ខែកក្កដា
ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា
ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា។—ភី. ៤:៦
ពេលអ្នកឯទៀតនិយាយដោយគ្មានមេត្តាឬប្រព្រឹត្តដោយមិនសប្បុរសមកលើយើង នោះប្រហែលជាធ្វើឲ្យយើងមានទុក្ខកង្វល់។ យើងឈឺចិត្តខ្លាំងបំផុតបើបុគ្គលនោះ គឺជាមិត្តជិតស្និទ្ធឬសាច់ញាតិរបស់យើង។ ពេលយើងកើតទុក្ខ យើងអាចរៀនច្រើនពីគំរូនៅក្នុងគម្ពីររបស់ហាណា។ ប្រពន្ធទី២របស់ប្ដីគាត់បានរុកកួនគាត់យ៉ាងខ្លាំង។ (១សាំ. ១:១២) ដូចហាណា យើងក៏អាចនិយាយទៅកាន់ព្រះយេហូវ៉ាយ៉ាងយូរ ដោយប្រាប់លោកអំពីទុក្ខកង្វល់ និងការភ័យខ្លាចរបស់យើង។ ក្នុងសេចក្ដីអធិដ្ឋាន យើងមិនចាំបាច់រៀបពាក្យនិយាយយ៉ាងល្អឥតខ្ចោះ ឬប្រើពាក្យវប្បធម៌ឡើយ។ ពេលខ្លះ យើងប្រហែលជាថែមទាំងស្រក់ទឹកភ្នែកពេលយើងប្រាប់ព្រះយេហូវ៉ាអំពីទុក្ខព្រួយរបស់យើង។ ទោះជាដូច្នេះក៏ដោយ ព្រះយេហូវ៉ាមិនធុញទ្រាន់នឹងស្ដាប់យើងទេ។ ក្រៅពីការអធិដ្ឋានអំពីបញ្ហារបស់យើង យើងត្រូវចងចាំយោបល់ដែលបានត្រូវកត់ទុកនៅភីលីព ៤:៦, ៧។ សាវ័កប៉ូលបានលើកបញ្ជាក់ថាយើងគួរអធិដ្ឋានអរគុណព្រះយេហូវ៉ា។ យើងមានមូលហេតុជាច្រើនដើម្បីអរគុណព្រះយេហូវ៉ា។ នេះរួមបញ្ចូលជីវិតដែលយើងទទួលពីលោក អ្វីដ៏ស្រស់ស្អាតដែលលោកបានបង្កើត សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក និងសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលលោកបានផ្ដល់ឲ្យយើង។ w២០.០២ ទំ. ២១ វ. ៣; ទំ. ២២ វ. ៦
ថ្ងៃសុក្រ ទី២ ខែកក្កដា
មានពេល . . . សំរាប់និយាយ។—សាស្ដ. ៣:១, ៧
សមត្ថភាពនិយាយគឺជាអំណោយមួយពីព្រះយេហូវ៉ា។ (និក្ខ. ៤:១០, ១១; បប. ៤:១១) ក្នុងបណ្ដាំរបស់លោក លោកជួយយើងឲ្យយល់អំពីរបៀបដែលយើងអាចប្រើអំណោយនោះយ៉ាងត្រឹមត្រូវ។ យើងគួរប្រុងប្រៀបជានិច្ចដើម្បីនិយាយអំពីព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក។ (ម៉ាថ. ២៤:១៤; រ៉ូម ១០:១៤) យ៉ាងនេះ យើងយកតម្រាប់លោកយេស៊ូ។ មូលហេតុចម្បងមួយដែលលោកយេស៊ូមកផែនដីគឺដើម្បីប្រាប់អ្នកឯទៀតអំពីបិតាលោក។ (យ៉ូន. ១៨:៣៧) ប៉ុន្តែ យើងក៏ត្រូវចាំថា របៀបដែលយើងនិយាយក៏សំខាន់ដែរ។ ម្ល៉ោះហើយ ពេលយើងនិយាយជាមួយនឹងអ្នកឯទៀតអំពីព្រះយេហូវ៉ា យើងត្រូវធ្វើដូច្នេះ«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ» ហើយយើងក៏គួរគិតអំពីអារម្មណ៍និងជំនឿរបស់អ្នកឯទៀតដែរ។ (១ពេ. ៣:១៥) យ៉ាងនេះ យើងមិនគ្រាន់តែនិយាយជាមួយនឹងបុគ្គលណាម្នាក់ទេ តែយើងក៏បង្រៀនអ្នកនោះ និងប្រហែលជាថែមទាំងឲ្យអ្វីដែលយើងនិយាយមានឥទ្ធិពលលើចិត្តរបស់អ្នកនោះទៀតផង។ ពួកអ្នកចាស់ទុំមិនគួរស្ទាក់ស្ទើរនិយាយឡើយ បើពួកគេឃើញថាបងប្អូនណាម្នាក់ត្រូវការឱវាទ។ ពួកគេច្បាស់ជារកពេលល្អនិយាយជាមួយនឹងអ្នកនោះ ដើម្បីមិនធ្វើឲ្យគាត់ខ្មាសគេ។ w២០.០៣ ទំ. ១៨ វ. ២-៤
ថ្ងៃសៅរ៍ ទី៣ ខែកក្កដា
[ចូរ]អធិដ្ឋានជានិច្ច។—ម៉ាថ. ២៦:៤១
តើយើងអាចអធិដ្ឋានអំពីរឿងអ្វីខ្លះ? យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យ«ផ្ដល់ជំនឿមកយើងថែមទៀត»។ (លូក. ១៧:៥; យ៉ូន. ១៤:១) យើងត្រូវមានជំនឿដោយសារសាថាននឹងល្បងលអស់អ្នកដែលកាន់តាមលោកយេស៊ូ។ (លូក. ២២:៣១) តើជំនឿនឹងជួយយើងយ៉ាងដូចម្ដេច? កាលដែលយើងបានខំអស់ពីសមត្ថភាពដើម្បីយកឈ្នះទុក្ខលំបាកណាមួយ ជំនឿនឹងជួយយើងឲ្យឈប់ខ្វល់ខ្វាយ ដោយសារយើងដឹងថាព្រះយេហូវ៉ានឹងដោះស្រាយបញ្ហានោះនៅពេលត្រឹមត្រូវ។ យើងមានទំនុកចិត្តថាលោកអាចដោះស្រាយបញ្ហារបស់យើងបានល្អប្រសើរជាងយើង ដូច្នេះយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត។ (១ពេ. ៥:៦, ៧) សេចក្ដីអធិដ្ឋានជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាយើងមានទុក្ខលំបាកអ្វីក៏ដោយ។ សូមគិតអំពីគំរូរបស់បងប្រុសរ៉ូបឺតដែលជាអ្នកចាស់ទុំដ៏ស្មោះត្រង់ម្នាក់ដែលឥឡូវមានអាយុ៨០ឆ្នាំជាង។ គាត់និយាយថា៖ «យោបល់នៅភីលីព ៤:៦, ៧បានជួយខ្ញុំឲ្យយកឈ្នះទុក្ខលំបាកជាច្រើនក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់មានបញ្ហាលុយកាក់ ហើយក៏បានបាត់បង់ឯកសិទ្ធិបម្រើជាអ្នកចាស់ទុំអស់មួយរយៈ»។ តើអ្វីបានជួយបងរ៉ូបឺតឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត? គាត់និយាយថា៖ «ខ្ញុំអធិដ្ឋានពេលខ្ញុំចាប់ផ្ដើមខ្វល់ខ្វាយ។ ខ្ញុំជឿថាកាលដែលខ្ញុំអធិដ្ឋានកាន់តែច្រើននិងអស់ពីចិត្ត ខ្ញុំកាន់តែមានសេចក្ដីសុខសាន្តក្នុងចិត្ត»។ w១៩.០៤ ទំ. ៩-១០ វ. ៥-៧
ថ្ងៃអាទិត្យ ទី៤ ខែកក្កដា
ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ។—ទំនុក. ៥១:៤
ការបៀតបៀនកេរ្ដិ៍ខ្មាសកុមារជាអំពើខុសឆ្គងចំពោះព្រះ។ ពេលមនុស្សប្រព្រឹត្តអំពើខុសឆ្គងចំពោះមនុស្សម្នាក់ទៀត គាត់ប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះយេហូវ៉ា។ សូមគិតអំពីឧទាហរណ៍មួយពីច្បាប់ដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែល។ ច្បាប់នោះចែងថាបើបុគ្គលណាម្នាក់រំលោភលើទំនុកចិត្តអ្នកជិតខាងខ្លួនដោយលួចឬកេងប្រវ័ញ្ចយកទ្រព្យ អ្នកនោះ«ប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា»។ (លេវី. ៦:២-៤) ដូច្នេះ ទម្រាំតែបងប្អូនណាម្នាក់ក្នុងក្រុមជំនុំរំលោភលើទំនុកចិត្តរបស់កុមារដោយបៀតបៀនកេរ្ដិ៍ខ្មាស អ្នកនោះប្រាកដជាបានប្រព្រឹត្តរំលងចំពោះព្រះហើយ។ អ្នកប្រព្រឹត្តអំពើបែបនេះធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាអាប់ឱនជាខ្លាំង។ យ៉ាងនេះ យើងត្រូវចាត់ទុកការបៀតបៀនកេរ្ដិ៍ខ្មាសកុមារជាអំពើខុសឆ្គងដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះ។ អត្ថបទក្នុងទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! បានរៀបរាប់អំពីអ្វីដែលជនរងគ្រោះអាចធ្វើស្ដីអំពីការឈឺចាប់ខាងផ្លូវចិត្ត របៀបដែលអ្នកឯទៀតអាចជួយនិងលើកទឹកចិត្តពួកគេ និងរបៀបដែលឪពុកម្ដាយអាចការពារកូន។ ពួកអ្នកចាស់ទុំទទួលការបង្ហាត់បង្រៀនល្អិតល្អន់ដែលមានមូលដ្ឋានលើគម្ពីរ ស្ដីអំពីអ្វីដែលពួកគាត់ត្រូវធ្វើពេលមានការបៀតបៀនកេរ្ដិ៍ខ្មាសកុមារ។ អង្គការរបស់ព្រះបន្តពិនិត្យពិចារណាឡើងវិញអំពីអ្វីដែលក្រុមជំនុំគួរធ្វើពេលមានការបៀតបៀនកេរ្ដិ៍ខ្មាសកុមារ។ w១៩.០៥ ទំ. ៩ វ. ៨-៩
ថ្ងៃច័ន្ទ ទី៥ ខែកក្កដា
តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី?—អេ. ៨:១៩
បណ្ដាំរបស់ព្រះប្រៀបដូចជាដាវមុតដែលអាចបកអាក្រាតការកុហកដែលសាថានលើកស្ទួយ។ (អេភ. ៦:១៧) ជាឧទាហរណ៍ បណ្ដាំរបស់ព្រះបកអាក្រាតការកុហកដែលថាមនុស្សស្លាប់អាចប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដែលនៅរស់។ (ទំនុក. ១៤៦:៤) បណ្ដាំរបស់លោកក៏រំលឹកយើងដែរថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះអាចប្រាប់នូវអ្វីដែលគួរឲ្យទុកចិត្តអំពីអនាគត។ (អេ. ៤៥:២១; ៤៦:១០) បើយើងអានបណ្ដាំរបស់ព្រះនិងរំពឹងគិតអំពីអ្វីដែលយើងបានអានជាទៀងទាត់ យើងនឹងស្អប់ការកុហកដែលសាថាននិងពួកវិញ្ញាណទុច្ចរិតចង់ឲ្យយើងជឿ ហើយយើងក៏នឹងមានសមត្ថភាពទប់ទល់នឹងការកុហករបស់ពួកវាដែរ។ ដូច្នេះ ចូរកុំធ្វើអ្វីណាដែលជាប់ទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ ដោយសារយើងជាគ្រិស្តសាសនិកពិត យើងមិនធ្វើអ្វីណាដែលជាប់ទាក់ទងនឹងពួកវិញ្ញាណកំណាចទាល់តែសោះ។ ជាឧទាហរណ៍ យើងមិនទៅរកគ្រូខាប ឬព្យាយាមប្រាស្រ័យទាក់ទងនឹងមនុស្សស្លាប់តាមរបៀបណាមួយឡើយ។ យើងជៀសវាងពីទំនៀមទម្លាប់ដែលមានមូលដ្ឋានលើជំនឿថាមនុស្សស្លាប់នៅតែបន្តរស់នៅក្នុងភពផ្សេងទៀត។ ម្យ៉ាងទៀត យើងមិនធ្វើការទស្សន៍ទាយឬហោរាសាស្ត្រដើម្បីដឹងអំពីអនាគតឡើយ។ យើងដឹងថាការប្រព្រឹត្តទាំងអស់នោះនាំឲ្យមានគ្រោះថ្នាក់ ហើយក៏អាចនាំឲ្យយើងទាក់ទងជាមួយនឹងសាថាននិងពួកវិញ្ញាណកំណាច។ w១៩.០៤ ទំ. ២១-២២ វ. ៨-៩
ថ្ងៃអង្គារ ទី៦ ខែកក្កដា
ព្រះបានទុកឲ្យពួកគេប្រព្រឹត្តអំពើស្មោកគ្រោកតាមចិត្តពួកគេប៉ងប្រាថ្នា។—រ៉ូម ១:២៤
មនុស្សដែលមានទស្សនៈស្របតាមប្រាជ្ញារបស់ពិភពលោកនេះ មើលងាយខ្នាតតម្រាសីលធម៌របស់ព្រះដែលមានក្នុងគម្ពីរ ដោយអះអាងថានោះគឺមិនសមហេតុផលទេ។ ពួកគេប្រហែលជាសួរថា ‹ហេតុអ្វីព្រះបង្កើតយើងឲ្យមានសេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទ ហើយក្រោយមកប្រាប់យើងឲ្យទប់ចិត្តទៅវិញ?›។ ពួកគេសួរដូច្នេះដោយសារពួកគេយល់មិនត្រឹមត្រូវថាមនុស្សគួរធ្វើតាមសេចក្ដីប៉ងប្រាថ្នាទាំងអស់ដែលពួកគេមាន។ ប៉ុន្តែ គម្ពីរចែងផ្ទុយពីនេះ។ ព្រះគិតអំពីភាពថ្លៃថ្នូររបស់មនុស្សដោយបង្រៀនយើងតាមរយៈគម្ពីរថាយើងអាចតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដែលនាំឲ្យធ្វើខុស។ (កូឡ. ៣:៥) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានរៀបចំឲ្យមានអាពាហ៍ពិពាហ៍ដែលជាអំណោយពីលោក ដើម្បីឲ្យមនុស្សបំពេញសេចក្ដីប៉ងប្រាថ្នាត្រឹមត្រូវខាងការរួមភេទតាមរបៀបដែលថ្លៃថ្នូរ។ (១កូ. ៧:៨, ៩) ផ្ទុយពីប្រាជ្ញារបស់ពិភពលោកនេះ គម្ពីរជួយមនុស្សឲ្យមានទស្សនៈត្រឹមត្រូវចំពោះការរួមភេទ។ គម្ពីរចែងថាការរួមភេទអាចនាំឲ្យសប្បាយរីករាយ។ (សុភ. ៥:១៨, ១៩) ប៉ុន្តែ គម្ពីរក៏ចែងដែរថា៖ «[ចូរ]ឲ្យអ្នករាល់គ្នាម្នាក់ៗចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយសេចក្ដីបរិសុទ្ធនិងកិត្តិយស មិនមែនដោយលោភលន់ក្នុងចំណង់ផ្លូវភេទ»។—១ថែ. ៤:៤, ៥ w១៩.០៥ ទំ. ២២-២៣ វ. ៧-៩
ថ្ងៃពុធ ទី៧ ខែកក្កដា
ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ . . . ឯង នឹងពួកកកកុញទាំងប៉ុន្មានរបស់ឯងព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ។—អេស. ៣៨:៩
ព្រះនឹងមិនអនុញ្ញាតឲ្យប្រជាជាតិនានាបំផ្លាញរាស្ដ្ររបស់លោកឡើយ។ ហេតុអ្វី? ពីព្រោះរាស្ដ្ររបស់ព្រះមានមោទនភាពធ្វើជាតំណាងនាមរបស់លោក ហើយពួកគេបានធ្វើតាមបង្គាប់របស់លោកដែលឲ្យចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ (សកម្ម. ១៥:១៦, ១៧; បប. ១៨:៤) ពួកគេក៏បានខំជួយអ្នកឯទៀតឲ្យចេញពីនាងដែរ។ ហេតុនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ានឹងមិន«ទទួលចំណែកពីសេចក្ដីវេទនារបស់នាង»ទេ។ ទោះជាយ៉ាងនេះក្ដី ពួកគេត្រូវមានជំនឿរឹងមាំដើម្បីប្រឈមមុខចំពោះអ្វីដែលនឹងកើតឡើងក្រោយមក។ (អេស. ៣៨:២, ៨) បន្ទាប់ពីសាសនាមិនពិតទាំងអស់បានត្រូវបំផ្លាញចោល នោះនៅសល់តែសាសនាមួយប៉ុណ្ណោះលើផែនដី គឺអ្នកបម្រើរបស់ព្រះយេហូវ៉ា។ សាថានពិតជានឹងមានកំហឹងខ្លាំងណាស់។ វានឹងបញ្ចេញកំហឹងនោះ ដោយប្រើ«បណ្ដាំស្មោកគ្រោក» ដែលសំដៅទៅលើព័ត៌មានមិនពិតពីពួកវិញ្ញាណកំណាច។ ព័ត៌មានមិនពិតនោះនឹងបណ្ដាលឲ្យប្រជាជាតិផ្សេងៗដែលចងសម្ព័ន្ធជាមួយគ្នា វាយប្រហារអ្នកបម្រើរបស់ព្រះយេហូវ៉ា។ (បប. ១៦:១៣, ១៤) ប្រជាជាតិទាំងនោះបានត្រូវហៅថា‹កូកនៃស្រុកម៉ាកូក›។ ពេលដែលប្រជាជាតិទាំងនោះវាយប្រហាររាស្ដ្ររបស់ព្រះយេហូវ៉ា នោះសង្គ្រាមហាម៉ាគេដូននឹងចាប់ផ្ដើម។—បប. ១៦:១៦ w១៩.០៩ ទំ. ១១ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា
ការវែកញែករបស់ពួកអ្នកប្រាជ្ញគឺឥតប្រយោជន៍។—១កូ. ៣:២០
នៅសម័យរបស់អ៊ីស្រាអែលពីបុរាណ សាថានបានប្រើសាសនាមិនពិតដើម្បីលើកស្ទួយអំពើប្រាសចាកសីលធម៌។ នៅសព្វថ្ងៃនេះវាធ្វើដូចគ្នា។ សាសនាមិនពិតបណ្ដោយឲ្យមនុស្សប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងថែមទាំងលើកស្ទួយអំពើនោះ។ ជាលទ្ធផល មនុស្សជាច្រើនដែលអះអាងថាពួកគេជាអ្នកបម្រើព្រះបានលះចោលខ្នាតតម្រាសីលធម៌ដ៏ច្បាស់លាស់របស់លោក។ សាវ័កប៉ូលរៀបរាប់អំពីលទ្ធផលនៃការធ្វើដូច្នេះនៅក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម។ (រ៉ូម ១:២៨-៣១) ក្នុងចំណោម«អ្វីដែលមិនសមរម្យ»ទាំងនេះ គឺមានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង ហើយនេះរួមបញ្ចូលការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា។ (រ៉ូម ១:២៤-២៧, ៣២; បប. ២:២០) គឺពិតជាសំខាន់ដែលយើងនៅជាប់នឹងសេចក្ដីបង្រៀនដ៏ច្បាស់លាស់ក្នុងគម្ពីរ! ទស្សនវិជ្ជាប្រឆាំងឬមិនអើពើនឹងខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ា ហើយមិនជួយយើងបណ្ដុះឲ្យមានផលដែលបង្កើតដោយសកម្មពលរបស់ព្រះ តែធ្វើឲ្យយើងបណ្ដុះឲ្យមាន«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»វិញ។ (កាឡ. ៥:១៩-២៣) ទស្សនវិជ្ជាលើកទឹកចិត្តមនុស្សឲ្យមានអំណួត ហើយជាលទ្ធផលមនុស្ស«ស្រឡាញ់តែខ្លួនឯង»។ (២ធី. ៣:២-៤) ការមានអំណួតគឺផ្ទុយពីចិត្តគំនិតដ៏រាបទាបដែលព្រះចង់ឲ្យពួកអ្នកបម្រើរបស់លោកមាន។—២សាំ. ២២:២៨ w១៩.០៦ ទំ. ៥-៦ វ. ១២-១៤
ថ្ងៃសុក្រ ទី៩ ខែកក្កដា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។—សុភ. ១៧:១៧
អេលីយ៉ាបានបម្រើព្រះយេហូវ៉ានៅគ្រាដ៏ពិបាក ហើយគាត់បានប្រឈមមុខនឹងការពិបាកដ៏ធ្ងន់ធ្ងរ។ ពេលព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាឲ្យប្រគល់ភារកិច្ចខ្លះរបស់គាត់ទៅអេលីសេ លោកបានជួយអេលីយ៉ាឲ្យមានមិត្តភក្ដិល្អ ដែលអាចជួយគាត់ឲ្យធូរចិត្តពេលគាត់ធ្លាក់ទឹកចិត្តជាខ្លាំង។ ស្រដៀងគ្នាដែរ ពេលយើងប្រាប់មិត្តភក្ដិណាម្នាក់អំពីអារម្មណ៍របស់យើង គាត់អាចជួយយើងឲ្យបន្តស៊ូទ្រាំនឹងការឈឺចាប់ដែលយើងមាន។ (២ព. ២:២) បើអ្នកគិតថាគ្មានអ្នកណាម្នាក់ដែលអ្នកអាចប្រាប់អំពីបញ្ហានិងអារម្មណ៍របស់អ្នកបានទេ សូមអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យរកឃើញគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលអាចលើកទឹកចិត្តអ្នក។ ព្រះយេហូវ៉ាបានជួយអេលីយ៉ាឲ្យយកឈ្នះការតានតឹងចិត្ត ហើយឲ្យបម្រើលោកដោយស្មោះត្រង់អស់ជាច្រើនឆ្នាំ។ បទពិសោធន៍របស់អេលីយ៉ាជួយយើងឲ្យមានសេចក្ដីសង្ឃឹម។ ជួនកាល យើងប្រហែលជាប្រឈមមុខនឹងការតានតឹងចិត្តជាខ្លាំងដែលធ្វើឲ្យយើងអស់កម្លាំងយ៉ាងខ្លាំងទាំងផ្លូវកាយទាំងផ្លូវចិត្ត។ ប៉ុន្តែ បើយើងពឹងផ្អែកលើព្រះយេហូវ៉ា លោកនឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីបន្តបម្រើលោក។—អេ. ៤០:២៨, ២៩ w១៩.០៦ ទំ. ១៥ វ. ៤; ទំ. ១៦ វ. ៩-១០
ថ្ងៃសៅរ៍ ទី១០ ខែកក្កដា
ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិតនោះនឹងបានសុខវិញ។—សុភ. ២៩:២៥
យើងអាចមានចិត្តក្លាហានកាន់តែខ្លាំងនៅឥឡូវនេះដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ហេតុអ្វី? ពីព្រោះការផ្សព្វផ្សាយបង្រៀនយើងឲ្យទុកចិត្តព្រះយេហូវ៉ា ហើយឲ្យយើងយកឈ្នះការភ័យខ្លាចចំពោះមនុស្ស។ ដូចសាច់ដុំរបស់យើងកាន់តែរឹងមាំពេលយើងហាត់ប្រាណ យើងនឹងមានចិត្តក្លាហានកាន់តែខ្លាំងឡើង ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ផ្សព្វផ្សាយនៅកន្លែងសាធារណៈ ក្រៅផ្លូវការ និងនៅតំបន់ពាណិជ្ជកម្ម។ បើយើងមានចិត្តក្លាហានកាន់តែខ្លាំងក្នុងកិច្ចការផ្សព្វផ្សាយនៅឥឡូវនេះ យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្សព្វផ្សាយ ទោះជាកិច្ចការរបស់យើងបានត្រូវគេដាក់បម្រាមក៏ដោយ។ (១ថែ. ២:១, ២) យើងអាចរៀនមេរៀនជាច្រើនពីគំរូរបស់បងស្រីដ៏ស្មោះត្រង់ម្នាក់ដែលបានបង្ហាញចិត្តក្លាហានដែលគួរឲ្យកោតស្ងើច។ បងស្រីនែនស៊ី យឿន មានកម្ពស់ប្រហែលមួយម៉ែត្រកន្លះប៉ុណ្ណោះ ទោះជាយ៉ាងនេះក៏ដោយគាត់មិនងាយភ័យខ្លាចទេ។ គាត់មិនព្រមឈប់ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះឡើយ។ ហេតុនេះហើយ គាត់បានត្រូវគេដាក់គុកអស់រយៈពេលប្រហែលជា២០ឆ្នាំ នៅក្នុងរបបកុម្មុយនីស្តរបស់ប្រទេសចិន។ មន្ត្រីរដ្ឋាភិបាលដែលបានសួរចម្លើយគាត់បាននិយាយថា គាត់ជា«មនុស្សដែលក្បាលរឹងបំផុត»ក្នុងប្រទេសរបស់ពួកគេ។ w១៩.០៧ ទំ. ៥-៦ វ. ១៣-១៤
ថ្ងៃអាទិត្យ ទី១១ ខែកក្កដា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ។—ម៉ាថ. ២៨:១៩
មនុស្សខ្លះចង់រៀនសេចក្ដីពិតពីគម្ពីរ តែមនុស្សជាច្រើនដែលយើងជួបលើកដំបូងមើលទៅមិនសូវចាប់អារម្មណ៍ទេ។ យើងប្រហែលជាត្រូវលើកទឹកចិត្តពួកគេឲ្យចង់ដឹងថែមទៀត។ ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ យើងត្រូវរៀបចំឲ្យបានល្អ។ សូមជ្រើសរើសប្រធានបទដែលទំនងជានឹងធ្វើឲ្យមនុស្សចាប់អារម្មណ៍។ បន្ទាប់មក សូមគិតអំពីរបៀបដែលអ្នកនឹងចាប់ផ្ដើមការសន្ទនាអំពីរឿងនោះ។ ជាឧទាហរណ៍ អ្នកអាចសួរម្ចាស់ផ្ទះថា ‹ខ្ញុំសូមសួរមតិរបស់អ្នកអំពីរឿងមួយបានទេ? បញ្ហាជាច្រើនដែលយើងមាននៅសព្វថ្ងៃនេះ គឺដូចគ្នានឹងបញ្ហាដែលមនុស្សឯទៀតមាននៅទូទាំងពិភពលោក។ ដើម្បីដោះស្រាយបញ្ហារបស់ពិភពលោក តើអ្នកគិតថាយើងត្រូវការរដ្ឋាភិបាលតែមួយដែលអាចគ្រប់គ្រងលើពិភពលោកទាំងមូលឬទេ?›។ បន្ទាប់មក អ្នកអាចពិគ្រោះដានីយ៉ែល ២:៤៤ជាមួយនឹងគាត់។ ម្យ៉ាងទៀត អ្នកអាចនិយាយទៅកាន់បុគ្គលណាម្នាក់ថា ‹តើអ្នកគិតថាដើម្បីបង្រៀនកូនឲ្យមានសុជីវធម៌យើងគួរធ្វើអ្វី?›។ បន្ទាប់មកអ្នកអាចពិគ្រោះចោទិយកថា ៦:៦, ៧។ យើងពិតជាមានអំណរយ៉ាងខ្លាំងពេលយើងជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ w១៩.០៧ ទំ. ១៥ វ. ៤, ៦-៧
ថ្ងៃច័ន្ទ ទី១២ ខែកក្កដា
តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ?—យេ. ១៦:២០
នៅអាស៊ី បងប្រុសម្នាក់ដែលមានបទពិសោធន៍ច្រើនក្នុងការផ្សព្វផ្សាយដល់មនុស្សដែលមិនកាន់សាសនាណាមួយ ពន្យល់ថា៖ «តាមធម្មតាពេលបុគ្គលណាម្នាក់នៅទីនេះនិយាយថា ‹ខ្ញុំមិនជឿថាមានព្រះទេ› គាត់ចង់មានន័យថាគាត់មិនជឿថាគួរគោរពបូជាព្រះដែលមនុស្សជាច្រើននៅប្រទេសនេះគោរពបូជាទេ។ ដូច្នេះ តាមធម្មតាខ្ញុំយល់ស្របនឹងអ្នកនោះថាព្រះភាគច្រើនជាស្នាដៃរបស់មនុស្ស ហើយមិនមែនជាព្រះពិតប្រាកដទេ។ ច្រើនដងខ្ញុំអានយេរេមា ១៦:២០ ហើយសួរថា៖ ‹តើតាមរបៀបណាយើងអាចសម្គាល់ថាព្រះណាជាព្រះពិត ហើយព្រះណាជាស្នាដៃរបស់មនុស្ស?›។ ខ្ញុំស្ដាប់ចម្លើយរបស់ពួកគេដោយយកចិត្តទុកដាក់ រួចមកខ្ញុំអានអេសាយ ៤១:២៣ដែលចែងថា៖ ‹ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថាឯងរាល់គ្នាជាព្រះមែន›។ បន្ទាប់មក ខ្ញុំបង្ហាញឧទាហរណ៍មួយអំពីរបៀបដែលព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីថ្ងៃអនាគត»។ បងប្រុសម្នាក់ទៀតនិយាយថា៖ «ខ្ញុំបង្ហាញពួកគេអំពីឧទាហរណ៍ខ្លះក្នុងគម្ពីរដែលបង្ហាញអំពីប្រាជ្ញា ការសម្រេចនៃទំនាយផ្សេងៗ និងច្បាប់ធម្មជាតិក្នុងសកលលោក។ រួចមកខ្ញុំបង្ហាញពួកគេថាអ្វីទាំងអស់នេះបង្ហាញថាមានព្រះដែលមានជីវិតរស់នៅនិងដែលជាអ្នកបង្កើតដ៏មានប្រាជ្ញា។ ពេលបុគ្គលណាម្នាក់ចាប់ផ្ដើមគិតថា ប្រហែលជាអាចមានព្រះមែន ខ្ញុំចាប់ផ្ដើមបង្ហាញគាត់នូវអ្វីដែលគម្ពីរចែងអំពីព្រះយេហូវ៉ា»។ w១៩.០៧ ទំ. ២៣-២៤ វ. ១៤-១៥
ថ្ងៃអង្គារ ទី១៣ ខែកក្កដា
[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង។—ភី. ១:១០
អ្វីដែលសំខាន់ទាំងនោះរួមបញ្ចូល ការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ការសម្រេចគោលបំណងរបស់លោក ព្រមទាំងសេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ (ម៉ាថ. ៦:៩, ១០; យ៉ូន. ១៣:៣៥) ពេលយើងចាត់ទុកអ្វីទាំងនោះថាសំខាន់បំផុតក្នុងជីវិតរបស់យើង យើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា។ ប៉ូលក៏បាននិយាយថា កុំឲ្យយើង«មានកំហុស»។ នេះមិនមានន័យថាយើងត្រូវធ្វើជាមនុស្សល្អឥតខ្ចោះទេ។ ព្រះយេហូវ៉ានឹងចាត់ទុកថាយើងជាមនុស្សដែលគ្មានកំហុស បើយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ហើយពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង។ របៀបមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើង គឺដោយខំព្យាយាមមិនធ្វើឲ្យអ្នកណាជំពប់ដួលឡើយ។ ការណែនាំដែលឲ្យយើងជៀសវាងពីការធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួលគឺជារឿងដ៏ធ្ងន់ធ្ងរ។ តើអ្វីខ្លះអាចធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល? ការសម្រេចចិត្តរបស់យើងអំពីការកម្សាន្ត របៀបស្លៀកពាក់ ឬថែមទាំងការងារដែលយើងជ្រើសរើស អាចធ្វើឲ្យអ្នកឯទៀតជំពប់ដួល។ ប្រហែលជាអ្វីដែលយើងធ្វើគឺមិនខុសទេ។ ប៉ុន្តែ គឺជារឿងធ្ងន់ធ្ងរមួយ បើការសម្រេចចិត្តរបស់យើងធ្វើឲ្យអ្នកណាម្នាក់ទើសចិត្ត ហើយជំពប់ដួល ដោយសារសមត្ថភាពវិនិច្ឆ័យរបស់គាត់គឺខុសគ្នាពីយើង។—ម៉ាថ. ១៨:៦ w១៩.០៨ ទំ. ១០ វ. ៩-១១
ថ្ងៃពុធ ទី១៤ ខែកក្កដា
អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម។—បប. ៧:១៤
តាំងពីឆ្នាំ១៩៣៥ សាក្សីព្រះយេហូវ៉ាបានយល់ថា មនុស្សមួយក្រុមធំដែលយ៉ូហានបានឃើញក្នុងគំនិត គឺជាគ្រិស្តសាសនិកស្មោះត្រង់ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ (បប. ៧:៩, ១០) ដើម្បីរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង មនុស្សមួយក្រុមធំនឹងត្រូវរៀនអំពីព្រះយេហូវ៉ានិងគោរពប្រណិប័តន៍លោក មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ ម្យ៉ាងទៀត ពួកគេត្រូវបង្ហាញជំនឿមាំមួន ដើម្បី«រួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង»មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ (លូក. ២១:៣៤-៣៦) មនុស្សមួយក្រុមធំនោះពេញចិត្តនឹងសេចក្ដីសង្ឃឹមរបស់ពួកគេ។ ពួកគេយល់ថាព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តថាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកនឹងបម្រើលោកនៅកន្លែងណា មិនថានៅស្ថានសួគ៌ឬនៅផែនដីក្ដី។ ទាំងពួកអ្នកដែលបានត្រូវរើសតាំងទាំងមនុស្សមួយក្រុមធំទទួលស្គាល់ថា ពួកគេអាចទទួលរង្វាន់របស់ពួកគេបាន ដោយសារតែគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាដែលបានត្រូវបង្ហាញ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត។—រ៉ូម ៣:២៤ w១៩.០៩ ទំ. ២៨ វ. ១០, ១២; ទំ. ២៩ វ. ១៣
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា
សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា។—នេហ. ៨:១០
តើអ្នកបានទទួលឯកសិទ្ធិថ្មីឬទេ? ចូរខំប្រឹងដើម្បីមានលទ្ធផលល្អក្នុងការបំពេញឯកសិទ្ធិថ្មីនោះ។ សូមកុំគិតថាការផ្លាស់ប្ដូរនោះគឺដោយសារអ្នកមិនបានសម្រេចកិច្ចការយ៉ាងល្អ ឬថាអ្នកមិនសូវមានតម្លៃដូចពីមុនឡើយ។ សូមគិតអំពីរបៀបផ្សេងៗដែលព្រះយេហូវ៉ាកំពុងជួយអ្នកនៅឥឡូវនេះ ហើយសូមបន្តផ្សព្វផ្សាយ។ សូមយកតម្រាប់គ្រិស្តសាសនិកដ៏ស្មោះត្រង់នៅសតវត្សរ៍ទី១។ ទោះជាពួកគេនៅកន្លែងណាក៏ដោយ ពួកគេ«បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយក្នុងស្រុក ដោយប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះ»។ (សកម្ម. ៨:១, ៤) បើអ្នកបន្តផ្សព្វផ្សាយ នោះអ្នកអាចទទួលលទ្ធផលល្អ។ ជាឧទាហរណ៍ អ្នកត្រួសត្រាយដែលបានត្រូវគេបណ្ដេញពីប្រទេសមួយ បានរើទៅប្រទេសជិតខាងដែលមានសេចក្ដីត្រូវការច្រើនចំពោះភាសាដែលពួកគេចេះផងដែរ។ ក្នុងអំឡុងតែប៉ុន្មានខែប៉ុណ្ណោះ ចាប់ផ្ដើមមានក្រុមថ្មីៗនៅទីនោះ ហើយក្រុមទាំងនោះបានរីកចម្រើនយ៉ាងលឿន។ ប្រភពនៃអំណររបស់យើងគួរតែមកពីព្រះយេហូវ៉ា។ ដូច្នេះ សូមបន្តដើរជាមួយនឹងព្រះយេហូវ៉ា ដោយពឹងផ្អែកលើលោកដើម្បីមានប្រាជ្ញា ទទួលការណែនាំ និងជំនួយ។ សូមចាំថាអ្នកស្រឡាញ់ភារកិច្ចដែលអ្នកធ្លាប់មានពីមុន ដោយសារអ្នកខំអស់ពីចិត្តដើម្បីជួយមនុស្សនៅទីនោះ។ សូមខំអស់ពីចិត្តក្នុងការបំពេញភារកិច្ចថ្មីដែលអ្នកមាន ហើយសូមកត់សម្គាល់អំពីរបៀបដែលព្រះយេហូវ៉ាជួយអ្នកឲ្យស្រឡាញ់ភារកិច្ចថ្មីនេះដែរ។—សាស្ដ. ៧:១០ w១៩.០៨ ទំ. ២៤-២៥ វ. ១៥-១៦
ថ្ងៃសុក្រ ទី១៦ ខែកក្កដា
យើងក៏ត្រូវចុះចូលនឹង[បិតា]ជាងនោះទៅទៀត . . . មែនទេ?—ហេ. ១២:៩
យើងគួរចុះចូលនឹងព្រះយេហូវ៉ាដោយសារលោកជាព្រះដែលបង្កើតយើង។ ហេតុនេះហើយ លោកមានសិទ្ធិប្រាប់យើងអំពីអ្វីដែលយើងគួរធ្វើ។ (បប. ៤:១១) មូលហេតុល្អមួយទៀតដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា គឺដោយសាររបៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត។ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ មនុស្សជាច្រើនមានអំណាចគ្រប់គ្រងលើអ្នកឯទៀត។ ប៉ុន្តែ ពេលយើងប្រៀបធៀបការគ្រប់គ្រងរបស់ពួកគេទៅនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា យើងឃើញថាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញា សេចក្ដីស្រឡាញ់ មេត្តាករុណា និងសន្ដោសប្រណីជាងគេបំផុត។ (និក្ខ. ៣៤:៦; រ៉ូម ១៦:២៧; ១យ៉ូន. ៤:៨) យើងចុះចូលនឹងព្រះយេហូវ៉ាដោយព្យាយាមស្ដាប់បង្គាប់លោកក្នុងគ្រប់ការទាំងអស់ និងដោយតយុទ្ធនឹងបំណងចិត្តដែលចង់ពឹងផ្អែកលើការយល់ដឹងរបស់ខ្លួន។ (សុភ. ៣:៥) យើងស្រួលចុះចូលនឹងព្រះយេហូវ៉ាជាង កាលដែលយើងរៀនអំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោក ដោយសារគុណសម្បត្តិទាំងនេះបានត្រូវសឲ្យឃើញតាមរយៈការប្រព្រឹត្តទាំងអស់របស់លោក។ (ទំនុក. ១៤៥:៩) កាលដែលយើងរៀនច្រើនជាងអំពីព្រះយេហូវ៉ា នោះយើងកាន់តែស្រឡាញ់លោក។ ម្យ៉ាងទៀត ពេលដែលយើងស្រឡាញ់ព្រះយេហូវ៉ា យើងមិនត្រូវការច្បាប់ជាច្រើនអំពីអ្វីដែលយើងគួរធ្វើ និងអ្វីដែលយើងមិនគួរធ្វើទេ។ w១៩.០៩ ទំ. ១៤ វ. ១, ៣
ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា
នឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល។—ម៉ាថ. ១១:៣០
សាថានដាក់បន្ទុកធ្ងន់ដែលមនុស្សមិនអាចរែកពុនបាន។ ជាឧទាហរណ៍ វាចង់ឲ្យយើងជឿថាព្រះនឹងមិនអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងទេ ហើយថាគ្មានអ្នកណាស្រឡាញ់យើងឡើយ។ នេះជាពាក្យកុហកដែលធ្វើឲ្យមនុស្សធ្លាក់ទឹកចិត្តមែន! (យ៉ូន. ៨:៤៤) ពេលយើង«មកឯ»គ្រិស្ត អំពើខុសឆ្គងរបស់យើងបានត្រូវអភ័យទោសឲ្យ។ (ម៉ាថ. ១១:២៨) តាមការពិត ព្រះយេហូវ៉ាស្រឡាញ់យើងទាំងអស់គ្នាខ្លាំងណាស់! (រ៉ូម ៨:៣២, ៣៨, ៣៩) បន្ទុកដែលលោកយេស៊ូឲ្យយើង គឺខុសគ្នាពីបន្ទុកឯទៀតដែលយើងត្រូវរែកពុន។ ជាឧទាហរណ៍ ក្រោយពីធ្វើការពេញមួយថ្ងៃ មនុស្សជាច្រើនអស់កម្លាំង ហើយមានអារម្មណ៍ថាគ្មានន័យខ្លឹមសារ។ ផ្ទុយទៅវិញ ក្រោយពីធ្វើកិច្ចការដើម្បីព្រះយេហូវ៉ានិងគ្រិស្ត យើងមានអារម្មណ៍សប្បាយ ហើយថាកិច្ចការដែលយើងបានធ្វើគឺមានន័យខ្លឹមសារ។ យើងប្រហែលជានឿយហត់ ហើយត្រូវបង្ខំខ្លួនឲ្យចូលរួមកិច្ចប្រជុំនៅយប់នោះ។ ប៉ុន្តែក្រោយពីប្រជុំ ពេលត្រឡប់មកផ្ទះវិញ យើងច្រើនតែមានអារម្មណ៍ថាមានកម្លាំងចិត្តនិងកម្លាំងកាយឡើងវិញ។ ពេលយើងខំព្យាយាមផ្សព្វផ្សាយនិងសិក្សាគម្ពីរផ្ទាល់ខ្លួន យើងក៏អាចមានអារម្មណ៍នេះដែរ។ w១៩.០៩ ទំ. ២០ វ. ១; ទំ. ២៣-២៤ វ. ១៥-១៦
ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា
ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរមកនៅពេលយប់។—១ថែ. ៥:២
ក្នុងរយៈពេលខ្លីដែលនៅសល់មុន«ថ្ងៃរបស់ព្រះយេហូវ៉ា»មកដល់ លោកចង់ឲ្យយើងជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ។ យើងត្រូវធ្វើឲ្យប្រាកដថាយើង«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) ពេលលោកយេស៊ូបានមានប្រសាសន៍អំពីព្រឹត្តិការណ៍សំខាន់ៗដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ លោកបានបន្តថា៖ «បន្ថែមទៅទៀត ជាការចាំបាច់ដែលដំណឹងល្អត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន»។ (ម៉ាក. ១៣:៤, ៨, ១០; ម៉ាថ. ២៤:១៤) ម្ល៉ោះហើយ រាល់ពេលដែលអ្នកចូលរួមក្នុងកិច្ចផ្សព្វផ្សាយ អ្នកកំពុងជួយធ្វើឲ្យទំនាយនេះសម្រេច។ រាល់ឆ្នាំមនុស្សកាន់តែច្រើនឮអំពីដំណឹងល្អនៃរាជាណាចក្រព្រះ។ ជាឧទាហរណ៍ សូមគិតអំពីការរីកចម្រើននៃចំនួនអ្នកផ្សាយនៅទូទាំងពិភពលោកនៅគ្រាចុងក្រោយបង្អស់នេះ។ នៅឆ្នាំ១៩១៤ មានអ្នកផ្សាយចំនួន៥.១៥៥នាក់ នៅ៤៣ប្រទេស។ សព្វថ្ងៃនេះ មានអ្នកផ្សាយប្រហែលជា៨លាន៥សែននាក់ នៅ២៤០ប្រទេស! តែកិច្ចការនេះមិនទាន់ចប់ទេ។ យើងត្រូវបន្តប្រកាសថាមានតែរាជាណាចក្រព្រះប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។—ទំនុក. ១៤៥:១១-១៣ w១៩.១០ ទំ. ៨ វ. ៣; ទំ. ១០ វ. ៧-៨
ថ្ងៃច័ន្ទ ទី១៩ ខែកក្កដា
អ្នករាល់គ្នាទទួលពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាអាចឲ្យដល់អ្នកឯទៀតដោយចិត្តទូលាយក្នុងការគ្រប់យ៉ាង ហើយតាមរយៈការព្យាយាមរបស់យើង ចិត្តទូលាយបែបនោះនាំឲ្យមនុស្សអរគុណព្រះ។—២កូ. ៩:១១
ព្រះយេហូវ៉ាបានប្រើបារស៊ីឡាយឲ្យជួយស្ដេចដាវីឌ។ ដាវីឌនិងបណ្ដាជនបាន«ស្រេកឃ្លាន ហើយល្វើយ» កាលដែលគាត់រត់គេចពីអាប់សាឡំមដែលជាកូនប្រុសរបស់គាត់។ នៅពេលនោះ បារស៊ីឡាយដែលជាបុរសវ័យចាស់ម្នាក់បានប្រថុយជីវិតជាមួយនឹងអ្នកឯទៀត ដើម្បីជួយដាវីឌនិងពួកអ្នកដែលនៅជាមួយគាត់។ បារស៊ីឡាយមិនបានគិតថាព្រះយេហូវ៉ាលែងប្រើគាត់ ដោយសារគាត់មានវ័យចាស់ឡើយ។ ផ្ទុយទៅវិញ ដោយចិត្តទូលាយ គាត់បានប្រើអ្វីដែលគាត់មានដើម្បីជួយបំពេញសេចក្ដីត្រូវការរបស់អ្នកបម្រើព្រះ។ (២សាំ. ១៧:២៧-២៩) តើយើងទាញមេរៀនអ្វី? ទោះជាយើងមានអាយុប៉ុន្មានក៏ដោយ ព្រះយេហូវ៉ាអាចប្រើយើងឲ្យបំពេញសេចក្ដីត្រូវការរបស់បងប្អូនរួមជំនឿដែលមានជីវភាពខ្វះខាត មិនថាពួកគេរស់នៅតំបន់យើងឬប្រទេសក្រៅក្ដី។ (សុភ. ៣:២៧, ២៨; ១៩:១៧) ទោះជាយើងប្រហែលជាមិនអាចជួយបងប្អូនរួមជំនឿដោយផ្ទាល់ក្ដី យើងអាចដាក់វិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក ដើម្បីជួយពួកគេនៅពេលណានិងកន្លែងណាដែលមានសេចក្ដីត្រូវការ។—២កូ. ៨:១៤, ១៥ w១៩.១០ ទំ. ២១ វ. ៦
ថ្ងៃអង្គារ ទី២០ ខែកក្កដា
អ្នកណាដែលមានមិត្រភក្ដិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែមានមិត្រសំឡាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀត។—សុភ. ១៨:២៤
បើយើងធ្លាប់មានប្រវត្តិត្រូវគេធ្វើឲ្យឈឺចិត្ត យើងប្រហែលជាពិបាកនិយាយអស់ពីចិត្តដល់អ្នកឯទៀត។ (សុភ. ១៨:១៩) ឬយើងប្រហែលជាមានអារម្មណ៍ថាយើងគ្មានពេលនិងកម្លាំងដើម្បីពង្រឹងចំណងមិត្តភាពជិតស្និទ្ធជាមួយអ្នកឯទៀតឡើយ។ ទោះជាយ៉ាងនេះក្ដី យើងមិនគួរឈប់ព្យាយាមទេ។ បើយើងចង់ឲ្យបងប្អូនគាំទ្រយើងពេលយើងមានទុក្ខលំបាក យើងត្រូវព្យាយាមមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងពួកគេនៅឥឡូវនេះ។ របៀបដ៏សំខាន់មួយដើម្បីធ្វើដូច្នេះគឺប្រាប់ពួកគេអំពីគំនិតនិងអារម្មណ៍របស់យើង។ (១ពេ. ១:២២) លោកយេស៊ូបានបង្ហាញថាលោកទុកចិត្តមិត្តសម្លាញ់របស់លោក ដោយប្រាស្រ័យទាក់ទងជាមួយនឹងពួកគេដោយឥតលាក់លៀម។ (យ៉ូន. ១៥:១៥) យើងអាចយកតម្រាប់លោកដោយប្រាប់អ្នកឯទៀតអំពីអំណរ ការព្រួយបារម្ភ និងការខកចិត្តរបស់យើង។ ចូរស្ដាប់ដោយយកចិត្តទុកដាក់កាលដែលអ្នកណាម្នាក់និយាយមកអ្នក យ៉ាងនេះអ្នកប្រហែលជាឃើញថាគាត់មានគំនិត អារម្មណ៍ និងគោលដៅជាច្រើនដែលដូចអ្នក។ បើអ្នកនិយាយប្រាប់មិត្តសម្លាញ់អ្នកអំពីគំនិតនិងអារម្មណ៍របស់អ្នក ហើយស្ដាប់ពេលពួកគេនិយាយ នោះមិត្តភាពរបស់អ្នកកាន់តែជិតស្និទ្ធ។—សុភ. ២៧:៩ w១៩.១១ ទំ. ៤ វ. ៨-៩
ថ្ងៃពុធ ទី២១ ខែកក្កដា
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ។—អេស. ២:៤
ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ដំណឹងដែលយើងផ្សាយទំនងជានឹងត្រូវផ្លាស់ប្ដូរ។ នៅសព្វថ្ងៃនេះ យើងកំពុងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយយើងក៏ព្យាយាមជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ប៉ុន្តែនៅថ្ងៃអនាគត យើងប្រហែលជានឹងផ្សព្វផ្សាយអំពីដំណឹងមួយយ៉ាងចំៗ។ គម្ពីរប្រដូចដំណឹងនោះទៅនឹងដុំព្រិល។ (បប. ១៦:២១) យើងប្រហែលជានឹងផ្សព្វផ្សាយថាឆាប់ៗនេះ ពិភពលោកសាថាននឹងត្រូវបំផ្លាញចោលគ្មានសេសសល់។ មិនយូរមិនឆាប់ យើងនឹងដឹងច្បាស់ថាយើងត្រូវផ្សព្វផ្សាយដំណឹងអ្វី និងរបៀបដែលយើងនឹងផ្សព្វផ្សាយដំណឹងនោះ។ តើយើងនឹងប្រើវិធីផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតដូចដែលយើងធ្លាប់ប្រើ ឬតើយើងនឹងប្រើវិធីផ្សេងទៀតវិញ? យើងមិនទាន់ដឹងទេ។ ទោះជាយើងផ្សព្វផ្សាយតាមរបៀបណាក៏ដោយ តាមមើលទៅយើងនឹងមានឯកសិទ្ធិប្រកាសផ្សាយដោយចិត្តអង់អាចអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា! (អេស. ២:៣-៥) ដំណឹងដែលយើងផ្សាយទំនងជានឹងបណ្ដាលឲ្យប្រជាជាតិនានាខំអស់ពីសមត្ថភាព ដើម្បីបញ្ឈប់កិច្ចបម្រើផ្សាយរបស់យើងតែម្ដង។ ដូចដែលយើងពឹងផ្អែកលើព្រះយេហូវ៉ាឲ្យគាំទ្រយើងក្នុងកិច្ចបម្រើផ្សាយនៅឥឡូវនេះ យើងក៏នឹងត្រូវការការគាំទ្រពីលោកនៅពេលនោះដែរ។ យើងអាចប្រាកដថា ព្រះរបស់យើងនឹងផ្ដល់កម្លាំងឲ្យយើងយ៉ាងបរិបូរ ដើម្បីសម្រេចគោលបំណងរបស់លោក។—មីកា ៣:៨ w១៩.១០ ទំ. ១៦ វ. ៨-៩
ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា
អ្នកខ្លះបានត្រូវបង្វែរចេញពីជំនឿ។—១ធី. ៦:១០
ពាក្យ«បង្វែរចេញ»បញ្ជាក់ថាការព្យាយាមចង់បានអ្វីដែលយើងមិនត្រូវការ អាចបំបែរអារម្មណ៍យើង។ យ៉ាងនេះ យើងអាចចាប់ផ្ដើមមាន«សេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក»។ (១ធី. ៦:៩) ប៉ុន្តែ យើងគួរចាំថាសាថានប្រើសេចក្ដីប៉ងប្រាថ្នាទាំងនេះជាអាវុធដើម្បីធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ ឧបមាថាយើងមានលុយគ្រប់គ្រាន់ ដើម្បីទិញវត្ថុទ្រព្យជាច្រើន។ តើយើងធ្វើខុសឬទេ បើយើងទិញអ្វីៗដែលយើងចង់បានតែតាមពិតមិនត្រូវការ? គឺមិនតែងតែខុសទេ។ ប៉ុន្តែ សូមគិតអំពីសំណួរទាំងនេះ៖ ទោះជាយើងមានលទ្ធភាពទិញរបស់ណាមួយ តើយើងពិតជាមានពេលនិងកម្លាំងដើម្បីប្រើនិងថែរក្សាវាឬទេ? តើយើងអាចចាប់ផ្ដើមស្រឡាញ់វត្ថុទ្រព្យខ្លាំងឬទេ? តើសេចក្ដីស្រឡាញ់របស់យើងចំពោះវត្ថុទ្រព្យអាចធ្វើឲ្យយើងប្រព្រឹត្តដូចបុរសវ័យក្មេងដែលមិនព្រមទទួលយកការអញ្ជើញរបស់លោកយេស៊ូឲ្យធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះឬទេ? (ម៉ាក. ១០:១៧-២២) គឺល្អប្រសើរជាងឆ្ងាយណាស់ បើយើងមានរបៀបរស់នៅសាមញ្ញ ហើយប្រើកម្លាំងនិងពេលវេលាដ៏មានតម្លៃរបស់យើងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ! w១៩.១១ ទំ. ១៧-១៨ វ. ១៥-១៦
ថ្ងៃសុក្រ ទី២៣ ខែកក្កដា
គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង។—សុភ. ២១:៥
ព្រះអាចជួយអ្នកឲ្យ«មានការប្រព្រឹត្ត» ឬមានកម្លាំងដើម្បីធ្វើតាមការសម្រេចចិត្តណាមួយ។ (ភី. ២:១៣) ដូច្នេះ ចូរសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវសកម្មពលបរិសុទ្ធរបស់លោក ដើម្បីជួយអ្នកឲ្យមានកម្លាំងដែលអ្នកត្រូវការ។ ចូរបន្តអធិដ្ឋាន ទោះជាមើលទៅព្រះយេហូវ៉ាមិនទាន់តបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់អ្នកក្ដី។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល[សកម្មពលបរិសុទ្ធ]»។ (លូក. ១១:៩, ១៣) ម្យ៉ាងទៀត ចូររៀបចំគម្រោង។ ដើម្បីបង្ហើយកិច្ចការដែលអ្នកចាប់ផ្ដើម អ្នកត្រូវរៀបចំគម្រោង។ បន្ទាប់មក អ្នកត្រូវធ្វើតាមគម្រោងនោះ។ ស្រដៀងគ្នាដែរ ពេលអ្នកធ្វើការសម្រេចចិត្ត ចូរធ្វើបញ្ជីមួយអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគម្រោងនោះ។ ពេលអ្នកត្រូវធ្វើកិច្ចការធំមួយ សូមបែងចែកវាជាកិច្ចការតូចៗដើម្បីឃើញថាអ្នកកំពុងសម្រេចវាដល់កម្រិតណា។ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យទុករបស់ទ្រព្យខ្លះដោយឡែកសម្រាប់ដាក់វិភាគទាន«រាល់ថ្ងៃដំបូងនៃសប្ដាហ៍» ជាជាងរង់ចាំនិងព្យាយាមប្រមូលវិភាគទាននៅពេលដែលគាត់មកដល់។ (១កូ. ១៦:២) ការបែងចែកការងារធំឲ្យទៅជាតូចៗ ក៏អាចជួយអ្នកមិនឲ្យមានអារម្មណ៍ថាអ្នកមិនអាចសម្រេចអ្វីទាំងនោះបាន។ w១៩.១១ ទំ. ២៩ វ. ១៣-១៤
ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា
អស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ។—ទំនុក. ៩:១០
យើងប្រហែលជាគិតថាយើងស្គាល់ព្រះ ដោយសារយើងស្គាល់នាមរបស់លោក ឬដឹងអំពីអ្វីមួយចំនួនដែលលោកបានធ្វើឬមានប្រសាសន៍។ ប៉ុន្តែ នេះមិនមែនមានន័យថាយើងស្គាល់ព្រះយេហូវ៉ាច្បាស់ឡើយ។ យើងត្រូវចំណាយពេលរៀនអំពីព្រះយេហូវ៉ានិងគុណសម្បត្តិដ៏អស្ចារ្យរបស់លោក។ ទាល់តែធ្វើដូច្នេះ ទើបយើងអាចចាប់ផ្ដើមយល់អំពីអ្វីដែលជំរុញចិត្តលោកឲ្យប្រព្រឹត្តនិងមានប្រសាសន៍។ នោះនឹងជួយយើងឲ្យពិចារណាថាតើលោកពេញចិត្តនឹងទស្សនៈ ការសម្រេចចិត្ត និងការប្រព្រឹត្តរបស់យើងឬយ៉ាងណា។ ក្រោយពីយើងបានពិចារណាអំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសម្រាប់យើង យើងត្រូវប្រព្រឹត្តឲ្យសមស្របតាមអ្វីដែលយើងបានរៀន។ មនុស្សខ្លះប្រហែលជាសើចចំអកយើងដោយសារយើងចង់បម្រើព្រះយេហូវ៉ា ហើយពួកគេប្រហែលជាប្រឆាំងយើងកាន់តែខ្លាំង ពេលយើងចាប់ផ្ដើមចូលរួមកិច្ចប្រជុំ។ ប៉ុន្តែ បើយើងទុកចិត្តលើព្រះយេហូវ៉ា លោកនឹងមិនបោះបង់យើងទេ។ យើងនឹងចាប់ផ្ដើមមានចំណងមិត្តភាពដ៏ស្ថិតស្ថេរជាមួយនឹងព្រះអស់មួយជីវិត។ តើយើងពិតជាអាចស្គាល់ព្រះយេហូវ៉ាច្បាស់ដល់កម្រិតនោះឬទេ? យើងពិតជាអាច! w១៩.១២ ទំ. ១៦-១៧ វ. ៣-៤
ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា
កូនចៅជាមរដកមកពីព្រះយេហូវ៉ា។—ទំនុក. ១២៧:៣
ជួនកាល ឪពុកម្ដាយប្រហែលជាមានអារម្មណ៍ថាការបង្រៀនកូនគឺជាបន្ទុកធ្ងន់ពេក។ ប៉ុន្តែកូនជាអំណោយពីព្រះយេហូវ៉ា។ លោកតែងតែប្រុងប្រៀបជួយឪពុកម្ដាយ។ លោកពេញចិត្តស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ។ ម្យ៉ាងទៀត លោកតបឆ្លើយនឹងសេចក្ដីអធិដ្ឋានទាំងនោះតាមរយៈគម្ពីរ សៀវភៅផ្សេងៗរបស់យើង ព្រមទាំងយោបល់និងគំរូរបស់ឪពុកម្ដាយដែលមានបទពិសោធន៍ក្នុងក្រុមជំនុំ។ មនុស្សខ្លះនិយាយថាការចិញ្ចឹមអប់រំកូនគឺត្រូវការរយៈពេល២០ឆ្នាំ ប៉ុន្តែតាមពិតឪពុកម្ដាយចង់ជួយកូនៗអស់មួយជីវិត។ ក្នុងចំណោមអ្វីដ៏ល្អបំផុតដែលពួកគេអាចផ្ដល់ឲ្យកូនគឺ សេចក្ដីស្រឡាញ់ ពេលវេលា និងការបង្ហាត់បង្រៀនដែលមានមូលដ្ឋានលើគម្ពីរ។ កូនម្នាក់ៗនឹងមានប្រតិកម្មខុសៗគ្នាចំពោះការបង្ហាត់បង្រៀន។ ប៉ុន្តែ កូនជាច្រើននាក់ដែលបានត្រូវអប់រំដោយឪពុកម្ដាយដែលស្រឡាញ់ព្រះយេហូវ៉ា មានអារម្មណ៍ដូចបងស្រីយ៉ូអាន់ណាមេ នៅទ្វីបអាស៊ីដែលនិយាយថា៖ «ខ្ញុំមានចិត្តកតញ្ញូណាស់ដែលឪពុកម្ដាយខ្ញុំបានប្រៀនប្រដៅខ្ញុំ ហើយបង្រៀនខ្ញុំឲ្យស្រឡាញ់ព្រះយេហូវ៉ា។ ពួកគាត់មិនគ្រាន់តែបង្កើតខ្ញុំមកប៉ុណ្ណោះទេ ពួកគាត់ក៏ផ្ដល់ជីវិតដ៏មានន័យខ្លឹមសារឲ្យខ្ញុំ»។ (សុភ. ២៣:២៤, ២៥) គ្រិស្តសាសនិកពិតរាប់លាននាក់ក៏មានអារម្មណ៍បែបនេះដែរ។ w១៩.១២ ទំ. ២៧ វ. ២១-២២
ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា
[ចូរ]សម្រាលទុក្ខពួកអ្នកដែលមានសេចក្ដីវេទនា ទោះជាបែបណាក៏ដោយតាមរយៈការសម្រាលទុក្ខដែលរូបយើងកំពុងទទួលពីព្រះ។—២កូ. ១:៤
យើងស្រួលឃើញថាមានបងប្អូនដែលត្រូវការការសម្រាលទុក្ខពីយើង។ ដូច្នេះ យើងត្រូវស្វែងរកវិធីដើម្បីជួយអ្នកឯទៀត ទោះជាយើងខ្លាចក៏ដោយ។ តើក្នុងន័យអ្វី? យើងប្រហែលជាខ្លាចថាយើងមិនដឹងនិយាយអ្វី ឬធ្វើអ្វីចំពោះបុគ្គលណាម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាកទេ។ ប៉ុន្តែ យើងអាចទៅជាអ្នកដែលពិតជាសម្រាលទុក្ខអ្នកឯទៀត បើយើងបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះពួកគេ។ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ស្ថានភាពរបស់ពិភពលោកនឹងកាន់តែអាក្រក់ទៅៗ ហើយជីវិតនឹងកាន់តែពិបាកទៅៗដែរ។ (២ធី. ៣:១៣) ម្យ៉ាងទៀត យើងនឹងនៅតែត្រូវការការសម្រាលទុក្ខ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុស។ មូលហេតុមួយដែលសាវ័កប៉ូលអាចស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់គាត់ គឺដោយសារគាត់បានទទួលការសម្រាលទុក្ខពីបងប្អូនរួមជំនឿ។ ដោយធ្វើតាមគំរូល្អៗរបស់ពួកគេ យើងក៏អាចជួយបងប្អូនរបស់យើងឲ្យរក្សាជំនឿមាំមួនដែរ។—១ថែ. ៣:២, ៣ w២០.០១ ទំ. ១២-១៣ វ. ១៧-១៩
ថ្ងៃអង្គារ ទី២៧ ខែកក្កដា
អ្នកសាកល្បងពួកអ្នកដែលអះអាងថាពួកគេជាសាវ័ក។—បប. ២:២
ពួកអ្នកដែលបានត្រូវរើសតាំងមិនរំពឹងថាអ្នកឯទៀតនឹងប្រព្រឹត្តចំពោះពួកគេតាមរបៀបពិសេសណាមួយឡើយ។ (ភី. ២:២, ៣) ពួកគេដឹងថាពេលព្រះយេហូវ៉ាបានរើសតាំងពួកគេ លោកមិនបានឲ្យបុគ្គលទាំងអស់ដឹងនោះទេ។ ដូច្នេះ បុគ្គលដែលបានត្រូវរើសតាំងមិនភ្ញាក់ផ្អើលឡើយ បើបងប្អូនខ្លះមិនជឿភ្លាមៗថាគាត់ជាអ្នកដែលព្រះបានរើសតាំង។ គាត់ដឹងថាគម្ពីរប្រាប់យើងមិនឲ្យឆាប់ជឿអ្នកណាម្នាក់ដែលនិយាយថាគាត់បានទទួលភារកិច្ចពិសេសពីព្រះ។ ដោយសារគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនចង់ឲ្យអ្នកឯទៀតយកចិត្តទុកដាក់ខ្លាំងពេកចំពោះគាត់ នោះគាត់នឹងមិនប្រាប់ពួកអ្នកដែលគាត់ជួបជាលើកដំបូងថាគាត់ជាអ្នកដែលព្រះបានរើសតាំងទេ។ ម្យ៉ាងវិញទៀត គាត់នឹងមិនអួតអំពីឯកសិទ្ធិនោះឡើយ។ (១កូ. ៤:៧, ៨) គ្រិស្តសាសនិកដែលព្រះបានរើសតាំងមិនព្យាយាមរកអ្នកឯទៀតដែលបានត្រូវរើសតាំងដើម្បីពួកគេអាចនិយាយគ្នាអំពីរបៀបដែលពួកគេបានត្រូវរើសតាំង ឬជួបជុំគ្នាជាក្រុមៗដើម្បីសិក្សាគម្ពីរឡើយ។ (កាឡ. ១:១៥-១៧) បើពួកគេធ្វើដូច្នេះ ក្រុមជំនុំនឹងមិនមានសាមគ្គីភាពទេ។ យ៉ាងនេះ ពួកគេប្រឆាំងសកម្មពលបរិសុទ្ធដែលជួយឲ្យរាស្ត្ររបស់ព្រះមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ត។—រ៉ូម ១៦:១៧, ១៨ w២០.០១ ទំ. ២៨ វ. ៦-៧
ថ្ងៃពុធ ទី២៨ ខែកក្កដា
ពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើងព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ។—លូក. ២១:២៨
នៅពេលមួយ ក្រោយពីសាសនាមិនពិតទាំងឡាយបានត្រូវបំផ្លាញចោលអស់ហើយ នោះសមាជិកសាសនាទាំងនោះប្រហែលជាមានចិត្តក្ដៅក្រហាយ ដោយសារមានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលនៅបន្តសកម្មភាពសាសនារបស់ខ្លួន។ យើងអាចស្រមៃឃើញថា ពួកគេទំនងជាខឹងខ្លាំងដល់ម្ល៉េះ បានជាពួកគេផ្សាយអំពីយើងតាមវិធីផ្សេងៗ ដូចជាតាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាជាដើម។ ប្រជាជាតិនានានិងសាថានដែលជាអ្នកគ្រប់គ្រងរបស់ពួកគេ នឹងស្អប់យើងដោយសារមានតែសាសនាយើងប៉ុណ្ណោះដែលនៅស្ថិតស្ថេរ។ ពួកគេនឹងមិនបានសម្រេចគោលដៅរបស់ពួកគេក្នុងការបំផ្លាញចោលសាសនាទាំងអស់ឲ្យសូន្យបាត់ពីផែនដីទេ។ ដូច្នេះ ពួកគេនឹងផ្ដោតអារម្មណ៍មកលើយើង។ នៅពេលនោះ ប្រជាជាតិនានានឹងទៅជាកូកនៃស្រុកម៉ាកូក។ ពួកគេនឹងប្រមូលគ្នាវាយប្រហាររាស្ដ្ររបស់ព្រះយេហូវ៉ាដោយអស់ពីសមត្ថភាព។ (អេស. ៣៨:២, ១៤-១៦) យើងប្រហែលជាចាប់ផ្ដើមព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ជាពិសេសដោយសារយើងមិនដឹងព័ត៌មានល្អិតល្អន់អំពីរឿងនោះឡើយ។ ទោះជាយ៉ាងនេះក្ដី អ្វីមួយដែលយើងអាចប្រាកដ គឺយើងមិនចាំបាច់ភ័យខ្លាចចំពោះគ្រាទុក្ខវេទនាជាខ្លាំងទេ។ ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវការណែនាំដែលអាចសង្គ្រោះជីវិតយើង។—ទំនុក. ៣៤:១៩ w១៩.១០ ទំ. ១៦ វ. ១០-១១
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា
ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង។—ទំនុក. ៤០:៥
យើងមិនគ្រាន់តែមានចិត្តកតញ្ញូប៉ុណ្ណោះទេ តែយើងបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះព្រះយេហូវ៉ាតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត។ នេះធ្វើឲ្យយើងខុសប្លែកពីមនុស្សជាច្រើននៅសព្វថ្ងៃនេះ។ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សមិនឲ្យតម្លៃទៅលើអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ។ តាមការពិត សញ្ញាសម្គាល់មួយដែលបញ្ជាក់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»គឺថាមនុស្សរមិលគុណ។ (២ធី. ៣:១, ២) យើងមិនចង់មានចិត្តគំនិតបែបនោះទេ! ព្រះយេហូវ៉ាចង់ឲ្យកូនទាំងអស់របស់លោករាប់អានគ្នា។ តាមការពិត សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមកគឺជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាយើងជាគ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៥) យើងយល់ស្របនឹងអ្វីដែលអ្នកតែងទំនុកតម្កើងបានសរសេរ ដែលថា៖ «បងប្អូននៅមូលជាមួយគ្នាដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ»។ (ទំនុក. ១៣៣:១) ពេលយើងស្រឡាញ់បងប្អូនរួមជំនឿរបស់យើង យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក។ (១យ៉ូន. ៤:២០) យើងពិតជាសប្បាយចិត្តដែលយើងនៅក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនដែល‹ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក និងមានសេចក្ដីអាណិតមេត្តា›។—អេភ. ៤:៣២ w២០.០២ ទំ. ៩ វ. ៦-៧
ថ្ងៃសុក្រ ទី៣០ ខែកក្កដា
ព្រះយេហូវ៉ាទ្រង់នឹកចាំពី[ហាណា]។—១សាំ. ១:១៩
បញ្ហារបស់ហាណាមិនបានបាត់ទៅភ្លាមៗនោះទេ។ គាត់នៅតែត្រូវរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយនឹងពេនីណា។ ម្យ៉ាងទៀត គម្ពីរមិនបានចែងថាពេនីណាបានកែប្រែចិត្តគំនិតឡើយ។ ដូច្នេះ ហាណាទំនងជាត្រូវបន្តស៊ូទ្រាំនឹងពាក្យសម្ដីឌឺដងរបស់គូវិវាទគាត់។ ប៉ុន្តែ ពេលហាណាមានទំនុកចិត្តថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់ នោះគាត់ឈប់ព្រួយចិត្តទៀត។ គាត់បានអនុញ្ញាតឲ្យព្រះយេហូវ៉ាជួយគាត់ឲ្យមានចិត្តស្ងប់។ មួយរយៈពេលក្រោយមក ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់ដោយឲ្យគាត់មានកូន! (១សាំ. ១:២, ៦, ៧, ១៧-២០) យើងអាចមានសេចក្ដីសុខសាន្តក្នុងចិត្តឡើងវិញ ទោះជាបញ្ហារបស់យើងនៅតែដដែលក៏ដោយ។ មិនថាយើងអធិដ្ឋានអស់ពីចិត្តនិងចូលរួមកិច្ចប្រជុំជាទៀងទាត់ក្ដី បញ្ហាខ្លះប្រហែលជានៅតែមាន។ ប៉ុន្តែតាមរយៈគំរូរបស់ហាណា យើងរៀនថាគ្មានអ្វីអាចបញ្ឈប់ព្រះយេហូវ៉ាមិនឲ្យជួយយើងមានចិត្តស្ងប់ឡើយ។ ព្រះយេហូវ៉ានឹងមិនភ្លេចយើងទេ ហើយមិនយូរមិនឆាប់លោកនឹងផ្ដល់ពរឲ្យយើងចំពោះភាពស្មោះត្រង់របស់យើង។—ហេ. ១១:៦ w២០.០២ ទំ. ២២ វ. ៩-១០
ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា
ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង។—សុភ. ៩:៩
ពួកអ្នកចាស់ទុំមិនស្ទាក់ស្ទើរក្នុងការប្រាប់អំពីគោលការណ៍គម្ពីរដែលអាចជួយអ្នកឯទៀតឲ្យប្រព្រឹត្តយ៉ាងឈ្លាសវៃ។ ហេតុអ្វីគឺសំខាន់ណាស់ដែលពួកគេនិយាយនៅពេលដែលចាំបាច់? សូមគិតអំពីអេលី។ សម្ដេចសង្ឃអេលីមានកូនប្រុសពីរនាក់ដែលគាត់ស្រឡាញ់ខ្លាំងណាស់។ ប៉ុន្តែ កូនប្រុសពីរនាក់នោះមិនគោរពព្រះយេហូវ៉ាទេ។ ពួកគេមានភារកិច្ចដ៏សំខាន់ជាសង្ឃដែលបម្រើនៅឯត្រសាល។ តែពួកគេបានប្រើអំណាចរបស់ពួកគេតាមរបៀបមិនត្រឹមត្រូវ មិនបង្ហាញការគោរពចំពោះគ្រឿងបូជាដែលជូនទៅព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដោយឥតកេរ្ដិ៍ខ្មាស។ (១សាំ. ២:១២-១៧, ២២) តាមច្បាប់ម៉ូសេ កូនប្រុសអេលីសមនឹងស្លាប់ តែអេលីគ្រាន់តែបានស្ដីបន្ទោសពួកគេបន្តិចបន្តួច ហើយអនុញ្ញាតឲ្យពួកគេបន្តបម្រើនៅឯត្រសាល។ (ចោ. ២១:១៨-២១) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអ្វីដែលអេលីបានធ្វើ? លោកបានមានប្រសាសន៍មកកាន់អេលីថា៖ «ហេតុអ្វីបានជាឯង . . . រាប់អានកូនឯងជាជាងអញវិញ?»។ ព្រះយេហូវ៉ាក៏សម្រេចចិត្តសម្លាប់បុរសដ៏អាក្រក់ទាំងពីរនាក់នោះ។—១សាំ. ២:២៩, ៣៤ w២០.០៣ ទំ. ១៨-១៩ វ. ៤-៥