ខែកញ្ញា
ថ្ងៃពុធ ទី១ ខែកញ្ញា
បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ។—យ៉ូន. ៥:១៧
ពេលយើងធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីការខំប្រឹងធ្វើការ តើនេះមានន័យថាយើងមិនចាំបាច់សម្រាកទេឬ? មិនមែនទេ! ព្រះយេហូវ៉ាមិនចេះអស់កម្លាំងទេ ហេតុនេះលោកមិនត្រូវការសម្រាកយកកម្លាំងឡើយ។ តែគម្ពីរចែងថាក្រោយពីព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃនិងផែនដី «នោះទ្រង់ក៏ឈប់សំរាក ហើយបានលំហើយព្រះអង្គវិញ»។ (និក្ខ. ៣១:១៧) នេះទំនងជាមានន័យថាព្រះយេហូវ៉ាបានឈប់បង្កើតអ្វីទៀត ហើយយកពេលដើម្បីសប្បាយរីករាយនឹងអ្វីដែលលោកបានបង្កើតរួចហើយ។ ម្យ៉ាងទៀត ទោះជាលោកយេស៊ូខំប្រឹងធ្វើការពេលលោកនៅផែនដីក្ដី លោកនៅតែធ្វើឲ្យប្រាកដថាលោកមានពេលសម្រាកនិងបរិភោគអាហារជាមួយមិត្តសម្លាញ់លោក។ (ម៉ាថ. ១៤:១៣; លូក. ៧:៣៤) គម្ពីរលើកទឹកចិត្តរាស្ត្រព្រះឲ្យរីករាយនឹងការដែលខ្លួនធ្វើ។ អ្នកបម្រើលោកគួរឧស្សាហ៍ធ្វើការ មិនមែនខ្ជិលទេ។ (សុភ. ១៥:១៩) អ្នកប្រហែលជាធ្វើការដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារអ្នក។ ម្យ៉ាងទៀត ពួកអ្នកកាន់តាមគ្រិស្តមានភារកិច្ចផ្សព្វផ្សាយដំណឹងល្អ។ ប៉ុន្តែ អ្នកក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។ w១៩.១២ ទំ. ២ វ. ២, ៤; ទំ. ៣ វ. ៥
ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា
គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។—១ពេ. ២:២១
សូមជៀសវាងពីការផ្សាយរឿងអំពីពួកវិញ្ញាណកំណាច។ ស្ដីអំពីរឿងនេះ យើងចង់ធ្វើតាមគំរូរបស់លោកយេស៊ូ។ លោកយេស៊ូបាននៅស្ថានសួគ៌មុនលោកមកផែនដី ដូច្នេះលោកដឹងព័ត៌មានជាច្រើនអំពីសាថាននិងពួកវិញ្ញាណកំណាច។ ប៉ុន្តែ លោកមិនបានផ្សាយរឿងអំពីអ្វីដែលពួកវិញ្ញាណអាក្រក់បានធ្វើទេ។ លោកយេស៊ូចង់ធ្វើជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ា មិនមែនជាអ្នកផ្សព្វផ្សាយឲ្យសាថានទេ។ យើងអាចយកតម្រាប់លោកយេស៊ូ ដោយមិនផ្សាយរឿងអំពីពួកវិញ្ញាណកំណាច។ ផ្ទុយទៅវិញ ពាក្យសម្ដីរបស់យើងបង្ហាញថា‹ចិត្តរបស់យើងពេញហៀរដោយសេចក្ដីដ៏ល្អ› ពោលគឺដោយសេចក្ដីពិត។ (ទំនុក. ៤៥:១) ចូរកុំភ័យខ្លាចពួកវិញ្ញាណទុច្ចរិត។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ រឿងអាក្រក់ប្រហែលជានឹងកើតឡើងដល់យើង។ ជាឧទាហរណ៍ ជំងឺ គ្រោះថ្នាក់ ឬថែមទាំងសេចក្ដីស្លាប់អាចកើតឡើងភ្លាមៗដោយមិនបានរំពឹងទុក។ ប៉ុន្តែ យើងមិនគួរគិតថាបញ្ហាទាំងនោះកើតឡើងដោយសារបុគ្គលវិញ្ញាណនោះទេ។ គម្ពីរពន្យល់ថា៖ «ពេលវេលានឹងឱកាស»ឬបញ្ហានិងហេតុការណ៍ដែលយើងមិនបានរំពឹងទុក អាចកើតឡើងភ្លាមៗដល់យើងទាំងអស់គ្នា។ (សាស្ដ. ៩:១១) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានបង្ហាញថាលោកមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាចឆ្ងាយណាស់។ w១៩.០៤ ទំ. ២៣-២៤ វ. ១៣-១៤
ថ្ងៃសុក្រ ទី៣ ខែកញ្ញា
ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន។—រ៉ូម ១៣:១
តើពួកអ្នកចាស់ទុំធ្វើតាមច្បាប់របស់រដ្ឋាភិបាលស្ដីអំពីការរាយការណ៍ទៅពួកអាជ្ញាធរពេលមានអ្នកណាម្នាក់ចោទប្រកាន់ពីបទបៀតបៀនកេរ្ដិ៍ខ្មាសកុមារឬទេ? មែនហើយ! នៅប្រទេសដែលច្បាប់តម្រូវឲ្យធ្វើដូច្នេះ ពួកអ្នកចាស់ទុំព្យាយាមធ្វើតាមច្បាប់នោះដោយរាយការណ៍ទៅពួកអាជ្ញាធរពេលមានការចោទប្រកាន់ពីបទបៀតបៀនកេរ្ដិ៍ខ្មាសកុមារ។ ច្បាប់បែបនោះមិនប្រឆាំងនឹងច្បាប់របស់ព្រះទេ។ (សកម្ម. ៥:២៨, ២៩) ដូច្នេះពេលដែលពួកអ្នកចាស់ទុំទទួលដំណឹងអំពីរឿងបែបនេះ ពួកគាត់ស្វែងរកការណែនាំភ្លាមៗអំពីរបៀបដែលពួកគាត់អាចធ្វើតាមច្បាប់ដែលតម្រូវឲ្យរាយការណ៍អំពីរឿងនេះ។ ពួកអ្នកចាស់ទុំប្រាប់ជនរងគ្រោះ ឪពុកម្ដាយរបស់ជនរងគ្រោះ និងបុគ្គលឯទៀតដែលបានដឹងរឿងនេះថាពួកគេមានសិទ្ធិរាយការណ៍ទៅពួកអាជ្ញាធរ។ ប៉ុន្តែ ចុះបើពួកគេត្រូវរាយការណ៍អំពីបងប្អូនណាម្នាក់ក្នុងក្រុមជំនុំ ហើយក្រោយមកមនុស្សជាច្រើនដឹងអំពីរឿងនេះ? តើគ្រិស្តសាសនិកដែលជាអ្នករាយការណ៍គួរគិតថាខ្លួនគាត់បាននាំឲ្យនាមរបស់ព្រះអាប់ឱនឬទេ? មិនមែនទេ គឺបុគ្គលដែលបានបៀតបៀនកេរ្ដិ៍ខ្មាសនោះទៅវិញទេដែលធ្វើឲ្យនាមរបស់ព្រះអាប់ឱន។ w១៩.០៥ ទំ. ១០-១១ វ. ១៣-១៤
ថ្ងៃសៅរ៍ ទី៤ ខែកញ្ញា
ប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ។—១កូ. ៣:១៩
គម្ពីរបង្គាប់ឲ្យប្ដីប្រពន្ធលើកកិត្តិយសគ្នាទៅវិញទៅមកនិងគោរពតាមពាក្យសម្បថអាពាហ៍ពិពាហ៍។ គម្ពីរលើកទឹកចិត្តគូអាពាហ៍ពិពាហ៍ឲ្យតាំងចិត្តរួមរស់ជាមួយគ្នា ដោយចែងថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោ. ២:២៤) ផ្ទុយទៅវិញ ពួកអ្នកដែលទទួលឥទ្ធិពលពីប្រាជ្ញារបស់ពិភពលោកនេះលើកស្ទួយទស្សនៈថាប្ដីឬប្រពន្ធគួរតែផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់ខ្លួន។ សៀវភៅមួយអំពីការលែងលះបានសរសេរថា៖ «ពីមុនក្នុងពិធីរៀបការគេធ្លាប់សន្យាថាយើងនឹងរួមរស់ជាមួយគ្នា‹ដរាបណាដែលយើងទាំងពីររស់នៅលើផែនដីជាមួយគ្នា› តែឥឡូវនេះក្នុងពិធីរៀបការខ្លះ ពាក្យនេះបានត្រូវជំនួសដោយពាក្យសន្យាដែលថាយើងនឹងរួមរស់ជាមួយគ្នា‹ដរាបណាដែលយើងទាំងពីរនៅស្រឡាញ់គ្នា›»។ ការមានទស្សនៈបែបនេះបាននាំឲ្យក្រុមគ្រួសារជាច្រើនបែកបាក់គ្នានិងបណ្ដាលឲ្យមនុស្សជាច្រើនមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ យើងអាចឃើញច្បាស់ថា ទស្សនៈរបស់ពិភពលោកនេះដែលមិនឲ្យតម្លៃចំពោះចំណងអាពាហ៍ពិពាហ៍គឺជាទស្សនៈដែលផ្ដេសផ្ដាស។ w១៩.០៥ ទំ. ២៣ វ. ១២
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា
ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ។—រ៉ូម ១២:២
ប៉ូលបានព្រួយបារម្ភ ដោយសារតាមមើលទៅគ្រិស្តសាសនិកខ្លះបានឲ្យការវែកញែកមិនល្អនិងទស្សនវិជ្ជាដែលពិភពលោកសាថានលើកស្ទួយមានឥទ្ធិពលលើពួកគេ។ (អេភ. ៤:១៧-១៩) នេះអាចកើតឡើងចំពោះយើងម្នាក់ៗ។ សាថានដែលជាព្រះនៃរបៀបរបបពិភពលោកនេះប្រើកលល្បិចផ្សេងៗ ដើម្បីឲ្យយើងចាកចេញពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ បើយើងចង់ធ្វើជាមនុស្សល្បីឈ្មោះឬចង់ធ្វើជាមនុស្សពិសេស វានឹងប្រើនោះដើម្បីឲ្យយើងចាកចេញពីព្រះយេហូវ៉ា។ វាក៏ប្រហែលជាថែមទាំងទាញប្រយោជន៍ពីវប្បធម៌ ការអប់រំ ឬបទពិសោធន៍របស់យើងដើម្បីឲ្យយើងគិតដូចវា។ តើយើងអាចបំបាត់ចោល«អ្វីៗដែលចាក់ឫសជ្រៅ»ក្នុងគំនិតរបស់យើងបានឬទេ? (២កូ. ១០:៤) សូមកត់សម្គាល់ចម្លើយរបស់ប៉ូល។ គាត់និយាយថា៖ «យើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ទ្រើង ហើយប្រឆាំងចំណេះអំពីព្រះ ហើយយើងកំពុងកាន់កាប់គំនិតទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ត»។ (២កូ. ១០:៥) មែនហើយ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចបំបាត់ចោលចិត្តគំនិតមិនត្រឹមត្រូវ។ w១៩.០៦ ទំ. ៨ វ. ១-៣
ថ្ងៃច័ន្ទ ទី៦ ខែកញ្ញា
ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ។—ទំនុក. ៧៣:២៨
ទោះជាហាណា ដាវីឌ និងអ្នកតែងទំនុកតម្កើងបានប្រឈមមុខនឹងការតានតឹងចិត្តជាខ្លាំងក៏ដោយ ពួកគាត់បានពឹងផ្អែកលើព្រះយេហូវ៉ាឲ្យជួយពួកគាត់។ តាមរយៈសេចក្ដីអធិដ្ឋាន ពួកគាត់បានប្រាប់លោកអស់ពីចិត្តអំពីទុក្ខកង្វល់ដែលពួកគាត់មាន។ ពួកគាត់ប្រាប់លោកដោយឥតលាក់លៀមអំពីមូលហេតុដែលពួកគាត់តានតឹងចិត្តជាខ្លាំង។ ម្យ៉ាងទៀត ពួកគាត់បន្តទៅកន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (១សាំ. ១:៩, ១០; ទំនុក. ៥៥:២២; ៧៣:១៧; ១២២:១) ដោយសេចក្ដីអាណិតមេត្តា ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគាត់ម្នាក់ៗ។ ក្រោយមក ហាណាមានសេចក្ដីសុខសាន្តក្នុងចិត្ត។ (១សាំ. ១:១៨) ចំណែកដាវីឌវិញ គាត់បានសរសេរថា៖ «មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។ (ទំនុក. ៣៤:១៩) រីឯអ្នកតែងទំនុកតម្កើង គាត់មានអារម្មណ៍ថាព្រះយេហូវ៉ា«កាន់ដៃស្ដាំ»របស់គាត់ ដោយផ្ដល់យោបល់ដែលប្រកបដោយសេចក្ដីស្រឡាញ់ដើម្បីណែនាំគាត់។ (ទំនុក. ៧៣:២៣, ២៤) តើយើងរៀនអ្វីពីគំរូរបស់ពួកគាត់? ជួនកាល យើងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរដែលនាំឲ្យយើងតានតឹងចិត្ត។ ប៉ុន្តែយើងអាចយកឈ្នះបញ្ហាទាំងនេះបាន បើយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកឯទៀត ពឹងផ្អែកលើលោកតាមរយៈសេចក្ដីអធិដ្ឋាន និងស្ដាប់បង្គាប់លោកដោយធ្វើអ្វីដែលលោកសុំឲ្យយើងធ្វើ។—ទំនុក. ១៤៣:១, ៤-៨ w១៩.០៦ ទំ. ១៧-១៨ វ. ១៤-១៥
ថ្ងៃអង្គារ ទី៧ ខែកញ្ញា
ទោះជាអ្នករាល់គ្នារងទុក្ខដោយសារសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានសុភមង្គលដែរ។—១ពេ. ៣:១៤
សូមកុំឲ្យអ្វីដែលមនុស្សនិយាយឬធ្វើ នាំឲ្យអ្នកអៀនខ្មាសចំពោះការធ្វើជាសាក្សីព្រះយេហូវ៉ាឡើយ។ (មីកា ៤:៥) សូមពិចារណាអំពីគំរូរបស់ពួកសាវ័កនៅក្រុងយេរូសាឡិមមិនយូរក្រោយពីលោកយេស៊ូបានត្រូវគេសម្លាប់។ ពួកគេបានដឹងថាអ្នកដឹកនាំសាសនាយូដាស្អប់ពួកគេយ៉ាងខ្លាំង។ (សកម្ម. ៥:១៧, ១៨, ២៧, ២៨) ប៉ុន្តែជារៀងរាល់ថ្ងៃ ពួកគេបានបន្តទៅវិហារ ហើយតាមរយៈកិច្ចបម្រើផ្សាយ ពួកគេបានបង្ហាញថាពួកគេជាអ្នកកាន់តាមលោកយេស៊ូ។ (សកម្ម. ៥:៤២) ពួកគេមិនអនុញ្ញាតឲ្យការភ័យខ្លាចបញ្ឈប់ពួកគេទេ។ យើងក៏អាចយកឈ្នះការភ័យខ្លាចមនុស្ស ដោយប្រាប់គេថាយើងជាសាក្សីព្រះយេហូវ៉ា ទោះជាយើងនៅកន្លែងធ្វើការ នៅសាលារៀន ឬក្នុងតំបន់ដែលយើងរស់នៅក្ដី។ (សកម្ម. ៤:២៩; រ៉ូម ១:១៦) ហេតុអ្វីពួកសាវ័កត្រេកអរ? ពីព្រោះពួកគេបានដឹងអំពីមូលហេតុដែលពួកគេបានត្រូវគេស្អប់ ហើយពួកគេបានចាត់ទុកថាការរងអំពើអាក្រក់ដោយសារពួកគេបានធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺជាកិត្តិយស។ (លូក. ៦:២៣; សកម្ម. ៥:៤១; ១ពេ. ២:១៩-២១) ពេលយើងយល់ថាយើងបានត្រូវគេស្អប់ដោយសារយើងធ្វើអ្វីដែលត្រឹមត្រូវ យើងនឹងមិនឲ្យការស្អប់ពីមនុស្សធ្វើឲ្យយើងឈប់បម្រើព្រះយេហូវ៉ាឡើយ។ w១៩.០៧ ទំ. ៧ វ. ១៩-២០
ថ្ងៃពុធ ទី៨ ខែកញ្ញា
មានច្បាប់ឲ្យមនុស្សធ្វើអំពើល្អនៅថ្ងៃឈប់សម្រាក។—ម៉ាថ. ១២:១២
លោកយេស៊ូនិងពួកអ្នកកាន់តាមលោកដែលជាជនជាតិយូដាបានកាន់តាមច្បាប់ថ្ងៃឈប់សម្រាក ដោយសារពួកគេនៅក្រោមច្បាប់ម៉ូសេ។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញដោយការប្រព្រឹត្តនិងពាក្យសម្ដីរបស់លោកថា ច្បាប់ថ្ងៃឈប់សម្រាកគឺសមហេតុផល ហើយថានៅថ្ងៃនោះពួកគេអាចធ្វើអ្វីៗដែលបង្ហាញសេចក្ដីសប្បុរស ព្រមទាំងអាចជួយអ្នកឯទៀតបាន។ (ម៉ាថ. ១២:៩-១១) លោកមិនបានគិតថាការប្រព្រឹត្តសប្បុរសនិងការជួយអ្នកឯទៀតនៅថ្ងៃឈប់សម្រាកគឺជាការខុសឡើយ។ ការប្រព្រឹត្តរបស់លោកយេស៊ូបានបង្ហាញថាលោកយល់អំពីមូលហេតុដ៏សំខាន់ដែលព្រះបានប្រាប់រាស្ដ្រលោកឲ្យសម្រាកនៅថ្ងៃឈប់សម្រាក។ ដោយសាររាស្ដ្ររបស់ព្រះបានសម្រាកពីការងារប្រចាំថ្ងៃរបស់ពួកគេ នោះពួកគេអាចផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍លោក។ លោកយេស៊ូបានធំឡើងក្នុងក្រុមគ្រួសារដែលប្រាកដជាបានយកឱកាសចូលកាន់តែជិតព្រះនៅថ្ងៃឈប់សម្រាក។ អ្វីដែលយើងអានអំពីលោកយេស៊ូពេលលោកនៅក្រុងណាសារ៉ែតដែលជាក្រុងដែលលោកបានធំឡើងបង្ហើបឲ្យដឹងអំពីរឿងនេះ ពីព្រោះលោកបាន«ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក តាមទម្លាប់របស់លោក ហើយបានក្រោកឈរឡើងដើម្បីអានបទគម្ពីរ»។ (លូក. ៤:១៥-១៩) ពួកអ្នកកាន់តាមលោកយេស៊ូ ក៏គោរពតាមច្បាប់ថ្ងៃឈប់សម្រាកខ្លាំងណាស់ បានជាពួកគេផ្អាកការរៀបចំគ្រឿងក្រអូបនិងប្រេងក្រអូបសម្រាប់សពលោក រហូតដល់ផុតថ្ងៃឈប់សម្រាក។—លូក. ២៣:៥៥, ៥៦ w១៩.១២ ទំ. ៤ វ. ១០
ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា
អ្នករាល់គ្នា . . . គ្មានសេចក្ដីសង្ឃឹម។—អេភ. ២:១២
គ្រិស្តសាសនិកទាំងឡាយដែលជាអ្នកផ្សព្វផ្សាយ ចូលរួមក្នុងការស្វែងរកមនុស្សដែលមានចិត្តស្មោះ។ យើងអាចប្រដូចកិច្ចការនេះទៅនឹងការស្វែងរកកូនក្មេងដែលវង្វេង។ តើតាមរបៀបណា? សូមគិតអំពីអ្វីដែលបានកើតឡើងក្នុងជីវិតពិតរបស់ក្មេងប្រុសម្នាក់ដែលមានអាយុបីឆ្នាំដែលបានវង្វេងបាត់ចេញពីផ្ទះ។ មនុស្សប្រហែលជា៥០០នាក់បានចូលរួមក្នុងការស្វែងរកក្មេងនោះ។ នៅទីបំផុត ប្រហែលជា២០ម៉ោងក្រោយពីគាត់បានបាត់ខ្លួន បុគ្គលម្នាក់បានរកឃើញក្មេងប្រុសនោះនៅចម្ការពោត។ បុគ្គលដែលបានរកឃើញក្មេងនោះ មិនចង់ទទួលការសរសើរពីអ្នកឯទៀតទេ។ គាត់និយាយថា៖ «ត្រូវមានមនុស្សរាប់រយនាក់ដើម្បីរកឃើញក្មេងនោះ»។ មនុស្សជាច្រើនគឺដូចក្មេងដែលវង្វេងផ្លូវនោះ។ ពួកគេគ្មានសង្ឃឹម ហើយទទួលស្គាល់ថាខ្លួនត្រូវការជំនួយ។ សាក្សីព្រះយេហូវ៉ាជាង៨លាននាក់កំពុងរួមចំណែកក្នុងការស្វែងរកមនុស្សទាំងនោះ។ ប្រហែលជាអ្នកនឹងមិនជួបបុគ្គលណាម្នាក់ដែលចង់រៀនគម្ពីរជាមួយនឹងអ្នកទេ។ ប៉ុន្តែ អ្នកផ្សាយផ្សេងទៀតដែលផ្សព្វផ្សាយនៅតំបន់ផ្សាយរបស់អ្នក ប្រហែលជារកឃើញបុគ្គលដែលចង់រៀនសេចក្ដីពិតដែលមានក្នុងបណ្ដាំរបស់ព្រះ។ ពេលបងប្អូនរបស់យើងជួបបុគ្គលណាម្នាក់ដែលក្រោយមកក្លាយទៅជាអ្នកកាន់តាមគ្រិស្ត អស់អ្នកដែលបានរួមចំណែកក្នុងការស្វែងរកអ្នកដែលវង្វេងនោះ មានមូលហេតុដើម្បីអរសប្បាយ។ w១៩.០៧ ទំ. ១៦-១៧ វ. ៩-១០
ថ្ងៃសុក្រ ទី១០ ខែកញ្ញា
ខ្ញុំកំពុងរត់ដោយមានគោលដៅ។—ភី. ៣:១៤
សាវ័កប៉ូលបានរំលឹកគ្រិស្តសាសនិកនៅក្រុងភីលីពអំពីសារៈសំខាន់នៃការបន្តស៊ូទ្រាំក្នុងការរត់ប្រណាំង។ ក្រុមជំនុំនៅក្រុងនោះបានទទួលការបៀតបៀនតាំងពីក្រុមជំនុំនោះបានត្រូវបង្កើតឡើង។ នៅឆ្នាំ៥០ គ.ស. ប៉ូលនិងស៊ីឡាសបានធ្វើតាមការអញ្ជើញពីព្រះដែលឲ្យពួកគាត់«ឆ្លងមកស្រុកម៉ាសេដូន»។ ដូច្នេះ ពួកគាត់បានទៅក្រុងភីលីពដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (សកម្ម. ១៦:៩) នៅទីនោះ ពួកគាត់បានជួបស្ត្រីម្នាក់ឈ្មោះលីឌា។ នាង«កំពុងស្ដាប់ ហើយព្រះយេហូវ៉ាបានបើកចិត្តនាងទាំងស្រុង»ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ១៦:១៤) មិនយូរក្រោយមក នាងនិងពួកអ្នកផ្ទះរបស់នាងបានទទួលការជ្រមុជទឹក។ ប៉ុន្តែ មេកំណាចចាប់ផ្ដើមបង្កឲ្យមានបញ្ហាដល់ពួកគេ។ បុរសពីក្រុងនោះបានចាប់ប៉ូលនិងស៊ីឡាស ហើយអូសយកទៅពួកអាជ្ញាធរស៊ីវិល ដោយចោទប្រកាន់មិនពិតថា ពួកគាត់កំពុងរំខានក្រុងនោះខ្លាំងណាស់។ ជាលទ្ធផល ប៉ូលនិងស៊ីឡាសបានត្រូវគេវាយនឹងដំបង ដាក់គុក ហើយក្រោយមកបានត្រូវគេសុំឲ្យចេញពីក្រុងនោះ។ (សកម្ម. ១៦:១៦-៤០) តើពួកគាត់បានឈប់ព្យាយាមឬទេ? មិនមែនទេ។ ចុះយ៉ាងណាបងប្អូននៅក្រុមជំនុំថ្មីនោះ តើពួកគេបានធ្វើអ្វី? ពួកគេក៏បានស៊ូទ្រាំដែរ! ពួកគេច្បាស់ជាបានទទួលការលើកទឹកចិត្តពីគំរូល្អរបស់ប៉ូលនិងស៊ីឡាស។ w១៩.០៨ ទំ. ២ វ. ១-២
ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា
[ចូរ]ពោរពេញទៅដោយផលដ៏សុចរិត។—ភី. ១:១១
«ផលដ៏សុចរិត»នេះ ច្បាស់ជារួមបញ្ចូលសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះរាស្ដ្ររបស់លោក។ នេះក៏រួមបញ្ចូលការនិយាយទៅកាន់អ្នកឯទៀតអំពីជំនឿរបស់យើងលើលោកយេស៊ូ និងសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលយើងមាន។ យើងបង្កើត«ផលដ៏សុចរិត» ពេលយើងខំព្យាយាមក្នុងកិច្ចការដ៏សំខាន់ គឺការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាថ. ២៨:១៨-២០) ទោះជាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងអាចបញ្ចេញពន្លឺ។ ជួនកាល អ្វីដែលមើលទៅរារាំងយើងពីការផ្សព្វផ្សាយដំណឹងល្អ អាចជាឱកាសឲ្យយើងផ្សព្វផ្សាយវិញ។ ជាឧទាហរណ៍ សាវ័កប៉ូលបានត្រូវឃុំឃាំងនៅក្នុងផ្ទះមួយនាក្រុងរ៉ូម ពេលដែលគាត់បានសរសេរសំបុត្ររបស់គាត់ទៅកាន់បងប្អូននៅក្រុងភីលីព។ ប៉ុន្តែ ការជាប់ច្រវាក់មិនបានរារាំងគាត់ពីការផ្សព្វផ្សាយដល់អ្នកយាមនិងអ្នកដែលមកសួរសុខទុក្ខគាត់ទេ។ ទោះជាគាត់ស្ថិតក្នុងស្ថានភាពនេះក៏ដោយ ប៉ូលបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយនេះបានជួយបងប្អូនរបស់គាត់មានទំនុកចិត្តនិងចិត្តក្លាហាន«ដើម្បីប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច»។—ភី. ១:១២-១៤; ៤:២២ w១៩.០៨ ទំ. ១២ វ. ១៥-១៦
ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា
ចូរអ្នករាល់គ្នាបន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ ដើម្បីឲ្យលោកតម្កើងអ្នករាល់គ្នានៅពេលកំណត់។—១ពេ. ៥:៦
មូលហេតុដ៏សំខាន់បំផុតដែលយើងត្រូវបណ្ដុះឲ្យមានចិត្តរាបទាប គឺដោយសារការធ្វើដូច្នេះនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ ក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ សាវ័កពេត្រុសបានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចនេះ។ ស្ដីអំពីពាក្យសម្ដីរបស់ពេត្រុស ជំពូកទី៣ វគ្គ២៣នៃសៀវភៅមួយដែលមានចំណងជើងថា «ចូរមកតាមខ្ញុំចុះ»ជាភាសាអង់គ្លេស រៀបរាប់ថា៖ «អំណួតគឺប្រៀបដូចជាជាតិពុល។ វាមានគ្រោះថ្នាក់។ គុណវិបត្តិនេះអាចធ្វើឲ្យបុគ្គលដែលមានសមត្ថភាពអស្ចារ្យ ទៅជាបុគ្គលដែលគ្មានប្រយោជន៍ចំពោះព្រះ។ ក៏ប៉ុន្តែ ចិត្តរាបទាបអាចធ្វើឲ្យបុគ្គលដែលមិនសូវមានសមត្ថភាព មានប្រយោជន៍ច្រើនចំពោះព្រះយេហូវ៉ា។ . . . [លោក]ពេញចិត្តឲ្យពរដល់អ្នក បើអ្នកមានចិត្តរាបទាប»។ ពិតមែនហើយ តើមានអ្វីដែលធ្វើឲ្យយើងមានអំណរជាងការធ្វើឲ្យព្រះយេហូវ៉ារីករាយឬទេ? (សុភ. ២៣:១៥) ពេលយើងបណ្ដុះឲ្យមានចិត្តរាបទាប យើងមិនត្រឹមតែទទួលការពេញចិត្តពីព្រះយេហូវ៉ាប៉ុណ្ណោះទេ តែយើងក៏ទទួលប្រយោជន៍ជាច្រើនដែរ។ ចិត្តរាបទាបធ្វើឲ្យអ្នកឯទៀតចង់រាប់អានយើង។ ដើម្បីយល់ចំណុចនេះ សូមគិតអំពីបុគ្គលបែបណាដែលអ្នកចូលចិត្តសេពគប់។—ម៉ាថ. ៧:១២ w១៩.០៩ ទំ. ៤ វ. ៨-៩
ថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។—សុភ. ១៦:៥
ពួកអ្នកចាស់ទុំខំប្រឹងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់បងប្អូន។ ម្យ៉ាងទៀត ពួកគេមិនមានអារម្មណ៍ថាពួកគេល្អប្រសើរជាងអ្នកឯទៀត ដោយសារអំណាចដែលពួកគេបានទទួលនោះទេ។ តែពួកគេប្រព្រឹត្តដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះក្រុមជំនុំ។ (១ថែ. ២:៧, ៨) សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅនិងចិត្តរាបទាបរបស់ពួកគេ គឺសឲ្យឃើញតាមរយៈរបៀបដែលពួកគេនិយាយជាមួយនឹងអ្នកឯទៀត។ បងអេនទ្រូដែលជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំនិយាយថា៖ «ខ្ញុំឃើញថា ពេលអ្នកចាស់ទុំបង្ហាញសេចក្ដីសប្បុរសនិងរួសរាយរាក់ទាក់ នោះមានឥទ្ធិពលលើចិត្តរបស់បងប្អូន។ គុណសម្បត្តិទាំងនេះជំរុញចិត្តបងប្អូនក្នុងក្រុមជំនុំឲ្យសហការជាមួយនឹងពួកអ្នកចាស់ទុំ»។ បងថូនីដែលបម្រើជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំដែរ និយាយថា៖ «ខ្ញុំខំធ្វើតាមយោបល់នៅភីលីព ២:៣ ហើយតែងតែព្យាយាមចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្ញុំ។ នេះជួយខ្ញុំមិនឲ្យប្រព្រឹត្តដូចជាអ្នកដែលមានអំណាចផ្ដាច់ការ»។ ពួកអ្នកចាស់ទុំត្រូវមានចិត្តរាបទាបដូចព្រះយេហូវ៉ា។ ទោះជាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតលើសកលលោកក្ដី លោក«ឱន»ដើម្បី«លើកមនុស្សទន់ខ្សោយឡើងពីធូលីដី»។ (ទំនុក. ១៨:៣៥; ១១៣:៦; ទំន. [ទំនុក.] ១១៣:៧, ខ.ស.) គម្ពីរក៏បញ្ជាក់ថា ព្រះយេហូវ៉ាស្អប់ខ្ពើមពួកអ្នកដែលមានអំណួតនិងក្រអឺតក្រទម។ w១៩.០៩ ទំ. ១៦-១៧ វ. ១១-១២
ថ្ងៃអង្គារ ទី១៤ ខែកញ្ញា
ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា។—ម៉ាថ. ១១:២៩
ដើម្បីទទួលកម្លាំងចិត្តឡើងវិញក្រោមនឹមរបស់លោកយេស៊ូ យើងត្រូវរក្សាទស្សនៈត្រឹមត្រូវ។ យើងកំពុងធ្វើកិច្ចការរបស់ព្រះយេហូវ៉ា ដូច្នេះយើងត្រូវធ្វើកិច្ចការនោះតាមការណែនាំរបស់លោក។ យើងជាអ្នកធ្វើកិច្ចការឲ្យព្រះយេហូវ៉ា ហើយលោកជាម្ចាស់របស់យើង។ (លូក. ១៧:១០) បើយើងព្យាយាមធ្វើកិច្ចការរបស់លោកតាមគំនិតរបស់យើង យើងនឹងធ្វើឲ្យខ្លួនយើងពិបាកណាស់។ ផ្ទុយទៅវិញ បើយើងធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា យើងអាចសម្រេចអ្វីៗដ៏អស្ចារ្យ ហើយយកឈ្នះការពិបាកណាក៏ដោយដែលយើងជួបប្រទះ។ សូមចាំថា គ្មានអ្នកណាអាចបញ្ឈប់បំណងប្រាថ្នារបស់លោក មិនឲ្យសម្រេចបានឡើយ! (រ៉ូម ៨:៣១; ១យ៉ូន. ៤:៤) គោលដៅរបស់យើងគឺធ្វើឲ្យព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់យើងទទួលការសរសើរតម្កើង។ នៅសតវត្សរ៍ទី១ ពួកអ្នកដែលមានចិត្តលោភលន់ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួនលែងសប្បាយចិត្ត ហើយបានបោះបង់ចោលនឹមរបស់លោកយេស៊ូ ក្រោយពីមួយរយៈពេលខ្លី។ (យ៉ូន. ៦:២៥-២៧, ៥១, ៦០, ៦៦; ភី. ៣:១៨, ១៩) ផ្ទុយពីបុគ្គលទាំងនោះ ពួកអ្នកដែលស្រឡាញ់ព្រះនិងអ្នកជិតខាងដោយមិនគិតប្រយោជន៍ខ្លួន ពេញចិត្តនៅក្រោមនឹមនោះអស់មួយជីវិតរបស់ពួកគេនៅផែនដី ហើយពួកគេមានសេចក្ដីសង្ឃឹមបម្រើជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ ដូចពួកគេដែរ យើងនឹងរក្សាអំណរ ពេលយើងនៅក្រោមនឹមរបស់លោកយេស៊ូដោយមានបំណងចិត្តត្រឹមត្រូវ។ w១៩.០៩ ទំ. ២០ វ. ១; ទំ. ២៤-២៥ វ. ១៩-២០
ថ្ងៃពុធ ទី១៥ ខែកញ្ញា
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព។—យ៉ូន. ៨:៣២
សូមគិតផងអំពីពរដែលអ្នកទទួលដោយសារអ្នកបានត្រូវរំដោះពីសេចក្ដីបង្រៀនមិនពិត។ យើងពិតជាសប្បាយចិត្តណាស់ដែលយើងមានសេរីភាពបែបនេះ! អ្នកអាចរំពឹងថាអ្នកនឹងទទួលសេរីភាពដ៏អស្ចារ្យជាង។ នៅឆាប់ៗខាងមុខនេះ លោកយេស៊ូនឹងបំផ្លាញសាសនាមិនពិតនិងរដ្ឋាភិបាលដ៏អាក្រក់។ ព្រះនឹងការពារ«មនុស្សមួយក្រុមធំ»ដែលបម្រើលោក ហើយក្រោយមកលោកនឹងឲ្យពរពួកគេនៅក្នុងសួនឧទ្យានលើផែនដី។ (បប. ៧:៩, ១៤) មនុស្សច្រើនសន្ធឹកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនឹងមានឱកាសរំដោះឲ្យរួចពីការអាក្រក់ទាំងអស់ដែលមកពីអំពើខុសឆ្គងរបស់អាដាម។ (សកម្ម. ២៤:១៥) ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំ លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយលោកនឹងជួយមនុស្សជាតិឲ្យមានសុខភាពល្អប្រពៃ ព្រមទាំងមានចំណងមិត្តភាពល្អឥតខ្ចោះជាមួយនឹងព្រះ។ ដូចជនជាតិអ៊ីស្រាអែលបានត្រូវរំដោះឲ្យមានសេរីភាពនៅឆ្នាំសោមនស្ស មនុស្សនឹងមានសេរីភាពដ៏ល្អប្រសើរបំផុតក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ ជាលទ្ធផល មនុស្សទាំងអស់ដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នឹងទៅជាមនុស្សល្អឥតខ្ចោះ ហើយនឹងត្រូវរំដោះពីការខុសឆ្គង។ w១៩.១២ ទំ. ១២-១៣ វ. ១៤-១៦
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា
បាណាបាសបានមកជួយគាត់។—សកម្ម. ៩:២៧
នៅសតវត្សរ៍ទី១ គ.ស. បុរសដែលមានចិត្តទូលាយម្នាក់ឈ្មោះយ៉ូសែប(ដែលហៅថាបាណាបាស) បានសុខចិត្តឲ្យព្រះយេហូវ៉ាប្រើគាត់។ (សកម្ម. ៤:៣៦, ៣៧) ក្រោយពីសុលបានទៅជាអ្នកកាន់តាមគ្រិស្ត បងប្អូនជាច្រើនមិនហ៊ានជួបគាត់ ដោយសារគាត់ធ្លាប់ជាអ្នកបៀតបៀនក្រុមជំនុំ។ ប៉ុន្តែ បាណាបាសបានសម្រាលទុក្ខនិងជួយសុល។ (សកម្ម. ៩:២១, ២៦-២៨) ក្រោយមក ពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានឃើញថា បងប្អូនដែលរស់នៅឆ្ងាយនៅក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរី ត្រូវការការលើកទឹកចិត្ត។ ដូច្នេះ តើពួកគេបានចាត់អ្នកណាឲ្យទៅជួយបងប្អូនទាំងនោះ? គឺបាណាបាស! ពួកគេបានជ្រើសរើសត្រឹមត្រូវមែន។ គម្ពីរចែងថាបាណាបាសបាន«តាំងលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យនៅស្មោះត្រង់នឹងលោកម្ចាស់ដោយតាំងចិត្តយ៉ាងរឹងមាំ»។ (សកម្ម. ១១:២២-២៤) ស្រដៀងគ្នាដែរ សព្វថ្ងៃនេះព្រះយេហូវ៉ាអាចជួយយើងឲ្យក្លាយទៅជា«កូននៃការសម្រាលទុក្ខ»ដល់បងប្អូនរួមជំនឿរបស់យើង។ ជាឧទាហរណ៍ លោកអាចប្រើយើងឲ្យសម្រាលទុក្ខពួកអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ឬក៏លោកប្រហែលជាជំរុញចិត្តយើងឲ្យទៅសួរសុខទុក្ខ ឬទូរស័ព្ទទៅបុគ្គលណាម្នាក់ដែលឈឺឬធ្លាក់ទឹកចិត្ត ដោយនិយាយពាក្យសម្ដីសប្បុរសប៉ុន្មានម៉ាត់។ តើអ្នកនឹងអនុញ្ញាតឲ្យព្រះយេហូវ៉ាប្រើអ្នកដូចលោកបានប្រើបាណាបាសឬទេ?—១ថែ. ៥:១៤ w១៩.១០ ទំ. ២២ វ. ៨
ថ្ងៃសុក្រ ទី១៧ ខែកញ្ញា
អ្នកណាដែលគ្របបាំងសេចក្ដីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះនឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។—សុភ. ១៧:៩
ជួនកាល ពេលយើងជិតស្និទ្ធជាមួយមិត្តសម្លាញ់របស់យើង យើងមិនគ្រាន់តែឃើញគុណសម្បត្តិរបស់គាត់ប៉ុណ្ណោះទេ តែក៏ឃើញភាពទន់ខ្សោយរបស់គាត់ដែរ។ តើអ្វីអាចជួយយើងឲ្យនៅតែរាប់អានគាត់ ទោះជាគាត់មានកំហុសក្ដី? យើងមិនអាចតម្រូវឲ្យបងប្អូនយើងធ្វើជាមនុស្សល្អឥតខ្ចោះទេ។ ហេតុនេះហើយ ពេលដែលយើងរាប់អានអ្នកណាម្នាក់ យើងត្រូវខំព្យាយាមរក្សាមិត្តភាពនោះឲ្យនៅគង់វង្ស។ បើមិត្តរបស់យើងធ្វើខុស ដោយបង្ហាញចិត្តសប្បុរស យើងប្រហែលជាត្រូវឲ្យឱវាទចំៗដែលមានមូលដ្ឋានពីបណ្ដាំរបស់ព្រះ។ (ទំនុក. ១៤១:៥) ម្យ៉ាងទៀត បើពួកគេធ្វើឲ្យយើងឈឺចិត្ត យើងត្រូវអភ័យទោសឲ្យពួកគេ។ កាលដែលយើងអភ័យទោសឲ្យពួកគេរួចហើយ យើងមិនគួរលើករឿងកន្លងហួសនោះមកនិយាយម្ដងទៀតប្រាប់ពួកគេ ឬអ្នកផ្សេងឡើយ។ ក្នុងអំឡុងគ្រាដ៏លំបាកនេះ គឺជាការសំខាន់ណាស់ដែលយើងផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់បងប្អូនយើង ជាជាងភាពទន់ខ្សោយរបស់ពួកគេ! បើយើងធ្វើដូច្នេះ យើងនឹងមានចំណងមិត្តភាពកាន់តែមាំមួនជាមួយនឹងពួកគេ ហើយនេះជាអ្វីដែលយើងគួរធ្វើនៅឥឡូវនេះ ពីព្រោះយើងនឹងត្រូវការមិត្តសម្លាញ់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ w១៩.១១ ទំ. ៦ វ. ១៣, ១៦
ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។—ម៉ាថ. ២៨:១៩, ២០
យើងត្រូវខំអស់ពីសមត្ថភាពដើម្បី«បង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាម[លោកយេស៊ូ] . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែល[លោក]បានបង្គាប់»។ យើងត្រូវជួយមនុស្សឲ្យយល់ថាគឺជាការសំខាន់ដែលពួកគេសម្រេចចិត្តបម្រើព្រះយេហូវ៉ា និងគាំទ្ររាជាណាចក្ររបស់លោក។ នេះមានន័យថាយើងត្រូវព្យាយាមធ្វើឲ្យសេចក្ដីពិតជ្រាបចូលក្នុងចិត្តរបស់មនុស្សឯទៀត ដើម្បីឲ្យពួកគេធ្វើតាមអ្វីដែលពួកគេរៀន ប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងទទួលការជ្រមុជទឹក។ ពួកគេត្រូវតែធ្វើដូច្នេះ ដើម្បីរួចជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា។ (១ពេ. ៣:២១) គឺសល់ពេលតែបន្តិចបន្តួចរវាងគ្រាឥឡូវនេះនិងទីបញ្ចប់នៃរបៀបរបបពិភពលោក។ ហេតុនេះហើយ យើងមិនមានពេលសម្រាប់បន្តសិក្សាគម្ពីរជាមួយនឹងបុគ្គលដែលមិនធ្វើការកែប្រែក្នុងជីវិតដើម្បីទៅជាអ្នកបម្រើព្រះយេហូវ៉ាឡើយ។ (១កូ. ៩:២៦) កិច្ចការរបស់យើងគឺជាកិច្ចការបន្ទាន់! មានមនុស្សជាច្រើនដែលត្រូវឮអំពីដំណឹងល្អអំពីរាជាណាចក្រព្រះមុនដែលកិច្ចការនោះបានត្រូវបញ្ចប់។ w១៩.១០ ទំ. ១១-១២ វ. ១៤-១៥
ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា
[គាត់នឹង]រោយ[គ្រឿងក្រអូប]ចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា។—លេវី. ១៦:១៣
រាល់ឆ្នាំនៅថ្ងៃជម្រះការខុសឆ្គង ប្រជាជាតិអ៊ីស្រាអែលបានជួបជុំគ្នា ហើយសត្វបានត្រូវជូនជាគ្រឿងបូជា។ គ្រឿងបូជាទាំងនេះបានរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេត្រូវជម្រះភាពខុសឆ្គង! ប៉ុន្តែដំបូង សម្ដេចសង្ឃមានភារកិច្ចត្រូវចាក់គ្រឿងក្រអូបបរិសុទ្ធទៅលើរងើកភ្លើង ហើយធ្វើឲ្យបន្ទប់នោះពេញទៅដោយក្លិនក្រអូបភាយ។ តើយើងអាចរៀនអ្វីពីនេះ? គម្ពីរប្រាប់ថាសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាគឺប្រៀបដូចជាគ្រឿងក្រអូប។ (ទំនុក. ១៤១:២; បប. ៥:៨) សម្ដេចសង្ឃបានយកគ្រឿងក្រអូបទៅកន្លែងដែលមានវត្តមានរបស់ព្រះយេហូវ៉ាដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ ស្រដៀងគ្នាដែរ ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ា យើងបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ យើងកោតស្ងើចលោក ហើយមានចិត្តកតញ្ញូជាខ្លាំងដែលអ្នកបង្កើតរបស់យើងអនុញ្ញាតឲ្យយើងចូលទៅជិតលោក ដូចកូនចូលទៅជិតឪពុក។ (យ៉ា. ៤:៨) លោកទទួលយើងឲ្យធ្វើជាមិត្តសម្លាញ់របស់លោក! (ទំនុក. ២៥:១៤) យើងឲ្យតម្លៃចំពោះឯកសិទ្ធិនេះខ្លាំងណាស់ បានជាយើងនឹងមិនចង់ធ្វើឲ្យលោកខកចិត្តឡើយ។ w១៩.១១ ទំ. ២០-២១ វ. ៣-៥
ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា
ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត។—ទំនុក. ១០៤:២៤
តើមនុស្សភាគច្រើននៅតំបន់ដែលអ្នករស់នៅមានទស្សនៈយ៉ាងណាចំពោះការងារ? នៅប្រទេសជាច្រើន មនុស្សខំប្រឹងធ្វើការខ្លាំងជាងនិងច្រើនម៉ោងជាងពេលមុនៗទៅទៀត! មនុស្សដែលធ្វើការហួសកម្រិតច្រើនតែគ្មានពេលដើម្បីសម្រាក ចំណាយពេលជាមួយក្រុមគ្រួសារ ឬរៀនអំពីព្រះឡើយ។ (សាស្ដ. ២:២៣) រីឯមនុស្សខ្លះទៀតមិនចូលចិត្តធ្វើការទាល់តែសោះ ហើយខំរកលេសមិនធ្វើការ។ (សុភ. ២៦:១៣, ១៤) មនុស្សជាច្រើនក្នុងពិភពលោកនេះគ្មានតុល្យភាពចំពោះការងារទេ ហើយនេះគឺផ្ទុយពីទស្សនៈរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ។ យើងដឹងថាព្រះយេហូវ៉ាចូលចិត្តធ្វើការណាស់។ លោកយេស៊ូបានបញ្ជាក់អំពីរឿងនេះ ដោយមានប្រសាសន៍ថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។ (យ៉ូន. ៥:១៧) សូមគិតអំពីកិច្ចការដែលព្រះបានធ្វើ កាលដែលលោកបានបង្កើតទេវតា ផ្កាយ និងភពជាច្រើន។ យើងក៏ឃើញអ្វីដ៏ស្រស់ស្អាតឥតគណនាដែលព្រះបានបង្កើតនៅលើផែនដីនេះ។ w១៩.១២ ទំ. ២ វ. ១-២
ថ្ងៃអង្គារ ទី២១ ខែកញ្ញា
ខ្ញុំបានរកឃើញដាវីឌ . . . ជាអ្នកត្រូវនឹងចិត្តរបស់ខ្ញុំ។—សកម្ម. ១៣:២២
តើដាវីឌអាចមានចំណងមិត្តភាពជិតស្និទ្ធខ្លាំងជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ដាវីឌបានរៀនអំពីព្រះយេហូវ៉ាតាមរយៈអ្វីដែលលោកបានបង្កើត។ ពេលដាវីឌនៅក្មេង គាត់បានចំណាយពេលជាច្រើនម៉ោងនៅខាងក្រៅផ្ទះ ដើម្បីថែរក្សាចៀមរបស់ឪពុកគាត់។ ប្រហែលជាពេលនោះហើយ ដែលគាត់បានចាប់ផ្ដើមរំពឹងគិតអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ ជាឧទាហរណ៍ កាលដាវីឌសម្លឹងទៅលើមេឃនៅពេលយប់ គាត់មិនគ្រាន់តែបានឃើញផ្កាយជាច្រើនប៉ុណ្ណោះទេ តែគាត់ក៏បានស្វែងយល់អំពីគុណសម្បត្តិរបស់បុគ្គលដែលបានបង្កើតផ្កាយទាំងនោះដែរ។ (ទំនុក. ១៩:១, ២) ពេលដាវីឌពិចារណាអំពីរបៀបដែលមនុស្សបានត្រូវបង្កើតមក គាត់បានឃើញអំពីប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ (ទំនុក. ១៣៩:១៤) កាលដែលដាវីឌរំពឹងគិតអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត គាត់បានទទួលស្គាល់ថាគាត់តូចតាចខ្លាំងណាស់បើប្រៀបធៀបជាមួយនឹងព្រះយេហូវ៉ា។ (ទំនុក. ១៣៩:៦) តើយើងអាចទាញយកមេរៀនអ្វី? ក្នុងជីវិតប្រចាំថ្ងៃ សូមរំពឹងគិតអំពីមេរៀនដែលអ្នកអាចរៀនអំពីព្រះយេហូវ៉ាតាមរយៈអ្វីៗដែលនៅជុំវិញអ្នកដែលលោកបានបង្កើតដូចជារុក្ខជាតិ សត្វ និងមនុស្សជាដើម។ យ៉ាងនេះ រាល់ថ្ងៃអ្នកនឹងរៀនកាន់តែច្រើនអំពីបិតាដែលស្រឡាញ់អ្នក។ (រ៉ូម ១:២០) ម្យ៉ាងទៀត រាល់ថ្ងៃអ្នកនឹងឃើញថាអ្នកស្រឡាញ់លោកកាន់តែខ្លាំងឡើងៗ។ w១៩.១២ ទំ. ១៩-២០ វ. ១៥-១៧
ថ្ងៃពុធ ទី២២ ខែកញ្ញា
ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ។—ហេ. ១១:២៤
ម៉ូសេបានធ្វើតាមអ្វីដែលគាត់បានរៀន។ ពេលម៉ូសេមានអាយុប្រហែលជា៤០ឆ្នាំ គាត់បានសម្រេចចិត្តសេពគប់ជាមួយនឹងរាស្ដ្ររបស់ព្រះដែលជាជនជាតិហេប្រឺ ជាជាងឲ្យគេស្គាល់គាត់ថាជា«កូនរបស់កូនស្រីផារ៉ូ»។ ម៉ូសេបានលះចោលឋានៈខ្ពង់ខ្ពស់។ ពេលម៉ូសេគាំទ្រជនជាតិហេប្រឺ គាត់ដឹងថាផារ៉ូនឹងខឹងយ៉ាងខ្លាំង។ ផារ៉ូជាស្ដេចដែលមានអំណាចខ្លាំងក្លា ហើយជនជាតិអេស៊ីបបានចាត់ទុកថាគាត់ជាព្រះមួយ។ នេះបង្ហាញថាម៉ូសេមានជំនឿមាំមួនមែន! ម៉ូសេបានទុកចិត្តព្រះយេហូវ៉ា។ ទំនុកចិត្តបែបនេះគឺជាមូលហេតុសំខាន់មួយដែលម៉ូសេមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាពេញមួយជីវិតរបស់គាត់។ (សុភ. ៣:៥) តើយើងអាចទាញយកមេរៀនអ្វី? ដូចម៉ូសេ យើងទាំងអស់គ្នាត្រូវសម្រេចចិត្តថា តើយើងនឹងបម្រើព្រះនិងសេពគប់ជាមួយនឹងរាស្ដ្ររបស់លោកឬទេ? យើងប្រហែលជាត្រូវធ្វើការលះបង់ដើម្បីបម្រើព្រះ ហើយរងការប្រឆាំងពីពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ា។ ប៉ុន្តែបើយើងទុកចិត្តបិតារបស់យើងនៅស្ថានសួគ៌ យើងអាចប្រាកដថាលោកនឹងជួយគាំទ្រយើង។ w១៩.១២ ទំ. ១៧ វ. ៥-៦
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ។—លោ. ២:៧
ទោះជាយើងបានត្រូវបង្កើតមកពីធូលីដីក៏ដោយ យើងមានតម្លៃជាងដីឆ្ងាយណាស់។ សូមពិចារណាអំពីមូលហេតុខ្លះដែលយើងដឹងថាយើងមានតម្លៃចំពោះព្រះយេហូវ៉ា។ លោកបានបង្កើតមនុស្សឲ្យមានសមត្ថភាពបង្ហាញគុណសម្បត្តិដូចលោក។ (លោ. ១:២៧) ដោយធ្វើដូច្នេះ លោកបានឲ្យមនុស្សមានឋានៈប្រសើរជាងអ្វីផ្សេងទៀតទាំងអស់ដែលលោកបានបង្កើតនៅផែនដី ហើយលោកឲ្យយើងមើលការខុសត្រូវលើផែនដី និងមានអំណាចលើសត្វទាំងឡាយ។ (ទំនុក. ៨:៤-៨) សូម្បីតែក្រោយពីអាដាមបានប្រព្រឹត្តអំពើខុសឆ្គង ក៏ព្រះយេហូវ៉ានៅតែឲ្យតម្លៃចំពោះមនុស្សជាតិ។ លោកឲ្យតម្លៃចំពោះយើងខ្លាំងដល់ម្ល៉េះបានជាលោកបានឲ្យលោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោក ជាថ្លៃលោះសម្រាប់ការខុសឆ្គងរបស់យើង។ (១យ៉ូន. ៤:៩, ១០) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ានឹងប្រោសឲ្យរស់ឡើងវិញនូវពួកអ្នកដែលបានស្លាប់ដោយព្រោះអំពើខុសឆ្គងរបស់អាដាម ពោលគឺ«មនុស្សសុចរិតនិងមនុស្សមិនសុចរិត»។ (សកម្ម. ២៤:១៥) បណ្ដាំរបស់លោកបង្ហាញថាយើងមានតម្លៃចំពោះលោក ទោះបីជាយើងមានជំងឺ ឬមានបញ្ហាលុយកាក់ ឬក៏មានវ័យចាស់ក្ដី។—សកម្ម. ១០:៣៤, ៣៥ w២០.០១ ទំ. ១៥ វ. ៥-៦
ថ្ងៃសុក្រ ទី២៤ ខែកញ្ញា
[ចូរ]មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ។—១ថែ. ៤:១១
បុគ្គលម្នាក់មិនទទួលសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ជាមត៌កពីក្រុមគ្រួសាររបស់គាត់ឡើយ។ ព្រះជាអ្នកផ្ដល់សេចក្ដីសង្ឃឹមនោះឲ្យគាត់។ (១ថែ. ២:១២) ដូច្នេះ ចូរជៀសវាងពីការសួរសំណួរផ្សេងៗដែលអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ជាឧទាហរណ៍ យើងនឹងមិនសួរប្រពន្ធរបស់បងប្រុសដែលព្រះបានរើសតាំងថាគាត់មានអារម្មណ៍យ៉ាងណាអំពីការរស់ជារៀងរហូតនៅផែនដីដោយគ្មានប្ដីរបស់គាត់ឡើយ។ យើងអាចប្រាកដថានៅពិភពលោកថ្មី ព្រះយេហូវ៉ានឹង«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុក. ១៤៥:១៦) បើយើងមិនប្រព្រឹត្តចំពោះអ្នកដែលបានត្រូវរើសតាំងដូចជាពួកគេសំខាន់ជាងអ្នកឯទៀត យើងក៏ការពារខ្លួនយើងដែរ។ តើតាមរបៀបណា? គម្ពីរប្រាប់យើងថា អ្នកខ្លះដែលបានត្រូវរើសតាំងប្រហែលជានឹងមិននៅស្មោះត្រង់ទេ។ (ម៉ាថ. ២៥:១០-១២; ២ពេ. ២:២០, ២១) ប៉ុន្តែ បើយើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ» យើងនឹងមិនកាន់តាមមនុស្សឯទៀតឡើយ ទោះជាពួកគេគឺជាពួកអ្នកដែលបានត្រូវរើសតាំង ឬបុគ្គលដែលបងប្អូនស្គាល់ជាទូទៅ ឬក៏ពួកអ្នកដែលបានបម្រើព្រះយេហូវ៉ាយូរហើយក្ដី។ (យូ. ១៦) យ៉ាងនេះ បើពួកគេលែងស្មោះត្រង់ ឬចាកចេញពីក្រុមជំនុំ នោះយើងនឹងមិនបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា ឬឈប់បម្រើលោកឡើយ។ w២០.០១ ទំ. ២៩ វ. ៩-១០
ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា
ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក។—អេភ. ៥:១
ក្នុងនាមជា«កូនជាទីស្រឡាញ់»របស់ព្រះយេហូវ៉ា យើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោក។ យើងបង្ហាញគុណសម្បត្តិដូចលោក ពេលយើងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងអភ័យទោសឲ្យអ្នកឯទៀត។ កាលដែលពួកអ្នកដែលមិនស្គាល់ព្រះឃើញការប្រព្រឹត្តល្អរបស់យើង នេះអាចជំរុញចិត្តពួកគេឲ្យចង់រៀនថែមទៀតអំពីលោក។ (១ពេ. ២:១២) ឪពុកម្ដាយដែលជាគ្រិស្តសាសនិក គួរព្យាយាមយកតម្រាប់ព្រះយេហូវ៉ាស្ដីអំពីរបៀបដែលពួកគេប្រព្រឹត្តទៅលើកូន។ ពេលពួកគេធ្វើដូច្នេះ កូនៗប្រហែលជានឹងចង់បង្កើតចំណងមិត្តភាពផ្ទាល់ជាមួយនឹងបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងមានមោទនភាពចំពោះព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ ហើយចង់ឲ្យអ្នកឯទៀតស្គាល់លោក។ យើងទាំងអស់គ្នាមានអារម្មណ៍ដូចស្ដេចដាវីឌដែលបានសរសេរថា៖ «ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា»។ (ទំនុក. ៣៤:២) ប៉ុន្តែ ចុះយ៉ាងណាបើយើងជាមនុស្សអៀនខ្មាស? តើយើងអាចមានចិត្តក្លាហានយ៉ាងដូចម្ដេច? ពេលយើងផ្ដោតអារម្មណ៍ទៅលើអំណរដែលព្រះយេហូវ៉ាមានដោយសារយើងនិយាយអំពីលោក និងប្រយោជន៍ដែលអ្នកឯទៀតនឹងទទួលពេលរៀនអំពីលោក នោះយើងកាន់តែមានចិត្តក្លាហាន។ ព្រះយេហូវ៉ានឹងផ្ដល់ចិត្តក្លាហានឲ្យយើងពេលយើងត្រូវការ។ លោកបានជួយបងប្អូននៅសតវត្សរ៍ទី១ឲ្យមានចិត្តក្លាហាន ហើយលោកក៏នឹងជួយយើងផងដែរ។—១ថែ. ២:២ w២០.០២ ទំ. ១១ វ. ១២-១៣
ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា
ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ។—ម៉ាថ. ២៨:១៩
មនុស្សជាច្រើនដែលសិក្សាគម្ពីររីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។ ក៏ប៉ុន្តែ តាមមើលទៅអ្នកខ្លះដែលសិក្សាគម្ពីរជាទៀងទាត់ជាមួយយើងមិនហ៊ានទៅជាអ្នកកាន់តាមលោកយេស៊ូទេ។ ពួកគេចូលចិត្តសិក្សាគម្ពីរ ប៉ុន្តែពួកគេមិនរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹកឡើយ។ បើអ្នកកំពុងបង្រៀនគម្ពីរដល់អ្នកណាម្នាក់ យើងប្រាកដថាអ្នកចង់ជួយសិស្សរបស់អ្នកឲ្យធ្វើតាមអ្វីដែលគាត់រៀន ហើយទៅជាអ្នកកាន់តាមគ្រិស្ត។ ព្រះយេហូវ៉ាចង់ឲ្យមនុស្សបម្រើលោក ដោយសារពួកគេស្រឡាញ់លោក។ ដូច្នេះ គោលដៅរបស់យើងគឺជួយសិស្សគម្ពីរយើងឲ្យយល់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកគេម្នាក់ៗ ហើយថាលោកស្រឡាញ់ពួកគេខ្លាំងណាស់។ យើងចង់ជួយពួកគេឲ្យយល់ថាព្រះយេហូវ៉ាជា«ឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ»។ (ទំនុក. ៦៨:៥) កាលដែលសិស្សរបស់អ្នកដឹងថាព្រះស្រឡាញ់ពួកគេខ្លាំងយ៉ាងណា នោះពួកគេនឹងទំនងជាចាប់ផ្ដើមស្រឡាញ់លោកវិញដែរ។ ដូច្នេះ ចូរជួយសិស្សរបស់អ្នកឲ្យយល់ថាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ចង់ឲ្យពួកគេទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយលោកប្រុងប្រៀបជាស្រេចដើម្បីជួយពួកគេឲ្យបានជីវិតបែបនោះ។ w២០.០១ ទំ. ៣ វ. ៧-៨
ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា
ខ្ញុំបានទទួលការសម្រាលទុក្ខនិងអំណរជាច្រើនដោយសារសេចក្ដីស្រឡាញ់របស់អ្នក។—ភីលេ. ៧
សាវ័កប៉ូលមានចិត្តរាបទាប ដូច្នេះគាត់ដឹងថាគាត់ត្រូវការការលើកទឹកចិត្តពីមិត្តភក្ដិរបស់គាត់។ គាត់មិនបានព្រួយបារម្ភថាអ្នកឯទៀតនឹងគិតថាគាត់ជាមនុស្សទន់ខ្សោយ ដោយសារគាត់បានទទួលការលើកទឹកចិត្តពីមិត្តរបស់គាត់ក្នុងអំឡុងគ្រាលំបាកទេ។ (កូឡ. ៤:៧-១១) ពេលយើងមានចិត្តរាបទាបដោយទទួលស្គាល់ថាយើងត្រូវការការលើកទឹកចិត្ត នោះបងប្អូនយើងនឹងពេញចិត្តផ្ដល់ឲ្យយើងនូវការគាំទ្រដែលយើងត្រូវការ។ ប៉ូលដឹងថាបទគម្ពីរសម្រាលទុក្ខគាត់។ (រ៉ូម ១៥:៤) បទគម្ពីរទាំងនោះក៏ផ្ដល់ប្រាជ្ញាឲ្យគាត់ដើម្បីគាត់អាចប្រឈមមុខនឹងបញ្ហាណាក៏ដោយ។ (២ធី. ៣:១៥, ១៦) ពេលប៉ូលបានជាប់គុកនៅក្រុងរ៉ូមជាលើកទី២ គាត់មានអារម្មណ៍ថាគាត់រស់មិនយូរទេ។ គាត់បានសុំធីម៉ូថេឲ្យមកជាប្រញាប់ ហើយយក«រមូរក្រដាស»មកជាមួយផង។ (២ធី. ៤:៦, ៧, ៩, ១៣) ហេតុអ្វី? ពីព្រោះរមូរទាំងនោះទំនងជាផ្នែកខ្លះនៃបទគម្ពីរភាសាហេប្រឺ ដែលប៉ូលអាចប្រើក្នុងការសិក្សាគម្ពីរផ្ទាល់ខ្លួន។ ពេលយើងយកតម្រាប់ប៉ូលដោយសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ ព្រះយេហូវ៉ានឹងប្រើបទគម្ពីរដើម្បីសម្រាលទុក្ខយើង មិនថាយើងមានទុក្ខលំបាកអ្វីក៏ដោយ។ w២០.០២ ទំ. ២៣ វ. ១៤-១៥
ថ្ងៃអង្គារ ទី២៨ ខែកញ្ញា
ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ។—ម៉ាថ. ៧:១
អេលីផាស ប៊ីលដាឌ និងសូផារមិនបានចំណាយពេលដើម្បីគិតអំពីរបៀបជួយយ៉ូបឡើយ។ ផ្ទុយទៅវិញ ពួកគេបានគិតអំពីរបៀបដែលពួកគេអាចបង្ហាញថាយ៉ូបបានធ្វើខុស។ ពួកគេបាននិយាយការពិតខ្លះ ប៉ុន្តែអ្វីភាគច្រើនដែលពួកគេបាននិយាយអំពីយ៉ូបនិងព្រះយេហូវ៉ា គឺមិនសប្បុរសឬមិនពិត។ ពួកគេបានវិនិច្ឆ័យយ៉ូបដោយគ្មានមេត្តា។ (យ៉ូប ៣២:១-៣) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? លោកបានខឹងបុរសបីនាក់នោះជាខ្លាំង។ លោកបានចាត់ទុកពួកគេថាជាមនុស្សលលា ហើយបានបង្គាប់ពួកគេឲ្យសុំយ៉ូបអធិដ្ឋានសម្រាប់ពួកគេ។ (យ៉ូប ៤២:៧-៩) យើងអាចទាញយកមេរៀនជាច្រើនពីគំរូមិនល្អរបស់អេលីផាស ប៊ីលដាឌ និងសូផារ។ ទី១ យើងមិនគួរវិនិច្ឆ័យបងប្អូនរបស់យើងទេ។ (ម៉ាថ. ៧:២-៥) ផ្ទុយទៅវិញ យើងគួរស្ដាប់ពួកគេយ៉ាងយកចិត្តទុកដាក់មុនយើងនិយាយ។ យ៉ាងនេះ យើងអាចយល់អំពីស្ថានភាពរបស់ពួកគេ។ (១ពេ. ៣:៨) ទី២ ពេលយើងនិយាយ យើងត្រូវធ្វើឲ្យប្រាកដថាពាក្យសម្ដីរបស់យើងគឺសប្បុរសនិងពិតត្រង់។ (អេភ. ៤:២៥) ទី៣ ព្រះយេហូវ៉ាចាប់អារម្មណ៍យ៉ាងខ្លាំងនឹងអ្វីដែលយើងនិយាយចំពោះគ្នាទៅវិញទៅមក។ w២០.០៣ ទំ. ២២ វ. ១៥-១៦
ថ្ងៃពុធ ទី២៩ ខែកញ្ញា
ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាស។—អេភ. ៦:១៨
ពេលយើងបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា យើងក៏ស្គាល់លោកច្បាស់ជាង។ ជាឧទាហរណ៍ យើងឃើញភ័ស្តុតាងជាក់ច្បាស់អំពីសេចក្ដីអាណិតមេត្តារបស់ព្រះយេហូវ៉ា ពេលលោកដឹកនាំយើងឲ្យរកឃើញពួកអ្នកដែលមានចិត្តគំនិតត្រឹមត្រូវ។ (យ៉ូន. ៦:៤៤; សកម្ម. ១៣:៤៨) យើងឃើញឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះ កាលដែលយើងឃើញពួកអ្នកដែលយើងបង្រៀនបណ្ដាំរបស់ព្រះឈប់ធ្វើតាមទម្លាប់អាក្រក់របស់ខ្លួន ហើយចាប់ផ្ដើមបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។ (កូឡ. ៣:៩, ១០) ម្យ៉ាងទៀត យើងឃើញភ័ស្តុតាងអំពីចិត្តអត់ធ្មត់របស់ព្រះ កាលដែលលោកផ្ដល់ឱកាសច្រើនដងដល់មនុស្សក្នុងតំបន់ផ្សាយរបស់យើងឲ្យរៀនអំពីលោក ហើយទទួលសេចក្ដីសង្គ្រោះ។ (រ៉ូម ១០:១៣-១៥) ប៉ុន្តែ មិនថាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក្ដី យើងគួរឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ របៀបមួយដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ គឺដោយអធិដ្ឋានទៅលោក។ បើអ្នកចង់មានមិត្តភាពជិតស្និទ្ធជាមួយនឹងអ្នកណាម្នាក់ អ្នកត្រូវប្រាស្រ័យទាក់ទងជាមួយនឹងគាត់ឲ្យបានញឹកញាប់។ ដូច្នេះ ដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ សូមអធិដ្ឋានទៅលោកជារឿយៗ ហើយសូមកុំខ្លាចប្រាប់លោកអំពីគំនិតនិងអារម្មណ៍របស់អ្នកឡើយ។ w១៩.១២ ទំ. ១៩ វ. ១១, ១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា
ព្រះបានអភ័យទោសចំពោះការខុសឆ្គងរបស់អ្នក។—១យ៉ូន. ២:១២
នេះនាំឲ្យយើងធូរស្រាលក្នុងចិត្តជាខ្លាំង! ក្នុងនាមជាស្ដេចនៃរាជាណាចក្ររបស់ព្រះ លោកយេស៊ូនឹងបំបាត់ចោលនូវអ្វីៗដ៏អាក្រក់ដែលសាថាននិងរបៀបរបបរបស់វាបានធ្វើដាក់យើង។ (អេ. ៦៥:១៧; ១យ៉ូន. ៣:៨; បប. ២១:៣, ៤) នេះផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់យើង! ម្យ៉ាងទៀត ទោះជាលោកយេស៊ូបានប្រគល់កិច្ចការដ៏ពិបាកឲ្យយើងក្ដី លោកនៅជាមួយនឹងយើង ដោយគាំទ្រយើងក្នុងគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៨:១៩, ២០) នេះពិតជាជួយយើងឲ្យមានចិត្តក្លាហានកាន់តែខ្លាំង! ការធូរស្រាលក្នុងចិត្ត សេចក្ដីសង្ឃឹម និងចិត្តក្លាហានជាគ្រឹះមូលដ្ឋានសម្រាប់ការមានសេចក្ដីសុខសាន្តនៅក្នុងចិត្តរបស់យើង។ ដូច្នេះ តើអ្នកអាចបន្តមានសេចក្ដីសុខសាន្តក្នុងចិត្តយ៉ាងដូចម្ដេច ពេលអ្នកមានទុក្ខលំបាកដ៏ធ្ងន់ធ្ងរ? គឺដោយធ្វើអ្វីដែលលោកយេស៊ូបានធ្វើ។ ទី១ ចូរអធិដ្ឋាន ហើយបន្តអធិដ្ឋានទោះជាមានអ្វីកើតឡើងក៏ដោយ។ ទី២ ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ទោះជានៅពេលដែលពិបាកធ្វើដូច្នេះក៏ដោយ។ ទី៣ ចូរពឹងផ្អែកលើមិត្តភក្ដិឲ្យជួយអ្នកនៅគ្រាដែលមានទុក្ខលំបាក។ យ៉ាងនេះសេចក្ដីសុខសាន្តរបស់ព្រះនឹងការពារចិត្តនិងគំនិតរបស់អ្នក។ (ភី. ៤:៦, ៧) ដូចលោកយេស៊ូដែរ អ្នកនឹងយកឈ្នះទុក្ខលំបាកទាំងអស់។—យ៉ូន. ១៦:៣៣ w១៩.០៤ ទំ. ១៣ វ. ១៦-១៧