ខែសីហា
ថ្ងៃអាទិត្យ ទី១ ខែសីហា
លោកដែលបានចាត់ខ្ញុំឲ្យមក . . . នៅជាមួយនឹងខ្ញុំ។ លោកមិនបានចោលខ្ញុំឲ្យនៅតែម្នាក់ឯងទេ។—យ៉ូន. ៨:២៩
ទោះជាលោកយេស៊ូរងការបៀតបៀនក្ដី លោកមានសេចក្ដីសុខសាន្តក្នុងចិត្ត ដោយសារលោកដឹងថាលោកកំពុងធ្វើឲ្យបិតាលោកពេញចិត្ត។ លោកបានបន្តស្ដាប់បង្គាប់ព្រះនៅពេលពិបាក។ លោកស្រឡាញ់បិតាលោក ហើយលោកបានចាត់ទុកការបម្រើព្រះយេហូវ៉ាថាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតលោក។ ជាឧទាហរណ៍ មុនលោកមកផែនដី លោកជា«មេជាង»របស់ព្រះ ហើយពេលលោកនៅផែនដី លោកបានបង្រៀនអ្នកឯទៀតអំពីបិតាលោកយ៉ាងខ្នះខ្នែង។ (សុភ. ៨:៣០; ម៉ាថ. ៦:៩; យ៉ូន. ៥:១៧) កិច្ចការនោះបាននាំឲ្យលោកយេស៊ូមានអំណរជាខ្លាំង។ (យ៉ូន. ៤:៣៤-៣៦) យើងអាចយកតម្រាប់លោកយេស៊ូដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា និង«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) កាលដែលយើង«ផ្ចង់អារម្មណ៍ទាំងស្រុង»ទៅលើកិច្ចបម្រើផ្សាយ នេះអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់យើង។ (សកម្ម. ១៨:៥) ជាឧទាហរណ៍ ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយច្រើនតែមានបញ្ហាធ្ងន់ធ្ងរជាងយើងទៅទៀត។ ប៉ុន្តែ ពេលពួកគេរៀនធ្វើតាមឱវាទរបស់ព្រះយេហូវ៉ានិងស្រឡាញ់លោក ជីវិតរបស់ពួកគេល្អប្រសើរឡើង ហើយពួកគេសប្បាយចិត្តជាង។ ពេលយើងឃើញការផ្លាស់ប្ដូរបែបនេះ យើងកាន់តែជឿជាក់ថាព្រះយេហូវ៉ានឹងថែរក្សាយើង។ w១៩.០៤ ទំ. ១០-១១ វ. ៨-៩
ថ្ងៃច័ន្ទ ទី២ ខែសីហា
មនុស្សជាច្រើនដែលចេះវេទមន្តបានយកសៀវភៅរបស់ពួកគេមកដាក់រួមគ្នារួចដុតចោលនៅមុខគេទាំងអស់គ្នា។—សកម្ម. ១៩:១៩
ពួកគេបានខំអស់ពីសមត្ថភាពដើម្បីតយុទ្ធនឹងពួកវិញ្ញាណទុច្ចរិត។ សៀវភៅវេទមន្តរបស់ពួកគេមានតម្លៃថ្លៃណាស់។ ទោះជាយ៉ាងនោះក៏ដោយ ជាជាងឲ្យសៀវភៅនោះទៅអ្នកផ្សេង ឬលក់ទៅឲ្យអ្នកឯទៀត ពួកគេបានបំផ្លាញសៀវភៅទាំងនោះចោល។ ចំពោះពួកគេ ការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តគឺសំខាន់ជាងតម្លៃសៀវភៅទាំងនោះ។ តើយើងអាចធ្វើតាមគំរូរបស់គ្រិស្តសាសនិកទាំងនោះនៅសតវត្សរ៍ទី១យ៉ាងដូចម្ដេច? គឺជាការឈ្លាសវៃឲ្យយើងចោលអ្វីណាក៏ដោយដែលជាប់ទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ នេះរួមបញ្ចូលវត្ថុស័ក្ដិសិទ្ធិ ខ្សែគាថា ឬអ្វីផ្សេងទៀតដែលមនុស្សប្រើដើម្បីការពារខ្លួនពីគ្រោះថ្នាក់និងពីពួកវិញ្ញាណអាក្រក់។ (១កូ. ១០:២១) ចូរពិនិត្យពិចារណាអំពីការកម្សាន្តរបស់អ្នកយ៉ាងដិតដល់។ សូមសួរខ្លួនអ្នកថា ‹តើការកម្សាន្តរបស់ខ្ញុំរួមបញ្ចូលអ្វីដែលជាប់ទាក់ទងនឹងពួកវិញ្ញាណអាក្រក់ឬទេ?›។ ចូរតាំងចិត្តធ្វើការសម្រេចចិត្តដែលនឹងជួយអ្នកឲ្យនៅឆ្ងាយពីអ្វីណាក៏ដោយដែលព្រះយេហូវ៉ាស្អប់។ យើងចង់ខំអស់ពីសមត្ថភាពដើម្បី‹ឲ្យចិត្តយើងវិនិច្ឆ័យយើងថា យើងមិនបានល្មើសច្បាប់របស់ព្រះឡើយ›។—សកម្ម. ២៤:១៦ w១៩.០៤ ទំ. ២២-២៣ វ. ១០-១២
ថ្ងៃអង្គារ ទី៣ ខែសីហា
ចូរ . . . ហៅបុរសចាស់ទុំ។—យ៉ា. ៥:១៤
មានអ្វីមួយចំនួនដែលពួកអ្នកចាស់ទុំត្រូវគិតពិចារណាពេលពួកគាត់ទទួលដំណឹងថាមានអំពើខុសឆ្គងធ្ងន់ធ្ងរកើតឡើងក្នុងក្រុមជំនុំ។ អ្វីដ៏សំខាន់បំផុតចំពោះពួកគាត់គឺការរក្សានាមរបស់ព្រះឲ្យបានបរិសុទ្ធ។ (លេវី. ២២:៣១, ៣២; ម៉ាថ. ៦:៩) ពួកគាត់ក៏ចាប់អារម្មណ៍នឹងចំណងមិត្តភាពរបស់បងប្អូនក្នុងក្រុមជំនុំជាមួយនឹងព្រះ ហើយចង់ជួយអ្នកដែលជាជនរងគ្រោះ។ ម្យ៉ាងទៀត បើបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងនោះជាបងប្អូនក្នុងក្រុមជំនុំ ពួកអ្នកចាស់ទុំព្យាយាមជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ បើគាត់ប្រែចិត្ត។ (យ៉ា. ៥:១៤, ១៥) គ្រិស្តសាសនិកដែលចុះចាញ់សេចក្ដីប៉ងប្រាថ្នាខុសឆ្គង រួចប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ គឺប្រៀបដូចជាអ្នកដែលឈឺ។ បុគ្គលនោះលែងមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាទៀតហើយ។ ក្នុងន័យម្យ៉ាង ពួកអ្នកចាស់ទុំប្រៀបដូចជាគ្រូពេទ្យ។ ពួកគាត់ព្យាយាមធ្វើឲ្យ«អ្នកដែលមិនស្រួលខ្លួន[ក្នុងករណីនេះសំដៅលើអ្នកដែលបានប្រព្រឹត្តខុសឆ្គង]បានជាសះស្បើយ»។ ឱវាទរបស់ពួកគាត់ដែលមានមូលដ្ឋានលើបទគម្ពីរអាចជួយបុគ្គលនោះឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះឡើងវិញ តែនេះអាចកើតឡើងលុះត្រាតែគាត់បានប្រែចិត្តយ៉ាងស្មោះ។—សកម្ម. ៣:១៩; ២កូ. ២:៥-១០ w១៩.០៥ ទំ. ១០ វ. ១០-១១
ថ្ងៃពុធ ទី៤ ខែសីហា
ព្រះគឺជាអ្នកដែលកំពុងមានសកម្មភាពក្នុងអ្នករាល់គ្នា . . . ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។—ភី. ២:១៣
ព្រះយេហូវ៉ាអាចធ្វើឲ្យយើងមានបំណងប្រាថ្នាដើម្បីប្រព្រឹត្ត។ ជាឧទាហរណ៍ ប្រហែលជាយើងឮអំពីសេចក្ដីត្រូវការនៅក្នុងក្រុមជំនុំរបស់យើង ឬក្រុមជំនុំផ្សេងទៀត។ នេះប្រហែលជាធ្វើឲ្យយើងសួរខ្លួនឯងថា ‹តើខ្ញុំអាចធ្វើអ្វីដើម្បីជួយ?›។ ឬយើងប្រហែលជាបានទទួលភារកិច្ចដ៏ពិបាកមួយ ប៉ុន្តែយើងឆ្ងល់ថាតើយើងអាចធ្វើបានល្អឬយ៉ាងណា។ ឬក៏ក្រោយពីអានបទគម្ពីរខ្លះ យើងប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចអនុវត្តបទគម្ពីរនេះដើម្បីជួយអ្នកឯទៀតយ៉ាងដូចម្ដេច?›។ ពេលព្រះយេហូវ៉ាឃើញថាយើងកំពុងគិតអំពីអ្វីដែលយើងអាចធ្វើបាន នោះលោកអាចជួយយើងឲ្យមានបំណងប្រាថ្នាចង់ធ្វើអ្វីដែលយើងបានគិតនោះ។ ព្រះយេហូវ៉ាក៏អាចធ្វើឲ្យយើងមានសមត្ថភាពប្រព្រឹត្តដែរ។ (អេ. ៤០:២៩) តើតាមរបៀបណា? លោកអាចផ្ដល់សកម្មពលបរិសុទ្ធរបស់លោក ដើម្បីធ្វើឲ្យយើងកាន់តែមានសមត្ថភាព។ (និក្ខ. ៣៥:៣០-៣៥) ព្រះយេហូវ៉ាអាចប្រើអង្គការរបស់លោក ដើម្បីបង្រៀនយើងអំពីរបៀបធ្វើកិច្ចការផ្សេងៗ។ បើអ្នកមិនដឹងច្បាស់អំពីរបៀបបំពេញភារកិច្ចទេ សូមសុំជំនួយ។ ម្យ៉ាងទៀត នៅពេលណាក៏បាន អ្នកអាចសុំ«ឫទ្ធានុភាពដែលលើសពីធម្មតា»ពីបិតាដ៏សប្បុរសរបស់យើងដែលនៅស្ថានសួគ៌។—២កូ. ៤:៧; លូក. ១១:១៣ w១៩.១០ ទំ. ២១ វ. ៣-៤
ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា
មនុស្សនឹងស្រឡាញ់តែខ្លួនឯង។—២ធី. ៣:២
ពិភពលោកលើកស្ទួយចិត្តគំនិតដែលគិតតែពីខ្លួនឯង។ សព្វវចនាធិប្បាយមួយចែងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០«សៀវភៅជាច្រើនដែលផ្ដល់យោបល់អំពីរបៀបទទួលជោគជ័យក្នុងជីវិតបានត្រូវបោះពុម្ពផ្សាយ»។ សៀវភៅខ្លះ«បានដាស់តឿនអ្នកអានឲ្យស្គាល់ខ្លួនឯងឲ្យបានច្បាស់ ហើយពេញចិត្តនឹងលក្ខណៈរបស់ខ្លួន»។ សូមគិតអំពីឧទាហរណ៍មួយ។ សៀវភៅមួយបានចែងថា៖ «ចូរស្រឡាញ់ខ្លួនអ្នក ដោយសារអ្នកជាមនុស្សស្រស់ស្អាតជាងគេនិងមនុស្សដែលគួរឲ្យចង់នៅជិតជាងគេ»។ សៀវភៅនោះលើកទឹកចិត្តមនុស្សឲ្យធ្វើការសម្រេចចិត្តដោយខ្លួនឯងថាគួរប្រព្រឹត្តយ៉ាងណា ហើយធ្វើអ្វីណាដែលគាត់គិតថាគឺស្រួលនិងត្រឹមត្រូវសម្រាប់ខ្លួន។ តើនេះស្ដាប់ទៅស្រដៀងនឹងអ្វីដែលអ្នកធ្លាប់ឮឬទេ? សាថានបានលើកទឹកចិត្តអេវ៉ាឲ្យធ្វើអ្វីដែលស្រដៀងនឹងនេះ។ វានិយាយថានាង‹នឹងបានដូចជាព្រះ ព្រមទាំងដឹងការខុសត្រូវផង›។ (លោ. ៣:៥) សព្វថ្ងៃនេះ មនុស្សជាច្រើនលើកតម្កើងខ្លួនឯងរហូតដល់គិតថាគ្មានអ្នកណាអាចប្រាប់ពួកគេអំពីអ្វីដែលត្រូវនិងអ្វីដែលខុស សូម្បីតែព្រះក៏មិនអាចប្រាប់ពួកគេដែរ។ ចិត្តគំនិតនោះបានសឲ្យឃើញច្បាស់ក្នុងទស្សនៈរបស់មនុស្សចំពោះអាពាហ៍ពិពាហ៍។ w១៩.០៥ ទំ. ២៣ វ. ១០-១១
ថ្ងៃសុក្រ ទី៦ ខែសីហា
ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ។—ទំនុក. ៣៨:៦
នៅពេលខ្លះ ស្ដេចដាវីឌមានការតានតឹងចិត្តខ្លាំងណាស់។ សូមគិតអំពីបញ្ហាដែលគាត់មាន។ គាត់បន្ទោសខ្លួនជាខ្លាំង ដោយសារកំហុសជាច្រើនដែលគាត់បានធ្វើ។ (ទំនុក. ៤០:១២) អាប់សាឡំមដែលជាកូនប្រុសជាទីស្រឡាញ់របស់គាត់ បានបះបោរប្រឆាំងគាត់ ហើយជាលទ្ធផលអាប់សាឡំមបានស្លាប់។ (២សាំ. ១៥:១៣, ១៤; ១៨:៣៣) ម្យ៉ាងទៀត មិត្តជិតស្និទ្ធម្នាក់របស់ដាវីឌបានក្បត់គាត់។ (២សាំ. ១៦:២៣–១៧:២; ទំនុក. ៥៥:១២-១៤) ទំនុកជាច្រើនដែលដាវីឌបានតែងក្នុងសៀវភៅទំនុកតម្កើង បានរៀបរាប់អំពីអារម្មណ៍ធ្លាក់ទឹកចិត្តដែលគាត់មាន ព្រមទាំងទំនុកចិត្តរបស់គាត់ដែលមិនរង្គោះរង្គើទៅលើព្រះយេហូវ៉ា។ (ទំនុក. ៣៨:៥-១០; ៩៤:១៧-១៩) ក្រោយមក អ្នកតែងទំនុកតម្កើងម្នាក់បានចាប់ផ្ដើមច្រណែននឹងមនុស្សអាក្រក់។ គាត់ប្រហែលជាកូនចៅម្នាក់របស់អេសាភដែលជាសមាជិកពួកលេវី ហើយគាត់បានបម្រើនៅ«ទីបរិសុទ្ធរបស់ព្រះ»។ អ្នកតែងទំនុកតម្កើងនេះមានការតានតឹងចិត្ត ហើយនេះនាំឲ្យគាត់មិនសប្បាយនិងមិនស្កប់ចិត្ត។ គាត់ថែមទាំងចាប់ផ្ដើមសង្ស័យថាគាត់មិនបានទទួលពរពីការបម្រើព្រះទេ។—ទំនុក. ៧៣:២-៥, ៧, ១២-១៤, ១៦, ១៧, ២១ w១៩.០៦ ទំ. ១៧ វ. ១២-១៣
ថ្ងៃសៅរ៍ ទី៧ ខែសីហា
មិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ។—២កូ. ២:១១
សាថានប្រើសេចក្ដីប៉ងប្រាថ្នាធម្មជាតិរបស់មនុស្សដើម្បីទាក់ទាញពួកគេ។ ការរៀនជំនាញណាមួយដែលអាចជួយយើងឲ្យចិញ្ចឹមខ្លួននិងក្រុមគ្រួសារ គឺជាបំណងចិត្តធម្មជាតិរបស់មនុស្ស។ (១ធី. ៥:៨) យើងច្រើនតែរៀនជំនាញបែបនេះពេលយើងចូលសាលា ហើយដោយខំព្យាយាមក្នុងការសិក្សា។ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ន។ ប្រព័ន្ធអប់រំនៅប្រទេសជាច្រើនមិនគ្រាន់តែបង្រៀនសិស្សឲ្យមានសមត្ថភាពផ្សេងៗដែលមានប្រយោជន៍សម្រាប់ពួកគេទេ តែក៏បង្រៀនពួកគេអំពីទស្សនវិជ្ជាផងដែរ។ នៅសាលា គេលើកទឹកចិត្តសិស្សឲ្យគិតអំពីព័ត៌មានផ្សេងៗដែលធ្វើឲ្យសង្ស័យថាគ្មានព្រះ ហើយមិនឲ្យតម្លៃទៅលើគម្ពីរ។ គេបង្រៀនថាអ្នកចេះដឹងទាំងអស់ជឿថាជីវិតទាំងឡាយបានត្រូវកើតមកដោយសារការវិវត្តន៍។ (រ៉ូម ១:២១-២៣) សេចក្ដីបង្រៀនបែបនេះប្រឆាំងនឹង‹ប្រាជ្ញារបស់ព្រះ›។ (១កូ. ១:១៩-២១; ៣:១៨-២០) ចូរតាំងចិត្តមិនឲ្យ«ទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ»របស់ពិភពលោកសាថានចាប់យកអ្នកធ្វើជាចំណី។ (កូឡ. ២:៨) ចូរប្រុងប្រយ័ត្នជានិច្ចកុំឲ្យសាថានបញ្ឆោតអ្នកឡើយ។ (១កូ. ៣:១៨) ចូរកុំឲ្យសាថានបំភាន់គំនិតរបស់អ្នកអំពីព្រះយេហូវ៉ា។ ចូរមានរបៀបរស់នៅសមស្របនឹងខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ ចូរកុំឲ្យសាថានបោកបញ្ឆោតអ្នកឲ្យមិនអើពើនឹងយោបល់ដែលមកពីព្រះយេហូវ៉ា។ w១៩.០៦ ទំ. ៥ វ. ១៣; ទំ. ៧ វ. ១៧
ថ្ងៃអាទិត្យ ទី៨ ខែសីហា
[ចូរ]បង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។—ម៉ាថ. ២៨:២០
ទោះជាអ្នកពិគ្រោះអំពីប្រធានបទណាក៏ដោយ សូមគិតអំពីមនុស្សដែលអ្នកនឹងជួប។ សូមស្រមៃគិតអំពីប្រយោជន៍ដែលពួកគេនឹងទទួលពីការរៀនអំពីអ្វីដែលគម្ពីរពិតជាបង្រៀន។ ពេលនិយាយជាមួយនឹងពួកគេ គឺសំខាន់ដែលអ្នកស្ដាប់និងគោរពទស្សនៈរបស់ពួកគេ។ យ៉ាងនេះ អ្នកនឹងយល់អំពីគំនិតនិងអារម្មណ៍របស់ពួកគេច្រើនជាង ហើយពួកគេនឹងទំនងជាចង់ស្ដាប់អ្នកជាង។ មុនបុគ្គលណាម្នាក់សម្រេចចិត្តសិក្សាគម្ពីរ អ្នកប្រហែលជាត្រូវចំណាយពេលនិងកម្លាំងដើម្បីធ្វើការត្រឡប់ទៅជួប។ ហេតុអ្វី? ពីព្រោះពេលដែលអ្នកទៅជួបពួកគេ ប្រហែលជាពួកគេមិននៅផ្ទះឬមិនអាចនិយាយជាមួយនឹងអ្នក។ ម្យ៉ាងទៀត មុនម្ចាស់ផ្ទះព្រមរៀនគម្ពីរជាមួយនឹងអ្នក អ្នកប្រហែលជាត្រូវត្រឡប់ទៅវិញប៉ុន្មានដង។ សូមចាំថា រុក្ខជាតិទំនងជាលូតលាស់កាលដែលគេស្រោចទឹកជារឿយៗ។ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់ដែលបុគ្គលណាម្នាក់មានចំពោះព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តទំនងជានឹងកើនឡើងពេលយើងពិភាក្សាអំពីបណ្ដាំរបស់ព្រះជារឿយៗជាមួយនឹងគាត់។ w១៩.០៧ ទំ. ១៤ វ. ១; ទំ. ១៥-១៦ វ. ៧-៨
ថ្ងៃច័ន្ទ ទី៩ ខែសីហា
កាលណាមនុស្សស្អប់អ្នករាល់គ្នា ឈប់រាប់អាន ជេរប្រមាថ និងបង្ខូចឈ្មោះអ្នក ទុកជាមនុស្សទុច្ចរិតដោយសារកូនមនុស្ស នោះអ្នកមានសុភមង្គលហើយ!—លូក. ៦:២២
តើពាក្យរបស់លោកយេស៊ូមានន័យយ៉ាងណា? លោកយេស៊ូមិនចង់មានន័យថាគ្រិស្តសាសនិកនឹងចូលចិត្តការដែលអ្នកឯទៀតស្អប់ពួកគេទេ។ ផ្ទុយទៅវិញ លោកព្រមានយើងអំពីអ្វីដែលនឹងកើតឡើង។ យើងត្រូវគេស្អប់ដោយសារយើងមិនរួមចំណែកក្នុងពិភពលោកទេ។ យើងក៏មានរបៀបរស់នៅស្របតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូ ហើយផ្សព្វផ្សាយដំណឹងដែលលោកបានផ្សព្វផ្សាយ។ (យ៉ូន. ១៥:១៨-២១) សម្រាប់យើងអ្វីដ៏សំខាន់បំផុតគឺការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ បើមនុស្សស្អប់យើងដោយសារយើងស្រឡាញ់បិតារបស់យើង នោះជាបញ្ហារបស់ពួកគេ។ បើអ្នកឯទៀតមិនចូលចិត្តយើង យើងមិនគួរគិតថាយើងគ្មានតម្លៃនោះឡើយ។ យើងមិនដឹងថាមនុស្សនឹងចាប់ផ្ដើមបៀតបៀនយើងនៅពេលណា ឬថាពេលណាដែលរដ្ឋាភិបាលនឹងដាក់បម្រាមទៅលើកិច្ចការរបស់យើងទេ។ ប៉ុន្តែ យើងដឹងថាយើងអាចត្រៀមខ្លួននៅឥឡូវនេះដោយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ដោយមានចិត្តក្លាហានកាន់តែខ្លាំងឡើង និងដោយរៀនឲ្យចេះស៊ូទ្រាំនឹងការស្អប់ពីមនុស្ស។ អ្វីដែលយើងធ្វើនៅឥឡូវនេះនឹងជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ានៅពេលអនាគត។ w១៩.០៧ ទំ. ៦ វ. ១៧-១៨; ទំ. ៧ វ. ២១
ថ្ងៃអង្គារ ទី១០ ខែសីហា
អ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាមានព្រះ។—ហេ. ១១:៦
ពេលយើងបង្រៀនមនុស្សដែលមិនកាន់សាសនា យើងត្រូវបន្តជួយពួកគេឲ្យកាន់តែជឿជាក់ថាមានព្រះ។ ម្យ៉ាងទៀត យើងត្រូវជួយពួកគេឲ្យមានជំនឿទៅលើគម្ពីរ។ នេះប្រហែលជាតម្រូវឲ្យយើងពន្យល់ជាច្រើនដងអំពីសេចក្ដីបង្រៀនផ្សេងៗ។ រាល់ដងដែលយើងសិក្សាជាមួយនឹងបុគ្គលបែបនេះ យើងប្រហែលជាត្រូវពិគ្រោះអំពីភ័ស្តុតាងដែលបញ្ជាក់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ ដោយបង្ហាញពួកគេនូវទំនាយក្នុងគម្ពីរដែលបានត្រូវសម្រេច ភាពត្រឹមត្រូវខាងវិទ្យាសាស្ត្រនិងប្រវត្ដិសាស្ត្រ ឬអំពីប្រាជ្ញាក្នុងគម្ពីរ។ យើងជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ មិនថាពួកគេកាន់សាសនាឬមិនកាន់សាសនាក្ដី។ (១កូ. ១៣:១) គោលដៅរបស់យើងកាលដែលយើងបង្រៀនមនុស្ស គឺជួយពួកគេឲ្យយល់ថាព្រះស្រឡាញ់យើងទាំងអស់គ្នា ហើយចង់ឲ្យយើងស្រឡាញ់លោក។ ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ដែលពីមុនមិនសូវចាប់អារម្មណ៍ឬដែលមិនចាប់អារម្មណ៍នឹងសាសនាទាល់តែសោះ ទទួលការជ្រមុជទឹក ដោយសារពួកគេបានរៀនឲ្យចេះស្រឡាញ់ព្រះ។ ដូច្នេះ ចូរមានទស្សនៈត្រឹមត្រូវ ហើយបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់ប្រភេទ។ ចូរស្ដាប់ពួកគេ។ ចូរព្យាយាមយល់អំពីមូលហេតុដែលពួកគេមានគំនិតនិងអារម្មណ៍បែបនោះ។ តាមរយៈគំរូរបស់អ្នក ចូរបង្រៀនពួកគេឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ w១៩.០៧ ទំ. ២៤ វ. ១៦-១៧
ថ្ងៃពុធ ទី១១ ខែសីហា
កុំភ្លេចធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត ព្រោះព្រះពេញចិត្តនឹងគ្រឿងបូជាបែបនេះ។—ហេ. ១៣:១៦
កូនស្រីៗរបស់សាលូមក៏នៅក្នុងចំណោមពួកអ្នកដែលព្រះយេហូវ៉ាបានប្រើ ដើម្បីសាងសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។ (នេហ. ២:២០; ៣:១២) ទោះជាឪពុករបស់ពួកគេជាចៅហ្វាយក៏ដោយ ពួកគេសុខចិត្តធ្វើកិច្ចការពិបាកនិងដែលមានគ្រោះថ្នាក់នេះ។ (នេហ. ៤:១៥-១៨) នៅសម័យយើង បងស្រីៗសប្បាយចិត្តបំពេញកិច្ចបម្រើពិសេសជូនព្រះ ដោយចូលរួមសាងសង់និងថែទាំអគារដែលបានត្រូវប្រគល់ជូនព្រះយេហូវ៉ា។ យើងត្រូវការបងស្រីទាំងនេះដែលមានជំនាញ ចិត្តខ្នះខ្នែង និងភាពស្មោះត្រង់ ដើម្បីឲ្យកិច្ចការនេះសម្រេចបានជោគជ័យ។ ព្រះយេហូវ៉ាបានជំរុញចិត្តតាប៊ីថាឲ្យធ្វើ«អំពើល្អជាបរិបូរនិងធ្វើទានជាច្រើន» ជាពិសេសចំពោះស្ត្រីមេម៉ាយ។ (សកម្ម. ៩:៣៦) គាត់ជាមនុស្សដែលមានចិត្តទូលាយនិងចិត្តសប្បុរសជាខ្លាំង ដូច្នេះពេលគាត់ស្លាប់ មនុស្សជាច្រើនបានកើតទុក្ខ។ ប៉ុន្តែ ពួកគេត្រេកអរក្រៃលែងពេលដែលសាវ័កពេត្រុសបានប្រោសគាត់ឲ្យរស់ឡើងវិញ។ (សកម្ម. ៩:៣៩-៤១) តើយើងរៀនអ្វីពីតាប៊ីថា? ទោះជាយើងចាស់ឬក្មេង ប្រុសឬស្រីក៏ដោយ យើងទាំងអស់គ្នាអាចធ្វើអ្វីៗដែលមានប្រយោជន៍ដើម្បីជួយបងប្អូនរបស់យើង។ w១៩.១០ ទំ. ២៣ វ. ១១-១២
ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា
[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង ដើម្បីកុំឲ្យអ្នករាល់គ្នាមានកំហុស ហើយមិនធ្វើឲ្យអ្នកណាជំពប់ដួល។—ភី. ១:១០
តើយើងប្រហែលជាធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួលយ៉ាងដូចម្ដេច? សូមគិតអំពីឧទាហរណ៍មួយ។ សិស្សគម្ពីរម្នាក់បានយកឈ្នះការញៀនស្រា។ គាត់ស្គាល់ខ្លួនឯងថាគាត់ត្រូវឈប់ពិសាស្រាទាំងស្រុង រួចគាត់ធ្វើការកែប្រែជាច្រើនក្នុងជីវិតគាត់ ហើយទទួលការជ្រមុជទឹក។ ក្រោយមក គ្រិស្តសាសនិកម្នាក់អញ្ជើញបងប្រុសថ្មីនោះឲ្យមកផ្ទះគាត់ ហើយលើកទឹកចិត្តបងប្រុសនោះឲ្យពិសាស្រា ដោយនិយាយថា៖ «បើបងចេះទប់ចិត្ត បងអាចពិសាស្រាបន្តិចបន្តួចបាន»។ គឺគួរឲ្យស្ដាយណាស់ បើបងប្រុសថ្មីនោះស្ដាប់យោបល់មិនត្រឹមត្រូវនោះ ហើយចាប់ផ្ដើមញៀនស្រាម្ដងទៀត។ កិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិកពិតជួយយើងឲ្យធ្វើតាមការណែនាំក្នុងបទគម្ពីរថ្ងៃនេះ ហើយរំលឹកយើងអំពីអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាសំខាន់បំផុត និងរបៀបអនុវត្តអ្វីដែលយើងបានរៀន ដើម្បីកុំឲ្យយើងមានកំហុស។ កិច្ចប្រជុំក៏ជួយលើកទឹកចិត្តយើងឲ្យស្រឡាញ់ព្រះនិងបងប្អូនរបស់យើងផងដែរ។ ពេលយើងស្រឡាញ់ព្រះនិងបងប្អូនអស់ពីចិត្ត យើងនឹងខំអស់ពីសមត្ថភាពដើម្បីមិនធ្វើឲ្យបងប្អូនជំពប់ដួលឡើយ។ w១៩.០៨ ទំ. ១០-១១ វ. ៩, ១៣-១៤
ថ្ងៃសុក្រ ទី១៣ ខែសីហា
ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។—១កូ. ១៥:៩
មនុស្សខ្លះរួសរាយ មើលទៅមានទំនុកចិត្ត ហើយនិយាយត្រង់ៗ តែនេះមិនមានន័យថាពួកគេមានអំណួតទេ។ (យ៉ូន. ១:៤៦, ៤៧) ក៏ប៉ុន្តែ ទោះជាយើងជាមនុស្សរួសរាយឬមិនមែនក៏ដោយ យើងទាំងអស់គ្នាត្រូវខំបណ្ដុះឲ្យមានចិត្តរាបទាបពិតប្រាកដ។ សូមពិចារណាអំពីគំរូរបស់សាវ័កប៉ូល។ ព្រះយេហូវ៉ាបានប្រើគាត់ដើម្បីបង្កើតក្រុមជំនុំថ្មីនៅក្រុងផ្សេងៗ។ គាត់ប្រហែលជាបានសម្រេចកិច្ចការក្នុងកិច្ចបម្រើផ្សាយច្រើនជាងសាវ័កឯទៀតរបស់លោកយេស៊ូគ្រិស្ត។ ទោះជាយ៉ាងនេះក៏ដោយ ប៉ូលមិនបានគិតថាគាត់ប្រសើរជាងបងប្អូនរបស់គាត់ទេ។ គាត់បានយល់យ៉ាងត្រឹមត្រូវថាគាត់អាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ដោយសារតែព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ចំពោះគាត់ មិនមែនដោយសារគាត់ជាមនុស្សពិសេស ឬបានសម្រេចកិច្ចការជាច្រើននោះទេ។ (១កូ. ១៥:១០) ប៉ូលជាគំរូដ៏ល្អស្ដីអំពីបុគ្គលដែលមានចិត្តរាបទាប។ ពេលគាត់បានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូស គាត់មិនបានអួតខ្លួនទេ ទោះជាបងប្អូនខ្លះនៅក្រុមជំនុំនោះបានរិះគន់គាត់ក្ដី។—២កូ. ១០:១០ w១៩.០៩ ទំ. ៣ វ. ៥-៦
ថ្ងៃសៅរ៍ ទី១៤ ខែសីហា
យើងក៏ត្រូវចុះចូលនឹង[បិតា]ជាងនោះទៅទៀត . . . មែនទេ?—ហេ. ១២:៩
មូលហេតុមួយដែលយើងប្រហែលជាពិបាកចុះចូលនឹងព្រះយេហូវ៉ា គឺដោយសារយើងទាំងអស់គ្នាមានភាពខុសឆ្គងនិងជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ យើងមិនតែងតែចង់ស្ដាប់បង្គាប់ព្រះទេ។ ពេលដែលអាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះដោយបរិភោគផ្លែដែលលោកបានហាម ពួកគេបានសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (លោ. ៣:២២) នៅសព្វថ្ងៃនេះ ដូចអាដាមនិងអេវ៉ា មនុស្សភាគច្រើនមិនអើពើនឹងព្រះយេហូវ៉ា ហើយសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ សូម្បីតែពួកអ្នកដែលស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា ក៏ប្រហែលជាពិបាកចុះចូលនឹងលោកទាំងស្រុងដែរ។ សាវ័កប៉ូលមានបញ្ហានេះ។ (រ៉ូម ៧:២១-២៣) ដូចប៉ូល យើងចង់ធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ យើងត្រូវតយុទ្ធជានិច្ចនឹងបំណងចិត្តដែលចង់ធ្វើអ្វីដែលមិនត្រឹមត្រូវ។ មូលហេតុមួយទៀតដែលការចុះចូលនឹងព្រះយេហូវ៉ាប្រហែលជាពិបាកចំពោះយើង គឺដោយសារយើងទទួលឥទ្ធិពលពីវប្បធម៌ក្នុងតំបន់ដែលយើងធំឡើង។ គំនិតរបស់មនុស្សជាច្រើនខុសពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហេតុនេះហើយយើងត្រូវខំប្រឹងជានិច្ចដើម្បីមិនមានរបៀបគិតគូរដូចពួកគេ។ w១៩.០៩ ទំ. ១៥ វ. ៤-៦
ថ្ងៃអាទិត្យ ទី១៥ ខែសីហា
ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយឲ្យដល់អ្នកក្រ . . . រួចចូរមកតាមខ្ញុំចុះ។—ម៉ាក. ១០:២១
យើងត្រូវទទួលស្គាល់ថា កម្លាំងកាយរបស់យើងម្នាក់ៗគឺមានកម្រិត។ ហេតុនេះ យើងត្រូវប្រយ័ត្នចំពោះអ្វីដែលយើងធ្វើ។ ជាឧទាហរណ៍ យើងអាចខ្ជះខ្ជាយកម្លាំងរបស់យើងទៅលើការប្រមូលទ្រព្យសម្បត្តិ។ សូមគិតអំពីប្រសាសន៍របស់លោកយេស៊ូទៅកាន់បុរសអ្នកមានវ័យក្មេងម្នាក់ដែលបានសួរលោកថា៖ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ គាត់ច្បាស់ជាមនុស្សល្អ ដោយសារសៀវភៅដំណឹងល្អរៀបរាប់ដោយម៉ាកុស ប្រាប់ថាលោកយេស៊ូ«មានចិត្តស្រឡាញ់គាត់»។ លោកយេស៊ូបានអញ្ជើញបុរសនោះឲ្យកាន់តាមលោក ដោយមានប្រសាសន៍នៅខាងលើ។ បុរសនោះចង់មកតាមលោកយេស៊ូ តែគាត់មិនអាចលះចោល«ទ្រព្យសម្បត្តិជាច្រើន»របស់គាត់បានទេ។ (ម៉ាក. ១០:១៧-២២) ជាលទ្ធផល គាត់មិនបានទទួលយកនឹមដែលលោកយេស៊ូបានឲ្យគាត់ឡើយ ហើយគាត់បានបន្តធ្វើជាខ្ញុំបម្រើរបស់«ទ្រព្យសម្បត្តិ»។ (ម៉ាថ. ៦:២៤) ចុះអ្នកវិញ? តើអ្នកនឹងសម្រេចចិត្តយ៉ាងណា? ម្ដងម្កាល គឺជាការល្អដែលយើងគិតអំពីអ្វីដែលយើងកំពុងចាត់ទុកថាសំខាន់បំផុតក្នុងជីវិត។ ហេតុអ្វី? គឺដើម្បីយើងអាចធ្វើឲ្យប្រាកដថាយើងកំពុងប្រើកម្លាំងកាយរបស់យើងដោយឈ្លាសវៃ។ w១៩.០៩ ទំ. ២៤ វ. ១៧-១៨
ថ្ងៃច័ន្ទ ទី១៦ ខែសីហា
ដំណឹងល្អត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន។—ម៉ាក. ១៣:១០
កិច្ចបម្រើផ្សាយរបស់យើងអំពីរាជាណាចក្រនឹងបន្តធ្វើរហូតដល់ព្រះយេហូវ៉ាប្រាប់ថាកិច្ចការនោះចប់ហើយ។ តើនៅសល់ពេលប៉ុន្មានទៀតដើម្បីឲ្យមនុស្សស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត? (យ៉ូន. ១៧:៣) យើងមិនដឹងទេ។ ក៏ប៉ុន្តែ យើងដឹងថាទម្រាំដល់គ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម អ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»នៅតែអាចទទួលយកដំណឹងល្អ ហើយសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ (សកម្ម. ១៣:៤៨) មុនគ្រានោះមកដល់ តើយើងអាចជួយមនុស្សទាំងនេះយ៉ាងដូចម្ដេច? តាមរយៈអង្គការរបស់លោក ព្រះយេហូវ៉ាកំពុងផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការដើម្បីបង្រៀនសេចក្ដីពិតដល់មនុស្ស។ ជាឧទាហរណ៍ យើងទទួលការបង្ហាត់បង្រៀនរាល់សប្ដាហ៍នៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។ កិច្ចប្រជុំនេះ ជួយយើងឲ្យដឹងថាយើងគួរនិយាយយ៉ាងណាពេលជួបមនុស្សនៅលើកដំបូង និងពេលត្រឡប់ទៅជួប។ ប្រសិនបើអ្នកបានឲ្យខិត្តប័ណ្ណមួយ ឬទស្សនាវដ្ដីមួយដល់អ្នកចាប់អារម្មណ៍ក្រោយពីអ្នកបានសន្ទនាជាមួយនឹងគាត់ នោះគាត់អាចមានព័ត៌មានដើម្បីអានថែមទៀត រហូតដល់អ្នកអាចទាក់ទងគាត់ម្ដងទៀត។ យើងម្នាក់ៗត្រូវខំប្រឹងអស់ពីសមត្ថភាពដើម្បីបន្តជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយជារៀងរាល់ខែ។ w១៩.១០ ទំ. ១០ វ. ៧, ៩-១០
ថ្ងៃអង្គារ ទី១៧ ខែសីហា
កុំភ្លេចធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត ព្រោះព្រះពេញចិត្តនឹងគ្រឿងបូជាបែបនេះ។—ហេ. ១៣:១៦
ព្រះយេហូវ៉ាបានសន្យានឹងបុរសស្មោះត្រង់វ័យចាស់ម្នាក់នៅក្រុងយេរូសាឡិមដែលមានឈ្មោះស៊ីម្មានថា គាត់នឹងមិនស្លាប់ទេ ទាល់តែបានឃើញមេស្ស៊ីសិន។ សេចក្ដីសន្យានោះច្បាស់ជាបានលើកទឹកចិត្តស៊ីម្មានខ្លាំងណាស់ ពីព្រោះគាត់បានទន្ទឹងរង់ចាំមេស្ស៊ីអស់ជាច្រើនឆ្នាំមកហើយ។ ព្រះយេហូវ៉ាបានឲ្យពរស៊ីម្មានដោយសារគាត់បានស៊ូទ្រាំនិងមានជំនឿលើលោក។ នៅថ្ងៃមួយ «សកម្មពលរបស់ព្រះ»បានបណ្ដាលឲ្យគាត់ចូលទៅក្នុងវិហារ។ នៅទីនោះ ស៊ីម្មានបានឃើញទារកយេស៊ូ ហើយព្រះយេហូវ៉ាបានប្រើគាត់ឲ្យប្រកាសទំនាយអំពីទារកនេះដែលនឹងទៅជាគ្រិស្ត។ (លូក. ២:២៥-៣៥) ទោះជាស៊ីម្មានទំនងជាបានស្លាប់មុនលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោកក្ដី គាត់សប្បាយចិត្តដែលព្រះយេហូវ៉ាបានប្រើគាត់តាមរបៀបនេះ។ ម្យ៉ាងទៀត គាត់នឹងទទួលអ្វីល្អជាច្រើននៅថ្ងៃអនាគត! ក្នុងពិភពលោកថ្មី បុរសដ៏ស្មោះត្រង់នេះនឹងឃើញអំពីរបៀបដែលការគ្រប់គ្រងរបស់លោកយេស៊ូនឹងធ្វើឲ្យក្រុមគ្រួសារទាំងអស់នៅផែនដីទទួលពរ។ (លោ. ២២:១៨) យើងក៏សប្បាយចិត្តចំពោះឯកសិទ្ធិណាក៏ដោយដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងក្នុងកិច្ចបម្រើលោក។ w១៩.១០ ទំ. ២២ វ. ៧; ទំ. ២៣ វ. ១២
ថ្ងៃពុធ ទី១៨ ខែសីហា
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម។—សុភ. ៤:២៣
ទោះជាយើងមានទ្រព្យសម្បត្តិច្រើនឬតិចក្ដី យើងត្រូវការពារចិត្តរបស់យើង។ តើតាមរបៀបណា? សូមកុំបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះទ្រព្យសម្បត្តិ។ ម្យ៉ាងទៀត សូមកុំឲ្យមុខរបរឬការងាររបស់អ្នកទៅជាអ្វីដែលសំខាន់ជាងកិច្ចបម្រើរបស់អ្នកចំពោះព្រះយេហូវ៉ាឡើយ។ តើអ្នកអាចដឹងយ៉ាងណាថានេះកំពុងកើតឡើងចំពោះអ្នកឬមិនមែន? មានសំណួរខ្លះដែលអ្នកអាចសួរខ្លួនអ្នកថា ‹តើខ្ញុំច្រើនតែគិតអំពីការងាររបស់ខ្ញុំពេលខ្ញុំកំពុងនៅកិច្ចប្រជុំឬក្នុងកិច្ចបម្រើផ្សាយឬទេ? តើខ្ញុំតែងតែព្រួយបារម្ភថាខ្ញុំនឹងមានលុយគ្រប់គ្រាន់នៅថ្ងៃអនាគតឬទេ? តើលុយនិងទ្រព្យសម្បត្តិធ្វើឲ្យខ្ញុំនិងគូអាពាហ៍ពិពាហ៍មានបញ្ហានឹងគ្នាឬទេ? តើខ្ញុំសុខចិត្តធ្វើការងារដែលគេមើលងាយ បើការងារនោះអាចឲ្យខ្ញុំមានពេលច្រើនជាងដើម្បីបម្រើព្រះយេហូវ៉ាឬទេ?›។ (១ធី. ៦:៩-១២) ពេលយើងពិចារណាសំណួរទាំងនេះ យើងគួរចាំថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយលោកសន្យានឹងពួកអ្នកដែលមានភក្ដីភាពចំពោះលោកថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ ហេតុនេះហើយ សាវ័កប៉ូលបានសរសេរថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកការស្រឡាញ់ប្រាក់»។—ហេ. ១៣:៥, ៦ w១៩.១០ ទំ. ២៩ វ. ១០
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា
ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។—សុភ. ២៧:១៧
ពេលយើងរួមការងារជាមួយនឹងបងប្អូនរួមជំនឿ ហើយឃើញគុណសម្បត្តិរបស់ពួកគេ នោះយើងអាចរៀនពីពួកគេនិងកាន់តែជិតស្និទ្ធនឹងគ្នា។ ជាឧទាហរណ៍ ក្នុងកិច្ចផ្សព្វផ្សាយ ពេលអ្នកឮមិត្តរបស់អ្នកនិយាយការពារជំនឿរបស់គាត់ដោយចិត្តក្លាហាន ឬនិយាយដោយការជឿជាក់អំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកទំនងជាមានអារម្មណ៍ជិតស្និទ្ធនឹងគាត់ជាងមុនទៅទៀត។ បងស្រីអេដឺលីនដែលមានអាយុ២៣ឆ្នាំ បានសុំមិត្តភក្ដិរបស់គាត់ឈ្មោះខាន់ឌីសឲ្យទៅផ្សព្វផ្សាយជាមួយនឹងគាត់នៅតំបន់ដែលមិនសូវមានអ្នកផ្សាយ។ បងអេដឺលីននិយាយថា៖ «យើងចង់ផ្សព្វផ្សាយដោយមានចិត្តខ្នះខ្នែងជាង ហើយមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ យើងទាំងពីរត្រូវការការលើកទឹកចិត្តដើម្បីយើងអាចបន្តជូនអ្វីដែលល្អបំផុតដល់ព្រះយេហូវ៉ា»។ តើពួកគាត់បានទទួលប្រយោជន៍យ៉ាងណាពីការបំពេញកិច្ចបម្រើផ្សាយជាមួយគ្នា? បងអេដឺលីននិយាយថា៖ «រាល់ថ្ងៃក្រោយឈប់កិច្ចបម្រើផ្សាយ យើងនិយាយគ្នាអំពីអារម្មណ៍របស់យើង អ្វីដែលលើកទឹកចិត្តយើងអំពីការសន្ទនាជាមួយម្ចាស់ផ្ទះ និងរបៀបដែលយើងឃើញថាព្រះយេហូវ៉ាណែនាំយើងក្នុងកិច្ចបម្រើផ្សាយ។ ពេលយើងនិយាយគ្នាដូចនេះ នោះធ្វើឲ្យយើងសប្បាយចិត្តនិងកាន់តែស្គាល់គ្នា»។ w១៩.១១ ទំ. ៥ វ. ១០-១១
ថ្ងៃសុក្រ ទី២០ ខែសីហា
[ចូរ]ទទួលយកខែលធំនៃជំនឿ។—អេភ. ៦:១៦
នៅសម័យបុរាណ បើទាហានត្រឡប់មកពីសមរភូមិវិញដោយមិនមានខែលរបស់គាត់ នោះគាត់នឹងបាក់មុខ។ ប្រវត្ដិវិទូជនជាតិរ៉ូមម្នាក់ឈ្មោះថាស៊ីថឹស បានសរសេរថា៖ «បើទាហានណារត់ចោលខែលរបស់គាត់ នោះជាការអាប់ឱនកិត្តិយសបំផុត»។ នេះជាមូលហេតុមួយដែលពួកទាហានបានធ្វើឲ្យប្រាកដថាពួកគេកាន់ខែលរបស់ពួកគេឲ្យជាប់។ យើងកាន់ខែលនៃជំនឿរបស់យើងយ៉ាងជាប់ ដោយចូលរួមកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិកជាទៀងទាត់ ហើយដោយប្រាប់អ្នកឯទៀតអំពីនាមរបស់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក។ (ហេ. ១០:២៣-២៥) បន្ថែមទៅទៀត យើងអានបណ្ដាំរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ហើយអធិដ្ឋានទៅលោកឲ្យជួយយើងធ្វើតាមអ្វីដែលបណ្ដាំនោះបានចែង។ (២ធី. ៣:១៦, ១៧) យ៉ាងនេះ គ្មានអាវុធណាដែលសាថានប្រើដើម្បីទាស់នឹងយើង អាចធ្វើឲ្យយើងរងទុក្ខរហូតនោះទេ។ (អេ. ៥៤:១៧) «ខែលធំនៃជំនឿ»របស់យើង នឹងការពារយើង។ ដោយរួមគ្នាជាមួយនឹងបងប្អូនរបស់យើង យើងនឹងមានចិត្តក្លាហាន ហើយយកឈ្នះការប្រយុទ្ធដែលយើងមានជារៀងរាល់ថ្ងៃ។ យើងមិនគ្រាន់តែនឹងឈ្នះការប្រយុទ្ធនោះប៉ុណ្ណោះទេ តែយើងក៏នឹងមានកិត្តិយសនៅខាងលោកយេស៊ូ ពេលលោកទទួលជ័យជម្នះក្នុងការប្រយុទ្ធនឹងសាថាននិងពួកអ្នកកាន់តាមវា។—បប. ១៧:១៤; ២០:១០ w១៩.១១ ទំ. ១៩ វ. ១៨-១៩
ថ្ងៃសៅរ៍ ទី២១ ខែសីហា
របៀបដែលខ្ញុំដាល់ មិនដូចជាដាល់ខ្យល់ឡើយ។—១កូ. ៩:២៦
បើអ្នកសរសេរគម្រោងរបស់អ្នក នោះអ្នកស្រួលធ្វើតាមគម្រោងនោះជាង។ (១កូ. ១៤:៤០) ជាឧទាហរណ៍ ក្រុមអ្នកចាស់ទុំបានទទួលការណែនាំឲ្យជ្រើសរើសអ្នកចាស់ទុំណាម្នាក់ឲ្យសរសេរអំពីការសម្រេចចិត្តនានារបស់ពួកគេ ឈ្មោះអ្នកដែលបានត្រូវជ្រើសរើសឲ្យធ្វើតាមការសម្រេចចិត្តនោះ និងកាលបរិច្ឆេទដែលពួកគេគួរធ្វើឲ្យហើយ។ ពេលពួកអ្នកចាស់ទុំធ្វើតាមការណែនាំនេះ នោះពួកគេស្រួលធ្វើតាមការសម្រេចចិត្តរបស់ពួកគេជាង។ អ្នកអាចព្យាយាមធ្វើអ្វីដែលស្រដៀងនឹងនេះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចធ្វើបញ្ជីមួយអំពីអ្វីដែលអ្នកត្រូវធ្វើរាល់ថ្ងៃ ហើយសរសេរលើគេអំពីអ្វីដែលអ្នកចង់ធ្វើមុន។ បើអ្នកធ្វើដូច្នេះ អ្នកស្រួលបង្ហើយអ្វីដែលអ្នកបានចាប់ផ្ដើម ហើយអ្នកនឹងសម្រេចបានច្រើនជាង។ ប៉ុន្តែ អ្នកនឹងត្រូវខំប្រឹង។ គឺត្រូវការការខំប្រឹងដើម្បីធ្វើតាមគម្រោងនិងបង្ហើយអ្វីដែលយើងចាប់ផ្ដើម។ (រ៉ូម ១២:១១) សាវ័កប៉ូលបានប្រាប់ធីម៉ូថេឲ្យ«បន្តព្យាយាម» និង«កាន់ខ្ជាប់»ក្នុងការទៅជាអ្នកបង្រៀនដែលល្អប្រសើរជាង។ យើងអាចធ្វើតាមយោបល់នេះ ពេលយើងចង់ធ្វើអ្វីណាក៏ដោយដើម្បីព្រះយេហូវ៉ា។—១ធី. ៤:១៣, ១៦ w១៩.១១ ទំ. ៣០ វ. ១៥-១៦
ថ្ងៃអាទិត្យ ទី២២ ខែសីហា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន។—និក្ខ. ៣៣:១១
ម៉ូសេគ្មានទំនុកចិត្ត ពេលគាត់បានត្រូវសុំឲ្យដឹកនាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ហើយគាត់បានប្រាប់ព្រះយេហូវ៉ាម្ដងហើយម្ដងទៀតអំពីអារម្មណ៍របស់គាត់ថា គាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ទេ។ ព្រះបានតបឆ្លើយដោយបង្ហាញថាលោកមានសេចក្ដីអាណិតមេត្តា ពោលគឺលោកយល់អារម្មណ៍របស់ម៉ូសេ ហើយបានផ្ដល់ជំនួយដល់គាត់។ (និក្ខ. ៤:១០-១៦) ជាលទ្ធផល ម៉ូសេអាចប្រាប់ដំណឹងអំពីការវិនិច្ឆ័យទោសដល់ផារ៉ូ។ ម៉ូសេបានឃើញព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកក្នុងការសង្គ្រោះជនជាតិអ៊ីស្រាអែល និងក្នុងការបានបំផ្លាញផារ៉ូព្រមទាំងកងទ័ពរបស់គាត់នៅសមុទ្រក្រហម។ (និក្ខ. ១៤:២៦-៣១; ទំនុក. ១៣៦:១៥) ក្រោយពីម៉ូសេបានដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេចេះតែត្អូញត្អែរពីនេះពីនោះ។ ទោះជាយ៉ាងនេះក៏ដោយ ម៉ូសេបានឃើញចិត្តអត់ធ្មត់ដ៏ក្រៃលែងរបស់ព្រះយេហូវ៉ា ក្នុងការដែលលោកប្រព្រឹត្តចំពោះបណ្ដាជនដែលលោកបានរំដោះពីភាពជាខ្ញុំបម្រើ។ (ទំនុក. ៧៨:៤០-៤៣) ម៉ូសេក៏បានឃើញព្រះយេហូវ៉ាបង្ហាញចិត្តរាបទាបដ៏គួរឲ្យស្ងើចសរសើរ ពេលដែលលោកបានផ្លាស់ប្ដូរចិត្តរបស់លោកដោយសារគាត់បានសុំលោកឲ្យធ្វើដូច្នេះ។ (និក្ខ. ៣២:៩-១៤) ក្រោយពីការរំដោះចេញពីស្រុកអេស៊ីប ចំណងមិត្តភាពរបស់ម៉ូសេជាមួយនឹងព្រះយេហូវ៉ាគឺជិតស្និទ្ធដល់ម្ល៉េះ ហាក់ដូចជាគាត់អាចឃើញបិតាដែលស្ថិតនៅស្ថានសួគ៌។—ហេ. ១១:២៧ w១៩.១២ ទំ. ១៧ វ. ៧-៩
ថ្ងៃច័ន្ទ ទី២៣ ខែសីហា
លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា ហើយអ្នកនឹងឃើញលោកនៅទីនោះ។—ម៉ាថ. ២៨:៧
អ្នកកាន់តាមលោកយេស៊ូភាគច្រើនមកពីស្រុកកាលីឡេ។ ដូច្នេះ គឺស្រួលជាងឲ្យមានការជួបជុំជាមួយនឹងមនុស្សជាច្រើននៅលើភ្នំមួយក្នុងស្រុកកាលីឡេ ជាជាងនៅផ្ទះនាក្រុងយេរូសាឡិម។ ម្យ៉ាងទៀត ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានជួបសាវ័ក១១នាក់របស់លោករួចហើយនៅផ្ទះមួយនាក្រុងយេរូសាឡិម។ បើលោកយេស៊ូចង់បង្គាប់តែពួកសាវ័កប៉ុណ្ណោះអំពីការផ្សព្វផ្សាយនិងការបង្រៀនអ្នកឯទៀត លោកអាចធ្វើនេះបាននៅក្រុងយេរូសាឡិម ជាជាងសុំពួកគេ ព្រមទាំងស្ត្រីនិងអ្នកផ្សេងទៀតឲ្យមកជួបលោកនៅស្រុកកាលីឡេ។ (លូក. ២៤:៣៣, ៣៦) បង្គាប់របស់លោកយេស៊ូ អំពីការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកគឺមិនគ្រាន់តែសម្រាប់គ្រិស្តសាសនិកដែលរស់នៅសតវត្សរ៍ទី១ប៉ុណ្ណោះទេ។ ហេតុអ្វីយើងដឹង? ពាក្យចុងក្រោយក្នុងបង្គាប់របស់លោកយេស៊ូទៅកាន់អ្នកកាន់តាមលោក គឺថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:១៩, ២០) កិច្ចការបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមលោកកំពុងកើតឡើងនៅសព្វថ្ងៃនេះ។ សូមគិតទៅមើល! រាល់ឆ្នាំ មនុស្សជិត៣០០.០០០នាក់ទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ទទួលការជ្រមុជទឹក និងទៅជាសាក្សីព្រះយេហូវ៉ា។ នេះពិតជាអស្ចារ្យមែន! w២០.០១ ទំ. ២ វ. ១; ទំ. ៣ វ. ៥-៦
ថ្ងៃអង្គារ ទី២៤ ខែសីហា
ព្រះ . . . បាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ។—ទំនុក. ១៣៦:២៣
បុគ្គលខ្លះគឺវ័យក្មេង តែបានត្រូវគ្រូពេទ្យពិនិត្យឃើញថាមានជំងឺដ៏កាចសាហាវមួយដែលនឹងធ្វើឲ្យកាន់តែខ្សោយកម្លាំង។ បុគ្គលខ្លះទៀតកាន់តែមានវ័យចាស់ ហើយមិនអាចរកការងារថ្មីបាន។ រីឯបុគ្គលផ្សេងទៀតគឺវ័យចាស់ ហើយមិនអាចធ្វើអ្វីច្រើនដូចដែលធ្លាប់ធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាឡើយ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពដែលស្រដៀងនឹងនេះ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកគ្មានតម្លៃទៀតទេ។ ស្ថានភាពទាំងនេះអាចធ្វើឲ្យអ្នកលែងមានអំណរ លែងឲ្យតម្លៃចំពោះខ្លួនឯង និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកឯទៀត។ ពិភពលោកនេះមានទស្សនៈដូចសាថានចំពោះជីវិតមនុស្ស។ សាថានតែងតែប្រព្រឹត្តទៅលើមនុស្សហាក់ដូចជាពួកគេមិនមានតម្លៃ។ វាគ្មានចិត្តអាណិតមេត្តាទេ ពេលវាបានប្រាប់អេវ៉ាថាគាត់នឹងមានសេរីភាពបើឈប់ស្ដាប់បង្គាប់ព្រះ ទោះជាវាដឹងថាការមិនស្ដាប់បង្គាប់ព្រះនាំឲ្យត្រូវស្លាប់ក៏ដោយ។ សាថានតែងតែកាន់កាប់លើពិភពលោកនេះ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេដែលអ្នកដឹកនាំជាច្រើនក្នុងពិភពលោកក៏មិនឲ្យតម្លៃចំពោះជីវិតមនុស្ស ហើយមិនខ្វល់អំពីអារម្មណ៍របស់អ្នកឯទៀតឡើយ។ ខុសពីសាថាន ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថាយើងមានតម្លៃ ហើយលោកគាំទ្រយើងពេលយើងប្រឈមមុខនឹងស្ថានភាពដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។—រ៉ូម ១២:៣ w២០.០១ ទំ. ១៤ វ. ១-៤
ថ្ងៃពុធ ទី២៥ ខែសីហា
មិនត្រូវឲ្យឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងឯងស្លាប់ដោយដៃរបស់យើង។—យេ. ១១:២១
អស់រយៈពេលជាង៤០ឆ្នាំ យេរេមាបានរស់នៅក្នុងចំណោមមនុស្សមិនស្មោះត្រង់ ដែលរួមមានអ្នកជិតខាង និងប្រហែលជាសាច់ញាតិខ្លះរបស់គាត់ពីក្រុងអាន៉ាថោតដែលជាស្រុកកំណើតគាត់។ (យេ. ១២:៦) ប៉ុន្តែ គាត់មិនបានផ្ដាច់ខ្លួននៅតែឯងទេ។ តាមពិត គាត់បានប្រាប់អំពីអារម្មណ៍របស់គាត់ទៅបារូកដែលជាលេខាដ៏ស្មោះត្រង់របស់គាត់។ យើងក៏ដឹងអំពីអារម្មណ៍របស់យេរេមាដែរ ដោយសារនោះបានត្រូវកត់ទុកក្នុងគម្ពីរ។ (យេ. ៨:២១; ៩:១; ២០:១៤-១៨; ៤៥:១) កាលដែលបារូកបានសរសេររឿងរ៉ាវដែលបានកើតឡើងចំពោះយេរេមា នោះច្បាស់ជានាំឲ្យពួកគាត់ទាំងពីរនាក់មានសេចក្ដីស្រឡាញ់និងការគោរពយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ (យេ. ២០:១, ២; ២៦:៧-១១) អស់ជាច្រើនឆ្នាំ យេរេមាបានព្រមានជនជាតិអ៊ីស្រាអែលដោយចិត្តក្លាហានអំពីអ្វីដែលនឹងកើតឡើងចំពោះក្រុងយេរូសាឡិម។ (យេ. ២៥:៣) នៅលើកមួយដែលព្រះយេហូវ៉ាលើកទឹកចិត្តបណ្ដាជនឲ្យប្រែចិត្ត លោកបានសុំយេរេមាឲ្យសរសេរការព្រមានរបស់លោកនៅលើរមូរមួយ។ (យេ. ៣៦:១-៤) អស់រយៈពេលប្រហែលជាច្រើនខែ កាលដែលយេរេមានិងបារូកបានសហការគ្នាយ៉ាងល្អដើម្បីបំពេញភារកិច្ចដែលព្រះបានផ្ដល់ឲ្យនេះ ពួកគាត់ច្បាស់ជាបាននិយាយគ្នា ហើយនោះបានពង្រឹងជំនឿរបស់ពួកគាត់។ w១៩.១១ ទំ. ២-៣ វ. ៣-៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា
អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង។—ម៉ាថ. ២៣:១២
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនដែលបានត្រូវរើសតាំង? ការស្ងើចសរសើរបុគ្គលម្នាក់ខ្លាំងពេកគឺជាការខុស ទោះជាបុគ្គលនោះជាបងប្អូនដែលបានត្រូវរើសតាំងរបស់គ្រិស្តក៏ដោយ។ (ម៉ាថ. ២៣:៨-១១) ស្ដីអំពីពួកអ្នកចាស់ទុំ គម្ពីរលើកទឹកចិត្តយើងឲ្យ«យកតម្រាប់តាមជំនឿរបស់ពួកគាត់» ប៉ុន្តែគម្ពីរមិនប្រាប់យើងថាយើងអាចលើកមនុស្សណាម្នាក់ឲ្យធ្វើជាអ្នកដឹកនាំយើងឡើយ។ (ហេ. ១៣:៧) ពិតមែនតែគម្ពីរចែងថាអ្នកខ្លះ«គួរនឹងទទួលកិត្តិយសមួយជាពីរ» ប៉ុន្តែនេះគឺដោយសារពួកគេ«ដឹកនាំយ៉ាងល្អប្រសើរ» ហើយ«ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ» មិនមែនដោយសារពួកគេជាអ្នកដែលបានត្រូវរើសតាំងទេ។ (១ធី. ៥:១៧) បើយើងលើកសរសើរនិងយកចិត្តទុកដាក់ខ្លាំងពេកចំពោះអ្នកដែលព្រះបានរើសតាំង យើងអាចធ្វើឲ្យពួកគេអៀនខ្មាស។ ឬក៏អាក្រក់ជាងនេះទៅទៀត យើងអាចធ្វើឲ្យពួកគេទៅជាមនុស្សមានអំណួត។ (រ៉ូម ១២:៣) គ្មានយើងណាម្នាក់ចង់ធ្វើអ្វីណាក៏ដោយដែលអាចនាំឲ្យបងប្អូនដែលបានត្រូវរើសតាំងរបស់គ្រិស្តធ្វើខុសធ្ងន់ធ្ងរបែបនោះឡើយ!—លូក. ១៧:២ w២០.០១ ទំ. ២៨ វ. ៨
ថ្ងៃសុក្រ ទី២៧ ខែសីហា
ក្រៅពីអ្វីៗទាំងនោះ ក៏មាន . . . កង្វល់អំពីក្រុមជំនុំទាំងឡាយ។—២កូ. ១១:២៨
សាវ័កប៉ូលមានអ្វីជាច្រើនដែលនាំឲ្យគាត់ព្រួយចិត្ត។ គាត់ព្រួយចិត្តណាស់ពេលឃើញបងប្អូនរបស់គាត់ជួបបញ្ហា។ (២កូ. ២:៤) អ្នកប្រឆាំងបានវាយគាត់និងចាប់គាត់ដាក់គុក។ គាត់ក៏ត្រូវស៊ូទ្រាំនឹងការពិបាកដែលនាំឲ្យគាត់មានទុក្ខកង្វល់ ដូចជាការ«រស់នៅដោយមានតែបន្តិចបន្តួច»។ (ភី. ៤:១២) មួយវិញទៀត ដោយសារគាត់ធ្លាប់លិចសំពៅយ៉ាងហោចណាស់បីដង គាត់ទំនងជាព្រួយចិត្តរាល់ពេលដែលគាត់ធ្វើដំណើរតាមទូក។ (២កូ. ១១:២៣-២៧) តើអ្វីបានជួយប៉ូលពេលគាត់ព្រួយចិត្ត? ប៉ូលមានទុក្ខកង្វល់ពេលបងប្អូនរបស់គាត់ជួបបញ្ហា ប៉ុន្តែគាត់មិនបានព្យាយាមដោះស្រាយបញ្ហាទាំងអស់របស់ពួកគេដោយខ្លួនគាត់នោះទេ។ ប៉ូលបានដឹងថាគាត់មិនអាចធ្វើអ្វីទាំងអស់បានឡើយ។ គាត់បានសុំអ្នកឯទៀតឲ្យជួយថែរក្សាក្រុមជំនុំ ដូចជាធីម៉ូថេនិងទីតុសជាដើម។ កិច្ចការដែលបងប្អូនប្រុសទាំងនោះបានធ្វើច្បាស់ជាបានជួយកាត់បន្ថយទុក្ខកង្វល់របស់ប៉ូល។—ភី. ២:១៩, ២០; ទីត. ១:១, ៤, ៥ w២០.០២ ទំ. ២២-២៣ វ. ១១-១២
ថ្ងៃសៅរ៍ ទី២៨ ខែសីហា
កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ។—អេភ. ៦:១
ព្រះយេហូវ៉ាក៏តម្រូវឲ្យយើងស្ដាប់បង្គាប់លោកដែរ។ លោកសមនឹងទទួលការស្ដាប់បង្គាប់ពីយើង ដោយសារលោកជាអ្នកបង្កើតយើង ជាអ្នកផ្គត់ផ្គង់ជីវិតយើង និងមានប្រាជ្ញាលើសជាងឪពុកម្ដាយទាំងឡាយ។ ក៏ប៉ុន្តែ មូលហេតុចម្បងដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាគឺដោយសារយើងស្រឡាញ់លោក។ (១យ៉ូន. ៥:៣) ទោះជាមានមូលហេតុជាច្រើនដែលយើងគួរស្ដាប់បង្គាប់ព្រះយេហូវ៉ាក៏ដោយ លោកមិនបង្ខំយើងឲ្យធ្វើដូច្នេះទេ។ ព្រះយេហូវ៉ាបានឲ្យយើងអំណោយមួយ ពោលគឺចិត្តសេរី ដូច្នេះលោកសប្បាយចិត្តពេលដែលយើងសម្រេចចិត្តស្ដាប់បង្គាប់លោកដោយសារយើងស្រឡាញ់លោក។ ឪពុកម្ដាយចង់ឲ្យកូនៗមានសុវត្ថិភាព។ ហេតុនេះពួកគេបង្កើតច្បាប់គ្រួសារ។ ពេលកូនធ្វើតាមច្បាប់ទាំងនោះ ពួកគេបង្ហាញថាពួកគេទុកចិត្តនិងគោរពឪពុកម្ដាយ។ ដូច្នេះគឺរឹតតែសំខាន់ជាងនេះទៅទៀត ដែលយើងស្គាល់និងរស់នៅសមស្របតាមខ្នាតតម្រារបស់បិតាយើងនៅស្ថានសួគ៌។ ពេលយើងធ្វើនេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់និងគោរពលោក ហើយយើងផ្ទាល់ក៏ទទួលប្រយោជន៍ដែរ។ (អេ. ៤៨:១៧, ១៨) ផ្ទុយទៅវិញ ពួកអ្នកដែលមិនព្រមធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ានាំឲ្យខ្លួនឯងរងទុក្ខ។—កាឡ. ៦:៧, ៨ w២០.០២ ទំ. ៩-១០ វ. ៨-៩
ថ្ងៃអាទិត្យ ទី២៩ ខែសីហា
សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្ដាប់បន្តិច ហើយសូមទទួលស្ដាប់ពាក្យរបស់បាវស្រីលោកសិន។—១សាំ. ២៥:២៤
ដូចអ័ប៊ីកែល យើងត្រូវមានចិត្តក្លាហានដើម្បីនិយាយ បើយើងឃើញអ្នកណាម្នាក់កំពុងដើរផ្លូវខុស។ (ទំនុក. ១៤១:៥) យើងត្រូវបង្ហាញការគោរព ប៉ុន្តែយើងក៏ត្រូវមានចិត្តក្លាហានដែរ។ ពេលយើងឲ្យឱវាទដែលចាំបាច់ដល់បុគ្គលណាម្នាក់ដោយសេចក្ដីស្រឡាញ់ យើងបង្ហាញថាយើងជាមិត្តពិត។ (សុភ. ២៧:១៧) ជាពិសេស គឺសំខាន់ដែលអ្នកចាស់ទុំមានចិត្តក្លាហានដើម្បីនិយាយជាមួយនឹងពួកអ្នកនៅក្នុងក្រុមជំនុំដែលចាប់ផ្ដើមដើរផ្លូវខុស។ (កាឡ. ៦:១) ពួកអ្នកចាស់ទុំទទួលស្គាល់ដោយចិត្តរាបទាបថាពួកគេក៏ជាមនុស្សមិនល្អឥតខ្ចោះ ហើយប្រហែលជានឹងត្រូវទទួលឱវាទនៅថ្ងៃណាមួយដែរ។ ប៉ុន្តែ ពួកអ្នកចាស់ទុំមិនឲ្យអ្វីនោះបញ្ឈប់ពួកគេពីការប្រដៅតម្រង់ពួកអ្នកដែលត្រូវការនោះឡើយ។ (២ធី. ៤:២; ទីត. ១:៩) ពេលផ្ដល់ឱវាទឲ្យបុគ្គលណាម្នាក់ ពួកគេព្យាយាមប្រើសមត្ថភាពនិយាយ ដើម្បីបង្រៀនបុគ្គលនោះយ៉ាងប៉ិនប្រសប់និងដោយអត់ធ្មត់។ ពួកគេស្រឡាញ់បងប្អូនរបស់ពួកគេ ហើយសេចក្ដីស្រឡាញ់នោះជំរុញចិត្តពួកគេឲ្យជួយបងប្អូននោះ។ (សុភ. ១៣:២៤) ប៉ុន្តែ អ្វីដែលសំខាន់បំផុតសម្រាប់ពួកគេគឺការលើកកិត្តិយសព្រះយេហូវ៉ា ដោយគាំទ្រខ្នាតតម្រារបស់លោក និងការពារក្រុមជំនុំពីអ្វីៗដែលអាចបណ្ដាលឲ្យមានបញ្ហា។—សកម្ម. ២០:២៨ w២០.០៣ ទំ. ២០ វ. ៨-៩
ថ្ងៃច័ន្ទ ទី៣០ ខែសីហា
ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។—ភី. ៤:១៣
ព្រះយេហូវ៉ាបានធ្វើឲ្យម៉ូសេក្លាយទៅជាអ្នកសង្គ្រោះជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ តើព្រះយេហូវ៉ាបានប្រើគាត់នៅពេលណា? លោកមិនបានប្រើម៉ូសេនៅពេលដែលគាត់គិតថា គាត់មានគុណសម្បត្តិគ្រប់គ្រាន់ ក្រោយពីគាត់បានត្រូវ«អប់រំទៅតាមអស់ទាំងចំណេះវិជ្ជារបស់ជនជាតិអេស៊ីប»ទេ។ (សកម្ម. ៧:២២-២៥) ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានប្រើម៉ូសេ ក្រោយពីលោកបានជួយគាត់ឲ្យក្លាយទៅជាបុគ្គលដែលមានចិត្តរាបទាបនិងចិត្តស្លូតបូត។ (សកម្ម. ៧:៣០, ៣៤-៣៦) ព្រះយេហូវ៉ាបានផ្ដល់ចិត្តក្លាហានដល់ម៉ូសេដើម្បីឲ្យគាត់និយាយទៅកាន់អ្នកគ្រប់គ្រងដែលមានអំណាចខ្លាំងក្លាបំផុតនៅស្រុកអេស៊ីប។ (និក្ខ. ៩:១៣-១៩) កំណត់ហេតុនេះជួយយើងឲ្យយល់ថាព្រះយេហូវ៉ាប្រើពួកអ្នកដែលព្យាយាមមានគុណសម្បត្តិដូចលោក និងពឹងផ្អែកលើលោកដើម្បីទទួលកម្លាំង។ តាំងពីសម័យបុរាណ ព្រះយេហូវ៉ាបានប្រើអ្នកបម្រើលោកតាមរបៀបផ្សេងៗ។ តើលោកនឹងធ្វើឲ្យអ្នកក្លាយទៅជាអ្វី? គឺអាស្រ័យទៅលើអ្នកសុខចិត្តខំប្រឹងព្យាយាមដល់កម្រិតណា។ (កូឡ. ១:២៩) បើអ្នកសុខចិត្តឲ្យព្រះយេហូវ៉ាប្រើអ្នក នោះលោកអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកផ្សាយដែលមានចិត្តខ្នះខ្នែង អ្នកបង្រៀនដ៏ល្អ អ្នកសម្រាលទុក្ខ អ្នកធ្វើការដែលមានជំនាញ មិត្តល្អ ឬអ្វីផ្សេងទៀតដែលលោកត្រូវការដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ w១៩.១០ ទំ. ២១ វ. ៥; ទំ. ២៥ វ. ១៤
ថ្ងៃអង្គារ ទី៣១ ខែសីហា
ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់។—យ៉ូន. ១៥:១៥
មិត្តល្អនឹងជួយយើងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ របៀបដ៏ល្អបំផុតដើម្បីមានមិត្តល្អគឺដោយធ្វើជាមិត្តល្អ។ (ម៉ាថ. ៧:១២) ជាឧទាហរណ៍ គម្ពីរលើកទឹកចិត្តយើងឲ្យប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយអ្នកឯទៀត ជាពិសេសពួកអ្នកដែល«ខ្វះខាត»។ (អេភ. ៤:២៨) ពេលយើងជាប់រវល់ក្នុងការជួយអ្នកឯទៀត យើងទំនងជានឹងមានសុភមង្គល។ (សកម្ម. ២០:៣៥) មិត្តភក្ដិរបស់យើងនឹងគាំទ្រយើងពេលយើងមានទុក្ខលំបាក ហើយនេះនឹងជួយយើងឲ្យរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត។ ដូចអេលីហ៊ូវបានស្ដាប់ពេលយ៉ូបនិយាយអំពីទុក្ខលំបាករបស់គាត់ មិត្តរបស់យើងជួយយើងដោយស្ដាប់យ៉ាងអត់ធ្មត់កាលដែលយើងប្រាប់អំពីអារម្មណ៍របស់យើង។ (យ៉ូប ៣២:៤) យើងមិនគួររំពឹងថាមិត្តភក្ដិរបស់យើងនឹងធ្វើការសម្រេចចិត្តជំនួសយើងទេ ប៉ុន្តែបើយើងមានប្រាជ្ញា យើងនឹងស្ដាប់យោបល់របស់ពួកគេដែលមានមូលដ្ឋានលើគម្ពីរ។ (សុភ. ១៥:២២) ម្យ៉ាងទៀត ដូចស្ដេចដាវីឌបានបង្ហាញចិត្តរាបទាបដោយព្រមទទួលជំនួយពីមិត្តភក្ដិរបស់គាត់ យើងក៏គួរមានចិត្តរាបទាបដោយព្រមទទួលជំនួយពីមិត្តភក្ដិរបស់យើងនៅពេលដែលយើងត្រូវការ។ (២សាំ. ១៧:២៧-២៩) តាមការពិត មិត្តភក្ដិល្អបែបនេះជាអំណោយមួយពីព្រះយេហូវ៉ា។—យ៉ា. ១:១៧ w១៩.០៤ ទំ. ១១ វ. ១២; ទំ. ១២ វ. ១៤-១៥