹងមិនអនុញ្ញាតឲ្យអ្នកដែលធ្វើខុសដោយមិនប្រែចិត្តរួចខ្លួនឡើយ។—ជន. ១៤:១៨ w១៩.០៥ ទំ. ១៨ វ. ១៨; ទំ. ១៩ វ. ១៩, ២១
ថ្ងៃច័ន្ទ ទី១០ ខែឧសភា
ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស។—កូឡ. ២:៨
សាថានចង់ឲ្យយើងឈប់ស្រឡាញ់ព្រះយេហូវ៉ា។ ដើម្បីធ្វើដូច្នេះ វាព្យាយាមមានឥទ្ធិពលមកលើរបៀបគិតគូររបស់យើង គឺហាក់ដូចជាវាកាន់កាប់លើគំនិតរបស់យើង និងធ្វើឲ្យយើងមានរបៀបគិតគូរដែលវាពេញចិត្ត។ វាព្យាយាមបោកបញ្ឆោតយើងឲ្យធ្វើតាមវាដោយប្រើអ្វីផ្សេងៗដែលទាក់ទាញចិត្តយើង។ (កូឡ. ២:៤) តើយើងពិតជាត្រូវប្រុងប្រយ័ត្នដើម្បីកុំឲ្យសាថានបោកបញ្ឆោតយើងឬទេ? យើងពិតជាត្រូវប្រុងប្រយ័ត្នមែន! សូមចាំថា ប៉ូលមិនបានសរសេរការព្រមាននៅកូឡុស ២:៨ទៅកាន់ពួកអ្នកមិនជឿទេ។ គាត់បានសរសេរការព្រមាននោះសម្រាប់គ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ (កូឡ. ១:២, ៥) គ្រិស្តសាសនិកទាំងនោះត្រូវប្រុងប្រយ័ត្ននៅសម័យនោះ ហើយនៅសព្វថ្ងៃនេះយើងក៏ត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។ (១កូ. ១០:១២) ហេតុអ្វី? ពីព្រោះសាថានបានត្រូវបោះទម្លាក់មកផែនដី ហើយវាកំពុងព្យាយាមបោកបញ្ឆោតពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ។ (បប. ១២:៩, ១២, ១៧) ម្យ៉ាងទៀត យើងកំពុងរស់នៅគ្រាមួយដែល‹មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់កាន់តែអាក្រក់ទៅៗ›។—២ធី. ៣:១, ១៣ w១៩.០៦ ទំ. ២ វ. ១-២
ថ្ងៃអង្គារ ទី១១ ខែឧសភា
ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ។—១ព. ១៩:៤
អេលីយ៉ាបានភ័យខ្លាច ពេលដែលម្ចាស់ក្សត្រិយ៍យេសិបិល បានគំរាមសម្លាប់គាត់។ ដូច្នេះ គាត់បានរត់គេចខ្លួនទៅតំបន់ជិតក្រុងបៀរសេបា។ គាត់បានធ្លាក់ទឹកចិត្តជាខ្លាំងរហូតដល់គាត់«សូមឲ្យខ្លួនស្លាប់ទៅ»។ ហេតុអ្វីគាត់មានអារម្មណ៍បែបនេះ? អេលីយ៉ាជាមនុស្សមិនល្អឥតខ្ចោះ ហើយ«មានអារម្មណ៍ដូចយើងដែរ»។ (យ៉ា. ៥:១៧) ប្រហែលជាគាត់មានអារម្មណ៍តានតឹងចិត្តខ្លាំងពេកនិងអស់កម្លាំងជាខ្លាំង។ តាមមើលទៅអេលីយ៉ាបានគិតថាការខំប្រឹងរបស់គាត់ក្នុងការលើកស្ទួយការគោរពប្រណិប័តន៍ពិតគឺឥតប្រយោជន៍ គ្មានអ្វីកែប្រែទៅជាល្អប្រសើរជាងនៅក្នុងស្រុកអ៊ីស្រាអែល ហើយថានៅសល់តែគាត់ប៉ុណ្ណោះដែលបម្រើព្រះយេហូវ៉ា។ (១ព. ១៨:៣, ៤, ១៣; ១៩:១០, ១៤) ព្រះយេហូវ៉ាយល់អារម្មណ៍របស់អេលីយ៉ា ហើយមិនបានស្ដីបន្ទោសគាត់ចំពោះការប្រាប់អំពីអារម្មណ៍នោះទេ។ ផ្ទុយទៅវិញ លោកបានជួយអេលីយ៉ាឲ្យមានកម្លាំងឡើងវិញ។ (១ព. ១៩:៥-៧) ក្រោយមកដោយសប្បុរស ព្រះយេហូវ៉ាបានកែតម្រង់គំនិតរបស់អេលីយ៉ាដោយឲ្យគាត់ឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ បន្ទាប់មក ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថានៅតែមាន៧.០០០នាក់ទៀតក្នុងស្រុកអ៊ីស្រាអែលដែលមិនព្រមគោរពបូជាព្រះបាល។ (១ព. ១៩:១១-១៨) ដោយធ្វើដូច្នេះ ព្រះយេហូវ៉ាបានបង្ហាញអេលីយ៉ាថាលោកស្រឡាញ់គាត់។ w១៩.០៦ ទំ. ១៥-១៦ វ. ៥-៦
ថ្ងៃពុធ ទី១២ ខែឧសភា
[ចូរ]ចុះចូលនឹងបុរសចាស់ទុំ . . . ចូរអ្នកទាំងអស់គ្នាក្រវាត់ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម។—១ពេ. ៥:៥
ចូរធ្វើតាមការណែនាំជានិច្ច។ បើយើងធ្វើតាមការណែនាំដែលយើងទទួលពីបងប្រុសៗដ៏គួរឲ្យទុកចិត្តនិងដែលមានភារកិច្ចទទួលខុសត្រូវក្នុងក្រុមជំនុំ យើងនឹងជៀសវាងពីបញ្ហាជាច្រើន។ ជាឧទាហរណ៍ នៅប្រទេសមួយដែលបានត្រូវគេដាក់បម្រាម បងប្រុសៗដែលមានភារកិច្ចទទួលខុសត្រូវបានផ្ដល់ការណែនាំដល់អ្នកផ្សព្វផ្សាយថា មិនត្រូវចែកចាយសៀវភៅរបស់យើងក្នុងកិច្ចបម្រើផ្សាយឡើយ។ ប៉ុន្តែ បងប្រុសម្នាក់ដែលជាអ្នកត្រួសត្រាយនៅទីនោះ មិនបានធ្វើតាមការណែនាំនោះទេ ហើយបានចែកចាយសៀវភៅរបស់យើង។ តើនោះមានលទ្ធផលអ្វី? មិនយូរក្រោយពីគាត់និងបងប្អូនឯទៀតឈប់ផ្សព្វផ្សាយក្រៅផ្លូវការ ប៉ូលិសបានសួរចម្លើយពួកគេ។ តាមមើលទៅ ពួកអាជ្ញាធរបានដើរតាមពួកគេ ហើយបានយកសៀវភៅពីអ្នកដែលបានទទួល។ តើយើងរៀនអ្វីពីបទពិសោធន៍នេះ? យើងត្រូវធ្វើតាមការណែនាំ ទោះជាយើងមិនយល់ស្របនឹងការណែនាំនោះក៏ដោយ។ ព្រះយេហូវ៉ាតែងតែឲ្យពរយើងពេលយើងសហការជាមួយនឹងបងប្អូនប្រុសដែលលោកបានតែងតាំងឲ្យនាំមុខយើង។—ហេ. ១៣:៧, ១៧ w១៩.០៧ ទំ. ១២ វ. ១៧
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា
អស់អ្នកណាដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូនឹងទទួលការបៀតបៀន។—២ធី. ៣:១២
នៅយប់មុនលោកម្ចាស់យេស៊ូបានត្រូវគេសម្លាប់ លោកបានមានប្រសាសន៍ថាអស់អ្នកដែលសម្រេចចិត្តធ្វើជាអ្នកកាន់តាមលោកនឹងត្រូវគេស្អប់។ (យ៉ូន. ១៧:១៤) ចាប់ពីពេលនោះរហូតដល់សព្វថ្ងៃនេះ គ្រិស្តសាសនិកដ៏ស្មោះត្រង់ដែលជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ាបានទទួលការបៀតបៀនពីពួកអ្នកដែលប្រឆាំងនឹងការគោរពប្រណិប័តន៍ពិត។ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែខិតជិតមកដល់ យើងរំពឹងថាសត្រូវរបស់យើងនឹងប្រឆាំងយើងកាន់តែខ្លាំងឡើង។ (ម៉ាថ. ២៤:៩) តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចនៅឥឡូវនេះដើម្បីប្រឈមមុខនឹងការបៀតបៀន? យើងមិនចាំបាច់ស្រមៃគិតអំពីអ្វីៗទាំងអស់ដែលអាចកើតឡើងចំពោះយើងនោះទេ។ បើយើងធ្វើដូច្នេះ យើងប្រហែលជាភ័យខ្លាចនិងខ្វល់ខ្វាយជាខ្លាំងរហូតដល់យើងឈប់បម្រើព្រះយេហូវ៉ា ទោះជាអ្វីទាំងនោះមិនទាន់កើតឡើងចំពោះយើងក៏ដោយ។ (សុភ. ១២:២៥; ១៧:២២) ការភ័យខ្លាចគឺជាអាវុធមួយដ៏មានប្រសិទ្ធភាពដែល«មេកំណាច ដែលជាសត្រូវ»របស់យើងព្យាយាមប្រើដើម្បីវាយប្រហារមកលើយើង។ (១ពេ. ៥:៨, ៩) ការពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាគឺសំខាន់ចាំបាច់ណាស់ហើយយើងត្រូវធ្វើដូច្នេះចាប់ពីឥឡូវនេះទៅ។ w១៩.០៧ ទំ. ២ វ. ១-៣
ថ្ងៃសុក្រ ទី១៤ ខែឧសភា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ។—ម៉ាថ. ២៨:១៩
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានសុំពួកសាវ័កឲ្យមកជួបលោកនៅលើភ្នំមួយនាស្រុកកាលីឡេ។ ពួកសាវ័កប្រាកដជារំភើបចិត្តជាខ្លាំងពេលពួកគាត់ជួបជុំគ្នានៅទីនោះ។ (ម៉ាថ. ២៨:១៦) ប្រហែលនោះជាពេលដែល«លោកលេចមកជួបបងប្អូនជាងប្រាំរយនាក់នៅពេលតែមួយ»។ (១កូ. ១៥:៦) ហេតុអ្វីលោកយេស៊ូបានហៅពួកអ្នកកាន់តាមលោកឲ្យមកជួបលោកនៅទីនោះ? គឺដើម្បីឲ្យពួកគេនូវបង្គាប់មួយថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៨:១៨-២០) ពួកអ្នកកាន់តាមដែលបានឮប្រសាសន៍របស់លោកយេស៊ូបានក្លាយទៅជាសមាជិកក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ គោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំនោះ គឺធ្វើឲ្យមានពួកអ្នកកាន់តាមគ្រិស្តកាន់តែច្រើនឡើង។ សព្វថ្ងៃនេះ មានក្រុមជំនុំគ្រិស្តសាសនិកពិតរាប់ម៉ឺននៅទូទាំងពិភពលោក ហើយគោលដៅដ៏សំខាន់ចម្បងរបស់ក្រុមជំនុំទាំងនេះគឺដូចគ្នានឹងក្រុមជំនុំនាសតវត្សរ៍ទី១។ w១៩.០៧ ទំ. ១៤ វ. ១-២
ថ្ងៃសៅរ៍ ទី១៥ ខែឧសភា
ផែនដីស្ថិតស្ថេរនៅជាដរាប។—សាស្ដ. ១:៤
បងប្រុសម្នាក់ដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅប្រទេសន័រវែស និយាយថាមនុស្សដែលមិនសូវចង់និយាយអំពីព្រះ ច្រើនតែសុខចិត្តនិយាយជាមួយនឹងយើងអំពីស្ថានភាពពិភពលោក។ ក្រោយពីសួរសុខទុក្ខម្ចាស់ផ្ទះ គាត់សួរថា៖ «តើអ្នកគិតថា ការមានអនាគតល្អប្រសើរជាងគឺអាស្រ័យទៅលើអ្វី? តើនេះអាស្រ័យលើអ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ ឬអ្វីផ្សេងទៀត?»។ ក្រោយពីស្ដាប់ចម្លើយរបស់ម្ចាស់ផ្ទះយ៉ាងយកចិត្តទុកដាក់ គាត់អានឬដកស្រង់ពាក្យក្នុងបទគម្ពីរដែលប្រាប់អំពីអនាគតដ៏ល្អប្រសើរ។ បុគ្គលខ្លះចាប់អារម្មណ៍នឹងសេចក្ដីសន្យាក្នុងគម្ពីរដែលថាផែនដីនឹងស្ថិតស្ថេរជាដរាប ហើយថាមនុស្សល្អនឹងរស់នៅលើផែនដីជារៀងរហូត។ (ទំនុក. ៣៧:២៩) យើងគួរប្រើពាក្យផ្ដើមផ្សេងៗក្នុងកិច្ចបម្រើផ្សាយ។ ហេតុអ្វី? ពីព្រោះអ្វីដែលបុគ្គលម្នាក់ចាប់អារម្មណ៍ ប្រហែលជាធ្វើឲ្យម្នាក់ទៀតមិនចូលចិត្តនិងថែមទាំងមិនចង់ស្ដាប់ទៅវិញ។ អ្នកខ្លះសប្បាយចិត្តនិយាយអំពីព្រះនិងគម្ពីរ រីឯអ្នកខ្លះទៀតសប្បាយចិត្តបើយើងនិយាយអំពីរឿងផ្សេងៗជាមុនសិន។ ទោះជាយ៉ាងណាក៏ដោយ យើងគួរព្យាយាមផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ។ (រ៉ូម ១:១៤-១៦) ព្រះយេហូវ៉ាជាបុគ្គលដែលធ្វើឲ្យសេចក្ដីពិតដុះលូតលាស់ឡើងក្នុងចិត្តរបស់មនុស្សដែលស្រឡាញ់សេចក្ដីសុចរិត។—១កូ. ៣:៦, ៧ w១៩.០៧ ទំ. ២២-២៣ វ. ១០-១១
ថ្ងៃអាទិត្យ ទី១៦ ខែឧសភា
ប្រសិនបើព្រះបានស្រឡាញ់យើងយ៉ាងនេះ យើងទាំងអស់គ្នាក៏មានកាតព្វកិច្ចស្រឡាញ់គ្នាទៅវិញទៅមកដែរ។—១យ៉ូន. ៤:១១
សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះចំពោះយើង នឹងជំរុញចិត្តយើងឲ្យស្រឡាញ់បងប្អូន។ (១យ៉ូន. ៤:២០, ២១) យើងប្រហែលជាគិតថាការស្រឡាញ់បងប្អូនរបស់យើងគឺមិនពិបាកទេ ពីព្រោះយើងទាំងអស់គ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយព្យាយាមមានគុណសម្បត្តិដ៏គួរឲ្យសរសើរដូចលោក។ យើងធ្វើតាមគំរូរបស់លោកយេស៊ូ ដែលមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងរហូតដល់លោកបានប្រគល់ជីវិតរបស់លោកដើម្បីយើង។ ប៉ុន្តែ ជួនកាលយើងប្រហែលជាមិនស្រួលធ្វើតាមបង្គាប់ដែលឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកទេ។ បងស្រីដ៏ខ្នះខ្នែងពីរនាក់ឈ្មោះអឺរ៉ូឌានិងស៊ីនទីចបានរួមធ្វើកិច្ចការជាមួយនឹងសាវ័កប៉ូល។ ប៉ុន្តែ ពួកគាត់ប្រហែលជាបានអនុញ្ញាតឲ្យការខ្វែងគំនិតគ្នាធ្វើឲ្យពួកគាត់លែងជាមិត្តភក្ដិ។ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់ក្រុមជំនុំនៅក្រុងភីលីព ដែលជាក្រុមជំនុំរបស់បងស្រីទាំងពីរនាក់នោះ ប៉ូលបានលើកឈ្មោះរបស់អឺរ៉ូឌានិងស៊ីនទីច ហើយបានដាស់តឿនពួកគាត់ឲ្យ«មានគំនិតស្របគ្នា»។ (ភី. ៤:២, ៣) ប៉ូលក៏យល់ថាគឺសំខាន់ចាំបាច់ដែលគាត់ប្រាប់ក្រុមជំនុំទាំងមូលថា៖ «ចូរបន្តធ្វើអ្វីៗទាំងអស់ដោយមិនត្អូញត្អែរឬឈ្លោះគ្នាឡើយ»។—ភី. ២:១៤ w១៩.០៨ ទំ. ៩ វ. ៦-៧
ថ្ងៃច័ន្ទ ទី១៧ ខែឧសភា
ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក។—កាឡ. ៦:២
ក្រុមជំនុំនិងបងប្អូនជាច្រើនកំពុងជួយពួកអ្នកដែលបម្រើពេញពេល ឲ្យនៅតែអាចបំពេញឯកសិទ្ធិរបស់ពួកគេ។ បងប្អូនទាំងនោះធ្វើដូច្នេះ ដោយផ្ដល់ការលើកទឹកចិត្តដល់ពួកគេឲ្យបន្តក្នុងកិច្ចការដែលពួកគេកំពុងធ្វើ និងដោយផ្ដល់អ្វីៗដែលពួកគេត្រូវការទាំងខាងលុយកាក់ទាំងខាងសម្ភារ ឬដោយជួយមើលថែសមាជិកក្រុមគ្រួសាររបស់ពួកគេដែលរស់នៅស្រុកកំណើត។ បើអ្នកបម្រើពេញពេលបានទទួលភារកិច្ចថ្មីឲ្យមកបម្រើក្នុងក្រុមជំនុំរបស់អ្នក សូមកុំគិតថាការផ្លាស់ប្ដូរទាំងនេះគឺដោយសារពួកគេមិនបានសម្រេចកិច្ចការយ៉ាងល្អ ឬបានទទួលការប្រៀនប្រដៅឡើយ។ ផ្ទុយទៅវិញ សូមជួយពួកគេឲ្យសម្របខ្លួនទៅតាមស្ថានភាពថ្មី។ សូមស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ហើយសរសើរពួកគេចំពោះកិច្ចការដែលពួកគេបានធ្វើ ទោះជាឥឡូវនេះពួកគេប្រហែលជាមិនអាចធ្វើច្រើន ដោយសារមានបញ្ហាសុខភាពក្ដី។ សូមចំណាយពេលជាមួយនឹងពួកគេដើម្បីស្គាល់ពួកគេ ហើយក្រេបយកចំណេះដឹងពីពួកគេ បទពិសោធន៍ និងការបង្ហាត់បង្រៀនជាច្រើនដែលពួកគេបានទទួល។ នៅដើមដំបូង បងប្អូនដែលផ្លាស់ប្ដូរភារកិច្ច ប្រហែលជាត្រូវការឲ្យយើងជួយពួកគេរកផ្ទះ មធ្យោបាយធ្វើដំណើរ ការងារ និងអ្វីផ្សេងទៀត។ w១៩.០៨ ទំ. ២៣ វ. ១២-១៣
ថ្ងៃអង្គារ ទី១៨ ខែឧសភា
ឱកុកអើយ . . . អញ[នឹង]តាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។—អេស. ៣៨:១៦
កូកនឹងទុកចិត្តទៅលើ«ដៃខាងសាច់ឈាម» ពោលគឺកងកម្លាំងយោធារបស់គាត់។ (២រប. ៣២:៨) រីឯយើងនឹងទុកចិត្តព្រះយេហូវ៉ាដែលជាព្រះរបស់យើង។ នេះមើលទៅជាការល្ងង់ខ្លៅចំពោះប្រជាជាតិទាំងនោះ។ ហេតុអ្វី? ពីព្រោះបាប៊ីឡូនដ៏ខ្លាំងក្លាធ្លាប់មានអំណាច តែព្រះរបស់នាងមិនបានសង្គ្រោះនាងពី«សត្វសាហាវ»និង«ស្នែងទាំងដប់»របស់វាឡើយ។ (បប. ១៧:១៦) ដូច្នេះ កូកនឹងគិតថាគាត់អាចបំផ្លាញយើងយ៉ាងស្រួល។ គាត់នឹងវាយប្រហាររាស្ដ្ររបស់ព្រះយេហូវ៉ា«ដូចជាពពកដែលគ្របស្រុក»។ ប៉ុន្តែមិនយូរក្រោយមក កូកនឹងទទួលស្គាល់ថាខ្លួនបានធ្លាក់ចូលអន្ទាក់មួយ។ ដូចផារ៉ូនៅសមុទ្រក្រហម កូកនឹងទទួលស្គាល់ថាគាត់កំពុងប្រយុទ្ធប្រឆាំងនឹងព្រះយេហូវ៉ា។ (និក្ខ. ១៤:១-៤; អេស. ៣៨:៣, ៤, ១៨, ២១-២៣) គ្រិស្តនិងកងទ័ពរបស់លោកនៅស្ថានសួគ៌នឹងការពាររាស្ត្រព្រះ ហើយបំផ្លាញប្រជាជាតិទាំងនោះនិងកងទ័ពរបស់ពួកគេ។ (បប. ១៩:១១, ១៤, ១៥) តែចុះយ៉ាងណាសាថានដែលជាមេសត្រូវរបស់ព្រះយេហូវ៉ា និងជាអ្នកដែលបានប្រើពាក្យកុហកដើម្បីបណ្ដាលឲ្យកូកវាយប្រហាររាស្ដ្ររបស់ព្រះនៅសង្គ្រាមហាម៉ាគេដូន? តើអ្វីនឹងកើតឡើងចំពោះវា? លោកយេស៊ូនឹងបោះវានិងពួកវិញ្ញាណកំណាចទៅក្នុងទីជ្រៅបំផុត។ នៅទីនោះពួកវានឹងត្រូវឃុំទុកអស់មួយពាន់ឆ្នាំ។—បប. ២០:១-៣ w១៩.០៩ ទំ. ១១-១២ វ. ១៤-១៥
ថ្ងៃពុធ ទី១៩ ខែឧសភា
ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។—ហាប. ២:៣
គឺជាការធម្មតាទេ ដែលយើងចង់ទទួលអ្វីល្អៗដែលព្រះយេហូវ៉ាបានសន្យា។ ប៉ុន្តែ ពេលអ្វីដែលយើងរង់ចាំមិនបានកើតឡើងតាមពេលដែលយើងនឹកស្មាន នោះអាចធ្វើឲ្យយើងមិនសូវខ្នះខ្នែង ហើយថែមទាំងអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្តទៀតផង។ (សុភ. ១៣:១២) នេះបានកើតឡើងនៅដើមសតវត្សរ៍ទី២០។ នៅពេលនោះ គ្រិស្តសាសនិកជាច្រើននាក់ដែលបានត្រូវរើសតាំងបានរំពឹងថាពួកគេនឹងឡើងទៅស្ថានសួគ៌នៅឆ្នាំ១៩១៤។ ប៉ុន្តែ ពេលនោះមិនបានកើតឡើងតាមពេលដែលពួកគេបាននឹកស្មាន តើបងប្អូនដ៏ស្មោះត្រង់បានធ្វើអ្វី? ពួកគាត់មិនបានបោះបង់ចោលការរត់ប្រណាំងដើម្បីបានជីវិតឡើយ ដោយសារអ្វីដ៏សំខាន់បំផុតចំពោះពួកគេ គឺការធ្វើតាមបំណងប្រាថ្នារបស់ព្រះយ៉ាងស្មោះត្រង់ មិនមែនការទទួលរង្វាន់ទេ។ ពួកគេបានតាំងចិត្តរត់ដោយស៊ូទ្រាំក្នុងទីប្រណាំង។ អ្នកច្បាស់ជាកំពុងទន្ទឹងរង់ចាំពេលដែលព្រះយេហូវ៉ានឹងជម្រះអស់ទាំងការតិះដៀលចំពោះនាមរបស់លោក និងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត។ អ្នកក៏ច្បាស់ជាទន្ទឹងរង់ចាំគ្រាដែលលោកនឹងធ្វើឲ្យសេចក្ដីសន្យាទាំងអស់របស់លោកបានសម្រេច។ សូមជឿជាក់ថាអ្វីៗទាំងនេះនឹងកើតឡើងនៅពេលកំណត់របស់ព្រះយេហូវ៉ា។ តែទម្រាំដល់ពេលនោះ សូមឲ្យយើងបន្តជាប់រវល់ក្នុងការបម្រើព្រះរបស់យើង ហើយកុំអនុញ្ញាតឲ្យអ្វីដែលមិនបានកើតឡើងតាមពេលដែលយើងនឹកស្មាន ធ្វើឲ្យយើងធ្លាក់ទឹកចិត្តឡើយ។ w១៩.០៨ ទំ. ៤-៥ វ. ៩-១០
ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា
ខ្ញុំស្លូត ក៏មានចិត្តរាបទាបផង។—ម៉ាថ. ១១:២៩
សូមសួរខ្លួនអ្នកថា ‹តើអ្នកឯទៀតចាត់ទុកខ្ញុំជាមនុស្សស្លូតបូតនិងមានចិត្តរាបទាបឬ? តើខ្ញុំសុខចិត្តធ្វើកិច្ចការដែលគេមិនសូវឲ្យតម្លៃដើម្បីបម្រើអ្នកឯទៀតឬទេ? តើខ្ញុំប្រព្រឹត្តដោយសប្បុរសចំពោះអ្នកឯទៀតឬ?›។ លោកយេស៊ូបានធ្វើឲ្យមានស្ថានភាពសុខសាន្តនិងកក់ក្ដៅក្នុងចំណោមអ្នកកាន់តាមលោក ហើយលោកសប្បាយនឹងបង្ហាត់បង្រៀនពួកគេ។ (លូក. ១០:១, ១៩-២១) លោកលើកទឹកចិត្តពួកអ្នកកាន់តាមលោកឲ្យសួរសំណួរ ហើយលោកចង់ស្ដាប់ទស្សនៈរបស់ពួកគេ។ (ម៉ាថ. ១៦:១៣-១៦) ស្ថានភាពដែលលោកបានបង្កើតប្រៀបដូចជាសំណាញ់ដែលអ្នកថែសួនប្រើការពាររុក្ខជាតិដើម្បីស្រួលឲ្យវាដុះលូតលាស់ល្អ។ ក្នុងស្ថានភាពនោះ ពួកអ្នកកាន់តាមលោកយេស៊ូស្រួលយកចិត្តទុកដាក់នឹងមេរៀនដែលលោកបានបង្រៀន ហើយបានបង្កើតផល ពោលគឺការប្រព្រឹត្តល្អ។ តើអ្នកមានអំណាចមួយកម្រិតលើអ្នកឯទៀតឬទេ? បើដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំធ្វើឲ្យមានស្ថានភាពបែបណានៅកន្លែងធ្វើការឬនៅផ្ទះ? តើខ្ញុំធ្វើឲ្យមានសន្តិភាពឬទេ? តើខ្ញុំលើកទឹកចិត្តអ្នកឯទៀតឲ្យសួរសំណួរឬទេ? ម្យ៉ាងទៀត តើខ្ញុំសុខចិត្តស្ដាប់ទស្សនៈរបស់ពួកគេឬទេ?›។ យើងមិនចង់ធ្វើដូចពួកផារិស៊ីទេ។ ពួកគេខឹងពេលមនុស្សឯទៀតសង្ស័យអំពីសេចក្ដីបង្រៀនរបស់ពួកគេ ហើយពួកគេប្រព្រឹត្តដោយគ្មានមេត្តាចំពោះមនុស្សដែលមានទស្សនៈខុសពីពួកគេ។—ម៉ាក. ៣:១-៦; យ៉ូន. ៩:២៩-៣៤ w១៩.០៩ ទំ. ២០ វ. ១; ទំ. ២៣ វ. ៩-១១
ថ្ងៃសុក្រ ទី២១ ខែឧសភា
នៅពេលដែលពួកគេនិយាយថា៖ «មានសន្តិភាពនិងសន្តិសុខហើយ!» នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម។—១ថែ. ៥:៣
ពេលខ្លះ អ្នកដឹកនាំពិភពលោកប្រើពាក្យស្រដៀងនឹងនេះ ពេលដែលពួកគេនិយាយអំពីការពង្រឹងសម្ព័ន្ធភាពរវាងប្រជាជាតិនានា។ ប៉ុន្តែការប្រកាសថា«មានសន្តិភាពនិងសន្តិសុខហើយ»ដែលគម្ពីររៀបរាប់គឺផ្សេងពីនេះ។ ហេតុអ្វី? ពីព្រោះពេលនេះកើតឡើង មនុស្សជាច្រើននឹងគិតថាពួកអ្នកដឹកនាំបានធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខ។ ប៉ុន្តែតាមការពិត គ្រា«ទុក្ខវេទនាជាខ្លាំង»នឹងចាប់ផ្ដើម ហើយបន្ទាប់មក«ស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម»។ (ម៉ាថ. ២៤:២១) យើងមិនដឹងអំពីអ្វីដែលនឹងនាំឲ្យពួកអ្នកគ្រប់គ្រងប្រកាសដូច្នេះ ឬរបៀបដែលពួកគេនឹងប្រកាសអំពីរឿងនេះឡើយ។ យើងក៏មិនដឹងថានឹងមានការប្រកាសនេះតែម្ដង ឬក៏មានការប្រកាសប៉ុន្មានដងទេ។ ប៉ុន្តែ យើងដឹងថាយើងមិនគួរចាញ់ការបោកបញ្ឆោតរបស់ពួកអ្នកគ្រប់គ្រង ដែលនាំឲ្យយើងគិតថា ពួកគេអាចធ្វើឲ្យមានសន្តិភាពទូទាំងពិភពលោកឡើយ។ ផ្ទុយទៅវិញ នោះគឺជាសញ្ញាសម្គាល់ដែលបញ្ជាក់ថា«ថ្ងៃរបស់ព្រះយេហូវ៉ា»គឺហៀបនឹងចាប់ផ្ដើម!—១ថែ. ៥:២ w១៩.១០ ទំ. ៨-៩ វ. ៣-៤
ថ្ងៃសៅរ៍ ទី២២ ខែឧសភា
នៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច។—ដាន. ១២:១
សង្គ្រាមហាម៉ាគេដូនគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ តែយើងមិនចាំបាច់ភ័យខ្លាចឡើយ។ ហេតុអ្វី? ពីព្រោះនេះគឺជាសង្គ្រាមរបស់ព្រះយេហូវ៉ា ហើយយើងនឹងមិនចាំបាច់ប្រយុទ្ធទេ។ (សុភ. ១:៣៣; អេស. ៣៨:១៨-២០; សាក. ១៤:៣) ដោយមានបង្គាប់ពីព្រះយេហូវ៉ា លោកយេស៊ូគ្រិស្តនឹងនាំមុខកងទ័ពរបស់ព្រះក្នុងការប្រយុទ្ធ។ នៅក្បែរលោក មានអ្នករើសតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនិងទេវតារាប់ម៉ឺនរូប។ ពួកគេនឹងរួមគ្នាច្បាំងនឹងសាថាន ពួកវិញ្ញាណកំណាចរបស់វា និងកងទ័ពរបស់ពួកវានៅផែនដី។ (បប. ៦:២; ១៧:១៤) ព្រះយេហូវ៉ាបានធានាថា៖ «គ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ (អេ. ៥៤:១៧) «មនុស្សមួយក្រុមធំ»ដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ នឹង«ចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង»ទាំងមានជីវិត! ពួកគេនឹងបន្តបំពេញកិច្ចបម្រើពិសិដ្ឋជូនលោក។ (បប. ៧:៩, ១៣-១៧) គម្ពីរផ្ដល់មូលហេតុជាច្រើនឲ្យយើងមានទំនុកចិត្តថា យើងនឹងទទួលសេចក្ដីសង្គ្រោះនៅថ្ងៃអនាគត! យើងដឹងថា«ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់»។ (ទំនុក. ៣១:២៣) អស់អ្នកដែលស្រឡាញ់និងសរសើរតម្កើងព្រះយេហូវ៉ានឹងសប្បាយចិត្ត ពេលឃើញលោកជម្រះអស់ទាំងការតិះដៀលចំពោះនាមរបស់លោក។—អេស. ៣៨:២៣ w១៩.១០ ទំ. ១៩ វ. ១៧-១៨
ថ្ងៃអាទិត្យ ទី២៣ ខែឧសភា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា។—សុភ. ១៧:១៧
កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់» យើងប្រហែលជាជួបប្រទះនឹងទុក្ខលំបាកផ្សេងៗ។ (២ធី. ៣:១) ជាឧទាហរណ៍ ក្រោយការបោះឆ្នោត អំពើហិង្សានិងភាពជ្រួលច្របល់បានកើតឡើងក្នុងប្រទេសមួយនៅទ្វីបអាហ្វ្រិកភាគខាងលិច។ អស់រយៈពេលជាង៦ខែ បងប្អូនរបស់យើងមិនអាចទៅណាដោយសេរីបានទេ ដោយសារពួកគេស្ថិតក្នុងតំបន់ដែលមានការប្រយុទ្ធគ្នា។ តើអ្វីបានជួយពួកគេឲ្យស៊ូទ្រាំនឹងការលំបាកបែបនេះ? បងប្អូនខ្លះអាចស្នាក់នៅផ្ទះរបស់បងប្អូនក្នុងតំបន់ដែលមានសុវត្ថិភាពជាង។ បងប្រុសម្នាក់បាននិយាយថា៖ «ក្នុងស្ថានភាពនោះ ខ្ញុំធូរចិត្តដែលខ្ញុំមានមិត្តភក្ដិនៅជាមួយខ្ញុំ។ យើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក»។ ពេល«គ្រាទុក្ខវេទនាដ៏ខ្លាំង»ចាប់ផ្ដើម យើងនឹងសប្បាយចិត្តដែលយើងមានមិត្តភក្ដិល្អដែលស្រឡាញ់យើង។ (បប. ៧:១៤) ដូច្នេះគឺជាការសំខាន់ដែលយើងពង្រឹងចំណងមិត្តភាពជាមួយបងប្អូនយើងនៅឥឡូវនេះ។ (១ពេ. ៤:៧, ៨) ហេតុអ្វី? ពីព្រោះសត្រូវរបស់យើងនឹងព្យាយាមបំបែកបំបាក់យើង ដោយប្រើពាក្យកុហកនិងព័ត៌មានមិនពិត។ ពួកគេនឹងព្យាយាមធ្វើឲ្យយើងលែងទុកចិត្តគ្នានិងគាំទ្រគ្នាទៀត។ ប៉ុន្តែការព្យាយាមរបស់ពួកគេគឺគ្មានប្រយោជន៍ឡើយ។ ពួកគេនឹងមិនអាចធ្វើឲ្យយើងឈប់ស្រឡាញ់គ្នាទៅវិញទៅមកបានទេ។ គ្មានអ្វីដែលពួកគេអាចធ្វើដើម្បីបំផ្លាញចំណងមិត្តភាពរបស់យើងបានឡើយ។ w១៩.១១ ទំ. ២ វ. ១-២; ទំ. ៧ វ. ១៩
ថ្ងៃច័ន្ទ ទី២៤ ខែឧសភា
អ្នកអាច . . . ពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច។—អេភ. ៦:១៦
សាថានដែលជា«ឪពុកនៃការភូតភរ»ប្រើពួកអ្នកដែលនៅក្រោមអំណាចរបស់វា ដើម្បីផ្សាយពាក្យកុហកអំពីព្រះយេហូវ៉ានិងបងប្អូនរបស់យើង។ (យ៉ូន. ៨:៤៤) ជាឧទាហរណ៍ ពួកអ្នកក្បត់ជំនឿផ្សាយពាក្យកុហកនិងបំផ្លើសការពិតអំពីអង្គការរបស់ព្រះយេហូវ៉ាតាមគេហទំព័រ ទូរទស្សន៍ និងប្រព័ន្ធផ្សាយព័ត៌មានផ្សេងទៀត។ ការកុហកទាំងនោះគឺនៅក្នុងចំណោម«ព្រួញឆេះ»របស់សាថាន។ បើបុគ្គលណាម្នាក់ចាប់ផ្ដើមនិយាយជាមួយយើងអំពីពាក្យកុហកទាំងនេះ តើយើងគួរធ្វើយ៉ាងណា? យើងមិនព្រមស្ដាប់ទេ! ហេតុអ្វី? ពីព្រោះយើងមានជំនឿលើព្រះយេហូវ៉ា ហើយយើងទុកចិត្តបងប្អូនរបស់យើង។ តាមពិត យើងមិនប្រាស្រ័យទាក់ទងជាមួយនឹងអ្នកក្បត់ជំនឿសោះឡើយ។ យើងមិនឈ្លោះប្រកែកជាមួយនឹងពួកគេអំពីរឿងណាមួយ ឬដោយមូលហេតុណាមួយទេ ហើយយើងមិនចង់ដឹងឮអំពីអ្វីដែលពួកគេនិយាយ ព្រមទាំងមិនចង់ឲ្យជំនឿរបស់យើងចុះខ្សោយឡើយ។ តើអ្នកមិនព្រមស្ដាប់ និងមិនព្រមឈ្លោះប្រកែកជាមួយនឹងពួកអ្នកក្បត់ជំនឿអំពីការកុហកដែលពួកគេផ្សាយឬទេ? នោះគឺគួរឲ្យសរសើរមែន។ ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្ន ដោយសារសាថានមានអាវុធផ្សេងទៀតដែលវាប្រើដើម្បីប្រឆាំងនឹងយើង។ w១៩.១១ ទំ. ១៥ វ. ៨; ទំ. ១៦ វ. ១១
ថ្ងៃអង្គារ ទី២៥ ខែឧសភា
ព្រះយេហូវ៉ា . . . ថ្លឹងអស់ទាំងទឹកចិត្ត។—សុភ. ១៦:២
ពេលធ្វើការសម្រេចចិត្ត ចូរពិនិត្យមើលបំណងចិត្តរបស់អ្នក។ ព្រះយេហូវ៉ាចង់ឲ្យយើងទៀងត្រង់ក្នុងគ្រប់ការទាំងអស់។ ដូច្នេះ ពេលយើងធ្វើការសម្រេចចិត្ត យើងក៏ចង់ស្គាល់បំណងចិត្តរបស់ខ្លួនឯងឲ្យបានច្បាស់ ហើយមិនលាក់បាំងអ្នកឯទៀតអំពីបំណងចិត្តរបស់យើងឡើយ។ បើយើងមិនទៀងត្រង់ទាំងស្រុងទេ យើងទំនងជានឹងពិបាកធ្វើតាមការសម្រេចចិត្តរបស់យើង។ ជាឧទាហរណ៍ ប្អូនប្រុសវ័យក្មេងម្នាក់ប្រហែលជាសម្រេចចិត្តធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្តែ មួយរយៈពេលក្រោយមក គាត់ពិបាកបំពេញម៉ោងផ្សាយ ហើយគាត់មិនសូវមានអំណរក្នុងកិច្ចបម្រើផ្សាយទេ។ គាត់ប្រហែលជាបានគិតថាបំណងចិត្តចម្បងរបស់គាត់ក្នុងការធ្វើជាអ្នកត្រួសត្រាយ គឺដើម្បីផ្គាប់ចិត្តព្រះយេហូវ៉ា។ ប៉ុន្តែ ប្រហែលជាមូលហេតុពិតប្រាកដរបស់គាត់ គឺគាត់ចង់ផ្គាប់ចិត្តឪពុកម្ដាយឬអ្នកឯទៀត។ សូមគិតអំពីសិស្សគម្ពីរម្នាក់ដែលសម្រេចចិត្តឈប់ជក់បារី។ ដំបូង គាត់បានឈប់ជក់បារី ទោះជានោះពិបាកសម្រាប់គាត់ក្ដី។ ប៉ុន្តែមួយឬពីរសប្ដាហ៍ក្រោយមក គាត់ចាប់ផ្ដើមជក់ម្ដងទៀត។ នៅទីបំផុត គាត់អាចផ្ដាច់បារីបាន! សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា ព្រមទាំងបំណងចិត្តរបស់គាត់ដែលចង់ធ្វើឲ្យលោកពេញចិត្ត បានជួយគាត់ឲ្យយកឈ្នះទម្លាប់នោះ។—កូឡ. ១:១០; ៣:២៣ w១៩.១១ ទំ. ២៧ វ. ៩; ទំ. ២៩ វ. ១០
ថ្ងៃពុធ ទី២៦ ខែឧសភា
ចូរប្រព្រឹត្តឲ្យសមនឹងដំណឹងល្អអំពីគ្រិស្ត។—ភី. ១:២៧
សាវ័កប៉ូលបានជឿជាក់ថាគាត់នឹងរត់ដល់ទីផ្ដាច់ព្រ័ត្រ ហើយសម្រេចគោលដៅរបស់គាត់។ ពាក្យ«ប្រព្រឹត្ត»ក្នុងខនេះមានន័យថា«រួមចំណែកក្នុងសកម្មភាពរបស់ពលរដ្ឋ»ឬប្រព្រឹត្តជាពលរដ្ឋ។ ជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង គាត់ទន្ទឹងរង់ចាំពេលដែលគាត់ទទួល«រង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌»។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅនោះ គាត់ដឹងថាគាត់ត្រូវបន្ត«រត់»តទៅទៀត។ (ភី. ៣:១៤) ប៉ូលបានប្រើការប្រៀបប្រដូចដ៏គួរឲ្យចាប់អារម្មណ៍មួយ ដើម្បីជួយគ្រិស្តសាសនិកនៅក្រុងភីលីពឲ្យបន្តផ្ដោតអារម្មណ៍លើគោលដៅរបស់ពួកគេ។ ប៉ូលបានរំលឹកគ្រិស្តសាសនិកនៅក្រុងភីលីពថាពួកគេជាពលរដ្ឋស្ថានសួគ៌។ (ភី. ៣:២០) ហេតុអ្វី? ពីព្រោះនៅសម័យនោះ មនុស្សពិតជាចង់ចូលសញ្ជាតិរ៉ូម ដោយសារនោះផ្ដល់ប្រយោជន៍ជាច្រើនដល់ពួកគេ។ ប៉ុន្តែ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងបានចូលសញ្ជាតិមួយដែលនឹងផ្ដល់ប្រយោជន៍ច្រើនជាងនោះទៅទៀតដល់ពួកគេ។ បើប្រៀបធៀបការធ្វើជាពលរដ្ឋនៃរដ្ឋាភិបាលស្ថានសួគ៌ទៅនឹងការធ្វើជាពលរដ្ឋរ៉ូម ការធ្វើជាពលរដ្ឋរ៉ូមគឺមានតម្លៃតិចតួចណាស់! គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនៅសព្វថ្ងៃនេះ បានទុកគំរូដ៏ល្អប្រសើរក្នុងការរត់ដោយមានគោលដៅឲ្យបានជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌។ w១៩.០៨ ទំ. ៦ វ. ១៤-១៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា
ប្រសិនបើបុត្រនោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន។—យ៉ូន. ៨:៣៦
សេរីភាពនោះគឺប្រសើរជាងសេរីភាពដែលជនជាតិអ៊ីស្រាអែលបានទទួលក្នុងអំឡុងឆ្នាំសោមនស្ស! (លេវី. ២៥:៨-១២) ជាឧទាហរណ៍ បុរសម្នាក់ដែលបានត្រូវរំដោះឲ្យមានសេរីភាពក្នុងអំឡុងឆ្នាំសោមនស្ស ប្រហែលជាទៅជាខ្ញុំបម្រើម្ដងទៀត ហើយនៅទីបំផុតគាត់ស្លាប់។ ប៉ុន្តែ សេរីភាពដែលលោកយេស៊ូផ្ដល់ឲ្យនឹងស្ថិតស្ថេរជារៀងរហូត។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានរើសតាំងពួកសាវ័កនិងបុរសស្ត្រីដ៏ស្មោះត្រង់ឯទៀតដោយសកម្មពលបរិសុទ្ធ។ លោកបានទទួលពួកគេជាកូនរបស់លោក ដើម្បីនៅថ្ងៃអនាគតពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ហើយគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ (រ៉ូម ៨:២, ១៥-១៧) ពួកអ្នកទាំងនេះជាបុគ្គលដំបូងដែលទទួលប្រយោជន៍ពីការរំដោះដែលលោកយេស៊ូបានប្រកាសនៅសាលាប្រជុំក្នុងក្រុងណាសារ៉ែត។ បុរសស្ត្រីទាំងនោះលែងធ្វើជាខ្ញុំបម្រើនៃសេចក្ដីបង្រៀនមិនពិតនិងទំនៀមទម្លាប់របស់ពួកអ្នកដឹកនាំសាសនាយូដា ដែលមិនស្របតាមបណ្ដាំរបស់ព្រះ។ ព្រះក៏បានចាត់ទុកថាពួកគេបានត្រូវរំដោះពីការខុសឆ្គងដែលនាំឲ្យស្លាប់។ ឆ្នាំសោមនស្សរបស់គ្រិស្តសាសនិកបានចាប់ផ្ដើមពេលដែលព្រះបានរើសតាំងពួកអ្នកកាន់តាមគ្រិស្តនៅឆ្នាំ៣៣ គ.ស. ហើយនឹងចប់នៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ។ w១៩.១២ ទំ. ១១ វ. ១១-១២
ថ្ងៃសុក្រ ទី២៨ ខែឧសភា
ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ។—១កូ. ១៥:៣៣
ឪពុកម្ដាយទាំងឡាយ ចូរជួយកូនរបស់អ្នកឲ្យចេះជ្រើសរើសមិត្តល្អ។ ទាំងឪពុកទាំងម្ដាយត្រូវដឹងថាកូនកំពុងសេពគប់ជាមួយនឹងអ្នកណា ហើយថាពួកគេកំពុងធ្វើអ្វីខ្លះ។ នេះរួមបញ្ចូលការដឹងថាកូនកំពុងប្រាស្រ័យទាក់ទងជាមួយនឹងអ្នកណាតាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា និងតាមទូរស័ព្ទដៃ។ ការសេពគប់ទាំងនោះអាចមានឥទ្ធិពលលើរបៀបគិតគូរនិងការប្រព្រឹត្តរបស់កូន។ ឪពុកម្ដាយជាច្រើនខំរៀបចំឱកាសឲ្យកូនរបស់ពួកគេសេពគប់ជាមួយនឹងពួកអ្នកដែលទុកគំរូល្អក្នុងការបម្រើព្រះ។ ជាឧទាហរណ៍ បងប្រុសណេដេនីនិងបងស្រីបូមេនដែលជាប្ដីប្រពន្ធពីប្រទេសកូតឌីវ័រ ច្រើនតែអញ្ជើញអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឲ្យស្នាក់នៅផ្ទះរបស់ពួកគាត់។ បងណេដេនីរៀបរាប់ថា៖ «ការធ្វើដូច្នេះមានឥទ្ធិពលល្អលើកូនប្រុសយើង។ ក្រោយមកគាត់បានចាប់ផ្ដើមត្រួសត្រាយ ហើយឥឡូវគាត់បម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជំនួស»។ កាលណាឪពុកម្ដាយកាន់តែឆាប់បង្ហាត់បង្រៀនកូន នោះកាន់តែប្រសើរ។ (សុភ. ២២:៦) សូមគិតអំពីធីម៉ូថេ។ អឺនីសដែលជាម្ដាយរបស់ធីម៉ូថេ និងឡូអ៊ីសដែលជាជីដូនរបស់គាត់បានបង្ហាត់បង្រៀនគាត់‹តាំងពីជាទារក›។—២ធី. ១:៥; ៣:១៥ w១៩.១២ ទំ. ២៥ វ. ១៤, ១៦; ទំ. ២៦ វ. ១៧
ថ្ងៃសៅរ៍ ទី២៩ ខែឧសភា
មានមិត្រសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។—សុភ. ១៨:២៤
ចូរធ្វើជាមិត្តដែលគួរឲ្យទុកចិត្ត។ ជាឧទាហរណ៍ យើងមិនគ្រាន់តែសន្យាថាយើងនឹងជួយបងប្អូនរបស់យើងពេលដែលពួកគេត្រូវការប៉ុណ្ណោះទេ តែយើងក៏ធ្វើអ្វីផ្សេងៗដើម្បីជួយពួកគេដែរ។ (ម៉ាថ. ៥:៣៧; លូក. ១៦:១០) ពេលបងប្អូនដែលត្រូវការជំនួយដឹងថាពួកគេអាចពឹងយើងបាន ពួកគេធូរចិត្ត។ ហេតុអ្វី? បងស្រីម្នាក់ពន្យល់អំពីមូលហេតុ។ គាត់និយាយថា៖ «យើងមិនបារម្ភថាបុគ្គលដែលស្នើសុំជួយយើងនឹងជួយយើងទាន់ពេលតាមពាក្យសន្យារបស់គាត់ឬអត់ទេ»។ អ្នកដែលជួបទុក្ខលំបាកឬខកចិត្ត ច្រើនតែទទួលការសម្រាលទុក្ខពីមិត្តភក្ដិដែលគួរឲ្យទុកចិត្ត។ ប៉ុន្តែ ដើម្បីធ្វើជាមិត្តដែលគួរឲ្យទុកចិត្ត យើងត្រូវបណ្ដុះឲ្យមានចិត្តអត់ធ្មត់។ ក្រោយពីប្ដីរបស់បងស្រីហ្សាណាបានចុះចោលគាត់ គាត់បានទទួលការសម្រាលទុក្ខដោយប្រាប់អារម្មណ៍របស់គាត់ទៅមិត្តជិតស្និទ្ធ។ គាត់និយាយថា៖ «ពួកគេបានស្ដាប់ខ្ញុំដោយអត់ធ្មត់ ទោះជាខ្ញុំប្រហែលជានិយាយដដែលៗក្ដី»។ អ្នកក៏អាចបង្ហាញថាអ្នកជាមិត្តដ៏ល្អ ដោយយកចិត្តទុកដាក់ស្ដាប់អ្នកឯទៀត។ w២០.០១ ទំ. ១០-១១ វ. ៩-១១
ថ្ងៃអាទិត្យ ទី៣០ ខែឧសភា
គាត់នឹងពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ តាំងពីនៅក្នុងផ្ទៃម្ដាយមក។—លូក. ១:១៥
ក្នុងគម្ពីរមានគំរូជាច្រើនអំពីមនុស្សស្មោះត្រង់ដែលបានទទួលសកម្មពលបរិសុទ្ធ ក៏ប៉ុន្តែពួកគេមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ទេ។ ជាឧទាហរណ៍ ដាវីឌបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ។ (១សាំ. ១៦:១៣) សកម្មពលបរិសុទ្ធបានជួយគាត់ឲ្យយល់សេចក្ដីជ្រាលជ្រៅអំពីព្រះយេហូវ៉ា ហើយក៏បានដឹកនាំគាត់ឲ្យសរសេរបទគម្ពីរខ្លះដែរ។ (ម៉ាក. ១២:៣៦) ទោះជាយ៉ាងនេះក្ដី សាវ័កពេត្រុសបាននិយាយថា ដាវីឌ«មិនបានឡើងទៅស្ថានសួគ៌ឡើយ»។ (សកម្ម. ២:៣៤) យ៉ូហានដែលជាអ្នកជ្រមុជទឹកបាន«ពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ»។ (លូក. ១:១៣-១៦) លោកយេស៊ូបានមានប្រសាសន៍ថាគ្មានអ្នកណាធំជាងយ៉ូហានទេ ប៉ុន្តែបន្ទាប់មកលោកបានមានប្រសាសន៍ថាយ៉ូហានមិនមែនជាសមាជិករាជាណាចក្រស្ថានសួគ៌ឡើយ។ (ម៉ាថ. ១១:១០, ១១) ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីឲ្យបុរសទាំងនេះមានឫទ្ធានុភាពធ្វើអ្វីៗដ៏អស្ចារ្យ ប៉ុន្តែលោកមិនបានប្រើសកម្មពលនោះដើម្បីជ្រើសរើសពួកគាត់ឲ្យទៅស្ថានសួគ៌ទេ។ តើនេះមានន័យថាពួកគាត់មិនសូវស្មោះត្រង់ឬ? មិនមែនទេ។ នេះគ្រាន់តែមានន័យថាព្រះយេហូវ៉ានឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញក្នុងសួនឧទ្យាននៅផែនដី។—យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥ w២០.០១ ទំ. ២៥ វ. ១៥
ថ្ងៃច័ន្ទ ទី៣១ ខែឧសភា
យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន។—១យ៉ូន. ៤:១៩
ព្រះយេហូវ៉ាបានអញ្ជើញយើងឲ្យចូលក្នុងក្រុមគ្រួសាររបស់លោកដែលជាអ្នកគោរពប្រណិប័តន៍លោក។ សមាជិកក្រុមគ្រួសាររបស់យើងគឺជាបុគ្គលដែលបានប្រគល់ខ្លួនជូនព្រះ ហើយដែលបានបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់បុត្រលោក។ យើងមានជីវិតដែលមានន័យខ្លឹមសារនៅឥឡូវនេះ ហើយយើងសប្បាយរីករាយដោយសារយើងមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ មិនថានៅស្ថានសួគ៌ឬនៅផែនដីជាសួនឧទ្យានក្ដី។ ដោយហេតុថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ លោកបានបើកឱកាសឲ្យយើងចូលក្នុងក្រុមគ្រួសាររបស់លោក ទោះជានេះតម្រូវឲ្យលោកធ្វើការលះបង់ដ៏ធំមួយក្ដី។ (យ៉ូន. ៣:១៦) យើង«បានត្រូវទិញក្នុងតម្លៃថ្លៃណាស់»។ (១កូ. ៦:២០) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យយើងមានចំណងមិត្តភាពជាមួយនឹងលោក។ យើងមានឯកសិទ្ធិហៅបុគ្គលដ៏ឧត្តុង្គឧត្ដមបំផុតក្នុងសកលលោកថាបិតា ហើយព្រះយេហូវ៉ាជាបិតាដ៏ល្អបំផុត។ ដូចអ្នកសរសេរគម្ពីរម្នាក់ យើងប្រហែលជាសួរខ្លួនឯងថា៖ «តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មាន?»។ (ទំនុក. ១១៦:១២) ចម្លើយគឺថា យើងមិនអាចតបស្នងដល់បិតារបស់យើងនៅស្ថានសួគ៌ទេ។ តែសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ជំរុញចិត្តយើងឲ្យស្រឡាញ់លោកវិញ។ w២០.០២ ទំ. ៨ វ. ១-៣