ខែតុលា
ថ្ងៃសុក្រ ទី១ ខែតុលា
ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់។—២រប. ១៦:៩
យើងអាចឃើញទីសំអាងជាច្រើនដែលបង្ហាញថាព្រះយេហូវ៉ាការពាររាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះ។ យើងកំពុងផ្សព្វផ្សាយនិងបង្រៀនសេចក្ដីពិតនៅគ្រប់ទីអាស្រ័យនៅផែនដី។ (ម៉ាថ. ២៨:១៩, ២០) ជាលទ្ធផល យើងកំពុងបកអាក្រាតស្នាដៃដ៏ខូចអាក្រក់របស់មេកំណាច។ បើសាថានអាចធ្វើបានវាច្បាស់ជានឹងបញ្ឈប់កិច្ចការទាំងអស់របស់យើង តែវាមិនអាចធ្វើបានទេ។ ដូច្នេះ យើងមិនចាំបាច់ភ័យខ្លាចពួកវិញ្ញាណទុច្ចរិតឡើយ។ បើយើងស្មោះត្រង់នឹងព្រះយេហូវ៉ា ពួកវិញ្ញាណកំណាចមិនអាចធ្វើឲ្យយើងរងទុក្ខរហូតឡើយ។ ប៉ុន្តែ យើងទាំងអស់គ្នាត្រូវទប់ទល់នឹងពួកវិញ្ញាណទុច្ចរិត ហើយទុកចិត្តព្រះយេហូវ៉ា។ បើយើងធ្វើដូច្នេះ យើងនឹងទទួលពរជាច្រើន ហើយសាថានមិនអាចប្រើការកុហកដើម្បីបំភាន់យើងបានទេ។ យើងក៏នឹងមិនឲ្យការភ័យខ្លាចចំពោះពួកវិញ្ញាណកំណាចបញ្ឈប់យើងពីការបម្រើព្រះយេហូវ៉ាឡើយ។ សំខាន់បំផុត យើងនឹងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «ចូរតស៊ូនឹងមេកំណាច រួចវានឹងរត់ចេញពីអ្នករាល់គ្នា។ ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ា. ៤:៧, ៨ w១៩.០៤ ទំ. ២៤ វ. ១៥; ទំ. ២៥ វ. ១៨
ថ្ងៃសៅរ៍ ទី២ ខែតុលា
ផលកើតពីផ្ទៃ . . . ជារង្វាន់ដែលទ្រង់ប្រទាន។—ទំនុក. ១២៧:៣
កូនជាអំណោយដ៏ពិសិដ្ឋ និងជា«មរដកមកពីព្រះយេហូវ៉ា»។ អ្នកមានភារកិច្ចការពារអំណោយដ៏ពិសិដ្ឋនោះ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីការពារកូនពីការបៀតបៀនកេរ្ដិ៍ខ្មាស? ទី១ ចូរស្វែងយល់អំពីកត្ដាដែលអាចនាំឲ្យក្លាយទៅជាជនរងគ្រោះ។ ចូរស្វែងយល់ថាតាមធម្មតាមនុស្សបែបណាបៀតបៀនកេរ្ដិ៍ខ្មាសកុមារនិងវិធីសាស្ត្រដែលបុគ្គលនោះប្រើដើម្បីបោកបញ្ឆោតក្មេងៗ។ ចូរប្រុងប្រយ័ត្នចំពោះមនុស្សនិងស្ថានភាពដែលអាចនាំឲ្យមានគ្រោះថ្នាក់។ (សុភ. ២២:៣; ២៤:៣) សូមចាំថាក្នុងករណីភាគច្រើន អ្នកដែលបៀតបៀនកេរ្ដិ៍ខ្មាសកុមារគឺជាបុគ្គលដែលកូនក្មេងនោះស្គាល់និងទុកចិត្ត។ ទី២ ចូររក្សាការប្រាស្រ័យទាក់ទងល្អជាមួយនឹងកូនរបស់អ្នក។ (ចោ. ៦:៦, ៧; យ៉ា. ១:១៩) សូមចាំថាកូនក្មេងមិនសូវហ៊ានប្រាប់អំពីរឿងបែបនេះទេ។ ពួកគេប្រហែលជាខ្លាចថាគ្មានអ្នកណានឹងជឿពួកគេ ឬពួកគេប្រហែលជាបានត្រូវគំរាមកំហែងឲ្យលាក់រឿងនេះ។ បើអ្នកមានអារម្មណ៍ថាមានអ្វីដែលខុសពីធម្មតា សូមសួរកូនដោយសប្បុរស ហើយស្ដាប់ដោយអត់ធ្មត់អំពីអ្វីដែលកូនប្រាប់។ ទី៣ ចូរបង្ហាត់បង្រៀនកូនរបស់អ្នក។ ចូរបង្រៀនពួកគេអំពីអ្វីដែលពួកគេគួរនិយាយនិងធ្វើ បើបុគ្គលណាម្នាក់ព្យាយាមស្ទាបអង្អែលពួកគេតាមរបៀបមិនសមរម្យ។ w១៩.០៥ ទំ. ១២-១៣ វ. ១៩-២២
ថ្ងៃអាទិត្យ ទី៣ ខែតុលា
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។—សុភ. ១៦:៥
ហេតុអ្វីពួកអ្នកដែលមានអំណួតជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា? មូលហេតុមួយគឺពួកអ្នកដែលស្រឡាញ់ខ្លួនឯងហួសហេតុពេក មានអំណួតដូចសាថាន។ សូមគិតទៅមើល សាថានគិតថាលោកយេស៊ូដែលជាបុគ្គលដែលព្រះបានប្រើដើម្បីបង្កើតអ្វីៗទាំងអស់ គួរក្រាបប្រណិប័តន៍វា! (ម៉ាថ. ៤:៨, ៩; កូឡ. ១:១៥, ១៦) ពួកអ្នកដែលលើកតម្កើងខ្លួនបែបនេះ សឲ្យឃើញថាប្រាជ្ញារបស់ពិភពលោកនេះគឺផ្ដេសផ្ដាសចំពោះព្រះ។ (១កូ. ៣:១៩) ប៉ុន្តែ គម្ពីរជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួន។ គម្ពីរបង្រៀនថាគឺសមត្រឹមត្រូវឲ្យយើងស្រឡាញ់ខ្លួនឯងមួយកម្រិត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ នេះបញ្ជាក់ថាយើងគួរគិតខ្លះៗអំពីសេចក្ដីត្រូវការរបស់ខ្លួន។ (ម៉ាថ. ១៩:១៩) ប៉ុន្តែ គម្ពីរមិនបានបង្រៀនថាយើងគួរគិតថាខ្លួនប្រសើរជាងអ្នកឯទៀតទេ។ ផ្ទុយទៅវិញ គម្ពីរចែងថា៖ ‹ចូរកុំធ្វើអ្វីក្នុងបំណងទាស់ជាមួយនឹងអ្នកឯទៀតឬលើកខ្លួនហួសប្រមាណ ប៉ុន្តែចូរបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន›។—ភី. ២:៣; រ៉ូម ១២:៣ w១៩.០៥ ទំ. ២៤ វ. ១៣-១៤
ថ្ងៃច័ន្ទ ទី៤ ខែតុលា
ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុងដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា។—រ៉ូម ១២:២
សូមគិតអំពីការផ្លាស់ប្ដូរដែលអ្នកត្រូវធ្វើពេលអ្នកបានរៀនអំពីសេចក្ដីពិតក្នុងគម្ពីរ ហើយបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ យើងជាច្រើននាក់បានលះចោលការប្រព្រឹត្តផ្សេងៗដែលខុស។ (១កូ. ៦:៩-១១) យើងសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាបានជួយយើងឲ្យយកឈ្នះអំពើខុសឆ្គងទាំងនោះ! ប៉ុន្តែ យើងមិនគួរគិតថាយើងមិនចាំបាច់កែប្រែអ្វីទៀតទេ។ ទោះជាយើងបានឈប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរដែលយើងធ្លាប់ធ្វើមុនទទួលការជ្រមុជទឹកក្ដី យើងនៅតែត្រូវបន្តខំព្យាយាមដើម្បីជៀសវាងពីអ្វីណាដែលអាចធ្វើឲ្យយើងចង់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាំងនោះម្ដងទៀត។ យើងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ យើងត្រូវ«ឈប់យកតម្រាប់តាម»ពិភពលោក ឬមិនឲ្យពិភពលោកនេះមានឥទ្ធិពលមកលើយើង។ ទី២ យើងត្រូវ«ទទួលការកែប្រែទាំងស្រុង»ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង។ ការកែប្រែទាំងស្រុងមិនគ្រាន់តែរួមបញ្ចូលការកែប្រែអាការក្រៅប៉ុណ្ណោះទេ តែក៏រួមបញ្ចូលការផ្លាស់ប្ដូររបៀបគិតគូររបស់យើង ពោលគឺកែប្រែទាំងស្រុងនូវចិត្តគំនិត អារម្មណ៍ និងសេចក្ដីប៉ងប្រាថ្នារបស់យើង។ w១៩.០៦ ទំ. ៩ វ. ៤-៦
ថ្ងៃអង្គារ ទី៥ ខែតុលា
ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយហើយកំសាន្តចិត្តនៃទូលបង្គំហើយ។—ទំនុក. ៨៦:១៧
នៅពេលដែលមានការតានតឹងចិត្ត យើងអាចទទួលកម្លាំងចិត្តឡើងវិញតាមរយៈការចូលរួមកិច្ចប្រជុំក្រុមជំនុំ។ ការទៅកិច្ចប្រជុំ ផ្ដល់ឱកាសថែមទៀតឲ្យព្រះយេហូវ៉ា«ជួយហើយកំសាន្តចិត្ត»យើង។ នៅទីនោះ លោកពង្រឹងកម្លាំងយើងតាមរយៈសកម្មពលបរិសុទ្ធរបស់លោក បណ្ដាំរបស់លោក និងរាស្ដ្ររបស់លោក។ នៅកិច្ចប្រជុំ យើងមានឱកាស«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) បងស្រីម្នាក់ឈ្មោះសឺហ្វៀ និយាយថា៖ «ព្រះយេហូវ៉ានិងបងប្អូនរួមជំនឿបានជួយខ្ញុំឲ្យស៊ូទ្រាំ ហើយសំខាន់បំផុតចំពោះខ្ញុំគឺការចូលរួមកិច្ចប្រជុំ។ ខ្ញុំឃើញថាកាលដែលខ្ញុំកាន់តែខំប្រឹងយ៉ាងសកម្មក្នុងកិច្ចបម្រើផ្សាយនិងក្នុងក្រុមជំនុំ ខ្ញុំកាន់តែអាចយកឈ្នះការតានតឹងចិត្តនិងការខ្វល់ខ្វាយដែលខ្ញុំមាន»។ ពេលយើងធ្លាក់ទឹកចិត្ត សូមចាំថាព្រះយេហូវ៉ាមិនគ្រាន់តែសន្យាថានៅពេលអនាគតលោកនឹងធ្វើឲ្យយើងលែងមានការតានតឹងចិត្តប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជួយយើងឲ្យយកឈ្នះការតានតឹងចិត្តនៅឥឡូវនេះដែរ។ លោកអាចធ្វើឲ្យយើង«មានបំណងប្រាថ្នានិងមានការប្រព្រឹត្ត» ដើម្បីយើងអាចយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្តនិងអស់សង្ឃឹម។—ភី. ២:១៣ w១៩.០៦ ទំ. ១៩ វ. ១៧-១៨
ថ្ងៃពុធ ទី៦ ខែតុលា
ចូរទៅ ហើយនាំដំណឹងប្រាប់បងប្អូនរបស់ខ្ញុំផង ដើម្បីឲ្យពួកគាត់ទៅស្រុកកាលីឡេហើយពួកគាត់នឹងឃើញខ្ញុំនៅទីនោះ។—ម៉ាថ. ២៨:១០
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ អ្វីដំបូងដែលលោកធ្វើគឺរៀបចំការជួបជុំជាមួយនឹងអ្នកកាន់តាមលោក។ ក្នុងការជួបជុំនោះ លោកបានឲ្យការណែនាំខ្លះដ៏សំខាន់ដល់ពួកគេ។ ក្នុងការជួបជុំដែលលោកយេស៊ូបានរៀបចំ លោកបានលើកឡើងអំពីកិច្ចការសំខាន់ដែលអ្នកកាន់តាមលោកនឹងសម្រេចនៅសតវត្សរ៍ទី១ ហើយនេះគឺដូចគ្នានឹងកិច្ចការដែលយើងកំពុងធ្វើនៅសព្វថ្ងៃនេះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ លោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកទាំងអស់ផ្សព្វផ្សាយ។ លោកមិនមែនបង្គាប់តែសាវ័កស្មោះត្រង់១១នាក់របស់លោកឲ្យធ្វើកិច្ចការនេះប៉ុណ្ណោះទេ។ ហេតុអ្វីយើងអាចប្រាកដអំពីរឿងនេះ? ពេលដែលលោកយេស៊ូបានឲ្យបង្គាប់នោះនៅលើភ្នំមួយក្នុងស្រុកកាលីឡេ តើមានតែសាវ័ក១១នាក់របស់លោកប៉ុណ្ណោះដែលនៅទីនោះឬ? សូមនឹកឃើញអំពីអ្វីដែលទេវតាបាននិយាយទៅកាន់ពួកស្ត្រី ដែលថា៖ «អ្នកនឹងឃើញលោកនៅ[ស្រុកកាលីឡេ]»។ ដូច្នេះ ស្ត្រីដ៏ស្មោះត្រង់ក៏ច្បាស់ជានៅទីនោះដែរ។ w២០.០១ ទំ. ២-៣ វ. ២-៤
ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា
អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ ហើយខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោកហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។—យ៉ូន. ១៥:១៩
លោកយេស៊ូបានពន្យល់អំពីមូលហេតុដែលយើងគួររំពឹងថាយើងនឹងរងការបៀតបៀន។ លោកបានមានប្រសាសន៍ថា យើងនឹងត្រូវគេស្អប់ដោយសារយើងមិនរួមចំណែកក្នុងពិភពលោក។ ការបៀតបៀនមិនមានន័យថាយើងមិនទទួលពរពីព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ការបៀតបៀនបញ្ជាក់ថាយើងកំពុងធ្វើអ្វីដែលត្រឹមត្រូវ! អ្នកប្រឆាំងមិនអាចបញ្ឈប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានទេ។ មនុស្សជាច្រើនបានព្យាយាមធ្វើដូច្នោះ តែបានបរាជ័យ។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២។ នៅពេលនោះ រដ្ឋាភិបាលជាច្រើនបានបៀតបៀនរាស្ដ្រព្រះយ៉ាងខ្លាំង។ មិនគ្រាន់តែពួកណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេដែលបានដាក់បម្រាមលើកិច្ចការរបស់សាក្សីព្រះយេហូវ៉ា តែរដ្ឋាភិបាលនៅប្រទេសអូស្ត្រាលី កាណាដា និងប្រទេសផ្សេងទៀតក៏បានដាក់បម្រាមលើកិច្ចការរបស់យើងផងដែរ។ ប៉ុន្តែ សូមកត់សម្គាល់អំពីអ្វីដែលបានកើតឡើង។ នៅឆ្នាំ១៩៣៩ពេលសង្គ្រាមនោះបានចាប់ផ្ដើម មានអ្នកផ្សព្វផ្សាយ៧២.៤៧៥នាក់នៅទូទាំងពិភពលោក។ តែពេលសង្គ្រាមបានចប់នៅឆ្នាំ១៩៤៥ មានអ្នកផ្សព្វផ្សាយ១៥៦.២៩៩នាក់។ ចំនួនអ្នកផ្សព្វផ្សាយបានកើនឡើងជាងមួយជាពីរ! នេះគឺដោយសារព្រះយេហូវ៉ាបានផ្ដល់ពរលើរាស្ដ្រលោក។ w១៩.០៧ ទំ. ៩ វ. ៤-៥
ថ្ងៃសុក្រ ទី៨ ខែតុលា
យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា។—យ៉ូន. ១៣:៣៥
ទោះជាអ្នកមិនមានសិស្សគម្ពីរនៅឥឡូវនេះក្ដី អ្នកអាចជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូតាមរបៀបផ្សេងទៀត។ ជាឧទាហរណ៍ អ្នកអាចស្វាគមន៍អ្នកថ្មីដែលមកសាលប្រជុំ ហើយជួយពួកគេ។ បើអ្នកបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបនេះ អ្នកអាចជួយពួកគេឲ្យឃើញថាយើងជាគ្រិស្តសាសនិកពិត។ តាមរយៈចម្លើយរបស់អ្នកនៅកិច្ចប្រជុំ ទោះជាចម្លើយនោះគឺខ្លីក្ដី អ្នកអាចបង្រៀនបុគ្គលថ្មីឲ្យចេះប្រាប់អ្នកឯទៀតអំពីជំនឿរបស់ពួកគេដោយស្មោះអស់ពីចិត្តនិងតាមរបៀបដែលបង្ហាញការគោរព។ អ្នកក៏អាចផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយថ្មី ហើយជួយគាត់ឲ្យចេះប្រើបទគម្ពីរដើម្បីវែកញែកជាមួយនឹងអ្នកឯទៀត។ យ៉ាងនេះ អ្នកកំពុងបង្រៀនគាត់ឲ្យយកតម្រាប់គ្រិស្ត។ (លូក. ១០:២៥-២៨) គ្រិស្តសាសនិកជាច្រើនជាប់រវល់ក្នុងការបំពេញភារកិច្ចសំខាន់ៗ។ ប៉ុន្តែ ពួកគេនៅតែលៃទុកពេលដើម្បីបង្រៀនគម្ពីរ ហើយពួកគេមានអំណរជាខ្លាំងពីកិច្ចការនេះ។ w១៩.០៧ ទំ. ១៧ វ. ១១, ១៣
ថ្ងៃសៅរ៍ ទី៩ ខែតុលា
ខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខខ្ញុំកំពុងរត់ដោយមានគោលដៅ។—ភី. ៣:១៣, ១៤
សាវ័កប៉ូលមិនបានឲ្យសមិទ្ធិផលឬអ្វីដែលគាត់ធ្លាប់ធ្វើខុស បំបែរអារម្មណ៍របស់គាត់ទេ។ តាមការពិត គាត់និយាយថា៖ «[ការ]បំភ្លេចអ្វីៗដែលនៅខាងក្រោយ» គឺសំខាន់ចាំបាច់ដើម្បី«ប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខ» ពោលគឺរត់ដល់ទីផ្ដាច់ព្រ័ត្រដោយជោគជ័យ។ តើមានអ្វីខ្លះដែលអាចបំបែរអារម្មណ៍របស់ប៉ូល? ទី១ គាត់ធ្លាប់សម្រេចអ្វីៗជាច្រើនក្នុងសាសនាយូដា។ ប៉ុន្តែ គាត់ចាត់ទុកអ្វីៗទាំងនោះថាជា«សំរាម»។ (ភី. ៣:៣-៨) ទី២ ទោះជាគាត់ប្រហែលជាបន្ទោសខ្លួនចំពោះការធ្លាប់ជាអ្នកបៀតបៀនគ្រិស្តសាសនិកក្ដី គាត់មិនបានអនុញ្ញាតឲ្យអារម្មណ៍បែបនោះ បញ្ឈប់គាត់ពីការបម្រើព្រះយេហូវ៉ាឡើយ។ ទី៣ គាត់មិនបានគិតថាអ្វីដែលគាត់បានធ្វើដើម្បីព្រះយេហូវ៉ាគឺគ្រប់គ្រាន់ហើយនោះទេ។ ប៉ូលបានសម្រេចកិច្ចការជាច្រើនក្នុងកិច្ចបម្រើផ្សាយ ទោះជាគាត់ត្រូវគេចាប់ដាក់គុក វាយដំ គប់នឹងដុំថ្ម លិចសំពៅ ព្រមទាំងមិនមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ក៏ដោយ។ (២កូ. ១១:២៣-២៧) ប៉ុន្តែ មិនថាគាត់បានសម្រេចអ្វីឬរងទុក្ខវេទនាយ៉ាងណាក្ដី ប៉ូលបានដឹងថាគាត់ត្រូវបន្តបម្រើព្រះយេហូវ៉ា។ យើងក៏ត្រូវធ្វើដូចគាត់ដែរ។ w១៩.០៨ ទំ. ៣ វ. ៥
ថ្ងៃអាទិត្យ ទី១០ ខែតុលា
ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យសត្វចៀមទៅកណ្ដាលហ្វូងឆ្កែចចក។—ម៉ាថ. ១០:១៦
បងប្អូនជាច្រើនរបស់យើងរស់នៅប្រទេសដែលដាក់កម្រិតលើកិច្ចការរបស់យើង ដូច្នេះពួកគេរកវិធីផ្សេងទៀតដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ១០:១៧-២០) នៅប្រទេសមួយ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានលើកទឹកចិត្តអ្នកផ្សព្វផ្សាយម្នាក់ៗឲ្យផ្សព្វផ្សាយដល់សាច់ញាតិ អ្នកជិតខាង សិស្សរួមថ្នាក់ អ្នករួមការងារ និងបុគ្គលឯទៀតដែលពួកគេស្គាល់។ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីនោះ ចំនួនក្រុមជំនុំក្នុងមណ្ឌលនោះបានកើនឡើងជាច្រើន។ យើងប្រហែលជាមិនរស់នៅប្រទេសដែលដាក់កម្រិតលើកិច្ចការផ្សព្វផ្សាយរបស់យើងទេ តែយើងអាចទាញយកមេរៀនដ៏សំខាន់ពីបងប្អូនទាំងនោះថា ចូរស្វែងរកវិធីផ្សេងៗដើម្បីរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ ដោយមានការជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់ឲ្យអ្នកនូវកម្លាំងដែលអ្នកត្រូវការដើម្បីយកឈ្នះឧបសគ្គណាក៏ដោយដែលអ្នកជួបប្រទះ។ (ភី. ២:១៣) នៅគ្រាដ៏សំខាន់នេះ សូមយើងពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង កុំឲ្យយើងមានកំហុស មិនធ្វើឲ្យអ្នកណាជំពប់ដួល និងបង្កើតផលដ៏សុចរិត។ យ៉ាងនេះ យើងនឹងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ហើយនាំឲ្យព្រះយេហូវ៉ាដែលជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ទទួលកិត្តិយស។ w១៩.០៨ ទំ. ១៣ វ. ១៧-១៨
ថ្ងៃច័ន្ទ ទី១១ ខែតុលា
យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្ដេចកំពុងតែដើរនៅដីដូចជាបាវវិញ។—សាស្ដ. ១០:៧
តាមធម្មតា យើងមិនចូលចិត្តសេពគប់ជាមួយនឹងបុគ្គលដែលតែងតែចង់ឲ្យគេធ្វើតាមចិត្តគាត់ និងមិនស្ដាប់យោបល់ពីអ្នកឯទៀតឡើយ។ ផ្ទុយទៅវិញ ពេលដែលបងប្អូនរួមជំនឿមានសេចក្ដី«ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្តា [និង]មានចិត្តរាបទាប» យើងចូលចិត្តនៅជាមួយនឹងពួកគេ។ (១ពេ. ៣:៨) បើយើងចូលចិត្តមនុស្សបែបនេះ នោះពួកគេនឹងទំនងជាចូលចិត្តយើងដែរ ដរាបណាយើងមានចិត្តរាបទាប។ ចិត្តរាបទាបក៏ជួយយើងឲ្យសប្បាយជាងនឹងជីវិតរបស់យើងដែរ។ ជួនកាល យើងនឹងឃើញឬជួបប្រទះនឹងរឿងដែលយើងគិតថាអយុត្តិធម៌។ យើងអាចឃើញថា ពួកអ្នកដែលមានសមត្ថភាពអស្ចារ្យ មិនតែងតែទទួលកិត្តិយសទេ។ ក៏ប៉ុន្តែ ជួនកាលមនុស្សដែលមិនសូវមានសមត្ថភាព ទទួលកិត្តិយសច្រើនជាង។ សាឡូម៉ូនបានសរសេរថា៖ «អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ»។ (សស. [សាស្ដ.] ៦:៩, ខ.ស.) សាឡូម៉ូនដឹងថាគឺជាការឈ្លាសវៃដែលយើងទទួលស្គាល់ការពិត ជាជាងខ្វល់ខ្វាយអំពីស្ថានភាពមិនល្អដែលកើតឡើងក្នុងជីវិត។ បើយើងមានចិត្តរាបទាប នេះនឹងជួយយើងឲ្យទទួលយកអ្វីមិនល្អដែលយើងមិនចង់ឲ្យកើតឡើងក្នុងជីវិត។ w១៩.០៩ ទំ. ៤ វ. ៩-១០
ថ្ងៃអង្គារ ទី១២ ខែតុលា
អ្នករាល់គ្នាដែលជាឪពុក . . . ចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក។—អេភ. ៦:៤
ពួកអ្នកដែលមានអំណាចមួយកម្រិតដូចជាឪពុកជាដើម មានឱកាសដើម្បីជួយអ្នកឯទៀត។ ព្រះយេហូវ៉ាបានឲ្យឪពុកមានតួនាទីធ្វើជាប្រមុខគ្រួសារ ហើយតម្រូវឲ្យគាត់បង្ហាត់បង្រៀននិងប្រៀនប្រដៅកូន។ (១កូ. ១១:៣) ប៉ុន្តែ អំណាចរបស់ឪពុកមានកម្រិត ដោយសារគាត់ត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ាស្ដីអំពីរបៀបដែលគាត់ប្រើអំណាចនោះ។ ហេតុអ្វី? ពីព្រោះគ្រប់គ្រួសារមាននាមត្រកូលពីលោក។ (អេភ. ៣:១៤, ១៥) ឪពុកបង្ហាញការចុះចូលនឹងព្រះយេហូវ៉ា ដោយប្រើអំណាចរបស់ខ្លួនតាមរបៀបដែលព្រះពេញចិត្ត។ សូមកុំប្រើអំណាចដែលអ្នកបានទទួលពីព្រះយេហូវ៉ាក្នុងផ្លូវខុស។ សូមទទួលស្គាល់កំហុសរបស់អ្នក ហើយទទួលយកឱវាទដែលមានមូលដ្ឋានលើគម្ពីរពីអ្នកឯទៀត។ បើអ្នកធ្វើដូច្នេះ ក្រុមគ្រួសាររបស់អ្នកនឹងគោរពអ្នក ដោយសារអ្នកមានចិត្តរាបទាប។ ពេលអ្នកអធិដ្ឋានជាមួយនឹងក្រុមគ្រួសារ សូមអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា យ៉ាងនេះពួកគេនឹងដឹងថាអ្នកពឹងផ្អែកលើព្រះយេហូវ៉ាខ្លាំងយ៉ាងណា។ លើសពីនេះទៅទៀត សូមចាត់ទុកថាការបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នក។ (ចោ. ៦:៦-៩) អំណោយដ៏វិសេសបំផុតមួយដែលអ្នកអាចឲ្យក្រុមគ្រួសារអ្នកគឺ គំរូល្អរបស់អ្នក។ w១៩.០៩ ទំ. ១៥ វ. ៨; ទំ. ១៧ វ. ១៤, ១៦
ថ្ងៃពុធ ទី១៣ ខែតុលា
[ចូរ]ទទួលស្វាគមន៍[ម៉ាកុស] ប្រសិនបើគាត់មកឯអ្នករាល់គ្នា។—កូឡ. ៤:១០
ម៉ាកុសសប្បាយចិត្តបម្រើអ្នកឯទៀត។ នៅពេលខ្លះ គាត់បានបម្រើជាមួយនឹងសាវ័កប៉ូល ហើយពេលខ្លះជាមួយនឹងសាវ័កពេត្រុសដែរ កាលដែលពួកគាត់កំពុងបំពេញភារកិច្ច។ ម៉ាកុសប្រហែលជាបានទិញអាហារ រកកន្លែងស្នាក់នៅឲ្យពួកគាត់ និងធ្វើអ្វីផ្សេងទៀត។ (សកម្ម. ១៣:២-៥; ១ពេ. ៥:១៣) ប៉ូលបានរៀបរាប់ថាម៉ាកុសជា‹អ្នករួមការងារជាមួយនឹងគាត់ដើម្បីរាជាណាចក្ររបស់ព្រះ› និងជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›គាត់។ (កូឡ. ៤:១១) ប៉ូលប្រាកដជាបានឲ្យតម្លៃចំពោះជំនួយទាំងអស់នេះរបស់ម៉ាកុស។ ដូច្នេះ ម៉ាកុសបានទៅជាមិត្តជិតស្និទ្ធម្នាក់របស់ប៉ូល។ ជាឧទាហរណ៍ ពេលប៉ូលបានជាប់គុកជាលើកចុងក្រោយនាក្រុងរ៉ូម ប្រហែលជានៅឆ្នាំ៦៥ គ.ស. គាត់បានសរសេរសំបុត្រទី២របស់គាត់ទៅកាន់ធីម៉ូថេ។ ក្នុងសំបុត្រនោះ ប៉ូលបានសុំធីម៉ូថេឲ្យមកក្រុងរ៉ូម ហើយសុំឲ្យគាត់យកម៉ាកុសមកជាមួយដែរ។ (២ធី. ៤:១១) តាមមើលទៅ នៅពេលនោះប៉ូលដឹងថាមិនយូរទៀតគាត់នឹងត្រូវគេប្រហារជីវិត ដូច្នេះគាត់បានសុំម៉ាកុសឲ្យនៅជាមួយនឹងគាត់។ ម៉ាកុសបានជួយប៉ូលតាមរបៀបផ្សេងៗ។ គាត់ប្រហែលជាផ្ដល់អាហារឲ្យប៉ូល ឬសម្ភារសម្រាប់ឲ្យគាត់សរសេរសំបុត្រ។ ការគាំទ្រនិងការលើកទឹកចិត្តដែលប៉ូលបានទទួល ទំនងជាបានជួយគាត់ឲ្យស៊ូទ្រាំនៅប៉ុន្មានថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ w២០.០១ ទំ. ១១ វ. ១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា
ចូរមកឯខ្ញុំចុះ។—ម៉ាថ. ១១:២៨
យើងបានជ្រើសយកជីវិតមួយដែលតម្រូវឲ្យយើងខំប្រឹងនិងលះបង់ប្រយោជន៍ខ្លួន។ លោកយេស៊ូព្រមានយើងថាយើងនឹងត្រូវគេបៀតបៀន។ ប៉ុន្តែ យើងអាចរំពឹងថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យយើងស៊ូទ្រាំនឹងការពិបាកផ្សេងៗ។ កាលណាយើងកាន់តែស៊ូទ្រាំ នោះយើងនឹងកាន់តែរឹងមាំ។ (យ៉ា. ១:២-៤) យើងក៏អាចរំពឹងថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលយើងត្រូវការ ហើយថាលោកយេស៊ូនឹងណែនាំយើង។ ម្យ៉ាងទៀត យើងអាចរំពឹងថាបងប្អូនរបស់យើងនឹងលើកទឹកចិត្តយើង។ (ម៉ាថ. ៦:៣១-៣៣; យ៉ូន. ១០:១៤; ១ថែ. ៥:១១) ស្ត្រីដែលលោកយេស៊ូបានធ្វើឲ្យជាសះស្បើយពី«ជំងឺធ្លាក់ឈាម»ក៏បានទទួលកម្លាំងចិត្តឡើងវិញនៅថ្ងៃនោះដែរ។ (លូក. ៨:៤៣-៤៨) ក៏ប៉ុន្តែ គាត់អាចមានកម្លាំងចិត្តជារៀងរហូត លុះត្រាតែគាត់ទៅជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត។ តើអ្នកគិតថាគាត់បានធ្វើអ្វី? បើគាត់សម្រេចចិត្តនៅក្រោមនឹមរបស់លោកយេស៊ូ នោះគាត់នឹងទទួលពរដ៏អស្ចារ្យ គឺការបម្រើជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌! ការលះបង់ដែលគាត់បានធ្វើដើម្បីកាន់តាមគ្រិស្តមិនអាចប្រៀបផ្ទឹមនឹងពរនោះបានឡើយ! ទោះជាយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងសប្បាយចិត្តដែលយើងបានទទួលយកការអញ្ជើញរបស់លោកយេស៊ូដែលថា៖ «ចូរមកឯខ្ញុំចុះ!»។ w១៩.០៩ ទំ. ២៥ វ. ២១-២២
ថ្ងៃសុក្រ ទី១៥ ខែតុលា
ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន។—សុភ. ២៤:៣
ពួកបុរសរបស់ដាវីឌត្រូវការជំនួយ ដូច្នេះពួកគេបានសុំអាហារបន្តិចបន្តួចពីបុរសជនជាតិអ៊ីស្រាអែលដែលជាអ្នកមានម្នាក់ឈ្មោះណាបាល។ ពួកគេគិតថាពួកគេមានហេតុឲ្យសុំជំនួយ ដោយសារពួកគេបានការពារហ្វូងសត្វរបស់ណាបាលនៅតំបន់ស្ងាត់ជ្រងំ។ ប៉ុន្តែ ណាបាលដែលជាមនុស្សគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនព្រមឲ្យអ្វីសោះទៅពួកគេ។ ដាវីឌបានខឹងយ៉ាងខ្លាំងរហូតដល់គិតថានឹងសម្លាប់ណាបាលនិងពួកបុរសទាំងអស់ដែលនៅផ្ទះរបស់គាត់។ (១សាំ. ២៥:៣-១៣, ២២) ប៉ុន្តែ អ័ប៊ីកែលដែលជាប្រពន្ធរបស់ណាបាលគឺជាស្ត្រីដែលចេះពិចារណានិងមានរូបឆោមដ៏ស្រស់ស្អាត។ នាងបានក្រាបដល់ជើងរបស់ដាវីឌ ហើយដោយចិត្តក្លាហាន នាងបានពន្យល់គាត់អំពីមូលហេតុដែលគាត់មិនគួរសងសឹក ព្រោះការធ្វើដូច្នេះនឹងនាំឲ្យមានទោសឈាម។ នាងបានឲ្យយោបល់ដល់គាត់យ៉ាងសប្បុរសថាគាត់គួរទុករឿងនោះឲ្យព្រះយេហូវ៉ាដោះស្រាយ។ ពាក្យសម្ដីរបស់អ័ប៊ីកែលមានឥទ្ធិពលលើចិត្តរបស់ដាវីឌ។ គាត់បានទទួលស្គាល់ថាព្រះយេហូវ៉ាបានចាត់នាងឲ្យមក។ (១សាំ. ២៥:២៣-២៨, ៣២-៣៤) អ័ប៊ីកែលបានបណ្ដុះឲ្យមានគុណសម្បត្តិដែលធ្វើឲ្យនាងមានប្រយោជន៍ចំពោះព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាអាចប្រើស្ត្រីគ្រិស្តសាសនិកដែលចេះពិចារណា ឲ្យពង្រឹងក្រុមគ្រួសារនិងអ្នកឯទៀតក្នុងក្រុមជំនុំ។—ទីត. ២:៣-៥ w១៩.១០ ទំ. ២៣ វ. ១០
ថ្ងៃសៅរ៍ ទី១៦ ខែតុលា
រាស្ដ្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាង។—បប. ១៨:៤
គ្រិស្តសាសនិកពិតទាំងអស់ត្រូវធ្វើឲ្យប្រាកដថាពួកគេមិនរួមចំណែកនឹងសាសនាមិនពិតក្នុងរឿងណាមួយឡើយ។ មុនរៀនសេចក្ដីពិត សិស្សគម្ពីរប្រហែលជាធ្លាប់ជាសមាជិកសាសនាមិនពិតមួយ។ គាត់ប្រហែលជាបានចូលរួមសកម្មភាពនិងពិធីរបស់សាសនានោះ។ ឬក៏គាត់ប្រហែលជាបានឲ្យលុយដើម្បីគាំទ្រសាសនានោះ។ មុនសិស្សគម្ពីរអាចទៅជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក គាត់ត្រូវធ្វើឲ្យប្រាកដថាគាត់ឈប់ពាក់ព័ន្ធនឹងសាសនាមិនពិតទាំងស្រុងទៀត។ គាត់គួរសរសេរសំបុត្រទៅវិហារ ឬអង្គការដែលជាប់ពាក់ព័ន្ធនឹងសាសនាមិនពិតដែលគាត់ធ្លាប់ចូលរួម ដើម្បីបញ្ជាក់ថាគាត់លែងធ្វើជាសមាជិកទៀត។ គ្រិស្តសាសនិកពិតត្រូវធ្វើឲ្យប្រាកដថា ការងាររបស់គាត់មិនជាប់ទាក់ទងទាល់តែសោះនឹងសាសនាមិនពិត។ (២កូ. ៦:១៤-១៧) ហេតុអ្វីយើងត្រូវកាន់ជំហរមាំមួនក្នុងរឿងបែបនេះ? ពីព្រោះយើងមិនចង់រួមចំណែកក្នុងកិច្ចការនិងអំពើខុសឆ្គងរបស់អង្គការសាសនាដែលមិនស្អាតស្អំតាមទស្សនៈរបស់ព្រះឡើយ។—អេ. ៥២:១១ w១៩.១០ ទំ. ១២ វ. ១៦-១៧
ថ្ងៃអាទិត្យ ទី១៧ ខែតុលា
ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ . . . ទ្រង់នឹងមិនបន្ទោសជាដរាបក៏មិនប្រកាន់ជារៀងរាបតទៅដែរ។—ទំនុក. ១០៣:៨, ៩
យេរេមាបានសរសេរសៀវភៅយេរេមា ហើយគាត់ក៏ទំនងជាបានសរសេរសៀវភៅពង្សាវតារក្សត្រទី១និងទី២ដែរ។ ភារកិច្ចនេះប្រាកដជាបានជួយគាត់ឲ្យឃើញយ៉ាងច្បាស់អំពីចិត្តមេត្តាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ាចំពោះមនុស្សមិនល្អឥតខ្ចោះ។ ជាឧទាហរណ៍ យេរេមាបានដឹងថាពេលស្ដេចអ័ហាប់បានប្រែចិត្តពីអំពើអាក្រក់ ព្រះយេហូវ៉ាមិនទាមទារឲ្យគាត់ឃើញក្រុមគ្រួសារទាំងអស់របស់គាត់ត្រូវគេបំផ្លាញទេ។ (១ព. ២១:២៧-២៩) យេរេមាក៏បានដឹងដែរថាអ្វីដែលម៉ាណាសេបានធ្វើគឺអាក្រក់ជាងអ្វីដែលអ័ហាប់បានធ្វើទៅទៀត។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានអភ័យទោសឲ្យម៉ាណាសេ ដោយសារគាត់បានប្រែចិត្ត។ (២ព. ២១:១៦, ១៧; ២រប. ៣៣:១០-១៣) កំណត់ហេតុទាំងនេះច្បាស់ជាបានជួយយេរេមាឲ្យមានចិត្តអត់ធ្មត់និងសេចក្ដីមេត្តាករុណាដូចព្រះយេហូវ៉ា។ សូមពិចារណាអំពីរបៀបដែលយេរេមាបានជួយបារូក ពេលដែលបារូកឈប់ផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់គាត់អស់មួយរយៈពេល។ ជាជាងឆាប់គិតថាបារូកកែលែងឡើង យេរេមាបានជួយបារូកដោយប្រាប់គាត់នូវដំណឹងចំៗដែលបង្ហាញអំពីចិត្តសប្បុរសរបស់ព្រះ។—យេ. ៤៥:១-៥ w១៩.១១ ទំ. ៦ វ. ១៤-១៥
ថ្ងៃច័ន្ទ ទី១៨ ខែតុលា
ព្រះមិនប្រព្រឹត្តដោយអយុត្តិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក។—ហេ. ៦:១០
ក្នុងសៀវភៅលេវីវិន័យ យើងរៀនថាជនជាតិអ៊ីស្រាអែលអាចជូនគ្រឿងបូជាមេត្រីទុកសម្រាប់«អរព្រះគុណ»។ (លេវី. ៧:១១-១៣, ១៦-១៨) គាត់ជូនគ្រឿងបូជានោះ មិនមែនដោយសារជាកាតព្វកិច្ចទេ តែដោយសារគាត់ចង់ធ្វើដោយស្ម័គ្រពីចិត្ត។ ដូចគ្រឿងបូជាមេត្រីទាំងនោះ កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា គឺជារបៀបស្ម័គ្រពីចិត្តមួយដែលយើងបង្ហាញអារម្មណ៍របស់យើងចំពោះលោក។ យើងជូនព្រះយេហូវ៉ាអ្វីដែលល្អបំផុត ហើយយើងធ្វើដូច្នេះដោយសារយើងស្រឡាញ់លោកអស់ពីចិត្ត។ ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តណាស់ ពេលលោកឃើញអ្នកគោរពប្រណិប័តន៍របស់លោករាប់លាននាក់ស្ម័គ្រចិត្តបម្រើលោក ដោយព្រោះស្រឡាញ់លោកនិងខ្នាតតម្រារបស់លោកយ៉ាងជ្រាលជ្រៅ! យើងអាចទទួលការសម្រាលទុក្ខ ដោយចាំថាព្រះយេហូវ៉ាមិនគ្រាន់តែឃើញនិងឲ្យតម្លៃចំពោះការប្រព្រឹត្តរបស់យើងប៉ុណ្ណោះទេ តែលោកក៏ឃើញនិងឲ្យតម្លៃចំពោះបំណងចិត្តរបស់យើងផងដែរ។ ជាឧទាហរណ៍ បើអ្នកជាមនុស្សវ័យចាស់ ហើយមិនអាចធ្វើបានច្រើនដូចដែលអ្នកចង់ធ្វើ សូមប្រាកដថាព្រះយេហូវ៉ាយល់អំពីសមត្ថភាពរបស់អ្នក។ ប្រហែលជាអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើច្រើនសម្រាប់ព្រះយេហូវ៉ាទេ តែលោកឃើញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកដែលជំរុញចិត្តអ្នកឲ្យធ្វើអ្វីដែលអ្នកអាចធ្វើបាន។ លោកពេញចិត្តទទួលអ្វីដែលអ្នកធ្វើដោយអស់ពីសមត្ថភាព។ w១៩.១១ ទំ. ២២ វ. ៩; ទំ. ២៣ វ. ១១-១២
ថ្ងៃអង្គារ ទី១៩ ខែតុលា
សូម . . . ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្តិច។—ម៉ាក. ៦:៣១
ការមានទស្សនៈត្រឹមត្រូវចំពោះការងារគឺសំខាន់។ ស្ដេចសាឡូម៉ូនបានសរសេរក្រោមការដឹកនាំរបស់ព្រះថា៖ «មានពេលសំរាប់គ្រប់ទាំងអស់»។ គាត់បានលើកឡើងអំពីសកម្មភាពផ្សេងៗដូចជាការដាំដំណាំ ការសង់ឡើង សើច យំ និងរាំជាដើម។ (សាស្ដ. ៣:១-៨) យើងឃើញច្បាស់ថាផ្នែកដ៏សំខាន់ពីរក្នុងជីវិតគឺធ្វើការនិងសម្រាក។ លោកយេស៊ូមានទស្សនៈត្រឹមត្រូវចំពោះការងារនិងការសម្រាក។ នៅពេលមួយ កាលដែលពួកសាវ័កបានត្រឡប់មកពីការធ្វើដំណើរផ្សព្វផ្សាយ ពួកគេជាប់រវល់យ៉ាងខ្លាំងរហូតដល់ពួកគេ«គ្មានពេលទំនេរសោះ សូម្បីតែរកពេលបរិភោគក៏មិនបានផង»។ លោកយេស៊ូបានប្រាប់ពួកគេនូវពាក្យដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ (ម៉ាក. ៦:៣០-៣៤) ទោះជាលោកយេស៊ូនិងពួកអ្នកកាន់តាមលោកមិនតែងតែអាចសម្រាកដូចដែលលោកនិងពួកគេចង់ក្ដី លោកបានដឹងថាពួកគេទាំងអស់គ្នាត្រូវការសម្រាក។ ពេលខ្លះ យើងទាំងអស់គ្នាត្រូវការសម្រាក ឬផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃរបស់យើង។ យើងអាចដឹងដូច្នេះ តាមរយៈការរៀបចំមួយដែលព្រះយេហូវ៉ាបានធ្វើសម្រាប់រាស្ដ្រលោកនៅអតីតកាល។ ការរៀបចំនោះគឺថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍។ យើងមិននៅក្រោមច្បាប់ម៉ូសេទៀតទេ តែយើងអាចទទួលប្រយោជន៍ពីការពិចារណាអំពីអ្វីដែលច្បាប់នោះចែងស្ដីអំពីថ្ងៃឈប់សម្រាក។ w១៩.១២ ទំ. ៣ វ. ៦-៧
ថ្ងៃពុធ ទី២០ ខែតុលា
កុំខ្វល់ខ្វាយឲ្យសោះ។—ម៉ាថ. ៦:៣១
ព្រះយេហូវ៉ាបានសន្យាថាលោកនឹងថែរក្សាអ្នកបម្រើស្មោះត្រង់របស់លោក ហើយលោកមានអារម្មណ៍ថាលោកត្រូវតែធ្វើតាមពាក្យសន្យានោះ។ (ទំនុក. ៣១:១-៣) បន្ថែមទៅទៀត ព្រះយេហូវ៉ាដឹងថាយើងនឹងឈឺចិត្ត បើលោកមិនថែរក្សាពួកអ្នកដែលជាសមាជិកក្រុមគ្រួសាររបស់លោក ដែលរួមទាំងយើង។ លោកសន្យាថាលោកនឹងផ្ដល់ឲ្យយើងអ្វីៗដែលយើងត្រូវការដើម្បីរស់នៅ និងដើម្បីបន្តបម្រើលោកយ៉ាងស្មោះត្រង់ ហើយថាគ្មានអ្វីអាចរារាំងលោកមិនឲ្យធ្វើតាមពាក្យសន្យានោះឡើយ! (ម៉ាថ. ៦:៣០-៣៣; ២៤:៤៥) ពេលយើងចាំអំពីមូលហេតុដែលព្រះយេហូវ៉ាធ្វើតាមពាក្យសន្យារបស់លោក យើងអាចប្រឈមមុខនឹងការពិបាកខាងលុយកាក់ដោយដឹងថាលោកនឹងជួយយើង។ សូមគិតអំពីគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ពេលក្រុមជំនុំនៅក្រុងយេរូសាឡិមមានការបៀតបៀនយ៉ាងខ្លាំង «ពួកអ្នកកាន់តាមទាំងឡាយ លើកលែងតែពួកសាវ័ក បានត្រូវខ្ចាត់ខ្ចាយ»។ (សកម្ម. ៨:១) ពេលនោះ ពួកគេប្រាកដជាបានជួបបញ្ហាលុយកាក់។ គ្រិស្តសាសនិកនៅទីនោះទំនងជាបានបាត់បង់ផ្ទះសម្បែង ការងារ ឬមុខរបររបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបោះបង់ចោលពួកគេទេ ហើយពួកគេក៏មិនបានបាត់បង់អំណរដែរ។ (សកម្ម. ៨:៤; ហេ. ១៣:៥, ៦; យ៉ា. ១:២, ៣) ព្រះយេហូវ៉ាបានផ្គត់ផ្គង់គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះ ហើយលោកក៏នឹងផ្គត់ផ្គង់យើងដែរ។—ទំនុក. ៣៧:១៨, ១៩ w២០.០១ ទំ. ១៧-១៨ វ. ១៤-១៥
ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា
ព្រះយេហូវ៉ា . . . យល់ដល់ពួកអ្នករាបសា។—ទំនុក. ១៣៨:៦
ពេលដាវីឌបានការពារចៀមរបស់ឪពុកគាត់ពីសត្វតោនិងខ្លាឃ្មុំ គាត់បានទទួលស្គាល់ថាព្រះយេហូវ៉ាគឺជាអ្នកដែលបានជួយគាត់ឲ្យយកឈ្នះសត្វសាហាវទាំងនោះ។ ពេលដាវីឌប្រយុទ្ធឈ្នះនឹងកូលីយ៉ាតដែលជាអ្នកចម្បាំងដ៏ធំសម្បើម គាត់បានឃើញច្បាស់ថាព្រះយេហូវ៉ាជាអ្នកណែនាំគាត់។ (១សាំ. ១៧:៣៧) ម្យ៉ាងទៀត នៅពេលដែលដាវីឌរត់គេចពីស្ដេចសុលដែលមានចិត្តច្រណែន គាត់បានទទួលស្គាល់ថាគឺព្រះយេហូវ៉ាដែលជាអ្នកសង្គ្រោះគាត់។ (ពាក្យផ្ដើមនៃទំនុក. ១៨) បើដាវីឌមានអំណួត គាត់ប្រហែលជាគិតថាគាត់បានសម្រេចអ្វីទាំងនោះដោយខ្លួនឯង។ ប៉ុន្តែដាវីឌមានចិត្តរាបទាប ដូច្នេះគាត់បានទទួលស្គាល់ថាព្រះយេហូវ៉ាបានជួយគាត់ក្នុងជីវិតរបស់គាត់។ តើយើងអាចទាញយកមេរៀនអ្វី? យើងមិនគ្រាន់តែត្រូវសុំជំនួយពីព្រះយេហូវ៉ាប៉ុណ្ណោះទេ។ យើងក៏ត្រូវព្យាយាមកត់សម្គាល់អំពីពេលនិងរបៀបដែលលោកផ្ដល់ជំនួយដល់យើង។ បើយើងទទួលស្គាល់កម្រិតសមត្ថភាពរបស់យើងដោយចិត្តរាបទាប នោះយើងនឹងឃើញច្បាស់ថាព្រះយេហូវ៉ាបំពេញចំណុចដែលយើងខ្វះខាត។ ម្យ៉ាងវិញទៀត រាល់ដងដែលយើងឃើញព្រះយេហូវ៉ាជួយយើង នោះចំណងមិត្តភាពរបស់យើងជាមួយលោកនឹងកាន់តែមាំមួន។ w១៩.១២ ទំ. ២០ វ. ១៨-១៩
ថ្ងៃសុក្រ ទី២២ ខែតុលា
អ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្ដីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។—សុភ. ៣:១២
យើងមានមូលហេតុជាច្រើនដើម្បីជឿថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះយើង។ លោកបានទាញនាំយើងមកឯលោក ហើយលោកកត់សម្គាល់អំពីប្រតិកម្មរបស់យើងពេលឮដំណឹងល្អ។ (យ៉ូន. ៦:៤៤) កាលដែលយើងចាប់ផ្ដើមចូលទៅជិតព្រះយេហូវ៉ា នោះលោកកាន់តែចូលមកជិតយើងដែរ។ (យ៉ា. ៤:៨) ព្រះយេហូវ៉ាក៏ចំណាយពេលនិងកម្លាំងដើម្បីអប់រំយើង នេះបង្ហាញថាយើងមានតម្លៃចំពោះលោក។ លោកស្គាល់ថាយើងជាមនុស្សបែបណានៅឥឡូវនេះ ហើយថាយើងអាចក្លាយទៅជាមនុស្សបែបណានៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត លោកប្រៀនប្រដៅយើងដោយសារលោកស្រឡាញ់យើង។ នេះជាភ័ស្តុតាងដ៏អស្ចារ្យដែលបង្ហាញថាព្រះយេហូវ៉ាឲ្យតម្លៃយើង! អ្នកខ្លះចាត់ទុកថាស្ដេចដាវីឌជាមនុស្សគ្មានតម្លៃ ប៉ុន្តែគាត់ដឹងថាព្រះយេហូវ៉ាស្រឡាញ់និងគាំទ្រគាត់។ ការដឹងដូច្នេះមានឥទ្ធិពលលើទស្សនៈរបស់ដាវីឌចំពោះស្ថានភាពរបស់គាត់។ (២សាំ. ១៦:៥-៧) ពេលយើងមានអារម្មណ៍តានតឹងចិត្តឬជួបការពិបាក ព្រះយេហូវ៉ាអាចជួយយើងឲ្យមានទស្សនៈផ្សេងអំពីស្ថានភាពនោះ ហើយលោកអាចជួយយើងឲ្យយកឈ្នះឧបសគ្គណាក៏ដោយ។ (ទំនុក. ១៨:២៧-២៩) ពេលយើងមានការគាំទ្រពីព្រះយេហូវ៉ា នោះគ្មានអ្វីអាចបញ្ឈប់យើងមិនឲ្យបម្រើលោកដោយមានអំណរបានឡើយ។—រ៉ូម ៨:៣១ w២០.០១ ទំ. ១៥ វ. ៧-៨
ថ្ងៃសៅរ៍ ទី២៣ ខែតុលា
[ចូរ]បង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។—ម៉ាថ. ២៨:២០
ចូរចាប់ផ្ដើមបង្រៀនគម្ពីរដោយការអធិដ្ឋាន។ បើអ្នកបានចាប់ផ្ដើមបង្រៀនគម្ពីរដល់បុគ្គលណាម្នាក់ គឺជាការល្អដែលអ្នកចាប់ផ្ដើមនិងបញ្ចប់ការសិក្សាដោយអធិដ្ឋាន។ ម្យ៉ាងទៀត គឺល្អបំផុតដែលអ្នកធ្វើដូច្នេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ យើងត្រូវជួយសិស្សឲ្យដឹងថា យើងអាចយល់បណ្ដាំរបស់ព្រះបានលុះត្រាតែមានជំនួយពីសកម្មពលរបស់ព្រះ។ អ្នកបង្រៀនគម្ពីរខ្លះលើកឡើងអំពីរឿងនេះ ដោយអានយ៉ាកុប ១:៥ ដែលចែងថា៖ «ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ»។ រួចមក អ្នកបង្រៀនគម្ពីរសួរសិស្សថា៖ «តើយើងអាចសុំប្រាជ្ញាពីព្រះយ៉ាងដូចម្ដេច?»។ សិស្សទំនងជានឹងយល់ស្របថាយើងគួរអធិដ្ឋានទៅព្រះ។ ចូរបង្រៀនសិស្សរបស់អ្នកអំពីរបៀបអធិដ្ឋាន។ សូមពង្រឹងទំនុកចិត្តគាត់ថាព្រះយេហូវ៉ាចង់ស្ដាប់សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់គាត់។ យើងចង់ពន្យល់គាត់ថា ក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួន យើងអាចប្រាប់ព្រះយេហូវ៉ាអំពីគំនិតនិងអារម្មណ៍ដែលយើងប្រហែលជាមិនចង់ប្រាប់អ្នកផ្សេងទៀត។ តាមពិត ព្រះយេហូវ៉ាស្គាល់គំនិតនិងអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់យើងរួចហើយ។—ទំនុក. ១៣៩:២-៤ w២០.០១ ទំ. ២ វ. ៣; ទំ. ៥ វ. ១១-១២
ថ្ងៃអាទិត្យ ទី២៤ ខែតុលា
មិនមែនអាស្រ័យទៅលើអ្នកដែលចង់បាន ឬអ្នកដែលកំពុងខំប្រឹងព្យាយាមទេតែអាស្រ័យទៅលើព្រះ។—រ៉ូម ៩:១៦
ព្រះយេហូវ៉ាសម្រេចចិត្តអំពីពេលណាដែលលោកនឹងរើសតាំងអ្នកណាម្នាក់។ (រ៉ូម ៨:២៨-៣០) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានចាប់ផ្ដើមជ្រើសរើសមនុស្សឲ្យមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ តាមមើលទៅនៅសតវត្សរ៍ទី១ គ្រិស្តសាសនិកពិតទាំងអស់បានត្រូវរើសតាំង។ អស់រាប់រយឆ្នាំក្រោយមក មនុស្សភាគច្រើនបានអះអាងថាខ្លួនជាគ្រិស្តសាសនិក តែតាមពិតពួកគេមិនបានកាន់តាមគ្រិស្តទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងឆ្នាំទាំងនោះ ព្រះយេហូវ៉ាបានរើសតាំងបុគ្គលមួយចំនួនតូចដែលជាគ្រិស្តសាសនិកពិត។ ពួកគេគឺប្រៀបដូចជាស្រូវសាលីដែលលោកយេស៊ូបានមានប្រសាសន៍ថានឹងដុះក្នុងចំណោមស្រងែ។ (ម៉ាថ. ១៣:២៤-៣០) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ព្រះយេហូវ៉ាបន្តជ្រើសរើសមនុស្សដែលនឹងធ្វើជាសមាជិកពួក១៤៤.០០០នាក់។ ហេតុនេះ បើព្រះសម្រេចចិត្តជ្រើសរើសអ្នកខ្លះនៃពួកអ្នកទាំងនេះបន្តិចមុនទីបញ្ចប់មកដល់ យើងប្រាកដជាមិនសង្ស័យអំពីប្រាជ្ញារបស់លោកឡើយ។ (រ៉ូម ៩:១១) យើងត្រូវប្រយ័ត្នមិនប្រព្រឹត្តដូចកម្មករដែលលោកយេស៊ូបានរៀបរាប់ក្នុងឧទាហរណ៍មួយរបស់លោក។ ពួកគេបានត្អូញត្អែរអំពីរបៀបដែលម្ចាស់របស់ពួកគេបានប្រព្រឹត្តទៅលើពួកអ្នកដែលបានចាប់ផ្ដើមធ្វើការពីម៉ោងទី១១។—ម៉ាថ. ២០:៨-១៥ w២០.០១ ទំ. ៣០ វ. ១៤
ថ្ងៃច័ន្ទ ទី២៥ ខែតុលា
ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ។—អេ. ៦៥:១៤
ព្រះយេហូវ៉ាចង់ឲ្យក្រុមគ្រួសាររបស់លោកមានសុភមង្គល។ មានមូលហេតុជាច្រើនដែលយើងអាចអរសប្បាយនៅឥឡូវនេះ ទោះជាយើងមានការពិបាកក៏ដោយ។ ជាឧទាហរណ៍ យើងដឹងច្បាស់ថាបិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើងខ្លាំងណាស់។ មួយវិញទៀត យើងមានចំណេះត្រឹមត្រូវពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ (យេ. ១៥:១៦) ម្យ៉ាងទៀត យើងនៅក្នុងក្រុមគ្រួសារដ៏ពិសេសមួយ ដែលពោរពេញទៅដោយបងប្អូនដែលស្រឡាញ់ព្រះយេហូវ៉ានិងខ្នាតតម្រាខ្ពង់ខ្ពស់របស់លោក ធ្វើតាមខ្នាតតម្រាទាំងនោះ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ (ទំនុក. ១០៦:៤, ៥) យើងអាចរក្សាអំណររបស់យើង ដោយសារយើងមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដមួយថានៅពេលអនាគត យើងនឹងមានជីវិតល្អប្រសើរជាង។ យើងដឹងថាមិនយូរទៀត ព្រះយេហូវ៉ានឹងបំផ្លាញមនុស្សអាក្រក់ទាំងអស់ ហើយនៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រលោក ផែនដីនឹងទៅជាសួនឧទ្យាន។ យើងក៏មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ គឺថាមនុស្សដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយជួបជុំជាមួយបុគ្គលជាទីស្រឡាញ់ម្ដងទៀត។ (យ៉ូន. ៥:២៨, ២៩) នោះពិតជាគ្រាដ៏សប្បាយមែន! សំខាន់បំផុត យើងជឿជាក់ថាមិនយូរទៀត បុគ្គលគ្រប់រូបនៅស្ថានសួគ៌និងនៅផែនដីនឹងលើកតម្កើង សរសើរ និងគោរពប្រណិប័តន៍បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។ លោកសមនឹងទទួលអ្វីទាំងនេះ! w២០.០២ ទំ. ១៣ វ. ១៥-១៦
ថ្ងៃអង្គារ ទី២៦ ខែតុលា
ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ។—ទំនុក. ៥១:៤
បើអ្នកប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សូមកុំព្យាយាមលាក់បាំងឡើយ! ផ្ទុយទៅវិញ សូមសារភាពអំពើខុសឆ្គងរបស់អ្នកទៅព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន។ យ៉ាងនេះ អ្នកនឹងមានអារម្មណ៍ស្ងប់ជាង ហើយមិនសូវបន្ទោសខ្លួន។ ប៉ុន្តែបើអ្នកចង់មានចំណងមិត្តភាពឡើងវិញជាមួយនឹងព្រះយេហូវ៉ា អ្នកមិនគ្រាន់តែត្រូវអធិដ្ឋានប៉ុណ្ណោះទេ។ អ្នកក៏ត្រូវទទួលយកការប្រដៅតម្រង់ដែរ។ ពេលព្រះយេហូវ៉ាបានចាត់ណាថាន់ដែលជាអ្នកប្រកាសទំនាយឲ្យនិយាយជាមួយនឹងស្ដេចដាវីឌអំពីអំពើខុសឆ្គងរបស់គាត់ជាមួយបាតសេបា នោះដាវីឌមិនបានខំរកលេស ឬនិយាយថាអ្វីដែលគាត់បានធ្វើមិនសូវអាក្រក់ប៉ុន្មានឡើយ។ ភ្លាមៗ គាត់បានសារភាពថាគាត់បានធ្វើខុសធ្ងន់ចំពោះប្ដីរបស់បាតសេបា តែសំខាន់បំផុតគឺចំពោះព្រះយេហូវ៉ា។ ដាវីឌបានទទួលយកការប្រដៅតម្រង់ពីព្រះយេហូវ៉ា ហើយលោកបានអភ័យទោសឲ្យគាត់។ (២សាំ. ១២:១០-១៤) បើយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងត្រូវនិយាយជាមួយនឹងពួកអ្នកដែលព្រះយេហូវ៉ាបានតែងតាំងឲ្យថែរក្សាយើង។ (យ៉ា. ៥:១៤, ១៥) ម្យ៉ាងទៀត យើងមិនគួរខំនិយាយរកលេសទេ។ ពេលយើងកាន់តែឆាប់ទទួលយកនិងធ្វើតាមការប្រដៅ នោះយើងនឹងកាន់តែឆាប់មានចិត្តស្ងប់និងអំណរឡើងវិញ។ w២០.០២ ទំ. ២៤ វ. ១៧-១៨
ថ្ងៃពុធ ទី២៧ ខែតុលា
មនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ដោយពាក្យថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាក. ៨:២៣
«មនុស្ស១០នាក់»ជាតំណាងពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ ពួកគេដឹងថាព្រះយេហូវ៉ាបានឲ្យពរដល់ក្រុមពួកអ្នករើសតាំងដែលបានត្រូវតំណាងដោយ«សាសន៍យូដាម្នាក់» ហើយយល់ថាការគោរពប្រណិប័តន៍លោកជាមួយនឹងក្រុមនេះគឺជាកិត្តិយសមួយ។ ទោះជាគ្មានអ្នកណាស្គាល់ឈ្មោះទាំងអស់របស់ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនាសព្វថ្ងៃនេះក្ដី ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី អាច«ទៅជាមួយនឹង»អ្នកដែលបានត្រូវរើសតាំងទាំងនោះ។ តើតាមរបៀបណា? ចម្លើយគឺនៅក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ។ សូមកត់សម្គាល់ថាខគម្ពីរនេះចែងអំពីជនជាតិយូដាម្នាក់។ ប៉ុន្តែ ពាក្យ«អ្នក»និង«អ្នករាល់គ្នា» សំដៅលើមនុស្សលើសពីម្នាក់។ នេះមានន័យថាជនជាតិយូដានោះគឺមិនគ្រាន់តែជាមនុស្សម្នាក់ទេ តែជាតំណាងក្រុមទាំងមូលនៃអ្នកដែលព្រះបានរើសតាំង។ ពួកអ្នកដែលមិនបានត្រូវរើសតាំងបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមនោះ។ ប៉ុន្តែ ពួកគេមិនចាត់ទុកពួកអ្នកដែលបានត្រូវរើសតាំងទាំងនោះថាជាអ្នកដឹកនាំរបស់ពួកគេឡើយ ដោយសារពួកគេយល់ថាលោកយេស៊ូគឺជាអ្នកដឹកនាំរបស់ពួកគេ។—ម៉ាថ. ២៣:១០ w២០.០១ ទំ. ២៦ វ. ១-២
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា
យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា។—យ៉ូន. ១៣:៣៥
លោកយេស៊ូបានមានប្រសាសន៍ថាមនុស្សគ្រប់គ្នាអាចសម្គាល់ថាអ្នកណាជាអ្នកកាន់តាមពិតរបស់លោក បើពួកគេស្រឡាញ់មនុស្សដូចដែលលោកបានស្រឡាញ់។ នៅសតវត្សរ៍ទី១ មនុស្សបានសម្គាល់អ្នកកាន់តាមពិតរបស់លោកតាមរបៀបនេះ ហើយនៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ហេតុនេះ គឺសំខាន់ណាស់ដែលយើងស្រឡាញ់គ្នាទៅវិញទៅមក ទោះជានៅពេលពិបាកក្ដី! សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចរៀនអ្វីពីបងប្អូនដែលបានបន្តបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ទោះជាពិបាកក្ដី?›។ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ យើងពិបាកបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែ យើងត្រូវព្យាយាមយកតម្រាប់គ្រិស្ត។ លោកយេស៊ូបានបង្រៀនយើងអំពីសារៈសំខាន់នៃការខំព្យាយាមមានសន្តិភាពជាមួយនឹងបងប្អូនដែលកំពុងប្រកាន់ទោសយើង។ (ម៉ាថ. ៥:២៣, ២៤) លោកបានលើកបញ្ជាក់ថាយើងត្រូវរក្សាចំណងមិត្តភាពជាមួយនឹងអ្នកឯទៀត បើយើងចង់ទទួលការពេញចិត្តពីព្រះ។ ព្រះយេហូវ៉ាសប្បាយចិត្តពេលយើងខំអស់ពីសមត្ថភាពក្នុងការធ្វើឲ្យមានសន្តិភាពជាមួយនឹងបងប្អូនរបស់យើង។ លោកនឹងមិនទទួលយកការគោរពប្រណិប័តន៍របស់យើងទេ បើយើងនៅតែទើសចិត្តនឹងអ្នកណាម្នាក់ ហើយថែមទាំងមិនព្រមព្យាយាមធ្វើឲ្យមានសន្តិភាព។—១យ៉ូន. ៤:២០ w២០.០៣ ទំ. ២៤ វ. ១-៤
ថ្ងៃសុក្រ ទី២៩ ខែតុលា
យើងអាចសម្គាល់បណ្ដាំដែលពិតនិងបណ្ដាំបោកបញ្ឆោតបាន។—១យ៉ូន. ៤:៦
សាថានដែលជា«ឪពុកនៃការភូតភរ»បានបោកបញ្ឆោតមនុស្សតាំងពីសម័យអាដាមនិងអេវ៉ា។ (យ៉ូន. ៨:៤៤) ការកុហករបស់វារួមបញ្ចូលសេចក្ដីបង្រៀនមិនពិតអំពីសេចក្ដីស្លាប់និងអំពីការបន្តរស់នៅក្រោយពីស្លាប់។ ទំនៀមទម្លាប់និងអបិយជំនឿជាច្រើនដែលពេញនិយមមានមូលដ្ឋានលើសេចក្ដីបង្រៀនទាំងនោះ។ ហេតុអ្វីមនុស្សជាច្រើនចាញ់ការបោកបញ្ឆោតនេះ? សាថានដឹងអំពីអារម្មណ៍ធម្មជាតិរបស់មនុស្សចំពោះសេចក្ដីស្លាប់ ដូច្នេះវាប្រើអារម្មណ៍បែបនេះដើម្បីបំភាន់មនុស្ស។ ដោយសារព្រះបានបង្កើតយើងឲ្យរស់ជារៀងរហូត យើងមិនចង់ស្លាប់ទេ។ (សាស្ដ. ៣:១១) យើងចាត់ទុកសេចក្ដីស្លាប់ជាសត្រូវ។ (១កូ. ១៥:២៦) ទោះជាសាថានខំព្យាយាមយ៉ាងណាក្ដី សេចក្ដីពិតអំពីសេចក្ដីស្លាប់មិនបានត្រូវលាក់បាំងទេ។ តាមការពិត មនុស្សច្រើនជាងសម័យមុនៗទៅទៀតដឹងនិងប្រកាសប្រាប់អំពីសេចក្ដីបង្រៀនក្នុងគម្ពីរស្ដីអំពីស្ថានភាពមនុស្សស្លាប់និងសេចក្ដីសង្ឃឹមចំពោះពួកគេ។ (សាស្ដ. ៩:៥, ១០; សកម្ម. ២៤:១៥) សេចក្ដីបង្រៀនទាំងនេះសម្រាលទុក្ខយើង ហើយជួយយើងមិនឲ្យភ័យខ្លាចឬឆ្ងល់អំពីអ្វីដែលកើតឡើងចំពោះមនុស្សស្លាប់។ w១៩.០៤ ទំ. ១៤ វ. ១; ទំ. ១៥ វ. ៥-៦
ថ្ងៃសៅរ៍ ទី៣០ ខែតុលា
ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក។—កាឡ. ៦:២
ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកគោរពប្រណិប័តន៍លោក។ នេះជាអ្វីមួយដែលមិនផ្លាស់ប្ដូរឡើយ។ លោកក៏ស្រឡាញ់យុត្តិធម៌ដែរ។ (ទំនុក. ៣៣:៥) ដូច្នេះ យើងអាចដឹងប្រាកដអំពីអ្វីពីរយ៉ាងគឺ៖ (១) ព្រះយេហូវ៉ាឈឺចិត្តពេលអ្នកបម្រើរបស់លោករងអំពើអយុត្តិធម៌។ (២) លោកនឹងធ្វើឲ្យប្រាកដថាលោកនឹងរកយុត្តិធម៌ឲ្យអ្នកនោះ។ ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យប្រជាជាតិអ៊ីស្រាអែលតាមរយៈម៉ូសេមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ច្បាប់នោះបានលើកស្ទួយយុត្តិធម៌សម្រាប់បណ្ដាជនទាំងឡាយ ជាពិសេសពួកអ្នកទន់ខ្សោយ។ (ចោ. ១០:១៨) ច្បាប់នោះបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកគោរពប្រណិប័តន៍លោក។ ច្បាប់ម៉ូសេលែងមានសុពលភាពទៀតនៅឆ្នាំ៣៣ គ.ស. ពេលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង។ តើនេះមានន័យថាគ្រិស្តសាសនិកនឹងលែងនៅក្រោមច្បាប់មួយដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់និងដែលលើកស្ទួយយុត្តិធម៌ឬទេ? មិនមែនទេ! គ្រិស្តសាសនិកមានច្បាប់ថ្មី ពោលគឺ«ច្បាប់គ្រិស្ត»។ លោកយេស៊ូមិនបានឲ្យក្រឹត្យក្រមច្បាប់សម្រាប់ពួកអ្នកកាន់តាមលោកទេ ប៉ុន្តែលោកបានផ្ដល់បង្គាប់ខ្លះៗ ការណែនាំ និងគោលការណ៍ដើម្បីដឹកនាំពួកគេ។ «ច្បាប់គ្រិស្ត»រួមបញ្ចូលអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្រៀន។ w១៩.០៥ ទំ. ២ វ. ១-៣
ថ្ងៃអាទិត្យ ទី៣១ ខែតុលា
ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង . . . សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង។—២កូ. ១:៣, ៤
តាមធម្មតាមនុស្សទាំងអស់ត្រូវការការសម្រាលទុក្ខ ហើយមនុស្សក៏មានសមត្ថភាពដ៏អស្ចារ្យមួយក្នុងការផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀត។ ជាឧទាហរណ៍ ពេលកូនក្មេងម្នាក់កំពុងរត់លេងស្រាប់តែគាត់ដួល ហើយរលាត់ស្បែកជង្គង់ គាត់ប្រហែលជាយំរត់ទៅរកប៉ាឬម៉ាក់។ ឪពុកម្ដាយរបស់ក្មេងនោះមិនអាចធ្វើឲ្យរបួសរបស់គាត់ជាបានទេ តែពួកគេអាចផ្ដល់ការសម្រាលទុក្ខដល់កូន។ ពួកគេប្រហែលជាសួរថា ‹ថីហ្នឹងកូន?› ជូតទឹកភ្នែកឲ្យគាត់ និយាយលួងលោម បង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់ និងយកថ្នាំមកលាបឬយកបង់បិទដំបៅមកបិទលើមុខរបួសនោះ។ មិនយូរក្រោយមក កូននោះប្រហែលជាឈប់យំ ហើយចាប់ផ្ដើមរត់លេងម្ដងទៀត។ យូរៗទៅ របួសនោះនឹងជាសះស្បើយ។ ប៉ុន្តែ ជួនកាលមានអ្វីដែលធ្វើឲ្យកូនក្មេងរងការឈឺចាប់ខ្លាំងជាងនេះឆ្ងាយណាស់ ពោលគឺការបៀតបៀនកេរ្ដិ៍ខ្មាស។ ក្មេងខ្លះប្រហែលជាបានត្រូវគេបៀតបៀនកេរ្ដិ៍ខ្មាសម្ដង ឬប្រហែលជាច្រើនដងអស់ជាច្រើនឆ្នាំ។ ទោះជានេះកើតឡើងម្ដងឬច្រើនដងក្ដី ការបៀតបៀនកេរ្ដិ៍ខ្មាសធ្វើឲ្យមានរបួសផ្លូវចិត្តធ្ងន់ធ្ងរ។ ជួនកាលអ្នកធ្វើបាបកូនក្មេងត្រូវគេចាប់ខ្លួន ហើយទទួលទោស តែជួនកាលតាមមើលទៅគាត់បានរួចផុតពីការដាក់ទោស។ សូម្បីតែក្នុងករណីដែលអ្នកធ្វើបាបកូនក្មេងបានទទួលការកាត់ទោសភ្លាមៗក្ដី ក៏ជនរងគ្រោះនៅតែឈឺចាប់អស់ជាច្រើនឆ្នាំ។ w១៩.០៥ ទំ. ១៤ វ. ១-២