បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ១១៨-១២៨
  • ខែធ្នូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែធ្នូ
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​៣ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​៤ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​៨ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​១១ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​១៣ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​២១ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​២២ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​២៤ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​២៧ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ១១៨-១២៨

ខែ​ធ្នូ

​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ

តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?—សកម្ម. ៨:៣៦

តើ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ពី​ស្រុក​អេត្យូពី​ពិត​ជា​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ? សូម​គិត​៖ បុរស​ជន​ជាតិ​អេត្យូពី​«​បាន​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​គោរព​បូជា​»។ (​សកម្ម. ៨:២៧​) ដូច្នេះ គាត់​ទំនង​ជា​អ្នក​ចូល​សាសនា​យូដា។ គាត់​ច្បាស់​ជា​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​សំណេរ​ដ៏​ពិសិដ្ឋ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ប៉ុន្តែ​គាត់​ចង់​រៀន​ថែម​ទៀត។ តាម​ពិត ពេល​ដែល​ភីលីព​បាន​ជួប​មន្ត្រី​នោះ​នៅ​តាម​ផ្លូវ ភីលីព​បាន​ឃើញ​គាត់​កំពុង​អាន​រមូរ​អំពី​សំណេរ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ (​សកម្ម. ៨:២៨​) គាត់​ចង់​បន្ត​រៀន​ថែម​ទៀត។ គាត់​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​អេត្យូពី​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ឯ​វិហារ​នា​ក្រុង​យេរូសាឡិម។ មន្ត្រី​ជន​ជាតិ​អេត្យូពី​នេះ​បាន​រៀន​ពី​ភីលីព​នូវ​សេចក្ដី​បង្រៀន​ខ្លះ​ដ៏​សំខាន់​ដែល​ថ្មី​សម្រាប់​គាត់ រួម​មាន​អត្តសញ្ញាណ​របស់​មេស្ស៊ី។ (​សកម្ម. ៨:៣៤, ៣៥​) សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​កើន​ឡើង។ នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ គឺ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ដោយ​ឃើញ​ថា​បុរស​នោះ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ភីលីព​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់។ w​២៣.០៣ ទំ.៨​-​៩ វ.៣​-​៦

ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ

ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច។—កូឡ. ៤:៦

យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​បាន​ទេ បើ​យើង​និយាយ​មិន​ពិត។ (​សុភ. ៦:១៦, ១៧​) ទោះ​ជា​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ការ​កុហក​ជា​រឿង​ធម្មតា​ក្ដី យើង​នៅ​តែ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នោះ។ (​ចសព. ១៥:១, ២​) ពិត​មែន​ថា​យើង​ជៀស​វាង​ពី​ការ​កុហក ប៉ុន្តែ​យើង​ក៏​ខំ​ព្យាយាម​ជៀស​វាង​ពី​ការ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ភាន់​ច្រឡំ​ដែរ។ យើង​គួរ​ជៀស​វាង​ពី​ការ​និយាយ​ដើម​អ្នក​ឯ​ទៀត​ដែរ។ (​សុភ. ២៥:២៣; ២ថែ. ៣:១១​) បើ​អ្នក​យល់​ឃើញ​ថា​ការ​សន្ទនា​ធម្មតា ចាប់​ផ្ដើម​ទៅ​ជា​ការ​និយាយ​ដើម​គេ សូម​បង្វែរ​សាច់​រឿង​ទៅ​និយាយ​អ្វី​ដែល​ល្អ​វិញ។ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មនុស្ស​ជា​ច្រើន​ប្រើ​ពាក្យ​អាក្រក់ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាក្យ​សម្ដី​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​នឹង​ឲ្យ​ពរ​យើង ពេល​ដែល​យើង​ព្យាយាម​និយាយ​តាម​របៀប​ដែល​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នៅ​កិច្ច​ប្រជុំ និង​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ។ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​លើក​កិត្តិយស​លោក​ដោយ​ពាក្យ​សម្ដី​របស់​យើង។—យូ. ១៥ w​២២.០៤ ទំ.៩ វ.១៨​-​២០

ថ្ងៃ​អង្គារ ទី​៣ ខែ​ធ្នូ

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​ព្រះ​បាន​ស្រឡាញ់​យើង​ជា​មុន។—១យ៉ូន. ៤:១៩

ពេល​យើង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំពោះ​យើង នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​លោក​ទាំង​ពីរ​វិញ។ (​១យ៉ូន. ៤:១០​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​យើង​យល់​ថា​លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​យើង​ផ្ទាល់។ សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​ចំណុច​នេះ ហើយ​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​គាត់​ពេល​គាត់​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ខេត្ត​កាឡាទី​ថា​៖ ‹បុត្រ​របស់​ព្រះ​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ជីវិត​ដើម្បី​ខ្ញុំ›។ (​កាឡ. ២:២០​) ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក​មក​ឯ​លោក​ដើម្បី​អ្នក​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​យ៉ូន. ៦:៤៤​) តើ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ​ឬ​ទេ ដែល​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឃើញ​អ្វី​ល្អ​ក្នុង​ចិត្ត​អ្នក ហើយ​ថា​លោក​បាន​បង់​តម្លៃ​ខ្ពស់​បំផុត​ដើម្បី​អ្នក​អាច​រាប់​ជា​មិត្ត​សម្លាញ់​របស់​លោក? នេះ​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ មែន​ទេ? ដូច្នេះ យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​សេចក្ដី​ស្រឡាញ់​នោះ​នឹង​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី?›។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​និង​គ្រិស្ត​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។—២កូ. ៥:១៤, ១៥; ៦:១, ២ w​២៣.០១ ទំ.២៨ វ.៦​-​៧

ថ្ងៃ​ពុធ ទី​៤ ខែ​ធ្នូ

ខ្ញុំ​នឹង​ប្ដូរ​ភាសា​របស់​ប្រជា​ជាតិ​នានា​ទៅ​ជា​ភាសា​បរិសុទ្ធ។—សេផ. ៣:៩

គម្ពីរ​គឺ​ជា​ឧបករណ៍​សំខាន់​ណាស់​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ជួយ​រាស្ត្រ​លោក​ឲ្យ​‹គោរព​ប្រណិប័តន៍​លោក​ដោយ​សាមគ្គីភាព›។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ផ្នែក​ជា​ច្រើន​នៃ​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​តាម​របៀប​ដែល​បុគ្គល​ដែល​អាន​ដោយ​ចិត្ត​រាប​ទាប​ប៉ុណ្ណោះ​អាច​យល់​បាន។ (​លូក. ១០:២១​) យើង​ឃើញ​ថា​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​អាន​គម្ពីរ។ ប៉ុន្តែ មាន​តែ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ប៉ុណ្ណោះ​អាច​យល់​ច្បាស់ ហើយ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ (​២កូ. ៣:១៥, ១៦​) យើង​រៀន​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក្នុង​គម្ពីរ។ ព្រះ​យេហូវ៉ា​ប្រើ​បទ​គម្ពីរ​មិន​គ្រាន់​តែ​ដើម្បី​បង្រៀន​យើង​ជា​ក្រុម​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បង្រៀន​និង​សម្រាល​ទុក្ខ​ដល់​បុគ្គល​ម្នាក់​ៗ​ដែរ។ ពេល​យើង​អាន​បណ្ដាំ​ព្រះ យើង​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ចំពោះ​យើង​ម្នាក់​ៗ។ (​អេ. ៣០:២១​) តើ​អ្នក​ធ្លាប់​អាន​បទ​គម្ពីរ​មួយ​ដែល​មើល​ទៅ​បាន​ត្រូវ​សរសេរ​សម្រាប់​តែ​អ្នក​ឬ​ទេ? ប៉ុន្តែ តាម​ពិត​គម្ពីរ​ជា​សៀវភៅ​ដែល​ទាក់​ទាញ​ចិត្ត​មនុស្ស​រាប់​លាន​នាក់។ តើ​តាម​របៀប​ណា​គម្ពីរ​អាច​មាន​ព័ត៌មាន​ថ្មី​ៗ​ដែល​ចំ​នឹង​អ្វី​ដែល​អ្នក​ត្រូវ​ការ? នេះ​អាច​កើត​ឡើង​ទៅ​បាន ដោយ​សារ​តែ​អ្នក​និពន្ធ​គម្ពីរ​គឺ​ជា​បុគ្គល​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បំផុត​ក្នុង​សកល​លោក។—២ធី​. ៣:១៦, ១៧ w​២៣.០២ ទំ.៤​-​៥ វ.៨​-​១០

ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ធ្នូ

ចូរ​រំពឹង​គិត​អំពី​ការ​ទាំង​នេះ។ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន។—១ធី. ៤:១៥

ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក​ពិត យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​ចង់​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​លោក ដូច​ជា​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង រៀន​ជំនាញ​ថ្មី​ឬ​បង្កើន​សមត្ថភាព​របស់​យើង និង​ស្វែង​រក​វិធី​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត។ ហេតុ​អ្វី​យើង​គួរ​មាន​បំណង​ចិត្ត​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង? មូលហេតុ​ចម្បង គឺ​យើង​ចង់​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត ពេល​លោក​ឃើញ​យើង​ប្រើ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​យើង​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ច​បម្រើ​លោក។ បន្ថែម​ទៅ​ទៀត យើង​ចង់​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ច្រើន​ជាង។ (​១ថែ. ៤:៩, ១០​) មិន​ថា​យើង​បាន​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​យ៉ាង​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​រីក​ចម្រើន​បាន។ w​២២.០៤ ទំ.២២ វ.១​-​២

ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ

សត្វ​សាហាវ​ដែល​មាន​ស្នែង​១០ . . . នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង។—បប. ១៧:១៦

មិន​យូរ​ទៀត​ប្រព័ន្ធ​នយោបាយ​នៃ​ពិភព​លោក​នេះ​នឹង​វាយ​ប្រហារ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ។ នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ តើ​មនុស្ស​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ​ឬ​ទេ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បើក​បង្ហាញ ជំពូក​ទី​៦​ប្រាប់​ថា នៅ​គ្រា​ដ៏​លំបាក​នោះ មនុស្ស​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ស្វែង​រក​ការ​ការ​ពារ​ពី​ប្រព័ន្ធ​នយោបាយ​និង​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​នេះ ដែល​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ភ្នំ។ ដោយ​ហេតុ​ថា​មនុស្ស​ទាំង​នោះ​មិន​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ នោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ថា​ជា​អ្នក​ប្រឆាំង។ (​លូក. ១១:២៣; បប. ៦:១៥​-​១៧​) ពិត​មែន​ហើយ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​ខុស​ប្លែក​ពី​គេ​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​ជា​ខ្លាំង​នោះ។ ពួក​គេ​នឹង​ធ្វើ​ជា​មនុស្ស​តែ​មួយ​ក្រុម​គត់​នៅ​ផែន​ដី​ដែល​បម្រើ​ព្រះ​យេហូវ៉ា និង​បដិសេធ​មិន​គាំទ្រ​«​សត្វ​សាហាវ​»។—បប. ១៣:១៤​-​១៧ w​២២.០៥ ទំ.១៦​-​១៧ វ.៨​-​៩

ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ

គាត់​មាន​ដំណឹង​ល្អ​ដែល​ស្ថិត​ស្ថេរ ជា​ដំណឹង​សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែន​ដី ដល់​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជន​ជាតិ។—បប. ១៤:៦

រាស្ត្រ​របស់​ព្រះ​មិន​គ្រាន់​តែ​ត្រូវ​ប្រកាស​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​លោក​ប៉ុណ្ណោះ​ទេ។ (​ម៉ាថ. ២៤:១៤​) ពួក​គេ​ក៏​ត្រូវ​គាំទ្រ​កិច្ច​ការ​របស់​ពួក​ទេវតា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ជំពូក​៨​ដល់​១០។ ទេវតា​ទាំង​នេះ​ប្រកាស​អំពី​ទុក្ខ​វេទនា​ជា​បន្ត​បន្ទាប់​ចំពោះ​ពួក​អ្នក​ដែល​បដិសេធ​រាជាណាចក្រ​ព្រះ។ ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​ប្រកាស​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ដែល​ប្រៀប​ដូច​ជា​«​ដុំ​ទឹក​កក​និង​ភ្លើង​»​ ហើយ​ដែល​ពន្យល់​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ទៅ​លើ​ផ្នែក​ផ្សេង​ៗ​នៃ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ (​បប. ៨:៧, ១៣​) មនុស្ស​ត្រូវ​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ហើយ ដើម្បី​ពួក​គេ​អាច​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ក្នុង​ជីវិត ហើយ​រួច​ជីវិត​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា។ (​សេផ. ២:២, ៣​) មនុស្ស​ទូទៅ​មិន​ចូល​ចិត្ត​ស្ដាប់​ដំណឹង​នេះ​ទេ ដូច្នេះ​យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រកាស​អំពី​ដំណឹង​នេះ។ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ។—បប. ១៦:២១ w​២២.០៥ ទំ.៧ វ.១៨​-​១៩

ថ្ងៃ​អាទិត្យ ទី​៨ ខែ​ធ្នូ

អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត។—ម៉ាថ. ២២:៣៧

សូម​ពិចារណា​អំពី​ប្ដី​ប្រពន្ធ​គ្រិស្ត​សាសនិក​ដែល​នឹង​ទៅ​ជា​ឪពុក​ម្ដាយ។ អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​បាន​ស្ដាប់​សុន្ទរកថា​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ ប៉ុន្តែ​ឥឡូវ គោល​ការណ៍​ដែល​មាន​នៅ​ក្នុង​សុន្ទរកថា​ទាំង​នោះ កាន់​តែ​សំខាន់​ចំពោះ​ពួក​គេ ដោយ​សារ​ពួក​គេ​ផ្ទាល់​នឹង​ត្រូវ​ចិញ្ចឹម​អប់រំ​កូន។ នេះ​គឺ​ជា​ភារកិច្ច​ដ៏​វិសេស​មែន! ដូច្នេះ ពេល​កាលៈទេសៈ​ផ្លាស់​ប្ដូរ គោល​ការណ៍​គម្ពីរ​ខ្លះ​នឹង​កាន់​តែ​សំខាន់​ចំពោះ​យើង។ នេះ​ជា​មូលហេតុ​មួយ​ដែល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាន​គម្ពីរ​«​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​»​ដូច​ស្ដេច​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ ហើយ​ពួក​គេ​ក៏​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នោះ​ដែរ។ (​បច. ១៧:១៩​) ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​ដែល​គ្រិស្ត​សាសនិក​អាច​មាន គឺ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ជា​ឪពុក​ម្ដាយ អ្នក​មាន​ឯកសិទ្ធិ​ដ៏​ធំ​នេះ។ ប៉ុន្តែ អ្នក​មិន​គ្រាន់​តែ​ចង់​បង្រៀន​ព័ត៌មាន​អំពី​ព្រះ​របស់​យើង​ប៉ុណ្ណោះ​ទេ អ្នក​ចង់​ជួយ​កូន​ៗ​ឲ្យ​ស្រឡាញ់​លោក​យ៉ាង​ខ្លាំង។ w​២២.០៥ ទំ.២៦ វ.២​-​៣

ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ

ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។—កូឡ. ៣:១០

ការ​គ្រាន់​តែ​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​ត្រូវ​ប្រុង​ប្រៀប​ចាត់​វិធានការ​ដែរ។ កត្តា​សំខាន់​ដែល​ព្រះ​យេហូវ៉ា​គិត​ពិចារណា ពេល​ដែល​លោក​សម្រេច​ចិត្ត​ថា​លោក​នឹង​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស គឺ​ការ​វិល​មក​វិញ។ និយាយ​ឲ្យ​ចំ​ទៅ បុគ្គល​ម្នាក់​ត្រូវ​លះ​ចោល​អំពើ​អាក្រក់ ហើយ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។ (​អេ. ៥៥:៧​) បុគ្គល​នោះ​ត្រូវ​កែ​ប្រែ​គំនិត​របស់​គាត់ ដើម្បី​ឲ្យ​របៀប​គិត​គូរ​របស់​ព្រះ​ដឹក​នាំ​គាត់។ (​រ៉ូម ១២:២; អេភ. ៤:២៣​) គាត់​ត្រូវ​តាំង​ចិត្ត​លះ​ចោល​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​គាត់​ពី​មុន។ (​កូឡ. ៣:៧​-​៩​) មូលដ្ឋាន​ពិត​ប្រាកដ​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង និង​សម្អាត​យើង​ពី​ការ​ខុស​ឆ្គង គឺ​ជំនឿ​របស់​យើង​ទៅ​លើ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត។ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ​នោះ ពេល​ដែល​លោក​ឃើញ​ថា​យើង​ខំ​ប្រឹង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​យើង​យ៉ាង​ស្មោះ។—១យ៉ូន. ១:៧ w​២២.០៦ ទំ.៦ វ.១៦​-​១៧

ថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ

កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​រាល់​គ្នា​នឹង​ជួប​ប្រទះ​ឡើយ។—បប. ២:១០

តាំង​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ មនុស្ស​ធ្វើ​បាប​គ្នា​ទៅ​វិញ​ទៅ​មក។ (​អទ. ៨:៩​) ជា​ឧទាហរណ៍ មនុស្ស​ប្រើ​អំណាច​ដើម្បី​ជិះ​ជាន់​អ្នក​ឯ​ទៀត ឧក្រិដ្ឋជន​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ សិស្ស​សាលា​សម្លុត​ធ្វើ​បាប​និង​គំរាម​សិស្ស​រួម​ថ្នាក់ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​គ្រួសារ​យ៉ាង​ព្រៃ​ផ្សៃ។ ដូច្នេះ យើង​អាច​ឃើញ​មូលហេតុ​ដែល​មនុស្ស​ភ័យ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​សាថាន​ឆ្លៀត​យក​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ភ័យ​ខ្លាច​នេះ? សាថាន​ប្រើ​ការ​ខ្លាច​មនុស្ស​ដើម្បី​បញ្ឈប់​យើង​ពី​ការ​ផ្សព្វ​ផ្សាយ និង​ពី​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​ធ្វើ។ ក្រោម​ឥទ្ធិពល​របស់​សាថាន រដ្ឋាភិបាល​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង​និង​បៀតបៀន​យើង។ (​លូក. ២១:១២​) ក្នុង​ពិភព​លោក​របស់​សាថាន មនុស្ស​ជា​ច្រើន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​កុហក​ដ៏​ព្រៃ​ផ្សៃ​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ មនុស្ស​ដែល​ជឿ​ពាក្យ​កុហក​ទាំង​នោះ​ប្រហែល​ជា​សើច​ចំអក​យើង ឬ​ថែម​ទាំង​វាយ​ប្រហារ​យើង​ទៀត​ផង។ (​ម៉ាថ. ១០:៣៦​) តើ​យើង​ភ្ញាក់​ផ្អើល​ចំពោះ​កល​ល្បិច​របស់​សាថាន​ឬ​ទេ? មិន​មែន​ទេ! សាថាន​ក៏​បាន​ប្រើ​កល​ល្បិច​ទាំង​នេះ​នៅ​សតវត្សរ៍​ទី​១​ដែរ។—សកម្ម. ៥:២៧, ២៨, ៤០ w​២២.០៦ ទំ.១៦ វ.១០​-​១១

ថ្ងៃ​ពុធ ទី​១១ ខែ​ធ្នូ

អស់​អ្នក​ដែល​នាំ​មនុស្ស​ជា​ច្រើន​មក​ឯ​សេចក្ដី​សុចរិត នឹង​រះ​ចិញ្ចាច​ជា​រៀង​រហូត​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ។—ដាន. ១២:៣

តើ​អ្នក​ណា​នឹង​នៅ​ក្នុង​ចំណោម​«​មនុស្ស​ជា​ច្រើន​»​ដែល​នឹង​មក​ឯ​សេចក្ដី​សុចរិត? ពួក​អ្នក​ទាំង​នេះ​នឹង​រួម​មាន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន និង​កូន​ៗ​ដែល​ទំនង​ជា​នឹង​កើត​នៅ​ក្នុង​ពិភព​លោក​ថ្មី។ នៅ​ទី​បញ្ចប់​នៃ​គ្រា​១.០០០​ឆ្នាំ អស់​អ្នក​ដែល​រស់​នៅ​ផែន​ដី​គឺ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ យើង​ត្រូវ​ចាំ​ថា​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ មិន​មែន​មាន​ន័យ​ថា​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ សូម​គិត​អំពី​អាដាម​និង​អេវ៉ា។ ពួក​គេ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​មុន​ពួក​គេ​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គេ​ត្រូវ​បង្ហាញ​ថា​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ គួរ​ឲ្យ​សោក​ស្ដាយ ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ។ (​រ៉ូម ៥:១២​) ដោយ​សារ​គ្រប់​គ្នា​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​រួច​ហើយ នៅ​ដំណាច់​គ្រា​១.០០០​ឆ្នាំ តើ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​នេះ នឹង​គាំទ្រ​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ឬ​ទេ? ឬ​ក៏​តើ​អ្នក​ខ្លះ​នឹង​បង្ហាញ​ថា​ពួក​គេ​គឺ​ដូច​អាដាម​និង​អេវ៉ា​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ តែ​បែរ​ជា​មិន​ស្មោះ​ត្រង់​ឬ? សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ឆ្លើយ។ w​២២.០៩ ទំ.២២​-​២៣ វ.១២​-​១៤

ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ

រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​និង​គ្រិស្ត​របស់​លោក។—បប. ១១:១៥

ពេល​អ្នក​ឃើញ​ស្ថានភាព​ពិភព​លោក តើ​អ្នក​ពិបាក​រក្សា​ឲ្យ​មាន​ទស្សនៈ​ល្អ​ឬ​ទេ? សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​បែក​បាក់​គ្នា មនុស្ស​ជា​ទូទៅ​កាន់​តែ​ឃោរឃៅ គិត​តែ​ប្រយោជន៍​ខ្លួន​ឯង និង​កាច​សាហាវ។ មនុស្ស​ជា​ច្រើន​ពិបាក​ទុក​ចិត្ត​ពួក​អ្នក​ដែល​មាន​អំណាច។ ប៉ុន្តែ ស្ថានភាព​ទាំង​អស់​នេះ​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​កំពុង​ប្រព្រឹត្ត​ដូច​ដែល​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ក្នុង​ទំនាយ​មួយ​ពី​គម្ពីរ​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​-​៥​) មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​មិន​អាច​ប្រកែក​ថា​ទំនាយ​នេះ​មិន​ទាន់​សម្រេច​ឡើយ។ ម្យ៉ាង​ទៀត ការ​សម្រេច​ទំនាយ​នេះ​បង្ហាញ​ថា លោក​យេស៊ូ​គ្រិស្ត​បាន​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ទំនាយ​មួយ​ក្នុង​ចំណោម​ទំនាយ​ជា​ច្រើន​អំពី​រាជាណាចក្រ​ព្រះ។ ទំនាយ​ទាំង​អស់​នេះ​ជាប់​ទាក់​ទង​គ្នា ដូច​បំណែក​រូប​ផ្គុំ​ដែល​គេ​រៀប​បញ្ចូល​គ្នា​ដើម្បី​ឃើញ​រូប​ភាព​ច្បាស់​មួយ​ថា យើង​នៅ​គ្រា​ណា​ក្នុង​លំដាប់​ព្រឹត្តិការណ៍​របស់​ព្រះ​យេហូវ៉ា។ w​២២.០៧ ទំ.២ វ.១​-​២

ថ្ងៃ​សុក្រ ទី​១៣ ខែ​ធ្នូ

អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា។—ម៉ាថ. ១១:១៩

ក្នុង​អំឡុង​រោគ​រាត​ត្បាត​កូវីដ​-​១៩​នេះ យើង​បាន​ទទួល​ការ​ណែនាំ​ច្បាស់​អំពី​របៀប​ធ្វើ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​និង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ភ្លាម​ៗ យើង​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក សន្និបាត និង​មហា​សន្និបាត​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ ភាគ​ច្រើន យើង​ក៏​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ​និង​តាម​ទូរស័ព្ទ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង។ ការិយាល័យ​សាខា​ជា​ច្រើន​បាន​រាយ​ការណ៍​ថា ចំនួន​អ្នក​ផ្សាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ តាម​ពិត បង​ប្អូន​ជា​ច្រើន​មាន​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ក្នុង​អំឡុង​គ្រា​នោះ។ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អង្គការ​ព្រះ​ប្រុង​ប្រយ័ត្ន​ហួស​ហេតុ​ពេក ស្ដី​អំពី​រោគ​រាត​ត្បាត​នេះ។ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត គឺ​ស​ឲ្យ​ឃើញ​ថា​ការ​ណែនាំ​ដែល​យើង​បាន​ទទួល ប្រកប​ដោយ​ប្រាជ្ញា។ ម្យ៉ាង​ទៀត កាល​ដែល​យើង​រំពឹង​គិត​អំពី​របៀប​ដ៏​កក់​ក្ដៅ​ដែល​លោក​យេស៊ូ​ដឹក​នាំ​រាស្ត្រ​របស់​លោក យើង​ជឿ​ជាក់​ថា​មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ក្ដី ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​នឹង​នៅ​ជា​មួយ​យើង។—ហេ. ១៣:៥, ៦ w​២២.០៧ ទំ.១៣ វ.១៥​-​១៦

ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ធ្នូ

ចូរ​អធិដ្ឋាន​ឥត​ឈប់។ ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់។ នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។—១ថែ. ៥:១៧, ១៨

ក្រៅ​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​ក៏​ចង់​អរគុណ​លោក​ចំពោះ​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​ផ្ដល់​ឲ្យ។ ជា​ឧទាហរណ៍ យើង​អាច​អរគុណ​លោក​ចំពោះ​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត​របស់​ផ្កា អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ និង​អំណរ​ពី​ការ​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ។ បិតា​ដែល​ស្រឡាញ់​យើង​ឲ្យ​យើង​អ្វី​ទាំង​នេះ និង​អ្វី​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ។ (​ចសព. ១០៤:១២​-​១៥, ២៤​) សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​បង្រៀន​ជា​បរិបូរ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​លោក​ផ្ដល់​ឲ្យ និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​យើង​មាន​សម្រាប់​ថ្ងៃ​អនាគត។ យើង​ប្រហែល​ជា​ងាយ​ភ្លេច​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ​សម្រាប់​យើង។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មិន​ភ្លេច​អរគុណ​លោក? អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​សំណូម​ពរ​របស់​អ្នក ហើយ​ក្រោយ​មក​មើល​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ រួច​មក សូម​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ជួយ​អ្នក។—កូឡ. ៣:១៥ w​២២.០៧ ទំ.២២ វ.៨​-​៩

ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ

គាត់​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា គាត់​រំពឹង​គិត​អំពី​ច្បាប់​របស់​លោក​ទាំង​ថ្ងៃ​ទាំង​យប់។—ចសព. ១:២

យើង​ដឹង​ហើយ ការ​សិក្សា​សេចក្ដី​ពិត​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ យើង​ត្រូវ​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត ពោល​គឺ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ក្នុង​ជីវិត​របស់​យើង។ យ៉ាង​នេះ សេចក្ដី​ពិត​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ។ (​យ៉ា. ១:២៥​) តើ​យើង​អាច​ប្រាកដ​ថា​យើង​កំពុង​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ម្នាក់​ឲ្យ​យោបល់​ថា ការ​ពិនិត្យ​មើល​ខ្លួន​ឯង​អាច​ជួយ​យើង​ឲ្យ​កត់​សម្គាល់​ថា ចំណុច​ណា​យើង​ធ្វើ​បាន​ល្អ​និង​ចំណុច​ណា​យើង​ចង់​រីក​ចម្រើន។ សាវ័ក​ប៉ូល​និយាយ​ថា​៖ ​«​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​យើង​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត​»។ (​ភី. ៣:១៦​) សូម​គិត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​! យើង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​អរ​សប្បាយ​ដែរ។ (​សុភ. ២៧:១១; ៣យ៉ូន. ៤​) អ្វី​ៗ​ទាំង​នេះ​គឺ​ជា​មូលហេតុ​ដ៏​ល្អ​បំផុត​ឲ្យ​យើង​ស្រឡាញ់​សេចក្ដី​ពិត និង​រស់​នៅ​ស្រ​ប​តាម​សេចក្ដី​ពិត។ w​២២.០៨ ទំ.១៨​-​១៩ វ.១៦​-​១៨

ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ

ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ។—១ពេ. ៥:២

តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ? របៀប​ដ៏​សំខាន់​មួយ​គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ចៀម​លោក​យេស៊ូ។ (​១ពេ. ៥:១, ២​) លោក​យេស៊ូ​បាន​លើក​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ​ទៅ​កាន់​សាវ័ក​ពេត្រុស។ ក្រោយ​ពី​ពេត្រុស​បាន​បដិសេធ​លោក​យេស៊ូ​បី​ដង គាត់​ទំនង​ជា​ចង់​បង្ហាញ​ថា​គាត់​ស្រឡាញ់​លោក​យេស៊ូ​ខ្លាំង​ប៉ុន​ណា។ បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​សួរ​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ យើង​អាច​ប្រាកដ​ថា​ពេត្រុស​សុខ​ចិត្ត​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ម្ចាស់​របស់​គាត់។ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ (​យ៉ូន. ២១:១៥​-​១៧​) ពេញ​មួយ​ជីវិត​របស់​ពេត្រុស គាត់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចៀម​របស់​លោក​ម្ចាស់ ហើយ​នេះ​បង្ហាញ​ថា​គាត់​ស្រឡាញ់​លោក​យេស៊ូ។ ពួក​អ្នក​ចាស់​ទុំ តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ណា​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ពេត្រុស​គឺ​សំខាន់​ចំពោះ​អ្នក? អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ខ្លាំង​ប៉ុន​ណា ដោយ​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន និង​ដោយ​ខំ​ធ្វើ​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​ជួយ​ពួក​អ្នក​អសកម្ម​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។—អេគ. ៣៤:១១, ១២ w​២៣.០១ ទំ.២៩ វ.១០​-​១១

ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ

ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ។—១កូ. ១០:១៣

សូម​ជៀស​វាង​ពី​ការ​គិត​ថា​គ្មាន​អ្នក​ណា​អាច​យល់​អំពី​ភាព​ទន់​ខ្សោយ​ដែល​អ្នក​កំពុង​ត​យុទ្ធ។ ព្រោះ​នេះ​ជា​អន្ទាក់​មួយ។ ការ​គិត​ដូច្នេះ អាច​នាំ​ឲ្យ​អ្នក​សន្និដ្ឋាន​ថា​ស្ថានភាព​របស់​អ្នក​គឺ​អស់​សង្ឃឹម ហើយ​ថា​អ្នក​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។ គម្ពីរ​ចែង​ផ្ទុយ​ពី​នេះ គឺ​ថា​៖ ​«​លោក​នឹង​រៀប​ចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​សេចក្ដី​ល្បួង​នោះ​»។ ដូច្នេះ សូម្បី​តែ​ពេល​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​យ៉ាង​ខ្លាំង ក៏​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។ សូម​ចាំ​ជា​និច្ច​ថា ដោយ​សារ​អ្នក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ អ្នក​មិន​អាច​ជៀស​វាង​ពី​ការ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​បាន​នោះ​ទេ។ ប៉ុន្តែ​ពេល​វា​លេច​មក អ្នក​អាច​បដិសេធ​វា​ភ្លាម​ៗ ដូច​យ៉ូសែប​បាន​ធ្វើ​ពេល​គាត់​បាន​រត់​ចេញ​យ៉ាង​លឿន​ពី​ប្រពន្ធ​របស់​ប៉ូទីផារ។ (​ដក. ៣៩:១២​) អ្នក​មិន​ត្រូវ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ឡើយ! w​២៣.០១ ទំ.១២​-​១៣ វ.១៦​-​១៧

ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ

ព្រះ​មិន​រើស​មុខ​ឡើយ។—រ៉ូម ២:១១

គុណ​សម្បត្តិ​មួយ​របស់​ព្រះ​យេហូវ៉ា​គឺ​យុត្តិធម៌។ (​បច. ៣២:៤​) យុត្តិធម៌​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​ការ​មិន​រើស​មុខ ហើយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មិន​រើស​មុខ។ (​សកម្ម. ១០:៣៤, ៣៥​) យើង​អាច​ឃើញ​ថា​លោក​មិន​រើស​មុខ ពេល​គិត​អំពី​ភាសា​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​សរសេរ​គម្ពីរ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នៅ​គ្រា​ចុង​បញ្ចប់ ​«​ចំណេះ​ពិត​»​ក្នុង​គម្ពីរ​នឹង​«​មាន​ជា​បរិបូរ​»។ មនុស្ស​ជា​ច្រើន​នឹង​យល់​គម្ពីរ។ (​ដាន. ១២:៤​) របៀប​មួយ​ដែល​ចំណេះ​នោះ​មាន​ជា​បរិបូរ​គឺ​ដោយ​សារ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ បោះ​ពុម្ព​ផ្សាយ និង​ចែក​ចាយ​ដល់​មនុស្ស​ជា​ច្រើន។ រហូត​ដល់​សព្វ​ថ្ងៃ រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​បក​ប្រែ​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​ក្នុង​ជាង​២៤០​ភាសា ហើយ​មនុស្ស​ទាំង​អស់​អាច​ទទួល​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ ជា​លទ្ធផល មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​កំពុង​រៀន​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​មុន​ទី​បញ្ចប់​មក​ដល់។ (​ម៉ាថ. ២៤:១៤​) ព្រះ​របស់​យើង​ដែល​យុត្តិធម៌ ចង់​បើក​ឱកាស​ឲ្យ​មនុស្ស​ច្រើន​បំផុត​ស្គាល់​លោក​ដោយ​អាន​បណ្ដាំ​របស់​លោក។ នេះ​គឺ​ដោយ​សារ​លោក​ស្រឡាញ់​យើង​ទាំង​អស់​គ្នា​ខ្លាំង​ណាស់។ w​២៣.០២ ទំ.៥ វ.១១​-​១២

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ

ចូរ​ឈប់​យក​តម្រាប់​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា។—រ៉ូម ១២:២

តើ​អ្នក​ស្រឡាញ់​សេចក្ដី​សុចរិត​ឬ​ទេ? អ្នក​ប្រាកដ​ជា​ស្រឡាញ់។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​បើ​យើង​មិន​ប្រយ័ត្ន​ទេ ទស្សនៈ​របស់​ពិភព​លោក​ស្ដី​អំពី​ភាព​សុចរិត អាច​ងាយ​ជះ​ឥទ្ធិពល​មក​លើ​យើង។ (​អេ. ៥:២០​) អ្នក​ខ្លះ​ចាត់​ទុក​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ទោះ​ជា​ពួក​គេ​ជា​បុគ្គល​មាន​អំណួត រិះ​គន់​អ្នក​ឯ​ទៀត ឬ​គិត​ថា​ខ្លួន​គ្រាន់​បើ​ជាង​គេ​ក្ដី។ ប៉ុន្តែ ព្រះ​មិន​ចូល​ចិត្ត​លក្ខណៈ​បែប​នេះ​ទាល់​តែ​សោះ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ផ្ដន្ទា​ទោស​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​របស់​លោក ដោយ​សារ​ពួក​គេ​បង្កើត​ខ្នាត​តម្រា​ខ្លួន​ឯង​អំពី​សេចក្ដី​សុចរិត។ (​អទ. ៧:១៦; លូក. ១៦:១៥​) បុគ្គល​ដែល​សុចរិត​ពិត​ប្រាកដ មិន​គិត​ថា​ខ្លួន​គ្រាន់​បើ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ សេចក្ដី​សុចរិត​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា ហើយ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​មាន​ន័យ​ថា​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​គម្ពីរ ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​សុចរិត​»​ អាច​សំដៅ​ទៅ​លើ​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់ ពោល​គឺ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ w​២២.០៨ ទំ.២៧ វ.៣​-​៥

ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ

ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់។—យ៉ូន. ១៥:១៥

លោក​យេស៊ូ​បាន​ទុក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក ទោះ​ជា​អ្នក​ទាំង​នោះ​ធ្វើ​ខុស​ក្ដី។ (​យ៉ូន. ១៥:១៦​) ពេល​យ៉ាកុប​និង​យ៉ូហាន​បាន​សុំ​លោក​យេស៊ូ​នូវ​ឋានៈ​ពិសេស​ក្នុង​រាជាណាចក្រ លោក​យេស៊ូ​មិន​បាន​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​ពួក​គាត់​ចំពោះ​ការ​បម្រើ​ព្រះ​យេហូវ៉ា ឬ​លែង​ឲ្យ​ពួក​គាត់​ធ្វើ​ជា​សាវ័ក​ឡើយ។ (​ម៉ាក. ១០:៣៥​-​៤០​) ក្រោយ​មក ពួក​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ​បាន​បោះ​បង់​ចោល​លោក​នៅ​យប់​ដែល​គេ​ចាប់​ខ្លួន​លោក។ (​ម៉ាថ. ២៦:៥៦​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាត់​បង់​ទំនុក​ចិត្ត​ទៅ​លើ​ពួក​គាត់​ទេ។ លោក​ដឹង​ច្បាស់​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គាត់ តែ​លោក​«​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត​»។ (​យ៉ូន. ១៣:១​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​ថែម​ទាំង​ឲ្យ​សាវ័ក​ដ៏​ស្មោះ​ត្រង់​១១​នាក់​នូវ​ភារកិច្ច​ដ៏​សំខាន់​ដើម្បី​នាំ​មុខ​ក្នុង​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​មើល​ថែ​ចៀម​ដ៏​មាន​តម្លៃ​របស់​លោក។ (​ម៉ាថ. ២៨:១៩, ២០; យ៉ូន. ២១:១៥​-​១៧​) ការ​ដែល​លោក​យេស៊ូ​ទុក​ចិត្ត​លើ​ពួក​បុរស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​នេះ គឺ​មិន​ខុស​ទេ។ ពួក​គាត់​ទាំង​អស់​គ្នា​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​ពួក​គាត់​នៅ​ផែន​ដី។ យើង​ឃើញ​ច្បាស់​ថា លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ក្នុង​ការ​ទុក​ចិត្ត​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ w​២២.០៩ ទំ.៦ វ.១២

ថ្ងៃ​សៅរ៍ ទី​២១ ខែ​ធ្នូ

ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។—ចសព. ១១៨:៦

ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​តែង​តែ​គាំទ្រ​យើង សាថាន​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឡើយ។ ជា​ឧទាហរណ៍ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ១១៨ ជួប​ស្ថានភាព​ខ្លះ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​យ៉ាង​ខ្លាំង។ គាត់​មាន​សត្រូវ​ជា​ច្រើន ដែល​រួម​មាន​សត្រូវ​ខ្លះ​ជា​អ្នក​មាន​អំណាច។ (​ខ​៩, ១០​) ជួន​កាល គាត់​តាន​តឹង​ចិត្ត​ខ្លាំង​ណាស់។ (​ខ​១៣​) ម្យ៉ាង​ទៀត គាត់​បាន​ទទួល​ការ​ប្រដៅ​តម្រង់​យ៉ាង​ខ្លាំង​ពី​ព្រះ​យេហូវ៉ា។ (​ខ​១៨​) ប៉ុន្តែ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​នោះ​បាន​ច្រៀង​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»។ គាត់​ដឹង​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រដៅ​តម្រង់​គាត់​ក្ដី លោក​ស្រឡាញ់​គាត់។ គាត់​ជឿ​ជាក់​ថា មិន​ថា​គាត់​ជួប​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​តែង​តែ​ប្រុង​ប្រៀប​ជួយ​គាត់។ (​ចសព. ១១៨:២៩​) យើង​ត្រូវ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ផ្ទាល់។ នេះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​បី​យ៉ាង​គឺ​៖ (​១​) ការ​ភ័យ​ខ្លាច​ថា​មិន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ (​២​) ការ​ភ័យ​ខ្លាច​មនុស្ស និង (​៣​) ការ​ខ្លាច​ស្លាប់។ w​២២.០៦ ទំ.១៤​-​១៥ វ.៣​-​៤

ថ្ងៃ​អាទិត្យ ទី​២២ ខែ​ធ្នូ

អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល ពីព្រោះ​ពេល​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​នោះ អ្នក​នោះ​នឹង​ទទួល​មកុដ​ជីវិត។—យ៉ា. ១:១២

យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។ ក្នុង​នាម​ជា​អ្នក​បង្កើត​របស់​យើង ព្រះ​យេហូវ៉ា​ពិត​ជា​សម​នឹង​ទទួល​ការ​គោរព​ពី​យើង។ (​បប. ៤:១១; ១៤:៦, ៧​) ដូច្នេះ​ក្នុង​ជីវិត​របស់​យើង អ្វី​ដ៏​សំខាន់​បំផុត​គួរ​ជា​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត ពោល​គឺ​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ (​យ៉ូន. ៤:២៣, ២៤​) យើង​ចង់​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​របស់​យើង ដើម្បី​ឲ្យ​នោះ​សម​ស្រប​តាម​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។ យើង​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ថា​សំខាន់​បំផុត ទោះ​ជា​យើង​រស់​នៅ​ប្រទេស​ដែល​ដាក់​កម្រិត ឬ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង​ក្ដី។ ឥឡូវ​នេះ បង​ប្អូន​របស់​យើង​ជាង​១០០​នាក់​បាន​ត្រូវ​ជាប់​គុក​ដោយ​សារ​តែ​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​អធិដ្ឋាន សិក្សា ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​របស់​យើង​និង​រាជាណាចក្រ​លោក។ ពេល​យើង​ត្រូវ​គេ​ជេរ​ប្រមាថ​ឬ​បៀតបៀន យើង​អាច​អរ​សប្បាយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង ហើយ​ថា​លោក​នឹង​ឲ្យ​ពរ​យើង។—១ពេ. ៤:១៤ w​២២.១០ ទំ.៩ វ.១៣

ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ធ្នូ

ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ។—អទ. ៧:១២

ក្នុង​សៀវភៅ​សុភាសិត ព្រះ​យេហូវ៉ា​ផ្ដល់​យោបល់​មិន​ចេះ​ហួស​សម័យ​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ បើ​យើង​ធ្វើ​តាម។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​អំពី​យោបល់​ទាំង​នេះ។ ទី​១ ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន។ សុភាសិត ២៣:៤, ៥​ឲ្យ​យោបល់​នេះ​ថា​៖ ​«​កុំ​ធ្វើ​ការ​ហួស​កម្លាំង ដោយ​សារ​តែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ឡើយ។ . . . ព្រោះ​ទ្រព្យ​នឹង​ដុះ​ស្លាប​ដូច​ឥន្ទ្រី រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់​»។ ប៉ុន្តែ ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ​នៅ​សព្វ​ថ្ងៃ​នេះ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​ការ​រក​លុយ។ ហេតុ​នេះ ពួក​គេ​ច្រើន​តែ​ធ្វើ​អ្វី​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ ចំណង​មិត្តភាព និង​ថែម​ទាំង​សុខភាព​របស់​ពួក​គេ​ទៀត​ផង។ (​សុភ. ២៨:២០; ១ធី. ៦:៩, ១០​) ទី២ ចូរ​គិត​មុន​និយាយ។ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ ពាក្យ​សម្ដី​របស់​យើង​អាច​នាំ​ទុក្ខ​ជា​ខ្លាំង​ដល់​អ្នក​ឯ​ទៀត។ សុភាសិត ១២:១៨​ចែង​ថា​៖ ​«​ការ​និយាយ​ដោយ​ឥត​គិត​ពិចារណា ប្រៀប​ដូច​ជា​ការ​ចាក់​ដោយ​ដាវ តែ​ពាក្យ​ពេចន៍​របស់​មនុស្ស​មាន​ប្រាជ្ញា​នឹង​ជួយ​ឲ្យ​ជា​សះ​ស្បើយ​»។ យើង​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ ពេល​យើង​ជៀស​វាង​ពី​ការ​និយាយ​អំពី​កំហុស​របស់​អ្នក​ឯ​ទៀត​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ។—សុភ. ២០:១៩ w​២២.១០ ទំ.២១ វ.១៤; ទំ.២២ វ.១៦​-​១៧

ថ្ងៃ​អង្គារ ទី​២៤ ខែ​ធ្នូ

ចូរ . . . បរិភោគ​រមូរ​នេះ ហើយ​ទៅ​ប្រាប់​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល។—អេគ. ៣:១

អេសេគាល​ត្រូវ​យល់​ច្បាស់​អំពី​ដំណឹង​ដែល​គាត់​ត្រូវ​ប្រកាស​ផ្សាយ។ គាត់​ត្រូវ​ជឿ​ដំណឹង​នោះ ដើម្បី​នោះ​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ។ ក្រោយ​មក មាន​អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង។ អេសេគាល​បាន​ឃើញ​ថា​រមូរ​នោះ​«​មាន​រសជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ​»។ (​អេគ. ៣:៣​) ហេតុ​អ្វី? ព្រោះ​ចំពោះ​អេសេគាល ឯកសិទ្ធិ​ធ្វើ​ជា​តំណាង​ព្រះ​យេហូវ៉ា​គឺ​ជា​បទ​ពិសោធន៍​ផ្អែម​ឬ​ជា​ទី​ពេញ​ចិត្ត។ (​ចសព. ១៩:៨​-​១១​) គាត់​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឲ្យ​គាត់​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក ហើយ​ចាំ​ទុក​ក្នុង​ចិត្ត​ចុះ​»។ (​អេគ. ៣:១០​) តាម​រយៈ​ការ​ណែនាំ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ឲ្យ​ព្យាយាម​ចាំ​អំពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នោះ ហើយ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​នោះ។ ដោយ​ធ្វើ​ដូច្នេះ ជំនឿ​របស់​អេសេគាល​កាន់​តែ​មាំ​មួន​ឡើង ហើយ​នោះ​ក៏​ផ្ដល់​ឲ្យ​គាត់​នូវ​ដំណឹង​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​បណ្ដា​ជន​ដើម្បី​ប្រកាស​ផ្សាយ​ដល់​ពួក​គេ។ (​អេគ. ៣:១១​) ដោយ​មាន​បណ្ដាំ​ព្រះ​នៅ​ក្នុង​ចិត្ត​និង​នៅ​លើ​បបូរ​មាត់​របស់​គាត់ អេសេគាល​បាន​ប្រុង​ប្រៀប​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​គាត់ ហើយ​បន្ដ​បំពេញ​ភារកិច្ច​នោះ​រហូត​ដល់​ហើយ​រួច​រាល់។ w​២២.១១ ទំ.៦ វ.១២​-​១៤

ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ

ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា។—១សាំ. ១៥:២២

បើ​ការ​ផ្លាស់​ប្ដូរ​របស់​អង្គការ​ល្បង​ល​ភក្ដី​ភាព​របស់​អ្នក តើ​អ្នក​គួរ​ធ្វើ​អ្វី? ចូរ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ។ ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​នៅ​តំបន់​ស្ងាត់​ជ្រងំ ពួក​វង្ស​ត្រកូល​កូហាត​បាន​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​មុខ​បណ្ដា​ជន​ទាំង​អស់។ (​ជប. ៣:២៩, ៣១; ១០:៣៣; យ៉ូស. ៣:២​-​៤​) នេះ​ពិត​ជា​ឯកសិទ្ធិ​ណាស់! ប៉ុន្តែ នេះ​បាន​ផ្លាស់​ប្ដូរ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ហឹប​នោះ​លែង​ត្រូវ​រើ​ទៅ​កន្លែង​ផ្សេង​ៗ​ជា​ញឹក​ញាប់​ទៀត​ហើយ។ ដូច្នេះ កូន​ចៅ​កូហាត​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ផ្សេង​វិញ។ (​១ប្រ. ៦:៣១​-​៣៣; ២៦:១, ២៤​) គ្មាន​កំណត់​ហេតុ​ណា​ដែល​បញ្ជាក់​ថា​កូន​ចៅ​កូហាត​បាន​ត្អូញត្អែរ​ឬ​ទាម​ទារ​តួ​នាទី​ពិសេស​ជាង ដោយ​សារ​ពួក​គេ​ធ្លាប់​មាន​ឯកសិទ្ធិ​ដ៏​ពិសេស​ពី​មុន​ឡើយ។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ចូរ​គាំទ្រ​យ៉ាង​អស់​ពី​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​របស់​អង្គការ​ព្រះ​យេហូវ៉ា មិន​ថា​ការ​ផ្លាស់​ប្ដូរ​នោះ​មាន​ឥទ្ធិពល​លើ​ភារកិច្ច​របស់​អ្នក​ក្ដី។ ចូរ​មាន​អំណរ​ទោះ​ជា​អ្នក​មាន​ភារកិច្ច​ណា​ក៏​ដោយ។ សូម​ចាំ​ថា​ភារកិច្ច​របស់​អ្នក មិន​មែន​ធ្វើ​ឲ្យ​អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​ខ្លាំង​ជាង​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​មាន។ w២២.១១ ទំ.២៣ វ.១០​-​១១

ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ធ្នូ

គាត់​មិន​ដែល​អៀន​ខ្មាស​ដោយ​សារ​ខ្ញុំ​ជាប់​ច្រវាក់​ទេ។—២ធី. ១:១៦

អូណេស៊ីផឺ​បាន​ស្វែង​រក​សាវ័ក​ប៉ូល ហើយ​ពេល​ដែល​គាត់​រក​ប៉ូល​ឃើញ គាត់​បាន​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ប៉ូល។ ដោយ​ធ្វើ​ដូច្នេះ អូណេស៊ីផឺ​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​មនុស្ស​បញ្ឈប់​យើង​ឬ​រា​រាំង​យើង​ពី​ការ​គាំ​ទ្រ​បង​ប្អូន​ដែល​ទទួល​ការ​បៀតបៀន​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​ការ​ពារ​ពួក​គេ​និង​ជួយ​ពួក​គេ។ (​សុភ. ១៧:១៧​) ពួក​គេ​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​យើង។ សូម​ពិចារណា​អំពី​របៀប​ដែល​បង​ប្អូន​នៅ​ប្រទេស​រុស្ស៊ី​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ ពេល​បង​ប្អូន​ខ្លះ​ត្រូវ​ឡើង​តុលាការ បង​ប្អូន​ជា​ច្រើន​ទៅ​ទី​នោះ​ដើម្បី​គាំទ្រ​ពួក​គេ។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​បាន​ត្រូវ​គេ​បង្កាច់​បង្ខូច ចាប់​ខ្លួន ឬ​បៀតបៀន សូម​កុំ​ភ័យ​ខ្លាច។ ចូរ​អធិដ្ឋាន​ឲ្យ​ពួក​គេ ថែ​រក្សា​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ និង​ស្វែង​រក​វិធី​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​ថា​អ្នក​គាំទ្រ​ពួក​គេ។—សកម្ម. ១២:៥; ២កូ. ១:១០, ១១ w​២២.១១ ទំ.១៧ វ.១១​-​១២

ថ្ងៃ​សុក្រ ទី​២៧ ខែ​ធ្នូ

ពួក​គាត់​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​ដល់​ខ្ញុំ។—កូឡ. ៤:១១

ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​ដល់​បង​ប្អូន និង​ជួយ​ពួក​អ្នក​ដែល​មាន​កង្វល់។ (​១ពេ. ៥:២​) ពេល​មាន​គ្រោះ​មហន្តរាយ ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​ប្អូន​ម្នាក់​ៗ​មាន​សុវត្ថិភាព ម្ហូប​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ។ ប៉ុន្តែ​អស់​ជា​ច្រើន​ខែ​ក្រោយ​មក បង​ប្អូន​ទាំង​នោះ​នឹង​នៅ​តែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​និង​ត្រូវ​ការ​កម្លាំង​ចិត្ត។ (​យ៉ូន. ២១:១៥​) បង​ប្រុស​ហារ៉ូល​ដែល​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា និង​ដែល​បាន​ជួប​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​រង​គ្រោះ​ពី​មហន្តរាយ និយាយ​ថា​៖ ​«​គឺ​ត្រូវ​ការ​ពេល​ដើម្បី​ត្រឡប់​ទៅ​ដូច​ដើម​វិញ។ ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ធម្មតា​ម្ដង​ទៀត ប៉ុន្តែ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ វត្ថុ​ដែល​ពួក​គេ​ឲ្យ​តម្លៃ ឬ​ស្ថានភាព​ដែល​ហៀប​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្រោះ​ថ្នាក់ ជា​ការ​ចង​ចាំ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គេ។ ការ​នឹក​ឃើញ​អំពី​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​កើត​ទុក្ខ​ម្ដង​ទៀត។ នោះ​មិន​មែន​ជា​ការ​ខ្វះ​ជំនឿ​ទេ តែ​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស​ទូទៅ​»។ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​យោបល់​ដែល​ថា​៖ ​«​ចូរ​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។—រ៉ូម ១២:១៥ w​២២.១២ ទំ.២២ វ.១; ទំ.២៤​-​២៥ វ.១០​-​១១

ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ធ្នូ

ចូរ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ។—កាឡ. ៥:១៦

យើង​ត្រូវ​ខំ​ត​យុទ្ធ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ក្នុង​ការ​ត​យុទ្ធ​នោះ ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​យើង​ដោយ​ចិត្ត​ទូលាយ។ ពេល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ យើង​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​របស់​លោក​មាន​ឥទ្ធិពល​មក​លើ​យើង។ យើង​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​ផង​ដែរ។ នៅ​កិច្ច​ប្រជុំ​ទាំង​នោះ យើង​អាច​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ដែល​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដូច​យើង ហើយ​នោះ​លើក​ទឹក​ចិត្ត​យើង។ (​ហេ. ១០:២៤, ២៥; ១៣:៧​) ម្យ៉ាង​ទៀត ពេល​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​អង្វរ​សុំ​លោក​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ​របស់​ខ្លួន លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ត​ត​ស៊ូ។ ទោះ​ជា​សកម្មភាព​ទាំង​នេះ​ទំនង​ជា​នឹង​មិន​បំបាត់​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ក្ដី នោះ​នឹង​ជួយ​យើង​មិន​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ។ ពេល​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​រក្សា​ទម្លាប់​នោះ ហើយ​បន្ត​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ។ w​២៣.០១ ទំ.១១ វ.១៣​-​១៤

ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ

ខ្ញុំ​មិន​ព្រម​បណ្ដោយ​ឲ្យ​អ្វី​សោះ​មាន​អំណាច​លើ​ខ្ញុំ​ឡើយ។—១កូ. ៦:១២

ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ថែ​រក្សា​សុខភាព ឬ​សៀវភៅ​អំពី​របប​អាហារ​ក្ដី គម្ពីរ​ប្រាប់​យើង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នេះ។ ជា​ឧទាហរណ៍ លោក​ដាស់​តឿន​យើង​ឲ្យ​‹ជៀស​វាង​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​រូប​កាយ​របស់​យើង​មាន​គ្រោះ​ថ្នាក់›។ (​អទ. ១១:១០​) គម្ពីរ​ប្រាប់​យើង​ថា​យើង​មិន​គួរ​បរិភោគ​និង​ផឹក​ស្រា​ហួស​ប្រមាណ​នោះ​ទេ ព្រោះ​អ្វី​ទាំង​នេះ​អាច​បង្ខូច​សុខភាព​របស់​យើង ហើយ​ថែម​ទាំង​នាំ​ឲ្យ​យើង​ស្លាប់​ទៀត​ផង។ (​សុភ. ២៣:២០​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ចេះ​ទប់​ចិត្ត ពេល​យើង​សម្រេច​ចិត្ត​អំពី​បរិមាណ​និង​អ្វី​ដែល​យើង​បរិភោគ​និង​ផឹក។ (​១កូ. ៩:២៥​) យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជា​ខ្លាំង​ចំពោះ​ជីវិត​ជា​អំណោយ​ពី​ព្រះ ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​របស់​យើង។ (​ចសព. ១១៩:៩៩, ១០០; សុភ. ២:១១​) ជា​ឧទាហរណ៍ យើង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​បរិភោគ។ បើ​យើង​ចូល​ចិត្ត​អាហារ​មួយ​ប្រភេទ ប៉ុន្តែ​ដឹង​ថា​វា​ធ្វើ​ឲ្យ​យើង​ឈឺ យើង​ច្បាស់​ជា​ខំ​ជៀស​វាង​បរិភោគ​វា។ យើង​ក៏​បង្ហាញ​ថា​យើង​ជា​មនុស្ស​ឈ្លាស​វៃ​ពេល​ដែល​យើង​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ទៀង​ទាត់ រក្សា​អនាម័យ​ខ្លួន​ប្រាណ និង​ថែ​រក្សា​ផ្ទះ​យើង​ឲ្យ​នៅ​ស្អាត​បាត។ w​២៣.០២ ទំ.២១ វ.៦​-​៧

ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ

ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?—លូក. ១០:២៦

តើ​អ្នក​អាច​រក​ឃើញ​ចំណេះ​វិសេស​យ៉ាង​ដូច​ម្ដេច​ពេល​អាន​គម្ពីរ? សូម​ពិចារណា​អំពី​អ្វី​ដែល​ធីម៉ូថេ​ទី២ ៣:១៦, ១៧​ចែង។ ខ​នេះ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ . . . មាន​ប្រយោជន៍​»​សម្រាប់ (​១​)​ បង្រៀន (​២​)​ កែ​តម្រង់ (​៣​)​ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង(​៤​) ប្រដៅ។ អ្នក​អាច​ទទួល​ប្រយោជន៍​ទាំង​បួន​នេះ សូម្បី​តែ​ពី​សៀវភៅ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​អ្នក​មិន​សូវ​ប្រើ​ជា​ញឹក​ញាប់​ក៏​ដោយ។ សូម​ពិនិត្យ​មើល​ថា​តើ​កំណត់​ហេតុ​នោះ​បង្រៀន​អ្នក​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា គោល​បំណង​របស់​លោក ឬ​គោល​ការណ៍​របស់​ព្រះ។ សូម​ពិចារណា​អំពី​របៀប​ដែល​កំណត់​ហេតុ​នោះ​អាច​ជួយ​អ្នក​ក្នុង​ការ​កែ​តម្រង់។ សូម​ធ្វើ​ដូច្នេះ​ដោយ​កត់​សម្គាល់​អំពី​របៀប​ដែល​ខ​គម្ពីរ​ទាំង​នោះ​ជួយ​អ្នក​ឲ្យ​ចេះ​កត់​សម្គាល់​និង​បដិសេធ​ទំនោរ​ចិត្ត​ឬ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​ពិនិត្យ​មើល​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​កំណត់​ហេតុ​នោះ​ដើម្បី​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ឬ​កែ​ប្រែ​ទស្សនៈ​មិន​ត្រឹម​ត្រូវ។ នេះ​ប្រហែល​ជា​រួម​បញ្ចូល​ទស្សនៈ​របស់​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត សូម​ស្វែង​រក​ការ​ប្រដៅ​ដែល​មាន​ក្នុង​កំណត់​ហេតុ​នោះ ដែល​អាច​បង្ហាត់​បង្រៀន​អ្នក​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា។ ពេល​អ្នក​បន្ត​ចាំ​អំពី​ប្រយោជន៍​ទាំង​បួន​នេះ អ្នក​នឹង​រក​ឃើញ​ចំណេះ​វិសេស​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ។ w​២៣.០២ ទំ.១១ វ.១១

ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ

រាជាណាចក្រ​របស់​គាត់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ។—ដាន. ៧:១៤

ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន​ថា លោក​យេស៊ូ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​នោះ​នៅ​ដំណាច់​គ្រា​មួយ​ដែល​ហៅ​ថា​៧​គ្រា។ តើ​យើង​អាច​ដឹង​ឬ​ទេ​ថា​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ពេល​ណា? (​ដាន. ៤:១០​-​១៧​) ​«​៧​គ្រា​»​ជា​តំណាង​គ្រា​មួយ​ដែល​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ។ គ្រា​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បាន​ដក​ស្ដេច​ចុង​ក្រោយ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ គ្រា​នោះ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩១៤ គ.ស. ពេល​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​»​ពោល​គឺ​លោក​យេស៊ូ អង្គុយ​លើ​បល្ល័ង្ក​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ (​អេគ. ២១:២៥​-​២៧​) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​នេះ? ការ​ដឹង​អំពី​«​៧​គ្រា​»​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​សម្រេច​សេចក្ដី​សន្យា​របស់​លោក​នៅ​ពេល​ត្រឹម​ត្រូវ។ ដូច​ដែល​លោក​បាន​កំណត់​ពេល​ដ៏​ជាក់​លាក់​មួយ​សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​លោក លោក​ក៏​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ទំនាយ​ទាំង​អស់​ឯ​ទៀត​នឹង​ត្រូវ​សម្រេច​ស្រប​តាម​ពេល​កំណត់​របស់​លោក​ដែរ។ ពិត​មែន ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​«​ឥត​យឺត​ឡើយ​»​!—ហាប. ២:៣ w​២២.០៧ ទំ.៣ វ.៣​-​៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក