ខែវិច្ឆិកា
ថ្ងៃច័ន្ទ ទី១ ខែវិច្ឆិកា
[ចូរ]ចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។—ភី. ២:៣
សព្វថ្ងៃនេះ មនុស្សជាច្រើនដែលបានត្រូវគេចាត់ទុកថាជាអ្នកដែលមានប្រាជ្ញា មើលស្រាលយោបល់ពីគម្ពីរស្ដីអំពីការស្រឡាញ់ខ្លួនឯង។ ពួកគេនិយាយថាការចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួនធ្វើឲ្យខ្លួនទៅជាមនុស្សទន់ខ្សោយ ហើយអ្នកឯទៀតនឹងកេងយកប្រយោជន៍ពីយើង។ ប៉ុន្តែ តើចិត្តគំនិតរបស់ពិភពលោកនេះដែលលើកស្ទួយការស្រឡាញ់តែខ្លួនឯងនាំឲ្យមានលទ្ធផលអ្វី? តើមនុស្សដែលស្រឡាញ់តែខ្លួនឯងមានសុភមង្គលឬទេ? តើពួកគេមានក្រុមគ្រួសារដែលមានសុភមង្គលនិងមិត្តពិតឬទេ? តើពួកគេមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះឬទេ? តាមអ្វីដែលអ្នកសង្កេតឃើញ រវាងការធ្វើតាមប្រាជ្ញារបស់ពិភពលោកនេះនិងការធ្វើតាមប្រាជ្ញាដែលមកពីបណ្ដាំរបស់ព្រះ តើមួយណានាំមកនូវលទ្ធផលល្អបំផុត? (១កូ. ៣:១៩) មនុស្សដែលធ្វើតាមយោបល់របស់ពួកអ្នកដែលពិភពលោកនេះចាត់ទុកថាមានប្រាជ្ញា គឺប្រៀបដូចជាភ្ញៀវទេសចរណ៍ដែលសុំឲ្យភ្ញៀវទេសចរណ៍គ្នីគ្នាណែនាំផ្លូវពេលដែលទាំងពីរនាក់កំពុងតែវង្វេងផ្លូវ។ លោកយេស៊ូបានមានប្រសាសន៍អំពីពួកអ្នកដែលគេចាត់ទុកថាជាអ្នកប្រាជ្ញនៅសម័យរបស់លោកថា៖ «ពួកគេជាមនុស្សខ្វាក់ដែលកំពុងនាំផ្លូវអ្នកឯទៀត។ ប្រសិនបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ដូចគ្នា ទាំងពីរនាក់នឹងធ្លាក់រណ្ដៅ»។ (ម៉ាថ. ១៥:១៤) យើងឃើញច្បាស់ថា ប្រាជ្ញារបស់ពិភពលោកនេះគឺផ្ដេសផ្ដាសចំពោះព្រះ។ w១៩.០៥ ទំ. ២៤-២៥ វ. ១៤-១៦
ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា
លោកនឹងចាត់បណ្ដាទេវតារបស់លោកឲ្យទៅប្រមូលអ្នករើសតាំងរបស់លោក។—ម៉ាថ. ២៤:៣១
នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ចំនួននៃអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកបានកើនឡើង។ តើយើងត្រូវបារម្ភអំពីរឿងនេះឬទេ? យើងមិនចាំបាច់បារម្ភទេ។ «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»។ (២ធី. ២:១៩) ខុសពីព្រះយេហូវ៉ា បងប្អូនប្រុសដែលរាប់ចំនួននៃមនុស្សដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកមិនដឹងថាអ្នកណាពិតជាបានត្រូវរើសតាំងនោះឡើយ។ ដូច្នេះ ចំនួននោះរួមបញ្ចូលពួកអ្នកដែលគិតថាពួកគេគឺជាអ្នកដែលព្រះបានរើសតាំង ប៉ុន្តែពួកគេមិនមែនទេ។ ជាឧទាហរណ៍ អ្នកខ្លះដែលធ្លាប់បរិភោគវត្ថុតំណាង ក្រោយមកបានឈប់។ អ្នកខ្លះទៀតប្រហែលជាមានជំងឺសរសៃប្រសាទ ឬបញ្ហាខាងផ្លូវចិត្ត ហើយគិតថាពួកគេនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ យើងអាចឃើញច្បាស់ថា យើងមិនដឹងប្រាកដថាអ្នកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដីមានចំនួនប៉ុន្មាននាក់ឡើយ។ ពួកអ្នកដែលព្រះបានរើសតាំងនឹងមាននៅតំបន់ជាច្រើននៅផែនដី ពេលលោកយេស៊ូមកដើម្បីនាំពួកគេទៅស្ថានសួគ៌។ គម្ពីរចែងថាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ នឹងមានអ្នកដែលបានត្រូវរើសតាំងមួយចំនួនតូចដែលនៅសល់នៅផែនដី។ (បប. ១២:១៧) ប៉ុន្តែ គម្ពីរមិនបានចែងថានឹងនៅសល់ពួកគេប៉ុន្មាននាក់ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមឡើយ។ w២០.០១ ទំ. ២៩-៣០ វ. ១១-១៣
ថ្ងៃពុធ ទី៣ ខែវិច្ឆិកា
ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក។—យ៉ូន. ៣:១៦
លោកយេស៊ូបានលើកឧទាហរណ៍អំពីកូនដែលបានបាត់ ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ាមានចំពោះកូនរបស់លោក។ (លូក. ១៥:១១-៣២) ឪពុកក្នុងឧទាហរណ៍នោះមិនដែលអស់សង្ឃឹមថាកូនប្រុសរបស់គាត់នឹងមិនត្រឡប់មកវិញទេ។ ពេលកូននោះបានវិលត្រឡប់មកផ្ទះវិញ ឪពុកនោះបានមកស្វាគមន៍គាត់យ៉ាងកក់ក្ដៅ។ ស្រដៀងគ្នាដែរ បើយើងបានឃ្លាតឆ្ងាយពីព្រះយេហូវ៉ា តែបានប្រែចិត្ត យើងអាចប្រាកដថាបិតាដែលស្រឡាញ់យើងប្រុងប្រៀបទទួលស្វាគមន៍យើងឲ្យត្រឡប់មកវិញ។ បិតារបស់យើងនឹងធ្វើឲ្យល្អប្រសើរឡើងវិញរាល់អ្វីដែលអាដាមបានធ្វើឲ្យខូចខាត។ ក្រោយពីការបះបោររបស់អាដាម ព្រះយេហូវ៉ាបានសម្រេចចិត្តទទួលយក១៤៤.០០០នាក់ពីចំណោមមនុស្សជាតិឲ្យធ្វើជាកូនរបស់លោក ហើយពួកគេនឹងបម្រើជាស្ដេចនិងសង្ឃនៅស្ថានសួគ៌ជាមួយនឹងបុត្រលោក។ នៅពិភពលោកថ្មី លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយនឹងលោក នឹងជួយមនុស្សដែលស្ដាប់បង្គាប់ឲ្យទៅជាមនុស្សល្អឥតខ្ចោះ។ ក្រោយពីពួកគេឆ្លងផុតការសាកល្បងចុងក្រោយដោយបង្ហាញថាពួកគេស្ដាប់បង្គាប់ព្រះ លោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេ។ ពេលនោះ បិតារបស់យើងនឹងអរសប្បាយដោយឃើញផែនដីដែលពោរពេញទៅដោយកូនប្រុសស្រីដ៏ល្អឥតខ្ចោះរបស់លោក។ នោះនឹងជាគ្រាដ៏អស្ចារ្យមែន! w២០.០២ ទំ. ៦-៧ វ. ១៧-១៩
ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា
ត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នករាល់គ្នាវិញ។—អេភ. ៤:២៣
យើងទាំងអស់គ្នាត្រូវសួរខ្លួនឯងថា ‹តើការផ្លាស់ប្ដូរដែលខ្ញុំកំពុងធ្វើដើម្បីយកតម្រាប់គ្រិស្តគឺតែសម្បកក្រៅប៉ុណ្ណោះ ឬតើខ្ញុំពិតជាកែប្រែពីខាងក្នុងចិត្តនិងគំនិតរបស់ខ្ញុំ?›។ ភាពខុសគ្នារវាងការកែប្រែទាំងពីរនេះគឺសំខាន់។ ក្នុងប្រសាសន៍របស់លោកយេស៊ូដែលបានត្រូវកត់ទុកនៅម៉ាថាយ ១២:៤៣-៤៥ លោកបានលើកបញ្ជាក់អំពីអ្វីដែលត្រូវធ្វើ។ យើងរៀនមេរៀនដ៏សំខាន់ពីខគម្ពីរទាំងនោះថា ការគ្រាន់តែលះចោលគំនិតមិនត្រឹមត្រូវគឺមិនគ្រប់គ្រាន់ទេ តែយើងត្រូវជំនួសគំនិតទាំងនោះដោយគំនិតដែលព្រះពេញចិត្ត។ តើយើងអាចកែប្រែទាំងស្រុងនូវទំនោរចិត្តឬរបៀបគិតគូររបស់យើងបានឬទេ? បណ្ដាំរបស់ព្រះចែងថា៖ «ត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។ (អេភ. ៤:២៤) មែនហើយ យើងអាចកែប្រែរបៀបគិតគូររបស់យើងបាន ប៉ុន្តែនេះមិនស្រួលទេ។ យើងមិនគ្រាន់តែត្រូវទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នានិងអំពើខុសឆ្គងប៉ុណ្ណោះទេ តែយើងក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងដើម្បីឲ្យ«ឥទ្ធិពលថ្មីកាន់កាប់គំនិត»របស់យើង។ នេះរួមបញ្ចូលការផ្លាស់ប្ដូរសេចក្ដីប៉ងប្រាថ្នា និងទំនោរចិត្តរបស់យើង។ នេះតម្រូវឲ្យយើងបន្តខំព្យាយាម។ w១៩.០៦ ទំ. ៩-១០ វ. ៦-៧
ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា
យើងនឹងបំផ្លាញទីនេះ។—លោ. ១៩:១៣
ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីអាណិតមេត្តាដោយចាត់ទេវតាឲ្យទៅសង្គ្រោះឡុតនិងក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែ ឡុតបាន«បង្អែបង្អង់»។ ទេវតាទាំងនោះត្រូវចាប់ដឹកដៃគាត់ ហើយជួយគាត់និងក្រុមគ្រួសាររបស់គាត់ឲ្យរត់ចេញពីក្រុងនោះ។ (លោ. ១៩:១៥, ១៦) បន្ទាប់មកទេវតានោះបានប្រាប់គាត់ឲ្យរត់ទៅតំបន់ភ្នំ។ ប៉ុន្តែជាជាងធ្វើតាមបង្គាប់ព្រះយេហូវ៉ា ឡុតបានសុំរត់ទៅក្រុងជិតនោះវិញ។ (លោ. ១៩:១៧-២០) ដោយចិត្តអត់ធ្មត់ ព្រះយេហូវ៉ាបានស្ដាប់ឡុត ហើយអនុញ្ញាតឲ្យគាត់រត់ទៅក្រុងនោះ។ ក្រោយមកការរស់នៅទីនោះបានធ្វើឲ្យឡុតភ័យខ្លាច ហើយគាត់បានរើទៅតំបន់ភ្នំវិញ ជាកន្លែងដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យទៅពីដំបូង។ (លោ. ១៩:៣០) ព្រះយេហូវ៉ាពិតជាបានបង្ហាញចិត្តអត់ធ្មត់ក្រៃលែង! ដូចឡុត ប្រហែលជាបងប្អូនរួមជំនឿណាម្នាក់ធ្វើការសម្រេចចិត្តមិនល្អ ហើយនេះបណ្ដាលឲ្យគាត់មានបញ្ហាធ្ងន់ធ្ងរ។ តើយើងនឹងធ្វើអ្វីបើនោះកើតឡើង? យើងប្រហែលជាចង់ប្រាប់គាត់ថាគាត់ទទួលផលតាមអ្វីដែលគាត់បានសាបព្រោះ ហើយនេះជាការពិតមែន។ (កាឡ. ៦:៧) ប៉ុន្តែ តើនេះជាប្រតិកម្មដ៏ល្អបំផុតឬទេ? គឺជាការល្អជាង បើយើងធ្វើតាមរបៀបដែលព្រះយេហូវ៉ាបានជួយឡុត។ w១៩.០៦ ទំ. ២០-២១ វ. ៣-៥
ថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា
ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។—ហេ. ១៣:៦
ពេលសត្រូវរបស់យើងដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង ពួកគេមានបំណងធ្វើឲ្យយើងភ័យខ្លាចក្នុងការបម្រើព្រះយេហូវ៉ា។ ក្រៅពីដាក់បម្រាម ពួកគេប្រហែលជាផ្សាយរឿងមិនពិតអំពីយើង ចាត់ពួកអាជ្ញាធរឲ្យមកឆែកឆេរផ្ទះយើង បង្ខំយើងឲ្យឡើងតុលាការ ឬថែមទាំងចាប់បងប្អូនមួយចំនួនដាក់គុក។ ពួកគេចង់ឲ្យយើងភ័យខ្លាច ដោយសារពួកគេបានចាប់បងប្អូនខ្លះដាក់គុក។ បើយើងអនុញ្ញាតឲ្យពួកគេធ្វើឲ្យយើងភ័យខ្លាច យើងប្រហែលជាកាត់បន្ថយឬថែមទាំងបញ្ឈប់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ យើងមិនចង់ធ្វើដូចពួកអ្នកដែលបានត្រូវរៀបរាប់នៅលេវីវិន័យ ២៦:៣៦, ៣៧ទេ។ យើងនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចបណ្ដាលឲ្យយើងកាត់បន្ថយឬបញ្ឈប់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ាឡើយ។ យើងទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយមិនស្លន់ស្លោទេ។ (ទំនុក. ២៧:១) យើងអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ យើងដឹងថា ដោយមានការគាំទ្រពីព្រះ សូម្បីតែរដ្ឋាភិបាលដ៏មានអំណាចខ្លាំងក្លាបំផុតក៏មិនអាចបញ្ឈប់យើងពីការគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់បានទេ។ ជាជាងធ្វើឲ្យយើងភ័យខ្លាច ហើយលែងចង់បម្រើព្រះយេហូវ៉ា ការបៀតបៀនអាចជំរុញចិត្តយើងឲ្យបម្រើព្រះច្រើនជាង។ w១៩.០៧ ទំ. ៩-១០ វ. ៦-៧
ថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា
[ចូរ]ប្រកាសបណ្ដាំរបស់ព្រះ។—២ធី. ៤:២
ទោះជាអ្នកមិនទាន់បានជួបមនុស្សដែលចង់ទៅជាអ្នកកាន់តាមលោកយេស៊ូក្ដី សូមកុំឈប់ព្យាយាម។ សូមចាំថាលោកយេស៊ូបានប្រៀបប្រដូចកិច្ចការស្វែងរកមនុស្សដែលនឹងក្លាយទៅជាអ្នកកាន់តាមលោកទៅនឹងការនេសាទត្រី។ អ្នកនេសាទប្រហែលជាចំណាយពេលជាច្រើនម៉ោងមុនពួកគេចាប់ត្រីបាន។ ពួកគេច្រើនតែធ្វើកិច្ចការនោះនៅពេលយប់ជ្រៅឬពីព្រឹកព្រលឹម ហើយជួនកាលពួកគេត្រូវធ្វើដំណើរឆ្ងាយដែរ។ (លូក. ៥:៥) ស្រដៀងគ្នាដែរ ដោយចិត្តអត់ធ្មត់ អ្នកផ្សព្វផ្សាយខ្លះចំណាយពេលច្រើនម៉ោងក្នុងកិច្ចបម្រើផ្សាយ នៅពេលខុសៗគ្នានិងកន្លែងផ្សេងៗពីគ្នា។ ហេតុអ្វី? ដើម្បីជួបមនុស្សឲ្យកាន់តែច្រើន។ អ្នកផ្សាយដែលខំប្រឹងព្យាយាម ច្រើនតែទទួលពរដោយរកឃើញអ្នកដែលចាប់អារម្មណ៍នឹងដំណឹងដែលយើងផ្សព្វផ្សាយ។ តើអ្នកអាចផ្សព្វផ្សាយនៅម៉ោងឬនៅកន្លែងដែលអ្នកទំនងជានឹងជួបមនុស្សច្រើនជាងបានឬទេ? ហេតុអ្វីការបង្រៀនគម្ពីរតម្រូវឲ្យយើងមានចិត្តអត់ធ្មត់? មូលហេតុមួយគឺដោយសារយើងមិនគ្រាន់តែត្រូវជួយសិស្សឲ្យស្គាល់និងស្រឡាញ់សេចក្ដីបង្រៀនក្នុងគម្ពីរប៉ុណ្ណោះទេ។ យើងក៏ត្រូវជួយគាត់ឲ្យស្គាល់និងស្រឡាញ់ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ។ w១៩.០៧ ទំ. ១៨ វ. ១៤-១៥
ថ្ងៃច័ន្ទ ទី៨ ខែវិច្ឆិកា
ខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ។—ភី. ៣:១៣
បងប្អូនខ្លះប្រហែលជាត្រូវយកឈ្នះអារម្មណ៍បន្ទោសខ្លួនដោយសារកំហុសនៅអតីតកាល។ បើយើងមានអារម្មណ៍បែបនេះ សូមធ្វើការសិក្សាស្រាវជ្រាវអំពីគ្រឿងបូជាលោះរបស់គ្រិស្ត។ បើយើងសិក្សា រំពឹងគិត និងអធិដ្ឋានអំពីប្រធានបទនេះដែលអាចពង្រឹងកម្លាំងចិត្តរបស់យើង នេះប្រហែលជាជួយយើងឲ្យមិនបន្ទោសខ្លួនហួសហេតុពេក ឬថែមទាំងឈប់បន្ទោសខ្លួនតែម្ដងចំពោះអំពើខុសឆ្គងដែលព្រះយេហូវ៉ាបានអភ័យទោសឲ្យយើងរួចហើយ។ សូមពិចារណាអំពីមេរៀនមួយទៀតដែលយើងអាចរៀនពីគំរូរបស់ប៉ូល។ ដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាង បងប្អូនខ្លះបានបោះបង់អាជីពដែលអាចនាំឲ្យទទួលប្រាក់ខែច្រើន។ បើយើងបានធ្វើដូច្នេះ តើយើងអាចបំភ្លេចអ្វីៗដែលនៅខាងក្រោយ ដោយមិនព្រមនឹកស្ដាយអំពីលុយឬទ្រព្យសម្បត្តិដែលយើងអាចមានឬទេ? (ជន. ១១:៤-៦; សាស្ដ. ៧:១០) «អ្វីៗដែលនៅខាងក្រោយ»ប្រហែលជារួមបញ្ចូលអ្វីដែលយើងបានសម្រេច ឬទុក្ខលំបាកដែលយើងបានស៊ូទ្រាំនៅអតីតកាល។ ពិតមែនថា ការគិតអំពីរបៀបដែលព្រះយេហូវ៉ាបានផ្ដល់ពរនិងបានជួយយើងនៅអតីតកាល អាចធ្វើឲ្យយើងចូលកាន់តែជិតបិតារបស់យើង ប៉ុន្តែយើងមិនចង់គិតថាអ្វីដែលយើងបានធ្វើដើម្បីព្រះយេហូវ៉ាគឺគ្រប់គ្រាន់ហើយនោះទេ។—១កូ. ១៥:៥៨ w១៩.០៨ ទំ. ៣ វ. ៥-៦
ថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា
ចូរអធិដ្ឋានឥតឈប់។—១ថែ. ៥:១៧
យើងអាចអធិដ្ឋានទៅព្រះរបស់យើងនៅពេលណាក៏បាន មិនថាយើងនៅកន្លែងណាក្ដី។ លោកមិនដែលរវល់ពេករហូតដល់លោកមិនស្ដាប់យើងទេ ផ្ទុយទៅវិញលោកតែងតែយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ ពេលយើងដឹងថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង យើងកាន់តែស្រឡាញ់លោក។ អ្នកតែងទំនុកតម្កើងនិយាយថា៖ «ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដិតទ្រង់តែងស្ដាប់សំឡេងខ្ញុំ»។ (ទំនុក. ១១៦:១) បិតាយើងមិនគ្រាន់តែស្ដាប់ តែលោកក៏តបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងដែរ។ សាវ័កយ៉ូហានពង្រឹងទំនុកចិត្តយើងដោយនិយាយថា៖ «អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។ (១យ៉ូន. ៥:១៤, ១៥) ព្រះយេហូវ៉ាប្រហែលជាតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបដែលយើងមិននឹកស្មានទេ។ លោកដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង ដូច្នេះជួនកាលលោកតបឆ្លើយថាមិនបាន ឬក៏ថាលោកចង់ឲ្យយើងរង់ចាំ។ (២កូ. ១២:៧-៩) ព្រះយេហូវ៉ាផ្គត់ផ្គង់យើង។ លោកធ្វើអ្វីដែលលោកតម្រូវឲ្យឪពុកទាំងឡាយធ្វើ។ (១ធី. ៥:៨) លោកបំពេញសេចក្ដីត្រូវការក្នុងជីវិតប្រចាំថ្ងៃរបស់កូនៗលោក។ លោកមិនចង់ឲ្យយើងខ្វល់ខ្វាយអំពីអាហារ សម្លៀកបំពាក់ ឬទីលំនៅឡើយ។ (ម៉ាថ. ៦:៣២, ៣៣; ៧:១១) ដោយសារព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់យើង លោកបានធ្វើឲ្យប្រាកដថាយើងនឹងទទួលអ្វីទាំងអស់ដែលយើងត្រូវការនៅថ្ងៃអនាគត។ w២០.០២ ទំ. ៥ វ. ១០-១២
ថ្ងៃពុធ ទី១០ ខែវិច្ឆិកា
ចៀមទាំងអស់នោះនឹងទៅជាហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់។—យ៉ូន. ១០:១៦
មិនមែនមនុស្សទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌គឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឡើយ។ (ម៉ាថ. ២៤:៤៥-៤៧) ដូចនៅសតវត្សរ៍ទី១ដែរ សព្វថ្ងៃនេះព្រះយេហូវ៉ានិងលោកយេស៊ូកំពុងប្រើបងប្រុសៗមួយចំនួនតូច ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់មនុស្សជាច្រើន។ នៅសតវត្សរ៍ទី១ មានតែគ្រិស្តសាសនិកដែលបានត្រូវរើសតាំងប៉ុន្មាននាក់ប៉ុណ្ណោះដែលព្រះបានប្រើដើម្បីសរសេរបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ នៅសព្វថ្ងៃនេះ មានតែគ្រិស្តសាសនិកដែលបានត្រូវរើសតាំងប៉ុន្មាននាក់ប៉ុណ្ណោះដែលមានភារកិច្ចឲ្យ‹អាហារតាមត្រូវពេល›ដល់រាស្ត្ររបស់ព្រះ។ ព្រះយេហូវ៉ាបានសម្រេចចិត្តផ្ដល់ជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដល់រាស្ត្រភាគច្រើនរបស់លោក ហើយផ្ដល់ជីវិតនៅស្ថានសួគ៌ដល់មនុស្សមួយចំនួនតូចដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ ព្រះយេហូវ៉ាឲ្យរង្វាន់ដល់អ្នកបម្រើទាំងអស់របស់លោក ទាំង«សាសន៍យូដាម្នាក់»ទាំង«មនុស្ស១០នាក់» ហើយលោកតម្រូវឲ្យពួកគេធ្វើតាមច្បាប់ដូចគ្នា និងនៅស្មោះត្រង់នឹងលោក។ (សាក. ៨:២៣) យើងទាំងអស់គ្នាត្រូវមានចិត្តរាបទាបជានិច្ច។ យើងទាំងអស់គ្នាក៏ត្រូវបម្រើលោកជាមួយគ្នា មានសាមគ្គីភាព ហើយត្រូវខំព្យាយាមរក្សាសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ។ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់ សូមយើងទាំងអស់គ្នាបន្តបម្រើព្រះយេហូវ៉ា ហើយធ្វើតាមគ្រិស្តជា«ហ្វូងតែមួយ»។ w២០.០១ ទំ. ៣១ វ. ១៥-១៦
ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា
ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ ក្លាយទៅជាអ្នកដែលធ្វើតាមវិញ . . . ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ ពីព្រោះពួកគេឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គួបផ្សំជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ។—១ពេ. ៣:១, ២
យើងមិនអាចបង្ខំសាច់ញាតិរបស់យើងឲ្យទទួលយកដំណឹងល្អទេ តែយើងអាចលើកទឹកចិត្តពួកគេឲ្យគិតអំពីព័ត៌មានក្នុងគម្ពីរ ហើយឲ្យព័ត៌មាននោះមានឥទ្ធិពលលើចិត្តរបស់ពួកគេ។ (២ធី. ៣:១៤, ១៥) ចូរទុកគំរូល្អ។ អ្វីដែលយើងធ្វើច្រើនតែមានឥទ្ធិពលខ្លាំងជាងអ្វីដែលយើងនិយាយទៅកាន់សាច់ញាតិ។ ចូរបន្តព្យាយាមជួយសាច់ញាតិ។ ព្រះយេហូវ៉ាទុកគំរូសម្រាប់យើង។ លោកផ្ដល់ឱកាសម្ដងហើយម្ដងទៀត ឲ្យមនុស្សស្ដាប់ដំណឹងល្អ ហើយទទួលជីវិត គឺប្រៀបដូចជាលោក«ក្រោកពីព្រលឹមស្រាង»រាល់ថ្ងៃដើម្បីជួយពួកគេ។ (យេ. ៤៤:៤) ម្យ៉ាងទៀត សាវ័កប៉ូលបានប្រាប់ធីម៉ូថេឲ្យបន្តព្យាយាមក្នុងការជួយអ្នកឯទៀត។ ហេតុអ្វី? ពីព្រោះដោយធ្វើដូច្នេះ គាត់នឹងសង្គ្រោះទាំងខ្លួនគាត់ ទាំងពួកអ្នកដែលស្ដាប់គាត់។ (១ធី. ៤:១៦) យើងស្រឡាញ់សាច់ញាតិរបស់យើង ដូច្នេះយើងចង់ឲ្យពួកគេស្គាល់សេចក្ដីពិតពីបណ្ដាំរបស់ព្រះ។ w១៩.០៨ ទំ. ១៤ វ. ២; ទំ. ១៦-១៧ វ. ៨-៩
ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា
ការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។—សុភ. ២៧:៥
ជាការល្អដែលយើងចាំថា បើបុគ្គលណាម្នាក់ព្យាយាមឲ្យឱវាទយើង យើងទំនងជាបានធ្វើខុសធ្ងន់ ជាងយើងគិតស្មានទៅទៀត។ ភ្លាមៗនោះ យើងប្រហែលជាមិនចង់ទទួលយកឱវាទនោះទេ។ យើងប្រហែលជាចង់រិះគន់បុគ្គលនោះ ឬរបៀបដែលគាត់ឲ្យឱវាទយើង។ ប៉ុន្តែ បើយើងមានចិត្តរាបទាប យើងនឹងព្យាយាមបង្ហាញចិត្តគំនិតត្រឹមត្រូវ។ បុគ្គលដែលមានចិត្តរាបទាបឲ្យតម្លៃចំពោះឱវាទ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? សូមគិតអំពីឧទាហរណ៍មួយ។ ឧបមាថាអ្នកនៅកិច្ចប្រជុំក្រុមជំនុំ។ ក្រោយពីអ្នកបាននិយាយជាមួយនឹងបងប្អូនរួមជំនឿខ្លះៗ មានបងប្អូនម្នាក់បាននាំអ្នកទៅដាច់ដោយឡែកពីគេ ហើយប្រាប់អ្នកថាអ្នកមានម្ហូបជាប់ធ្មេញ។ អ្នកច្បាស់ជាមានអារម្មណ៍ខ្មាស។ ប៉ុន្តែ អ្នកក៏ច្បាស់ជាសប្បាយចិត្តដែលបុគ្គលនោះបានប្រាប់អ្នកឲ្យដឹង មែនទេ? តាមពិត អ្នកប្រហែលជាចង់ឲ្យអ្នកឯទៀតប្រាប់អ្នកលឿនជាងនេះ! ស្រដៀងគ្នាដែរ យើងគួរមានចិត្តរាបទាប ហើយឲ្យតម្លៃចំពោះបងប្អូនដែលឲ្យឱវាទយើងពេលយើងត្រូវការ។ យើងចាត់ទុកថាបុគ្គលនោះជាមិត្តរបស់យើង មិនមែនជាសត្រូវឡើយ។—សុភ. ២៧:៦; កាឡ. ៤:១៦ w១៩.០៩ ទំ. ៥ វ. ១១-១២
ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំរបស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្ដាយឯងឡើយ។—សុភ. ៦:២០
ព្រះយេហូវ៉ាបានប្រគល់ឲ្យម្ដាយនូវតួនាទីដ៏មានកិត្តិយសក្នុងក្រុមគ្រួសារ ហើយលោកបានឲ្យគាត់មានអំណាចមួយកម្រិតលើកូន។ តាមការពិត ពាក្យសម្ដីនិងការប្រព្រឹត្តរបស់ម្ដាយអាចមានឥទ្ធិពលលើកូនអស់មួយជីវិត។ (សុភ. ២២:៦) សូមកត់សម្គាល់អំពីអ្វីដែលម្ដាយអាចរៀនពីម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូ។ ម៉ារៀស្គាល់បទគម្ពីរយ៉ាងច្បាស់។ គាត់គោរពព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅ ហើយមានចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងលោក។ គាត់សុខចិត្តចុះចូលតាមការណែនាំពីព្រះយេហូវ៉ា ទោះជានេះមានន័យថាជីវិតរបស់គាត់នឹងផ្លាស់ប្ដូរទាំងស្រុងក៏ដោយ។ (លូក. ១:៣៥-៣៨, ៤៦-៥៥) ក្នុងនាមជាម្ដាយ អ្នកអាចយកតម្រាប់ម៉ារៀតាមរបៀបផ្សេងៗ។ តើអ្នកអាចធ្វើអ្វីខ្លះ? ទី១ អ្នកអាចរក្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាដោយសិក្សាគម្ពីរផ្ទាល់ខ្លួននិងអធិដ្ឋានម្នាក់ឯង។ ទី២ អ្នកអាចសុខចិត្តធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ w១៩.០៩ ទំ. ១៨ វ. ១៧-១៩
ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា
មើល! . . . មនុស្សមួយក្រុមធំ។—បប. ៧:៩
ព្រះបានបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិតនូវទំនាយដ៏គួរឲ្យរំភើបចិត្តមួយ។ ក្នុងការបើកបង្ហាញនោះ ទេវតាមួយរូបបានប្រាប់ទេវតាបួនរូបទៀតឲ្យទប់ខ្យល់ហិនវិនាសនៃគ្រាទុក្ខវេទនាជាខ្លាំងមិនឲ្យបក់។ ទេវតាទាំងនោះត្រូវទប់ខ្យល់នោះរហូតដល់ការបោះត្រាចុងក្រោយលើក្រុមមួយដែលជាខ្ញុំបម្រើនៃព្រះ។ (បប. ៧:១-៣) ក្រុមនោះមានចំនួន១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ (លូក. ១២:៣២; បប. ៧:៤) ក្រោយមក យ៉ូហានរៀបរាប់អំពីក្រុមមួយទៀតដែលធំដល់ម្ល៉េះបានជាគាត់លាន់មាត់ថា៖ «មើល!»។ ពាក្យនេះប្រហែលជាបង្ហាញថាគាត់ភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឃើញ។ តើយ៉ូហានបានឃើញអ្វី? គាត់បានឃើញ«មនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយកំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។ (បប. ៧:៩-១៤) សូមស្រមៃគិតថាយ៉ូហានសប្បាយចិត្តយ៉ាងណាពេលដឹងថា នៅថ្ងៃអនាគតមនុស្សជាច្រើនអនេកនឹងគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ! ការបើកបង្ហាញនោះច្បាស់ជាបានពង្រឹងជំនឿរបស់យ៉ូហាន ហើយរឹតតែពង្រឹងជំនឿរបស់យើង ដោយសារយើងរស់នៅគ្រាដែលទំនាយនេះកំពុងក្លាយជាការពិត។ នៅសម័យយើង មនុស្សរាប់លាននាក់បានចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយពួកគេមានសេចក្ដីសង្ឃឹមថានឹងរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង និងរស់ជារៀងរហូតលើផែនដី។ w១៩.០៩ ទំ. ២៦ វ. ២-៣
ថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា
ស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម . . . ពួកគេនឹងគេចមិនផុតឡើយ។—១ថែ. ៥:៣
សូមស្រមៃគិតថា ពួកអ្នកដឹកនាំក្នុងពិភពលោកបានប្រកាសថា«មានសន្តិភាពនិងសន្តិសុខហើយ»ដូចដែលគម្ពីរបានប្រាប់ទុកជាមុន។ ពួកគេប្រហែលជាអួតថា ពិភពលោកមានសេចក្ដីសុខសាន្តដែលមិនធ្លាប់មាន។ ពួកអ្នកដឹកនាំទាំងនោះនឹងចង់ឲ្យយើងគិតថាពួកគេអាចដោះស្រាយបញ្ហាទាំងអស់របស់ពិភពលោកបាន។ ប៉ុន្តែពួកគេគ្មានសមត្ថភាពបញ្ឈប់អ្វីដែលនឹងកើតឡើងបន្ទាប់មកឡើយ! «បាប៊ីឡូនដ៏ខ្លាំងក្លា»នឹងត្រូវបំផ្លាញចោល! (បប. ១៧:៥, ១៥-១៨) «ព្រះ[នឹង]បណ្ដាលចិត្តពួកគេឲ្យធ្វើតាមគំនិតរបស់លោក»។ តើគំនិតនោះជាអ្វី? គឺបំផ្លាញសាសនាមិនពិតទាំងអស់នៅទូទាំងពិភពលោក រួមទាំងពិភពគ្រិស្តសាសនាផងដែរ។ ព្រះនឹងបណ្ដាលចិត្តរបស់«ស្នែងទាំងដប់»នៃ«សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ» ឲ្យធ្វើតាមគំនិតរបស់លោក។ ស្នែងទាំងដប់ជាតំណាងរដ្ឋាភិបាលទាំងឡាយដែលគាំទ្រ«សត្វសាហាវ»នោះ ឬអង្គការសហប្រជាជាតិ។ (បប. ១៧:៣, ១១-១៣; ១៨:៨) ពេលរដ្ឋាភិបាលទាំងនោះវាយប្រហារសាសនាមិនពិត នោះបង្ហាញថាគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើមហើយ។ នោះជាព្រឹត្តិការណ៍មួយដែលនឹងកើតឡើងភ្លាមៗ ហើយធ្វើឲ្យមនុស្សក្នុងពិភពលោកតក់ស្លុត។ w១៩.១០ ទំ. ១៤ វ. ១, ៣
ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា
ឌីអូត្រែបដែលចូលចិត្តធ្វើជាអ្នកធំជាងគេក្នុងក្រុមជំនុំ មិនព្រមទទួលអ្វីពីយើងដោយសេចក្ដីគោរពទេ។—៣យ៉ូន. ៩
នៅសតវត្សរ៍ទី១ ឌីអូត្រែបបានច្រណែនពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក។ គាត់ចង់«ធ្វើជាអ្នកធំជាងគេ»ក្នុងក្រុមជំនុំ ដូច្នេះគាត់ចេះតែនិយាយអាក្រក់អំពីសាវ័កយ៉ូហាននិងបងប្រុសឯទៀតដើម្បីឲ្យបងប្អូនក្នុងក្រុមជំនុំលែងគោរពពួកគេ។ (៣យ៉ូន. ១០) ទោះជាយើងមិនប្រព្រឹត្តដូចឌីអូត្រែបក្ដី យើងនៅតែអាចចាប់ផ្ដើមច្រណែនគ្រិស្តសាសនិកឯទៀតដែលទទួលភារកិច្ចដែលយើងសង្ឃឹមចង់បាន ជាពិសេសបើយើងមានអារម្មណ៍ថាយើងក៏អាចបំពេញភារកិច្ចនោះដូចគាត់ ឬថែមទាំងអាចធ្វើប្រសើរជាងគាត់ទៅទៀត។ ចិត្តច្រណែនប្រៀបដូចជារុក្ខជាតិពុល។ កាលណាគ្រាប់ពូជនៃចិត្តច្រណែនចាប់ផ្ដើមចាក់ឫសក្នុងចិត្តរបស់យើង នោះយើងប្រហែលជាពិបាកដកវាចេញណាស់។ អារម្មណ៍មិនត្រឹមត្រូវដូចជាការឈ្នានីស អំណួត និងការគិតតែប្រយោជន៍ផ្ទាល់ខ្លួនអាចធ្វើឲ្យចិត្តច្រណែនកាន់តែដុះឡើង។ ដូចរុក្ខជាតិពុលដែលរុំព័ទ្ធផ្កាមិនឲ្យដុះលូតលាស់ឡើង ចិត្តច្រណែនអាចរារាំងយើងមិនឲ្យបណ្ដុះគុណសម្បត្តិផ្សេងៗដូចជាសេចក្ដីស្រឡាញ់ ចិត្តអាណិតមេត្តា និងចិត្តសប្បុរសជាដើម។ ពេលយើងឃើញថាចិត្តច្រណែនចាប់ផ្ដើមដុះឡើង យើងត្រូវប្រញាប់ដកវាចេញពីចិត្តរបស់យើង។ w២០.០២ ទំ. ១៥ វ. ៦-៧
ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា
ខ្ញុំបានទទួលបន្លាមួយក្នុងសាច់ឈាម។—២កូ. ១២:៧
សាវ័កប៉ូលកំពុងនិយាយថាគាត់បានប្រឈមមុខនឹងទុក្ខលំបាកដែលនាំឲ្យគាត់ឈឺចាប់។ គាត់បានហៅទុក្ខលំបាកនេះថា«ទេវតាមួយរបស់សាថាន» ដែល«ទះ»គាត់ជានិច្ច។ សាថានឬវិញ្ញាណកំណាចរបស់វា ប្រហែលជាមិនបានធ្វើឲ្យប៉ូលមានបញ្ហា ដែលហាក់ដូចជាបន្លាមួយក្នុងសាច់ឈាមគាត់នោះទេ។ ប៉ុន្តែ ពេលដែលពួកវិញ្ញាណទុច្ចរិតនោះបានកត់សម្គាល់ឃើញ«បន្លា» ពួកវាប្រហែលជាបានព្យាយាមរុញបន្លានោះឲ្យចូលជ្រៅជាង ក្នុងន័យថាធ្វើឲ្យប៉ូលកាន់តែឈឺចាប់។ តើប៉ូលបានធ្វើអ្វី? ដំបូង ប៉ូលចង់ឲ្យព្រះយេហូវ៉ាដក«បន្លា»នោះចេញ។ គាត់បានសារភាពថា៖ «ខ្ញុំបានអង្វរលោកម្ចាស់[យេហូវ៉ា]បីដង . . . ដើម្បីឲ្យលោកដកបន្លានេះចេញ»។ ក៏ប៉ុន្តែ ទោះជាប៉ូលបានអធិដ្ឋានក្ដី បន្លានោះនៅតែជាប់ក្នុងសាច់ឈាមគាត់។ តើនេះមានន័យថាព្រះយេហូវ៉ាមិនបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ប៉ូលឬទេ? មិនមែនទេ។ លោកបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់មែន។ ព្រះយេហូវ៉ាមិនបានដកបញ្ហានោះចេញទេ ប៉ុន្តែលោកបានផ្ដល់កម្លាំងឲ្យប៉ូលស៊ូទ្រាំនឹងបញ្ហានោះ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ឫទ្ធានុភាពរបស់ខ្ញុំបានពេញលក្ខណៈពេលដែលអ្នកទន់ខ្សោយ»។ (២កូ. ១២:៨, ៩) ម្យ៉ាងទៀត ដោយមានជំនួយពីព្រះ ប៉ូលអាចរក្សាអំណររបស់គាត់និងមានសេចក្ដីសុខសាន្តក្នុងចិត្ត!—ភី. ៤:៤-៧ w១៩.១១ ទំ. ៩ វ. ៤-៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា
ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ។—ណា. ១:២
ពេលដែលគម្ពីរចែងថាព្រះយេហូវ៉ាជាព្រះប្រចណ្ឌ នោះមានន័យថាលោកចង់ឲ្យយើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ ព្រះយេហូវ៉ាសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីយើង ដោយសារលោកគឺជាអ្នកបង្កើតយើងនិងជាបុគ្គលដែលបានផ្ដល់ជីវិតឲ្យយើង។ (បប. ៤:១១) ក៏ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្ន។ ទោះជាយើងស្រឡាញ់និងគោរពព្រះយេហូវ៉ាក៏ដោយ អ្វីផ្សេងទៀតអាចទៅជាសំខាន់ពេកក្នុងជីវិតរបស់យើងរហូតដល់រារាំងយើងពីការស្រឡាញ់និងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ ក្នុងគម្ពីរ ការមានភក្ដីភាពចំពោះព្រះបង្កប់អត្ថន័យថាមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះលោក។ ពេលយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា យើងនឹងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ យើងនឹងមិនឲ្យអ្នកណា ឬអ្វីណាក៏ដោយទៅជាសំខាន់ជាងលោកឡើយ។ (និក្ខ. ៣៤:១៤) ភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាមិនមែនដោយងងឹតងងល់នោះទេ។ ហេតុអ្វី? ពីព្រោះភក្ដីភាពរបស់យើងចំពោះលោកគឺមានមូលដ្ឋានលើអ្វីដែលយើងបានរៀនអំពីលោក។ យើងបានរៀនអំពីគុណសម្បត្តិដ៏គួរឲ្យកោតសរសើររបស់លោក។ យើងដឹងអំពីអ្វីដែលលោកស្រឡាញ់និងអ្វីដែលលោកស្អប់ ហើយយើងក៏មានអារម្មណ៍ដូចលោកដែរ។ យើងយល់អំពីគោលបំណងរបស់លោកសម្រាប់មនុស្ស ហើយគាំទ្រគោលបំណងនោះ។ យើងមានកិត្តិយសដែលលោកផ្ដល់ឱកាសឲ្យយើងធ្វើជាមិត្តលោក។ (ទំនុក. ២៥:១៤) អ្វីទាំងអស់ដែលយើងរៀនអំពីអ្នកបង្កើតយើង ធ្វើឲ្យយើងចូលកាន់តែជិតលោក។—យ៉ា. ៤:៨ w១៩.១០ ទំ. ២៦ វ. ១-៣
ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។—សុភ. ១៧:១៧
នៅសព្វថ្ងៃនេះ បងប្អូនរបស់យើងមានបញ្ហាខុសៗគ្នា។ ជាឧទាហរណ៍ បងប្អូនជាច្រើនរងទុក្ខដោយសារសង្គ្រាម មហន្តរាយធម្មជាតិ ឬបញ្ហាផ្សេងទៀត។ ពេលដែលនេះកើតឡើង បងប្អូនខ្លះប្រហែលជាអាចអញ្ជើញបងប្អូនទាំងនេះឲ្យស្នាក់នៅផ្ទះរបស់ពួកគេ។ បងប្អូនខ្លះទៀតប្រហែលជាអាចជួយជាលុយ។ ប៉ុន្តែ យើងទាំងអស់គ្នាអាចសុំព្រះយេហូវ៉ាឲ្យជួយបងប្អូនរបស់យើង។ បើយើងដឹងថាបងប្អូនណាម្នាក់ធ្លាក់ទឹកចិត្ត យើងប្រហែលជាមិនដឹងគួរនិយាយអ្វី ឬប្រព្រឹត្តយ៉ាងណាទេ។ ក៏ប៉ុន្តែយើងទាំងអស់គ្នាអាចជួយបាន។ ជាឧទាហរណ៍ យើងអាចចំណាយពេលជាមួយនឹងបងប្អូនទាំងនោះ។ យើងអាចស្ដាប់ដោយបង្ហាញការយល់អារម្មណ៍ពេលគាត់និយាយ។ មួយវិញទៀត យើងអាចប្រាប់អំពីបទគម្ពីរសម្រាលទុក្ខដែលយើងចូលចិត្ត។ (អេ. ៥០:៤) អ្វីដ៏សំខាន់បំផុតគឺយើងនៅក្បែរមិត្តសម្លាញ់របស់យើងពេលដែលពួកគេត្រូវការជំនួយពីយើង។ យើងត្រូវតាំងចិត្តរក្សានិងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងបងប្អូនយើងនៅឥឡូវនេះ។ យើងមានមិត្តភាពជាមួយនឹងបងប្អូនយើងមិនគ្រាន់តែរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះទេ តែជារៀងរហូត! w១៩.១១ ទំ. ៧ វ. ១៨-១៩
ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា
នេះជារបៀបយញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីថ្វាយព្រះយេហូវ៉ា។—លេវី. ៧:១១
ពេលបុគ្គលណាម្នាក់ជូនគ្រឿងបូជានេះ នោះបង្ហាញថាគាត់ស្រឡាញ់ព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ បុគ្គលដែលជូនគ្រឿងបូជា ក្រុមគ្រួសាររបស់គាត់ និងពួកសង្ឃបានបរិភោគសាច់សត្វដែលជាគ្រឿងបូជានោះ។ ប៉ុន្តែ ផ្នែកខ្លះនៃសត្វនោះបានត្រូវជូនចំពោះតែព្រះយេហូវ៉ាប៉ុណ្ណោះ។ តើផ្នែកនោះជាអ្វី? ព្រះយេហូវ៉ាបានចាត់ទុកខ្លាញ់ថាជាផ្នែកល្អបំផុតរបស់សត្វ។ លោកក៏បានបញ្ជាក់ដែរថាគ្រឿងក្នុងខ្លះគឺពិសេស។ (លេវី. ៣:៦, ១២, ១៤-១៦) ដូច្នេះ ព្រះយេហូវ៉ាពេញចិត្តជាខ្លាំង ពេលជនជាតិអ៊ីស្រាអែលស្ម័គ្រចិត្តជូនខ្លាញ់និងគ្រឿងក្នុងទាំងនោះដល់លោក។ ជនជាតិអ៊ីស្រាអែលណាម្នាក់ដែលបានជូនគ្រឿងបូជាបែបនេះ បានបង្ហាញថាគាត់ចង់ជូនអ្វីដែលល្អបំផុតទៅព្រះ។ ស្រដៀងគ្នាដែរ លោកយេស៊ូស្ម័គ្រចិត្តជូនព្រះយេហូវ៉ាអ្វីដែលល្អបំផុត គឺដោយខំអស់ពីសមត្ថភាពបម្រើលោក ពីព្រោះលោកស្រឡាញ់ព្រះយេហូវ៉ា។ (យ៉ូន. ១៤:៣១) លោកយេស៊ូពេញចិត្តនឹងធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (ទំនុក. ៤០:៨) ព្រះយេហូវ៉ាច្បាស់ជារីករាយខ្លាំងណាស់ពេលឃើញលោកយេស៊ូបម្រើលោកដោយស្ម័គ្រពីចិត្ត! w១៩.១១ ទំ. ២២-២៣ វ. ៩-១០
ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា
ថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា។—និក្ខ. ៣១:១៥
បណ្ដាំរបស់ព្រះចែងថាក្រោយពីព្រះបានបង្កើតរបស់សព្វសារពើអស់៦ថ្ងៃ នោះលោកបានផ្អាកពីការបង្កើតអ្វីៗនៅលើផែនដី។ (លោ. ២:២) ប៉ុន្តែ ព្រះយេហូវ៉ាចូលចិត្តធ្វើការណាស់ ហើយលោក«នៅតែធ្វើការ»តាមរបៀបផ្សេងៗ។ (យ៉ូន. ៥:១៧) ការរៀបចំឲ្យមានថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ គឺស្រដៀងនឹងថ្ងៃឈប់សម្រាករបស់ព្រះយេហូវ៉ាដែលបានត្រូវរៀបរាប់នៅសៀវភៅលោកុប្បត្តិ។ ព្រះបានមានប្រសាសន៍ថាថ្ងៃឈប់សម្រាកគឺជាសញ្ញាសម្គាល់រវាងលោកនិងពួកអ៊ីស្រាអែល។ (និក្ខ. ៣១:១២-១៤) អ្នកណាក៏ដោយ មិនថាកូនក្មេង ខ្ញុំបម្រើ ឬសូម្បីតែសត្វគឺមិនបានត្រូវអនុញ្ញាតឲ្យធ្វើការឡើយ។ (និក្ខ. ២០:១០) នៅថ្ងៃនោះ បណ្ដាជនអាចផ្ចង់អារម្មណ៍លើការគោរពប្រណិប័តន៍ព្រះ។ ពួកអ្នកដឹកនាំសាសនាយូដាជាច្រើននៅសម័យលោកយេស៊ូមានទស្សនៈយ៉ាងតឹងរ៉ឹងអំពីការកាន់ខ្ជាប់តាមច្បាប់ថ្ងៃឈប់សម្រាកនោះ។ ពួកគេបានអះអាងថាគឺខុសបើធ្វើកិច្ចការផ្សេងៗនៅថ្ងៃឈប់សម្រាក សូម្បីតែកាច់កួរស្រូវ ឬធ្វើឲ្យមនុស្សឈឺជាសះស្បើយក៏ជាការខុសដែរ។ (ម៉ាក. ២:២៣-២៧; ៣:២-៥) នោះមិនដូចទស្សនៈរបស់ព្រះទេ ហើយលោកយេស៊ូបានបញ្ជាក់ចំណុចនេះដល់ពួកអ្នកដែលស្ដាប់លោក។ w១៩.១២ ទំ. ៣-៤ វ. ៨-៩
ថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកា
ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក។—អេភ. ៥:១
កាលដែលយើងរៀនកាន់តែច្រើនអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា នោះយើងនឹងកាន់តែស្រួលយកតម្រាប់លោក។ ដាវីឌបានស្គាល់បិតារបស់គាត់ដែលនៅស្ថានសួគ៌យ៉ាងច្បាស់ ដូច្នេះគាត់អាចយកតម្រាប់លោកក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត។ ដាវីឌមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា ហេតុនេះគាត់បានទៅជាស្ដេចសំណព្វម្នាក់របស់ជនជាតិអ៊ីស្រាអែល ហើយព្រះយេហូវ៉ាបានលើកគាត់ជាគំរូដល់ស្ដេចឯទៀតនៃស្រុកអ៊ីស្រាអែល។ (១ព. ១៥:១១; ២ព. ១៤:១-៣) តើយើងអាចទាញយកមេរៀនអ្វី? យើងត្រូវ«យកតម្រាប់តាមព្រះ»។ ពេលយើងព្យាយាមមានគុណសម្បត្តិដូចព្រះ យើងបង្ហាញថាយើងជាកូនរបស់លោក។ (អេភ. ៤:២៤) យើងនឹងមិនឈប់រៀនអំពីព្រះយេហូវ៉ាឡើយ។ (សាស្ដ. ៣:១១) អ្វីដ៏សំខាន់គឺមិនមែនយើងស្គាល់លោកច្រើនប៉ុណ្ណាទេ តែសំខាន់គឺការដែលយើងប្រព្រឹត្តតាមអ្វីដែលយើងដឹង។ បើយើងធ្វើតាមអ្វីដែលយើងរៀន ហើយព្យាយាមយកតម្រាប់បិតាដែលស្រឡាញ់យើង នោះលោកនឹងបន្តចូលមកជិតយើង។ (យ៉ា. ៤:៨) តាមរយៈបណ្ដាំរបស់លោក លោកពង្រឹងទំនុកចិត្តយើងថាលោកនឹងមិនបោះបង់ពួកអ្នកដែលស្វែងរកលោកឡើយ។ w១៩.១២ ទំ. ២០ វ. ២០; ទំ. ២១ វ. ២១, ២៣
ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា
ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់។—យេ. ១៧:៩
យ៉ាកុបស្រឡាញ់កូនទាំងអស់របស់គាត់ តែកូនដែលគាត់ស្រឡាញ់ជាងគេ គឺយ៉ូសែបដែលមានអាយុ១៧ឆ្នាំ។ តើបងប្រុសៗរបស់យ៉ូសែបមានប្រតិកម្មយ៉ាងណា? ពួកគេបានច្រណែនគាត់ ហើយការច្រណែននោះនាំឲ្យពួកគេស្អប់គាត់។ ដូច្នេះ ពួកគេបានលក់យ៉ូសែបឲ្យទៅជាខ្ញុំបម្រើ ហើយកុហកឪពុករបស់ពួកគេថាកូនសំណព្វរបស់គាត់បានត្រូវសត្វសាហាវសម្លាប់។ ចិត្តច្រណែនបាននាំឲ្យក្រុមគ្រួសារនោះលែងមានសេចក្ដីសុខ ហើយធ្វើឲ្យឪពុករបស់ពួកគេឈឺចិត្ត។ (លោ. ៣៧:៣, ៤, ២៧-៣៤) ការច្រណែនបានត្រូវរៀបរាប់ក្នុងចំណោម«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង» ដែលអាចរារាំងបុគ្គលណាម្នាក់មិនឲ្យទទួលរាជាណាចក្ររបស់ព្រះជាមត៌ក។ (កាឡ. ៥:១៩-២១) ចិត្តច្រណែនគឺច្រើនតែបង្កើតគុណវិបត្តិដូចជាការស្អប់គ្នា ការឈ្លោះប្រកែកគ្នា និងការច្រឡោតខឹង។ គំរូរបស់បងប្រុសៗយ៉ូសែបបង្ហាញថាការច្រណែនអាចបង្ខូចទំនាក់ទំនងជាមួយនឹងអ្នកឯទៀត និងប៉ះពាល់ដល់សន្តិភាពក្នុងក្រុមគ្រួសារ។ ទោះជាយើងមិនប្រព្រឹត្តដូចបងប្រុសៗរបស់យ៉ូសែបក្ដី យើងទាំងអស់គ្នាមានចិត្តមិនល្អឥតខ្ចោះដែលអាចបញ្ឆោតយើង។ ហេតុនេះហើយ ជួនកាលយើងប្រហែលជាចាប់ផ្ដើមច្រណែនអ្នកឯទៀត។ w២០.០២ ទំ. ១៤ វ. ១-៣
ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា
[ចូរ]បន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។—ភី. ២:៣
នៅពេលមួយ ព្រះយេហូវ៉ាបានដកយកសកម្មពលបរិសុទ្ធខ្លះរបស់លោកចេញពីម៉ូសេ ហើយឲ្យទៅបុរសចាស់ទុំជនជាតិអ៊ីស្រាអែលមួយក្រុមដែលឈរនៅក្បែរត្រសាលជំនុំ។ មិនយូរក្រោយពីនោះ ម៉ូសេបានឮថាបុរសចាស់ទុំពីរនាក់ដែលមិនបាននៅត្រសាលជំនុំ ក៏បានទទួលសកម្មពលបរិសុទ្ធដែរ ហើយបានចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ។ តើម៉ូសេមានប្រតិកម្មយ៉ាងណាពេលយ៉ូស្វេបានសុំគាត់ឲ្យបញ្ឈប់បុរសចាស់ទុំពីរនាក់នោះ? ម៉ូសេមិនបានច្រណែនពេលឃើញថាព្រះយេហូវ៉ាបានឲ្យឯកសិទ្ធិដល់បុរសទាំងពីរនាក់នោះឡើយ។ ផ្ទុយទៅវិញ ដោយចិត្តរាបទាបគាត់បានអរសប្បាយដែលពួកគេបានទទួលឯកសិទ្ធិនោះ។ (ជន. ១១:២៤-២៩) តើយើងអាចទាញមេរៀនអ្វីពីម៉ូសេ? បើអ្នកជាអ្នកចាស់ទុំ តើអ្នកធ្លាប់បានត្រូវសុំឲ្យបង្ហាត់បង្រៀនបងប្អូនឯទៀតឲ្យបំពេញភារកិច្ចរបស់អ្នកដែលអ្នកពិតជាចូលចិត្តឬទេ? បើអ្នកមានចិត្តរាបទាបដូចម៉ូសេ អ្នកនឹងមិនមានអារម្មណ៍ថាខ្លួនមិនសូវសំខាន់ បើអ្នកបានត្រូវសុំឲ្យបង្ហាត់បង្រៀនបងប្រុសម្នាក់ទៀតដើម្បីក្រោយមកគាត់អាចបំពេញឯកសិទ្ធិនោះឡើយ។ ផ្ទុយទៅវិញ អ្នកនឹងសប្បាយចិត្តជួយបងប្អូនរបស់អ្នក។ w២០.០២ ទំ. ១៥ វ. ៩; ទំ. ១៧ វ. ១០-១១
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា
ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង។—សុភ. ១២:២៥
ជំងឺអាចមានឥទ្ធិពលលើផ្លូវចិត្តរបស់យើង។ យើងប្រហែលជាខ្មាសពេលអ្នកឯទៀតកត់សម្គាល់ឃើញថាយើងមិនអាចធ្វើអ្វីណាមួយ ឬពេលយើងត្រូវពឹងពាក់អ្នកឯទៀតឲ្យជួយ។ ទោះជាមនុស្សឯទៀតមិនដឹងថាយើងឈឺក៏ដោយ យើងប្រហែលជាត្រូវយកឈ្នះអារម្មណ៍តូចចិត្តដោយសារយើងមិនអាចធ្វើអ្វីខ្លះដែលយើងធ្លាប់ធ្វើ។ នៅគ្រាពិបាកដូចនេះ ព្រះយេហូវ៉ាលើកទឹកចិត្តយើង។ តើតាមរបៀបណា? ក្នុងគម្ពីរ ព្រះយេហូវ៉ាបានរក្សាទុកពាក្យល្អដែលរំលឹកយើងថាយើងសំខាន់ចំពោះលោក ទោះជាយើងមានជំងឺក៏ដោយ។ (ទំនុក. ៣១:១៩; ៤១:៣) តាមរយៈបទគម្ពីរទាំងនោះ ព្រះយេហូវ៉ានឹងជួយយើងឲ្យយកឈ្នះអារម្មណ៍មិនត្រឹមត្រូវដែលមកពីជំងឺរបស់យើង។ សូមជឿជាក់ថាព្រះយេហូវ៉ាដឹងអំពីអ្វីដែលអ្នកកំពុងឆ្លងកាត់។ សូមអង្វរសុំលោកឲ្យជួយអ្នកមានទស្សនៈត្រឹមត្រូវចំពោះស្ថានភាពរបស់អ្នក។ បន្ទាប់មក សូមស្វែងរកពីគម្ពីរនូវពាក្យល្អដែលព្រះយេហូវ៉ាបានរក្សាទុកសម្រាប់អ្នក។ សូមផ្ដោតអារម្មណ៍លើបទគម្ពីរដែលបង្ហាញថាលោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្នកបម្រើលោក។ កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងឃើញថាព្រះយេហូវ៉ាមានចិត្តសប្បុរសចំពោះអស់អ្នកដែលបម្រើលោកយ៉ាងស្មោះត្រង់។—ទំនុក. ៨៤:១១ w២០.០១ ទំ. ១៥-១៦ វ. ៩-១០; ទំ. ១៧ វ. ១២
ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា
ចូរយកតម្រាប់តាមគំរូល្អ មិនមែនតាមគំរូអាក្រក់ឡើយ។—៣យ៉ូន. ១១
អ៊ីសាកជាអ្នកមាន ហើយជនជាតិភីលីស្ទីនច្រណែននឹងភាពមានបានរបស់គាត់។ (លោ. ២៦:១២-១៤) ពួកគេថែមទាំងបានចាក់ដីលុបអណ្ដូងដែលអ៊ីសាកប្រើដើម្បីផ្ដល់ទឹកដល់ហ្វូងសត្វរបស់គាត់ទៀតផង។ (លោ. ២៦:១៥, ១៦, ២៧) ដូចជនជាតិភីលីស្ទីនទាំងនោះ មនុស្សខ្លះនៅសព្វថ្ងៃនេះច្រណែនពួកអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងពួកគេ។ ពួកគេមិនគ្រាន់តែចង់បានអ្វីដែលអ្នកឯទៀតមានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនចង់ឲ្យអ្នកនោះមានអ្វីទាំងនោះដែរ។ ពួកអ្នកដឹកនាំសាសនាយូដាបានច្រណែនលោកយេស៊ូ ដោយសារមនុស្សជាច្រើនចូលចិត្តលោក។ (ម៉ាថ. ៧:២៨, ២៩) លោកយេស៊ូជាតំណាងរបស់ព្រះ ហើយលោកបានបង្រៀនសេចក្ដីពិត។ ទោះជាយ៉ាងនេះក្ដី អ្នកដឹកនាំសាសនាទាំងនេះបាននិយាយកុហកដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរបស់លោកយេស៊ូ។ (ម៉ាក. ១៥:១០; យ៉ូន. ១១:៤៧, ៤៨; ១២:១២, ១៣, ១៩) តើយើងអាចទាញយកមេរៀនដែលទុកជាការព្រមានអ្វីពីកំណត់ហេតុនេះ? យើងត្រូវធ្វើឲ្យប្រាកដថាយើងមិនចាប់ផ្ដើមច្រណែនបុគ្គលដែលមានបងប្អូនជាច្រើនស្រឡាញ់ ដោយសារគុណសម្បត្តិផ្សេងៗរបស់បុគ្គលនោះឡើយ។ ផ្ទុយទៅវិញ យើងគួរព្យាយាមធ្វើតាមការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់របស់បុគ្គលនោះ។—១កូ. ១១:១ w២០.០២ ទំ. ១៥ វ. ៤-៥
ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា
អ្នកនោះគឺត្រូវសំឡាប់។—អេធ. ៤:១១
សូមស្រមៃគិតថាអ្នកកំពុងរស់នៅស្រុកពើស៊ីប្រហែលជា២.៥០០ឆ្នាំមុន ហើយចង់និយាយទៅកាន់ស្ដេចនៅស្រុកនោះអំពីរឿងមួយ។ ដូច្នេះអ្នកធ្វើដំណើរទៅក្រុងស៊ូសានជាក្រុងដែលស្ដេចរស់នៅ។ ប៉ុន្តែ មុនអ្នកអាចនិយាយទៅកាន់ស្ដេចនោះ អ្នកត្រូវទទួលការអនុញ្ញាតពីគាត់សិន។ បើពុំនោះទេ អ្នកអាចបាត់បង់ជីវិត! យើងពិតជាសប្បាយរីករាយណាស់ដែលព្រះយេហូវ៉ាមិនដូចស្ដេចស្រុកពើស៊ីនោះ! យើងអាចនិយាយជាមួយនឹងលោកនៅពេលណាក៏បាន។ លោកចង់ឲ្យយើងមានអារម្មណ៍ស្រួលទាក់ទងជាមួយនឹងលោក។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានត្រូវហៅថាជាអ្នកបង្កើតដ៏ឧត្ដម ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងម្ចាស់ដ៏ឧត្ដមបំផុតជាដើម ប៉ុន្តែលោកនៅតែចង់ឲ្យយើងហៅលោកដោយប្រើពាក្យដ៏កក់ក្ដៅគឺ«បិតា»។ (ម៉ាថ. ៦:៩) ពេលយើងដឹងថាព្រះយេហូវ៉ាចង់ឲ្យយើងមានអារម្មណ៍ជិតស្និទ្ធបែបនេះជាមួយនឹងលោក យើងសប្បាយចិត្តណាស់! គឺសមត្រឹមត្រូវឲ្យយើងហៅលោកថា«បិតា» ពីព្រោះលោកគឺជាអ្នកបង្កើតយើង។ (ទំនុក. ៣៦:៩) ដោយសារលោកជាបិតារបស់យើង យើងត្រូវស្ដាប់បង្គាប់លោក។ ពេលយើងធ្វើតាមអ្វីដែលលោកសុំឲ្យយើងធ្វើ យើងនឹងទទួលពរដ៏អស្ចារ្យ។ (ហេ. ១២:៩) ពរមួយដែលយើងអាចទទួលគឺជីវិតដែលគ្មានទីបញ្ចប់ មិនថានៅស្ថានសួគ៌ឬនៅផែនដីក្ដី។ w២០.០២ ទំ. ២ វ. ១-៣
ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា
ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាម[លោកយេស៊ូ]។—ម៉ាថ. ២៨:១៩
គោលដៅរបស់យើងគឺជួយសិស្សគម្ពីររបស់យើងឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ (អេភ. ៤:១៣) ពេលបុគ្គលម្នាក់យល់ព្រមសិក្សាគម្ពីរ គាត់ប្រហែលជាចាប់អារម្មណ៍ខ្លាំងជាងគេអំពីរបៀបដែលគាត់ផ្ទាល់អាចទទួលប្រយោជន៍ពីការរៀនគម្ពីរ។ ប៉ុន្តែ កាលដែលគាត់ស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង នោះគាត់នឹងទំនងជាចាប់ផ្ដើមគិតអំពីរបៀបដែលគាត់អាចជួយអ្នកឯទៀត រួមទាំងបងប្អូនក្នុងក្រុមជំនុំ។ (ម៉ាថ. ២២:៣៧-៣៩) នៅពេលសមត្រឹមត្រូវ សូមកុំស្ទាក់ស្ទើរប្រាប់សិស្សរបស់អ្នកអំពីការមានឯកសិទ្ធិគាំទ្រសកម្មភាពរាជាណាចក្រព្រះ ដោយធ្វើវិភាគទាន។ ចូរបង្រៀនសិស្សគម្ពីររបស់អ្នកអំពីអ្វីដែលគួរធ្វើពេលបញ្ហាកើតឡើង។ ឧបមាថា សិស្សគម្ពីររបស់អ្នកដែលជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក បានប្រាប់អ្នកថាគាត់ទើសចិត្តនឹងបុគ្គលម្នាក់ក្នុងក្រុមជំនុំ។ ជាជាងកាន់ជើងខាងណាមួយ សូមពន្យល់គាត់នូវអ្វីដែលគម្ពីរចែងអំពីរឿងនោះ។ គាត់អាចអភ័យទោសឲ្យបងប្អូននោះ ហើយបំភ្លេចចោលរឿងរ៉ាវដែលបានកើតឡើង។ ឬក៏បើគាត់មិនអាចបំភ្លេចរឿងនោះបានទេ គាត់គួរទៅនិយាយជាមួយនឹងបងប្អូននោះដោយចិត្តស្លូតបូតនិងសេចក្ដីស្រឡាញ់ ក្នុងគោលបំណង«បានបងប្អូននោះមកវិញ»។ (សូមពិនិត្យបន្ថែម ម៉ាថាយ ១៨:១៥) សូមជួយសិស្សរបស់អ្នកឲ្យរៀបពាក្យដែលគាត់នឹងនិយាយ។ w២០.០១ ទំ. ៥-៦ វ. ១៤-១៥
ថ្ងៃច័ន្ទ ទី២៩ ខែវិច្ឆិកា
ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ។ . . . ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។—ទំនុក. ៣២:៥
យើងបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ាដែលលោកអភ័យទោសឲ្យយើង ពេលយើងអធិដ្ឋានសុំការអភ័យទោសពីលោក ទទួលយកការប្រដៅតម្រង់ និងព្យាយាមជៀសវាងមិនធ្វើខុសដដែលម្ដងហើយម្ដងទៀត។ ពេលយើងធ្វើដូច្នេះ យើងនឹងមានសេចក្ដីសុខសាន្តក្នុងចិត្តឡើងវិញ។ យើងពិតជាទទួលការលើកទឹកចិត្តមែន ដោយដឹងថា«ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»! (ទំនុក. ៣៤:១៨) កាលដែលទីបញ្ចប់កាន់តែជិតមកដល់ នឹងមានអ្វីៗកាន់តែច្រើនដែលអាចនាំឲ្យយើងតានតឹងចិត្ត។ ពេលអ្នកមានទុក្ខកង្វល់ សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាភ្លាមៗ។ សូមសិក្សាគម្ពីរដោយចិត្តខ្នះខ្នែង។ សូមរៀនពីគំរូរបស់ហាណា សាវ័កប៉ូល និងស្ដេចដាវីឌ។ សូមសុំបិតារបស់អ្នកនៅស្ថានសួគ៌ឲ្យជួយអ្នកយល់អំពីមូលហេតុដែលអ្នកមានទុក្ខកង្វល់។ (ទំនុក. ១៣៩:២៣) សូមលោកឲ្យជួយអ្នកស៊ូទ្រាំនឹងបញ្ហារបស់អ្នក ជាពិសេសបញ្ហាដែលហួសពីកម្លាំងរបស់អ្នក។ បើអ្នកធ្វើដូច្នេះ អ្នកអាចមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលបានច្រៀងជូនព្រះយេហូវ៉ាថា៖ «ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសំរាលទុក្ខទូលបង្គំ ដោយប្រទានអោយទូលបង្គំមានអំណរសប្បាយ»។—ទំន. [ទំនុក.] ៩៤:១៩, ខ.ស. w២០.០២ ទំ. ២៤ វ. ១៧; ទំ. ២៥ វ. ២០-២១
ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា
គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។—២ធី. ៣:១៦
ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ក្រោមការដឹកនាំរបស់ព្រះ» មានន័យត្រង់ថា«ព្រះបញ្ចេញដង្ហើម»។ ព្រះបានប្រើសកម្មពលរបស់លោក ដើម្បីបញ្ចូលគំនិតរបស់លោកទៅក្នុងគំនិតរបស់អ្នកសរសេរគម្ពីរ។ ពេលយើងអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន នោះការណែនាំរបស់ព្រះចូលក្នុងចិត្តនិងគំនិតរបស់យើង។ ការណែនាំទាំងនោះជំរុញចិត្តយើងឲ្យមានរបៀបរស់នៅដែលព្រះពេញចិត្ត។ (ហេ. ៤:១២) ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ យើងត្រូវលៃទុកពេលដើម្បីសិក្សាគម្ពីរជាទៀងទាត់ ហើយគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអាន។ យ៉ាងនេះ បណ្ដាំរបស់ព្រះនឹងមានឥទ្ធិពលលើពាក្យសម្ដីនិងការប្រព្រឹត្តទាំងអស់របស់យើង។ យើងក៏ត្រូវគោរពប្រណិប័តន៍ព្រះជាមួយគ្នាផងដែរ។ (ទំនុក. ២២:២២) នៅកិច្ចប្រជុំមានសកម្មពលរបស់ព្រះយេហូវ៉ា។ (បប. ២:២៩) ពេលយើងជួបជុំជាមួយនឹងបងប្អូនរួមជំនឿដើម្បីគោរពប្រណិប័តន៍ព្រះ យើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ យើងច្រៀងចម្រៀងរាជាណាចក្រដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ ហើយយើងស្ដាប់ការណែនាំដែលមានមូលដ្ឋានលើគម្ពីរ ដែលថ្លែងដោយបងប្រុសៗដែលបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ។ ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពេញលេញពីសកម្មពលបរិសុទ្ធ យើងត្រូវរៀបចំដើម្បីឆ្លើយនៅកិច្ចប្រជុំ។ w១៩.១១ ទំ. ១១ វ. ១៣-១៤