ខែធ្នូ
ថ្ងៃពុធ ទី១ ខែធ្នូ
មានពេលដែលគួរនៅស្ងៀម។—សាស្ដ. ៣:៧
បើយើងមិនគ្រប់គ្រងពាក្យសម្ដីរបស់យើងទេ នេះអាចបង្កឲ្យមានបញ្ហាជាច្រើន។ ជាឧទាហរណ៍ បើអ្នកជួបបងប្អូនណាម្នាក់ដែលរស់នៅប្រទេសដែលដាក់បម្រាមលើកិច្ចការរបស់យើង តើអ្នកចង់សុំគាត់ឲ្យប្រាប់ព័ត៌មានអំពីរបៀបដែលកិច្ចការរបស់យើងបានត្រូវធ្វើឡើងនៅប្រទេសនោះឬទេ? អ្នកច្បាស់ជាមិនមែនសួរដោយសារអ្នកចង់ធ្វើបាបពួកគេទេ។ យើងស្រឡាញ់បងប្អូនរបស់យើង និងចាប់អារម្មណ៍អំពីអ្វីដែលកើតឡើងចំពោះពួកគេ។ ម្យ៉ាងទៀត យើងចង់អធិដ្ឋានចំៗអំពីពួកគេ។ ប៉ុន្តែ នេះជាពេលដែលយើងគួរទប់អណ្ដាតរបស់យើង ដោយមិនសួរ។ បើយើងព្យាយាមបង្ខំបុគ្គលណាម្នាក់ឲ្យប្រាប់ព័ត៌មានសម្ងាត់ យើងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលនោះ និងចំពោះបងប្អូនដែលទុកចិត្តគាត់ឲ្យរក្សាការសម្ងាត់អំពីកិច្ចការរបស់ពួកគេឡើយ។ យើងច្បាស់ជាមិនចង់បន្ថែមការពិបាកដល់បងប្អូនរបស់យើងដែលរស់នៅក្នុងប្រទេសដែលដាក់បម្រាមលើកិច្ចការរបស់យើងទេ។ ម្យ៉ាងវិញទៀត គ្មានបងប្អូនណាម្នាក់ដែលបម្រើនៅប្រទេសបែបនេះគួរប្រាប់ព័ត៌មានអំពីរបៀបដែលសាក្សីនៅទីនោះបំពេញកិច្ចបម្រើផ្សាយឬសកម្មភាពជាគ្រិស្តសាសនិកឡើយ។ w២០.០៣ ទំ. ២១ វ. ១១-១២
ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ
អ្នកមិនស្លាប់ជាពិតមែនទេ។—លោ. ៣:៤
ព្រះមិនមានគោលបំណងឲ្យមនុស្សស្លាប់ទេ។ ប៉ុន្តែដើម្បីរស់ជារៀងរហូត អាដាមនិងអេវ៉ាត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា។ លោកបានឲ្យបង្គាប់ដ៏សាមញ្ញមួយដល់ពួកគេ គឺថា៖ «ឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោ. ២:១៦, ១៧) ប៉ុន្តែ សាថានបាននាំឲ្យមានបញ្ហា។ តាមរយៈសត្វពស់ វានិយាយទៅកាន់អេវ៉ាពាក្យក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ។ គួរឲ្យស្ដាយណាស់ គាត់បានជឿការកុហកនោះ ហើយបានបរិភោគផ្លែនោះ។ ក្រោយមក ប្ដីរបស់គាត់ក៏បានបរិភោគផ្លែពីដើមនោះដែរ។ (លោ. ៣:៦) តាមរបៀបនេះ ភាពខុសឆ្គងនិងសេចក្ដីស្លាប់បានចូលក្នុងពិភពលោក។ (រ៉ូម ៥:១២) អាដាមនិងអេវ៉ាបានស្លាប់ ដូចដែលព្រះបានមានប្រសាសន៍។ ប៉ុន្តែ សាថានមិនឈប់កុហកអំពីសេចក្ដីស្លាប់ទេ។ ក្រោយមក វាចាប់ផ្ដើមប្រើពាក្យកុហកផ្សេងទៀត។ ការភូតភរមួយគឺសេចក្ដីបង្រៀនថារូបកាយស្លាប់ ប៉ុន្តែព្រលឹងរបស់បុគ្គលនោះបន្តរស់នៅ ប្រហែលជានៅក្នុងពិភពនៃពួកវិញ្ញាណ។ ការកុហកស្រដៀងនឹងនេះបានបោកបញ្ឆោតមនុស្សជាច្រើនរហូតដល់សព្វថ្ងៃនេះ។—១ធី. ៤:១ w១៩.០៤ ទំ. ១៤-១៥ វ. ៣-៤
ថ្ងៃសុក្រ ទី៣ ខែធ្នូ
កាលដែលខ្ញុំនៅជាទារក ខ្ញុំនិយាយដូចទារក គិតដូចទារក និងវែកញែកដូចទារក។—១កូ. ១៣:១១
កូនក្មេងមិនទាន់មានសមត្ថភាពពេញលេញក្នុងការគិតគូរ វែកញែកហេតុផល ឬសម្គាល់អ្វីដែលនាំឲ្យមានគ្រោះថ្នាក់ទេ។ ដូច្នេះ គឺងាយស្រួលឲ្យបុគ្គលណាម្នាក់បោកបញ្ឆោតនិងធ្វើបាបកូនក្មេង។ បុគ្គលនោះកុហកកូនក្មេងដោយនិយាយពាក្យដូចជា នេះជាកំហុសរបស់កូនក្មេងនោះ ឬថាគាត់មិនត្រូវប្រាប់អ្នកណាអំពីរឿងនេះ គ្មានអ្នកណានឹងជឿឬយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់និយាយទេ ឬថាការប្រព្រឹត្តបែបនេះរវាងមនុស្សពេញវ័យនិងកូនក្មេងគឺជារបៀបធម្មតាដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះ។ ការកុហកបែបនេះអាចបង្ខូចសមត្ថភាពរិះគិតរបស់កូនក្មេង ហើយនឹងត្រូវការពេលជាច្រើនឆ្នាំ ទើបគាត់ដឹងថាអ្វីទាំងនោះគឺជាការកុហក។ ក្មេងបែបនោះប្រហែលជាធំឡើងដោយគិតថាខ្លួនគាត់បានត្រូវគេបង្ខូច មិនស្អាតបរិសុទ្ធ ហើយមិនសមនឹងទទួលសេចក្ដីស្រឡាញ់ឬការសម្រាលទុក្ខពីអ្នកណាទេ។ ហេតុនេះហើយ យើងមិនភ្ញាក់ផ្អើលទេដែលការបៀតបៀនកេរ្ដិ៍ខ្មាសកុមារអាចបណ្ដាលឲ្យជនរងគ្រោះមានការឈឺចាប់អស់ជាច្រើនឆ្នាំ។ យើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ ជាគ្រាដែលមនុស្សជាច្រើន«គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស» ហើយជាគ្រាដែល«មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅៗ»។—២ធី. ៣:១-៥, ១៣ w១៩.០៥ ទំ. ១៥ វ. ៧-៨
ថ្ងៃសៅរ៍ ទី៤ ខែធ្នូ
ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក។—កាឡ. ៦:២
តើលោកយេស៊ូបានបង្រៀនមនុស្សតាមរបៀបណា? ទី១ លោកបង្រៀនពួកគេតាមរយៈពាក្យសម្ដីរបស់លោក។ ពាក្យសម្ដីរបស់លោកមានឥទ្ធិពលដោយសារលោកប្រាប់សេចក្ដីពិតអំពីព្រះ បង្រៀនអំពីគោលបំណងពិតនៃជីវិត និងបង្ហាញថារាជាណាចក្ររបស់ព្រះជាដំណោះស្រាយសម្រាប់ទុក្ខវេទនាទាំងអស់របស់មនុស្ស។ (លូក. ២៤:១៩) លោកយេស៊ូក៏បានបង្រៀនមនុស្សតាមរយៈគំរូរបស់លោកដែរ។ តាមរយៈរបៀបរស់នៅរបស់លោក លោកបង្ហាញអ្នកកាន់តាមលោកថាពួកគេគួរមានរបៀបរស់នៅបែបណា។ (យ៉ូន. ១៣:១៥) តើលោកយេស៊ូបានបង្រៀនមនុស្សនៅពេលណា? លោកបានបង្រៀនមនុស្សក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី។ (ម៉ាថ. ៤:២៣) លោកក៏បានបង្រៀនអ្នកកាន់តាមលោកមិនយូរក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ លោកបានលេចមកជួបពួកអ្នកកាន់តាមលោកមួយក្រុម ដែលប្រហែលជាមានគ្នា៥០០នាក់ជាង ហើយបានបង្គាប់ពួកគេឲ្យ‹បង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក›។ (ម៉ាថ. ២៨:១៩, ២០; ១កូ. ១៥:៦) ក្នុងនាមជាប្រមុខក្រុមជំនុំ លោកយេស៊ូបន្តណែនាំពួកអ្នកកាន់តាមលោកក្រោយពីលោកបានត្រឡប់ទៅស្ថានសួគ៌វិញ។ ជាឧទាហរណ៍ ប្រហែលជានៅឆ្នាំ៩៦ គ.ស. គ្រិស្តបានបង្គាប់សាវ័កយ៉ូហានឲ្យលើកទឹកចិត្ត និងផ្ដល់ឱវាទដល់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង។—កូឡ. ១:១៨; បប. ១:១ w១៩.០៥ ទំ. ៣ វ. ៤-៥
ថ្ងៃអាទិត្យ ទី៥ ខែធ្នូ
[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង។—ភី. ១:១០
នៅសព្វថ្ងៃនេះ មនុស្សត្រូវខំប្រឹងធ្វើការដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។ បងប្អូនជាច្រើននាក់ធ្វើការច្រើនម៉ោងដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការដ៏សំខាន់ចាំបាច់របស់ក្រុមគ្រួសារ។ បងប្អូនជាច្រើននាក់ទៀតត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការធ្វើដំណើរទៅធ្វើការនិងត្រឡប់មកផ្ទះវិញ។ បងប្អូនជាច្រើននាក់ក៏ត្រូវធ្វើការដោយប្រើកម្លាំងកាយ។ ដូច្នេះ នៅពេលល្ងាចក្រោយពេលត្រឡប់ទៅផ្ទះវិញពួកគេអស់កម្លាំងខ្លាំងណាស់! ពួកគេមិនមានចិត្តចង់សិក្សាស្រាវជ្រាវទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែរកពេលដើម្បីសិក្សាបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗរបស់យើងជាគ្រិស្តសាសនិកពិត។ ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ានិងការរស់ជារៀងរហូតអាស្រ័យទៅលើការធ្វើដូច្នេះ! (១ធី. ៤:១៥) បងប្អូនខ្លះភ្ញាក់ពីព្រលឹមរាល់ថ្ងៃដើម្បីសិក្សានៅពេលស្ងាត់ និងពេលដែលខួរក្បាលស្រឡះ។ បងប្អូនឯទៀតលៃទុកពេលនៅពេលយប់មុនចូលគេងដើម្បីសិក្សានិងរំពឹងគិត។ w១៩.០៥ ទំ. ២៦ វ. ១-២
ថ្ងៃច័ន្ទ ទី៦ ខែធ្នូ
ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា។—រ៉ូម ១២:២
ការផ្លាស់ប្ដូរទាំងនេះមិនកើតឡើងភ្លាមៗទេ ហើយវាក៏មិនកើតឡើងដោយស្វ័យប្រវត្តិដែរ។ យើងប្រហែលជាត្រូវ«ខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត»អស់ជាច្រើនឆ្នាំ។ (២ពេ. ១:៥) ដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់យើង យើងត្រូវខំប្រឹងអស់ពីសមត្ថភាព។ អ្វីដែលសំខាន់ទី១គឺការអធិដ្ឋាន។ យើងត្រូវអធិដ្ឋានដូចអ្នកតែងទំនុកតម្កើងដែលបានអធិដ្ឋានថា៖ «ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង»។ (ទំនុក. ៥១:១០) យើងត្រូវទទួលស្គាល់ថាយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់យើង ហើយសុំជំនួយពីព្រះយេហូវ៉ាដើម្បីយើងអាចធ្វើដូច្នេះ។ អ្វីដ៏សំខាន់ទី២គឺការរំពឹងគិត។ កាលដែលយើងអានបណ្ដាំរបស់ព្រះដោយយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ យើងត្រូវលៃទុកពេលដើម្បីរំពឹងគិត ឬគិតយ៉ាងជ្រាលជ្រៅអំពីគំនិតនិងអារម្មណ៍ខ្លះដែលយើងត្រូវផ្លាស់ប្ដូរ។ (ទំនុក. ១១៩:៥៩; ហេ. ៤:១២; យ៉ា. ១:២៥) យើងត្រូវចេះកត់សម្គាល់គំនិតនិងអារម្មណ៍ណាដែលយើងបានទទួលឥទ្ធិពលពីពិភពលោកនេះ។ យើងត្រូវទទួលស្គាល់យ៉ាងស្មោះនូវចំណុចខ្សោយរបស់យើង និងខំប្រឹងលះចោលចំណុចខ្សោយទាំងនោះ។ w១៩.០៦ ទំ. ៨ វ. ១; ទំ. ១០ វ. ១០-១១; ទំ. ១២ វ. ១២
ថ្ងៃអង្គារ ទី៧ ខែធ្នូ
[ចូរ]ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។—អេភ. ៥:១៦
ពេលអ្នកធ្វើការសម្រេចចិត្ត សូមកំណត់ពេលវេលាដែលអ្នកនឹងធ្វើតាមការសម្រេចចិត្តរបស់អ្នក ហើយសូមកុំផ្លាស់ប្ដូរពេលវេលានោះឡើយ។ សូមកុំរង់ចាំរហូតដល់មានស្ថានភាពល្អឥតខ្ចោះដើម្បីចាប់ផ្ដើមធ្វើ ពីព្រោះគ្មានស្ថានភាពល្អឥតខ្ចោះនោះទេ។ (សាស្ដ. ១១:៤) ចូរប្រុងប្រយ័ត្នកុំឲ្យអ្វីដែលមិនសូវសំខាន់ស៊ីពេលវេលានិងកម្លាំងដែលអ្នកត្រូវការសម្រាប់ធ្វើអ្វីដែលសំខាន់ជាង។ (ភី. ១:១០) បើអាចធ្វើបាន សូមជ្រើសរើសពេលវេលាណាមួយដែលមិនសូវមានអ្នកឯទៀតមករំខាន។ សូមប្រាប់អ្នកឯទៀតថាអ្នកត្រូវការពេលដើម្បីផ្ចង់អារម្មណ៍។ ម្យ៉ាងទៀត សូមបិទទូរស័ព្ទរបស់អ្នក ហើយឆែកមើលអ៊ីមែល ឬបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នានៅពេលក្រោយ។ លទ្ធផលនៃការសម្រេចចិត្តរបស់អ្នកប្រៀបដូចជាគោលដៅរបស់អ្នកធ្វើដំណើរ។ បើអ្នកនោះចង់ទៅដល់គោលដៅ គាត់នឹងបន្តដំណើរ ទោះជាគាត់ដឹងថាគាត់ត្រូវធ្វើដំណើរតាមផ្លូវផ្សេងក្ដី។ ស្រដៀងគ្នាដែរ បើយើងផ្ដោតអារម្មណ៍ទៅលើលទ្ធផលនៃការសម្រេចចិត្តរបស់យើង យើងនឹងមិនឈប់ព្យាយាមទេ ពេលដែលយើងជួបឧបសគ្គ ឬត្រូវរកវិធីផ្សេងដើម្បីសម្រេចគោលដៅនោះ។—កាឡ. ៦:៩ w១៩.១១ ទំ. ៣០ វ. ១៧-១៨
ថ្ងៃពុធ ទី៨ ខែធ្នូ
បណ្ដាំរបស់ព្រះ . . . អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត។—ហេ. ៤:១២
តើអ្វីគួរជាមូលហេតុដែលអ្នកសម្រេចចិត្តទទួលការជ្រមុជទឹក? ដោយសារអ្នកសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់ នោះអ្នកបានរៀនច្រើនអំពីព្រះយេហូវ៉ា ពោលគឺគុណសម្បត្តិរបស់លោកនិងរបៀបដែលលោកធ្វើអ្វីផ្សេងៗ។ អ្វីដែលអ្នកបានរៀនអំពីលោកធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ ហើយជំរុញចិត្តអ្នកឲ្យស្រឡាញ់លោកជាខ្លាំង។ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាត្រូវតែជាមូលហេតុចម្បងដែលអ្នកសម្រេចចិត្តទទួលការជ្រមុជទឹក។ មូលហេតុមួយទៀតដែលអ្នកសម្រេចចិត្តទទួលការជ្រមុជទឹកគឺអ្នកបានរៀននិងជឿអ្វីដែលគម្ពីរបង្រៀន។ សូមគិតអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ ពេលលោកបានឲ្យបង្គាប់អំពីការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថ. ២៨:១៩, ២០) លោកយេស៊ូបានមានប្រសាសន៍ថា ពួកអ្នកដែលទទួលការជ្រមុជទឹកត្រូវធ្វើដូច្នេះ«ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក»។ តើនេះមានន័យយ៉ាងណា? អ្នកត្រូវជឿអស់ពីចិត្តនូវសេចក្ដីពិតក្នុងគម្ពីរអំពីព្រះយេហូវ៉ា លោកយេស៊ូដែលជាបុត្រលោក និងសកម្មពលបរិសុទ្ធ។ សេចក្ដីបង្រៀនទាំងនេះមានឫទ្ធានុភាព ហើយអាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្តរបស់អ្នក។ w២០.០៣ ទំ. ៩ វ. ៨-៩
ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ
[ចូរ]មានចិត្តធ្ងន់ចំពោះមនុស្សទាំងអស់ ដាស់តឿនពួកអ្នកដែលប្រព្រឹត្តខុសគន្លង . . .ហើយគាំពារពួកអ្នកដែលខ្សោយ។—១ថែ. ៥:១៤
ព្រះយេហូវ៉ាមិនគ្រាន់តែបានចាត់ទេវតាឲ្យព្រមានឡុតប៉ុណ្ណោះទេ តែក៏បានចាត់ទេវតាដើម្បីជួយគាត់ឲ្យរួចផុតពីអន្តរាយដែលនឹងកើតឡើងនៅក្រុងសូដុម។ (លោ. ១៩:១២-១៤, ១៧) ស្រដៀងគ្នាដែរ យើងប្រហែលជាត្រូវព្រមានបងប្អូនណាម្នាក់ បើយើងឃើញថាគាត់កំពុងធ្វើអ្វីដែលអាចនាំឲ្យគាត់មានបញ្ហា។ ទោះជាគាត់មិនឆាប់ធ្វើតាមយោបល់ដែលគាត់បានទទួលពីគម្ពីរក្ដី យើងត្រូវបង្ហាញចិត្តអត់ធ្មត់។ ចូរធ្វើដូចទេវតាទាំងពីររូបដែលបានជួយឡុត។ ជាជាងឈប់ព្យាយាម ហើយដកខ្លួនចេញពីគាត់ យើងចង់ស្វែងរករបៀបដែលយើងអាចជួយគាត់។ (១យ៉ូន. ៣:១៨) ក្នុងន័យធៀប យើងប្រហែលជាត្រូវ«ចាប់ដៃ»បងប្អូននោះ ដោយស្នើសុំជួយគាត់ដើម្បីគាត់អាចធ្វើតាមយោបល់ដែលគាត់បានទទួល។ ព្រះយេហូវ៉ាមិនបានផ្ដោតអារម្មណ៍ទៅលើភាពទន់ខ្សោយរបស់ឡុតទេ។ លោកបានដឹកនាំសាវ័កពេត្រុសឲ្យកត់ទុកក្នុងគម្ពីរថាឡុតជាបុរសសុចរិត។ (ទំនុក. ១៣០:៣) តើយើងអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាដោយមានទស្សនៈចំពោះអ្នកឯទៀតដូចលោកមានចំពោះឡុតឬទេ? បើយើងផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់បងប្អូនយើង យើងនឹងមានចិត្តអត់ធ្មត់ច្រើនជាងចំពោះពួកគេ ហើយពួកគេទំនងជានឹងព្រមទទួលជំនួយពីយើង។ w១៩.០៦ ទំ. ២១ វ. ៦-៧
ថ្ងៃសុក្រ ទី១០ ខែធ្នូ
ម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន។—កាឡ. ៦:៥
បើរដ្ឋាភិបាលនៅប្រទេសដែលអ្នករស់នៅដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះ អ្នកប្រហែលជាឆ្ងល់ថា តើអ្នកគួររើទៅប្រទេសដែលអ្នកអាចមានសេរីភាពក្នុងការបម្រើព្រះយេហូវ៉ាឬទេ? នេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន គ្មានអ្នកណាអាចធ្វើការសម្រេចចិត្តនេះជំនួសអ្នកបានឡើយ។ មុនធ្វើការសម្រេចចិត្ត បងប្អូនខ្លះប្រហែលជាគិតអំពីអ្វីដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានធ្វើពេលដែលពួកគេរងការបៀតបៀន។ អ្នកកាន់តាមនៅក្រុងយេរូសាឡិមបានរើទៅកន្លែងផ្សេងៗនៅតំបន់យូឌា និងតំបន់សាម៉ារី ហើយរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក។ (ម៉ាថ. ១០:២៣; សកម្ម. ៨:១; ១១:១៩) ប៉ុន្តែ បន្ទាប់ពីគ្រាមួយដែលមានការបៀតបៀនលើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ សាវ័កប៉ូលបានសម្រេចចិត្តមិនរើចេញពីតំបន់ដែលមានការប្រឆាំងចំពោះកិច្ចការផ្សព្វផ្សាយទេ។ (សកម្ម. ១៤:១៩-២៣) តើយើងរៀនអ្វីពីកំណត់ហេតុទាំងនេះ? ប្រមុខគ្រួសារនីមួយៗត្រូវធ្វើការសម្រេចចិត្តដោយផ្ទាល់អំពីការរើទៅកន្លែងផ្សេង។ មុនធ្វើការសម្រេចចិត្ត គាត់គួរអធិដ្ឋាននិងពិចារណាយ៉ាងដិតដល់អំពីស្ថានភាពរបស់ក្រុមគ្រួសារគាត់ និងអំពីលទ្ធផលល្អនិងអាក្រក់ដែលមកពីការរើទៅកន្លែងផ្សេង។ យើងមិនគួរវិនិច្ឆ័យអ្នកឯទៀតចំពោះការសម្រេចចិត្តរបស់ពួកគេទេ។ w១៩.០៧ ទំ. ១០ វ. ៨-៩
ថ្ងៃសៅរ៍ ទី១១ ខែធ្នូ
ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក។—យ៉ូន. ១៧:៣
លោកយេស៊ូបានប្រាប់យើងថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៨:១៩) យើងមិនគ្រាន់តែបង្រៀនសិស្សអំពីអ្វីដែលលោកយេស៊ូតម្រូវពីអ្នកកាន់តាមលោកប៉ុណ្ណោះទេ យើងក៏ត្រូវជួយគាត់ឲ្យដឹងអំពីរបៀបដែលគាត់អាចរស់នៅជាគ្រិស្តសាសនិកពិត។ ដោយចិត្តអត់ធ្មត់ យើងត្រូវជួយគាត់កាលដែលគាត់ខំព្យាយាមធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតរបស់គាត់។ សិស្សគម្ពីរខ្លះអាចផ្លាស់ប្ដូររបៀបគិតគូរនិងទម្លាប់របស់ពួកគេក្នុងប៉ុន្មានខែប៉ុណ្ណោះ រីឯសិស្សឯទៀតត្រូវការពេលយូរជាង។ បទពិសោធន៍របស់សាសនទូតម្នាក់នៅប្រទេសប៉េរូបង្ហាញអំពីប្រយោជន៍ដែលមកពីការមានចិត្តអត់ធ្មត់។ គាត់និយាយថា៖ «ខ្ញុំបានសិក្សាសៀវភៅពីរក្បាលជាមួយនឹងសិស្សគម្ពីរម្នាក់ឈ្មោះរ៉ាអ៊ូល។ ប៉ុន្តែ គាត់នៅតែមានបញ្ហាជាច្រើនក្នុងជីវិត។ គាត់តែងតែមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ប្រើពាក្យអសុរោះ និងកូនរបស់គាត់មិនគោរពគាត់ដោយសារការប្រព្រឹត្តមិនល្អរបស់គាត់។ ប៉ុន្តែ គាត់បានទៅប្រជុំជាទៀងទាត់ ដូច្នេះខ្ញុំបន្តទៅលេងគាត់ដើម្បីជួយគាត់និងក្រុមគ្រួសាររបស់គាត់។ ជាងបីឆ្នាំក្រោយពីខ្ញុំបានជួបគាត់លើកដំបូង គាត់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក»។ w១៩.០៧ ទំ. ១៥ វ. ៣; ទំ. ១៨-១៩ វ. ១៥-១៧
ថ្ងៃអាទិត្យ ទី១២ ខែធ្នូ
ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំង។—លូក. ១៣:២៤
សូមគិតអំពីការខំប្រឹងយ៉ាងខ្លាំងរបស់ប៉ូលពេលដែលគាត់បានសរសេរសំបុត្រទៅគ្រិស្តសាសនិកនៅក្រុងភីលីព។ គាត់បានត្រូវគេឃុំនៅផ្ទះនាក្រុងរ៉ូម ហើយមិនអាចចេញទៅក្រៅដើម្បីផ្សព្វផ្សាយបានឡើយ។ ប៉ុន្តែ គាត់បានបន្តជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ ដោយផ្សព្វផ្សាយដល់ពួកអ្នកដែលមកផ្ទះរបស់គាត់ និងដោយសរសេរសំបុត្រទៅក្រុមជំនុំផ្សេងៗដែលនៅឆ្ងាយ។ ប៉ូលដឹងថា ដូចដែលគ្រិស្តបានធ្វើ គាត់ក៏ត្រូវខំប្រឹងយ៉ាងខ្លាំងរហូតដល់ទីបញ្ចប់។ ដូច្នេះ គាត់បានប្រៀបប្រដូចជីវិតជាគ្រិស្តសាសនិកទៅនឹងការរត់ប្រណាំង។ (១កូ. ៩:២៤-២៧) ជាធម្មតា អ្នករត់ប្រណាំងផ្ដោតអារម្មណ៍ទៅលើទីផ្ដាច់ព្រ័ត្រ និងជៀសវាងពីអ្វីដែលអាចបំបែរអារម្មណ៍។ ជាឧទាហរណ៍ អ្នករត់ប្រណាំងដែលរត់នៅក្នុងក្រុង ត្រូវរត់តាមផ្លូវដែលមានហាងទំនិញ ឬអ្វីផ្សេងទៀតដែលអាចបំបែរអារម្មណ៍គាត់។ តើអ្នកគិតថាអ្នកដែលកំពុងរត់ប្រណាំងនឹងឈប់ដើម្បីមើលអ្វីដែលមាននៅក្នុងហាងទំនិញឬទេ? គាត់ប្រាកដជាមិនធ្វើបែបនោះទេ បើគាត់ចង់ទទួលជ័យជម្នះក្នុងការប្រកួត! ក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត យើងក៏ត្រូវជៀសវាងពីអ្វីដែលអាចបំបែរអារម្មណ៍យើងដែរ។ បើយើងបន្តផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់យើង ហើយខំប្រឹងយ៉ាងខ្លាំងដូចប៉ូល យើងនឹងទទួលរង្វាន់! w១៩.០៨ ទំ. ៣ វ. ៤, ៧
ថ្ងៃច័ន្ទ ទី១៣ ខែធ្នូ
ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក . . . ព្រោះដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក។—១ធី. ៤:១៦
ពេលយើងកែប្រែជីវិតដើម្បីមានរបៀបរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ សាច់ញាតិរបស់យើងប្រហែលជាពិបាកទទួលយកជំនឿនិងរបៀបរស់នៅថ្មីរបស់យើង។ ច្រើនដង អ្វីដែលពួកគេកត់សម្គាល់ដំបូងបង្អស់ គឺថាយើងលែងចូលរួមក្នុងពិធីបុណ្យសាសនា និងរឿងនយោបាយ។ នៅដើមដំបូងសាច់ញាតិខ្លះប្រហែលជាខឹងយើង។ (ម៉ាថ. ១០:៣៥, ៣៦) ប៉ុន្តែ យើងមិនគួរឈប់ព្យាយាមជួយពួកគេឡើយ។ បើយើងឈប់ព្យាយាមជួយពួកគេឲ្យយល់អំពីជំនឿរបស់យើង គឺហាក់ដូចជាយើងបានវិនិច្ឆ័យពួកគេថាមិនសមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យយើងវិនិច្ឆ័យអ្នកណាទេ នេះជាភារកិច្ចរបស់លោកយេស៊ូ។ (យ៉ូន. ៥:២២) បើយើងមានចិត្តអត់ធ្មត់ នៅថ្ងៃណាមួយសាច់ញាតិរបស់យើងប្រហែលជានឹងសុខចិត្តស្ដាប់ដំណឹងដែលយើងផ្សព្វផ្សាយ។ ទោះជាយើងរងទុក្ខលំបាកក្ដី យើងត្រូវរក្សាជំហររឹងមាំ តែនិយាយអ្វីដែលមិនធ្វើឲ្យទើសចិត្ត។ (១កូ. ៤:១២ខ) ប្រហែលជាត្រូវការពេលមួយរយៈ មុនដែលសាច់ញាតិរបស់យើងយល់ថាការបម្រើព្រះយេហូវ៉ាគឺសំខាន់យ៉ាងណាចំពោះយើង។ w១៩.០៨ ទំ. ១៧ វ. ១០, ១៣; ទំ. ១៨ វ. ១៤
ថ្ងៃអង្គារ ទី១៤ ខែធ្នូ
ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។—ភី. ៤:១៣
«ពេលខ្ញុំគិតអំពីទុក្ខលំបាកដែលខ្ញុំឆ្លងកាត់ ខ្ញុំដឹងថាខ្ញុំមិនអាចប្រឈមមុខនឹងទុក្ខលំបាកនោះដោយខ្លួនឯងបានទេ»។ តើអ្នកធ្លាប់និយាយបែបនេះឬទេ? យើងជាច្រើននាក់ធ្លាប់និយាយដូច្នេះ។ នេះប្រហែលជាដោយសារអ្នកបានស៊ូទ្រាំនឹងជំងឺធ្ងន់ធ្ងរ ឬមានបុគ្គលជាទីស្រឡាញ់ស្លាប់។ ពេលដែលអ្នកគិតអំពីទុក្ខលំបាកនោះ អ្នកមានអារម្មណ៍ថាអ្នកអាចស៊ូទ្រាំពីមួយថ្ងៃទៅមួយថ្ងៃបាន ដោយសារតែសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧-៩) យើងក៏ត្រូវពឹងផ្អែកលើសកម្មពលបរិសុទ្ធដើម្បីជួយយើងឲ្យទប់ទល់នឹងឥទ្ធិពលរបស់ពិភពលោកដ៏អាក្រក់នេះ។ (១យ៉ូន. ៥:១៩) បន្ថែមទៅទៀត យើងត្រូវតយុទ្ធនឹង«ពួកវិញ្ញាណទុច្ចរិត»។ (អេភ. ៦:១២) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយយើង ដោយផ្ដល់កម្លាំងឲ្យយើងដើម្បីបំពេញភារកិច្ចរបស់យើង ទោះជាយើងមានទុក្ខលំបាកក្ដី។ ដោយសារសាវ័កប៉ូលបានពឹងផ្អែកទៅលើ«ឫទ្ធានុភាពរបស់គ្រិស្ត» នោះគាត់អាចបន្តបម្រើព្រះយេហូវ៉ានិងបំពេញកិច្ចបម្រើផ្សាយរបស់គាត់បាន ទោះជាគាត់មានទុក្ខលំបាកក៏ដោយ។—២កូ. ១២:៩ w១៩.១១ ទំ. ៨ វ. ១-៣
ថ្ងៃពុធ ទី១៥ ខែធ្នូ
អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ។—យ៉ូន. ១៤:៩
គម្ពីរគឺជាសៀវភៅតែមួយគត់ដែលពន្យល់យ៉ាងត្រឹមត្រូវអំពីអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់អ្នក។ ចូររៀនស្រឡាញ់លោកយេស៊ូ យ៉ាងនេះសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកាន់តែខ្លាំងឡើងៗ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូមានគុណសម្បត្តិដូចបិតារបស់លោកបេះបិទ។ ដូច្នេះ ពេលអ្នកកាន់តែរៀនអំពីលោកយេស៊ូ អ្នកនឹងកាន់តែយល់និងមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ សូមគិតអំពីសេចក្ដីអាណិតមេត្តាដែលលោកយេស៊ូបានបង្ហាញចំពោះពួកអ្នកដែលត្រូវគេមើលងាយ ដូចជាអ្នកក្រ បុគ្គលដែលឈឺ ឬមនុស្សទន់ខ្សោយ។ សូមគិតផងដែរអំពីយោបល់ដែលលោកផ្ដល់ឲ្យអ្នកសម្រាប់ជីវិតប្រចាំថ្ងៃ និងរបៀបដែលជីវិតរបស់អ្នកកាន់តែប្រសើរឡើងពេលអ្នកធ្វើតាមយោបល់នោះ។ (ម៉ាថ. ៥:១-១១; ៧:២៤-២៧) សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះលោកយេស៊ូគឺទំនងជាកើនឡើង កាលដែលអ្នកគិតយ៉ាងស៊ីជម្រៅអំពីគ្រឿងបូជារបស់លោកដើម្បីឲ្យការខុសឆ្គងរបស់យើងអាចទទួលការអភ័យទោស។ (ម៉ាថ. ២០:២៨) ពេលអ្នកយល់ថាលោកយេស៊ូបានសុខចិត្តស្លាប់ដើម្បីអ្នក នោះអាចជំរុញអ្នកឲ្យប្រែចិត្តនិងសុំការអភ័យទោសពីព្រះយេហូវ៉ា។ (សកម្ម. ៣:១៩, ២០; ១យ៉ូន. ១:៩) មួយវិញទៀត កាលដែលអ្នកកាន់តែស្រឡាញ់លោកយេស៊ូនិងព្រះយេហូវ៉ា នោះអ្នកនឹងកាន់តែចង់ជិតស្និទ្ធនឹងបុគ្គលដែលមានអារម្មណ៍ដូចអ្នកចំពោះលោកទាំងពីរ។ w២០.០៣ ទំ. ៥-៦ វ. ១០-១២
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ
ព្រះ . . . ឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។—១ពេ. ៥:៥
បងប្រុសដែលជាគ្រិស្តសាសនិកម្នាក់អាចចាប់ផ្ដើមគិតថាគាត់គឺជាអ្នកដែលមានគុណសម្បត្តិល្អជាងគេ ដើម្បីបំពេញភារកិច្ចណាមួយក្នុងក្រុមជំនុំ។ ឬក៏ប្រពន្ធដែលជាគ្រិស្តសាសនិកម្នាក់ប្រហែលជាគិតថា ‹ប្ដីខ្ញុំនឹងបំពេញភារកិច្ចនេះប្រសើរជាងបងប្រុសនោះ!›។ ប៉ុន្តែ បើយើងមានចិត្តរាបទាបពិតប្រាកដ យើងនឹងមិនគិតដូច្នេះទេ។ យើងអាចរៀនពីប្រតិកម្មរបស់ម៉ូសេ ពេលអ្នកឯទៀតបានទទួលឯកសិទ្ធិ។ ម៉ូសេបានឲ្យតម្លៃចំពោះភារកិច្ចរបស់គាត់ជាអ្នកនាំមុខប្រជាជាតិអ៊ីស្រាអែល។ ពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្នកឯទៀតធ្វើកិច្ចការខ្លះជាមួយនឹងម៉ូសេ តើគាត់មានប្រតិកម្មយ៉ាងណា? គាត់មិនបានច្រណែនទេ។ (ជន. ១១:២៤-២៩) ដោយចិត្តរាបទាប គាត់បានអនុញ្ញាតឲ្យអ្នកឯទៀតវិនិច្ឆ័យបណ្ដាជនជាមួយនឹងគាត់។ (និក្ខ. ១៨:១៣-២៤) យ៉ាងនេះ មានបុរសថែមទៀតដែលអាចជួយជនជាតិអ៊ីស្រាអែល ហើយបណ្ដាជនមិនចាំបាច់រង់ចាំយូរដើម្បីទទួលការវិនិច្ឆ័យក្ដី។ នេះបង្ហាញយើងថា ម៉ូសេមិនបានចាត់ទុកឯកសិទ្ធិរបស់គាត់ថាសំខាន់ជាងប្រយោជន៍របស់អ្នកឯទៀតឡើយ។ នេះពិតជាគំរូល្អសម្រាប់យើងមែន! សូមចាំថា បើយើងចង់ឲ្យព្រះយេហូវ៉ាប្រើយើង ការមានចិត្តរាបទាបគឺសំខាន់ជាងសមត្ថភាពរបស់យើង។ w១៩.០៩ ទំ. ៥-៦ វ. ១៣-១៤
ថ្ងៃសុក្រ ទី១៧ ខែធ្នូ
ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់។—ទំនុក. ៣១:២៣
យើងមិនដឹងថាពួកអ្នកដឹកនាំក្នុងពិភពលោកនឹងមានហេតុផលអ្វីចំពោះការវាយប្រហារលើបាប៊ីឡូនដ៏ខ្លាំងក្លាទេ។ ពួកគេប្រហែលជានិយាយថា សាសនាគឺជាឧបសគ្គដែលរារាំងមិនឲ្យពិភពលោកមានសេចក្ដីសុខសាន្ត ហើយថាសាសនាជ្រៀតជ្រែកក្នុងរឿងនយោបាយ។ ឬពួកគេប្រហែលជានិយាយថា សាសនាប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់។ (បប. ១៨:៣, ៧) តាមមើលទៅ ការវាយប្រហារនេះមិនមានន័យថាសមាជិកទាំងឡាយនៃសាសនាទាំងនោះនឹងត្រូវបំផ្លាញឡើយ។ ផ្ទុយទៅវិញ ពួកអ្នកដឹកនាំក្នុងពិភពលោកនឹងបំបាត់ចោលសាសនា។ ពេលសាសនាទាំងនោះបានត្រូវបំបាត់ចោលហើយ បុគ្គលដែលធ្លាប់ជាសមាជិកសាសនាទាំងនោះ នឹងទទួលស្គាល់ថាអ្នកដឹកនាំសាសនាមិនបានធ្វើតាមពាក្យសន្យា ហើយពួកគេទំនងជានឹងនិយាយថា ពួកគេមិនជាប់ពាក់ព័ន្ធជាមួយនឹងសាសនាទាំងនោះឡើយ។ ការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លានឹងមានរយៈពេលដ៏ខ្លី។ (បប. ១៨:១០, ២១) ព្រះយេហូវ៉ាបានសន្យាថាលោកនឹង«កាត់បន្ថយគ្រា[ទុក្ខវេទនាជាខ្លាំង]នោះឲ្យខ្លី» ដើម្បីឲ្យ«ពួកអ្នករើសតាំង»ទទួលសេចក្ដីសង្គ្រោះ ហើយឲ្យសាសនាពិតនៅតែមាន។—ម៉ាក. ១៣:១៩, ២០ w១៩.១០ ទំ. ១៥ វ. ៤-៥
ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ
[ចូរ]ធ្វើឲ្យស្ត្រីវ័យក្មេងភ្ញាក់ខ្លួន ហើយស្រឡាញ់កូន។—ទីត. ២:៤
ក្នុងនាមជាម្ដាយ ប្រហែលជាពេលអ្នកនៅក្មេង ឪពុកម្ដាយរបស់អ្នកជាមនុស្សឆាប់ខឹង ហើយនិយាយទ្រគោះបោះបោកដាក់កូន។ ដូច្នេះ អ្នកប្រហែលជាធំឡើងដោយគិតថានេះជារបៀបប្រព្រឹត្តធម្មតាក្នុងក្រុមគ្រួសារ។ អ្នកប្រហែលជានៅតែពិបាកស្ងប់អារម្មណ៍និងអត់ធ្មត់ចំពោះកូន ជាពិសេសបើកូនធ្វើខុសពេលដែលអ្នកអស់កម្លាំង ទោះជាអ្នកបានរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ារួចហើយក្ដី។ (អេភ. ៤:៣១) ពេលអ្នកមានអារម្មណ៍បែបនេះ គឺសំខាន់ណាស់ដែលអ្នកអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យជួយអ្នក។ (ទំនុក. ៣៧:៥) ម្ដាយខ្លះពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន។ ពួកគេប្រហែលជាបានធំឡើងក្នុងគ្រួសារដែលឪពុកម្ដាយមិនបង្ហាញភាពកក់ក្ដៅចំពោះកូន។ បើអ្នកធំឡើងក្នុងក្រុមគ្រួសារបែបនោះ នេះមិនមានន័យថាអ្នកត្រូវធ្វើដូចឪពុកម្ដាយរបស់អ្នកទេ។ ម្ដាយដែលចុះចូលតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ប្រហែលជាត្រូវរៀនអំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន។ គាត់ប្រហែលជាពិបាកកែប្រែ ប៉ុន្តែគាត់អាចធ្វើបាន ហើយនោះនឹងមានប្រយោជន៍ចំពោះគាត់និងក្រុមគ្រួសាររបស់គាត់។ w១៩.០៩ ទំ. ១៨ វ. ១៩-២០
ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ
គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ។—ម៉ាថ. ៦:២៤
បើបុគ្គលម្នាក់គោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយនៅពេលដំណាលគ្នា គាត់ចំណាយពេលនិងកម្លាំងច្រើនពេកដើម្បីទៅជាអ្នកមានក្នុងពិភពលោកនេះ នោះគឺហាក់ដូចជាគាត់កំពុងបម្រើម្ចាស់ពីរ។ ហេតុនេះ គាត់មិនមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាទេ។ នៅចុងសតវត្សរ៍ទី១ គ.ស. សមាជិកក្រុមជំនុំនៅក្រុងឡៅឌីសេបានអួតថា៖ «ខ្ញុំជាអ្នកមាន ក៏មានទ្រព្យសម្បត្តិបរិបូរ ហើយខ្ញុំមិនត្រូវការអ្វីសោះ»។ ប៉ុន្តែតាមទស្សនៈរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ ពួកគេ«មានទុក្ខវេទនា ក៏គួរឲ្យអាណិត ក្រីក្រ ងងឹតភ្នែក និងអាក្រាត»។ លោកយេស៊ូបានឲ្យឱវាទដល់ពួកគេ មិនមែនដោយសារពួកគេមានទ្រព្យសម្បត្តិច្រើនទេ តែដោយសារសេចក្ដីស្រឡាញ់របស់ពួកគេចំពោះលុយកំពុងបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ (បប. ៣:១៤-១៧) បើយើងកត់សម្គាល់ថាយើងចាប់ផ្ដើមស្រឡាញ់លុយ យើងត្រូវចាត់វិធានការភ្លាមៗដើម្បីកែប្រែរបៀបគិតគូររបស់យើង។ (១ធី. ៦:៧, ៨) បើមិនដូច្នេះទេ យើងនឹងចាប់ផ្ដើមស្រឡាញ់អ្វីផ្សេងទៀត ហើយព្រះយេហូវ៉ានឹងមិនទទួលយកការគោរពប្រណិប័តន៍របស់យើងឡើយ។ លោក«ជាព្រះប្រចណ្ឌ»។—ចោ. ៤:២៤ w១៩.១០ ទំ. ២៧ វ. ៥-៦
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ
មនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ។—២ពេ. ១:២១
ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ដឹកនាំ»មានន័យត្រង់ថា«ជំរុញឬនាំទៅ»។ លូកាដែលជាអ្នកសរសេរសៀវភៅសកម្មភាព បានប្រើពាក្យភាសាក្រិចដែលស្រដៀងនឹងនេះ ដើម្បីរៀបរាប់អំពីសំពៅដែល«បណ្ដោយទៅតាមខ្យល់»។ (សកម្ម. ២៧:១៥) បណ្ឌិតម្នាក់ខាងគម្ពីរបាននិយាយថា ពេលដែលសាវ័កពេត្រុសបានសរសេរថាសកម្មពលបរិសុទ្ធ«ដឹកនាំ»អ្នកសរសេរគម្ពីរ ពេត្រុសបានប្រើពាក្យដែលធ្វើឲ្យមនុស្សគិតអំពីការធ្វើដំណើរតាមទូក។ នេះគឺហាក់ដូចជាពេត្រុសបាននិយាយថា ដូចខ្យល់បក់នាំសំពៅទៅតាមទិសដៅរបស់វា នោះសកម្មពលបរិសុទ្ធបានដឹកនាំពួកអ្នកសរសេរគម្ពីរឲ្យសម្រេចកិច្ចការរបស់ពួកគេ។ បណ្ឌិតដដែលនោះបាននិយាយថា អ្នកសរសេរគម្ពីរគឺប្រៀបដូចជាសំពៅដែលបានត្រូវទម្លាក់ក្ដោង ក្នុងន័យថាពួកគេបានត្រៀមខ្លួនធ្វើកិច្ចការដែលសកម្មពលបរិសុទ្ធបានដឹកនាំពួកគេឲ្យធ្វើ។ ព្រះយេហូវ៉ាបានធ្វើអ្វីដែលលោកត្រូវធ្វើ ពោលគឺលោកផ្ដល់«ខ្យល់» ឬសកម្មពលបរិសុទ្ធ។ អ្នកសរសេរគម្ពីរបានធ្វើកិច្ចការដែលពួកគេបានទទួល។ ពួកគេបានធ្វើតាមការណែនាំដែលមកពីសកម្មពលនោះ។ ដូចដែលខ្យល់អាចបក់នាំសំពៅទៅតាមទិសដៅដែលគេចង់ទៅ ទោះជាសមុទ្រមានព្យុះក៏ដោយ នៅសព្វថ្ងៃនេះ សកម្មពលបរិសុទ្ធជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ា រហូតដល់ពិភពលោកថ្មីដែលព្រះបានសន្យា ទោះជាយើងមានបញ្ហាក្ដី។ w១៩.១១ ទំ. ៩ វ. ៧-៩
ថ្ងៃអង្គារ ទី២១ ខែធ្នូ
បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។—សុភ. ២៤:១០
ជួនកាល យើងប្រហែលជាធ្លាក់ទឹកចិត្ត។ ប៉ុន្តែ យើងមិនគួរគិតអំពីបញ្ហារបស់យើងគ្រប់ពេលទេ។ បើដូច្នេះ យើងប្រហែលជានឹងភ្លេចអំពីអ្វីល្អៗដែលព្រះយេហូវ៉ាបានសន្យានឹងយើង។ (បប. ២១:៣, ៤) នេះអាចនាំឲ្យយើងធ្លាក់ទឹកចិត្តជាខ្លាំង រហូតដល់យើងអស់កម្លាំងចិត្ត ហើយឈប់បម្រើព្រះយេហូវ៉ា។ សូមពិចារណាអំពីរបៀបដែលបងស្រីម្នាក់នៅសហរដ្ឋអាម៉េរិករក្សាជំនឿរបស់គាត់ កាលដែលគាត់មើលថែប្ដីរបស់គាត់ដែលមានជំងឺធ្ងន់ធ្ងរ។ គាត់បានសរសេរថា៖ «ពេលខ្លះ ស្ថានភាពរបស់យើងធ្វើឲ្យយើងតានតឹងចិត្តនិងធ្លាក់ទឹកចិត្ត ប៉ុន្តែយើងមានសេចក្ដីសង្ឃឹមមុតមាំ។ ខ្ញុំពិតជាកោតស្ងើចចំពោះការណែនាំដែលយើងបានទទួលដើម្បីពង្រឹងជំនឿរបស់យើងនិងលើកទឹកចិត្តយើង។ យើងពិតជាត្រូវការយោបល់និងការលើកទឹកចិត្តនេះ។ នេះជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ា ហើយស៊ូទ្រាំ»។ តាមរយៈអ្វីដែលបងស្រីនេះរៀបរាប់ យើងរៀនថាយើងអាចយកឈ្នះការធ្លាក់ទឹកចិត្តបាន! តើតាមរបៀបណា? សូមចាំថាបញ្ហារបស់អ្នកគឺជាការសាកល្បងមួយដែលមកពីសាថាន។ សូមទទួលស្គាល់ថាព្រះយេហូវ៉ាជាប្រភពនៃការសម្រាលទុក្ខ។ ម្យ៉ាងទៀត សូមឲ្យតម្លៃចំពោះសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីលោក។ w១៩.១១ ទំ. ១៦ វ. ៩-១០
ថ្ងៃពុធ ទី២២ ខែធ្នូ
អ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។—សុភ. ១១:១៣
ជាពិសេស ពួកអ្នកចាស់ទុំត្រូវធ្វើតាមគោលការណ៍គម្ពីរនេះ។ អ្នកចាស់ទុំទទួលស្គាល់ថាគាត់មិនត្រូវប្រាប់អំពីរឿងសម្ងាត់របស់អ្នកដែលនៅក្នុងក្រុមជំនុំឡើយ។ បើគាត់ធ្វើដូច្នេះ អ្នកឯទៀតនឹងលែងទុកចិត្តគាត់ ហើយនេះនឹងនាំឲ្យខូចកេរ្ដិ៍ឈ្មោះរបស់គាត់។ ពួកអ្នកដែលមានភារកិច្ចក្នុងក្រុមជំនុំមិនអាច«និយាយសម្ដីពីរ»ទេ។ (១ធី. ៣:៨) នេះមានន័យថាពួកគេមិនគួរបោកបញ្ឆោតអ្នកឯទៀត ឬចូលចិត្តនិយាយដើមអ្នកឯទៀតឡើយ។ បើអ្នកចាស់ទុំស្រឡាញ់ប្រពន្ធរបស់គាត់ នោះគាត់នឹងមិនប្រាប់ប្រពន្ធអំពីព័ត៌មានដែលនាងមិនចាំបាច់ដឹងទេ។ ប្រពន្ធអាចជួយប្ដីឲ្យរក្សាកេរ្ដិ៍ឈ្មោះល្អរបស់គាត់ ដោយមិនព្យាយាមបង្ខំគាត់ឲ្យនិយាយអំពីរឿងដែលគួរទុកជាការសម្ងាត់។ ពេលប្រពន្ធធ្វើដូច្នេះ នាងមិនគ្រាន់តែគាំទ្រប្ដីរបស់នាងប៉ុណ្ណោះទេ តែក៏ឲ្យតម្លៃពួកអ្នកដែលទុកចិត្តប្ដីរបស់នាងដែរ។ សំខាន់បំផុត នាងធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយ ដោយសារនាងកំពុងធ្វើឲ្យក្រុមជំនុំមានសន្តិភាពនិងសាមគ្គីភាព។—រ៉ូម ១៤:១៩ w២០.០៣ ទំ. ២២ វ. ១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ
ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា។—លេវី. ៩:៤
នៅឆ្នាំ១៥១២មុន គ.ស. ពេលត្រសាលបានត្រូវដំឡើងនៅជើងភ្នំស៊ីណាយ ម៉ូសេបានចាត់ចែងក្នុងវិធីតែងតាំងអេរ៉ុននិងកូនប្រុសរបស់គាត់ឲ្យធ្វើជាសង្ឃ។ (និក្ខ. ៤០:១៧; លេវី. ៩:១-៥) តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកពេញចិត្តនឹងពួកសង្ឃដែលទើបតែបានត្រូវតែងតាំងនេះ? កាលដែលអេរ៉ុននិងម៉ូសេឲ្យពរដល់បណ្ដាជន ព្រះយេហូវ៉ាបានទម្លាក់ភ្លើងពីមេឃដើម្បីដុតគ្រឿងបូជាលើទីបូជា។ (លេវី. ៩:២៣, ២៤) តើភ្លើងដែលធ្លាក់ពីមេឃបង្ហាញអំពីអ្វី? ព្រះយេហូវ៉ាទម្លាក់ភ្លើងដើម្បីបង្ហាញថាលោកពេញចិត្តនិងគាំទ្រអេរ៉ុនព្រមទាំងកូនប្រុសគាត់ដែលលោកបានជ្រើសរើសឲ្យធ្វើជាសង្ឃ។ ពេលជនជាតិអ៊ីស្រាអែលបានឃើញច្បាស់ថាព្រះយេហូវ៉ាគាំទ្រពួកសង្ឃ នោះពួកគេយល់ថាពួកគេក៏ត្រូវគាំទ្រពួកសង្ឃដែរ។ តើនេះជាប់ទាក់ទងនឹងយើងឬទេ? មែន! ពួកសង្ឃនៅអ៊ីស្រាអែលជាតំណាងសង្ឃដែលប្រសើរជាងនិងសំខាន់ជាង គឺពួក១៤៤.០០០នាក់ដែលនឹងបម្រើជាមួយនឹងលោកយេស៊ូគ្រិស្តនៅស្ថានសួគ៌។ (ហេ. ៤:១៤; ៨:៣-៥; ១០:១) យើងឃើញថាព្រះយេហូវ៉ាពិតជាកំពុងដឹកនាំនិងឲ្យពរជាបរិបូរដល់អង្គការរបស់លោកនៅសព្វថ្ងៃនេះ។ w១៩.១១ ទំ. ២៣ វ. ១៣; ទំ. ២៤ វ. ១៤, ១៦
ថ្ងៃសុក្រ ទី២៤ ខែធ្នូ
យើងធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអស់ប្រាក់ច្រើន។—២ថែ. ៣:៨
កាលដែលនៅក្រុងកូរិនថូស សាវ័កប៉ូលបានស្នាក់នៅជាមួយនឹងអាគីឡានិងព្រីស៊ីល ហើយ«មានមុខរបរដូចពួកគាត់ដែរ ព្រោះពួកគាត់ជាអ្នកធ្វើត្រសាល»។ ពេលប៉ូលនិយាយថាគាត់ធ្វើការ«ទាំងយប់ទាំងថ្ងៃ» នោះមិនមែនមានន័យថាគាត់ធ្វើការឥតឈប់ឈរទេ។ ផ្ទុយទៅវិញ គាត់បានផ្អាកពីការធ្វើត្រសាល ដូចជានៅថ្ងៃឈប់សម្រាកជាដើម។ គាត់បានប្រើឱកាសនៅថ្ងៃនោះដើម្បីផ្សព្វផ្សាយដល់ជនជាតិយូដា ដែលមិនធ្វើការនៅថ្ងៃឈប់សម្រាកនោះដែរ។ (សកម្ម. ១៣:១៤-១៦, ៤២-៤៤; ១៦:១៣; ១៨:១-៤) សាវ័កប៉ូលត្រូវធ្វើការចិញ្ចឹមជីវិត ប៉ុន្តែគាត់បានធ្វើឲ្យប្រាកដថាគាត់ចូលរួមជាទៀងទាត់«ក្នុងកិច្ចការដ៏បរិសុទ្ធ គឺជាការប្រកាសដំណឹងល្អនៃព្រះ»។ (រ៉ូម ១៥:១៦; ២កូ. ១១:២៣) គាត់បានលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ ហេតុនេះហើយ អាគីឡានិងព្រីស៊ីលជា«អ្នករួមធ្វើការជាមួយនឹង[គាត់]ក្នុងគ្រិស្តយេស៊ូ»។ (រ៉ូម ១២:១១; ១៦:៣) ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យ«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨; ២កូ. ៩:៨) ព្រះយេហូវ៉ាថែមទាំងដឹកនាំសាវ័កប៉ូលឲ្យសរសេរថា៖ «ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ»។—២ថែ. ៣:១០ w១៩.១២ ទំ. ៥ វ. ១២-១៣
ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ
កូនចៅជាមរដកមកពីព្រះយេហូវ៉ា។—ទំនុក. ១២៧:៣
ព្រះយេហូវ៉ាបានបង្កើតប្ដីប្រពន្ធមួយគូដំបូងឲ្យមានបំណងប្រាថ្នាចង់មានកូន។ តើអ្នកណាគួរសម្រេចចិត្តថានឹងយកកូនឬមិនយក ហើយសម្រេចចិត្តថាពេលណានឹងយកកូន? នៅប្រទេសខ្លះ មនុស្សច្រើនតែរំពឹងថាប្ដីប្រពន្ធថ្មីថ្មោងគួរឆាប់យកកូន។ ប្ដីប្រពន្ធថ្មីប្រហែលជាថែមទាំងត្រូវក្រុមគ្រួសារនិងអ្នកឯទៀតបង្ខំឲ្យឆាប់យកកូន។ បងប្រុសម្នាក់ឈ្មោះចេតរូ ដែលមកពីទ្វីបអាស៊ីនិយាយថា៖ «នៅក្នុងក្រុមជំនុំ បងប្អូនខ្លះដែលមានកូនព្យាយាមបង្ខំប្ដីប្រពន្ធដែលគ្មានកូនឲ្យយកកូន»។ បងប្រុសចេហ្វ្រីដែលរស់នៅទ្វីបអាស៊ីក៏និយាយថា៖ «បងប្អូនខ្លះប្រាប់ប្ដីប្រពន្ធដែលគ្មានកូនថា ពួកគេនឹងគ្មានអ្នកណាមើលថែពេលពួកគេចាស់ទៅ»។ ប៉ុន្តែ ប្ដីប្រពន្ធមួយគូៗគួរសម្រេចចិត្តដោយខ្លួនឯងថានឹងយកកូនឬមិនយក។ នេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ពីព្រោះពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ពួកគេ។ (កាឡ. ៦:៥) ពិតមែនថាមិត្តភក្ដិនិងក្រុមគ្រួសារចង់ឲ្យប្ដីប្រពន្ធថ្មីមានសុភមង្គល តែយើងទាំងអស់គ្នាត្រូវចាំថាការសម្រេចចិត្តយកកូនឬមិនយក គឺអាស្រ័យលើប្ដីប្រពន្ធថ្មីនោះ។—១ថែ. ៤:១១ w១៩.១២ ទំ. ២២ វ. ១-៣
ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ
អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ «ឱបិតារបស់យើង»។—ម៉ាថ. ៦:៩
តើអ្នកពិបាកចាត់ទុកព្រះថាជាបិតារបស់អ្នកឬទេ? បុគ្គលខ្លះប្រហែលជាមានអារម្មណ៍ថាខ្លួនតូចតាចនិងមិនសំខាន់ បើប្រៀបធៀបនឹងព្រះយេហូវ៉ា។ ពួកគេសង្ស័យថាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនយកចិត្តទុកដាក់ចំពោះពួកគេម្នាក់ៗឡើយ។ ក៏ប៉ុន្តែ បិតាដែលស្រឡាញ់យើងមិនចង់ឲ្យយើងមានអារម្មណ៍បែបនេះទេ។ លោកបានផ្ដល់ជីវិតឲ្យយើង ហើយចង់ឲ្យយើងមានចំណងមិត្តភាពជាមួយនឹងលោក។ ក្រោយពីសាវ័កប៉ូលប្រាប់អំពីចំណុចនេះ គាត់បានពន្យល់ពួកអ្នកដែលស្ដាប់គាត់នៅក្រុងអាថែនថា ព្រះយេហូវ៉ា«មិននៅឆ្ងាយពីយើងម្នាក់ៗ»ឡើយ។ (សកម្ម. ១៧:២៤-២៩) ព្រះចង់ឲ្យយើងម្នាក់ៗនិយាយជាមួយនឹងលោក ដូចដែលកូនចូលចិត្តនិយាយជាមួយនឹងឪពុកម្ដាយដែលស្រឡាញ់និងយកចិត្តទុកដាក់ចំពោះពួកគេ។ អ្នកខ្លះប្រហែលជាពិបាកចាត់ទុកព្រះយេហូវ៉ាថាជាបិតា ដោយសារឪពុករបស់ពួកគេមិនសូវបានបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសចំពោះពួកគេទេ។ បងស្រីគ្រិស្តសាសនិកម្នាក់និយាយថា៖ «ឪពុកខ្ញុំជាមនុស្សដែលនិយាយស្ដីដែលគ្មានមេត្តា។ ពេលខ្ញុំចាប់ផ្ដើមរៀនគម្ពីរ ខ្ញុំពិបាកមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងបិតាមួយដែលនៅស្ថានសួគ៌»។ តើអ្នកមានអារម្មណ៍ដូចនេះឬទេ? បើដូច្នេះ សូមជឿជាក់ថាអ្នកក៏អាចចាត់ទុកព្រះយេហូវ៉ាថាជាបិតាដ៏ល្អបំផុតបានដែរ។ w២០.០២ ទំ. ៣ វ. ៤-៥
ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ
[សូម]កុំលះបង់ទូលបង្គំក្នុងកាលដែលមានកំឡាំងអន់ថយ។—ទំនុក. ៧១:៩
លោកយេស៊ូបានបង្រៀនយើងថា ទោះជាចំពោះយើងអ្វីដែលយើងអាចធ្វើកាលដែលយើងកាន់តែចាស់ទៅៗមើលទៅមិនសូវសំខាន់ក្ដី ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វីណាក៏ដោយដែលយើងធ្វើក្នុងកិច្ចបម្រើលោក។ (ទំនុក. ៩២:១២-១៥; លូក. ២១:២-៤) ដូច្នេះ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើបាន។ ជាឧទាហរណ៍ អ្នកអាចនិយាយអំពីព្រះយេហូវ៉ា អធិដ្ឋានឲ្យបងប្អូន និងលើកទឹកចិត្តអ្នកឯទៀតឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះ។ ព្រះយេហូវ៉ាចាត់ទុកអ្នកថាជាអ្នករួមការងារជាមួយនឹងលោក មិនមែនដោយសារអ្វីដែលអ្នកអាចសម្រេចទេ តែដោយសារអ្នកស្ដាប់បង្គាប់លោកយ៉ាងស្មោះអស់ពីចិត្ត។ (១កូ. ៣:៥-៩) យើងសប្បាយរីករាយដែលយើងអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាព្រះដែលពិតជាឲ្យតម្លៃចំពោះពួកអ្នកដែលបម្រើលោក! លោកបានបង្កើតយើងឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក ហើយការគោរពប្រណិប័តន៍ពិតធ្វើឲ្យយើងស្កប់ចិត្តនឹងជីវិត។ (បប. ៤:១១) ទោះជាពិភពលោកប្រហែលជាចាត់ទុកយើងថាគ្មានប្រយោជន៍ក៏ដោយ ព្រះយេហូវ៉ាមិនអៀនខ្មាសដោយសារយើងនោះទេ។ (ហេ. ១១:១៦, ៣៨) ពេលយើងធ្លាក់ទឹកចិត្តដោយសារជំងឺ ឬបញ្ហាលុយកាក់ ឬក៏ភាពវ័យចាស់ សូមយើងចាំថាគ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់ដែលបិតានៅស្ថានសួគ៌មានចំពោះយើងឡើយ។—រ៉ូម ៨:៣៨, ៣៩ w២០.០១ ទំ. ១៨ វ. ១៦; ទំ. ១៩ វ. ១៨-១៩
ថ្ងៃអង្គារ ទី២៨ ខែធ្នូ
ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។—ទំនុក. ៥១:១០
យើងអាចលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែនបាន ដោយបណ្ដុះឲ្យមានចិត្តរាបទាបនិងការស្កប់ចិត្ត។ ពេលយើងមានគុណសម្បត្តិទាំងនេះ យើងនឹងមិនមានចិត្តច្រណែនទេ។ ចិត្តរាបទាបនឹងជួយយើងមិនឲ្យគិតច្រើនពេកអំពីខ្លួនឯង។ បុគ្គលដែលមានចិត្តរាបទាបមិនគិតថាគាត់សមនឹងទទួលច្រើនជាងមនុស្សឯទៀតឡើយ។ (កាឡ. ៦:៣, ៤) បុគ្គលដែលចេះស្កប់ចិត្តគឺពេញចិត្តនឹងអ្វីដែលគាត់មាន ហើយមិនប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀតទេ។ (១ធី. ៦:៧, ៨) ពេលបុគ្គលដែលមានចិត្តរាបទាបនិងស្កប់ចិត្តឃើញអ្នកណាម្នាក់ទទួលអ្វីល្អ គាត់អរសប្បាយជាមួយនឹងអ្នកនោះ។ យើងត្រូវការសកម្មពលបរិសុទ្ធរបស់ព្រះដើម្បីជួយយើងមិនឲ្យមានចិត្តច្រណែន ហើយបណ្ដុះឲ្យមានចិត្តរាបទាបនិងការស្កប់ចិត្ត។ (កាឡ. ៥:១៦; ភី. ២:៣, ៤) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យពិនិត្យមើលគំនិតនិងបំណងចិត្តរបស់យើងដែលកប់ជ្រៅ។ ដោយមានជំនួយពីព្រះ យើងអាចជំនួសចិត្តគំនិតមិនត្រឹមត្រូវ ដោយចិត្តគំនិតដែលជួយគ្នាឲ្យមានភាពរឹងមាំ។—ទំនុក. ២៦:២ w២០.០២ ទំ. ១៥ វ. ៨-៩
ថ្ងៃពុធ ទី២៩ ខែធ្នូ
ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក។—១ធី. ៤:១៦
ការប្រគល់ខ្លួនជូនព្រះយេហូវ៉ាគឺជាពាក្យសម្បថមួយ ហើយលោកតម្រូវឲ្យអ្នកធ្វើតាមពាក្យសម្បថនោះ។ ដូច្នេះ ចូរបន្តនៅជិតស្និទ្ធនឹងក្រុមជំនុំរបស់អ្នក។ បងប្អូនក្នុងក្រុមជំនុំរបស់អ្នកគឺប្រៀបដូចជាក្រុមគ្រួសារ។ ដោយចូលរួមកិច្ចប្រជុំជាទៀងទាត់ អ្នកនឹងពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងពួកគេ។ សូមអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ។ (ទំនុក. ១:១, ២) សូមលៃទុកពេលដើម្បីគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលអ្នកបានអាន។ យ៉ាងនេះ ព័ត៌មានក្នុងគម្ពីរនឹងជ្រាបចូលក្នុងចិត្តរបស់អ្នក។ សូម«អធិដ្ឋានជានិច្ច»។ (ម៉ាថ. ២៦:៤១) សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់អ្នកនឹងធ្វើឲ្យអ្នកចូលកាន់តែជិតព្រះយេហូវ៉ា។ ‹ចូរបន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្នកអាចធ្វើដូច្នេះបាន ដោយចាត់ទុកកិច្ចការផ្សព្វផ្សាយជាអ្វីដ៏សំខាន់មួយក្នុងជីវិតរបស់អ្នក។ ដោយផ្សព្វផ្សាយជាទៀងទាត់ អ្នកនឹងរក្សាជំនឿរបស់អ្នកឲ្យមាំមួន។ ការពិបាកណាក៏ដោយដែលអ្នកជួបប្រទះក្នុងពិភពលោកនេះ គឺ«មានតែមួយរយៈពេលខ្លីហើយក៏ស្រាល»។ (២កូ. ៤:១៧) ប៉ុន្តែ ការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹកនឹងបើកឱកាសឲ្យអ្នកមានជីវិតដ៏ស្កប់ចិត្តនៅឥឡូវនេះ ព្រមទាំងទទួល«ជីវិតដ៏ពិតប្រាកដ»នៅថ្ងៃអនាគត។—១ធី. ៦:១៩ w២០.០៣ ទំ. ១៣ វ. ១៩-២១
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ
នៅសល់ពេលវេលាតែបន្តិចទេ។—១កូ. ៧:២៩
បើសិស្សគម្ពីររបស់អ្នកមិនរីកចម្រើន អ្នកនឹងត្រូវសួរខ្លួនអ្នកថា ‹តើខ្ញុំគួរឈប់បង្រៀនគម្ពីរដល់គាត់ឬទេ?›។ មុនអ្នកធ្វើការសម្រេចចិត្តសូមសួរខ្លួនអ្នកថា ‹តើសិស្សគម្ពីររបស់ខ្ញុំរីកចម្រើនសមស្របតាមស្ថានភាពរបស់គាត់ឬទេ?› ‹តើគាត់ចាប់ផ្ដើម«កាន់តាម» ឬអនុវត្តអ្វីដែលគាត់កំពុងរៀនឬទេ?›។ (ម៉ាថ. ២៨:២០) គួរឲ្យស្ដាយ សិស្សគម្ពីរខ្លះគឺប្រៀបដូចជាជនជាតិអ៊ីស្រាអែលនៅសម័យរបស់អេសេគាល។ ព្រះយេហូវ៉ាបានប្រាប់អេសេគាលអំពីពួកគេថា៖ «មើល! គេរាប់ឯងទុកដូចជាបទចំរៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ។ ដ្បិតគេស្ដាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែមិនប្រព្រឹត្តតាមទេ»។ (អេស. ៣៣:៣២) យើងប្រហែលជាពិបាកប្រាប់បុគ្គលណាម្នាក់ថាយើងនឹងឈប់បង្រៀនគម្ពីរដល់គាត់។ ប៉ុន្តែ «នៅសល់ពេលវេលាតែបន្តិចទេ»។ ជាជាងចំណាយពេលថែមទៀតទៅលើសិស្សគម្ពីរដែលមិនរីកចម្រើន យើងគួរព្យាយាមស្វែងរកបុគ្គលដែលបង្ហាញថាគាត់«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—សកម្ម. ១៣:៤៨ w២០.០១ ទំ. ៦ វ. ១៧; ទំ. ៧ វ. ២០
ថ្ងៃសុក្រ ទី៣១ ខែធ្នូ
សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។—ម៉ាថ. ៦:១០
តាមធម្មតា ពិភពគ្រិស្តសាសនាមិនបង្រៀនអំពីសេចក្ដីពិតពីគម្ពីរដែលថា នឹងមានគ្រាមួយដែលមនុស្សដែលស្ដាប់បង្គាប់ព្រះនឹងរស់ជារៀងរហូតនៅលើផែនដី។ (២កូ. ៤:៣, ៤) សព្វថ្ងៃនេះ គ្រិស្តសាសនាភាគច្រើនបង្រៀនថាមនុស្សល្អទាំងអស់នឹងឡើងទៅស្ថានសួគ៌ពេលដែលពួកគេស្លាប់ទៅ។ ប៉ុន្តែ ក្រុមតូចមួយដែលហៅថានិស្សិតគម្ពីរគឺខុសពីគ្រិស្តសាសនាទាំងនោះ។ ពួកគេជាអ្នកដែលបានបោះពុម្ពទស្សនាវដ្ដីប៉មយាមតាំងពីឆ្នាំ១៨៧៩។ ពួកគេបានយល់ថាព្រះនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យានម្ដងទៀត ហើយថាមនុស្សរាប់លាននាក់ដែលស្ដាប់បង្គាប់លោកនឹងរស់នៅលើផែនដី មិនមែនស្ថានសួគ៌ទេ។ ទោះជាយ៉ាងនេះក្ដី គឺត្រូវការពេលឲ្យពួកគេយល់ច្បាស់ថាមនុស្សទាំងនោះគឺជាអ្នកណា។ និស្សិតគម្ពីរក៏បានយល់ពីគម្ពីរថា មនុស្សខ្លះនឹងត្រូវ«ទិញពីផែនដី»ដើម្បីគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ (បប. ១៤:៣) មនុស្សទាំងនោះមានចំនួន១៤៤.០០០នាក់។ ពួកគេជាគ្រិស្តសាសនិកដ៏ខ្នះខ្នែងដែលបានប្រគល់ខ្លួនជូនព្រះ និងបានបម្រើព្រះយ៉ាងស្មោះត្រង់កាលដែលពួកគេនៅផែនដីនៅឡើយ។ w១៩.០៩ ទំ. ២៧ វ. ៤-៥