ខែមិថុនា
ថ្ងៃអង្គារ ទី១ ខែមិថុនា
គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្ដីកំហឹង។—១សាំ. ១:៦
ហាណាជាម្ដាយរបស់សាំយូអែលដែលជាអ្នកប្រកាសទំនាយ មានការពិបាកខ្លះ។ អស់ជាច្រើនឆ្នាំ គាត់មិនអាចមានកូន។ (១សាំ. ១:២) នៅវប្បធម៌អ៊ីស្រាអែលសម័យបុរាណ ស្ត្រីដែលមិនអាចមានកូនបានត្រូវគេជឿថាជាស្ត្រីដែលមិនបានទទួលពរពីព្រះ។ ដូច្នេះនេះធ្វើឲ្យហាណាខ្មាសគេណាស់។ (លោ. ៣០:១, ២) អ្វីមួយដែលធ្វើឲ្យជីវិតហាណាកាន់តែពិបាក គឺប្ដីរបស់គាត់មានប្រពន្ធមួយទៀតឈ្មោះពេនីណាដែលអាចមានកូន ហើយពេនីណាបានរុកកួនហាណាអំពីរឿងនេះ។ ហាណាបានកើតទុក្ខជាខ្លាំងអំពីស្ថានភាពរបស់គាត់។ គាត់បានឈឺចិត្តជាខ្លាំងរហូតដល់«យំ ហើយមិនបរិភោគ»។ គាត់មាន«សេចក្ដីជូរល្វីងក្នុងចិត្តណាស់»។ (១សាំ. ១:៧, ១០) តើហាណាបានទទួលការសម្រាលទុក្ខតាមរបៀបណា? ហាណាបានអធិដ្ឋានប្រាប់ព្រះយេហូវ៉ាថា គាត់ពិបាកចិត្តយ៉ាងណា។ ក្រោយគាត់បានអធិដ្ឋាន គាត់បានពន្យល់សម្ដេចសង្ឃអេលីអំពីស្ថានភាពរបស់គាត់។ បន្ទាប់មក សម្ដេចសង្ឃនោះបានប្រាប់គាត់ថា៖ «សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ»។ តើមានលទ្ធផលយ៉ាងណា? ហាណា«ក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជនវិញ»។ (១សាំ. ១:១៧, ១៨) ការអធិដ្ឋានបានជួយហាណាឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តឡើងវិញ។ w២០.០២ ទំ. ២១ វ. ៤-៥
ថ្ងៃពុធ ទី២ ខែមិថុនា
ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ។—កូឡ. ៤:៦
មិនយូរទៀត ព្រះយេហូវ៉ានឹងបំផ្លាញរបៀបរបបពិភពលោកនេះ។ មានតែពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»ប៉ុណ្ណោះ ដែលនឹងទទួលសេចក្ដីសង្គ្រោះ។ (សកម្ម. ១៣:៤៨) ដូច្នេះគឺសមហេតុផលដែលយើងចង់ជួយសាច់ញាតិរបស់យើងឲ្យបម្រើព្រះយេហូវ៉ាជាមួយនឹងយើង។ ព្រះយេហូវ៉ាដែលជាបិតាដែលស្រឡាញ់យើង «មិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) យើងត្រូវចាំថា មានរបៀបត្រឹមត្រូវនិងមិនត្រឹមត្រូវក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីសេចក្ដីសង្គ្រោះ។ តាមធម្មតាយើងនិយាយដោយសប្បុរសពេលយើងផ្សព្វផ្សាយដល់មនុស្សដែលយើងមិនស្គាល់ តែយើងប្រហែលជានិយាយចំៗពេលយើងផ្សព្វផ្សាយដល់សាច់ញាតិយើង។ យើងជាច្រើននាក់ប្រហែលជាស្ដាយក្រោយ ពេលយើងគិតអំពីរបៀបដែលយើងបានព្យាយាមផ្សព្វផ្សាយជាលើកដំបូងដល់សាច់ញាតិរបស់យើង ហើយស្ដាយដែលយើងមិនបានផ្សព្វផ្សាយតាមរបៀបដែលប្រសើរជាងនោះ។ គឺជាការល្អដែលយើងចាំអំពីយោបល់របស់សាវ័កប៉ូលក្នុងបទគម្ពីរថ្ងៃនេះ ពេលយើងនិយាយជាមួយនឹងសាច់ញាតិរបស់យើង។ ពុំនោះសោត យើងប្រហែលជាធ្វើឲ្យពួកគេទើសចិត្តជាជាងជួយពួកគេឲ្យចង់ស្ដាប់យើង។ w១៩.០៨ ទំ. ១៤-១៥ វ. ៣-៥
ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា
គ្រិស្តបាន . . . ទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។—១ពេ. ២:២១
តើអ្នកមានប្រតិកម្មយ៉ាងណាពេលអ្នកបានរៀនសេចក្ដីពិតអំពីបុត្រព្រះ? ជាឧទាហរណ៍ លោកគឺជាបុគ្គលសំខាន់បំផុតទី២ក្នុងសកលលោក។ លោកជាអ្នកលោះយើង។ លោកសុខចិត្តលះបង់ជីវិតរបស់លោកដើម្បីយើង។ ពេលយើងបង្ហាញដោយការប្រព្រឹត្តរបស់យើងថាយើងមានជំនឿលើថ្លៃលោះ នោះយើងអាចទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង បណ្ដុះចំណងមិត្តភាពជាមួយនឹងព្រះ ហើយទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ៣:១៦) លោកយេស៊ូគឺជាសម្ដេចសង្ឃរបស់យើង។ លោកចង់ជួយយើងឲ្យទទួលប្រយោជន៍ពីថ្លៃលោះ ហើយមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ (ហេ. ៤:១៥; ៧:២៤, ២៥) ដោយសារលោកយេស៊ូជាស្ដេចនៃរាជាណាចក្រព្រះ នោះព្រះយេហូវ៉ានឹងប្រើលោកដើម្បីធ្វើឲ្យនាមព្រះបានបរិសុទ្ធ បំបាត់ចោលអំពើអាក្រក់ ហើយនាំមកនូវពរជារៀងរហូតក្នុងសួនឧទ្យានដែលនឹងមកដល់។ (ម៉ាថ. ៦:៩, ១០; បប. ១១:១៥) លោកយេស៊ូគឺជាគំរូសម្រាប់យើង។ លោកបានទុកគំរូឲ្យយើងដោយប្រើជីវិតរបស់លោកដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (យ៉ូន. ៤:៣៤) ពេលអ្នកទទួលយកអ្វីដែលគម្ពីរបង្រៀនអំពីលោកយេស៊ូ នោះអ្នកចាប់ផ្ដើមស្រឡាញ់បុត្រស្ងួនភ្ងារបស់ព្រះ។ សេចក្ដីស្រឡាញ់នោះជំរុញចិត្តអ្នកឲ្យប្រើជីវិតដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ ដូចលោកយេស៊ូបានធ្វើ។ w២០.០៣ ទំ. ១០ វ. ១២-១៣
ថ្ងៃសុក្រ ទី៤ ខែមិថុនា
ចូរអធិដ្ឋានឥតឈប់។—១ថែ. ៥:១៧
នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានអធិដ្ឋានច្រើនដង។ ពេលលោកបង្ហាញអ្នកកាន់តាមលោកនូវរបៀបធ្វើពិធីរំលឹកមរណភាពរបស់លោក លោកបានអធិដ្ឋានមុនដែលលោកឲ្យនំប៉័ងនិងស្រាទំពាំងបាយជូរដល់ពួកគាត់។ (១កូ. ១១:២៣-២៥) ម្យ៉ាងទៀត មុនលោកចាកចេញពីកន្លែងដែលពួកគាត់បានធ្វើបុណ្យរំលង លោកបានអធិដ្ឋានជាមួយនឹងពួកអ្នកកាន់តាមលោក។ (យ៉ូន. ១៧:១-២៦) នៅយប់នោះ ពេលលោកនឹងពួកអ្នកកាន់តាមបានទៅដល់ភ្នំដើមអូលីវ លោកបានអធិដ្ឋានម្ដងហើយម្ដងទៀត។ (ម៉ាថ. ២៦:៣៦-៣៩, ៤២, ៤៤) មួយវិញទៀត ពាក្យចុងក្រោយដែលលោកយេស៊ូបានមានប្រសាសន៍មុនដែលលោកស្លាប់គឺជាសេចក្ដីអធិដ្ឋាន។ (លូក. ២៣:៤៦) លោកយេស៊ូបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីអ្វីៗទាំងអស់ដែលបានកើតឡើងនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកនៅផែនដី។ មូលហេតុមួយដែលលោកយេស៊ូអាចសូទ្រាំនឹងទុក្ខលំបាកគឺដោយសារលោកបានពឹងផ្អែកលើបិតារបស់លោកតាមរយៈសេចក្ដីអធិដ្ឋាន។ ប៉ុន្តែ ពួកសាវ័កមិនបានតស៊ូក្នុងការអធិដ្ឋាននៅយប់នោះទេ។ ជាលទ្ធផលពេលពួកគាត់ជួបការល្បងល ចិត្តក្លាហានរបស់ពួកគាត់បានចុះខ្សោយ។ (ម៉ាថ. ២៦:៤០, ៤១, ៤៣, ៤៥, ៥៦) ពេលយើងមានទុក្ខលំបាក យើងអាចរក្សាភាពស្មោះត្រង់លុះត្រាតែយើងធ្វើតាមគំរូរបស់លោកយេស៊ូដោយ«អធិដ្ឋានជានិច្ច»។ w១៩.០៤ ទំ. ៩ វ. ៤-៥
ថ្ងៃសៅរ៍ ទី៥ ខែមិថុនា
អញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ។—ម៉ាឡ. ៣:៦
ព្រះយេហូវ៉ាស្អប់ខ្ពើមអ្វីដែលជាប់ទាក់ទងនឹងពួកវិញ្ញាណអាក្រក់! លោកបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយដែលធ្វើឲ្យកូនប្រុសឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ។ ដ្បិតអ្នកណាដែលប្រព្រឹត្តការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់»។ (ចោ. ១៨:១០-១២) គ្រិស្តសាសនិកពិតមិននៅក្រោមច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែលទេ។ ប៉ុន្តែ យើងដឹងថាអារម្មណ៍របស់លោកចំពោះការទាក់ទងនឹងពួកវិញ្ញាណអាក្រក់គឺមិនបានប្រែប្រួលឡើយ។ ព្រះយេហូវ៉ាព្រមានយើងមិនឲ្យទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ដោយសារលោកដឹងថាសាថានប្រើវិធីនោះដើម្បីធ្វើឲ្យមនុស្សរងទុក្ខវេទនា។ សាថានប្រើការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ដើម្បីលើកស្ទួយការកុហក ដូចជាការកុហកដែលថាមនុស្សស្លាប់បន្តរស់នៅភពផ្សេងទៀត។ (សាស្ដ. ៩:៥) សាថានក៏ប្រើអ្វីនេះដើម្បីធ្វើឲ្យមនុស្សភ័យខ្លាច និងដើម្បីបង្វែរពួកគេចេញពីព្រះយេហូវ៉ា។ គោលបំណងរបស់វាគឺចង់ឲ្យអ្នកដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ទុកចិត្តលើពួកវា ជាជាងទុកចិត្តលើព្រះយេហូវ៉ា។ w១៩.០៤ ទំ. ២១ វ. ៥-៦
ថ្ងៃអាទិត្យ ទី៦ ខែមិថុនា
ប្រសិនបើអ្នកធ្វើការអាក្រក់ ចូរភ័យខ្លាចចុះ។—រ៉ូម ១៣:៤
ការបៀតបៀនកេរ្ដិ៍ខ្មាសកុមារជាអំពើខុសឆ្គងធ្ងន់ធ្ងរ។ អ្នកបៀតបៀនកេរ្ដិ៍ខ្មាសកុមារធ្វើឲ្យកុមារនោះឈឺចាប់យ៉ាងខ្លាំង។ គាត់ធ្វើឲ្យកុមារនោះលែងមានទំនុកចិត្ត ហើយមានអារម្មណ៍ភ័យខ្លាចនិងគ្មានសុវត្ថិភាព។ យើងត្រូវការពារកុមារពីអំពើដ៏អាក្រក់បែបនេះ ហើយសម្រាលទុក្ខនិងជួយពួកអ្នកដែលជាជនរងគ្រោះ។ (១ថែ. ៥:១៤) ពេលបងប្អូនម្នាក់ក្នុងក្រុមជំនុំបៀតបៀនកេរ្ដិ៍ខ្មាសកុមារ គាត់នាំឲ្យកេរ្ដិ៍ឈ្មោះក្រុមជំនុំអាប់ឱន។ (ម៉ាថ. ៥:១៦; ១ពេ. ២:១២) យើងមិនអនុញ្ញាតឲ្យអ្នកដែលប្រព្រឹត្តអំពើអាក្រក់ដោយមិនប្រែចិត្ត និងដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះក្រុមជំនុំត្រូវអាប់ឱន បន្តធ្វើជាសមាជិកក្រុមជំនុំគ្រិស្តសាសនិកទេ។ បើបងប្អូនណាម្នាក់ក្នុងក្រុមជំនុំគ្រិស្តសាសនិកប្រព្រឹត្តបទឧក្រិដ្ឋ ដូចជាការបៀតបៀនកេរ្ដិ៍ខ្មាសកុមារជាដើម បុគ្គលនោះធ្វើខុសនឹងច្បាប់របស់ពួកអាជ្ញាធរ។ (សូមពិនិត្យបន្ថែម សកម្មភាព ២៥:៨) ពិតមែនថាពួកអ្នកចាស់ទុំមិនមានសិទ្ធិដាក់ទោសពួកអ្នកដែលបំពានច្បាប់របស់ពួកអាជ្ញាធរឡើយ តែពួកគាត់មិនការពារពួកអ្នកដែលបៀតបៀនកេរ្ដិ៍ខ្មាសកុមារពីការដាក់ទោសរបស់ពួកអាជ្ញាធរទេ។ w១៩.០៥ ទំ. ៩ វ. ៤-៧
ថ្ងៃច័ន្ទ ទី៧ ខែមិថុនា
ប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ។—១កូ. ៣:១៩
យើងអាចដោះស្រាយបញ្ហាទាំងអស់ដែលយើងជួបប្រទះក្នុងជីវិត ដោយសារព្រះយេហូវ៉ាជាគ្រូដ៏ឧត្ដមបំផុតរបស់យើង។ (យ៉ូប ៣៦:២២; អេ. ៣០:២១) បណ្ដាំរបស់លោកផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការដើម្បី«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។ (២ធី. ៣:១៧) ពេលយើងរស់នៅសមស្របតាមអ្វីដែលគម្ពីរបង្រៀន យើងមានប្រាជ្ញាជាងពួកអ្នកដែលលើកស្ទួយ«ប្រាជ្ញារបស់ពិភពលោកនេះ»។ (ទំនុក. ១១៩:៩៧-១០០) គួរឲ្យស្តាយណាស់ ប្រាជ្ញារបស់ពិភពលោកនេះគឺច្រើនតែស្របតាមសេចក្ដីប៉ងប្រាថ្នាខាងរូបកាយ។ ដូច្នេះ យើងប្រហែលជាពិបាកជៀសវាងពីការមានគំនិតនិងការប្រព្រឹត្តដូចមនុស្សក្នុងពិភពលោកនេះ។ ហេតុនេះហើយ គម្ពីរចែងថា៖ «ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស»។ (កូឡ. ២:៨) គឺដូចដែលគម្ពីរបានប្រកាសទុកជាមុនអំពីគ្រាចុងក្រោយបង្អស់ថា មនុស្សនឹង«ស្រឡាញ់ការសប្បាយ»។ (២ធី. ៣:៤) ផលវិបាកមួយគឺការឆ្លងជំងឺកាមរោគ ដូចជាជំងឺអេដស៍ជាដើម។ នេះបង្ហាញថាប្រាជ្ញារបស់ពិភពលោកគឺផ្ដេសផ្ដាស។—២ពេ. ២:១៩ w១៩.០៥ ទំ. ២១ វ. ១-២; ទំ. ២២ វ. ៤-៥
ថ្ងៃអង្គារ ទី៨ ខែមិថុនា
[ចូរ]កាន់ជំហរមាំមួននៅចំពោះមុខកលល្បិចទាំងប៉ុន្មានរបស់មេកំណាច។—អេភ. ៦:១១
សាថានបានបោកបញ្ឆោតជនជាតិអ៊ីស្រាអែលឲ្យជឿថា ដើម្បីមានភាពចម្រុងចម្រើន ពួកគេត្រូវធ្វើតាមទំនៀមទម្លាប់របស់ជនជាតិដទៃដែលមិនគោរប្រណិប័តន៍ព្រះយេហូវ៉ា។ ជនជាតិដទៃទាំងនោះបានជឿថា បើពួកគេធ្វើតាមទំនៀមទម្លាប់ផ្សេងៗ ព្រះរបស់ពួកគេនឹងបង្អុរភ្លៀង។ ពួកអ្នកដែលខ្វះជំនឿលើព្រះយេហូវ៉ាបានគិតថា មានតែវិធីនេះប៉ុណ្ណោះដែលការពារពួកគេពីគ្រោះរាំងស្ងួត។ ដូច្នេះពួកគេបានធ្វើតាមទំនៀមទម្លាប់ដែលលើកកិត្តិយសព្រះបាលដែលជាព្រះមិនពិត។ សាថានក៏បានទាក់ទាញពួកគេដោយប្រើសេចក្ដីប៉ងប្រាថ្នាប្រាសចាកសីលធម៌ដែលពួកគេមានរួចហើយដែរ។ ប្រជាជាតិនានាបានគោរពបូជារូបព្រះរបស់ពួកគេដោយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដ៏គួរឲ្យស្អប់ខ្ពើម។ ការគោរពបូជានោះបានរួមបញ្ចូលបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើពេស្យាចារ។ ប្រជាជាតិទាំងនោះមិនគ្រាន់តែអនុញ្ញាតឲ្យមានការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា និងអំពើប្រាសចាកសីលធម៌ផ្សេងទៀតប៉ុណ្ណោះទេ តែពួកគេគិតថានោះជារឿងធម្មតា។ (ចោ. ២៣:១៧, ១៨; ១ព. ១៤:២៤) ពួកអ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានជឿថាទំនៀមទម្លាប់ទាំងនោះបានជំរុញចិត្តព្រះរបស់ពួកគេធ្វើឲ្យដីបង្កើតភោគផលជាបរិបូរ។ ជនជាតិអ៊ីស្រាអែលជាច្រើននាក់បានត្រូវទាក់ទាញដោយទំនៀមទម្លាប់ដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយនេះនាំឲ្យពួកគេបម្រើព្រះមិនពិត។ w១៩.០៦ ទំ. ២ វ. ៣; ទំ. ៤ វ. ៧-៨
ថ្ងៃពុធ ទី៩ ខែមិថុនា
ព្រះមិនប្រព្រឹត្តដោយអយុត្តិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក។—ហេ. ៦:១០
បងប្អូនជាច្រើនដែលបម្រើពេញពេល រួមទាំងសមាជិកបេតអែលបានទទួលភារកិច្ចថ្មី។ នេះអាចជាអ្វីដែលពិបាកខ្លាំងណាស់សម្រាប់បងប្អូនដ៏ស្មោះត្រង់ទាំងនោះ ពេលពួកគេមិនអាចបំពេញឯកសិទ្ធិដែលខ្លួនពិតជាស្រឡាញ់។ បើអ្នកបានទទួលភារកិច្ចថ្មី តើអ្វីអាចជួយអ្នកឲ្យសម្របខ្លួនទៅតាមការផ្លាស់ប្ដូរនោះ? ចូរបន្តនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាដោយអានគម្ពីរជារៀងរាល់ថ្ងៃនិងរំពឹងគិតអំពីអ្វីដែលអ្នកបានអាន។ ម្យ៉ាងទៀត សូមបន្តខំអស់ពីសមត្ថភាពក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អនៅក្រុមជំនុំថ្មី។ ព្រះយេហូវ៉ានឹកចាំពួកអ្នកដែលនៅតែបម្រើលោកយ៉ាងស្មោះត្រង់ ទោះជាពួកគេមិនអាចធ្វើច្រើនដូចពីមុនក៏ដោយ។ ចូររក្សាជីវិតឲ្យសាមញ្ញ។ សូមកុំឲ្យការខ្វល់ខ្វាយរបស់ពិភពលោកសាថានបញ្ឈប់អ្នកពីការបម្រើព្រះយេហូវ៉ាឡើយ។ (ម៉ាថ. ១៣:២២) ចូរកុំធ្វើតាមការបង្ខិតបង្ខំដែលមកពីពិភពលោក ឬពីមិត្តភក្ដិនិងសាច់ញាតិដែលមានបំណងចិត្តល្អ ឲ្យស្វែងរកទ្រព្យសម្បត្តិក្នុងរបៀបរបបពិភពលោករបស់សាថាន។ (១យ៉ូន. ២:១៥-១៧) ចូរទុកចិត្តព្រះយេហូវ៉ាដែលសន្យាថាលោកនឹងជួយបំពេញសេចក្ដីត្រូវការរបស់យើងខាងជំនឿ ខាងផ្លូវចិត្ត និងខាងរូបកាយ«នៅពេលដែលយើងត្រូវការ»។—ហេ. ៤:១៦; ១៣:៥, ៦ w១៩.០៨ ទំ. ២០ វ. ៤; ទំ. ២១ វ. ៧-៨
ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក។—ទំនុក. ៥៥:២២
តើអ្នកកំពុងប្រឈមមុខនឹងស្ថានភាពដែលនាំឲ្យតានតឹងចិត្តឬទេ? យើងពិតជាទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់យើង។ លោកស្គាល់កម្រិតសមត្ថភាពរបស់យើង ហើយលោកថែមទាំងដឹងអំពីគំនិតនិងអារម្មណ៍របស់យើងផងដែរ។ (ទំនុក. ១០៣:១៤; ១៣៩:៣, ៤) បើយើងពឹងផ្អែកលើព្រះយេហូវ៉ា លោកនឹងជួយយើងពេលយើងប្រឈមមុខនឹងបញ្ហាដែលនាំឲ្យតានតឹងចិត្ត។ ការតានតឹងចិត្តអាចបណ្ដាលឲ្យយើងគិតអ្វីដែលមិនល្អ ហើយធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។ បើនេះកើតឡើង សូមចាំថាព្រះយេហូវ៉ានឹងជួយអ្នក។ តើលោកនឹងជួយអ្នកតាមរបៀបណា? លោកអញ្ជើញអ្នកឲ្យប្រាប់លោកអំពីទុក្ខកង្វល់ដែលអ្នកមាន ហើយពេលអ្នកសុំជំនួយពីលោក លោកនឹងតបឆ្លើយ។ (ទំនុក. ៥:៣; ១ពេ. ៥:៧) ដូច្នេះ សូមអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗអំពីបញ្ហារបស់អ្នក។ ទោះជាលោកនឹងមិននិយាយមកកាន់អ្នកដោយផ្ទាល់ក្ដី លោកនឹងនិយាយមកកាន់អ្នកតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក និងតាមរយៈអង្គការរបស់លោក។ កំណត់ហេតុក្នុងគម្ពីរអាចជួយសម្រាលទុក្ខអ្នក ហើយជួយអ្នកឲ្យមានសេចក្ដីសង្ឃឹម។ បងប្អូនរួមជំនឿក៏អាចលើកទឹកចិត្តអ្នកដែរ។—រ៉ូម ១៥:៤; ហេ. ១០:២៤, ២៥ w១៩.០៦ ទំ. ១៦ វ. ៧-៨
ថ្ងៃសុក្រ ទី១១ ខែមិថុនា
ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ។—ម៉ាថ. ២៤:៩
កាលដែលអ្នកទទួលការបៀតបៀន សូមអធិដ្ឋានទៅព្រះយេហូវ៉ា ហើយ‹ចាក់ចិត្តអ្នកចេញដូចជាទឹក› ដោយប្រាប់បិតាដែលប្រកបដោយសេចក្ដីស្រឡាញ់អំពីការខ្វល់ខ្វាយនិងការភ័យខ្លាចទាំងអស់របស់អ្នក។ (បរិ. ២:១៩) កាលដែលអ្នកកាន់តែអធិដ្ឋានបែបនេះ អ្នកនឹងកាន់តែមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (រ៉ូម ៨:៣៨, ៣៩) ចូរជឿជាក់ថាពរនៃរាជាណាចក្រព្រះនឹងកើតឡើងពិតមែន។ (ជន. ២៣:១៩) បើជំនឿរបស់អ្នកទៅលើសេចក្ដីសន្យាទាំងនោះគឺខ្សោយ សាថាននិងពួកអ្នកដែលនៅក្រោមអំណាចរបស់វាងាយស្រួលធ្វើឲ្យអ្នកភ័យខ្លាច។ (សុភ. ២៤:១០; ហេ. ២:១៥) សូមលៃទុកពេលដើម្បីសិក្សាអំពីសេចក្ដីសន្យារបស់ព្រះស្ដីអំពីរាជាណាចក្រលោក និងមូលហេតុដែលអ្នកអាចជឿជាក់ថាសេចក្ដីសន្យាទាំងនោះនឹងក្លាយជាការពិត។ តើនេះនឹងជួយអ្នកយ៉ាងដូចម្ដេច? សូមពិចារណាអំពីគំរូរបស់បងប្រុសស្ទេនលី ចូនដែលបានជាប់គុកអស់រយៈពេល៧ឆ្នាំដោយសារជំនឿ។ តើអ្វីបានជួយគាត់ឲ្យស៊ូទ្រាំយ៉ាងស្មោះត្រង់? គាត់និយាយថា៖ «មូលហេតុដែលខ្ញុំមានជំនឿរឹងមាំគឺដោយសារខ្ញុំមានចំណេះអំពីរាជាណាចក្រព្រះ និងអ្វីដែលរាជាណាចក្រនោះនឹងសម្រេច ហើយខ្ញុំមិនមានការសង្ស័យទាល់តែសោះចំពោះរឿងនេះ។ យ៉ាងនេះ គ្មានអ្នកណាអាចធ្វើឲ្យខ្ញុំចាកចេញពីព្រះយេហូវ៉ាបានឡើយ»។ បើអ្នកមានជំនឿរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះ អ្នកនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចធ្វើឲ្យអ្នកឈប់បម្រើលោកឡើយ។—សុភ. ៣:២៥, ២៦ w១៩.០៧ ទំ. ២ វ. ១; ទំ. ៣ វ. ៦-៧
ថ្ងៃសៅរ៍ ទី១២ ខែមិថុនា
ពេលដែលអ្នករាល់គ្នាចូលក្នុងក្រុងឬភូមិណាមួយ ចូរស្វែងរកអ្នកណាដែលសមនឹងទទួលអ្នកជាភ្ញៀវ រួចចូរនៅជាមួយនឹងអ្នកនោះ រហូតដល់អ្នកចេញពីទីនោះ។—ម៉ាថ. ១០:១១
ហេតុអ្វីកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគឺសំខាន់ណាស់? ពីព្រោះមានតែអ្នកកាន់តាមគ្រិស្តប៉ុណ្ណោះដែលអាចធ្វើជាមិត្តសម្លាញ់របស់ព្រះ។ បន្ថែមទៅទៀត ពួកអ្នកដែលកាន់តាមគ្រិស្តមានជីវិតល្អប្រសើរជាងនៅឥឡូវនេះ ហើយមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគត។ (យ៉ូន. ១៤:៦; ១៧:៣) លោកយេស៊ូពិតជាបានផ្ដល់ឲ្យយើងនូវភារកិច្ចដ៏សំខាន់ ប៉ុន្តែយើងមិនធ្វើកិច្ចការនេះដោយខ្លួនឯងទេ។ សាវ័កប៉ូលបានសរសេរអំពីខ្លួនគាត់និងមិត្តជិតស្និទ្ធរបស់គាត់ថា៖ «យើងជាអ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) នេះពិតជាឯកសិទ្ធិដ៏ធំមួយដែលព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តបានឲ្យដល់មនុស្សមិនល្អឥតខ្ចោះ! បន្ថែមទៅទៀត កិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូអាចនាំឲ្យយើងមានអំណរក្រៃលែង។ ជំហានទី១ក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ គឺយើង«ស្វែងរក»មនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ។ យើងបង្ហាញថាយើងពិតជាសាក្សីព្រះយេហូវ៉ា ដោយផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលយើងជួប។ ម្យ៉ាងទៀត យើងបង្ហាញថាយើងជាគ្រិស្តសាសនិកពិតដោយធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើងផ្សព្វផ្សាយ។ w១៩.០៧ ទំ. ១៥ វ. ៣-៥
ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា
ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ។—សាស្ដ. ៧:១២
អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាងគេ គឺគោលការណ៍ដែលប្រកបដោយប្រាជ្ញាដែលមាននៅក្នុងគម្ពីរ។ នៅក្រុងញូវយ៉ក បងស្រីម្នាក់ដែលផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាចិនកុកងឺ និយាយថា៖ «ខ្ញុំព្យាយាមបង្ហាញចំណាប់អារម្មណ៍ចំពោះមនុស្ស ហើយស្ដាប់ពួកគេ។ បើខ្ញុំដឹងថាពួកគេជាជនអន្ដោប្រវេសន៍ ខ្ញុំប្រហែលជាសួរថា ‹តើការរើមកទីនេះយ៉ាងម៉េចដែរ? តើអ្នករកការងារបានហើយឬនៅ? តើមនុស្សនៅទីនេះបង្ហាញភាពរាក់ទាក់ចំពោះអ្នកទេ?›»។ ជួនកាលនេះបើកឱកាសឲ្យគាត់ចាប់ផ្ដើមនិយាយអំពីសេចក្ដីបង្រៀនណាមួយពីគម្ពីរ។ បើជាការសមរម្យ បងស្រីនោះបន្ថែមថា៖ «តើអ្នកគិតថាយើងអាចធ្វើអ្វីដើម្បីមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត? ខ្ញុំសុំបង្ហាញអ្នកនូវសុភាសិតមួយពីគម្ពីរ។ សុភាសិតនោះចែងថា៖ ‹ការចាប់ផ្ដើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង›។ តើអ្នកគិតថាយោបល់នេះអាចជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀតឬទេ?»។ (សុភ. ១៧:១៤) ការសន្ទនាបែបនេះអាចជួយយើងឲ្យសម្គាល់ថាអ្នកណាចង់ដឹងថែមទៀត។ w១៩.០៧ ទំ. ២៣ វ. ១៣
ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា
វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ។—សាស្ដ. ៤:១០
អ្វីដែលបងប្អូនដែលបានទទួលភារកិច្ចថ្មីត្រូវការខ្លាំងបំផុតគឺមិនមែនការអាណិតទេ គឺការយល់អារម្មណ៍របស់ពួកគេវិញ។ ពួកគេប្រហែលជាពិបាកប្រឈមមុខនឹងបញ្ហាសុខភាពរបស់ខ្លួនឬរបស់សាច់ញាតិ។ ពួកគេប្រហែលជាកើតទុក្ខដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់។ ម្យ៉ាងទៀត ទោះជាពួកគេមិនប្រាប់ក្ដី ពួកគេប្រហែលជាពិបាកចិត្តជាខ្លាំង ដោយសារពួកគេនឹកមិត្តភក្ដិនៅកន្លែងដែលពួកគេធ្លាប់បម្រើជាមួយគ្នា។ ពួកគេត្រូវការពេលដើម្បីយកឈ្នះអារម្មណ៍ទាំងនេះ ដែលអាចជាអារម្មណ៍ច្របូកច្របល់។ ទម្រាំដល់ពេលនោះ ជំនួយដែលអ្នកផ្ដល់ឲ្យ និងគំរូរបស់អ្នក អាចជួយពួកគេឲ្យចេះសម្របខ្លួននឹងកាលៈទេសៈថ្មី។ បងស្រីម្នាក់ដែលធ្លាប់បម្រើនៅប្រទេសក្រៅអស់ជាច្រើនឆ្នាំ និយាយថា៖ «ពីមុន ខ្ញុំធ្លាប់បង្រៀនសិស្សគម្ពីរជារៀងរាល់ថ្ងៃ តែពេលភារកិច្ចខ្ញុំបានផ្លាស់ប្ដូរ ខ្ញុំមិនសូវមានឱកាសបង្ហាញវីដេអូឬអានបទគម្ពីរក្នុងកិច្ចបម្រើផ្សាយទេ។ ប៉ុន្តែបងប្អូននៅក្រុមជំនុំថ្មីរបស់ខ្ញុំ បានអញ្ជើញខ្ញុំទៅការត្រឡប់ទៅជួបនិងបង្រៀនសិស្សគម្ពីរជាមួយនឹងពួកគេ។ នោះធ្វើឲ្យខ្ញុំកាន់តែមានទស្សនៈត្រឹមត្រូវ។ ខ្ញុំក៏បានរៀនអំពីរបៀបចាប់ផ្ដើមការសន្ទនាក្នុងតំបន់ផ្សាយថ្មីដែរ។ អ្វីទាំងអស់នេះបានជួយខ្ញុំឲ្យមានអំណរឡើងវិញ»។ w១៩.០៨ ទំ. ២២ វ. ១០; ទំ. ២៣-២៤ វ. ១៣-១៤
ថ្ងៃអង្គារ ទី១៥ ខែមិថុនា
ខ្ញុំសូមដាស់តឿនអឺរ៉ូឌានិងស៊ីនទីចឲ្យមានគំនិតស្របគ្នាក្នុងកិច្ចបម្រើលោកម្ចាស់។—ភី. ៤:២
ជួនកាលយើងពិបាកស្រឡាញ់បងប្អូនរបស់យើងដោយសារដូចអឺរ៉ូឌានិងស៊ីនទីច យើងផ្ដោតអារម្មណ៍ទៅលើកំហុសរបស់បងប្អូន។ យើងទាំងអស់គ្នាធ្វើខុសជារៀងរាល់ថ្ងៃ។ បើយើងផ្ដោតអារម្មណ៍ទៅលើការខុសឆ្គងរបស់អ្នកឯទៀត សេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេនឹងថយទៅ។ ជាឧទាហរណ៍ បើបងប្រុសម្នាក់ភ្លេចជួយយើងសម្អាតសាលប្រជុំ យើងប្រហែលជាខឹងគាត់។ បើយើងចាប់ផ្ដើមគិតអំពីកំហុសទាំងអស់របស់គាត់ យើងនឹងកាន់តែខឹង ហើយសេចក្ដីស្រឡាញ់របស់យើងចំពោះគាត់នឹងកាន់តែតិចទៅៗ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពស្រដៀងនឹងនេះ គឺជាការល្អដែលអ្នករំពឹងគិតអំពីចំណុចនេះថា ព្រះយេហូវ៉ាឃើញភាពមិនល្អឥតខ្ចោះរបស់យើងផងនិងរបស់បុគ្គលនោះផងដែរ។ ប៉ុន្តែ ទោះជាបុគ្គលនោះមានកំហុសក្ដី លោកនៅតែស្រឡាញ់បុគ្គលនោះ ហើយក៏នៅតែស្រឡាញ់យើងដែរ។ ហេតុនេះ យើងត្រូវមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា ហើយបន្តមានទស្សនៈត្រឹមត្រូវចំពោះបងប្អូនរបស់យើង។ ពេលយើងខំព្យាយាមស្រឡាញ់បងប្អូនរបស់យើង យើងកាន់តែមានសាមគ្គីភាពជាមួយនឹងពួកគេ។—ភី. ២:១, ២ w១៩.០៨ ទំ. ៩ វ. ៧-៨
ថ្ងៃពុធ ទី១៦ ខែមិថុនា
ព្រះ . . . ឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។—១ពេ. ៥:៥
ព្រះយេហូវ៉ាស្រឡាញ់មនុស្សដែលមានចិត្តរាបទាប។ មានតែពួកអ្នកដែលមានចិត្តរាបទាបពិតប្រាកដប៉ុណ្ណោះ អាចមានចំណងមិត្តភាពកក់ក្ដៅនិងជិតស្និទ្ធជាមួយនឹងលោក។ ផ្ទុយទៅវិញ «ព្រះប្រឆាំងមនុស្សក្រអឺតក្រទម»។ យើងទាំងអស់គ្នាចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីលោក ដូច្នេះយើងមានមូលហេតុល្អដើម្បីបណ្ដុះឲ្យមានចិត្តរាបទាប។ បុគ្គលដែលមានចិត្តរាបទាបមិនគិតថាខ្លួនសំខាន់ជាងអ្នកឯទៀតទេ។ គាត់ក៏មិនមានអំណួតដែរ។ គម្ពីរបង្ហាញថាមនុស្សដែលមានចិត្តរាបទាប មានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯងបើប្រៀបធៀបនឹងព្រះយេហូវ៉ានិងអ្នកឯទៀត។ មនុស្សដែលមានចិត្តរាបទាបទទួលស្គាល់ថាមនុស្សទាំងអស់គឺប្រសើរជាងគាត់តាមរបៀបណាមួយ។ (ភី. ២:៣, ៤) មនុស្សខ្លះមានចិត្តរាបទាបតែសម្បកក្រៅប៉ុណ្ណោះ។ ពួកគេប្រហែលជាមនុស្សអៀន ឬចេះបង្ហាញការគោរពនិងចេះគួរសម ដោយសារឪពុកម្ដាយរបស់ពួកគេបានបង្រៀនពួកគេឲ្យធ្វើដូច្នេះ។ ប៉ុន្តែតាមពិតនៅក្នុងចិត្ត ពួកគេប្រហែលជាមានអំណួត។ មិនយូរមិនឆាប់ ពួកគេនឹងបង្ហាញអំពីធាតុពិតរបស់ពួកគេ។—លូក. ៦:៤៥ w១៩.០៩ ទំ. ២ វ. ១, ៣-៤
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា
លោកសងសឹកពួកអ្នកដែល . . . មិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង។—២ថែ. ១:៨
«ដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង» រួមបញ្ចូលសេចក្ដីបង្រៀនទាំងអស់របស់លោកយេស៊ូ។ យើងស្ដាប់តាមដំណឹងល្អពេលយើងអនុវត្ដអ្វីទាំងនោះក្នុងជីវិតយើង។ នោះរួមបញ្ចូលការចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិត ការរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក និងការប្រកាសផ្សាយអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ៦:៣៣; ២៤:១៤) ម្យ៉ាងទៀត ការស្ដាប់តាមដំណឹងល្អនោះក៏រួមបញ្ចូលការគាំទ្របងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំង កាលដែលពួកគេបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរ។ (ម៉ាថ. ២៥:៣១-៤០) មិនយូរទៀត ពួកគេនឹងតបស្នងដល់«ចៀមឯទៀត»ចំពោះសេចក្ដីសប្បុរសដែលពួកគេបានទទួលពីចៀមឯទៀត។ (យ៉ូន. ១០:១៦) តើពួកគេនឹងធ្វើដូច្នេះយ៉ាងដូចម្ដេច? មុនសង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម សមាជិកទាំងអស់នៃពួក១៤៤.០០០នាក់នឹងត្រូវយកទៅស្ថានសួគ៌ជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ។ ក្រោយមក ពួកគេនឹងរួមចំណែកជាមួយកងទ័ពនៅស្ថានសួគ៌ដែលនឹងកម្ទេចកូក ហើយការពារ«មនុស្សមួយក្រុមធំ»ដែលជារាស្ដ្ររបស់ព្រះ។ (បប. ២:២៦, ២៧; ៧:៩, ១០) មនុស្សមួយក្រុមធំនឹងសប្បាយរីករាយដែលពួកគេបានគាំទ្រពួកអ្នកបម្រើដែលព្រះយេហូវ៉ាបានរើសតាំង កាលដែលពួកអ្នកទាំងនោះមិនទាន់ឡើងទៅស្ថានសួគ៌។ w១៩.០៩ ទំ. ១២-១៣ វ. ១៦-១៨
ថ្ងៃសុក្រ ទី១៨ ខែមិថុនា
អ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។—ម៉ាថ. ១១:២៩
ហេតុអ្វីយើងទទួលកម្លាំងចិត្តពេលយើងធ្វើកិច្ចការដែលលោកយេស៊ូបានឲ្យដល់យើង? នេះគឺដោយសារយើងមានអ្នកត្រួតពិនិត្យល្អបំផុត។ ព្រះយេហូវ៉ាដែលជាអ្នកត្រួតពិនិត្យដ៏ខ្ពង់ខ្ពស់បំផុតមិនមែនជាម្ចាស់ដែលរមិលគុណ ឬកាចសាហាវនោះទេ។ លោកឲ្យតម្លៃចំពោះកិច្ចការដែលយើងធ្វើ។ (ហេ. ៦:១០) ម្យ៉ាងទៀត លោកផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយើងអាចបំពេញភារៈរបស់យើង។ (២កូ. ៤:៧; កាឡ. ៦:៥) លោកយេស៊ូដែលជាស្ដេចរបស់យើង បានទុកគំរូដ៏ល្អឥតខ្ចោះអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត។ (យ៉ូន. ១៣:១៥) ម្យ៉ាងវិញទៀត ពួកអ្នកចាស់ទុំដែលឃ្វាលយើងជាហ្វូងចៀមរបស់ព្រះ ព្យាយាមយកតម្រាប់លោកយេស៊ូដែលជា«គង្វាលចៀមឧត្ដុង្គឧត្ដម»។ (ហេ. ១៣:២០; ១ពេ. ៥:២) ពួកគេខំព្យាយាមបង្ហាញចិត្តសប្បុរស ចិត្តក្លាហាន និងផ្ដល់ការលើកទឹកចិត្ត កាលដែលពួកគេថែរក្សានិងការពារយើង។ យើងក៏មានមិត្តល្អបំផុត។ គ្មានអ្នកណាដូចយើងទេ ព្រោះយើងមានមិត្តដែលស្រឡាញ់យើង និងមានកិច្ចការដែលធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារ។ យើងមានឯកសិទ្ធិធ្វើកិច្ចការជាមួយនឹងមនុស្សដែលមានសីលធម៌ខ្ពស់បំផុត តែមិនគិតថាពួកគេប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគេចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។ ពួកគេចាត់ទុកយើងជាមិត្តរបស់ពួកគេ មិនគ្រាន់តែជាអ្នករួមការងារប៉ុណ្ណោះទេ។ ម្យ៉ាងវិញទៀត សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះយើងគឺខ្លាំងដល់ម្ល៉េះបានជាពួកគេសុខចិត្តស្លាប់ដើម្បីយើង! w១៩.០៩ ទំ. ២០ វ. ១; ទំ. ២៣ វ. ១២-១៤
ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា
អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះ ថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួនដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះទេ។—១ថែ. ៥:៤
ក្នុងពាក្យដាស់តឿនរបស់ប៉ូល គាត់និយាយអំពី«ថ្ងៃរបស់ព្រះយេហូវ៉ា»។ (១ថែ. ៥:១-៦) ក្នុងបទគម្ពីរនេះ «ថ្ងៃរបស់ព្រះយេហូវ៉ា»សំដៅទៅលើគ្រាមួយដែលចាប់ផ្ដើមដោយការវាយប្រហារលើ«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក ហើយដែលបញ្ចប់ដោយសង្គ្រាមហាម៉ាគេដូន។ (បប. ១៦:១៤, ១៦; ១៧:៥) ប៉ូលក៏ប្រាប់យើងដែរអំពីអ្វីដែលយើងគួរធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់«ថ្ងៃរបស់ព្រះយេហូវ៉ា»។ យើងមិនគួរ«ដេកលង់លក់ដូចអ្នកឯទៀត»ទេ។ យើងត្រូវ«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»ក្នុងការរក្សាអព្យាក្រឹតភាព ដោយមិនរួមចំណែកក្នុងរឿងនយោបាយ។ បើយើងចូលរួមក្នុងរឿងបែបនោះ យើងកំពុង«រួមចំណែកក្នុងពិភពលោក»។ (យ៉ូន. ១៥:១៩) យើងដឹងថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលអាចធ្វើឲ្យមានសន្តិភាពទូទាំងពិភពលោក។ យើងក៏ត្រូវជួយអ្នកឯទៀតឲ្យភ្ញាក់ហើយដឹងខ្លួនដែរ ពោលគឺជួយពួកគេឲ្យរៀនអំពីអ្វីដែលគម្ពីរបានប្រាប់ទុកជាមុនថានឹងកើតឡើងក្នុងពិភពលោក។ កាលដែលគ្រាទុក្ខវេទនាជាខ្លាំងមកដល់ គឺហួសពេលដើម្បីឲ្យមនុស្សចាប់ផ្ដើមបម្រើព្រះយេហូវ៉ា។ នេះជាមូលហេតុដែលកិច្ចបម្រើផ្សាយរបស់យើងគឺជាកិច្ចការបន្ទាន់! w១៩.១០ ទំ. ៨ វ. ៣; ទំ. ៩ វ. ៥-៦
ថ្ងៃអាទិត្យ ទី២០ ខែមិថុនា
ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់នឹងពួកអ៊ីស្រាអែល នឹងពួកយូដា។—យេ. ៣៦:២
ក្រោយពីពួកគាត់បានសរសេររមូរនោះចប់ហើយ យេរេមាបានឲ្យបារូកដែលជាមិត្តសម្លាញ់របស់គាត់ប្រកាសដំណឹងក្នុងរមូរនោះ។ នេះបង្ហាញថាយេរេមាត្រូវតែទុកចិត្តបារូក។ (យេ. ៣៦:៥, ៦) ដោយចិត្តក្លាហាន បារូកបានបំពេញភារកិច្ចដែលនាំឲ្យមានគ្រោះថ្នាក់នេះ។ តើអ្នកអាចស្រមៃឃើញឬទេថា យេរេមាច្បាស់ជាមានមោទនភាពយ៉ាងណា ពេលដែលបារូកបានទៅទីធ្លាវិហារ ហើយបានធ្វើអ្វីដែលគាត់បានត្រូវសុំឲ្យធ្វើ? (យេ. ៣៦:៨-១០) ពួកចៅហ្វាយនៃស្រុកយូដាបានឮអំពីអ្វីដែលបារូកបានធ្វើ ហើយពួកគេបានបង្គាប់គាត់ឲ្យអានរមូរនោះឮៗឲ្យពួកគេស្ដាប់! (យេ. ៣៦:១៤, ១៥) ពួកចៅហ្វាយបានប្រាប់ស្ដេចយេហូយ៉ាគីមនូវអ្វីដែលយេរេមាបាននិយាយ។ ពេលស្ដេចយេហូយ៉ាគីមបានឮពាក្យដែលបានត្រូវសរសេរដោយយេរេមា គាត់ខឹងខ្លាំងដល់ម្ល៉េះបានជាគាត់ដុតរមូរនោះ ហើយបញ្ជាគេឲ្យចាប់ខ្លួនយេរេមានិងបារូក។ ក៏ប៉ុន្តែ យេរេមាបានយករមូរមួយទៀត រួចឲ្យទៅបារូក ហើយកាលដែលយេរេមាប្រាប់បារូកអំពីដំណឹងពីព្រះយេហូវ៉ា បារូកបាន«សរសេរទុកអស់ទាំងពាក្យនោះតាមមាត់យេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីមស្ដេចយូដា បានដុតចោលនោះ»។—យេ. ៣៦:២៦-២៨, ៣២ w១៩.១១ ទំ. ៣-៤ វ. ៤-៦
ថ្ងៃច័ន្ទ ទី២១ ខែមិថុនា
ព្រះគឺជាអ្នកដែលកំពុងមានសកម្មភាពក្នុងអ្នករាល់គ្នា . . . ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។—ភី. ២:១៣
ព្រះយេហូវ៉ាអាចទៅជាអ្វីណាក៏ដោយដែលចាំបាច់ដើម្បីសម្រេចគោលបំណងរបស់លោក។ ជាឧទាហរណ៍ តួនាទីមួយចំនួនរបស់ព្រះយេហូវ៉ា គឺលោកបានក្លាយទៅជាអ្នកបង្រៀន អ្នកសម្រាលទុក្ខ និងអ្នកផ្សព្វផ្សាយដំណឹងល្អជាដើម។ (អេ. ៤៨:១៧; ២កូ. ៧:៦; កាឡ. ៣:៨) ប៉ុន្តែ លោកច្រើនតែប្រើមនុស្សដើម្បីសម្រេចគោលបំណងរបស់លោក។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០; ២កូ. ១:៣, ៤) ព្រះយេហូវ៉ាក៏អាចផ្ដល់ឲ្យយើងម្នាក់ៗនូវប្រាជ្ញានិងកម្លាំងដែលយើងត្រូវការ ដើម្បីក្លាយទៅជាអ្វីដែលចាំបាច់ក្នុងការសម្រេចបំណងប្រាថ្នារបស់លោក។ តាមការយល់ដឹងរបស់បណ្ឌិតមួយចំនួន ឈ្មោះរបស់ព្រះយេហូវ៉ារួមបញ្ចូលអត្ថន័យនេះ។ យើងទាំងអស់គ្នាចង់ឲ្យព្រះយេហូវ៉ាប្រើយើងដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក ប៉ុន្តែអ្នកខ្លះប្រហែលជាសង្ស័យថាព្រះយេហូវ៉ាកំពុងប្រើពួកគេឬយ៉ាងណា។ ដោយសារអ្វី? គឺដោយសារពួកគេគិតថាអាយុ កាលៈទេសៈ ឬសមត្ថភាពរបស់ពួកគេ មិនអាចឲ្យពួកគេធ្វើច្រើនដូចដែលពួកគេចង់ធ្វើនោះទេ។ រីឯអ្នកខ្លះទៀត ប្រហែលជាគិតថាពួកគេកំពុងធ្វើគ្រប់គ្រាន់ហើយ ដូច្នេះពួកគេមិនចាំបាច់ធ្វើថែមទៀតឡើយ។ w១៩.១០ ទំ. ២០ វ. ១-២
ថ្ងៃអង្គារ ទី២២ ខែមិថុនា
ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង។—១ធី. ៦:១០
ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិអាចបង្វែរអារម្មណ៍យើង ហើយធ្វើឲ្យយើងលែងថែរក្សាខែលនៃជំនឿរបស់យើង។ សាវ័កប៉ូលបាននិយាយថា៖ «គ្មានទាហានណាម្នាក់ចូលប្រឡូកក្នុងជំនួញរបស់ជនស៊ីវិលទេ ព្រោះគាត់ចង់ធ្វើឲ្យអ្នកដែលបានចុះឈ្មោះគាត់ជាទាហានពេញចិត្តនឹងគាត់»។ (២ធី. ២:៤) តាមពិត ទាហានរ៉ូមមិនបានត្រូវអនុញ្ញាតឲ្យធ្វើការងារឬប្រកបមុខរបរផ្សេងទេ។ ដូចទាហានល្អ អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺការធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តដែលជាមេបញ្ជាការរបស់យើងសប្បាយចិត្ត។ ចំពោះយើង នេះមានតម្លៃជាងអ្វីៗដែលយើងអាចទទួលក្នុងពិភពលោករបស់សាថាន។ យើងធ្វើឲ្យប្រាកដថាយើងមានពេលនិងកម្លាំងដែលយើងត្រូវការដើម្បីបម្រើព្រះយេហូវ៉ា ហើយដើម្បីបន្តរក្សាខែលនៃជំនឿនិងគ្រឿងចម្បាំងឯទៀតដែលយើងទទួលពីលោកឲ្យនៅល្អ។ យើងត្រូវភ្ញាក់ដឹងខ្លួនជានិច្ច! ហេតុអ្វី? សាវ័កប៉ូលបានព្រមានថា៖ «អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន»នឹង«ត្រូវបង្វែរចេញពីជំនឿ»។—១ធី. ៦:៩, ១០ w១៩.១១ ទំ. ១៧ វ. ១២, ១៤-១៥
ថ្ងៃពុធ ទី២៣ ខែមិថុនា
នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម។—១ថែ. ៥:៣
ការប្រកាសអំពី«សន្តិភាពនិងសន្តិសុខ»នឹងកើតឡើងមុន«ថ្ងៃរបស់ព្រះយេហូវ៉ា»។ (១ថែ. ៥:១-៦) នៅថែស្សាឡូនិចទី១ ៥:២ «ថ្ងៃរបស់ព្រះយេហូវ៉ា»សំដៅលើ«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:១៤) តើយើងនឹងដឹងយ៉ាងដូចម្ដេចថាគ្រាទុក្ខវេទនាដ៏ខ្លាំងជិតចាប់ផ្ដើម? គម្ពីរប្រាប់យើងអំពីការប្រកាសដែលខុសពីធម្មតា។ ការប្រកាសនោះគឺជាសញ្ញាសម្គាល់អំពីទីចាប់ផ្ដើមនៃគ្រាទុក្ខវេទនាដ៏ខ្លាំង។ សេចក្ដីប្រកាសនោះគឺថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»។ តើអ្នកដឹកនាំសាសនានឹងរួមចំណែកក្នុងការប្រកាសនោះឬទេ? ប្រហែលជាដូច្នេះ។ ទោះជាយ៉ាងនោះក៏ដោយ សេចក្ដីប្រកាសនោះជាពាក្យកុហកដែលមកពីពួកវិញ្ញាណកំណាច។ ពាក្យកុហកនេះគឺជាអ្វីដែលនាំឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ពីព្រោះមនុស្សនឹងគិតថាពួកគេមានសុវត្ថិភាព តែតាមការពិតគ្រាទុក្ខវេទនាដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សហៀបនឹងចាប់ផ្ដើម។ ពេលដែលមានសេចក្ដីប្រកាសនោះ «នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន»។ ចុះយ៉ាងណាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា? តើនឹងមានអ្វីកើតឡើងចំពោះពួកគេ? ពួកគេប្រហែលជាភ្ញាក់ផ្អើល ដោយសារពួកគេមិនដឹងថាគ្រាទុក្ខវេទនាដ៏ខ្លាំងនឹងចាប់ផ្ដើមនៅពេលណាទេ តែពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រានោះ។ w១៩.០៩ ទំ. ៩ វ. ៧-៨
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា
មានពេលសំរាប់គ្រប់ទាំងអស់ . . . មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ។—សាស្ដ. ៣:១, ៦
ចូរមានគោលដៅជាក់លាក់ ពេលធ្វើការសម្រេចចិត្ត។ បើអ្នកមានគោលដៅជាក់លាក់ នោះនឹងស្រួលជាងឲ្យអ្នកសម្រេចគោលដៅទាំងនោះ។ ជាឧទាហរណ៍ អ្នកប្រហែលជាបានសម្រេចចិត្តអានគម្ពីរច្រើនដងជាង។ ប៉ុន្តែ បើអ្នកមិនមានកាលវិភាគជាក់លាក់ទេ អ្នកប្រហែលជាមិនសម្រេចគោលដៅរបស់អ្នកឡើយ។ ឬពួកអ្នកចាស់ទុំក្នុងក្រុមជំនុំប្រហែលជាសម្រេចចិត្តថានឹងទៅសួរសុខទុក្ខបងប្អូនញឹកញាប់ជាង ប៉ុន្តែទោះជាមួយរយៈពេលបានកន្លងទៅហើយក្ដី ពួកគេមិនបានធ្វើតាមការសម្រេចនោះទេ។ ដើម្បីទទួលជោគជ័យ ពួកគេអាចសួរសំណួរដូចតទៅនេះ៖ «តើយើងបានធ្វើបញ្ជីមួយអំពីបងប្អូនដែលនឹងទទួលប្រយោជន៍ច្រើនបំផុតពីការទៅសួរសុខទុក្ខរបស់យើងក្នុងនាមជាគង្វាលឬទេ? តើយើងបានកំណត់ពេលវេលាជាក់លាក់ ដើម្បីទៅសួរសុខទុក្ខពួកគេឬទេ?»។ ម្យ៉ាងទៀត ចូរធ្វើជាមនុស្សសមហេតុផល។ គ្មានយើងណាម្នាក់មានពេលវេលា ធនធាន ឬកម្លាំងដើម្បីធ្វើអ្វីៗទាំងអស់ដែលយើងចង់ធ្វើនោះទេ។ ដូច្នេះ ចូរធ្វើជាមនុស្សសមហេតុផល។ ពេលចាំបាច់ អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្តដែលអ្នកគិតថាអ្នកមិនអាចសម្រេចបាន។ w១៩.១១ ទំ. ២៩ វ. ១១-១២
ថ្ងៃសុក្រ ទី២៥ ខែមិថុនា
អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម។—បប. ៧:១៤
ទំនាយមួយដែលរៀបរាប់អំពីជីវិតនៅលើផែនដីនាពេលអនាគត គឺនៅអេសាយ ៦៥:២១-២៣។ យើងនឹងមិនខ្ជិល ហើយមិនមែនពុំធ្វើអ្វីសោះនោះទេ។ ផ្ទុយទៅវិញ គម្ពីរបញ្ជាក់ថារាស្ដ្ររបស់ព្រះនៅពេលនោះនឹងធ្វើកិច្ចការដែលមានប្រយោជន៍និងដែលធ្វើឲ្យស្កប់ចិត្ត។ បន្ទាប់ពីការគ្រប់គ្រងមួយពាន់ឆ្នាំ យើងអាចប្រាកដថា«អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:២១) ដូចដែលព្រះយេហូវ៉ាបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលមានតុល្យភាពចំពោះការងារនិងការសម្រាក នោះលោកនឹងធ្វើដូចគ្នាចំពោះរាស្ដ្ររបស់លោកដែលនៅក្រោមការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ យើងពិតជានឹងមានពេលសម្រាប់សកម្មភាពផ្សេងៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ គន្លឹះដែលនាំឲ្យមានសុភមង្គលនៅសព្វថ្ងៃនេះគឺការគោរពប្រណិប័តន៍ព្រះ ហើយនៅពិភពលោកថ្មីយើងច្បាស់ជានឹងមានពេលដើម្បីធ្វើដូច្នោះ។ មនុស្សស្មោះត្រង់ទាំងអស់នឹងអរសប្បាយក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត ដោយសារយើងទាំងអស់គ្នានឹងមានកិច្ចការដែលគាប់ចិត្ត ហើយក៏នឹងបម្រើព្រះ។ w១៩.១២ ទំ. ១៣ វ. ១៥, ១៧-១៨
ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា
សេចក្ដីទាំងនេះ . . . ត្រូវនៅជាប់ក្នុងចិត្តឯងចុះ [ហើយ]ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង។—ចោ. ៦:៦, ៧
ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ប្រិតប្រៀន» មានន័យថា«បង្រៀននិងរំឭកជារឿយៗ»។ ដើម្បីធ្វើដូច្នេះ ឪពុកម្ដាយត្រូវចំណាយពេលជាទៀងទាត់ជាមួយនឹងកូនរបស់ពួកគេ។ ពេលខ្លះ ឪពុកម្ដាយប្រហែលជាតឹងទ្រូង ដោយសារពួកគេត្រូវប្រាប់កូនម្ដងហើយម្ដងទៀតអំពីអ្វីដែលកូនគួរធ្វើ។ ក៏ប៉ុន្តែ ឪពុកម្ដាយអាចព្យាយាមចាត់ទុកថានេះជាឱកាសមួយដើម្បីជួយកូនរបស់ពួកគេឲ្យយល់និងធ្វើតាមបណ្ដាំរបស់ព្រះ។ ដូច្នេះ ចូរស្គាល់កូនឲ្យបានច្បាស់។ ទំនុកតម្កើង ១២៧ ប្រៀបប្រដូចកូនទៅនឹងព្រួញ។ (ទំនុក. ១២៧:៤) ដូចព្រួញអាចធ្វើពីអ្វីផ្សេងៗនិងមានទំហំខុសៗគ្នា នោះកូនម្នាក់ៗមិនដូចគ្នាទេ។ ដូច្នេះ ឪពុកម្ដាយត្រូវស្វែងយល់ថានឹងបង្ហាត់បង្រៀនកូនម្នាក់ៗយ៉ាងណា។ ប្ដីប្រពន្ធមួយគូពីប្រទេសអ៊ីស្រាអែលនៅសម័យនេះ ដែលបានចិញ្ចឹមអប់រំកូនពីរនាក់ដោយជោគជ័យឲ្យបម្រើព្រះយេហូវ៉ា ប្រាប់អំពីអ្វីដែលបានជួយពួកគេ។ ពួកគេនិយាយថា៖ «យើងបានបង្រៀនគម្ពីរដល់កូនយើងនៅពេលផ្សេងពីគ្នា»។ ប្រមុខក្រុមគ្រួសារនីមួយៗនឹងសម្រេចចិត្តថាតើពួកគេអាចឬចាំបាច់បង្រៀនកូនតាមរបៀបនេះឬយ៉ាងណា។ w១៩.១២ ទំ. ២៦ វ. ១៨-២០
ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា
អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ។—ម៉ាថ. ៧:១២
ពេលយើងកំពុងប្រឈមមុខនឹងការលំបាក យើងឲ្យតម្លៃចំពោះពួកអ្នកដែលស្នើសុំជួយយើង! ឪពុករបស់បងប្រុសម្នាក់ឈ្មោះរ៉ាយអិនបានស្លាប់ភ្លាមៗក្នុងគ្រោះថ្នាក់ដ៏គួរឲ្យខ្លោចផ្សាមួយ គាត់និយាយថា៖ «រាល់ថ្ងៃ មានអ្វីជាច្រើនដែលយើងធ្វើជាធម្មតា តែវាបែរជាពិបាកធ្វើពេលយើងកំពុងកើតទុក្ខ។ ការផ្ដល់ជំនួយ សូម្បីតែតិចតួចក៏មានប្រយោជន៍ច្រើនណាស់»។ សូមចាំជានិច្ចថាអ្នកអាចសម្រាលទុក្ខអ្នកឯទៀតខ្លាំងណាស់ ពេលអ្នកធ្វើអ្វីៗដើម្បីជួយពួកគេ ទោះជាអ្វីនោះសាមញ្ញឬតូចតាចក៏ដោយ។ ម៉ាកុសជាគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលជាប់រវល់ណាស់។ ក៏ប៉ុន្តែ ម៉ាកុសបានលៃទុកពេលដើម្បីសម្រាលទុក្ខសាវ័កប៉ូល ហើយប៉ូលមានអារម្មណ៍ស្រួលក្នុងការសុំជំនួយពីគាត់។ បងស្រីអេនចឺឡាដែលមានសមាជិកក្រុមគ្រួសារបានស្លាប់យ៉ាងអាណោចអាធ័ម ឲ្យតម្លៃចំពោះបងប្អូនដែលស្ម័គ្រចិត្តជួយសម្រាលទុក្ខគាត់។ គាត់និយាយថា៖ «ពេលមិត្តចង់ជួយយើងដោយចិត្តស្មោះ យើងស្រួលទាក់ទងពួកគេ។ ពួកគេមើលទៅមិនស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយឡើយ»។ យើងអាចសួរខ្លួនយើងថា ‹តើអ្នកឯទៀតស្គាល់ខ្ញុំថាខ្ញុំជាមនុស្សដែលពេញចិត្តជួយសម្រាលទុក្ខបងប្អូនរួមជំនឿតាមរបៀបផ្សេងៗឬទេ?›។ w២០.០១ ទំ. ១១-១២ វ. ១៤-១៦
ថ្ងៃច័ន្ទ ទី២៨ ខែមិថុនា
អ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងរបស់លោកម្ចាស់ដោយខ្លួនមិនសមនឹងទទួលអ្នកនោះនឹងមានទោស។—១កូ. ១១:២៧
តើបុគ្គលដែលបានត្រូវរើសតាំងអាចបរិភោគវត្ថុតំណាងនៅពិធីរំលឹក«ដោយខ្លួនមិនសមនឹងទទួល»ក្នុងន័យយ៉ាងណា? គឺក្នុងន័យថាគាត់បរិភោគវត្ថុតំណាង តែមិនធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ (ហេ. ៦:៤-៦; ១០:២៦-២៩) ពួកអ្នកដែលព្រះបានរើសតាំងទទួលស្គាល់ថាពួកគេត្រូវនៅស្មោះត្រង់ បើពួកគេចង់ទទួល«រង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ»។ (ភី. ៣:១៣-១៦) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកឲ្យមានចិត្តរាបទាប មិនមែនមានអំណួតទេ។ (អេភ. ៤:១-៣; កូឡ. ៣:១០, ១២) ហេតុនេះ ពួកអ្នកដែលបានត្រូវរើសតាំងមិនគិតថាពួកគេល្អប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគេដឹងថាព្រះយេហូវ៉ាមិនចាំបាច់ឲ្យសកម្មពលបរិសុទ្ធដល់អ្នកដែលបានត្រូវរើសតាំងច្រើនជាងឲ្យអ្នកបម្រើឯទៀតរបស់លោកទេ។ ម្យ៉ាងទៀត ពួកគេមិនគិតថាពួកគេយល់សេចក្ដីពិតពីគម្ពីរជ្រាលជ្រៅជាងអ្នកផ្សេងទៀតឡើយ។ ណាមួយទៀត ពួកគេនឹងមិនប្រាប់អ្នកណាម្នាក់ទៀតថាគាត់ក៏បានត្រូវរើសតាំងដែរ ហើយគួរចាប់ផ្ដើមបរិភោគវត្ថុតំណាងនៅពិធីរំលឹកឡើយ។ ផ្ទុយទៅវិញ ពួកគេមានចិត្តរាបទាប ហើយដឹងថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចអញ្ជើញមនុស្សឲ្យទៅស្ថានសួគ៌។ w២០.០១ ទំ. ២៧ វ. ៤-៥
ថ្ងៃអង្គារ ទី២៩ ខែមិថុនា
ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ។—យ៉ា. ៤:៨
ព្រះយេហូវ៉ាចង់ឲ្យយើងចូលទៅជិតលោក ហើយប្រាស្រ័យទាក់ទងជាមួយនឹងលោក។ លោកលើកទឹកចិត្តយើងឲ្យ«តស៊ូក្នុងការអធិដ្ឋាន» ហើយលោកស្ដាប់យើងនៅគ្រប់ពេលវេលា។ (រ៉ូម ១២:១២) លោកមិនដែលជាប់រវល់ពេកឬអស់កម្លាំងពេក រហូតដល់មិនអាចស្ដាប់យើងនោះទេ។ រីឯយើងវិញ យើងស្ដាប់លោកដោយអានគម្ពីរដែលជាបណ្ដាំរបស់លោក ព្រមទាំងសៀវភៅផ្សេងៗដែលជួយយើងឲ្យយល់គម្ពីរ។ យើងក៏ស្ដាប់លោក ដោយយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំរបស់យើង។ ការប្រាស្រ័យទាក់ទងជារឿយៗជាមួយនឹងព្រះយេហូវ៉ា ជួយយើងឲ្យបន្តនៅជិតស្និទ្ធនឹងលោក។ ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើង។ (ទំនុក. ៦២:៨) យើងគួរសួរខ្លួនយើងនូវសំណួរនេះថា ‹តើខ្ញុំមិនសូវអធិដ្ឋានចេញពីចិត្ត ឬតើខ្ញុំអធិដ្ឋានអស់ពីចិត្ត?›។ អ្នកច្បាស់ជាស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយចង់រក្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោកឲ្យរឹងមាំ។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវប្រាស្រ័យទាក់ទងជាមួយនឹងលោកជារឿយៗ។ ចូរប្រាប់លោកអំពីអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់អ្នក។ ចូរប្រាប់លោកអំពីអ្វីដែលនាំឲ្យអ្នកមានអំណរ និងអ្វីដែលធ្វើឲ្យអ្នកខ្វល់ខ្វាយឬកើតទុក្ខ។ ចូរមានទំនុកចិត្តថាអ្នកអាចសុំជំនួយពីលោក។ w២០.០២ ទំ. ៩ វ. ៤-៥
ថ្ងៃពុធ ទី៣០ ខែមិថុនា
ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា។—១ពេ. ៥:២
ព្រះយេហូវ៉ាបានប្រគល់ភារកិច្ចដ៏សំខាន់ដល់ពួកអ្នកចាស់ទុំក្នុងការថែទាំរាស្ដ្ររបស់លោក។ អ្នកចាស់ទុំអាចរៀនច្រើនពេលពិចារណាអំពីរបៀបដែលនេហេមាប្រព្រឹត្តចំពោះរាស្ដ្ររបស់ព្រះយេហូវ៉ា។ ក្នុងនាមជាអភិបាលស្រុកយូដា នេហេមាមានអំណាចច្រើន។ (នេហ. ១:១១; ២:៧, ៨; ៥:១៤) សូមស្រមៃគិតអំពីការពិបាកខ្លះដែលនេហេមាជួបប្រទះ។ គាត់បានដឹងថាបណ្ដាជនធ្វើអ្វីដែលមិនស្អាតបរិសុទ្ធនៅវិហាររបស់ព្រះ ហើយពួកគេមិនផ្គត់ផ្គង់ពួកលេវីដូចដែលច្បាប់របស់ព្រះបានតម្រូវឡើយ។ ជនជាតិយូដាបានបំពានច្បាប់ថ្ងៃឈប់សម្រាក ហើយបុរសខ្លះបានរៀបការជាមួយស្ត្រីពីប្រជាជាតិដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ អភិបាលនេហេមាត្រូវដោះស្រាយបញ្ហាទាំងនេះ។ (នេហ. ១៣:៤-៣០) នេហេមាមិនបានប្រើអំណាចរបស់គាត់ដើម្បីបង្ខំរាស្ត្រព្រះឲ្យធ្វើតាមគំនិតរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្តសុំការណែនាំពីព្រះយេហូវ៉ា ហើយគាត់បានបង្រៀនច្បាប់លោកដល់បណ្ដាជន។ (នេហ. ១:៤-១០; ១៣:១-៣) នេហេមាក៏រួមការងារជាមួយនឹងបណ្ដាជនក្នុងការសាងសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។—នេហ. ៤:១៥ w១៩.០៩ ទំ. ១៥-១៦ វ. ៩-១០